រឿង៖ បេះដូងមេគង្គ ភាគទី៣២

ទម្រាំស្គាល់ចិត្តគ្នា

ដើរដោយជើងទទេទៅក្នុងល្អាង​ដែលបានជួបគ្នាកាលពីម្សិល​រួចមកហើយ គីម៉ាល់​បានទុកឱ្យកូនចៅបីនាក់ចាំនៅខាងក្រៅ។

គេ​ចូលម្នាក់ឯង​ទៅខាងក្នុងខណៈត្រូវការស្រាយចម្ងល់ជាច្រើនជុំវិញស្ថានភាពវិវត្តថ្មីៗនៅលើកោះនេះ។

ពួកចិន​នៅទីនោះអង្គុយចាំ​​ដោយជក់បារីហុយទ្រលោម​តែគ្មាន​សំឡេងអ្វីធំដុំទេ។ ពួកគេ​ទំនងជាធ្វើការដោយប្រុងប្រយ័ត្នណាស់ ។ គីម៉ាល់បង្ហាញ​ខ្លួនដោយ​ចំហ​មិនរុញរា ធ្វើឱ្យចិនម្នាក់ដែលរលាក់ដៃគេកាលពីម្សិល ធ្វើសញ្ញាបណ្តេញ​កូនចៅឱ្យចេញទៅយាមកាមខាងក្រៅ។

ទីនេះសល់តែពីរនាក់គេ….

«ពួកត្រីកោណមាសដើរបន្ថែមមួយជំហានហើយ! ពួកវាសម្លាប់បំបិទមាត់សាក្សី ដុកទ័រសុងសក្តិនិងនារីភា»

«ពីរនាក់នោះស្លាប់ហើយ?!»

«សភាពគឺអ៊ីចឹង ​យើងអាចទស្សន៍ទាយបាន ទោះជាមិនឃើញសាកសព!»

គីម៉ាល់នឹកភ្នកដល់ម្ចាស់បេះដូងនៅផ្ទះវិញភ្លាមមួយរំពេច គេរអ៊ូ៖

«ពីរនាក់នោះប្រហែលជាដឹងរឿងពួកវាច្រើនឬធ្វើឱ្យខូចការអីមួយ!»

ចិនងក់ក្បាល។

«ដាក់គ្នាលោក ឱ្យការពារគ្រួសារខ្ញុំ គ្នីគ្នារបស់ខ្ញុំ!» គីម៉ាល់ចេញបញ្ជាបន្ទាន់ បេះដូងគេនឹកទៅដល់តែប្រពន្ធសម្លាញ់ចិត្ត​។

ចិនសើចតិចៗ៖

«ខ្ញុំថា មិនបាច់ភ័យទេគីម៉ាល់! គ្រួសារលោកមាន​របងការពាររឹងមាំហើយ!»

គីម៉ាល់ចងចិញ្ចើម ឆ្ងល់។

ចិនបានរុញរូបមួយលើអេក្រង់មកឱ្យមើល។ គីម៉ាល់ចំហមាត់ ។

«ម្នាក់នេះសមាសភាពច្រើន! មើលពីក្រៅជាប៉ូលិសខ្មែរ! តែអាចជាមនុស្ស​របស់ Interpol ចាត់មកធ្វើការ! គេការពារប្រពន្ធលោក ហើយនឹង​មនុស្សទាំងអស់ជុំវិញ!»

«ជេន?!»

គេភ្លាត់មាត់តិចៗ​ហើយ​ឱនទៅពិនិត្យ​ជិតជាងមុន។ មនុស្ស​នេះ​មិនត្រឹមលបចូលបន្ទប់ប្រពន្ធខ្លួនថែមទាំងកំពុងដឹកនាំមនុស្សជាច្រើន​នៅគ្រុបសណ្ឋាគារ​នៅភ្នំពេញ​ផង។

គេនេះ​មានស្អី​លើសពីអ្វីដែលមើលឃើញទៀត។

គីម៉ាល់ងើបមុខសួរ៖

«ខាងលោកស៊ើបបានអីខ្លះពីមនុស្សម្នាក់នេះ?»

«គេ​មានសភាពដូចកំពុងត្រូវតាមដានពីពួកត្រីកោណមាសដែរ តែម្នាក់នេះឆ្លាតខ្លាំង! ម្តងនៅភ្នំពេញ ម្តងស្ទឹងត្រែង ម្តងនៅតារានិរតី ដូចអំពិលអំពែក!»

គីម៉ាល់ក្រពាត់ដៃមិនសប្បាយចិត្ត​។

«ខ្ញុំចង់សម្អាតអារម្មណ៍ចេញ! វានេះបង្ហាញខ្លួនក្បែរហាន់ដាច្រើនដងហើយ ខ្ញុំចង់ដឹងបំណងវា!»

ចិនបើកសំណុំសឺមីហុចឯកសារពីរបីសន្លឹកជារបស់កូពីទាំងអស់មកឱ្យម្ចាស់លុយ​អាន​។

គីម៉ាល់ដៀងមើល​ហើយមិនទាន់ព្រមអាននៅឡើយទេ។ គេមិចភ្នែកសួរជនជាតិនេះ រហូតសល់បុរសនោះ​ព្រមពន្យល់៖

«ជេននេះ មានឈ្មោះដើមថា វង្សា! ជាបងប្រុសរបស់ប្រពន្ធលោក! និយាយតាមច្បាប់គេជាបងថ្លៃលោក!»

គីម៉ាល់ដកដង្ហើមឃូរធូរទ្រូង។ ភ្នែក​រេមើលប្រភេទឈាម និង DNAដែលចែងក្នុងក្រដាស។ ថ្ងៃកើតនិងឈ្មោះ​ឪពុកម្តាយពួកគេ។

«ឪពុកមួយម្តាយពីរ?»​

គេហាមាត់គ្រលាស់អណ្តាតរលាស់ចុះឡើង នឹកឃើញដល់នាង​និងសភាពនាង​តោងដៃគេក្បែរបន្ទប់ទឹកដែលជេនកំពុងឈរឌឺ។

«ម្តាយក្មេកលោក ធ្លាប់ស្នាក់នៅរៀនសូត្រ​នៅផ្ទះរបស់ម្តាយជេន!​ ទាំងពីរនាក់រាប់គ្នាដូចបងប្អូន​ចុងក្រោយមានប្តីតែមួយជាមួយគ្នា! រឿងនេះ​ពួកគេលាក់បាំងពីសាធារណមតិ​ តែប្រពន្ធលោកនិងជេន ដឹងរឿងនេះ ពួកគេជាបងប្អូនគ្នា ទុកចិត្ត​គ្នារហូតមក!»

«អាប៉ូលិស​បងថ្លៃសំគិះរបស់ខ្ញុំមានរឿងអីជាមួយពួកត្រីកោណមាស?»

គេសួរព្រោះគិតគូរចាប់ផ្តើមទុកជេនដូចជាគ្នាឯងម្នាក់។ ប្រសិនប៉ូលិសនេះមានរឿង ប្អូនស្រីគេយំជោកច្រាំងទន្លេមិនខាន​នេះបើតាមអារម្មណ៍វាយស្មានរបស់ប្តី។

ជនជាតិចិនឆ្លើយតបនឹង​សំណួរនាយគ្មានចន្លោះត្រង់ណាទេ៖

«ទាំងបងទាំងប្អូនពីរនាក់នេះអាចជាសាក្សីដឹងរឿងដែលថា ប្អូនប្រុសលោកនៅរស់ គីម៉ាល់!»

គីម៉ាល់រេភ្នែកសញ្ជឹង។ សារជាថ្មី​គេនឹកដល់ម្រាមដៃនាង​ដែលញ័រចំប្រប់ពេលស៊ីញ៉េអេតាស៊ីវិល។

បបូរមាត់ស្រស់ប៉ប្រឹមដូចគ្មានកាន់ទុក្ខអ្វី។ សំពត់ពណ៌លឿងស្រស់ និង​ចរិតញ៉ិកញ៉ក់មិនដែលមានស្នេហា ខ្លួនប្រាណសម្លឹងត្រង់ណាក្រហមត្រង់ណោះ។

«បើមែន ពួកវាអាចនឹង​បង្វែរទិសមកធ្វើបាបពីរនាក់នេះទេ?!»

«អត់ទេ! មិនទាន់ទេ!» ចិនឆ្លើយ។

«បើមែន​ពីរនាក់នេះ គ្រោះថ្នាក់យូរហើយ! ដំបូង​ពួកនោះបញ្ជូនសុងសក្តិមកធ្វើការ​ ក្រោយមកប្អូនលោកស្លាប់! ក្រោយមកទៀត​គេរៀបក្រឡាឱ្យលោកមកភ្នំពេញ​ហើយមកជួបស្រឡាញ់ប្រពន្ធលោក! រឿងនេះប្រាកដណាស់​គេនៅព្រាវនៅឡើយថារវាងទាំងពីរនាក់ អ្នកណាម្នាក់ដែលដឹងដំណឹងពិតរបស់ពិសិដ្ឋ​»

«ខ្ញុំមិនដែលទាក់ទងប្អូនខ្ញុំ៨ឆ្នាំហើយ!»

«ថយពេលលោកត្រឡប់មកវិញនេះ​ពួកគេសង្ឃឹមថា លោកនឹងទទួលបានដំណឹងដែលប្អូនលោកទាក់ទងមក!»

គីម៉ាល់គ្រវីក្បាលតិចៗ។

«គោលដៅបន្ទាប់គឺខ្ញុំ?!»

«ត្រូវ! ខ្ញុំហៅលោកមកព្រមាន​ឱ្យប្រុងប្រយ័ត្ន! ពិសិដ្ឋអាចនឹងទាក់ទងមក! គេអាចនឹង​ប្រគល់អ្វីមួយឱ្យលោក!»

«ស្អីទៅ!»

«ខ្ញុំមិនដឹងទេ! មិនទាន់ដឹង! យើងមិនដឹងទាំងអស់គ្នា! វាអាចអ្វីដែលសំខាន់ខ្លាំងសម្រាប់ពួកសង្គមងងឹតនោះ! ហើយពីដំបូង គេ​ចង់ឱ្យពិសិដ្ឋរៀបការដើម្បីប្រាប់វាមកប្រពន្ធគេ ​តែការរៀបការនេះមិនមែនជារឿងពិត ដូច្នេះ​គ្រប់យ៉ាង​បានបាត់ទៅ ជាមួយដំណឹងមរណភាពរបស់គេ គឺប្អូនលោក! សុងសក្តិប្រើពេល​ច្រើនជាងមួយខែតាមដាន​នីដាមិនឃើញមាន​អ្វី គេក៏លេងល្បិចហៅលោកមក សង្ឃឹមថាពិសិដ្ឋនឹងលេចមុខ! ​ដោយសារសុងសក្តិមាន​ស្នេហាជាមួយនារីភាប្រហែលជាបានភ្លាត់ព័ត៌មាន​ពិសិដ្ឋទៅខាងស្រី ចុងក្រោយ​ពួកគេត្រូវបំបិទមាត់! សាច់រឿងមុនត្រូវចប់!​ ពេលនេះវគ្គបន្ត ត្រូវសាងមកលើខ្លួនលោក​ដែលជាមនុស្ស​ចុងក្រោយនៃគ្រួសារនេះ!»

គីម៉ាល់សើចតិចៗក្រពាត់​ដៃថយទៅអង្គុយលើថ្មកម្ពស់ប្រហែលចង្កេះគេ។

«បំភ័យខ្ញុំបានការអី! ​ខ្ញុំមិនដឹងហើយមិនយល់អីទាំងអស់!»

«សង្ឃឹមថាពួកគេជឿសម្តីលោក!»

គីម៉ាល់រេភ្នែកគិត។ ជាបន្តបន្ទាប់គេនឹកឃើញនាងដែលអង្គុយយំ​កាលពីយប់មិញក្នុងអាងទឹកក្តៅ។ នាង​ខ្លាចប្រាប់រឿងនេះនឹងរាលដាលនាំទុក្ខដល់ប្តី។

បុរសនិយាយទាំងមុខស្មើ៖

 «សភាពពេលនេះខ្ញុំគួរស្វែងរកដំណឹងប្អូនខ្ញុំដែរទេ?!»

ជនជាតិចិន​ឆ្លើយដោយគ្រញែងខ្លួន៖

«ស្រេចតែលោកគីម៉ាល់ តែ​លោកត្រូវ​រ៉ាប់រងគ្រោះថ្នាក់នេះដោយខ្លួនឯង!»

«ហេតុអីប្រាកដថាពួកវាមិនធ្វើអីប្រពន្ធខ្ញុំ?!»

«ព្រោះពួកវាមិនគិតថាចង់បានចម្លើយទេ! ពួកវាចង់បានមនុស្ស!»

«បានន័យថាម៉េច?» គីម៉ាល់បញ្ជាក់សួរ។

«បានន័យថា ពួកអស់នោះច្បាស់ពីរឿងពិសិដ្ឋនៅរស់! គេមិនចាំបាច់បង្ខំ ឱ្យនីដាសារភាពទេ​! តែបើគេសម្លាប់ប្រពន្ធលោកអាចថា លែងមាន​អ្នកដែល​នឹង​ពិសិដ្ឋទាក់ទងមក! អាចថាបាត់ដានទាំងស្រុង!»

«ខ្ញុំគួរធ្វើម៉េច?!»

«លោកចូលក្នុងអន្ទាក់ទៅហើយមានតែសំងំ​សិនកុំរើ! យើងត្រូវការពេលមួយខែ ស៊ើបអំពីបំណងពិតដែលពួកវាចង់បានលើខ្លួនពិសិដ្ឋ! ពេលដឹងការពិត ទើបរកដំណោះស្រាយឃើញ»

គីម៉ាល់នៅស្ងៀម​ទាំង​ចិត្ត​យល់ស្របថា ខ្លួន​ដែលវិលមកមាតុប្រទេសវិញតាមពិតជាផ្នែកមួយនៃការ Set up ហើយនាង​  ក៏ទំនងជាផ្នែកមួយនៃសេណារីយ៉ូរបស់គេ កាលនាង​ឡើងមកច្រឡំទូកក៏ប្រហែលជាគម្រោងការ​របស់សុងសក្តិ ហើយគ្រប់យ៉ាងកំពុងដំណើរការទៅស្រាប់តែសុងសក្តិបានភ្លាត់រឿងសម្ងាត់ដល់ត្រចៀកនារីភា នារីនោះបានស្រែកឡូឡានៅពិធីចុះអេតាស៊ីវិលដូច្នេះក្រុមនោះយល់ថា នារីភានិងសុងសក្តិលែងជាកូនអុកសំខាន់​ក៏ចាប់ផ្តើមទាត់ចោល។

គេ​គិតហើយក៏ឱនមកពិនិត្យ​សារលើអេក្រង់ដែលទើបលោតមក។

«ប្រពន្ធ​ទៅតែមួយភ្លែតទេ ទៅសុំគេផ្អាកពីការងារមន្ទីរពេទ្យ ឆាប់មកវិញទេ ប្តីកុំខឹងឱ្យសោះ!»

គេគិតទាំងហួសចិត្ត ងើបមុខ​គិតម្នាក់ឯងនាង​ចាកចេញទៅនេះ​មានដឹងគ្រោះថ្នាក់ក្បែរច្រមុះដែរ? នាង​ទៅ​ជាមួយអ្នកណា​អ្ហះប្រពន្ធជើងល្អ?

ជនជាតិចិនសួរភ្លាម​ពេលឃើញប្រតិកម្មនេះ៖

«មានរឿងអី?!»

«ប្រពន្ធខ្ញុំឡើងទូកហើយ! ខ្ញុំត្រូវ​ទៅតាមគេ!»

គេឡើងទូកជាមួយកូនចៅហើយបកក្បាលទូកវិលត្រឡប់ទៅខេត្ត។ ការធ្វើដំណើរបញ្ចា្រសខ្យល់មានសភាពយឺតយ៉ាវជាងពេលមក។

បុរសមកដល់ដីម៉ោងប្រមាណ​ជា៣រសៀល​ហើយ។ នាង​មិនបាន​ទៅលឿនជាងគេ​ឆ្ងាយទេ។

ទូកហៀបនឹង​ចតគេ​ឃើញ​នាង​ពីចម្ងាយ​។

ស្រីស្អាតកំពុង​ឈរក្បែរច្រាំង​បាំងដោយបណ្តោយសួន​នាង​ហាក់មិនឃើញ​ទូករបស់គេឡើយ។

ទោះបីយ៉ាងណា ឃើញនាង​បានសុខ ​ចិត្ត​គេស្រណុកវិញ​ខ្សាក។

ស្វាមី​ដើរមួយៗសំដៅ​ទៅកាន់ភរិយា​ដោយតាំងចិត្តថា​នឹង មិនខ្វល់ពីអ្វីទាំងអស់​ ថែមទាំងមិនចង់យកមកគិតបន្តនូវ​បណ្តារឿង​ស្មុគស្មាញកខ្វក់នានាលើលោកនេះផង​។ គីម៉ាល់មានតែបំណងតែម្យ៉ាង​នាពេលនេះ​​គឺចង់នាំស្រីថ្លៃ​ទៅ​លាក់ខ្លួន​រស់ផ្តាច់ពីគេឯង​កណ្តាល​ដងទន្លេពីរនាក់ កៀកកើយនែបនិត្យមិនថាល្ងាចព្រឹក មាន​តែសម្តីសាសងឌឺដងស្នេហ៍។

នាង​បែរខ្នង​និយាយផងតោងដៃជេនផង។

ហាន់ដា ​មិនដឹងថាប្តីតាម​មកដល់ហើយ​កំពុង​នៅចាំមើលពីក្រោយខ្នង​ទេ។ ដោយ​ដឹងសមាសភាពជេនហើយ គីម៉ាល់ព្រមតម្អក់ពន្យារឱ្យពួកគេពីរនាក់បងប្អូន​បានសាសងគ្នា​ រហូតដល់ជេនទេដែលក្រឡេកមកឃើញ​ដោយខ្លួន ឯងហើយមិចភ្នែក​ស៊ីញ៉ូប្អូនស្រី។

ហាន់ដាងាកក្រោយ​យឺតៗ។ នាង​ដឹងច្បាស់រួចទៅហើយពេលឃើញបងប្រុស​ស៊ីញ៉ូប្រាប់ ថាគ្មាន​អ្នកណាមកតាមអន្ទោលពីក្រោយនាងក្រៅពីលោក​ប្តីម្នាក់នេះឡើយ។

ស្រីស្អាត​​ញញឹម ហើយទម្លាក់ដៃចេញពីជេន ពេលឃើញភ្នែកគីម៉ាល់សម្លឹងដៃពួកគេដែលនៅកាន់គ្នានៅឡើយ​។

សភាពនាង​គឺ​ខ្លាចគេគិតខុស​ ម៉្លោះហើយ ដើម្បីធ្វើដូចមិនដឹងរឿង គីម៉ាល់បង្ហាញ​ភាពស្មើធេងមិនខ្ចីញញឹម​លើផ្ទៃមុខ។ បុរសនេះ​កាន់តែ មានភាពទាក់ទាញខ្លាំងឡើងរាល់ពេលគេមិនសើច។ បបូរមាត់ស័ក្តិសមទាំងគូ នៅក្តាប់​តម្រង់មករកមនុស្ស​ស្រី​ដែលគេបានបីត្រកងពេញមួយរាត្រីមកហើយ។

នាង​រត់មករកគេមិនមែន​ដើរធម្មតាទេ។

បុរសនៅឈររង់ចាំនៅទីដដែល ទាំងបេះដូងអាណិតស្រីស្នេហ៍ព្រួច។

គេអាណិតទឹកមុខក្មេងសេចក្តី និងស្នាមញញឹម​ស្រស់ស្រាយយកចិត្ត​យកថ្លើមដែលនាង​បារម្ភ ថ្នមអារម្មណ៍ខ្លាចប្តីខឹង។

នាង​បានមកដល់ គេធ្វើជាសំឡឹងមើលមុខស្រស់ប្រផូរនោះតែត្រឹមមួយក្រឡេក ហើយ​ងាកទៅម្ខាងមិនចង់ឱ្យនាង​ឃើញ​ចិត្តស្រឡាញ់ជ្រាលជ្រៅរបស់ខ្លួន។

«តាមមកលឿនម៉េះប្តីខ្ញុំ!»

គីម៉ាល់ដៀងមករកពន្លឺភ្នែក​ស្រស់ស្រទន់របស់ស្រីល្អ។ ពេលឃើញស្នាមញញឹមនៅលើមុខរបស់នាងគេមិនដាច់ចិត្តថាមិនឆ្លើយ ទើបខាងប្រុសរអ៊ូតិចៗ៖

«ជើងវែងទាល់តែដាក់ច្រវាក់ហើយ!»

គ្មានអ្វីដែលគួរឱ្យឆ្ងល់ឡើយដែលនាង​មើលទៅហាក់ស្លេកស្លាំង ដកដង្ហើមហត់ៗ  ហាក់ដូចជាមាន​ អារម្មណ៍ចុះចាញ់ការសម្លុត​របស់គេ​….

បុរសងាកទៅសម្លឹងឌឺជេន​មួយសិនមុនពេលលូកចាប់កដៃដឹកនាំភរិយាត្រឡប់ទៅរកទូក។

ហាន់ដា​ដើរ​ស្រាលៗ ទៅតាម​យ៉ាងស្ងៀមស្ងាត់បន្សល់ឱ្យបងប្រុស​មើលឃើញមនោសញ្ចេតនារបស់ពីរនាក់នេះច្បាស់ក្រឡែតពីលើគោកទៅ។

«ទីបំផុត​ឯងរកឃើញមនុស្សប្រុសដែលស្រឡាញ់ឯងពិតហើយនីដា!»

គេគិតទាំងញញឹមតិចតួច រួបបែរខ្នងចាកចេញតម្រង់ឡានប៉ូលិស​ចាស់ក្រមៅរបស់គេ។​​

នៅឯណេះ​បុរស​ជាប្តីបានចិត្តជាខ្លាំងដែលបានដឹកដៃបណ្តើរនាងដោយគ្មានការប្រកែកប្រណាំង អ្វីចំណែកបងប្រុសនាង​ក៏មិនបានអើពើមកតាមការពារ​រារាំង។ គីម៉ាល់នាំភរិយា​ស្រស់ស្អាតដើរកាត់ហួសពួក​អ្នកជំនិតឆ្ពោះទៅរកបន្ទប់របស់ពួកគេ។

ចូលដល់ក្នុងកាលណា​ជើងនាយ​កៀសទ្វារបិទស្រឹបវិញ ដូចថ្ងៃដំបូងដែលស្ថិតនៅក្នុងវាំងននមួយតែពីរនាក់។

នារីនេះត្រូវគេបង្វិល​​ឱ្យឈរផ្អែកនឹងទ្វារ​បន្ទប់ប្រឈមតទល់នឹង​កែវភ្នែកស្រទន់របស់ប្តី។

ហាន់ដាលើកហត្ថា​ ជូតញើសដែលដាម​លើផ្ទៃមុខខណៈគីម៉ាល់សួរតិចៗ៖

«អ្ហះ ប្រហែលត្រូវការច្រវាក់ជើងជាប់នឹង​គ្រែបានអស់រត់!»

​នាងសម្លឹងបបូរមាត់នៅកៀកគ្នាបង្កើយជាមួយអារម្មណ៍​ដឹងហើយថា​គេមិនបានខឹង តែភរិយានៅតែបកស្រាយ​ប្រាប់ខ្សាវៗ៖

«ចេញមកជួបគេតែម្តងនេះទៀតទេ​ ចង់សុំគេឈប់!»

«ចុះម៉េចក៏មុខស្លេក? ម៉េចចាំភ័យ? មានធ្វើអីខុសមែនអត់?!» នាយ​ខ្សឹប​សម្លុតតិចៗ។

«គឺ….ភ័យ​ព្រោះរងសម្ពាធ!»

«សម្ពាធអីគេ?»

«រងសម្ពាធពេលឃើញប្តីមក ចិត្តកំពុងនឹកប្តីយ៉ាងខ្លាំង ហើយបេះដូងនេះចាប់ផ្តើមលោតព្រោះឥឡូវនៅកៀកគ្នាណាស់ ហើយមាន​តែពីរនាក់ទៀត!»

គេសប្បាយចិត្តដូចបានហោះទៅលើមេឃ ​តែប្រឹងធ្វើជាសួរដោយភ្នែកមមី៖

«គិតម៉េចទៅចឹង?!»

នាងលោមក​ថើបបបូរមាត់គេ។ នាយឃើញចលនានាង​ដែរ​តែមិននឹកស្មានថា ស្នាមថើបនេះ​រហ័ស​យ៉ាងនេះទេ ។  ខណៈខាងប្រុសភាំង ដៃស្រីទាំងទ្វេក៏បោះមកព័ទ្ធជុំវិញស្មារបស់គេទៀត។

«បើគីម៉ាល់មិនធ្វើដៃដល់ ថ្ងៃណាមួយហាន់ដាអាចនឹង​ថើបគីម៉ាល់ដោយខ្លួនឯង!»​​ គេនឹកឃើញឡើងវិញ​ដល់ពាក្យពេចន៍របស់នាង​។

បុរសនៅស្ងៀម​មិនតបតស្នាមថើបរបស់នាងនៅឡើយ​ដោយ​ ទុកឱ្យបបូរមាត់ស្រីល្អនៅទីទើររារែក។ គេមិនមែន​មិនចង់ថើបនាងឬមិនចង់​​លេបនាងទុកនោះទេ តែគេចង់ស្តាប់ណាស់​ ពាក្យសម្តីស្នេហ៍​លាន់ចេញពីបេះដូងនាង​ ពាក្យពេចន៍ទាំងឡាយដែលគេរង់ចាំ​ចង់ឮជាយូរមកហើយ ហើយមិនមែន​ចង់ឮតែម្តងឈប់នោះដែរ​។

ឃើញ​មនុស្សដៃដល់ចរិតរលាម​ពេលនេះស្រាប់តែនៅស្ងៀមមិនកម្រើកអ្វី ទុកឱ្យនាង​គ្រប់គ្រង​បបូរមាត់ខ្លួន​ដែលធ្លាប់តែជាអ្នកស្រេកឃ្លាន​ ពេលនេះគេចង់ដឹងថា ​រសជាតិធ្វើជាមនុស្ស​ដែលត្រូវគេស្រេកឃ្លានវិញ តើល្អកម្រិតណាទៅ?

នាងឈប់ នាង​ដកថយ ហើយងើយ​សម្លឹងម្ចាស់ចិត្ត​ដែលដៀងភ្នែកមើលនាងជ្រៅសន្លឹមដល់ជម្រៅបេះដូង។

សេចក្តីស្រឡាញ់មិនអាចលាក់កំបាំងបានទេ។ ​នាងកំពុងពេញច្រាល​ចេញហៀរហូរ​ចេញមកពីបេះដូងពិតៗ ព្រោះថ្ពាល់ពេញក្រពុំទាំងសងខាង​អស់ពីស្លេកទៅជាក្រហម​ធ្វើឱ្យខាងប្រុសព្រឺព្រួចធ្លាក់ជ្រលង់ទៅក្នុងកាមា។

«ឈប់ធ្វើអី?!»

គេសួរទាំងភ្នែកមមីមាត់ស្ទើរញញឹម​ស្ទើរស្លេក។

«មានការចង់ប្រាប់!» នាង​ឆ្លើយតិចៗតបជាមួយក្រសែភ្នែកខាងប្រុស។

«ការស្អី​ទៅ មនុស្ស​ពូកែកុហក!»

«ចង់ថើប! គឺ….ឮអត់? ​ចង់ថើបប្តីខ្លាំងណាស់ គិតច្រើនដងមកហើយ លាក់ទុកតែម្នាក់ឯង ​មិនហ៊ានឱ្យអ្នកណាដឹងទាំងអស់ ចង់ថើបគីម៉ាល់ជានិច្ច​ កុំក្បត់ចិត្ត​ដា​ ទៅថើបស្រីផ្សេង! ពេលជិះទូកចេញមក ​អូនមានអារម្មណ៍ប្លែកណាស់ ជាអារម្មណ៍​អត់ល្អទេ!  អូននឹកបង នឹកផ្ទះរបស់យើង ហើយនឹកគ្រប់យ៉ាង ដែលគីម៉ាល់ល្អចំពោះប្រពន្ធ!»

នាយ​ក្រហមពេញមួយតួខ្លួនដូចមនុស្សស្រវឹងស្រា ដោយអណ្តាតភ្លើងស្នេហ៍និងភាពស្កប់ស្កល់នៃសេ្នហាសត្វលោក។ ម្រាមដៃស្តាំទាំងប្រាំរបស់ខាងប្រុសលើកមកអង្អែលបបូរមាត់សិចស៊ីខាងស្រី ដែលគេតែងរំញោចចិត្តជានិច្ច​រាល់​ពេលនឹកឃើញ​ដល់នាង​កាលណា។ មិន​ស្មានថា ​ថ្ងៃនេះទាំងស្នាមថើបទាំងសម្តីផ្អែម ​សុទ្ធ​តែទទួលបានមកទាំង​ភ្នែកស្រស់បែបនេះសោះ។

«​បោកសុទ្ធ!»

គេរអ៊ូតិចៗទាំងស្នាមញញឹម​លួចបង្កប់នាចុងមាត់ទាំងសងខាង។​ នារីនេះណាអៀនខ្មាស ណាមានៈ​ប្រឹង​​ជំទើត​ជើងហើយ​លោបបូរមាត់មករកថ្ពាល់នាយសារជាថ្មី ព្រោះនាងនឹកឃើញ​សម្តីទាំងអស់របស់គេ

«ស្រីៗច្រើនណាស់​កំពុង​ចង់បានការថើបមួយនេះ ដឹងអត់អ្ហះ!» «ទៅៗ​! ទៅថើបពួកហ្នឹងទៅ​ អ្នកណាចង់បាន ​ថើបអ្នកហ្នឹងទៅ!»។

នាង​ក្នាញ់ណាស់ឱ្យតែនឹកឃើញ​ដល់ថ្ងៃនោះម្តងៗ ដូច្នេះ​ពេលនេះនាង​ចាំបាច់ត្រូវ​តែហួងហែងនាយឱ្យខាងតែបាន។

«សំខាន់ត្រូវស្រឡាញ់ប្រពន្ធតែម្នាក់!» នាង​និយាយខ្សឹបៗញ៉ិកញ៉ក់។

ខាងប្រុសលើកហត្ថ​ក្រសោបយោងចង្កេះតូចស្តើងរបស់នាង​ហាក់មិនចង់ឱ្យនាង​បញ្ឈប់ការ​ស្រង់ក្លិននានា​លើផ្ទៃមុខ​របស់ខ្លួន​ឡើយ។ បន្ទាប់មក​គេ​ចាប់ដៃនាង​រុំច្រវាត់ម្រាមដៃជាមួយគ្នា ដើម្បីបានឱកាស​សម្លឹងមើ​លដើមទ្រូងដែលពោរពេញទៅដោយចង្វាក់ដង្ហើមស្នេហ៍។

គេងើបមុខមកទទួលបបូរមាត់នាង ជម្នះការពិបាកដកដង្ហើម តឹងទ្រូង​និងអន្ទះសានេះជាមួយគ្នាដូចក្មេងមិនដែលស្គាល់ស្នាមថើប ដូចមនុស្ស​ខ្ចាត់ព្រាត់ទើបនឹង​បានជួបគ្នាវិញ។

តាំងពីពេលណាមកដែលអូនស្រឡាញ់បង​តែមិននិយាយ តាំងពីពេលណាមកដែលបងតាំងចិត្ត​ថាបេះដូងនេះស្នាមថើបមួយនេះសម្រាំងទុកសម្រាប់តែអូន?

គ្មានអ្នកណាឆ្លើយបានទេ បេះដូងពួកគេ​ជាប់រវល់អស់ហើយ។

នៅពេលបេះដូងអ្នកពេញ​ដោយអំណរ​ អ្នកមិនសូវរវល់ជាមួយ​រំញោចឬប្រតិកម្មរាងកាយទេ។ ខាងប្រុស​មិនសូវចង់ងប់ងល់ទៅក្នុងការប៉ះពាល់គ្នាទៀត​ឡើយ​គេចង់ស្តាប់នាង​ច្រើនជាង។

គីម៉ាល់ដកបបូរមាត់មកវិញ ធ្វើឱ្យខាងស្រីបើកភ្នែកមកវិញខ្វាក ។ នាង​សម្លឹងបុរសនេះ​ជាមួយពន្លឺភ្នែក​ដែលអាចឱ្យរាងកាយខាងប្រុស​អស់កម្លាំងបាក់ស្រឹបបាន។

«ទោះអូនកំពុងលេងល្បិចក៏បងព្រម!»

គីម៉ាល់គិតស្ងាត់ៗ ជាមួយ​កែវភ្នែក​សម្លឹងនាង​មិនចេះ​ធុញទ្រាន់។​ មាត់គេដែលមុននេះ​បាន​រារាំងដកចោល​ស្នាមថើបរបស់ស្រីស្អាត​ ចាប់ផ្តើមកម្រើកសួរយ៉ាងមានទំនុកចិត្ត​៖

«ស្រឡាញ់ហ្នឹង អត់ខ្លាចមនុស្ស​មានជំងឺចរិតលក្ខណៈ ​អត់ខ្លាចមនុស្ស​កាមតណ្ហាបាំងមុខ ​អត់ខ្លាចមនុស្ស​ពាលទេ!»

ស្រីស្អាត​រេភ្នែកមកសម្លឹងបបូរមាត់ឌឺនៃបុរសកំពូលឌឺលើលោក។ ចិត្តស្នេហ៍របស់នាង​គឺផ្ញើនៅទីនេះទាំងអស់ហើយ នាង​ដឹងថា​បណ្តាថ្ងៃតទៅមុខទៀត ដង្ហើមដែលដកផ្តើមជាមួយឈ្មោះរបស់គេ និងសំឡេងគេ សំនួរគេ​ក្លិនខ្លួន​គេ ហត្ថាឱបត្រកងរបស់គេ​គ្រប់យ៉ាងជាជីវិតនាង​។

«អូនអត់ខ្វល់ទេ! ទោះអ្នកថានេះជាអ្វី ជាស្នេហា​មួយ​មិនចេះខ្មាស រៀបការជាមួយបងថ្លៃខ្លួន ស្រឡាញ់មនុស្ស​មាន​ជំងឺផ្លូវចិត្ត គូស្នេហ៍រោគចិត្ត!»

បបូរមាត់ដែលនាង​កំពុងលើកម្រាមចង្អុលស្តាំ​ទៅប៉ះពាល់ គេនៅស្ងៀមញញឹមខ្លះរំភើបខ្លះក្រោមម្រាមដៃនាង​​

ហត្ថាស្តាំបុរសលូកមកក្រសោបចង្កេះនាង​ ដៃម្ខាងទៀតទប់ជញ្ជាំង ជារនាំងការពាររាងកាយទាំងពីរកុំឱ្យទ្រេត​ នាង​និយាយខ្សឹបខ្សៀវជាមួយខ្យល់ដង្ហើមបង្អូស៖

«រស់នៅជាមួយមនុស្ស​តណ្ហា​ក្រាស់ទប់ទល់បានប៉ុន្មាន​ថ្ងៃ រៀបការព្រោះស្រឡាញ់កេរមរតក….ចោលអាជីពដែលខំរៀបមករាប់ឆ្នាំ ជាមនុស្សស្រីអត់ចេះខ្មាស អ្ហឺយច្រើនណាស់ តែអត់ចង់ខ្វល់ទេ! ដឹងតែថា អូនស្រឡាញ់គីម៉ាល់ អូនចង់នៅបែបនេះ ជាមួយ​បង ជារៀងរហូតទៅ!»

សូរអ្វីមួយ នៅខាងក្រៅ….

«មានមនុស្ស​ឡើងទូក!» គីម៉ាល់ដៀងភ្នែកគិត តែនាង​ទាញមុខគេមកវិញហើយខ្សឹប៖

«ឡើងអីឡើងទៅ! ខ្វល់ធ្វើអី! ស្តាប់អូននិយាយ!»

«បាន! ស្តាប់អូននិយាយ!»

បុរសបែរត្រឡប់មកវិញ​ជាមួយការលង់ជ្រៅក្នុងពាក្យផ្អែមដែលនាងបានបណ្តាលើឱ្យគេ​រង់ចាំជាយូរមកហើយ​

គេតឿន៖

«ហើយនិយាយឱ្យលឿនណាហាន់ដា ​ព្រោះបន្តិចទៀត​ទោះនិយាយអីក៏បងមិនស្តាប់ចូលដែរ ឮនៅ?»

គេឱនមកថើបត្រចៀកនាង ហើយរាលដល់សរសៃសក់ក្រអូបផូរផង់។

ស្នូរបោកទង្គិចតួទូកជាលើកទីពីរ បណ្តាលឱ្យទីនេះឃ្លោង​យ៉ាង​ដំណំ ហាក់កំពុងកម្រើកខ្ទាតចាកចេញពីចំណត កាត់ផ្តាច់រាងកាយប្រុសស្រីទាំងទ្វេរបូតចេញ​ពីការឱបត្រកងគ្នា។

នាង​ធ្លាក់ហួសទៅមុខគ្រែ ចំណែក​គីម៉ាល់ផ្ទប់ទៅនឹងជ្រុងជញ្ជាំង​ប្រឹង​ទប់ជំហរខ្លួនឯងដោយពិបាក។ ទូកហាក់រឺយ៉ែរោទ៍ទ្រហឹង វិលខ្ញាល់ក្នុងអន្លង់មួយជុំ​ទើបបោលឌាំងចាកចោលច្រាំង។

គីម៉ាល់លូកដៃទាញកាយភរិយា​យោងឡើង​ ខណៈនៅខាងក្រៅបង្អួច​ដងទន្លេកំពុង​រត់ខ្ចាយញ្ច្រាសទឹកសំពោងឡើង។

អ្វីមួយលេចឡើងក្នុងអារម្មណ៍គីម៉ាល់។