គ្រោះថ្នាក់
ស្នូរអ្វីមួយអង្រួនដាស់គីម៉ាល់ក្រោកចេញពីដំណេក ។
ភរិយាដែលកំពុងសុខសាន្តនៅលើទ្រូងគេក៏ដឹងខ្លួនមកសន្សឹមៗហើយញីភ្នែក។ មេឃខាងក្រៅនៅមិនទាន់ភ្លឺច្បាស់នៅឡើយទេ។
នៅពេលវេលាជាក់លាក់ដដែល ព្រះអាទិត្យត្រូវតែរះឡើង តាមធម្មតា នៅលើផ្ទៃមេឃនៃដើមឈើព្នៅធំត្រសុំ កម្លាំងខ្យល់បោកបក់មកពីមាត់ទន្លេឆ្ពោះមកកាន់កូនផ្ទះមួយ តម្រង់មករកគូស្នេហ៍ទាំងទ្វេពីក្រោយផ្ទៃវាំងននបន្ទប់គេងស្តើងនិងទន់ខ្សោយមិនអាចការពារអ្វីបាន។
អ្នកណាម្នាក់កំពុងបង្ហាញខ្លួននៅក្បែរបង្អួច។
«អ្នកណា?!» នាងសួរគេតិចៗ។
បុរសនេះមិនមាត់។ គេមិនសម្លឹងផ្តោតទៅទីនោះដៃកាន់តែឱបនាងជាប់ទ្រូង។ ដំណេកកាលពីយប់ជាពេលវេលាដែលគេប្តេជ្ញាថា នារីនេះនឹងនៅក្បែរគេបែបនេះជារៀងរហូតទៅ។
យប់មិញមុនពេលសម្រាកស្កប់ស្កល់ពួកគេបាននិយាយគ្នា។ នាងចាំបានពីសម្តីគេដែលប្រាប់ថា នេះជាផ្ទះរបស់ប្រធានភូមិ គាត់តុបតែងរៀបចំសម្រាប់ទទួលភ្ញៀវមកពីវៀងចន្ទន៍ ឬពួកមន្ត្រី។ លើកនេះ វាក្លាយជា ផ្ទះថ្មីរបស់អ្នកទាំងពីរមួយយប់ ទម្រាំស្អែកឡើងពួកគេចាកចេញវិញ គឺត្រឡប់ទៅកាន់ទីណាដែលពួកគេចង់ទៅ។
«កាលពីនៅក្រោលគោក្រោមដី អ្នកភូមិបានសម្រេចចិត្តឱ្យខ្ញុំជ្រើសរើសថារៀបការនឹងខាំសាយ ឬទៅជាមួយហាន់ដា! ហេតុអីគេមកទៀត?»
គីម៉ាល់រអ៊ូៗធ្វើឱ្យនារីដែលជ្រកក្រោមទ្រូងមានអារម្មណ៍មិនល្អទេ។ ពួកពូយឹមមិនបានសម្រេចបំណង មិនប្រាកដថាព្រមបោះបង់ចោលគំនិតឱបក្រសោបលុយកាក់ដោយងាយៗឡើយ។
«យើងគួរតែចាកចេញតាំងពីព្រហាមស្រាងៗ»
នាងនិយាយតិចៗ។
អ្នកទាំងពីរក្រោកឡើងភ្លាមខណៈនៅក្រៅវាំងននមានស្រមោលមនុស្សរត់។ ហាន់ដាឈរពិបាកចិត្តព្រោះ គីម៉ាល់បានកាន់ផ្គាក់មួយចេញមក។
«ជេន! ជេននៅឯណា!»
នាងរអ៊ូតិចៗ ធ្វើឱ្យបុរសដែលកំពុងកាន់ដៃនាងងាកមកសួរ៖
«អ្នកណាជាជេន?!»
នាងភ្ញាក់ខ្លួនមកវិញ អំពីរឿងនេះ។ កាលពីមុនគេប្រចណ្ឌជាមួយជេន ឥឡូវនេះគេមិនស្គាល់ជេន ក៏គេនៅតែប្រចណ្ឌដដែល។ លើកនេះគេមិនដឹងអីទៀតទេ នាងប្រាប់គេពីការពិតក៏មិនទាស់ខុស។
«ប៉ូលិសនៅស្ទឹងត្រែង! ជាអ្នកជិតខាងរាប់អានគ្នាស្មោះ! គាត់ជូនខ្ញុំមករកប្តី!!»
ស្នូរកាំភ្លើងផ្ទុះផូងនៅខាងក្រៅ។
នាងស្រវាតោងស្មានាយ។ នៅស្រុកឡាវនេះ សន្តិសុខតឹងរឹងមិនអាចបាញ់បោះសេរីឡើយម៉្លោះហើយ គ្មានអ្នកណាម្នាក់ មានកាំភ្លើងទេ។
ពេលនេះក្រុមមនុស្សអាក្រក់បានបង្ហាញខ្លួន។ ពួកគេរត់ឡើងមក ហើយរង្គើក្តារក្រាលទាំងស្រុង។
«ខ្ញុំអាចការពារប្រពន្ធបាន មិនចាំបាច់រកប៉ូលិសណា ទេ!»
គេនិយាយដាក់នាងទាំងសង្គ្រឺតធ្មេញសំដៅរកក្រុមសត្រូវ។ គេនេះមានចរិតជាបុរសជនបទពិតៗ ទៀងត្រង់និងក្លាហាន តែចរិតប្រចណ្ឌ ក្រអឺត និងមានៈនៅដដែលពេញផ្ទៃទ្រូង៥ហត្ថរបស់គេ។
ពូយឹមបង្ហាញខ្លួន…..គ្នាគាត់មកដែរនិងមានកាំភ្លើងវែងខ្លីមកជាមួយផង…..
នាងបារម្ភខ្លាំងទោះដឹងថាគេមិនសម្លាប់គីម៉ាល់ក៏ដោយពួកគេចង់បានលុយ គឺលុយមហាសាល ដូច្នេះគេត្រូវទុកគីម៉ាល់។
«សាក់ជាក្មួយពូ! ត្រូវចុះអូប័រទៅជាមួយពូ! កុំភ្លេចឯងមានជំងឺ ពូជាអ្នកថែទាំឯងកន្លងមក ពូចំណាយកម្លាំងជាច្រើនសង្គ្រោះជីវិតឯង»
ផ្ទះសំណាក់នេះ ស្ថិតនៅតាមបណ្តោយដៃទន្លេហ្វាង៉ាមជាផ្ទះដែលសង់ឡើងប្រភេទជាយជ្រោយច្រាំង ទោះបីមិនមានធ្លាខាងក្រៅធំទូលាយ តែនៅឆ្ងាយពីភាពអ៊ូអរនិងមានកំពង់ទឹក។
ពួកនេះហ៊ានបំផ្ទុះអាវុធប្រាកដណាស់ បានយកអូប័រមកដើម្បីជំរត់មនុស្សហើយ។ រឿងហេតុមិនធម្មតាទេ វាជាគម្រោងការដ៏គួរឱ្យស្អប់ខ្ពើម។
«ខ្ញុំទៅ បើប្រពន្ធទៅ!» គេឆ្លើយខ្លីធ្វើឱ្យនាងធ្មេចភ្នែករេរកមធ្យោបាយ។
គេនិយាយខ្លីដូចបង្ហើបល្បិចដល់ពូយឹម។ បុរសនេះសម្លឹងរបៀបដែលគីម៉ាល់ត្រកងឱបស្មានាងក៏ដឹងថា ឆ្កួតឬជា បេះដូងគេ ជីវិតគេក៏សម្រាប់តែស្រីម្នាក់នេះ។
គាត់រេភ្នែកក្រឡិកក្រឡាប់គិត គាប់ជួនពូអិនដៃស្តាំឱនមកប្រាប់៖
«កុំពន្យារប្រយ័ត្នទាហានស្រុកមកដល់!»
ពូយឹមងើបមុខសម្លឹងហាន់ដាដែលនៅធ្វើមុខស្មើមិនញឹនក្នុងរង្វង់ដៃប្តី។ គាត់ដឹងថា លើកនេះប្រសិនធ្លោយឱ្យប្រុសស្រីទាំងទ្វេរបូតបានទៅដល់ស្រុកខ្មែរ គឺហាក់បីដូចជាលែងត្រីចូលទន្លេ សមុទ្រ មុជរក១០០ឆ្នាំក៏មិនអាចចាប់បានវិញនោះដែរ។
«នាំឡើងទូក!»
បុរសនេះបញ្ជាធ្វើឱ្យស្រីស្អាតបង្ហាញភាពមិនសុខចិត្តលើផ្ទៃមុខ។ អិនលើកកាំភ្លើងភ្ជង់ហាន់ដា ហើយដាក់បញ្ជា៖
«បើអ្នកស្រីតូចមិនដើរទៅ ខ្ញុំបាញ់ហើយ!»
គីម៉ាល់រកយារកាំបិត អិនក៏ពួយដាក់មួយគ្រាប់ឡើងលើមេឃផ្អើលអស់បក្សីបក្សា ។ ហាន់ដាទន់ជើងដួល បណ្តាលឱ្យស្វាមីទម្លាក់កំាបិតអង្គុយចុះមករកលើកនាងឡើង។
យឹមស្រែកបន្ទោសតិចៗ៖
«អញប្រាប់ថាកុំឱ្យឮសំឡេងអាអិន!»
អិនតបវិញភ្លាម៖
«អស់ពេលហើយល្បង! យើងស្លាប់ឬរស់ ពឹងលើវិនាទីចុងក្រោយនេះហើយ!»
គេងាកមករកគីម៉ាល់ ៖
«ទៅជាមួយគ្នាយើងទៅសាក់! គ្មានអ្នកណាធ្វើអីលោកក្មួយទេ! មិនអ៊ីចឹងពូបង្ខំចិត្តបាញ់ប្រពន្ធឯងសម្លាប់! ភូមិនេះគ្មានពេទ្យព្យាបាលគ្រាប់សំណទេ!»
គីម៉ាល់នៅទីទើរងាកមកសម្លឹងភរិយា។
នាងគ្រវីក្បាលយឺតៗដាក់កែវភ្នែកគេ។ គីម៉ាល់ខាំមាត់និយាយដោយមិនបែរមុខចោលភរិយាមួយព្រិចភ្នែកណា៖
«បើពួកពូសន្យាថាឱ្យគេនេះបានសុខវិលទៅផ្ទះគេវិញ! ខ្ញុំព្រមទៅតាម!»
នាងតោងកំភួនដៃគេទាំងរលេះរលួយចិត្ត។ គ្រប់យ៉ាងដូចគ្រោងទុកពូយឹមស្រែកភ្លាម៖
«បានសាក់! ពូស្បថ!»
ហាន់ដាស្រែកកាត់៖
«អត់ទេ មនុស្សអស់នេះមិនដែលគោរពសម្តីទេគីម៉ាល់!»
បុរសនេះសម្លឹងនាងទាំងស្ងួតស្ងប់ បបូរមាត់ស្ងួតចែសរបស់គេ ឱនមកថើបនាងកណ្តាលវាល ធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង។
គេនិយាយតិចៗ៖
«បើគេមិនគោរព ខ្ញុំក៏ធ្វើអ៊ីចឹងដែរ!»
អិនស្រែកគំហក៖
«លឿន! កុំឱ្យអញទាល់ច្រកវ៉ើយ»
ស្នូរសន្ធឹកម៉ូតូច្រើនគ្រឿងលាន់មក។ មិនថាប៉ូលិស ឬកងសន្តិសុខ ឬអ្នកភូមិ នេះជាពេលដែលក្រុមពូយឹមទឹកដល់ច្រមុះ។
ពូយឹមទាញកន្ត្រាក់ដៃគីម៉ាល់ រីឯអិនជាដៃស្តាំគាត់បន្តបាញ់បង្ហើយមួយគ្រាប់ទៀតកាត់ផ្តាច់មនោសសញ្ចេតនារបស់ពួកគេ។
តាមថា ពួកនេះចង់បង្ហើយជីវិតនាងជាខ្លាំង ប៉ុន្តែបើនាងហូរឈាមតែមួយតំណក់ពួកគេក៏មិនបានគីម៉ាល់ទៅជាមួយដែរ។
«នីដាៗៗៗៗ»
«ជេន?»
សំឡេងបងប្រុសស្រែកដង្ហៀយរកប្អូនទ្រហឹងអឺងអាប់ ខណៈនាងជ្រួលច្របល់ដោយទន់ជើងនៅលើដីល្បាប់។
ម្ខាងបងប្រុសមកដល់ហើយ ម្ខាងសំណព្វចិត្តកំពុងសម្លឹងមកជាកិច្ចលាគ្នានៅលើអូប័រ។
នាងស្រក់ទឹកភ្នែករហាមកំដររូបភាពចុងក្រោយនៃការនិរាស។
«មកវិញគីម៉ាល់! ត្រឡប់មកវិញភ្លាម!»
នាងស្រែកយំផង មិនចេញសំឡេងផងខណៈបេះដូងសឹងរលត់ចង្វាក់ដំណើរការ។ នៅលើដែនជលសា ទូកទំនើបចាកចោលច្រាំងធ្វើឱ្យរូបភាពភរិយាកម្សត់កាន់តែតូចទៅៗនៅក្នុងកែវភ្នែកក្រហមង៉ូវរបស់គេ។
«ហេតុអីមិនឱ្យខ្ញុំនឹងប្រពន្ធបានជុំគ្នា?!»
គេសួរតិចៗ។ ពូយឹមនៅស្ងៀម អិនស្រែកគំហកទាំងតក្កមា៖
«កុំដ្រាម៉ាច្រើន! ឯងភ្លេចស្មារតីតែឯងមិនមែនឆ្កួតទេគីម៉ាល់!»
យឹមធ្វើសំឡេងស៊ូច! ឃាត់កំហឹងរបស់អិន។ បុរសមានល្បិចងាកមកលោមប្រុសមាឌធំ៖
«សាក់! ក្មួយជាក្មួយពូ មិនមែនគីម៉ាល់ទេ! ព្រោះនាងជាមនុស្សមិនល្អ! បើនាងល្អនាងមកតាមប្តីហើយ!»
គីម៉ាល់រេភ្នែកមកសម្លឹងពូយឹម សម្តីស្រីល្អលាន់មកវិញក្នុងការចងចាំរបស់នាយ
«ខ្លួនឈ្មោះគីម៉ាល់! ខ្លួនជាខ្មែរមិនមែនជាឡាវទេ! ម្នាក់នោះជាមនុស្សចិត្តកំណាច គេឈ្មោះយឹម និងបក្សពួកគេ! ពួកគេមានបំណងអាក្រក់ណាស់ កុំរៀបការ ហើយឆាប់រត់គេចខ្លួនទៅស្រុកខ្មែរវិញ! កូនចៅខ្លួនទាំងអ៊ុននិងវុធកំពុងរង់ចាំនៅព្រំទឹកស្តាប់ខ្ញុំបានអត់! ចាំដែរអត់ !»
គេខាំមាត់ហៅបុរសនេះតិចៗ៖
«ពូយឹម!»
យឹមភាន់ភាំងពេលឃើញនាយសម្លឹងខ្លួនយ៉ាងមុតហើយស្គាល់ឈ្មោះច្បាស់ទៀត។
សំណួរសំខាន់គឺ តើគេពិតជាដឹងខ្លួនឡើងវិញត្រឹមនៅក្បែរនាងពេញមួយយប់ឬអ្វី?
«មនុស្សកុហកបោកប្រាស់!»
គេបន្ថែមទាំងបញ្ចេញកំហឹងក្នុងកែវភ្នែក ធ្វើឱ្យពូយឹមយារកាំភ្លើងខ្លីមកការពារខ្លួន។ គីម៉ាល់ដើរយឺតៗចូលមករកមនុស្សនេះធ្វើឱ្យយឹមកាន់តែស្លន់។ ចិត្តមួយគាត់មិនចង់បាញ់ព្រោះគេជានុយធំ និងជាក្តីសង្ឈឹមចុងក្រោយ ចិត្តមួយភ័យអំពីគ្រោះទាំងសត្រូវជិះទូកជាមួយ ហើយនៅម្ខាងច្រាំងទូក ក្រុមជេននិងអ្នកស្រុកកំពុងប្រដេញមក។
អិនស្រែកដាក់យឹម៖
«ធាក់វាទម្លាក់ទឹកទៅ ពួកនោះរវល់ស្រង់វាមិនអាចតាមយើងទាន់ទេ!»
យឹមទីទើរស្តាយកំណប់ទ្រព្យមហាសាលនៅលើខ្លួនបុរសនេះទុកឱ្យអិននូវសភាពគ្មានជម្រើស។ គេយារកាំភ្លើងបាញ់គីម៉ាល់ទម្លាក់ទឹកតែត្រូវយឹមភ្លាត់ដៃបង្អាក់។
ផូង! រាងកាយ អិនត្រូវគាំងចលនាដោយសាររបួសចំបេះដូង។ គេនៅឈរមិនអស់ចិត្តសម្លឹងបុរសមេកោយដែលសុខចិត្តពលីកូនចៅដៃស្តាំព្រោះចង់ទុកទ្រព្យសម្បត្តិរបស់គីម៉ាល់។
ស្មានមិនដល់ថា ដើម្បីសងសឹក សូម្បីតែមុនធ្លាក់ទៅក្នុងទន្លេក៏បុរសនេះលូកមកតោងនិងប្រើកម្លាំងដូចចង្កៀងមួយឆាបមុនពេលរីងប្រេង ទាញអូសនាំគីម៉ាល់ឱ្យធ្លាក់ទៅបាតទន្លេជាមួយខ្លួនដែរ។
«ទេ!»
យឹមឡើងស្រែកទាំងសោកស្តាយ។
នៅឯនាយទូកប្រដេញមកហើយ…..
យឹមមិនដឹងថាត្រូវបង្កើនល្បឿនរត់យកប្រះអាយូសឬមួយ ក៏ជ្រមុជទៅបាតទន្លេតាមរកនុយសំខាន់នោះទេ។
អាវង់ អារំបល់យក៍ បន្ថយល្បឿនស្រង់អាសាក់ឡើងសិន។
បុរសនេះស្រែកដាក់កូនចៅដែលកំពុងបញ្ជាចង្កូត។ ម្នាក់ឈ្មោះវង់នោះ ទីបំផុតទៅ គេមិនបាននៅបន្លាយពេលមកខ្វល់ខ្វាយច្រើនដូចយឹមចំពោះរឿងគីម៉ាល់ទេ។ គេដឹងតែថា គេមិនចង់ជាប់គុកឡើយ ដូច្នេះហើយបានជាពេលឃើញយឹមចូលមកក្បែរចង្កូតរកឃាត់គេ គេដាក់យឹមមួយគ្រាប់សំណចំកណ្តាលទ្រូងធ្លាក់ទឹកប្រូង មុនពេលបំបោលអូប័ររត់ប្រាស់អាយ៉ូសយករួចខ្លួនតែម្នាក់ឯង។
ការចងចាំ
«វាធ្លាប់ជា តំបន់ផលិតហេរ៉ូអ៊ីនធំលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីប្រទេសអាហ្គានីស្ថាន ក៏ជាជម្រកនៃពាណិជ្ជកម្មគ្រឿងញៀនឆ្លងដែនដែលធំសម្បើមនៅក្រោយពីសង្គ្រាមលោកលើកទី ២ ត្រូវបាន UNODC (អ.ស.បប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន) ប៉ាន់ស្មានថា ភាគច្រើនអ្នកពាក់ព័ន្ធ ដាំអាភៀនជាកុលសម្ពន័ចាស់ៗ រស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ ភ្នាក់ងារស៊ើបអង្កេតបទល្មើសឆ្លងដែនធ្លាប់ រកឃើញថា មានគណនីធនាគារក្នុងតំបន់ខ្លះបាន ផ្ទេរប្រាក់ រាប់រយលានដុល្លារអាមេរិកចុះឡើងក្នុងផែនការបម្រើដល់ការងារជាច្រើននៃក្រុមនេះ! យោងតាមឯកសារសម្ងាត់ MOGE មួយ មូលនិធិដែលមានទឹកប្រាក់លើសពី ៦០ លានមាន ប្រភពមកពីលោកឃុនសាដែលជាម្ចាស់គ្រឿងញៀនដ៏ល្បីល្បាញបំផុតមួយសម័យកាលនោះ។ ទោះជាឥឡូវនេះ ការដាំដុះអាភៀននៅក្នុងប្រទេសពាក់ព័ន្ធបានថយចុះជាង ៨០ ភាគរយ បន្ទាប់ពីយុទ្ធនាការលុបបំបាត់តំបន់ត្រីកោណមាសនៅឆ្នាំ២០០៦ក៏មន្រ្តីការិយាល័យគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិអះអាងថា ការផលិតគ្រឿងញៀនសំយោគនៅតែរីករាលដាលជំនួសឱ្យអាភៀនហើយអាចកំពុងបន្តដោយមនុស្សជំនាន់ក្រោយនៃបណ្តាញចាស់របស់ត្រីកោណមាស!»
គ្រប់គ្នាក្នុងសាលស្តាប់ដោយយកចិត្តទុកដាក់។
កម្មវិធីនេះមិនមានការLive ផ្ទាល់ទេប៉ុន្តែប៉ូលិសបានអាត់ជាវីដេអូទុក
ជេនអង្គុយក្បែរប្អូនស្រីរបស់គេលើកៅអីជួរមុខអមរដ្ឋមន្ត្រីនៃក្រសួងពាក់ព័ន្ធជាច្រើនទៀត។ ជាមួយទឹកមុខពោរពេញទៅដោយមោទនភាព គេនិយាយខ្សឹបៗដាក់ហាន់ដា៖
«សង្ឃឹមថា ពិសិដ្ឋបានឃើញគ្រប់យ៉ាងក្នុងថ្ងៃនេះ!»
ហាន់ថាញញឹមតិចៗ តែក្នុងកែវភ្នែកល្ហល្ហេវរបស់នាង នារីនេះនឹកភ្នកជានិច្ចទៅដល់ស្វាមីរបស់នាងដែលរង់ចាំនៅឯងសាលខាងក្រៅ។
ខណៈឧត្តមសេនីយ៍នៅលើឆាកបញ្ចប់ការសម្រាកក្រេបទឹកហើយ គាត់ចាប់អានសេចក្តីប្រកាសបន្ត៖
«អង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ Interpol គឺជាសម្ព័នភ្នាក់ងារប៉ូលីសអន្តរជាតិធំជាងគេបំផុតនៅលើពិភពលោក ដែលមានប្រទេសជាសមាជិកចំនួន ១៩៤ ប្រទេស។ បង្កើតឡើងក្នុងឆ្នាំ ១៩២៣ លើបេសកកម្ម សម្រួលដល់ការផ្លាស់ប្តូរព័ត៌មានក្នុងបណ្តាញ ប៉ូលីសនិងជំរុញកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរអនុវត្តច្បាប់នៃបណ្តាប្រទេសជាសមាជិករបស់ខ្លួន។ យើងមានមោទនភាពដោយនៅថ្ងៃនេះ Interpolបានប្រគល់សក្ខីនៃ ការគាំទ្រលើឆន្ទះរបស់រដ្ឋាភិបាលកម្ពុជាក្នុងការស៊ើបអង្កេតនិងpផ្តល់ទិន្នន័យដ៏សំខាន់បំផុតសម្រាប់កាត់ផ្តាច់ចោលកបណ្តាញប្រាស្រ័យ ដ៏គ្រោះថ្នាក់របស់អតីតក្រុមត្រីកោណមាស! សូមអបអរសាទរប៉ូលីសដ៏ឆ្នើមរបស់យើង គឺឧត្តមសេនីយ៍ ជិន ជេននរៈ !»
«ឧត្តមសេនីយ៍?ឡើងសក្តិទៀត?!»
ហាន់ដាងាកមកសួរដោយរំភើបនិងបើកភ្នែកមូលក្លំធំៗតាមទម្លាប់របស់នាង។
« លេខាធិការដ្ឋានInterpol ដឹកនាំដោយអគ្គលេខាធិការ ជូហ្គិនស្តុកបានផ្ញើនូវលិខិតកិត្តិយសនេះមកជូននាយប៉ូលិសយើង!សូមស្វាគមន៍លោកជេន!»
ជេនក្រោកពីកៅអីហើយឡើងទៅលើឆាក។
នៅខាងក្រៅគីម៉ាល់សម្លឹងអ្វីៗក្នុងទូរសព្ទដៃ។ កិច្ចប្រជុំខាងក្នុងពិតជាសម្ងាត់ប៉ុន្តែលោកនេះមិនមាមនអ្វីមួយអាចស្ងាត់១០០ភាគរយទេប្រសិនណាគេចង់ដឹងវា។
បុរសនេះចុចបិទទូរសព្ទលែងមើល បន្ទាប់មកគេគិតបន្តិចមុនពេលចុចប៊ូតុងផ្សេង។ ដោយចាប់ផ្តើមទំនាក់ទំនងគ្នាបាន គីម៉ាល់ផ្អឹបមាត់និយាយ៖
«ឯងឡប់បំផុតដែលទៅប្តូរជីវិតខ្លួនឯងចោលទាំងស្រុងដើម្បីឱ្យអ្នកផ្សេងបានគុណសម្បត្តិហើយឡើងយសសក្តិអាសិដ្ឋ!»
សំឡេងតូចឆ្មារមួយលាន់ឡើងមកវិញពីចម្ងាយឆ្ងាយសឹងមិនចំណាំសំឡេងគេបាន៖
«បងឯងមិនដឹងផ្ទៃក្នុងមើលពីក្រៅគិតថាជេនធ្វើការតិចតួច ហើយអ្នកដែលធ្វើកូដរារាំងលុយដ្មៅពួកនោះទើបជាវីរៈបុរស! តាមពិតជេនមិនធម្មតាដូចគ្រប់គ្នាដឹងទេ! កាលដែលខ្ញុំព្រមធ្វើរឿងមួយនេះ លះបង់ច្រើនយ៉ាងនេះ ព្រោះថាគេនោះបានលះបង់ច្រើនជាងខ្ញុំ១០០ដងទៅទៀត!»
«បងលែងរវល់ហើយ! មិនបានកើតមកដើម្បីធ្វើជាវីរបុរសក៏មិនអី! ហើយពេលណាឯងត្រឡប់មកវិញ?»
«គ្មានថ្ងៃវិលទេ! រឿងខ្លះ បើជ្រុលជាទៅមុខហើយបណ្តោយវាទៅតាមហ្នឹងទៅ!»
គេដាក់ទូរសព្ទចុះទាំងមុខស្ងួត។
មានរឿងជាច្រើនដែលគេបានគិត បានស៊ើប បានតាមដាន និងពិចារណារហូតដល់ចុងក្រោយក៏សម្រេចចិត្តថា ខ្ចិលនឹងគិតវិញ។
ជាប្អូនប្រុសម្នាក់ មានជំងឺជាប់ខ្លួន កើតក្នុងគ្រួសារមានលុយចាយមិនអស់ បែរជាមិនចេះស្រលាញ់ស្រី មិនចង់មានជីវិតធម្មតាៗ មិនហ៊ឺហារឡូយឆាយ បែរជាទៅរៀនសរសេរកូដក្រៅសាលា សំងមចងខ្លួនឯងនឹងកំព្យូទ័រក្នុងបន្ទប់រាប់ឆ្នាំខែ ហើយចុងក្រោយបានបង្កើតសមិទ្ធិផលមហាសាលសម្រាប់អនុតំបន់នេះ ឈានដល់ពិភពលោកទាំងមូល។
ប្រាក់រាប់ពាន់លានដុល្លាររបស់អង្គការឧក្រិដ្ឋកម្ម យក្សមួយ ត្រូវបានបង្កក ដោយសារម្រាមដៃទន់ៗទាំង១០នៃបុរសខ្មែរម្នាក់នេះ។
គីម៉ាល់សើចស្ងួត៖
«អាមហាបុរស! ឯងជាhackerដែលឯងចង់បានជាយូរមកហើយ ជាHackerអស្ចារ្សម្នាក់ដែលមិនឡើងទទួលពាន តែឯងបានរារាំងមនុស្សអាក្រក់រាប់ពាន់សំណុំរឿងបាន! ឡូយហើយឯង!អាសិដ្ឋ!»
នៅពីចំហៀងស្តាំដៃគេឃើញប្រពន្ធដើរចេញមកដផយអារម្មណ៍រីករាយជាមួយរូបរាងដំណើរទន់ល្មើយរបស់នាង មិនភ្លេចស្នាមញញឹមផង។
ជេនប្រហែលកំពុងត្រូវបានចោមរោមជុំជិតដោយពួកអ្នកអបអរហើយបានជាមិនឃើញវត្តមានក្បែរនាង។
មិនរវល់គិតច្រើនទេ បាន ស្រីស្អាតចូលដល់ក្នុងរថយន្តកាលណាបុរសនេះបញ្ជាឡានចេញវឹងទាំងរអ៊ូ៖
«ស្មានថា ឃើញពួកប៉ូលីសសង្ហាៗភ្លេចអ្នករង់ចាំនៅខាងក្រៅម្នាក់នេះទៅហើយ?!»
នាងសម្លក់នាយបន្តិច ទាំងញញឹមមិនចេញស្តីចិត្តនាងគិតចុះឡើងស្ងាត់ៗ៖
«កាលពីនៅដឹងខ្លួនក៏ឌឺ! ក្រោយពីធ្លាក់ទឹកភ្លេចភ្លាំងហើយនៅតែមិនចោលចរិតឌឺ!»
នាងខ្ចិលឌឺតបតអ្វី ខណៈមានបុរសនេះនៅក្បែរកាយក៏ជាសុភមង្គលពេកទៅហើយ។
ក្នុងចិត្តគីម៉ាល់នារីម្នាក់នេះក៏មិនធម្មតាដែរ។ ហាន់ដាបានស្ម័គ្រចូលរូមក្នុងបេសកកម្មជាមួយបងប្រុសនាង ជាមួយពិសិដ្ឋ បានរំដោះជួយកុលសម្ពន័អ្នកខូចស្មារតីដោយថ្នាំញៀនជាច្រើនរយនាក់មករក្សាថែទាំនៅលើកោះបេះដូងរបស់នាង។«ការពិតមួយហ្នឹង ទោះស្លាប់ក៏និយាយមិនបានដែរ យល់ខ្លះអត់»««មនុស្សធុនពុតត្បុតអត់ព្រិចភ្នែក!» នាងអាចជាបុព្វហេតុដែលធ្វើឱ្យពិសិដ្ឋលែងចង់ត្រេកត្រអាលនឹងអ្វីៗលើលោកនេះគេបែរជាចង់ធ្វើអ្វីម្យ៉ាងដែលមនុស្សធម្មតាៗមិនគិតថាចង់ធ្វើ។
គេនឹកដល់ពាក្យពេចន៍នឹងកំហឹងអស់ទាំងនេះ ទើបប្រអប់ដៃប្រុសថ្លៃ លូកមកក្តោបលើអជ្ជលីនាង។
អារម្មណ៍អំពីភាពទន់ភ្លន់ក្នុងឬកពារគេវិលមកវិញក្នុងការចងចាំរបស់នាង ។
«ពេទ្យនីដា! អ្នកគ្រូក៏ធ្វើពេទ្យ អ្នកគ្រូពិនិត្យឯកសារវិភាគនេះហើយ បានយល់ហើយថា លោកគីម៉ាល់មិនបានឈឺអ្វីជាលក្ខណៈរាងកាយតទៅទៀតទេ! សំណុំទឹកដក់ក្នុងខួរក្បាលកាលពីជាងមួយឆ្នាំមុន ត្រូវបានយកចេញ ហើយគេបានសះស្បើយអស់យូរហើយ! រឿងដែលរំខានគឺ ក្នុងរយៈពេលដែលគេត្រូវការពេលវេលាដើម្បីចងចាំឡើងវិញមកដោយសន្សឹមៗនោះ អ្នកទាំងឡាយដែលនៅក្បែរគេមិនព្រមរំលឹកឱ្យគេចាំ មិនព្រមនាំគេទៅកាន់កន្លែងដែលគេធ្លាប់មានអនុស្សាវរីយ៍ល្អៗ ដូច្នេះបានជាយូរមកហើយ គេនៅតែមិនអាចនឹកឃើញ!»
សូម្បីតែគេនឹកមិនឃើញរឿងចាស់ផង ក៏នៅឯភូមិហ្វាង៉ាម គេមានចិត្តស្រលាញ់យើង ហើយបង្ហាញមនោសញ្ចេតនាស្មោះបរិសុទ្ធរបស់គេ? នេះឱ្យនិយមន័យបែបណាទៅ? ស្នេហារបស់គេចំពោះយើង សឹងជាអ្វីមួយដែលរកគ្មានលើលោកយើងនេះ ។
នាងដៀងភ្នែកសម្លឹងគីម៉ាល់ ….នារិម្នាក់នេះបេរជាយល់ថា មានគេក៏គ្រប់គ្រាន់ទៅហើយសម្រាប់ឆាកជីវិតដែលនៅសល់។
ប្រសិនបើអតីតកាលធ្វើឱ្យគេឈឺពេក ខ្លោចផ្សាពេកគេមិនបាច់នឹកឃើញក៏បានតែស្នេហាមួយនេះនាងនៅរក្សាសម្រាប់គេជារៀងរហូតតទៅ។
«យើងទៅណា?!»
បុរសនេះសួរតិចៗទាំងដៃបញ្ជាចង្កូត។
«ទៅផ្ទះយើងវិញ!»
នាងឆ្លើយមួយៗ។
បងនៅទីនេះ
នៅក្បែរអូនជារៀងរហូតតទៅ
នេះជាពេលវេលាដែលមនុស្សម្នាផងទាំងពួងបានលង់លក់ទៅក្នុងសុបិននារាត្រីកាលសែនត្រជាក់។ នៅលើភ្លៅស្រីម្ចាស់ផ្ទះម៉ៃសាក់ បុរសនេះគេងលក់ស្កប់ស្កល់រហូតដល់នាងមិនដាច់ចិត្តដាស់គេឡើងទេ។ ហាន់ដាគិតថា គេនៅក្បែរដូច្នេះហើយ មិនបាច់គេងទល់ភ្លឺអង្គុយមើលមុខក៏ល្អ។
នាងលាបាតដៃទន់ល្មើយអង្អែលថ្ងាសប្តីថ្នមៗ។ គេវិលមកផ្ទះវិញជាង១០ថ្ងៃហើយ។ ជីវភាពប្តីប្រពន្ធដ៏សាមញ្ញរបស់អ្នកទាំងពីរប្រព្រឹត្តទៅយ៉ាងល្អឥតខ្ចោះ តែក្នុងចិត្តនាងគេនៅតែជាអ្នកជំងឺទន់ខ្សោយម្នាក់។
នាងនិយាយតិចៗដាក់គេដែលបិទភ្នែកជិតឈឹង៖
«គីម៉ាល់! បងហត់នឿយណាស់មែនទេប្តីសម្លាញ់បានជាបងមិនចង់ចងចាំអតីតកាល និងចងចាំពួកមនុស្សមិនល្អអស់ទាំងនោះ? អូនសុំទោស ដែលមិនបានធ្វើជាប្រពន្ធល្អគ្រប់គ្រាន់ បណ្តាលឱ្យលទ្ធផលចុងក្រោយក្លាយជារបៀបនេះ! អូនសុំទោសចំពោះរឿងទាំងឡាយដែលមិនអាចនិយាយចេញហើយគិតថានឹងលាក់បាំងវាជារៀងរហូតទៅ រហូតដល់ថ្ងៃស្លាប់! អូនមិនបានប្រាប់ប្តីពីរឿងពិសិដ្ឋ មិនមែនមានន័យថា ជាការបោកប្រាស់ឬលាក់លៀមឡើយ! ការពិតខ្លះវាមិនបាននាំអ្វីប្រសើរឡើងយើងក៏បំបិទវាចោលជាស្ថាពរទៅមែនអត់?! ពីពេលនេះទៅ ប្តីនឹងនៅបែបនេះជាមួយអូនក្នុងផ្ទះរបស់យើង ហើយអូនសន្យាថាបងជាអាទិភាព នៅរាល់ដង្ហើមចេញចូលនៃស្រីម្នាក់នេះ នៅជាមួយគ្នាអូនសន្យាមិនគិតរឿងផ្សេង មិនថាអាជីព អារម្មណ៍ ទំនាក់ទំនងជាមួយអ្នកណា ពេលគីម៉ាល់សប្បាយចិត្តអូនក៏សប្បាយចិត្ត ជាតិនេះយើងទាំងពីរជាមនុស្សតែមួយ!»
«បើជាមនុស្សតែមួយ ម៉េចម្នាក់អង្គុយម្នាក់គេង?»
ប្រុសស្អាតសួរខ្សាវៗទាំងបិទភ្នែកធ្វើឱ្យនាងភ្ញាក់ច្រង៉ាង។ ហាន់ដាឱ្យសម្លឹងប្តី ដែលបបូរមាត់គេចាប់ផ្តើមបង្កើតឡើងនូវស្នាមញញឹមតិចៗយឺតៗ។
«មនុស្សខូចខ្លះធ្វើពុតជាគេងមែនអត់?!»
នាងខ្សឹបតិចៗទាំងកែវភ្នែកទាំងសងភ្លឺចិញ្ចាច ។
បុរសលូកដៃទាញប្រាណស្រីល្អមកប្រះគេងក្បែរគ្នា ជាមួយស្នាមញញឹមផ្តិតជាប់ក្នុងសំណុំសក់នាង នាយពោលរអ៊ូៗ៖
«អាគីម៉ាល់វាចេះធ្វើពុតឆ្លងពីប្រពន្ធវា!»
នាងនៅពែនមុខទ្រូងគេ ភ្នែកនាងសម្លឹងទ្វាររាងកាយគេនៅពីក្រោយនាង កំពុងឱបនាងស្អិតរមួតពីរនាក់លើសាឡុងតែមួយពិតមែនតែចិត្តនាងរាយមាយ៖
«ហេតុអ្វីសម្តីគេឌឺៗដូចគេកាលពីមុន? គេនេះដឹងខ្លួនចងចាំរឿងពីមុនឡើងវិញអស់ហើយ ឬមួយនៅជាបុរសកសិករដដែលទេ?»
ម្រាមដៃបុរសនេះរេមកប៉ះបបូរមាត់នាងហើយស្ទាបអង្អែលនៅជុំវិញនោះ ធ្វើឱ្យនាងនៅសំងំស្ងៀមមិនហ៊ានវាចាឬធ្វើចលនាអ្វី រង់ចាំសម្គាល់ឫកពាថ្លៃ។
«មាត់ហ្នឹងមិញនិយាយអីខ្លះវែងម៉េះ? និយាយឱ្យអ្នកណាស្តាប់ និយាយម្តងទៀតបានអត់ មិញភ្លេចស្តាប់!»
ហាន់ដា លូកដៃស្ទាបអង្អែលកំភួនដៃនាយម្ខាងទៀតដែលកំពុងក្រសោបនៅលើចង្កេះខ្លួន។ បុរសកសិករមិននិយាយច្រើនដូច្នេះទេ។ នាងចម្លែកចិត្ត។
បបូរមាត់ប្តីបង្ហួសមកកញ្ចឹងកស្រីធ្វើឱ្យនារីរេគេចទាំងមានស្នាមញញឹមសុភមង្គល។ នាងនិយាយតិចៗ៖
«គីម៉ាល់ បើស្អែកជេនមកគេងលេងជាមួយយើងក្នុងផ្ទះនេះ បងខឹងដែរ?!»
«មិនខឹងទេ គេជាបងប្រុសរបស់ប្រពន្ធខ្ញុំ!»
នាងបើកភ្នែកធំៗ។
ដៃនាងឈប់ធ្វើចលនាលើកំភួនដៃនាយ ហើយនាងរេភ្នែកខំប្រឹងគិតចុះឡើងហាក់បីដូចជានឹក មិនអស់ចិត្តសោះ។ អាថ៌កំបាំងនេះនាងមិនដែលប្រាប់ទេ គេដឹងវាពីណាមក?
មានមនុស្សឯណាដឹងរឿងនេះ ក្រៅពីម្តាយនាងហើយនិងជេនផ្ទាល់ ចំណែកពួកគេមិនត្រូវគ្នាជាមួយគីម៉ាល់ទេកាលគេនៅមានស្មារតីពេញលេញ។
«ចុះពិសិដ្ឋ? បងចង់ជួបគេទេ?!»
«គេមិនចង់ជួបបង បងមានរឿងអីត្រូវចង់ជួបគេ?!»
នារីស្ទុះងាកបែរក្រោយទៅរកប្តី។
នាងសឹងធ្លាក់ពីលើសាឡុងដ៏ចង្អៀតដែលផិតផើយណាស់សម្រាប់មនុស្សមាឌធំដូចគេហើយចង់គេងម្តងពីរនាក់ទន្ទឹមគ្នា។ ប្តីនេះឱបនាងជាប់មិនអោយរមៀលធ្លាក់ចុះបាន ។ ជាមួយកម្លាំង និងរបងហត្ថារៀមដែលនាងចំណាំច្បាស់ ខ្សែភ្នែកដែលបុរសនេះសម្លឹងមកនាងដោយទឹកមុខនឹងនរ ស្នាមញញឹមឌឺៗ នៅលើបបូរមាត់គេផង ទាំងអស់នេះប្រាប់នាងរួចហើយថា គេមិនមែនជាសាក់ដែលនាងបានតាមរកឃើញនៅឯភូមិឡាវ ហ្វាង៉ាម រឹតតែមិនមែនជាអ្នកជំងឺភ្លេចស្មារតីឡើយ។
ភ្នែកនឹងភ្នែកនៅជិតគ្នាបង្កើយ។
ហាន់ដា លូកម្រាមដៃអង្អែលបបូរមាត់សិចស៊ីឌឺដងរបស់គីម៉ាល់ នេត្រានេះរលើបរលោងចំពោះមុខប្តីជាមួយប្រយោគខ្សឹបសែនខ្សឹបព្រោះនាងកំពុងតែរំភើបខ្លាំង៖
«ចាំឡើងវិញអស់ហើយមែនអត់?»
គីម៉ាល់បិទមកវិញ ជាមួយកែវភ្នែកសម្លឹងនាងស្រទន់ស្រទោរ។ គេមិនឆ្លើយនាងរឹតតែញញឹម៖
«អ្ហះ? នឹកឃើញវិញអស់ហើយមែនអត់?!»
គេមិចភ្នែកព្រឹមៗមិននិយាយ តែស្នាមញញឹមកាន់តែរីកសាយឡើង ដូចជាកំពុងភ្ជាប់ជាមួយស្នាមញញឹមរបស់នាង។
ហាន់ដាលើកដៃទាំងទ្វេត្រកងក្តោបផ្ទៃមុខប្រុសថ្លៃ។
«គីម៉ាល់ប្រាប់អូនភ្លាម!»
នាងងរង៉ក់ទាំងអំណរធ្វើឱ្យខាងប្រុសរឹតតែឌឺដង៖
«ប្រាប់រឿងអី?!»
«បងចាំវិញហើយ?!»
«អ្នកណាថាភ្លេច?!»
គេឌឺមកខ្លីៗ ធ្វើឱ្យស្រីភាំងក្នុងអំណរ។ នាងប្រើម្រាមទាំងដប់អង្អែលពេញផ្ទៃមុខគេ ទុកគេដូចវត្ថុទិព្វដែលនាងទើបនឹងបានត្រឡប់មកវិញក្នុងដៃ។
«យំដែរ? អ៊ីចឹងសោះ!»
គេសួរមកទាំងអាណិតទឹកភ្នែកនាងដែលស្រក់រលើបមកលម្អរឹមៗ។
«អូនចង់ដឹងណាស់! បងដឹងពិតមែន ដឹងអ្វីខ្លះ ហើយចាប់ពីពេលណា?!»
បុរសទម្លាក់ដៃនាងចេញពីមុខ ទុកឱ្យខ្លួនឯងបានអង្អែលថ្ពាល់នាងវិញម្តង។ គេវាចាខ្សឹបៗ៖
«តាំងពីពេលបងឃើញអូនគគ្រិច បងចង់ដាំទឹកងូតកោសស្បែកចេញឱ្យ!»
នារីភាំងភ្លឹក។ សំណួរក្នុងពេលនេះគឺស្រីស្អាតចង់ដឹងថា បុរសនេះគេកំពុងនិយាយអំពីរឿងណាមួយ? អាងទឹកទីនេះ ទីដែលគេសម្រុកចូលទៅអង្គុយជាមួយនាង ឬក៏ក្លាំទឹកជនជាតិឡាវនៅភូមិហ្វាង៉ាមទៅ?
នាងក្រឡេកសម្លឹងទឹកមុខរលាមនៃប្រុសម្នាក់នេះ។
«បងនិយាយពីរឿងអី?!»
គីម៉ាល់ញញឹម។ គេក្រសោបកាយានួនស្រីទៅក្នុងហត្ថាទាំងសង ហើយបិទភ្នែកស្រមៃដល់សេចក្តីសុខទាំងអស់ដែលកំពុងក្លាយជាការពិត។
គេចាប់ផ្តើមថើបថ្ងាសនាងហើយនិយាយតិចៗឡុលៗ៖
«អូនជាការចងចាំរបស់បង! មិនថាបងឈឺ បងភ្លេច ឬបងឆ្កួត ឱ្យតែបានឃើញអូន បងនឹងមានអារម្មណ៍មួយ!»
ហាន់ដាធ្មេចភ្នែកទាំងសង ជលនេត្រកាន់តែសើមចិត្តក៏រឹតតែនឹកឃើញ។
«ហេតុអីខ្ញុំជាប្តីរបស់ខ្លួន? ហេតុអីខ្ញុំមិនដឹងខ្លួន?!» «បងស្រឡាញ់អូន បងហៅអូនថាអូន មិនមែនខ្លួនទេ!» «មិនចេះហៅ! នៅនេះគ្មានអ្នកណាគេហៅគ្នាអ៊ីចឹងទេ!» «ចុះឱបប្រពន្ធ? គឺ….គឺគេឱបគ្នាបែបនៀក បងចេះទេ? នៅភូមិនេះ គ្មានអ្នកណាគេឱបអ៊ីចឹងៗ ទេមែនដែរអត់គីម៉ាល់?!» «តែ….ក៏ចូលចិត្តបើខ្លួនមកឱបខ្ញុំរបៀបនេះ!» «ចុះ! ចុះឧបមាថា បើហាន់ដាទៅឱបប្រុសស្អាតដទៃបែបនេះ គីម៉ាល់ខឹងដែរទេ?!» «ហាន់ដា?!» «គឺអូន! អូននេះឈ្មោះហាន់ដា!» «ឱបប្រុសដទៃមែនទេ? ទៅឱបប្រុសដទៃបានអីមកវិញ! ឬចង់មានប្តីច្រើននាក់?!» «អូនមិនឱបប្រុសណាទាំងអស់ព្រោះអូនជាប្រពន្ធរបស់បងតែម្នាក់ !» «បងព្រមដែរទេ មិនរៀបការយកប្រពន្ធឯណាទាំងអស់ យកតែហាន់ដាម្នាក់នេះជាប្រពន្ធរហូតទៅ?!» «ព្រម!»
ហាន់ដាកាន់ដៃគេយ៉ាងណែន ស្មើនឹងចិត្តរំជួលអររបស់នាង។
«បងឈប់ទៅណាចោលហាន់ដា! បងនឹងនៅទីនេះ ធ្វើការងារសំខាន់មួយ គឺស្រឡាញ់អូនថ្ងៃនេះឱ្យច្រើនជាងម្សិលមិញ ហើយតិចជាងថ្ងៃស្អែក…..ហើយកើនរហូតនៅថ្ងៃខានស្អែក!»
អាថ៌កំបាំងរបស់ពិសិដ្ឋ
«ចាំមកជួបខ្ញុំនៅបន្ទប់ទទួលភ្ញៀវក្នុងរវាងពេលប្រហែលដប់ប្រាំនាទីទៀត យើងត្រូវញ៉ាំអាហារពេលល្ងាចជាមួយភ្ញៀវសំខាន់! អូ៎រក្សា្ហអី អ្ហេស៎ អូ៎God ត្រូវហើយ Birthdayគេ! ខ្ញុំខលទៅគេសិន ការងារល្ងាចនេះ ខ្ញុំវាងមិនបានចំណែករក្សា ខ្ញុំនឹងសងគេស្អែកមួយថ្ងៃពេញហើយមើលទៅ!»
ជេននិយាយទាំងលូកដៃម្ខាងទាញឯកសារលើតុ ដៃម្ខាងទាញចុចទូរសព្ទបិទ។
ជាមួយនឹងភាពប្រញឹក គេស្រាប់តែបង្អង់ឈប់ដោយសារអ្នកណាម្នាក់ឈានចូលមកទាំងមិនគោះទ្វារ។ គេជាបុរសមាឌធំដែលខានមកជាន់ទីនេះ៨ឆ្នាំហើយ។ បើមិនមានឫកពាអំនួតមិនមែនជាគីម៉ាល់ទេ។
«គីម៉ាល់?!»
បងថ្លៃម្នាក់នេះលាន់មាត់ហៅគេតិចៗ ចំណែកឯគីម៉ាល់ក្រៅពីញញឹមធម្មតាគេដើរហួសទៅដល់កូនសួនច្បារតូចនៅនឹងមុខបន្ទប់។
«បរិយាកាសមិនអន់ទេ!»
គេនិយាយផងវែកវាំងននស្បៃចេញទៅក្រៅលំហពិនិត្យទិដ្ឋភាពទីក្រុងគជ់ដ៏ត្រចះត្រចង់ពីលើជាន់ដ៏ខ្ពស់នេះ
«មកភ្នំពេញពីអង្កាល់! នីដាមកអត់?!»
«នាំគេមកពិនិត្យពោះ!»
ជេនសើចសប្បាយ ទាំងដៃកាន់ទឹកថ្លាពីរកែវចេញមក៖
«អបអរ!»
គីម៉ាល់លូកដៃទទួលទឹកមកក្រេបក្អឹកៗ ខណៈពេលជេននិយាយបន្ថែម៖
«នេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ GMថ្មី មកដល់ស្រុកខ្មែរល្ងាចនេះ ទៅញ៉ាំបាយជាមួយគ្នា ខ្ញុំផ្ទេរការងារទាំងអស់នៅគ្រុបនេះឱ្យទៅគេ ពីរនាក់ប្តីប្រពន្ធឯងក៏គួរតែជួបគេបានម្តងដែរ! គេជាជនជាតិសាំងហ្គាពួរ»
គីម៉ាល់ងាកមកវិញ។
គេសម្លឹងជេនពីលើដល់ក្រោមទាំងទឹកមុខឌឺ។ ជេនញាក់ស្មា៖
«មានពាក្យអីចង់រិះគន់?!»
«ធ្វើប៉ូលិសមានអីសប្បាយ? មិននៅមើលការងារតទៅទៀតមិនអាណិតប្អូនស្រីទេ?!»
ជេនញញឹមដាក់កែវទឹកទៅម្ខាង។ គេឱនសម្លឹង SMS ដែលធ្វើឱ្យស្នាមញញឹមគេកាន់តែកក់ក្តៅ។ គីម៉ាល់ដឹងថានោះជាសំណព្វចិត្តគេមិនខាន។ ទម្រង់កាយវិការមនុស្សមានស្នេហាមិនអាចលាក់កំបាងពីថៅកៃឌូបៃបានឡើយ។
«សង្សាររកបានហើយ អ៊ីចឹងបានប្រញាប់រត់គេចពីការងារសណ្ឋាគារ!»
«អត់ទេ! ព្រោះគ្រប់យ៉ាងរៀបរយ! ឯងនឹងនីដាមិនបាច់ខ្វល់ទេ យើងមានមនុស្សល្អៗហើយគ្រប់យ៉ាងបានរលូន!»
គីម៉ាល់ព្រិចភ្នែកទទួលយកអារម្មណ៍ស្ងប់ចិត្ត។
គេទះស្មាជេនតិច៖
«ជូនពរការងារនៅតារាសាគរ! ហើយបើជួបពិសិដ្ឋ ប្រាប់វាផង ថាគ្មានអ្នកណានឹកវាទេ!»
ជេនទម្លាក់ទឹកមុខ។
គីម៉ាល់យល់ចិត្ត គេទះស្មាសារឡើងវិញហើយលើកនេះខ្លាំងជាងមុន។
«បានលោកប៉ូលិស! ជូនពរឱ្យជាប់ស្នេហ៍ជាមួយនារីមេក្រុមអន្ធពាលហ្មងទៅ នឹងបានជាឈុតឆាកស្នេហាល្អមើលបន្តិច! រឿងដដែលៗសាំណាស់!»
«អ្នកណាសាំ?!»
គឺសំឡេងម្ចាស់បបូរមាត់សិចស៊ី នាងចូលមកហើយពេលស្វាមីក្រឡេកទៅដោយទឹកមុខស្រទន់ គេឆ្លើយទាំងញញឹម៖
«គឺអូនឯងហ្នឹង! សាំ!»
នាងធ្វើក្និកក្នក់ពេលស្វាមីស្រវាទាញមកឱបចង្កេះកណ្តាលបន្ទប់ នៅចំពីមុខប៉ូលិសឯកោម្នាក់ដែលកំពុង ញញឹមស្មើៗ។
ចង់ឱ្យពាក្យជូនពររបស់គីម៉ាល់ទៅកាន់ជេនក្លាយជាការពិតដែរឬយ៉ាងណា?
ជួបជេន និងបេសកកម្មថ្មីរបស់គេក្នុងរឿង «ស្រឡាញ់បងជ្រៅជាងសមុទ្រ»។

