«យើងនៅមានថ្ងៃបានជួបគ្នាបាននិយាយគ្នាខ្លះទៀតដែរទេ?!»
វាខ្លីពេកហើយសម្រាប់ការជួបដែលចាប់ចិត្តស្រលាញ់ភ្លាមៗដូចមានចារទុកមកពីបុព្វេ តែក៏សាហាវពេកដែរដែលត្រូវព្រាត់ទៅទាំងបែបនេះបាន?
សម្រឹបជើងលាន់ឡើងរសឹបនៅក្នុងផ្ទះ…..
ហាន់ដានៅបង្អង់ពីការសោយសោកហើយបែរងាកក្រោយ…..អ្នកណាម្នាក់នៅឯបន្ទប់ទឹករបងឬស្សី….
«ជេន!»
នាងខ្សឹបតិចៗស្ទើមិនឮចេញពីក្នុងទ្រូងផងទេព្រោះល្វើយ។
ស្រីស្អាតច្រត់ដៃក្រោក…..
នៅពីមុខផ្ទាំងកញ្ចក់នាងឃើញខ្លួនឯងស្គមស្គាំងមានសភាពដូចជាមនុស្សមិនមែនមនុស្ស។
មិនមែនជេនមកទេ!
កណ្តាលយប់ហើយ! ណាមួយនាងចាំបានថា មិននៅកោះនេះទេ គេបានមកប្រាប់ថា លាទៅភ្នំពេញប្រជុំថ្នាក់នាយកនៅសណ្ឋាគារ។ ចុះអ្នកណា? ម្តាយនាងនឹងប្អូននាងឆ្លៀតទៅលេងនៅភ្នំពេញជាមួយជេនហើយ…..អ្នកណាមករកអីថ្មើរណេះ?
កោះនេះធ្លាប់សុខសាន្តណាស់។
នាងគ្មានអារម្មណ៍ខ្លាចទេ តែនាងមានអារម្មណ៍រងា….
ជាង១០ខែហើយ តាំងពីមានឧប្បត្តិហេតុមក ជនបរទេសមកពីត្រីកោណមាសបានស្លាប់ទៅក្នុងទន្លេហើយ ពួកវានាំយកទៅទាំងមនុស្សដែលនាងស្រឡាញ់បំផុតផង ចុះពេលនេះ…..
នាងក្រោកឡើងដើរមួយៗសំដៅទៅ…..
ពីទីនេះទៅ…..
អ្នកណាម្នាក់កំពុងឈរបែរខ្នង រើរកអ្វីមួយមិនមែននៅបន្ទប់ទឹកទេ តែជាទូតាំងរបស់នាង…..
រឿងកាលពីព្រឹកត្រូវរំឭកមកវិញ…..
«តួសំខាន់ៗក្នុងរឿងនេះ ស្លាប់អស់ហើយ ឯងត្រូវរឹងមាំឡើងដា»
គឺជេនបងប្រុសខុសម្តាយរបស់នាង បានមករកនាងនៅកំពង់ទឹក ទីដែលនាងតែងប្រើជីវិតជារៀងរាល់ថ្ងៃនិយាយជាមួយជលសា ក្រែងព្រះគង្គាមានមេត្តា ជួយនាំវាចាបេះដូងកំព្រាដាច់ដោចទៅដល់វិញ្ញាណម្ចាស់ស្នេហ៍…..
«ឯងគិតថាខ្ញុំនៅរស់? អ្ហះ? ជេន! ឯងគិតថាខ្ញុំរស់បានយ៉ាងម៉េច១៨ខែមកនេះ»
«ភ្ញាក់ខ្លួនឡើង នីដា ពួកត្រីកោណមាសនៅក្បែរៗនេះ វាកំពុងតាមដានឯង»
«ប្រាប់ពួកគេនោះទៅ! ធ្វើអីក៏ធ្វើទៅ!»
នារីបោះចំណីទៅក្នុងទឹក ភ្នែកល្ហល្ហេវសម្លឹងហ្វូងមច្ឆាហែលច្រវាត់។
«១៨ខែហើយជេន! មនុស្សដែលយើងស្រឡាញ់បំផុត មិនដែលត្រឡប់មកវិញទេជេន! យើងជាមនុស្សបរាជ័យ យើងបានបាត់បង់គ្រប់យ៉ាងនៅក្នុងភាគនិទានមួយនេះណា៎ជេន! យើងគ្មានជីវិតទេ!»
ជេននិយាយដោយសំឡេងលួងលោម៖
«សន្យាទៅ ថាឯងរឹងមាំ ឯងនឹងថែរក្សាអ្វីៗគ្រប់យ៉ាងដែលគេបានបន្សល់ទុកលើកោះនេះ ស្នេហាស្មោះរបស់គេ ការងាររកស៊ីរបស់គេនៅឌូបៃ សាលពិព័រណ៍សិល្បៈរបស់គេ! ហើយនេះយើងដាច់ចិត្តយកមកឱ្យឯង សង្ឃឹមឯងឃើញហើយរឹងមាំ! ម៉ាស៊ីនថតរូបរបស់គេ! រូបឯងនៅហ្នឹងទាំងអស់! រឹងមាំឡើងនីដា ស្នេហារបស់ឯងមិនចេះស្លាប់ទេ វាចារទុកលើដងទន្លេនេះ!»
នាងលូកដៃញ័រៗទទួលយកម៉ាស៊ីនថតមកកាន់។ ជេនធ្វើយ៉ាងណាបានរកវត្ថុនេះមកបាន បើទូកទាំងមូលត្រូវបាក់លិចស្លុងទៅក្នុងគំនួចអន្លង់បិសាចទៅហើយ?
នាងងើបមុខសម្លឹងបងប្រុសដែលទុកគ្នាស្មើមិត្តស្មោះត្រង់ក្នុងជាតិនេះ៖
«ជេន? ជេនរកឃើញទូកដែលលិចហ្នឹងមែនអត់? អ្ហះជេន?!»
ជេនធ្វើមុខស្ងួត តែគេខំទាញនាងវិលមករកតថភាពវិញ។ បុរសនេះកាន់ស្មាទាំងសងរបស់ប្អូនស្រី៖
«នីដា! លោកនេះគ្មានអភិនីហារទេ! ទន្លេនេះមានជម្រៅពាន់ម៉ែត្រ! ទូកដែលកួចទៅហើយ ធ្វើម្តេចសល់សំណាករកឃើញបាន? មនុស្សស្លាប់ហើយ រូបរាងរលាយអស់ហើយនីដា! រស់នៅឡើងវិញសារជាថ្មីនីដា! រឹងមាំឡើង គីម៉ាល់មិនចង់ឃើញឯងបោះបង់ចោលខ្លួនឯងព្រោះគេទេប្អូនស្រីកម្សត់!»
នៅក្នុងម៉ាស៊ីនថតនេះគ្មានរូបអ្នកណាទាំងអស់ គឺមានតែរូបនារីសំពត់លឿង ម្នាក់ដែលស្លើតស្លក់ចុះមកពីលើច្រាំង។
ស្រីស្អាតដកអារម្មណ៍ចេញមកវិញ។ នៅទីនោះសម្លឹងអ្នកឈរនោះប្រសើរជាងនៅស្តាប់ពាក្យដាស់តឿនរបស់ជេន។ ជាការប្រសើរណាស់ដែលនាងហាក់ឃើញបុរសនោះងាកមក។
អាវុធសម្ងាត់មួយបុកមកចំបេះដូងនាងភឹប…..
គីម៉ាល់…?
អ្វីដែលស្រីតូចអាចធ្វើបាននៅពេលនេះគឺនាងក្តិចខ្លួនឯងប្រាកដថា មិនមែនយល់សប្តិទេ។
អ្នកដែលនាងកំពុងស្រែកហៅ គឺបុរសនេះបុរសម្នាក់ដែលនាងបាននឹកគេទាំងយប់ទាំងថ្ងៃ។
សុខសប្បាយជាទេប្រពន្ធសម្លាញ់!
គេនិយាយមកតិចៗ ហើយបែរមកញញឹមដាក់នាង។
នាងស្រែកឡើងទាំងអំណរ ទាំងឆ្កួតវង្វេង តែសំឡេងនាងហាក់បីដូចជាមិនឮចេញមកខ្លាំងទេ ព្រោះបំពង់កត្រូវស្ទះណែន រហូតដល់គេនោះដើរសំដៅមក…..
ទើបនឹងមកដល់កៀកគ្នា ដៃម្ខាងរបស់គេ លូកមកឱបត្រគាកនាង។ ហាន់ដាកំពុងតែភ្លឹក នាងឃើញភ្នែកគេសម្លឹងនាងយ៉ាងមុត ហាក់ដូចគេនេះ ទាំងពីរនាក់នេះមិនបានមានរឿងអ្វីកើតឡើងទេ គឺមានតែអារម្មណ៍មួយជាខ្លាំង គឺខ្លាំងណាស់ វាជាអារម្មណ៍ដែលនាងកំពុងភាន់ភាំងច្រឡំពេញទំហឹង។
១៨ខែហើយដែលយើងមិនដែលឃើញគ្នា ឬគេខ្លាចខ្ជះខ្ជាយពេលវេលា?
យើងកំពុងស្ថិតក្នុងការស្រមើស្រមៃស្រើបស្រាល? ទេ! បេះដូងយើងមានទុក្ខសោក! យើងនឹកគេព្រោះស្នេហាមិនមែនកាមតណ្ហាឡើយ។
បុរសនេះរាវពាសពេញតំបន់ក្រោមចង្កេះនាង ធ្វើឱ្យហាន់ដា ដកខ្លួននឹងបម្រះចេញដោយស្វ័យប្រវត្តិ ដោយមិនដឹងខ្លួន។
គីម៉ាល់? នាងហៅឈ្មោះគេតិចៗហើយស្ទុះទៅបើកភ្លើង។
ដ្បិតតែគេហាក់មានរូបរាងធាត់ជាងមុនតិចតួចតែភ្នែកគេ និងមុខមាត់គេ មិនបានប្តូរទេ។
ដោយភាពរហ័សរហួន បុរសនេះមិនឆ្លើយបែរជាលើកនាងបី ដើរសំដៅត្រឡប់ទៅគ្រែដែលមុននេះនាងភ្ញាក់ឡើងសើងម៉ើងព្រោះចំហាយទឹកភ្លៀង។
មេឃនៅខាងក្រៅរាំងហើយ!
នាងមិនដឹងថាខ្លួនឯងបានអង្គុយយំយូរប៉ុនណាហើយទេ ចំណែកគេនេះក៏មិនដឹងជាមកដល់តាំងពីពេលណាហើយដែរ។
ហាន់ដាត្រូវផ្តេកផ្ងារទៅលើពូកដោយការផ្តួលរបស់គេ។
ម្រាមដៃរឹងៗនៃបុរសនេះរអិលពីចង្កេះរេចុះឡើងពីភ្លៅទាំងសងទៅទើរនឹងជង្គង់របស់នាង។ អ្វីមួយយ៉ាងឆាប់រហ័សប្រាប់នាងសម្ងាត់ក្នុងបេះដូង…..មិនមែនគេទេ!
តាមវិធីសាមញ្ញ នាងចំណាយពេលយ៉ាងរហ័សក្នុងការសម្រេចចិត្តរើបម្រះ ខណៈគេនោះចាប់ផ្តើមទាញនាងត្រឡប់មកវិញយ៉ាងខ្លាំង ពិសេសនៅត្រង់ត្រគាកដែលជាកន្លែងដែលមានបញ្ហាឈឺរហូតមកតាំងតែពីនាងបានធ្លាក់ទឹកហើយខំប្រឆាំងនឹងកម្លាំងស្រូបទាញនៃអន្លង់ទឹកកួច។
ត្រង់កន្លែងដែលមានបណ្តុំសរសៃប្រសាទស្រើបស្រាលនិងភាពជាមនុស្សស្រី ដៃគេកំពុងធ្វើឱ្យនាងឈឺដោយសារបុរសនេះហាក់មិនចង់ឱ្យនាងក្រោកឡើងវិញបាន។
រហូតមកដល់ពេលនេះនាងដឹងថា ខ្លួនឯងមានតែកម្លាំងពាក់កណ្តាលនិងញាណដឹងខ្លះៗនៅច្រឡំបល់។
«ចេញពីខ្ញុំ!» ហាន់ដាធាក់ជើងទាំងសងហើយស្រែកអួលៗ។
នាងដឹងថា គីម៉ាល់មិនបាត់ទៅ ហើយវិលមកវិញក្នុងរូបភាពរបៀបនេះទេ។ មិនអាចទៅរួចឡើយ។
«ដៃប្តីយើង ដែលចាប់យើង មិនមែនជាឧបករណ៍ទារុណកម្មយ៉ាងឈឺចាប់ដូច្នេះទេ! នៅក្នុងគំនាបរបស់គេ យើងតែងទទួលបាននូវទារុណកម្មដែលផ្អែមល្ហែមនឹងកក់ក្តៅ! ឯងជាអ្នកណា អាចង្រៃ!»
ស្រីគិតទាំងបែកញើសស្អិតដាមពេញរាងកាយ។
មនុស្សនេះដោះអាវខ្លួនគេខ្វាក បង្ហាញសាច់ណែនណាន់តាន់តាប់ខណៈនាងខំទធាក់ជើងរើបម្រះចុះឡើង។
រាងគេសង្ហាហួសហើយ គឺមិនមែនជារូបរាងជនជាតិអាស៊ី រឹតតែមិនមែនគីម៉ាល់ គ្រាន់តែមុខដូចគ្នា។ សម្រាប់នាងដើម្បីដឹងថា តើជាប្តីកម្សត់ឬមិនមែន នាងគ្រាន់តែនៅស្ងៀមសំងំធ្វើដូចចាញ់ស្នេហ៍ តែក្រឡេកពិនិត្យរបៀបដែលបុរសនេះកំពុងឱនរូតខោ និងទឹកមុខងងើល ភាពពាលយង់ឃ្នងនៅក្នុងកែវភ្នែកគេ។
រហ័សដូចផ្លេកបន្ទោរ នាងដាក់មួយជើងតម្រង់ចំណុចខ្សោយនៃជននេះ តែត្រូវវាចាប់ជើងជាប់។
«ជួយផងជេនៗៗៗ!»
នាងស្រែកឮៗស្រែកអស់ពីពោះ ព្រោះនាងដឹងថា នេះមិនមែនជាការវង្វេងស្មារតីឡើង។
ជើងនាងត្រូវចាប់ជាប់ម្ខាង បន្ទាប់មកម្ខាងទៀត។
ដូចណាស់ មុខគេដែលឱនមកគឺដូចគ្នានឹងប្តីនាង ដែលបានលិចស្រិមទៅក្នុងបាតទន្លេកាលពីជាង១ឆ្នាំមុន តើគេឥឡូវនេះ គេម្នាក់នេះ ជាអ្នកណាហើយត្រូវការអ្វីនៅទីនេះ?
នាងស្រែកយំទោះបីដឹងថា គ្មានអ្នកណាឮនិងអាចមកជួយក៏ដោយ។ បុរសនេះឱនមករកបំបិទមាត់នាង។ ធម្មតាមាត់គីម៉ាល់ គឺស្អាតហើយរីកដូចផ្កាពេលឱនជិតគ្នាតែម្តងនេះនាងគ្មានអារម្មណ៍ទេ។ ហាន់ដាលូកដៃទាំងសងច្របាច់កបុរសនេះ។
កម្លាំងនាងខ្សោយឡើងៗ នាងហាមាត់ខាំស្មាមនុស្សនេះខណៈគេកំពុងព្យាយាម ច្រានខ្លួនគេមកនៅពីលើនាង
ឈឹប…..
មនុស្សនេះគាំងចលនាជាមួយអ្វីម្យ៉ាងដោតចំខ្នងគេ…..
នាងធុំក្លិនឈាមហើយវត្ថុរាវស្អិតបានហូរមកសន្សឹមៗប្រឡាក់លើនាង…..
ស្នូរជើងមនុស្សរត់ចូលមកដល់។
នាងស្រែកយំភ្លាត់សំឡេង ព្រោះបុរសនោះដួល ភីងផ្កាប់មុខនៅលើគ្រែក្បែរនាង។
៤ថ្ងៃក្រោយមក…..
«អ្នកភូមិបានធ្វើការដុតសពដែលគ្មានអត្តសញ្ញាណនេះចោលហើយ»
ជេននិយាយពេលនៅអង្គុយកំដរហាន់ដា ដែលចែកបបរពេលល្ងាចដល់ជនជរានិងអ្នកវិកលក្នុងមជ្ឈមណ្ឌល។
«មិនយល់ដែរហេតុអ្វីមិនព្រមសារភាពបែរជាសម្លាប់ខ្លួនឯង!»
បងប្រុងម្នាក់នេះពោលបន្ថែមរអុះៗម្នាក់ឯងក៏ប៉ុន្តែអាចធ្វើឱ្យហាន់ដាបង្អង់ដៃពេលឮពាក្យថា«សម្លាប់ខ្លួនឯង!»។ គ្រប់យ៉ាង ពិតជាភ្ញោចអារម្មណ៍ទន់ខ្សោយរបស់នាងណាស់។
«របៀបសម្លាប់ខ្លួនរបស់វា គឺលាក់ថ្នាំពុលនៅនឹងធ្មេញ! នេះជាទម្លាប់របស់ពួកម៉ាហ្វៀ!»
ជេននិយាយហាក់សោកស្តាយដែលមិនអាចមានជននោះទាំងរស់ក្នុងដៃបាន។ ហាន់ដាសួរហាក់ស្មុគចិត្តជាខ្លាំង៖
«ហេតុអី?គេក្លែងជាគីម៉ាល់មានន័យថាម៉េច?!»
«កុំគិតថា ពួកវាឈប់ទេនីដា! ដរាបណាវារកេពិសិដ្ឋមិនឃើញ! ពួកវាត្រូវការកូដនោះ!»
ស្រស់ស្រីរេភ្នែកសម្លឹងបងប្រុសខ្លួនទាំងក្តីពិភាល់។ គ្រប់យ៉ាងបណ្តាលឱ្យនាងនឹកឃើញឡើងវិញដល់រឿងហេតុកាលពីជាង២ឆ្នាំមុន….
កោះបេះដូងជាងពីរឆ្នាំមុន….
«នីដា ! នេះពិសិដ្ឋដែលខ្ញុំប្រាប់នីដា!»
សុងសក្តិនាំគេមកជួបនាង។ បុរសនោះសង្ឃឹមថានាងនឹងគេសាងស្នេហ៍នឹងគ្នាហើយអាថ៌កំបាំងទាំងងស់របស់ពិសិដ្ឋនឹងក្លាយជារបស់នីដាដែលនីដានឹងប្រាប់បន្តដល់ខ្លួន។
ក៏ប៉ុន្តែយប់ដដែល…..
«ខ្ញុំនឹងគេទើបនឹងស្គាល់គ្នា មិនទាន់អីផង ជេនឱ្យខ្ញុំរៀបការ?!»
«យើងរុញទូកបណ្តោយទឹកប្អូនស្រី! ពិសិដ្ឋជាមនុស្សរបស់យើងក្រុមបេសកកម្មកម្ចាត់ទីផ្សារជួញអាភៀននិងជួញដូរមនុស្សនៅត្រីកោណមាស! គេត្រូវតាមប្រមាញ់ស្អិតដោយពួកនោះ! ពិសិដ្ឋបានបញ្ចេញកូដរារាំងគណនេយ្យទូទាំងតំបន់របស់ពួកគេ! ពួកគេប្រើលុយកខ្វក់ទាំងអស់នោះមិនបាន គឺធ្វើសកម្មភាពអីក៏មិនចេញដែរ! ពួកគេកំពុងតែរកគ្រប់វិធីតាមយកកូដនោះ!ដំបូង ពិសិដ្ឋត្រូវរៀបការហើយគេនឹងស្លាប់បាត់ពីលោកយើងនេះ!»
«ស្លាប់!»
«គឺស្លាប់ក្លែងក្លាយហើយពិសិដ្ឋនឹងមិនមកវិញជារៀងរហូត តែយើងនឹងបង្កើតអត្តសញ្ញាណថ្មីសម្រាប់ជីវិតថ្មីរបស់គេ ការពារគេ!»
«ហេតុអីចាំបាច់រៀបការ!»
«ព្រោះបើនៅសុខៗគេស្លាប់គឺមិនសមទេ! ទាល់តែគេមានស្នេហា មានគ្រួសារ ហើយស្លាប់!»
នាងដកខ្លួនពីរឿងចាស់។ ដៃស្រីញ័រមិនមែនភ័យតែនាងទើបនឹងដឹងថា ខ្លួនឯងបានឆ្លងកាត់រឿងច្រើនប៉ុនណាទម្រាំអាចជូយសង្គ្រោះមនុស្សស្លូតត្រង់ជាច្រើន រួមដៃជាមួយពិសិដ្ឋ គឺរំដោះការប្រឈមរបស់ពួកគេពីក្រុមជួយញដូរមនុស្សទាំងអស់នោះ។
«ខ្ញុំនឹកដល់សិដ្ឋ ខ្ញុំមានកម្លាំងរស់រានជាថ្មី!! មានការងារច្រើនដែលខ្ញុំអាចធ្វើបានសម្រាប់ពិភពលោកយើងនេះ!»នាងបន្លឺតិចៗធ្វើឱ្យបងប្រុសសប្បាយចិត្ត
ហាន់ដាជូតដៃហើយអង្គុយកៀកនឹងបងប្រុសដោយនិយាយខ្សឹបខ្សៀវគ្នាបន្ត៖
«ពួកវាគ្មានថ្ងៃរកពិសិដ្ឋឃើញ អ៊ីចឹងហើយ លុយខ្មៅទាំងនោះនឹងដល់អាយុកាលបានទៅដៃក្រុមបង្រ្កាបបទល្មើសហិរញ្ញវត្ថុអន្តរជាតិ!»
ជេននិយាយទាំងមោទនភាព៖
«ទោះវារកពិសិដ្ឋឃើញក៏កូដនោះពិសិដ្ឋគ្មានថ្ងៃឱ្យដែរ!»
ហាន់ដាងក់ក្បាល៖
«អ៊ីចឹងហើយវាក្លែងមុខជាគីម៉ាល់ ហើយមករកខ្ញុំកណ្តាលអាធ្រាត!»
«អត្តសញ្ញាណ DNAគ្មាន! ឈាមមិនមែនប្រភេទជាមួយពិសិដ្ឋ ឬគីម៉ាល់ ប្រាកដណាស់មនុស្សដូរមុខ!»
«ដូរមុខ?សាហាវណាស់ ពួកនេះធ្វើធំឡើងៗហើយ មិនឈប់ឈរសោះ!»
«កូដ និងលុយទាំងនោះជាអាយុសង្ខានៃបណ្តាញដ៏ធំមាំរបស់វា !វាមិនបោះបង់រហូតដល់ស្លាប់!»
នាងងើបមុខសម្លឹងបងប្រុស ជេនងក់ក្បាល។
«វាជាបច្ចេកទេសពេញនិយមណាស់សម្រាប់ពួក Spy មិនពិបាកទេគ្រាន់តែត្រឹមសម្តែងជាប្តីរបស់ឯង!»
នាងញញឹមជូរចត់៖
«ខ្នងគេនោះអត់មានស្នាមចង្កូមប្រចៀវទេ!»
នាងសើចស្ងួតហើយបន្តដួសបបរ បន្ទាន់មកមាត់និយាយមួយៗបន្ថែម៖
«ឆ្លងកាត់រឿងយប់មិញយើងដឹងថា បេះដូងយើងមិនមែននៅជាមួយគេដោយសាររូបសម្រស់ទេជេន! យើងស្រឡាញ់គេដែលជាគេ យើងតែងមានអារម្មណ៍ថាគេនៅមានជីវិតនៅឡើយ ហើយក៏កំពុងនឹកយើង! គេមិនចោលយើង មិនបោះបង់យើងទាំងបែបនេះទេ!»
«ឥឡូវនេះម៉ាក់ឯងនិងនិវត្តរើមកនៅលើកោះនេះហើយ មិនឱ្យឯងនៅតែឯងទៀតទេនីដា!»
នាងមិនមាត់មិនកដៀងភ្នែកសម្លឹងទៅម្តាយនិងប្អូន ដែលកំពុងធ្វើការជាមួយពូផាននិងពូជឿនចែកផ្លែឈើ និងសម្ភារៈដល់អ្នកសម្រាកព្យាបាលនៅជ្រុងខាងកើតចម្ងាយប្រមាណជា៣០ម៉ែត្រពីគ្នា។
នាងដកដង្ហើមធំ៖
«បើយប់មិញពូជឿនមិនមកទាន់ ហើយវាមិនត្រូវមួយព្រួញនោះទេ ថ្ងៃនេះឯងលែងឃើញមុខខ្ញុំហើយជេន!»
ជេនងក់ក្បាល៖
«ពូៗរក្សាសម្តីថាតាមមើលឃ្លាំឯងឱ្យខ្ញុំ! គាត់ធ្វើបានមែន! នីដា ស្តាប់ណាគ្មានអ្នកណាម្នាក់នៅទីនេះ give upជាមួយឯងទេ! ឯងកុំបោះបង់ចោលខ្លួនឯង ឮ?»
នាងនៅស្ងៀមបន្តការងារ ជេននិយាយបន្ថែម៖
«បងឈប់និយាយហើយ ពួកគេមកដល់ហើយ!»
ក្មេងជំទង់ម្នាក់នាំមុខមនុស្សមួយក្រុមដើរមករកអាហារពេលយប់ដូចសព្វមួយដង។ នាងហុចបបរចានចុងក្រោយទៅឱ្យក្មេងជំទង់។ ក្មេងនោះញញឹមស្រស់ ដែលនាងឃើញញញឹមមករកគេតាំងពីតម្រង់ជួរម្ល៉េះ។ មកដល់ជួបតទល់គេលើកទូរសព្ទមួយបង្ហាញនាង។
ហាន់ដាញញឹម៖
«តារា! ក្រែងខានស្អែកទៅភ្នំពេញហើយ តារាជាហើយ ត្រូវទៅរៀនវិញ ម៉េចបានមកឈរចាំបបរដែរ?!»
«ខ្ញុំនឹកពេទ្យដា!»
«មែនអ្ហី!»
នាងញញឹមស្រស់ហើយឱនពិនិត្យអេក្រង់ទូរសព្ទដែលក្មេងជំទង់ប្រឹងបង្ហាញមកមិនឈប់។ ជេនក្រោកចេញ លើកឆ្នាំងយកទៅក្រោយរោង។
ចិត្តគេសប្បាយ ហើយលបងាកមកមើលនាងពីចម្ងាយ។
«ឯងសើចហើយនាងដា! ១៨ខែហើយ! ឯងទើបតែសើចឡើងវិញ! នេះជាប្រផ្នូលល្អមែនទេ!»
ជេន!!!
សំឡេងនាងពញ្ញាក់ដំណើរគេ។
ជេនបកមកវិញ ខណៈឃើញហាន់ដាហាក់កំពុងសម្លឹងទូរសព្ទដោយភ្ញាក់ផ្អើលញ័រដៃ។ បងប្រុសម្នាក់នេះចងចិញ្ចើម។ តើក្មេងនោះបានរូបអីមកបង្ហាញនាង?
«ប្តីគាត់ នៅក្នុងរូបនេះ ជាអ្នកដឹកកណ្តាប់!»
ជេនថ្លោះទឹកមុខ។
គេមកឈ្ងោកពិនិត្យក្បែរនាង ។ ហាន់ដាងើបមុខសម្លឹងបងប្រុសមុនពេលហុចទូរសព្ទមកឱ្យគេមើលអ្វីដែលកំពុងទាក់ទាញចិត្តនាងខាងក្នុងនោះ ។
គីម៉ាល់?
ជេនឧទានតិចៗហើយដៀងសម្លឹងមុខប្អូន។ នារីនេះបង្ហាញអំណរដ៏ជ្រាលជ្រៅក្នុងពន្លឺភ្នែក។ ជេនគ្រវីក្បាលតិចៗដាក់នាងជាសញ្ញាថា «មិនពិតទេ! កុំជឿ!»។ នាងមិនព្រមស្របគំនិតជាមួយជេនទេ នេះបើតាមពន្លឺភ្នែកចិញ្ចាចពោរពេញដោយក្តីសង្ឃឹមរបស់ហាន់ដា។ ទោះតែក្មេងនេះ រកឃើញរូបប្តីកម្សត់លើអ៊ីនធឺណេត ហើយស្ថិតក្នុងស្ថានភាពជាកសិករដឹកកណ្តាប់តែនាងមើលស្គាល់ច្បាស់ ថាជាគេ។
ទោះជាជេនជឿរូបនេះមិនដល់៣ភាគរយ តែគេដឹងច្បាស់ហើយថា បេះដូងប្រពន្ធម្នាក់នេះ មិនអាចត្រឡប់ទៅវិញធ្វើដូចគ្មានអ្វីកើតឡើងនោះទេ។ នាងនិយាយភាសាសម្ងាត់មួយឃ្លានេះ តបទៅនឹងការ បដិសេធរបស់ជេនតាមពន្លឺភ្នែកនាង។
ជេនដឹងថា នឹងមានរឿងកើតឡើងទៀតជាក់ជាមិនខាន…..
«កុំប្រាប់យើងថាឯងជឿរូបមួយនេះហាន់ដា!»
ជេនព្រមាន…..


