រយៈពេលដែលអូនមិនឃើញបង មិនឮសំឡេងបង…..
«អាអ៊ុនវានៅឌូបៃ វាឱ្យខ្ញុំមកកំដរបងហាន់ដាទៅរកបងស័ក!»
ហាន់ដា ញញឹមរំភើប ហើយលូកចាប់ដៃវុធមកក្រសោប៖
«ហោចណាស់មានវុធឯង និងអ៊ុនព្រមជឿខ្ញុំ!»
ជេនមិនមាត់មិនក គេដឹងថានាងកំពុងឌឺដងឱ្យបងប្រុសខ្លួន ជេនមិនដែលបង្ហាញថាពេញចិត្តក្នុងការអនុញ្ញាតឱ្យហាន់ដាចេញទៅរកគីម៉ាល់ទេ។ គ្រប់គ្នាគិតថា បុរសនោះស្លាប់យូរហើយ។ គេមិនមែនទេវតា គេមានរឿងអី អាចរួចពីអន្លង់ទឹកមរណៈបាន?
ទោះយ៉ាងណាវុធក្តាប់មាត់និយាយមកបន្ថែម៖
«សូម្បីអាអ៊ុនវាបាក់ដៃមួយចំហៀងហើយ នៅតែចង់មកកោះបេះដូងរហូត ដើម្បីរកដំណឹងបងស័ក! ទាស់តែក្រុមហ៊ុននៅឌូបៃអត់អ្នកនៅមើលកុងត្រូល ហើយបងហាន់ដាមិនព្រមឱ្យវាចេញមក! កុំថាឡើយពេលនេះចេញរូបភាពមកទៀត ទោះសង្ឃឹម១ភាគគត់ ក៏ខ្ញុំត្រូវនាំបងហាន់ដាទៅរកគាត់!»
ហាន់ដាញញឹម។ នាងទទួលយកបញ្ជីលុយកាក់នៃការងារប្តីនៅទីនោះមកពិនិត្យ។ ច្រើនខែមកនេះចាប់ពីគេបាត់ទៅ នាងដឹងថា គីម៉ាល់មិនបានដើរលេងឡេះឡោះដូចដែលនាងស្គាល់ទេ ។
គេមកពីគ្រួសារម្ចាស់សេវាកម្មបដិសណ្ឋារកិច្ច គេនៅតែមានកម្មសិទ្ធិសណ្ឋាគារ និងអចលនទ្រព្យជាច្រើននៅឌូបៃ។ គេមិនដូចសុងសក្តិនិយាយទេ គេមិនមែនមកកម្ពុជាដើម្បីទ្រព្យសម្បត្តិរបស់នាងឡើយ។
ឥឡូវនេះ ទោះត្រូវចំណាយលុយរបស់គេនិងនាង រហូតដល់អស់ពីខ្លួន ក៏នាងនឹងបន្តតាមរកគេរហូតដល់ទីបំផុត។
ជេននិយាយកាត់ភាពរំជួលអារម្មណ៍របស់ពីរនាក់នេះភ្លាម៖
«វុធគួរតែបានដឹងរឿងគីម៉ាល់ក្លែងក្លាយដែលមកដល់ភូមិនេះ២បីថ្ងៃមុន ហើយចូលចាប់រំលោភប្អូនស្រីខ្ញុំទៀត!»
វុធងក់ក្បាល ៖
«បាទបង!!»
«នេះបញ្ជាក់ថា ពួកត្រីកោណមាសចេញសកម្មភាពថ្មី! គ្រប់យ៉ាងត្រូវការប្រុងប្រយ័ត្នខ្ពស់! រូបដឹកកណ្តាប់មួយសន្លឹកនេះ អាចជាសេណារីយ៉ូថ្មី! គ្រប់យ៉ាងអាចជាអន្ទាក់! ហើយវាគ្រោះថ្នាក់ខ្លាំង! ឃើញហើយដែរថា ពួកនោះសម្លាប់សុងសក្តិនិងនារីភា មិនឱ្យមានសល់ដានសូម្បីបន្តិចណា! រឿងរ៉ាវវាមិនសាមញ្ញទេ កុំប្រហែស!»
ហាន់ដានិយាយកាត់វិញភ្លាម៖
«អ៊ីចឹងហើយ ជេនត្រូវជូនពួកយើងទៅ!»
ជេនដៀងសម្លឹងប្អូនទាំងខ្លោចចិត្ត អាណិតនាងដែលប្រឹងញញឹមអង្វរករបង។ ចិត្តជាបងប្រុស សឹងប្រេះរហែកជាបីជាបួនទៅហើយ។ គេដឹងថា ប្រសិនគេមិនយល់ព្រម នាងគ្មានថ្ងៃបានសុខឡើយ។ គ្រោះថ្នាក់នៅខាងក្រៅនៅតែមិនធំស្មើការគម្រាមក្នុងបេះដូងនារីសែនខូចចិត្តម្នាក់នេះឡើយ។
ជេនរអ៊ូ៖
«យើងមិនដែលមានស្នេហា! យើងមិនដឹងទេថា គីម៉ាល់ដាក់ស្នេហ៍ឯងរបៀបណាខ្លះទេ ប្អូនស្រីអស់កែឯងនេះ! បងត្រូវព្យួរការងារទៀតហើយ ព្រោះឯង!»
នាងអរណាស់ ខណៈវុធឱនសម្លឹងឯកសារក្នុងទូរសព្ទ។ ចុងក្រោយគេងើបមុខសម្លឹងមកនាងហាក់ត្រេកអរ៖
«ពួកចិនរកឃើញហើយ នេះជារូបភាពចេញពីភូមិមួយនៅស្រុកឡាវ!»
នាងនិងជេនងើបមុខសម្លឹងមកវុធ។ គេនោះបរិយាយបន្ថែម៖
«ជាកោះ! បើទៅតាមមេគង្គ ប្រហែលជាមួយថ្ងៃកន្លះ»
នាងចាប់ដៃជេនជាប់ខ្លាំង ព្រោះនាងភ្ញាក់ផ្អើលលាយរន្ធត់។
ប្រសិនជា«កោះ»គ្រប់យ៉ាងគួរតែសង្ឃឹម។ គេធ្លាក់ទឹកហើយត្រូវបានអ្នកភូមិនេសាទ ស្រុកលើជួយសង្គ្រោះ គ្មានអ្វីប្លែកទេ តម្រុយនេះស៊ីសង្វាក់គ្នាពេកហើយ។
«តែបើមែន! ហេតុអីគេមិនវិលមកផ្ទះ?!»
ជេនសួរទៅកាន់វុធនិងនាងតាមរបៀបហ្មត់ចត់ជាប៉ូលិសរបស់គេ។
គ្មានចម្លើយទេ!
ហាន់ដាទម្លាក់ភ្នែកសម្លឹងដី។ នៅទីបំផុតនាងឆ្លើយ៖
«យើងអត់ខាតអីទាំងអស់! បើគេនោះមិនមែនគាត់ ហើយមានរូបរាងដូចគាត់យ៉ាងនេះ ឃើញគេបន្តិច ខ្ញុំអស់ចិត្តហើយ!»
ជេនដកដង្ហើមវែងៗខណៈវុធកំពុងក្រោកទៅនិយាយទូរសព្ទ ប៉ូលិសក៏ក្រោកទៅបោះចំណីត្រីម្នាក់ឯងសញ្ជឹងគិតអំពីអ្វីមួយជ្រាលជ្រៅ។ មើលគេពីក្រោយខ្នងទៅ នាងដឹងថា គេមិនចង់ទេ រឿងទៅភូមិឡាវ តែគេមិនអាចឃាត់នាងព្រោះអាណិតប្អូន និងតាមចិត្តប្អូនតែប៉ុណ្ណោះ។
«ថាម៉េច ឈ្មោះអី ភូមិហ្នឹងពិបាកហៅម៉េះ?»
វុធនិយាយជាមួយអ្នកឆ្លងឆ្លើយ។ នៅទីនេះវិញបងប្រុសម្នាក់នេះនិយាយមកបន្ថែមមករកហាន់ដា៖
«ទៅបាន តែឯងត្រូវក្លែងខ្លួនកុំឱ្យគេស្គាល់! សេដ្ឋីនីដូចឯង ពិបាកការពារណាស់!»
គេងាកទៅវុធហើយនិយាយចង្អុល៖
«មួយទៀត! ដំណើរលើកនេះត្រូវស្ងាត់! សូម្បីពួកចិនអស់នោះក៏មិនត្រូវទុកចិត្តដែរ!»
រវាងការប្រឌិតនិងការពិត
ដោយប្រើទូកទំនើបថ្មីមួយ ជេននិងវុធបាននាំហាន់ដា ធ្វើដំណើរនៅព្រឹកបន្ទាប់ ដោយមានអ្នកភូមិដែលថ្នឹកខាងដើរទូកពីរបីនាក់ទៀតមកជាមួយក្នុងនាមដំណើរកម្សាន្ត។
នៅលើដៃដែលមានម៉ាស៊ីនថតរបស់គេមកជាមួយ នាងពិនិត្យម្តងហើយម្តងទៀត រំឭកនូវបណ្តាថ្ងៃដ៏មានសុភមង្គលដែលខ្លួនធ្លាប់បានរស់យ៉ាងសកម្ម រស់ដោយរស់រវើកនៅលើលោកិយមួយ រួមជាមួយមនុស្សប្រុសស្អាតសង្ហាម្នាក់ហើយគេបានតាមដានលួចថតនាងសឹងរៀងរាល់ថ្ងៃ សឹងគ្រប់កាយវិការ។
សម្តីគេនៅប្រជ្រៀតក្នុងបេះដូងប្រេះស្រាំរបស់នាង «ស្តាប់ណាហាន់ដា! ប្រពន្ធកំពូលជើងល្អ! តាំងពីបងស្គាល់អូន បងម្នាក់នេះ មិនដែលមើលឃើញស្រីណាក្នុងភ្នែក មិនដែលមានអារម្មណ៍មួយសរសៃជាមួយមនុស្សស្រីដទៃទៀតទោះជាឱ្យមកដោះអាវ ឈរនៅនឹងមុខបង! »
នាងមិនមានទឹកភ្នែកស្រក់ទៀតនោះទេ វាខ្សោះហើយហាន់ដា! ឯងយំឡើងខ្សោះព្រោះនឹកគេ ចុះបើឯងនឹកគេយ៉ាងនេះ ហើយឯងរកគេនៅតែមិនឃើញ តទៅឯងត្រូវធ្វើយ៉ាងណាចំពោះរឿងនេះ?
ឯងព្រមឱ្យវាក្លាយជាអតីតកាលបានទេ តាមដែលម្តាយឯងនិងបងឯងសុំ? ឯងនៅតែមានៈរស់ជាមួយវា ឱបវាក្នុងទ្រូងបែបនេះរហូតទៅ ទុក្ខវេទនាអស់ទាំងនេះ។
«អូនមិនព្រមទេ! អូនមិនព្រមឱ្យបងក្លាយជាអតីតកាលឡើយ! អូនមិនសុខចិត្ត! អូនមានរឿងច្រើនណាស់នៅមិនទាន់បាននិយាយ! អូនមិនទាន់បានស្រឡាញ់បងឱ្យអស់ពីចិត្តនៅឡើយផងគីម៉ាល់!»
នាងគិតទាំងមុខស្ងួត។
ព្រំប្រទល់ដែនទឹកខេត្តស្ទឹងត្រែងនិងកោះហ្វាង៉ាម របស់ឡាវ ត្រូវការឆ្លងកាត់ដោយប្រើលិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណជាអ្នកស្រុកស្ទឹងត្រែងក្នុងករណីចូលហើយបកមកវិញក្នុងថ្ងៃដដែល។
ពួកគេបានធ្វើដំណើរមកដល់ដែនពិនិត្យរបស់មន្ត្រីអន្តោប្រវេសន៍ប្រទេសទាំងពីរនៅចំពេលថ្ងៃត្រង់ទៅហើយ ដោយសារផ្លូវទឹកតំបន់នេះត្រូវវាងគេចពីអន្លង់គ្រោះថ្នាក់ច្រើន។
«រឿងដែលពិបាក គឺឥឡូវខាងឡាវគេមិនព្រមឱ្យយើងចូល ទេប្រសិនគ្មានភាពចាំបាច់ខ្លាំង! នេះជាវិធានការណ៍ថ្មី ចាប់តាំងពីមានកូវីដ-១៩»
ជេនខ្សឹបប្រាប់ហាន់ដា និងវុធ ដែលកំពុងអង្គុយរង់ចាំនៅលើទូក។
«ដូច្នេះគិតតាំងពីស្ទឹងត្រែងមកបងចង់ឡើងទៅមើលមុនសិន សឹមពីរនាក់ឯងរកវិធីទៅតាមក្រោយ! បងជាប៉ូលិសដូចគ្នា បងនិយាយសុំគេបាន»
ជេនបន្តដូច្នេះសង្ឃឹមថានាងនឹងយល់ព្រម ដឹងអីហាន់ដាដាក់សំណូមពរឡើង៖
«ជេនដឹងហើយ ខ្ញុំមកដល់នេះខ្ញុំមិននៅលើទូកទេ!»
ជេនក្រឡេកមកសម្លឹងប្អូនស្រីដែលស្លៀកពាក់ធ្វើប្រុស និងពាក់ម៉ាសជិតស្លុងមុខ។ គេមួហ្មងចិត្តណាស់ហើយ តែដឹងថានិយាយច្រើនក៏អត់ប្រយោជន៍ដែរជាមួយហាន់ដា ដែលជាមនុស្សម្នាក់លែងគិតអំពីខ្លួននាងទៅហើយ
គេគិតទាំងញីក្បាលចុះឡើង។
«បងជេន! ភូមិនេះតូចណាស់ មិនបានម្ភៃគ្រួសារផងទេ! ខ្ញុំគិតថាបំណាច់មកដល់ហើយ ឱ្យបងហាន់ដាឡើងទៅ! គាត់នឹងច្បាស់ខ្លួនឯងថា ជាប្តីគាត់ឬអត់?!»
ជេនងក់ក្បាលតិចៗសម្លឹងវុធដែលទើបនឹងបញ្ចេញយោបល់មួយនេះ។ គេដៀងភ្នែកសម្លឹងបន្តទៅកាន់សភាពក្រៀមកំ្រលើមុខប្អូនស្រី។
គ្មានអ្នកណាឃាត់ហាន់ដាបានទេ គេដឹងច្បាស់! ម៉្លោះហើយ ជេននិយាយ៖
«ខ្ញុំស៊ើបរួចហើយអ្នកភូមិនេះស្លូតបូតណាស់ពួកគេជាអ្នកនេសាទ! ចូលទៅបានតែត្រូវសុភាពរាបសា ហើយកុំធ្វើអ្វីៗតាមចិត្តនាំខូចការ! »
ជេនមិនអាចចូល តែគេអាចសុំប៉ូលិសទល់ដែនខាងឡាវម្នាក់ឱ្យជូននាងឡើងទៅកាន់ភូមិហ្វាង៉ាម។ ខ្លួនគេនិងវុធរង់ចាំនៅទីដដែល។
«ឯងត្រូវត្រឡប់មកវិញ មុនទល់ដែនទឹកនេះបិទ គឺម៉ោង៥ល្ងាចនីដា!»
នាងងក់ក្បាលទាំងមុខញញឹម៖
«ដឹងហើយ! កុំភ័យឱ្យសោះ!»
ស្រីស្អាតបែរខ្នងលោតឡើងលើច្រាំងដែលមានប៉ូលិសម្នាក់នៅរង់ចាំជូន។ ជេនហុចប្រាក់សាគុណខ្លះទៅប៉ូលិសនោះ ទាំងសង្ឃឹមថាគេនឹងរក្សាសុវត្តិភាពនាងជំនួសខ្លួន។
មើលពីក្រោយខ្នងប្អូនស្រីជេនដឹងថា នាងមានទំនុកចិត្តខ្ពស់ ហើយមានសុភមង្គលសូម្បីមិនទាន់រកឃើញគីម៉ាល់ ក្តី។ ឥទ្ធិពលនៃសេចក្តីស្នេហានេះ គេគ្មានបទពិសោធន៍ទេ ក៏ប៉ុន្តែគេក៏មិនចង់មើលស្រាល។
«បងឯងទុកចិត្តហើយ?!»
វុធសួរតិចៗ។ ជេនងាកមកសម្លឹងគេបន្តិច រួចទើបនិយាយស្រាលតបទាំងបែរមកអង្គុយសម្លឹងទឹកទន្លេវិញ៖
«ដូចវុធឯងសន្និដ្ឋានពីខាងដើម ភូមិនេះតូចណាស់! ជុំវិញពទ្ធ័ដោយទឹក អ្នកភូមិគោរពច្បាប់នឹងខ្លាចសមត្ថកិច្ចបំផុត!ចំនែកនីដា គេក៏ឆ្លាតណាស់ដែរមិនអីទេ!»
«បងឯងគិតថា ម្នាក់ហ្នឹងជាមេខ្ញុំ??»
ជេនគិតចុះឡើង មុនពេលឆ្លើយយឺតៗ៖
«មនុស្សស្លាប់ហើយ ម៉េចអាចរស់ឡើងវិញបាន?! ខ្ញុំគ្រាន់តែចង់ឱ្យនីដាអស់ចិត្ត!»
ឃើញវុធបង្ហាញភាពស្រងាកចិត្ត ជេនក៏ញញឹមហើយគាស់ភសជ្ជៈហុចឱ្យទាំង គោះស្មាវុធថ្នមៗ។
ឆ្លៀតឱកាសវុធសួរភ្លាម៖
«រឿងពេទ្យម្នាក់ឈ្មោះសុងសក្តិនោះ និងនារីភាស្លាប់ឬរស់?»
ជេនក្រេបទឹកក្អឹកៗរេភ្នែកសម្លឹងទេសភាព ដូចមានចេតនាចង់ពន្យាពេលក្នុងការឆ្លើយនឹងសំណួរនេះ។
វុធដៀងសម្លឹងនាយហើយនិយាយបន្ថែមទៀត៖
«ខ្ញុំមើលទៅបងឯងសមណាស់ជាប៉ូលិសណាស់! ហើយបើជាភ្នាក់ងារសម្ងាត់ទៀតរឹតតែល្អ!»
«ក្រែងកាលពីគីម៉ាល់មកដល់ស្រុកខ្មែរភ្លាមៗពួកវុធឯងតាមដានខ្ញុំឡើងស្អិតមិនអញ្ចឹង?!»
ជេននិយាយឌឺទាំងញញឹម ធ្វើឱ្យវុធអៀនប្រៀនដែរ។
«ខ្ញុំធ្វើការឱ្យគេដែរបង!»
«ទោះម៉េច ក៏វុធឯងស្មោះត្រង់ណាស់! អ៊ីចឹង ចាំខ្ញុំនិយាយរឿងមួយឱ្យគិតចុះ!»
«និយាយមកខ្ញុំចូលចិត្តស្តាប់!»
«រឿងនារីភា និងរឿងពេទ្យសុងសក្តិ វាដូចជារឿងរបស់ខ្ញុំដែលអ៊ុននិងវុធឯងរកឃើញដែរ! អ្វីដៃលខ្ញុំឱ្យឃើញអ្នកទាំងពីរនឹងឃើញ តែអ្វីដែលខ្ញុំចង់លាក់នាក់ទាំងពីរមិនអាចរកឃើញទេ!»
អ៊ុនពិចារណា ចុះឡើងមុនពេលលើកទឹកក្រេប …..
«បងឯង…..ស្តាប់ទៅ…..ដូចពីរនាក់ហ្នឹងនៅរស់នៅឡើយ?!»
«ខ្ញុំអត់បានសន្យា!អត់បានអះអាងធានា អីទេណាវុធ! គិតខ្លួនឯងទេណា៎!»
វុធញញឹម គប់ចំណីត្រីទៅកណ្តាលទន្លេ……
«តែសម្រាប់បងស័ក ខ្ញុំគិតថា គាត់នៅរស់!» គេរអ៊ូម្នាក់ឯងតិចៗ។
ភូមិហ្វាង៉ាម
ប្រមាណជា២០០ម៉ែត្រពីកំពង់ទឹក ប៉ូលិសឡាវម្នាក់នោះ បានបង្ហាញផ្លូវចូលភូមិដល់ហាន់ដា។ គេប្រាប់នាងជាភាសាឡាវថា ទីនេះមានសុវត្ថិភាព តែនាងត្រូវពាក់ម៉ាសរហូត មិនឱ្យដោះចេញ ពិសេសពេលសាសងជាមួយអ្នកភូមិ ព្រោះពួកគេមានច្បាប់ការពារកូវីដ១៩តឹងរឹង។
នារីងក់ក្បាល ហើយចាប់ផ្តើមធ្វើដំណើរកាត់កូនបឹងស្រែមួយតូចមួយ ទីដែលនាងបានឃើញច្បាស់ក្នុងរូបភាពលើបណ្តាញសង្គម។
«ទៅណានាង?»
ជាសំឡេងរបស់មនុស្សចំណាស់ម្នាក់ដែលចេះនិយាយខ្មែរខ្លះៗ ប៉ៃឡាំៗ ដូចកាលដែលនាងចេះស្តាប់ឡាវខ្លះៗដូច្នោះដែរ។
«ចម្លែកណាស់ មិនបាច់ប្រាប់ក៏គេមើលស្គាល់ថាយើងនេះ មកពីស្ទឹងត្រែងដែរហើយជាមនុស្សស្រីទៀត!»
បុរសនោះអង្គុយនៅជណ្តើរផ្ទះឈើចាស់របស់គាត់ ជាមួយនឹងកូនដូងមួយក្នុងដៃទំនងគាត់ជាអ្នកជំងឺ។ មើលធ្លុះទៅក្នុងទៀតនាងឃើញមានស្ត្រីពីរនាក់កំពុងកោសដូងលើរនាបឫស្សី។
ហាន់ដាលើកដៃសំពះពីចម្ងាយ ហើយតាំងចិត្តសួរនាំគាត់ ៖
«អត់ទោសលោកអ៊ំ ខ្ញុំតាមរកមនុស្សម្នាក់ក្នុងរូបនេះ!»
“ឯណា” បុរសចំណាស់ដែលមានពុកចង្កាអ៊ូឱនពិនិត្យ។ គាត់ឃើញខ្នងអ្នកដឹកកណ្តាប់កាលណា ក៏បង្ហាញភាពរីករាយនិងក្តីស្រឡាញ់លើផ្ទៃមុខ ។
ស្ត្រីចំណាស់ម្នាក់ទៀតស្ទុះមកពីក្រោយផ្ទះស្បូវហើយផ្អៀងទៅជិតពិនិត្យដែរ។
«កម្លោះស្រុកក្រោម!»
ពួកគេនិយាយភាសាឡាវធ្វើឱ្យនាងស្រយុតចិត្តនឹកឃើញភ្លាមដល់…..
«ប្រុសធំនឹងស្តាយក្រោយ បើដឹងការពិតពីក្រោយការលេបត្របាក់កេរមរតក ដោយមនុស្សស្រីដែលខ្លួនកំពុងចង់រៀបការជាមួយនេះ!» «ខ្ញុំគិតថា ខ្ញុំមិនមែនកំពុងចង់រៀបការទេ! ពួកខ្ញុំក្លាយជាប្តីប្រពន្ធហើយ! នេះ! អរគុណ!»។
«កម្លោះនេះជិតរៀបការហើយ!»
សំឡេងស្ត្រីនិយាយបន្ថែមមក។ ពាក្យនេះ មានអនុភាពបីដូចជាដំបងត្រជាក់ហើយរឹងដែលពមុតស្រួចចាក់បុកបេះដូងនាងឱ្យស្ពឹកៗ ឆៀបៗយ៉ាងសាហាវប្រុងតែនឹងរលំ…..
«ឥឡូវគេនៅឯណាទៅលោកអ៊ំ?!»
ហាន់ដាទប់ជំហរ និងទប់ស្កាត់ទឹកមុខដែលក្រៀមអនេកអនន្ដនេះ លាក់ក្រោមស្រទាប់ម៉ាស។
«នៅក្នុងភូមិនេះមានអ្នកចេះខ្មែរដូចអ៊ំទៀតដែរ?!»
«ចេះគ្រប់គ្នា!»
ពួកគាត់ឆ្លើយទាំងញញឹម។ នារីនេះលើកដៃផ្គុំលាគាត់ ហើយបង្ខំខ្លួនឯង ឱ្យថ្មើរជើងទៅមុខកាត់តាមរបៀងផ្លូវរទេះ។ តាមថានាងដើរមិនរួចទេ នាងអស់កម្លាំងណាស់។
ទោះគេជាអ្នកណាក្តី គេជិតរៀបការហើយ! ដំណឹងនេះកំពុងរំឭកឡើងវិញនូវបណ្តាអនុស្សាវរីយ៍ដែលគេបានបន្សល់ទុកមក…..
«ហាមាត់ហាន់ដា! ហាមាត់អូនសម្លាញ់! ប្តីបង់ចង់រាវរកឆ្អឹងដែលឆ្លាក់! អ្ហះ? មិញអូនបងពីរោះណាស់យើងហ្នឹង! ឥឡូវបិទមាត់ធ្វើស្អីអ្ហះ ដុកទ័រ!»
ឯងមិនដឹងពីភ័ព្វសំណាងរបស់ឯងទេនាងហាន់ដារហូតដល់ឯងត្រូវបាត់បងគេ។ នាងគិតទាំងគ្រវីក្បាលម្នាក់ឯងហើយព្យាយាមបន្តដំណើរទៅមុខ។
ផ្ទះជំទើរម៉ូតថ្មីស្អាតមួយសង់ឡើងខ្ពស់ពីដី ព័ទ្ធដោយរបងត្រឹមចង្កេះមនុស្សចាស់ ហើយលម្អដោយផ្កាប្លែកៗសឹងថា គ្រប់ពណ៌។ ផ្ទះនេះសមជាផ្ទះដែលមានមនុស្សស្រីថែទាំខ្មីឃ្មាត។
តែអ៊ំៗនៅដើមភូមិបានចង្អុលមករកគេហដ្ឋានទំនើបជាងគេមួយនេះ ទោះបីថា វាមិនទំនើបដូចផ្ទះម៉ៃសាក់របស់នាងពិតមែនតែ វាពិតជាកំពុងត្រៀមរៀបចំពិធី មើលទៅថ្មីសន្លាង ដូចទើបសង់រំកិលលើកយកមកសម្រាប់ក្រេបចន្ទទឹកឃ្មុំ។ មិនតែប៉ុណ្ណោះនៅទីធ្លាខាងក្នុងក៏តុបតែងស្អាតគាប់ភ្នែក។
ពន្លឺភ្លើងភ្លឹបភ្លែតៗខ្សែអគ្គីសនីចងចោមព័ទ្ធតាមបណ្តាយរបងឈើទាបៗ ដូចជាផ្ទះនៅអាមេរិកកាំង
ដ្បិតតែមិនទាន់ចុចបំភ្លឺ តែទំនងថាពិធីការនឹងរៀបឆាប់ៗនេះមិនខាន។
«មានអ្នកណានៅផ្ទះទេ!»
នារីនេះស្រែកហៅពីក្រៅរបង ទាំងបុកពោះភឹបៗដោយមូលហេតុច្រើនយ៉ាង។ នាងនិយាយខ្មែរ ព្រោះនាងស្រួលទំនាក់ទំនងជាងភាសាឡាវ ដែលចេះជាមិនប្រាកដប្រជា។
«រកអ្នកណា?»
សំឡេងស្រាលៗជាភាសាខ្មែរ លាន់មកពីខាងស្តាំដៃនាងធ្វើឱ្យហាន់ដាចង់គាំងចលនា។ ទឹកមុខនាងដំអក់ព្រោះនាងខ្លាចថានេះត្រឹមតែជាសុបិនមួយ។
សំឡេងគេ ខ្យល់ដង្ហើមគេ នាងគិតថាជាតិនេះគ្មានថ្ងៃបំភ្លេចបាននោះទេ ហើយក៏មិនអាចច្រឡំគ្នាជាមួយអ្នកផ្សេងនោះដែរ។
ដោយសេចក្តីបារម្ភ ស្រីស្អាតបែរយឺតៗទៅរកមនុស្សដែលមានមាឌខ្ពស់ធំដែលនៅចំហៀងខ្លួន។
គេមកហើយទាំងរូបទាំងសំឡេង។
ស្មាគេរែកនង្គ័លហើយដៃមួយទៀតកាន់អ្វីច្រើនទៀត នាងមិនខ្វល់ទេ ដឹងតែថាភ្នែកគេ សម្លឹងមកនាងស្រទន់ហើយពេញដោយមន្តស្នេហ៍ដូចកាលឃើញគ្នាដំបូងបង្អស់លើទូកមួយនោះ។
គីម៉ាល់?
បេះដូងនាងរង្គើស្រែកហៅគេតែមាត់ស្អិតដូចជាប់កាវ ឯខាងគេវិញសម្លឹងនាងតែបន្តិចក៏ងាកទៅរុញទា្វរចូលហើយបន្តប្រយោគម្នាក់ឯង៖
«មានអ្នកណាមករកហ្នក៎ខាំសាយ!»
គេទាញទ្វារហើយដើរចូលក្នុងធ្វើឱ្យបេះដូងស្រីដែលកំពុងឈរភាំងនេះ រង្គោះរង្គើសឹងជ្រុះរបូតលែងនៅជាប់ខ្លួនបាន។
អ្នកណាឈ្មោះខាំសាយ?
នាងជាអ្នកស្ទឹងត្រែង ហាន់ដាដឹងហើយថាឈ្មោះនេះជាឈ្មោះមនុស្សស្រី។ អ្នកណានៅជាមួយគេក្នុងផ្ទះនេះ? ហេតុអីគេមិនស្គាល់យើង? មនុស្សប្រុសមុខមាត់ដូចគេលើលោកនេះ តើមានប៉ុន្មាននាក់ទៀត? ភ្លាមៗនាងរេភ្នែកសម្លឹងខ្នងគេ ស្មារបួសរបស់គេ។ គេនេះពាក់អាវយឺតចាស់ពភ្លក់តែមិនអាចមើលឃើញសាច់ស្មាបានទេ ស្តាយណាស់!
«អ្នកណារកអីសាក់?!»
សំឡេងស្រួយស្រឹបរបស់ក្រមុំឡាវ លាន់មកពីលើផ្ទះ មិនទាន់ប្រហារចិត្តនារីខ្មែរឱ្យស្មើនឹងឈ្មោះសាក់នេះទេ។
«សាក់?!»
ហាន់ដាអស់សំណើចសើចទាំងជូរចត់ក្នុងបេះដូង។
កម្លោះឡាវឈ្មោះសាក់មានរាប់ម៉ឺននាក់ ចុះហេតុអីក៏គេនេះដែរ? ជួនគ្នាម៉េះ?
«សាក់!»
នាងហៅគេខ្សាវៗ ធ្វើឱ្យបុរសនេះបែរក្រោយមកវិញភ្លាម។ គេញញឹមពេលឃើញនាងភ្លាត់ឈ្មោះខ្លួន។ មិនយូរប៉ុន្មាន ភ្នែកគេហាក់ទរើនៅនឹងបបូរមាត់ស្អាតបំព្រងរបស់ស្រីអ្នកដំណើរ។ បុរសឡាវនៅសម្លឹងទីនោះបន្តិចហាក់បណ្តាលឱ្យនាងភ្លឹកនឹងការសម្លឹងរបស់គេរុះរោយស្នាមសើចសន្សឹម ទើបគេដកភ្នែកចេញពីបបូរមាត់នាងហើយក៏និយាយទាំងសើចៗ ៖
«ចូលទេ?!»
គេសួរខណៈភ្នែកនាងដែលអស់កម្លាំងកាយ ចិត្តបើកមកវិញភ្លឺចែស។
ឌឺហ្មែន? គេចេះឌឺទៀត ដូចប្តីយើងណាស់ដូចបេះបិទ!
«អ្នកណាហ្នឹង?!»
ស្រីក្មេងម្នាក់ជាម្ចាស់សំណួរនេះ មានវ័យមិនដល់១៧ផងតាមស្មាន គឺមានវ័យក្មេងយកតែមែនទែន ស្លៀកសារ៉ុងខ្លីសែនខ្លីពណ៌ត្រួយចេកចុះមកទទួលរបស់របរពីដៃប្រុសកសិករ។
ពីក្រោយអាវដៃខើចពណ៌លឿងខ្ចី នារីឡាវនេះប្រាកដណាស់ជាភរិយាជិតរៀបការរបស់គេ។ ហាន់ដាស្រពោនសែនស្រពោន។ គូ្រពេទ្យតូចនេះដើរមួយៗដូចមនុស្សយន្ត ចូលទៅក្នុងទីធ្លាខាងក្នុង ខណៈក្មេងស្រីជំទង់សម្លឹងមុខនាងហាក់ងឿងឆ្ងល់ខ្លាំង។
«បងស្រី បងរកអ្នកណាគេហ្នឹង?»
ហាន់ដារេភ្នែកសម្លឹងបុរសដែលថយទៅដងទឹកផ្តិលពីកូនពាងឡាវតូចមួយនៅលើគ្រែឫស្សី។ គេក្រេបទឹក ហើយបែរខ្នងមកដោយមិនរវល់នឹងនាងស្រាប់ហើយ។
គេជិតរៀបការហើយ គេមិនមែនគីម៉ាល់ទេ។ បើគេមែន គេស្គាល់យើងហើយ! យើងនៅទីនេះធ្វើអី? នៅនាំនឹកឃើញប្តីកម្សត់របស់យើង?
«មានកាម៉េរ៉ាទៀត? បងឯងជាជាងមកថតការខ្ញុំហ្នឹងឬអី? ជាងថតស្រី?!»
ហាន់ដាភ្ញាក់មកវិញតិចៗរួចឱនសម្លឹងម៉ាស៊ីនសំណព្វក្នុងដៃខ្លួន។ ហោចណាស់ យើងគួរថតបានរូបភាពគេពីរបីសន្លឹកយកទៅវិញដែរ?
«មិនមែនទេ!!! ខ្ញុំជាអ្នកយកព័ត៌មានឱ្យទស្សនាវដ្តីនៅស្ទឹងត្រែង! ខ្ញុំចង់មកថតយកឯកសាររៀបការរបស់បងប្អូនឡាវនៅកោះនេះ!»
នាងនិយាយទាំងមិនដឹងខ្លួន គឺនិយាយកុហកមករ៉ាវធ្វើឱ្យខាងប្រុសបែរមកវិញតិចៗ ។ ទឹកមុខគេញញឹម ស្មើៗ សម្លឹងនាងធ្វើឱ្យហាន់ដានឹកឃើញអៀនអន់ខ្មាសខ្លួនឯងភ្លាមដែរ នាងនឹកសម្តីគេ «ស្រីកុហកអត់ព្រិចភ្នែក!»។
នាងក៏មិនដឹងដែរថា ហេតុអីនាងរកនឹកឃើញពាក្យមកកុហកនារីឡាវជំទង់នេះបានរហ័សដល់ម្លឹង។
«ថតបានៗ! ហើយចុះផ្សាយផងណា៎ ផ្ញើមកឱ្យខាំសាយផងបានទេ?»
កូនក្រមុំពិតហើយ! គេឈ្មោះខាំសាយជាឈ្មោះស្អាតនិងស្រទន់បំផុតមួយសម្រាប់ស្រីនៅស្រុកឡាវនេះ នាងដឹង។ ខាំសាយអូសដៃហាន់ដាចូលទៅ ទាំងដែលខាងប្រុសគេដើរទៅក្រោយចោលបាត់ហើយ! គេមិនបានរវល់នឹងវត្តមានភ្ញៀវម្នាក់នេះទេ។
ម្ចាស់ខ្លួនដែលកំពុងលង់ក្នុងអន្លង់បាក់ទឹក ចិត្តធ្ងន់ដើរមិនចង់រួច និយាយមិនចង់ចេញ ហៅមិនចង់ឮ នាងពិតជាកម្សត់ពេកហើយ។
បើអ្នកជានាង អ្នកនឹងមានអារម្មណ៍បែបណា?
សម្តីប្តីនៅតែរត់រសឹបក្នុងបេះដូងឯកោមួយនេះ «រាល់យប់អាប្រុសម្នាក់ដែលធ្លាប់តែមានកាមតណ្ហាក្រាស់ឃ្មឹក ត្រូវចំណាយពេលដេកនឹកមនុស្សស្រីជើងល្អកំពូលកុហកម្នាក់ហ្នឹង! ប្រុសម្នាក់នេះមិនបានរៀបការជាមួយអូនដើម្បីបំផ្លាញឈ្មោះ ដើម្បីរំលោភលើខ្លួនប្រាណ ឬដើម្បីបំផ្លាញអាជីពរបស់អូនដែរដុកទ័រ! »
ចិត្តខ្ទេចខ្ទាំ
«ពុកខ្ញុំមិននៅទេ! ខានស្អែកគាត់មកវិញហើយ គាត់ឡើងទៅរៀងចន្ទន៍ទិញរបស់របរមករៀបការ!»
ខាំសាយនិយាយចចាផង នាំផ្លូវហាន់ដាឱ្យឡើងមកលើផ្ទះដែលមានកម្រាលឈើទើបនឹងឈូសថ្មីៗស្អាតវិចិត្រ។ គ្រប់យ៉ាងវាថ្លៃណាស់ពពួកឈើអស់ទាំងនេះធ្វើឱ្យហាក់សម្លឹងរេភ្នែកវិញផ្ទះដែលមើលពីក្រៅហាក់ធម្មតា តែខាងក្នុងឡើងទំនើបពិបាកជឿ។
ប្រាកដជាមានអាថ៌កំបាំងអ្វីមួយក្នុងគ្រួសារនេះ។
«នៅតែពីរនាក់គាត់?»
ហាន់ដាធ្វើជាឈ្លេចសួរទាំងខូចចិត្ត។ ម្តងៗពេទ្យយើងលួចដៀងភ្នែកសម្លឹងទៅកសិករសង្ហាដែលកំពុងតែឈូសឆាយអ្វីមួយយ៉ាងសកម្មមិនឈប់ដៃ នៅរោងជាងខាងក្រោម។ គេមូរដៃអាវឡើង បង្ហាញសាច់ណែនទាំងកង់ដែលនាងធ្លាប់បានប៉ះកាន់។
ចម្ងល់…..ប្រាកដណាស់! ដៃនេះឯង ស្មានេះ ហើយសាច់នេះ ឈាមនេះដែលបានរឹតរួតនាងក្នុងរង្វង់បេះដូងគេ។
«ម៉ែនៅផ្ទះភ្នួងជាមួយម៉ែធំខ្ញុំ! ពួកគាត់ប្រញឹករឿងខោអាវរៀបការខ្ញុំ!»
ហាន់ដាបែរមកវិញភ្លាម៖
«រៀបការថ្ងៃណា?!»
«ថ្ងៃសៅរ៍ក្រោយ!»
«ខាំសាយពូកែនិយាយខ្មែរម៉្លេះ?!»
«ខ្ញុំជាគ្រួសារខ្មែរភៀសមកនៅឡាវ!»
ហាន់ដាព្រិចភ្នែក។ នាងរេមករកកូនកម្លោះដែលនៅក្រោមផ្ទះទៀតហើយ គឺលបមើលកូនកម្លោះ។
«ខាំសាយសប្បាយចិត្តណាស់ ទំនងជារៀបការដោយចិត្តនិងចិត្ត!»
ពេទ្យកម្សត់ធ្វើជាឈ្លេចសួរទៀតទាំងភ្នែកលួចសម្លឹងខាងប្រុសជាប់។
«មានហ្នា៎បង! ខ្ញុំនៅរៀនហ្នឹង! ពូនេះជាបងជីដូនមួយ! គាត់ប្រញាប់រៀបការព្រោះចាស់ហើយ! ខ្ញុំខ្ជិលដែរហ្នឹង!»
ហាន់ដាលេបទឹកមាត់ក្អឹកបំបាត់ភាពក្តុកក្តួល។ គេមិនមែនគីម៉ាល់ទេ។ គីម៉ាល់គ្មានបងប្អូននៅស្រុកឡាវរឹតតែ គ្មានសកម្មភាពដូចជាអ្នកជនបទស្ទាត់ជំនាញដូចដែលនាងកំពុងឃើញនេះឡើយ។
«គាត់ឧស្សាហ៍ណាស់!»
នាងវាចាតិចៗទាំងឈឺចុកគ្រប់សរសៃសសូងក្នុងបរិវេណក្បាល។
«គាត់ល្អមែន! តាំងពីគាត់មកដល់ធ្វើការក្នុងផ្ទះទាំងអស់! ខ្ញុំអត់ពិបាកដូចមុនទេ!»
ហាន់ដាដៀងភ្នែកមកវិញ។
តាំងពីគាត់មកដល់?
«គាត់ទើបនឹងមកភូមិនេះ? គាត់នៅឯណាពីមុន?!»
នាងសួរទាំងញញឹមទៅកាន់ក្មេងស្រីដែលហុចទឹកផ្តិលខាត់មកឱ្យ។
ធីតាសម្លឹងផ្តិល នាងទទួលយក តាំងចិត្តថាមិនក្រេបទេ ទោះបីយ៉ាងណា តែពេលក្រឡេកទៅឃើញប្រុសស្អាតនៅក្រោមកំពុងងើយមកមើលទាំងដៃគេជូតញើស ហើយញញឹមផង នាងលេបទឹកសាបនោះអស់ក្អឹកៗ ទាំងមិនដឹងខ្លួន។
«គាត់នៅឆ្ងាយ មិនស្គាល់ខេត្តណាទេមិនចាំ! គឺនៅជិតប្រទេសចិនឯណោះ! ពុកទើបតែនាំគាត់មក បានជាងពីរខែ!»
ហាន់ដាដាក់ផ្តិលចុះលើគ្រែក្តារងឿយឺតៗ។ នាងដៀងទៅរកបុរសនៅរោងជាងហើយលើកម៉ាស៊ីនមកចុចថត
«គេចេះឡាវទេ?!»
«ចេះតែគាត់មានជំងឺភ្លេចខ្លះៗ ពុកហាមថាកុំទាន់បង្ខំនិយាយឡាវ! គាត់និយាយខ្មែរនិងបារាំងបាន!»
«អង់គ្លេសហ្មែន?»
នាងសួរដោយចិត្តសង្ស័យចង់ផ្ទុះ ហើយដាក់ម៉ាស៊ីនថតចុះលែងថតទៀតបានដោយសារញ័រដៃពេក។
«មិនដឹង! អូ៎ ចាស! ប្រហែលជាអង់គ្លេស ឬបារាំងទេស! ខ្ញុំអត់ចេះផង!»
ហាន់ដាលែងរវល់ហើយ ស្អីក៏ស្អីទៅ! ធីតាយើងរត់វឹងចុះមកក្រោម សំដៅរកបុរសមាឌមាំដែលកំពុងបែរខ្នង។ នាងរត់ទៅឈរពីក្រោយគេមិនដល់កន្លះម៉ែត្រពីគ្នាហើយធ្មេចភ្នែកព្យាយាមស្រង់ក្លិនលើប្រាណបុរសនេះ មួយដង្ហើមហើយមួយដង្ហើមទៀត។
គ្រប់យ៉ាងប្រាប់នាងថា គេជាប្តីរបស់នាងពិតៗ។
«គីម៉ាល់!»
ហាន់ដាហៅគេតិចៗ ដូចដែលហៅរាល់ដងនៅឯផ្ទះ។ គេឈប់ដៃ ហើយងាកមកសន្សឹមៗ។ នាងញញឹមដូចកាលនាងបានឃើញគេនាមាត់ច្រាំងមុនពេលពា្រត់ឆ្ងាយពីគ្នា។
«ប្តីសម្លាញ់!»
នាងហៅគេតិចៗលាយជាមួយដង្ហើមដង្ហក់ស្ទើរឮ ស្ទើរមិនឮ។ តាមថា បុរសជនបទនេះ មិនដែលស្គាល់នាង ថែមទាំងមិនដឹងថា នារីខ្មែរម្នាក់នេះកំពុងនិយាយពីអ្វីឡើយ។
ដែលគេងាកមក ព្រោះសំឡេងហៅនេះចម្លែក តែដែលគេភ្លឹក ព្រោះថាគេពេលងាកមកក៏ ឃើញភ្នែកនាង ឃើញចិត្តស្រឡាញ់ទួញសោកសង្រេង និងសេចក្តីស្នេហាជ្រៅមួយបង្កប់ក្នុងភ្នែកមួយគូនេះ។ ពិសេសពេលក្រឡេកមករកបបូរមាត់ញញឹមរបស់នាង អ្វីមួយបុកមកលើបេះដូងគេ។
គេទំនងជាចាំបានថា គេធ្លាប់ប៉ះវា ធ្លាប់លេបវាទៅក្នុងបេះដូង! ត្រូវហើយ អ្វីដែលចូលទៅដល់ក្នុងបេះដូងទៅហើយរមែងតែងតែនៅទុកស្លាកស្នាមនៅទីនោះជារៀងរហូត។
ស្រីស្អាតលូកដៃទៅរកផ្ទៃមុខគេ គេស្រាប់តែគេចចេញ។
បើអូនប៉ះបងមិនបានបងម៉េចនឹងទទួលអារម្មណ៍ដឹងទៅ គីម៉ាល់?
«ស្រឡាញ់ហ្នឹង អត់ខ្លាចមនុស្សនេះ មានជំងឺចរិតលក្ខណៈ អត់ខ្លាចមនុស្សកាមតណ្ហាបាំងមុខ អត់ខ្លាចមនុស្សពាលទេ!»
នាងនឹកឃើញជានិច្ចហើយរាល់ការនឹកឃើញ ទឹកភ្នែកនាងស្រក់ធ្លាក់។
«កុំយំ! កុំយំណា៎!»
គេនិយាយតិចៗទាំងសម្លឹងនាងដោយងឿងឆ្ងល់។
«ទៅផ្ទះយើងវិញបានទេ!»
ហាន់ដាហាសួរបុរសនេះទាំងដង្ហើមផុតៗស្ទើរដាច់ខ្យល់ដួលម្តងៗ។
គេនៅង៉េមង៉ាមមិនយល់ន័យតែគេយកចិត្តទុកដាក់ណាស់នឹងទឹកមុខនាង។ ដូច្នេះដៃស្រីលូកចាប់ដៃនាយ ទាំងរបូតកាមេរ៉ាធ្លាក់ដល់ដី។ គេមិនព្រមឱ្យនាងកាន់យូរ គេដកដៃចេញ។ នាងឃើញគេសម្លឹងមកខ្លួនវិញដោយឆ្ងល់ៗតែក៏ស្រពោនអាណិត មុនពេលឱនទៅលើកយកម៉ាស៊ីនថតមកសងឱ្យ។ បុរសនេះក្រោកមកហុចវាឱ្យហាន់ដានាងមិនព្រមទទួលទេ នាងយំ តែគេក៏ភ្លឹកៗ បន្ទាប់មកគេងាកសម្លឹងហួសពីនាងទៅមាត់របង។
ពីក្រោយខ្នងមនុស្សច្រើនគ្នាដើរចូលមក។
ហាន់ដាមិនខ្វល់ទេ មិនថាមានសម្រែកខឹងសម្បា ឬអ្នកណាមកចាប់នាងចេញទៅ នាងនៅតែសម្លឹងមុខគេ សម្លឹងគេដែលឈរស្កុបកាន់ម៉ាស៊ីនថតរបស់នាង។

