ភាពយន្តខ្មែរ «រសជាតិអ្នកមាន»​ វ​គ្គបី នាំមកនូវការអប់រំសង្គមខ្ពស់

ទូរទស្សន៍PNN គ្រោង​នឹងប​ញ្ចេញ​នូវខ្សែរឿងភាគទូរទស្សន៍ដ៏សម្រិតសម្រាំងជំនាន់ទីបី ​ក្រោមចំណងជើងដ៏មានប្រជាប្រិយភាពរបស់ខ្លួនគឺ រឿង«រសជាតិអ្នកមាន»វគ្គ ហេឡូអ្នកម៉ាក់។

នេះជាស្នាដៃបន្តនៃអ្នកនិពន្ធនិងដឹកនាំរឿងដ៏មាន​កេរ្តិឈ្មោះ គឺលោកស្រី ពាន់ភួង បុបា្ជ។

​អ្នកនិពន្ធ​ ម៉ីសន ​សុធារី ដែលបាន​ទស្សនា​វគ្គខ្លះៗនៃភាពយន្តនេះ​ បានបញ្ចេញយោបល់ឱ្យយើង​ដឹងថា ការអប់រំដ៏ស៊ីជម្រៅ ​និងតថភាពជីវិតបច្ចុប្បន្ន ​ដែលមាន​ឆ្លុះបញ្ចាំងអំពីជ្រុង​ខ្លះក្នុងជីវិត​អាពាហ៍ពិពាហ៍របស់ស្ត្រីខ្មែរក្រោមគំនាប​សេដ្ឋកិច្ច​និងទំនៀមទម្លាប់ចាស់បង្កប់ក្នុងរឿងភាគ​ដ៏ល្អមួយខ្សែនេះ​ នឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន​ថ្មីសម្រាប់សង្គមអ្នកទស្សនា​។ឮ

​ព្រឹកមិញនេះដែរ កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងកម្មវិធីផ្សាយ និងគ្រប់គ្រងការផលិតភាពយន្តខ្មែរ ​និងជា​អ្នកផ្តើមគំនិត​លើ​ខ្សែរឿងភាគ សេរ៊ី រសជាតិអ្នកមាន​ ដ៏ល្បីរបស់Pnn បានឱ្យយើងដឹងលំអិត​បន្ថែមថា វគ្គ ហេឡូអ្នកម៉ាក់ និងផ្តល់នូវទស្សនាទានថ្មី សម្រាប់ស្រ្តីមេផ្ទះក្នុងការ​តស៊ូកែប្រែកម្រិតសមត្ថភាពសង្គមរបស់ខ្លួន មិនចុះចាញ់ឧបសគ្គ មិនបណ្តោយទៅតាម​ព្រហ្មលិខិតនិងមិនស្ងៀមស្ងាត់ចំពោះអំពើហិង្សាមិនថា កាយ​ឬចិត្ត​ក្តី ក្នុងរង្វង់អាពាហ៏ពិពាហ៍ពោរពេញដោយភាពផិតក្បត់។

កញ្ញាបន្តឱ្យយើងដឹងបន្ថែមទៀតដែរថា៖

«ប្រសិន​បើយើង​មិនព្យាយាម​បង្កើតសាច់រឿងដែលមាន​លំនាំបែបដំណោះស្រាយ បញ្ហា​នៅតែជាបញ្ហា​ ហើយយើងតែងតែរិះរកគ្រប់មធ្យោបាយ ប្រមូលផ្តុំអ្នកមានសមត្ថភាពមកជួយដល់យើងធ្វើយ៉ាងណា​ឱ្យរឿងភាគនៅភីអិនអិន ពោរពេញដោយ​ដំណោះស្រាយ​សម្រាប់សង្គមជាក់ស្តែង!»

រឿង«រសជាតិអ្នកមាន»វគ្គ ហេឡូអ្នកម៉ាក់​ក្រៅពីប្រមូលផ្តុំដោយក្រុមផលិត​មានជំនាញ​ខ្ពស់ សាច់រឿងចូលរួមដោយតារាល្បីៗជាច្រើនរូប​​  អ្នកនិពន្ធ ពាន់ ភួងបុប្ផាបានអះអាងបន្ថែមទៀតដែរថា នេះជាសាច់រឿង​ដែលលោកស្រីធ្វើការសិក្សា​វិធីសាស្ត្រថ្មី ក្នុងការ​ទាក់ទាញ​ពីមួយភាគទៅមួយភាគ​ពេញ​ដោយ​បញ្ហា ​ដែល​រំលេចមក​ចោទ ក៏ដូចជា បាន​បង្កប់ដំណោះស្រាយ ។ ​ស្ត្រី​ ឬអ្នកទស្សនាទាំងឡាយ ​អាចចងចាំ នឹង​ប្រើប្រាស់ជាផ្នត់គំនិតវិជ្ជមាន​សម្រាប់យកទៅប្រើដឹកនាំជីវិតពិតបាន។

លោកស្រីបានពន្យល់បន្ថែមដែរថា ជីវិតមនុស្ស​រមែងពឹងផ្អែកលើមាសប្រាក់លុយកាក់​លើវិស័យគាំទ្រជាច្រើននៃការរស់នៅ ​ប៉ុន្តែ​សុភមង្គលក្នុងគ្រួសារ គឺជាអ្វីមួយលើសពីការដែលប្រាក់អាចសន្យាបាន។

« នៅក្នុងរសជាតិអ្នកមាន​ទាំងប៉ុន្មានវគ្គមកនេះ យើងខ្ញុំបានបង្កប់មកនូវការអប់រំ​អំពី​ស្មារតីនៃខ្លួនទីពឹងខ្លួនជាជាងការពឹងផ្អែកលើគូជីវិត ឬគ្រួសារដែលជាអ្នកមាន​! ជាអ្នកនិពន្ធមួយរូប ខ្ញុំយល់ថា សង្គមបច្ចុប្បន្ន​ត្រូវការ​ភាពយន្តឬបទនិពន្ធបែបនេះច្រើន​ឡើងៗ​ដើម្បីចូលរួមកាត់បន្ថយការដើរខុសផ្លូវ និងទំនោរ​ស៊ីវិល័យ យកប្រាក់បាំងមុខហួសហេតុ ក្នុងសង្គមដ៏ជឿនលឿន!»

ទូរទស្សន៍ Pnn មានគម្រោង​នឹង​សម្ពោធចេញផ្សាយ​កម្រងភាពយន្តដ៏ល្អនេះ នៅព្រឹកថ្ងៃ ទី០២ ខែមិថុនានេះ​ ហើយ រឿងរសជាតិអ្នកមាន វគ្គ៣ វគ្គហេឡូអ្នកម៉ាក់ នេះ នឹងចាក់ផ្សាយនៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហ វេលាម៉ោង ៨ ដល់ ៩យប់ ចាប់ពីថ្ងៃទី ០៦ ខែមិថុនាតទៅ ។