រឿង៖ បេះដូងមេគង្គ ភាគទី៣០

មនុស្សបាត់ខ្លួន

ព្រឹកឡើង……

គីម៉ាល់បើកភ្នែកព្រឹម​ឃើញកម្រាលពូករលោងពណ៌ស​ដែលកំពុងថ្នាក់ថ្នមទ្រូងនាយ​។ គេច្រត់ដៃក្រោកពីការគេងផ្កាប់មុខ នឹងអាលស្វែងរកនារីសំណព្វចិត្ត​។

ដូចស្មាននាងមិននៅទៀតហើយ!

តាមថាគេអាចតម្អក់ឱ្យស្វាងសិនព្រោះនាងមិនទៅណាទេ នាង​ជារបស់គេ​តាំងពីយប់មិញ គេដឹង! តែចិត្តមួយ​ទៀតបែរជាអន្ទះសាចង់ឃើញមុខអ្នកខ្លះ​ថាធ្វើបែបណាចំពោះប្តី ​ក្រោយឆាកស្នេហា​ផ្អែមល្ហែមជាងទឹកឃ្មុំមក?

បុរសនេះ​ក្រោកទាញកន្សែង​ចងព័ទ្ធហើយ​ដើរមួយៗ​ទៅ​រកឱបក្រសោបប្រពន្ធនិយាយពាលក្យអរុណសួស្តី។

ទេសកាលអី​ទូរសព្ទគេបន្សល់នូវ​ SMS ជាច្រើន។

គីម៉ាល់ឈប់ស្ងៀម​សិន​ដោយ​លុកដៃទៅលើកមកចុចអាន…..

វាជារបស់វុធ…..

«បង!​ ក្រុមខាង​ពូយឹមមកដល់តាំងពីស្រាងៗ គាត់ថា​បាត់នារីភាមួយយប់ហើយ! គ្មានអ្នកណាបានឃើញទេ!»

ប្រុសស្អាតចងចិញ្ចើម​គិត។ នារីនេះបាត់ទៅជារឿងផ្សេង តែសំខាន់នាង​ដឹងរឿងពិសិដ្ឋនៅរស់។

«​និយាយរឿងពិសិដ្ឋ​ទាំងអស់ប្រាប់ខ្ញុំ!»

«ងាយម៉េះ?!»

ការសន្ទនាកាលពីយប់ នារីភាដូចជាមានការជឿជាក់ណាស់អំពីថា ខ្លួននាង​មានតម្រុយ​ពិតៗចំពោះករណី​ចចាម​អារាម​ថាពិសិដ្ឋនៅរស់។

«មានដំណឹងអីទេ?!»

គេចុចទៅសួរវុធ ស្រាប់តែឆ្លើយមកភ្លាម៖

«មាន! តែដូច​ជា​មិនសូវល្អទេបង! មានអ្នកស្រុកឃើញ​ខោអាវមនុស្ស​ស្រីអណ្តែតទឹក! ជា​ខោអាវក្រហមបង! ​អ្នកនៅណេះគ្មាន​អ្នកណាមានរបស់ថ្លៃអស់ហ្នឹងទេ!»

គីម៉ាល់រេភ្នែកគិតដោយ​តឹងតែងក្នុងទ្រូង។ សម្តីក្រុមស៊ើបការណ៍ចិន​អាចថា​ជាការព្រមាន​មួយរួចហើយកាលពីម្សិលមិញ។ «ដូច្នេះ​លោកត្រូវ​ចំណាយលុយរកការពិតមុនពេលគ្រោះថ្នាក់ដល់ខ្លួន!»។

«អាចទាក់ទងនឹងពិសិដ្ឋទេ?!»

«ខ្ញុំនៅផ្ទះពូផានបង!​ ក្រុមពូជឿន​និងអ្នកនេសាទភូមិគាត់រកឃើញ​ខោអាវនិងស្បែកជើង​ដែលសង្ស័យថា ផុននារីភា!»

«បងទៅដល់ឥឡូវហើយ!»

ប្រសិនស្ត្រីអភិជន​ដែលចែចង់ខ្លួនយប់មិញពិតជាជួបគ្រោះ ប៉ូលិស​មូលដ្ឋានប្រាកដណាស់នឹង​ដាក់ការចោទសួរជាច្រើនមកមិនខាន ព្រោះចង់មិនចង់គេបានជួបនាងចុងក្រោយ​កាលពីយប់មិញ។

បុរសងាកទៅឃើញភរិយា​តូចច្រឡឹងកំពុងញញឹម​ផងសម្លឹងមកនាយ​ដោយអៀនប្រៀប។ នាង​ស្លៀកសារ៉ុងឡាវពណ៌លឿងស្រស់ ដូចកាលដែលហ៊ានញញឹម​ញញឺម​ស្វាគមន៍​ ជាមួយខ្លួន​កាលជួបដំបូងលើទូកស្នេហ៍ដូច្នោះដែរ។

គេដឹងថា សុភមង្គលកាលពីយប់ជាពេជ្រលម្អចំណងអាពាហ៍ពិពាហ៍ឥតព្រាងទុកមួយនេះយ៉ាងមានតម្លៃ ប៉ុន្តែចំពោះមុខគេសោកស្តាយដែលមិនអាចនៅកៀកកិតបន្តឆាកស្នេហា។ គីម៉ាល់ដើរមួយៗសំដៅ​តុអាហារដែលនាង​បានរៀបចំ​មានគ្រឿងសព្វមុខតាមដែលតម្លាប់នាយនិយមបរិភោគ។ ឋានសួគ៌លើលោកឯណា ​ល្អស្មើនឹងបានរស់នៅពីរនាក់បែបនេះ​ស្រូបខ្យល់ទន្លេ​និងដោះស្រាយនិស្ស័យស្នេហ៍ជាមួយ​នាង​បែបនេះជាអំណើះតទៅ​

បុរសលូកដៃលើកពែងកាហ្វេមកក្រេប ។

គេដាក់ចុះហើយថើបថ្ពាល់នាង​យ៉ាងរហ័ស មិនចង់ឱ្យស្នាមញញឹមចិញ្ចាច នាថ្ងៃថ្មីរុះរោយស្រពោនបានឡើយ​

«បងត្រូវទៅផ្ទះពូផាន!»

នាង​បើកភ្នែកក្រឡង់ៗ៖

«មានរឿងអីហ្មែន?!»

«នារីភាបាត់ខ្លួន! ខាងពូយឹមកំពុង​តាមរក! មាន​អ្នកនេសាទម្តុំៗកន្លែងពូជឿនប្រទះឃើញអាវក្រហមកាលពីយប់មិញអណ្តែតលើទឹក!»

មាណវី​លើកម្រាមស្រឡូនស្តួចមកខ្ទប់មាត់។

បុរសក៏មិនជាសប្បាយចិត្ត​ដែរពេលរំឭករឿងអកុសលនេះ។ គេលូកដៃក្រៀកចង្កេះប្រពន្ធ​ហើយលួងលោម។​ ​

«បងជាអ្នកក្នុងចំណោម​ក្រុមជាប់ដានបាន​ណាត់ជួបនារីភាយប់មិញ​ឱ្យមកហូបបាយនៅលើកោះនេះ! បងត្រូវ​ទៅដោះស្រាយ​ជាមួយ​ខាងគ្រួសារគេសិន! ចប់រួចរាល់ បងមកងូតទឹកជាមួយប្រពន្ធទៀត!»

គេញញឹម​ហើយ​ដៀងសម្លឹងនាង​សឹងអាចលេបចូលទុកក្នុងឱរ៉ាតែម្នាក់ឯងបាន។

នារីនេះមាន​ភាពព្រួយទ្វេក្នុងកែវភ្នែក។ នាង​មិនបាន​យកចិត្ត​ទុកដាក់អ្វី​ច្រើនចំពោះវាចាស៊កសៀតរបស់ស្វាមីឡើយ។ ស្ថានភាពនាងគឺបារម្ភណាស់ទៅហើយ។ គីម៉ាល់បែរខ្នង​ដែលគ្មានអាវចាកចេញ​ទៅបន្ទប់ទឹកក្រោមអារម្មណ៍ភាំងៗ​​របស់ភរិយាឈរកាន់ស្លាបព្រា​ក្បែរតុបាយ ដែលបំបែរទៅរកដងទន្លេ។

«មានរឿងអីកើតឡើងចំពោះស្រីម្នាក់នោះទៅ?!»

នាងសួរខ្លួនឯងស្ងាត់ៗ​ហាក់ស្លុងទៅក្នុងអារម្មណ៍អាក្រក់ៗ។

ទីបំផុតគីម៉ាល់បានលុបលាងហើយពាក់អាវយឺត​ស្លៀកខោខូវប៊យចេញមកសិតសក់។ គេផ្តាំនាងដែលធ្វើមុខភ្លឹះៗ៖

«បើកទូរសព្ទជានិច្ចអូខេ? បងអាចខលមកគ្រប់ពេល!»

«ចាស៎!»

ឃើញនារីនេះឆ្លើយតប​ដោយ​ទឹកមុខភ័យៗភាំងៗបុរសជូនថ្ងាសនាងមួយខ្សឺតទៀតមុនចាកចេញ។

នៅខាងក្រៅផ្ទះអ៊ុននិងវុធនៅរេរារង់ចាំក្បែរកង់ពីរគ្រឿង។ គីម៉ាល់សម្លឹងទៅលើទូក​ឃើញប្រុសៗបីនាក់ទៀតដើរចច្រប់ចុះឡើង។

គេបញ្ជាតិចៗ៖

«អ៊ុនទៅជាមួយបង!​ វុធ នៅជាមួយ​បីនាក់នោះ មើលហាន់ដា មិនឱ្យបាត់ពីភ្នែក!»

«បាទ!»

គេទទួលកង់មក​ហើយឡើងជិះចូលភូមិសំដៅផ្ទះពូផាន។ ពួកគេ​ទៅដល់ចំពេលអ្នកភូមិបានមកជុំគ្នាអ៊ូអរ ហាក់ដូចជាហេតុការណ៍មិនល្អ​បម្រុងតែនឹងក្លាយជាការពិត១០០ភាគរយ។

ពូយឹម​អង្គុយ​មិនស្រណុក ពេលឃើញគីម៉ាល់មកដល់ក៏ស្ទុះមកសួរវឹង៖

«យប់មិញ​ប្រុសធំ​បាននិយាយអ្វីខ្លះឱ្យក្មួយខ្ញុំអន់ចិត្ត​?!»

គីម៉ាល់នៅស្ងៀម​ធ្វើមុខស្មើ។​ ជាធម្មតាគេមិនចង់និយាយជាមួយ​បុរសនេះ​ទេ ៨ឆ្នាំមកហើយ​គេមិនដែលគិតថា​នឹងស្តាប់មួយពាក្យ​ណាចេញពីមាត់គ្រួសារ​អតីតសង្សារ ឬឆ្លើយឆ្លងអ្វីនឹង​ពួកគេ​ឡើយប៉ុន្តែ​ពេលនេះគេ​ហាក់យល់ថា​គ្រប់យ៉ាង​មិនប្រក្រតី។

ប្រសិន​យោងតាមសម្តី​របស់ពូយឹម​ដែលទើបនឹង​ចោទសួរ គាត់ហាក់យល់ថានារីភាទៅលោតទឹកព្រោះមិនសប្បាយចិត្ត​?

តែគេវិញ គេនៅតែគិតអំពី​រឿងផ្សេង។

«និយាយគ្នាធម្មតា​! ពេលគេ​ចាកចេញទៅខ្ញុំមានសាក្សីជាកូនចៅគេផ្ទាល់ព្រោះខ្ញុំរវល់ជូនហាន់ដាទៅផ្ទះ!»

ពួយឹមនៅតែមិនសុខចិត្ត​គាត់រអ៊ូរទាំខ្សឹបខ្សៀវក្បែរគីម៉ាល់៖

«មួយរយៈនេះ​អាភាមិនដែលបាយទឹកជាប់លាប់ទេ ខ្លួនក៏ឈឺ ផឹកតែស្រា!»

គាត់កំពុងចង់បន្ទោសដែលប្រុសស្អាត​យើងមិនព្រម​លើកលែង​ឱ្យនាង​។

គីម៉ាល់នៅស្ងៀម​ដៀងភ្នែក​សម្លឹង​អធិការដែលនាំមុខ​ម៉ូតូប៉ូលិសមូលដ្ឋានមួយក្រុមមកដល់ពីចម្ងាយ។ គេធ្វើមុខស្មើពេល​នឹកឃើញទឹកមុខឌឺរបស់នាយជេននៅក្នុងបន្ទប់ទឹកប្រពន្ធខ្លួន​នាថ្ងៃរៀបការ។ ម្នាក់នេះបានចោលការងាររាជការទៅមើលសណ្ឋាគារនាភ្នំពេញទៅហើយ ក៏ទើបនឹង​មានរឿងថ្មីៗនៅអាផាតមេន​របស់ពិសិដ្ឋចុះហេតុអ្វីមានមុខមកដល់កោះបេះដូងបានលឿនម្ល៉េះ? ដើរជាមួយប៉ូលិស​យុត្តិធម៌ទៀត?

ឃើញគីម៉ាល់ ជេន​ធ្វើ​ដូចមើលឃើញតែខ្យល់។

គេងាកមុខចេញ ហើយ​ចរិតឌឺមិនចាញ់មិនឈ្នះគ្នា។

សំឡេង​ពូផាន​លាន់ឡើងពីក្រោមច្រាំង​ដើមគគីរត្រឈៃ៖

«ជេនអើយ ជឿននិងអ្នកភូមិ​កំពុង​ជិះទូក​នៅមើលនៅអន្លង់ជ្រែ!»

គីម៉ាល់មិនដឹងថាអន្លង់ជ្រែ តាមពិតជាអ្វីហើយនៅឯណាទេ ​ប៉ុន្តែគេអាចកាត់ស្មាន​បានថា នារីអភិជន​ទំនងត្រូវបានអ្នកភូមិសង្ស័យ​ថា បាន​លង់ទឹក​ដោយសារ​សម្លៀកបំពាក់នឹង​ ​ចរន្តទឹកហូរដែលពួកគេ​បានសម្គាល់តាមភូមិសាស្ត្រ។
ប៉ូលិសនាំគ្នាចុះមកសស្រាំតែគ្មានអ្នកណារវល់មកសួរនាំ​នាយ​ដែល​ឈរជ្រងោនេះទេ។​

ទូរសព្ទគីម៉ាល់ឱ្យសញ្ញា។

គេ​ឱនពិនិត្យព្រោះជាសញ្ញាពីខាង​ទូរសព្ទប្រពន្ធដែលគេបានលួចTrackតាមដាន។

SMSដ៏វែងអន្លាយមួយ​បានលោតឡើង។

នាង​បានសរសេរវែងណាស់ គឺសរសេរចេញទៅកាន់អ្នកណាម្នាក់។

ជាការស្រឡាញ់និងទុកចិត្ត​ចំពោះគ្នាគេមិនចង់អានទេ។

គីម៉ាល់ចុចបិទវិញ ប៉ុន្តែក្រសែភ្នែកចុងក្រោយ​គេ​ឃើញឈ្មោះរបស់ខ្លួន។

«តើហាន់ដាសរសេរទៅអ្នកណាហើយ? ហើយសរសេរអ្វីអំពីយើងទៅ!​ សរសេរបានវែងម៉េះ?!

សារជាថ្មីគេចុចអានហើយ​ថយខ្លួនទៅ​ឈរឆ្ងាយពីអ្នកដទៃ។

«អ្នកគ្រូ! ខ្ញុំមិនដឹងថា សុងសក្តិបានខលទៅជម្រាបថាយ៉ាងណា​ខ្លះទេ តែគីម៉ាល់ប្តីខ្ញុំគេ​ពិត​បានធ្វើល្អៗមកលើខ្ញុំមែន! តែក្នុងរយៈពេលនៅជាមួយគ្នាដ៏ខ្លីនេះ​ខ្ញុំពិតជាបានសង្កេតឃើញមានចំណុចខ្លះខ្ញុំមិនយល់ដូចគ្នា! ពេលខ្លះគេដូចឆាប់ខឹង!​ គេកម្រោល ​គេធាក់ទ្វារបន្ទប់ទឹក គ្រវែងចោលរបស់របរ​ពេលខ្លះ​គេក៏ចូលចិត្ត​ឱបថើបនៅ​កណ្តាលវាល និយាយស្តី​ផ្អែមៗលើសពីមនុស្ស​ធម្មតា ពេលខ្លះគេក៏​មើលទៅដូចជាមានមនោសញ្ចេតនាជ្រៅៗ! ខ្ញុំសប្បាយចិត្ត​ចំពោះស្នេហាមួយនេះ តែខ្ញុំបារម្ភ​នៅពេលគិតអំពីការពិត! ល្អហើយ​ដែលសុងសក្តិជួយជម្រាបអ្នកគ្រូមុន​ទើប​អ្នកគ្រូឆាតមកសួរនាំ ​សិស្សក៏បានមានអ្នកទុកចិត្ត​ពិភាក្សាគ្នាបាន! ​តើគេអាចមានជំងឺសតិអារម្មណ៍ ឬជំងឺបុគ្គលិកលក្ខណៈដែរអត់? គេឆាប់ប្រចណ្ឌខ្លាំង ​ហើយគក៏ឆាប់ជាវិញ រួចក៏មក​​ធ្វើដូចដើម ​ដូចគ្មាន​អីកើតឡើង! ​កាលនៅភ្នំពេញ​គេធ្លាប់បបួលខ្ញុំលោតចុះពីលើអាគារ ៤០ជាន់ កាលណោះខ្ញុំមើលទៅគេមិនដូចជានិយាយលេងទេ! ខ្ញុំចាប់អារម្មណ៍ភ័យខ្លាំងណាស់! គេមានប្រវត្តិចេញចោលផ្ទះ ​ហើយមិនសូវទម្លាប់រាក់ទាក់និយាយល្អៗ​ជាមួយអ្នកណាទេ​ លើកលែងតែពេលគេនៅជាមួយខ្ញុំ ហើយពេលដែល​គេត្រូវចិត្តផង​! តើគេមាន​បញ្ហា​ត្រូវព្យាបាលដែរអត់?​ គេជាប្តីខ្ញុំ ខ្ញុំមិនអាចប្រើកាំបិតចិតដងឯងទេ​ដូច្នេះខ្ញុំចង់បានការពិគ្រោះ​ព្យាបាលគេ​ជាមួយអ្នកគ្រូ! »

គីម៉ាល់ខាំមាត់លែងអានព្រោះអត់ទ្រាំសឹងមិនបាននឹង​សំណេររបស់ភរិយា​សំណព្វ។

«តិចទៀតដឹងគ្នាហើយអូនសម្លាញ់!»

គេគិតទាំងរេភ្នែកបញ្ចេញកំហឹង។ ងើបមុខឡើង គេឃើញ​នាយ​ជេន​កំពុង​ឈរជ្រែងហោប៉ៅឌឺដងមក។

«អាម្នាក់នេះ​ចូលដល់ក្នុងបន្ទប់ដេក ប្តីនៅព្យួរ​ទោស​ទុក មិនទាន់សួរនាំមួយម៉ាត់ផងឥឡូវជឿពួកមនុស្ស​បោក​ មកគិតថាឯងវិកលចរិតទៀត?!»

គេគិតហើយងាកក្រោយបម្រុងនឹង​​បកត្រឡប់មកផ្ទះ។

សូរសំលេង​SMSលាន់បន្ត។

គេក្តាប់មាត់ដកដង្ហើមវែងៗមុនពេល ចុចអាន​៖

«គេអាចមានបញ្ហា​ដែរ! នេះបើតាមស្តាប់ពាក្យកូនរៀបរាប់! ប្រសិនអាចនាំគេមកភ្នំពេញ​បាន ចាំនាំមកជួបគ្រូម្តង គ្រូនឹង​ដឹងភ្លាម!​ ចំណែកពេលបន្ទាន់នេះ ត្រូវឧស្សាហ៍តាមដានល្បឿននៃការផ្លាស់ប្តូរអារម្មណ៍​របស់គេ​! ចំណាំមើលថា គេមានភាពអវិជ្ជមាន​ភាគច្រើន​នៅម៉ោងប៉ុន្មាន​ពេលវេលាណាទៀងទាត់ដែរទេ?  អាកាសធាតុ​បែបណា​ដែលអារម្មណ៍គេ​ប្រែប្រួល! ថាមិនបាន​ប្រសិនគេមានបញ្ហា​ធ្ងន់ នៅក្នុងច្បាប់កម្ពុជាកូនស្រីអា​ច​បញ្ឈប់ចំណង​អាពាហ៍ពិពាហ៍នេះបាន​»

ប្រុសស្អាតញាក់ស្មាញញឹមជូរចត់។

ក្នុងជំហាននីមួយៗបោះទៅរកជំនិះគេនឹកឃើញ​តែ​វង្សភក្ត្រាស្រីល្អដែលព្រឹកមិញសើចមកចិញ្ចាចយកចិត្ត​យកថ្លើមណាស់​​តាមពិត​ឃើញ​សម្តីសរសេរទៅ​គ្រូគេ​…..ឆ្អែត!

«បង! បងគីម៉ាល់!»

អ៊ុនរត់មកតាមធ្វើឱ្យគេងាកមកចង្អុលប្រាប់៖

«នៅចាំ​នៅឯណេះ! តាមដានមើល ថានារីភាមានរឿងអី?! បងត្រឡប់ទៅផ្ទះមានការជាមួយប្រពន្ធជើងល្អបន្តិច!»

​អ៊ុនរេភ្នែក​សម្លឹងមើល​ទូរសព្ទដែលចៅហ្វាយក្តាប់ក្នុងដៃ។

គេដឹងថា​បើនាង​ច្រម៉ក់មិនលួចរត់ ក៏កំពុងរកអ្នកណាម្នាក់ដែលគីម៉ាល់មិនចូលចិត្តប្រាកដណាស់។ ដឹងចិត្ត​ច្បាស់ មនុស្ស​ជំនិតឆ្លើយបាទ​ហើយថយចៀសផ្លូវគេ។