គេសម្លឹង «បងយស់» របស់នាងដោយមិនខ្ចីមើលមុខនាង តែកន្ទុយភ្នែកគេហាក់ជួយបញ្ចេញកំហឹង។ នេះជាលើកដំបូងដែលអ្នកបរិច្ចាគលុយដ៏សប្បុរស និងអ្នកកូតទ្រដ៏ចំណានហាក់ «ចេះខឹង» នៅចំពោះមុខកែវភ្នែកភ្ញាក់ផ្អើលរបស់នាង។
គេបោះដៃទៅរកអ្នកដែលហៅឈ្មោះគេ ហើយគួរសមគ្នា ទោះបីទឹកមុខគេនៅស្មើ។
«ម៉ោវិញហើយ?!» គេសួរកំបុត។
«ម៉ោបីបួនខែហើយ!» អ្នកឆ្លើយក៏កំបុតវិញ។
«មកបើកហាងគំនូរ ឬក៏មកដាក់របស់ដេញថ្លៃ?»
គេសួរទឹកមុខឌឺដង ហើយក៏មានតែបុរសភេទដូចគ្នាទេដែលអាចកាត់យល់បានថា អ្វីទៅនៅពីក្រោយភាសាកាច់កុងគ្នានេះ។
លោក «សង្វា» ដៀងភ្នែកទៅរកស្រីតូចដែលនៅឈរក្បែរ ទឹកមុខនាងគឺឆ្ងល់លាយបារម្ភ។
ដូច្នេះមាត់គេនិយាយតបនឹងដេត ភូមិន្ទ៖
«អត់មានអីទាំងអស់! គឺនៅទាត់ខ្យល់សិន!»
ដេត ភូមិន្ទកាន់តែសៅហ្មងចិត្ត ធ្វើឱ្យទឹកមុខគេស្មើជាងមុន។
គេកើតចិត្តឆ្ងល់ ក៏បង្កើតសំណួរពីរឱ្យខ្លួនគេគឺថា តើបុរសនៅចំពោះមុខដូចជាកំពុងតែមានចេតនាចង់សំញែងទ្រព្យសម្បត្តិ ដែលមានន័យថា គេអាចដើរលេងទំនេរបាន ឬមួយក៏គេពិតជាឆ្លើយតាមត្រង់មែន?
យើងប្រកាន់គេ ព្រោះគិតប្រចែប្រចណ្ឌ?
នាយកពាណិជ្ជកម្មមិនរវល់ នាយលូកដៃមកក្រសោបហត្ថាស្រីតូច ហើយបន្សល់ក្រសែភ្នែកអំនួតទៅលើគូសន្ទនាជាមួយឃ្លាចុងក្រោយ៖
«ឯងសំណាងមានលុយសម្បូរហូរហៀរដេកចាយបាន មិនមែនបានន័យថា អ្នកណាក៏សំណាងអ៊ីចឹងនោះទេ! គ្នានិងស្រទន់ត្រូវត្រឡប់ទៅវិញ! មានការងារច្រើនបន្តិចថ្ងៃនេះ!»
បុរសសក់វែង គេដកកែវភ្នែកចេញពីដៃដេត ភូមិន្ទដែលនៅស្រាក់លើម្រាមដៃស្រីតូច ហើយគេងើបមុខមើលនាង ទោះជាគេជឿ១០០ភាគរយថានាង ជាស៊ីវី ពុំមែនស្រទន់ក្ដី។
គេមិនទាន់ឆ្លើយអ្វី ដេត ភូមិន្ទបន្តមកទៀត៖
«អូ! ប៊ិះភ្លេច! យប់នេះម៉ោង៨ តួឯកឆោមគន់ Show ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ! កុំភ្លេចទាក់ទងមកគ្នា បើឯងមានចំណូលចិត្ត!»
គេអូសដៃនាងចេញទៅ ដូចម្ដាយអូសដៃកូនតូច រកតែនាងកម្រើក និងតវ៉ាមិនបាន។ បុរសសក់វែងឈរទ្រឹងសម្លឹង ដេត ភូមិន្ទដែលថយឡានចេញច្រងាប់ច្រងិល។
គេអាចស្មានដឹងហើយថា ព្រាននារីក្នុងសង្គមសិល្បៈនេះកំពុងកើតជំងឺប្រចណ្ឌងងឹតមុខ។
ចុះហេតុអីគេមិនតាម ហេតុអីគេមិនចេញមុខការពារនារីតូចដែលហៅគេថាបងនេះ?
ប្រហែលមកពីមុននេះ គឺនៅពេលដែលនាងលែងដៃគេ ព្រោះតែវត្តមានដេត ភូមិន្ត «បងយស់» ដឹងជាស្រេចហើយថា អ្នកសំខាន់ក្នុងបេះដូងនារីតូច មិនមែនខ្លួនទៀតនោះទេ។
ឡានចេញដល់ទ្រូងផ្លូវ នាងរលាស់ដៃគេចេញ ហើយងាករកមើល «បងយស់»។
នាងមើលទៅអន្ទះសាចង់តាមមើលគេនោះហួសហេតុ រហូតដល់ជើងបុរសជាម្ចាស់ជំនិះកាន់តែជាន់ហ្គ៊ែរលឿនសន្ធោ។
នាងងាកមកវិញទាំងទទួលអារម្មណ៍នេះច្បាស់ៗ គឺអារម្មណ៍ដែលដឹងថា ខ្លួនកំពុងត្រូវបានអ្នកណាម្នាក់ខឹង គ្រាន់តែនាងមិនដឹងថា ហេតុអីគេប្រែក្រឡាពីមនុស្សមើលទៅចាស់ទុំ ចិត្តទូលាយ ហើយក្លាយមកជាកំពូលអ្នកជាន់ហ្គ៊ែរបែបនេះ។
«ត្រូវខ្ញុំទេជាអ្នកខឹង!»
នាងរអ៊ូរង៉ូវតិចៗ តែគេស្ដាប់ឮច្បាស់ តែគេបន្តនៅស្ងៀម។
នាងនៅអត់ទ្រាំបន្តិច តែនាងមិនអាចទ្រាំអង្គុយកំដរគេខឹងយូរពេកនោះទេ។ ស្រីតូចកាត់ផ្ដាច់ភាពស្ងាត់ស្ងៀមជាមួយវាចាតិចៗ៖
«បងឯងឈប់ឡាន!!! ខ្ញុំចុះ!»
«សង្ឃឹមទៅ!»
គេតបតិចៗទាំងសើចចំអកនាង។
សំឡេងគេមិនគំរោះខ្លាំង តែស្ងួតច្រឹង បញ្ជាក់ថា គេនៅបន្តខឹង។
នាងដកដង្ហើមវែង។
ទោះយ៉ាងណា ភាពរួសរាយសុទិដ្ឋិ និងរាក់ទាក់ត្រូវគ្របដណ្ដប់ដោយទុក្ខព្រួយ ព្រោះនាងគ្មានពេលទៀតទេ៖
«ដេត ភូមិន្ទ! ខ្ញុំត្រូវធ្វើការ! ស្ដាប់បានអត់??»
«អាការងារចាប់ដៃគ្នាតាមផ្លូវហ្នឹងអ្ហី?!»
«ខ្ញុំក៏មិនបានអង្វរឱ្យបងឯងមកអូសដៃខ្ញុំដែរ មែនអត់?!»
នាងនិយាយដូចជាចងចាំតែកាលដែលនាងត្រូវគេអូសឡើងមក ហើយនាងបានភ្លេចបាត់ទៅហើយពីកាលដែល «បងយស់» របស់នាងក៏បានទាញដៃនាង។
គេមិនមាត់ តែមើលទៅហាក់កាន់តែខឹង។
ឡានគេបត់វ៉េវចូលដល់មណ្ឌល DM ធ្វើឱ្យនាងរួសរាន់និយាយ៖
«អូយ! ខកឡានបាត់ហើយខ្ញុំ!»
គេមិនមាត់មិនក តែចុះពីរថយន្ត ដំណាលនឹងនាង ហើយមកអូសដៃទាញនាងចូលទៅក្នុងការិយាល័យ។
«អត់ទេ! ខ្ញុំប្រញាប់ណាស់! លែងដៃខ្ញុំ!»
នាងប្រកែកយ៉ាងណា គេនៅតែអូសនាំ ដូច្នេះស៊ីវីគ្មានមធ្យោបាយ មានតែនិយាយសំណូមពរ៖
«អ៊ីចឹង បងឯងឡើងឡានវិញ ហើយជូនខ្ញុំទៅកំពង់សោម!»
គេឈប់ជើង ហើយបែរមករកនាង។
ទឹកមុខគេស្មើ ហើយមានភាពស្មុគស្មាញ ប្រហែលថ្ងៃនេះការងារអ្វីកំពុងធ្វើឱ្យគេស្មុគពេក គួបផ្សំនឹងមកទាន់ឃើញនាងជួបប្រុសកំឡោះសក់វែងនៅតាមផ្លូវទៀត?
រេមើលប៉ះកែវភ្នែកគេ នាងដឹងថា គេកំពុងអាក់អន់ចិត្តជាខ្លាំង គ្រាន់តែគេមិននិយាយ។
នាងបង្អង់អាកប្បកិរិយា ហើយបញ្ចេញចរិតជាកូនក្មេងបន្តិចវិញ៖
«អានេះ បើថាបងឯងទំនេរណាស់!»
គេដៀងមកមើលមុខនាង ព្រោះមិនដឹងពីមូលហេតុដែលនាងចង់គេចការងារ ហើយចង់ទៅកាន់តំបន់សមុទ្រ។ នាងក៏បូញមាត់តប ធ្វើមុខមិនសប្បាយចិត្តទៅរកគេវិញដូចគ្នា។
គេឃើញភ្នែក នាងទឹកមុខងរង៉ក់របស់នាងក៏នឹកក្ដៅចិត្តបន្ថែម ព្រោះភាគច្រើន នាងធ្វើមុខបែបនេះពេលនៅជាមួយគេ តែបានទៅជួបបុរសសក់វែង នាងធ្វើមុខរំភើបផ្អែមល្ហែម គឺខុសគ្នាដាច់។
គេនិយាយដោយកែវភ្នែកមិនសប្បាយចិត្ត ដែលនឹកឃើញតែរូបវិចិត្រករសង្ហា៖
«គ្មានពីណាទំនេរដូចអាជាងគូរគំនូររបស់យើងហ្នឹងទេ!»
អ្វីមួយរត់ចច្រប់ក្នុងគំនិតនាង។
មាត់នាងញញឹម ព្រោះចិត្តនាងនឹកទៅដល់រឿងមួយចំនួនដ៏ស្រស់បំព្រងកាលពីអតីតកាល។
«ទីបំផុត បងយស់បានក្លាយជាវិចិត្រករមែនហើយ!»
នាងនៅទ្រឹងជាមួយក្ដីរំភើបលេចលើផ្ទៃមុខ តែនាងមិនដឹងខ្លួនទេថា ទឹកមុខនាងកំពុងធ្វើឱ្យបុរសម្នាក់កំពុងនៅបង្កើយនេះកើតសៅហ្មង។
គេលែងដៃចេញពីនាង ទោះមិនទ្រគោះបោះបោក តែក៏គ្មានភាពថ្នាក់ថ្នម។
នាងប្រែទឹកមុខមកវិញ ហើយងើយសម្លឹងគេទាំងមិនសប្បាយចិត្តដូចគ្នា។
«ដឹងហើយថា លោក ដេត ភូមិន្ទឯណាមកដឹកមនុស្សដូចស៊ីវីទៅមក៨ម៉ោងនោះ?!»
«ឃើញអត់ថា គ្រប់គ្នារវល់? ដឹងអត់ យប់នេះមាន Show អី្ហ? ទោះយើងស្ថិតក្នុងដំណាក់កាលរៀនសូត្រក៏ត្រូវតែមានចិត្តមានថ្លើម ខ្លះដែរ! ឃើញក្រុមហ៊ុនរវល់ត្រូវចេះជួយ! បើចង់ដើរលេងខ្វះពេលណាស់??!»
គេថាហើយដើរចោលនាងដោយជំ ហានវែងៗចូលទៅក្នុង ឯនាងហាក់មិនព្រមទទួលការវាយតម្លៃដ៏អយុត្តិធម៌នេះកើត ទើបដើរផងរត់ផងទៅតាមពីក្រោយ។
«អ្នកណាទៅដើរលេង? ហើយអ្នកណាគ្មានចិត្តគ្មានថ្លើម? បើកុំតែសង្សារសម្លាញ់បងឯង…..!»
នាងឈប់មាត់ត្រឹមនេះ តែវាហួសពេល ព្រោះគេឈប់ដំណើរ ហើយថែមទាំងបែរមកវិញ។
ភ្នែកគេសម្លឹងធ្លុះពន្លឺភ្នែកឆ្លេឆ្លាស្លន់ស្លោរបស់នាង ធ្វើឱ្យនាងរកច្រកគេចខ្លួន តែគេពាំងផ្លូវជាមួយសំណួរដែលអមនឹងកែវភ្នែកមមី៖
«សង្សារ?!»
នាងគេចចេញតាមណាក៏មិនឈ្នះ ក៏ក្រញូវ ព្រោះកែវភ្នែកនាង បេះដូងនាងពេលនេះអណ្ដែតមកតែសម្រស់របស់ Super Model ដាអ៊ីណាដែលគួរឱ្យតូចចិត្ត។
ស្រីតូចនិយាយទាំងតឹងថប់ទ្រូង៖
«មេខ្ញុំ!!!! មេធំរបស់ខ្ញុំ ដាអ៊ីណា! គាត់ឱ្យខ្ញុំទៅកំពង់សោមថ្ងៃនេះ! គឺទៅ Quote សណ្ឋាគារបីកន្លែងឱ្យគាត់!»
ចិញ្ចើមប្រុសស្អាតត្របាញ់ចូលគ្នា ជាសញ្ញាណថាគេងឿងឆ្ងល់។
ភ្នែកគេសម្លឹងធ្លុះដល់ភាពឈឺចាប់ និងទុក្ខព្រួយក្នុងកែវភ្នែកនាងទាំងគូ ហើយជាបណ្តើរៗ គេយល់ពីហេតុផលនៅពីក្រោយរឿងទៅកំពង់សោម។
នាងវិញកាន់តែរំលឹកពីរឿងនេះ ចិត្តក៏កាន់តែច្របល់។ នាងដឹងថាស្រីម្នាក់នោះជាតួធំនៅទីនេះ ពីលើដល់ក្រោម តើមានអ្នកណាហ៊ានទៅតវ៉ាថា រកយុត្តិធម៌ឱ្យនាងកើតទៅ កុំថាឡើយនាយនាយកពាណិជ្ជកម្មដែលថតរូបកៀកកើយស្និទ្ធស្នាលនឹងនាងលើ គម្របទស្សនាវដ្ដីទៀត។??
ស៊ីវីមិនចង់នៅសម្លឹងគេ ទម្រាំដល់ទឹកភ្នែកអាចថាស្រក់ធ្លាក់ចុះមកនោះឡើយ ទើបស្រីតូចបែរចាកចេញទៅ ទោះដៃនាងត្រូវគេលូកមកចាប់សាជាថ្មីហើយក៏ដោយ។
នាងនិយាយរអាក់រអួលទាំងបែរខ្នង៖
«បើបងឯងមិនចង់ឱ្យខ្ញុំបាត់បង់ការងារ ឆាប់លែងដៃខ្ញុំ!»
គេមិននិយាយតបត តែប្រើកម្លាំងអូសបង្ខំនាងចូលទៅក្នុង។
ពួកគេឈានហួសអគារមួយចំនួន ទាំងដែលនាងខំប្រលេះដៃគេចេញ ប៉ុន្តែប្រលេះយ៉ាងណាក៏មិនរបូត។
នាងខាំមាត់ពោលខ្សឹបៗ៖
«បងឯងមិនខ្លាចគេឃើញទេ ដេត ភូមិន្ទ?!»
គេខាំមាត់ខ្សឹបវិញ៖
«ខ្លាចពីណា?!»
«ដាអ៊ីណា សង្សារបងឯង!»
គេបែរមកវិញ ហើយឈប់ដំណើរ។
តាមថា គេចង់ហាមនាងឱ្យឈប់និយាយពាក្យដដែលៗនេះ តែក្រឡេកឃើញកែវភ្នែកក្រឡក់ៗរបស់នាង គេនៅតែមិនដាច់ចិត្ត។
សេចក្ដីស្នេហាលើស្រីតូចដ៏ទៀងត្រង់នេះ ធ្វើឱ្យនាយផ្នែកពាណិជ្ជកម្មមិនអាចទប់ចិត្ត មិនឌឺដងនាងបានមែន។
គឺញញឹមរំលេចថ្ពាល់ខួច ហើយបញ្ជោះនាង៖
«ប៉ិនប្រចណ្ឌម៉េះ?!»
គេថាហើយ សម្លឹងនាងដោយកែវភ្នែកស្រទន់ ធ្វើឱ្យនាងកើតចិត្តរំអុកង៉ក់ងរ ជ្រួញចិញ្ចើមតវ៉ា៖
«អ្នកប៉ិនប្រចណ្ឌមិនមែនខ្ញុំទេ!»
គេសម្លឹងនាងមិនមាត់ តែមាត់គេញញឹមបន្តិចម្តងៗទៅរកនាង។
គេចភ្នែកចេញពីគេ មកប៉ះនឹងស្រមោលមនុស្សពីរបីនាក់ពីក្រោយខ្នងគេ។
កែវភ្នែកនាងប្ដូរមកជាពន្លឺនៃក្ដីបារម្ភពេញទំហឹង ហើយនាងឱនមកផ្ដាច់ដៃគេចេញមួយទំហឹង។
ដេត ភូមិន្ទ ដឹងថាអ្វីកើតឡើងហើយ។
គេព្រមលែងដៃពីស្រីតូចសន្សឹមៗ ហើយបែរក្រោយទៅរកប្រភពដែលធ្វើឱ្យស៊ីវីរងសម្ពាធដល់ម្ល៉ឹង។
….គឺពិតជាដាអ៊ីណាមែន ស្មានអីខុស។
ក្នុងកែវភ្នែកខូចចិត្ត Super Model របស់ DM Empire កំពុងឈរធ្មឹងសម្លឹងមកពីក្រោយខ្នងនាយ។ ធានិត និងក្រុមការងារផ្សេងៗរបស់ស៊ីវីដែលឱនមុខជ្រប់កំពុងនៅពីក្រោយ នារីរូបស្អាតម្នាក់នោះដែរ។
ដេត ភូមិន្ទ ឃើញមុខដាអ៊ីណាកាលណា អ្នកក៏នឹកដល់រឿងកំពង់សោម និង Quote សណ្ឋាគារបី។
គេបែរយឺតៗដើរសំដៅទៅរកដាអ៊ីណា។
នារីនោះរេភ្នែកចេញពីស្រទន់ ហើយសម្លឹងមករកប្រុសស្នេហ៍។
កែវភ្នែកនាងបញ្ជាក់ពេញទំហឹងថា នាងមិនខ្លាចនាយ ក៏មិនខ្លាចនឹងទទួលស្គាល់ថា ខ្លួនកំពុងកើតរោគប្រចណ្ឌនោះដែរ។
ដេត ភូមិន្ទសម្លឹងនាង ហើយនិយាយ៖
«នាំស្រទន់ និងអ្នកក្នុងក្រុមទាំងអស់ទៅបន្ទប់ខ្ញុំ!»
គេដើរផុតពីនារីតួឯកដែលដកដង្ហើមដង្ហក់ដោយកំហឹង តែគេបែរមកវិញ គឺមករកស្រីតូចដែលគេស្រលាញ់។
ស៊ីវីនៅឈរច្របូកច្របល់ ព្រោះកែវភ្នែកដាអ៊ីណាគឺសម្លក់មកសឹងថាស្រក់ចេញជាឈាមបានទៅហើយ។
ដេត ភូមិន្ទនិយាយបន្ថែម៖
«យើង!»
គេចង្អុលស្រីតូចដែលគេស្រលាញ់ពេញចិត្ត ហើយពោលបញ្ចប់ប្រយោគ៖
«អត់ទៅណាទាំងអស់! ចូលបន្ទប់ប្រជុំឥឡូវនេះ!»
នាងនៅទីទើរដដែល ក្រោមកែវភ្នែកក្ដៅ១០០អង្សារបស់ដាអ៊ីណា ទោះបីជាបុរសនោះចូលក្នុងអគារមុនបាត់ហើយក៏ដោយ។
សំឡេងអេមីលាន់មកពីទ្វារម្ខាងទៀត៖
«នៅធ្វើអីទៀត? មិនឮមេហៅប្រជុំទេ?!»
គឺភេទទីបីមើលទៅដូចជាកំពុងស្រែកដាក់ស្រទន់ ប៉ុន្តែធាតុពិត អេមីមានចេតនាចង់រំលឹកដាអ៊ីណាដែលកំពុងត្រូវឆេះសន្ធោដោយភ្លើង ច្រណែនឫស្យា។
ស៊ីវីងាកក្រោយរកមើលមិត្ត ឃើញអេមីដើរមកតាំងៗ ហើយទាញរុញនាងចេញទៅ គឺដើរកាត់ពីមុខដាអ៊ីណា។ ដឹងអី ដាអ៊ីណាឆ្លៀតស៊កមកមួយឃ្លា៖
«ស្មានថាគ្រាន់!? ស្មានថាធ្វើការពឹងលើកម្លាំងមែន? ដឹងអីបានតែមាត់!»
ស៊ីវីដឹងថាកំពុងត្រូវគេថាឱ្យដែលនឹងសន្យាហើយ ធ្វើមិនបាន នាងចង់តវ៉ា ប៉ុន្តែមិនដឹងថាតវ៉ាថាម៉េចក៏នៅស្ងៀមវិញ។
អេមីនិយាយពង្រឹងចិត្តនាង៖
«កុំខ្វល់ច្រើន ហើយក៏កុំត្រង់ពេក! បើត្រង់ពិបាករស់ រៀនវៀចខ្លះក៏បាន!»
សម្ដីអេមីធ្វើឱ្យស្រទន់នៅភ្លឹះៗ ហាក់មិនសូវជាយល់ន័យ តែគិតចុះគិតឡើង អេមីដូចជាចង់ថាឱ្យដាអ៊ីណាច្រើនជាង។
ដៃនាងត្រជាក់ដូចទឹកកកក្នុងប្រអប់ដៃភេទទីបី ធ្វើឱ្យអេមីឱនមកនិយាយខ្សឹប៖
«មិនបាច់ភ័យទេ! លោកភូមិន្ទមិនឱ្យពួកនោះធ្វើបាបឯងទេ!»
ស៊ីវីងើបមុខសម្លឹងមិត្ត។
នាងសួរបកវិញតិចៗ៖
«អេមី ឯងទៅមានរឿងអីជាមួយគេ?»
«គ្មានទេ! គ្រាន់តែយើងទ្រាំឃើញគេធ្វើបាបអ្នកណាៗដែលទន់ខ្សោយមិនបាន!»
«ក្រែងឯងនិងគេជាមិត្ត?!»
«អ៊ីចឹងហើយបានជាយើងចង់បង្អាក់ដាអ៊ីន ព្រោះមិនចង់ឱ្យគេលង់ក្នុងរឿងឫស្យាច្រើនជាងនេះ!»
ស៊ីវីនៅរេរាបន្តិចទើបងើបមុខនិយាយទៅកាន់មិត្តបន្ថែម៖
«គ្មានអីនិយាយទៀតទេ! មានតែពាក្យថាអរគុណណាស់ អេមី!»
ភេទទីបីទំនងជាសប្បាយចិត្តនឹងពាក្យអរគុណ តែគេមិនតប បែរជាលើកម្រាមដៃឃាត់ឱ្យនាងឈប់និយាយ ព្រោះពួកគេឈានមកដល់បន្ទប់ នាយកពាណិជ្ជកម្មទៅហើយ។
ទ្វាររបើកស្រាប់បង្ហាញថាមុននេះ ដេត ភូមិន្ទពិតជាមិនបានបិទវាទេ គឺគេនៅអន្ទះសារង់ចាំបើកអង្គប្រជុំមួយនេះ។
ក្រសែភ្នែកដំបូងដែលនាងវាត់ទៅ គឺត្រូវចំដេត ភូមិន្ទតែម្ដង គេអង្គុយលើតុវែងរង់ចាំហើយជាស្រេចនៅពីមុខកុំព្យូទ័ររបស់គេ ហើយមិនបានងើបមុខទេ។
ទឹកមុខគេមិនល្អ ធ្វើឱ្យស៊ីវីបារម្ភ តែពុំមែនបារម្ភត្រង់ថានាងនឹងត្រូវរងការស្ដីបន្ទោស បែរជាបារម្ភថាគេនឹងចែចង់នាង បង្ហាញស្នេហាគេមកកណ្ដាលជំនុំចំណោមទៅវិញ។
នារីត្រូវអេមីរុញឱ្យអង្គុយ ហើយភេទទីបីក៏អង្គុយអមក្បែរនាង។
នៅមិននៅ បុរសម្ចាស់បន្ទប់ងើបមុខមកសម្លឹងអេមី ហាក់ឆ្ងល់ថា ហេតុអ្វីគេក៏មានវត្តមាននៅទីនេះ។ នរៈមិនដឹងទេថា អេមីខ្លាចស្រទន់តតាំងមិនឈ្នះមាត់ជាច្រើន អ៊ីចឹងហើយត្រូវតែចូលមកដើម្បីការពារនាង។
«នេះបើកុំតែអេមីជាប្រុសមិនប្រុស ស្រីមិនស្រី កុំអីគេនេះកើតខឹងទៀត?!»
ស្រទន់សម្លឹងមុខគេម៉ក់ៗ ស្របពេលដាអ៊ីណានាំកាយល្វតល្វន់ពីលើស្បែកជើងចោតរបស់នាងចូលមក ដល់ ដោយទាំងក្រុមអ្នកហែហមផង។
ស្រីតារាឯកអង្គុយនៅខាងម្ខាងទៀតដោយមុខក្រញូវ។
ដេត ភូមិន្ទចាប់ផ្ដើមស្រដីដោយទឹកមុខស្មើ៖
«ថ្ងៃនេះ ពួកយើងសុទ្ធតែរវល់! ខ្ញុំសុំទោស ប្រសិនបើការជួបគ្នានេះធ្វើឱ្យរំខានការត្រៀមសម្រាប់កម្មវិធី! ខ្ញុំសុំពេលប៉ុន្មាននាទីប៉ុណ្ណោះ សម្រាប់ទូន្មានទៅបុគ្គលិកថ្មីម្នាក់!»
ដាអ៊ីណាចងចិញ្ចើមសម្លឹងគូប្រជែងបេះដូង ហើយរេភ្នែកមកសម្លឹងប្រុសស្នេហ៍។ បុរសនោះមិនងាកមើលមុខស៊ីវីនោះទេ តែដាអ៊ីណាមានអារម្មណ៍ថាទំនាក់ទំនងពួកគេ គឺខ្សែសង្វាក់ចិត្តថ្លើមបេះដូងរបស់នាយបានត្របាញ់ទៅរកនារីនោះ ជំនួសឱ្យការសម្លឹងទៅទៀត។
សំឡេងដេត ភូមិន្ទលាន់មកបន្ថែម៖
«ខ្លួនជាបុគ្គលិកថ្មី ទ្រឹស្ដីនិងការអនុវត្តសុទ្ធតែមិនទាន់មាំ រយៈពេលហាត់ការមិនប្រឹងរៀនសូត្រ មិនខំជួយមិត្តរួមការងារដែលកំពុងរវល់! ឆ្លៀតពេលគេចចេញក្រៅដើរសប្បាយនៅតាមផ្លូវ មិនស្គាល់ឋានៈតួនាទី តាមថាតើគួរទទួលការពិន័យរបៀបម៉េច?!»
គ្រប់គ្នាដែលហែហមដាអ៊ីណាហាក់សប្បាយចិត្ត ហើយស៊ីវីតូចច្រមក់ គឺជាចំណុចស៊ីបសម្រាប់កែវភ្នែកពួកគេ។
អេមីបម្រុងប្រតិកម្ម ស្រាប់តែដៃគេត្រូវមិត្តប្រទាញជាប់។
គេក្ដៅចិត្តងាកមុខសម្លឹងមិត្តស្រីតូចដែលជ្រប់សម្លឹងកម្រាលតុ។
សំឡេងដេត ភូមិន្ទលាន់មកបន្ថែម ដូចជាមិនចង់ឱ្យមានអ្នកណាម្នាក់មានឱកាសតបតបកស្រាយអ្វីឡើយ៖
«ពិព័រណ៍គជ់ខ្យងរាត្រីពណ៌ខៀវ គឺជាកម្មវិធីធំមួយដែល DM Empire ទើបបានចុះហត្ថលេខា! យើងនៅសល់ពេលតែ៤២ថ្ងៃទៀតប៉ុណ្ណោះ! នេះជាវិញ្ញាសារបស់នាងសម្រាប់រយៈពេលជាបុគ្គលិកសាកល្បង! ជួនពរសំណាងល្អ ស្រទន់!»
អេមីបើកភ្នែកក្រឡោតៗ ស្របពេលគ្រប់គ្នាងើបមុខមកមើល។ ដេត ភូមិន្ទមិនបាននិយាយលេងទេ នេះបើផ្អែកលើទឹកមុខរបស់គេ។
អេមីសម្លឹងមិត្ត រួចងាកទៅរកនាយផ្នែកពាណិជ្ជកម្ម។ ភេទទីបីបដិសេធភ្លាម៖
«លោកភូមិន្ទ! ៤២ថ្ងៃ? តើទេវតាឯណាមកធ្វើបានទៅ?!»
ស៊ីវីកំពុងច្របល់ក្នុងចិត្តសម្លឹង លុះមកទៅឃើញអាកប្បកិរិយាបារម្ភរបស់អេមី នាងក៏កាន់តែខ្វល់ថែមឡើង។
ដាអ៊ីណាមិនចេញស្ដីអ្វីទាំងអស់ ព្រោះកំពុងពិចារណាចាក់ស្រេះ។
សំឡេងបុរសអ្នកដឹកនាំការប្រជុំលាន់មកដាច់ស្រេច៖
«៤២ថ្ងៃមិនស្រួលទេ ខ្ញុំដឹង! បើងាយស្រួលម៉េចហៅថា ការសាកល្បង??! ជួនកាល រយៈពេលកៀកពេលនេះ ការងារលំបាកៗនេះអាចជួយឱ្យអ្នកខ្លះកាត់បន្ថយទម្លាប់ឡេះឡោះ ដើរលេងមុខក្រោយនោះបាន! មួយវិញទៀត ស្រទន់ត្រូវធ្វើគម្រោងនេះជាមួយខ្ញុំ គឺការងារផ្សេងត្រូវលុបចោលទាំងអស់ មកផ្ដោតតែលើគម្រោងនេះមួយប៉ុណ្ណោះចាប់ពីម៉ោងនេះទៅ!!»
អេមីរឹតតែឆ្លេឆ្លាដែលឃើញដេត ភូមិន្ទប្រាកដប្រជាដល់ម្ល៉ឹង។
និយាយបន្ថែមទៅកាន់ភេទទីបី៖
«ហើយភ័យពេកធ្វើអី?! មនុស្សពេញក្រុមហ៊ុន ពីណាគេទុកឱ្យគម្រោងការមួយបរាជ័យងាយៗនោះ? សំខាន់ចង់មើលមិត្តភ័ក្ដិរបស់អេមី គេមានសមត្ថភាពឬក៏គេដកថយ? បិទអង្គប្រជុំ!»
គេក្រោកចាកចេញចោលមនុស្សទាំងហ្វូងដែលនៅអង្គុយទ្រឹងទាំងមិនអស់ ចិត្ត មិនបានបញ្ចេញយោបល់ ឬហាស្ដីតវ៉ាសូម្បីតែមួយម៉ាត់។
មកដល់មាត់ទ្វារ គេបែរក្រោយ៖
«អូ ត្រូវហើយអេមី! នាំមិត្តយើងហ្នឹងទៅមើលគេឯងធ្វើការយប់នេះផង! ពេលវេលាសម្រាប់រៀនមានមិនច្រើនទេ! ជួបគ្នាយប់នេះ!»
អេមីចាប់ផ្ដើមយល់បណ្ដើរៗ នៅពេលបុរសនោះមិននិយាយទៅរកនារីម្នាក់នេះដោយខ្លួនឯងបែរជាបោះសម្ដីតាមរយៈគេ។
ចិត្តជាងច្នៃម៉ូដដឹងច្បាស់ណាស់ថា មានអ្វីបម្រុងកើតឡើង។
«ស៊ីវីនៅទីនេះ ចុះហេតុអីនាយកពាណិជ្ជកម្មមិននិយាយរកនាងខ្លួនឯង? បែរជាយកយើងជាបង្អោង? ឬមួយពីរនាក់គេពិតជាមានស្នេហា ហើយកំពុងងរង៉ក់នឹងគ្នាពិតមែន?!»
ភេទទីបីគិតក្នុងចិត្តដោយសង្ស័យ ហើយទើបងើបមុខសម្លឹងទៅដាអ៊ីណា។
រងើកភ្លើងកំពុងបំផ្លាញផ្ទៃមុខរបស់នារី Super Model ធ្វើឱ្យចិត្តគេកាន់តែតឹងថប់។
«….ម្ខាងណាក៏ជាមិត្ត…..អេមីអើយដែលឯងមកជួយយោងខាងស្រទន់នេះ តើត្រូវឬខុស….? ស្រីម្នាក់នេះថ្ងៃក្រោយទៅនឹងលេបយក DM Empire ហើយធាក់គ្រប់គ្នារាបទៅក្រោមស្បែកជើងនាងដែរទេ?»
គេគិតទាំងបារម្ភ។
នៅឯមាត់ទ្វារ ដេត ភូមិន្ទចាកចេញមិនងាកក្រោយទេ ទោះគេដឹងថា ភ្នំកំពុងសង្កត់លើដើមទ្រូងនាងតូចក៏ដោយ។
អេមីទាញនាងស្រទន់ឱ្យក្រោកចេញ។
ពីរនាក់សម្លាញ់ចេញពីបន្ទប់នាយពាណិជ្ជកម្មមិនទាន់ឈានផុតបន្ទប់ស្រួលបួលផង សំឡេងមួយហើរមកតាមខ្យល់។
«តើលោកដេត ភូមិន្ទធ្វើបាបស្រីម្នាក់នោះ ឬមួយទុកឱកាសឱ្យគេនោះបានល្បី?»
អេមីនៅស្ងៀមឈប់ដើរទៅមុខ ហើយបែរមករកមិត្តស្រីដែលកំពុងស្លេកស្លាំង។
គេមិននិយាយអ្វី តែលើកដុំដៃជាកម្លាំងចិត្តកម្លាមិត្ត ហើយនិយាយខ្សឹបៗ៖
«មិនបាច់ខ្លាចទេ! លោកភូមិន្ទជួយឯង!»
«ចុះយើងត្រូវទៅ Quote អូតែលទាំងបីនោះដែរទេ?»
អេមីហួសចិត្ត៖
«ល្ងង់មែន! ឯងពេលនេះត្រូវគ្រប់គ្រងដោយលោកភូមិន្ទផ្ទាល់ ឯងចាំបាច់អីទៅធ្វើតាមដាអ៊ីណា? គេមិនមែនមេកោយរបស់ឯងទៀតឯណា!»
«តែយើងបានសន្យានឹងគេរួចហើយ!»
«តែគេក៏បានឃើញហើយថា ឯងត្រូវផ្លាស់ទៅនៅក្រោមលោកភូមិន្ទ!»
«ស្មុគណាស់!»
ស្រទន់ដើរទៅរកបន្ទប់ធ្វើការវិញ ដោយមានជាងច្នៃម៉ូដអេមីទៅតាមត្រុកៗពីក្រោយ។
ពីមួយជំហានៗទៅមួយជំហាន អេមីតាមសម្លឹងរាងរៅ ដំណើរណែងណង និងរូបសម្រស់ស្រីតូចនេះទាំងពីសក់ក្បាលដល់ចុងជើង។
ចិត្តគេពិចារណាស្ងាត់ៗម្នាក់ឯង៖
«ស្រីម្នាក់នេះមានចំណុចអីអស្ចារ្យទៅ? ហេតុអីគេចាប់ផ្ដើមក្លាយជាតួឯកនៅទីនេះ? ជាតួឯកក្នុងបេះដូងនាយផ្នែកពាណិជ្ជកម្មទៅកើត?!»
ស្រទន់ឈប់ដំណើរ ហើយងាកមុខមកវិញ ធ្វើឱ្យអេមីស្វាងចេញពីការត្រិះរិះសម្ងាត់របស់ខ្លួន។
ស្រីតូចសួរទៅភេទទីបី៖
«ហើយគ្នាត្រូវទៅមើលតួឯកឆោមគន់យប់នេះមែនទេ?!»
«ត្រូវហើយ!!! ឯងត្រៀមឱ្យស្រួលបួល! ១ម៉ោងទៀត យើងចេញទៅទីនោះទាំងអស់គ្នា!»
«ហើយគ្នាត្រូវធ្វើអ្វីខ្លះ?!»
«ឯងមិនបានត្រៀមខោអាវមក គ្មានអីក្រៅពីទៅនៅក្រោយឆាក ហើយហាត់មើលរបៀបគេធ្វើការទៅ!»
«អូខេ!» នាងតបដោយបារម្ភ ហើយសម្លឹងមុខអេមីជាប់។
ភេទទីបីដកដង្ហើមធំ គេទ្រាំជម្នះចិត្តសង្ស័យ ហើយគេគិតទៅដល់រឿងជាច្រើន។
ល្ងាចនោះ គេឡើងទៅរកមិត្តចាស់នៅក្រោយឆាក «តួឯកឆោមគន់»។
ដាអ៊ីណាចោមព័ទ្ធដោយអ្នកទ្រង់គ្រឿងផងស្កះដៃ។ នាងស្អាតដូចទេពអប្សរក្នុងឈុតពណ៌ស៊ីជម្ពូ អមដោយត្បូងពេជ្រចរណៃលំដាប់ Fashion កំពូលរបស់ប្រទេស តែមុខនាងស្រពោនដូចផ្កាឈូករ័ត្នខ្វះទឹកអប់ផ្សើម។
«សុំនិយាយជាមួយដាអ៊ីនសិនណា៎!»
អ្នកតុបតែងដកថយអស់ពីកូនបន្ទប់ក្រោយឆាក។ ភេទទីបីចាប់ផ្ដើមមកឈរពីក្រោយនារីដែលមុខក្រញូវនេះ ហើយរៀបចំសម្រួលសក់បន្ថែមឱ្យនាង។
ចិត្តគេអាណិតមិត្ត តែសម្ដីគេចោលដឹងទាំងដង៖
«ភ្ញៀវអ្នកមុខអ្នកការមកពេញពាសខាងមុខអស់ហើយ! កម្មវិធីយប់នេះ គេមើលពេញប្រទេស! ដាអ៊ីណាមិនដែលមានមុខក្រញូវលើឆាកទេ ចាំផងនាង!»
ដាអ៊ីណាកាន់តែក្រញូវលើសមុន។ នាងសម្លក់រូបខ្លួនឯងក្នុងកញ្ចក់ ហើយតបត៖
«ឯងគួរសប្បាយចិត្តហើយ នាងច្នៃម៉ូដដែលបានរួមដៃជាមួយអ្នកផ្សេងឱ្យយើងឈឺចាប់! ក៏ល្អមើលដែរ ដែលមិត្តម្នាក់ធ្លាប់ជួយឯង ទាញឯង ទទួលស្គាល់តែឯង ពាក់តែអាវដែលឯងច្នៃ ទីបំផុត ឯងមកសងគុណយើងដោយទៅជ្រោមជ្រែងពួកមារ មកធ្វើបាបមិត្ត»
—————————–
អេមីអត់ធ្មត់ ព្រោះចិត្តគេក៏កំពុងធ្លុះធ្លាយ។ ម្ខាងចិញ្ចឹមចិត្តការពារមិត្តថ្មីដែលគ្មានកំហុស ម្យ៉ាងទៀតដឹងច្បាស់ថា ដាអ៊ីណាពិតជាកំពុងបាត់បង់ដេត ភូមិន្ទពិតមែនហើយ។
គេនិយាយស្ងួតស្ងប់៖
«កុំទៅហែលបញ្ច្រាសទឹកហូរ!»
ដាអ៊ីណាងើបមុខសម្លឹងអេមីវិញយ៉ាងមុតនិមិត្តតែឮពាក្យនេះ មិនតែប៉ុណ្ណោះ Super Model ក្រោកឈរពីកៅអីតុបតែង ហើយបែរក្រោយប្រឈមមុខគ្នា ធ្វើឱ្យអេមីដកដៃចេញលែងបានសម្រួលផ្នួងសក់ឱ្យ។
«យើងក៏ចង់ដឹងថា ទឹកធុនវានោះកម្លាំងខ្លាំងប៉ុណ្ណា?!»
ដាអ៊ីនសម្លក់មិត្ត ហើយបែរខ្លួនចាកចេញហាក់ចង់បង្ហាញថា ការសន្ទនាសន្តិភាពរបស់អេមីគ្មានតម្លៃសម្រាប់នាងទៀតឡើយ។
អេមីស្ទុះទៅពាំងទ្វារ ហើយវាចាដោយមុខស្ងួត៖
«ឯងឈប់ខឹងទៅ! ភ្លឺស្វាងស្ដាប់អ្នកផងខ្លះទៅ!»
ដាអ៊ីនទប់កំហឹងក្រពាត់ដៃឈរស្ងៀម មិនខ្ចីមើលមុខគូសន្ទនា។
អេមីនិយាយបន្ថែម៖
«យើងនៅតែជាមិត្តរបស់ឯង! យើងមិនភ្លេចទេ! កាលពីមុនដែលឯងតែងតែលើកស្ទួយយើង!លំអៀងមករកយើង!»
ដាអ៊ីណាកាន់តែខាំមាត់ អេមីនិយាយបន្ត៖
«តែរឿងស្នេហា វាមិនអាចបង្ខំបានទេ! បើទំពក់មិនទៅ ព្នៅក៏មិនធ្លាក់? រៀនអូសទូកបណ្ដោយទឹកសិនទៅ កេរ្តិ៍ឈ្មោះកិត្តិយសសំខាន់ជាង! បើឯងបណ្ដោយកំហឹងឱ្យចូលមកបំផ្លាញខ្លួនឯង ហើយឱ្យយើងនៅស្ងៀមកើតដែរ?!»
ដាអ៊ីណាតូចចិត្តរលីងរលោង ហើយតវ៉ាដោយសំឡេងទាបជាងមុន៖
«យើងមិនជឿ យើងមិនអស់ចិត្ត! ឯងក៏ឃើញដែរ ស្រីនោះមានស្អីអស្ចារ្យទៅ? សូម្បីពិព័រណ៍ខ្យងគជ់ក៏គេប្រគល់ឱ្យទៅវា តើគេចង់ឱ្យយើងឆ្អែតចិត្តស្លាប់អ្ហី?»
អេមីលែងមាត់។
គឺត្រង់ហ្នឹងហើយដែលនាងក៏ជឿប្រាកដថា នាយកពាណិជ្ជកម្មកំពង់ធ្លាក់ក្នុងអន្លង់ស្នេហ៍រញ៉េរញ៉ៃនៃស្រី ម្នាក់ដែលនិយាយស្ដីមិនដឹងក្បាលកន្ទុយនោះមែន។
សំឡេងដាអ៊ីនលាន់មកបន្ថែម៖
«ហើយឯងម្នាក់ទៀត? ឯងក៏ឈរខាងវា យើងដឹងថា ឯងទុក Fashion ជាជីវិត! ឯងត្រូវការបង្អែក ឯងមើលឃើញវែងឆ្ងាយ ឯងជីកប្រឡាយបង្ការទឹកទុក ឯងរកទ្រនំមាំសម្រាប់ខ្លួនឯង ហើយងាកមកត្របាក់មិត្ត! ឯងក៏ឃើញពីអនាគតនាងសំរែនោះក្នុង DM ដូច្នេះឯងដាច់ចិត្តឈរឱបដៃមើលយើងរលំរលាយ ហើយដូរទៅឱបដៃឱបជើងវា ហើយឯងក៏…!»
«ឈប់ដាអ៊ីណា!»
អេមីនិយាយកាត់ ព្រោះទ្រាំលែងបាន។
កំហឹងភេទទីបីច្រាល់ពេញដើមទ្រូង ហើយគេអស់ចិត្តក្នុងការជួយព្យាបាលលួងលោមរបួសបេះដូងនារីគ្មានហេតុផលម្នាក់នេះ។
គេនិយាយបន្ថែម ក្រោមកែវភ្នែកក្រឡោតៗទាំងសងរបស់គូជម្លោះ៖
«យើងកោតដែលយើងរាប់អានឯងមកបានយូរយ៉ាងនេះ ហើយទុកឱ្យឯងមើលងាយយើងនៅទីបំផុត! ក្នុងភ្នែកឯង យើងជាអ្នករកបង្អែក? យើងតោងអ្នកផងឡើង? យើងតោងពីណាទៅ? ដែលយើងការពារស្រទន់ គឺយើងការពារឯង មិនចង់ឱ្យឯងខូចអស់កិត្តិយសដែលខំសន្សំមក! តែឯងងងើលមិនយល់ ហើយមើលងាយមិត្ត! ពិភពលោកនេះមិនមែនសុទ្ធតែល្បិចកល សុទ្ធតែផលប្រយោជន៍ដូចដែលឯងគិត ដូចដែលឯងប្រព្រឹត្តិហ្នឹងទេ ដាអ៊ីណា! ចាត់ទុកថា ឯងមិនដែលមានមិត្តដែលពូកែស្វែងរកបង្អែកដូចយើងនេះទៅចុះ!!»
អេមីបោះក្រាសពីដៃចោល ហើយចាកចេញពីបន្ទប់ទាន់ហន់ឱ្យស្មើនឹងវិបត្តិចាក់ស្រែះងងឹតមុខ ទុកឱ្យ Super Model អស់គូតវ៉ាអង្គុយប៉ុកវិញទៅលើកៅអីកំហឹងលោតរំជួលទ្រូង។
មានភាគបន្ត

