អេតាស៊ីវិល
ម្តងណេះ ការប្រញាប់ប្រញាល់ សម្ពាធ និងសេចក្តីព្រួយបារម្ភ បានចូលមកសណ្ឋិតសារជាថ្មី ពេលស្រីកំពុងអង្គុយអត់ធ្មត់ឱ្យក្រុមសិល្បករតុបតែងមុខនិងសក់ឱ្យ។
បុរសជាប្តីនាពេលឆាប់ៗនេះមិនបានចេញទៅណាពីបន្ទប់នេះទៀតឡើយគឺគេនៅយាមនាងតែម្តង។
តាមកញ្ចក់ទូសំអាង ហាន់ដាលបសម្លឹងទៅប្រុសស្អាត ដែលកំពុងអង្គុយនៅរានហាលខាងមុខផ្ទះសម្លឹងទូរ សព្ទ។
រឿងរ៉ាវវត្តមានជេន បានបិទបាំងស្នាមញញឹមគេអស់មួយព្រឹកហើយ ថែមទាំងមកដល់ពេលនេះការតុបតែងមិនចេះរួចសោះរកតែនិយាយគ្នាឱ្យយល់ការមិនបានទាន់ចិត្តសោះ។
នាងដឹងថាមានករណីជាច្រើនដែលគួរបញ្ជាក់រវាងគ្នាច្បាស់ៗ មុននឹងកម្មវិធីស៊ីញ៉េនៅខាងក្រៅចាប់ផ្តើម ឡើង។
«បាននៅ? យូរពេកហើយ!»
នាងសួរតិចៗទៅកាន់ក្រុមជាងតុបតែង។ ម្នាក់ក្នុងចំណោមពួកគេជញ្ជក់មាត់ឆ្លើយ៖
«ស្អាតណាស់នៀកទ្រាំបន្តិចទៅជំទាវ ឯកឧត្តមចង់ឃើញបងស្អាតដូចទេពអប្សរចុះពីស្ថានទេវលោក!»
«មានតែឱ្យគេឡើងទៅឋានសួគ៌រកបន្តទៅ!» នាងនិយាយទាំងសើចកខឹកដាក់ក្រុមជាង បញ្ចេញជួរធ្មេញត្រឹមស្អាតបង្អួតសម្រស់ដែលបុរសដៀងមកឃើញកាលណាមិនអាចមិនញាប់ញ័រចិត្តបាន។
ជាងកេះនាង៖
«ប្តីហក៎ លបមើលមករហូត!»
ហាន់ដាដៀងភ្នែកសម្លឹងគីម៉ាល់ មាត់ស្រីស្អាតចាប់ផ្តើមវាចាបន្ថែម៖
«គេនេះហ្អីឯកឧត្តម? ខ្ញុំក៏មិនមែនជំទាវដែរ! កុំហៅតាមស្មាន!»
បុរសដើរចូលមកជាមួយស្នាមញញឹមតិចៗ។
«ដល់ម៉ោងហើយ!»
ជាងតបវិញខណៈនារីនៅដំអក់៖
«រួចល្មម! អាចដឹកដៃទៅបានចា៎»
បុរសញញឹមសម្លឹងនាងពីក្រោយកញ្ចក់ ខណៈនារីនេះគេចខ្សែភ្នែកមិនបានយូរក៏ញញឹមតបតវិញបណ្តាលឱ្យជាងកេះគ្នាអៀនអន់នឹងរ៉ែយ៉ែថយក្រោយអស់តាមទ្វារចេញក្រៅ។
របស់មួយមានពន្លឺចាំងព្រាកត្រូវបានគេលើកមកពីក្រោយនាងហើយចាប់ផ្តើមព័ទ្ធបំពាក់លើ កស្រីល្អ។
«របស់ម៉ាក់បង! គាត់ទុកសម្រាប់កូនប្រសាច្បង!»
នាងនៅភាំងជាមួយការបំពាក់ខ្សែកចរណៃដេញពន្លឺព្រាកៗ។
មនុស្សប្រុសម្នាក់នេះមិនបានលេងសើចនឹងការចុះអេតាស៊ីវិលមួយនេះឡើង ចំណែកពាក្យសុងសក្តិ
និងម្តាយខ្លួនបានក្លាយជាការប៉ាន់ស្មានខុសពីការពិតទៅហើយ។
នាងស្រពោនពេលនឹកដល់អ្នកទាំងពីរ។
«ម៉េចក៏មិនសប្បាយចិត្ត!»
នាងងើបមុខហើយនិយាយតបទាំងភ្នែកភ្លឹះៗសម្លឹងគ្នាតាមកញ្ចក់៖
«គីម៉ាល់នឹងទៅជួបម៉ាក់ហាន់ដានៅស្ទឹងត្រែងស្អែកនេះមិនអ៊ីចឹង?!»
បុរសរេភ្នែកស្លូតបូតព្រោះសេចក្តីស្នេហាសម្លឹងនារីម្ចាស់ចិត្តដែលកំពុងស្នើសុំ តែទ្រូងគេនៅខឹងណែននិមិត្តនឹកឃើញសម្តីមាក់ងាយរបស់ស្ត្រីចំណាស់។
«តស់! កុំឱ្យគេចាំ!»
នេះមិនមែនមានន័យត្រឹមថា គេមិនចង់ឆ្លើយទេ គឺគីម៉ាល់កំពុងបដិសេធតែម្តង។ នៅក្នុងកញ្ចក់នាងមើលឃើញរូបរាងខ្ពស់រាវនៃខ្លួនឯងក្នុងឈុតកូនក្រមុំដែលគ្រប់យ៉ាងខាងប្រុសជាអ្នកជ្រើសរើស។
គេដឹងទាំងទំហំចង្កេះ ស្មា និងដឹងថានាងសក្តិសមឥតទាស់ជាមួយខ្សែកកេរដំណែលមួយនេះ។
នាងត្រូវបានគេដឹកដៃចេញទៅបន្ទប់ធំ។
នៅទីនេះ មានមនុស្សត្រឹមប្រមាណ១០នាក់ប្រដាប់ដោយសម្លៀកបំពាក់ស្អាតៗ កំពុងអង្គុយនៅតុវែងមួយ តុបតែងយ៉ាងឆើតឆាយហាក់ល្អឥតខ្ចោះសម្រាប់អាហារថ្ងៃត្រង់នៅក្រោយពិធីចុះហត្ថលេខានេះ។
នាងក្រឡេកមួយជុំ ត្បិតតែមនុស្សតិចតែគ្រប់យ៉ាងបានតុបតែងយ៉ាងវិចិត្រ។ ក្រុមជាងថតកំពុងស្ថិតក្នុងទីតាំងហើយគ្មានសកម្មភាពណាមួយរបស់នាងដែលគេមិនបានផ្តិតនោះឡើយ។
គ្មានអ្នកណាម្នាក់ជាញាតិខាងនាងទេ។
នាងឱនមុខខណៈខាងប្រុសចាប់ដៃណែនជាងមុនហើយបណ្តើរទៅក្បាលតុ។
ពីធីបានចាប់ផ្តើមដោយមិនមានអ្នកឃោសនាអ្វីទេ គឺមានតែបទភ្លេងមនោសញ្ចេតនាកំដរតិចៗ ខណៈមន្ត្រីអាត្រានុកូលដ្ឋានម្នាក់រៀបចំឯកសារមកចំពីមុខពួកគេ។
ភ្ញៀវចាប់ផ្តើមទះដៃអបអរពេលកូនក្រមុំនិងកូនកម្លោះឱនសំពះមុនពេលពួកគេអង្គុយចុះ។ ភ្លាមនោះស្រីស្អាតក្រឡេកឃើញ ពូផាននិងពូជឿនរបស់នាងក្នុងចំណោមភ្ញៀវ។ ដោយសារពួកគាត់ថ្ងៃនេះស្លៀកពាក់ស្អាតបាតនាងសឹងថាមិនអាចចំណាំបាន។
នាងរកមើលទៀតក្រែងឃើញម្តាយតែមិនមានទេ!
នាងគិតមិនយល់ថា ហេតុអ្វីជនចំណាស់ទាំងពីរមកដល់ពីធីនេះបានរហូតដល់ ពេលគីម៉ាល់និងអ្នកទាំងពីរញញឹមស្វាគមន៍គ្នា។
នាងមិនបានដឹងលម្អិតរឿងប្រចៀវភ្លើងនៅឡើយ។
ពួកគាត់ទាំងពីរមើលទៅហាក់សប្បាយចិត្តណាស់។ សើចផងដៃរបស់គាត់ថត និងឆែកទូរស័ព្ទមើលរូបថតជានិច្ចផង សូម្បីពេលកំពុងមើលនោះក៏ពួកគាត់ញញឹមដែរ។
«មានអីនិយាយទេប្រពន្ធម្នាក់នេះ?!»
បុរសសួរតិចៗ ចំណែកខាងស្រីបូញមាត់តិចៗផ្ចាញ់វិញដែរ៖
«ម្នាក់ណា? ហើយគិតប្រុងមានប្រពន្ធប៉ុន្មាននាក់ទៅនៀក?!»
បុរសមិនឆ្លើយ គេលើកយកប៊ិកមកកាន់ហើយចាប់ផ្តើមចុច។ គេមិនទាន់គូសវាសផងក៏បេះដូងនាងលោតញាប់សឹងធ្លាយទ្រូងទៅហើយ នារីនេះនៅសុខៗ ក៏រំឭកនឹកឡើងវិញដោយឯកឯងដល់បណ្តាពាក្យគេកាលពីពេលថ្មីៗ «បើដាទំនេរហើយមានចិត្តឱ្យគ្នាចាំខាតពេលវេលាធ្វើអី?» «បើមិនឱ្យដឹកដៃ មានតែលើកបីទៅ!» «បងសុខចិត្តធ្លាក់ចុះទៅក្រោមនេះជាមួយអូន គ្រាន់បើជាងឃើញអូនដើរចេញពីបងហើយទៅនៅក្បែរៗពួកអាប្រុសៗអស់នោះ ពួកអាស៊ីពែ ហើយពួកអាសុភាពបុរសក្រយៅលាក់ពុតអស់នោះ!»
នាងញញឹមហើយរេភ្នែកសម្លឹងម្រាមរបស់គេដែលហៀបនឹងស៊ីញ៉េទទួលយកនាងទៅរក្សាថែ។
«ខ្ញុំនិងភរិយាសូមអរគុណសាក្សីដែលបានចូលរួមព្រឹកនេះ! នៅពេលចប់ជំងឺឆ្លងពួកយើងនឹងមានពិធីសប្បាយអឺងកងតបសងវិញ! សូមជួយឱ្យពរជ័យផង!»
គ្រប់គ្នាទះដៃសារជាថ្មី។ ហាន់ដាងើបមុខឃើញស្ត្រីចំណាស់ដែលគីម៉ាល់ឱបនឹកកាលពីយប់កំពុងញញឹមពព្រាយមើលមកគេដូចគ្នា។
តែអ្នកដែលជំទាស់ក៏មិនមែនថាគ្មានសោះដែរ….
«ឈប់ភ្លាម! នេះជាការចុះអេតាស៊ីវិលមិនស្របតាមច្បាប់! សូមអាជ្ញាធរប្រញាប់បញ្ឈប់ជាបន្ទាន់!» នារីភាបង្ហាញខ្លួននៅច្រកចូលអមដោយអង្គរក្សបួននាក់។
«តើមានរឿងអ្វីកើតឡើងចំពោះពីរនាក់យើង! គីម៉ាល់! ឆាប់ស៊ីញ៉េទៅបងសម្លាញ់!» ហាន់ដានិយាយដាក់បេះដូងខ្លួនឯង តែគ្មានសំឡេងចេញមកក្រៅទេ។ ពេលនេះវិនាទីនេះ ដែលមារបានបង្ហាញមុខ នាងចង់បានឱ្យការចុះអេតាស៊ីវិលមួយដែលមុននេះធ្លាប់ច្រឡំមិនយល់ចិត្តខ្លួនឯងច្បាស់ មិនដឹងថាចង់ ឬមិនចង់ឱ្យប្រាកដនោះ ក្លាយជាការពិតឥឡូវនេះតែម្តង។
ពីរបីវិនាទីសោះសភាពការណ៍ស្រអាប់បានកើតឡើងប៉ុន្តែ មិនបានកាត់បន្ថយសន្ទុះចិត្តរបស់ខាងប្រុសទេ គេក្រឡេកមើលទៅជុំវិញខ្លួនហើយចាប់ផ្តើមឱនស៊ីញ៉េ….
«ប្តីខាងស្រីទើបនឹងស្លាប់មិនទាន់បាន៣០០ថ្ងៃ អ៊ីចឹងពិធីនេះគឺខុសនឹងច្បាប់កម្ពុជា!»
គីម៉ាល់បង្អង់ដៃគេងើបមុខសម្លឹងនារីសក់ខ្លី ហើយនិយាយតិចៗ៖
«ភ្ញៀវដែលមិនបានអញ្ជើញ ចាកចេញភ្លាមទៅ!»
បុរសសង្ហាឱនស៊ីញ៉េញាប់ស្អេកលើសំណុំឯកសារ ដែលនឹងចងវត្តមានគេជាមួយហាន់ដាពេញមួយជីវិតទៅមុខទៀត។ អ៊ុននៅយោងដៃដែលរុំរបួស ចំណែកវុធនិងពូផានពូជឿន បានក្រោកមករាំងរាក្រុមនារីភាមិនឱ្យចូលកៀកពិធីបាន។ ហាន់ដាដឹងថា គេកាលពីយប់ បានរៀបរយរឿងនេះជាមួយមេធាវីហើយ ដូច្នេះវត្តមាននិងពាក្យគម្រាមនៃម្តាយក្មេកខ្លួន មិនអាចបញ្ឈប់គីម៉ាល់សូម្បីមួយនាទីណាទៀតឡើយ។
គីម៉ាល់ញញឹមពេលចប់កាតព្វកិច្ចសំខាន់នេះ ហើយគេរុញវាទៅឱ្យភរិយា។
ដៃនាងដែលទទួលប៊ិកមកគឺញ័រណាស់ចំពោះកែវភ្នែកនាយ។ នាងរញីរញ័រដល់ថ្នាក់គីម៉ាល់ត្រូវលូកដៃទៅក្តោបម្រាមឆ្វេងទាំងអស់របស់នាង។
«បើព្រមទទួលយកបង ស៊ីញ៉េទៅហាន់ដា!» គេនិយាយដោយញញឹមដាក់នាងវិញ។
ស្រីស្អាតសម្លឹងបុរសនេះទាំងរលើបរលោងកែវភ្នែក។ ពេលនេះខ្សែភ្នែកនាងបង្ហាញថា នាងចង់ណាស់ ចង់ក្លាយជាភរិយាស្របច្បាប់របស់គេ មិនថាអ្នកណារិះគន់ ជំទាស់ មិនយល់ស្រប ឬឈានដល់ថ្កោលទោសនាង ក៏នាងមិនខ្វល់។
ហាន់ដាខំប្រឹងចាប់កាន់ប៊ិកហើយគូសយ៉ាងញាប់….
«ពិសិដ្ឋមិនទាន់ស្លាប់ទេ!»
ពាក្យមួយឃ្លាដែលមានអត្ថន័យដូចរន្ទះបាញ់កណ្តាលមុខគ្រប់គ្នានេះ បន្លឺចប់ស្របពេលនឹងឯកសារអ្នកទាំងពីរត្រូវបានស៊ីញ៉េចប់សព្វគ្រប់ដូចគ្នាដែរ។
ដៃនាងរសាយអស់កម្លាំងធេងហើយរបូតប៊ិករមៀលតុកតាក់ពេញលើកម្រាលតុ….
គីម៉ាល់ដៀងសម្លឹងចលនារេនៃប៊ិចមួយនោះ ជាមួយភាពរញីរញ័រខ្លាំងឡើងៗលើហត្ថាស្រីម្នាក់ដែលគេកំពុងស្រឡាញ់ពេញបេះដូង។
«ខ្ញុំគិតថា ប្រុសធំនឹងស្តាយក្រោយបើដឹងការពិតពីក្រោយការលេបត្របាក់កេរមរតក ពីមនុស្សដែលខ្លួនកំពុងចង់រៀបការជាមួយនេះ!»
បុរសក្តាប់មាត់រំងាប់ចិត្តសង្ស័យ។ គេក្រោកសន្សឹមៗយោងនារីឱ្យមកជាមួយតែនាងទន់ជើង ទន់ដៃក្រោកមិនកើត ថែមទាំងស្លេកងាំងដូចមនុស្សខ្វះឈាម។
«ខ្ញុំគិតថា ខ្ញុំមិនមែនកំពុងចង់រៀបការទេ ! ពួកខ្ញុំក្លាយជាប្តីប្រពន្ធហើយ! នេះ! អរគុណ!»
គេលើកឯកសារបង្ហាញគ្រប់គ្នាហើយទើបហុចទៅមន្ត្រី។
គេបែរមកស្ទួយនាងជាថ្មី។ ខាងស្រីក្រោកមកដោយមានខាងប្រុសស្និទ្ធអែបកាយ។
«ស្រីនេះជាពស់វែក ប្រើគេចាប់ឃុំប្តីខ្លួនឯងហើយបានប្រើល្បិចគ្រប់យ៉ាងទាំងអស់ដើម្បីទទួលយកអ្វីៗពីគ្រួសារនេះ! បើប្រុសធំនៅតែងងឹតមុខ ខ្ញុំជាម្តាយនឹងចេញមុខដាក់ពាក្យបណ្តឹង!»
គីម៉ាល់សើចគេនិយាយទាំងមិនសម្លឹងនារីនេះថា៖
«ខ្ញុំគិតថា លោកជំទាវមានបំណងត្រឹមតែរារាំងខ្ញុំ មិនដឹងថា អាចរវើរវាយដល់ថ្នាក់លើកពីប្អូនប្រុសខ្ញុំមកបង្វែរសភាពការណ៍ទៀត?! ខ្ញុំអត់ពេលកំដរទេ! អ៊ុន វុធ ! មនុស្សខ្លះនាំមកនូវស៊យចង្រៃ រញ៉េរញ៉ៃពិធីខ្ញុំអស់ហើយ! ភរិយាខ្ញុំមិនចូលចិត្តទេ! ឆាប់រើកម្មវិធីក្រេបចន្ទទឹកឃ្មុំទៅស្ទឹងត្រែងវិញ! យើងទៅវិញឥឡូវ!»
ដៃនាងត្រជាក់ដូចទឹកកកក្នុងប្រអប់ដៃនាយ បាតដៃនាយ។ នារីងើយមុខសម្លឹងបុរសនេះ ហាន់ដាដឹងថា
គេចេះអត់ធ្មត់ចំពោះមុខគ្រប់គ្នា តែគេមិនមែនទុករឿងដែលនារីភាទើបតែនិយាយមុននេះ ចោលទៅម្ខាងនោះឡើយ។
បេះដូងនាងខ្ទេចខ្ទាំ។
រាត្រីដំបូង
ពួកគេមិនបានហោះមកស្ទឹងត្រែងទេ គឺមកបណ្តែតខ្លួនលើទូកដែលគេបានជួបនាងកាលពីដំបូង។ បន្ទប់ដែលគេចាប់បង្ខំនាង ហើយរុំពទ្ធ័រាងកាយក្លាយជារូបតែមួយជាមួយគ្នាក្រោមស្បៃវាំងនន បានក្លាយជាកន្លែងដ៏ប្រណីតតុបតែងស្បែងស្បៃ កម្រាលកម្ញី ខ្នើយថ្មីទាំងគូ និងពិដោរផ្កាក្រអូបស្រទោរស្រទន់។
តែមិនឃើញគេទេ។
គេមានអ្វីត្រូវនិយាយជាមួយគ្នាគេ លាក់កំបាំងពីនាង ហើយមិនបានញញឹមសោះ ចាប់តាំងពីមានរឿងនៅឯពិធីកាលពីព្រឹក។
កូនក្រមុំដែលមិនស្រណុកចិត្តម្នាក់នេះ ចេញមកអង្គុយរង់ចាំប្តីលើក្បាលទូកក្បែរកូនតុ ដែលគេធ្លាប់ចាក់ស្រាឱ្យនាង។ នាងឯកោ ហើយព្យាយាមមិនសម្លឹងមើលទៅ ពន្លឺដែលស្រអាប់ក្នុងដងទន្លេដែលកំពុងរត់ថយក្រោយក្រោមចន្ទ៨កើតនោះទេ។ ពេលនេះហាន់ដាពិតជាចង់ស្រវឹងណាស់ ជាជាងស្ថិតក្នុងសភាពបែបនេះ សភាពដែលមិនដឹងថា មានរឿងអ្វីកើតឡើងឱ្យប្រាកដ។
មិនយូរប៉ុន្មាន នាងអាចមានឱកាសឃើញគេហើយ។
គីម៉ាល់ស្លៀក ខោខូវប៊យរឹបវែងដែលសមឥតខ្ចោះទៅនឹងត្រគាកដងខ្លួនរឹងមាំរបស់គេ។ គេមិនបានមកក្បែរៗនាងតាំងពីឡើងទូកមកម្ល៉េ្លះតែគេមានត្រៀមសម្លៀកបំពាក់ថ្មីឱ្យនាងមិនខ្វះក្នុងបន្ទប់ព្រោះដឹងថាប្រពន្ធថ្មោងថ្មីនេះគ្មានអ្វីមកតាមខ្លួនទេ។ ដោយត្រៀមៗនឹងលុបស្នាមញញឹមលង់ស្នេហ៍ ចេញពីមុខក្នុងករណីដែលគេងាកមកក្រោយឃើញនាងមើលគេនោះ ហាន់ដាគិតផង បណ្តោយឱ្យបេះដូងលោតចុះឡើង ដូចជាទើបជំពើបស្នេហ៍គ្រាដំបូងផង។
បន្ទាប់ពីពេលប្រហែលជាមួយនាទីរំលងទៅ នាងឃើញគេដាក់ទូរសព្ទចុះហើយងាកមកមែន។
គីម៉ាល់ទំនងជានិយាយរឿងអ្វីសំខាន់ណាស់ ដល់ថ្នាក់ភ្លេចថា នេះជាអាហារពេលល្ងាចដំបូងជាមួយភរិយាហើយនាងកំពុងចាំ។
ពេលងាកមកឃើញនាងគេនៅឈប់មួយខណៈតែគេមិនសើចទេ ត្បិតតែនាងខំសើចដាក់។
ចិត្តហាន់ដា បានជាប់គាំងហាក់បីដូចជាកំពុងស្ថិតនៅក្នុងជណ្តើរយន្តដែលដាច់ភ្លើង។ ការតឹងតែងអារម្មណ៍និងឈានទៅដល់«ភ័យ»ពិតជាកំពុងកើតមានឡើង។
យ៉ាងហោចណាស់ក៏មានន័យថា គេមិនសប្បាយចិត្តចំពោះអ្វីមួយដល់ថ្នាក់មិនគិតនាងដែលជាប្រពន្ធដែរ។
គេគួរតែមកជួបគ្នា ហើយរកវិធីនិយាយការពិតក្នុងចិត្តចេញមកមិនមែនទុកនាងឱ្យនៅអង្គុយចាំកំដររលកទន្លេរបៀបនេះឡើយ។
ហានដាបាក់ទឹកចិត្ត។ នាងបែរមកវិញរំកិលខ្លួនឯងគេងផងអង្គុយផងលើកៅអីនេះដោយមុខក្រៀមស្រពោន បណ្តោយឱ្យខ្យល់បក់បោកសក់ស្រីមួយទំហឹងលែងខ្ចីផាត់វាស។
ដបស្រាសំប៉ាញនៅចំពីមុខ នាងទើបតែមើលឃើញ។ ចាំអីទៀតទៅ? ស្រីស្អាតដ៏ខូចចិត្ត ចាប់វាចាក់ចូលកែវហើយលេបក្អឹកៗ រួចមករមាស់ក ក្អកគឃូស។
«ហត់ហើយចូលគេងក្នុងទៅ!»
សំឡេងបុរសនេះពោលមកតិចៗពីក្រោយខ្នង ធ្វើឱ្យស្រីស្រវាស្ទុះស្ទាងាកក្រោយហើយក្រោកឈរសន្សឹមៗ ប្រឈមនឹងគេ។
នាងស្រវឹងតិចៗបើតាមភ្នែកនិងស្បែកមុខក្រហមព្រឿងៗ….
ហាន់ដាមិននិយាយអ្វីទេ នាងហាក់រង់ចាំស្តាប់គេ។
«ញ៉ាំអីបន្តិចឬនៅ?!» គេថាហើយអង្គុយចុះក្បែរនាងផង។
ស្រីស្អាតមិនមាត់ តែនាងស្រពោនក្រឡេកមើលទៅចានម្ហូបនៅសល់ត្រៀបត្រាត្រជាក់អស់។ គ្រប់យ៉ាងជាចម្លើយស្រេចទៅហើយ។
នាងនិយាយតិចៗ យឺតៗបង្អូសៗ៖
«យប់ម្សិលមិញអ្នកណាសន្យាថា….សន្យាថា….មិនថាអូនល្អឬអាក្រក់ មិនថាអូនជាបិសាច មិនថាបានធ្វើអីខ្លះកាលពីមុនពេលបងមកដល់….»
នាងនៅស្ងៀមងាកមុខចេញហើយឈប់និយាយ។
ជាមួយទឹកមុខខូចចិត្ត គីម៉ាល់នឹកឃើញសម្តីអ៊ុនកាលពីទើបនឹងឡើងទូកថ្មីៗ៖
«បងគីម៉ាល់ៗ ! ពូផានប្រាប់ថា ក្នុងសត្វមិនមានវីរុសដែលពូជឿនបាននិយាយគ្នាកាលនៅកោះទេ ប៉ុន្តែគាត់ថា នៅលើសត្វមានសល់ស្នាមដែលអាចត្រូវប៉ះពាល់ដោយស្រោមដៃក្នុងមន្ទីរពិសោធន៍។ តាមធម្មតា ស្រោមដៃប្រភេទនោះមានតែពួកពេទ្យនៅបន្ទប់ពិសោធន៍ទៀតទបើមានប្រើ! ខ្ញុំគិតថាប្រពន្ធបងសិដ្ឋអាច….»
«ប្រពន្ធបងសិដ្ឋដល់ណាទៀត?!» វុធរំឭកអ៊ុនធ្វើឱ្យគីម៉ាល់ទម្លាក់ភ្នែកសម្លឹងផ្ទៃទឹក។ យល់ចិត្តគេអ៊ុននិយាយបន្ថែម៖
«តែក៏មិនមែនមានន័យថា ប្រពន្ធថ្មោងថ្មីរបស់បងជាអ្នកដាក់សត្វនេះធ្វើបាបយើងដែរ! អ្នកដែលដាក់ហ្នុងទំនងជាចង់ឱ្យយើងគិតអ៊ីចឹង!»
«វាជាអ្នកណា?!» បុរសសួរមួយៗ តែចិត្តគេបាននឹកឃើញដល់មុខដុកទ័រដែលគេមិនចូលចិត្ត និងបានរារាំងនាងពីការចុះអេតាស៊ីវិលតាមទូរសព្ទកាលពីយប់ជាមួយវាចាអសុរោះជាច្រើន។
វុធជាអ្នកឆ្លើយវិញ ៖
«បង! ម្នាក់ហ្នឹងវាត្រូវតែដឹងថាយើងនឹងមកដល់កោះ! ប្រចៀវហ្នឹងពូផានថាគ្មានវត្តមានលើកោះបេះដូងរាប់តំណហើយ វាជញ្ជូនមកជាគម្រោងការច្បាស់! វាចង់សម្លាប់យើង!»
គីម៉ាល់ដៀងភ្នែកទាំងមិនសប្បាយចិត្ត។ ពេលគេរិះគិតភាគច្រើនគេមិននិយាយអ្វីទេ តែនាយគិតច្រើននិងវែងឆ្ងាយ។ ត្បិតតែខ្លួនឯងជាមនុស្សរលាម មានស្នេហាតាមផ្លូវ ប៉ុន្តែមិនបានទាក់ទងនឹងឧក្រិដ្ឋកម្មណាមួយទេ ហេតុអ្វីបានជាមានមនុស្សកំណាចដល់ថ្នាក់ចង់យកជីវិត?
«ចុះពូផាននិងពូជឿនដែលទៅទាន់ហេតុការណ៍ល្អពេកហ្នឹងអាចទេ? អាចជាអ្នកនៅពីក្រោយរឿងហ្នឹងហើយទម្លាក់មកលើប្រពន្ធបងឯង!» អ៊ុនសួរបកធ្វើឱ្យវុធឆ្លើយជំនួសផូង៖
«មិនមែនគាត់ទេ! ស៊ើបរួចហើយគាត់ជាពូរបស់ប្រពន្ធបងគីម៉ាល់ គាត់មិនធ្វើបាបប្រពន្ធបងគីម៉ាល់និងគ្រួសារនេះទេ! នៅលើកោះគេគ្រប់គ្នាដឹងថា គាត់ជាគ្រួសារតែមួយ! ចំណែកពូជឿន មើលទៅដឹងតែមនុស្សស្លូត ល្ងង់និងត្រង់! គាត់ពីរនាក់មិនមែនទេ!»
«ពួកនារីភាបានទៅដល់កោះហ្នឹងដែរកាលពីថ្ងៃយើងត្រូវរបួស!»
គីម៉ាល់និយាយប្រាប់ខ្លីៗនិងនិយាយតិចៗ លាក់កុំឱ្យឮដល់ហាន់ដា ជាចំណែកក្នុងការឱ្យអ៊ុននិងវុធគិតរកតម្រុយ។
«តែបងមិនដឹងថាមានគ្នាប៉ុន្មាន និងមានអាប៉ិយឹមនោះដែរអត់?» គេនិយាយមួយៗទាំងសញ្ជឹងគិត។
«ពួកនេះតែងទៅណាមកណាជាក្រុម! បើមែនគឺគួរឱ្យសង្ស័យណាស់» កូនចៅនិយាយ។
គីម៉ាល់វាចាបន្តពីពួកគេភ្លាមៗ៖
«តែម្នាក់ទៀតក៏មិនត្រូវប្រហែសដែរ ឈ្មោះសុងសក្តិ!»
វុធសម្លឹងមើលអ៊ុន។ គេដឹងថាសុងសក្តិអាចជាមនុស្សតាមហាន់ដាស្អិត តែក៏គ្មានតម្រុយឯណានិយាយអំពីការចង់យកជីវិតគីម៉ាល់មើលតែក្រុមGang Bangនោះឡើយ។
«ថ្ងៃមុនខ្ញុំសង្ស័យថារូបថតដែលផ្ញើមកពីមន្ទីរពេទ្យ និងបោកយើងឱ្យឡើងកោះជាស្នាដៃរបស់វា!»
គីម៉ាល់និយាយដល់ត្រង់ណេះ ធ្វើឱ្យអ៊ុននឹកឃើញអ្វីម្យ៉ាងសំខាន់។ គេនិយាយតិចៗខ្សឹបប្រាប់ចៅហ្វាយ៖
«បង! ថ្ងៃមុនបងឱ្យខ្ញុំស៊ើបលេខដែលផ្ញើរូបប្រពន្ធបងពីមន្ទីរពេទ្យមកបញ្ឈឺនោះ! កូដនោះរកឃើញចេញពីកោះមួយ!»
«មនុស្សហ្នឹងនៅលើកោះរង់ចាំយើងមុនហើយ?!»
«មិនមែនកោះបេះដូងទេបង! កោះមួយនៅអែបតារាសាគរ! ភាគនិរតី! នៅតំបន់សមុទ្រ!»
គីម៉ាល់បើកភ្នែកធំៗទំនងនឹកឃើញដល់រឿងអី្វមួយ។ សម្តីអ្នកណាម្នាក់កាលពីយប់មិញដែលនាយចាំបាន។ អូ! គឺម្តាយនាង «ម៉ាក់ខលជេនរួចហើយ វានៅកំពង់សោម វាទៅភ្នំពេញវិញទាំងកណ្តាលអធ្រាត្រហើយ! ការចុះអេតាស៊ីវិលនេះ មិនអាចកើតឡើងជាដាច់ខាតនីដា! សុងសក្តិជាកូនប្រសាពិតរបស់ម៉ាក់! អស់ពីកូន
សិដ្ឋទៅ មានតែសុងសក្តិម្នាក់គត់ដែលម៉ាក់ទទួលស្គាល់!»។
គេរអ៊ូតិចៗ៖
« អាប៉ូលិសសំអុយហ្នឹង?!»
គេដកអារម្មណ៍ចេញពីការចងចាំហើយសម្លឹងសរសៃសក់ភរិយាដែលកំពុងហិចហើរតាមខ្យល់។
បុរសលូកមាត់ទៅថើបកញ្ចឹងកនាង ដែលក្តៅគគុកដោយជាតិស្រវឹង។
នាងមិនមាត់ មិនងាកគេតែក៏មិនតបតស្នេហានាយ។
អ្វីមួយបន្តរារាំងចំកណ្តាលចំណងមនោសញ្ចេតនាពួកគេ វាជាគម្លាតដែលគ្មានបង្គោលរបង ជាជញ្ជាំងខណ្ឌដែលគ្មានស្រមោល តើអាចផ្តួលជញ្ជាំងនោះចុះដោយវិធីណា?
បុរសដកដង្ហើមធំ….គេឱនថើបស្មាស្រីយឺតៗ ក្រោមរស្មីចន្ទព្រាលៗនិងលម្អងជំនោរដងទន្លេត្រជាក់ជ្រាបបេះដូង។
ពិតជាមានរឿងច្រើនណាស់ដែលបានកើតឡើងមកកប់ពិបាកកាយក្នុងជម្រៅចិត្ត គ្មានការបកស្រាយ ជំពាក់ចម្លើយពិត តែបេះដូងនាយតែងលេចចេញជាសំឡេងខ្សឹបប្រាប់ម្ចាស់ទ្រូង៥ហត្ថម្នាក់នេះថា ហាន់ដាមិនមែនអាក្រក់ដូចដែលគេនិយាយ នាងមិនទាក់ទងនឹងរឿងអាថ៌កំបាំងណាមួយ ក្បត់ចិត្តនាយ ក្បត់គ្រួសារនាយ ក្បត់ប្អូនប្រុសនាយដាច់ខាត។
វាជាការធានារបស់បេះដូង ជាការធានាមួយដែលភ្នែកពិបាកបានឃើញតែបេះដូងដឹង។
ហត្ថាឆ្វេងលូកត្រកងប្រាណស្រីស្របពេលឱនឃើញនាងងោកងុយទោរទន់ក្រោមអំណាចសុរា។ នាងមិនពូកែផឹកបានជាឆាប់បាត់ស្មារតី។ នាងទំនងអាងមានប្តីនៅក្បែរបានជាបណ្តោយខ្លួនថ្នាក់នេះ ឬមួយនាងពិតជាមានទុក្ខសោក?
«តស់ ចូលគេង!»
បុរសនេះត្រកងភរិយាទៅក្នុងបន្ទប់តូច ដែលកាលពីថ្ងៃមួយនោះ គេធ្លាប់បង្ខំនាងចូល។
លើកម្រងជលស័យ នាយរៀបចំតុបតែងសម្តែងចិត្តស្នេហ៍នារាត្រីដំបូង ពេលនេះស្រីស្អាតបិទភ្នែកជិតឈឹង
តែនាងនៅរមួល គ្រប់ផ្នែកនៃរាងកាយ មានអារម្មណ៍ថា កំពុងអណ្តែតនៅក្នុងមហាសមុទ្រដ៏ធំ ហៅអ្នកណា ក៏ហាមិនរួច ជិតលង់ទឹកខំត្រដរហែល ហើយជួនរសាត់តាមទឹកហូរ បេះដូងមានអារម្មណ៍ជ្រាលជ្រៅហាក់ពេញដោយភាពអស់សង្ឃឹមនិងការភ័យញាប់ញ័រ ។
អារម្មណ៍ស្រវឹងយប់នេះ ពិតជាមិនមែនស្រណុកដូចពាក្យថា ស្រវឹងលែងខ្វល់នោះទេ។ វានៅតែមកឱ្យខ្វល់ គ្រាន់តែរាងកាយទន់ ក្រោកឡើងមកតតាំងដោយវាងវៃមិនកើត។
«ហាន់ដា? ម៉េចក្នុងខ្លួន?!»
បុរសអង្គុយសម្លឹងនាងដោយបារម្ភពីកាយវិការអន្ទះអន្ទែងនេះ។ ឮសំឡេងគេ ខាងនាងក៏បានព្យាយាមអស់ពីសមត្ថភាពដើម្បីបើកភ្នែកតែគ្រប់យ៉ាងដូចជាអណ្តាតភ្លើងកំពុងឆាបឆេះគ្រប់ផ្នែកនៃរាងកាយ មិនត្រឹមតែបង្កឱ្យឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងឆ្លើយមិនបានហាមិនរួច។
ទឹកភ្នែកនាងហូរទប់ទល់នឹងគ្រឿងបំពុលម្យ៉ាង ហើយថែមទាំងប្រឹងតតាំងនិងវិបត្តិម្យ៉ាងទៀតដែលមិនមានអ្នកណាដឹង។
គ្មានអ្នកណាយល់អំពីសភាពពិបាកទ្រាំរបស់នាងក្នុងពេលនេះ តែស្វាមីជាមនុស្សយកចិត្តទុកដាក់នឹងនាង ប្រាកដជាយល់ និងសម្គាល់ដឹងភាពចម្លែកនេះ។
គីម៉ាល់អង្រួននាងតិចៗហើយខ្សឹបសួរបន្ថែមជានិច្ច៖
«មានរឿងអី? បងអាចជួយគិតបាន! កុំយំណ៎ា និយាយមក!»
នាងប្រឹងណាស់ក្នុងការបើកភ្នែកសម្លឹង គឺបើកព្រឹមៗ ក៏ឃើញបណ្តើរៗនូវកែវភ្នែកទាំងសង ដែលអាចស្គាល់ ច្បាស់ព្រោះជាអ្វីដែលបេះដូងចងចាំវាបានល្អជាងគ្រប់យ៉ាង។
«គីម៉ាល់!»
នាងហៅស្អកៗហើយយំរ៉ាវ។
គីម៉ាល់ហាក់ស្លន់ស្លោជ្រួលចិត្តខ្លាំង។
«យើងបានព្រងើយកន្តើយនឹងអារម្មណ៍គេយូរហើយ! គេនេះមិនដឹងទូលទុក្ខ លាក់បញ្ហាអ្វីខ្លះទេកន្លងមក!»
«ម៉ាក់ខ្ញុំខឹងហើយ! កាត់កាលកូនចោលហើយ! ម៉ាក់អើយ!»
បុរសនៅទ្រឹងពេលនាងធ្មេចភ្នែកសារជាថ្មីហើយហូរហៀរជលនេត្រមិនចេះស្ងួតសោះ។ សំឡេងរបស់នាងបានឈប់បន្តិចតែបន្តចុះឡើងវិលវល់៖
«កូនសុំទោស!» «មិនមែនដូចគ្រប់គ្នាគិតទេ!» «ជេន ជេនកុំខឹងណា កុំខឹងជេន!» «ខ្ញុំសន្យា ខ្ញុំមិននិយាយទេ!»
«ឈប់គិតច្រើន! ឮ? ឈប់គិត! គេង! ហើយមិនបាច់ខ្លាចអ្នកណាទាំងអស់! មានប្តីនៅណេះហើយ ឈប់ខ្លាច!»
នៅពេលឮនាងឈប់រអ៊ូហើយសន្សឹមៗបើកភ្នែក។
នាងញញឹមហើយតោងកគេ តោងខ្លាំងរហូតគីម៉ាល់ត្រូវបន្ទាបខ្លួនទាល់តែទ្រូងនិងទ្រូងប៉ះគ្នា។ បុរសញញឹម។
ក្លិនទានក្រអូបបានមកពីផ្កានិង ការតុបតែងស្រទាប់ច្រើនសណ្ឋាននៃពពួកកម្រាលសូត្រដែលបានតុបតែងជាមួយរំយោលថ្ងៃរៀបការ បានបបោសបង្កើនកាមារម្មណ៍នារាត្រីកាលមួយរំពេចបណ្តាលឱ្យដង្ហើមបុរសទៅជាញាប់ ក្តៅ និងមានៈ
គេលូកហត្ថាឆ្វេងទៅរុញទ្វារបិទ។
អ្នកណានៅខាងក្រៅមិនគិតថា នេះជាយប់ផ្សំដំណេកដ៏អស្ចារ្យនោះ?
គេដៀងភ្នែកដោយឆ្មើងឆ្មៃសម្លក់គល់កស្រីថ្លៃនៅបង្កើយក្បែរនាសា។
«យូរប៉ុនណាហើយ ដែលធ្វើឱ្យប្រុសម្នាក់នេះលែងចង់នៅជាមួយមនុស្សស្រីផ្សេងណាទាំងអស់ក្រៅពីខ្លួនអ្ហះ ?!»
ពិតណាស់ គេមិនបានឃើញឈុតឆាកបែបនេះនៅលើគ្រែរបស់ខ្លួនអស់រយៈពេលជាច្រើនរាត្រីមកហើយ រាប់ចាប់ពីថ្ងៃដំបូងដែលគេបានមកដល់កម្ពុជាហើយជួបនាងលើទូកស្នេហ៍នេះ?
បបូរមាត់អ្នកលោទៅប៉ះនឹងបបូរមាត់ស្ទើរបិទស្ទើរបើករបស់នាង ក៏ជាបបូរមាត់ដែលក្នុងបេះដូងគីម៉ាល់វាយតម្លៃថា ពិបាករកបានលើខ្លួននារីផ្សេងៗណាស់។
ពេលមាត់ប៉ះគ្នា នាងបែរជាមិនមានសម្រើបតបត នាងរេគេចទាំងដៃនៅតោងនាយជាប់ ឯមាត់វិញក៏ចរចាម្នាក់ឯងមិនចុងមិនដឹងដើម….
«ពិសិដ្ឋ ពិសិដ្ឋសុំកុំដូរចិត្តឮនៅ? រឿងកោះហ្នឹង ពិសិដ្ឋបានសន្យាហើយ ថាមិនឱ្យទៅអ្នកផ្សេង!»
គីម៉ាល់នៅស្ងៀមសឹងភ្លេចថាគេព្រិចភ្នែកឬក៏ដកដង្ហើមដែរអត់។ នារីនេះធ្លាប់ឱបកប្អូនប្រុសយើងហើយលួងលោមវាប្តូរជាមួយកម្មសិទ្ធកោះបេះដូង?
ទំនាក់ទំនងពីរនាក់នេះស៊ីជម្រៅយ៉ាងណាទៅ ដល់ថ្ងៃផ្សំដំណេកជាមួយប្តីហើយ នៅតែនឹកឃើញស្នេហា ចាស់។ ចុះសម្តីចាក់រុកដែលថានាងមិនព្រមប្រគល់ខ្លួនប្រាណនោះវិញ?
«បើពិសិដ្ឋទៅមែនខ្ញុំពិបាកណាស់ កុំទៅបានទេ!»
គីម៉ាល់ផ្ងារខ្លួនឯងទៅម្ខាង ហើយគេងផ្ងារចង្ក្រាងក្បែរនាងទាំងតូចចិត្ត។ ដោយចិត្តខឹង គេបណ្តាច់រង្វង់ដៃដែលឱបនាងចេញទាំងទទឹងទទែង ហើយលើកទូរសព្ទមកចុចលេងកំដរទ្រូងប្រចណ្ឌខឹង។
«យើងមិនត្រូវការ ឱ្យប្រពន្ធយើងឱបយើងហើយមាត់ហៅរកឈ្មោះអ្នកផ្សេងទេ!»
គេគិតទាំងមុខក្រញូវ។ សូម្បីតែពេលស្រវឹងនាងគួរតែគិតពីយើង យើងជាអ្នកកំណត់វាសនាអនាគតនិងសុភមង្គលជីវិតនាង មិនមែនអតីតកាលរបស់នាងឡើយហាន់ដា។
ពាក្យថាលើលោកយើងនេះ “ អាពាហ៍ពិពាហ៍” គឺអាចប្រដូចទៅនឹងអង់ស៊ីមមួយដែលជាទូទៅ អាចបណ្តាលឱ្យមានប្រតិកម្មគ្រប់ប្រភេទនៅក្នុងទំនាក់ទំនង ដែលប្រហែសបន្តិច ការបែកបាក់អាចនឹងកើតមានបានងាយណាស់ ព្រោះថាកាន់តែស្រឡាញ់ រឹតហួងហែង ទាមទារឯកសិទ្ធិ ដែលកាន់តែបណ្តាលឱ្យសាមីភាគីងាយឈឺចាប់។ ដូច្នេះពេលមនុស្សច្រណែនហើយឈឺចាប់ញយពេក ភាគច្រើនគេគេចវេសដោយការចាកចេញ។

