រឿង៖ បេះដូងមេគង្គ ភាគទី២៣

ថ្ងៃពិសេស

ហាន់ដា​ភ្ញាក់ដឹងខ្លួនឡើង នៅពេលសំឡេងរោទ៍ពីទូរសព្ទដាស់។ នារី​ជ្រួញថ្ងាសហើយនៅជូតមុខ​ដំអក់ មុនពេលព្រមច្រត់ដៃ​ក្រោកឡើងមក។

«គីម៉ាល់!»

ឯងម៉េចហ្នឹងនាង ​ក្រោកមកនឹកឃើញហៅឈ្មោះគេភ្លាម?

នាង​ថាឱ្យខ្លួនឯងទាំងហួសចិត្ត ហើយ​លូក​មកបត់ភួយ រៀបចំគ្រែខ្នើយ។ ស្រីស្អាត​ដើរចេញទៅខាងមុខផ្ទះសម្លឹងឆ្ពោះទៅបន្ទប់មួយក្បែរគ្នា រករំឭកទីអនុស្សាដែលកាលពីយប់មិញ​មនុស្ស​ម្នាក់នោះ បាន​បញ្ចេញ​ឫកពាសម្តីសំដៅប្លែកៗជាមួយនាង។

ថ្ងៃនេះគឺជាថ្ងៃរៀបការ​តាមរយៈការ​ស៊ីញ៉េដែលជាការផ្លាស់ប្តូរជីវិត​សារជាថ្មីម្តងទៀតរបស់ឯង ហាន់ដា។

នាងប្រែទឹកមុខ និង​​ដៀងភ្នែក​សម្លឹង​ទៅ​ថាសឈើ ដែលមានសេនវិចនិងទឹកក្រូចច្របាច់។

នេះជាអាហារដែលគេធ្លាប់ធ្វើឱ្យនាងចម្អែតកាលនៅស្ទឹងត្រែង ហើយថ្ងៃចុះអេតាស៊ីវិល​ក៏មិនចោលវា ធ្វើដូចភ្នំពេញនេះគ្មានអាហារណាល្អជាងវាអ៊ីចឹង។

ហាន់ដាញញឹមលើកដៃជ្រោងសក់។

យប់មិញ​ញ៉ាំអាហារជាមួយគ្នាគ្មានអី្វនិយាយ ​ព្រោះការពិត​ដ៏ជ្រៅបានស្រែកចេញមកអស់នៅបង្កាន់ដៃខាងមុខបន្ទប់ទៅហើយ។

មិនដឹងថា​ខាងកូនកម្លោះ​បានចូលគេងកាលពីថ្មើរម៉ានទេ តែនាងវិញចាំថាខ្លួនឯងងោកងុយ​លើកៅអីអាហារពេលយប់ ហើយក៏ក្រោក​ឡើងមកឃើញ​ខ្លួនឯងត្រូវបានគេផ្គាប់ដូចជាព្រះនាងនៅទីនេះ។

តុៗ

«សុំចូលរៀបចំខ្លួនជូនកូនក្រមុំ!»

ជាសំឡេងក្រុមអ្នកMake Up នាង​គិត។

មិនបាច់នាង​ឆ្លើយទ្វារត្រូវបានបង្ហើបមក។

នាង​ងក់ក្បាលទទួលអនុញ្ញាត ឱ្យក្មេងៗជំទង់ភេទទី​បី ទាំងបីប្រាណ​ដែលត្រកងរ៉ូបវែងមួយចូលមក។ ហាន់ដាបើកភ្នែកធំៗ៖

«ត្រូវស្លៀករ៉ូបហ្នឹងដែរ?!»

«បាទបង!»

ពួកគេឆ្លើយ​និងទាញកៅអីសំអាងឱ្យនាងអង្គុយផង។

«ខ្ញុំទៅងូតទឹក សម្អាតខ្លួន​សិន! ​ទើបនឹងក្រោក!​ ចាំរួច ខ្ញុំហៅបានទេ?»

អ្នកតុបតែងប្រឹងញញឹមផ្គាប់ចិត្តម្ចាស់បន្ទប់​រួចកេះគ្នាចាកចេញ។ ហាន់ដាស្រវាទៅក្បាលគ្រែ រកចុចទូរសព្ទ​ហៅ​រកគីម៉ាល់ ដឹងអីនាង​ឃើញកូនក្រដាសតូចបិទនៅលើនោះ។

«ជិតក្លាយជាប្រពន្ធល្អម្នាក់ហើយ ហាមខលទៅណាទាំងអស់!»

នាង​រេភ្នែកសម្លឹង​ខ្សែទូរសព្ទដែលត្រូវបានដកចោល។ អារម្មណ៍តឹងណែន​ដែលត្រូវបានហួងហែង វិលមក

វិញ។ ស្រីស្អាតដើរទៅខាងមុខ​បន្ទប់ហើយ​លើកទឹកផល្លាមកក្រេប។
ពីទីនេះសម្លឹងទៅបន្ទប់មួយទៀត ​នាងឃើញគេកំពុង​គ្រងសម្លៀកបំពាក់យ៉ាងសង្ហា​ស្មើទេវបុត្រក្នុងរឿងមនោសញ្ចេតនា​អភិជន។

ដៃនាង​នៅស្ពឹកៗមិនទម្លាក់កែវចុះ ក៏មិនក្រេបបន្ត។

ហេតុអីគេទុកវេលាស៊ីញ៉េនេះពិសេសដល់ម្លឹង? សម្រាប់យើង វាដូចជារឿងធម្មតា​ ហើយមិនមានអ្វី​យកជាការខ្លាំងក្លាដល់ម្លឹងឡើយ សំខាន់មានរឿងល្អក់កករ ការជំទាស់មិនឈប់ឈរទៀត យើងសប្បាយចិត្ត​ម៉េចកើត​ចុះហេតុអីគេដូចសប្បាយចិត្តយ៉ាងនេះ។

ទំនងជាឃើញនាង​តាមកញ្ចក់ បុរសបែរមកភ្លាម….

នាង​សម្លឹងដៃគេដែលកំពុងពាក់នាឡិកា ហើយ​និងចិញ្ចើមឌឺរបស់គេ ភ្នែកគេ​ដៀងសម្លឹងនាងមាត់ញញឹម​មិនឈប់ ស្រីស្អាតក្របួចមាត់ចង់តែថាឱ្យ «កាច់រាងណាស់ មនុស្សកាច់រាង!» តែនាង​មិនមាត់វិញ។

ស្នូរគោះទ្វារ​នាង​ដកភ្នែកចោលកូនកម្លោះហើយដើរសំដៅទៅ….

នោះមិនមែន​អ្នកតុបតែងសក់ទេ​គឺ​ជេន។

ពីក្រោយទ្វាររបើក​នាង​ចំហមាត់ព្រោះភ័យ។ នឹកឃើញឡើងវិញ​មុននេះម៉ោងប្រមាណជាពីរទាបភ្លឺជេនបាន  ខលមកម្តងហើយ ទំនងជាពេលនេះគេខលមកនាង​លែងកើតបានជាគេឡើងមកតែម្តង។

ដោយទឹកមុខសៅហ្មង ជេនលូកទាញកដៃហាន់ដា នាំចាកចេញ។

ស្រីស្អាតក្រាញនៅរហូតបុរសនេះបែរមកសម្លក់ទាំងខាំធ្មេញ៖

«ទៅផ្ទះខ្ញុំសិនចាំនិយាយគ្នា ហើយគ្មានទេអារឿងចុះអេតាស៊ីវិលឆ្កួតយក៍ស្អីអស់នេះ!»

នាង​នៅក្រាញ​ទាំងទឹកមុខអង្វរករ។ ជេនខាំមាត់លើកដៃចង្អុលមុខនាង៖

«ទោះជ្រុលជ្រួសស្អីជាមួយអាម្នាក់ហ្នឹងហើយ ក៏កុំបាច់អីទៅស៊ីញ៉េអេតាស៊ីវិលជាមួយវា ប្រយ័ត្នស្តាយ​ក្រោយ!»

នាង​ទាញគេចូលមកក្នុងបន្ទប់ ហើយរុញទ្វារបិទចាក់គន្លឹះ។

ជេនសម្លឹងបន្ទប់នេះហាក់ពិនិត្យពិច័យ លុះឃើញថាគ្មានអ្វីសង្ស័យ​អំពីទំនាក់ទំនងរាងកាយប្រុសស្រីទាំងទ្វេកាលពីយប់ គេដកដង្ហើមឃូរធូរទ្រូង។​ ប៉ូលិស​ដកដៃចេញពីនាង​ហើយ ឱនទៅបើកទូរៀបចំរកមើលខោអាវសមរម្យ ឱ្យនាង​ស្លៀកពាក់នឹងអាលនាំចាកចេញ….

«ជេន ខ្ញុំនៅនេះ​ខ្ញុំអត់ទៅស្ទឹងត្រែងវិញទេ ទាល់តែពិធីចប់!»

នាងខ្សឹបៗតិចបំផុត​ខ្លាចប្រុសស្នេហ៍នៅក្បែរបន្ទប់ឮ ក៏ខ្លាចជេន​ស្តាប់មិនច្បាស់បង្ករឿងឡូឡា។ ជេន​ងាកមកទាំងខឹង។​ នាង​ស្ទុះទៅក្បែរ​បុរសនេះ​ហើយខ្សឹបបន្ត៖

«​ជេន! ជេនកុំជឿម៉ាក់ហើយយល់ខុសណា៎ គេមិនបានបង្ខំខ្ញុំ គឺខ្ញុំស្រឡាញ់គេ ខ្ញុំចង់នៅជាមួយគេខ្លួនឯង!»

ជេនក្រញូវៗ បោកអាវគ្របក្រៅរបស់នាងដែលគេកំពុងកាន់ប្រុងថាហុចឱ្យហាន់ដា​ពាក់ គឺបោកទៅលើពូកបញ្ចេញកំហឹងចិត្ត​។

«ឯងស្រឡាញ់វាបានប៉ុន្មានយប់អ្ហះ ប្រុសល្មោភដូចវា ឯងស៊ូចរិតព្រាន​វាបានប៉ុន្មានភ្លើងនីដា! ឯងចង់ទឹកភ្នែកជូតក្បាលជង្គង់ដែរអត់? ស្លៀកពាក់ ទៅស្ទឹងត្រែងវិញ!»

នាង​ប្រុងហាមាត់ ស្រាប់តែ

តុៗៗ

នារីបើកភ្នែកធំៗ….បើឱ្យអ្នកណាម្នាក់ឃើញជេននៅក្នុងបន្ទប់ពីរនាក់នាង ចប់ហើយ!ៗៗៗ

នាង​រួសរាន់ឆ្លេឆ្លា….

«អូនសម្លាញ់!»

សំឡេងគីម៉ាល់លាន់មកតិចៗ តែប្រៀបដូចជាសំណុំគ្រាប់សំណកំពុងបោលមក។

ដោយមិនដឹងខ្លួន នាង​រុញ​ជេនទៅពួនក្នុងបន្ទប់ទឹក។

ជេននៅក្រាញ​ទាំងមុខក្រហមង៉ូវ….នារីនេះលើកដៃសំពះភ្លាម….

«ជេន​កុំធ្វើឱ្យមាន​រឿង គេនេះកម្រោលណាស់​ អត់បានទេណា៎ សុំចិត្ត!»

ជេនបន្ថយកម្លាំងឱ្យនាង​រុញទៅ​ញាត់ក្នុងបន្ទប់ទឹកព្រោះមិនដាច់ចិត្ត​នឹងការអង្វរករ។

ស្រីស្អាតរៀបរយទាញទ្វារបិទ​ហើយសម្រួលទឹកមុខ ​មុនពេលទៅបើកទ្វារឱ្យប្រុសស្នេហ៍….

គីម៉ាល់ដាក់ដៃលើស៊ុមទ្វារសម្លឹងនាង​ដែលស្លេកស្លាំង….

ហាន់ដា​ខំបង្កើតស្នាមញញឹមសន្សឹមៗ….

«កំពុងរៀបចំងូតទឹក! ពូកែរំខានបានអីងូតរួច?!»

នាង​ធ្វើជានិយាយសង្ឃឹមថាគេចេញ​ទៅ តែគេហាក់ចង់ចូលមកក្នុង។

នាង​រុញចេញទាំងម្ញ៉ិកម្ញ៉ក់។

«ពូកែចូលបន្ទប់គេម៉េះ? ប្រាប់ហើយថាងូតទឹក!»

«ចូលការពារ!»

នាង​ភ័យបុកពោះ តែធ្វើជាសើច មិនសូវទំនង៖

«ស្អីគេ!?»

គេអើតសម្លឹងមកក្នុងទោះនាង​រុញទ្រូងចេញ ។

«ដូចធុំក្លិនចម្លែក!»

«កុំចេះតែស្មាន!»

«ទឹកអប់មនុស្សប្រុស!»

គេនិយាយហើយដៀងសម្លឹងនាង​ហាក់សង្ស័យ។ ហាន់ដាបូញមាត់សើច៖

«ប្រុសដល់ទៅបីនាក់! ជួលអ្នកតែងមុខមក សុទ្ធតែមនុស្ស​ប្រុសទាំងអស់​ ទើបតែដេញចេញមិញហ្នឹង!»

គេសម្លឹងនាង ដែលមើលទៅហាក់ស្រស់ស្រាយញញឹមញញែមច្រើនជាងរាល់ដង។ គេងក់ក្បាលហើយខ្សឹបដាក់កែវភ្នែកនាង​៖

«ត្រូវ! មិនបាច់ទុកចិត្ត​ទេ! ខ្ទើយក៏ដោយ អីក៏ដោយ! យកល្អឱ្យប្តីមកយាមពេលងូតទឹក ​អាហ្នឹង​បានមានសុវត្ថិភាព!»

នាង​សម្លក់គេ​មួយឆ្វាច់ព្រោះក្នាញ់សម្តី ទេសកាលអី​ក្រសែភ្នែកបុរសដែលប្រុងថានឹង​ចាកចេញ​វិញ ក្រឡេកទៅឃើញអាវក្រៅរបស់នាង​លើកម្រាលពូក។ ក្បែរនោះ ទូរសព្ទដៃមួយ ​សោឡាន​មួយ។

អ្វីម្យ៉ាងលេចឡើងក្នុងបេះដូងគីម៉ាល់….

គេទម្លាក់ស្នាមសើច ហើយដៀងភ្នែកមកមើលថ្ពាល់ស្លាំងស្លេករបស់នាង….

ហាន់ដាសម្លឹងគេដោយកែវភ្នែក​ស្រទន់តែបង្កប់ក្តីព្រួយបារម្ភ….

កុំប្រាប់ថា នាងមានលាក់សាហាយក្នុងមាត់ ហើយ​លបខ្ជាក់វាចេញមកប្រលែងគ្នា ពេលស្តេចអារក្សមិននៅណា៎ហាន់ដា….ខ្ទេចឆ្អឹងទាំងពីរនាក់មិនខាន….

គេគិតទាំងមុខស្មើហើយកៀសនាង​ចេញពីការរារាំង….

បុរសនេះដើររ៉េវសំដៅគ្រែ ដោយ​លូកដៃទៅលើកសោឡានមកពិនិត្យ។

នាងគ្មានទូរសព្ទ គ្មានសោឡានទេ។ ពិសេស​សោឡានក្រឡាដូចឯកសណ្ឋានប៉ូលិស។

ហាន់ដាដើរទៅឈរអេះម៉េះពីក្រោយស្មានាយនៅ​ពេលគេរេភ្នែកសម្លឹង​ទៅរានហាលខាងក្រៅ រេមកវិញ​ពិនិត្យ​ជុំវិញបន្ទប់ ក្រោមគ្រែ និងទូខោអាវដែលនៅបើកចំហនៅឡើយ។

ចុងក្រោយគេ​ឈប់ភ្នែក​ត្រង់បន្ទប់ទឹក….

គីម៉ាល់បោះជើងទៅកាន់ទីនោះ ធ្វើឱ្យស្រីស្អាតខំ​ស្រវាតោងដៃគេ តែត្រូវគេរលាស់ចេញ….

ហាន់ដាដើរមិនដែលទាន់គីម៉ាល់ស្រាប់ហើយ។

បុរសនេះរុញទ្វារបន្ទប់ទឹក​ចូលខ្វាំង ធ្វើឱ្យខ្សែភ្នែកដំបូង​របស់គេប៉ះគ្នានឹង​ទឹកមុខ​មិនញឹនរបស់ជេន​ដែលរង់ចាំស្វាគមន៍….ប៉ូលិសមុខងងើលឈរផ្អែកនឹងកញ្ចក់បន្ទប់ទឹក សម្លឹងមកទាំងញាក់ចិញ្ចើមបញ្ឈឺគេ។

ដោយស្រឡាំងកាំង គីម៉ាល់ក្តាប់មាត់ហើយសន្សឹមៗគេ​ងាកមកមើលស្រីល្អ ដែល​កំពុងស្រវេស្រវាតោងដៃ​ទាំងទ្វេត្រជាក់ស្រឹប….

«សូមអង្វរណ៎ាគីម៉ាល់!»

គីម៉ាល់មមីភ្នែកនឹកដល់សម្តីរបស់នារីភា។ គេដឹងតែម្យ៉ាងថា ពេលនេះ ​វិនាទីនេះ ​បើមិនបានដាល់កណ្តាលមុខប៉ូលិស​ម្នាក់នេះ មិនអាចស្រាក​ស្រន់ភាពស្រងាកចិត្ត​ដ៏ធំចំពោះមុខ​បានឡើយ។

 គេទាញទម្លាក់ដៃនាង​ចេញ តែនាង​នៅតែខំតោង ហើយ​ស្រវាឱបចង្កេះនាយ ទ្រោបមកលើទ្រូងនាយជាមួយសំ​ឡេងខ្សឹបៗ៖

«មិនដូចគីម៉ាល់គិតទេ កុំបង្កចលាចល ​កុំធ្វើឱ្យគ្រប់គ្នាដឹង!»

បេះដូងគេលោតដូចសន្ទុះរញ្ជួយដី ក្បែរត្រចៀកស្រីស្អាត។

ហាន់ដាខំ​ប្រ​តោងរាងកាយដែលក្តៅគគុកនេះ ទាំងខ្សឹបអង្វរ​មិនឈប់មិនឈរ៖

«គាត់មកយកខ្ញុំទៅស្ទឹងត្រែងវិញ ​តែខ្ញុំមិនទៅទេគីម៉ាល់ ខ្ញុំនៅនេះ ខ្ញុំនៅធ្វើជាប្រពន្ធរបស់គីម៉ាល់ណ៎ា កុំឡូឡាណា​សូមអង្វរ!»

គីម៉ាល់ខាំមាត់សម្លក់កែវភ្នែកឌឺ១០០របស់កម្លោះជេន។ មនុស្ស​នេះ​មិនដឹងមានទំនាក់ទំនងកម្រិតណាជាមួយ​ប្រពន្ធ​ខ្លួន ​បែរជា​មានសំណាងទៅកាន់ក្តាប់សណ្ឋាគារគ្រហើៗ​ ខ្លួនមិនទាន់បានទូទាត់លាត់គិតនៅឡើយផង ពេលនេះម៉ោងនេះ​ មេឃព្រហាមស្រាង គេមាន​វត្តមាន​ពួនអាត្មា​លឹបលក្នុងបន្ទប់កូនក្រមុំ?

«អ្ហែងចូលមកផ្ទះអញធ្វើអី?!»

គេខាំមាត់និយាយតិចៗ ធ្វើឱ្យនារីខំរុញប្រាណប្រុសនេះទៅម្ខាង​ហើយហៅអង្វរឱ្យជេនចាកចេញ។

«ជេនចេញទៅ! ទៅៗណា៎! កុំឱ្យមានព័ត៌មាន​ ចេញទៅណា៎ជេន!»

ជែនក៏មិនមែន​ត្រជាក់ចិត្ត​ដែរ។ ​គេមកនេះគឺមកនាំនាង​ទៅ មិនមែនចេញ​ទៅវិញដៃទទេឡើយ។

«នីដា ទៅជាមួយខ្ញុំ បើមិនចង់ខ្មាសគេ!»

គីម៉ាល់គ្រហឹម៖

«​ចង់ធ្លាក់ពីជាន់ទី៤០ សាកមើលទៅ!»

 ស្រីស្អាត​តក់ស្លុត​ នាង​ងើបមុខនិយាយដោយញាប់ញ័រមួយ​គីម៉ាល់៖

«កុំ! អត់ទេ! កុំឈ្លោះគ្នា!»

គីម៉ាល់ទាញនាង​ចេញ​ហើយ​បោះទៅលើពូក​ដូចបោះខ្នើយមួយ​ស្រាលស្ងើក។

ហាន់ដាស្ទុះឡើងមកវិញ នៅពេល​ដែលដៃគីម៉ាល់ប្រតោងកអាវ​ប៉ូលិស ចំណែកនាយប៉ូលិសក៏ក្រៀកគីម៉ាល់តបកម្លាំង​មិនចាញ់មិនញឹន។

ពីរនាក់នេះមិនអាចរបួសទេ….ហាន់ដា​ប្រាប់ខ្លួនឯងទាំងស្លន់។

នាង​ស្ទុះស្ទាឡើងមក ហើយ​និយាយទៅរកគេ​៖

«គីម៉ាល់! ​បើមាន​អ្នកណាឃើញជេន​នៅឈ្លោះជាមួយគីម៉ាល់ក្នុងនេះ! ​ខ្ញុំឈប់រៀបការភ្លាម! លែងគាត់​! ឮខ្ញុំប្រាប់អត់?!»

គីម៉ាល់នៅប្រតោងទាំងមុខខឹងស្លេក ​ភ្នែក​រេសម្លឹងប៉ូលិសមិនព្រិចភ្នែក​ ហេតុតែចង់ដឹងថា ​ពួកគេហេតុអ្វីជិតដិតនឹងគ្នាថ្នាក់នេះ?

ជេនវិញ ​ក៏រឹតតែរឹងមានៈជាង គេនិយាយមួយៗ៖

«ឯងមិនបាច់រៀបការទេ! ទៅផ្ទះវិញ​ឥឡូវនេះ!»

នាង​អស់វិធី មាន​តែដើរថយក្រោយគម្រាមពួកគេ​។

ហាន់ដា​និយាយទាំងទឹកភ្នែក៖

«បើទាំងពីរនាក់សុទ្ធតែអស្ចារ្យ ​សុទ្ធតែ​ខ្លាំង​អ៊ីចឹង មានតែបង្ខំ​ឱ្យខ្ញុំគ្មានផ្លូវដើរដោយខ្លួនឯង!»

នាង​ខាំមាត់បែរខ្នងចាកចេញ​ធ្វើឱ្យជែនស្រវាពន្លែងដៃចេញពីគីម៉ាល់ ស្ទុះទៅតាម។

«ម៉ោវិញហាន់ដា!»

​គីម៉ាល់ហៅទាំងទោសៈ ព្រោះគេទ្រាំណាស់ មិនចង់មានរឿង​ក្នុងថ្ងៃសិរីនៃខ្លួន ​បានជាអត់ធន់មិនពន្លែង​មួយដៃចំមុខថ្គាមខ្លារបស់ប៉ូលិសស្ទឹងត្រែង។

គេមិនចង់មានរូបភាពហិង្សាក្នុងកែវភ្នែកនាង និងមិនចង់ឱ្យនាង​មើលមកថាគេ​ជាមនុស្ស​កំហឹងទល់កំហល់ តែសម្តីវិញមិនអាចមិនប្រើអំណាចជាប្តីបាននោះទេ។

មកដល់មាត់ទ្វារបន្ទប់ នាងពិតជាឈប់ជើងហើយដៃមិនមួលសោបើកទេ។

មិនដឹងថានាង​ខ្លាចអ្នកខាងក្រៅដឹងរឿងក្នុងបន្ទប់នេះ ​ឬខ្លាច​គីម៉ាល់ឡើយ តែជេន​ដឹងថា ចិត្តនាងនៅនេះ​នាង​មិនចង់ចាកចោលពិធីដាច់ខាត។

ពេលស្រីស្អាតទ្រោបក្បាលយំលើទ្វារ បុរសនេះដើរមួយៗទៅក្បែរ។

គេលើកដៃប្រុងអង្អែលស្មានាង​តែស្រមោលគូស្នេហ៍នាងនៅពីក្រោយ ធ្វើឱ្យជេនដកដៃមកវិញ​ហើយនិយាយ មួយៗ៖

«បើប្រាកដថា រៀបការ​ហើយសប្បាយចិត្ត! ខ្ញុំត្រឡប់ទៅវិញ!»

នាងយំគគ្រូក ហើយមិនបែរមុខមកទេ។

គីម៉ាល់សម្លឹង​រ៉ូបកូនក្រមុំ ដែលវែង​អន្លាយដាក់ព្យួរនៅលើធ្នើរយ៉ាង​សមសួនកាច់ជ្រុងកញ្ចក់បង្អួច។​ បុរសដើរទៅលើកយកមកសំដៅនាង​ធ្វើឱ្យជេន​សម្រេចចិត្ត​ថយទៅម្ខាង។

គេហុចអាវហើយនិយាយមួយៗ៖

«ជិតដល់ពេលហើយ ភ្ញៀវមកបណ្តើរៗហើយ!»

នាង​រេភ្នែក​សម្លឹង​អាវក្នុងដៃត្រកងរបស់គេ ប្រៀបដូចជា​ជីវិតនាង​ដែលកំពុងឈានដល់របត់ថ្មីនៃការមានតែគេជាម្ចាស់ម្នាក់គត់ និងគ្មាន​វត្តមាន​ប្រុសផ្សេង។

នារីនេះជូតទឹកភ្នែកលើកដៃមកទទួល ហើយនិយាយទៅកាន់ជេនទាំងមិនហ៊ានសម្លឹងគេ៖

«អាពាហ៍ពិពាហ៍នេះ ជា​អ្វីដែលខ្ញុំជ្រើសយក! ខ្ញុំនឹង​ធ្វើវាឱ្យល្អបំផុត! មិនថាថ្ងៃមុខមានអ្វីកើតឡើង សប្បាយឬទុក្ខព្រួយ អ្នកណាក៏ខ្ញុំអត់បន្ទោសដែរជេន!»

ជេនដៀងសម្លឹងមកទឹកមុខ​របស់នាង​ ហើយកន្ទុយភ្នែកគេ​រេរកគីម៉ាល់។ ស្នាមញញឹមមាន​តិចតួចលើផ្ទៃមុខ​ កូនកម្លោះពិតមែន តែអ្វីមួយ​បានប្រាប់ចិត្តប៉ូលិសម្នាក់នេះ​ស្ងាត់ៗថា ការសម្រេចចិត្ត​របស់ហាន់ដាលើកនេះ មិនដូចកាលពីរៀបការជាមួយពិសិដ្ឋឡើយ។

គេងក់ក្បាលផ្ងក់ៗ៖

«សូមឯងមាន​ក្តីសុខ!»

មុនចាកចេញ​គេពោលបន្ថែម៖

«ស្អែកបងមកលេងឯងម្តងទៀតហើយចងដៃឯង ថ្ងៃនេះប្រញាប់មិនមាន​អីមកតាមទេ!​ បើថាញ៉ាំបាយនៅសណ្ឋាគារបងឱ្យគេរៀបចំ»

«មិនបាច់ក៏បាន!» គីម៉ាល់បន្ទោរ។ ហាន់ដាទម្លាក់ដៃដែលកំពុង​ត្រកងកាន់អាវវែងនេះចុះត្រឹមចង្កេះព្រោះហត់ចិត្ត ដែលត្រូវ​ធ្មេចភ្នែក​រង់ចាំស្តាប់គេឌឺគ្នា។

ជេនងើយមុខ​តែមិនងាកសម្លឹងកូនកម្លោះទេ​ ហាក់ទុកពេលឱ្យគីម៉ាល់ពោលបន្ត៖

«ប្រពន្ធខ្ញុំចង់នៅលើទឹក! គេចង់ទៅកោះ​ ចង់ទៅស្ទឹងត្រែង!​ តាមមើលដំណើរក្រេបចន្ទទឹកឃ្មុំលើកនេះ យូរយារណាស់ មិនចង់ឱ្យមានអ្នកណាមកក្បែរៗរំខាន នាំខាតពេល ខូចពេលា!»

ជេនមិនខ្ចីបែរ។

នាយសម្លឹងហាន់ដាបន្តិចក៏ទាញទ្វារចាកចេញ។

ហាន់ដាដកដង្ហើមធំ​ ហុចអាវមកសងកូនកម្លោះចំណែកនាង​ចូលទៅក្នុងបន្ទប់ទឹកដោយមិននិយាយអ្វីនឹង​គេឡើយ។