កំហឹង
ទ្វារឈើក្រាសក្រមៅ បានរបើកចូលទៅក្នុង នាំទាំងនូវពន្លឺចុងក្រោយនាសុរិយាដែនកោះ ផ្លាស់ប្តូរបរិយាកាស ក្នុងបន្ទប់ដែលគ្មានពន្លឺ។ គីម៉ាល់អាចមើលឃើញជើងរបស់ខ្លួនឯងក្នុងខោខូវប៊យនិងស្បែកជើងកីឡាពណ៌ស្បែកកណ្តុរប្រម៉េះរបស់គេ។
នេះជាលើកដំបូងដែលនាយឈានចូលផ្ទះអ្នកដទៃ ដោយមិនគោះទ្វារ មិនហាសុំ និងមិនខ្ចីដោះស្បែកជើងផង។
សំឡេងមួយលាន់មកយ៉ាងខ្លាំងពីខាងឆ្វេងកៀកបង្កើយ ប៉ុន្តែសម្រាប់មនុស្សដែលបានត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយដូចនាយ ការវាយឆ្មក់នេះហាក់ទៅមិនរួចទេ ជាមួយជយលាភីWushuដែលធ្លាប់ចុះស្នាមតាំងពីនៅរៀន។
ខ្ពាក…
ឈើព្រនង់ដែលនាងកាន់ត្រូវរបេះធ្លាក់ដល់កម្រាលឈើ ហើយដង្ហើមរបស់នាងដកញាប់ញ័រពេលដែលកដៃត្រូវគេចាប់ក្រៀកជាប់។
គីម៉ាល់ខាំមាត់ នៅនឹងមុខរាងកាយដែលច្រមុះនេះបានចំណាំក្លិនខ្លួនច្បាស់ ថែមទាំងយប់មិញបានដេកនឹកនាងយ៉ាងល្ងីល្ងើម្នាក់ឯងពេញសឹងមួយរាត្រីកាល។ ហាន់ដាធ្វើភ្នែកម៉ក់ៗទាំងភ័យខ្លាចសម្លឹងពន្លឺភ្នែកទោសៈរបស់នាយ….
គេមិនដែលខឹងនិងមានទឹកមុខខ្មៅរបៀបនេះទេ….
នាងនិយាយខ្សឹបក្នុងចិត្តខ្លួនឯងទាំងញ័របបូរមាត់ពេលហៅគេ៖
«គីម៉ាល់!»
សំឡេងនាងធ្លាប់តែហៅឈ្មោះគេពីរោះណាស់ តែពេលនេះក៏អាចមើលឃើញផងដែរថា នៅក្នុងរលកសំឡេងមានភាពញ័រភ័យ
បើមិនបានធ្វើអីខុសភ័យធ្វើអី?
គេគិតទាំងមិនចេញសំឡេងមួយល្អឯណាទៅកាន់សត្រូវផ្លូវចិត្តម្នាក់នេះជាដាច់ខាត….
«ខ្ញុំស្មានតែ….»
មិនទុកឱ្យនាងនិយាយចប់ឡើយ បុរសលូកដៃម្ខាងទៀតទៅកាន់ក្តាប់ចង្កាស្រី ហើយស្រដីទាំងខាំមាត់អត់ធ្មត់៖
«ប្រាប់! ហេតុអីពិសិដ្ឋស្លាប់?!»
ហាន់ដាស្លេកស្លាំង។ កែវភ្នែកនាងចលាចលរេចុះឡើង ហើយទ្រូងនាងលោតញាប់សព្វសាច់ញ័ររង្គើ។ បើមិនកុហកហេតុអីភ័យម្ល៉េះ?
«លែងដៃ ពីខ្ញុំ!!» នាងនិយាយទាំងញ័រមាត់។
គីម៉ាល់ញញឹមជូរចត់។ នាយក្រឡេកមើលកែវភ្នែករលោងប្រុងតែយំរបស់នារីនេះ។ គេឆ្អែតចិត្តជាមួយសម្តីនាងដែលបានលាន់រងំកំដរបេះដូងកំព្រាមួយនេះ៖
«គីម៉ាល់នឹងទុកពេលឱ្យហាន់ដាមិនអ៊ីចឹង?!» «បងរង់ចាំបាន!»
ចិត្តគេឈឺដំណាលគ្នានឹងស្នាមរបួសស្រស់ បន្សល់ដោយសត្វឧត្បាតកាលពីព្រឹក។ គេនិយាយបន្ថែមតបនឹងការស្នើសុំរបស់នាង៖
«ពន្លែងសត្វចង្រៃឱ្យមកខាំមិនទាន់អស់ចិត្ត លើកព្រនង់មកចាំវាយសម្លាប់បំបិទមាត់ទៀត?»
នាងរេភ្នែកចុះឡើងដូចមិនដឹងរឿង។ ពីក្រោយស្មារបស់គេមានរបួស នាងមិនបានចាប់ភ្លឹកទេព្រោះអាល័យតែនឹកភ័យ ពេលនេះនាយសង្ហាសួរបញ្ជាក់៖
«សត្វអី? លែងដៃមើល ខ្ញុំឈឺអ៊ីចឹងនិយាយគ្នាម៉េចដឹងរឿង?»
«អស់ពេលហើយ ស្រីកុហក!»
គេបញ្ចេញសំឡេងតិចៗព្រោះខាំធ្មេញទប់កំហឹង។ នារីនេះជារាជនីកុហកលើលោក។ គ្មានពាក្យណាមួយល្មមឱ្យទុកចិត្តបានសោះតាំងពីវិនាទីស្គាល់មកដំបូងៗម្ល៉េះ។
ពេលបានដឹងចរិតពិតរបស់នាង តាមថាបុរសមិនចង់ជ្រលក់មាត់រក មិនចង់ប៉ះពាល់ មិនចង់សូម្បីយកភ្នែកមើល ព្រោះតម្លៃដ៏ទាបរបស់នាងក្នុងបេះដូងរឹងជាងដុំពេជ្ររបស់នាយ ចង្រៃត្រង់ថា បើចៀសនាង មានតែមិនដឹងការពិតដល់ថ្ងៃស្លាប់។
នាយបន្ថែមកម្លាំងដៃច្បាមយកចង្កាហ្មត់ខៃ ដែលនៅមិនដល់ពីរចំអាមធៀបនឹងចំហាយខ្យល់ដង្ហើមខឹងក្រោធរបស់ខ្លួន។
មិនដែលគិតទេថា មានថ្ងៃនឹងប្រើប្រអប់ដៃមួយនេះ ទៅធ្វើហិង្សាលើស្រីណាម្នាក់ តែតរុណីបិសាចគួរឱ្យស្អប់នេះ ពិតជាមិនបណ្តោយឱ្យអ្នកទប់ចិត្តបានពិតមែន។
«បងស័ក! ខ្ញុំប្រហែលឆ្លងមិនផុតយប់នេះទេបង! បងស័ក សន្យានឹងខ្ញុំ! ត្រូវមើលថែគេ! »
នឹកឃើញកាលណាគេក្តៅចិត្ត ដែលថាទាំងបងទាំងប្អូន២នាក់ អាចនឹងចាញ់ល្បិចស្រីល្អដល់ថ្ងៃស្លាប់ ក៏តាមមិនទាន់។
«ម្តងមើលទៅរួសរាយបរិសុទ្ធ ម្តងចិត្តរឹងដូចដែក ម្តងទន់ខ្សោយគួរឱ្យអាណិត វាសមទេ ដែលបំណុលកោះមួយរួចបាត់ទៅទទេ ហើយចុងក្រោយបានសិទ្ធិសណ្ឋាគារទាំងអស់ទៀត?»
ពាក្យដុតទាំងនេះដូចណាស់ ដូចការពិតពេកហើយ។ ភាពអំណត់ដែលធ្លាប់ប្រកាន់ធ្ងន់ៗពេញមួយជីវិតជាកូនប្រុស រលាយវ៉ល់ដូចអំបិលត្រូវទឹក ក្រមួនត្រូវថ្ងៃ។
គេខាំមាត់និយាយទាំងញញឹមខ្លះឌឺខ្លះ៖
«កុហកមិនប្រិចភ្នែក! សម្តីបោកប្រាស់ ត្រឹមមួយនាទីកែចិត្ត កែសន្យាបានលឿនអស្ចារ្យណាស់!»
អូយ៎!
នាងស្រែកតិចៗក្នុងកណ្តាប់ដៃប្រុសស្អាត ញ៉ាំងនរៈស្វាងចេញពីទោសៈ ដៀងភ្នែកក្រហមមករកស្រីតូចដែលទើបតែបោកប្រាស់ខ្លួនបានឱ្យអង្គុយរង់ចាំសត្វមានពិសមកប្រហារទាំងមេឃភ្លឺចែស ។
សូម្បីតែពេលនេះទៀត អាចជាដង្ហើមចុងក្រោយរបស់នាងក៏ថាបាន នាងហ៊ានបន្តស្លាកស្នាមក្រឡិច ក្រឡុចនៅនឹងមុខធ្វើដូចគ្មានរឿងអ្វីកើតឡើង?
គេគិតមួហ្មង មាត់ស្រដីតាមអារម្មណ៍៖
«ឈឺស្អីប៉ុណ្ណឹង? តិចទៀតបានឈឺជាងហ្នឹងទៀត!»
ភ្នែកនាងចេញសញ្ញាភ័យ ដៀងមើលគេមិនហ៊ានព្រិច ។ ដង្ហើមស្រីស្រស់តឹងណែន បង្អូសវែងៗ ម្តងៗ នាំមកនូវចង្វាក់ដើមទ្រូងពើងញាប់ញ័រលម្អសម្រស់បន្ថែម កំដរស្នាមញញឹមស្មើៗរបស់បុរសចំពោះមុខ។
«សិដ្ឋស្លាប់គឺស្លាប់ហើយ មកសួរធ្វើអី? ខ្វះរឿងសួរណាស់?»
គីម៉ាល់ចំហមាត់ហួសចិត្តនិងចរិតប្រសប់សម្តែងរបស់នាង។ គេរេអណ្តាតចុះឡើងក្រោមបបូរមាត់ប្រឹងធ្វើសាហាវ ជាសញ្ញាថា គេកំពុងត្រូវការចាំបាច់ នឹងទូទាត់ទារសំណងលាងសេចក្តីអាម៉ាស ដែលបានធ្លោយឱ្យនាងបោកសន្យាជាសង្សារម្តងហើយម្តងទៀត។
ដៃម្ខាងដែលនៅសល់ ប្រុសស្អាតរកទាញទូរសព្ទឡើងមក ជាមួយពាក្យបន្ទរតិចៗទាំងខាំមាត់៖
«អត់និយាយ? ខ្លាំងតាស៎! ស្មានថាឱ្យម្តាយនិងប្អូនឡើងទូកបាត់ រួចខ្លួនអ៊ីចឹង!»
គេចង់បញ្ឈឺឱ្យនាងស្លន់ដោយយកម្តាយនិងប្អូននាងវិលមកកន្លែងនេះវិញ តែនាងតបតរ៉ាវ៖
«មានតែមនុស្សកំសាក ពូកែខាងគម្រាមសម្លុត ធ្វើបាបមនុស្សស្រី ធ្វើបាបមនុស្សខ្សោយ!»
នាងខំបម្រះនិយាយទាំងសំឡេងមិនពេញលេញ និយាយមិនចប់ន័យ ព្រោះមាត់ក៏សឹងត្រូវច្របាច់ឱ្យរួមតូច ក្រោមប្រអប់ដៃដែកថែប។
សម្តីត្រឹមប៉ុណ្ណឹងសោះ មិនស្មានអាចញ៉ាំងកន្ទុយភ្នែកគូបដិបក្ខបកក្រឡេកមកវិញ ។ គេចាកចោលការប៉ុនប៉ងនិយាយទូរសព្ទ ហើយប្រើទឹកមុខ ហាក់លែងក្រោធខឹង តែឌឺដងនាងជ្រៅៗ មាត់នៅស្មើៗចាំ ស្តាប់នាងចរចា តែខាងស្រីទទួលអារម្មណ៍ថាបបូរមាត់នាយកំពុងតែចំអកនាង ។
«ខ្ញុំថាមិននិយាយព្រោះគ្មានអីត្រូវនិយាយ!»
នាងពោលបន្ថែមព្រោះសង្ឃឹមគេស្តាប់ហេតុផលខ្លះ ប៉ុន្តែ…
«កុហក!» គេខាំមាត់ផ្ទាន់ តែនាងក៏តបតវិញមិនណយដូចគ្នា៖
«និយាយពិតក៏មិនជឿ និយាយកុហកក៏មិនយក មនុស្សធុនកម្រោល មនុស្សអគតិ មនុស្សបំពាន មនុស្សគ្មានសីលធម៌ មនុស្ស…..»
ខ្វាក!
សូរក្រណាត់រហែកលើកនេះមិនមែនកំណាត់វាំងននដែលគេទាញមកចងព័ទ្ធរាងកាយឱ្យនាងដូចមុនទេ តែ…..
ស្រីស្អាតគាំងធ្មឹងក្រោមក្រសែភ្នែកត្រជាក់ស្រឹបដែលបុរសនេះដៀងកៀកបង្កើយ។
សូរដៀលរបស់នាងត្រូវរលត់ឈឹប កុំច្រឡំថាមកពី រលកសំឡេងហើរមកកកក្រោមអាវុធចក្ខុត្រជាក់ស្រេងសូន្យអង្សារបស់គេ តែក៏ព្រោះនេះជាលើកដំបូងក្នុងជីវិតស្រីស្អាតម្នាក់ ដែលកំពុងរហែកអាវចំហក្រោមស្នាដៃមនុស្សប្រុសជម្រេញគួរឱ្យខឹងសម្បា មិនឱ្យនាងស្លុតអស់បេះដូង? ហត្ថទាំងទ្វេ ស្រីខំស្រវាមកបិទបាំងរាងកាយក្រោមរលកសម្តីសៅហ្មងបន្តបន្ទាប់របស់ម្ចាស់ទណ្ឌកម្ម។
«មនុស្សធុនពុតត្បុតអត់ព្រិចភ្នែក!» ខាងប្រុសដៀលបន្ថែមមក ជាមួយគតិមួយប្រាប់ក្នុងក្បាលនាយថា «ស្រីធុននេះមិនសមបានទទួលតម្លៃដូចស្រីគេឯងទេ!»
ទន្ទឹមនឹងស្នូររហែកលើកទីពីរទាញពន្លាត់រាងកាយផ្នែកខាងលើនៃនារីដងទន្លេ អាក្រាតទាំងស្រុងក្នុងសភាពរន្ធត់ នាងស្រវេស្រវាតស៊ូបិទបាំងទាំងកាយចិត្តឈឺផ្សា។
សម្តីប្រមាថនៃបុរសនេះ វាយមកទង្គិចបេះដូងដំណំៗ របូតទឹកភ្នែកខ្ចាយ ចំណែកប្រអប់ដៃទុរយសរបស់គេ ដែលច្របាច់ចង្កានាង ពេលនេះធូររសាយ ហើយទម្លាក់មករកចង្កេះសំពត់។
ដោយតក្កមា ដៃនាងមួយទម្លាក់ទៅតស៊ូ ខណៈដៃម្ខាងទៀតប្រឹងទប់ទ្រូងជាមួយកូនអាវតូចច្រឡឹងដៃស្តើងស្មើដើមស្មៅកន្ត្រើយ។
នាងមិនចង់ហានិយាយអង្វរមនុស្សចិត្តខ្មៅ ក៏គ្មានកម្លាំងចិត្តតបជម្លោះ ព្រោះការឈ្លោះជាមួយប្រុសសន្តានពាល មិនឱ្យតម្លៃមនុស្សស្រី មានអីនាងតស៊ូឈ្នះ?
ជាមួយកម្លាំងដៃម្ខាងខំប្រតោងទាញម្រាមគេចេញពីចង្កេះ នាងស្រែកទាំងរអាក់រអួល៖
«មនុស្សអន់ចរិត! មនុស្សពាល!»
ថាម៉េចក៏បានឱ្យតែរកនឹកឃើញ ឱ្យតែដឹងថាអាចបញ្ចេញកំហឹងទោមនស្សដែលកំពុងត្រូវបានជាន់ឈ្លី ហើយហាជេរប្រមាថគេវិញបានកាន់តែច្រើនកាន់តែល្អ ស្របពេលខាងប្រុសញញឹមបែបឈឺជាងនាងទៅទៀត។
ប្រអប់ដៃគេនៅខាងក្រោមរឹងដូចដង្កាប់ ហើយម្រាមនីមួយៗជាប់ម៉ឺងដូចជាមួលដោយវីស មិនថាខ្ញាំចេញឈាម ឬក្តិចរោយក្រចកអស់មួយទំហឹងកូនស្រី នៅតែគេនេះមិនចេះឈឺ មិនថយកម្លាំងមិនបង្អង់ដៃ។
នាងមិនដឹងទេថា ចាញ់បោកនាងម្តងជាពីរដង សម្តីកុហក ដែលគេមិនធ្លាប់ទទួលមកក្នុងបទពិសោធន៍ជីវិត ចេញពីចរិតមនុស្សស្រីរូបរាងសមរម្យម្នាក់គេស្រងាកចិត្តកម្រិតណា ហើយអត់ទោសដល់នាងច្រើនដងមកនេះ សមនឹងខកចិត្តកម្រិតណ៎ា។
បុរសខាំមាត់លូកដៃម្ខាងដែលទើបនឹងហែកកម្ចាយស្បែកខាងលើរបស់នាងមកប្រលេះដៃនាងបន្ត ដែលស្រីខំត្រដរការពារសំពត់នោះ។ ម្រាមនាងត្រូវប្រលេះចេញដោយងាយ ទាំងកែវភ្នែកចំអករបស់នាយផ្តោតជាប់ធ្លុះប្រស្រីភ្នែកម្ចាស់ផ្ទះតូច។
លើកនេះគ្មានសញ្ញាថា នាងអាចមានវិធីសុំជំពាក់ការឈឺចាប់បានសូម្បីមួយវិនាទីណា ឬសុំគេប្រវាស់ទណ្ឌកម្ម បង់រំលស់ទៅលើកក្រោយម្តងទៀតនោះទេ។
បើតាមទឹកមុខរបស់គេ ហាន់ដាដឹងថាទោសទណ្ឌនិងលាភជ័យ ប្រុសម្នាក់នេះកំពុងទូទាត់ថ្លឹងថ្លែងមិនឱ្យបាត់មួយសេន ឬបានរួចគ្នារំលងទៅសូម្បីមួយល្អងណា។
«គីម៉ាល់!»
នាងហៅគេដោយមិនដឹងខ្លួនខណៈសូម្បីដៃម្ខាងដែលនារីទុកការពារល្វែកទ្រូងសស្ងាច ក៏ត្រូវមនុស្សនេះក្តោបយកទៅដែរ។
«គីម៉ាល់ លែងមើល៍!»
មាត់នាងខ្សឹកខ្សួល ចិត្តនាងខឹងណាស់ នឹងចង់លើកជង្គង់ឡើងតស៊ូនឹងនាយ ឬខ្វាចខ្ញាំប្រខាំ វាយតប់ ធ្លាប់ប្រើអស់ហើយ ថែមទាំងដឹងថាមិនបានផលផង អ៊ីចឹងហើយមិនបាច់ចិត្តយល់ព្រមទេ មាត់នាងរបូតហៅគេផ្ទួនៗដល់ទៅបីលើក….
«គីម៉ាល់ៗៗៗ»
សំឡេងនាងខ្សឹកខ្សួល អង្វរករថ្នាក់នេះ គេមិនដែលរំពឹងទេ តែក៏នៅមិនបានធ្វើឱ្យ Kemal ថមថយទោសៈដដែល។
«គីម៉ាល់ទៅចាំនៅផ្ទះទឹក ស្រែត្រែងមុនណា៎ ចប់កាលណា ហាន់ដាទៅដល់ភ្លាម!»
សម្តីពីរោះ ស្រីម្នាក់នេះចេះនិយាយណាស់ ធ្វើមុខកម្សត់រឹតតែចេះចំណាប់ ល្បួងបោកចិត្តមនុស្សប្រុសបានម្តងជាពីរដង។ លើកនេះជាប់ជុចដូចត្រីត្រដរដង្ហើម នៅមានសំឡេងសណ្តំបេះដូងហៅឈ្មោះគេបានម្តងហើយម្តងទៀតទៅរួចដែរ?
គេគិតហើយញញឹមសម្លឹងនាងស្មើៗ។
មួយដង្ហើមៗនៃកែវភ្នែមមីរបស់នរៈសង្ហា គេដឹងថា មនុស្សខ្លួនតូចរាវទន់ខ្សោយនៅចំពោះមុខម្នាក់នេះ មានល្បិចជាប់ខ្លួន ជាងមាយាស្រីបីរយរទេះ។ លោតែលើកនេះហ៊ានលើកលែងឱ្យស្រីល្អ មានតែ ត្រឡប់ទៅដេកផឹកស្រាក្តៅចិត្តវិញម្នាក់ឯងទៀតមិនខាន។
«គីម៉ាល់ ខ្ញុំអត់បានធ្វើអីខុសទេ! »
នាងចង់មានន័យថាឱ្យគេគិតឡើងវិញ។ បុរសដៀងភ្នែកមករកផែនថ្ពាល់ដែលប្រឡាក់ប្រឡូសទៅដោយទឹកភ្នែកសើម ។ ទីនេះប៉ប្រឹមពេក ស្រស់ពេក ទំនងជាវាបង្គាប់ដង្ហើមនាយឱ្យដង្ហក់ បង្ខំឱ្យចិត្តទោរទន់មកវិញខ្លះ បានជាដៃគីម៉ាល់នៅត្រង់ចង្កេះបន្ធូរបន្ថយកម្លាំងយឺតៗ ចេញពីចង្កេះសំពត់រាវមករកត្រគាកនារីត្រសាយត្រសុំ។ ច្រមុះគេលោទៅរកគយគន់ទេសភាពផែនក្រហមព្រឿងៗនោះទាំងមិនដឹងខ្លួន។
កំពុងតែតក់ស្លុតផង ខាងស្រីឯណានៅឈរឱ្យនាយថើបបានដូចគិតស្រមៃ?
នាងងាកចេញភ្លែត ញ៉ាំងបុរសឱ្យភ្ញាក់ចេញពីកាមាភ្លាម ហើយដឹងខ្លួនដែលកំពុងចាញ់ស្នេហ៍។
គេខឹងខ្លួនឯងដែលចាញ់សឹកលើសមរភូមិដដែល ម្តងជាពីរដង។
ខាងស្រីគ្មានចិត្តមកឱ្យឯងទេអាគីម៉ាល់ គេនិយាយស្ងាត់ក្នុងបេះដូងជាមួយទឹកមុខមាំកែវភ្នែកល្ហល្ហេវ។ គីម៉ាល់ដឹងខ្លួនថា ពិបាកជួយណាស់បើនាងតបតស្នេហាមកតែបន្តិច ក៏ប្រហែលជាគេអាចនឹងព្រមចាញ់បោករហូតដល់លើកទី១០០ទៀតផងក៏មិនដឹង តែនេះនាងគ្មានអីបង្ហាញថា គិតដល់ចិត្តថ្លើមខាងប្រុស ដូចស្មាននាងប្រហែលជាមានចិត្តឱ្យប៉ូលិសសង្ហាម្នាក់នោះ គ្មានអីត្រូវសង្ស័យទៀតឡើយ។
មុខគេទៅជាកាចៗ ដង្ហើមគេផុតៗ ភ្នែកគេដុតក្តៅសឹងរលាកអ្នកដែលកំពុងរងការសម្លឹង។
អារម្មណ៍សម្ងាត់បញ្ជានាងឱ្យនិយាយអង្វរ៖
«ចង់ឱ្យខ្ញុំខុសក៏បាន តែអត់ទោសឱ្យខ្ញុំណ៎ាគីម៉ាល់!»
«ព្រះក៏ជួយមិនបានដែរហាន់ដា!»
គីម៉ាល់ខ្សឹបៗតបតនឹងកែវភ្នែកថ្លាយង់ទាំងសង មុនពេលឈ្ងោកយ៉ាងរហ័សទៅគ្រប់គ្រងប៉ះបបូរមាត់ស្លេករញីរញ័រនោះ ព្រោះមិនចង់ឮពាក្យបោកៗ និងពាក្យល្ខោនៗ របស់នាងពោលមកបន្ត។
ក្រោមភាពរលីងរលោង តរុណីមិនអាចគិតទាន់ ហាមប្រាមអ្វីកើត មានតែរុញបុរសនេះអស់មួយទំហឹងឱ្យខ្ទាតថយ តែកម្លាំងនាងមិនខុសអ្វីពីចាក់សាំងបន្ថែមលើរងើកភ្លើងឡើយ។
គីម៉ាល់ខាំមាត់ទាញម្រាមទាំងដប់របស់នាងមកក្រសាបក្នុងប្រអប់ដៃតែមួយ ហើយទាញទៅច្បាមឃុំទុកនៅក្រោយខ្នងម្ចាស់វា។
ជាមួយនោះ គេលោចង្កេះមកផ្អឹបកៀក រុញរាងកាយដ៏ភ័យស្លន់ស្លោនោះទៅផ្ទប់ទ័លនឹងផ្ទាំងជញ្ជាំងឈើម៉ៃសាក់។ បណ្តាស៊ុមរូបថតនាង ធ្លាក់រោយមកកំដរសំណោកម្ចាស់ខ្លួន ខណៈមាត់នាងប្រឹងពន្យល់ហេតុនិងផល៖
«ការពិតមួយហ្នឹង ទោះស្លាប់ក៏និយាយមិនបានដែរ យល់ខ្លះអត់ Kemal?»
បុរសខាំមាត់ព្រោះចិត្តខ្លួនតែធ្លាក់ទន់ទោរ ពេលតំណក់ទឹកភ្នែកគូសត្រូវ ស្រក់មកផ្សើមខ្នងដៃ ឯម្រាមនាងក្នុងដៃនាយ ក៏ឡើងត្រជាក់ដូចមនុស្សស្លាប់។
«ម្រាមដៃដា ស្អាតដូចកួរស្រូវដែលចាស់ៗចំណាំតែនិយាយ! សាច់នេះ ទន់ល្មៃស្មើកម្ញី! សហ្មត់ដូចដងទន្លេសេសាន! ត្រជាក់ដូចសម្រស់អាថ៌កំបាំងនៃដែនមេគង្គ….»
គេភ្លេចសម្តីខ្លួនឯងដែលចេះសរសើរ ទន់ដូចបទកាព្យ។ ពេលនេះហត្ថាដដែល ដែលកំពុងត្រូវរងទោសៈឃុំគ្រង។
ភ្នែកទាំងសងរបស់ Kemal រេសម្លឹងនារីខ្មែរ ដែលគេធ្លាប់ស្រមៃចង់បានមកជាម្ចាស់ជីវិត។
ចរិតពុតត្បុតកុហកគួរឱ្យឆ្អែតចិត្តរបស់នាង បានបិទបាំងមនោសញ្ចេតនារបស់នាយ ។
គេគ្រហឹមតិចៗពេលឱនក្បែរត្រចៀកនាងម្តងទៀត៖
«ចង់ឱ្យចាញ់បោកម្តងទៀត នឹងអាលបានយកអាម្នាក់នេះទៅសើចលេងកំប្លុងកំប្លែង ជាតួអាមោឃក្នុងរឿងល្ខោនភូតភរពេញមួយជីវិតរបស់យើងអ្ហះ ស្រីល្អ!»
នៅពេលដែលរាងកាយខាងមនុស្សស្រីចាប់ផ្តើម រញ្ជួយញាប់ញ័រខ្លាំងឡើង ជាការឆ្លើយតបទៅនឹងអារម្មណ៍ភ័យចំប្រប់ ភាពរឹងមាំនៃបុរសចំពោះមុខ កាន់តែដំឡើងឫកពា បានដៃ បានចិត្ត ប្រណាំងនឹងសម្បជញ្ញៈនានារហូតយកឈ្នះបាន បណ្តោយឱ្យគតិខាងប្រុសលែងចង់គិតពីអ្វីផ្សេងដឹងតែម្យ៉ាង គេត្រូវតែបង្រ្កាបហាន់ដាឱ្យចងចាំល្ងាចមួយនេះពេញមួយជីវិតរបស់នាង។
ដៃម្ខាងទំនេររបស់អ្នកមិនបានច្បាមទាញសំពត់ នាងដូចកាលពីមុនពិតមែនព្រោះគេបែរចិត្តមកចាប់ក្រសោបចង្កេះស្រីរាងរាវឱ្យជាប់ម៉ឺងសឹងរំលាយរាងកាយមនុស្សពីនាក់ឱ្យទៅជាសាច់មួយ។
ច្រមុះ Kemal ឈ្ងោកមករកដើមទ្រូងចំហកណ្តាលវាល សល់ភាពបិទបាំងតិចតួច ជាមួយការតាំងចិត្តថា មិនពិចារណា មិនស្តាប់ មិនថយចិត្ត មិនរារែកអ្វីសម្រាប់ការបន្តបំពានឱ្យខាងតែបាននេះឡើយ។
ដើមទ្រូងស្រីស្អាតរំពើកទៅតាមសន្ទុះរំជួលចិត្តយ៉ាងខ្លាំងក្លា នាងតក់ស្លុតពិតណាស់ តែសម្រាប់ខាងប្រុស សភាពនាង ដូចជាការប្រគំភ្លេងសែនពីរោះ ធ្វើឱ្យការបង្ខំថើបយ៉ាងត្រេកត្រអាលរឹងរឹតតែមានរសជាតិ ផ្តល់បន្ថែមមហិច្ឆតាចង់ក្តោបក្តាប់ ចង់ត្រួតត្រា ចង់បានមកជាចំណុះ កើនកម្លាំងយ៉ាងមានៈ ពិបាកនឹងបកក្រោយ។
«ពិសិដ្ឋជួយផងពិសិដ្ឋ!»
ហាន់ដាស្រែកតិចៗ ព្រោះដង្ហើមនាងផុតៗដោយការយំយែកសឹងរហែកទ្រូង។ សម្តីនាងគេមិនស្តាប់ដាច់ខាតហើយ ចង្រៃអីឈ្មោះពីរម៉ាត់ដែលនាងបន្ទោរនេះ បែរជាមានលទ្ធភាពចូលទៅហែកកាយវាយបំបែក តណ្ហាក្រពុលមុខរបស់ខាងប្រុសបាន។
Kemal ឈប់ចលនាភ្លាមដូចត្រូវកាណុងកាំភ្លើងភ្ជង់ក្បាល។ សព្ទសំឡេងពិសិដ្ឋលាន់មកផ្ទួនៗក្នុងប្រព័ន្ធចងចាំដែលមុននេះគេបានតាំងចិត្តថា ការចងចាំណាក្តីក៏នឹងទាត់ចោលទម្លាក់ជាចំណីត្រីទន្លេ មេគង្គទាំងអស់។
«គេជាមនុស្សស្រីល្អស្អាត កុំឱ្យគេត្រូវរងលំបាកវេទនា! សន្យារៀបការជាមួយគេ មើលថែគេឱ្យខ្ញុំ!»
ប្រុសស្អាតងើបមុខមកវិញទាំងស្ពឹកដោយកំហឹងនិងតណ្ហា។ បុរសនេះសម្រេចចិត្ត សម្រាលកម្លាំង លែងដៃនាងសន្សឹមៗធ្វើឱ្យហាន់ដាស្រវេស្រវាលើកហត្ថាមកបិទបាំងទ្រូង។
មួយក្រឡេកជាថ្មី គេទើបនឹងចាប់អារម្មណ៍ថា អ្វីមួយពាក់លើកដៃនាង។
មុននេះខឹងងងឹតមុខពេក មិនដឹងថានោះជាខ្សៃដៃរបស់ខ្លួន ដែលបានបន្សល់ទុកលើទ្រូងស្រីកាលពីថ្ងៃជួបមុខលើកទីមួយឡើយ។
«ខ្សែដៃទុកឱ្យល្អផង! បង្ការពេលនឹកគ្នា អាចជួយបានខ្លះ!»
សំឡេងអណ្តឺតអណ្តករបស់នាង ទាញការផ្តោតអារម្មណ៍របស់គេឱ្យពិចារណាឡើងវិញទៅនឹងរាងកាយកំពូលសម្រស់នៅក្បែរនាសាបង្កើយ។ នាងស្រឡាញ់វត្ថុអនុស្សាវរីយ៍នេះ ឬពាក់វាដើម្បីបញ្ឆោតចិត្តយើងទេ ស្រីមានល្បិច?
ទោះយ៉ាងណា នាយពិតជាទន់ចិត្តណាស់ពេលឃើញវានៅលើកដៃនាង។
បើនឹងក្រឡេកមកខ្លួនប្រាណវិញនារីអីសាច់សរលោង ស្តើងសឹងឃើញសរសៃឈាមតូចធំ បានជាប៉ះច្រមុះមនុស្សប្រុសត្រង់ណាក៏ប្រែពណ៌ជាក្រហមង៉ូវភ្លាមៗត្រង់នោះ ឯទឹកភ្នែកទៀតសោតសឹងតែធ្លាយមកសើមអស់ដល់ទាំងភ្នែករបស់អ្នកសម្លឹងផង សម្បូរទឹកភ្នែកម្ល៉េះ មើលតែមិនធ្លាប់ឆ្លងកាត់ការរួមភិសម័យប្តីប្រពន្ធជាមួយអ្នកមុន?
«ហៅពិសិដ្ឋធ្វើស្អី?»
Kemal វាចាសួរតិចៗបន្លប់ចិត្តទន់ជ្រាយដែលខំប្រឹងចាប់ហ្វ្រាំងអំណាចក្តីមានៈសឹងធ្លាយទ្រូងមនុស្សប្រុសទៅហើយ។
មុខគេស្លេក ប្រឹងធ្វើស្មើងើបមុខមើលព្រោះមិនឃើញខាងស្រីផ្តល់ចម្លើយ។
ហាន់ដានៅបិទភ្នែកទាំងសង តែទឹកភ្នែកបន្តរមៀលហូរ។ ទោះបីជាខាងប្រុសឈប់ចលនាបំពាន តែដៃស្រីទាំងទ្វេនៅតែជាប់ម៉ឺងក្នុងការឃុំគ្រងបិទបាំងកាយ។
សព្ទសោយសោកលាន់ចេញមករណ្តំស្របជាមួយចង្វាក់ស្បែកស្រោបបេះដូងរបស់នាងដែលភើតចុះឡើង នៅនឹងកែវភ្នែករាយមាយនៃខាងប្រុស។
«សុំនៅក្បែរៗបែបនេះ មិនចង់គិតរឿងអីទាំងអស់! សុំនៅតែពីរនាក់បែបនេះឱ្យបានយូរបន្តិចណ៎ា!»
នេះសម្តីនាងកាលនៅលើអូប័រជាមួយគ្នាសាងស្នេហ៍បង្កើតសន្យា។ គេទន់ចិត្តដូចក្រមួនត្រូវថ្ងៃអំបិលត្រូវទឹក តែខំប្រឹងជំនៈភាពទន់ជ្រាយរបស់ខ្លួនឯងនិយាយបង្វែង៖
«អត់ដែលស្គាល់មនុស្សប្រុសទេ? ប៉ុណ្ណឹងៗធ្វើដូចមានមនុស្សស្លាប់?»
គេសួរស្រាលៗខ្សឹបៗ លែងទ្រគោះបោះបោកដូចមុន។
នាងមានៈមិនបើកភ្នែក មិនផ្តល់ចម្លើយមួយអឹះណា ទោះបានថមថយសង្វាក់សោយសោកាហើយក្តី។ រាងកាយពាក់កណ្តាលអាក្រាតតាមពិតបានក្លាយជាទិដ្ឋភាពគួរឱ្យអាណិតអាសូរ ខ្លាំងឡើងៗ ព្រោះខាងប្រុសមានបេះដូងទោរទន់តាំងពីកំណើតមកហើយ។
មិនដឹងតាំងពីពេលណាមកទេ គេព្រលែងខ្លួនប្រាណចេញពីការច្រានផ្ទប់ដោយយឺតៗ បណ្តាលឱ្យនាងរបូតខ្លួនទាំងស្រុងចេញបានពីការគាបសង្កត់។
ហាន់ដាមិនទាន់បានដឹងខ្លួនវិញភ្លាមពីកិរិយាប្រែប្រួលនៃបុរសនេះទេនាងគិតពីងាកទៅប្រវារកកន្សែងសូត្រដែលក្រាលល្អលើកៅអីវែងមក ឡោមព័ទ្ធបិទបាំងរាងកាយឡើងវិញ។
«ឮសួរអត់? មិនដែលស្គាល់ដៃមនុស្សប្រុសខ្លះទេ បានផ្អើលយំលិចភូមិស្រុកនៀក?»
នាងមិនឆ្លើយតែឱនមុខជ្រប់សឹងតែចុងច្រមុះប៉ះជាប់ដល់កន្សែងរុំ។ Kemal រេក្រសែភ្នែកមមីសម្លឹងមនុស្សស្រីសែនមានៈ ម្នាក់នេះសមឱ្យហួសចិត្ត។ មនុស្សផ្ទុយភេទដ៏សង្ហាទាក់ទាញចិត្តនៅនឹងក្បែរគ្នាសឹងជាប់បេះដូងទៅជាភ្លោះបានប៉ុណ្ណឹងហើយ ក៏នៅមិនអាចធ្វើឱ្យស្រីនេះស្រើបចិត្តបាន តើបេះដូងនាងសាងមកពីថ្ម ឬមួយនាងមិនមានចិត្តជាមនុស្ស?
តែយើងគិតពីមនុស្សស្រីធុននេះអីច្រើនម្ល៉េះ វាមានន័យដែរទេ?
«ហាន់ដាមិនរើសយកជម្រើសផ្សេងព្រោះចង់ប្រាប់ថា ហាន់ដានិងពិសិដ្ឋមិនបានមានកុងត្រារឿងផ្សំដំណេក មិនបានដោះដូរខ្លួនប្រាណជាមួយប្រាក់៧០ម៉ឺនអីដូចដែលគីម៉ាល់បានឮមកទេ!»
នេះជាពាក្យសម្តីអះអាងរបស់នាងកាលពីនៅលើទូក។
គំនិតមួយបង្គាប់គីម៉ាល់ «ប្រសិនពិសិដ្ឋអាចប្រើមង្គលការឃុំខ្លួននាងបាន យើងរឿងអីធ្វើមិនបានស្រីជើងល្អ?»
គេធ្វើមុខឌឺដង ហើយលារង្វង់ដៃទាំងសងខាងរុំព័ទ្ធនាង ឱ្យនៅក្នុងរង្វង់ជញ្ជាំងឈើវិញដូចដើម។
«ត្រៀម! ស្អែកនេះចុះអេតាស៊ីវិលជាមួយគ្នា!»
ហាន់ដាងើបមុខទាំងភាន់ភាំង។ តំណក់ទឹកភ្នែកព្រិលមើលអ្វីមិនច្បាស់ តែស្រីច្បាស់ណាស់ថាខាងប្រុសមិននិយាយលេងៗទេ។
គេញញឹមស្មើៗឌឺនាង។ ភ្នែកទាំងសងរេរកគ្នា។ នាងចង់ច្រានចេញតែខ្លាចជះផលបញ្ច្រាសដូចមុននេះទៀត ដូច្នេះមានតែងាកមុខទៅម្ខាងហើយនិយាយទាំងឆ្អែតចិត្ត៖
«ប្តីខ្ញុំមិនទាន់បាន១០០ថ្ងៃផង!»
«ឱ្យចុះអេតាស៊ីវិល មិនមែនរៀបការទេ!»
គេគំហុកតិចៗ ទាំងសម្លឹងនាងពីលើដល់ក្រោមជាសញ្ញាថាចាប់ពីពេលនេះនាងទៅណាមិនរួចមួយគេឡើយ។ មិនថាខ្លួននាង សេរីភាពរបស់នាងជីវិតរបស់នាង។
«គិតថាគេយល់ព្រមជាមួយខ្លួនអ៊ីចឹង?!»
ហាន់ដាពោលទាំងអណ្តឺតអណ្តក។
បុរសដកដៃចេញទាំងមុខស្មើ។ គេបែរក្រោយយារជើងទាត់ព្រនង់របស់នាងប៉ើងទៅក្រៅ មាត់បញ្ជា៖
«ស្លៀកពាក់ស្រួលបួលមក!»
«ចង់ធ្វើអី?!» នាងសួរវិញមិនរោយមួយម៉ាត់ណា។
«ចង់ស្រាតហ្មែន?!»
គេពោលមួយៗទាំងក្តៅចិត្តចំពោះនារីនេះ។ រកតែបង្អន់អាណិតក៏មិនបាន តមាត់ប៉ប៉េះមានហេតុផលធ្វើមនុស្សគ្រាន់រហូត។ ម្តងណេះបើមិនលែងរឹងៗដាក់នាង ហើយស៊ូបន្តធ្វើជាសុភាពបុរសមានតែដេកឈឺចាប់គ្រាំចិត្តក្អួតឈាមស្លាប់ខ្លួនឯង។


