ដោយធ្វើដំណើរតាម ឧទ្ធម្ភាគចក្រពួកគេបានមកដល់ភ្នំពេញនៅម៉ោងប្រមាណជា១០យប់។ ពួកគេបានធ្វើដំណើរមកដល់អាផាតមែន របស់នាងនិងប្តីកាលនៅរស់ ដែលមានបន្ទប់គេងធំ ៣និងបន្ទប់ទទួលភ្ញៀវស៊ីវិល័យ តែតូចច្រឡឹង។
ឡានដែលជូននាងឈប់ស្ងៀម ស្រីស្អាតស្រវាចុះទាំងងោកងុយ។ ហាន់ដាសង្ឃឹមថាគេម្នាក់នេះជូនមកដល់ត្រឹមហ្នឹង នឹងបន្តទៅគេងនៅសណ្ឋាគាររបស់ប៉ាគេទៅចុះមិនចាំបាច់ឱ្យនាងបណ្តេញទាន់ ប៉ុន្តែមិនអ៊ីចឹងឯណាគេចុះមកដែរ។
ស្រីស្អាតមិនទាន់បានថាយ៉ាងណាផងស្រាប់តែ គីម៉ាល់លាបាតដៃទាមទារយកសោពីនាង។
ស្រីស្អាតមុខស្ងួតពេលឱនរាវរកសោឱ្យទៅគេ។
គេចង់ធ្វើស្អីគេ? សូម្បីគេងបានសុខមួយយប់ក៏មិនព្រមឱ្យយើងដែរ?
ឡានពីរគ្រឿងទៀតបោលមកដល់បង្ហាញវត្តមាននារីចំណាស់មានរូបរាងធាត់ទ្រលុក និងក្រុមគាត់បីនាក់ទៀតស្ទុះស្ទាចុះមក។
«អាគារនេះមែនទេទាន?!»
គ្នាមួយឡានទៀតកំពុងរើទម្លាក់សម្ភារៈតុបតែងជាច្រើនចុះមក។
មីងម្នាក់ដែលនាងស្គាល់ថា ធ្លាប់ជាអ្នកបម្រើពិសិដ្ឋ ពេលនេះក៏មកដល់ជាមួយឡានទីពីរនោះ។ កណ្តាលរាត្រីកាលដែលអ្នកផងប៉ងចូលពួននិន្ទ្រា មីងចំណាស់បែរជារត់ត្រុកៗមក ហើយរលះរលាំងស្វាគមន៍គីម៉ាល់និងដកហូតសោពីដៃនាយហុចឱ្យទៅពួកក្មេងៗកម្លោះៗយកទៅបើកទ្វារគាប់បម្រើជំនួស។
«ប្រុសធំសង្ហាណាស់ មីងនឹកណាស់!»
គីម៉ាល់លាដៃឱបស្ត្រីនេះផ្ទប់នឹងដើមទ្រូង គេមិនបានវាចាអ្វីតែសេចក្តីស្រឡាញ់របស់គេទៅកាន់គ្រប់គ្នាវាលើសពីសេចក្តីស្មានរបស់នាង។
ទុកឱ្យពួកគេរាប់រកគ្នាតាមសប្បាយ។
យើងឡើងទៅគេងហើយ! កា្លយជាស្អីក្លាយទៅ រើអីវ៉ាន់មកច្រើនយ៉ាងនេះធ្វើល្បិចអីខ្លះទៅនៅថ្ងៃស្អែក? ណ្ហើយ តាមសប្បាយ គេនាំគ្នាធ្វើអីក៏ធ្វើទៅ!
នាងគ្មានអ្វីមកជាប់ខ្លួនទាំងអស់ កុំថាឡើយប្រាប់អ្នកផ្ទះឬមិត្តជិតដិត សូម្បីតែខោអាវមកតាមមួយសម្រាប់ណាក៏គ្មាន។
ស្រីស្អាតដើរចូលក្នុងបរិវេណអាគារ ហើយសុំសោពីសន្តិសុខបន្តដំណើរឡើងសំដៅបន្ទប់អាផាតមែនដែលទើបនឹងទិញបានប្រមាណជាពីរខែមុនពេលស្វាមីនាងស្លាប់។
ដោយក្តីទោមនស្ស នាងបានលាក់ខ្លួនម្នាក់ឯងនៅខាងមុខបន្ទប់ ដែលអាចមើលឃើញភាពរុងរឿងរបស់ទីក្រុងបេះដូងនៃកម្ពុជាព្រមទាំងដកដង្ហើមស្រូបយកបរិយាកាសគ្មានអ្នករំខាន។
ជាមួយអ្វីៗមិនស័ក្តិសម ហាន់ដាមិនលង់ក្នុង ទិដ្ឋភាពដ៏អស្ចារ្យនេះទេ។ ទីក្រុងនេះធំធេងណាស់សម្រាប់ចិត្តដ៏រងារបស់នាង ។ កម្ពស់ ៤០ជាន់ដ៏គួរឱ្យរំភើប ទាក់ទាញនាងឱ្យនឹកដល់រឿងចាស់ៗ។
សំណួរគឺ រៀបការនឹងប្អូន ឥឡូវមករៀបការនឹងបងទៀត?
«យើងមិនស្រឡាញ់គ្នាផង រៀបការជាមួយគ្នាធ្វើអី? ធ្វើដោយឆេវឆាវ ដោយចិត្តចង់ឈ្នះខ្ញុំ?»
នាងនិយាយតិចៗ មុនពេលសម្រេចចិត្តបែរក្រោយដើរទៅរកបុរសនេះ។
នៅបន្ទប់មួយទៀត នាងឮសំឡេងមនុស្សខ្សឹបនិយាយគ្នា។
វាជាវេលាអធា្រត្រគ្រប់យ៉ាងមិនពិបាកឮទេ។
ស្រីស្អាតផ្ទៀងស្តាប់។
«មិញបងឯងថា ក្រោយពីអាពាហ៍ពិពាហ៍រលាយ ដោយមូលហេតុប្ដីស្លាប់ មោឃភាពនៃអាពាហ៍ពិពាហ៍ ឬបានលែងលះគ្នា នារីអាចរៀបអាពាហ៍ពិពាហ៍ថ្មីមួយទៀតបាន ប៉ុន្តែត្រូវស្ថិតនៅក្នុងវិធវាភាព “ភាពមេម៉ាយ” ចំនួន៣០០ថ្ងៃ គិតពីថ្ងៃដែលប្ដីស្លាប់ ឬពីថ្ងៃប្រកាសសាលក្រម ដែលសម្រេចពីមោឃភាពនៃអាពាហ៍ពិពាហ៍ ។ ចុះឥឡូវខ្ញុំប្រាប់ហើយថា ប្អូនខ្ញុំបានលែងលះនាងតាំងពី១ឆ្នាំមុនឯណោះ?!»
ដូចត្រូវមួយដាវបុកចំបេះដូង។ ស្រីស្អាតទន់ជើងហើយរេខ្លួនទប់ជញ្ជាំង។ ដោយសារមានស្រមោលមនុស្ស នៅឯបន្ទប់ទទួលភ្ញៀវដែលគ្រប់គ្នាកំពុងរៀបចំតុបតែងតុកៅអីទទួលភ្ញៀវ សាក្សីនៃពិធីចុះអេតាស៊ីវិលបែបចម្លែក ព្រោះមិនចង់ឱ្យរឿងក្នុងគ្រួសារត្រូវលេចឮចេញក្រៅបន្ទប់នេះថែមឡើយ ហាន់ដារុញទ្វារចូលទៅហើយបិទវិញគ្រាំង។
ទឹកមុខនាងមិនត្រឹមតែចង់បដិសេធសម្តីនេះទាំងនាយកំពុងកាន់ទូរសព្ទទេ តែនាងថែមទាំងបង្ហាញភាពហត់នឿយធុញទ្រាន់ក្នុងអារម្មណ៍។
ស្រីស្អាតឈរស្កុបនៅមាត់ទ្វារសម្លឹងគីម៉ាល់ទាំងរលីងរលាង។
មាត់នាងខាំបញ្ជាក់ថា បេះដូងនេះមិនមានស្នេហាឬដួងចិត្តស៊ីជម្ពូអ្វីជាមួយនាយក្រៅតែពីការធុញថប់ឡើយ។
គីម៉ាល់ញញឹមដើរតម្រង់មករកកែវភ្នែកខឹងសម្បានៃនារីនេះ។ គេមកដល់ជិតគ្នា សែនជិត ទាំងដែលដៃនាយ នៅបន្តផ្ទប់ទូរសព្ទក្បែរត្រចៀក ហើយមាត់និយាយបន្ត៖
«ប្រពន្ធខ្ញុំអ្ហេះ? គេនៅហ្នឹងទេតើ! គេកំពុងឈរចាំស្តាប់ខ្ញុំនិយាយជាមួយបងមេធាវីឯង!»
នាងខឹងដង្ហក់ទ្រូង ហើយងាកមុខចេញពីភ្នែកឌឺដងរបស់គេ។
គីម៉ាល់បង្ហើយពាក្យជម្រាបលារួចទើបដកដង្ហើមឃូរ ងាកមករកស្រីល្អ។
«រួចហើយ! ចុះអេតាស៊ីវិលបានដោយស្របច្បាប់ហើយ!»
«អ្នកណាលែងលះខ្ញុំតាំងពីមួយឆ្នាំមុន?!»
នាងសួរទាំងឆ្អែតចិត្តនឹងពាក្យកុហករបស់គេ ចំណែកគីម៉ាល់ធ្វើមិនដឹងមិនឮនឹងកំហឹងនាង។ បុរសលូកដៃមកច្បូតសរសៃសក់ក្រអូបក្បែរនាសា ធ្វើឱ្យហាន់ដារលាស់គេចចេញទាំងសៅហ្មង។
«ស្អែកក្លាយជារបស់ខ្ញុំហើយ! ប៉ុន្មានម៉ោងទៀតហ្នឹង ប្រឹងមានៈម៉្លេះ?»
«ប្តីខ្ញុំនិងខ្ញុំមិនដែលមានល្អក់កករគ្នាមួយម៉ាត់ រឿងអីគេលែងខ្ញុំ?»
«មនុស្សស្រីមិនដែលនៅផ្ទះ មានប្តីមិនចំមានប្តី នៅមានពាក្យមកអះអាងរឿងល្អក់មិនល្អក់ទៀត?»
នាងកាន់តែហួសចិត្តតបតវិញរ៉ាវ៖
«ហើយឯណាមិនឃើញហៅខ្ញុំទៅស៊ីញ៉េក្រដាសលែងលះ?!»
គីម៉ាល់សម្លឹងនាងដោយស្រពោន។ ចិត្តមួយបុរសនេះនឹកដល់ប្អូនកម្សត់ចិត្តមួយ ច្រណែននឹងសម្តីនាងមួយថែមទៀត។ គេនៅស្ងៀម នាងរឹតតែថាឱ្យ៖
«លោករៀនគោរពច្បាប់ហើយឈប់យកល្បិចមកទ្រាប់អង្គុយ!»
«អាម្នាក់នេះធ្វើគ្រប់យ៉ាងបានទាំងអស់ដុកទ័រ!»
គេនិយាយមកខ្សឹបៗតែនឹងនរកាត់ពីលើនាង លែងឱ្យនាងហើបមាត់រួច។
ជាមួយកែវភ្នែកស្រឡាំងកាំងទាំងសងលើវង់ភក្ត្រស្រីល្អ គេនិយាយបន្ថែមបញ្ឈឺនាង៖
«ស្អីក៏ដោយ ឱ្យតែស្អែកព្រឹកឡើងខ្ញុំចាប់នាងដាក់ក្នុងគុកគ្មានជញ្ជាំងមួយនេះបាន អាគីម៉ាល់នឹងធ្វើគ្រប់វិធី!»
ប្រហែលនេះឯងជាបំណងពិត គេនេះធ្លោយចេញមកហើយ ចុះអេតាស៊ីវិល ក៏គ្រាន់តែដើម្បីចងយើងក្នុងគុករបស់គេ ពិតទេ?
គ្រប់យ៉ាង គ្រាន់តែដើម្បីការរួមភេទស្របច្បាប់ ហិង្សាសង្កត់សង្កិនសេរីភាពស្របច្បាប់ និងតោងទាមយកវិញនូវមរតកសណ្ឋាគារគ្រប់យ៉ាងដែលគេស្រេកឃ្លានចង់បានដូច សុងសក្តិនិយាយ។
សាមញ្ញ! សាមញ្ញណាស់! ហេតុផលលើគោក។
នាងខាំបបូរមាត់សម្លឹងមុខប្រុសនេះ មុនពេលលើកដៃទាំងទ្វេច្រានគេភឹង ហើយបែរទៅរកបើកទ្វារបម្រុងតែនឹងចាកចេញ។
ជើងបុរសនេះមួយចំហៀងប៉ុណ្ណោះក៏អាចទប់នាងមិនឱ្យទាញទ្វារបើកបានទៅហើយ។ មើលការលេងអារម្មណ៍នៅលើទឹកមុខគួរឱ្យអស់សំណើចរបស់គេ ក្រោមភាពតក់ស្លុតនិងការភាន់ច្រឡំខឹងសម្បាកំពុងដុតនាង។
«បន្ទប់នេះមិនមែនចូលបាន ចេញបាន ថ្មើរណាថ្មើរហ្នឹងទេ ដុកទ័រ!»
អមដោយការបំភិតបំភ័យ និងភាពឌឺដង ដែលគួរឱ្យទ្រលាន់ស្អប់ខ្ពើមនោះ នាងលើកដៃជូតទឹកភ្នែកដែលរមៀលធ្លាក់គឺជូតយ៉ាងញាប់ព្រោះមិនចង់ទន់ខ្សោយឱ្យគេមើលងាយ។
ស្រីនិយាយដោយអួលណែនចិត្តនិងបំពង់សំឡេង៖
«ស្អីក៏ដោយ ក៏ម្នាក់នេះនឹងធ្វើបានដូចគ្នា ដើម្បីឱ្យលែងឃើញមុខខ្លួន!»
ទីបញ្ចប់នាងបានធ្វើឱ្យស្នាមញញឹមឌឺដងរបស់គីម៉ាល់ម្នាក់នេះធ្លាក់រុះរោយវិញពិតមែន។
សំណួរមួយលេចឡើងក្នុងបេះដូងឈឺឆៀបៗនេះ….
បើថ្ងៃណាមួយ យើងរត់ដល់ជើងមេឃក៏តាមរកស្រីម្នាក់នេះមិនឃើញ តើយើងអាចទេ អាចរស់នៅដោយគ្មានគេ អាចបំភ្លេចគេបានមែន?
ត្បិតតែចិត្តគេឆាប់ខឹង ហើយច្រើនខកចិត្តពេលនាងនិយាយស្តីវាយបកមកម្តងៗ តែគេដឹងថាបេះដូងនេះមាននាងច្បាស់ឡើងៗ ជ្រៅឡើងៗ មិនងាយស្រកស្រុតទេ។
គេលូកម្រាមមកជូតវាសទឹកភ្នែកឱ្យ ឯនាងក៏មិនគេចទៅណាបានត្រឹមនិយាយបន្ថែមអណ្តឺតអណ្តកទម្រាំចេញមួយម៉ាត់ៗ៖
«ចាំទុកគីម៉ាល់! អ្វីៗអាក្រក់ៗ ខ្លួនបានធ្វើមកលើខ្ញុំអស់ហើយ កិត្តិយស បោកចិត្ត មាក់ងាយ ហិង្សារំលោភបំពាន ខ្លួនគ្មានតម្លៃអីចំពោះខ្ញុំ លើសពី….»
គេឱនវឹបទៅថើបនាង ជាមួយសំឡេងសម្ងាត់លាន់ឡើងក្នុងបេះដូងម្នាក់ឯង….
«កុំហាន់ដា! កុំបន្ថែមសម្តីដែលចាក់បងឈឺៗហាន់ដា! បងឈឺណាស់ កុំនិយាយវាតទៀត!»
ត្បិតនាងបិទមាត់មិនស្វាគមន៍នាយ បានជាបុរសនេះក្រឡាស់ស្នាមថើបរបស់គេយឺតៗទៅលើស្មារបស់នាង ហើយបេះដូងទាំងស្រុងផ្ចង់ស្តាប់ស្នូរដង្ហើមសិចស៊ីរបស់នាង ជាមួយនឹងសរសៃសសូងលើគល់កដែលធ្វើចលនាក្តៅគគុក។
នាងចង់បញ្ឈឺបុរសនេះឱ្យគេធ្វើតាមចិត្តនឹកឃើញ តែការថើបនេះមិនព្រមបញ្ឈប់ទៅងាយដូចនាងគិតឡើយ គីម៉ាល់បន្តផ្សះផ្សាកំហឹងនាង រហូតដល់ដកដង្ហើមក្តៅគគុកព្រោះសោយសោកដូរមកវិញដោយខ្យល់ដង្ហើមស្នេហ៍រេចិត្តរកគ្នាញាប់រន្ថើនឡើង។
នារីនេះដឹងខ្លួនថា នាងបានចុះចាញ់ការថើបបោសរបស់នាយម្តងជាពីរដង មិនលែងអីនាងនឹងចាញ់គេដូច្នេះតទៅ បានជាស្រីជម្នះលើកដៃរុញគីម៉ាល់ហាមឃាត់….
ប្រុសស្អាតដកថយ ហើយសម្លឹងនាងជាមួយកែវភ្នែកស្រទន់។
គេមានពាក្យជាច្រើនចង់និយាយ គ្រាន់តែមិនដឹងថាត្រូវចាប់ផ្តើមពីណាទៅណា។ នារីមិនដឹងចេញទៅណាគេចពីបុរសនេះបាន ក៏ដើរហួសទៅកាន់បរិវេណខាងមុខបន្ទប់ ពេញដោយដើមបុប្ផាដាំថែទាំឡើងក្រោមស្នាដៃអតីតស្វាមី។
គេនៅតែតាមមក ហើយលូកដៃក្រសោបចង្កេះនាង។
«ឈប់ខ្ជះខ្ជាយពេលវេលាជាមួយខ្ញុំទៅ! មនុស្សលោក កុហកខ្ញុំម្តងជាពីរដងហើយ គឺគ្មានន័យអីសម្រាប់ខ្ញុំមកពិចារណាស្តាប់ ចាញ់បោកទៀតនោះទេ!»
«អ្នកណាបោកអ្នកណាហាន់ដា?!»
បុរសតបក្នុងសព្ទសំឡេងតិចៗតែគេពិតជាចង់ដឹងចម្លើយនាងវិញយ៉ាងខ្លាំង។
ខាងស្រីឆ្អែតចិត្ត៖
«អ៊ីចឹងមករៀបការមកចុះអេតាស៊ីវិលអស់នេះដើម្បីអី? ដឹងហើយថា…!»
«ថាម៉េច?!»
គេសួរទាំងបង្វិលនាងមកប្រឈាមមុខដាក់គ្នា ។ ស្រីស្អាតឈរបប្រះនឹងបង្កាន់ដៃនៃជាន់លើដែលអាចមើលទៅឃើញជាន់ខាងក្រោមជ្រៅលន្លង់លន្លោចស្រៀវអស់ជើងដៃ។
«ថាដុកទ័រមានមនុស្សប្រុសរាប់មិនអស់ ចងបានជាចង្កោមហាលបានជាជួរតាមបណ្តើរតាមហែហម?»
នាងនៅស្ងៀមធ្វើមុខមាំតាមសម្លឹងទឹកមុខប្រចណ្ឌក្រហមង៉ូវនៃបុរសនេះ។ គេនេះ ម្តងយ៉ាងនេះ ម្តងយ៉ាងនោះរកនាងតាមមិនទាន់និយាយមិនឈ្នះឆ្លើយតបមិនរួចទាល់តែបាន។ ភាពអយុត្តិធម៌នៃសេចក្តីសង្ស័យរបស់គេលើនាងមិនថា ជាមួយជេន មិនថាជាមួយសុងសក្តិ ឬសូម្បីតែកិច្ចសន្យាផ្សំដំណេកអីជាមួយពិសិដ្ឋ ក៏គេនេះចេះរកនឹកឃើញ យកមកនិយាយ ហួសថ្លែង។
ការណ៍ទាំងនោះនឹកឃើញឡើងកាលណា បានធ្វើឱ្យនាងខឹង ហើយការតបតដ៏រអាក់រអួលសំឡេង មកតែពីនាងមិនដឹងត្រូវធ្វើម៉េចឈ្នះគេចេញពីកណ្តាប់ដៃតឹងរឹងតាមក្តោបការដកដង្ហើមរបស់នាងមិនព្រមដោះលែង។
ហាន់ដាដឹងថា នាងគ្មានជម្រើសអ្វីក្រៅពីលេបកំហឹងដែលមានចំពោះគេកាលពីរសៀលព្រោះខ្លាចគេបង្កើតក្រុមស៊ើបការណ៍ដូចដែលអះអាង តែមកទល់ពេលនេះនាងយល់ថាខ្លួនឯង គ្មានតម្លៃអី្វមួយនឹងទទួលបានការគោរពអំពីគេទាល់តែសោះ។ តែបន្តិចក៏គ្មាន។
ម្សិលមិញគេហែកកំទេចអាវនាង ថ្ងៃនេះគេចង់ស៊ីញ៉េក្រដាសរៀបការជាមួយនាង ចុះស្អែក?
ជាមួយដំណក់ទឹកដក់ថ្លាឆ្វង់ក្នុងភ្នែក ស្រីស្អាតនិយាយតិចៗ ៖
«ព្រោះខ្ញុំកើតមកពីគ្រួសារគ្មានទ្រព្យសម្បត្តិ គ្មានអ្វីៗស្មើប្អូនខ្លួន បានជាខ្លួននិងគ្រួសារខ្លួនចោមរោមមើលងាយបន្ទាបបន្ថោក យាយី មិនបានទុកខ្ញុំថាជាមនុស្សម្នាក់នឹងគេឯង! កុំភ្លេចថា ខ្ញុំក៏មានចិត្តមានបេះដូង មានការអាម៉ាស់ចេះឈឺចាប់ដែរ!»
គេនៅស្ងៀមរលើបរលោងក្នុងភ្នែកដូចគ្នា។
យូរប៉ុនណាហើយអាគីម៉ាល់ដែលឯងគ្មានទឹកភ្នែក?
យូរប៉ុនណាហើយដែលគ្មានសម្តីអ្នកណាម្នាក់អាចធ្លាក់ចូលជ្រៅក្នុងបេះដូងឯងបានដូចស្រីម្នាក់នេះ?
យូរប៉ុនណាហើយដែលឯងក្លាយជាមនុស្សងប់ស្នេហ៍ ដឹងគេមិនមែនល្អ ដឹងគេមិនស្មោះត្រង់ ដឹងគេកុហកឯងនៅតែចង់បានគេមកក្បែរទ្រូង។
របួសក្រោយស្មាចាប់ផ្តើមពើត។


