អាថ៌កំបាំង
ពីទីរួមខេត្តទៅដល់តំបន់គោលដៅ មិនឆ្ងាយឬលើសពី៧០នាទីឡើយ។ តែវាយូរណាស់សម្រាប់សេចក្តីសង្ស័យនិងអារម្មណ៍ថា គ្រប់យ៉ាងមិនបានវិវឌ្ឍទៅល្អជាងមុនទេចាប់តាំងពីនាងបានសម្រេចចិត្តស៊ីញ៉េដាក់ជីវិតទៅនៅក្បែរបុរសនេះ។
ក្រោមរស្មីព្រះអាទិត្យស្រស់បំព្រងនិងលំហទឹកថ្លាឆ្វង់ នារីនេះនៅអង្គុយចុចទូរសព្ទរបស់នាងដែលទើបទទួលបាន។ គីម៉ាល់អង្គុយសម្លឹងតាមមើលនាងពីទីតាំងខាងក្នុង កន្លែងដែលគេបានជួបនាងដំបូងហើយធ្លាប់បាននៅកៀកសាសងជិតគ្នា។
គេដឹងថានាងបានខលទៅផ្ទះទៅម្តាយនាងដែលកំពុងខឹង ក្រៅពីនេះគេមិនដឹងទេនាងទាក់ទងអ្នកណាខ្លះ។
«បង! អ្នកធ្វើការឱ្យយើងរកឃើញឯកសារអស់នេះ!»
សម្តីអ៊ុនរំឭកឡើងវិញពេលមុននេះ ដែលជាសេចក្តីរាយការណ៍មួយបណ្តាលឱ្យគេត្រូវសម្រេចចិត្តចេញទៅកោះបេះដូងភ្លាមៗ។
«មនុស្សឈ្មោះសុងសក្តិ មិនមែនជាអ្នកស្ទឹងត្រែងទេ! បុគ្គលនេះមានប្រវត្តិមិនច្បាស់លាស់និងមានកន្លែងត្រូវសង្ស័យច្រើន! សញ្ញាបត្រដុកទ័ររបស់គេក៏ទំនងមានបញ្ហា ចំណែករឿងសំខាន់គឺមានដំណើរដើមទងជាមួយអ្នកផ្ទះរបស់បងតាំងពីមិនទាន់ស្គាល់គ្នាជាមួយហាន់ដា! នេះបញ្ជាក់ថាគេមិនមែនចូលមកតាមរយៈហាន់ដាទេតែបើចូលតាមនាងក៏ប្រហែលជាប្រើប្រាស់នាង!»
«គេចូលផ្ទះខ្ញុំធ្វើអី?!»
«គេដូចជាបាននៅកិតៗនឹងបងសិដ្ឋតាំងពីគាត់មិនទាន់រៀបការ!»
«មានន័យថាម៉េច?!»
«ក្រុមហ៊ុនចិនដែលទទួលស៊ើបការណ៍រឿងនេះអះអាងថា មនុស្សនេះអាចមានទាក់ទងជាមួយបណ្តាញសង្គមងងឹតធំៗនៅត្រីកោណមាស ប៉ុន្តែគេថារបាយការណ៍ពេញលេញរកមិនបានទេ ព្រោះកម្រិតស្រាវជ្រាវដែលគេទទួលពីខាងយើងមិនCoverដល់ធំអ៊ីចឹង!»
«ឯងយល់យ៉ាងម៉េច?! ប្អូនខ្ញុំម៉េចនឹងទៅទាក់ទងស្អីជាមួយពួកលក់ថ្នាំជួញអាភៀន?!»
«យើងត្រូវការចាយលុយលើសមុនម្ភៃដងប្រសិនចង់ស៊ើបរឿងនេះ! គេត្រូវធ្វើការច្រើន សុទ្ធតែគ្រោះថ្នាក់!»
«ចាំបាច់ដែរទេ?!»
«បើសិនយើងមិនដឹងអំពីបំណងពិតរបស់ម្នាក់នេះ អាចមានគ្រោះថ្នាក់ពីរ ទីមួយបងគីម៉ាល់ដែលជាមនុស្សសល់តែម្នាក់គត់ក្នុងគ្រួសារនេះ ចំណែកម្នាក់ទៀតប្រពន្ធបងគីម៉ាល់ដែលអាចដឹងរឿងមុនៗច្រើនជាងយើង!»
គីម៉ាល់ងើបមុខសម្លឹងមនុស្សស្រីដែលកំពុងនិយាយទូរសព្ទ។ នាងមើលមកឃើញប្តីតាមសម្លឹងក៏លើកដៃខ្ទប់ដូចរាល់ដង។
សេចក្តីសៅហ្មងផ្ទុះឡើងមកវិញព្រោះគេទាយដឹងថា នាងកំពុងនិយាយជាមួយមនុស្សដែលនាងស្និទ្ធិស្នាលនឹងទុកចិត្តគឺនាយសុងសក្តិ។
សំឡេងមនុស្សជំនិតលាន់រងំក្នុងបេះដូង៖
«ជនជាតិចិនមានភស្តុតាងបញ្ជាក់ថាអ្នកនាំប្រចៀវភ្លើងទៅលើកោះ និងលែងវាក្បែរសាលប្រជុំភូមិគឺអាម្នាក់ដុកទ័រហ្នឹង! គេកំពុងចាំយើងនៅកោះដើម្បីពិនិត្យ!»
គីម៉ាល់ក្តាប់មាត់ឈ្ងោកមុខគិត។
«ពិសិដ្ឋមិនទាន់ស្លាប់ទេ!»
ពាក្យមួយឃ្លាដែលមានអត្ថន័យដូចរន្ទះបាញ់កណ្តាលមុខគ្រប់គ្នានេះ នារីភាបានបង្ហើមនៅចំថ្ងៃចុះអេតាស៊ីវិលរបស់ខ្លួនហើយគីម៉ាល់ចាំបានថាម្រាមដៃហាន់ដា រញីរញ័រខ្លាំងឡើងៗនៅពេលនោះ។
ជារឿងមួយដែលគួរឱ្យខ្លាច ក្នុងការស្វែងរកការពិតដែលយើងមិនចង់បាន និងមិនចង់ដឹងមិនចង់ឮ។ គេមិនទាន់សម្រេចចិត្តនៅឡើយថាគួរស៊ើបអំពីអតីតកាល ឬគ្រាន់តែបន្តអនាគតកាលជាមួយនាង។
«តើនាងដឹងរឿងអ្វីខ្លះអ្ហះប្រពន្ធជើងល្អ?!»
បុរសនេះបញ្ជាតិចៗទៅកាន់អ៊ុនដែលឈររេរាលក្បែរៗ៖
«អ៊ុន!»
«បាទបង!»
«ទាក់ទងនារីភា! ហៅគេមកបាយជាមួយខ្ញុំលើកោះ!»
«បាទ!»
សំណួរដ៏ធំនៅក្នុងគំនិតគីម៉ាល់ពេលនេះគឺ «ហេតុអ្វីបានជានារីភា ហ៊ាននិយាយថាពិសិដ្ឋនៅរស់?» «ហើយបើមានរបាយការណ៍មកថាខាងនាងចង់តាមសម្លាប់ហាន់ដាហេតុអ្វីរហូតដល់ពេលនេះមិនឃើញមានសកម្មភាពអ្វី?!» ម្នាក់ៗហាក់បានធ្វេសប្រហែសចំពោះរឿងទាំងអស់នេះ បើសិនពិនិត្យតាមវិធីជាច្រើន គ្រប់យ៉ាងហាក់បីដូចជាត្រួវបានរៀបចំឡើងដោយអ្នកណាម្នាក់។ មិនថាដំណើរយូរលង់មកកាន់កន្លែងនេះហើយបានជួបគេហើយស្រឡាញ់គេរៀបការជាមួយគេ សត្វសាហាវខាំ ?
«អ៊ុន មួយទៀត!»
«បាទ! រឿងអីទៅបង?!»
«សំឡេងសិដ្ឋទាំងអស់ដែលផ្ញើទៅឌូបៃអាចមានបញ្ហាទេ?!»
អ៊ុនធ្វើភ្នែកត្រិះរិះ។ គីម៉ាល់មិចភ្នែកហើយខ្សឹប៖
«សំឡេងទាំងអស់ហ្នឹងអាចក្លែងក្លាយ! រក Hacker ណាម្នាក់ពូកែឱ្យឆែកភ្លាម!»
«បាទ! ហើយចុះរឿងអាពេទ្យម្នាក់ហ្នឹង?!»
«ខ្ញុំចាំសម្រេចចិត្តស្អែក!»
អ៊ុនដឹងថា គីម៉ាល់ចង់ដឹងរឿងច្រើនទៀតពីនារីភា តែតាមការពិតអ្នកដែលគីម៉ាល់សង្ឃឹមថាមានតម្រុយច្រើនមិននៅឆ្ងាយទេ។
គេនិយាយទាំងសម្លឹងទៅភរិយាដោយមិនសប្បាយចិត្ត៖
«រយៈពេលនេះឱ្យគ្នាយើងតាមដានហាន់ដា២៤ម៉ោង! ទូរសព្ទគេខ្ញុំដាក់ Track រួចហើយ គេទៅណាក៏យើងដឹងដែរ!»
«បាទ!»
អ៊ុនថាហើយងើបមុខយឺតៗសម្លឹងទៅគ្រូពេទ្យស្រី។
រហូតដល់ទូកប៉ះច្រាំងកោះ គូស្វាមីភរិយាថ្មោងថ្មីមិនបាននិយាយស្តីអ្វីរកគ្នាឡើយ។ នាងឡើងទៅកាន់ផ្ទះឈើដែលនៅសំណល់រាយប៉ាយពីការប្រើហិង្សារបស់គីម៉ាល់។
អ៊ុននិងវុធបានមកដល់ជាមួយសម្ភារៈតុបតែងខ្លះហើយប្រាប់នាងថា គីម៉ាល់នឹងស្នាក់នៅទីនេះជាមួយនាង ចំណែកពូកគេនឹងស្នាក់លើទូក។
ហាន់ដាបោសសំអាតនិងរៀបចំបន្ទប់ទទួលប្រុសស្អាតរហូតដល់ថ្ងៃជ្រេទៅហើយនាងនៅមិនឃើញគេឡើយ
«នោះហើយចរិតពិតមនុស្សដែលអួតថា ស្រឡាញ់ខ្ញុំ រៀបការហើយទុកខ្ញុំចោល!!»
នាងលើកដៃចុចទូរសព្ទដោយសៅហ្មងតែឯកោនិងចង់បានគេឱ្យមកក្បែរៗនាងពេលនេះ។
«គីម៉ាល់ម៉េចមិនឃើញមកផ្ទះ!»
«បងមានការងារធ្វើ!»
គេឆ្លើយដោយស្រទន់តាមហ្វូនតែនាងមិនដឹងឡើយថាគេកំពុងជួបព្រឹតិ្តការណ៍តឹងតែងអ្វីខ្លះក្រោយពីស្តាប់របាយការណ៍ខាងជនជាតិចិនទាំងនោះរួចហើយ។
«ការងារអីសំខាន់ជាងប្រពន្ធចាំនៅផ្ទះ!»
គេមិនឆ្លើយបែរជាប្រាប់បន្ថែម៖
«ហើយល្ងាចនេះ បងមិនបានទៅញ៉ាំបាយទេ! ដាទៅផ្ទះពូផានជជែកលែងជាមួយប្រពន្ធគាត់ណ៎ា ចាំពេលចប់បងនឹងទៅរកនៅនុះ! ប៉ុណ្ណឹងសិនហើយបងរវល់»
នាងចងចិញ្ចើម។ និយាយពិតទៅ នាងមិនដឹងថាគេកំពុងធ្វើអ្វីហើយមានការងារអ្វីបន្ទាន់ថែមទាំងអាថ៌កំបាំងបែបនេះនៅលើកោះនេះទេ។
ដំបូងគេមិនដែលស្គាល់វាឡើយហើយមិនឃើញចាប់អារម្មណ៍អ្វីអំពីវាទៀត ពេលនេះម៉េចក៏គេលឹបលរឿងដែនកោះម្ល៉េះ គេកំពុងធ្វើអ្វីឱ្យប្រាកដ?
ថ្ងៃមិនទាន់លិចនៅឡើយទេប៉ុន្តែ ជាមួយនឹងអារម្មណ៍ថាមិនមានសុវត្ថិភាពនាងចាប់ផ្តើមបើកភ្លើងនៅគ្រប់ជ្រុងនៃផ្ទះតូចហើយដុតក្លិនខ្លឹមចន្ទន៍ តាមទម្លាប់សម្រាប់បណ្តេញសត្វល្អិតនាពេលរាត្រីកាល ក៏ដូចជាបង្កើនអារម្មណ៍ល្អនៅពេលប្រុសស្អាតវិលមកវិញប្រើរាត្រីដំបូងរបស់គេក្នុងផ្ទះនេះ។
ស្រមោលមួយហាក់លឹបលជិតបង្អួចធ្វើឱ្យនាងងាកទៅ។
កន្សែងនាងរបូតពីដៃមុនពេលនាងឈានទៅដល់បន្ទប់ទឹក ។
«បងអ៊ុនឬមួយបងវុធ?!»
ហាន់ដាស្រែកសួរ។ តាមថាហាន់ដាមានអនុស្សាវរីយ៍ជាមួយទីនេះតាំងពីតូចនាងមិនខ្លាចទេ តែពេលនេះអារម្មណ៍ប្រាប់ថាគ្រប់យ៉ាងហាក់ចម្លែកក្រោយពេលដែលនាងស្ពាយគីម៉ាល់មកជាមួយក្នុងនាមជាមិត្តរួមជីវិត
សូរសំឡេងមនុស្សរត់នៅខាងក្រៅ ច្បាស់ណាស់ អ្វីដែលនាងគិតគឺជាការពិត។ នាងបែរក្រោយសម្លឹងទៅក្បែរបង្អួចហើយសំណុំឯកសារមួយដុំកំពុងដេកស្ងៀមលើកម្រាលឈើ។
អ្នកនោះឯងទើបនឹងមកដល់ហើយទម្លាក់របស់ទាំងនេះមកឱ្យនាង។
គេជាអ្នកណាហើយចង់បានអ្វី?
គ្មានអ្នកណានៅខាងក្រៅទេ។
ហាន់ដាដឹងថា តាមពិតគេគ្រាន់តែចង់ផ្ញើរបស់នេះមក។
ស្រីស្អាតទាញសំណុំក្រដាស់យកមកមើល។ វាជាកញ្ចប់បិទជិត។
នាងថយមកលើសាឡុងឈើហើយចាប់ផ្តើមរកមើលតំណដែលគេភ្ជាប់បិទដើម្បីបើកវាឡើង។ ដូចនាងស្មានតាំងពីពេលចាប់កាន់ឡើងមក។
ក្នុងនោះសុទ្ធសឹងជារូបថត។ ដែលមិនដូចក្តីស្មានគឺ វាជារូបថតដែលនាងមិនធ្លាប់ស្មានដល់។
«បងអ៊ុន បងវុធ!»
នាងបានឡើងមករកគេទាំងពីរដល់លើទូក។ មិនឃើញអ៊ុនទេ ឃើញតែវុធដែលចេញមកដល់ជាមួយនឹងដៃឱបកុំព្យូទ័រមួយ។
«បងវុធ គីម៉ាល់នៅឯណា?!»
វុធអស់សំណើចដែលនាងហៅប្តីឈ្មោះចំ មកហៅខ្លួនថាបង។ តែទឹកមុខនាងស្មើពេក កាចពេកគេមិនហ៊ានសើចធំទេ។
«អត់ដឹងទេបងហាន់ដា គាត់ទៅជាមួយអ៊ុន!»
«Password រហូត!» នាងរអ៊ូរង៉ូវ។
«មានន័យថាម៉េច!» វុធសួរទាំងឆ្ងល់។
«មានន័យថាបងវុធជួយលាក់បាំងគ្នា!»
«អត់យល់!ខ្ញុំលាក់បាំងរឿងអីបង?លាក់ធ្វើអី?»
នាងលើករូបថតសន្លឹកបង្ហាញទៅកាន់គូសន្ទនា ជាមួយប្រយោគលាយទឹកមុខសៅហ្មង៖
«អ៊ីចឹងឆ្លើយមក ពិតអត់? ទំនាក់ទំនងគេជាមួយម្តាយក្មេកខ្ញុំ?»
ជាលើកដំបូងដែលគ្រប់គ្នាឃើញ នាងចេះខឹងប្រចណ្ឌ។ កន្លងមកគឺខាងប្រុសដែលមានអាកប្បកិរិយាបែបនេះ។ ឥឡូវនាងឡើងមកលើទូក ក៏ដើម្បីដេញសួរនាំការពិតពីក្រោយសន្លឹករូបថតទាំងប៉ុន្មានដែលប្រៀបបីដូចជាគ្រាប់បែកបរិមាណូសម្រាប់នាង។
«បងហាន់ដាបានរូបថតមកពីណា?»
«ខ្ញុំគ្រាន់តែចង់ដឹងការពិតទេបងវុធឆាប់ប្រាប់ចំៗសំណួរខ្ញុំសួរ!»
វុធដាក់កំព្យូទ័រចុះហើយទទួលយកសំណុំរូបថតមកពិនិត្យម្តងមួយៗ។ គេមិនភ្ញាក់ផ្អើលអ្វី នោះជាចម្លើយសម្រាប់នាងរួចរាល់ទៅហើយ។
អ្នកណា ម្នាក់នោះគ្មានលេខទូរសព្ទថ្មីរបស់នាងទេបានជាគេផ្ញើរូបមកសំណុំតែម្តង? គេចង់បានអីពីរឿងនេះ។
នេះជាសំណួរនៅក្នុងភាពស្ងៀមស្ងាត់របស់វុធ។
«គេតាមបោកបញ្ឆោតខ្ញុំ ហើយរៀបការជាមួយខ្ញុំ ព្រោះតែចង់សងសឹកសង្សារចាស់គេ ព្រោះគេនៅស្រឡាញ់គ្នាមែនដែរអត់?!»
នាងសួរទាំងអួលណែនហើយបន្ទាប់មកទឹកភ្នែករលើបនេត្រាទាំងសងធ្វើឱ្យអ្នកនៅចំពោះមុខភាំងភាន់ចំពោះការវិភាគរបស់នាងដែលកំពុងនាំទៅរកភាពវឹកវរនេះ។
«រឿងចាស់ទេ បងរឿងចាស់យូរហើយម៉េចទៅវិភាគអ៊ីចឹងទៅវិញ!»
ហាន់ដាក្តាប់មាត់ជាមួយវិប្បយោគសៅហ្មង។ នាងងក់ក្បាលព្រមនិយាយតាមសម្រួល៖
«ប្រាប់មក គេនៅឯណាឥឡូវនេះ?!»
វុធអេះអុញ ញីក្បាល។ នារីនេះងក់ក្បាលទាំងសៅហ្មង៖
«មិនប្រាប់! បានតើ! ខ្ញុំចេញពីកោះនេះ បងវុធឯងផ្តាំគេផង ទោះហែលទឹកឆ្លងទៅ ក៏ខ្ញុំទៅ មិននៅឱ្យឃើញមុខគេទៀតដែរ!»
«កុំៗៗៗៗ! កុំធ្វើអ៊ីចឹងបងហាន់ដា ខ្ញុំប្រាប់ណា ខ្ញុំប្រាប់!»


