ហាន់ដាមានអារម្មណ៍ថា អ្វីមួយកំពុងវាយផ្តួលមនុស្សប្រុសខែងរ៉ែងរឹងមាំម្នាក់នេះ។ គេដៀងភ្នែកសម្លឹងស្មាឆ្វេងខ្លួន ក៏ធ្វើឱ្យនាងនឹកឃើញស្ទុះទៅពិនិត្យ។
ស្នាមដានក្រហមរឹមៗប្រឡាក់អាវដំណេកជាតិកប្បាសរបស់គេ។
«របួសចេញឈាមហើយ?!»
រវល់ពេញពីរថ្ងៃនេះ នាងភ្លេចហើយថា គេនេះមានរបួសព្រោះគេខែងរ៉ែងនិងសកម្មក្លៀវក្លា។ គ្រូពេទ្យលើកអាវគេឡើង ពិនិត្យក្រែងសាច់ផ្តើមហើម។
«បងអ៊ុន បងវុធ !»
នាងស្រែកហៅ។
ពីរនាក់នោះស្ទុះមកទាំងចំហមាត់បារម្ភ។ នាងងាកមកខាងមុខលើកដៃបើកឡេវអាវឱ្យបុរសនេះក្រោមពន្លឺភ្នែកស្រទន់របស់គេ។ គេនេះកំពុងឈឺចាប់ ប្រាណហាក់មានកម្ដៅ តែភ្នែកមិនចោលទេពន្លឺឌឺដង។
«ខ្នងគេត្រូវនឹងអី?!»
នាងសួរផង ហុចអាវទៅឱ្យវុធផង។
អ៊ុនមិនមាត់មិនករងាកមើលមុខចៅហ្វាយ តែវុធនិយាយឌឺដងមកវិញហាក់ខឹង៖
«សត្វចង្រៃនៅកោះបេះដូងខាំ! អាអ៊ុនក៏ត្រូវធ្ងន់ដែរ!»
នាងរេភ្នែកសម្លឹងអ៊ុនដែលនៅរុំដៃតែមានអាការៈធម្មតា ចំណែកគេនេះស្រាប់តែទន់ឡើងៗខុសស្រឡះនឹងភាពរឹងមាំនៃរាងកាយដូចប្រុសអឺរ៉ុបរបស់គេ។
«សត្វប្រចៀវភ្លើងនៅកន្លែងដែលនាងឱ្យពួកយើងអង្គុយញ៉ាំកាហ្វេ!» អ៊ុនប្រាប់តិចៗ។
នាងធ្វើមុខស្លេកព្រោះឮពាក្យថាប្រចៀវភ្លើង។ កុំថាឡើយធ្លាប់ឃើញ សូម្បីតែឮច្បាស់អំពីសត្វកម្រនេះជាលើកទីមួយហើយ។
នាងរេសម្លឹងភ្នែកប្រុសល្អដែលដៀងមកហាក់បន្ទោស។ ស្រីយល់ហើយពីហេតុផលដែលគេស្រាប់តែកម្រោលចូលទៅរកនាងដល់ផ្ទះហើយសួរម្លើយនាងទទឹងទទែង។
«មាន!»
អ៊ុនបែរក្រោយ ខណៈស្រីស្អាតឱនគ្រាស្វាមីចរិតស្ទាវតម្រង់បន្ទប់គេង។
បានប្រអប់ថ្នាំដល់ដៃកាលណានាងរាវរកថ្នាំបំបាត់ការឈឺចាប់ និងទម្លាក់កំដៅ។ បុរសនេះជ្រួញចិញ្ចើម ខណៈនាងឱនទៅចាក់ទឹកដាក់កែវនិងហុចមកឱ្យញាំ។ គេនិយាយដោយមិនលូកដៃទទូល៖
«ថ្នាំអស់នេះ អត់មានឥទ្ធិពលលើបងទេដុកទ័រ !»
«ញ៉ាំសិនទៅ! បើអត់មែនចាំគិតទៀត!»
បុរសដើរទៅបើកបង្អួចតែនាងដើរទៅបិទវិញ។
«មិនដឹងថាមានមេរោគអីអត់ទេនៅខាងក្រៅ! កុំទាន់ត្រូវខ្យល់ យើងលាងរបួសសម្អាតមេរោគសិន!»
គេបែរមកសម្លឹងគ្រូពេទ្យពិសេសដែលបង្ហាញក្តីព្រួយបារម្ភ។ បបូរមាត់គេស្ងួតភ្នែកស្លក់ តែនៅសម្លឹងនាងឌឺដង
«ឆាប់ញ៉ាំថ្នាំលឿនឡើង!»
នាងហុចទៅទៀត នាយលូកដៃទទួលហើយអកលេប។ អ៊ុននឹងវុធតាមពិតនៅក្បែរៗទ្វារ ព្រោះសេចក្តីព្រួយបារម្ភគ្រាន់តែមិនបង្ហាញខ្លួន។
«គេងផ្កាប់មុខ!»
ហាន់ថាប្រាប់ក្នុងសព្ទសំឡេងតិចៗធ្វើឱ្យបុរសឆ្លើយតបមកវិញភា្លម៖
«បញ្ជាម៉េះ!»
ទោះយ៉ាងណាគេទ្រោបទៅលើខ្នើយនៅក្បាលគ្រែ។
នារីនេះអង្គុយក្បែរកាយហើយចាប់ផ្តើមការងារលាងសម្អាតរបស់នាង។ របួសតាមពិតមិនបានឆ្លងរោគ មិនបានហើម ឬ ក្លាយដូចចិត្តនាងភិតភ័យនៅខាងក្រៅបន្ទប់ទេ។ រឿងហេតុមកពីម្ចាស់រាងកាយនេះ ត្រម៉ាំងត្រ-មោក និងធ្វើសកម្មភាពតាមសន្ទុះចិត្តខ្លាំងទើបមុខរបួសមិនទាន់ជាសះ ត្រូវកម្រើកហូរឈាម។
«មានអ្នកនៅកោះលាបថ្នាំក្តួចខ្មៅឱ្យទៀត!»
នាងសួរគេតិចៗគីម៉ាល់ក៏តបស្រាលៗវិញ៖
«ពូផាន និងពូឈ្មោះជឿន!»
នាងញញឹមដកដង្ហើមឃូរធូរចិត្ត។
«ពួកគាត់ជាពេទ្យបុរាណពិសេសហើយ! ក្តួចខ្មៅនេះជាថ្នាំប្រចាំកោះ វាអាចផ្សះដំបៅគ្រប់សព្វតែតំណមទឹក ព្រោះបើក្តួចត្រូវទឹកអាចធ្វើឱ្យថ្នាំក្លាយជារលាកសាច់បាន!»
នារីសម្អាតហើយបិទបង់របួសសម្រាប់ប្រុសស្នេហ៍រួចរាល់ នាងស្នើសុំ៖
«ខ្ញុំទៅសុំច្បាប់ ថាប្តីឈឺមានរបួស! ហើយទៅផ្ទះយកសំពត់អាវយករបស់ប្រើប្រាស់ខ្លះ! ២ម៉ោងទៀតនឹងត្រ-ឡប់មកវិញ យើងចេញទៅកោះ!»
«ព្រមទៅហើយ?!»
«ចង់ឱ្យអ្នកខ្លះបានឆាប់ជា បានក្តួចខ្មៅស្រស់ៗមកបុកបិទរបួសបានមួយសារពីសារទៀត!»
«ចិត្តបានគ្រាន់បើតាស!»
«មិនបាច់អរទេ នេះជាភារកិច្ចគ្រូពេទ្យ!»
បុរសលូកដៃរុញទ្វារបិទហើយខ្សឹបខ្សៀវ៖
«ម៉េចមិនសុំគេថា រៀបការត្រូវផ្សំដំណេកក្រេបចន្ទទឹកឃ្មុំ?!»
«នៅណេះរៀបការមិនមែនដូចរបៀបយើងធ្វើម្សិលមិញទេ!»
នាងថាផងរៀបរយសម្ភារៈប្រមូលទុក ចំណែកបុរសនេះ បែរខ្លួនមករកភរិយាទាំងខ្លួនទទេ និងមិនខ្ចីបារម្ភដល់មុខរបួសលើខ្នងដែលទើបនឹងលាងរួចថ្មីៗ។
នារីបន្ថែម៖
«អ៊ីចឹងហើយខ្ជិលនិយាយ ខ្ជិលពន្យល់គេ!»
«ម៉េចក៏បាន តែត្រូវធ្វើខ្លួនតាមរបៀបមនុស្សមានប្តី!»
ហាន់ដាងាកមកវិញហើយសម្លក់ភ្នែកល្ហល្ហេវរបស់គេ។ គេនេះជាបេះដូងនាង នាងដឹងច្បាស់ ព្រោះពេលគេមានការឈឺចាប់តែបន្តិច ការឈឺនោះចម្លងមកដល់ខ្លួនភ្លាមៗដូចជាចរន្តអគ្គីសនី ។
«សម្តីហួងហែងអស់ហ្នឹង ឫកពាដូចកូនក្មេងអស់ហ្នឹង ប្រចណ្ឌមែនឬក៏ធ្វើលេង?!»
នាងសួរតិចៗដាក់ភ្នែកនាយបណ្តាលឱ្យដៃបុរសលោរង្វង់មកក្រៀកចង្កេះស្រី។ ហើយនាងមិនបានរើចេញទៅណាឡើយ ព្រោះចិត្តថ្លើមរាងកាយនាង គឺនៅទីនេះសម្រាប់គេ។
«មែនទាំងអស់! បងកំពុងខឹង!»
ស្រីស្អាតរេភ្នែកសម្លឹងរង្វង់មុខប៉ប្រឹមនៅជិតបង្កើយ ។ មនុស្សនេះងរង៉ក់តែស្រស់ស្រាយ។ គេប្រាកដណាស់ គិតទៅដល់ការរួមភេទឬផ្សំដំណេកជាមួយគ្នា គឺហៅយ៉ាងណាក៏បាន តែសម្រាប់នាងមិនមែនពេលនេះឡើយ
«ខឹងអីទៅ? ប្រាប់ហើយថាចេញទៅក្រៅ២ម៉ោងនឹងត្រឡប់មកវិញ!»
ទោះបីជាចិត្តបុរសនេះពិតជា ចង់បាននាង ចង់ឆែកពិនិត្យដល់ រាងកាយ ដល់បេះដូងនាង រាល់ពេលនៅក្បែរៗគ្នាតែគេមិនចង់បង្ខំនាងទេ។ សូម្បីបណ្តាំរបស់សិដ្ឋក៏គេមិនចង់រំឭក ឬសូម្បីតែពាក្យសន្យានាង ក៏គេចង់ឱ្យនាងនឹកឃើញសងវិញដោយខ្លួនឯងដែរ។
នៅពេលដែលគីម៉ាល់ប្រើភាពស្ងៀមស្ងាត់ពិនិត្យមើលរូបសម្រស់ស្រីតូចមិនឱ្យបាត់មួយប៉ប្រិចណា ដៃគេអង្អែលតិចៗលើខ្នងភរិយា។
«គេងម្នាក់ឯងបានណ៎ាហាមប៉ះទឹក ខ្ញុំត្រូវទៅហើយ!»
បុរសនេះមិនមាត់តែមិនលែងដៃ ។ ដៃគេតែម្ខាងក៏អាចបញ្ចេញឱ្យនាងដឹងដែរថា មិនចង់ឱ្យចាកចេញ។ នាងលូកដៃទៅកាន់ម្រាមទាំងប្រាំនោះថែមទាំងបាននឹកឃើញដល់អំពើហិង្សាក្រេវក្រោធកាលនៅឯផ្ទះម៉ៃសាក់។
«ខឹងព្រោះគិតស្មានៗថា ហាន់ដាជាអ្នកដាក់សត្វប្រចៀវភ្លើងឱ្យខាំមែនអត់?»
«ចុះមែនអត់?!»
នាងសើចស្ញាញបង្ហាញធ្មេញសត្រឹមទាំងជួរ។
«សើចធ្វើអី?» បុរសរអ៊ូតិចៗទាំងបញ្ចេញចិត្តស្រឡាញ់ពេញបេះដូងមកក្រៅតាមរយៈទឹកមុខនិងហត្ថាបន្តបបោសអង្អែលលើរាងកាយភរិយា។
«ដំបងឈើលើកមកប្រុងវាយសម្លាប់ទៀត!»
គេរអ៊ូបន្ថែមធ្វើឱ្យនាងទម្លាក់ចោលស្នាមសើច។ នាងនឹកឃើញឡើងវិញដល់សម្តីសុងសក្តិ
«ទូកពួកម្តាយក្មេកនីដាចូលចតហើយ! ប្រយ័ត្នខ្លួន! នារីភា មកដល់កោះបេះដូង យកអង្គរក្សមកតាមច្រើនទៀត មិនដឹងគេនិងគីម៉ាល់ចូលដៃគ្នារឿងអ្វីខ្លះទេ! ជួនគ្នាណាស់ លើកគ្នាមកពេញកោះ»
ខ្សែភ្នែកដែលលាតសន្ធឹងមិនចេះដាច់រវាងពួកគេ បណ្តាលឱ្យខាងស្រីមានអារម្មណ៍ថាបុរសនេះមានសំណួរច្រើនក្នុងទ្រូងគ្រាន់តែគេមិនសួរនាង គឺចង់ឱ្យនាងនិយាយវាដោយខ្លួនឯងចេញមក។
«គីម៉ាល់!» នារីហៅប្តីតិចៗតបទៅរកពន្លឺភ្នែកស្រងូតរបស់គេ។
«បង!» គេបង្គាប់ឱ្យនាងហៅគេថាបង។
ហាន់ដាមានធម្មជាតិជាមនុស្សម្នាក់ដែលគិតតែពីអារម្មណ៍អ្នកដទៃ តែនាងមានអារម្មណ៍យកចិត្តទុកដាក់ជាពិសេស លើអ្វីៗដែលប្តីម្នាក់នេះកំពុងគិត និងកំពុងស្នើសុំជាងអ្នកណាៗទាំងអស់។ តែការរួមភេទមិនមែនជាសក្ខីពិតនៃស្នេហានីមួយៗទេក្នុងគំនិតគ្រូពេទ្យដូចនាង។ វាគ្មានអ្វីលើសអំពីចំណង់ចង់ចាញ់ឈ្នះផ្នែកផ្លូវចិត្ត និងភាពស្កប់ស្កល់ខាងតណ្ហាឡើយ។ ស្នេហារបស់នាងចំពោះមនុស្សប្រុសម្នាក់នេះមានលើសពីរាងកាយ ដ៏ស្រស់ឥតខ្ចោះរបស់គេ។
នារីទាញម្រាមដៃគេឡើងមកហើយដាក់ក្បែរច្រមុះខ្លួន។ នាងថើបគេតែមិនមែនមែនថើបមាត់ថើបថ្ពាល់ដូចដែលនាងធ្លាប់សន្យាទេ ក៏ប៉ុន្តែប៉ុណ្ណឹងគ្រប់គ្រាន់ ឱ្យបុរសឆ្កួតចិត្តទៅហើយ។
«ប្រើវិធីអស់ទាំងនេះ ហើយលួងប្អូនខ្ញុំ ឱ្យបាក់ស្រឹបប្រគល់គ្រប់យ៉ាងឱ្យខ្លួនទាំងដែលខ្លួនមិនដែលបំពេញភារកិច្ចជាប្រពន្ធល្អម្នាក់?»
គេហាសួរតិចៗធ្វើឱ្យនាងភាំង។ ភ្នែកនាងល្ហល្ហេវហើយសម្លឹងនាយលុះរបូតម្រាមប្រុសស្អាតចេញពីបាតដៃខ្លួន។
«ជាងពីរឆ្នាំហើយដែលរៀបការចួលគ្រួសារនេះ មិនដែលគេងជាមួយប្តីសូម្បីម្តងមែនអត់ប្រពន្ធជើងល្អ?!»
បបូរមាត់របស់គេបន្តមកថែម ធ្វើឱ្យដង្ហើមខាងស្រីហាក់ស្ទះៗខានបានអាក់ខានការស្រូបយកអុកស៊ីសែន។ នាងស្រឡាំងកាំងនឹងសំណួរ ដូចទុកពេលឱ្យគេផ្ទួនមកនូវឃា្លចោទទីបី៖
«ឥឡូវគិតប្រើវិធីដដែលលើអាប្តីម្នាក់នេះទៀត?!»
នាងប្រុងក្រោកចេញតែដៃបុរសនេះរហ័សណាស់គេត្រកងទាញចង្កេះនាងវិលមកន្លែងដើមវិញ ខណៈខាងស្រីចាប់ផ្តើមបង្ហាញស្នាមញើសដាមពេញថ្ងាសក្រោមផ្សែងសន្សើមត្រជាក់ និងធ្មេចភ្នែកជិតស្លុងទាំងសងខាង។
«នេះបងវា មិនមែនវាទេហាន់ដា ! ឈប់ប្រើស្ទីលផ្អែមៗ ស្ទីលបន្លំអស់ហ្នឹង! គ្មានបានការទេ វាអត់ប្រសិទ្ធិភាពលើអាម្នាក់នេះទេអូន!»
សំឡេងសុងសក្តិលេចឡើងក្នុងការចងចាំរបស់នាង «ដាកុំភ្លេចថា គំនិតពិតរបស់ម្នាក់ហ្នឹងដែលវិលត្រឡប់មកដល់ស្រុកខ្មែរភ្លាមៗ គឺចង់បានកេរអាករប្អូនប្រុសវា! មនុស្សដូចវាមានប្រវត្តិជាមួយពេស្យាចាររាល់យប់ មានត្រង់ណាអាចផ្តល់សុភមង្គលឱ្យដាដ៏ល្អស្រគត់ស្រគំបែបនេះបាន?»
«ការរួមភេទសំខាន់ណាស់មែនអត់?» នាងសួរតិចៗទាំងអួលណែន។
គីម៉ាល់ញាក់ចិញ្ចើមតបវិញផូង៖
«កុំសួរធ្វើមើលតែទើបអាយុ៥ឆ្នាំដុកទ័រ! រៀនពេទ្យបំបង់បាយស្អី ពេទ្យចិត្តសាស្ត្រផងហ្អីដុកទ័រ?»
«បើសំខាន់ណាស់ គីម៉ាល់ធ្វើទៅ នឹងអាលបានអស់ចិត្ត!»
នាងបិទភ្នែក ប៉ុន្តែទឹកភ្នែករមៀលធ្លាក់មកមួយគ្រាប់ៗ កំដរខ្នងដៃនាយ។ នារីនេះតាមថាមើលទៅល្មមៗទេ តែពេលមែនទែនឌឺ១០០ រកតែខាងប្រុសប្រមូលពាក្យសមល្មមមកទប់ទល់តបតជាមួយមិនចង់បាន។
ធម្មតានាងមើលទៅរឹងរូស តែការរឹងរូសលើកនេះរឹតតែនាំចិត្តឱ្យសៅហ្មង។ នាងជាមនុស្សស្រីមានបញ្ហាចិត្ត ឬមួយនាងពិតជាកំពូលមនុស្សឌឺលើលោក?
«កុំបញ្ជោះហាន់ដា!»
មាត់អួតនឹងម្តាយ នឹងអ្នកផងថារៀបការព្រោះស្រឡាញ់ តែឯណាការស្រឡាញ់របស់នាង បានត្រឹមឆាកល្ខោន ឬមួយក្នុងកិច្ចឧបាយកលមើលមិនដល់ គិតមិនឃើញ?
ខាងបុរសរឹតតែចង់ដឹងថា នាងរឹងរូសបានយូរប៉ុនណា។
បុរសជាប្តី ក្រោកមកទាញប្រាណនាងផ្តួលទៅលើកម្រាលសូត្រសម្រាប់គ្រែផ្សំដំណេកដែលមានតែស្លាកស្នាមទំនាស់។
នាងបើកភ្នែករលោងរលើបសម្លឹងមុខមនុស្សប្រុសម្នាក់នេះ ប្រុសដែលនាងស្រឡាញ់ហើយទើបចុះកិច្ចសន្យាជាមួយគ្នាកាលពីយប់ម្សិល។ តើគេមានបញ្ហា Personality Disorder ពិតមែនហើយមិនព្រមចុះចាញ់ងាយៗ ពេលមិនបានអ្វីៗតាមបំណង ? គំនិតនេះបានរត់ឆ្លងកាត់ខួរក្បាលនាង ប៉ុន្តែដៃនាងនៅតែព្យាយាមរុញស្មាគេចេញខណៈបុរសកំពុងក្រាញននៀលផ្តិតយកគន្ធាក្រអូបនៃស្បែកនារីគ្រប់ទីតាំង។
ម្រាមដៃរបស់នាយរាវទៅរកតំបន់ហាមឃាត់ ដែលគេចង់ដឹងចង់ឮជាយូរណាស់មកហើយ ជាមួយកាយវិការស្ទាត់ជំនាញធ្លាប់មានស្នេហាដោះដូររាងកាយរោយរាយរាប់មិនអស់។ អារម្មណ៍ថ្មីមិនធ្លាប់ជួបក្នុងជីវិតបានធ្វើឱ្យខាងស្រីអត់ទ្រាំស្ទើរតែភ្លេចដកដង្ហើមហើយពេលខ្លះនាង ចង់និយាយរារាំងបញ្ឈប់ តែមុននេះនាងខ្លួនឯងដែលបានបញ្ឈឺចិត្តគេ។
នេះគ្រាន់តែជាល្បែងសម្រាប់គេ ជាល្បែងចាញ់ឈ្នះនិងប្រើប្រាស់សិទ្ធិជាប្តី សូម្បីតែយកចិត្តទុកដាក់ថា ភាគីខាងនាងគិតយ៉ាងណា មានអារម្មណ៍បែបណាក៏គេមិនខ្វល់។
តុៗៗៗ
ស្នូរទ្វារនិងសំឡេងពីខាងក្រៅ….
«បងគីម៉ាល់ មានរឿងសំខាន់!»
សំឡេងអ៊ុនដាស់អារម្មណ៍ខាងប្រុសឱ្យនឹកឃើញរឿងរ៉ាវចំពោះមុខដែលពួកគេកំពុងធ្វើ។ គីម៉ាល់បែរទៅរកទ្វារហើយងាកសន្សឹមៗមករកស្រីល្អវិញ។ នាយលើកម្រាមដៃទាញសម្រួលខោអាវឱ្យនាងព្រោះនាងស្ទុះក្រោក។
«ពីរម៉ោងឱ្យដឹងពីរម៉ោង!»
គេនិយាយខ្សឹបៗដាក់ត្រចៀកនាង។
ហាន់ដាមិនដឹងពីបំណងពិតរបស់ប្តីម្នាក់នេះទេ។ គេប្រាកដណាស់ គ្មានអារម្មណ៍បង្ខំនាងរួមដំណេកឡើយ គ្រាន់តែបង្កា្របនាងដែលមានចរិតលាក់ៗ អាថ៌កំបាំងៗបើកមិនចេញ សួរមិនបានចម្លើយវិញម្តង ឌឺម្តងមានៈ។
ហាន់ដាក្រោកឡើងចោលគ្រែស្របពេលគីម៉ាល់ហុចអ្វីមួយឱ្យនាង។
វាជាទូរសព្ទ តែជារបស់ថ្មីមិនមែនរបស់នាងពីមុនឡើយ។
«លេខប្តី Save ក្នុងនេះពេលមានអ្វីខលមកភ្លាម!»
ហាន់ដាទទួលយកមកកាន់។ បុរសនេះក្រោកមកផាត់សក់នាងរៀបរយបិទបាំងពីលើចន្លោះសាច់ស្មានៃអាវវាលក គេហុចកាបូបមនុស្សស្រីមួយទៀតឱ្យ។ គេទំនងជារៀបចំវាឱ្យនាងតាំងពីនៅភ្នំពេញគ្រាន់តែនាងមិនដឹង។
ស្រីស្អាតស្ពាយកាបូបតូចហើយបើកដាក់ទូរសព្ទចូល។ នាងឃើញក្នុងនោះមានប្រាក់កាសខ្លះ ម៉ាស និងទឹកអាល់កុល។
បុរសញញឹមដាក់ខ្សែភ្នែកនាងមុនពេលឈោងដៃទៅបើកទ្វារ។
អ៊ុនមិននិយាយទេពេលឃើញនាង គេនៅរេរារង់ចាំនាងចាកចេញ។ យល់ណាស់ ហាន់ដាដើរវាងចេញតែសំឡេងបុរសជាប្តីលាន់មកពីក្រោយខ្នង៖
«ចាំនៅខាងក្រៅ ទៅដល់ឥឡូវហើយ!»
ឮហើយតឹងទ្រូងខ្លះកក់ក្តៅខ្លះ។ គេនេះនៅមកជូននាងទៅពេទ្យទៀត? គេទៅដេញអ្នកជំងឺ ឬទៅឱ្យប្រធានមន្ទីរពេទ្យបញ្ឈប់នាង។
«យើងត្រូវចេញដំណើរទៅកោះបេះដូងភ្លាមបង!»
សំឡេងពីរនាក់នោះខ្សឹបខ្សៀវ ពីក្រោយខ្នងនាងធ្វើឱ្យក្តីសង្ឃឹមក្នុងការចេញពីទូកនេះទំនងជាមិនអាចកើតមានឡើងបានទេ។
ស្រីស្អាតទច់ជំហានហើយបែរក្រោយយឺតៗ។
ពីចម្ងាយនាងឃើញគីម៉ាល់ប្រែទឹកមុខពេលស្តាប់ពាក្យរាយការណ៍ខ្សឹបខ្សៀវរបស់កូនចៅ ។ ស្ថានភាពនេះ មិនខុសអ្វីពីកាលដែលនាងភ្លាត់ទៅនៅលើទូកគេជិះជិតដល់ខេត្តក្រចេះក៏ត្រូវគេចាប់ចូលបន្ទប់នោះដែរ។
មិនយូរប៉ុន្មាននាងឃើញគេច្រត់ចង្កេះគិត ហើយក្រោយមកបន្តិចក៏ងក់ក្បាល។ អ៊ុនរត់ចេញទៅ ខណៈនាងសម្លឹងប្រុសស្នេហ៍ពីចម្ងាយត្លែរ។
ស្នូរម៉ាស៊ីនរោទ៍ឡើង នាងដឹងថា នាងមិនអាចចាកចេញពីទូកនេះបានដូចក្តីបំណងឡើយ។ គីម៉ាល់ដើរមួយៗមករកស្រីល្អ ដែលឈរតោងកាបូបស្ពាយដោយទឹកមុខស្មើ។
ជាលើកដំបូងក្នុងជីវិតដែលមានអារម្មណ៍ថាគ្រប់យ៉ាងមិនអាចសម្រេចចិត្តដោយខ្លួនឯងបាន។
«យើងចេញទៅកោះបេះដូងឥឡូវ!
ប្រុសស្អាតឈ្ងោកប្រាប់តិចៗ។
«មានរឿងអី?!»
នាងងើបមុខសួរគីម៉ាល់ ដោយភ្នែកដៀងទៅរកវុធដែលកំពុងបញ្ជាគ្នាគេពីរនាក់ទៀតរៀបចំចេញដំណើរបន្ត។
ប្រុសស្អាតជ្រែងហោប៉ៅខោអាវដេកដែលមុននេះបានឱបប្រាណស្រីនៅជាប់ក្លិនដិតដាមនៅឡើយ។ ជាមួយសំណួរនាងគេឆ្លើយនិយាយតិចៗដោយសម្លឹងរលកទឹក៖
«ក្រែងថារៀបការហើយភ្លាមចង់ទៅក្រេបទឹកឃ្មុំនៅហ្នឹងភ្លាម?»
ហាន់ដាមិនមាត់កអ្វីព្រោះនាងដឹងថា គេមិនចង់ប្រាប់ពីរឿងដែលអ៊ុននិងវុធទើបនឹងរាយការណ៍ បែរជាបង្វែរទៅនិយាយរឿងផ្សេងបន្លប់។ នារីសម្លឹងមុខប្រុសស្នេហ៍ទាំងស្រពោន។
«នេះអ្ហី ដែលខ្លួនសម្តែងការទុកចិត្តមកកាន់មនុស្សដែលខ្លួនឱ្យឈ្មោះថាជាប្រពន្ធ?»
នាងគិតទាំងទោមនស្សតែមិននិយាយចេញមកឡើយ ស្របពេលបែរខ្លួនចាកចេញពីគេ ឆ្ពោះទៅអង្គុយនៅតុបាយខាងមុខ ជាសញ្ញាថានាងលែងចង់ឆ្លើយឆ្លងអ្វី។


