រឿង៖ បេះដូងមេគង្គ ភាគទី២០

ហាន់ដា​​បែរក្រោយ ​រត់ភ្លាម​ទៅកាន់បន្ទប់ក្នុងមួយជាន់ទៀត ហើយ​​បើកទូឈើ រាវរកអាវមួយផ្សេងមកគ្រង     ដណ្តប់កាយបន្ទាប់ពីអាវមុនត្រូវដាច់ដោចខ្ទេចខ្ទាំ។

ភ្នែកទាំងសង​នៅក្រឡិចក្រឡាប់ដោយក្តីភ័យខ្លាច។ នាង​ខ្លាចគេសុខៗកើតរោគចិត្ត​ចូលមកទៀត តែគ្រប់យ៉ាងស្ងប់ស្ងាត់ល្អ។ នាង​សម្រួលសម្លៀកបំពាក់ហើយ ក៏បែរមកតាមមើលបុរសនេះ។

គីម៉ាល់​នៅឈរបែរខ្នង ឯមាត់ទ្វាររង់ចាំនាង។ អ្វីមួយលើស្មាស្តាំរបស់គេ​ធ្វើ ឱ្យស្រស់ស្រីចាប់ភ្លឹក។

«ពន្លែងសត្វចង្រៃឱ្យមកខាំមិនទាន់អស់ចិត្ត លើកព្រនង់មកចាំវាយសម្លាប់បំបិទមាត់ទៀត?»

នាង​ដើរមួយៗ​ទៅរក​គេទាំងមិនដឹងខ្លួន។

មុខរបួសនោះធំឬតូច ជ្រៅឬរាក់ ជាឬនៅ នាង​ចង់ដឹងណាស់។ បេះដូងនាង​ភ្លេចអស់រឿង​មុននេះដែលវិះនឹង​ត្រូវដាច់មនោសញ្ចេតនា​ពីគ្នាដោយអំពើហិង្សារបស់គេ។

ម្រាមស្រីលូកទៅរកបង់រុំនោះហើយប៉ះគេ….

គីម៉ាល់ងាកមុខមកចំហៀងស្តាំពេលដឹងថា មនុស្ស​ស្រីម្ចាស់ផ្ទះកំពុងប៉ះពាល់ខ្នងខ្លួន….

«ស្អីគេទៅគីម៉ាល់! ទៅត្រូវនឹងអី?!»

នាង​និយាយទាំងថប់ដង្ហើមព្រោះសភាពរបស់របួសនេះ ទោះមិនបានឃើញមុខវា​តែស្លាកស្នាមខ្មៅនៅស្លេកងាំងជុំវិញ បានប្រាប់នាង​ថា នេះអាចជាថ្នាំពុលឬជាពិស មិនមែនមុត​និងមិនមែនបះទង្គិចធម្មតាទេ។

នាង​ជាពេទ្យនាង​ដឹងអំពីទំហំគ្រោះថ្នាក់របស់វា ​បើវាជារបួសថ្មី ហើយមាន​ជាតិពុលមិនទាន់យកចេញអស់​ គេមុននេះខឹងខ្លាំង ធ្វើសកម្មភាពកម្រោលទៀត​ជាតិពុលអាច​ជ្រាបដល់សរសៃឈាមបាន។

នាងរញីរញ័រគាំងៗព្រោះអារម្មណ៍អកុសលផ្ទួនៗ​ ចំណែកបុរសនេះក៏​បែរមកវិញ​សន្សឹមៗ​ទាំងមុខ​ស្មើ និងសម្លឹងនាងដោយ​ប្រើក្រសែភ្នែកខូចចិត្ត​។

ស្រីស្អាត​ព្រិចត្របកភ្នែកដែលពោរពេញ​ទៅដោយ​ទុក្ខសោកចុះឡើង​ពីរបីដង ទើបសម្រេចចិត្ត​ងើបមុខសម្លឹងគេ។

គីម៉ាល់មិនចង់ថ្ពក់ខ្សែភ្នែកជាមួយនាងទេ។

គេបូញមាត់ងាកមុខចេញ ទាំងមិននិយាយមិនស្តី។ ដៃមួយចុចទូរសព្ទរង់ចាំ​អ្នកខាងណោះទទួលនឹងអាលនិយាយ​ម៉ាត់ៗ៖

«ខ្ញុំចុះអេតាស៊ីវិលជាមួយហាន់ដាព្រឹកស្អែកនេះ!​ រៀបចំឱ្យស្រេច! គឺនៅលើកោះនេះ!»

គេដាក់ទូរសព្ទចុះ ហើយ​លូកដៃមកចាប់នាង​ទាំងមិនខ្ចីមើលមុខ​អូសបណ្តើរ​ទៅតម្រង់ទ្វារ។ សារជាថ្មីនាងរត់តាមជំហាន​វែងៗរបស់គេច្រងាប់ច្រងិល៖

«ទៅណា?!»

«ទៅភ្នំពេញ!»

«ហេតុអី?»

«មិនបាច់សួរ!»

«ខ្ញុំមិនទៅ!»

បុរសនេះនៅធ្មឹងលែងដើរ។

គេងាកមកក្រោយ​ដោយក្តាប់មាត់សម្លឹងមុខតូចច្រឡឹងរបស់នាង។

ភ្នែកនាងម៉ក់ៗ​សម្លឹងប្រស្រីភ្នែកគេ នាង​ចង់រុករកភាព​ស្លូតបូត មនោសញ្ចេតនា​និងចិត្ត​ថ្លើមល្អៗរបស់គេ តែ….អត់មាន​ទេ….ស្នាមញញឹមមួយ ក៏បបូរមាត់គេមិនព្រមផ្តល់មកឱ្យនាងទៀតដែរ….

«គីម៉ាល់….»

នាងចង់និយាយអីតែនិយាយមិនចេញបានត្រឹមហៅឈ្មោះគេពីរម៉ាត់ បុរសសើចទាំងមិនសប្បាយចិត្ត៖

«ហៅឱ្យហើយទៅដុកទ័រ! ចាប់ពីស្អែកទៅ ប្តីឱ្យដឹងប្តី! ​បើហៅឈ្មោះគ្នាចំៗទៀត ដឹងដំបងហើយ!»

នាង​លូកដៃម្ខាងទៀតទាញ​កណ្តាប់ដៃគេចេញ​តែមិនរបូត។ ​នាងនិយាយទាំងមិនខ្លាចនឹងមិនដក់ភ្នែក​ចេញពីការសម្លឹងរបស់ប្រុសស្នេហ៍៖

«អ្នកណារៀបការ?!»
«គ្រាន់តែស៊ីញ៉េទេដុកទ័រ! ស៊ីញ៉េឱ្យជីវិតនាង មកនៅជាមួយខ្ញុំជារៀងរហូតទៅដោយស្របច្បាប់!»

«អ្នកណាព្រម?»

នាង​សួរទាំងញ័រមាត់។

សុងសក្តិនិយាយហើយថា មនុស្ស​នេះមិនបានស្រឡាញ់នាង ​ថែមទាំង​រៀបចំគ្រប់យ៉ាង​ ដើម្បីរឿងមរតក តែប៉ុណ្ណោះ​គ្រាន់តែគេធ្វើពុតជាមិនចង់បាន។ ឥឡូវនេះតម្រុយចេញមកបណ្តើរៗហើយ​ ស៊ីញ៉េ?

«នីដាក៏ដោយហាន់ដាក៏ដោយ ​! គេជាប្រពន្ធខ្ញុំ មរតកគេ កិត្តិយសគេ ជាមរតកខ្ញុំនិងកិត្តិយសខ្ញុំ ​អ្នកណាមិនសុខចិត្ត​​ចង់តតាំងជាមួយគេ ត្រូវតតាំងជាមួយខ្ញុំ!»

នារីក្តាប់មាត់ខឹង។ សមមុខណាស់នាងដែលទៅងប់សម្តីគេកណ្តាលទន្លេ ​ឱបគេដូចតួប្រុសក្នុងរឿងហូលីវូដ ពេលនេះ​ជ្រុលក្បាលក្រពើហើយ អ្វីៗជាអន្ទាក់។ ចុងក្រោយ​ពេលមិនបានអ្វីៗដូចបំណង​កាលពីយប់ម្សិល ព្រឹកឡើងកាលណា​គេ​ក៏ទៅដឹកនាំពួកមនុស្ស​ក្បាលរឹងៗ​នៅសណ្ឋាគារ​ឡើងមករុកកួនដល់លើកោះក្បែរច្រមុះទៅហើយ​។

ហ្នឹងហើយ សមមុខដែលងងើលឆាប់លង់អន្ទាក់ស្នេហ៍​ប្រុសស្អាត!

ហាន់ដាបន្ទោសខ្លួនឯង។ ឥឡូវនៅតទល់មុខគ្នា នាង​ដឹងថា គេគ្មានសញ្ញាណាមួយ​ដែលបង្ហាញថាប្រុសម្នាក់នេះ​ពិតជាចេះស្រឡាញ់ ចេះ​យល់ចិត្ត អាណិត​ការពារ ដូចរូបភាព​កាលពីលើកបីនាង​ចុះជម្រាល លើកឡើងលើទូក ផ្តល់អាហារ​ផ្តល់កម្លាំងចិត្ត​ទៀតទេ គេជាមនុស្ស​សោះអង្គើយ ហិង្សា និងមានគំនិតជ្រៅៗយ៉ាងគ្រោះថ្នាក់ផង។ ​​

«ហាន់ដា! ​បើលោតែឯងថ្លោះធ្លោយ​បណ្តោយខ្លួន ឱ្យ​​ស្ថិតនៅក្រោមចំណងអាពាហ៍ពិពាហ៍ជាមួយបុរសកំណាចម្នាក់នេះពិតមែន វាមិនដូចកាលឯងចងអំបោះក្រហមជាមួយពិសិដ្ឋប្អូនប្រុសរបស់គេទេនាង​!»

សំឡេងសម្ងាត់ខ្សឹបក្នុងខួរក្បាល ធ្វើឱ្យមនុស្ស​ស្រីម្នាក់នេះអន្ទះអន្ទែង​រលាស់ដៃម្តងហើយម្តងទៀត។ ម្រាមនាង​បេះផងបោចផង មាត់ក៏ខាំចូលគ្នា​និយាយសឹងមិនអាចចេញសំឡេងច្បាស់៖

«ខ្ញុំមិនស៊ីញ៉េអីទាំងអស់ មនុស្សរោគចិត្ត​! អេតាស៊ីវិលស្អី?!»

នាង​រើបម្រះដោះលែងដៃខ្លួនឯងពីគេ​ រើមិនរួច​ក៏នៅតែបន្តរើ​រហូតដល់ខាងប្រុសពន្លែងចេញមួយទំហឹងព្រោះធុញពេក។

នាង​ខ្ទាតទៅម្ខាងគ្រាន់តែមិនដួល។

ស្រីស្អាត​សម្លឹងបុរសនេះទាំងឆ្អែតចិត្ត នាង​វាចាអួលណែន៖

«ចុះអេតាស៊ីវិល នឹងអាលបានលុយ​ទៅគ្រប់គ្រង នឹងអាលបានបំផ្លាញខ្ញុំស្របច្បាប់ ​នឹងអាលបានធ្វើអ្វីៗតាមលំនាំគំនិតពុតត្បុតអស់ហ្នឹងមែនអត់? បានហើយ! ឈប់លេងទៅ ខ្ញុំគ្មាន​ពេលលេងជាមួយទេ គីម៉ាល់! មុខក៏កុំ​ឱ្យខ្ញុំឃើញផង កុំថាឡើយរៀបការ​ភ្ជាប់ជីវិត​ខ្ញុំជាមួយ​!»

បបូរមាត់នេះពូកែនិយាយឌឺណាស់ ស្រីមុខឌឺ។

គេសម្លឹងនាង​ទាំងភ្នែកមមី ចិត្ត​រំពៃនឹកដល់សម្តីពេលថ្មីៗដែលចាក់ទម្លុះបេះដូងខ្លួន​នៅលើដែនជលធា

«ចិត្តខ្ញុំចំពោះសិដ្ឋ ដូចទឹកនិងត្រី មានស្មោះឱ្យគ្នា មិនមែន​ដោយកាមតណ្ហា ឬដោយសារ​ទ្រព្យធន! ខ្ញុំបានស្បថថា នឹងចាស់ទៅជាមួយ​គេ រួមរស់ជាមួយគេ​ជារៀងរហូត!»

គេនៅស្ងៀមនាងសម្លក់មួយរួចចាកចេញទៅទាំងមិនខ្ចីស្តាយអ្វី មិនខ្ចីងាកក្រោយ។

«បានតើ ដុកទ័រ​! ​ហត់ពេកមិនបាច់លេងទេ តែកោះនេះត្រូវដូរម្ចាស់ហើយ!»

នាង​ពិតជាដើរទៀតមិនរួចមែន ត្បិតតែនាងខំប្រឹងតាំងចិត្ត​ថាមិនស្តាប់។

ស្រីស្អាតងាកក្រោយទាំងមុខមាំ។ បុរសនេះញាក់ចិញ្ចើមឌឺនាង​ ដូច​ហួតយុត្ថនា​ឌឺពៅបញ្ញាជាញឹកញយហ្នឹងដែរ។

«ព្រោះទុកចោលធ្វើអី? តម្លៃវា មិនមែន​៧០ម៉ឺនទេដុកទ័រ! រាប់លានដុល្លារអាមេរិក!»

នាង​ខាំមាត់ ទឹកមុខក្រោធ ។​​ នារីនេះមិនឆេវឆាវទេ​តែនាង​ពិត​ជាគ្រឺត។ គេចង់បង្ខំនាង​ដូចតួប្រុសបង្ខំតួស្រី​ មានតែក្នុងរឿងភាគប៉ុណ្ណោះដែលទៅរួច។

នាង​សួរវិញទាំងមិនញឹនដូចគ្នា៖

«លោកអាងអី? ​លោកអាងអីគីម៉ាល់? លោកមានសិទ្ធិដែរអត់? កុំឱ្យខ្ញុំនិយាយច្រើនជាងនេះទៀត​នឹងអាលបានខឹងគ្នាជ្រៅៗ»​

បុរសដើរមកមួយៗទល់មុខនាង។ ហាន់ដាក៏មិនគេចទៅណាដែរ ព្រោះនាង​ចង់ប្រាប់គេម្នាក់នេះ​ថានាង​មិនបានចាញ់សម្លុត។

បុរសភ្នែកមមី តាមថាកំពុងបង្ហាញឫកពាមានៈចង់តែកាចបង្ក្រាបនាង​។ គេសម្លឹងនាង​ទាំងញញឹម​តាមពន្លឺ   ភ្នែក។

នាង​ក៏សម្លឹងវិញមិនចុះញ៉ម។

គេស្រាប់តែបន្លឺមកខ្សោយៗល្មមឮពីរនាក់៖

«ខ្ញុំកំពុងរកអ្នកស៊ើបឯកជនកំពូលៗពីស្រុកក្រៅមកហើយ! ត្រឹមពីរបីយប់ គេនឹងរកឃើញច្បាស់ដូចថ្ងៃ​ ពី​អាថ៌កំបាំងដែលប្អូនប្រុសខ្ញុំស្លាប់!»

បុរសក្តាប់មាត់ខណៈខាងស្រីក្តាប់ដៃ។

នាង​ទម្លាក់មុខ​រេភ្នែក​គិតយ៉ាង​រហ័ស។

ហាន់ដា​​ស្រាប់តែនៅសុខៗ ​បោះបង់ចោលឫកពាខែងរ៉ែង​ហើយហាក់ភិត​ភ័យចម្លែកម្ល៉េះ?

ទោះនាង​ខំលាក់អារម្មណ៍​តែ​គីម៉ាល់សម្គាល់ឃើញ។ គេពោលបន្ថែម៖

«មិនត្រឹមតែរបស់ទាំងអស់ហ្នឹង​លែងមានសុពលភាពសម្រាប់មនុស្ស​អាក្រក់ខ្លះ ​ថែមទាំង​ថែមបានខ្នោះដៃ និងចម្រឹងដែក​មួយជីវិត​ទៀតក៏ថាបាន!»

«ធ្វើអីធ្វើទៅ! ស្មានថាខ្ញុំខ្លាច? ខ្ញុំធ្វើអីខុសបានត្រូវខ្លាច?»

នាង​និយាយញ័រៗ។

បុរសនេះញញឹមតិចៗ ហើយដើរចេញទៅបន្សល់ឱ្យខាងស្រីនៅឈរស្កុបម្នាក់ឯង សញ្ជឹងគិតដោយចម្រូង    ចម្រាស់ចិត្ត។

កិច្ចសន្យាថ្មី

មេឃងងឹតលែងមានពន្លឺទិនករច្បាស់ហើយ។ គីម៉ាល់ ដើរម្នាក់ឯង​ទាំងស្រងូតតាមបណ្តោយដងទន្លេ​វិលសំដៅមករកផ្ទះពូផានវិញ។

ក្នុងទ្រូងពេលនេះ ​បើនឹងគិត​មែនទែន​គឺអាច​បែងជា១០០ចម្រៀង​ព្រោះ​អារម្មណ៍​សង្ស័យ។

កាលនារីភានិយាយអំពី​ការស្លាប់របស់ពិសិដ្ឋ ខ្លួនចាប់អារម្មណ៍ដែរ​ តែមិនអាច​ប្រៀបបាននឹង​អាកប្បកិរិយាគួរឱ្យសង្ស័យតឹងទ្រូងពេលនិយាយជាមួយហាន់ដាអម្បាញ់មិញទេ។

សភាពនាង​ដូចជាកាន់តែបង្ហាញ​តម្រុយថាមានអ្វីមួយ​មិនប្រក្រតី នៅពីក្រោយមរណភាព និង​ការ​ទទួលបានមរតក​ដ៏សម្បើមពីប្តីនាង?

​ភ្នែក​បុរស​យើង​រេ សម្លឹងមើលដែនទិដ្ឋភាពប្រៀបសួគ៌ាល័យនៅជុំវិញ​ខ្លួ​ន​ដោយការអាក់អន់ចិត្តយ៉ាងខ្លាំង ដែលនារីគេកាន់តែស្គាល់ កាន់តែឃើញ​ថានាង​បានលាក់បំពួននូវ​របាំងជាច្រើន​ទាក់ទងជាមួយគ្រួសារខ្លួន។

ចិត្ត​បុរសហត់នឿយណាស់ គេ​អង្គុយ​ចុះសម្រាកនៅលើខឿនកៅអីឈើប្របដើមជ្រៃក្រឹម។

«គីម៉ាល់!»

ស្រីនេះមកដល់ពីអង្កាល់ នាង​ដើរស្រាលស្ងើកដូចស្រមោលខ្មោច? ប្រុសស្អាត​មិនងាកក្រោយទេ ក៏មិនឆ្លើយនឹង​សំឡេងនាង​ដែលហៅឈ្មោះពីរម៉ាត់ហ្នឹង​ផង។ ក្លិនខ្លួន​ក្រអូបប្រហើរក្នុងការ​ចងចាំរបស់នាយចំពោះ​​នាង បានកើនឡើង​ជាលំដាប់។ គេដឹងថានាងមកដល់ ​ឈានចូលកាន់តែជិត​ទើបបុរសវា​​ចាមកតិចៗ៖

«ព្រោះតែចង់បានលុយ យើងរួមដៃជាមួយអ្នកណាខ្លះធ្វើបាបប្អូនខ្ញុំរហូត​ដល់ស្លាប់?!»

«អត់មានទេ!»

នាង​របូតមាត់ឆ្លើយភា្លមឡើង ធ្វើឱ្យបុរសសើចស្ងួតសម្លឹងទឹកហូរ។​ គេនិយាយមួយៗម្នាក់ឯង៖

«មានចោរឯណាព្រមសារភាពមុនពេលគេវាយសួរចម្លើយនោះ?!»

«គីម៉ាល់វាយហាន់ដាដល់ស្លាប់ ក៏កែការពិតនេះមិនបានដែរ​!»

«ការពិតស្អី?»

គេបែរក្រោយ​សម្លឹងមនុស្ស​ស្រី​ដែលមាន​វោហារមិនចេះរីងស្ងួត និងថែមទាំងមាន​មធ្យោបាយគ្រប់គ្រាន់ក្នុងការ​ធ្វើឱ្យសំឡេងនិយាយម្តងៗ​ចេញពីមាត់របស់នាង លាន់ទាបនិងបង្កអារម្មណ៍អាណិតយល់ចិត្ត​ពីអ្នកដែលបានស្តាប់ឮ។

គេចង់បានចម្លើយ​ណាស់ ទោះបីគេមិនដែលគិតថានឹងធ្វើបាបនាង។

«ការពិតគឺគ្មានអ្វីនៅពីក្រោយ​ការស្លាប់នេះទៀតទេ! គាត់មានបញ្ហា​សុខភាព!»

«បើមាត់រឹងអ៊ីចឹងដដែល ​តាមមកធ្វើអី?!»

គេថាចប់ក៏ងាកមុខចេញ។

«ខ្ញុំមិនចង់ឱ្យគីម៉ាល់ហៅអ្នកស៊ើបឯកជនមកកម្ពុជា!»

«បើខ្លួនពិតជា​ល្អ ចាំបាច់ខ្លាចដែរ​?»

គេនិយាយទាំងកំហឹងនៅចុងច្រមុះ។

នាង​ឈានមកក្បែរហើយនិយាយឡើងខ្សឹបៗ៖

«សណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារទាំង៦​មានរឿងក្រោមតុខ្លះ ដែលធ្លាប់បង្ខំចិត្ត​ត្រូវដោះស្រាយ!​ ហើយ​បើពួកស៊ើបឯកជន​មករកការពិតឃើញ នឹងប៉ះពាល់ដល់គ្រុបទាំងមូលបាន!»

គីម៉ាល់និយាយតបដោយ​ហួសចិត្ត៖

«កុហក! ចង់កុហក កុហកឱ្យសមផងដុកទ័រ! គ្រួសារនេះមិនដែលរកស៊ីខុសច្បាប់ មិនដែលខ្លាចអ្នកណាស៊ើបទេ!»

គេគិត​ថានាងមានអារម្មណ៍ភិតភ័យបានជានាង​តាមមក ហើយ​ពេលនេះ​គេកាន់តែចង់ដឹងការពិតពីរយៈពេល៨ឆ្នាំ​ដែលខ្លួនមិនបាននៅកម្ពុជា ចំណែកប៉ុន្មាន​ឆ្នាំចុងក្រោយ​ដែលនាង​រៀបការ​ចូល​មកជាកូនប្រសា រឹតតែជាចំណោទធំ​ដែលគេចង់ដឹង។

«ជាថ្នូរហាន់ដានឹងស៊ីញ៉េអេតាស៊ីវិល​ សន្យា​នៅក្បែគីម៉ាល់រហូតទៅ!»

នាង​និយាយតិចៗ តែមានឥទ្ធិពល​អាច​ទាញបុរសនេះ​ឱ្យងាកមកបាន។ គេមិនចង់បញ្ឈប់សំណួរសំខាន់ទាំងអស់នេះ​ទេ ប៉ុន្តែ​សំណើរនាង​ពិត​ជាទាក់ចិត្តណាស់។

គេពិតជា​ចង់បាន​ឱ្យមាន​រឿងនោះកើតឡើង មិនថា​ដោយវិធីណាក្តី គេចង់បាននាង​មកជាកម្មសិទ្ធិឱ្យខាងតែបាន​ទោះនាង​អាក្រក់ល្អស​ខ្មៅ។

​ ភ្នែកប្រុសស្អាត​សម្លឹងជាមួយវាចាឌឺដង៖

«ព្រោះតែលាក់កំបាំងឧក្រិដ្ឋកម្មរបស់ខ្លួន ​បក្សពួកខ្លួន​ ស្អីក៏ហ៊ាន​ធ្វើដែរ!»

«ព្រោះហាន់ដាស្រឡាញ់គីម៉ាល់តែប៉ុណ្ណឹង!»

នាង​តមាត់មកទៀត ធ្វើឱ្យគេ​ទម្លាក់ចោលអ្វីៗដែលបម្រុងនឹងដៀលត្មះនាង​។

មិនថា ​ពាក្យដែលស្រី​ទើបនឹង​វាចា​ទាំងនេះ ក្លែងក្លាយឬពិតកម្រិតស្តួចស្តើងយ៉ាងណា ​តែគេនៅតែ​ចង់ស្តាប់ណាស់។

«កុហកគ្មានព្រិចភ្នែកទេ​ស្រីជើងល្អ!» គេរអ៊ូម្នាក់ឯង។

«មិនបង្ខំឱ្យជឿទេ!»​ នាង​ថាតិចៗទាំងក្រៀមក្រំ។

បុរសរេភ្នែកសម្លឹង​ដៃនាង​ដែលក្តោបចូលគ្នា​ និងចង្វាក់ដង្ហើមដែលរំជួល​ព្រោះភាព​រន្ធត់ចិត្ត​គេដឹងថា​ទោះមិនបាច់ជួល​អ្នកស៊ើប ក៏ខ្លួននឹង​រកឃើញការពិត​ពី​ការរស់នៅក្បែរមនុស្សស្រីម្នាក់នេះ។

«កុំស្តាយក្រោយឱ្យសោះ!»

បានដូចចិត្ត បុរសនេះ​នាំ​នាងនិងក្រុមគេ​ឡើង Helicopter ទាំងយប់ឆ្ពោះមកកាន់រាជធានីភ្នំពេញ​ដើម្បីបំពេញផែនការ​សំខាន់របស់គេ។

«ប្រសិនបើធ្លាក់អី​ពេលកំពុង​ហោះហើរ ចោលវា កុំព្យាយាមលូកយកឮដែរ?!»

គេនិយាយប្រាប់នាង​នៅពេល​ខ្លួនទៅអង្គុយកន្លែងបញ្ជា។ បុរសនេះមិនត្រឹមបើកកាណូត បើកអូប័រស្ទាត់​ ឥឡូវនេះ​សូម្បីតែឧទ្ធម្ភាគចក្រ​?

«ខ្ញុំគ្មានអីមកជាប់ខ្លួនទេ!»

នាង​និយាយទាំងមុខក្រញូវ ចង់ឌឺដងបុរសនេះចំពោះការបង្ខំ​របស់នាយ​។ បុរសដៀងមកសម្លឹង​ គេមិនថាអ្វីគិតតែពីដៀងមើលមុខភរិយាជិតក្លាយជាផ្លូវការម្នាក់នេះ។ នាង​ងាកមុខចេញមិនសម្លឹងតបឡើយ។ គេលូកដៃមក​ផ្តើមយកកាស​ដោតត្រចៀកឱ្យ។

«ប្រហែលនៅខាងលើមាន​សំឡេង​រំខានខ្លាំងហើយ!» នាងគិតក្នុងចិត្ត​ទើបមិនប្រកែកប្រណាំង។​ រៀបការ​ពីរបីឆ្នាំមកក្នុងគ្រួសារនេះ នាង​ដឹងថា​ពិសិដ្ឋក៏ដូចបងប្រុសគេ ​គឺ​អាចបើកបរអ្វីៗបានដោយខ្លួនឯងសឹងតែទាំងអស់​ គេមាន​ជំនិះដុះស្លាបនេះបញ្ឈរទុកនៅសណ្ឋាគាររង់ចាំយកភ្ញៀវមកពីភ្នំពេញទៅប្រទេសថៃ ឬពីថៃមកភ្នំពេញ​តែនាង​មិនធ្លាប់សូម្បីឡើងជិះម្តងណា។

«យើងចេញដំណើរហើយ ទៅរកជីវិតថ្មីរបស់យើង!!»

គីម៉ាល់ដៀងមើលខ្សែក្រវាត់ស្រីស្នេហ៍ រួចលបមើលរាងកាយនាងពីលើដល់ក្រោមយ៉ាងរហ័ស ​    ព្រមទាំងពិនិត្យឃើញ​ការ​​ដកដង្ហើមជ្រៅៗភ័យបារម្ភរបស់នាង​ដែរ។

គេលូកដៃមកក្តោបម្រាមនាង ​ធ្វើឱ្យតរុណីងាកមកសម្លឹងមុខវិញ​ទាល់តែបានទើបអស់ចិត្ត។

«ភ័យរឿងណាមួយ? រឿងមានប្តី ឬក៏រឿងហោះទៅលើមេឃជាមួយ​បក្សីតូចៗនេះ?»

«ខ្ញុំមិនយល់ថាហេតុអ្វី​ក៏អន្ទះសាម្ល៉េះ?»

នាង​រអ៊ូដាក់កែវភ្នែកនាយ ធ្វើឱ្យបុរសងាកទៅវិញរោទ៍ម៉ាស៊ីនធ្វើមិនដឹង។

មាត់គេឌឺនាង​តិចៗ៖

«សង្ឃឹមថា មានអ្នកខ្លះ​នឹងមានបទពិសោធរីករាយជាមួយ​ការជិះ Helicopter លើកដំបូង​នេះ​ប៉ុន្តែមិនបាច់ Excited ពេកក៏បានព្រោះនឹងមានអ្វីគួរឱ្យភ្ញាក់ផ្អើលច្រើនទៀតត្រៀមទទួល!»

នាង​រកដកភ្នែកចេញ​ពីបុរសនេះមិនរួចទេ។​ ពន្លឺភ្នែកនាង គឺភ័យនឹងសម្តីគេ ភ័យនឹងរឿងថ្ងៃស្អែក ហើយក៏ភ័យចំពោះអ្វីម៉្យាងដែលគ្មានអ្នកណាស្ទង់ដឹងបាន ​ព្រោះ​វាជាអាថ៌កំបាំងដ៏ជ្រៅនៅក្នុងបេះដូងនាង​។

ពីក្រោយខ្នងពួកគេ​ អ៊ុននិងវុធ​កំពុង​ងាកមុខមិនហ៊ាន​មើលទេ។

គេឃើញម្ចាស់ប្រុស​មាន​កិរិយាឌឺដង ដែលគេកម្របានឃើញ​បំផុត​ហើយបង្ហាញ​ចេញ​តែ​នៅរាល់ពេលនារីនេះមានវត្តមានតែប៉ុណ្ណោះ​។

ពួកគេរមែង​ដឹងចិត្ត​គីម៉ាល់ច្បាស់  តែក៏គិតមិនបានយល់ដូចគ្នាថា​​ហេតុអ្វីបានជាប្រញាប់ចង់ស៊ីញ៉េលិខិត​អេតាស៊ីវិល​ដល់ម្លឹង។

«បង!​  ខ្ញុំដាច់ចិត្ត​និយាយហើយ​ ព្រោះខ្លាចហួសពេល​! ចាប់តាំងពីរឿងប្រចៀវ​ភ្លើងមក ខ្ញុំយល់ថា ហាន់ដាមិនមែនជាមនុស្ស​ស្រីធម្មតាទេ!  ជាប្រភេទមនុស្ស​គ្រោះថ្នាក់ បងគីមាល់​គិតឡើងវិញសិនមុនពេលស៊ីញ៉េលិខិតស្នាមប្តីប្រពន្ធអីហ្នឹង!»

នេះជាអ្វី​ដែលវុធដាច់ចិត្ត​និយាយឱ្យយោបល់នៅផ្ទះពូផានមុនពេលចាកចេញមក។ គីម៉ាល់នៅចងចាំសម្តីពួកអ្នកហែហមជានិច្ច​ក៏ប៉ុន្តែ​អ្វីដែលនៅចាល់ជាងគេក្នុងទ្រូងគឺ «បើសួរមែន​សួរឱ្យអស់ផង! ហេតុអ្វី​វា គេចពីកោះទៅខេត្ត ពីខេត្តទៅកោះ​? ហេតុអ្វីប្តីស្លាប់ទាំងមូលគ្មានទឹកភ្នែកមួយសរសៃ? ​ហេតុអីមកឱបស្រឡាញ់ប្រុសថ្មីងាយៗត្រឹមស្គាល់គ្នា​ប៉ុន្មាន​ម៉ោង? ហេតុអ្វីព្រឹកមិញប្រញាប់ឱ្យពេទ្យសុងសក្តិបញ្ជូនម្តាយនឹងប្អូន​ឡើងទូកបកទៅខេត្ត? ហេតុអី​វាឱ្យអាពួកម៉ាក់ឈ្មោះជេន ចេញចូលដេកបន្ទប់ជាមួយ​នៅភ្នំពេញ​រាប់ដងភ្លេច?»

គីម៉ាល់ធ្វើមុខស្មើ។

ម្តងៗគេដៀងសម្លឹង​អនាគតភរិយាដែលធ្វើមុខស្ងួតច្រឺង​។

«ថ្ងៃណាមួយ ឆាប់ៗនេះ អាម្នាក់នេះនឹងដឹងអស់ពោះវៀនពិត​របស់យើងហាន់ដា!»