រឿង៖ សំណែនអារក្ស ភាគទី២

ដៃនោះចាប់ខ្ញុំយ៉ាងណែនឡើងៗ ទើបខ្ញុំស្រែកឡើងយ៉ាងរន្ធត់ មិនអាចហែលទៅមុខបានទៀត។

ខ្ញុំស្រែកខ្លាំងៗនិងខំ​ជំនៈធធាក់ទឹក​យ៉ាងណានៅតែមិនឈ្នះកម្លាំងដែលវាប្រទាញខ្ញុំចុះសោះ ពេលនោះហើយដែលខ្ញុំដឹងថា ខ្ញុំនឹងត្រូវទាញចុះទៅក្រោមក្លាយទៅជាប្រវត្តិកូនក្រមុំសំណែន​អារក្ស​ដូចអ្នកមុនៗដែរ គឺបាត់ខ្លួនទៅគ្មានថ្ងៃបាន​វិលត្រឡប់មកវិញជារៀងរហូត។

ពេលនេះខ្ញុំអស់កម្លាំងចិត្ត​កាយពេញទំហឹង លែងអាច​មានអ្វីមកជាយុទ្ធភណ្ឌនៅក្នុងការតតាំងប្រឆាំងជាមួយព្រហ្មលិខិតដ៏កំណាចទៀត។

 ខ្ញុំនឹកស្រណោះម៉ែជាចុងក្រោយព្រោះ អ្វីៗដែល​ ម៉ែបានចង់ទុកមកបានរបូតបាត់ទៅអស់ហើយ សូម្បីតែទឹកចិត្តរបស់ខ្ញុំដែលគិតថានឹងតស៊ូរស់រៀនមានជីវិតសារជាថ្មីនៅកន្លែងផ្សេងក៏បានរបូតបាត់ទៅក្នុងផ្ទៃទឹកដែរ។

គ្រប់យ៉ាងនៅក្រោមនេះ ងងឹតស្រុបដូចជា បាតដៃនៃមច្ចុរាជ។ យ៉ាងហោចណាស់ខ្ញុំនឹងក្លាយទៅជាវីរនារីសម្រាប់ភូមិនេះ នេះគឺជាសម្ដីរបស់ប្រពន្ធមេភូមិនិយាយលួងខ្ញុំកាលពីម្សិលមិញ។

ខ្ញុំស្អប់គាត់ខ្លាំងណាស់ព្រោះគាត់មិនមានកូនស្រី។ គាត់រួចខ្លួនពីទុក្ខមួយនេះ បានជាគាត់និយាយពាក្យនេះមកកាន់ខ្ញុំ។

ខ្ញុំជិតសន្លប់ហើយ ខ្ញុំដកដង្ហើមលែងរួចហើយមែនទែន ព្រោះខ្ញុំឈ្លក់ទឹកចូល​ពេញក្នុងសួត។  ទ្រូងរបស់ខ្ញុំណែន ដៃជើងគាំង​ខ្នង​រឹងស្កុប ។

ល្អណាស់ ខ្ញុំសុខចិត្តស្លាប់ប្រសើរជាងទៅធ្វើជាសំណែនអារក្ស។

ពេលរាងកាយគ្មានចលនា​នេះអណ្ដែតឡើងរកផ្ទៃទឹក​សារជាថ្មី ខ្ញុំបើកភ្នែកមិនបានទៀតទេ ដកដង្ហើមគ្មាន គ្មានអ្វគីរត់កាត់ខួរក្បាលខ្ញុំទៀតទេ ទីបំផុតទៅខ្ញុំក៏លែងដឹងខ្លួន។

សូរសម្លេងចចកលូ បានដាស់ខ្ញុំយ៉ាងកន្ត្រាក់ញ័រចំប្រប់នៅក្រោមអាកាសធាតុត្រជាក់នឹងថ្គាមដែលរឹង​ហារមាត់ដក់ដង្ហើមមិនបានជាប់ណែន​។

ខ្ញុំក្អស់វ៉ាស ទើបខ្យល់អាចចេញចូលវិញបាន​ លែងហត់បន្តិច។

សន្សឹមៗខ្ញុំដកដង្ហើមឃូៗ។

តើនេះគឺជាកន្លែងណា?

ក្រោមបាតទន្លេ ជាល្អាងរបស់អារក្សកំណាច ឬមួយក៏ខ្ញុំបានអណ្ដែតមកដល់ពីឆ្ងាយពីសេចក្តីមរណៈហើយ!

ខ្ញុំបានខំប្រឹងសម្លឹងអ្វីៗជុំវិញខ្លួនជាមួយសេចក្តីសង្ឃឹម។ គ្រប់យ៉ាងនៅទីនេះពិតជាមិនធ្លាប់ស្គាល់ មិនចំណាំបាន​ទេ។

ខ្ញុំមិនដែលមកដល់រូងឬ​ល្អាងណាមួយមេឃងងឹតសូន្យបែបនេះមានតែសន្ធឹកខ្យល់នឹងត្រជាក់ដល់ឆ្អឹង!

តើវាជាឥទ្ធិពលដែលខឹងព្រោះមិនបានខ្ញុំជាប្រពន្ធហើយឃុំឃាំងខ្ញុំ។

មានសូរជាន់ស្លឹកឈើប្រាក់ប្រោក! តាមផ្ទៀងសូរ វាដូចជាមិនមែនជើងមនុស្សទេ សម្រឹបនេះស្រាល ប៉ុន្តែលោតមកក្តុកឡើងៗស មតែជាស្លាកស្នាមជើងនៃពួកចចកកំណាច។

ខ្ញុំបានអណ្តែតទឹកមកដល់ព្រំដែនហើយឬក៏អ្វី?

គេនិយាយថា ដែនដី​ក្បែរម៉ុងហ្គោលពោរពេញដោយចចក​រត់មកពួននៅ ពីព្រោះពួកវាគេចចេញ​ពីព្រាន​ខាងណោះពូកែខាងបាញ់ប្រម៉ាញ់សម្លាប់យករោម។

នៅម្ខាង​រាងកាយ​កម្រើកមិនរួចនេះ កន្ទុយ​ភ្នែក​ខ្ញុំឃើញ ពិតជា​ប្រទះឃើញ​សត្វជើងបួនដែលជាបិសាចពោរពេញទៅដោយចង្កូមមុតស្រួចនិងទឹកមុខស្រេកឃ្លានកាច​​សាហាវ។

គ្មានអ្នកណាបានមកដល់ព្រៃព្រំប្រទល់នៃភូមិរបស់យើងហើយអាចគេចផុតបានពីចចកពីឃាតទាំងនេះឡើយ។ ប្រសិនជាមកដោយមិនមានភ្លើងដើម្បីការពារខ្លួន ខ្ញុំនឹង​ស្លាប់ដោយសារវាជាក់ណាស់។

ខ្ញុំភ័យខ្លាំងណាស់។ ម្រាមដៃឆ្វេងខ្ញុំលូករាវ ក្នុងចង្កេះខ្ញុំស្វែងរកអ្វីម្យ៉ាងដោយមិនដឹងខ្លួនស្ងាត់ស្ងៀម។ ពិតហើយខ្ញុំបានរកឃើញវាមុនពេលដែលសត្វទាំងនោះធ្វើចលនា បាន។

នោះជាម្សៅរំសេវនិងស្ពាន់ធ័រ ម៉ែខ្ញុំផ្ដល់មកឲ្យសម្រាប់កូនរត់លូនកាត់ព្រៃ។ មិនបង្អង់ខ្ញុំស្រែកវ៉ាសបង្កើតសេចក្តីក្លាហានបាចទៅលើពួកសត្វសាហាវស្រេកឃ្លានឈាម។

ពួកវាខ្លាចក្លិនរំសេវនិងស្ពាន់ធម៌ខ្លាំងណាស់។ ទោះបីមិនមែនភ្លើងក៏ដោយប៉ុន្តែអ្នកភូមិយើងដែលចូលព្រៃតែងតែមានរំសេវស្ពាន់ធម៌ ជាប់ខ្លួនដើម្បីការពារឆ្កែចចកនិងពួកពស់អសិរពិស។ល។

ខ្ញុំពិតជាធ្វើបាន​រហ័សណាស់នៅពេលអាសន្ន។ ខួរក្បាលខ្ញុំនៅប្រើប្រាស់បាន ពួកវាដកថយទៅអស់មែនគ្មានសល់មួយក្បាលទេព្រោះធំក្លិនវត្ថុនោះ។

ពេលនេះខ្ញុំចាប់ផ្ដើមរាវស្វែងរករបស់របរផ្សេងៗទៀតដែលនៅសេសសល់លើចង្កេះក្រោមក្រវ៉ាត់។ ខ្ញុំបានឃើញតែកញ្ចប់អល្លង្ការ១ទៀតប៉ុណ្ណោះ ឯ​ចំណែកគ្រឿងធំៗជាងនេះ ​គឺរុះអស់ទៅហើយ។ ឃើញរបស់ទាំងនេះខ្ញុំគិតដល់ម្ដាយឪពុកខ្ញុំហើយក៏យំរហូត ចិត្តមួយដែលសល់យ៉ាងខ្សោយខ្សោះនឹកថា ទោះស្លាប់ឬរស់ ខ្ញុំនឹងរក្សាពុកម៉ែរបស់ខ្ញុំនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូតទៅ។

ពេលនេះ ចាប់ផ្ដើមប្រមូលកម្លាំងក្រោក​យ៉ាងណានៅតែក្រោកមិនរួច ​ឮតែសូរទឹកពីលើក្បាល។ ទន្លេនេះបញ្ជូនបោកខ្ញុំមកទើរទីនេះឬអ្វី?

ដោយ​ភាពរងានឹងការភ័យខ្លាច ខ្ញុំមិនអាចក្រោកបានផង ក៏សម្រេចចិត្ត​រោយម្សៅដែលនៅសល់ការពារជុំវិញបរិវេណដែលដៃអាចវាសដល់ និង​ពេញពាសលើខ្លួនឯង រួចក៏​ដេកយំរង់ចាំវាសនា​ ។ មិនយូរទេ ខ្ញុំក៏រណ្តំធ្មេញ​សន្លប់ទៅវិញ ទៀត។

ការសន្លប់ថ្មីនេះ មិនដឹងជាពេលយូរប៉ុណ្ណាទេ លុហដល់មាន​ទឹកក្តៅអ៊ុនៗហូរចូលក្នុងបំពង់កខ្ញុំទើបខ្ញុំអាចបន្ធូរដង្ហើម​និងហើបថ្គាមដ៏រឹងនោះចុះឡើង ធូរ​ស្រាលពី​ភាពរឹងកកបានវិញ។

បើកភ្នែក​ដំបូង ខ្ញុំបានឃើញស្ត្រីម្នាក់មុខមាត់ស្រស់ថ្លា វ័យកណ្តាល។

ផ្នួងសក់ក្បាលគាត់ លាក់នៅក្នុងកន្សែងមួយជិតដូចជាអ្នកកាន់សាសនាអ៊ីស្លាមតឹងរឹង។ គាត់កំពុងបញ្ចុកអ្វីមកខ្ញុំ រសជាតិ​ដូចជាបបរស្រូវក្រហមដែលខ្ញុំធ្លាប់ហូបម្ដងម្កាលនៅពេលថ្ងៃបុណ្យសាសនា។

«ខ្ញុំនៅឯណា?»

ខ្ញុំសួរតិចៗតែ​គាត់មិនឆ្លើយនឹងសំណួរខ្ញុំបែរជារកអ្វីមកជូតមាត់ខ្ញុំ។ ពេលនារីចម្លែក​ងាក​ទុកចានបបរសណ្តែកទៅម្ខាង បន្ទាប់មកក៏ញញឹមលើកកែវទឹកមកឱ្យខ្ញុំ។ គាត់បានចាប់ផ្ដើមបញ្ចុកទឹកដល់ខ្ញុំទៀត។

ខ្ញុំក្រោកមិនរួចមែនបានជាគាត់មិនគ្រា ខ្ញុំឱ្យអង្គុយឡើងបន្តិចលេបទាំងដេក​រាបស្មើបែបនេះ?

«ក្មួយឯងត្រូវគេយកសែនអារក្ស?»

នឹកដល់រឿងនេះខ្ញុំហត់ចិត្ត​ខ្លាំងណាស់បានជាធ្មេចភ្នែកចុះឡើងជាសញ្ញាថាពិត តែខ្ញុំនិយាយមិនបានព្រោះឆ្អែតចិត្ត។

«ក្មួយឯងដឹងខ្លួនសន្លប់បីថ្ងៃហើយទេ?»

ខ្ញុំត្រូវសើចឬយំឱ្យសក្ត័សមនឹងវាសនាដ៏កម្សត់មួយនេះទៅ។ ខ្ញុំយំមកទៀតមិនអាចបញ្ឈប់បានសោះ ព្រោះអាណិតខ្លួនឯងពេក។

«តើនេះគឺជាភូមិអ្វីនៅជិតភូមិរបស់ខ្ញុំដែរទេ?»

គាត់ឆ្លើយតិចៗថា៖

«ឆ្ងាយខ្លាំងណាស់ ក្មួយឯងបានរួចផុតពីគ្រោះថ្នាក់ហើយឯងមិនបាច់ភ័យទេ»

«ម៉េចក៏បានជាមីងដឹងរឿងរបស់ភូមិខ្ញុំ?»

ខ្ញុំសួរហើយក៏ក្រឡេកមើលជុំវិញខ្លួន ទាំងសេចក្តីព្រួយបារម្ភរបស់ខ្ញុំ ពិតជានៅសង្កត់ទ្រូងមិនរសាយអ្វីទាំងអស់។ ឃើញគាត់ ខ្ញុំនឹកម៉ែខ្ញុំខ្លាំងណាស់ ខ្ញុំចង់ជួបម៉ែរហូតដល់​មិនចង់រស់បន្តដែលគ្មានគាត់ទេ។

ជុំវិញនេះ ខ្ញុំបានឃើញនូវគំរូស្បែកជើងព្រមជាមួយនឹងល្អីស្រូវមួយចំនួនដាក់គរនៅក្បែរសសរឈើ ដូចគ្នានឹងរបៀបរស់នៅរបស់អ្នកភូមិយើងជាខ្លាំង។

«មីងរស់នៅទីនេះម្នាក់ឯងត្រូវទេ?»

«ត្រូវហើយ! មិងនៅម្នាក់ឯង! ២០ ឆ្នាំហើយមីងបានគេចមកកន្លែងនេះ ! វាប្រសើរជាងធ្វើជាប្រពន្ធរបស់អារក្សដែរ»

ខ្ញុំចាប់ផ្ដើមភ្ញាក់ផ្អើលនៅពេលគាត់ងាកមុខមក។

សម្តីសារភាព​របស់មីងស្រីម្នាក់ដ៏សប្បុរសនេះបណ្តាលឱ្យខ្ញុំនឹកឃើញឡើងវិញអំពីមនុស្សស្រីក្នុងរឿង​និទាន​ ដែលគេតំណាល​ថាធ្លាប់បានលាបប្រេងស្រឡៅហើយគេចខ្លួនចេញពីពីធីសំណែនអារក្សនោះ។

«មីងជារាជវង្សដែលគេនិយាយនោះមែនទេ?»

គាត់ងក់ក្បាលតិចៗ។ ខ្ញុំហាក់សប្បាយចិត្តជាខ្លាំង។ គ្មានអ្វីគួរឲ្យសប្បាយចិត្តជាងនេះទៀតនោះទេ។

តាមពិតគាត់គឺជាមនុស្សស្រីនៅក្នុងពាក្យនិទានដែលគេតែងតែតំណាលមកហើយខ្ញុំជឿខ្លះមិនជឿខ្លះប៉ុន្តែនៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់បែបនេះ បែរជាខ្ញុំមានភ័ព្វបាន មកដល់ផ្ទះរបស់គាត់។ គាត់ឃើញខ្ញុំច្រឡំដៃចង់ច្រតខ្លួនឯងក្រោកក៏ចាប់ផ្ដើមជួយយោងទាញខ្ញុំឡើងឱ្យអង្គុយដោយប្រាប់ថា៖

«ក្មួយបានសន្លប់ច្រើនថ្ងៃហើយ! បីបួនថ្ងៃហើយ!»

«តើមានមនុស្សសន្លប់ច្រើនថ្ងៃហើយនៅរស់បានដែរមីង?»

ខ្ញុំសួរគាត់តិចៗទាំងខូចចិត្តនឹងខ្លួនឯង។

គាត់ប្រាប់ខ្ញុំថា៖

«មិងវិញសន្លប់យូរជាងនេះផង ខ្លួនឡើងមកគឺគ្មានបបរនិងគ្មានទឹកក្តៅទេ!»

« ចុះធ្វើម៉េចមីងអាចរស់បាន?»

«មីងត្រូវវារកស្លឹកឈើយកមកកំដរក្រពះ រើសផ្លែឈើដែលជ្រុះរលួយនៅលើដីមកហូបលេប​យកជាតិ ទម្រាំមាន​កម្លាំងបន្តរត់លូនរហូតមកដល់កន្លែងនេះ !»

យប់នោះ​ទើបខ្ញុំដឹងថា ពីមុនទីនេះគ្មានភូមិនោះទេ។ វាជាព្រៃដែលគេបោះបង់ចោល បានជាគាត់សម្រេចចិត្ត​រស់នៅមិនចង់ឱ្យគេរកមិនឃើញចាប់សែនឲ្យអារក្ស។

ឪពុកម្ដាយមីងបានឱ្យ របស់របរមួយចំនួនក្នុងខ្លួនរបស់មីង ដូចជា ដែកភ្លើងនិងកាំបិត។ មីងក៏ចាប់ផ្ដើមស្វែងរកអាហារដោយខ្លួនឯង។ មានព្រានព្រៃម្នាក់ដែលរស់នៅដាច់ពីសង្គម មិនទាក់ទងជាមួយអ្នកភូមិ បានរកមីងឃើញ។ គេមានឪពុកចាស់ម្នាក់។

ក្រោយមកមីងបំភ្លេច​ចោលពីអតីតកាលស្មុគស្មាញ​អភ័ព្វ ស្ម័គ្រ រៀបការជាមួយព្រានព្រៃ នៅជាមួយគ្នារហូត ឪពុកគេនឹងគេក៏បានបាត់បង់ជីវិតទៅ។

៥ខែចុងក្រោយនេះ មីងបានរស់នៅឯកោម្នាក់ឯងនៅទីនេះ។

«ព្រះជាម្ចាស់ពិតជាបានឮបន់ស្រន់របស់មីងបានជាបញ្ជូនឯងមកដល់!»

ខ្ញុំអរណាស់រហូតដល់ហូរទឹកភ្នែក។ ខ្ញុំសុំថានឹងរស់នៅទីនេះជាមួយមីងរហូតទៅ គាត់ក៏ត្រេកអរដូចគ្នា។ ខ្ញុំក៏បានរស់នៅបែបនេះ ។

នៅពេលដែលជាសះពីរបួសនិងការបាក់កម្លាំងខ្ញុំចាប់ផ្ដើមជួយធ្វើចំការ ដាំសណ្ដែកជាមួយគាត់នៅទីនេះ។ គាត់ជាអ្នកធ្វើការជាមួយខ្ញុំ ដែលយូរៗម្ដងគាត់ឡើងទៅផ្សារដែលនៅឆ្ងាយជាង ១០ គីឡូដើម្បីយកសណ្ដែកទៅលក់ដូរជាសម្ភារៈប្រើប្រាស់ផ្សេងៗ។ គាត់ប្រាប់ខ្ញុំថានៅជុំវិញនេះមានគ្រួសារព្រានព្រៃប្រមាណជា ៥ទៅ៦ផ្ទះ គ្រួសារដែរ ប៉ុន្តែ ពួកគេមិនសូវទាក់ទងគ្នាទេ ម្នាក់ៗគិតតែធ្វើការបរបាញ់សត្វនិងដាំសណ្ដែក ដំឡូង ម្នាស់ ធ្វើកសិកម្ម។

គាត់ថា ខ្ញុំអាចនឹងជ្រើសរើសយកបុរសម្នាក់ដើម្បីរៀបការជាមួយគ្នាហើយបំភ្លេចថារឿងចាស់ក្នុងការវិលត្រឡប់ទៅរកឪពុកម្ដាយវិញទៅ។

 ខ្ញុំបានសួរគាត់ថា ហេតុអ្វីបានជាគាត់ដឹងរឿងខ្ញុំចង់វិលត្រឡប់ទៅរកឪពុកម្ដាយខ្ញុំវិញ?

គាត់បានឆ្លើយតាមធម្មតាថា អ្វីដែលខ្ញុំកំពុងគិតដូចអ្វីដែលគាត់បានគិតកាលពីមួយឆ្នាំដំបូងពេលមកដល់ព្រៃនេះ ប៉ុន្តែយូរទៅយើងនឹង​យល់ដោយខ្លួនឯងថា រក្សាជីវិតល្អប្រសើរមួយ ជាអ្វីដែលសងគុណដល់ពុកម៉ែហើយ។

យើង​មិនអាចជាងប្រឆាំងទៅនឹងព្រហ្មលិខិតទេ។

ខ្ញុំបានសួរគាត់ថា ហេតុអ្វីយើងទាំងពីរនាក់ មិនរកវិធីនៅក្នុងការជួយភូមិយើងវិញដោយស្វែងរកគូ្រសិល៍ប្រឆាំងឬ សំលាប់អារក្ស​ចោលសូន្យទៅ ជាជាងត្រូវ​រត់មករស់នៅកម្សត់លាក់ខ្លួន​ដូចជាមនុស្សព្រៃយ៉ាងដូច្នេះ។

មីងបានសើចហើយនិយាយប្រាប់ខ្ញុំថា គ្មាននរណាម្នាក់ស្គាល់ឡើយថា អារក្សនោះ នៅឯណានឹងរូបរាងបែបណា​ទេ។ តែ​មានអ្នកនិយាយតៗមកថា វា​មានឥទ្ធិពលខ្លាំងណាស់នៅក្រោមទឹក ដូច្នេះមេទ័ពជាច្រើនកាលពីពេលដែលស្ដេចសម័យមុនបានបញ្ជូនទៅស្វែងរកគុហាវា ក៏នៅតែមិនអាចវិលត្រឡប់មកវិញផង ចុះទម្រាំមនុស្សទាំងអស់នោះ មនុស្សធម្មតាដូចជាយើង។

ជាមួយ​នោះ​ខ្ញុំបាន​សារភាពប្រាប់គាត់តាមត្រង់ថា ខ្ញុំមិនអាចរៀបការជាមួយព្រានព្រៃម្នាក់បាននោះទេ សុខចិត្ត​នៅតែឯងតែម្តង​ដូច្នេះរហូត​តទៅ។

ថ្ងៃមួយខ្ញុំកំពុងតែអង្គុយយ៉ាងស្ងៀមស្ងាត់ម្នាក់ឯងនៅមុខខ្ទមមេឃចាប់ផ្ដើមភ្លៀងយ៉ាងខ្លាំងធ្វើឲ្យចិត្តខ្ញុំនឹកផ្ទះខ្ញុំកាន់តែខ្លាំងដែរ។

ខ្ញុំគិតថាខ្ញុំគួរតែប្រថុយលួចត្រឡប់ទៅភូមិបានម្តងដើម្បីបានជួបម្ដាយខ្ញុំ ជម្រាបគាត់ឱ្យស្ងប់ចិត្តថា​កូនបានសុខជា។ ការណ៍នេះ មិនអាចផ្តាំតាមអ្នកណាទាំងអស់ គឺមាន​តែ​ទៅខ្លួនឯងទើបមិនក្លាយជាចចាមអារ៉ាមដឹងដល់អារក្ស។

យប់នោះខ្ញុំដាច់ចិត្តនិយាយនឹងមីងថា ខ្ញុំចង់ទៅផ្ទះតែមួយម៉ោង ដោយខ្ញុំសន្យានឹងវិលត្រឡប់មកទីនេះវិញ ។

មីងបដិសេធដាច់អហង្ការថា បើសិនជាមេភូមិដឹងគេនឹងឃ្លាំជុំវិញផ្ទះខ្ញុំតាមដានមិនខាន​នោះ​អាចថាឃើញ​ខ្ញុំនៅរស់ គេប្រាកដជាចាប់ខ្ញុំម្ដងទៀតយកទៅសែនឲ្យអារក្ស។ ហើយបើសិនជាគេដឹងថាខ្ញុំបានលាបប្រេងស្រឡៅគេច្បាស់ជាចាប់ភ្ងូតខ្ញុំ មុនពេលបញ្ជូនឡើងទូក ពេលនោះខ្ញុំច្បាស់ជាស្លាប់មែនទែនមិនខាន។

គ្មានអព្ភូតហេតុជាលើកទីពីរសម្រាប់រួចជីវិតទេ។
«បើមីងមិនធ្លាប់បានទៅផ្ទះ​ ចុះហេតុអ្វីមាន​រឿងតំណាលថា មីងនៅរស់រួចជីវិត? តើអ្នកណាជាអ្នកបានដឹងអំពីរឿងនេះ!»

ពេលនោះមីងបានសារភាព​ថា គាត់នឹកផ្ទះមិនចាញ់ខ្ញុំទេ។

ថ្ងៃមួយគាត់បាន​សូនជាក្អម​ហើយឆ្លាក់ពាក្យកាព្យខ្លះ​ផ្ញើទៅវិមានឳពុកម្តាយជាសញ្ញា​ដឹងដល់រឿងនេះ បានជាមាន​អ្នកតំណាលរឿងតៗគ្នា​ថា​ប្រេងស្រឡៅពិតជាអាចជួយពីកណ្តាប់ដៃអារក្ស​មែន​ប៉ុន្តែមីងមិនបាន​ប្រាប់ទីកន្លែង​រស់នៅដាច់ខាត បានជាមិនមាន​អ្នកណាមករកឃើញ។ មីងថា អារក្ស​នោះ​ប្រសិន​វាឮឈ្មោះ​អ្នកដែលគេសែនឱ្យវា ទោះជារំលងរយឆ្នាំប៉ុណ្ណាវានឹងតាមរក​ទាល់តែបាន ទោះវាមិនអាចឡើងគោកក៏វានឹង​ប្រើឬទ្ធាជាភ្លៀងដើម្បីឆ្លៀតឡើងមកបានតាមតំណក់ទឹកទាំងនោះ។

«ក្មួយមិនត្រូវប្រាប់ឈ្មោះដើមដល់អ្នកណាដាច់ខាត មិនឱ្យសរសេរមិនឱ្យហៅវា បំភ្លេចវាចោលជារៀងរហូតទៅ!»

ការគិតនេះធ្វើឲ្យខ្ញុំមិនអាចញ៉ាំបាយបាន រហូតរកតែស្គមកំព្រឹងកើតទុក្ខ​ល្ហិតល្ហៃដល់តែស្បែកដណ្តប់ឆ្អឹង។ ថ្ងៃមួយមីងដែលនៅជាមួយនេះ​គាត់ឃើញ​ខ្ញុំរីងរៃពេកកើត​ចិត្ត​អាណិតខ្ញុំខ្លាំងបានសម្រេចចិត្តនាំខ្ញុំទៅកម្សាន្តលេង​ក្នុងភូមិកុះករមួយ។

វាមិនមែនជាភូមិចាស់របស់ពួកយើងទេ ប៉ុន្តែជាភូមិមួយផ្សេង មាន​ផ្សារផ្សោរធំ ជាផ្លូវឆ្លងកាត់​នៃរទេះពួកជំនួញរបស់ល្អៗ។ តែគាត់ឱ្យខ្ញុំរុំមុខ ស្លៀករលង់​កុំឱ្យមាន​អ្នកដំណើរ​ចំណាំបាន  នឹងហាម​​រំឮកពីរឿង​មិនឱ្យហៅឈ្មោះ។

យើងពិតជាសប្បាយចិត្ត​បានមួយ​គ្រាមែន ។​ មីងបាននាំខ្ញុំទៅរើសទិញសម្ភារៈមួយចំនួន រួមមាន​ របស់របរ​តុបតែងខ្លួន ថែមទាំងឲ្យខ្ញុំបានដើរមើលគេឯង ក្រែងលោជួបសុភាពបុរស ម្នាក់

អាចរៀបការជាមួយគេបាន។

បន្ទាប់មកមិនយូរប៉ុន្មាន យើងទាំងពីរបានឈប់នៅមុខតូបមួយដែលមានមនុស្សចោមរោមច្រើនគ្នាកុះករ។

ខ្ញុំដឹងហើយទីនេះគឺជាកន្លែងដែលគេប៉ាក់កន្សែង។

មានជនជាតិចិនម្នាក់ទើបចូលមកផ្សារនេះប្រកបរបរថ្មី​។ នាងចេះប៉ាក់ចាបទាំងគូជា​តំណាង​ឱ្យការផ្សងរកគូព្រេង​ ថែមទាំងអាចប៉ាក់ឈ្មោះរបស់យើងនៅជាងកន្សែងនោះផង។

ដោយមីងរវល់ទៅទិញ​ទឹកក្រអូប ខ្ញុំឈរទីនេះជក់មើលកន្សែង ឃើញមានរូបរាងស្អាតខ្លាំងណាស់ ខ្ញុំក៏លាលុយកាក់​ដែលម៉ែឱ្យមកមិនដែលបានចាយ ហើយបញ្ជាទិញមួយដោយឱ្យគេសរសេរឈ្មោះមីងវ៉ាន្នុតជាការសងគុណដែលគាត់បានយកអសារ។

ពេលមីងមកដល់ គាត់​ឃើញកន្សែងដែលខ្ញុំបង្ហាញ ក៏សម្លឹងខ្ញុំដោយរន្អត់បើកភ្នែកធំៗ។ ខ្ញុំមិនទាន់យល់នៅឡើយថា កំហុស​ខ្ញុំគឺការនិយាយឈ្មោះគាត់ចេញមក។

« វាជាឈ្មោះអពមង្គលដែលពីរនាក់យើងមិនអាចរំឮកមកវិញជាដាច់ខាត!»មីងនិយាយបន្ទោសព្រោះញាប់ញ័រភ័យ។

ខ្ញុំនេះវិញក៏ចាប់ផ្ដើមយកដៃខ្ទប់មាត់។

ភ្លាម​នោះ មេឃាចាប់ផ្ដើមខ្មៅខ្មួលបោកខ្យល់មកសន្ធប់មកយ៉ាងលឿនបាំងបាត់ពន្លឺព្រះអាទិត្យដូចមានរាហ៊ូចាប់ចន្ទ។

ភ្លៀងធ្លាក់ដូចជិតធ្លាក់មកដោយគ្មានសមរម្យនឹងអាកាសមុននេះបន្តិចណាឡើយ។ ​អ្នកផ្សារ​បំ បែកគ្នា។

មីងទាញដៃខ្ញុំរត់ចេញពីផ្សារមករកព្រៃ ហើយ​​ដើរតាមផ្លូវកាត់តាម​ផ្លូវ​លំស្ងាត់មួយ។

ភូមិករផ្លូវគ្រប់ទិសទីផ្តើមស្ងាត់សល់តែសំឡេងផ្គរ។ ខ្ញុំភ័យព្រួយពេលមីង​ទាញខ្ញុំ ហើយប្រាប់ ថា ឃើញអ្វីក្តី មិនអាចនិយាយ ឈ្មោះចាស់របស់ខ្ញុំទេ ណាមួយ​គាត់ថា​ ខ្ញុំនេះត្រូវតែរត់អោយឆ្ងាយកាន់តែល្អ។

ផ្តាំចប់មីងចាប់ផ្ដើមរត់ត្របាញ់ជើងចេញទៅចោលខ្ញុំទាំងខ្ញុំនៅមិនអស់ចិត្តទាល់តែសោះ។

ខ្ញុំបានប្រដេញតាមគាត់រហូតដល់ចូលមាត់ព្រៃមួយ និងបានស្រែក យំបង្កូកហៅ​ប្រាប់គាត់ថា ត្រូវ​ទៅនៅផ្ទះវិញជាមួយខ្ញុំ ខ្ញុំគ្មាននរណាទេ ខ្ញុំមិនអាចរស់នៅដោយម្នាក់ឯងបែបនេះឡើយ។

«មីងឈប់ភ័យទៅ ទីនេះគឺនៅឆ្ងាយពីភូមិពួកយើងខ្លាំងណាស់ គ្មានអ្នកណារកយើងឃើញទេ»

ខ្ញុំឃើញ​មែកឈើទាំងឡាយចាប់ផ្ដើមរំជួយបោះបោក។

ស្លឹកឈើដណ្ដើមគ្នាជ្រុះរពុយដោយសារកម្លាំងខ្យល់យ៉ាងខ្លាំង។ សន្ធឹកគ្រហឹមនៃផ្គរលាន់លាយជាមួយសូមអ្វីម្យ៉ាងសែនចម្លេកដូចមេឃានេះចង់របូតរហែកមក។

ធម្មជាតិគួរឲ្យភ័យខ្លាច។

មីងស្រែកឡើងថា៖

«វាមកដល់ហើយវាមកដល់ហើយ វានឹងមកពេលភ្លៀងធ្លាក់!»

ដោយក្តីអាសន្ន​ស្លន់ចិត្ត ខ្ញុំមាន​ក្តិសោកស្ដាយខ្លាំងណាស់ មិនសមណាខ្ញុំហ៊ានបំពាន​ឱ្យ​ឈ្មោះដើម​របស់គាត់ទៅអ្នកដទៃនោះទេ។​ ភ្លៀងបង្អុរមកប្រាវ។

ភ្លាមនោះស្រមោលពពគខ្មៅលើមេឃ បានផ្ដុំគ្នាមកនូវរាងមនុស្ស​ធំកំពស់ចុងឈើ។ ពពកនោះត្របាញ់ក្បាល ចុះមកក្រោមផែនដីលឿនដូចជាការបាញ់កាំភ្លើងធំរបស់ពួកបារាំងដូច្នោះដែរ។

ខ្ញុំទន់ជើងអុកគូទ ព្រោះឃើញច្បាស់មនុស្សខ្មៅនោះ ពិតណាស់ដូចជាអារក្សទឹកដែលគេតែងតែនិយាយនោះហើយ។ វាចាប់ផ្ដើមដើរមកក្បែរៗមីងដោយ​ជាន់កំទេចដើមឈើធំៗត្រឈឹងត្រឈៃទាំងឡាយនៅពីមុខឱ្យរាប​រិចរិលដោយបង្ហាញកម្លាំង​បិសាចរបស់វា។ វាប្រាកដជាមានកំហឹងខ្លាំងដោយសារ ២០ឆ្នាំមុនបានបាត់ប្រពន្ធម្នាក់ ឥឡូវនេះរង់ចាំ​ដល់២០ឆ្នាំក្រោយទៀតគឺវេន​ខ្ញុំដែលបានរត់ចោលការធ្វើខ្លួនជាសំណែនដដែលទៀត។

ឥឡូវនេះ ខ្ញុំដឹងខ្លួនថា​ពិតជាកំពុងបាននាំទុក្ខមកឱ្យមីង ដែលមានសេចកី្តសុខស្ងប់ជាយូរមកហើយមែន​ ដោយសារចិត្ត​ល្អរបស់គាត់ដែលបានសង្គ្រោះមនុស្សងងើលធុនខ្ញុំ។

មីងទន់ខ្លួនដួលដេក​ពេល​ដែលអារក្សនោះលើកម្រាម​ដៃរបស់វាមួយ​មកក្បែរគាត់ ចុងម្រាមវា សឹងថា​ធំជាងក្បាលគាត់ទៅហើយ តើវានឹង​កាច់កគាត់សម្រន់កំហឹងទេ?

សភាពមីងធ្វើឱ្យខ្ញុំនេះភ័យសឹងតែមិនអាចទប់ខ្លួនត្រូវសន្លប់តាមគាត់ ប៉ុន្តែដោយសារតែខ្ញុំមានចិត្តសប្បុរសអាណិតគាត់ខ្លាំងចំពោះភាពគ្មានកំហុសរបស់គាត់ និងភាពល្ងិតល្ងង់របស់ខ្ញុំខ្ញុំក៏ស្ទុះយ៉ាងលឿនចេញទៅបង្ហាញខ្លួននៅក្បែរនោះ ហើយស្រដីឡើងថា៖

«អ្ហេ៎បិសាចធំសម្បើម ខ្ញុំឈ្មោះស្រឹង្គងារ ! តើអ្នកមែនទេដែលជាអារក្សរស់នៅក្រោមទឹក ?អ្នកមិនចង់យកខ្ញុំទៅជាសំណែន​ទេដឹងបានជាធ្វើព្រងើយពេលដែលឃើញ​ខ្ញុំនៅទីនេះ​ហើយ!»

ពេលនោះហើយ អារក្សនោះបែរខ្លួនមករកខ្ញុំ។ វាជាមនុស្សខ្មៅមួយធំមែនទែន មានកែវភ្នែកក្រហមក្លំៗ ក្រឡោត​ៗ។

ខ្ញុំជឿហើយ​ថា វាមាន​ត្រចៀកវាងវៃណាស់ពាក្យខ្ញុំនិយាយឆ្ងាយបែបនេះ​ឱ្យបិសាច​ចម្លែកស្ដាប់បានសមនឹង​គេតំណាល​ថា​អាច​ឮឈ្មោះសំណែន​មនុស្ស​ស្រីរាប់សិបគីឡូម៉ែត្រ។

យកម្រាមដៃមួយនៃអារក្ស​កំណាចបានដាក់មកលើក្បាលរបស់ខ្ញុំ។ ខ្ញុំក៏ដួលសន្លប់។