រឿង៖ បេះដូងមេគង្គ ភាគទី២៨

ប្រចណ្ឌបង

នៅលើជ្រោយចុងបង្អស់នៃដែនកោះស្រស់ប្រផូរ ព្រះអាទិត្យ​រក្សាពន្លឺនៅទីនេះ​យូរជាងទីដទៃ​ព្រោះវាជាពយចុងកោះ ស្ថិតនៅទិសបស្ចិមក្បែរព្រៃរបោះតូច ​ក៏ជាទួលមួយ​រារាំងកោះបេះដូង​ជាមួយច្រាំងខ្ពស់ចោត។

អាហារពេលយប់ត្រូវបាន​រៀបចំឡើងដោយ​តុផ្តៅ​និងកម្រាលប្រណីត​ ត្រីប៉ាស៊ីអ៊ី រុក្ខជាតិហូបផ្លែដែនមេគង្គ អមជាមួយ​ស្រាជនជាតិ​ដាក់ក្នុងពែងបុរាណ។

គ្រប់យ៉ាង​សក្តិសមណាស់ជាមួយ​ត្រកូលអ្នករកស៊ីសណ្ឋាគារផ្កាយ៥ច្រើនជំនាន់មកហើយ។ គ្រួសារនេះចង់បាន​បដិសណ្ឋារកិច្ច​នៅឯណា​ ទីនោះនឹង​ក្លាយជាស្ថានសួគ៌​ភ្លាមៗ។

គ្មានអ្វីរហ័ស​និងមាន​អំណាចជាងទឹកប្រាក់ទៀតនោះទេ។

គីម៉ាល់អង្គុយចុះ​លើកៅអី​ដោយ​ក្រឡេកមើលអាវវាលស្មានៃ​លោកជំទាវ​ស្រស់ស្អាតបំផុត​នៅពីមុខខ្លួន។ នារីភា​​ស្អាតគ្មាន​បវរកញ្ញា​ ឬដួងតារាណាម្នាក់នៅឌូបៃអាចផ្ទឹម​នឹងនាង​បានទេ។ អាវរ៉ូបក្រហមចោមពុមរបស់​នាង​ហោចណាស់ក៏មាន​តម្លៃរាប់ពាន់លុយអាមេរិកដែរ តែ​ស្មានាង បានដាស់ចិត្ត​ប្រុសម្នាក់នេះនឹកឃើញ​តែស្នាម​ថើបរបស់គេ​លើសន្លឹកស្បែក​ត្រកាលត្រកុំនៃភរិយាតូចរបស់ខ្លួន។

«What do you want Kemal?»

ទ្រួងគេនឹកឆឹប ដល់សំឡេងសួរ​ខ្សឹបៗរបស់នាង​ ដែលម្តងណា ហាស្តី​លាយឡំជាមួយខ្យល់ដង្ហើមស៊ិចស៊ី​     ហត់ៗ  ជ្រៀតសន្ធឹកបេះដូងក្តៅគគុក ​ឆ្លង​ចូលសព្វសរសៃឈាម។

«អ្ហះ? ប្រាប់មើល៍? ​រករឿងម៉េះ? What do you want?!»

«You»

គេ​ដៀងភ្នែកសម្លឹងជ្រុងតុ និងពន្លឺភ្លើងទៀនដោយទឹកមុខ​ក្រហមង៉ូវ នឹកដល់រាត្រីកាលបន្តិចទៀត​ដែលនឹង​អាលបានត្រកង​ឌឺដងឱបស្រីស្រស់ពេញរង្វង់ដៃ។

អាការៈនេះ​នាំឱ្យនារី​ភាញញឹម​តាម។

«ស័កសើចអីហ្នឹង មិនចែកគ្នាសើចផង!»

គីម៉ាល់ដកអារម្មណ៍មកវិញ ហើយជាបណ្តើរៗទឹកមុខនាយ​វិលមកស្មើធម្មតា។

«យើងញ៉ាំបាយនិយាយគ្នារឿងការងារ មិនចាំបាច់រ៉ូមេនទិក ភ្លើងទៀនអីទេ​ជំទាវ!»

នេះនាយ​មិននិយាយដល់អាវ​រោលរាលរបស់នាងផង។

នារីនេះមិនMake Upដូចរាល់ដងទេ។ នាង​ចង់ប្រាប់ថា​នាង​ស្គាល់ចិត្ត​ខាងប្រុសច្បាស់។ គេចូលចិត្ត​នាង​ដែលមិនមាន​ក្រែមម្សៅមួយល្អងណា​ ហើយបើនាង​ធ្វើតាម ​គេនឹង​ថ្នាក់ថ្នមនាង​ដូច​បុប្ផាសួគ៌ឬទេពធីតា​ក្នុងរឿងនិទាន​។

គ្រប់យ៉ាង​កន្លងហួសយូរណាស់ហើយ​តែនាង​នៅចងចាំគ្រប់ស្នាមថើប ​និង​ហត្ថាពេញដោយមន្តស្នេហ៍​របស់បុរសនេះ។​ ឥឡូវនេះ គេនៅចំពោះមុខ​នាង​ហើយ​រាត្រីនេះ​នាង​សង្ឃឹមជានិច្ច​ថា​អាចប៉ះប៉ូវរឿងរ៉ាវកាលពីជាង៨ឆ្នាំមុនវិញបានដោយពាក្យមួយ «រងើកភ្លើងចាស់!»។

នារីភាញញឹមពេលដៃបុរសនោះចាក់សុរា។​ គេនេះ​សឹងថាញ៉ាំស្រាជំនួសទឹកទៅហើយចាប់តាំងពីគេបាត់បង់នាង​។ ​ទោះគេផ្លាស់ប្តូរ​ចាស់ជាងមុនឆ្ងាយ សឹងម្ភៃឆ្នាំពីអតីតកាលរបស់គេ តែនាង​នៅតែ​ចង់បានដៃនេះមកថ្នាក់ថ្នមប្រាណសារជាថ្មី។

«ស័ក!»

«ហៅខ្ញុំថា​គីម៉ាល់!»

«ខ្ញុំមិនធ្លាប់ទេ!»

«នេះជារឿង​ដែលមិនពាក់ព័ន្ធធ្លាប់មិនធ្លាប់ទេជំទាវ វាជាការពិត! អាស័កស្លាប់បាត់កាលពី៨ឆ្នាំមុនហើយ!»

នាង​ព្រិចភ្នែក​បង្ហាញទុក្ខព្រួយ។

«បងនៅខឹងបានន័យ​បងនៅនឹកឃើញ! អូនត្រេកអរ!»

គីម៉ាល់សើចស្ងួតខ្លី។​ គេមិនឆ្លើយឆ្លងលើប្រធានបទនេះទៀត​ព្រោះ​មិនចង់វែងឆ្ងាយ​ជាមួយនាង​។ ដៃម្ខាងលើកស្រាក្រេប​ភឹង ដៃម្ខាងគេទម្លាក់ចុះសន្សឹមៗ ​គេនិយាយ​ដោយ​ភ្នែកសម្លឹង​ម្ហូបម្ហា​រៀបចំយ៉ាងវិចិត្រ ៖

«​និយាយរឿងពិសិដ្ឋ​ទាំងអស់ប្រាប់ខ្ញុំ!»

«ងាយម៉េះ?!»

នារីអាវក្រហមឆ្លើយខ្លីៗទាំងលើកកែវស្រា​ផឹកតាម។

«ចង់បានអី?!»

«ចង់បានសង្សារសំណព្វរបស់ខ្ញុំត្រឡប់មកវិញ!»

គីម៉ាល់ងើបមុខសម្លឹងនាង​។ នារីនេះក៏ញញឹម​សម្លឹងនាយ​មុតៗដោយបើកចំហ។ នារីភា​បង្ហាញស្នាមខួចលើថ្ពាល់ទាំង​សងខាងជ្រៅៗ ជាថ្ពាល់ដែលធ្លាប់​ទាញស្រូប​បេះដូងនាយ​យ៉ាងរឹងមាំកាលពីអតីតកាល។ គីម៉ាល់ចំហមាត់គ្រលាស់អណ្តាតឌឺដងទៅនឹងកែវភ្នែក​សិចស៊ីរបស់នាង​ គេពិតជា​ឌឺទំនងណាស់​ល្មមឱ្យនារី​ភា​លង់សឹង​ស្ទុះមកក្បែរកណ្តាលចំណោមបាន។

បុរសសួរ​ទាំងញាក់ស្មា៖

«ជំទាវស្អាតកម្រិតនេះ ម៉េចបានសង្សារដើរចោល?!»

នាង​ដូរទឹកមុខ​ហើយស្រពោន។​ នាង​គ្មានពាក្យឆ្លើយ​តែដៃនាង​រាវរកប្រអប់ដៃប្រុស​ នាងអង្អែល​ស្បែកដៃគេ ​សូម្បី​តែបន្តិចបន្តួចណាក៏អស់ចិត្តដែរ។

ស្ត្រី​អភិជន​វាចា​តិចៗ៖

«គេយល់ខុសចំពោះខ្ញុំ! គេខឹង តែខ្ញុំនឹកគេណាស់​នឹកសឹង​ផុតដង្ហើមម្តងៗ! ខ្ញុំប្រឹងរស់ក៏ព្រោះតែចង់សុំទោសគេ!»

គីម៉ាល់មិនបានដកដៃចេញទេ ព្រោះស្នាមប៉ះរបស់នាង​មិនមាន​ឥទ្ធិពលអ្វី​មកលើអារម្មណ៍​របស់គេ​ស្រាប់ហើយ​។ បុរសនិយាយ​ទាំងភ្នែក​ស្រទន់សម្លឹងការប៉ះពាល់របស់នាង​៖

«ហើយជំទាវគិតថា បើខ្ញុំដូរខ្លួនប្រាណកំដរ​ជំទាវយប់នេះ ខ្ញុំបានដំណឹងពិតទាំង​អស់​​ពីប្អូនប្រុសខ្ញុំមែនដែរអត់?!»

នាង​ដកដៃចេញព្រោះកំហឹង​។ គេនេះប្តូរហើយ ប្តូរហួសពេក ​ប្តូរដល់ថ្នាក់នាង​ទទួលយកសម្តីមាក់ងាយរបស់គេមិនបាន ទោះបេះដូងត្រូវការគេកម្រិតណាក៏ដោយ។

ជាមួយកែវភ្នែកនិងទឹកមុខឈឺចាប់របស់នាង គីម៉ាល់ញញឹម​ឌឺដងបន្ថែមជាមួយ​ប្រយោគ​មិនថមថយ៖

«​ខ្លួនប្រាណមាន សម្រាប់អ្នកចង់បាន តែបេះដូងអត់មានទេ! សម្រាប់តែប្រពន្ធខ្ញុំ! ហាន់ដា! ពេលណា​ក៏ដោយ​ នៅឯណាក៏ដោយ ខ្ញុំនឹកគេតែម្នាក់ ឃើញស្រីណាក៏ខ្ញុំនឹកគេ ដៃអ្នកណាប៉ះខ្ញុំអត់អារម្មណ៍ទាំងអស់ជំទាវ ព្រោះ អារម្មណ៍ដែលស្លាប់របស់ខ្ញុំ វាកម្រើកឡើងមកវិញតែជាមួយ​គេម្នាក់ប៉ុណ្ណោះ​ជំទាវ! ខ្លួនប្រាណ​ដូច​គល់ឈើនេះ បើលោកជំទាវត្រូវការ មានអី! និយាយថ្លៃដោះដូរមក! ខ្ញុំស្តាប់ទំនង ថារឿងប្អូនខ្ញុំពិតប្រាកដ ​ខ្ញុំនឹងសងទាំងថ្លៃដើមទាំងការ អានេះបើលោកជំទាវត្រូវការ​! តែស្រាពីរបីកែវហ្នឹង ខ្ញុំសងលោកជំទាវ​បានគ្រប់ហើយ កុំភ័យ!!!»

គេនិយាយទាំងគោះដៃលេង​មិនរវល់នឹង​កែវភ្នែកឈឺចាប់សឹងស្រក់ឈាម​របស់នាង​ឡើយ។​ បុរសឃើញសញ្ញា​អ្វីមួយ​នៅជ្រុងតុ គេដៀងទៅមើលអេក្រង់ទូរសព្ទខ្លួន។ វាជាសញ្ញា Tracking បង្ហាញ​ថាប្រពន្ធសម្លាញ់កំពុងមាន​វត្តមាន​នៅក្បែរៗនេះ។

គេងាកសម្លឹងរំពៃ​ជុំវិញ​យ៉ាង​រហ័ស ជាមួយ​សន្ធឹកបេះដូង​បង្គាប់ឱ្យច្រាស់ច្រាល់ថា​ហេតុអ្វីនាង​មកដល់កន្លែងនេះបាន?

នាង​គិតបែបណា​ពេលឃើញខ្លួន​នៅក្នុងសភាព​រ៉ូមេនទិករបៀបនេះ?

ស្រីស្អាតឈរប្រមាណ​ជា១៥ម៉ែត្រប៉ុណ្ណោះពីកន្លែងពួកគេ​។ ហាន់ដា ឈរស្កុបទាំងដៃកាន់ទូរសព្ទ តែនាង​មិនដឹងឡើយថា​ឧបករណ៍នេះ​ប្តីនាង​បាន Track រហូត​មិនថានាង​ទៅទីណា។

គីម៉ាល់ក្រោកឈរសន្សឹមៗ​ធ្វើឱ្យជំទាវនារីភា​ងាកទៅរកប្រភព​ដែលធ្វើឱ្យប្រុសសង្ហារំជួលអារម្មណ៍។ ស្ត្រីនេះខឹងណាស់ ព្រោះថា​ឋានៈរបស់ហាន់ដា​បានធ្វើឱ្យអង្គរក្សនៅខាងក្រៅមិនហ៊ាន​ឃាត់ឃាំងនាង​ឡើយ។

ពេលនារីភា​ផ្អែក​ខ្នង​ទៅនឹងបង្អែក​កៅអីព្រោះ​អ្វីៗទៅជាខូចការ ពីកន្ទុយភ្នែកនាង​ឃើញ​ប្រុសស្អាត​ដើរទៅរកភរិយា ចំណែកហាន់ដាមិនដើរតម្រង់ប្តីទេ គឺនាង​ដើរមករក​តុអាហារ​ទៅវិញ។

«បាយល្ងាចរ៉ូមេនទិកជួបជុំគ្រួសារ ម៉េចក៏មិនហៅសមាជិក​ឱ្យបានគ្រប់គ្នាផង!»​

សំឡេងនា​ងណែនណាន់ជាមួយ​ភាពអួលឈឺបន្លឺឡើង​ហាក់ប្រចែប្រចណ្ឌមិនសំចៃឡើយ។ នារីភា​ញញឹម​ព្រោះដឹងថា​ការប្លុងរូបថតចាស់ៗទាងនោះពិតជាមានប្រសិទ្ធិភាពមែន។

ប្រុសស្អាត​ដើរមកទាន់ដំណើរប្រពន្ធនេះ គេលូកដៃទាញកដៃនាងហាក់ចង់និយាយបកស្រាយអ្វី​តែនាង​ហាក់មិនចង់ស្តាប់ថែមទាំងមិនសម្លឹងមុខគេ។

«ម៉េចមិនចាំបងនៅផ្ទះ!»

«ខ្ញុំក៏ឃ្លាន​បាយ​ នឹក​ចង់ញាំអាហារ​របៀប Luxury ដែរតាស! »

នាងទាញកៅអីអង្គុយ​ទុកឱ្យប្រុសស្អាតនៅឈរក្បែរ​ៗទាំងងឿងឆ្ងល់។ ទោះយ៉ាងណា​កាយវិការឆ្លេឆ្លា​របស់​គេ នារីភា​ដឹងថាគេ​ទុកហាន់ដា ជា​ព្រះនាង​រួចទៅហើយ​។

ដោយចិត្តច្រណែន នាង​និយាយឌឺដង៖

«អត់ដឹងដែរ!​ ស័កអ្នករៀបចំ! ហើយមនុស្ស​ផុនគេ​អ្នកទៅហៅខ្ញុំមក! មិនដឹងថា​មានតែពីរនាក់អ៊ីចឹង​​ហើយបរិយាកាស​ប្រណីតអ៊ីចឹងទៀត ! Surpriseដូចគ្នា!»

ក្តៅសឹងផ្ទុះឱរ៉ាហើយ។ ហាន់ដាមិនដែលខឹងអ្វី​ស្មើពេលនេះវិនាទីនេះទេ។​ សំឡេងគេនាង​នៅចាំបាន។

«បងមានការងារធ្វើ!» «ហើយ​ល្ងាចនេះ ​បងមិនបានទៅញាំបាយទេ! ដាទៅផ្ទះពូផានជជែកលែងជាមួយប្រពន្ធគាត់ណ៎ា ​ចាំពេល​ចប់បងនឹងទៅ​រកនៅនុះ! ប៉ុណ្ណឹង​សិនហើយ​បងរវល់»

នាង​ងក់ក្បាល ខណៈខាងប្រុស​លើកដៃបញ្ជាឱ្យគេលើកកៅអីមកថែម ។

ដៃនាយ​ដាក់លើសក់ស្រីអង្អែលៗតិចៗឱ្យស្រន់កំហឹងនាង​ តែត្រូវនាង​រលាស់ចេញ​ត្រម៉ាំងត្រមោក។ ខាងប្រុសត្រូវញញឹម​ចំហមាត់ ដែល​ឃើញនាង​បញ្ចេញ​ឫកពាប្រចណ្ឌលើសក​ម្រិតហួសISOទៅហើយ។  ស្រឡាញ់ប្តីហួងហែងដល់ថ្នាក់ហ្នឹងហាន់ដា? ​សំឡេង​ខ្សឹបសួរក្នុងបេះដូងនាយ​។

សំឡេង​គ្រូពេទ្យឆ្លើយ​បែបគ្រលរៗអួលៗតបទៅនារីភាប​ព្រោះខឹង៖

«មែនតាស!! Surpriseណាស់ម៉ាក់ក្មេក!! Surpriseបំផុតនៀក! ហើយមើលចុះ ម៉ាក់ស្អាតនុះស្អាត អាវក្រហមវាលខ្នងទៀត! កូនថា ប្តី​កូននេះ​មុខតែមិនចូលចិត្តច្រើនជាង ​ព្រោះព្រឹកមិញ​អាវកូនស្រីចំហស្មាតែបន្តិច គេនេះ​​ដេញកូនឱ្យទៅដូរចេញ មនុស្ស​នេះ​យ៉ាប់!»

នាង​បូញមាត់​ក្រោមពន្លឺភ្នែកស្រទន់របស់ប្តី។​ ទឹកមុខគេ​ដែលសម្លឹងនាង​អាចបញ្ជាក់ថា បើនៅក្នុងបន្ទប់តែពីរនាក់សំឡេងឡុលៗនេះ​មុខតែត្រូវគេលេបបាត់ដល់ប្រអប់កន្លើតមិនខាន។
គេនៅឈរសម្លឹង​កាយវិការ​ច្រង៉េងច្រ៉ងាងដែលហាន់ដាចាប់បាយមកញ៉ាំលើចានខ្លួន ស្របពេលមានអ្នកលើកកៅអីម​កឱ្យ។

គេទាញមក​អង្គុយ​ច្រង៉ាងជើងក្បែរភរិយា​ ហើយ​លើកដៃស្តាំពាក់កនាង ​ឱនមើលរបៀប​នាង​ញ៉ាំបាយដែលធ្វើទាំង​ខឹង​។

«តិចៗ ប្រយត្ន័អួល!!» គេប្រាប់ខ្សឹបៗ ។

«បើស្លាប់ក្រែងមាន​អ្នកសប្បាយចិត្ត​ច្រើន!»

នាង​ឆ្លើយឌឺទាំង​ខឹង​ទាំងក្នាញ់។

សមនិងស្លាបព្រា​នាង​លូកទៅបេះត្រី​ដែលមានសាច់ផ្អែម​ល្មួត តែក៏ល្បីថាមាន​ឆ្អឹងច្រើនបំផុតដែរ​ធ្វើឱ្យ​បុរស​ភ័យ​ប្រញាប់​ដណ្តើមយកហើយនិយាយស្រាលៗថ្នមចិត្ត​នាង៖

«បងចាប់ឱ្យ​ហាន់ដា! យឺត!»

បានដូចចិត្ត​នាង​ពន្លែងសមនឹងស្លាបព្រា​ឱ្យទៅគេ​ហើយ​ដៃទាំងពីរ​បែរមកថ្ពក់តោងហត្ថាប្រុសរកតែគេរើខ្លួន​ធ្វើអ្វីមិនបាន។

«ប្តីសម្លាញ់បេះឆ្អឹងឱ្យអស់ ព្រោះប្រពន្ធ​ធ្លាប់ឆ្លាក់ឆ្អឹង ហើយប្រពន្ធ​មុតឈឺ​យំច្រើនថ្ងៃសឹងអី!»

នាង​មាយាហើយ​ឌឺដង ធ្វើឱ្យគេ​ញញឹម​ស្មើៗហើយ ថែមពាក្យ​ប្តីសម្លាញ់ទៀត​ខាងប្រុស​រេភ្នែក​សម្លឹង​នាង​ទាំង​អារម្មណ៍​ហោះហើរ។

នារីភាក្របួចមាត់ខឹង ម្តងងាកមុខចេញមិនចង់ឃើញ ម្តង​ងាកមកវិញ​ធ្វើមុខមាំនិងហាក់រិះគន់​សកម្មភាព​រោលរាលនេះ​តាមពន្លឺភ្នែក​គ្រាន់តែមិននិយាយស្តី។

«តោងជាប់ចឹង បងដួសកើតដែរ?!»

«មិនបាច់ដួសទេ! អត់ឆ្ងាញ់ផង! អូនលែងចង់ញ៉ាំ! មានអារម្មណ៍ ថាប៉ាស៊ីអ៊ីថ្ងៃនេះទៅជាអត់ជាតិមិនដឹងមកពីស្អីហ្នា៎​​គ្មានជាតិសោះ!»

ប្រុសស្អាតញញឹម ទម្លាក់សមស្លាបព្រាចុះ​ហើយបន្ទោស​តិចៗ៖

«ឈប់កូរឮនៅ? តោះ​ទៅញ៉ាំនៅផ្ទះ នៅក្នុងបន្ទប់យើង​ធានាថាមានជាតិ!»

ស្រីស្អាត​ឃើញ​នារីភាក្រោកចោលកៅអី ទាំងក្តៅក្រហាយ​។​ ដោយ​ចិត្តប្រចណ្ឌ នាង​នៅមិនទាន់សម្អាតបានអារម្មណ៍​ចង់ឈ្នះ ហាន់ដាស្រែក​តាមពីក្រោយ៖

«ម៉ាក់ឈប់ញ៉ាំហើយ?​ មានអារម្មណ៍​អត់ជាតិ​ដូចកូនដែរហ្មែន?!»

«បាន! សម្រាកដុកទ័រ! លេងម៉េះអ្ហះយើងហ្នឹង?»

បុរសនេះ​ខ្សឹបៗដាក់ថ្ពាល់នាង​លាយជាមួយស្នាមថើបតិចៗ។ ​នាង​ងើបមុខ​យឺត​ៗ និង​លែងដៃពីនាយ​។ គេប្រុងឱនមកទៀត​សម្រន់កំហឹង​លើផ្ទៃមុខនាង​ តែត្រូវស្រី​រុញមុខចេញទាំងខឹងមិនទាន់បាត់។

«សង្សារចាស់ដើរទៅហើយ មិនទៅតាមលួងគេ?!»

ថាហើយនាង​ក្តិច​ស្មាបុរសនេះខ្លាំងៗ ខណៈគេនៅទ្រាំមិនស្រែក​ហើយ​សម្លឹងមុខនាង​ញឹមៗ។

«ឮអត់ គីម៉ាល់ ទៅតាម​មនុស្ស​ជាទីស្រឡាញ់របស់ខ្លួនទៅ ឮនៅ?!»

«មនុស្ស​បងស្រឡាញ់នៅនេះ! បងកំពុងបីយកទៅផ្សំដំណេក!»

នាង​ភាំងៗនឹង​សម្តី​គេ​។

​ទើបមក​នឹកឃើញ​ថា ​យើងមិនដែលប្រគល់ខ្លួនប្រាណ​ឱ្យគេសូម្បីម្តងនៅឡើយ​នាង អាងអីមកចេញ​ចរិត​ប្រចណ្ឌ​ ហើយ​រំអុកកូរពេញកោះ ដោយសារ​រូបថតប៉ុន្មានសន្លឹក។ មនុស្សប្រុស​នេះក៏ស្រាប់តែចិត្តធ្ងន់ មិនត្រឹមមិនតបតនឹង​កាយវិការ​ឆ្គាំឆ្គង​របស់នាង សូម្បីតែបង្ហាញការ​ខ្វល់នឹង​អារម្មណ៍ម្តាយ​ចុងគេបន្តិចក៏អត់។

ហាន់ដា​នៅភ្លឹកសម្លឹងកែវភ្នែកប្រុសស្អាត។

គេញញឹមចុងមាត់តិចៗសម្លក់នាង​វិញ​ ជាសញ្ញាថាមនុស្ស​រករឿង​ដូចនាង ​សមនឹង​ទទួលពិន័យហើយ​។         គីម៉ាល់ បីនាង​ឡើងហើបជើងពីកម្រាលស្មៅ….

គីម៉ាល់ដាក់ខ្ញុំចុះ!

រាត្រីស្នេហ៍

បុរសបីនាងបណ្តើរញញឹម​សម្លឹងផ្ទៃមុខរាងពងក្រពើ ដែល​ធ្វើភ្នែក​ក្រឡង់ៗសម្លឹងមុខនាយ។ ដៃហាន់ដាទន់ល្វក់ឱបកស្វាមី​ទាំង​បបូរមាត់ក្តាប់ខឹង។ មាត់នាង​មាន​ផ្ទៃទ្រលុកទ្រលន់ស័ក្តិសមនឹង​ច្រមុះ​រលោងព្រឿងៗ សម្លឹងពេលណា​សម្រាប់គីម៉ាល់នៅតែជាគោលដៅ​ដែលមាត់នាយ​ចង់ប៉ះពាល់បំផុត​និងគ្រប់ពេលវេលា​។

«មិញអ្នកណាប្រចណ្ឌ?!»

គេសួរខ្សឹបៗ នាង​តបវិញ​រ៉ាវ៖

«ឥឡូវក៏នៅតែប្រចណ្ឌ!»

«ហើយគិតធ្វើម៉េចអ៊ីចឹង?!»

បុរសឆ្លើយទាំងញញឹម​បានចិត្ត។​ នាងរលាស់ខ្លួនប្រុងចុះ តែ​ដោយសារ​ខាងប្រុស​ផ្តល់នូវអារម្មណ៍ល្អជាមួយនឹងកែវភ្នែកភ្លឺថ្លា បបូរមាត់​ញញឹម​ស្រស់ស្រាយ​ពេលនាងនៅដំអក់លើហត្ថនាយទាំងតម្អូញ៖

«មានសង្សារ​ចាស់ស្អាតខ្លាំង ពាក់អាវក្រហមវាលខ្នង​ ក៏​តាំងចិត្ត​ចេញមក​ ទុកប្រពន្ធចោល​នៅផ្ទះ!»

នាងក្តិច​នាយឈឺៗ ​បន្តខ្ញាំក្តិច​ចុះឡើងរហូតដល់ទ្រាំលែងបានខាងប្រុសព្រមាន៖

«ទម្លាក់លើស្មៅ ប្រដៅកណ្តាលវាលឥឡូវហើយហាន់ដា!»

នារីនេះឈប់ដៃ តែ​មាត់នាង​​មិនបាន​ឈប់ភាពអួតអាង​យ៉ាង​ទន់ភ្លន់និងភ្លឺរលោងទេ បណ្តាលឱ្យប្រុសចិត្ត​ដែកឯណាក៏មក​ទ្រាំមិនបានដែរ។ ​ប្តី​ដាក់នាង​ចុះ ហើយ​រេភ្នែក​សម្លឹង​ជុំវិញ។

ទីនេះជាជាយព្រៃរបោះ។ មេឃងងឹត​លាយបញ្ចូលគ្នាជាមួយ​ផ្លេកបន្ទោរ​ផ្គរគ្រហឹម​ហាក់ជូនពរដ៏រីករាយដល់ការស្គាល់ចិត្ត​ស្គាល់ថ្លើម​នៅតែបន្តិចទៀតអាចនឹង​ស្គាល់រាងកាយគ្នាហើយ​។

បុរសក្រសោបចង្កេះ​ដោយដៃម្ខាង ហើយទុកដៃម្ខាងទៀត​ផ្ទប់ខ្នងនាង​មកទល់នឹង​រាងកាយ ​ចំណែកមាត់នាយ​គឺកំពុង​លោ​ទៅរក​សងសឹកទៅលើបបូរមាត់ដែលមុននិយាយស្តី​ឡុលៗ​ដាក់នារីភា ​ដូចមនុស្ស​ស្រវឹងស្រា​តាប៉ែដល់កម្រិត។

នាង​ដឹងខ្លួនណាស់ បានជាខំខ្ជឹបមាត់បិទជិត ធ្វើឱ្យខាងប្រុស​ញញឹមគ្រឺត ។ គីម៉ាល់និយាយដៀមដាម ​ដាក់ភ្នែកក្រឡិងក្រឡង់របស់នាងដែលខ្មៅក្រឹបក្រោមស្បៃរាត្រីកាល៖

«ហាមាត់ហាន់ដា! ហាមាត់អូនសម្លាញ់! ​ប្តី​ចង់រាវរកឆ្អឹងដែលឆ្លាក់! អ្ហះ? មិញអូនបងពីរោះណាស់យើងហ្នឹង! ឥឡូវ​បិទមាត់ធ្វើស្អីអ្ហះ​ ដុកទ័រ​!»

នាង​គ្រវីក្បាលយ៉ាងញាប់។ កាន់តែគ្រវីខាងប្រុសកាន់តែរឹតដៃ ។ ​ចរិតនាង​មិនអាចធ្វើឱ្យប្តីម្នាក់នេះ​ទ្រាំឱ្យដល់ផ្ទះបានពិតមែន ណាមួយ​នាង​ជាបុស្បាដែលស្អាតខ្លាំងឡើងៗ​ក្នុងភាព​ងងឹត​ អាចនិយាយបានថា ផ្ទៃមុខមួយនេះ​ជាទស្សនីយភាពល្អឥតខ្ចោះបំផុតសម្រាប់បេះដូងគីម៉ាល់។

ខាងប្តីរមៀល​ប្រអប់បាតដៃ​ឆ្វេងមកលើលុះដល់ចង្កោមសក់ស្រីក្បែរគុម្ពត្រចៀក ដោយគ្មានខ្វល់អ្វី​នឹងការបដិសេធរបស់នាងឡើយ។  មួយប៉ប្រិចភ្នែកប៉ុណ្ណោះគេដណ្តើមបានការ​ដកដង្ហើមរបស់នាង ហើយចាប់ផ្តើមបន្តជីវិត​ទៅមុខដោយប្រើខ្យល់អុកស៊ីសែន​តែមួយជាមួយគ្នា។

នាង​ផ្អៀងក្បាលទៅតាមការបង្ខំថើបនេះ រហូតដល់ជើងចំជំទើតតទល់ទៅនឹងកម្ពស់របស់គេ។ វាដូចជារាងកាយរបស់នាងកំពុងតែ​ក្បត់ការតាំងចិត្ត​ ហើយ​ជម្នះធ្វើសកម្មភាពដោយគ្មានការអនុញ្ញាតពីខួរក្បាលនាងសោះ ចប់ហើយហាន់ដា។

ដៃនាង​ទាំងពីររុញស្មាបុរសនេះចេញ ខណៈដៃនាយ​នៅមានៈ ក្រសោបនាង​ជាប់ កុំថារបូត​សូម្បីរេចេញពីមាត់គេតែបន្តិចក៏គ្មានផ្លូវ​ដែរ។

នាង​គោះស្មាគេម្តងហើយ​ម្តងទៀត ​សង្ឃឹមបុរសនេះដឹងខ្លួនមកវិញថានេះ​នៅកណ្តាលវា ក្រោមលំហមេឃ​ប៉ុន្តែនៅពេលដែលបបូរមាត់ខាងប្រុស​ដែលនាង​បានលង់ចិត្តជាយូរមកហើយ​រេចុះឡើងថ្នាក់ថ្នមចង្វាក់ដង្ហើមជាមួយនាង  ក្លិនខ្លួនគេ ឈាមជ័រនិង​គ្រប់យ៉ាង​នៃរាងកាយគេ​ហាក់កំពុង​ក្លាយមកជាកម្មសិទ្ធចែករំលែក​ជាមួយនាង ​ដែលជា​ចំណីពិសេស​បំផុតមួយ​ឱ្យខួរក្បាលរបស់នាងស្លុតស្លុង​លែងរឹងមាំបាន។

ដៃគីម៉ាល់ទម្លាក់មករុំជុំវិញចង្កេះរបស់ហាន់ដា ព្រោះក្បាលនាង​លែងរើ​ លែងរេហើយ។ ដៃស្រីស្អាតរេឡើងផុត​ពីស្មាប្រុសម្នាក់នេះ ច្រវាត់រកគ្នានៅក្នុងសំណុំសក់ខាងប្រុសរហូតដល់គេ មានអារម្មណ៍ថា ម្រាមដៃរបស់នាងកំពុងរេរាំទៅតាម​ស្នាមថើបមួយនេះ។

ផ្គរគ្រហឹមប្រាវពួកគេនៅតែមិនកម្រើកចេញពីគ្នា​រហូត​ទាល់តែមេឃភ្លៀងខ្ជោល…..