គុកស្នេហ៍
ឈឺក្បាលណាស់…..
នាងនិយាយតិចៗក្រោយពីដឹងខ្លួនមកវិញ។
សម្លឹងរកមើលសភាពពិតរបស់ខ្លួនឯង ភ្លាមនោះហាន់ដានឹកឃើញដល់រឿងនៅភូមិឡាវ។ អ្វីមួយសប្បាយអំណរលេចឡើងក្នុងចិត្តភ្លេចអស់ការឈឺចាប់ផងទាំងពួង។
«យើងរកឃើញគេហើយជេន! ជេននៅឯណាជេន! មកៗជេន មកជួយនាំគេវិលទៅផ្ទះវិញ! គេគឺគីម៉ាល់របស់ខ្ញុំ!»
ហាប់ដាប្រែខ្លួនរកច្រត់ដៃក្រោក តែដៃសង្កត់លើចំបើងរកាំរមាស់បណ្តាលឱ្យនាងចាប់ផ្តើមទទួលអារម្មណ៍ថាកខ្វក់។
ជញ្ជាំងចម្រឹងឈើមូលធំៗ នៅពីក្រោយខ្នង ដែលកំពុងផ្អែក និងស្នាមដានភក់ល្បាប់ប្រឡាក់លើជើងទាំងសង ហាន់ដាចាប់ផ្តើមមានអារម្មណ៍ ច្របូកច្របល់។
នាងមិនដឹងទេ ថាមុននេះមានអ្វីកើតឡើង ។ ពិសេសក្រោយពេលនាងទប់ចិត្តសង្ស័យមិនបានហើយប្រតោងដៃគីម៉ាល់។
«ក្រុមណាមួយបានមកដល់ហើយចាប់ខ្ញុំដាក់ក្នុងនេះ» ពេទ្យកម្សត់គិតយ៉ាងអន្ទះសា។
ហាន់ដាស្ទុះក្រោក!
ទីនេះជារោងគោ តែវាមានទីតាំងលុងនៅក្រោមដីដូចត្រង់សេសម័យកាលសង្គ្រាម។
ពំនូកនិងគំនរចំបើងពោរពេញនិង មានចម្រឹងមាំៗជាកូនឈើមូលៗទៀត ជេនមិនអាចរកខ្ញុំឃើញដោយងាយស្រួលទេហើយក៏មិនដឹងចេញទៅវិញរបៀបណាដែរ។
គ្រប់យ៉ាងលើខ្លួននាងបាត់អស់ហើយ!
ទោះយ៉ាងណាក៏មានអារម្មណ៍ល្អក្នុងការដឹងថាគេនៅរស់។ នាងញញឹមច្រត់ដៃតិចៗ ព្យាយាមក្រោកពីកន្លែងសន្លប់នេះដោយត្រដាបត្រដួស។
ពេលវេលារំលងទៅយូរប៉ុនណាហើយ? ពោះឃ្លាន ដៃជើងល្វើយ តែមាត់ញញឹម ចិត្តមានសង្ឃឹមទៅកើត?
ព្រោះតែដឹងថា គេនៅរួមដង្ហើមជាមួយនាងក្បែរៗនេះ គឺគេនៅរស់នៅឡើយគ្រាន់តែគេមិនចងចាំ។ គេអាចធ្លាក់ទៅទង្គិច ហើយមិនបានទទួលការព្យាបាលដើម្បីរំឭកទាញការចងចាំមកវិញ។
«គីម៉ាល់កុំភ័យណា ប្រពន្ធជាពេទ្យ អូនក្លាយជាដុកទ័រពេញលក្ខណៈហើយ គឺដូចដែលបងតែងតែហៅអូន! អូននឹងព្យាបាលឱ្យបង កុំភ័យណា! សន្សឹមៗយើងនឹងវិលទៅផ្ទះយើងវិញ!»
ពេលសម្លឹងទៅក្រៅ មិនឃើញអ្វីក្រៅពីជញ្ជាំងជម្រាលដីទេ។
ពួកគេជាអ្នកណា? ហេតុអីចាំបាច់ធ្វើបែបនេះចំពោះខ្ញុំ?
ដើម្បីជួយខ្លួនឯងឱ្យដំណើរឈាមរត់បានល្អ បន្ទាប់ពីបានអង្គុយសន្លប់ឈឹងមិនដឹងតាំងពីពេលណាមក នាងទ្រោបក្បាល បិទភ្នែកនឹងចម្រឹងទ្វារដែលត្រូវបានចាក់ពីក្រៅដោយមេសោចាស់មួយធំហើយមាំ។
«អ្នកស្រីតូចសុខសប្បាយ?!»
នាងងើបមុខឡើងយ៉ាងរហ័សដូចផ្លេកបន្ទោរ។
«ពូយឹម?!»
បុរសចំណាស់នេះចុះមកទើមៗពីចំហៀងខាងឆ្វេង។ ហាន់ដាទើបតែចាប់អារម្មណ៍ថា ទិសដៅមួយនោះអាចថា ជាច្រករត់ចេញ និងជាជណ្តើរចុះពីលើមក ដែលមុននេះមិនបានចាប់អារម្មណ៍។
«មានរឿងអីនៅទីនេះ?!»
នាងសួរទាំងឃើញភាពមិនល្អស្រេចទៅហើយ នៅលើទឹកមុខជនចំណាស់។ ជននេះមិនចុះមកតែឯងទេ គឺហែហមដោយឈ្មោះអិនជាដៃស្តាំ និងកសិករវ័យចំណាស់មួយរូបទៀត។
«ពូរកឃើញគេយូរហើយ ពូលាក់គេទុក!»
នាងនិយាយសួរនាំដោយទឹកមុខឈឺចាប់។ បុរសចំណាស់ឈ្មោះយឹមញឹមៗ ហើយមិនមាត់។ នាងតោងចម្រឹងនេះ ទាំងឈឺចិត្តនឹងលោកិយដ៏ខ្មៅកខ្វក់។ ស្រីស្អាតនិយាយបន្ថែមទាំងរអាក់រអួល៖
«ពូមិនព្យាបាលគាត់ ហើយទុកគាត់ឱ្យរៀបការជាមួយមនុស្សស្រីមិនដឹងក្តី ដើម្បីអី!»
«អ្នកស្រីតូចឆ្លាតណាស់! ទាយសាកទៅ!»
នាងខាំមាត់ស្ទើរដាច់ហើយនិយាយមួយៗ៖
«តួចិត្តអាក្រក់នៅតែចិត្តអាក្រក់!»
ពូយឹមសើចក្អាកក្អាយ នៅពេលដែលអិន និងបុរសចំណាស់ដើរចុះឡើងពិនិត្យស្ថានការណ៍ជុំវិញនេះ។
«លោកនេះគ្មានអាក្រក់និងល្អចែកដាច់ពីគ្នាទេនីដា! ក្មួយស្រីយើងស្លាប់ហើយ យើងមានអីរំពឹងទៀត?!»
ហាន់ដាងក់ក្បាលតិចៗ។ នាងដឹងថាសុងសក្តិនិងនារីភាបានបាត់ខ្លួនទៅតាំងពីគីម៉ាល់មិនទាន់មានបញ្ហា តែការបាត់ខ្លួនគ្មានដំណឹងមិនមែនប្រាកដថាសុទ្ធតែជាការស្លាប់ទេ។
«គីម៉ាល់ត្រូវទឹកកួចហើយ គេគង់នៅរស់បាន រឿងម៉ាក់ក្មេកពូ កុំអស់សង្ឃឹម ឆាប់បន្តរកគាត់ទៅ!»
យឹមឈ្ងោកមុខដោយវិបត្តិ។
«ខ្ញុំមិនបានអស់សង្ឃឹមឬបោះបង់ក្មួយខ្ញុំចោលទេៗ តែខ្ញុំដឹងថាអ្នកណាធ្វើ! ពួកត្រីកោណមាសខ្ញុំស្គាល់វាច្បាស់ៗ! អាពេទ្យសុងសក្តិជាមនុស្សរបស់ពួកអស់នោះចាត់មក! ពេលវាសម្អាតគ្នាវា ក្មួយខ្ញុំក៏ស្ថិតក្នុងចំណោមមនុស្សដែលត្រូវគេសម្អាតដែរ! អយុត្តិធម៌ណាស់!»
នាងធ្លាក់ថ្លើមក្តុកនឹកដល់សុងសក្តិ។
នារីនេះទន់ជើងអង្គុយស្មើលើកម្រាលចំបើង។
ជេនតែងរំលឹកប្រាប់នាងពន្យល់នាងអំពីការពិតដែលថា សុងសក្តិជាគិញនៃពួកត្រីកោណមាស។ សុងសក្តិមកដល់ស្ទឹងត្រែងរាប់អាននាងនិងគ្រួសារ ក៏ក្នុងបំណងដើម្បីតែស្វែងរកអាថ៌កំបាំងក្នុងដៃពិសិដ្ឋ ហើយគ្រប់យ៉ាងគឺសុងសក្តិបាន Set Up ឡើង។ ឥឡូវនេះសម្តីពូយឹមបានបញ្ចប់គ្រប់យ៉ាងឱ្យភ្លឺច្បាស់ដូចថ្ងៃ។
នាងនៅស្ងៀមបន្តិចក្នុងទុក្ខសោក បន្ទាប់មកក៏និយាយឡើងមួយៗ៖
«ហេតុអីពូមិនជួយគីម៉ាល់!»
«ហេតុអីខ្ញុំត្រូវជួយ?!»
«ចុះពូឱ្យគេមករៀបការនេះក្នុងគោលបំណងអី?!»
ពូយឹមនៅស្ងៀម នាងនិយាយបន្ថែមនូវចម្លើយដោយខ្លួនឯង៖
«ទ្រពសម្បត្តិ?!»
ពូយឹមញាក់ចិញ្ចើមទទួលស្គាល់ភ្លាម ធ្វើឱ្យហាន់ដាសើចខឹកៗហាក់ដូចជាមនុស្សល្ងីល្ងើ។
«ពូចង់និយាយថា ពេលការរួចចាំឱ្យគាត់ទៅឌូបៃវិញ បង្ហាញ DNAទាមទារទ្រព្យសម្បត្តិ?!»
«ឆ្លាត! អ្នកស្រីឆ្លាត!»
«កុំភ្លេចថា គាត់មានប្រពន្ធហើយ! ជាប្រពន្ធស្របច្បាប់! ក្មេងស្រីនៅរៀនដែលពូចាប់ឱ្យការនៀក គេមិនបានស្រឡាញ់គ្នា ថែមទាំងជាចំណងអាពាហ៍ពិពាហ៍កើតមានក្នុងពេលគេវិបល្លាស ពូសង្ឃឹមអីថាអាចឈ្នះក្តីជាមួយខ្ញុំ?!»
ពូយឹមសើច៖
«ចុះបើអ្នកស្រីស្លាប់បាត់?!»
នាងចងចិញ្ចើមនឹកឃើញភ្លាមដល់រឿងមនុស្សមុខដូចគីម៉ាល់ និងការមករំលោភបំពាននាងកាលពីយប់នោះ។ រូបថតមនុស្សដឹកកណ្តាប់លើទូរសព្ទដៃ គ្រប់យ៉ាងជាទង្វើរបស់បុរសនេះ ដែលមានចេតនានាំយើងមកសម្លាប់នៅទីនេះ?
បើមែន ជេនហើយនិងវុធ ក៏ប្រាកដជាធ្លាក់ក្នុងអន្ទាក់គេនេះដូចគ្នា។
សេចក្តីសង្ឃឹមដែលមុននេះគិតថា មិនយូរទេ ជេនគេអាចចូលមករកនាង រំដោះនាងនិងគីម៉ាល់ទៅ កំពុងរលាយខ្សុលៗបន្តិចម្តងៗ ដូចផ្សែងអ័ព្ទកណ្តាលទន្លេនាវស្សាន្តរដូវ។
នារីចង្អុលម្រាមដៃខឹងគាត់។
«កែខ្លួនទៅពូយឹម មុនពេលធ្ងន់ជាងនេះ!»
«អស្ចារ្យណាស់! មនុស្សទាល់ច្រកមកប្រដៅមនុស្សដែលកំពុងឡើងរាសីយីអ៊ុន!»
«អំពើអាក្រក់មិនដែលបានផលល្អទេ!»
នាងនិយាយទាំងឈឺចិត្ត។
ពូយឹមមិនតតាំងអ្វីតែគាត់បានបោះកញ្ចប់មួយឱ្យនាង។ នាងឱនសម្លឹង នាងស្គាល់វាច្បាស់។
«ថ្នាំរំងាប់សរសៃប្រសាទនេះ អ្នកស្រីតូចបានចំណាយលុយ ទិញជួយមនុស្សវិកលរាប់ពាន់នាក់មកហើយ! ពេលនេះសងអំពើល្អអ្នកស្រីតូចវិញចុះ! ឆាប់លេបវាទៅ បើមិនចង់ស្លាប់លំបាកវេទនា!»
នាងសម្លឹងកញ្ចប់ថ្នាំទាំងឆ្អែតចិត្ត។
លោកនេះពិតជាអ្នកដែលធ្វើល្អត្រូវបញ្ចប់ដោយរបៀបនេះ?
«ខ្ញុំគ្មានធ្វើអីពូទេ ហេតុអីពូចេះស្រឡាញ់ក្មួយពូ តែមិនចេះមានមេត្តាខ្លះចំពោះខ្ញុំដែលមានអាយុស្រករគ្នាអ្ហះ?»
«ព្រោះឯងជាដើមហេតុធ្វើឱ្យក្មួយខ្ញុំត្រូវស្លាប់! ហើយបើទោះជាវានៅរស់ ឯងជាដើមហេតុដែលយើងមិនអាចយកពិស័កទៅសងឱ្យក្មួយយើងវិញបាន!»
ហាន់ដាស្រែកខ្លាំងៗទាំងកំហឹង៖
«ពូជាដើមហេតុបំផ្លាញនារីភា ពូដើរបន្ទោសអ្នកដទៃ ស្មានថាបន្លំទោសពៃរ៍បាន?!»
យឹមចាកចេញហើយ តែឮនាងស្រែកគាត់ទំនងខឹងបានជាបែរក្បាលមកនិយាយ៖
«បើថ្នាំនេះអ្នកស្រីតូចមិនប្រើ ស្អែកអ្នកស្រីតូចនឹងត្រូវគេដុតហើយ! នៅភូមិនេះគេជឿថា មនុស្សដណ្តើមស្វាមីអ្នកដទៃជាព្រាយនាំចង្រៃ! អាជេន និងពួកអាជឿន អាផាន វារកអ្នកស្រីមិនឃើញជារៀងរហូត»
ហាន់ដាមិនតក់ស្លុត នាងស្រែកតវ៉ា៖
«ចង់កុហកឱ្យខ្ញុំសម្លាប់ខ្លួនឯងមែនអត់?! សង្ឃឹមទៅពួកមនុស្សបិសាច! ជនជាតិឡាវពីដើមមកហូបទឹកទន្លេមេគង្គជាមួយខ្ញុំ ពួកគេមានសារជាតិស្លូតបូត ទៀងត្រង់មិនកំណាចដូចពួកឯងទេ!!»
យឹមសើចតិចៗដៀងភ្នែកមកសម្លឹងនាង ជាមួយប្រយោគស៊កសៀត៖
«បើពួកវាមិនកំណាច ចាំខ្ញុំប្រើអ្នកភូមិកំណាចមកពីតំបន់ផ្សេង!»
ហាក់មិនអស់ចិត្ត អិនខ្សឹបដាក់ត្រចៀកមេកោយ។ ចុងក្រោយយឹមងក់ក្បាលព្រមឱ្យពួកនោះចូលមកចងដៃនាងស្លាបសេកទៅក្រោយ ហើយបិទមាត់នាងផង។
មនុស្សចង្រៃទាំងបី ចាកចេញទៅ ក្រោមភាពទោមនស្សរបស់ហាន់ដាកម្សត់។ នាងទន់ខ្លួនអង្គុយចុះទាំងអស់សង្ឃឹម។
«ជេនឯងមិនឱ្យខ្ញុំមក តែខ្ញុំមិនជឿឯង! ម្តងហើយម្តងទៀត ពួកគេរៀបចំអន្ទាក់ទទួលខ្ញុំ!»
ចុងក្រោយពេលវេលារំលងទៅយ៉ាងយឺតយ៉ាវហើយមេឃចាប់ងងឹត។ មូសនិងសុច ប្រចឹកព្រួតគ្នាខាំគ្រូពេទ្យសំណព្វរបស់គីម៉ាល់សឹងខ្សោះឈាម។
នាងឃ្លានណាស់ នាងល្វើយណាស់ នាងក្អួតចង្អោរ ហើយផ្តេកខ្លួននាងលង់លក់ទាំងស្រេកទឹកខ្សោះពីប្រាណ
នាងដឹងខ្លួនឡើងមកវិញច្រើនដងណាស់ ក៏សន្លប់ទៅវិញទៀតដោយសារអត់អាហារនិងគ្មានទឹក។
ពួកគេឃោរឃៅណាស់ជេន! តើជេនអន្ទះសាតាមរកប្អូនយ៉ាងណាទៅ? ជេនមានដឹងទេថាគេកំពុងចង់ឱ្យប្អូនស្លាប់សន្សឹមៗដោយដាច់ពោះ?
ក្នុងសុបិន នាងយល់សប្តិថា កំពុងរៀបការ។
«បងនឹងធ្វើគ្រប់យ៉ាង គឺគ្រប់យ៉ាងហាន់ដា! ដើម្បីឱ្យហាន់ដាក្លាយមកជារបស់បងជារៀងរហូតទៅ ចាំទុកហាន់ដា!»
នាងត្រូវបានគេឱបត្រកង ចង្ការបស់នាងភ្ជាប់នឹងសាច់ទ្រូងរឹងមាំរបស់គេ។ ហាន់ដាអាចមានអារម្មណ៍ថាទន់និងកក់ក្តៅ នាងអាចទប់ខ្លួនដោយមិនបាច់ប្រឹង។ កំពែងរង្វង់ដៃគេ ព័ទ្ធជុំវិញរាងកាយនាងប្រៀបបានដូចជាវិមានមួយដ៏ខ្ពស់និងជាគ្រែថ្នាក់ថ្នមដ៏ស្រស់ស្អាតដែលនាងអាចភ្លេចចោលការឈឺចាប់ផងទាំងពួង។
«អូនជិតស្លាប់ហើយគីម៉ាល់! ថើបអូនមួយមកណ៎ា! ជាចុងក្រោយបង្អស់! ប្រើបបូរមាត់របស់បងដើម្បីអូនចងចាំវាទៅឋានក្រោម!»
នាងងើយថើបមាត់គេ ទឹកម្យ៉ាងហូរមកច្រើនជាងការគិតទុក។
ជារសទឹកសាបដ៏មានកម្លាំងត្រជាក់ស្រេង។ វាហូរចូលមកផ្សើមសន្សឹមៗដល់បំពង់កនាង បែងចែកពាសពេញសួតនាងដែលកំពុងអស់អុកស៊ីសែន និងត្រជាក់ដល់បេះដូងនាង។
នាងបើកភ្នែកឡើងមកវិញព្រឹមៗ…..ព្រះអើយ មនុស្សជិតស្លាប់អាចប្រាថ្នាអ្វីម្យ៉ាងមែនដែរទេ?
នាងឃើញគេ គេកំពុងត្រកងឱបនាង គេទំនងជាព្យាយាមធ្វើនេះ ព្រោះបញ្ចុកទឹកសាបដល់នាង។
«ហូបទឹកឱ្យច្រើន តែយឺតៗណា!»
គេនិយាយខ្សឹបៗដាក់នាង។
នាងព្យាយាមលើកដៃដែលរញីរញ័រដោយសារដាច់បាយទឹករយៈពេលយូរមកស្ទាបមុខគេ។
លើកនេះខាងប្រុសមិនបានគេចចេញទេ គេហាក់ជាប់ចិត្តនឹងកែវភ្នែករលីងរលោងរបស់នាង។
នាងដឹងថាបុរសនេះ បានស្រាយចំណងដៃហើយនិងមាត់ ឱ្យនាងជាមួយទឹកមុខអាណិតអាសូររបស់គេ។
«ខ្លួនឈ្មោះគីម៉ាល់! ខ្លួនជាខ្មែរមិនមែនជាឡាវទេ! ម្នាក់នោះជាមនុស្សចិត្តកំណាច គេឈ្មោះយឹម និងបក្សពួកគេ! ពួកគេមានបំណងអាក្រក់ណាស់ កុំរៀបការ ហើយឆាប់រត់គេចខ្លួនទៅស្រុកខ្មែរវិញ! កូនចៅខ្លួនទាំងអ៊ុន និងវុធកំពុងរង់ចាំនៅព្រំទឹកស្តាប់ខ្ញុំបានអត់! ចាំដែរអត់ !»
គេឡិងឡង់សម្លឹងការផ្តាំផ្ញើរបស់នាង។
«កុំស៊ីញ៉េអីទាំងអស់! ខ្លួនមិនមែនជាកម្មសិទ្ធិទីនេះទេ!»
គេមិនមាត់តែសម្លឹងនាងក្រឡង់ៗ។
នាងដឹងថា គេមិនយល់ គេគិតមិនឃើញ តែនាងមិនដឹងឡើយ គេមានសម្ពាធរវាងចម្ងល់នឹងអារម្មណ៍។
នាងបិទភ្នែកទាំងល្ហិតល្ហៃ
«ឯងសង្ឃឹមស្អីទៀតទៅហាន់ដា! ចុងក្រោយឯងនឹងស្លាប់ ណ្ហើយហោចណាស់មានគេ ឯងបានស្លាប់លើដៃគេ!»
«ខ្លួនឯងជាអ្នកណា កំពុងមកធ្វើអ្វីនៅទីនេះ?»
គេស្រាប់តែបង្កើតសំណួរឡើងមកយ៉ាងទន់ភ្លន់បណ្តាលឱ្យនារីយើងភ្ញាក់អារម្មណ៍ព្រើត។ ហាន់ដាបើកភ្នែកក្រហមង៉ូវនោះឡើងហើយប្រឹងនិយាយ៖
«ជាប្រពន្ធ! ឮអត់? អូនជាប្រពន្ធបងនៅស្រុកខ្មែរ! ឈ្មោះបងគឺស័ក ពិស័ក មិនមែនសាក់ដូចជនជាតិឡាវទេ! បងហៅខ្លួនឯងនៅក្នុងមុខរបរថា គីម៉ាល់ បងជាអ្នករកស៊ីធំ មិនមែនជាកសិករ! បងធ្លាក់ទឹកនៅស្រុកខ្មែរ មិនមែននៅជាយដែនឡាវនិងចិនដូចគេប្រាប់ទេ បើបងភ្លេចនឹកមិនឃើញ ខ្នងបងមានស្នាមសត្វចោះ នៅលើកោះបេះដូងនោះជាការពិត អូនមិនបានកុហក ពួកគេទេនិយាយកុហក!»
«កុហក?»
គេផ្ទួនពាក្យនាងធ្វើឱ្យនាងមានអារម្មណ៍ថា គេជឿនាង។
ហាន់ដាខិតខំត្រដាបត្រដួសនិយាយបន្ត៖
«បានទេ! បងដាក់អូនចុះ ហើយចេញទៅរកប៉ូលិសមក! នៅព្រំទឹកមានទូករបស់វុធពួកគេ មកពីស្រុកខ្មែរ ពួកគេស្គាល់បង យើងនាំគ្នាជិះមកយប់ថ្ងៃតាមរកបង! បងទៅៗៗគីម៉ាល់ ទៅៗណាទៅរកពួកគេ!»
«គីម៉ាល់?»
បុរសទន្ទេញឈ្មោះនេះ។ បបូរមាត់គេ សព្ទសំឡេងគេមិនផ្លាស់ទេ គឺដូចកាលដែលគេប្រាប់ឈ្មោះដល់នាងជាលើកដំបូងនៅលើទូកជួបគ្នាដោយការរៀបចំរបស់សុងសក្តិ។
នាងសម្លឹងគេ ទាំងទុក្ខព្រួយតែក៏សប្បាយចិត្តមួយចំណែក។ ចុងក្រោយប្រពន្ធម្នាក់នេះបានសម្រេចចិត្តហើយ ថា…..ហាន់ដាងើបមុខភ្លាមទៅប៉ះបបូរមាត់គេ។ នាងធ្វើចលនានៅទីនោះហើយបង្កើតស្នាមថើបថ្មីនៅកន្លែងនោះយឺតៗ។
ហេតុអ្វីលើកនេះ គេមិនគេចចេញ?
ហេតុអីគេនៅស្ងៀមសំងំទទួលយកស្នាមថើបរបស់យើង?
ព្រោះបងអាណិតអូន បងចំណាំអូនបាន គ្រាន់តែបងមិនចងចាំរឿងពីមុនមែនទេគីម៉ាល់?
«រាល់យប់អាប្រុសម្នាក់ដែលធ្លាប់តែមានកាមតណ្ហាក្រាស់ឃ្មឹក ត្រូវចំណាយពេលដេកនឹកមនុស្សស្រីជើងល្អកំពូលកុហកម្នាក់ហ្នឹង! ប្រុសម្នាក់នេះមិនបានរៀបការជាមួយអូនដើម្បីបំផ្លាញឈ្មោះ ដើម្បីរំលោភលើខ្លួនប្រាណ ឬដើម្បីបំផ្លាញអាជីពរបស់អូនដែរដុកទ័រ!»
នាងដកបបូរមាត់ចេញមកវិញជាមួយកែវភ្នែករលើបរលោង។ គេហាក់នៅស្តាយណាស់ចំពោះអនុស្សាវរីយ៍នេះគេសួរឡើង៖
«ឈប់ធ្វើអី?!»
ទឹកមុខរបស់គេគឺគ្រប់គ្រាន់ដើម្បី ឱ្យនាងដឹងថាកំពុងមានចិត្តស្នេហា និងស្ថិតក្នុងអំណាចរវាងការភ្លេចភ្លាំងនិងការទាមទារនៃបេះដូង។
«សាក់ឡើងមកលើវិញ!»
សំឡេងពូយឹមនិងស្នូរជើងមនុស្សរត់មកដល់។ ក្នុងចំណោមនោះក៏មានខាំសាយដែរ។ ពួកគេសម្លឹងមករកអ្នកទាំងពីរហាក់ចម្លែកចិត្ត។ អ្នកភូមិមកដល់ច្រើនឡើងៗ ធ្វើឱ្យជនកំណាចឆ្លៀតពេលនិយាយបង្វែងរឿង៖
«ស្រីខ្មែរម្នាក់នេះនាំរឿងចង្រៃមកឱ្យពួកយើងហើយ!»
លើកនេះហាន់ដាមិនរវល់នឹងពួកគេទេ។ នាងស្រវាឱបគីម៉ាល់ហើយបិទបាំងមុខនាងទៅក្នុងផែនទ្រូងនាយ។
«គេសែងអូនទម្លាក់ទឹកឬដុតអូន វាជារឿងដែលអូនលែងគិតហើយ មុនពេលសម្រេចចិត្តមករកបងដល់កន្លែងនេះប្តីសម្លាញ់!»
គីម៉ាល់គ្រាហ៍នាងឡើង ។
«ស្រីម្នាក់នេះមកពីណា ហេតុអីនាងចូលមកបាន!»
ពួកអ្នកភូមិចោទសួរទ្រហឹងឡើង។
«ជាប្រពន្ធរបស់ខ្ញុំ!»
នាងភាំងងើបមុខមើលគេពេលឮបុរសនេះឆ្លើយ។ ចំណែកមនុស្សម្នាបានភ្ញាក់ផ្អើលភាន់ភាំងសម្លឹងឪពុកខាំសាយនិងសម្លឹងយឹម។
គ្រួសារនេះប្រឹងជំទាស់ភ្លាមៗ៖
«មិនមែនទេ! កូនកម្លោះត្រូវមន្តអាគមវាហើយ វាជាព្រាយ!»
ហាន់ដាមិននិយាយអ្វីបន្ថែមទេពេលនាងស្រុញជើងដួលហើយត្រូវបានគេបីនាងឡើង។ នេះជាលើកទីប៉ុន្មានហើយដែលបងបីអូនរបៀបនេះគីម៉ាល់។
នាងញញឹម មុនពេលបិទភ្នែកសន្លប់។
ជាតិនេះអូនជាប្រពន្ធបង
អូននេះជារបស់បង នៅជាមួយបង នៅក្បែរៗបង មិនថាមានអ្វីកើតឡើង មិនថាយើងឆ្លងកាត់អ្វីខ្លះទេ អូនត្រួវតែនៅក្បែរបង។
ហាន់ដាទន្ទេញពាក្យនេះមមើមមាយ ហើយចាប់ផ្តើមដឹងខ្លួនឡើងសន្សឹមៗដោយឈឺក្បាលតិចៗ។
នាងស្រវារកគេ។ ដរាបណាចងចាំហេតុការណ៍ចុងក្រោយបានភ្លាម គេជាប្រធានបទទីមួយរបស់នាង។ គីម៉ាល់នៅទីនេះកំពុងឈរបែរខ្នងក្បែរបង្អួច។ មេឃងងឹតនៅខាងក្រៅ បុរសនេះដូចជាកំពុងអុចចង្កៀងប្រេងកាត។
នាងសម្លឹងជុំវិញខ្លួន។
មុងស្បៃមួយស្ថិតនៅពីលើនាងចំពីមុខពេលសម្លឹងទៅដំបូល។
«យើងនៅកន្លែងណា?!»
បុរសងាកមកវិញ រួចដើរមករកស្រីស្អាត។ គេលើកដៃស្ទាបថ្ងាសនាង ហើយនិយាយខ្សឹបៗ៖
«នៅសម្រាក! អ្នកភូមិព្រមឱ្យយើងចាកចេញហើយ!»
នាងបើកភ្នែកមូលក្លំប៉ុនពងមាន់។
តើមានរឿងងាយស្រួលយ៉ាងនេះដែរ?
នាងគិតទាំងរួសរាន់សាកសួរគេ៖
«ហេតុអី? ហើយកន្លែងនេះនៅឯណា? ម៉េចក៏យើងមិនទៅស្រុកខ្មែរវិញ?!»
«ខ្ញុំមិនស្គាល់ទេ!»
គេនិយាយមួយៗធ្វើឱ្យចិត្តស្រីអាណោចអាធ័មអាណិតរៀម។ នាងលើកដៃឆ្វេងស្ទាបថ្ពាល់ប្រុសសង្ហាហើយអង្អែលថ្នាក់ថ្នមចិត្តគេ។ ដោយដៀងសម្លឹងអាវចាស់រហែកដោយដុំលើខ្លួនគេ ចិត្តនាងឈឺផ្សាណាស់។
«ច្រើនខែមកនេះ គេធ្វើអីលើបងខ្លះ? ហេតុអី?!»
នាងគិតទាំងទឹកភ្នែកស្ងួតរីង។ គិតទាំងបេះដូងខ្សោះភាពខ្លោចផ្សា។ ស្រីស្រវាឱបបុរសនេះជាប់ដើមទ្រូង។ មិនថាកន្លែងនេះជាកន្លែងណា នាងឱបគេហើយអង្អែលសព្វសារពាង្គកាយរបស់គេ។
គេសំងំឱ្យនាងថ្នាក់ថ្នម មិនរើទៅណា ចុងក្រោយបុរសរុញនាងចេញតិចៗ៖
«បបរឆ្អិនហើយ!»
នាងនៅភាំងពេលគេដួសបបរមក។ ហាន់ដាសម្លឹងដំណើរគេ នាងនឹកដល់ពេលដែលស្រីឈឺក្រពះ ខ្លាំងហើយញ៉ាំនំធូណារបស់គេអស់ទៅ។
«You full I am full»
នាងនិយាយតិចៗទៅកាន់ទឹកមុខស្រស់សង្ហា និងបរិសុទ្ធគ្មានល្បិចកលរបស់គេ។ បុរសនេះឈប់ដៃហើយងាកមកសម្លឹងនាងដែលនិយាយអង់គ្លេស។
«បងថាអ៊ីចឹង ពេលអូនញ៉ាំនំបងអស់ហើយបងត្រូវឃ្លាន!»
គេមើលមកនាងដោយស្រទន់ដោយទឹកមុខរ៉ូមេនទិក ។ បុរសនេះដើរមកក្បែរហើយអង្គុយលើគ្រែសារជាថ្មី គេចាប់ផ្តើមផ្លុំបបរបញ្ចុកស្រី។ លោកនេះគ្មានអ្វីប្រសើរជាងយប់នេះជាមួយថ្លៃនោះឡើយ។ មិនថាវិមាន ឋានៈសង្គម គ្រប់យ៉ាងហាន់ដាមិនត្រូវការទេ អូនត្រូវការបែបនេះនៅទីនេះ ដ្បិតអីទេវតាយុត្តិធម៌សម្រាប់យើង ទោះបងដឹងខ្លួនឬមិនដឹង មនុស្សដែលបងស្រឡាញ់ក៏មានតែអូន។
នាងញ៉ាំបបរយ៉ាងមានសុភមង្គលលើសមនុស្សស្រីទាំងអស់ក្នុងលោកនេះ
«ហេតុអីខ្ញុំជាប្តីរបស់ខ្លួន? ហេតុអីខ្ញុំមិនដឹងខ្លួន?!»
នាងឈប់លេបបបរ ហើយសម្លឹងមុខស្រពោនរបស់គេ។
«បងស្រឡាញ់អូន បងហៅអូនថាអូន មិនមែនខ្លួនទេ!»
គេញញឹមយ៉ាងសង្ហាតែគ្រវីក្បាល
«មិនចេះហៅ! នៅនេះគ្មានអ្នកណាគេហៅគ្នាអ៊ីចឹងទេ!»
ហាន់ដានៅទ្រឹងហាមាត់ហួសចិត្ត។ នាងគាំង។
អ្វីលេចឡើងក្នុងចិត្តពេលនេះគឺ «ខ្ញុំមិនចេះហៅប្តី ហៅស្វាមី មើលតែកុនភាគ!» «បានដូចកុនក៏ល្អ! នៅក្រៅរោងនេះវិញមិនដឹងស្អីឱ្យប្រាកដ? យប់ផ្សំដំណេកស្រវឹងមមើដេកធ្លាក់គ្រែ! ព្រឹកឡើង ចៀនត្រីទទួលអាហារពេលព្រឹកប្តី? ហៅប្តីមួយម៉ាត់ខ្លាចជ្រុះមាស១០គីឡូ?!»
នារីនេះទទួលយកចានបបរពីដៃគេមកទុក។
នាងបែរមកឱបកនាយហើយក្និកក្នក់៖
«ចុះឱបប្រពន្ធ? គឺ…គឺគេឱបគ្នាបែបនៀក បងចេះទេ? នៅភូមិនេះ គ្មានអ្នកណាគេឱបអ៊ីចឹងៗទេ មែនដែរអត់ គីម៉ាល់?!»
គេងក់ក្បាលថា «ពិត» ។ ហាន់ដាធ្វើភ្នែកភ្លឹះៗសម្លឹងប្តី ស្រាប់តែគេនិយាយមកដោយញញឹមស្រស់៖
«តែ…..ក៏ចូលចិត្តបើខ្លួនឱបខ្ញុំរបៀបនេះ!»
នាងញញឹមយឺតៗ ទាំងឆ្ងល់ផងគាំងផងរំភើបផងដំណាលគ្នា។ នាងលេបទឹកមាត់មុននិយាយបន្ថែមស្រាលៗទៅកាន់គេ៖
«ចុះ! ចុះឧបមាថា បើហាន់ដាទៅឱបប្រុសស្អាតដទៃ បែបនេះ គីម៉ាល់ខឹងដែរទេ?!»
គេងើបមុខសម្លឹងនាង ក្នុងរង្វង់ឱបក្រសោបរបស់នាង គេសួរដោយលើកចិញ្ចើម៖
«ហាន់ដា?!»
«គឺអូន! អូននេះឈ្មោះហាន់ដា!»
គេគិតយល់ហើយ។ បុរសនេះទម្លាក់ចោលស្នាមញញឹមបំបែរខ្នងចេញ ហើយក្រោកឡើងទាំងទាញដៃនាងទម្លាក់ពីស្មាហាក់ខឹង។ គេប្រមូលចានចេញទៅ នៅក្រោមសភាពភាន់ភាំងម្តងចង់សើច ម្តងសើចមិនចេញរបស់ខាងស្រី។
សំឡេងបុរសនេះលាន់មករអ៊ូ៖
«ឱបប្រុសដទៃមែនទេ? ទៅឱបប្រុសដទៃបានអីមកវិញ! ឬចង់មានប្តីច្រើននាក់?!»
នាងសើចខឹកពេលឃើញគេឈរបែរខ្នង។
ហាន់ដាក្រោកមួយៗ ហើយដើរសំដៅទៅពីក្រោយនរៈយើង។ នាងឱបចង្កេះគេដោយមិននិយាយស្តី។ បុរសនេះដៀងមកសម្លឹងនាងតាមចំហៀងខ្លួន តែគេមិនបានរើ មិនបានថាអ្វីដូចគ្នា។
នាងទ្រោបមុខនឹងខ្នងគេ ថើបស្នាមរបួសរបស់គេ ហើយវាចាតិចៗ៖
«អូនមិនឱបប្រុសណាទាំងអស់ព្រោះអូនជាប្រពន្ធរបស់បងតែម្នាក់!»
គេហាក់សប្បាយចិត្តណាស់ ប្រអប់ដៃធំមាំទាំងសងចាប់កាន់ប្រអប់ដៃនាងថ្នមៗ។
«បងព្រមដែរទេ មិនរៀបការយកប្រពន្ធឯណាទាំងអស់ យកតែហាន់ដាម្នាក់នេះជាប្រពន្ធរហូតទៅ?!»
«គឺព្រម!»
គេឆ្លើយភ្លាម។ នារីស្រក់ទឹកភ្នែកហើយរុលទៅពីមុខទ្រូងនាយ។ ពួកគេឈរបែបនេះជាមួយគ្នាសម្លឹងយប់១៣រោចពន្លឺព្រះខែថ្លាស្រទន់នាងភ្លេចអំពីអ្វីគ្រប់យ៉ាង សូម្បីតែអំពីបុរសឈ្មោះយឹម។
«នៅមុនពេលដែលអូនមកតាមរកបងនេះ មានមនុស្សម្នាក់មុខដូចបងណាស់ គេបានចូលផ្ទះហើយចាប់បង្ខំខ្ញុំ! ខ្ញុំដឹងច្បាស់ថា គេមិនមែនបងទេ បងមិនដែលធ្វើបែបនេះ ហើយមុខមាត់មិនមែនជាស្នេហារបស់យើងឡើយ អូនដឹងហើយថាអូនស្រឡាញ់បងព្រោះបេះដូង!»
«ខ្ញុំនឹងសម្លាប់គេ!» គីម៉ាល់ចរចាតិចៗ ធ្វើឱ្យនាងញញឹម។
«គេស្លាប់បាត់ហើយ! ត្រូវពូជឿនបាញ់!»
បុរសនេះ ឱនមកសម្លឹងនាងដល់ជម្រៅកែវភ្នែក។ គេដូចអៀនអន់តែលាក់លៀមអ្វីមួយមិនព្រមនិយាយ។ នារីចេះតែលើកចិញ្ចើមរង់ចាំស្តាប់។ ទីបំផុតគេហាមាត់រដាក់ដុប៖
«តែខ្ញុំក៏ចង់ឃើញរូបរាង ស្បែកស្អាតៗ របស់ខ្លួន!»
នាងបើកភ្នែកកាន់តែធំដោយភ្ញាក់ផ្អើល។ គេនេះមិនដឹងខ្លួនដូចដើម តែគេមិនចោលចរិតលក្ខណៈទេ។ គេចេះប្រចណ្ឌ ខឹង ឆេវឆាវ និង មានភាពស្រើបស្រាលខ្ពស់។
នាងធ្វើភ្នែកម៉ក់ៗ ហើយមុខក្រហមង៉ូវនៅពេលរាងកាយគេបញ្ចេញសញ្ញាតម្រេកតណ្ហា។
បុរសនេះមុខក្រហមឡើងៗពេលសម្លឹងថ្ពក់ភ្នែកនាងហើយលែងមាត់លែងកដោយមុខស្មើធេង។
គីម៉ាល់!
នាងហៅគេតិចៗមានអារម្មណ៍ថាគេដឹងខ្លួនមកវិញ តែគេនៅតែនិយាយរបៀបកម្លោះជនបទ៖
«ខ្ញុំចង់ងូតទឹកឱ្យប្រពន្ធ!»
នាងនៅភាំងៗពេលដែលគេលើកបីទៅក្នុងផ្ទះហើយដាក់នាងទៅក្នុងក្លាំទឹកជាទំនៀមនៃជនជាតិឡាវប្រើសម្រាប់ងូតទឹក។ គេដោះអាវនាង ធ្វើឱ្យស្រីកាន់តែរឹងខ្លួនតាមពិនិត្យពិច្ច័យបុរសនេះដោយភាំងៗ។
នាងដឹងថានាងកខ្វក់ណាស់ ព្រោះគេងផ្ទាល់ដី ក្នុងគុកចំបើងនោះ។ សាច់នាងជាច្រើនកន្លែងដាច់រលាត់ព្រោះស្បែកទន់ស្តើងមកត្រូវនឹងរបស់គ្រោតគ្រាតឃោរឃៅ។
ហត្ថាប្រុស លាងសម្អាតរាងកាយនាងដោយកាយវិការយឺតៗ ដោយប្រយ័ត្នប្រយែងក្រោមភាពស្លឺរបស់ខាងស្រី។ ដំបូងនាងអង្គុយស្ងៀម ក្រោយមកនាងប្រុងក្រោកចេញសុំងូតខ្លួនឯង តែដៃគេហាក់មិនព្រមលែងគេនៅតែមានៈ ចង់ថែទាំរាងកាយនេះ។
«គីម៉ាល់! របួសមិនទាន់សះកុំឱ្យត្រូវទឹកគីម៉ាល់! ទៅចាំនៅក្រៅសិនទៅ! ហាន់ដាឈប់ងូតហើយ! ហាន់ដាចេញទៅហើយ!»
ស្រីនឹកឃើញដល់ដង្ហើមភ័យក្តៅងំរបស់នាងពេលគេឈានជើងចូលមកហើយ ទឹកច្រាលហូរចេញក្រៅយ៉ាងគំហុក រាងកាយអាក្រាតរបស់គេនៅព័ទ្ធជុំវិញនាង។
«បើអាគីម៉ាល់ម្នាក់នេះងាប់មែន វាមិនងាប់ដោយសារដំបៅមួយហ្នឹងទេហាន់ដា! អាចងាប់ដោយសារគ្រាំទ្រូង! គ្រាំចិត្ត ដែលត្រូវស្រីបោក! ស្រីដែលវាខំស្រឡាញ់ និយាយកុហក លាក់លៀម លេងល្បិច លេងស្ទីល ហាន់ដា!»
នាងបិទភ្នែកទាំងសងទទួលយកការថែទាំពីប្តីម្នាក់នេះ ហើយចុងក្រោយនាងក្លាយជាអ្នកងូតទឹកបែបធម្មជាតិ១០០ភាគរយគឺគ្មានខោអាវដណ្តប់។ លាងសម្អាតស្បែកនារីនេះ មិនបានប៉ុន្មាននាងទទួលអារម្មណ៍ដឹងពីស្នាមថើបរបស់គេ ដៃច្បូតអង្អែលសក់ ហើយចុងក្រោយគេបីនាងត្រឡប់ទៅកាន់គ្រែដំបូងដែលនាងទើបតែនឹងក្រោកឡើងពីសន្លប់។
នេះជារាត្រីដំបូងក្រោយបែកពីគ្នាអស់១៨ខែរបស់ពួកគេ…..យើងកុំច្រណែនគេទុកឱ្យគេបានថ្នាក់ថ្នមគ្នាចុះ។


