រឿង៖ ថ្ងៃណាមួយ ភាគទី១៥

ក្រុមនេះ​ហួសចិត្ត​ដែរ ដែលកំពុង​និយាយអាក្រក់ពីខ្ញុំមិនទាន់ចប់ស្រួលបួល​ក៏​ឃើញខ្ញុំមកដល់​។ គេងាកមកមើលខ្ញុំគ្រប់គ្នា ជាក្មេងប្រុសទាំងអស់។

ខ្ញុំធ្វើមុខស្មើសម្លឹងទៅកាន់ពួកគេនេះ​គឺចង់បញ្ជាក់ថា ខ្ញុំបានឮនូវគ្រប់អ្វីដែលពួកគេទើបតែ​និយាយ​។

ភ្លាមនោះ ម្នាក់ក្នុងចំណោមពួកគេដែលខ្ញុំស្គាល់ច្បាស់ថា មានឈ្មោះថាឌីន ព្យាយាមសើចស្ញេញស្ញាញធ្វើដូចជាត្រឹមត្រូវ ថ្លៃថ្នូរ ហើយកែសម្ដី៖

«ជេមស៍! ជាការយល់ច្រឡំទេ​! ខ្ញុំអត់មានចេតនា​ទេ!»

ខ្ញុំមមីរភ្នែកគិត​ក្នុងចិត្ត​។ លោកនេះពេលកាន់តែដើរឆ្លងកាត់ ក៏​​រឹតតែយល់ច្បាស់។ ពីមុនមិនដែលគិតឡើយថា ខ្លួនឯងនេះ ហ៊ាន​ដើរមកប្រឈម​ម្នាក់ឯងឯកោ ជាមួយ​មនុស្សទាំងក្រុមដែលកំពុងចង្អុលលាបពណ៌យើងនោះទេ ចំណែក​រឿងមនុស្ស​ដែលនិយាយដើមយើងកកោកក៏មិននឹកស្មានថា ឮផ្ទាល់ប៉ុណ្ណឹងហើយ​នៅតែគេមកប្រកែកញ៉ាញបានទៀត។

«នៅអត់ចេតនាទៀត?!»

នេះមិនមែន​សំឡេងខ្ញុំទេ គឺសំឡេងណាទីដ៏ស្រួយស្រោកលាន់មកទាំងខឹងពីជ្រុងម្ខាង។

ខ្ញុំងាកសម្លឹងទៅណាទីដែលកំពុងតែរុញ​ប្រអប់បាយនាង​ទម្លាក់​ចូលក្នុងធុងសម្រាម។ អតីតអ្នករករឿងខ្ញុំម្នាក់នេះ ចេញ​មកពីកន្លែងណាមិនដឹងទេ តែសម្តី​នាងហាក់បានឃើញខ្ញុំនិងក្រុម​មួយនេះ​ពូកែ​និយាយអេចអូច​នេះ ហើយនាងក៏​លូកមាត់មកឌឺឱ្យឌីន។

ខ្ញុំមិនដឹងនាងមានចេតនា​អ្វីទេ ប៉ុន្តែខ្ញុំមិនខ្វល់ឡើយ ខ្ញុំឆ្លើយខ្លី៖

«មិនមែន​រឿង you ទេ!»

ម្នាក់ទៀតខ្ញុំស្គាល់ដែរ​គេ​ឈ្មោះ មាន ហេង ដែលជាកូនថៅកែចិនលក់ពេជ្រម្នាក់ រាងធាត់និងទាប។​ គេ​បានកេះឌីនឱ្យចាកចេញ ស្របពេល​ណាទី​និយាយ​តាមពីក្រោយ៖

«ប្រុសសោះ​នាំគ្នាចោម​និយាយដើមគេ! អន់ណាស់!»

ម្នាក់ទៀតសម្បុរខ្មៅឈ្មោះរក្សា​ ស្រែកខ្លីដាក់ណាទី៖

«បានហើយអាទីអ្ហើយ! ត្រឹមត្រូវឱ្យបានយូរអ្ហែង!»

គ្នាគេបួននាក់​ចាកចេញ​ទៅដោយមិនបានសូម្បីតែសូមទោសខ្ញុំមួយម៉ាត់ណា។ ទៅបានឆ្ងាយបន្តិចហើយ​ ស្រាប់តែ​ឌីនឆ្លៀតបែរមកវិញ​ហើយស្រែកមកពីចំងាយ៖

«Crush you ហ្មែន? ​ការពារម៉េះខ្លួន? ប្រយ័ត្នស្រឡាញ់ចំចេកអំបូងទៅ!»

គឺ​ពួកគេនៅមិនអស់ចិត្ត​ ថែមទាំងបែរ​ជេរថា ណាទីនេះ​ស្រឡាញ់ខ្ញុំ។ សម្តីពួកគេ​ដូចជា​ចង់បង្ហើបថា នាងមិនដឹងខ្ញុំ ជាមនុស្សស្រឡាញ់ប្រុសដូចគ្នាទេ។

ខ្ញុំដៀងភ្នែកដែលស្ពឹកៗព្រោះអៀនជំនួស​នាង សម្លឹងទៅណាទី។​ នាង​ជាមនុស្សដែលរករឿងខ្ញុំបណ្តាលឱ្យខ្ញុំមានបញ្ហា ជជែកជាមួយគ្រូជីវៈ តាមថា​ពេលមកដល់ទីនេះ​ព្រឹកមិញ​ខ្ញុំចង់សួរនាំគេដែរ ថា​សប្បាយចិត្តទេ ដែលខ្ញុំឃើញអ៊ីចឹង បាត់ពីសាលា​អស់បីថ្ងៃ?

ណាទី​មាន​ទឹកមុខស្រស់ស្រាយដែលបានបណ្តេញក្រុមឌីនចេញទៅប្រកបដោយប្រសិទ្ធិភាព។ នាង​មាន​ចិត្តសងកំហុសកាលពីថ្ងៃមុនហើយមើលទៅ។ គ្មានត្រង់ណាដែលហាក់ឃើញណាទី​មានចិត្តឌឺដងរអាក់រអួលជាមួយខ្ញុំទៀតទាល់តែសោះ។

«អត់ញ៉ាំបាយទេ?!»

នាងសួរដោយបង្វិលខ្លួនចុះឡើង​មិនសម្លឹងខ្ញុំចំៗទេ។

«ម៉ាក់ខ្ញុំខ្ចប់មកច្រើនពេក ញ៉ាំអត់អស់!»

ខ្ញុំប្រាប់នាង​មិនទាន់ផុត​នាង​ក៏ចូលដល់ប្រធានបទ​ចាស់ភ្លាម៖

«ពួកគេហ្នឹងធ្លាប់កាងសាលាណា៎ គ្រូឱ្យ Detentionឡើងធ្លាប់ទៅហើយ!»

«មើលទៅពួកហ្នឹងដូចខ្លាចណាទីឯង?!»

«ខ្ញុំរៀនការ៉ាតេដូ!»

«អូ! ​ប៉ុណ្ណឹងសោះហ្នឹង!»

​ខ្ញុំធ្វើជាក្រឡេកចុងភ្នែក​សម្លឹងនាង​ពីលើដល់ក្រោមហើយ​ឆ្លើយ​ឌឺ ធ្វើទឹកមុខ​ដូចជារូបរាង​នាង​មិនគួរហ៊ានមក​អួតអីអួតយ៉ាងនេះទេ។ ស្រាប់តែណាទីពន្យល់មកវិញភ្លាម៖

«បួននាក់ហ្នឹងរៀនការ៉ាតេជាមួយល្ងាចៗ! ខ្ញុំដាក់ដួល​រហូត​ហ្នឹង! ថ្ងៃណាក៏គុំខ្ញុំដែរ!»

«ឡូយម្ល៉េះយើងហ្នឹង?!»

វគ្គ

ស្រីតាមស្រឡាញ់

ការស្វែងរកស្នេហា គឺជារឿងដ៏មមាញឹកសស្រាក់សស្រាំនៅក្នុងជីវិតយុវវ័យ មិនថាភេទណា​ទាំងអស់ តែង​បានខូចចិត្ត ខាតពេលវេលា ដោយសារតែពួកគេឆាប់ចាប់ចិត្ត មានការចាប់អារម្មណ៍និងចង់បានជានិច្ច ​ប៉ុន្តែមិនមានភាពក្លាហានប្រាប់ទៅ​មនុស្សដែលគេស្រឡាញ់ ឬបានមកហើយ​ពួកគេមិនដឹងថែរក្សាបែបណា។

ប៉ុន្តែក៏មានមនុស្សខ្លះមានសេចក្ដីក្លាហាន សារភាព ឬក៏មានសកម្មភាពបង្ហាញ​គ្រប់គ្រាន់ដើម្បីទាមទារនូវសេចក្ដីស្នេហាតាមបេះដូង​ចង់បាន។ នេះ​ក៏មិនមែន​សុទ្ធ​តែ​ទទួលបានជោគជ័យទៅតាមអំពើចិត្ត​នោះឯណា ត្រូវ​ឆ្លងកាត់ពិសោធនិង​បណ្តាឧបសគ្គនៅពេលសេពគប់គ្នាទៀត។

ចំណែកខ្ញុំ បើទោះបីជាខ្ញុំធ្លាប់មានរបួសផ្លូវចិត្តជាមួយទេពណារ៉ាកាលពីនៅសាលាចាស់ ហើយមិនដែលគិតថានឹងកសាងស្នេហា នៅមុនពេលដែលខ្ញុំមានអាជីពមួយច្បាស់លាស់ ប៉ុន្តែខ្ញុំមិនល្ងង់ដល់ថ្នាក់មិនដឹងថាអ្នកណាម្នាក់ធ្វើល្អចំពោះខ្ញុំនោះទេ។

ចំពោះណាទីម្នាក់នេះ ដែលបានរករឿងខ្ញុំដល់ថ្នាក់ថា ខ្ញុំស្អប់នាង តែងតែគំរោះគំរើយដាក់នាង ក្រោយមកក៏ក្លាយទៅជាអ្នកដែលចេញមុខការពារខ្ញុំ​ពីពួក​អេចអូច នាង​ឧស្សាហ៍ញ៉ាំបាយជាមួយខ្ញុំគ្រាន់បាន​គ្នា ហើយចុងក្រោយ​វិវត្តមកជាមិត្តភក្តិជិតស្និទ្ធ ដែលគេឃើញដើរទៅណាមកណាជាមួយខ្ញុំពេញ​នៅក្នុងសាលានេះ។

បន្ទាប់ពីពេលដែលខ្ញុំបានក្រឡាខ្លួនក្លាយជាសិស្សជើងថ្មីម្នាក់ តាមការនាំមកដល់ទីនេះ​ដោយ​ប៉ារបស់ខ្ញុំ គឺនាងជាមនុស្ស​ម្នាក់គត់ដែលខ្ញុំអាចនិយាយរឿងរ៉ាវក្នុងផ្ទះប្រាប់។

«ប៉ាខ្ញុំនៅផ្ទះជួលមួយសិន! គាត់កំពុង​រកការងារធ្វើ! គាត់ថា​បើរកបានគាត់នឹងគិតគូរទិញផ្ទះមួយទៀត!»

«ត្រាឯងនឹងទៅនៅជាមួយ​គាត់?!»

«មិនដឹងទេ ប៉ុន្មាន​ខែទៀតខ្ញុំអាយុ១៨ឆ្នាំហើយ!​ ខ្ញុំអាចជ្រើសរើស!»

ខ្ញុំនឹកឃើញភ្លាមដល់ប៉ា​។ គាត់ហេតុតែឮខ្ញុំស្រែកយំ គាត់បានវិល​មកស្រុកខ្មែរវិញយ៉ាងតក់ក្រហល់ហើយ​ពេលនេះ​ស្ថិតក្នុងសភាពគ្មានការងារធ្វើនៅឡើយ។ ខ្ញុំស្រពោន ចិត្ត​តែកាន់តែនឹកស្រឡាញ់ប៉ាខ្ញុំទ្វេឡើង។

«មនុស្សដូចពួក​ដែលធ្វើបាបត្រាឯង​មុនក្រោយគង់តែបំផ្លាញខ្លួនឯងទេ!»

«អ្នកណា?!» ខ្ញុំធ្វើជាសួរតបទៅនឹងសម្តីចច្រែតរបស់ណាទី​ព្រោះស្មានតែនាងលើកមកនិយាយអំពីពួកឌីន ឬ មាន ហេង កូនអ្នកលក់ពេជ្រ​​​ដឹងអីនាង​ឆ្លើយមកផូង៖

«ឥស្សរាចរិយាស្អីគេហ្នឹង!»

បេះដូងខ្ញុំមិនទាន់សះទេ ​ជាមួយឈ្មោះដ៏មុតរបស់នារីហាយសូ ចំណែក​រឿង​ដែលរឹតតែឈឺឡើងគឺ ម្តេច​ណាទី​នេះ ក៏ដឹងរឿង​ទាំងអស់ពីមុនរបស់ខ្ញុំដូចគ្នា? ​ពិភពលោកនេះអ្នកណាក៏ដឹងដែរមែនទេ រឿងទេពណារ៉ា​បោកខ្ញុំ? រឿងខ្ញុំជាភេទទីបី​ម្នាក់ដេលត្រូវគេបោក​ឡើងក្លាយជាមនុស្សមានរោគចិត្ត។

«កុំពិបាកចិត្ត មនុស្ស​នៅសាលានេះ មនុស្ស​គ្រប់គ្នា​នៅក្នុងពិភពលោកនេះ​អ្នកណាក៏មានរឿងអាស្រូវដែរ ពិសេស​ក្រុមរបស់ឌីន!»

ខ្ញុំហួសចិត្ត​ញញឹម​សម្លឹងនាង​ដែល​តែងតែបង្ហាញខ្លួន បង្ហាញភាសាកាយវិការ បង្ហាញនូវចរិតបើកចំហនិងភាពស្វាគមន៍របស់នាង ដែលថានាង​អាចធ្វើអ្វីៗគ្រប់យ៉ាង ធ្វើយ៉ាងណាឱ្យតែ​ខ្ញុំមានអារម្មណ៍កក់ក្ដៅសប្បាយចិត្ត ។

«ហើយកុំកាន់ដៃបានអត់? គេមើលយើង!»

នាង​ទម្លាក់ដៃចុះវិញហាក់អន់ចិត្ត​ ឬអៀនប្រៀនទេ  ខ្ញុំមិនដឹងចិត្ត​នាង​ឡើយ ដូច្នេះ​ក៏​ដៀងភ្នែកសម្លឹងទៅ ណាទី​ហើយនិយាយលេងកំប្លែង​ប្តូរបរិយាកាស៖

«ណាទីមានរឿងអាស្រូវអីវិញ?!»

«ខ្ញុំល្ងង់ទៅប្រាប់?!»

«ចុះមិញថា​ អ្នកណាក៏មានរឿងអាស្រូវ!»

«ចុះគិតអ៊ីចឹងដែរអត់?!»

«ខ្ជិលឆ្លើយ​ណាស់ នែ៎ ត្រា! ស្អែកល្ងាច​គេមានកម្មវិធីប្រណាំងកង់មួយ!»

ខ្ញុំដៀងភ្នែកសម្លឹងទឹកមុខស្រស់ស្រាយនិងស្នាមញញឹមនាង​បង្ហាញ​ធ្មេញទាំងពីរជួរត្រង់ស្មើ។ ណាទីកូនកាត់ឥណ្ឌាម្នាក់នេះ​មានសម្បុរ ស និងច្រមុះស្រួចខ្ពស់​។  នាងតែងមាន​កិរិយា សប្បាយចិត្តខ្លាំងណាស់ រាល់ពេលចួបគ្នា​នេះបើមើលតាម​របៀបសើចរបស់នាង។

ប្រហែលជាដូចកាលដែលខ្ញុំបានចួបទេពណារ៉ាដំបូងៗ​កាលពីមុន មានសភាព​ល្ងីល្ងើនឹងស្នេហា​របៀបនេះដែរទេដឹង?

ពាក្យថា «កង់» ធ្វើឱ្យខ្ញុំនឹកឃើញដល់បណ្តា​អនុស្សាវរីយ៍ចាស់។ នឹកឃើញដល់រឿងជាច្រើនដែលទោះបីជានឹកទៅ វារាងសាបរលាបមិនសូវមុត មិនសូវឈឺ មិននៅក្តៅ ប៉ុន្តែនៅតែមានស្លាកស្នាមមករំខានៗ។

«ខ្ញុំអត់ទៅទេ!»

សាជាថ្មីខ្ញុំដៀងភ្នែកសម្លឹងទៅដៃនាង​ដែលកៀកជាមួយដៃទៀត។ ខ្ញុំទោះបីជាខ្ញុំប្រាប់ប៉ុន្មាន​ដងហើយ​ក្តីនាងនៅតែមកស្និទ្ធស្នាលបែបនេះ។

ខ្ញុំគិត​ថា​នាង ​«ចូលចិត្ត​ខ្ញុំ» ​តែមកធ្វើការយវិការ​បន្លំៗតាមរបៀបជាមិត្តភក្តិ ប៉ុន្តែសភាពដែលនាងភ័យៗពេលឃើញក្រឡេកមកប៉ះនឹងកែវភ្នែកខ្ញុំ ធ្វើឱ្យខ្ញុំដឹងថា ណាទីច្បាស់ណាស់មានចិត្តជាមួយខ្ញុំ?

ហេតុអីបានជានាងមកមានចិត្តស្រឡាញ់ខ្ញុំ ទាំងដែលនាងដឹងហើយថា ខ្ញុំមិនមែនជាមនុស្សស្រឡាញ់ស្រី។ ខ្ញុំធ្លាប់ខូចចិត្ត ដូច្នេះហើយខ្ញុំខ្លាចបំផុតនៅក្នុងការធ្វើឱ្យអ្នកណាម្នាក់ទៀត​ត្រូវ​ខូចចិត្ត។

«ឱបដៃទៀតហើយយាយ!»

ខ្ញុំនិយាយ​ធ្វើលេងបន្ទោសមែន។ នាងក៏ដកដៃចេញយឺតៗហើយនិយាយ៖

«ខ្ញុំស្មានតែត្រាចូលចិត្តជិះកង់ និងប្រណាំងកង់!»

«រឿងពីមុនទេ!»

ឃើញ​នាង​ស្រពោនខ្ញុំក៏មិនដាច់ចិត្ត​ទើបនិយាយប្រាប់បន្ថែម៖

«តែណាទី ទៅៗ ! ខ្ញុំលើកទឹកចិត្តណាទីប្រាកដជាឈ្នះ! ខ្ញុំទៅមើល​បានតើ គ្រាន់តែ​ខ្ញុំមិនទៅប្រឡង! តែខ្ញុំនឹងអាចទៅ កម្លាំងចិត្តខ្ញុំធ្វើជាទស្សនិកជនបាន!»

នាងញញឹមសាជាថ្មី អាការៈរបស់នាងដូចជាព្រួយបារម្ភថា ខ្លួននាងរញ៉េរញ៉ៃ ហើយមាន​មនោសញ្ចេតនា​រវើរវាយ។

«តែងខ្លួនស្អាតម៉េះ?»

មិនមែនសំឡេងខ្ញុំទៅកាន់នាងទេ​គឺសំឡេងមនុស្សម្នាក់ទៀត។ គេនោះឈ្មោះថាឡុង មនុស្សប្រុសកូនកាត់ចិន​សាច់សៗ មាន​ភ្នែក​តូចៗ រាងខ្ពស់​ស្គម​ហើយមាំ។

ឃើញណាទី តាំងពីពេលណា​មកមិនដឹងទេ ប៉ុន្តែបង្ហាញវត្តមានពេលនេះកាលណា ខ្ញុំដឹងថាឡុង​ប្រហែលជាមានចិត្តមកលើណាទីយូរ ហើយពីព្រោះលើកនេះជាលើកទីមួយដែលខ្ញុំបានឃើញគេនិយាយមកកាន់ណាទី នៅចំពោះមុខខ្ញុំ ប៉ុន្តែមិនមែនជាលើកទីមួយទេដែលខ្ញុំឃើញគេនៅក្បែរៗពីរនាក់ខ្ញុំ។

តាមពិត ឡុង​គេមិនបានបង្ហាញខ្លួនធម្មតាទេ ដែលខ្ញុំឃើញរាល់ដង គឺតាមពិតគេតាមមើលណាទី ហើយដោយសារតែណាទីតាមខ្ញុំដូចស្រមោលអន្ទោលតាមប្រាណ ដូច្នេះហើយខ្ញុំក៏ឃើញឡុងរាល់ដងគ្រាន់តែមិនចាប់អារម្មណ៍។

«ទៅអត់អ្ហះ ​ប្រណាំងកង់ស្អែកណា៎!»

នាង​ហៅភ្លាម ឡុងឆ្លើយអូខេភ្លែត។

ឡុង​ជាមនុស្ស​ប្រុស​មានកម្ពស់ខ្ពស់ប្រហែលខ្ញុំដែរ ប៉ុន្តែគេស្គមជាងខ្ញុំទៀត តែ​សាច់ឈាម​សជាងខ្ញុំនិងណាទីទៅទៀត។

«ទៅម៉ោងហ្មាន ​ហើយចួបគ្នានៅហ្នា៎? បើខ្ញុំមិនមកសួរនេះ​ណាទី ឯងមិនបបួលខ្ញុំទេ​មែនអត់?»

ខ្ញុំញញឹមហើយទុកឱ្យពួកគេនិយាយគ្នា ដោយមុនចាកចេញ​ក៏ធ្វើសញ្ញា​លើកដៃស្ដាំលាទៅមុន។ ណាទីស្រែកមកពីក្រោយខ្នង៖

«នែ ត្រា! ​កុំភ្លេចសម្ដីណ៎ា ថាទៅតាមលើកទឹកចិត្តខ្ញុំនោះអី!»

ខ្ញុំលើកម្រាមពីរ​ស៊ីញ៉ូដាក់ក្រោយខ្នងដោយមិនងាក ជាសញ្ញាថា «មិនភ្លេចទេ» ។

យប់នោះ​ខ្ញុំធ្វើកិច្ច​ការសាលាគរជាគំនរ ទើបតែបានអាក់ខានប៉ុន្មានថ្ងៃសោះ​ កម្មវិធីសិក្សាមិនបានដំអក់រង់ចាំយើងទេ។

ចំណែកពេលវេលានៃជីវភាពរបស់យើងក៏មិនបានដំអក់រង់ចាំយើងនោះដែរ មានបញ្ហានៅកន្លែងណាដោះស្រាយនៅកន្លែងនោះ។  ជាងមួយអាទិត្យមកនេះគ្រប់យ៉ាងនៅសាលា​ហាក់​ធម្មតា​​វិញសម្រាប់ខ្ញុំ។ ខ្ញុំក៏មានសមាធិល្អ​នៅក្នុងការវិលមកទម្លាប់អានសៀវភៅដូចដើម ណាមួយប៉ាក៏ទិញមកច្រើន។ ក្រៅពីនោះខ្ញុំចាប់ផ្ដើមតាំងចិត្ត​ថា ​ខំប្រឹងប្រែង​រៀនឡើងវិញឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។

ធម្មតា​ចាប់តាំង​ពីឈានចូលដល់វ័យជំទង់ ពួកយើង​គ្រប់គ្នាចង់បានស្វ័យភាព។ ពួកយើងក៏ស្រេកឃ្លាន​ក្នុងការ​ចង់​បង្កើតអត្តសញ្ញាណខ្លួនឯង​ថាខ្លួនឯងជាអ្នកណា ពូកែ​អ្វី ​ចូលចិត្ត​អ្វី ​និងធ្វើអ្វីបាន មានលក្ខណៈពិសេសអ្វី ​ចំណែក​ការយកខ្ញុំទៅប្រៀបធៀប​គឺខ្ញុំមិនចូលចិត្ត​ឡើយ។ ចំណែក​ពេលនេះ ខ្ញុំជិតក្លាយជាយុវវ័យ​ទៅហើយ ខ្ញុំរឹត​តែត្រូវការ «ភាពជាខ្លួនឯង!» ដែលខ្លួនឯងខ្ញុំក៏មាន​មោទនភាពជាមួយ​។

«នៅសាលាម៉េចហើយកូនព្រឹកមិញ?» សំឡេងម៉ាក់ឡើងមកដល់។

គាត់ធ្វើជាសួរទេ ខ្ញុំដឹង។​ ប៉ា​បាននាំ​ខ្ញុំវិលទៅចូលរៀនវិញច្រើនថ្ងៃហើយ  គាត់លើក​ទឹកដោះគោមកថ្ងៃនេះ​ធ្វើជាសួរនាំ រឿងនៅសាលា​តាមថា​ប្រហែលមានអ្វី​ចង់លួងលោមខ្ញុំឬ​សួរនាំរឿងអីផ្សេង​ទៀត។ ​ខ្ញុំដឹង ​ខ្ញុំស្គាល់ចិត្ត​ម៉ាក់ច្បាស់។

ជាលើកដំបូង​ដែលឃើញម៉ាក់មកអង្គុយជាមួយកូនក្បែរតុរៀនហើយ​ញញឹម ញញែមដូចមាន​មោទនភាព​នឹងកូនដែលកំពុងធ្វើកិច្ចការផ្ទះ។

«នឹកឃើញឡើងវិញ ម៉ាក់រវល់ពេក​ ខានធ្វើជាម៉ាក់ល្អយូរណាស់មកហើយ! ម៉ាក់ចាំបានថា​ ពីមុនម៉ាក់តែងតែនៅអង្គុយធ្វើលំហាត់ជាមួយកូនម៉ាក់!»​ គាត់វាចាមួយៗ ធ្វើឱ្យខ្ញុំមានអារម្មណ៍​ថា ម៉ាក់ខ្ញុំថ្ងៃនេះមានមនោសញ្ចេតនាស្រទន់ស្រទោណាស់។

សម្តី​រំឭករបស់គាត់ ខ្ញុំក៏នឹកឃើញឡើងវិញដែរ។ វាជារឿងចាស់យូរហើយ។ ម្តាយខ្ញុំតែងតែនៅអង្គុយ​ក្បែរៗខ្ញុំដើម្បីបង្ហាត់បន្ថែម ​ឬកំដរខ្ញុំធ្វើលំហាត់។ ខ្ញុំជាសិស្ស​សាលាអន្តរជាតិតាំងពីក្មេងៗមក យើងរៀនពីរភាសានិងពីរកម្មវិធីសិក្សា    ម្ល៉ោះហើយគ្មានយប់ណាដែលថាមិនមាន​​លំហាត់​គរទេ។

តាំងពីនៅផ្ទះចាស់ បរិវេណ​តូចនិងមានតែបន្ទប់ពីរ គឺបន្ទប់ទទួលភ្ញៀវនិងបន្ទប់គេង ខ្ញុំគេងជាមួយប៉ាម៉ាក់ ហើយធ្វើកិច្ច​ការនៅកន្លែងគេងតែម្តង។

ម៉ាក់តែងចង់បានផ្ទះមានស្តង់ដាមានកន្លែងរៀនត្រឹមត្រូវសម្រាប់ខ្ញុំ។​ ចុងក្រោយ​យើងក៏បានរើ​មក​នៅបុរី ដែលមានសួនហាត់ប្រាណ​និងមានបន្ទប់លើសពីចំនួនសមាជិកគ្រួសារ។ ដើម្បីទទួលបានអចលនទ្រព្យមួយនេះ ម្តាយខ្ញុំបានខិតខំធ្វើការ​លើសមុន ហើយ​គាត់ក៏បានបាត់បង់ពេលវេលា​ ដែលធ្លាប់មាន​សម្រាប់មក​ធ្វើលំហាត់ជាមួយកូនទាំងស្រុងទៅ។​

​ជាក់ស្តែងប្រសិនបើពិចារណា​អំពីជីវិត ខ្ញុំមិនគួរមាន​ការ​ត្អូញត្អែរអ្វីឡើយ។ ចង់បានអ្វីមួយ ត្រូវបាត់អ្វីមួយវិញ យើងចង់បានលុយ​យើងត្រូវ​តែលះបង់ពេលវេលា របស់គ្រួសារ​យើង គឺ​នេះវាយុត្តិធម៌ពេកហើយ។

«ខ្ញុំលែងនៅកុមារទៀហើយ​ម៉ាក់! សូម្បីវ័យជំទង់ក៏ជិតហួសដែរ! ​ខ្ញុំជិតចាស់ហើយ!»

ខ្ញុំនិយាយលេងលាយមែនហើយបន្តសរសេរទៀត  ស្រាប់តែម្តាយខ្ញុំនិយាយមកបន្ថែម៖

«អាយុប៉ុណ្ណាក៏ដោយ ​កូននៅតែជាកូនតូចម្នាក់របស់ម៉ាក់!»

ខ្ញុំនឹកឃើញ​ដល់ស្វ័យភាពនៃភាពជាមនុស្សធំ ដែលខ្ញុំនឹងបានមកដល់ក្នុងកណ្តាប់ដៃនាពេលខាងមុខ។

«ម៉ាក់ចង់ឱ្យកូនគិតឃើញដល់ម៉ាក់មុនគេ រាល់ពេលចង់់ពិភាក្សាអំពីរឿងសំខាន់ៗណាមួយ!»

ខ្ញុំនៅង៉ក់លែងសរសេរហើយត្រិះរិះគិត។ សម្តីគាត់ដូចម្លែកៗ ប៉ុន្តែខ្ញុំចង់ដឹង។

«មានរឿងអីម៉ាក់?»

ម្តាយខ្ញុំរុញទឹកដោះគោមកឱ្យខ្ញុំក្រេប។ តែ​ខ្ញុំអាចលបមើល​ឃើញ​ទឹកមុខ​បារម្ភរបស់គាត់ ទោះបីកំពុងជាប់ក្រេបភេសជ្ជៈជាតិទឹកដោះ។ ខ្ញុំមានអារម្មណ៍ថាកែវភ្នែក​ម៉ាក់បង្កប់មកទាំង​ព័ត៌មាន​ វិជ្ជមាននិងអវិជ្ជមាន ប៉ុន្តែជារឿងអ្វី?

«ម៉ាក់ខឹងអីជាមួយប៉ាទៀតហើយ?!»

ខ្ញុំសួរ។ ​ដ្បិតតែ​ប៉ាលែងលះនឹងម៉ាក់​ គាត់ចែកផ្ទះគ្នានៅ ទៅហើយ ​តែសម្រាប់​ខ្ញុំនៅតែជឿថាគាត់ឧស្សាហ៍មានរឿងជាមួយគ្នាដរាប។ ទោះម្នាក់ៗមិនទាន់មាន​អ្នកថ្មីរៀងខ្លួនចំណែក​លើកនេះ រឿងពីរដែលខ្ញុំបារម្ភពេលឃើញ​វត្តមានចូលមករបស់ម៉ាក់ក្នុងបន្ទប់ខ្ញុំថ្មើរណេះ ​គឺអា​ច​ទេ គាត់មកប្រាប់ថា គាត់មាន​ប្តីក្រោយ ហើយ​មកឱ្យខ្ញុំហៅគេនៅថាប៉ា?

​ខ្ញុំខ្លាចបំផុត វាជាសុបិនអាក្រក់ដែលមានរហូតមក ក្នុងជីវិតកូនៗដែលមាន​ឪពុកម្តាយលែងលះ។ ឬរឿងអ្វីផ្សេង? ទាក់ទងនឹងប៉ាខ្ញុំមាន​ប្រពន្ធក្រោយដឹង? ចិត្តគាត់អាចនៅខឹងច្រណែនកើតទុក្ខបានជាចូលមករកជជែកជាមួយខ្ញុំពេលនេះ?

«គឺរឿងកូនឯងទេ! ម៉ាក់បារម្ភពិតមែន!»

ខ្ញុំចងចិញ្ចើម​ព្រោះឆ្ងល់។ ខ្ញុំគិតថា ជាងមួយសប្តាហ៍នេះ​ខ្ញុំធ្វើបានល្អបំផុត​ហើយ​។ ខ្ញុំមិនបាន​បង្ករឿង ខ្ញុំញ៉ាំបាយតាមពេលនីមួយៗអស់ៗ ខ្ញុំមិនបានចេញ​ដើរលេងបាត់ពីផ្ទះ​ លើកលែងតែកាល ណាទីប្រណាំងកង់ ម៉ាក់ខ្ញុំបានអីមកបារម្ភទៀតហើយ?

«ខ្ញុំធ្វើអីខុសម៉ាក់?!»

ខ្ញុំសួរភ្លាមៗតាមទម្លាប់។ ម៉ាក់ខ្ញុំទីទើរចុះឡើង។ គាត់ជាស្ត្រីខ្លាំងម្នាក់មាន​ការសន្ទនា​ច្បាស់​ៗ និងចូលប្រធានបទចំៗ លើកនេះគាត់ទីទើរ រារែក ខ្ញុំក៏ឃើញថា ទំនងជារឿងមិនស្រួលក្នុងលើកមកពិភាក្សាគ្នាពិតមែន។

«ខ្ញុំសួរថារឿងអី?!» ខ្ញុំខ្សឹបគាត់បន្ថែម។

ម៉ាក់តបដោយមុខស្មើៗ៖
«ព្រឹកមិញ​ អ្នកដែលត្រូវ​​កូនឯងដាក់មួយកៅអីឈាម​ក្បាលនោះ បាន​មក​រកកូនឯងដល់ផ្ទះ!»

ខ្ញុំនៅស្ងៀម។ បេះដូងខ្ញុំត្រូវ​គាំងភឹបនៅក្នុងរបត់មួយ ដែលទាមទារ​​ត្រូវការពីរបីដង្ហើមទៀត​ទើបអាចដើរមកវិញស្រួលៗ ធ្វើដូចជា​គ្មានរឿងអ្វីកើតឡើងបាន។ ទេពណារ៉ា​ជាបទពិសោធផ្ទាល់ខ្លួនដ៏ជ្រាលជ្រៅ និងអាស្រូវ​មួយ​។ ជាមួយគេ ខ្ញុំ​មាន​ស្លាកស្នាមទាំងផ្អែមល្ហែមនិងឈឺចាប់។ បុគ្គលនោះមិនមែនជាអ្វី ដែលជីវិត​ខ្ញុំពេលនេះ​កំពុង​រង់ចាំទេ ។ ទោះចិត្ត​ខ្ញុំនៅតែមិនទាន់ភ្លេចគេ​ប៉ុន្តែ ជាលើកដំបូងដែលខ្ញុំមាន​អារម្មណ៍ថា ដំណឹងពីម៉ាក់មកប្រាប់ កំពុងទាញខ្ញុំឱ្យវិលថយក្រោយទៅក្នុងជីវិត​ដ៏ងងឹតស្លុបកាលពីប៉ុន្មានខែមុន។

នៅពេលដែលម្តាយខ្ញុំរំឭកឡើងពីទេពណារ៉ា ខ្ញុំមានអារម្មណ៍ដូចជាមុតៗ ឈឺៗ ខ្សត់ខ្សោយ ស្លេកស្លាំង ដូចជាមិនមានរសជាតិ ដូចជាហេងហាងឡើងៗ ដូចជា​ខ្ញុំនេះជាមនុស្សចាស់ម្នាក់ មិនដូចជាយុវវ័យដែលទើបតែធំនោះទេ។

«គេមករកអី?»

ខ្ញុំនិយាយខ្សាវៗ​ដៃខ្ញុំខំទប់ញ័រ ព្រោះឃើញថា ភ្នែកម៉ាក់ដៀងមកតាមដាន​មើល​អាការៈរបស់ខ្ញុំតាំង​ពីលើដល់ក្រោម។

«គេសុំចួបកូនជេមស៍! ប៉ុន្តែមើលតាមសភាពអាកប្បកិរិយា គេដូចជាចង់ចួបកូនខ្លាំង! ជេមស៍ មិនមែនម៉ាក់ចង់ព្រមានកូនទេ ប៉ុន្តែម៉ាក់ត្រូវតែនិយាយ! ម៉ាក់ចង់ប្រាប់កូនថា មនុស្សនេះបង្ហាញខ្លួនពេលណា នឹងនាំមកនូវបញ្ហាក្នុងជីវិតរបស់កូន! កុំទន់ចិត្តឱ្យសោះ!»

ម្ដាយខ្ញុំ សឹងថាមិនបាច់រៀបរាប់ប្រាប់ខ្ញុំច្រើនជាងនេះ​ទៀតនោះទេ ត្រឹម​សម្ដីរបស់គាត់ប៉ុណ្ណឹង​ដូចជាប្រាប់ខ្ញុំពិស្តាររួចជាស្រេចហើយថា ទេពណារ៉ាមិនបានបញ្ឈប់។ គេមកនេះ គឺមករកខ្ញុំក៏ព្រោះតែគេ ចង់បន្តស្នេហារបស់ពួកយើងឡើងវិញ ព្រោះរោគលើគ្រែ ស្នៀតកាមគុណ និងភាពត្រេកត្រអាលពិបាករំលត់របស់គេ។

ទើបតែទាញ​រឿងមក​ចូលគ្នា​ក៏កាត់យល់បានថា ដែល​ឥស្សរាចរិយាទើបនឹង​លេងមួយក្បាច់លើហ្វេសប៊ុកដៀមដាមប៉ុន្មាន​ថ្ងៃមុន មែនហើយគ្មានអ្វី​ក្រៅមកតែប្រុសបញ្ញើក្អែករបស់នាងនៅតែគ្មានបេះដូងនៅនឹងកន្លែងឱ្យនាង​។

ចាប់តាំងពីពេលដែលទេពណារ៉ាមិនប្ដឹងផ្ដល់ខ្ញុំរឿងបែកក្បាល ហើយសូម្បីតែទេពណារ៉ា នៅបន្តនឹកឃើញដល់ខ្ញុំ ឬមួយក៏រស់នៅបែបក្លែងក្លាយជាមួយនាងនេះហើយ បានជាធ្វើឱ្យនាងកើតទុក្ខមិនសុខចិត្ត ដេកមិនលក់បក់មិនល្ហើយនៅក្នុងភាពស្កឹមស្កៃបែបអភិជនហ្វេសប៊ុករបស់នាង ហើយតាមមកឈ្នានីស ​ច្រណែន​រករឿងសូម្បីមនុស្សតូចតាចដូចជាខ្ញុំ។

ខ្ញុំញញឹមជូរចត់ មុនពេល​ចាប់ផ្តើមឆ្លើយប្រាប់ម្តាយ៖

«ម៉ាក់! កូនជិត​អាយុដប់ប្រាំបីឆ្នាំហើយ!»

ខ្ញុំនិយាយតែប៉ុណ្ណោះ គាត់ក៏នៅផ្ទៀតរង់ចាំស្ដាប់តទៀតព្រោះឃើញខ្ញុំមិននិយាយអ្វីបន្ថែម​។

ទម្លាប់ខ្ញុំ គឺមិននិយាយច្រើន ដូចគំនិតដែលកំពុងគិតត្របាញ់នោះឡើយ។ ខ្ញុំគិតវែងណាស់ប៉ុន្តែខ្ញុំនិយាយខ្លីៗ ដូច្នេះហើយម្តាយខ្ញុំសួរមកវិញ៖

«ហើយវាយ៉ាងម៉េចដប់ប្រាំបីឆ្នាំហ្នឹង? វាយ៉ាងម៉េចទៅជេមស៍! កូនដឹងទេ ម៉ាក់បារម្ភណាស់! ផ្ទះនេះមិនចង់ទទួលមនុស្សចម្លែកមុខ ​ម្នាក់ហើយ​ម្នាក់ទៀត​ទេ!  ជាពិសេសភេទទីបីអស់ទាំងនោះ!»

បេះដូងខ្ញុំគាំងខ្ទប់។ តាម​ថាខ្ញុំឈឺធ្លាប់ហើយ! ម្តាយខ្ញុំនៅតែឱ្យតម្លៃភេទទីបីទៅក្នុងប្រភេទមនុស្ស​តាមបែប​ដែលគាត់យល់ឃើញ។ គាត់ស្អប់ពួកយើង ហើយក៏ចង់ទាញថា ពួកយើងទាំងអស់សុទ្ធតែជាមនុស្សបង្កបញ្ហា។

ខ្ញុំទាញ​បិទសៀវភៅ។ សកម្មភាពនេះ​ជាការធ្វើឱ្យម្ដាយខ្ញុំដឹងកំហុសគាត់ដែលកំពុងតែព្យាយាមមកបង្អាក់ដំណើរការ​ផ្ចង់សិក្សាឡើងវិញរបស់ខ្ញុំ។ គាត់ដឹង​ថាខ្ញុំខឹងបាន​ជាម៉ាក់អង្អែលកំភួនដៃខ្ញុំថ្នមៗ ហើយនិយាយលួង៖

«កូនជាកូនទោលរបស់ម៉ាក់! ជាកូន​តែម្នាក់គត់ ដែលម៉ាក់បានផ្ដល់ក្ដីសង្ឃឹមលើ! ម៉ាក់បារម្ភជារឿងត្រឹមត្រូវ! កុំបន្ទោសម៉ាក់ណ៎ាកូន! កូនមិនទាន់ស្គាល់ខ្លួនឯងច្បាស់ទេ នៅថ្ងៃណាមួយ កូននឹងធំ ចាស់ចិត្តចាស់គំនិត ហើយ​កូននឹង​មើលបកក្រោយឃើញខ្លួនឯងក្នុងវ័យនេះថា សុទ្ធតែជារឿងកំប្លែង! គ្រប់យ៉ាង​ឥឡូវនេះ​ដែលកូនយល់ថាល្អ វាជារឿងគួរឱ្យអស់សំណើចទាំងអស់!»

ខ្ញុំដកដង្ហើមធំ ដោយ​នៅតែរកពាក្យមក​និយាយតបតនឹងគាត់មិនបាន។ បើសិននៅចំពោះមុខខ្ញុំ ជាបងរាហ៊ូឬជាប៉ា ប្រហែលជាខ្ញុំអាចមានពាក្យនិយាយច្រើនជាងនេះ ប៉ុន្តែនៅចំពោះមុខម៉ាក់ខ្ញុំពិបាកនិយាយណាស់។

ត្រូវដឹងថា បើសិនជាអ្នកណាម្នាក់ឱ្យតម្លៃខ្ញុំ អត្តសញ្ញាណ​របស់ខ្ញុំ ហើយស្វែងយល់ឬក៏ផ្តល់នូវសញ្ញាណាមួយថា ព្រមទទួលស្គាល់ពីភាពពិតរបស់ខ្ញុំ ពី​ការគិតរបស់ខ្ញុំ ខ្ញុំប្រហែលជាអាចបើកចំហចិត្ត និយាយជាមួយចេញមក​នូវពាក្យពិតៗបាន​ច្រើនជាងនេះ ប៉ុន្តែការស្រឡាញ់របៀបម៉ាក់ពេលនេះ ហាក់មិនគ្រប់គ្រាន់ទេ ដើម្បីឱ្យខ្ញុំមានទឹកចិត្តក្នុងការនិយាយពន្យល់គាត់តបវិញ។

បើទេពណារ៉ានៅស្រឡាញ់ខ្ញុំ វាក៏ជាកំហុសរបស់ខ្ញុំដែរនោះ ខ្ញុំមិនបាច់បកស្រាយអីជាមួយម៉ាក់ទេ ខ្ជិលណាស់។ ហើយបើគាត់ជឿថាខ្ញុំនឹងទៅលង់ទឹកនៅកន្លែងដដែល ក្នុងកំហុសដដែលម្តងទៀត មានន័យថា គាត់មិនស្គាល់កូនគាត់ច្បាស់ផង តើខ្ញុំទៅពន្យល់គាត់ធ្វើអី?

«ប្រាប់ម៉ាក់មក! សន្យាមកណាជេមស៍! ថាមិនដើរផ្លូវខុសម្ដងទៀត!»

ខ្ញុំលេបទឹកមាត់ហើយក្រោកដើរទៅបង្អួច ពេលឮពាក្យទាំងនេះ។ ម្ដាយខ្ញុំមិនចេញទៅទេ ទោះខ្ញុំនៅស្ងាត់ស្ងៀម ឈរឆ្កឹង។ គាត់នៅបន្ត​អង្គុយចាំ​ទីនោះដដែល ម្ល៉ោះហើយខ្ញុំបែរមកវិញហើយទម្លាក់ខ្លួនផ្កាប់មុខ​គ្រឹបទៅលើគ្រែពូក។

«ម៉ាក់!  ម្នាក់នោះគេបោកប្រាស់ខ្ញុំ ខ្ញុំមិនឱ្យគេបោកប្រាស់បានម្ដងទៀតទេម៉ាក់!»

«ម៉េចក៏គេមករកកូនអ្ហះ?!»

«ស្អីក៏ដោយ កូនមិនដឹង! កូន​មិនបាន​ពាក់ព័ន្ធ! ម៉ាក់កុំបើកទ្វារទៅ​វាចប់​ទៅហើយ!»

«បើកូនមិនទាក់ទង ម៉េចគេហ៊ានមក?» ម្តាយខ្ញុំតវ៉ា ព្រោះគាត់គិតថា​ខ្ញុំនិងទេពណារ៉ានៅមិនទាន់ដាច់ស្រេច? ​

«បើខ្ញុំទាក់ទងគេមែន​ គេមិនមកដល់ផ្ទះទេម៉ាក់! នេះព្រោះតែគេគ្មានលេខថ្មីរបស់ខ្ញុំ និងមិនអាចឈែតរកខ្ញុំ មិនអាចទាក់ទងខ្ញុំ បានជាគេមករកបែបទ័លដូច្នេះ!»

ម៉ាក់នៅស្ងៀម​ខ្ញុំក៏និយាយបន្ថែម​៖

«គ្មាននរណាម្នាក់ចូលចិត្តមនុស្សបោកប្រាស់ទេម៉ាក់! ខ្ញុំមិនអាចសន្យាថាទៅមុខនឹងឈប់ធ្វើខុសទេ! សូម្បី​តែម៉ាក់ក៏មិនអាចសន្យារឿងនេះបានដូចគ្នា!  ខ្ញុំគ្រាន់តែអាចសន្យាបានថា ខ្ញុំនឹងមិនធ្វើនូវកំហុសដដែល​ៗ! ខ្ញុំមិនមែនជាប្រូក្រាមកុំព្យូទ័រនោះទេ! ទាមទារឱ្យខ្ញុំលែងមានកំហុស ម៉ាក់ចង់ឱ្យខ្ញុំលែងធ្វើអ្វីបាន?»

ហេតុអីបានជាខ្ញុំនិយាយបានច្រើនម្ល៉េះជាមួយម្តាយខ្ញុំ? ប្រហែលជាមកពីខ្ញុំផ្កាប់មុខលាក់មុខខ្ញុំទៅក្នុងកម្រាលពូកបែបនេះហើយមើល។

ទៅទីបំផុតខ្ញុំក៏គេងលង់លក់នៅក្នុងទុក្ខសោក។

ស្អែកឡើងខ្ញុំបានសរសេរខេបសិនមួយនៅលើហ្វេសប៊ុកថា «រឿងដែលចប់ហើយគឺចប់មែន! វាមិនយុត្តិធម៌សម្រាប់ខ្លួនខ្ញុំនោះទេ នៅក្នុងការចំណាយពេលវេលាសម្លឹងបកក្រោយ ជាពិសេសចំណាយពេលវេលាជាមួយ​មនុស្ស ដែលធ្លាប់បំផ្លាញខ្ញុំ!»

តាមថាខ្ញុំមិនទម្លាប់សរសេរអ្វីច្រើនទេ ប៉ុន្តែមិនដឹងយ៉ាងម៉េចនៅឆ្នាំចុងក្រោយនៃភាពជាកូនក្មេងនេះ  ពេល​ដែលជីវិតចាប់ផ្តើមជាមួយ​វិញ្ញាសារ វិបត្តិស្នេហ៍និងគ្រួសារ ខ្ញុំក្លាយជាអ្នកសរសេរច្រើនដល់ម្ល៉ឹង? សឹងរាល់ពេលដែលស្មុគ​ គឺចង់តែសរសេរ?

ប៉ុន្តែមិនអីទេ! សម្រាប់លើកនេះ ខ្ញុំមានទស្សនៈការពារថា ខ្ញុំក៏គួរតែសរសេរមែន​ ពីព្រោះគេអាចនឹងមើលឃើញវា ជាជាងឱ្យគេទូរស័ព្ទមករំខាន ​ឬក៏មករកខ្ញុំដល់ផ្ទះទៀត។

វគ្គ

ជីវិត​ពេលខ្លះ​ដូចក្នុងរឿងកុន

ព្រឹកថ្ងៃនោះដដែលនៅក្បែរបណ្ណាល័យ​សាលាឡុង​បានដើរទើមៗ​មករកខ្ញុំ។ 

«ព្រឹកមិញឃើញសរសេរហ្វេសប៊ុក!»

ខ្ញុំដឹងថាគ្រប់គ្នាចូលចិត្តតាមដានអ្វីដែលខ្ញុំសរសេរ។ ប្រហែលជាដោយសារតែខ្ញុំកម្រ

សរសេរ ឬដោយសារខ្ញុំតួល្បីរឿងអាក្រក់ប្រចាំសាលា?

ដូច្នេះហើយខ្ញុំក៏ឆ្លើយប្រាប់គេ៖

«អត់ទាក់ទងជាមួយនឹងឡុងឯងទេ!»

«មិនបាច់គំរោះពេកក៏បាន!» គេតបមកវិញ​ហើយដាក់បង្គុយ​ភា្លមក្បែរខ្ញុំ ជាឱកាស​ឱ្យខ្ញុំសួរឡើងដូចឆោត៖

«ហេតុអី?!»

«រឿងអី?!» ឡុងហាមាត់សួរវិញ​ធ្វើឆ្ងល់ដូចគ្នា។

«ដែលមកស្អិតជិតខ្ញុំនេះ មកពីឡុងឯងស្រឡាញ់ណាទីហ្មែន? បើមែន ឡុងឯងប្រាប់គេ​ខ្លួនឯងទៅ! កុំចំណាយពេលនិយាយជាមួយខ្ញុំ តាម​ខ្ញុំស្អិតៗ ខ្ញុំជាមួយគេអត់មានអីទាក់ទងគ្នាទេ!»

ឡុង​ងាកមករកខ្ញុំតែខ្ញុំខ្ជិលមើលមុខម្នាក់នេះ ក៏ធ្វើហីមិនងាកតប។ សំឡេងគេលេងមកខ្ញុំវិញ​តិច​ៗ៖

«ខ្ញុំមិនទាន់ហាមាត់យាយសូម្បីតែបន្តិច ម៉េចបានឯងចេះតែគិតថា ខ្ញុំគិតពីរឿងណាទីជាមួយឯង!»

«ព្រោះគ្រប់គ្នាឃើញណាទីដើរតែ​ជាមួយខ្ញុំ! និយាយឱ្យច្បាស់មិនល្អ? ​តាមពិតគេនិងខ្ញុំ គ្រាន់តែជាមិត្ត! ចំណែក​ពេលខ្ញុំស្និទ្ធនឹងគេកាលណាក៏លេចឯងចេញមកដែរ ឯងតាមខ្ញុំរហូត​ព្រោះគេ មិនអ៊ីចឹង?!»

«ត្រូវហើយ! ខ្ញុំស្រឡាញ់គេខ្លាំងណាស់!​» ឡុងរអ៊ូ​តិចៗ​ដូចនិយាយប្រាប់ខ្លួនឯង ​តែខ្ញុំក៏ឮគ្រប់យ៉ាងបាន​ព្រោះនៅក្បែរគ្នា ប្រហែលត្រឹមជាងមួយចំអាមទៀត ប៉ះសាច់គ្នាទៅហើយ។

ពាក្យសារភាពរបស់ឡុង​លឿនពេក ច្បាស់ពេក ធ្វើឱ្យខ្ញុំទៅជាអស់សំណើច រួច​ងើបមុខសម្លឹងឡុង​។ ខ្ញុំឃើញអ្វីម្យ៉ាងនៅក្នុងកែវភ្នែកគេដែលដៀងមើលមុខខ្ញុំ។ គឺអត្ថន័យ​នៃ​ការតូចចិត្ត ការចង់បាន ការចង់ដឹង ការងឿងឆ្ងល់និងសេចក្ដីរំភើបមួយចម្លែក។

យូរណាស់ទៅហើយដែលខ្ញុំគ្មានអារម្មណ៍បែបនេះ។

ខ្ញុំនឹកឃើញឡើងវិញភ្លាម​ដល់ថ្ងៃដែលខ្ញុំបានឃើញគេនៅក្នុង Locker។ មនុស្សម្នាក់ដ៏អាស្រូវនោះ។

«ទៅប្រាប់គេទៅ!»

ខ្ញុំថា​ឱ្យឡុងតិចៗ។

ឡុងឆ្លើយវិញដូចមមីរមមើរ៖

«ប្រាប់រឿងអី?!»

«អ្ហា៎ក!»

ខ្ញុំហួសចិត្ត​​ដៀងមើលឡុង ធ្វើឱ្យដុំក្រដាសស្ករគ្រាប់មួយសំណុំធំ​បុកមកចំទ្រូងខ្ញុំ។

«ភ្នែកដៀងអី?!»

ណាទី​មកដល់ពីមុខពួកយើង។ នាង​បូញមាត់ដូច​ក្នាញ់ច្រណែន។

«ភ្នែកឡើងស្រឹម​ដាក់គ្នា! កុំប្រាប់ថា​ត្រាឯងស្រឡាញ់ឡុងណ៎ា!»

ខ្ញុំឱនទាញ​សម្បកស្ករដែលមាន​រមូរចូលគ្នាគប់មកពីរនាក់យើង។ នេះជាកាយវិការពន្យារពេល ព្រោះខ្ញុំកំពុងត្រូវពាក្យថា ​«ត្រាឯងស្រឡាញ់ឡុង» មកប៉ះ​ស្រទាប់ណាមួយ​នៃជម្រៅចិត្ត​។

នាងមកដល់កាន់តែកៀក​ខ្ញុំងើបឡើងត្រង់ខ្លួនហើយនិយាយ៖

«ស្ករគ្រាប់គ្រូហាមមិនឱ្យយកមកសាលាទេ! ​ចាំមើលប្រាប់គ្រូ!»

«សម្បកទេតើ!» នាងតវ៉ាហើយអង្គុយប៉ុកមកក្បែរខ្ញុំមួយចំហៀងទៀត។ ​ពួកគេ​ពេលនេះ​អមខ្ញុំសងខាងតែម្តងហើយ។ ខ្ញុំលួចសម្លឹងឡុងកន្ទុយភ្នែក មុនពេលនិយាយ​ស្រាលៗ៖

«Princess របស់ឯងមកហើយ! មានអីនិយាយដែរទេ! ឱកាសមិនងាយមានទេ!»

ឡុងដៀងភ្នែកមើលខ្ញុំ។ មុខគេក្រហម មិនដឹងខឹងឬអៀនប្រាកដទេ។ ​ពេលខ្ញុំញាក់ចិញ្ចើមស៊ីញ៉ូឱ្យនិយាយ គេក៏និយាយតិចៗ៖

«ណាទីមើល Alex Strange love អត់?»

«ម៉ាក់អត់ឱ្យបង់លុយ ​​Netflix ផង» នាង​ឆ្លើយតប​ទាំងមុខក្រៀម។ តែខ្ញុំវិញមិនត្រឹមមុខក្រៀមទេ​ បែរជាមុខក្រហមជាងឡុងផង។

ភាពយន្ត Alex Strange love ខ្ញុំចូលចិត្តណាស់ មើលពីរបីដងទៅហើយ។ រឿងនេះ​និយាយពីសិស្សម្នាក់ថ្នាក់វិទ្យាល័យដូចពួកខ្ញុំគឺ​ Alex ដែលចេញរឿងមកគឺបានសេពគប់ជាមួយ​កញ្ញា Claire តាំងពីយូរមកហើយ នៅសាលា​អ្នកណាក៏ឃើញ។ ប៉ុន្តែពេលមួយ​ពីរនាក់នេះ​ ចាប់ផ្តើមចង់ណាត់ចួបគ្នាដោយ កក់បន្ទប់សណ្ឋាគារនៅញូវយ៉ក អាឡិចស្រាប់តែបាន​ចួបចៃដន់ជាមួយ ក្មេងជំទង់ស្រឡាញ់ភេទដូចគ្នាម្នាក់ឈ្មោះ Elliot ​។

ពីរនាក់នេះចួបគ្នាកាលណា អាឡិចមានអារម្មណ៏ស្រើបស្រាលសម្ងាត់ជាមួយអេលីយ៉ូត ដោយប្លែកៗផ្អើលៗរហូតដល់មកផ្ទះវិញ អាឡិច​ ចោទសួរខ្លួនឯងអំពីរឿងភេទសម្ព័ន្ធពិតរបស់គេ។ គេមិនដឹងថា ​ដោយសារតែការសម្រេចចិត្តថា ជិតទៅចួបជាមួយ Claire ហើយភ័យអំពីការបាត់បង់រាត្រីទីមួយ​ទើបស្ត្រេស ឬមួយខ្លួនឯងពិត​ជា​មកលង់ស្រឡាញ់ Elliot ដែលជាប្រុសស្រឡាញ់ប្រុស?

ការថប់បារម្ភនេះបាន នាំឱ្យគេភាន់ច្រឡំចុះឡើងពេញ​មួយផ្ទៃរឿង។ ថ្ងៃមួយពេលកំពុងជជែកគ្នាជាមួយ Elliot អាឡិចទប់ចិត្តមិនបាន​ក៏ថើប Elliot យកតែម្តង។ ភ្លាមៗនោះគេដឹងពីអារម្មណ៍​ពិតនៃភេទសម្ព័ន្ធរបស់ខ្លួន តែនៅមានៈ​ថាខ្លួនជាប្រុសស្រឡាញ់ស្រីហើយគិតថាគ្រប់យ៉ាងមកកពីស្ត្រេស។ នៅពេលល្ងាចនៃការណាត់ចួបលើកដំបូងជាមួយClaire ទីបំផុតAlexបានរកឃើញខ្លួនឯង គេបាន​សារភាពប្រាប់នាងថា  ខ្លួនតាមពិត​ទើបនឹង​ដឹងច្បាស់​ថាខ្លួន​មានអារម្មណ៍ចំពោះអ្នកផ្សេង។ Claire នាងខឹងណាស់ ថែមទាំង​បានដេញតួប្រុសម្នាក់នេះចេញ។

ខ្ញុំនឹកឃើញ​រឿង​ភាពយន្តដ៏ជក់ចិត្ត​មួយនោះឡើង ​តែមិនបាននិយាយអ្វីទាំងអស់ សូម្បីតែងាកមើលឡុងឱ្យចំ​ក៏ធ្វើមិនបាន ដូចជាមុខស្ពឹកៗទាញ​មិនចង់បែរម៉េចមិនដឹង។

ឡុងឌឺឱ្យណាទី ឬ​ខ្ញុំឱ្យប្រាកដ? ឡុងក៏ស្រឡាញ់ប្រុស?

សញ្ញាចម្រុះ!

ខ្ញុំច្រឡំអំពីគេដឹង?​ គេបង្ហាញ​ខ្លួនតាមខ្ញុំ ឯខ្ញុំយល់ថាគេតាមណាទី? មុននេះគេថាស្រឡាញ់​ តើគេស្រឡាញ់អ្នកណា? គេចង់និយាយអ្វីមួយ ហើយ​ខ្លាចការបដិសេធ?

មានមនុស្សជាច្រើនអាចនឹង​កំពុងមានអារម្មណ៍លាយឡំគ្នា មិនដឹងថាតើខ្លួនឯងចូលចិត្តប្រុសឬស្រី ​ខ្ញុំដឹងពី​រឿងនេះតាមរយៈការអាន និង​ទ្រឹស្តីដែលថា ស្នេហានិងការភ័យខ្លាចអាចមានទំនាក់ទំនងគ្នា ធ្វើឱ្យមនុស្ស​ច្រឡំអំពីចិត្ត​គេខ្លួនឯង ពិសេស​អ្នកដែលមិនច្បាស់នៅឡើយ​ថាខ្លួនឯងជាភេទទីបី។

ម៉ោងចូលរៀន កណ្តឹងលាន់ឡើងយើងក៏ត្រូវបែកស្លេះគ្នាត្រឹមណេះ។

យប់នោះវិលមកគេងវិញ មិនដឹងយ៉ាងម៉េច ខ្ញុំស្រាប់តែមានអារម្មណ៍ចម្លែកចំពោះឡុង។ ក្រសែភ្នែកក្រៀមស្រពោនរបស់ឡុង ទីបំផុតទៅនៅតែផ្តិតក្នុងចិត្តខ្ញុំ។ ខ្ញុំចេះតែសួរខ្លួនឯងថា តើខ្ញុំមានបញ្ហាជាមួយឡុងដោយសារតែណាទី ឬមួយក៏ខ្ញុំពិតជាមានការទាក់ទាញជាពិសេសជាមួយនឹងឡុង?

ពាក្យចាស់លោកពោលថា អាណិតស្អិតជាងស្រឡាញ់។ ខ្ញុំមិនភ្លេចឡុង​ ដោយសារខ្ញុំស្រឡាញ់ឡុង ឬខ្ញុំអាណិតគេ?

ដោយសារតែខ្ញុំចង់ឱ្យឡុងចួបជាមួយណាទី?

ប្រធានបទសំខាន់នៅក្នុងពេលនេះ គឺ​ក្នុងជីវិតយុវវ័យ សេចក្ដីស្នេហារមែងតែង​នៅព័ទ្ធជុំវិញពួក​យើង ទោះបីជាពេលវេលារំលងទៅដោយកាលវិភាគ​សិក្សាជាច្រើន​ តែ​មិនមានមួយដង្ហើមណាយើងមិន​គិតគូរអំពីរឿងស្រឡាញ់ និងចង់ផ្សារភ្ជាប់ខ្លួនឯងជាមួយ​ភាពរំភើបនោះទេ។

សូម្បីតែយុវជន​​ខូចចិត្ត​ដូចជាខ្ញុំនេះហើយ​ក្តី។

បើខ្ញុំប្រាប់ថាខ្ញុំមិនចង់បាន​ស្នេហា​ទៀត ​ខ្ញុំកុហកទេ! ប្រហែលអាចខ្ញុំខ្លាច​ការ​ឈឺចាប់ដោយសារទំនាក់ទំនងអតីតកាល​ត្រូវ​កើតឡើងដដែលទៀត ហើយ​ចួនកាលខ្ញុំខ្លាចការបដិសេធ​។

ខ្ញុំគិតថា​ភេទទាំង​អស់​ដូចតែគ្នាទេ មានអារម្មណ៍ថាងាយរងគ្រោះនៅពេលស្រឡាញ់នរណាម្នាក់ ជាពិសេស ប្រសិនបើបេះដូងធ្លាប់ខូចកាលពីអតីតកាលផង អាចធ្វើឱ្យយើង​ខ្លាចរហូតដល់ទៅ​អនាគតនៅតែខ្លាច​។

ស្អែកឡើង នៅមាត់ទ្វារ​ខ្ញុំឃើញឡុងទៀត។

«មានបោះជំរំមួយ​នៅខ្នងផ្សារទៅអត់?!»

គេសួរខ្ញុំដោយភ្នែកស្រទន់។ ភ្នែកនេះឱ្យសញ្ញាមកថា គេកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ តែគេខ្លាច​ៗ​។ គេមើលទៅ មិនសូវហ៊ាន​ប្រឈមមុខ តែក្លាហាន​ហ៊ានបបួល។

ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ បានជាខ្ញុំដាក់ជន្ទល់កង់ផង សួរផង៖

«ចង់ឱ្យខ្ញុំហៅណាទីឱ្យហ្មែន? មិនមែន​អ្នកនាំសា​រទេ!»

«ស្អី​គេ?!»

ឡុងចងចិញ្ចើម​ដូចជាកំពុង​ត្រូវរងប៉ះទង្គិចគ្នារវាងសម្តីខ្ញុំនិង​ចិត្តពិតរបស់គេ។ គេហាក់ខឹង​ ខ្វល់ខ្វាយ ប៉ុន្តែ​នៅទាក់ទើរ ក្នុងការ​លបសម្លឹងមើលខ្ញុំជារឿយៗតែងាកចេញភ្លាមៗពេលខ្ញុំមើលវិញ។

«ខឹងហើយ? អារម្មណ៍មិនល្អ!»

ខ្ញុំឌឺទាំងដៃទាំងពីរលើកទៅក្រោយទាញសាក់កាដូខ្លួនឯងយ៉ាងសង្ហា​ បង្អួតរាងកាយរបស់ខ្ញុំនិងទំនុកចិត្ត​មួយអាថ៌កំបាំង។

ឡុងខាំមាត់តិចៗងាកមកវិញ តែគេមិននិយាយអ្វី​បានត្រឹម​មើលមុខខ្ញុំហាក់ខូចចិត្ត​។ ក្រសែភ្នែកបង្អូសវែងៗបែបនេះ មាន​តែទេពណារ៉ាប៉ុណ្ណោះធ្លាប់ប្រើមកលើខ្ញុំ ក្រៅពីនេះ​គ្មានទេ សូម្បីមាសមន្តាឬបងរាហ៊ូ​ ឬមួយអ្នកណាក្តី។