រឿង៖ បេះដូងមេគង្គ ភាគទី២៩

រាត្រីភ្លៀងធ្លាក់

ទាំងពីរនាក់រត់គេចព្រះភិរុណមកដល់ផ្ទះទាំងប្រឡាក់ស្រមកនិងទទឹកជោកជាំ។ ដៃនាងម្ខាង​ស្ថិត​​ក្នុងប្រអប់ដៃគេ តែបេះដូងនាងផ្ញើនឹងទ្រូងបុរសនេះ​ទាំងអស់១០០ភាគរយទៅហើយ។

«ឆាប់លាងខ្លួន លឿនបំផុត កុំឱ្យរបួស​ត្រូវសើមយូរពេកនឹង​អាលគេ​លាងរបួសឱ្យ!»

នាង​និយាយទាំងឆ្លេឆ្លាងាករកប្រអប់ថ្នាំ។

បុរសដើរទៅសម្អាតខ្លួន ជាឱកាសនាងប្រមូលឯកសារនិងរូបថតទាំងប៉ុន្មាន​លាក់ទុកខាងក្រោមទូរទស្សន៍ចៀសវាងគេសួរនាំច្រើន ​ឬដឹងច្បាស់ថានាង​ខឹងស្រោចកំហឹងលើអតីតកាលរបស់គេ។

«ឮនៅ!! កុំឱ្យសើមដំបៅយូរ នាំឱ្យថ្នាំរាលរលាក!»

នាង​ស្រែកហៅផង ស្រវារកកន្សែងជូតខ្លួនផង។

ពីខាងក្រៅ​ផ្ទះនាងឃើញ​អ៊ុននិងវុធកាន់ឆ័ត្រអើតមកមើល។

ជាមួយសន្ធឹកភ្លៀង អ៊ុនស្រែកសួរ៖

«បងហាន់ដា ត្រូវការអីដែរអត់?!»

«អត់ទេ! សម្រាកទៅបង!»

គីម៉ាល់ត្រឡប់មកវិញដោយស្លៀកតែកន្សែងសក់ក្បាលទទឹកជោកចំណែកទឹកមុខ​​គេវិញស្រស់ប៉ប្រឹម។ នាង​រុញគេឱ្យថយទៅអង្គុយលើកៅអីឈើ នឹង​អាលបានរៀបរយរបួសឱ្យ​តែខាងប្រុស​ឈ្លីក្បាលស្រីស្អាត​ជាមួយ​ប្រយោគយកចិត្ត​ទុកដាក់៖

«ងូតទឹកផ្លាស់ខោអាវខ្លួនឯងសិនទៅ! តិចផ្តាសាយ!»

នាង​គ្រវីក្បាល​ហើយ​រុញ​គីម៉ាល់រហូតដល់អង្គុយ​បែរខ្នងខាងតែ​បានឱ្យនាង​លាង​របួសនិង​ជូតផ្តិត។

ម្រាម​ដៃស្រី​ដ្បិតតែស្ថិតក្នុងស្រោមដៃ​ពេទ្យ ​តែវាហាក់ដូចជាឱសថដ៏មានអត្ថន័យ ​សម្រាប់ជីវិតបុរសកំព្រា​។ ភ្លាមនោះគេ​នឹកឃើញ​រឿងរ៉ាវកាលពីរសៀល…..

កោះបេះដូងម៉ោង១រសៀល…..

វាជាពេលដែលអ៊ុននាំគីម៉ាល់មកដល់។ ពេលមកដល់ទីនេះតាមការស្នើនៃ​ក្រុម​ជនជាតិចិន​ដែលទទួលការងារស៊ើបពិសេស។

សម្រាប់ខ្លួន គីម៉ាល់បានរកឃើញ​ដាន​​សំខាន់ៗខ្លះតាមរយៈសាច់រឿង​កន្លងមកប៉ុន្មាន​ថ្ងៃនេះ  ហើយ​គេដឹងថា ក្រៅពី​គីម៉ាល់និងអ៊ុន ពួកចិនអ្នកស៊ីឈ្នួលស៊ើបអស់ទាំងនេះ​មិននិយាយ​នៅនឹង​មុខអ្នកណាទាំងអស់។

«មនុស្សម្នាក់មាន​ DNA ប្រភេទនេះ បាននាំយកសត្វ​ប្រចៀវភ្លើងមកពី​តំបន់ផ្សេង!​ សត្វនេះ​ជាអម្បូរកាច​តែវាមិនចូលចិត្ត​ប្រយុទ្ធជាមួយមនុស្សទេ!​ ហេតុតែវាកម្រោល ដោយសារតែគេបានដាក់វាបង្ខាំងក្នុងទ្រុងច្រើនម៉ោងពេក ហើយ​សត្វវាស្លឈាម​កើតក្តីពុះពោរចង់ប្រយុទ្ធ! មនុស្ស​នេះជាអ្នកថ្នឹកក្នុងការ​បង្វឹកសត្វសាហាវ ​ថែមទាំង​មានចំណេះដឹងផ្នែក​ថនិកសត្វច្បាស់!​ គេប្រយ័ត្នណាស់ពេលលែងវាម្តងៗ ​ប៉ុន្តែ​គេប្រហែសត្រង់ថា ​ពេលដែល​គេខំ​ពាក់ថ្នាំការពារខ្លួនឯង កុំឱ្យប្រចៀវ​ធុំក្លិនលើស្រោមដៃ ថ្នាំនោះ​ជាប្រភេទ​ថ្នាំពិសេស​ដែលមានតែអ្នកនៅមន្ទីរពិសោធន៍ប៉ុណ្ណោះ ទើបអាចមាន​មកប្រើ!​ ជនសង្ស័យ​ត្រូវបានយើងតាមដាន ​ហើយចុងក្រោយ​ស្រោមដៃមួយគូនេះយើងរកឃើញកប់ក្នុងដីក្រោយផ្ទះគ្រូពេទ្យនោះ គឺ​នៅទីរួមខេត្តស្ទឹងត្រែង! មនុស្សនេះ នៅជាប់DNAបន្សល់​ខាងក្នុងស្រទាប់ទីមួយ​នៃស្រោមការពារ! ជាជំហាន​ដំបូង​យើង​អាចសន្និដ្ឋានថា គេមានបំណងចង់សម្លាប់មនុស្ស​ទាំងអស់ដែលបានអង្គុយចាំនៅសាលប្រជុំក្រោមដើមជ្រៃ!»

«ហេតុអី? គេចង់សម្លាប់ខ្ញុំដែរ?​ អាម្នាក់នេះនឹងខ្ញុំ​ក្រៅពីស្រឡាញ់ស្រីមួយជាមួយគ្នា​ គ្មានគំនុំផ្សេងទេ ប៉ុណ្ណឹងសោះត្រូវធ្វើឃាតករដែរ? បានហើយ​ខ្ញុំយករបស់នេះទៅទូទាត់ជាមួយវាលើក្រចកសេះ!»

«អត់ទេ! ​នៅមានជ្រៅទៀត! លោកមកតាមពួកខ្ញុំ មាន​ទីតាំងមួយត្រូវបង្ហាញ​!»

គីម៉ាល់ត្រូវបានគេនាំ​ទៅដល់ល្អាងតូចមួយ។ ប្រសិនក្រុមស៊ើបមិននាំមក គេរកនឹក​មិនឃើញសោះថា លើកោះនេះ​តូចបែបនេះ មាន​ល្អាងជ្រៅបែបនេះឡើយ។

នៅក្នុងល្អាងសម្ងាត់ ក្រៅតែ​ពីកម្រាលថ្មនឹង​ការដក់ទឹកខ្លះ​មិនមាន​អ្វីច្រើនទេ ​ប៉ុន្តែ​ពួកគេបានបង្ហាញវីដេអូនៃមនុស្សបីនាក់ដែលបានមកដល់ទីនេះមុន ហើយជជែកគ្នាជាភាសាអង់គ្លេស។ ជនជាតិចិនបាននិយាយពន្យល់បន្ថែម៖

«មនុស្ស​ពីរនាក់នេះ​ អាចជាប់​សង្ស័យថា ជាមេក្លោង​ពីក្រោយការចង់ដាក់សត្វសម្លាប់ក្រុមលោក!»

គីម៉ាល់ផ្ទៀងស្តាប់សំឡេងក្នុងអាត់។

«យើងមិនចង់រង់ចាំទៀតទេ!​ សភាពការណ៍កាន់តែតឹងតែង ខាងអាមេរិក​ក៏មាន​ដាក់មនុស្ស​មកតាមដានពួកយើងស្អិត​ដែរ​ ការងារនៅស្រុកខ្មែរវែករកមុខ​អាចង្រៃនោះយូរពេកហើយនៅតែគ្មានបានការស្អីទាំងអស់!  គ្មានតម្រុយថ្មី! អ្វីៗរញ៉េរញ៉ៃឡើង!​ ដំបូង​សុងសក្តិឯងនិយាយថា​ បងប្រុសវាមកពីឌូបៃគ្រប់យ៉ាងនឹង​ងាយធ្វើការ ឥឡូវស្ងាត់ទៀត! យើងសម្រេចចិត្ត​មកដោះស្រាយបញ្ចប់ដោយខ្លួនឯង»

គីម៉ាល់ចងចិញ្ចើមព្រោះ​ខ្លួនស្ថិតនៅក្នុងពាក្យសន្ទនា​របស់ពួកគេ​ដោយរបៀបណា និងហេតុអ្វី​គឺជាសំណួរសំខាន់​នៅក្នុងពេលនេះ។

ស្រាប់តែក្នុងវីដេអូ គេឃើញ​គ្រូពេទ្យពុតត្បុតសុងសក្តិរាដៃឃាត់ពីរនាក់នោះរញីរញ័រ៖

«ជិតបានសម្រេចហើយ! ខ្ញុំគិត​ថាដល់ពេលហើយ! ​គ្រប់យ៉ាង​ដល់សេណារីយ៉ូចុងក្រោយ​ហើយ! ទុកពេលឱ្យខ្ញុំ១០ថ្ងៃ ១០ថ្ងៃទេ! បើពួកលោកបង្ខំពេកធ្វើឱ្យខូចការធំ ​ទទួលខុសត្រូវជាមួយមេដោយខ្លួនឯង!»

គីម៉ាល់មិចភ្នែកពិចារណា​។

ជនជាតិចិនចង់បញ្ចប់ការសង្ស័យ​នេះឆាប់ៗ ក៏ពន្យល់ឡើង៖

«២នាក់នេះសមាសភាពអាចជាពួកសង្គមងងឹត​មកពីត្រីកោណមាស​!​ ប្រវត្តិច្បាស់ពិបាកឆែកណាស់ តែក្រុមយើង​រកឃើញភិនភាគស្រដៀងខ្លះក្នុងឯកសារចាស់របស់យើង! ​យើងមិនធ្វើការនេះតទៅមុខទេ​ព្រោះមិនចង់បានលុយ​តិច​ហើយ​ទៅផ្សងគ្រោះថ្នាក់ធំប៉ះពាល់ជាមួយពួក​នោះទេ! យើងត្រូវការ​កិច្ចព្រមព្រៀង​ថ្មីជាមួយ​លោក ពិស័ក»

គីម៉ាល់សួរវិញភ្លាម៖

«បើចង់បានលុយថែម ខ្ញុំត្រូវការយល់សិនដែរ​ថា មានអីពាក់ព័ន្ធជាមួយខ្ញុំ ហេតុអីខ្ញុំត្រូវចាយលុយឱ្យពួក​លោកស៊ើបច្រើនម្ភៃដងទៀត?!»

ជនជាតិចិនញាក់ចិញ្ចើម​បកស្រាយ៖

«មានអីឆ្ងល់! មនុស្ស​នេះ ​អាគ្រូពេទ្យនេះ ចូលមកគ្រួសារ​លោកតាំងពី​មុនប្អូនប្រុសលោករៀបការម្ល៉េះ ក្រោយមកគេរៀបចំអន្ទាក់ឱ្យប្អូន​លោកមកកោះបេះដូង​លង់ស្រឡាញ់និស្សិតពេទ្យ​ឈ្មោះនីដា!​ គេនេះដដែលបាន​ចូលរួមជាមួយនីដាបង្កើតមជ្ឈមណ្ឌលព្យាបាលមនុស្ស​ជរា​និងក្មេង​វិកលនៅលើកោះនេះ! គេដដែលនេះបានចូលផ្ទះលោកជាផ្លូវការ​ក្នុងនាមគ្រូពេទ្យរបស់ប្អូនលោក ហើយ​គេពេលនេះដេកជាមួយ​ម្តាយក្មេកលោក​ តែតាម​ដណ្តឹង​ចង់បានប្អូនថ្លៃលោក​នីដាជាប្រពន្ធ ​ហើយធ្វើឱ្យម្តាយនាងគ្រួសារនាងពេញចិត្ត​គេ​ជាខ្លាំង​! ​រឿងទាំងអស់ ​ច្បាស់ណាស់គេមានបំណងអ្វីមួយចំពោះគ្រួសារលោក!»

គីម៉ាល់ដកដង្ហើមធំ​ឆ្លើយតប៖

«ទោះបែបហ្នឹង ខ្ញុំគ្រាន់តែចោទប្តឹងរឿងសត្វប្រចៀវភ្លើងនាំវាចូលទ្រុងក៏ចប់ទៅហើយ ហេតុអ្វីត្រូវចំណាយរាប់សែនដុល្លារទៀត​ចំពោះរឿងបន្ថែមគ្រោះថ្នាក់ដល់ខ្លួន?»

«ចុះពួកត្រីកោណមាស?»

«ខ្ញុំមិនចង់ពាក់ព័ន្ធ! រឹតតែមិនដែលមានអ្វី​ដែលគ្រួសារខ្ញុំទៅវាក់វិន»

«បើអ៊ីចឹងម៉េចក៏​វាមកដល់កោះនេះ ​ហើយ​ចង់លេងផ្លូវកាត់មុនគ្រូពេទ្យនោះ! ​នេះបានន័យ​ថា គ្រូពេទ្យសុងសក្តិ គ្រាន់តែ​ជាមនុស្ស​ជំនួស​! បើយើងរើមនុស្សជំនួសចេញ ​គង់តែមានមនុស្ស​ជំនួសច្រើនទៀត​បង្ហាញខ្លួន តែ​ឫសគល់ពិតគឺ​ក្រុមនោះ​ឯង!»

«ខ្ញុំមិនដឹង! ហេតុអី? ខ្ញុំគិតថា​គ្រួសារខ្ញុំមិនបានពាក់ព័ន្ធនឹង​រឿងខុសច្បាប់អាភឿនកញ្ឆាទេ មានអីពាក់ព័ន្ធជាមួយមនុស្ស​គ្រោះថ្នាក់ទាំងអស់នោះ! ចំណែកខ្ញុំ ខ្ញុំចេញពីស្រុកខ្មែរ​យូរហើយ ហេតុអ្វីមានពាក់ព័ន្ធជាមួយខ្ញុំ វីដេអូមិញ​វានិយាយពីរឿងខ្ញុំមកពីឌូបៃ តើហេតុអី?»

«ដូច្នេះ​លោកត្រូវ​ចំណាយលុយរកការពិតមុនពេលគ្រោះថ្នាក់ដល់ខ្លួន!»

ជនជាតិចិនចុចសារដើមនូវសព្ទសំឡេងចាស់ឱ្យប្រុសស្អាតដែលកំពុងតែ​ផ្ទៀងគិតនេះ ស្តាប់ជាថ្មីឡើងវិញ​ពីរបីទៀត៖

«……ដំបូង​សុងសក្តិឯងនិយាយថា ​បងប្រុសវាមកពីឌូបៃហើយ! គ្រប់យ៉ាងនឹង​ងាយធ្វើការ ឥឡូវស្ងាត់ទៀត! យើងសម្រេចចិត្ត​មកដោះស្រាយបញ្ចប់ដោយខ្លួនឯង»

«ពាក្យថា បងប្រុសវាមកពីឌូបៃហើយ គឺគេសំដៅលើប្អូនប្រុសលោកដែល​មិនទាន់មានដំណឹង បានន័យថា​ប្អូនប្រុសលោកជាអ្នកពាក់ព័ន្ធពួកត្រីកោណមាស!»

គីម៉ាល់ងើបមុខ​សម្លឹង​ជនជាតិចិនយ៉ាងមុត។

«លោកថាប្អូនខ្ញុំនៅរស់?»

«ខ្ញុំមាន​តម្រុយ តែរឿងនេះមិនមាននៅក្នុងកិច្ច​សន្យាយើងទេ​ខ្ញុំត្រូវការChargeលុយបន្ថែម!»

បេះដូងបងប្រុសកក្រើករំពើកព្រោះកង្វល់និងវិបត្តិ។

​ជាយូរមកហើយ គេបាន​ចាកចេញពីកម្ពុជា រកស៊ីចិញ្ចឹមជីវិត​ លាក់មុខប្តូរឈ្មោះ  គិតថាជាតិនេះ​នឹង​មិនពាក់ព័ន្ធនឹងអ្វីៗនៅទីនេះទៀត សូម្បីប្អូនប្រុសជំទង់ដ៏ស្លូតបូតទន់ខ្សោយរបស់គេ​ធំធាត់ឡើងដោយវិធីណា ​សេពគប់អ្នកណា មានបញ្ហា​អ្វី ក៏​គេមិនដែលខ្វល់ទេ។

ពេលនេះគ្រប់យ៉ាងកំពុង​ចាក់កំទេចបេះដូងគីម៉ាល់។ គេបន្ទោសខ្លួនឯង​ថា មកពីគេ ​ដែលបានបោះបង់ក្រុមគ្រួសារចោល ដោយ​សារជ្រើសយក​សេចក្តីមានៈជារបាំងមុខ។

មនុស្សជំនិតឈ្មោះអ៊ុនឱនមកខ្សឹបៗ៖

«បង! កាលនៅលើទូកបងឱ្យអាវុធស៊ើបទៅឌូបៃ ឆែក SMS របស់បងសិដ្ឋ! ​មិញវាផ្ញើរបាយការណ៍មកថា ​ជាសំឡេងក្លូនទាំងអស់បង! បងសិដ្ឋមិនបាន​ផ្តាំបង​ឱ្យមើលថែបងហាន់ដាទេ។ គាត់មិនបាននិយាយពាក្យអស់ហ្នឹងទេ! គ្រប់យ៉ាង​ជា SMS Fake! ដែល​យើងមកនាំគ្នាត្រឡប់មកភ្នំពេញ គឺ​នៅក្នុងការ​Set Up របស់គេ!»

គីម៉ាល់ដៀងភ្នែកសម្លឹង​អ៊ុនរួចក្រឡេកមកជនជាតិចិនក្មេងៗនេះម្តងម្នាក់ៗ។ ក្រុមនេះមកពី Agency សម្ងាត់ល្បីឈ្មោះ​លើឆាកអន្តរជាតិ តាមថាគេអាចមានតម្រុយពិតច្រើនជាងការបន្លំ។ គីម៉ាល់ស្រដីតិចៗ៖

«ទោះតែរឿងនេះមិនមាននៅក្នុងកិច្ច​សន្យាយើង តែ​​ខ្ញុំត្រូវការច្បាស់បន្តិចទៀតមុនពេល​សម្រេចចិត្ត​ចំពោះការ​ឱ្យ​លុយបន្ថែម! ឆ្លើយនឹងខ្ញុំច្បាស់សិន ​ប្អូនខ្ញុំនៅរស់ឬស្លាប់?»

ចិនងាកមើលមុខគ្នា។ អ៊ុនដែលឃើញដូច្នេះ​ក៏និយាយបន្ថែម៖

«មេខ្ញុំមិនខ្វះលុយឱ្យទេ តែចាយលុយក៏ត្រូវគិតដែរ! បើឯងនិយាយលឹបល អ្នកណាទៅភ្លើឱ្យលុយថែម!»

«៧០ភាគរយ ពិសិដ្ឋនៅរស់! គេប្រហែលជាគេចទៅកន្លែងណាមួយ ដោយ​ប្រើពាក្យថាស្លាប់!»

ចិននិយាយតិចៗ ហើយងក់ក្បាល​ផ្ងក់នៅចំពោះមុខ​កែវភ្នែកតក់ស្លុតរបស់គីម៉ាល់។

ទ្រូងប្រុសសឹងរយះពេលដែលនឹកឃើញសម្តីនារីភា «ពិសិដ្ឋមិនទាន់ស្លាប់ទេ!» សម្តីរបស់ហាន់ដា «សណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារទាំង៦​មានរឿងក្រោមតុខ្លះ ដែលធ្លាប់បង្ខំចិត្ត​ត្រូវដោះស្រាយ!​ ហើយ​បើពួកស៊ើបឯកជន​មករកការពិតឃើញ នឹងប៉ះពាល់ដល់គ្រុបទាំងមូលបាន!» ស្រីល្អិតម្នាក់នេះទំនងណាស់ថាដឹងរឿងពិតរបស់ពិសិដ្ឋ​។ នាងរៀបការ​ចូលមកគ្រួសារនេះ ព្រោះតែល្បែងរបស់សុងសក្តិដែរ​ ឬមួយ​នាង​ជាកូនអុកមួយ។

«ខ្ញុំឱ្យលុយ​! ខ្ញុំចង់ដឹងថា ប្អូនខ្ញុំនៅឯណា? ការពិត​របស់ពួកត្រីកោណមាសជាមួយគ្រួសារខ្ញុំ មាន​ស្អីខ្លះ?»

ចិនញញឹម​ចាប់ផ្តើមបើក Laptop សរសេរកិច្ចសន្យា ។

«ឯងរៀបចំលុយកក់វេរទៅឱ្យគេអ៊ុន!»

នាយងាកទៅបញ្ជាអ៊ុនដែលកំពុងស្លេកស្លាំងមុខ។ ចំណែកជនជាតិចិន​ម្នាក់ទៀត​ញញឹមរាក់ទាក់ពេលបានទទួលការងារធំលុយច្រើន។ ​គេលូកដៃមកចាប់ដៃនាយ​។​ គីម៉ាល់លូកទៅយឺតៗ ចាប់ដៃ​តបវិញ។

«សហការរីករាយ!» ចិននោះនិយាយ។

«ខ្ញុំចង់បានថែម! សេវាកម្មការពារខ្ញុំនឹងប្រពន្ធខ្ញុំ ! ហាន់ដា ឬនីដា​ដែលមុននេះពួកលោកហៅថា ប្អូនថ្លៃខ្ញុំ! ម្សិលមិញខ្ញុំរៀបការជាមួយគេហើយ! មួយទៀត ខ្ញុំចង់ដឹងថា​ប្រពន្ធខ្ញុំជាកូនអុករបស់គេ ​ឬមានចំណែក​ជាមួយពួកត្រីកោណមាសដែរ!»

«បាន! ដំណឹង​នេះនឹងមកដល់មុនគេ»

គីម៉ាល់ច្រត់ចង្កេះ​ពិចារណា​យ៉ាង​តឹងតែង ក្រោមកែវភ្នែក​ភ័យ​ព្រួយរបស់អ៊ុន។ មនុស្សជំនិតម្នាក់នេះ ដឹងថា ចៅហ្វាយខ្លួន​ស្រឡាញ់ស្រីសិចស៊ីនោះកម្រិតណា សឹងអាចស្មើនឹងជីវិតនៅសល់ទាំងអស់​របស់គេ។

ទីបំផុតគីម៉ាល់ងើបមុខ​ហើយ​និយាយបញ្ជាក់៖

«ទោះនាងជាអ្វី កុំចាត់ការអីឱ្យសោះ​!​ ទុកឱ្យខ្ញុំដឹងសិន! ​ការសម្រេចចិត្ត​លើវាសនា​ស្រីម្នាក់នេះ​ត្រូវតែ​ជាបញ្ជាពីខាងខ្ញុំទៅ!»

ចិនសើចក្អាកក្អាយ។ គេយល់ពីទុក្ខស្នេហ៍ក្នុងទ្រូងមហាសេដ្ឋីឌូបៃ ។​ គេឱនគោរពហើយឌឺដងឡូឡា៖

«លុយជាមេ! លុយជាចៅហ្វាយ!​ អ្នកណាមានលុយច្រើន​អ្នកហ្នឹងជាមេកោយខ្ញុំ!»

ដកអារម្មណ៍មកវិញ គេរេភ្នែកសម្លឹងតូចតន់ដែលកំពុងតែរៀបចំប្រដាប់ប្រដាពេទ្យទុក។

«ជាថ្នូរហាន់ដានឹងស៊ីញ៉េអេតាស៊ីវិល​ សន្យា​នៅក្បែគីម៉ាល់រហូតទៅ!» «ព្រោះតែលាក់កំបាំងឧក្រិដ្ឋកម្មរបស់ខ្លួន ​បក្សពួកខ្លួន​ ស្អីក៏ហ៊ាន​ធ្វើដែរ!» «អត់ទេ! ព្រោះហាន់ដាស្រឡាញ់គីម៉ាល់តែប៉ុណ្ណឹង!»។

នាង​ងើបមុខមកវិញ ប៉ះចំកែវភ្នែក​ស្រពោននិងល្ហល្ហេវរបស់ប្តី។ មនុស្ស​នេះ​បានលាក់ទុកអាថ៌កំបាំងជាច្រើននៅក្នុងការសម្លឹងរបស់គេ។ នាង​មានអារម្មណ៍​ភ័យៗហើយ​ឆ្គងៗ ម្ល៉ោះហើយ​ស្រី​ធ្វើជាងាកមុខចេញកុំឱ្យគេ​ឃើញ​ភ្នែក​ភិតភ័យ​របស់ខ្លួន។

«ចាំបន្តិច​ណា៎ខ្ញុំទៅដួសបបរមក!»

ដៃគេ​លូកអង្អែលកេសាស្រី ជាមួយសំណួរស្រាលៗ៖

​«ប្រពន្ធល្អ មានអីចង់ប្រាប់ប្តីដែរ?»

នាង​នៅឆ្ងក់ក្រោកទៅណាមិនចង់កើត ចំណែក​ដង្ហើមហាក់ញាប់ជាងមុនទាញបំបែរខ្លួនចេញពីក្រសែភ្នែកគេ​យឺតៗ។ ពីក្រោយ​ខ្នង​ នាង​ដឹង​ថា​គេកំពុងសម្លឹងមកជាមួយកែវភ្នែក​ដ៏ឆ្លាតវៃទាំងសង។ ទោះយ៉ាងណានាង​ត្រូវតែបន្លប់៖

«ខាងប្តីហ្នឹងហើយត្រូវត្រៀមឆ្លើយសំណួរមិនគិត? ម្តាយចុងឬសង្សារចាស់ ប្រពន្ធកំពុងវង្វេង!»

នាង​ធ្វើជាងាកមកសម្លក់ ​តែក្នុងជម្រៅភ្នែកនាងគេឃើញអាថ៌កំបាំងនៃការភ័យព្រួយ។ បុរសញញឹម​ឌឺៗ​តបតនឹងការសម្លក់របស់នាង។  អ្វីដែលសំខាន់ ស្អែកខានស្អែកគេនឹងដឹង​ករណីប្អូនប្រុសគេ និងការពិតទាំងអស់របស់នាង​ហើយ គេគ្រាន់តែ​ត្រូវការសម្រេចចិត្ត អំពី​អនាគតនាង​ជាមួយ​គេ ហើយនឹងទំហំបញ្ហាទាំងអស់កាលពីអតីតកាលរបស់នាង ថាតើប្តីម្នាក់នេះ​អាចរ៉ាប់រងអត់ទោស អត់ធ្មត់ឱ្យនាងបានដល់កម្រិតណា?

គេលូកដៃទាញកាយកែវល្អមកជ្រកក្បែរទ្រូងមិនថានាង​ទទឹក​ ឬកំពុង​តែមិនមាន​អារម្មណ៍ស្នេហ៍ ព្រោះនាងរវល់ឱបជាប់នូវ​អាថ៌កំបាំង​។​ បបូរមាត់អ្នកដាក់ផ្អឹបលើថ្ងាសនាងហើយវាចាគេលាន់មកខ្សឹបខ្សៀវ៖

«ទាន់ប្តីនៅស្រឡាញ់ មានអីនិយាយក៏និយាយគ្នាឱ្យហើយមកហាន់ដា​!»  

ថ្ងាសនាង​បែកញើសស្អិតក្រោយទឹកភ្លៀងស្ងូតអស់ទៅ។ នាង​ពិតជាភ័យ ​ម្រាមដៃនាង​ញ័រ គេមើលទៅឃើញទាំងអស់។

«សុំទៅងូតទឹកហើយ!»

នាង​ក្រោកចេញវឹង នៅពេលខាងប្រុសក្របួចមាត់គិតទាំងស្រពោន។ តាមអាកប្បកិរិយារបស់​ហាន់ដា គឺមិនបាច់ពិចារណាយូរទេ នាងមានរឿងជាច្រើន​ដែលមិនព្រមនិយាយ។ នាងអាចរៀបការនេះដោយសារត្រូវមកនៅក្បែរខ្លួន​ដើម្បីស៊ើប ឬក៏​ដើម្បីអង្វរករបង្អាក់ការស៊ើបទាំងឡាយ ។ នាង​មានល្បិច មានបំណង​ មានការបង្ខំចិត្ត នេះបើតាមចំណោទទាំងអស់ដែលកំពុង​ចោទព្រមៗគ្នាឡើង​ចំពោះមុខ​ច្បាស់ដូចថ្ងៃ។

តែបេះដូងនេះ បេះដូងនេះនៅតែប្រាប់ថា…..

អូនមិនបានអាក្រក់ជួរជាតិនឹង​អាប្រុសម្នាក់នេះទេហាន់ដា​!

ហេតុអ្វី​បេះដូងតែងតែប្រឆាំងនឹងវិចារណញ្ញាណ នៅក្នុងកាលៈទេសៈសំខាន់។

នាឡិកា​បង្វិល​ដល់កន្លះម៉ោងហើយ នាង​បាត់សូន្យមិនឃើញចេញមកវិញទេ។

គេក្រោក​យឺតៗ ដើរមួយៗសំដៅបន្ទប់ទឹកដែលចោមព័ទ្ធដោយរបងឫស្សីប្រដេញប្រញឹក និង​​ក្រាលជាកម្រាល​ដោយ​គ្រាប់គ្រួសធំៗត្រជាក់ស្រេង។ បន្ទប់សម្អាតកាយនេះមានរចនាបថប្រណីត និងស្ថិតនៅចំកណ្តាលផ្ទះ។ គឹនឹកដល់ប្អូនប្រុសគេដែលបានកសាងទីនេះឡើងមក​មិនដឹងក្នុងគោលដៅអ្វី​ឱ្យប្រាកដទៅ។

«ហាន់ដា!»

គេហៅតិចៗក្បែរទ្វារ។

នាង​មិនឆ្លើយ។​ គ្រប់យ៉ាងស្ងាត់ឈឹងតែ គេឮដង្ហើមតឹងនិងស្នូរយំសោកតិចៗ​ដែលនាង​ប្រឹងទប់។ នារីនេះ​ខំបើកទឹកក្តៅទឹកត្រជាក់ព្រមគ្នា​ បន្លប់សំឡេង​ពីលើសូរសោយសោករបស់នាង ​តែអ្នកជាប្តីនៅខាងក្រៅនៅតែផ្ទៀងស្តាប់ដឹង។

«ងូតទឹកយូរម៉េះអ្ហះ?!»

នាង​មិនអាចឆ្លើយបាន ទំនងជាសំឡេងនាង​អាចប្រែប្រួលទៅតាមទឹកភ្នែកទឹកសម្បោរ​​ទៅហើយ​បានជានាង​ហើបមាត់មិនរួចខ្លាចគេដឹង។

ខាងប្រុសខាំមាត់តិចៗតិចព្រោះតឹងតែងចិត្ត៖

«បើកទ្វារហាន់ដា!»

នាង​នៅតែរក្សា​ភាពស្ងៀមស្ងាត់រហូត​ដល់ទ្វារត្រូវបានធាក់របើកមកក្នុងទើបសម្រែកវ៉ាសលាន់ឡើងពីមាត់ស្រី។

នៅពីក្នុងអាងទឹកក្តៅថ្មម៉ាបកសាងឡើងតាំងពីថ្ងៃរៀបការនាង​នឹងពិសិដ្ឋម្ល៉េះ រូបរាងអាក្រាត១០០ភាគរយ​របស់នាង​ត្រួវបានបិទបាំង​ខ្លះៗដោយពពុះសាប៊ូតែប៉ុណ្ណោះ។

នឹកយ៉ាងណាក៏មិនគិតថា គីម៉ាល់ស្ត្រេសដល់ថ្នាក់ធាក់ទ្វាររបើកនោះដែរ។

នាង​ឈោងដៃរកទាញកន្សែងតែគេកន្ត្រាក់វាបោះចោលទៅក្រៅទាំងអស់ជាមួយទឹកមុខ​ស្មើខឹង។

«ភ័យធ្វើអី? ស្មានថាប្តីមិនដែលឃើញមនុស្ស​ស្រី​ស្រាត?!»​

គេសួរទាំងខាំមាត់ក្តៅចិត្តចំពោះចរិតលាក់លៀមអាថ៌កំបាំងរបស់នាង​។​

ហាន់ដានៅអង្គុយ​ស្ងៀមលាក់ខ្លួនក្នុងអាងទឹកទាំងដៃប្រឹងទាញ​ចាក់សាប៊ូមកបន្ថែមបង្កើនកម្រាស់ពពុះ។ គ្រប់យ៉ាងទទឹកតែគេដឹងថា នាងកំពុង​​លួចយំហូរទឹកភ្នែក​ស្ងៀមស្ងាត់ បន្ថែមក្រោមលំហូរទឹកនោះ ពេលសម្លឹងមកប្តីទាំងភ័យបារម្ភផង ។

ដំបូងគេគ្រាន់តែចង់ដឹងថា នាង​នៅសំងំ​ធ្វើអី ពេលនេះ​ភាពស្ងាត់ស្ងៀមនឹងទុក្ខសោករបស់នាង បញ្ជាក់ស្រេចហើយ​ថាជនជាតិចិនមិនបាច់ស៊ើបក៏​គីម៉ាល់រកចម្លើយបានដែរ។

ដោយអន់ចិត្ត​ពេក បុរស​ចង់ប្រដៅនាង​ឱ្យដឹងខ្លួនខ្លះ។​

គេទាញទ្វារផ្ទប់ទៅវិញដោយទឹកមុខ​ស្មើស្លេក ​ហើយឈានមួយ​ៗមករកអាងទឹក។

«កុំចូល!»

នាង​និយាយញ័រៗ ធ្វើឱ្យគេ​រឹតតែមិនសប្បាយចិត្តឡើង​។​ បុរសពោលផ្ទាន់នាង៖

«ក្រែងរៀបការព្រោះស្រឡាញ់ហ្អី? ខ្លាចប្តីខ្លួនឯង?  ​កុហកបានល្អម៉េះហាន់ដា ? កុហកម៉េះ​ប្រពន្ធជើងល្អ! ល្បិចហូរកញ្ឆេរ ! ល្បិចគ្រប់ដង្ហើម​ គ្រប់ពេលវេលា ចេះ​ហត់អត់អ្ហះហាន់ដា ?»

បុរសនេះថាឱ្យនាងកប់ៗផង ដៃម្ខាង លូកកាន់ជាយកន្សែងខ្លួនឯងក្នុងឫកពាបម្រុងតែនឹង​ស្រាយទម្លាក់​ធ្វើឱ្យនាង​ភាន់ភាំង រក​បិទភ្នែកសឹងមិនចង់ទាន់។

«គីម៉ាល់!  របួសមិនទាន់សះកុំឱ្យត្រូវទឹកគីម៉ាល់!​ ទៅចាំនៅក្រៅសិនទៅ​!​ ហាន់ដាឈប់ងូតហើយ! ហាន់ដាចេញទៅហើយ!»

ស្នូរផ្លូកចូលមកក្នុងអាងក្បែរដង្ហើមភ័យក្តៅងំរបស់នាង​។

គេឈានជើងចូលមកហើយ ១០០ភាគរយ​គេមិនបានស្តាប់ហេតុផលរារាំង​របស់នាង​អីបន្តិចណាទេ។ គ្រប់យ៉ាងចង្អៀត​ហើយ​ទឹកកំពុងច្រាលហូរចេញក្រៅយ៉ាងគំហុក។ នារីដឹងថា​រាងកាយអាក្រាតរបស់គេកំពុងនៅព័ទ្ធជុំវិញនាង។ នាង​បិទភ្នែក​យ៉ាងជិត ​តែគេ​បានទាញនាងចូលទៅប៉ះពាល់គ្រប់ទីតាំង ​គ្រប់ផ្នែកនៃរាងកាយគេ។

សំឡេងខ្សឹបរបស់គេលាន់មកប្រឆាំងនឹងសម្តីនាង៖

«បើអាគីម៉ាល់ម្នាក់នេះងាប់មែន វាមិនងាប់ដោយសារដំបៅមួយហ្នឹងទេហាន់ដា!!»

គេកៀកមកកាន់តែជិតរាងកាយសឹងរលាយចូលគ្នា​គ្មានជាតិសាប៊ូសូម្បីមួយល្អង។ ខាងប្រុសខាំមាត់និយាយតិច​ៗដាក់ត្រចៀកខាងស្រី៖

«វាអាចងាប់ដោយសារគ្រាំទ្រូង!​ គ្រាំចិត្ត​ ដែលត្រូវស្រីបោក! ស្រីដែលវាខំស្រឡាញ់ និយាយកុហក លាក់លៀម លេងល្បិច លេងស្ទីលហាន់ដា!»

ហាន់ដានៅបន្ត​បិទភ្នែក តែ​​ទ្រូងនាង​អណ្តឺតអណ្តកយំស្អិត​ទឹកភ្នែក​ក្នុងរង្វង់ដៃប្រុសស្នេហ៍។

ដៃស្រីស្អាត​ប្រវេប្រវា រាវរកដបសាប៊ូមកចាក់ទៀត តែត្រូវខាងប្រុស​ទាញ​គ្រវាត់គ្រវែងចោលច្រងាប់ច្រងិល។ ទោះនាង​បិទភ្នែក នាង​រឹតតែ​ទទួលអារម្មណ៍​ដឹងថា រលករាងកាយកំពុង​តែ​​បោក​រញ្ជួយចូលគ្នា ហើយ​ដៃគេបានគ្រប់គ្រង​នាងគ្រប់ទីកន្លែង​ដែលនាង​ខំរារាំងគ្មាន​កន្លែងណាមួយ​ដែល​​អាចរក្សា​​កំផែងការពារ​មិនឱ្យចាញ់ប្រៀបទេ​។

«គីម៉ាល់!»

នាង​ហៅឈ្មោះគេ​ផង ​តោងដៃគេឃាត់ចិត្ត​រាយមាយ​របស់​នាយ​​ផងទាំង​ច្រងាប់ច្រងិលដាក់គ្នា។ បុរសនេះដំបូងឡើយគ្រាន់តែចង់ប្រដែប្រដៅស្រីស្អាត តែចុងក្រោយ​គេ​នៅតែងើបមុខមិនរួចនឹង​សម្រស់ក្តៅគគុករបស់នាង។ លុះឮនាង​ហៅឈ្មោះដោយខ្សាវៗផង ​អារម្មណ៍ចង់ឈ្នះហាក់រសាយរសាត់ទៅឆ្ងាយ ជំនួសមកវិញនូវក្តី​អាណិតនិងចិត្ត​ស្រឡាញ់។

គីម៉ាល់ព្រមពន្លែងរបូតចោលស្នាមថើប និងបញ្ឈប់ការ​រាវលូក​លុកលុយពាសពេញរាងកាយដូចទេពធីតានេះ​​ ​ដោយច្រត់ដៃងើបមកសម្លឹង​មើលប្រតិកកម្មលើផ្ទៃមុខប្រពន្ធថ្មោងថ្មី។ បបូរមាត់នាង​នៅតែស្រស់ស្អាតពេកណាស់ មិនថានាង​កំពុងទុក្ខព្រួយឬស្លេកស្លាំងដោយការភ័យខ្លាច​គ្មានស្នាមញញឹមមួយចំណិត​ក្តី។ ភ្នែកនាងបិទជិត​ឈឹងនិងដៃទាំងទ្វេរញីរញ័រលើគែមអាងទឹកស្នេហ៍។

«ម៉េច? នេះប្តីណ៎ា មិនមែនចោរទេ! បើកភ្នែកប្រពន្ធជើងល្អ»

គេខ្សឹបសួរតិចៗព្រោះអាណិត​ព្រួចចំពោះភាពភ័យខ្លាចនិងអៀនខ្មាសរបស់នាង​។

«ខ្លួនមិនស្តាប់គេ ​គេក៏មិនស្តាប់បញ្ជាខ្លួនវិញដែរ!»

នាង​និយាយទាំងងរង៉ក់យំយែកភ្នែកទាំងគូនៅតែបិទ។

«ជឿថា បងបង្ហូរទឹកនេះចោល​​ឱ្យស្ងួតអាងអស់អត់ហាន់ដា?!»

នាងបើកភ្នែកមកវិញខ្វាកសម្លឹង​នាយ​ដោយ​ ពន្លឺភ្នែក ដែលរេមើលភ្នែកប្តីម្តងឆ្វេងម្តងស្តាំ។

ការធ្វើទារុណកម្មដ៏ផ្អែមល្ហែមមួយនេះមុននឹងក្រោយ​គង់​តែកើតមានឡើង នេះជា​អ្វី​ដែលខាងប្រុសគិត ។

«ពេលណា​បានត្រៀមចិត្ត ត្រៀមកាយបានល្អនៀក?»

បុរស​​លើកដៃនាង​ទាំងសងមកត្រកងឱបស្មាខ្លួន នាងមិនប្រកែកប្រណាំង។ មើលទៅហាន់ដា​​​ហាក់ចង់និយាយអ្វី​ដោយកម្រើកបបូរមាត់ចុះឡើង តែនាង​មិននិយាយ។​ បេះដូង ល្វែងទ្រូង​លោតកក្រើក ដូចកូនក្មេងកំពុងយំតូចចិត្ត។ គីម៉ាល់ដឹងថា មានរឿងជាច្រើន​កំពុងបង្កប់ក្នុងទ្រូងមួយនេះសឹងថាផ្ទុះបានជា​ចម្រៀកៗ គ្រាន់តែនាង​មិននិយាយថ្លែងសេចក្តីរំលែក​វា មកឱ្យខ្លួនដឹងបានភ្លាមៗ។​

«មានអីចង់និយាយទៀតប្រពន្ធជើងល្អ?!»

គេខ្សឹបសួរ តែនាងនៅស្ងៀមស្ងាត់។ បបូរមាត់បុរសជាប្តី ឱនមកថើបគុម្ពត្រចៀក​មុនពេលខ្សឹបបន្ត៖

«បើប្តីខ្លួនឯងហើយក៏មិននិយាយប្រាប់បានទៀត ចាំ​ប្រាប់អ្នកណាវិញ?»

ហាន់ដាគ្រវីក្បាលយឺតៗ ទឹកភ្នែករឹមៗផ្សើមរោមភ្នែកទាំងសងខាង។ គីម៉ាល់​ត្រដុសបបូរមាត់ដ៏មានមន្តស្នេហ៍ជុំវិញរាងកាយ​ស្រីស្អាត​។

«បងតែងសង្ឃឹមថា​ វត្តមាន​បង ការថ្នាក់ថ្នមរបស់បង ចិត្ត​ស្រឡាញ់ស្មោះរបស់បង​នឹង​ធ្វើឱ្យអូនបាន​ធូរស្រាលពីទុក្ខសោកផងទាំងឡាយហាន់ដា​»​ គេគិតម្នាក់ឯងក្នុងបេះដូងសម្ងាត់ ។

ចំណែក​នាងវិញ​ប្រឹង​អត់ដង្ហើមឱ្យគេ​ធ្វើតាមចិត្ត មុនពេលដាច់ចិត្តហាមាត់ជាថ្មីនិយាយស្នើ​សុំ៖

«គីម៉ាល់!»

«បាទ!»

ពាក្យផ្អែមខ្លីកំបុត​របស់គេ និងការថ្នមថ្នាក់​របស់បុរសនេះ បានធ្វើឱ្យនាងដាច់ចិត្ត​និយាយចេញ​នូវ​អាថ៌កំបាំងជាច្រើនដែលបង្កប់ជា​ចំណោទយ៉ាងជ្រៅក្នុងចិត្ត ដោយសំឡេងសុំខ្សាវៗ៖

«គីម៉ាល់យល់ព្រមណា សន្យា​ថា កោះបេះដូងមិនលក់ដូរ មិនដោះដូរម្ចាស់ ដោយប្រការណាក៏ដោយ​!»

គេនៅទ្រឹងស្នាមថើប ហើយ​សម្លឹង​​​កែវភ្នែក​របស់​ស្រីម្នាក់នេះ​ដែលព្រឹមៗសុំមេត្តា។ នាង​គ្មានត្រង់ណា​សមជាមនុស្សរបស់ពួក​ត្រីកោណមាស ថែមទាំងមានលំនាំស្រដៀងនឹងមនុស្ស​អាចនាំគ្រោះថ្នាក់មកឱ្យខ្លួនបាននោះទេ។

ទោះយ៉ាងណា នាង​មិនទាន់ត្រៀមខ្លួនទទួលយកជីវភាព​ប្តីប្រពន្ធ​រួមជីវិតជាមួយគ្នាបានល្អនៅឡើយ គេដឹង គ្រាន់តែគេ​មិនចង់រង់ចាំតទៅទៀតទេ​។

«គេគ្រប់គ្នា​ប្រាប់បងថា ហាន់ដាជាមនុស្សគ្រោះថ្នាក់!»​ គេពោលតិចៗតបនឹង​កែវភ្នែកសម្លឹងរបស់នាង​។

ភាពរឹងមាំនៃរាងកាយបុរសងប់ស្នេហ៍ ហាក់មិនចង់ទុកពេលបន្ថែម តាមដែល​នាងចង់បន្លាយទៀតទេ។ គេម្យ៉ាងនឹកស្អប់លក្ខខណ្ឌរបស់នាងដែលនាំមុខ​ដោយរឿង​កោះមួយនោះ ម្យ៉ាងនឹកមានៈចង់ដឹងថា​ខ្លួនឯងមានតម្លៃប៉ុនណាក្នុងបេះដូងអាថ៌កំបាំងរបស់ស្រីម្នាក់នេះ។

គេមិនហាក់សុខចិត្ត​សោះ…..គីម៉ាល់ដកដង្ហើមវែងៗ​ជាមួយ​តម្រេកស្នេហ៍ពេញក្នុងទ្រូង…..​

គេលែងចង់គិតអ្វីទាំង​អស់ មិនថាបន្តិចទៀត​ ឬថ្ងៃស្អែក ឬអនាគត អ្វីក៏ដោយ…..

«បងចង់ដឹង! ថាគ្រោះថ្នាក់នោះផ្អែមឬល្វីងដុកទ័រ!»

បុរស​ត្រកងប្រាណស្រីឡើងធ្វើឱ្យនាង​បិទភ្នែកទាំងសងតែមិនបានរើបម្រះឡើយ។  ប្តីបីភរិយា​ទៅកាន់បន្ទប់ផ្សំដំណេករបស់ពួកគេ….។

នាង​មិនបាននិយាយអ្វី​តែដៃទាំងតោងស្មាបុរសនេះ ហាក់បីដូចជានាងកំពុងស្វែងរកលំនឹងមួយ​សម្រាប់​បេះដូងតែលតោលមិនច្បាស់លាស់របស់ខ្លួនឯង។

នៅពីក្រោយ​ការរួមមេត្រី​ជាលើកដំបូង​ក្នុងជីវិត នាង​អាចរងការឈឺចាប់​ព្រោះកាយសម្បទានិងសម្ពាធផ្លូវចិត្ត តែប្តីម្នាក់នេះ​បានព្យាយាម​ថែទាំថ្នាក់ថ្នម​ រហូត​ស្រីស្រស់លង់លក់បាត់អស់ទុក្ខព្រួយលើស័យនា​មាសនៃពួកគេ។

កណ្តាលរាត្រីស្ងាត់ ស្វាមីម្នាក់នេះ ក្រោកអង្គុយម្នាក់ឯង សម្លឹងសក់របស់នាងដែលវែងគ្របហៀរស្មាហ្មត់ខ្ចី។ នារីតូចសំងំសុខសាន្ត​នៅក្រោមកម្រាលភួយក្រាស់ ទុកឱកាសឱ្យមនុស្សប្រុសបានសម្លឹងភាពសាន្ដត្រាណរបស់នាង ដែល​កំពុងភ្លេចមួយខណៈនូវបណ្តា​ទុក្ខព្រួយផងទាំងពួងបាន។

មិនថាមានអ្វីកើតឡើង មនុស្ស​ប្រុសម្នាក់ដែលមានឈ្មោះថាប្តីនេះ​ នឹងរ៉ាប់រងជំនួសអូន​ ទាំងទោសទណ្ឌ ទាំងបញ្ហា​ដែលអូនកំពុងរ៉ាប់រង បន្ទុករបស់អូនជាបន្ទុករបស់បង ទុក្ខព្រួយរបស់អូនជាទុក្ខព្រួយរបស់បង ហើយបងនឹង​លើកលែង​ឱ្យហាន់ដាគ្រប់យ៉ាង….

ដៃគេអង្អែលសក់នាង​ថ្នមៗ…..