រឿង៖ ថ្ងៃណាមួយ ភាគទី១៦

ក្នុងករណីណាក៏ដោយ ការមើលរបស់គេ​លើកនេះ ជាសញ្ញាច្បាស់ថាឡុងមានអារម្មណ៍និងទាក់ទាញខុសពីធម្មតា​មកលើខ្ញុំ ហើយគេចង់បង្ហាញ​ឱ្យខ្ញុំដឹង។

«បោះជំរំហ្នឹងគេធ្វើអីខ្លះ?»

«មិនខ្វល់ទេ! គ្រាន់តែ​យកវាជាលេសនឹងអាលបានគេងពេលយប់ត្រជាក់ៗក្នុងតង់ជាមួយជេមស៍​!»

ក្រៅពីឆ្លើយ​ចំៗបុកមកដូចរន្ទះ​បាញ់ផូងហើយ នៅហៅឈ្មោះខ្ញុំនៅផ្ទះទៀត!​ ស្រឡាញ់ណាស់ ត្រង់ធ្វើដូចស្គាល់គ្នាមកយូរពាន់ឆ្នាំហើយអ៊ីចឹង។ ភាពទន់ភ្លន់នៅក្នុងភ្នែករបស់គេធ្វើឱ្យខ្ញុំបានចិត្ត​។ ​អារម្មណ៍​ត្រូវបានគេញ៉ែ គឺជាអារម្មណ៍​ល្អនិងក្រអឺត​បន្តិចបន្តួច ប្រសិនអ្នកនោះជាមនុស្ស​សមរម្យនឹងយកមក​​ពិចារណា ដូចយ៉ាង​គេម្នាក់នេះ។

តណ្ហា​ក្នុងភ្នែកឡុង​កំពុង​ ​បង្ហាញ​ថា​ជាការចង់បាននៃបេះដូង ដែលជ្រៅជាងតណ្ហា ក៏ជាសញ្ញាមួយទៀតដែលថា យើងពេញចិត្ត​គ្នាព្រោះ​អារម្មណ៍ឱ្យតម្លៃគ្នា​​មិនមែន​ព្រោះរឿង Sex ទេ។

«និយាយចំៗម៉េះ?» ខ្ញុំថាតិចៗ​ទាំង​ចិត្ត​កំពុង​វិលវល់។

តាមពិត​សភាពពេលនេះ ខ្ញុំជោរណាស់​ ហើយ​ធ្វើងរង៉ក់រេភ្នែកចេញ តោងសម្ពាយក្រោយខ្នងជាប់រលាស់ខ្លួនចុះឡើង។

នៅពេលមនុស្ស​ម្នាក់មកបង្កើតជាអារម្មណ៍រំភើបផ្តល់មក​យើង ភាគច្រើនអារម្មណ៍ទាំងនោះ ធ្លាក់ចូលក្នុងចំណោមពីរប្រភេទនេះ ​គឺទីមួយ​ប្រភេទអារម្មណ៍​ស្រាលៗ ដែលធ្វើឱ្យយើង​ជាភាគី​រង​អំពើ មាន​ភាព​រីករាយតែ​ស្រពេចស្រពិលត្រឡប់ទៅដេកគិតមិនអស់មិនហើយ  រីឯមួយទៀតគឺជាប្រភេទអ្នកសារភាព​បែបម៉ាញ៉េទិច ដែលជាការ​សារភាព​អារម្មណ៍ពេញលេញ​១០០ភាគរយ​ថា នេះជា​ចម្លើយជាក់លាក់មួយឆក់ជាប់​តែម្តង ពិបាករើគេច​ឬបង្វែរបាន​។

ឡុងច្បាស់ជាមើលដឹងហើយ​ថាខ្ញុំនៅ៥០/៥០ បានន័យថា មិនអូខេក៏មិនបដិសេធ។ គេ​បង្ហាញការ​ព្យាយាមយកឈ្នះដោយ​ មិនស្ទាក់ស្ទើរ ឬបោះចោលឱកាស​កណ្តាលទីឡើយ។

«ស្រមៃមើល៍ ​បើ​អាចទៅរួចមែន​ តើលោកនេះល្អយ៉ាងណា? គីរីរម្យកក់ក្តៅកម្រិតណា?»

ខ្ញុំងើបមុខ​សម្លឹងគេ ព្រោះនឹក​ចង់លេងសម្តីបន្ថែម​ទៀតរួចត្រៀមនឹងចាកចេញវឹង​​ ទុកឱ្យគេយប់នេះ​ដេកនឹកខ្ញុំលេងម្នាក់ឯងទៅ​ចុះ តែប៉ះកែវភ្នែកគេ ​ខ្ញុំក៏មើលឃើញការគោរពមួយ ​ការឱ្យតម្លៃមួយ​នៅក្នុងជម្រៅ​ភ្នែករបស់ឡុង​។ គេ​ចេះ​វិធី​សម្លឹងចូលដល់​ក្នុងចិត្ត​វិញ្ញាណ​ព្រលឹងអ៊ីចឹង​ពីពេលណាមក?

រក​វិធីដកភ្នែកមកវិញមិនបានពិតមែន! ច្របូកច្របល់ណាស់ មានស្នេហាទៀតហើយអ្ហីជេមស៍ ក្រែងឈឺមិនទាន់ជាផងអ្ហី? មានមន្តស្នេហ៍ម៉េះយើង​ហ្នឹង?

«ធ្លាប់មាន​បទពិសោធន៍ច្រើនហើយដឹង!» ​ខ្ញុំរអ៊ូតិចៗថាឱ្យឡុង ដឹងអីគេក៏មិនញឹនញាក់ស្មា​បង្អួត​រាងកាយ​របស់គេ​ បង្ហាញ​សម្ងាត់ថា ​គេនេះមិនខ្លាចនឹង​បើកចំហ​រឿងស្នេហ៍​ចំពោះមុខខ្ញុំទេ។

គិតថានេះជាវិធីត្រង់មួយ ដើម្បី​ឱ្យ​ខ្ញុំដឹងចិត្ត​គេ​ថា គេមិនត្រឹមជាបុរសស្រឡាញ់បុរសមាន​បទពិសោធរួច ថែមទាំងមិនខ្លាច​បើកចំហទៀត។

«នេះសាលារៀន!» ខ្ញុំតបហើយ​ចាកចេញ។

តែគេតត្រុកមកតាមស្អិត មាត់ក៏និយាយជានិច្ច​៖

«ដឹង! អ៊ីចឹងហើយ​បបួលទៅភ្នំ​ជាមួយគ្នាហ្នឹងមិនឃើញទេ​?!»

«សង្ឃឹមថ្ងៃក្រោយ ខ្ញុំអាចទៅបាន!»

«ចាំទម្រាំពេលហ្នឹង​ដាច់ខ្យល់មិនខាន!»

ខ្ញុំសើចខឹកៗ​បែរមករកឡុង។ សភាពក្រៀមក្រំនៅក្នុងកែវភ្នែកគេ និយាយប្រាប់ខ្ញុំជាសម្ងាត់ថាគេចង់ឱ្យខ្ញុំទៅជាមួយគេ ហើយខ្ញុំនឹកឃើញ​ដល់រឿង​ជ្រៅជាងនេះ ភ្នែក​ដៀងរកទ្រូងគេ និងដៃស្មាមាំៗរបស់គេ។

ខ្ញុំមានដង្ហើម​តឹងៗ​ក្តៅៗ។

ធម្មជាតិមួយនេះ​ខ្ញុំបោះវាចោលមិនបានទេ តែមាត់ខ្ញុំ ខ្ញុំបញ្ជាបាន។

«គ្មានខ្យល់លក់ទេ!»

គេមិនដាច់ខ្យល់ទេ​ខ្ញុំដឹង តែគេនេះចេះញ៉ែញ៉ងសឹងចំណាប់ដូចទេពណារ៉ា។

ពេលយប់ជាពេលល្អមួយក្នុងការសញ្ជឹងគិតរឿងបេះដូង។ ឡុងនេះ​យ៉ាងម៉េច បានជាចេះតែមួយរយៈនេះមកបង្ហាញខ្លួនក្នុងជីវិតខ្ញុំញឹកញាប់ម្ល៉េះ? ហើយតាមមកមើលខ្ញុំដល់ក្នុង ពេលសម្រាកយប់ឡើងទៀត។

មិនមែនទេ ចិត្ត​ខ្ញុំខ្លួនឯងដែលចេះតែនឹកនាគេ។

អូ ម៉ាយ ហ្គូស! គេ​ចូលទៅខមមិនឌឺៗត្រូលៗ​ដាក់ឱ្យឥស្សរាចរិយាក្នុងផេកនាង​ហាយសូទៀត ធ្វើអីចឹងធ្វើអី? តើឡុង​ធ្វើហ្នឹងមានន័យថាម៉េច? ខ្ញុំមិនដឹងយ៉ាងម៉េចទេ? ខ្ញុំមានអារម្មណ៍ថា មានអ្វីមួយថ្ពក់ជាប់រវាងគេនិង​ខ្ញុំ។

ក្រសែភ្នែករបស់គេដែលសម្លឹងមកខ្ញុំ មានអត្ថន័យជាងសម្ដីដែលគេនិយាយមកកាន់ខ្ញុំទាំងអស់នោះច្រើនដងទៅទៀត។

តើនេះជាសេចក្ដីស្នេហាតាមរបៀបមនុស្សភេទដូចយើង?

ខ្ញុំបានបំភ្លេច​ទេពណារ៉ា​ឈឹងសូន្យ។ តើមកពីឡុង​ឬមកពី​ខ្ញុំខ្លួនឯង?

ទីបំផុត​ខ្ញុំបានអង្គុយក្បែរគេលើឡានក្រុងទៅបោះជំរំមែន​។

«នៅពេលដែលខ្ញុំឃើញឯងចូលសាលានេះពីដំបូង ខ្ញុំស្អប់ជេមស៍ឯងណាស់! ទីមួយដោយសារខ្ញុំឃើញឯងជាមនុស្សមានប្រវត្តិមិនល្អមកពីសាលាផ្សេង ទីពីរខ្ញុំឃើញឯងដើរជាមួយនឹងណាទីមនុស្សដែលខ្ញុំស្រឡាញ់! តែ​នៅពេលដែលខ្ញុំតាមសម្គាល់ឯងយូរទៅ ខ្ញុំក៏ចាប់ផ្ដើមរកឃើញអ្វីម្យ៉ាង ដែលខ្ញុំមានវានៅក្នុងខ្លួន ប៉ុន្តែខ្ញុំរកបញ្ចេញវាមកក្រៅ​មិនកើត! ខ្ញុំគិតថាយើងនេះមិនដែលសូម្បីនឹងនិយាយគ្នាលើសពីពីរបីម៉ាត់ផង ខ្ញុំមិនដឹងហេតុអ្វីទេ ប៉ុន្តែរាល់ពេលខ្ញុំទៅផ្ទះវិញខ្ញុំក៏នឹកឃើញឯង ហើយខ្ញុំតែងតែរកមើល​ជេមស៍​​ឯងនៅក្នុងបណ្ដាញសង្គម! ទីបំផុតខ្ញុំដឹងរឿងពិត ឯងជាមួយនិងសង្សារចាស់!»

សម្តីរបស់គេដូចជាម្ជុលមកចាក់បេះដូងរបស់ខ្ញុំ។ ហេតុអីចាំបាច់រំឭកពីរឿងសង្សារចាស់? ខ្ញុំស្រពោនហើយងាកមុខសម្លឹង​ធម្មជាតិ​ដែលរត់ថយក្រោយ។

ឡុង​ដូច​ជាយល់ចិត្តខ្ញុំណាស់ព្រោះគេនេះឆ្លាតវៃ ស្មើនឹងភ្នែកតូចៗទាំងគូរបស់គេ។

«ខ្ញុំសូមទោសបើសិនជាខ្ញុំនិយាយទៅធ្វើឱ្យជេមស៍​មិនសប្បាយចិត្ត!»

«រឿងអី?»

ខ្ញុំធ្វើពើសួរបកវិញ ធ្វើឱ្យគេសើចខឹក។ ភ្លាមនោះ​ឡុង​លូកដៃ​ឱបចង្កេះខ្ញុំ។ គេនេះគួរតែខ្លាចពួកអ្នកក្នុងឡានមើល។ តែខ្ញុំមិនបេះចេញទេ ​ខ្ញុំហាក់កក់ក្តៅនិងសប្បាយចិត្តសម្ងាត់។

រឿងមិនសប្បាយចិត្តចួបច្រើនមកហើយ អនុញ្ញា​តឱ្យចិត្ត​បានលង់ជាមួយ​រឿងសប្បាយចិត្តខ្លះក៏ល្អ។

«ចេញមកម៉ាក់ជេមស៍មិនហួងហែងទេ?!» គេសួរខ្ញុំតិចៗដូចប្រុសៗខ្សឹបសួរស្រីស្នេហ៍។

«មិនដឹងយ៉ាងម៉េច ខ្ញុំសុំថាទៅបោះជំរំហើយម៉ាក់ក៏មិនមកសួរនាំខ្ញុំអ្វីច្រើនទេ ឱ្យ​ដោយ​សន្តិវិធី»

«មកពីគាត់ជឿលើជេមស៍!»

«គាត់ទំនងជឿខុសហើយ!» ខ្ញុំឌឺឡុង​ហើយ​លួចប្រើកន្ទុយភ្នែក​សម្លឹងគេ។ គេដៀងមករកខ្ញុំដូចជាខ្ញុំនេះស្អាតបំផុតក្នុងកែវភ្នែកគេ​។

«និយាយធ្វើមើលតែខ្ញុំហ្នឹង​បោកយក​ជេមស៍លក់!»

ជាលើកដំបូងដែលខ្ញុំទៅបោះជំរំ។ ដោយសារតែខ្ញុំជាមនុស្សស្ងប់ស្ងាត់ ខ្ញុំមិនចូលរួមអ្វីដែលជាសហគមន៍ទ្រង់ទ្រាយធំឬក៏បង្ហាញមុខមាត់នោះទេ។ ទីមួយខ្ញុំមិនសូវ​ចេះនិយាយ​ ទីពីរខ្ញុំមិនចូលចិត្តថតរូបដើម្បីផ្សព្វផ្សាយលើហ្វេសប៊ុក ប៉ុន្តែលើកនេះខ្ញុំរកឃើញរូបខ្លួនឯង នៅក្នុងបណ្ដាញសង្គមច្រើនឡើងៗ ហើយដែលពិសេសទៅទៀតនោះ ខ្ញុំឃើញខ្លួន​ខ្ញុំហាមាត់សើចធំៗ យ៉ាងសប្បាយចិត្ត។

នេះគឺជាទិដ្ឋភាពចម្លែកក្នុងជីវិត​ ដែលខ្ញុំខ្លួនឯងក៏មិនដែលឃើញដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដែលដឹងក្តី។

តើអ្នកណាធ្វើឱ្យខ្ញុំសើចបានសប្បាយយ៉ាងដូច្នេះ?

គឺមនុស្សម្នាក់ដែលនៅក្បែរខ្ញុំ កាន់ហ្គីតាមួយ សម្បុរស​ភ្នែកគេ​តូចៗ ហ្នឹង​ហើយ គឺគេ គឺឡុង​។

«សង្សារថ្មីហ្មែន? បងឃើញមាន​រូបថតមកច្រើន ពិតជាផ្អែមៗពេកហើយសម្រាប់មនុស្សចាស់​!»

បងរាហ៊ូដដែល​ជាអ្នកចង់ដឹងចង់ឮ។

ខ្ញុំតបឈែតគាត់។

«បងឯងបាត់ខ្លួនទៅណា? រៀនក្បាច់គុនមហារំអិលបាត់ស្រមោលមកពីណា?! ទៅក៏លឿនមកក៏គ្មានសំឡេង!» ខ្ញុំសប្បាយចិត្ត​ពេលឈែតជាមួយ​គាត់។

«បងមកពីស្រុកថៃ! បាននាំគ្នាយើងទៅបង្ហាញម៉ូត ប៉ុន្តែបងមកវិញរកបបួលជេមស៍ដើរលេងផឹកកាហ្វេជជែកត្រាវៗជាមួយគ្នា ស្រាប់តែឃើញជេមស៍មានសេចក្ដីសុខបាត់ទៅហើយ! អ្នកភូមិគួរតែរំខានដែរអត់?!»

«រំខានបានមិនអីនោះទេ! ធ្វើដូចមិនចង់ឃើញគ្នាមានសេចក្ដីសុខ!»

«បងឃើញឯងសប្បាយចិត្ត​ចម្លែក!»

«ពីពេលណា​មក បងឯងជឿលើ​អេក្រង់ទូរសព្ទចិននិងបណ្តាញសង្គម?! សុខឬទុក្ខ​ ដែលឃើញ​តាមនុ៎ង វាពិតបានហ្មានភាគរយទៅបង?!»

«ហើយមនុស្សប្រុសនៅក្បែរនោះជាសង្សារ?!»

«ឡុង!» ខ្ញុំឆ្លើយខ្លី។

ពួកយើងសាជាថ្មីបានចួបគ្នាទៀត។ ដោយសារថាខ្ញុំមានទម្លាប់មិននិយាយច្រើន តែបានពូកែស្តាប់យោង ​យើងត្រូវគ្នាខ្លាំង​ព្រោះគាត់ពូកែនិយាយ​ហើយនិយាយគិតគេ​ណាស់ មិនងាយ​ធ្វើឱ្យអ្នកណាឈឺចិត្ត​ទេ។ បងរាហ៊ូឆ្លៀតពេលនោះ គាត់បានពន្យល់ខ្ញុំថា បន្លាមុត​ត្រូវយកបន្លាជួស រនាបបាក់ក៏ត្រូវយករនាបជួស រឿងដែលហួសឱ្យវាហួសផុតទៅ។ ហេតុនេះគាត់ថា​ ខ្ញុំធ្វើត្រូវដែល​បញ្ចប់អតីតកាល​ចាប់យករឿងថ្មីឡើងវិញ។

ខ្ញុំត្រឡប់មកផ្ទះវិញ តែងតែគិតឃើញចុះឡើងអំពីទំនាក់ទំនងខ្ញុំជាមួយនឹងឡុង។ គេ​តែងតែ​ឈែត​មករកខ្ញុំជារៀងរាល់ថ្ងៃនិងនិយាយឆ្លើយឆ្លងគ្នាយ៉ាងធូរល្ហុយ រហូតដល់២នាក់ខ្ញុំត្រូវគេឃើញ ដើរជាមួយគ្នានៅក្នុងសាលាដូចរលកញីឈ្មោល ញ៉ាំបាយជាមួយគ្នា ធ្វើHomeworkជាមួយគ្នា។  គ្មានស្អីទៀតទេ​បើយើងមិនមែនជាសង្សារ ឈ្មោះជាអីវិញ?

«ថ្ងៃដប់បួនកុម្ភៈនេះមានរវល់អីអត់គេ?»

ខ្ញុំក៏ឆ្លើយតបវិញ៖

«ជួយរៀបចំផ្ទះម៉ាក់ ពីព្រោះជិតចូលឆ្នាំចិន!»

«អីគេ ហ្នឹង​ចិនដែរ?!»

«ចិនគឺជារឿងផ្តាច់មុខរបស់ឡុងឯងហ្មែន? មនុស្សឈ្មោះឡុងបានសែនចិនបានហ្មែន! ប៉ុន្តែខ្ញុំក៏មិនចង់ធ្វើចិនអីដែរ ធ្វើឱ្យឆ្អែតចុះកឺៗ ខ្ញុំគ្រាន់តែជួយគាំទ្រម៉ាក់​តែប៉ុណ្ណឹង!»

«អូខេ ប៉ុន្តែពីរថ្ងៃទៀតបានចូលឆ្នាំចិន ថ្ងៃដប់បួនយើងញ៉ាំកាហ្វេជាមួយគ្នាទៅ!»

«ខ្ជិលសន្យា​ណាស់!» ​ខ្ញុំតបដោយ​រីកបេះដូងប៉ុនចង្អេរ​។

ទីបំផុតទៅអ្វីដែលនៅសល់​ជាឧបសគ្គ ជារបងធំដែល​ត្រួវផ្តួលចោល​ គឺណាទី។ នាង​​បង្ហាញ​​អាការៈ​ខឹង ហើយនិងតាមស្អប់ពួកយើង។ វាជាសម្អប់មួយដែល​កើតឡើងព្រោះស្រឡាញ់ ម៉្លោះហើយខ្ញុំត្រូវតែ​ប្រឈមមុខ​ពន្យល់នាង​។

ការធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ឬ​អារម្មណ៍«ចូលចិត្ត»នរណាម្នាក់យ៉ាងពិសេស​មិនមែន​ជាកំហុសទេ។ ខ្ញុំមិនចង់បាត់បង់មិត្ត​ម្នាក់ដូចណាទីដោយសាររឿងនេះឡើយ។

នាង​បានអង្គុយម្នាក់ឯង​គួរឱ្យអាណិតណាស់ នៅបង់ពីមុខ​សាលធំនៃសាលា។ កន្លងមក​យើងទាំងអស់គ្នាតែងនិយម​អង្គុយ​ទីនោះ​ វាជារឿងធម្មតាទេដែលពេលឥឡូវនាង​តែងក្រោក​ចោល​កៅអីពេលឃើញ​ខ្ញុំនិងឡុងពីចម្ងាយ។

ការ​ទាក់ទាញខាងរាងកាយ មនោសញ្ចេតនា អារម្មណ៍ ផ្លូវចិត្តឬស្មារតី យើងទាំងអស់គ្នាជាមនុស្ស​ហើយយើងធ្លាប់ចួបប្រទះ ដូច្នេះយើងយល់ណាស់។

សម្រាប់បុរស​ស្រឡាញ់ភេទដូចគ្នាដូចពួកយើងនេះ មិនមែន​មានន័យថាយើង​ត្រូវ«ចេញ»ពីពិភពលោកបាត់សូន្យទៅក្នុងពិភពអណ្តែតអណ្តូង​តែ​ពីរនាក់យើងឯណា? ប្រភេទមនុស្សដូចណាទី​គួរ​ ត្រូវបានគេចាប់អារម្មណ៍ ហើយបើនាង​យល់ខុសឬខឹងគួរតែយើងបកស្រាយ។

ពេលនេះ​ខ្ញុំទៅរកនាង​ នាង​គេចចេញទៀត។

យប់នោះខ្ញុំបានសម្រេចចិត្ត​ឈែតទៅរកណាទីថា៖

«ខ្ញុំដឹងថា ឯងខកចិត្តដែលមាននរណាម្នាក់ដកខ្លួនចេញពីភាពជាពិសេសដែលឯងខំឱ្យមក! តាមពិត​ខ្ញុំចូលចិត្តឯងណាស់ តែឯងដឹងហើយខ្ញុំនិង​​គេមានស្នេហា​ ហើយឯងក៏ដឹងដែរមនុស្ស​ដូចខ្ញុំវាយងាប់ក៏មិនចែករំលែករឿងអាថ៌កំបាំងខ្លួនឯងប្រាប់អ្នកណាទាំងអស់ ប្រាប់ឯងពេលនេះ​ព្រោះទុកចិត្តណាស់ ហើយ​គិតថា​ឯងចេះគិត មិនចង់បាត់បងមិត្ត​ដូចឯងទេ!  ហើយក៏មិនចង់ធ្វើឱ្យឯងមាន​អារម្មណ៍ឈឺចាប់ដែរ​! ល្អទេជាមិត្ត​ដដែល​ដូចមុនវិញ?”

គេមិនឆ្លើយតបឈែតខ្ញុំទេ តែ​គេបានអានវា​។​ ខ្ញុំប្តេជ្ញាចិត្ត​នឹង​​បន្តប្រព្រឹត្តចំពោះណាទីដូចកាលពីមុន​វិញ គឺ​ជាមិត្តភក្តិម្នាក់​ដែល​ពិសេស​ជាងអ្នកផ្សេងៗទៀត។

ពាក្យ​ថាស្នេហា ​គឺអារម្មណ៍​ត្រូវការគ្នា​ចែករំលែករឿងទាំងអស់ជាមួយ​គ្នា​ តែចំពោះមិត្ត​គឺនាងនឹងដឹងរឿងជាច្រើន​ដែលឡុងមិនដឹង ​​ខ្ញុំមិនចង់និយាយជាមួយឡុង​។

មនុស្ស​គ្រប់គ្នាមានពេលវេលាច្រើនក្នុងជីវិតដើម្បីបង្កើតទំនាក់ទំនងដ៏មានអត្ថន័យជាមួយមនុស្ស​ផ្សេង​ៗ​ទៀត មិនបាច់ធ្វើព្រងើយនឹង​អ្នកដែលល្អជាមួយ​យើង​ដោយសារតែយើងកំពុងមានដៃគូនោះទេ។ នេះមិនមែនបោកចិត្ត​ពួកគេ​នោះឡើយ ​តែត្រូវស្មោះត្រង់និយាយប្រាប់ពួកគេ​អំពីការពិត។ មនុស្ស​គ្រប់គ្នា​ស្អប់ក្នុងការឮអំពីការពិតណាដែលខុសចិត្ត​របស់គេ តែ​គង់អាចអភ័យទោសឱ្យ ជាជាងស្តាប់ការណ៍មិនពិត។

ការបន្តស្វែងយល់អំពីអត្តសញ្ញាណផ្ទាល់ខ្លួនរបស់យើង​ ជារឿងធម្មតាទេដែលយើង​ត្រូវ​ការ​ ស្មោះត្រង់ចំពោះខ្លួនឯងសិន មុនពេល​ចង់ឱ្យអ្នកដទៃ​គេមក​ស្តាប់អារម្មណ៍ផ្ទាល់ និងផ្តល់កម្លាំងចិត្តទទួលស្គាល់យើងក្នុងសភាពជាយើង។

វគ្គ

ជីវិតប៉ារបស់ខ្ញុំ

រឿងដែលខ្ញុំពិបាកចិត្តបន្ត នៅក្នុងពេលដែលខ្ញុំលែងសូវមានបញ្ហាផ្ទាល់ខ្លួន គឺបកមករឿងគ្រួសារវិញដដែល។

នេះជាជីវិត វាមិនចេះអស់កង្វល់នោះទេ។ ប៉ា​ខ្ញុំមិនអាចរកបានការងារធ្វើនៅក្នុងកម្រិតដែលគាត់គួរតែទទួលបាននោះនៅឡើយ។

វាមិនងាយទេ ខ្ញុំក៏ដឹង។ ខ្ញុំបានចំណាយពេលទៅគេងផ្ទះជួលជាមួយ​ប៉ាខ្ញុំខ្លះ ដែលមានតែគ្រែមួយសម្រាប់យើងទាំងពីរ និងពេលខ្លះក៏គេងនៅផ្ទះខ្ញុំវិញ។

តាមថា ម៉ាក់មិនសប្បាយចិត្តទេប៉ុន្តែខ្ញុំត្រូវតែធ្វើ ទោះបីជាគាត់មិនសប្បាយចិត្តក៏ដោយ។

ខ្ញុំបាននិយាយជាមួយប៉ាខ្ញុំនៅយប់មួយថា ខ្ញុំមានសង្សារទៀតហើយ ក៏ជាភេទទីបីដដែល។ គាត់ថា៖

«ប៉ាដឹង! កូន​របស់ប៉ា ធ្វើអីក៏​ឱ្យប៉ាដឹងដែរ!!»

«តើប៉ាព្រម​ក្លែងក្លាយមែនអត់? ប៉ាផ្គាប់ចិត្តព្រោះខ្លាចខ្ញុំខូចចិត្ដ បានជាប៉ា​ចេះតែយល់ព្រមជាមួយខ្ញុំ?!»

«មិនមែនទេ ប៉ុន្តែប៉ាចង់ឱ្យកូនចេះដោះស្រាយបញ្ហាដោយខ្លួនឯង!»

ប៉ាប្រាប់ខ្ញុំថា គាត់បាន​ដឹងគ្រប់យ៉ាង ​អំពីការ​ប្រើជីវិត​ជាក្មេងជំទង់ ព្រោះគាត់ធ្លាប់ខ្លួនគាត់។ គាត់ថា នេះគឺជារយៈពិបាកស្មុគស្មាញ​មួយ​ដោយសារការផ្លាស់ប្តូររហ័សណាស់ ទាមទារឱ្យឪពុកម្តាយយល់ដឹង និងសម្របសម្រួលជានិច្ច​។

«ប៉ា​ចង់ធ្វើជាគំរូដ៏ល្អសម្រាប់កូន តែប៉ាក៏មិនទៅរួច!» គាត់និយាយ ប៉ុន្តែខ្ញុំយល់ថា​គាត់សំដៅលើលុយកាក់ឬឋានៈអ្វីមួយ​ដូចម៉ាក់តែងចង់បាន​ តែសម្រាប់ខ្ញុំ ខ្ញុំយល់ថាសំណាង​ហើយដែលខ្ញុំមានឪពុកម្នាក់យល់ចិត្តកូនដូច្នេះ។​

មិនមែន​មកពីប៉ាសម្របតាមខ្ញុំ បានជាខ្ញុំគិតអ៊ីចឹងទេ ប៉ុន្តែ​ជាការពិត​អារម្មណ៍ថា មានសុវត្ថិភាពនិងមានគេព្រមស្តាប់ ​ព្រមឱ្យតម្លៃ​ពិភាក្សា​ ជាតម្រូវការមាស​មួយ​សម្រាប់​​វ័យជំទង់ជិត​ចូល​យុវវ័យ​ពេញលេញ​ដូចជា​ពួកខ្ញុំនេះមែន​។

ប៉ា​តែងតែ​ប្រាប់ខ្ញុំឱ្យហ្វឹកហ្វឺន​វិធី​មើលថែខ្លួនឯង នៅរាល់ពេលមានភាពតានតឹងអារម្មណ៍​ ព្រោះ​​​វ័យ​​នេះ​ងាយណាស់ក្នុងការប៉ះទង្គិចចិត្ត​ ងាយ​ធុញទ្រាន់ និងងាយបោះបង់ចោល ងាយ​ព្រួយបារម្ភដោយគ្មាន​ហេតុផល។ ប៉ានាំខ្ញុំធ្វើលំហាត់ប្រាណជាប់លាប់តាំងពីក្មេងៗមក ហើយប៉ា​ចំណាយពេលដើម្បីសម្រាកជាមួយកូនច្រើនជាងបុរសមេគ្រួសារផ្សេងៗជិតខាងយើង។

សម្តី​គាត់តែងតែ​នៅក្នុងការ​ចងចាំ​របស់​ខ្ញុំថា ការសុំជំនួយមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ។ ដោយសារការប្រៀនមួយនេះដែលខ្ញុំស្រែកទ្រហោយំសុំគាត់មកជួយ កាលម៉ាក់ចង់យកខ្ញុំទៅស្រែ។

ពេលនេះខ្ញុំស្តាយណាស់ ​ព្រោះដោយសារខ្ញុំ​ប៉ាត្រូវបាត់បង់ការងារនិងគ្មានលុយ​កាក់។​ បើគាត់បន្ទោស​ខ្ញុំមួយម៉ាត់ក៏មិនអី ​តែប៉ាខ្ញុំ​ជាប៉ាដ៏ពិសេសបែបនេះហើយ​។​

«ខ្ញុំមិនធ្វើឱ្យ​ប៉ាព្រួយបារម្ភអំពីខ្ញុំទៀតទេ! ជាមួយឡុង ទោះមានលទ្ធផល​អ្វី ក៏មិនប៉ះទង្គិចជីវិត​ខ្ញុំធំដុំឡើយប៉ា!»​

ខ្ញុំចង់និយាយឱ្យគាត់ធូរស្រាល​ការបារម្ភមកលើខ្ញុំ តែគាត់តបមកវិញ៖

«មនុស្សធ្លាប់ខូចចិត្តរឿងស្នេហា ឬខូចចិត្ត​ជា​បន្តបន្ទាប់ទៀត​​ ក៏នៅតែធម្មតា​ដែរក្នុងឆាកជីវិត​! ទោះយ៉ាងណា កុំព្រោះអ្នកមុនមិនល្អ​ យើងក៏​វាយតម្លៃអ្នកក្រោយ! ធ្វើអ្វី​ត្រូវមាន​ភាពស្មោះត្រង់ចាំធ្វើ​ ព្រោះ​ថាបើមិនស្មោះដដែល គង់តែនាំទៅរក​បរាជ័យ យើង​​ទៅខាតពេល​ធ្វើវាធ្វើអីកូន?!»

នេះជាសំណួរចោទស្មុគស្មាញ​គួរសមនៅក្នុងជីវិតស្នេហាលើកនេះសម្រាប់ខ្ញុំ។ ទាំងអស់នេះគ្មានអ្នកណាឆ្លើយជំនួស​ខ្ញុំបានទេ ព្រោះសាមីខ្លួនខ្ញុំ​គង់នៅជាមួយ​ភាពរអាក់រអួលមិនច្បាស់លាស់។

យើងជាតួអង្គក្នុងជីវិត ជាអ្នករៀបចំភាពរញ៉េរញ៉ៃទាំងអស់នោះឡើងមក គឺជាគន្លងលំដាប់លំដោយដែលអាចកើតមានឡើង ក្នុងសភាពការណ៍​ខ្លះក៏ដូចចិត្ត​ប៉ង ​ខ្លះក៏​រញ៉េរញ៉ៃមិនច្បាស់លាស់ ព្រោះសម្របតាមដំណើរព្រហ្មលិខិតសិន។

ខ្ញុំសួរទៅគាត់៖

«ចុះប៉ាគិតយ៉ាងម៉េច បើសិនប៉ាដឹងថាម្នាក់នោះ…គឺTN ធ្លាប់ចង់បក​មករកខ្ញុំវិញ! ចង់និយាយថា​បើជាប៉ា ប៉ា​ទុកឱកាស​ឱ្យអ្នកចាស់ទេ​?»

«ប៉ាចង់ប្រាប់ឯងថា ជីវិតមនុស្សមានបរិយាកាសខុសៗគ្នា! កុំថាឡើយបរិស្ថានរស់នៅ​និងការប្រឈម​ខុសគ្នា សូម្បីតែហេតុផល​អ្វីមួយសម្រាប់សម្រេចចិត្ត ឬយកមកធ្វើជាគោលមុនសម្រេចចិត្ត​ក៏មានស្ថានភាពមិនដូចគ្នាដែរ! កុំយកជីវិតរបស់កូនមកប្រៀបជាមួយប៉ា ឬមួយក៏យកជីវិតគេផ្សេង​មកផ្គូរផ្គងជាមួយកូន!  យើងមិនដូចគ្នានោះទេពីម្នាក់ទៅម្នាក់  ​ហើយវាក៏មិនចាំបាច់ត្រូវ​រ៉ូវ​ជាមួយជាមួយម៉ាក់ឯងវិញទើបហៅថា​ជោគជ័យដែរ! ​ជោគជ័យក្នុងជីវិត​ខុសពីការសាងសំណង់​! ជោគជ័យ​គឺការឆ្លងកាត់បាន មិនមែន​ការសម្រេចបានទេ!  ក៏ត្រូវគិតបន្តិចអាចនឹងរកឃើញចម្លើយហើយ!»

ខ្ញុំនៅស្ងៀម​យល់ខ្លះមិនយល់ខ្លះ។ ម៉្លោះហើយប៉ាបន្ថែមមកទៀត៖

«ពាក្យមួយទៀតដែលគេ​ពេញនិយមគ្រប់សម័យកាលគឺថា របស់ដែលខូចហើយគឺខូចហើយ យើងបំភ្លេចវាចោលទៅរករបស់ថ្មីមកប្រើ នេះក៏មិនមែនមានន័យថា ទំនាក់ទំនង

​មនោសញ្ចេតនា​ចាស់មិនអាចជានាគ្នាវិញនោះទេ មានអ្នកខ្លះគេអាចជានាវិញ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានដូចលំនាំដដែលទេ! ដូច្នេះកុំចំណាយពេលទៅគិត បើសិនជាវាមិនមែនដូចដែលយើងចង់បាន! នេះជាវ័យរៀន ទុករៀនជាអាទិភាព! របស់ផ្សេងទៀតអាចជាការកម្សាន្តដកពិសោធន៍ ឬអាចជាការរៀនឆ្លងកាត់ ហើយកុំទុកជាការពិត​ទាំងអស់ពេក»។

ចេញពីប៉ាមក ខ្ញុំត្រូវបងរាហ៊ូណាត់ គាត់ចង់ត្រាវរឿង​ឥស្សរាចរិយានិងទេពណារ៉ាប្រេះឆាគ្នា។

បងរាហ៊ូឮមកថា ឥស្សរាចរិយាប្រកាស​ក្នុងហ្វេសប៊ុកផ្តាច់ពាក្យ​ហើយ​ ដោយសារតែទេពណារ៉ាបានជ្រើសរើសការពន្យារ​រៀបការជាមួយនាង ហើយត្រូវនាងតាមទាន់ថា ​ទេពណារ៉ាមានក្មេងប្រុសពីរបីនាក់ទៀត។

ខ្ញុំមិនសូវចាប់អារម្មណ៍ទេ ប៉ុន្តែក៏នៅក្នុងចិត្តក៏ស្តាប់ទុកថាក៏ជាមេរៀនទៅ។ នៅពេលដែលយើងព្យាយាមចង់រៀបការជាមួយមនុស្សម្នាក់ដែលមិនពិតជាស្រឡាញ់យើង ឬមួយក៏ដោយបង្ខំចិត្តប្រការណាមួយ ភាគីទាំងសងខាង មុខ​តែ​គ្មាននរណាម្នាក់សប្បាយចិត្តពិត​នោះដែរ។  លោកនេះ​បានបង្រៀន​ឱ្យខ្ញុំដឹងថា តណ្ហា​អាចបង្កើតសោមនស្សឡើងមក​ តែក៏អាចបំផ្លាញមនុស្ស​វិញ​បាន​យ៉ាងជ្រៅ​ៗដូចគ្នា។

នៅថ្ងៃដែលទៅលោខោអាវដើម្បីធ្វើ Pre-wedding  ទេពណារ៉ាបានបាត់ខ្លួនព្រោះ​គេបានលបទៅគេងជាមួយក្មេងប្រុសថ្មីស្អាតម្នាក់ ក្រោយមកត្រូវក្មេងនោះបញ្រ្ចកស្រវឹងក្រោកមិនបាន​។

ខ្ញុំគិតថាទេពណារ៉ា តាមពិត​គឺជាមនុស្សមានការញៀនលើការរួមភេទជាជាងមានសេចក្ដីស្នេហាពិតប្រាកដ។

បែរមកខ្ញុំវិញ ​ខ្ញុំនិង​ឡុងមិនបានប៉ះពាល់គ្នាស៊ីជម្រៅអ្វីទាំងអស់។ កាលទៅគេងបោះតង់ សឹងតែនិយាយគ្នាក្បែរភ្នក់ភ្លើងដាច់យប់ទៅហើយ។

គំនិតរឿងរួមភេទអី នៅតិចជាងអារម្មណ៍ឌឺដងញ៉ែប៉ប្រែគ្នាទៅវិញ។ គេពិតជាខុសពីទេពណារ៉ា​។ ស្នេហា​របស់​ឡុងនិងខ្ញុំ មិនមែន​នៅក្នុងបន្ទប់បិទបួនជ្រុងទេ។ គេបង្ហាញខ្លួនជាមួយខ្ញុំបើកចំហ គ្រប់ទីកន្លែង ដូចជាលោកនេះមាន​តែគេហើយនិងខ្ញុំ។

គ្រប់គ្នា​អាច​គិត​ថា ដោយសារតែខ្ញុំនេះ​ជាមនុស្សធ្លាប់មានសេចក្ដីស្រឡាញ់ចុះស្នាមនឹងព្រានដៃដល់កាលពីដំបូង ដូច្នេះលើកទីពីរ​ទីបី លែងជាអ្វីដែលពិបាកតឹងតែងទៀតហើយ អ៊ីចឹងការដោះដូរខ្លួនប្រាណជាមួយដៃគូផ្សេងៗ អាចថាជារឿងធម្មតាៗ ទោះយ៉ាងណា​ការសម្រេចចិត្ត​មិនដូចគ្នា​ទេ  ភេទណាក៏ដោយមាន​អាថ៌កំបាំង និងការយល់ឃើញផ្ទាល់ខ្លួន។

ការសម្រេចកាមគុណ វាមិនដែលពិបាកស្មើការសម្រេចចិត្តរកត្រូវ​និងខុស​ទេ។  វត្ថុខ្ញុំកំពុងតែស្វែងរក មិនមែន​សម្រាប់យកមក​បំផ្លាញជីវិតខ្ញុំ តែក៏កុំ​ធ្វើឱ្យអ្វីៗ​ទៅជាតឹងតែង​លំបាកលំបិនស្មុគស្មាញ​ពេកទៅបានហើយ។ គ្រប់យ៉ាង​អាចថា អាស្រ័យលើវប្បធម៌​អប់រំក្នុងគ្រួសារនីមួយៗ និងការចេះវិភាគ​គិតគូរផ្ទាល់ មិនថាភេទជាភេទណាក្តី។

«ស្រឡាញ់គ្នា​ស្រឡាញ់ទៅ​! ទៅខ្វល់អីអ្នកណាគិតពីឯងថាម៉េចក៏គិតឱ្យស្លាប់ខ្លួនគេចុះ! ទុកថា គ្មានពួកគេទាំងអស់នេះនៅក្នុងលោកនេះជាមួយ​យើង​ក៏បាន!»

សំដីបងរាហ៊ូអន្លាយៗបង្អូស​មើលតែតួកុនថៃ វក់រឿងភាគថៃពេកហើយបងម្នាក់នេះ។ ​ពេលណាក៏ខ្ញុំស្តាប់ហើយសើចក្អាកក្អាយរំសាយទុកដែរ។

«ចុះបងឯង? ឯណាគ្នា? ១៤កុម្ភៈបបួលខ្ញុំចេញមក ធ្វើមើលតែខ្ញុំសង្សារបងឯង!»

«ហើយចុះឯងណាឡុង​របស់ឯង ​ថ្ងៃនៃក្តីស្រឡាញ់ទាំងមូលណា៎!»

«តិចទៀតចេញពីបងឯង ទៅចួបគា្នហើយ! ភ័យជំនួសហ្មែន!»

«អឺ​ល្អ! មានឱកាស​កុំឱ្យរួចពីដៃ ប្រើយុវវ័យ​ឱ្យអស់ពីកម្លាំង​ប្រាក់រំលោះទៅ! ​កុំឱ្យ​ចាស់ឡើងដេកនឹក​ស្តាយ​!​​​»

«ស្អីកម្លាំងប្រាក់រលោះបងឯង? លើកទឹកចិត្តឱ្យប្អូនធ្វើអ្វីមួយមិនល្អពូកែម៉េះ?!»

«មើលៗៗៗៗ បើសិនជាការរួមភេទ​ ការមានស្នេហា​ជារឿងមិនល្អ លើលោកនេះគ្មានមនុស្សជាតិ​ទេ​ជេមស៍​! គ្រប់គ្នាកើតឡើងពីក្តីស្រឡាញ់ ឬកើតចេញពីក្តីស្អប់ខ្ពើមអ្ហះ? បើមែន លើលោកនេះសោះកក្រោះស្លាប់អស់ហើយ! គ្មានការបន្តជីវិត គ្មានការរស់នៅ គ្មានមនោសញ្ចេតនា ការតស៊ូ គ្មានស្នាមញញឹមអីនោះទេជេមស៍!»

ឱ! នេះហើយបងរបស់ខ្ញុំ ដែលគាត់និយាយទៅ ខ្ញុំមិនយល់ស្របទាំងស្រុង​នោះទេ ប៉ុន្តែពិតជាត្រូវចិត្តខ្ញុំច្រើនចំណុច​ណាស់។

«ហើយអបអរទេហ្នឹង? ​ស្រីស្អាត​ហាយសូ​ផ្តាច់ពាក្យ!»

«អត់ចាប់អារម្មណ៍ទេបង!​ អត់ទាក់ទងគ្នា!»

ដូចខ្ញុំនិយាយពីខាងដើមអ៊ីចឹង សូម្បីតែរវល់រឿងខ្លួនឯងក៏មិនគ្រប់ផង មានពេលឯណាទៅរវល់ជាមួយនឹងពួក​តារាសាធារណៈ​សាច់រឿងពូកែបត់បែននោះ? ពួកគេ​ចួបបែកកាន់តែច្រើន មាន​តួអង្គលេងជាមួយ​កាន់តែសម្បូរបែ​ប គេកាន់តែលេងឡើងលានហ្វូឡូដែរ​មិនខាន​ព្រោះសម្បូររឿង​ឱ្យទស្សនា​។

​ខ្ញុំដឹងថាគ្រប់គ្នាដែលចូលចិត្តខ្ញុំ និងដឹងរឿងកម្សត់របស់ខ្ញុំ ដែលធ្លាប់ស្មោះមក​ត្រូវគេបោកប្រាស់​និងមាក់ងាយ ពិតជាចង់ឃើញឥស្សរាចរិយា និងTNដល់អន្តរធាន ប៉ុន្តែ​កុំអី ខ្ញុំភ្លេចពួកគេ​ហើយ​ មិនថាអតីតកាល​ធ្វើឡើងព្រោះ​ក្ដីលីលា ឬក៏បែកបាក់គ្នាព្រោះកម្ម​អតីតជាតិ សូមទាំងអស់គ្នា​សម្រេចចិត្តថា នេះមានជីវិត! គ្មានអ្វីអាក្រក់ខ្លាំង ហើយក៏គ្មានអ្វីដែលល្អឥតខ្ចោះនោះដែរ​។

ពៀររំងាប់ដោយការបញ្ចប់វា។ ជោគជ័យ​ខ្ញុំគឺអាច​បានបំភ្លេចពួកគេ។ ជីវិត​យើងពិតមិនមែន​រឿងល្ខោនភាគ ដែលតួអាក្រក់នឹងត្រូវ​ចប់ដោយស្លាប់ឬឆ្កួតនៅចុងបញ្ចប់ទេ។ គ្រប់អំពើ​មាន​ផលកម្មម្យ៉ាង​ម្នាក់​ៗ ​បណ្តោយតាម​ជតារាសីម្នាក់ៗទៅចុះ។ ត្រូវមានជំនឿថា គ្រប់យ៉ាងតែងមានគន្លាក់សម្រាប់ចាប់ផ្តើម​ឡើងវិញបានជានិច្ច ​កុំភ្លេច​ធ្វើតាមខ្ញុំ បោះចោលគំនុំ​រឿងចាស់ ហើយអភ័យទោស ​និងឈប់តាមដាន ឈប់តាមចងពៀរគ្នា។ ខ្ញុំរវល់ណាស់ជាមួយនឹងការរៀបចំជីវិតសាជាថ្មី ការត្រៀមចូលរៀននៅមហាវិទ្យាល័យ​ជាងមួយឆ្នាំទៀតនេះ។​

ខ្ញុំពេលនេះ មានបងរាហ៊ូជាមិត្តល្អម្នាក់ដែល​ទេពណារ៉ា​បានបន្សល់ឱ្យ ជាបងដែលតែងតែនិយាយត្រង់ទៅត្រង់មកប្រាប់ខ្ញុំ។ ​ជាមួយនោះក៏ទើបមានសង្សារម្នាក់គឺឡុង មានមិត្តម្នាក់ដែលខ្ញុំមិនចង់បាត់បង់ដូចណាទី មានប៉ាម្នាក់​ដែល​ខ្ញុំពិភាក្សា​បាន​គ្រប់រឿង​ស្មើទីប្រឹក្សា​អាជីព  មានម៉ាក់ម្នាក់​រញ៉ាំរញ៉ូវតែស្រឡាញ់ផ្គត់ផ្គង់ខ្ញុំ ​រវល់តែរឿងខ្ញុំនិងមនុស្ស​សំខាន់ៗរបស់ខ្ញុំមិនគ្រប់ផង បើសិនជាឱ្យខ្ញុំទៅ​គិត​បារម្ភរឿងអ្នកដទៃទៀត​ចប់មិនខាន។

ថ្ងៃខ្លះខ្ញុំសួរខ្លួនឯងថា ចុះបើសិនជាថ្ងៃណាមួយ ខ្ញុំនិងឡុង​ត្រូវ​ជួបរឿងដូចលំនាំកាលបែក​ជាមួយទេពណារ៉ា តើខ្ញុំនឹង​ឈឺយូរទៀត​ដែរទេ? រហូតដល់ថ្នាក់ធ្វើឱ្យ​មានបញ្ហាជះឥទ្ធិពលដល់ការសិក្សាទៀតឬអត់ ខ្ញុំប្រាប់ខ្លួនឯងថាទេ!

​ពីនេះទៅមុខ​គឺផ្សេងគ្នា។ មិនថាខ្ញុំខូចចិត្តកម្រិតណា ខ្ញុំមិនបណ្ដោយវា​ឱ្យមកប៉ះពាល់ជាមួយនូវការសិក្សារបស់ខ្ញុំជាដាច់ខាត។

ខ្ញុំត្រូវតែបន្តទៅមហាវិទ្យាល័យតាមគម្រោងរបស់ខ្លួនឯង ហើយខ្ញុំនឹងធ្វើរឿងមួយនេះឱ្យទាល់តែ​បានសម្រេច រហូតដល់ខ្ញុំក្លាយជាមនុស្សម្នាក់មានវិជ្ជាជីវៈមួយពិតប្រាកដ។

«បានផ្កាហ្មានទង?!»

ឡុងសួរភ្លាម​ពេលគេចូលមកដល់ ក្រោយដែល​បងរាហ៊ូចាកចេញបានបន្តិច។ របៀបទាញកៅអី​ធ្ងន់ត្រម៉ោក​របស់គេ ​ហាក់ចម្លែកមិនដូចឡុងរាល់ដងសោះ។  ថែមក្លែមសំណួររឿងផ្កាភ្ញីអីទៀត​ខ្ញុំភាំង​ៗ​។ គេនេះប្រចណ្ឌដឹង?​

«មិញជជែកគ្នារឿងអីសប្បាយចិត្តប្លែក?!»

គេថែមមកឃ្លាថ្មី​បានន័យថាប្រុសស្អាតកូនចិន​ បាន​មកដល់ហាងនេះ​មុនពេលខ្ញុំនិងបង​

រាហ៊ូ​ចប់​។ គេទំនង​ជា​ចំណាយពេលនោះ​ លបមើលពីរនាក់ខ្ញុំជជែកស្និទ្ធស្នាលខាងក្នុង​ហើយយល់ខុស​។

«បងខ្ញុំទេ!» ខ្ញុំប្រាប់ទាំងលើកកែវមកក្រេប។

«ក្រែងកូនទោលអ្ហី?!»

«បងរាប់អានគ្នា! ហើយម៉េច?»

«ថ្ងៃ១៤កុម្ភៈណ៎ា! មើលពីក្រៅកញ្ចក់មក ក៏​អាចថត Spot រ៉ូមែនទិកមួយបានដែរ​!»

«ស្អីគេ Creative ​ម៉េះ?»

គេមុខក្រហម​ដាក់ខ្ញុំ ហើយក្រឡេកកែវបងរាហ៊ូ ថែមទាំងវាសចេញ​ទៅម្ខាងសម្តែង​ភាព​​មិនពេញចិត្ត​ មុនពេលក្រោកទៅហៅអីមកញ៉ាំ។

ប្រចណ្ឌល្អមើលណាស់ម្នាក់នេះ។

ស្រមៃមើល ប៉ុនបងរាហ៊ូចំណាស់ហ្នឹងហើយគេ​យកមកប្រចណ្ឌបាន ពូកែ​រកប្រធានបទមករក​រឿង​គ្នា​ដែរតើ។

វគ្គ

ស្រឡាញ់ម្តងទៀត

ការមានអារម្មណ៍ច្រណែនប្រចណ្ឌ នៅក្នុងទំនាក់ទំនងអ្នកស្រឡាញ់ភេទដូចគ្នាគឺភាគច្រើនបញ្ចេញមក​បើកចំហ មិនសូវក្រែង​ដូច្នេះឯង។ ខ្ញុំដឹងរឿងនេះច្បាស់ហើយ​នេះជាភាពធម្មជាតិឥតខ្ចោះរបស់ពួកយើង។ យើងមានលក្ខណៈធម្មជាតិមួយ ដែលទម្លាប់មិនសូវលាក់អារម្មណ៍​ឡើយជាពិសេសពេលណាដែលមាន​រឿងមិនសុខចិត្ត គឺផ្ទុយពី​​ឥស្សរាចរិយា​ដែលលេងល្បិចៗ វាយ​ខ្ញុំពីក្រោយ​ហើយ​ធ្វើជា​ថ្លៃ​ថ្នូរ។

នៅពេល​ពួកយើងខឹងគ្រប់គ្នានឹងឃើញ​ពិតៗ ហើយ​ពេល​យើងចង់ធ្វើអ្វីមួយ ឧទាហរណ៍ដូចពេលនេះ​ឡុង​អាចមានអារម្មណ៍ច្រណែនប្រសិនបើគិតថា បងរាហ៊ូសង្ហា​សមជាមួយ​ខ្ញុំ គេ​នឹង​បញ្ចេញ​ឱ្យដឹងតែម្តង ថាគេប្រចណ្ឌ។

សម្រាប់គ្រប់គ្នា ទំនាក់ទំនងស្នេហា​ដៃគូមួយទល់នឹងមួយ មានសារៈសំខាន់​ព្រោះតែមិនចង់ឱ្យមាន​រឿងប្រចណ្ឌច្រណែននេះឯង។ ​ស្នេហា​ដែលគ្មាន​អារម្មណ៍ថាមាន​សុវត្ថិភាព មិនមែនជាស្នេ​ហា​ដែលពួកយើងចង់បានទេ។​ គ្មា​នភេទណាចង់បានឡើយ។

កំពុង​អង្គុយជាមួយអារម្មណ៍ជ្រាលជ្រៅដូចអ្នកនិពន្ធឬទស្សនវិទូ​ស្រាប់តែ ដៃមួយលោមកប៉ះមុខខ្ញុំ។

បន្ទាប់មក អូសទៅអង្អែលសក់ខាងក្រោយរបស់ខ្ញុំទៀត។

បេះដូងខ្ញុំលោតភឹប។ គ្រាន់តែមួយបង្អូសនេះ ​ខ្ញុំនឹកឃើញឡើងវិញភ្លាម​ដល់រាត្រីកាលមួយ​ដែលប៉ានឹងម៉ាក់សម្រេចបែកផ្ទះ​….

យប់នោះ ខ្ញុំបានមានៈ​យកលេសក្នុងផ្ទះ ចាកចេញទៅជាមួយ​ទេពណារ៉ាទាំងទុក្ខសោក។ មនុស្សម្នាក់ បានចារទុករបៀប«ប៉ះពាល់»ពិសេសមួយលើរាងកាយខ្ញុំ។​ សញ្ញាណនៃបាតដៃគេដែលប៉ះមកលើខ្លួនប្រាណខ្ញុំ ​មិនថាដោយរបៀបណាឬទីកន្លែងណា សឹងអាចធ្វើឱ្យខ្ញុំភាំងស្លុតបាន។

ទេពណារ៉ា​ទាញកៅអីមកអង្គុយពីមុខខ្ញុំច្រង៉ាងៗ ជាមួយទឹកមុខមមីរឌឺ។ បាច់ផ្កាមួយធំ ដាក់សង្កត់ពេញលើតុនេះ ក្រោមក្រសែភ្នែក​អ្នកផងគ្រប់គ្នា។

«លើកនេះ យើងនៅកណ្តាលហាងកាហ្វេ លែងក្នុងបន្ទប់ស្ងាត់ៗបួនជ្រុងទៀតហើយ!»

គេនិយាយតិចៗ​តែសម្លឹងជ្រៅៗមកក្នុងកែវភ្នែកក្រឡង់ៗរបស់ខ្ញុំ។    បុរសម្នាក់ដែលធ្លាប់​សង្ហា​​ហួសហេតុក្នុងបេះដូងខ្ញុំ ជាបុរសដ៏មានសុជីវធម៌ មាន​ប្រជាប្រិយភាព និងមិនព្យាយាមធ្វើឱ្យអ្នកណា​ចាប់អារម្មណ៍ រម្យទមសិចស៊ី ពេលនេះលេច​ឡើងមកវិញបានទាំងអស់នូវអារម្មណ៍​ឆាបឆេះជាមួយគេកាលពីមុន។

ការប្រើភ្នែកស្កេនមើលរាងកាយខ្ញុំពីលើចុះក្រោម ដូចព្យាយាមចង់ដឹងថា​ខ្ញុំស្គមឬធាត់ សុខសប្បាយ​ឬកើតទុក្ខ នាថ្ងៃនៃក្តីស្រឡាញ់មួយនេះ។

ក្រឡេកមើលទៅឡុង គេ​កំពុង​ឈរច្រង៉ាងក្បែរតុគិតលុយ​ហើយសម្លឹងមក​ទាំងមុខស្មើ។

​លោកនេះ គ្មានអ្នកណាមិនស្គាល់សង្សារចាស់ដ៏ល្បីរបស់ខ្ញុំទេ។ ពិសេស​រឿង​ត្រូវមួយជើងកៅអីបែកក្បាលព្រោះតែហេតុផល​ខ្ញុំមានឌីប្រេសិន។

ខ្ញុំលេបទឹកមាត់ភ័យ​កាលបើមើលឃើញការសម្លឹងផ្លូវកោងរបស់ឡុង ហើយ​ការស្រមើស្រមៃដ៏អាក្រក់មួយកំពុង​បណ្តាលចិត្ត​ខ្ញុំ ឱ្យក្រោកឈរឡើង​សន្សឹមៗប្រុងថា នឹង​អូសដៃឡុងចាកចេញ។

«ជេមស៍ស្អាតណាស់! ស្អាតជាងមុនទៅទៀត!»

នៅពេលបុរសម្នាក់សរសើរអ្វីមួយលើខ្លួនខ្ញុំ ​ខ្ញុំដឹងថាគេ​ព្យាយាមទាក់ទាញចំណាប់អារម្មណ៍ឱ្យមកស្លុងស្លុប​នឹង​ភាសាស្នេហាចាស់កាលពីមុន​ ដែលឈឺៗនៅឡើយនៅក្នុងទីអាថ៌កំបាំងមួយ​នេះ។

មានភាពខុសប្លែកគ្នា រវាងបុរសម្នាក់ដែលទើបតែ​ដើរចូលមកក្នុងបេះដូងយើង និងម្នាក់ទៀតដែលបានរុករាន​ក្លាយជាម្ចាស់ទីនោះមុន​ហើយជ្រៅផង។

ខ្ញុំចង់ស្រែកគំហកថា «មកធ្វើអី» គ្មានអ្នកណាស្វាគមន៍​ទេ តែស្រែកមិនចេញ ​បានត្រឹមឈរឡើងស្កុប។ ឡុង​បោះបង់ចោលការរង់ចាំកុម៉្មង់ដោយ​ដើរ​ត្រលប់មកវិញយឺតៗ

«ម៉ោធ្វើអី?!»

ឡុង​សួរដោយញាក់ស្មា។​ ចំណែក​ទេពណារ៉ាវិញ មិនខ្វល់បែរក្រោយមើលប្រភពសំណួរទេ គេងាកមកចំហៀង​មិនដល់៣០ដឺក្រេផង ​បានន័យថាគេតោះតើយនឹងវត្តមាន​ឡុង ទុកថាគ្មាន​បានការអ្វីសម្រាប់ភ្នែក​គេក្នុងការ​ចំណាយទៅមើលឡុង។

«អ្ហែងមុខក្រាស់ម៉េះអ្ហ៎ា!»

ឡុងថាមកទៀតទោះបីរាងឆ្គងហើយ​ទេពណារ៉ា​ចាស់ជាងឡុង​ច្រើន​។

រាងកាយរបស់គេ​ប្រឈមមុខនឹងខ្ញុំ ទុកខ្នងចោលឱ្យឡុង ខ្ញុំខ្លាចតែឡុងកម្រោលទេ។ ពេលនេះ ​តើខ្ញុំបារម្ភ​ទេពណារ៉ា ឬឡុងឱ្យប្រាកដទៅ។

ខ្ញុំលូកដៃទាញយកទូរសព្ទនៅក្រោមបាច់ផ្កាយ៉ាងតក់ក្រហល់ ​ស្រាប់តែ​ថ្ពក់ទំនាក់ទំនងភ្នែកជាប់ជាមួយការសម្លឹង​ដ៏ក្រៀមស្រពោនមួយរបស់​គេ​ ទេពណារ៉ា។

ព្រានម្នាក់នេះ មាន​អំណាច​ទាក់ថ្ពក់ពេកហើយ។ សួម្បីគេធ្លាប់ទះកំផ្លៀងខ្ញុំវិលខ្ញាល់ ក៏នៅតែ​ពន្លឺភ្នែកគេពេលនេះ​ឆក់ខ្ញុំបានជាប់ឆឺង ​ចុះទម្រាំក្មេងថ្មីៗទៀត?

បុរសម្នាក់ដែលគ្មានអ្វីដែលត្រូវបាត់បង់នោះ មិនមានអ្វីពិបាកក្នុងការសម្តែង​កម្សត់ទេ​ខ្ញុំដឹង​។ តែ​ម៉េចខ្ញុំឈាន​ចេញមិនចង់បាន?

ដៃឡុងក្របួចមករកកអាវគេ​ មានតែខ្ញុំទេដែលមើលឃើញ។ ​មិនថាទេពណារ៉ា​ មាន​ចេតនាឱ្យសង្សារថ្មីខ្ញុំមានរឿងឬអ្វី ​ខ្ញុំមិនអាច​ឈរមើលទេ។

ការ​មើលទៅក្នុងភ្នែកយូរនិងចម្លែកនេះ ជាការប៉ះផ្ទាល់ដល់ជម្រៅបេះដូងតូចច្រម៉ក់របស់ខ្ញុំ ជាការ​​ព្យាយាមចែចង់ រង់ចាំការឆ្លើយតបជាមួយការអង្វករមួយ តែហាក់​មានអំនួតពន់ពេកហើយ​។

«អរគុណដែលចូលមកក្នុងជីវិត​ខ្ញុំ» នឹកដល់ពាក្យ​ចាស់មួយឃ្លា​របស់ខ្លួនឯង ដែល​ខ្ញុំថាពេល​ទ្រោបគេងលើទ្រូងគេ ក្រោមស្នាមញញឹម​កម្រនៃសិស្សច្បងដែលរីកមកប៉ប្រឹមកំដរជីវិតក្មេងមានបញ្ហាគ្រួសារម្នាក់នេះ។ ថ្ងៃនេះម៉ោងនេះ ខ្ញុំបែរជាចង់សួរគេថា «ម៉េចទៅមិនផុតពីជីវិតខ្ញុំសោះ?»

ខ្ញុំទាញភ្នែក​គ្រវាត់ចោលការសម្លឹង​របស់គេ ហើយទៅដល់ពីមុខឡុងភ្លាមៗ។  ដៃខ្ញុំស្រវា​ក្តោប​ដៃឡុង ទោះបីឡុងប្រឹងរលាស់យ៉ាងណា ​ខ្ញុំប្រឹងហើយប្រឹងទៀតថ្ពក់យក​ម្រាមទាំង១០របស់គេមកឱ្យទាល់តែបាន​។

«កន្លែងនេះអត់សប្បាយទេ​ឡុង! យើងចេញទៅកន្លែងយើងវិញណ៎ា!»

ទេពណារ៉ា​ក្រោកមកដែរ​ គេបែរមកតាមខ្ញុំ ធ្វើឱ្យឡុងសម្លក់ភ្នែកទៅរកគេ ​មិនព្រមមើលមុខអង្វរ