រឿង៖ បេះដូងមេគង្គ ភាគទី៣៣

អ្នកណាបើកទូកគំហុករបៀបនេះ? ​នៅខាងក្រៅមានរឿងអីកើតឡើង។

ដៃគូស្នេហ៍ទាំងទ្វេច្រវាត់ចូលគ្នា តម្រង់មកទ្វារ តែគីម៉ាល់លើកម្រាមមួយស៊ីញ៉ូកុំឱ្យនាងឮមាត់។ គេប្រើដៃម្ខាងទៀត បង្ហើបបើកទ្វារសម្លឹង​មកហេតុការណ៍ខាងក្រៅ។

គ្មានមនុស្ស​ទេ។

គេរុញនាង​ឱ្យសញ្ញា​នៅស្ងៀមតាមរយៈទឹកមុខ​ហើយ​ទើបខ្លួនឯងសម្លឹងពិនិត្យសារជាថ្មី។ មុនពេលបង្ហើបទ្វារចាកចេញ នាយ​ឆ្លៀតងាកមកខ្សឹបដាក់ភ្នែក​ភ័យបារម្ភ​របស់ខាងស្រី៖

«ចាក់គន្លឹះសិន! ឮ?»

គីម៉ាល់ផ្អៀងខ្លួនដើរចេញទៅតាមប្រលោះទ្វារដែលបង្ហើបតិចតួច។

ហាន់ដាប្រញាប់ចាក់គន្លឹះតាមគេប្រាប់ ហើយ​ស្ទុះ​ទៅក្បែរ​បង្អួចពិនិត្យ​សភាព​នៅក្រៅ។

នាង​ឃើញ​មនុស្ស​មួយក្រុមបីបួននាក់ ក្នុងនោះមានម្នាក់ហាក់ត្រូវ​​គេក្រៀក។ ម្នាក់នោះដូចជាអ៊ុន នាង​មើលមិនច្បាស់ព្រោះប្រផិតប្រផើយថែមទាំងល្បឿនទូកនេះ​ស្រាប់តែស្លេវចេញចោលច្រាំង។

ស្រស់ស្រី​ទប់ស្កាត់ការភ័យស្លុត ហើយ​ប្រះ​ខ្នង​មកទប់​ដោយ​ឈរផ្អែកជញ្ជាំងដែលមាំ។ បន្ទាប់មកនាងស្រវាលូក​តោងក្បាលគ្រែតែម្តង ព្រោះល្បឿនទូកលើកនេះបោលលឿនណាស់ ហេតុការណ៍មិនប្រក្រតីមួយ​កំពុងឈានមកដល់….នាងគិត។

​ខណៈបេះដូងរឹតតែលោតញាប់ឡើង នាង​ផ្តោតឮស្នូរជើងមនុស្ស​រត់ឌឹបៗនៅខាងក្រៅ។ នាងបិទភ្នែកទាំងសងបែរបន់ វាជាទម្លាប់​ដែលហាន់ដាតែងតែធ្វើនៅរាល់ពេលនាង​ស្លន់។

សំខាន់នាង​មិនមែន​សុំសម្រាប់ខ្លួនឯងទេគឺនាង​ផ្សងសុំកុំឱ្យ​បុរសដែលទើបនឹងចេញទៅនោះ​មានរឿង​អ្វីឱ្យសោះ។

សម្រែក​រន្ធត់លាន់ឡើង បន្ទាប់មកស្នូរគ្រាប់កាំភ្លើង។

នាង​របូត​ដៃដែលតោងទាម ហើយ​ដួលរេលទៅលើកម្រាល។

ភ្នែកស្រីស្អាតបើកធំៗ…..

វាមិនមែនជាសុបិនទេ…..រឿង​អកុសលកំពុងកើតមាននៅខាងក្រៅ…..

នាង​ដឹងថាទឹកភ្នែក​កំពុងសើមស្អិត….

រនុកទ្វារនៅបង្កើយ គេបានផ្តាំថា​ឱ្យនាងរង់ចាំ​តេនាង​មិនចង់ចាំទេ។ ពេលវេលា​រំលងទៅ​ជាមួយភាពមន្ទិល។​ ក្រោយស្នូរផ្ទុះ អ្វី​ៗស្ងាត់មកវិញហើយ។

គេនៅឯណា?

នាង​ក្រោក​ឡើងដករនុក យោងខ្លួនចេញក្រៅបន្ទប់​កណ្តាលភាពគ្រលេងធេងធោររបស់ទូក….

ស្រីស្រស់ចងចិញ្ចើមគិត….វីវរហើយ! សភាពនេះ​អ្នកណាម្នាក់កំពុង​តែបញ្ជា​ទូកកាត់អន្លង់ទឹក?

ពួកគេ​អាចមិនមែន​អ្នកថ្នឹកដើរទូកនៅមេគង្គ​ស្ទឹងត្រែង​ហើយមិនស្គាល់តំបន់ទឹក​ហាមឃាត់ទេដឹង?

នៅខាងក្រៅគ្មានអ្នកណាទាំងអស់។

ពួកគេ​ប្រហែលផ្តុំគ្នា​នៅកាប៊ីន?

នាង​នឹកឃើញ​ដល់ក្រុមមនុស្ស​ដែលមុននេះស្រីសម្លឹងពីក្នុងបន្ទប់មកឃើញពួកគេ​កំពុងតែ​នៅផ្តុំគ្នា ហើយហាក់មាន​កាន់ក្រៀកក្លេគ្នាទៀត?

ហាន់ដាប្តូរទិសដៅ​ទៅខាងស្តាំដៃ….

ពីចម្ងាយ….នាង​ឃើញ​​មនុស្សប្រុសប្លែកមុខពីរនាក់នៅឈរទីនោះ។

ពួកគេ​មានកាយសម្បទាធំខ្ពស់ មិនមែនជនជាតិអាស៊ីទេ។ ម្នាក់ចាប់ក្រៀកអ៊ុន ម្នាក់ទៀត​ភ្ជង់អ្នកណានៅកែងខាងឆ្វេងនាងមើលគេមិនឃើញ។ ពួកគេមានកាំភ្លើង?

មែនហើយមុននេះតើពួកគេបាញ់មែនទេ? គេ​បាញ់អ្នកណា?​ឯណាគីម៉ាល់។

ដោយប្រញាប់បោះជំហានទៅមាត់នាង​ស្រែកសួរផង៖

«មានរឿងអី?!»

បុរសមុខបារាំង​ស្រម៉ូម​ និងមាន​ភ្នែក​ខៀវថ្លា ឈរឆ្ងាយ​ផុតពីគេងាកខ្វាច់មករកនាង ​ជាមួយ​កាំភ្លើងខ្លី​ភ្ជង់សំដៅក្បាលស្រីស្អាត​។

ហាន់ដា​ទន់ជើង ដើរទៅមុខលែងរួច។

ជនបរទេសទាំងទ្វេនាងមិនដែលឃើញ​គេទេ ហើយនាង​មិនខ្វល់ឡើយ ​ប៉ុន្តែ​ពិតណាស់នាង​ដឹងពីបំណង​របស់ពួកគេ។

ស្រីស្អាតគ្រវីក្បាលយឺតៗ។

គីម៉ាល់ៗៗៗ

នាង​រអ៊ូហៅឈ្មោះគេខណៈបារាំងនោះដើរទឹបៗសំដៅមក។ ដៃស្រីស្រស់តោង​បង្កាន់ដៃដែកតែចាប់មិនជាប់ព្រោះចាប់ប៉ះពោងសម្រាប់ហែលទឹកទៅវិញ។

នាង​ដួលផ្ងារក្រោយ​ដោយសារការគ្រលែង។

នៅលើកម្រាលក្រោកមិនបាន​ នាង​ខំស្រែកប្រាប់ជាភាសាអង់គ្លេស៖

«ខាងមុខជាអន្លង់ទឹកកួច! អាចស្លាប់ទាំងអស់គ្នា​! ឆាប់ងាកក្បាលទូកចេញ!»

កំភួនដៃធំមួយ លូកមកទាញកអាវហាន់ដា​ហើយកន្ត្រាក់ យោងរាងកាយនាង​ឡើង។

«ពិសិដ្ឋនៅឯណា?!»

ជនជាតិបារាំងនិយាយភាសាខ្មែរ​ច្បាស់ណាស់។ ដូចស្រស់ស្រីស្មានទុក​នេះជាសំណួរ​ដែលនាង​គេងមិនលក់ព្រោះ​ភ័យរន្ធត់រាប់រយរាត្រីរួចម​កហើយ។

បបូរមាត់ស្រីញ័រចំប្រប់ ខណៈនៅពីលើដំបូល កន្ទុយភ្នែកនាង​ឃើញហាក់ប្រទះឃើញ​វត្ថុមានជីវិតធ្វើចលនា​។

ហាន់ដាក្រឡេកទៅទីនោះវឹងហាក់ដូចជា​តម្រុយបង្ហាញ​ឧក្រិដ្ឋជនឱ្យដឹងខ្លួននិង​បំបែរចុងកាណុងសំដៅដាក់ស្នាមផ្ទុះមួយត្រណោតទៅជាមួយផង។

អ្នកនៅខាងលើដឹងថាលែងអាចពួនបានតទៅ​ទៀត ចំណែកជីវិតគឺប្រលែងនឹងគ្រាប់សំណ​បោលទំលុះម្ល៉ោះហើយនាយមាន​តែ​ក្រឡាស់ខ្លួន​លោតទៅក្នុងលំហទឹក។

«គីម៉ាល់»

នាង​បម្រះខ្លួនក្នុងរង្វង់ដៃជនបរទេស​សម្លឹងទៅ​ស្វាមីដែលលោតប្រូង​ទៅក្នុងគំនួចជលស័យ។

«ជេនៗៗៗ ជួយផង!»

ហាន់ដាស្រែកអស់សំឡេង​ប្រណាំងនឹងកាប៊ីនដែលរោទ៍បន្ថយល្បឿន​រឺយ៉ែរេក្បាលប្រផាប់ប្រភីង។ តាមពិតនាង​រន្ធត់អំពី​ប្រុសស្នេហ៍​ដែលធ្លាក់ទៅក្នុងទឹក​ទើបនាង​ស្រែក ​តែនាង​ដឹងស្រាប់ហើយថា ​ទូកបានចាកចោលច្រាំងឆ្ងាយពេកហើយ ជេនធ្វើម៉េចនឹង​ឃើញ​ទាន់?

«ចង់ដឹងពីពិសិដ្ឋពួកឯងលោតមកតាមយើង!»

គីម៉ាល់ស្រែក​ឡើងមកពីក្រោយទឹក​ធ្វើឱ្យជនជាតិបារាំងអើតឱនទៅមើលគេទាំងរារែកសោកស្តាយ​។ គ្នាវានៅខាងមុខហាមាត់​ស្រែក No ព្រោះស្រឡាំងកាំងនឹងអន្លង់កួចធំមួយ កំពុងបង្ហាញខ្លួន​សន្សឹមៗ​ប្រមាណជា​២០ម៉ែត្រខាងមុខ។ ​

ចម្ងាយប៉ុណ្ណឹង និងល្បឿនប៉ុណ្ណឹង​ ទូកនេះមិនអាច​សង្គ្រោះកើតទេ។ អន្លង់នេះជ្រៅ​នឹងមាន​កម្លាំងកួចខូងចុះក្រោម​ខ្មៅក្រឹបសូម្បីសម្លឹងពីចម្ងាយ។ វាជាតំបន់ហាមឃាត់​ដ៏គ្រោះថ្នាក់សម្រាប់ផ្លូវទឹកមួយនេះ…..

ពួកគេ​មើលមុខគ្នា ហើយ​ស្ទុះព្រមៗមកក្រៀកហាន់ដាដៃម្ខាងម្នាក់និង​លោតចុះទៅក្រោម។

ប្រូង….

នៅក្រោមរលកទឹក ហាន់ដាកំពុង​ត្រដាបត្រដួសទាំង​វង្វេងដូចជាត្រីកំពុងត្រូវ​ក្រុងក្នុងអង្រុត​។ នាង​ខំផ្ចង់អត់ដង្ហើម​ទធាក់ជើងឡើងរកផ្ទៃទឹកវិញ តែកអាវខាងក្រោយហាក់ត្រូវជាប់ច្បាម។

អ្នកណាម្នាក់នៅតែ​ចាប់នាង​ជាប់យ៉ាង ពេញដៃតែ​ខោអាវគេ​  មិនដូចឧក្រិដ្ឋជនពីរនាក់នៅខាងលើ​ទូកមុននេះទេ។ ជាបណ្តើរៗនាងឃើញ​ដៃគេ និងអាវគេ ។​

«គីម៉ាល់»

បេះដូងនាង​អរភើតខណៈគេនោះខំប្រឹង​ហែល​នឹង​ យោងនាង​ឡើងទៅតាមផង។

ទាំងពីរកាយខំបណ្តែតខ្លួន​ជម្នះធាក់ទឹកឡើងរកផ្ទៃខាងលើក្នុងសង្វាក់ស្របគ្នាប៉ុន្តែ….

ការសម្រុករបស់នាង​ហាក់ដូចជាតឹងឡើងៗ មានអារម្មណ៍ថាអ្វីមួយកំពុង​ប្រតោងជើងនាង….

ដំបូង​វាទាញជើងនាង​បានតែមួយជំហាន​ទេប៉ុន្តែក្រោយមកវាចាប់ជើងជាប់ទាំងសង ហើយរាលដាលយ៉ាងរហ័ស​ឡើងដល់កំភួនជើង…..

ហាន់ដា​គិតថា ជាស្នាដៃនៃបុរសបរទេសទាំងទ្វេពិតណាស់ប៉ុន្តែគិតបន្តិចទៅ កម្លាំងរឹតនេះមិនសមជា​ដៃមនុស្ស វាសមតែជា​អ្វីផ្សេង…..

គីម៉ាល់ងាកក្រោយ​ខណៈរាងកាយ​ស្រី​មិនត្រឹមតែមិនអាចយោងទៅមុខ​ថែមទាំងកំពុង​ត្រូវប្រទាញគាំង។

បុរសបើកភ្នែក​ធំៗ​សម្លឹងរាងកាយប្រពន្ធសំណព្វដែល​ជាប់ដល់គល់ភ្លៅ​នៅក្នុងសំណុំអន្លង់ទឹកកួច​ដូចជាមាត់បិសាចធំចង្ក្រាង ប្រទាញស្រូបរាងកាយនាងដណ្តើមគំហុកជាមួយ​នាយ​​។

គេងាកមើលមកស្រីស្នេហ៍​ទាំង​ដែលនិយាយគ្នាមិនរួច…..។

ពន្លឺព្រះអាទិត្យ​ជ្រាលជ្រេនៅខាងលើបង្ហាញ​ថា នៅតែបន្តិចទៀត​ពួកគេ​ឡើងដល់ផ្ទៃ​ទឹក​ហើយ តែក៏​ប្រាប់ពី​ដំណឹងអស់សង្ឃឹមផងដែរថា គ្មានអ្នកណា​ធ្លាប់ហែលមកប៉ះចរន្តទឹកកួចនេះហើយ​មានវាសនា អណ្តែតឡើងបានទៅ​ស្រូបអុកស៊ីសែន​នាផ្ទៃទឹកខាងលើសារជាថ្មីម្តង​ទៀតបាននោះទេ។

​ដៃនាងរបូតពីគេ ។ បេះដូងនាងឈប់ដើរ…..តែខួរក្បាលនាងនៅដំណើរការ….

នាង​ជាអ្នកស្រុកនេះ សមត្ថភាពហែលទឹក​និងល្បឿន ព្រមទាំង​កម្លាំង​កាយ​ប្រទាញ​របស់គីម៉ាល់​គឺកម្រមានណាស់នាង​ដឹង ​តែពេលនេះ​គេ​របូតដៃហើយ នាងក៏ព្រមទទួលស្គាល់ដែរថា នេះជាលើកចុងក្រោយ​ដែល នាង​បានប៉ះដៃ​គេ។

«លាហើយ​គីម៉ាល់!»

ការយល់ឃើញដ៏ខ្សោយរបស់នាង​បានបណ្តាលឱ្យរាងកាយស្រីរសាត់​លឿនស្លេវទៅក្រោយ។

លោកនេះមាន​អព្ភូតហេតុដែរទេ?

គ្មានទេ! គ្រប់គ្នានឹងស្លាប់ តែអូនស្លាប់ទាំងមិនទាន់បានស្រឡាញ់បងតបវិញ ស្លាប់ទាំងមានរឿងជាច្រើនអូនមិនទាន់បាននិយាយប្រាប់ប្តី។ ហេតុអី​ពេលវេលារបស់យើង ខ្លីម៉្ល៉េះ?

ខណៈដែលនាង​លែងខ្ចីចង់ដឹង​ទៀត រាងកាយនាង​បានប្តូរ​ទិសដៅ ហើយ​ល្បឿននាង​បានរឹតប្តឹង​ប្រទាញ​មក​វិញ​។

ដៃនាង​ឈឺណាស់ លាន់ប៉្រសៗក្នុងសរសៃប្រសាទនាង ​ដូចជាសរសៃនឹង​របូតរបាញដាច់ដោច។

កដៃនាង​រឹងកំព្រឹស ស្ពឹក ហើយ​ត្រូវអ្នកណាម្នាក់ចាប់ទាញប្រណាំងមួយទំហឹង​ត្រឡប់លើ។

គេមិនបាន​បោះបង់នាង​ចោលទេ! ប្រុសម្នាក់នេះ​បានវិលមកវិញ ហើយប្រើកម្លាំង​ទាំងអស់ដែលគេមាន ប្រទាញទាមទារប្រឆាំងនឹងកម្លាំងព្រហ្មលិខិត

«សូម្បីតែ​ហក់ចុះពីអាគារនេះ កន្លែងនេះ ឥឡូវនេះ​ក៏ខ្ញុំអាចធ្វើ!» «ចុះមានអ្នកណាឃាត់! អ្ហះ អ្នកណាឃាត់ហាន់ដា​! លោតជាមួយ​គ្នាបានណ៎ា កំដរបានហាន់ដា​! ចង់ឃើញអត់​ ឬអត់ហ៊ាន? លោតមុនឱ្យមើលបាន! ប្តីស្លាប់ម្នាក់ហើយ ស្លាប់ម្នាក់ទៀតមានអីអស្ចារ្យទៅហាន់ដា?!»

គេបានប្រឹងអស់មួយទំហឹងទាមទារយកនាង​ចេញពីមច្ចុរាជ។ រាងកាយមនុស្សស្រីរបូតស្លេងឡើងមកលើ ត្រូវបានគ្រវែងឆ្ងាយ​ព្រោះកម្លាំងប្រទាញនេះ​បានធ្វើអស់ពីជំហរដែលអាចគ្រប់គ្រងបាន។ ​នាង​ខ្ទាតចេញពីជញ្ជាំងគំនួចខ្ទាតមកលើផ្ទៃទឹក ។ នៅខាងក្រោម ហាន់ដា​មើលឃើញ​រលក​​រាងកាយបុរសដែល​បានវិលច្រើនជុំ​        ត្រឡប់​ទៅកាន់ទីតាំងដើម​ជំនួសនាង​វិញ។

ត្រូវហើយ!

ពេលប្រទាញនាង​ឡើង គេគ្មានអ្វីសល់ខ្លួនឯងដើម្បីទប់ទៀតទេ។ គេធ្លាក់ចុះទៅហើយ គេធ្ងន់ជាង និងបាត់ជំហរ​ទាំងស្រុង….អន្លង់ទឹកកួចកំពុងចំហទ្វាររង់ចាំបុរសនេះ….

​គីម៉ាល់លាតសន្ធឹងដៃរបស់នាយ​ស្រវាចាប់នាង​ម្តងទៀត។ ខ្សែដៃរបស់គេ​ដែលនាង​ពាក់ជាប់ប្រាណ ដាច់ខ្វាក ទម្លាក់រូបរាងបុរសម្នាក់នេះ​ធ្លាក់ថយក្រោយទៅក្នុងអន្លង់បិសាច…..

ហាន់ដាហាមាត់ស្រែក….បេះដូងនាង ដង្ហើមនាងជន់លិចទៅដោយទឹក និងការកកស្ទះ….

នាងស្រែកមិនចេញទេ…..តែនាង​នៅតែស្រែក……

រឿងជាច្រើនលើលោកនេះ យើងមិនអាចគ្រប់គ្រងវាបានទេ…..អ្វី​ដេលយើងអាចគ្រប់គ្រងបាន​គឺ ប្រើពេលវេលា​ដែលមាន​ឱ្យមាន​អត្ថន័យល្អ ហើយកុំសោកស្តាយ…..

ទន្លេទឹកភ្នែក

«គីម៉ាល់!»

នាង​ស្រែកភ្លាត់សំឡេង​ហើយស្ទុះក្រោកឡើង…..

វាំងនននៅបង្អួចចុងជើងបក់រវិច។ នាង​ភ្លេចបិទកញ្ចក់ទៀតហើយ។ ច្រើនខែមកនេះ​ កោះមួយនេះ​ស្រពោនស្រពាប់។

ភ្លៀងមិនលោះថ្ងៃ ភ្លៀង​ដល់​​កណ្តាលយប់ រហូតគ្រាប់លម្អងភារុណតូចៗ​ អាចជ្រាតមកផ្សើមមុខនាង​ខ្លះ។ ពេលនេះ​វាក៏បានចូលមកបំផ្លាញភស្តុតាង បន្លំមិនដឹងមួយណាជាទឹកភ្លៀងមួយណាជាទឹកភ្នែក​ឱ្យប្រាកដឡើយ​។

ហាន់ដា​មិនដែលចាកចេញទីនេះទេ។

គ្រប់គ្នាឱ្យនាងសាកល្បងរស់សារជាថ្មី តែនាងបានរើសយកវិធីបង្ខាំងខ្លួនឯងទៅក្នុងអនុស្សាវរីយ៍​ចាស់ នាង​មិនព្រមទទួលយកការរំលងទៅនៃពេលវេលាឡើយ។

«គីម៉ាល់ បងជិតមកផ្ទះហើយមែនទេ? បងជិតមកSurpriseអូន ហើយ​បងនឹងធាក់ទ្វារបន្ទប់ឫស្សី បងនឹង​បីអូន​ធ្វើដំណើរទៅកាន់ព្រៃរបោះ ហើយបងនឹង​ចូលមក ដើម្បីថើបថ្ងាសប្រពន្ធម្នាក់នេះថ្នមៗរហូតនាង​គេងលក់មិនមានទុក្ខ​ព្រួយភ័យអ្វីទាំងអស់!»

ទឹកភ្នែក​ដែលគ្មានសំឡេង ធម្មតា​វាជាសញ្ញានៃការឈឺចាប់ជ្រាលជៅមួយ។

«បើគង់អ៊ីចឹង យើងជួបគ្នាធ្វើអីទៅ? បងនៅក្នុងទឹក បងពួនប្រពន្ធមែនដែរទេ?!»

នាង​ក្រោក​ដើរទៅ ហើយ​បានទន់ជើង​ដួលចុះ​នៅលើកម្រាលឈើ ខណៈដែលការឈឺចាប់ខ្លាំងនិងមុតៗ បានបាញ់មកលើខ្នងរបស់នាង ជើងនាង ក្បាលនាង​បេះដូង​ដែល​នាងបានដឹងថា មួយក្នុងចំណោមនោះជាព្រួញ​ព្រហ្មលិខិតដែលនាង​ចង់តវ៉ា ចង់រើបម្រះ តែកាន់រើ ចិត្ត​នាងកាន់តែ​ឈឺចាប់។

នាង​យោងខ្លួនឯងទៅផ្អែកនឹងជើងកៅអីវែង។​ ទីនេះនាង​ធ្លាប់លាងរបួសឱ្យគេ ហើយសម្តីគេមួយម៉ាត់ៗចងជាប់ក្នុងការចងចាំរបស់នាង​ដូចអាត់សំឡេងទុក

«ទាន់ប្តីនៅស្រឡាញ់ មានអីនិយាយក៏និយាយគ្នាឱ្យហើយមកហាន់ដា​!»។

សាក់កាដូខោអាវគេដែលស្ពាយមកពីលើទូកទម្លាក់​នៅទីនេះ វានៅកន្លែងនេះ​នៅឡើយ។​ រាប់ខែហើយគ្មានអ្នកណាមានសិទ្ធិយកវាចេញពីនាង​ទេ។ ហាន់ដាស្រវាយកមកឱបជាប់ទ្រូង ហើយបិទភ្នែកទាំងសង​បន្តយំយែកម្នាក់ឯង។

«បើកភ្នែកមនុស្ស​ខូច?»

សំឡេងខ្សឹបរបស់គេនៅក្នុងការចងចាំរបស់នាង។ រាល់ពេលនាង​អៀនខ្មាសនឹងការចែចង់របស់គេ នៅរាល់ពេលនាង​គេចចេញមិនចង់ឱ្យគេ​ឃើញចិត្ត​តាមរយៈពន្លឺភ្នែក នាងតែងតែបិទភ្នែកនៅនឹងមុខគេ។

រាល់ដងអូនបិទភ្នែក ព្រោះអូនបានចិត្ត​!​ អូនអាងថា បងនៅទីនេះ កំពុងសម្លឹងអូន ព័ទ្ធពែន​ដៃដ៏រឹងមាំរបស់បងមកការពារអូន ហើយឱ្យតែអូនបើកភ្នែកឡើងមកនឹងឃើញបង តែពេលនេះ អូនបើកភ្នែកច្រើនដងហើយ អូនមិនបានឃើញបងបង្ហាញខ្លួនទេ។

នាង​សោយសោកដូច្នេះស្ងាត់ៗសឹងក្លាយជាទម្លាប់ ។

អាវគេ​ជាគ្រឿងដែលនាង​តែង​និយម​យកមកឱបថើប ជូតទឹកភ្នែក ដូចពេលនេះទៀតនាងនៅតែធ្វើ…..

នាង​ទាញអាវបុរសនេះមកពិនិត្យ​ហើយ​ផ្តិតថើបស្វែងរកក្លិនសេសសល់ពីរាងកាយ​គេ….

របស់មួយធ្លាក់ចុះមកលើភ្លៅ….នោះគឺម៉ាសបាំងមុខ​ដែលនាង​បានប្រគល់ឱ្យគេ….

«ខ្ញុំមានម៉ាសតែពីរហ្នឹង! ភ្លេចគិតថា វារូបតុក្កតា!»

«ខ្ញុំឈ្មោះគីម៉ាល់!»

នាង​គិតទាំងព្រិចស្រទាប់រោមភ្នែកងរខ្ទើតទាំងសងហើយហៅឈ្មោះខ្លួនឯង «ហាន់ដា!»។

គេរក្សាវាបានរហូតមក លាក់វានៅទីនេះ របស់ដំបូងដែលនាង​ពាក់ឱ្យគេ។​ ចំនែក​ខ្សែដៃគេដែលទើរមកលើទ្រូងនាង បានធ្លាក់លិចសូន្យបាត់ទៅក្នុងដងមេគង្គ​ហើយ​។