រឿង៖ បេះដូងមេគង្គ ភាគទី២៥

ភរិយាថ្មោងថ្មី

ថ្ងៃរះខ្ពស់ហើយ រហូតចាំងភ្នែកគេទាំងគូ​ដល់ក្នុងយល់សប្តិ។ គីម៉ាល់ប្រែខ្លួន ខណៈគំនិតគេស្វាងមកវិញលឿនជាងការបើកភ្នែកទទួលយកព្រឹកដំបូងនៃជីវភាពជាស្វាមី​ គឺហត្ថាថ្លៃ​រាវរកប្រាណ​ទន់ល្មើយនៃ​ស្រីល្អគាប់ចិត្ត ​មុនពេលបើកភ្នែកទាំងសងដែលកំពុងចង់ធ្មេចបន្ត។

អត់ឃើញនាង​ទេ!

គេស្ទុះក្រោក​អង្គុយដំណាលនឹងការបើកភ្នែកឡើងមកវិញ។ ការបណ្តែត​ទឹកនេះ​គួរណាស់​តែដល់ទីរួមខេត្តស្ទឹងត្រែង​ហើយ?​ នាយ​ប្រាប់ខ្លួនឯងដោយសម្លឹងទៅក្រៅបង្អួច។

ទូកពិតជាបានអែបច្រាំងមែន….គេថយមកទ្វារ​ ហើយ​ដើរ​មួយៗ​ចេញមកក្រៅ​នឹងអាលស្វែងរក​មនុស្សសំខាន់ ជាមួយ​មាឌដ៏ធំ ដំណើរ​មានអំនួត និងមានភាពទាក់ទាញដែលមិនបាច់អ្នកណានិយាយ។

ហាន់ដា​នៅឈររៀបចំ​អ្វីៗលើតុរបស់ពួកគេ។

សម្រាប់គីម៉ាល់ គេ​តែងតែគិតថាម្នាក់ស្រីនេះ​គឺស្រស់ស្អាតតាមគ្រប់ទម្រង់ ដែលរាល់ពេលគេឃើញនាង​ម្តងទៀត គឺនាង​មាន​របៀបស្អាតថ្មី​ដែលទេសភាពព្រឹកក្តី ថ្ងៃក្តី ​​យប់ងងឹតក្តី នៅតែមិនដែលអាចផ្លាស់ប្តូរ​ការចង់គយគន់របស់គេបាន។

មិនដឹងយ៉ាងម៉េច គេឈរច្រត់ចង្កេះក្បែរតុ សម្លក់អាហារ​ដែលនាង​កំពុងរៀបចំ ។ សក់នាង​ទម្លាក់សំយ៉ាក មានទម្ងន់ក្រាលគ្របសាច់ស្មាសហ្មត់ ក្រោមអាវសំយេះពណ៌បៃតងចាស់ ចំណែក​សរសៃខ្លះ នៅតែ​ហិចហើរ​ចុះឡើងស្រាលៗតាម​អំណាច​ខ្យល់នាពេល​ព្រហាម។ ព្រះអាទិត្យ​នៅស្រទន់ឯនាយ​ឆ្ងាយ​ដាច់សង្វែង មិនខ្លាំងស្មើកម្លាំង​សន្សើមដែលមិនទាន់រលាយ​​បង្កជាធាតុត្រជាក់ចំណែកល្មមបង្កជាបរិយាកាសល្អ។

«អរុណសួស្តីមនុស្សស្អាត!»

គេនិយាយតែមិនបានញញឹម​នឹងមិនសម្លឹងស្រីទេ។​ ភ្នែកបុរសនេះសម្លឹង​ចានបាយ​និងសាចត្រីចៀននៅលើតុ។

«អង្គុយម៉ោ!»

«ហៅប្តីឱ្យស្រួលបួល!»

គេរអ៊ូតិចៗ​ ធ្វើឱ្យនាងងើបមុខសម្លឹង​ទាំងញញឹមកកមិនរុះរោយ មិនរីកថែមលើបបូរមាត់ពណ៌ស៊ីជម្ពូចាស់។

ដៃស្តាំ​គេលោមកក្រៀកចង្កេះស្រីស្អាត ។ នាង​រេភ្នែក​សម្លឹង​ម្រាមឆ្វេងគេ ដែលកូរកាហ្វេខ្មៅងងឹតក្នុងកែវ​ក្តៅហុយ​ៗ។

«ចង់ឱ្យហៅថាម៉េច?!»

ដោយប្រើដៃឆ្វេងយ៉ាងស្ទាត់ គីម៉ាល់លើកកែវកាហ្វេមកក្រេប​ក្រោមការតាមមើលរបស់នាង​។ គេដៀងភ្នែកមករកម្ចាស់ចិត្ត​ ហើយ​ទើបបញ្ចុកនាង​តាមក្រោយ​។

នាង​គេចងាកចេញទាំងបូញមាត់៖

«អត់ទាន់ទេ! ​ញ៉ាំបាយសិន!»

គីម៉ាល់នៅតែបញ្ចុកមកបន្ថែមទៀត ​រហូត​ដល់នាងសម្លក់ហើយបង្ខំចិត្ត​​ក្រេប​ឱ្យឆាប់ចប់។

ដៃបុរសនេះ​ រេមករកត្រគាកនាងធ្វើឱ្យស្រីមានរំញោចសឹង​របូត​មាត់ពីពែងកំពប់ខ្ចាយខ្លះ។ ​ដ្បិតតែបានក្លាយជាគូសម្ព័ន្ធស្របច្បាប់​ តែហាន់ដា​ដឹងថា កាលពីស្រវឹង​យប់មិញមិនមានរឿង​​ភេទសម្ព័ន្ធកើតឡើងរវាងពួកគេ​ទេ។
«អង្គុយគីម៉ាល់!»

ស្រីបញ្ជាធ្វើឱ្យបុរសនេះងរង៉ក់ធ្វើមុខស្មើសម្លឹងភ្នែកនាងម្តងឆ្វេងម្តងស្តាំ។

«ខ្ញុំមិនចេះហៅប្តី ហៅ​ស្វាមី មើលតែកុនភាគ!»

នាង​ថាទាំងបូញមាត់ហើយទាញពែងទម្លាក់ចុះ ​លូកដៃចាប់ដួសបាយ។

គីម៉ាល់ច្រត់ដៃ​លើបង្អែកកៅអីទាំងសង ឱនសម្លឹង​ម្រាមដៃទងវងទាំង​សង​មាត់នាយរអ៊ូ៖

«​បានដូចកុនក៏ល្អ! នៅក្រៅរោងនេះវិញមិនដឹងស្អីឱ្យប្រាកដ? យប់ផ្សំដំណេកស្រវឹងមមើដេកធ្លាក់គ្រែ! ព្រឹកឡើង ចៀនត្រី​ទទួលអាហារពេលព្រឹកប្តី? ហៅប្តីមួយម៉ាត់ខ្លាចជ្រុះមាស១០គីឡូ?!»

«ប្រុសរអ៊ូ!»

នាង​ថាហើយងាកលូកដៃទាញរាងកាយនោះ តែនៅជាប់ម៉ឺងដោយការច្រត់របស់គេ។  គីម៉ាល់ជាបុរសដែលមានសក់ ក្រាស់ហើយខ្មៅរលោង​មិនស សមឈ្មោះបរទេស​របស់គេឡើយ។

ជាមួយ​រោមចិញ្ចើមទាំងសង​រឹងមាំនិងត្រង់ស្អាត  គេមាន​បបូរ​មាត់ធំទូលាយ កំណត់ជាមួយនឹងលម្អមន្តស្នេហ៍មិនដែល​ រីងស្ងួតមិនថា​ពេលញញឹម​ឬធ្វើស្មើ។ ​ចំណែកពេលដែលកំពុងដៀងមក​សម្លឹងនាងដូច្នេះ បេះដូង​ស្រី​ឃើញកាលណា​ធ្វើទុក្ខកាលណោះ។

«ឯងចប់ហើយនាង​ល្អ​! យប់មិញស្រវឹង​! និយាយស្អីឱ្យគេ​ដឹង​ខ្លះហើយនាង?​»

តូចតន់ហាន់ដាគិតទាំងធ្វើភ្នែក​ម៉ក់ៗ មុខភ័យ​សម្លឹងគេភាំងៗ។ ​ប្រុសស្អាត​លូកដៃចាប់ហត្ថាស្រី បណ្តើរ​កាត់ចាកចេញពីតុបាយមកកាន់​បង្កាន់ដៃក្បែរផ្ទៃទឹក។ គេបង្វែរនាង​ឱ្យផ្អែក​ទីនោះ រួច​ដាក់ដៃទាំងសងព័ទ្ធជុំវិញរាងកាយ ឃុំខ្លួននាង​។

ហាន់ដា សម្លឹងនាយ​ហើយ​ងាកមើលជុំវិញ​ក្រែងមាន​មនុស្ស​ តែមិនអីទេ នេះជាផ្នែកលយទៅក្នុងទឹកស្ងាត់ល្អ​គ្រាន់បើ។

ហាន់ដា​មិនបានប៉ះពាល់នាយ​តបទេ ហើយក៏មិនបានរើខ្លួន ឬរេភ្នែកទៅណា​ចោលបុរសនេះទៀតដែរ។ ពណ៌ក្រហមព្រឿងៗបានឡើងមកលម្អថ្ពាល់ទាំងសងរបស់នាង បណ្តោយឱ្យ​ទម្រង់មុខរាងពងក្រពើនៃនារីពេទ្យ កាន់តែ​មានសម្រស់​រួមជាមួយ​ កែវភ្នែកខ្មៅភ្លឺរលោងដោយភាពងឿងឆ្ងល់។

នៅពេលនេះអារម្មណ៍ហាក់នឹកឆ្ងល់​ពិភាល់ មិនយល់អំពីអ្វីដែលគីម៉ាល់ចង់បាន​ និងកំពុង​គិតរឹត​តែបូកបញ្ចូល​ច្រើនឡើងៗសម្រាប់ហាន់ដា៖

«គីម៉ាល់មិនចូលចិត្តត្រី?​ ដឹងអត់ត្រីនៅស្ទឹងត្រែងឆ្ងាញ់​ ផ្អែម ហើយស្រស់ ហើយ….»

គេនេះដឹងថានាងចេះតែរកលេសនិយាយទេ។ បបូរមាត់ប្រុសស្អាតខាំតិចៗ មុនពេលនាង​ភាំងៗអស់ពាក្យនិយាយ​ព្រោះនាងដឹងថាគេកំពុងត្រៀមតែនឹងត្របាក់សំឡេងនាង​យកទៅហាមទុក។

បបូរមាត់ស្រីល្អ​នៅគាំងៗ ក្រោមអំណាច​សម្លុតនៃពន្លឺភ្នែកប្រុសស្នេហ៍។

«កុំថើបខ្ញុំកណ្តាលវាល​! កុំនឹកឃើញកន្លែងណាថើបកន្លែងនោះ! កុំយកខ្ញុំជា​របស់គ្មាន​វិញ្ញាណ​ហើយ​ឃុំឃាំងមិនឱ្យខ្ញុំរើពីស្នាមថើបរបស់ខ្លួន​ណាគីម៉ាល់!»

នាងគិតទាំងមិនបាននិយាយអ្វី ​គិតពីសម្លឹងភ្នែក​គេ​ជាមួយទឹកមុខ​ស្លូតបូត ហើយចុះចាញ់។

«បង មួយម៉ាត់ពិបាកហៅម៉េះដុកទ័រ!»

គីម៉ាល់សួរស្រាលៗ ដោយ​​រេសម្លឹងភ្នែកនាងទាំងសង​ខាង សំឡេងនេះ ​សួរឡើង​ខ្សឹបៗនិងដោយថ្នមៗតែ​នៅគ្មានចម្លើយ បានត្រឹមទទួល​ជំនួស​នូវ​ពន្លឺភ្នែក​ក្មេងសេចក្តី​ដែលមើលមកនាយ​ភ្លឹះៗ។

នាង​ចាំឱ្យគេ​ញញឹម តែខាងប្តីនៅបន្ត​ធ្វើមុខឌឺដងដូច្នេះញញឹមខ្លួនឯងទើបជាមធ្យោបាយ។​ នាង​ញញឹមដាក់ភ្នែកនាយ ហើយ​ញញឹម​ដាក់បបូរមាត់គេ ដែលនៅចម្ងាយមិនដល់បីម្រាមដៃ​ពីគ្នា។

គេនៅតែមិនញញឹម​តប។

«What do you want Kemal?»

នាង​សួរ​ខ្សឹបៗជាមួយខ្យល់ដង្ហើមស៊ិចស៊ី​ ហត់ៗ ជ្រៀតសន្ធឹកបេះដូងក្តៅគគុក ​ឆ្លង​ចូលសព្វសរសៃឈាមខាងប្រុសដូចចរន្តអគ្គីសនីប៉ះគ្នា​។

«អ្ហះ? ប្រាប់មើល៍? ​រករឿងម៉េះ? What do you want?!»

«You»

គេឆ្លើយខ្លី តែច្បាស់ ជ្រៀតឈឹបចូលបេះដូងខាងស្រីដូចគ្នា។ នាងនៅភាំងជាមួយ​បបូរមាត់កាចៗរបស់គេ មុនពេលហាឆ្លើយឆ្លងវិញ​ខ្សាវៗ​ដូចកំពុងគេងខ្សឹបលើគ្រែកណ្តាលអធ្រាត្រ៖

«ចុះ….ចុះ….ជាប្រពន្ធហើយតើ! ស៊ីញ៉េរួចហើយ! មានបានគេចទៅណា?!»

«ប្រពន្ធស្អី? ដេកស្រវឹង​ហៅឈ្មោះអ្នកផ្សេងពេញត្រចៀក ពេញ​គ្រែ ពេញយប់ផ្សំដំណេក ប្រពន្ធជើងល្អ!»

នារីនេះអៀនខ្មាសពេក មានក្រហមមុខង៉ូវ រួចបិទភ្នែកសន្សឹមៗគេចចេញពីការរិះគន់របស់នាយ​។

«បើកភ្នែកភ្លាម​មនុស្សខូច!» គេហៅខ្សាវៗ។

ហាន់ដា បើកភ្នែកសន្សឹមៗ ខណៈបេះដូងរបស់នាងចាប់ផ្តើមលោត។ នៅទីនោះ…គឺនៅចុងបបូរមាត់គេ​ នាងចង់ប៉ះណាស់ ចង់លោទៅប៉ះគ្នាឥឡូវ ដោយប្រើបបូរមាត់ដែរ តែនាង​ធ្វើមិនកើត ទៅមិនរួច កាយវិកា​រមិនព្រមធ្វើតាមបេះដូង គឺនៅរឹងៗធ្មាំងៗ ខំប្រឹង​ហាមខ្លួនឯងទាំង​ដង្ហើមតឹងសឹងឈ្លក់ស្លាប់។

ហាន់ដៃលើកម្រាម​ស្តាំទាំង៥ស្ទាបថ្ពាល់ឆ្វេងប្រុសស្អាត។ ចលនាដៃនាងលើភក្ត្រានាយ​​បង្ហាញថា នាង​ស្រឡាញ់គេ​ជ្រួតជ្រាបពេញ​ដួងវិញ្ញាណចិត្ត​កាយ ​លើសពីអ្វី​ដែលនាង​អាចប្រាប់ និងលើសពីអ្វីដែលគេ​អាចយល់​។

ខ្យល់បន្តផាត់បង្ហើរសក់នាង​។ ដោយ​មិនមានការស្ទាក់ស្ទើរ ខាង​ប្រុស​ឈានថែមមួយជំហាន​បង្ខិតរាងកាយ​យ៉ាងជិតទៅនឹងភរិយា​។ ភ្នែករបស់គេកាន់តែ​ភ្លឺដូចផ្កាយពេលសម្លឹង​សាច់ស្មានាង ហើយ​ចាប់ឱនក្បាលចុះថើបថ្នមទីនោះយ៉ាងរហ័ស​។

សភាពព្រឺស្រើបបណ្តាលឱ្យសាច់សទៅជាក្រហមភ្លាមៗ។

«ឈប់ពាក់អាវអស់នេះ!»

គេបញ្ជាតិចៗ។

ស្រីស្អាតជ្រួញចិញ្ចើម។​ បុរសនេះមើលទៅហាក់កំពុង​ពេញចិត្តនឹងការតុបតែងរបស់នាង​ចុះចម្លែកអី សម្តីគេ?

«មកទើសអីអាវទៀត?!»

«ដូរចេញទៅ ក្រែងពួកនៅលើទូកនេះឃើញហើយ​នាំពិបាក!»

ហាន់ដាសម្លឹងខ្លួនឯង៖

«មិនឃើញមានបញ្ហា​អីផង?!» នាង​ពន្លែងពាក្យតិចៗ។

«មានបញ្ហាគឺមាន​ហើយ!»

គីម៉ាល់ងើបមុខមកទន្ទឹមនឹងភរិយា​ថ្មោងថ្មីវិញ​ដៃម្ខាងនាយជូតក្រែមចេញមាត់នាងចោលយឺតៗ៖

«លាបក្រែមលាបម្សៅអី?!»

នារី​ដក់ដង្ហើមឃូរ​ទម្លាក់ដៃ​ពីថ្ពាល់គេ ​ហើយរអ៊ូដាក់ភ្នែកមមីរបស់គេ៖

«គីម៉ាល់ ថប់ដង្ហើមណាស់ដឹងអត់!»

បុរសបន្តជូតពណ៌លើបបូរមាត់នាង​ចោល ទាំង​ទឹកមុខ​ព្រងើយកន្តើយនឹង​ពាក្យរិះគន់របស់ខាងស្រី។

«នេះជាជីវិត​ចាប់ពីថ្ងៃនេះ​តទៅ​ក្នុងនាម​ជាប្រពន្ធ! រៀនធ្វើប្រពន្ធម្នាក់ ​ធ្វើឱ្យល្អផង»

បុរសឆ្លើយតិចៗជាមួយទឹកមុខ​ស្មើ គ្មានត្រង់ណាបង្ហាញថានិយាយលេងៗទេ។ រាងកាយនៅជាប់គ្នាទាំងពីរនេះ​លែងអាចទាក់ទាញ​ហាន់ដាឱ្យរំភើបអ្វីទៅក្នុងកាមារម្មណ៍ទៀតហើយ សំណួរមួយថ្មីលេចឡើង​មកក្នុងគំនិតនាង

«គេនេះ ម៉េចក៏ពេលខ្លះស្លូត ពេលខ្លះល្អ ពេលខ្លះតឹងតែងលើសៗ? ទាំងបីយ៉ាង​ក៏អនុវត្តមកមិនដូច​នឹង​ទម្លាប់​មនុស្សប្រុស​ទូទៅសោះ? មានអារម្មណ៍ថាគេមិនដូចប្រុសគេឯងធម្មតា បើធៀបនឹងពិសិដ្ឋ​ប្អូនគេទៀត​រឹតតែមេឃនឹងដី ម៉េចទេ? ឯងជាពេទ្យផ្នែកវិកលសាស្ត្រគួរចាប់អារម្មណ៍ថា វិបល្លាសបែប​ធ្លាក់ទឹកចិត្តដ៏ធំ ឬអាចជាស្ថានភាពផ្លូវចិត្តដែលមនុស្សម្នាក់កំពុង​ឈរនៅនឹងមុខឯងនេះ យល់ពីសារៈសំខាន់ផ្ទាល់ខ្លួនលើសការគិតពីអ្នករួមជីវិត​ជាមួយ​ខ្លួន? គេមាន​តម្រូវការខ្លាំងឱ្យមនុស្ស​យកចិត្តទុកដាក់ហួសហេតុតែបែរជា​ កង្វះការយល់ចិត្តអ្នកដទៃ។

នាង​ចាប់កដៃគេ​ហើយនិយាយហាក់មិនសូវចង់បន្តឆាកផ្អែមល្ហែម៖

«ខ្ញុំត្រូវទៅមន្ទីរពេទ្យ!»

«កុំសង្ឃឹម!»

បុរសឆ្លើយមកខ្លី​ហើយ​ងាកមុខចេញដើរត្រឡប់ចោលនាង​ទៅកាន់តុបាយ។

នាយអង្គុយ​ចុះ ចំណែកខាងស្រីដើរមួយ​ៗមកឈរសម្លឹងក្បែរៗនាយ​ដោយទឹកមុខមិនសប្បាយចិត្ត។ បុរសចាប់ផ្តើមទំពាអាហារដែលនាងរៀបមកដោយមិនជាស្រស់ស្រាយអ្វីដូចគ្នា។ សម្តីរាយការណ៍កាលពីយប់នៅលាន់រងំក្នុងចិត្ត​នាយ៖

«​បងគីម៉ាល់ៗ ! ពូផានប្រាប់ថា ក្នុងសត្វនេះមិនមាន​វីរុសដែលពូជឿនបាននិយាយគ្នាកាលនៅកោះទេ ប៉ុន្តែគាត់ថា នៅលើសត្វមានសល់ស្នាមដែលអាចត្រូវប៉ះពាល់ដោយស្រោមដៃក្នុងមន្ទីរពិសោធន៍។ តាមធម្មតា ស្រោមដៃប្រភេទនោះមានតែពួកពេទ្យនៅបន្ទប់ពិសោធន៍ទៀតទេបើមានប្រើ! ខ្ញុំគិតថា​ប្រពន្ធបងសិដ្ឋអាច….»

គេគិតមិនមាត់មិនក ចំណែក​នាងគិតវិភាគ​អំពីអត្តចរិត​​ស្ងាត់ៗដូចគ្នា។

បញ្ហាបុគ្គលិកលក្ខណៈដែលនាងបានសិក្សា​មក ជាទូទៅអាចមើលទៅលើក្រុមមនុស្ស​ដែល​មិនសប្បាយចិត្ត ជានិច្ច និងខកចិត្តភ្លាមៗ នៅរាល់ពេលពួកគេមិនត្រូវបានអ្នកដែលគេផ្តោតលើនោះ ផ្តល់ការពេញចិត្ត ឬការកោតសរសើរត្រឡប់។ ជាការពិត​​បើគីម៉ាល់មានសកម្មភាពភាពបែបនេះច្រើនឡើងៗ ប្រាកដណាស់គេអាចចាត់បញ្ចូលក្នុងចំណោមអ្នកមាន​បញ្ហា​ផ្នែកបុគ្គលិកលក្ខណៈPersonality Disorder។

ហាន់ដាសម្លឹងបុរសនេះដោយបារម្ភ និងចម្លែកចិត្ត​។

យើងរៀបការជាមួយគេ​ដោយរំភើបចំពោះសកម្មភាពរ៉ូមេនទិករបស់គេ តែមិនបានដឹងច្រើន​អំពីគេលើសពីអ្វីដែល​គេបង្ហាញឡើយ។ មានប្រភពជាច្រើនដែលនាង​ចង់សួរ​ចង់ពិភាក្សា ​សំខាន់​នាង​គ្មានទូរសព្ទ​តាំងពី​ចេញពីកោះមកម្ល៉េះ នាង​គ្មានអ្វីជាកម្មសិទ្ធិនោះទេ។

«គីម៉ាល់ ខ្ញុំទៅធ្វើការ! ហើយខ្ញុំត្រូវការទូរសព្ទមួយសម្រាប់ទាក់ទង!​»

នាង​និយាយតិចៗ​ហើយអង្គុយចុះថ្នមៗ នៅនឹង​មុខ​មនុស្ស​ដែល​ហាក់មិនប្រែប្រួលទឹកមុខខ្លាំង ក៏ប៉ុន្តែ​នាង​ឃើញដៃគេ​ទៅជាឈប់បញ្ចុកបាយ​ ហើយ​គោះស្លាបព្រាលេងៗលើចានតិចៗ។

ស្រីស្អាតដៀងភ្នែកសម្លឹងផ្ទៃទឹកដោយចិត្ត​នៅនឹកគិត​អំពីភាពខុសគ្នារវាងគេម្នាក់នេះនឹងប្រុសផ្សេងៗទៀតដែលនាង​ធ្លាប់ឃើញ។

ហាន់ដា​លើកបាយញ៉ាំម៉ាត់ដំបូងដោយ​ទំពាយឺតៗប្តូរបរិយាកាស ស្រាប់តែបុរសនេះឆ្លើយ៖

«យើងត្រឡប់ទៅកោះបេះដូង!»

នារីនេះ​ចង់នៅស្ងៀមមិនតបដែរ ​តែនាង​ពិបាកទទួលយកបានពេកទើបហាន់ដា​ឆ្លើយ៖

«ខ្ញុំនៅជាប់ការងារនៅមន្ទីរពេទ្យតរាប់ខែទៀត! យល់ផង!»

«ធ្វើជាមនុស្ស​ស្រី​ ប្តីទៅណាខ្លួនទៅហ្នឹង​!​!»

ស្រីស្អាតដាក់ដៃ​ចុះ​បញ្ចេញ​សញ្ញាថាលែង បរិភោគ។ នាង​មិនបាច់ទ្រគោះសំឡេងស្លាបព្រា​ទង្គិចចានដូចខាងប្រុស​ ក៏ល្មមឱ្យបុរសនេះមានអារម្មណ៍ដូចត្រូវគេបញ្ជោះដែរ។ គីម៉ាល់កំពុងវិលវល់នឹង​បញ្ហា​ជាច្រើន​។​ គេចង់ដឹងរឿងប្រចៀវភ្លើង​គឺត្រូវដល់ប្រភពដើម។ អត្តសញ្ញាណ​​អ្នកពាក់ស្រោមដៃពិសេស​ពីមន្ទីរពិសោធន៍​ដែលពាក់ព័ន្ធនឹងសត្វឧត្បាតនោះបេះដូងគេប្រាប់ថា​ ​ មិនមែនស្រីម្នាក់ដែល​គេ​រៀបការជាមួយនេះទេ រីឯជនដៃដល់ជាអ្នកណា គេត្រូវការដឹងឆាប់បំផុត​។

​មុនពេលវែកមុខជននោះបាន គីម៉ាល់មិនចង់ឱ្យមនុស្ស​ជាទីស្រឡាញ់ចាកចេញឆ្ងាយពីទូ្រងសូម្បីតែមួយជំហានណាក្តី។

នាយ​ទម្លាក់ស្លាបព្រា​ចោលលាន់សូរតិចៗដូចគ្នា ក៏មានអត្ថន័យឌឺដងដូចគ្នា។

«នៅនេះស្រុកខ្មែរ! មិនមែន​ឌូបៃទេ!»

«នៅណាក៏ដោយ! មនុស្ស​ស្រឡាញ់គ្នា​ មានចិត្ត​ឱ្យគេ គេទៅណាទៅជាមួយគ្នា!»

ស្រីលើកកាហ្វេមកក្រេបក្រែងអាចរំងាប់ចិត្ត​បានផ្អែមមកវិញខ្លះ ​ដឹងអី​កាន់តែញ៉ាំនាងកាន់តែចង់ផ្ចាញ់។​ ហាន់ដាដាក់ពែងចុះក្រពាត់ដៃផ្អែកខ្នង​វាចាតបត៖

«ខ្ញុំមិនដែលដឹងទេ ថាអ្នកដែលខ្ញុំចុះអេតាស៊ីវិល ប្រផាប់ប្រភីង​មកស្រុកខ្មែរ​ មកស្ទឹងត្រែង ​និងទៅកោះបេះដូងធ្វើអ្វី ធុរៈអី!»

«ប្តីម្នាក់នេះក៏មិនដែលចង់ដឹងថា​ប្រពន្ធទៅមន្ទីរពេទ្យធ្វើអីដូចគ្នា!»

 «ចុះគិតថាខ្ញុំទៅធ្វើអី?!»

ជាមួយសំនួរ​នាង​សម្លឹងមុខគេបង្ហាញ​ចំៗថា​នាង​ខឹង។​​ គីម៉ាល់ញាក់ស្មា​ឆ្លើយធ្វើធម្មតា៖

«អត់បានគិត ​ព្រោះគង់តែមិនឱ្យទៅ!»

ឫកពាឌឺដងរបស់គេ ដំបូងឡើយពិតជាសិចស៊ី​តែមកដល់នាទីនេះ នាង​ឆ្អែតចិត្ត​។

ស្រីលែងខ្ចី​ចរចាក្រោកវឹងចោលកៅអីអង្គុយ​។ នាង​ដើរសំដៅបន្ទប់ទឹក ​លុបលាងមុខ​រៀបរយសក់ ហើយចាកចេញមកវិញ។

នៅមាត់ជណ្តើរចេញពីទូកនាង​ឃើញ​បុរសនេះឈរក្រពាត់ដៃ​រង់ចាំជាស្រេ​ចជាមួយសម្លៀកបំពាក់ដេករបស់គេ។ នារី​រេភ្នែករកមើលវត្តមាន​វុធនិងអ៊ុន នាង​ឃើញពួកគេ​កំពុងរៀបចំតុបាយ​ទំនងជាប្រុងអង្គុយហូប។

«ខ្ញុំចុះហើយ! ព្រោះប្តីរវល់ មិនបាច់ជូនប្រពន្ធទៅក៏បាន!»

នាងមិន​បានដូរអាវដ៏ស្រស់ប្រផូរនេះចេញទេ ​ថែមទាំង​មិនសម្លឹងមុខនាយ ពិសេស​ឫកពានាងគឺគ្មានអ្នកណាអាចឃាត់បានស្រាប់ហើយ។ ដៃបុរស​លូកមកចាប់កដៃមាត់និយាយតិចៗ​ ៖

«ឡូយម៉េះដុកទ័រ! បើ​ពន្យល់ឱ្យស្រួល​ថា​ទៅដាក់ពាក្យ​សុំគេឈប់ ប្រហែលជា​អាចទៅបាន »

នាង​នៅស្ងៀមមិនតប តែក៏មិនមានសញ្ញា​យល់ស្របអ្វី​ចំពោះសេចក្តីសរុបនេះដែរ។ គីម៉ាល់និយាយ​បន្ថែម៖

«ប្រាប់គេទៅ ថាអូនមានប្តីហើយ រឿងមិនសំខាន់ខ្លះនឹង​ត្រូវបញ្ចប់ ត្រូវរៀបរយចេញម្ខាង ​មកជិះទូក ជិះអូរប័រ ពេញទន្លេមេគង្គជាមួយប្តី»

វាជាពាក្យដែល​នាងបាន​ពោលសន្យា នាង​ងើបមុខសម្លឹងគេយឺតៗ។ កែវភ្នែកបុរសនេះពេញដោយទុក្ខព្រួយខុសអំពីសម្តីកំបុត គ្រោតគ្រាតបង្គាប់បញ្ជារបស់គេ។​

​ខាងស្រីដកដង្ហើមធំ និយាយពន្យល់៖

«យប់មិញខ្ញុំស្រវឹង​បាន​និយាយអីខ្លះ?​ នៅសុខៗក្រោកមករករឿង? អាវនេះ​ ស្អីៗទាំងអស់នេះ គឺខាងប្តីទិញមកទាំងអស់ ខាងស្រីត្រូវគេ​អូសនាំមក គ្មានសូម្បីតែ​ពាក្យផ្តាំអ្នកផ្ទះមួយម៉ាត់ណា!​ ខ្ញុំត្រូវទៅជួបម្តាយខ្ញុំ ខ្ញុំត្រូវ​ទៅធ្វើការងារ ខ្ញុំត្រូវ​រៀបរយអ្វីៗ​ដែលជាតម្លៃនៃជីវិតមនុស្ស​ម្នាក់ៗ! បើគីម៉ាល់ជាប្តី​ចង់ទៅក​ន្លែងណាក៏ត្រូវពិភាក្សាជាមួយ​ភរិយា ហើយសម្រេចចិត្ត​ទាំងអស់គ្នាថាទៅដើម្បីអ្វី​ គួរទៅឬអត់ មិនមែនសម្រេចចិត្ត​ម្នាក់ឯងទេ។!»

 គេហាមាត់ចង់និយាយស្រាប់តែថ្លោះទឹកមុខ។ បបូរមាត់គេហាក់ល្វើយ​អស់កម្លាំង​ចំណែកអណ្តាតស្ងួត។ ការឈឺចាប់បង្ហាញចេញមកតាមរយៈកែវភ្នែក​គេ ។