ស្រីតួឯកវិលមកដល់បន្ទប់ធ្វើការទាំងដៃកាន់ទឹកត្រជាក់មួយកែវមក ហើយដាក់បង្គុយប៉ុកទៅលើសាឡុងទាំងក្ដីមួហ្មង មិនទាន់អីផង នាងដៀងភ្នែកទៅឃើញអេមីចេញពីបន្ទប់ទឹក។
អ្នកទាំងពីរបានតមសម្ដីគ្នាជាច្រើនថ្ងៃមកហើយ លុះមកឃើញជាងច្នៃម៉ូដចេញមកដល់ ដាអ៊ីណាក៏សួរភ្លាម៖
«ស្មានថាឯងលែងចូលបន្ទប់យើងមួយជីវិតទៅហើយ!»
«យើងគេចវាមិនរួច! ពណ៌គោលរបស់ពិព័រណ៍គជ់ខ្យងចេញមកហើយ យើងយកម៉ូដមកឱ្យឯងមើលព្រោះមានពេលខ្លីណាស់នឹងច្នៃរ៉ូបឱ្យឯង!»
«អ្នកណាថាយើងព្រមទៅធ្វើពិធីការនៅយប់នោះ?!»
អេមីដាក់បង្គុយប៉ុកមកដែរ។
នាងនិយាយដោយញាក់ចិញ្ចើម៖
«ឯងទៅមិនទៅជារឿងរបស់ឯង! ប៉ុន្តែច្នៃរ៉ូបឱ្យឯងជារឿងរបស់ខ្ញុំ! ខ្ញុំត្រូវចេះទទួលខុសត្រូវការងាររបស់ខ្ញុំ ក្រៅពីហ្នឹងអត់ខ្វល់ទេ!»
ដាអ៊ីណាសម្លក់មិត្ត ហើយរអ៊ូ៖
«ឯងចង់ដៀមដាមថា យើងនេះមិនចេះប្រមាណការងារខ្លួន មិនចេះទទួលខុសត្រូវអ៊ីចឹងអ្ហី?!»
អេមីទ្រាំមិនមាត់មិនបានក៏ងាកមកអត់ធ្មត់ពន្យល់៖
«ដាអ៊ីណា ហោចណាស់ពេលនេះ ឯងនៅជាតួធំនៅឡើយ! ឯងត្រូវចេះថែរក្សា ត្រូវផ្ដោតអារម្មណ៍ផ្ចិតផ្ចង់រឿងការងារ!»
ដាអ៊ីណាមិនបានស្រន់កំហឹង នាងកាន់តែមានះ៖
«ឬមួយឯងនេះក៏ព្យាករណ៍ថា យើងនឹងបាត់សូម្បីតែតំណែងដែលជាតួធំនេះទៀតនៅថ្ងៃខាងមុខ?ឯង យល់ថាពួកម៉ាកថ្មីរបស់ឯងនោះ អាចក្លាយមកជាអ្នកដើរម៉ូដជំនួសយើងបានឬយ៉ាងម៉េច?!»
អេមីក្រញូវងាកមុខចេញ តែក្នុងចិត្តនាយរិះគិតតែម្នាក់ឯង៖
«ដាអ៊ីណា តាមពិតគឺចរិតលក្ខណៈដ៏យ៉ាប់របស់ឯងនេះហើយ ដែលនឹងសម្លាប់ឯងនៅថ្ងៃណាមួយ!»
សំឡេងដាអ៊ីណាបន្តបន្ថែមឡើងមកច្រេកៗដូចចង្រិត៖
«យើងកន្លងមកធ្វើការងារបានល្អបំផុតហើយ! បើកុំតែមានយើង តើ DM មានថ្ងៃនេះដែរ?!»
អេមីពិបាកទ្រាំណាស់ ម្ខាងស្ដាប់ពាក្យដែលមិនសមហេតុផល ជាពាក្យនៃមោទកភាពងងឹតងងុលខុសស្រលះពីការពិត ម្ខាងមិនចង់ឱ្យមិត្តភាពខ្វែងគំនិតគ្នាកាន់តែធ្ងន់ជាងនេះ គេហាមាត់តបត៖
«DM អ្នកធ្វើឱ្យឯងមានថ្ងៃនេះ ឬឯងជាអ្នកធ្វើឱ្យ DM មានថ្ងៃនេះ មិនមែនជាការងាររបស់យើងដែលត្រូវយកមកគិតគន់គូរគណនាទូទាត់ទេ នាង Super Model!!!! ដែលយើងគិតឯង និយាយឯង ច្រំដែលៗ ព្រោះឯងជាមិត្ត! ឯងពីមុនមកតស៊ូលំបាកយ៉ាងណា ទម្រាំមកមានថ្ងៃនេះ យើងជាអ្នកបានឃើញផ្ទាល់ភ្នែកបានច្បាស់ បើពីនេះទៅមុខ ឯងទុកឱ្យការនិន្ទាបំផ្លាញគ្រប់យ៉ាងដែលខំសាងមកដោយលំបាកនេះ វាជារឿងរបស់ឯង! សៀវភៅមើលតាមសម្រួល ហើយពេលណារើសម៉ូដបានចាំមកប្រាប់យើង!»
គេក្រោកដើរចេញ ព្រោះមិនចង់ឱ្យតឹងសរសៃកដាក់គ្នាច្រើនជាងនេះ ប៉ុន្តែក្នុងចិត្តភេទទីបីហេងហាងនិងសោកស្ដាយ។
គេនឹកឃើញជានិច្ចដល់ដំណាក់កាលទាំងឡាយដែលដាអ៊ីណាបានឡើងមកកាន់តួនាទីកំពូលក្នុងចំណោមអ្នកម៉ូដែល។
គេដឹងអំពីគ្រប់យ៉ាងដែលនាងបានលះបង់ និងឆ្លងកាត់មក តែគេក៏ដឹងថា ជាមួយអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ដាអ៊ីណាបានផ្លាស់ប្ដូរហើយ។
នេះឬគុណវិបត្តិនៃកេរ្តិ៍ឈ្មោះ ភាពខ្ពស់កប់ពពក និងការប្រជែងគ្នាដោយគ្មានសីលទាំងប្រាំយ៉ាងនៅក្នុងខ្លួន??។
គេចេញមកបណ្ដើរ ដៃចុចទូរសព្ទសរសេរបណ្ដើរ៖
«ដាអ៊ីណា ក្នុងនាមជាមិត្ត យើងបាននិយាយនូវរឿងជាច្រើនដែលអ្នកណាៗក៏គេមិនហ៊ានដាស់តឿនឯង! យើងយល់ថាជាមិត្តម្នាក់ យើងបានបំពេញកាតព្វកិច្ចរបស់យើងរួចរាល់អស់ទៅហើយ! តទៅឯងក្លាយជាអ្វី យើងគ្មានសមត្ថភាពពន់រែកទេ! សូមឱ្យឯងដេកគិត យល់ហើយដូរចិត្តសាជាថ្មី ព្រមលះបង់ទោសាគតិ ហើយរក្សាភាពខ្លាំងដូចដើម!»
គេជូតទឹកភ្នែក ហើយចុចបញ្ជូន សច្ចាថានេះប្រហែលជាសម្ដីចុងក្រោយដែលគេនៅថាប្រដៅ Super Star ម្នាក់នេះ។
ដើរមកកាត់បន្ទប់ Studio ធំ គេឮសំឡេងសៅហ្មងរបស់ធានិតលាន់ឮចេញមកតាមខ្យល់៖
«លតែឈុតរបស់ខ្លួនបានហើយ! កុំចង់មកប៉ះពាល់ខោអាវមេពិធីការ! បងដាអ៊ីណា គាត់មិនចូលចិត្តទេ!»
សំឡេងថ្មីមួយដែលអេមីនឹកមិនឃើញថាធ្លាប់ស្គាល់ លាន់ឮតបតមកវិញ៖
«អីក៏កំណាញ់ម៉េះ? មានពីណាហ៊ានយកលនោះ គ្រាន់តែសុំមើលផងក៏មិនបាន?!»
ធានិតតបវិញក្រឡៅ៖
«ឯងទើបតែបានជាន់ DM ប៉ុន្មានថ្ងៃ តួឯកឆោមគន់ជម្រើស១០នាក់ចុងក្រោយ មិនមែនមានន័យថាឯងប្រាកដជានឹងបានលើកពាននោះទេ! សម្ដីកុំយកមេឃទ្រាប់អង្គុយ ហើយក៏កុំអាងបងស្រីឯងស្និទ្ធនឹងប្រធានពាណិជ្ជកម្ម!! ឱ្យវាល្មមៗទៅ!»
អេមីឈប់ជើងរិះគិត។
«ឬមួយក្មេងស្រីនោះ ជាប្អូនពៅរបស់ស្រទន់?»
គេដើរមកក្បែរមាត់ទ្វារ ហើយក្រឡេកទៅខាងក្នុងតាមប្រលោះទ្វាររបើកប្រមាណ១ចំអាម។
ក្មេងស្រីខ្ពស់ស្រឡូននោះពិតជាកំពុងកាន់អាវរបស់ដាអ៊ីណាលើដៃ មែន សូម្បីត្រូវធានិតរិះគន់បែបនេះហើយ នាងនៅមិនព្រមនឹកក្រែងចិត្តសូម្បីតែបន្តិច នេះបានសមជាក្មេងស្រីដែលរឹងរូសមិនធម្មតាមែន។
មិនត្រឹមប៉ុណ្ណឹង នាងថែមទាំងតមាត់មកកាន់ជំនួយការធានិតថែមមិនដាច់៖
«មនុស្សនិយាយហេតុផលមិនព្រមស្ដាប់ទេ ប្រហែលយើងខ្លួនឯងហ្នឹងទេដឹងដែលមានមោហោ នឹកគិតវែងឆ្ងាយដាលវ៉ាលដល់អ្នកណាមិនដឹង ទាំងដែលគេមិនបាននៅទីនេះសម្រាប់តវ៉ា ទាំងដែលគេមិនបានមកដឹងរឿងជាមួយ!»
អេមីនិយាយកាត់ត្រជាក់ស្រឹបពីមាត់ទ្វារ៖
«ឈប់បានហើយ!»
ពណ្ណរីងាកមករកភេទទីបី ដំបូងនាងមិនចុះញ៉មទេ ព្រោះហោចណាស់ នាងដឹងថាដេត ភូមិន្ទគឺស្និទ្ធនឹងគ្រួសារនាងស្រាប់ហើយ តែលុះស្គាល់គេច្បាស់ថាជាជាងច្នៃម៉ូដដ៏មានកេរ្តិ៍ឈ្មោះ នាងក៏ដូរទឹកមុខ ហើយឱនលំទោនសំពះសួរ៖
«អុះបងអេមី! សូមជម្រាបសួរ!»
អេមីសម្លឹងស្រីតូចទាំងកែវភ្នែកមិនសប្បាយចិត្ត។
នាយលើកដៃសំពះតបតាមបែបមិនសូវជាស្វាគមន៍ បង្ហាញពេញទំហឹងពីភាពមិនពេញចិត្តដែលស្រីតូចហ៊ានមកបើកមាត់រក ខុសត្រូវនៅទីនេះជាមួយមេរងធានិត។
«អាវរបស់អ្នកនាងដាអ៊ីណាល្មមដាក់ទៅក្នុងទូវិញបានហើយ!»
ជាងច្នៃម៉ូដតបដោយស្មើចែស រឹតតែធ្វើឱ្យតួឯកឆោមគន់ប្រញាប់ធ្វើតាមភ្លាមមិនហ៊ានបង្អង់។ ព្រោះថាពេលនេះ ទឹកមុខអេមីអាក្រក់ណាស់ សូម្បីតែធានិតក៏ចង់ខ្លាចភាពសោះអង្គើយរបស់នាយដូចគ្នា។
អេមីក៏មិនប្រាកដដែរថា ស្រីតូចនេះហ៊ានតមាត់រកខុសត្រូវ ដោយសារតែអាងសម្រស់ មោទកភាពនិងការប្រឡងជាប់ផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬមួយបងប្អូនគេនេះមានទម្លាប់និយាយអ្វីត្រង់ៗមិនចេះគិតក្រែង ដូច្នេះ? ប៉ុន្តែនាយយល់ថា ស្រីតូចម្នាក់នេះ ក្រៅតែពីមានរូបសម្ផស្សស្អាត ថែមទាំងមានកាយវិការហាស្ដីខុសពីបងស្រីដាច់ ចាំបាច់ត្រូវថាប្រដៅម្ដងឱ្យរាង។
ភេទទីបីចាប់និយាយម៉ាត់ៗ៖
«ទោះបានជាប់ជាសមាជិកម្នាក់របស់តួឯកឆោមគន់ ក៏ផ្លូវទៅកាន់តំណែងជា Super Star នៅឆ្ងាយគួរសម! ការងារលត់ដំត្រូវរៀនសូត្រក៏មានច្រើនស្អេកស្កះ មិនគិតខិតខំទេ មករុះរើមើលសម្លៀកបំពាក់ថ្នាក់លើ ជារឿងមិនសមរម្យមួយហើយ ថែមទាំងហាស្ដីតមាត់កជាមួយមេរងពិធីការទៀត ប្រសិនបើកំហុសទីបី គឺអាងសិទ្ធិបងស្រីមិនគោរពបុគ្គលិក DM! បីយ៉ាងនេះល្មមឱ្យឯងលែងអាចឈានចូលមកបន្ទប់ Studio នេះបានជារៀងរហូត! កុំថាបងមិនបានប្រាប់!»
ពណ្ណរីជ្រប់ មុខ គ្មានវាចាអ្វីតបបានសូម្បីមួយម៉ាត់ ធ្វើឱ្យអេមីដើរហួសទៅរកតុគូរគំនូរមួយយ៉ាងធំ បន្តការងាររបស់នាយហាក់គ្មានអ្វីកើតឡើង។
សំឡេងធានិតលាន់មកពីក្រោយខ្នង៖
«តោះទាំងអស់គ្នាលខោអាវឱ្យហើយទៅ បងអេមីនៅចាំមើលកែកុនឱ្យ!»
អេមីអង្គុយបែរខ្នងទាំងស្មុគចិត្ត។
រូបភាពស្រទន់ និងដាអ៊ីណាលេចឡើងមក វាយលុកពេញតម្រិះរបស់គេ រហូតដល់គេត្រូវដាក់ប៊ិចចុះ ហើយច្បូតមុខជាច្រើនដង។
«យកល្អ យើងមិននៅកណ្ដាលរវាងពីរនាក់ឯងទៀតនោះទេ! ពីពេលនេះទៅ ពេលពួកឯងប៉ះគ្នាយើងនឹងអែបទៅម្ខាង! ពុំនោះទេ យើងមុខជាអាយូសខ្លី!»
គិតហើយ គេតាំងចិត្តផ្ដុំអារម្មណ៍មកបំពេញកិច្ចការងារ ប៉ុន្តែសំឡេងហៅរបស់ធានិតលាន់មក៖
«អ្ហេ៎! បងអេមីជួយមើលផង!»
អេមីងើបមុខ ហើយបែរមកវិញទាំងមមីហត់ ដឹងអី ភ្នែកគេស្វាង ចិត្តគេហោះហើរ ហើយបេះដូងគេលោត។
«OMG!!»
គេរបូតមាត់ខ្សាវៗ ហើយភ្នែកមិនអាចក្បត់នឹងបញ្ជានៃគំនិតដែលកំពុងគិតឃើញនោះឡើយ។
ពណ្ណរីញញឹមផងអៀនផង ភ័យផងក្រោមក្រសែភ្នែកភេទទីបី។ ប៉ុន្តែនាងកាន់តែមានជំនឿចិត្ត នៅពេលឃើញអាកប្បកិរិយាអេមី ទោះបីមុននេះទើបតែត្រូវព្រនង់ក៏ដោយ។
អេមីនិយាយដោយងើបមកភ្លែត៖
«បើឯងមិនជាប់តួឯកឆោមគន់ វាទាល់តែមានអព្ភូតហេតុ!»
គេនិយាយដោយបើកភ្នែកធំៗសម្លឹងរាងកាយស្រីតូចពីលើចុះក្រោម។
«បងអេមីចង់មានន័យថាម៉េច?!»
នាងសួរតិចៗដូចដាស់អារម្មណ៍អ្នកច្នៃម៉ូដឱ្យវិលត្រឡប់មកវិញ។
អេមីងើបមុខមកប៉ះស្នាមញញឹមនៃធ្មេញសក្បុសស្មើត្រឹម គេដៀងភ្នែកគិត៖
«ដាអ៊ីណា ឯងបានឃើញក្មេងនេះហើយឬនៅ?!»
ឃើញគេមិននិយាយអ្វីមួយម៉ាត់ ពណ្ណរីផ្លាស់ទឹកមុខ នាងនៅស្ងៀមអត់ធ្មត់ ទម្រាំអេមីនិយាយបង្ហើប៖
«ឯងនេះនឹងជាប់នៅតួឯកឆោមគន់៥នាក់ចុងក្រោយ តាមគំនិតបង! តែចរិតឯង សម្ដីសំដៅត្រូវចេះគិតចាប់ពីពេលនេះតទៅ! អានេះបើថា ឯងនៅអាណិតបងស្រីឯងខ្លះ!»
ស្នូរទូរសព្ទលាន់មក អេមីដេញពណ្ណរីឱ្យចេញទៅកាន់បន្ទប់ផ្លាស់ខោអាវវិញ ខ្លួនគេលើកទូរសព្ទមកមើល ក៏ដឹងស្រេចហើយថា ជាការតបត SMS របស់ដាអ៊ីណា។
«អរគុណដែលឯងនៅគិតយើង! ភ្នំមួយមិនអាចមានខ្លាពីរ ចិត្តក៏មិនអាចចែកជាពីរដែរ! តាំងពីមានឯង យើងមិនដែលចែកចិត្តឱ្យអ្នកច្នៃម៉ូដឯណាទាំងអស់! ប៉ុន្តែបើឯងពិតជាស្មោះនឹងយើង ឯងក៏គួរតែឈប់រាប់រកនាងនោះដូចគ្នា ព្រោះឯងដឹងហើយថា យើងនិងវាជាទឹកហើយនិងប្រេង!»
អេមីថ្លោះទឹកមុខ ចុចបិទទាំងក្ដៅស្លឹកត្រចៀក។
«គ្មានព្រះជាម្ចាស់ណាមកកែឯងបានទេ ដាអ៊ីណា! ភ្លើងរបស់ឯងនឹងឆេះដុតទាំងខ្លួនឯង ហើយអាចរលាកទាំងអ្នកដែលនៅក្បែរៗឯងផង! យកល្អ យើងគេចចេញពីឯងទើបបានសុខ!»
គេគិតទាំងអស់សង្ឃឹម ហើយធ្វើមុខក្រញូវចាកចេញ…
ធានិតស្រែកហៅពីក្រោយ៖
«អេមីនៅ៩នាក់ទៀត!»
អេមីឆ្លើយតបខ្លីៗ៖
«យើងអត់ស្រួលខ្លួនទេ ចង់សម្រាកបន្តិចសិន! ឱ្យពួកគេស្លៀកតាមសម្រួលទៅ បន្តិចទៀតយើងមកវិញ!»
…………………………
រាត្រីចូលមកដល់។
ពណ្ណរីគោះទ្វារបន្ទប់តុកៗ ទោះបីជាឃើញហើយថា ទ្វារបានហើបមិនមានចាក់គន្លឹះក្ដី។ ស្រទន់បែរក្រោយ ហើយនឹកពិភាល់ថា ស្រីតូចនេះមុខតែមានបំណងអ្វីត្រូវពឹងពាក់ទៀតហើយ បានជាមើលទៅហាក់ដូចជាគួរសមដល់ម្ល៉ឹង។
បងស្រីម្នាក់នេះខំញញឹមទាំងចិត្តបារម្ភ ស្រាប់តែនាងតូចពោលសរសើរភ្លែត៖
«រាល់យប់ ឱ្យតែមុនពេលចូលគេង ឃើញបងឯងនៅនឹងតុនេះ! ក្រោកពីគេងក៏ឃើញបងឯងនៅនឹងតុដដែល! មុខឡើងជ្រុងអស់ហើយ បងឯងមិនគេងខ្លះទេ?»
ស្រទន់ស្រពោន៖
«គជ់ខ្យងរាត្រីពណ៌ខៀវកាន់តែកៀកហើយ! បងត្រូវមាត់គ្រូហ្វីលីពីនច្រើនណាស់ បងក៏មានការងារជាច្រើនដែលមិនទាន់រួចមួយអន្លើៗបានសោះ គឺនៅជំពាក់ជំពិនពេញហ្នឹង! ទោះគេងក៏គេងមិនលក់ដែរ!»
ពណ្ណរីអង្គុយចុះសម្លឹងកុំព្យូទ័ររបស់បង ហើយរអ៊ូ៖
«ដូចខ្ញុំធ្លាប់ប្រាប់ហើយឃើញទេ?! មនុស្សពូកែយ៉ាងណាក៏មិនដូចមនុស្សស្អាតដែរ! ដាអ៊ីណា គេគេងថែសម្រស់ជំទាស់ក្រចក រង់ចាំឱ្យតែដល់ពិធី គេឡើងឆាកជាតួឯកតែម្ដង! គេមានមកពិបាកអីដូចបងឯង!»
ស្រទន់ញញឹមស្ងួត៖
«ទៅយកគេមកនិយាយធ្វើអី? គេជាអ្នកបង្ហាញម៉ូដ យើងជា….!»
ពណ្ណរីសង្កត់សំឡេងខឹង៖
«តែម្នាក់ហ្នឹងក្រអឺតក្រទម ឫកធំគួរឱ្យគ្រឺតពេកហើយ!»
ស្រទន់មិនមាត់ ងាកមុខទៅរកកុំព្យូទ័រ តែចិត្តនឹកខ្វល់ខ្វាយណាស់។ ស្ងាត់បន្តិច នាងនិយាយដាស់តឿនប្អូនដោយមិនបានងាកមកមើលមុខគេចំទេ៖
«យកល្អ ឯងកុំទៅប៉ះពាល់គេ! គេជាតួធំ ជាអ្នកធំនៅ DM! បើឯងចង់សុខខ្លួន ឃើញគេក៏ជៀសៗទៅ!»
ពណ្ណរីនៅស្ងៀមមិនសប្បាយចិត្តបានបន្តិចក៏សម្រួលទឹកមុខនិយាយវិញ៖
«បងឯងដឹងអត់ ជាងច្នៃម៉ូដខ្ទើយម្នាក់នោះ ច្នៃអាវពណ៌ខៀវសម្រាប់ដាអ៊ីណាស្អាតពិសេសតែម្ដងហើយ!»
«ត្រូវហើយ! រាត្រីពណ៌ខៀវ គឺគ្រប់គ្នាត្រូវប្រើពណ៌ខៀវ ចំណែកអេមី គេជាជាងច្នៃពិសេសណាស់ អ្នកណាមិនល្បី?! អូនែ ហើយមួយទៀត កុំរៀនហៅគេអាក្រក់ៗអ៊ីចឹង ហៅគេបងឱ្យត្រឹមត្រូវ!»
ពណ្ណរីក្ដាប់មាត់រអ៊ូ៖
«ព្រឹកមិញគាត់ស្ដីឱ្យខ្ញុំ!»
«អូ! អូនឯងទៅធ្វើអីខុស? ហើយទៅណាបានជួបអេមីបាន?!»
«តួឯក ឆោមគន់ទាំង១០ត្រូវលខោអាវដែលគាត់រៀបចំមក! អាវពួកយើងមហាអន់ដាច់ឆ្ងាយពីរបស់ដាអ៊ីណាទាំងក្រណាត់សូត្រ ទាំងម៉ូដ! ពេលខ្ញុំសុំលើកអាវដាអ៊ីណាមកមើល នាងធានិតម្នាក់នោះមកស្ដីថាឱ្យខ្ញុំញ៉ែតៗ!»
ស្រទន់ពិបាកចិត្ត នាងនឹកឃើញនាយរងម្នាក់នោះដែលមិនទទួលស្គាល់នាងជាមេកោយ នាងនិយាយពន្យល់ប្អូន៖
«ធានិត គេមានភារកិច្ចរក្សាសម្ភារៈទាំងអស់សម្រាប់កម្មវិធី បើគេប្រយ័ត្នប្រយែង គឺគេកំពុងធ្វើតួនាទីរបស់គេ!»
តែពណ្ណរីមិនយល់ នៅតែបន្តរៀបរាប់៖
«ខ្ញុំនិយាយពីហេតុផល ស្រាប់តែបងអេមីហ្នឹងចូលមកដល់ ក៏ថាឱ្យខ្ញុំថែមទៀត ហើយព្រមានខ្ញុំកុំឱ្យយកបងឯងធ្វើខ្នង! បងឯងកុំត្រង់នឹងពួកអស់នោះពេក គឺប្អូនខ្លាចបងឯងត្រូវគេធ្វើបាប!»
ស្រទន់នៅស្ងៀមធ្វើមុខក្រៀម។ ពណ្ណរីស្ងាបហួមៗ ហើយក្រោកដើរចេញ៖
«រាត្រីសួស្ដី! ខ្ញុំលែងនៅរំខានការងារបងឯងហើយ! ទៅគេងវិញល្អជាង កុំឱ្យបាក់សម្រស់!»
ស្រទន់នៅស្ងៀមបន្តការងារ ខំធ្វើដូចជាមិនពិបាកចិត្ត។
«អ្វីក៏ដោយ យើងមិនខ្វល់ទេ Event មួយនេះត្រូវតែបានជោគជ័យ!»
ស្នូរទូរសព្ទរោទ៍មក នាងក៏អើតទៅមើលអេក្រង់។
«អេមី?»
នាងលាន់មាត់ទាំងឆ្ងល់ ហើយលូកដៃទទួល៖
«ហេ៎! យើងនេះអាយុវែងណាស់នៀក ទើបតែនឹកដើមឯង!»
នាងនិយាយដោយរួសរាយភ្លេចអស់ទុកកង្វល់។
អេមីតបវិញបង្អាប់៖
«ប្អូនពៅរបស់ឯងរាយការណ៍រឿងយើងស្ដីថាឱ្យគេ ត្រូវដែរទេ!?»
ស្រទន់អាក់បន្តិចទើបឆ្លើយបង្វែរ៖
«ហ្នឹងហើយ! តែគេដឹងកំហុសហើយ!»
«ត្រូវហើយ! ឯងមើលគេឱ្យស្រួល ហាមគេកុំឱ្យទៅក្បែរស្អីៗណាដែលពាក់ព័ន្ធនឹងដាអ៊ីណា! អានេះបើឯងមិនចង់ពិបាកខ្លួន! ហ៊ឹម អូនែ! ខលទៅទាំងយប់ចង់ប្រាប់ថា យើងនឹកឃើញខោអាវសម្រាប់ឱ្យឯងពាក់ ពេលពិព័រណ៍គជ់ខ្យងហើយ!»
ស្រទន់សើចសប្បាយចិត្ត៖
«យើងនេះអ្ហេះ? យើងក៏មានខោអាវច្នៃដោយដៃជាងច្នៃម៉ូដលំដាប់ប្រទេសពាក់ដែរ?!»
អេមីសប្បាយចិត្ត សើចក្អាកក្អាយ ហើយតបវិញ៖
«ត្រូវហើយ! យើងពិបាកចិត្តប៉ុន្មានពេលមកហើយ ព្រោះមើលទៅ មិនដឹងច្នៃយ៉ាងម៉េចឱ្យ Event Manager ថ្មីរបស់ DM មើលទៅលេចធ្លោនៅកណ្ដាលពិធីបើកឆាកពិព័រណ៍ដ៏ធំនោះ ឥឡូវយើងនឹកឃើញហើយ!»
ស្រទន់តបដោយមានកម្លាំងចិត្ត ព្រោះតែរំភើប៖
«មែនអ្ហេះ? យើងសប្បាយចិត្តណាស់អេមី! យប់នេះធ្វើការទល់ភ្លឺក៏មិនហត់ដែរ ពេលឮអ៊ីចឹង!»
«អឺ! តែបើឯងទុកខ្លួនអត់ងងុយស្គមជាងនេះ តិចថាយើងមិនបានប្រាប់ឈុតពណ៌ស គឺស្អាត តែមិនសមនឹងមនុស្សរាងសំគមស្វិតទេ!»
«អុះពណ៌សអ្ហី? ក្រែងពណ៌ខៀវទាំងអស់គ្នាមែនទេអេមី?!»
«តែឯងជាគជ់ស ជាគជ់តែមួយគត់ក្នុងរាត្រីពណ៌ខៀវណាពួកម៉ាក!»
«អូហូ! ឯងគិតដិតដល់ម្ល៉េះ? ឯងយល់ថា យើងសមទេដែលប្រីពណ៌ដ៏លេចធ្លោបែបនេះ?!»
«កុំទាន់ស្លោស្លន់អី ទៅគេងសម្រាកតាមសម្រួលទៅ! ពេលឃើញអាវចេញជារូបរាងមក ឯងនឹងអង្វរយើងចង់បានវាមិនខាន!»
…………………………….
វគ្គ
គជ់ខ្យងរាត្រីពណ៌ខៀវ
….ជាទូទៅបន្ទប់តុងតែងខ្លួនតែងតែរញ៉េរញ៉ៃ និងតូចចង្អៀតក្នុងកម្មវិធីនីមួយៗ ប៉ុន្តែដរាបណាមានវត្តមានរបស់តួឯកជាតួធំ មិនមែនអ្នកណាក៏អាចចេញចូលមកកាន់ទីនេះបាននោះទេ។
តាមថា អេមីអាចនឹងផ្ចិតផ្ចង់លើការងាររបស់ខ្លួនបានយ៉ាងល្អ ក្នុងការបិទផ្កា និងធម្មជាតិសមុទ្រនីមួយៗលើរាងកាយដាអ៊ីណា ប៉ុន្តែថ្ងៃនេះគឺករណីផ្សេង ព្រោះថាពេលដែលជាងធ្វើសក់ឈ្មោះឌីកំពុងផ្ចិតផ្ចង់លើការងារលើ កេសា Super Star របស់គេ នាងស្រាប់តែទោមនស្ស បោះ Script ចោលទៅលើទូសម្អាង ហើយនិយាយឡើងកោកៗ៖
«មើលមិនយល់! ហៅនាងស្រទន់មកឱ្យពន្យល់បន្តិចពី Floor plan ដូចជើងក្ដាមនៀក តើជាអ្វីទៅ?ដើររបៀបនេះ ដើរឱ្យពីណាមើល?»
អេមីក្តុកក្នុងចិត្ត តែនាយខំទប់ គិតពីបន្តការងារដោយប៉ះប៉ូវបន្ថែមទៅលើសម្លៀកបំពាក់ ចំណែកជាងឌី ស្រែកបង្គាប់ទៅក្រៅបន្ទប់៖
«អ្នកណានៅនឹងទ្វារហ្នឹង? អ្នកណាក៏បាន ជួយតាមពិធីការមកណេះបន្តិច! បងដាអ៊ីនចង់និយាយគា្ន!»
សូរសំឡេងមេក្រូលាន់រំពងមកល្វើយៗតាមខ្យល់សមុទ្រ នាំមកនូវពាក្យប្រកាសដដែលៗ៖
«សូមស្វាគមន៍! នេះជាកម្មវិធីបង្ហាញម៉ូដបើកពិព័រណ៍គជ់ខ្យងរាត្រីពណ៌ខៀវ! ក្រៅពី Super Star របស់ DM ក៏នឹងមានការបង្ហាញខ្លួនលើឆាកដោយតួឯកឆោមគន់ជម្រុះផ្ដាច់ព្រ័ត្រ ទាំង១០ទៀត! កម្មវិធីដ៏អស្ចារ្យដែលភ្ញៀវកិត្តិយសបានទន្ទឹងរង់ចាំនឹងឈានចូលមក ដល់ ក្នុងពេល១៥នាទីទៀតនេះ!!»
អេមីដើរមកក្បែរដាអ៊ីណា ហើយតឿន៖
«តោះដាអ៊ីន! ចាប់ផ្ដើមបិទផ្កា ក្រោកឡើងមក ដល់ម៉ោងហើយ!»
ដាអ៊ីណាក្រោកឈរល្វន់ល្វៃខ្ពស់ស្រាវក្នុងឈុតពណ៌ទឹកសមុទ្រ ដែលត្រូវការតែច្នៃបន្ថែមផ្កាស្រស់តិចតួច នឹងធ្វើឱ្យខ្លួននាងក្លាយទៅជាទេពអប្សរកណ្ដាលដែនសមុទ្ររាត្រីពណ៌ ខៀវបាន។
នារីបង្ហាញម៉ូដកំពុងសម្លឹងខ្លួនឯងសែនពេញចិត្ត ស្រាប់តែក្នុងកញ្ចក់លេចចេញមកនូវរូបភាពគួរឱ្យនាងត្រូវល្អក់កករ ចិត្តមកវិញ ព្រោះឃើញស្រីតូចជាទីសំអប់រលះរលាំងចូលមកដល់ជាមួយឈុតវែងរលោង ពណ៌សក្បុសដូចស្រទាប់ព្រិល។
សម្លៀកបំពាក់ជាប្រភេទសូត្រដែលគ្មានការរចនាអ្វីច្រើនឡើយ ប៉ុន្តែហេតុអ្វីមើលទៅថ្លៃថ្នូរទន់ភ្លន់ម្ល៉េះ?
ដាអ៊ីណាងាកមកសម្លក់អេមី ព្រោះចិត្តនាងដឹងថាក្នុងប្រទេសនេះ តើមានអ្នកណាដែលអាចរៀបចំស្រីតូចមិនស៊ីវិល័យម្នាក់មកក្លាយជាទង បុប្ផាដ៏ស្រស់បំព្រងថ្នាក់នេះបាន ជាមួយនឹងសាច់ក្រណាត់ដែលសឹងថា ពុំមានតម្លៃអីអស្ចារ្យអស់នេះ??។
អេមីធ្វើមិនដឹង ទោះបីចិត្តនាយដឹងពីកម្ដៅភ្លើង១០០អង្សាដែលបម្រុងនឹងឆាបឆេះ ក្នុងផែនទ្រូង Super Model ក្ដី ក៏គេនៅបន្តរៀបរយសម្លៀកបំពាក់ឱ្យមិត្តចាស់ តែចិត្តលួចគិតស្ងាត់ៗម្នាក់ឯងថា៖
«ដាអ៊ីនអើយ ហេតុតែភ្លើងទោសៈ សូម្បីខ្លួនស្អាតដាច់គេក្នុងយប់នេះទៅហើយ ក៏នៅនឹកច្រណែនដល់ស្រីផ្សេងដែលរូបសម្រស់គ្មានអីមកស៊ូនឹង ខ្លួនបានបែបនេះ! នេះឬជាភ្លើងឫស្យាដែលអាចនឹងធ្វើឱ្យសូម្បីខ្លួនឯងរលាក??!»
គិតយ៉ាងនេះហើយក្ដី ភេទទីបីដែលចេះគិតវែងឆ្ងាយនៅតែបែរបន់ក្នុងពោះ ក្រែងកៀកពេលដូច្នេះទៅហើយ ដាអ៊ីណាគិតពីកម្មវិធីជាធំ លែងចិញ្ចឹមចិត្តរករឿងស្រទន់ដែលទើបតែចូលមកដល់ទាំងហត់គឃូស គេខំពោលបន្លប់៖
«ឯងឈរឱ្យត្រង់ណា ប្រយ័ត្នវៀចផ្កា!»
ដាអ៊ីណាទប់ចិត្តឈរត្រង់ខ្នង តាមដែលជាងច្នៃម៉ូដបង្គាប់ តែបេះដូងនាងដែលត្រូវដុតកម្លោចដោយក្ដីនិន្ទា ងាយឯណានឹងរលត់ទៅវិញ។
នាងនៅតែសម្លឹងទៅរកស្រទន់ ពេលដែលពិធីការថ្មីរូបនេះខំពោលសួរ ព្រោះជិតដល់ពេលទៅហើយ៖
«បងដាអ៊ីណា ខ្ញុំមកហើយ!!»
ភ្នែកស្រីបង្ហាញម៉ូដក្រឡេកមួយឆាវ គឺបានឃើញពីភាពអន្ទះសា និងព្រួយបារម្ភរបស់ពិធីការថ្មីសន្លាងនេះទាំងស្រុងទៅហើយ។
នាងនឹកក្នុងចិត្តម្នាក់ឯង៖
«នាងចង្រៃ យើងដឹងថា CEO ដួងមេត្រី នៅខាងក្រៅ! អ្នកមុខអ្នកការឯទៀតៗកំពុងនៅរង់ចាំ Show ដ៏ពិសេសនេះ! Script របស់ឯងរៀបចំល្អឥតខ្ចោះបែបនេះ ទោះឯងអត់ដេកពេញមួយខែ ឬមួយគ្រប់គ្នាសុទ្ធតែឈរខាងឯងជួយឯង ក៏យើងមិនខ្វល់ដែរ! ដឹងតែថាបើយប់នេះ យើងឱ្យឯងបានសុខ ដូចជាល្ងង់ខ្លៅពេក!»
ម្រាមដៃតួឯកចិត្តមាររេរលាស់ទៅរកសន្លឹកក្រដាសដែលមុននេះ នាងទុកចោលលើទូឱ្យរបូតជ្រុះប៉ើងទៅក្រោមកម្រាល ហើយធ្វើជានិយាយស្លូតបូត៖
«អុះ! ស្រទន់ខ្ញុំមានកន្លែងអត់យល់ ឯងរើសតិចមក ខ្ញុំឱនមិនកើត!»
«បាន!»
នាងឆ្លើយយ៉ាងរហ័ស ហើយឱនទៅរើសយកក្រដាសឡើងមក។
ម្រាមដៃពិធីការតូចមិនទាន់បានប៉ះដល់សន្លឹកក្រដាសផង អ្វីមួយក្ដៅឧណ្ហៗរត់រសឹបមកលើក្បាលនាង ហើយវាហូរហួសពាសពេញសរសៃសក់ដែលនាងបានបួងឡើងផុតកញ្ចឹងកនោះ សើមស្អិត ជះក្លិនមកឆួលដល់ច្រមុះ។
ក្នុងវិនាទីដែលនាងនឹក អ្វីមិនឃើញ តំណក់កាហ្វេខ្មៅចាស់បានហូរហួសមកដល់ស្មា និងដើមទ្រូងនាង ទម្រាំនាងដឹងថា វាត្រូវបានមនុស្សម្នាក់ចាក់ស្រោចដោយចេតនាមកលើក្បាល។
ស្រទន់ស្រវាក្រោកមកវិញ ពេលដែលជាងឌីភ័យរន្ធត់ថយក្រោយក្រាកៗឆ្ងាយពីដាអ៊ីណា ហើយអេមីត្រូវរបូតផ្កាពីដៃទាំងចំហមាត់ធ្លុង។
មានតែដៃដាអ៊ីណាប៉ុណ្ណោះដែលនៅកាន់ពែងកាហ្វេនឹងថ្កល់ ព្រមជាមួយស្នាមញញឹមកាចសាហាវរបស់នាង។
«វាត្រជាក់ហើយ ព្រោះយកមកយូរហើយ តែលេបមិនចូល! សុំទោសណា៎ វាសដៃទៅយកក្រាសទេ តែវាជ្រុលកំពប់ទៅលើក្បាលឯង!»
ទោះនាងស្អាតដូចទេពអប្សរ ជាមួយការតុបតែងប្រកបដោយសិល្បៈវិចិត្រកម្ម ប៉ុន្តែចិត្តនាង និងអំពើរបស់នាងបានបណ្ដាលឱ្យស្នាមញញឹមរបស់នាងក្លាយជាស្នាម សំណើចនៃបិសាចទាំងកណ្ដាលថ្ងៃ។
ស្រទន់ឈរមកវិញទាំងភក្ត្រាក្រហមដូចរងើកភ្លើង ហើយតំណក់កាហ្វេខ្មៅក្រឹបនៅហូរត្របាញ់ចុះមកពីជើងសក់នាង។
អេមីលូកដៃញ័រទទ្រើកទៅរកក្រដាសជូតមាត់ ប៉ុន្តែដាអ៊ីណាខាំមាត់គំរាមយ៉ាងជូរចត់៖
«សល់ពេលតែ៥នាទីទៀតទេ បើឯងអាល័យជួយ ហើយមិនបិតផ្កាឱ្យយើង ឯងទទួលខុសត្រូវខ្លួនឯង!»
នាងងាកទៅរកជាងឌី ហើយគំហក៖
«ម៉េចមិនបន្តទៀតមក?!»
ជាងឌីដែលខ្លាចអំណាចនាង ស្ទុះមកក្បែរ ហើយបន្តធ្វើសក់ផ្គាប់ស្រីចិត្តកាឡី ធ្វើឱ្យដាអ៊ីណាបានចិត្តញាក់ចិញ្ចើមដៀងភ្នែកទៅរកភេទទីបីដែល នៅសល់។
អេមីសម្លក់នាងមួយទំហឹង កែវភ្នែកអេមីជាសញ្ញាថាចប់ហើយ ហើយគេក៏មិនខ្វល់អ្វីក្រៅពីជួយស្រទន់នោះឡើយ។
ភេទទីបីងាកមករកស្រទន់ដែលឈរជាមួយរាងកាយប្រឡាក់កាហ្វេពាសពេញ។ សម្លៀកបំពាក់សូត្រក្លាយជាស្មូមយាចកត្រឹមមួយប៉ប្រិចភ្នែក។ ក្បាលនាងនិងផ្ទៃមុខដិតដាមដោយតំណក់កាហ្វេ។
អេមីលូកដៃទៅបម្រុងជូតឱ្យ តែដាអ៊ីណាស្រែកមកទាំងកំហឹង៖
«បើដៃឯងប្រឡាក់កាហ្វេតែបន្តិច ឯងកុំយកមកប៉ះអាវយើងឱ្យសោះ នាងអេមី!!!»
អេមីខាំមាត់ជាសញ្ញាថាមិនខ្វល់ ហើយបន្តលូកដៃទៅរកជូតឱ្យស្រទន់ ត្រូវនាងរងឃាត់ ហើយចាប់កដៃគេជាប់។
អេមីសម្លឹងឆ្ពោះទៅរកតំណក់ទឹកភ្នែកដែលទើរនៅដក់ក្នុងកែវភ្នែក ទាំងគូនៃនារីកម្សត់ គឺមានន័យថានាងខំទប់ទឹកភ្នែកណាស់ ព្រោះនាងមិនចង់យំនៅចំពោះមុខមនុស្សកំណាច។
នាងពោលញ័រៗមកកាន់មិត្ត៖
«អេមី! ខ្ញុំសូមអង្វរ! Show នេះមិនអាចខូចបានទេ!»
នាងនិយាយបានតែប៉ុណ្ណឹង ហើយចាកចេញទៅ ធ្វើឱ្យជាងច្នៃម៉ូដនៅទ្រឹងទាំងអាណោចអាធ័មចិត្ត។
—————————-
សំឡេងជាងឌីស្រែកតឿនពីក្រោយខ្នងស្រទន់៖
«បងអេមី ឱ្យលឿនដល់ម៉ោងហើយ!»
ស្រីតូចបោះជំហានចាកចេញពីបន្ទប់តែងខ្លួនខ្ទប់មុខទាំងអាម៉ាស់ ទាំងឈឺចាប់ និងងងឹតមុខ មើលអ្វីក៏ព្រិល តាមផ្លូវអ្នកណាសួរក៏ហ៊ឹងត្រចៀកស្ដាប់មិនឮ មាត់រកអ្វីឆ្លើយទៅនឹងមិត្តរួមការងារដែលនៅចប់តាមផ្លូវចំហមាត់ ធ្លុងនោះក៏មិនបាន គឺនាងចង់តែគេចខ្លួនឱ្យបាត់ភ្លាមៗទៅក្នុងផែនដីនេះ ហើយចង់គេចឱ្យបាត់ពីមនុស្សផងទាំងឡាយ ដែលជាសត្វអាសិរពិសនៅវិនាទីចុងក្រោយនៃការចាប់ផ្ដើមកម្មវិធីដំបូង បង្អស់ក្នុងជីវិតនាង។
….ប៉ុន្តែនាងត្រូវឈប់ជើងវិញ…. នៅចំពោះមុខបុរសម្នាក់… ជាបុរសដ៏សង្ហាដែលបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ថ្លៃថ្នូរខ្ពស់ ស្រាវ ហើយសន្សឹមៗ មុខគេប្រែជាខូចចិត្ត ភ្នែកទាំងគូបែរជាអាណោចអាធ័ម សម្លឹងនាងពីលើដល់ក្រោមទាំងនិយាយអ្វីមិនចេញមួយម៉ាត់ បញ្ជាក់ថា ទោះគេម៉ត់ចត់ មិនងាយប្រែទឹកមុខ ប៉ុន្តែស្ថានភាពនាងពិតជាធ្វើឱ្យគេតក់ស្លុត។
«មានរឿងអី?!»
វត្តមាន ដេត ភូមិន្ទ នៅចំពីមុខបាំងចំកណ្ដាលផ្លូវ។ នៅនឹងកែវភ្នែករបស់គេ បានធ្វើឱ្យទឹកភ្នែកនាងដែលទើរឆ្វង់ក្នុងរង្វង់ភ្នែកទាំងសង ពេលនេះត្របាញ់គ្នាធ្លាក់មកខ្ជោកពីរជួរយ៉ាងវែងជំនួសឱ្យចម្លើយ។
នរៈខាំមាត់ងើបមុខដោយទោសៈ សម្លឹងទៅរកបន្ទប់តែងខ្លួនដែលនៅពីក្រោយខ្នងនាងសម្លឹងទៅអ្នក កំដរឆាក អ្នកបច្ចេកទេសនានាដែលតាមមើលនាងដោយភិតភ័យ ហើយគេ…. គឺដឹងពីហេតុផលនៅពីក្រោយរូបភាពដ៏គួរឱ្យឈឺចាប់នេះ។
គេលូកដៃមកចាប់កដៃនាង ហើយទាញឱ្យដើរបកទៅរកទីនោះវិញ…. គឺទីដែលដាអ៊ីណាកំពុងតែមានវត្តមាន…. ទោះបីជានាងក្រាញយ៉ាងណា គេនៅតែទាញនាងទៅ។
នាងត្រូវគេអូសទៅបន្ទប់នោះវិញ ទប់យ៉ាងណាក៏មិនឈ្នះ ទើបនាងងើបមុខរកនិយាយទៅកាន់គេ។ ភ្លាមៗនោះ កំហឹងគ្របដណ្ដប់លើភាពជាសុភាពបុរសរបស់គេ ធ្វើឱ្យនាងចាប់ផ្ដើមភិតភ័យ។ នាងនឹកឃើញដល់សកម្មភាពរបស់គេដែលមិនខ្វល់នឹងចុងកាំបិតកាលពីយប់ នេះ គេមិនខ្លាចសូម្បីសេចក្ដីស្លាប់ គឺពេលនេះបើគេចូលទៅដល់បន្ទប់នោះមែន គ្មានអ្នកណាអាចធានាបានទេថា គេឬដាអ៊ីណាដែលនឹងត្រូវខ្មាសគេ។
«កុំអី…..! ខ្ញុំសូមអង្វរ!»
នាងខំនិយាយចេញបានពាក្យប៉ុន្មានម៉ាត់នេះទាំងតឹងទ្រូង ទាំងឆ្អែតចិត្ត និងទាំងអ្វីៗគ្រប់យ៉ាងលែងអាចសុទិដ្ឋិនិយមកើតទៀត។
គេឈប់ជើង ពេលឮសំឡេងសោយសោករបស់នាង ប្រហែលគេទើបតែស្វាងចេញពីទោសៈ។ ហើយគេងាកមកមើលនាងទាំងភ្នែកអាសូរ ស្ទើរស្រវាឱបកណ្ដាលចំណោមមនុស្សម្នាបាន។ គេសោកស្ដាយដែលឈុតពណ៌សដ៏ប្រណីតគ្រងពីលើចិត្តមនុស្សដ៏បរិសុទ្ធ ដូចនាងបែរជាមកបណ្ដោយឱ្យមនុស្សមានចិត្តជាមារ ធ្វើឱ្យប្រឡាក់ប្រឡូសអន្តរាយតែក្នុងមួយប៉ប្រិចភ្នែក?
តែគេ នៅអំណត់ស្ដាប់ពាក្យអង្វរកររបស់នាង។ នាងខំបន្តសំឡេង តែភាពទុក្ខសោកធ្វើឱ្យសូរសព្ទទៅជាតានតឹង ទម្រាំចេញមួយម៉ាត់ៗមកបាន៖
«ដេត ភូមិន្ទ! នេះជា Event ដំបូងរបស់ខ្ញុំ! ខ្ញុំគេងអត់លក់អស់៤២ថ្ងៃ ខ្ញុំបានលះបង់គ្រប់យ៉ាងទៅក្នុងនេះ! គ្រប់គ្នានៅ DM ចំណាយញើសឈាម គំនិតបញ្ញារបស់ពួកគេដើម្បីតែ Show មួយនេះ ទូរទស្សន៍ក៏កំពុងផ្សាយផ្ទាល់! បងកុំបំផ្លាញវា! ខ្ញុំសូមអង្វរ!»
ចិត្តនាយរន្ធត់ សម្លឹងនាងពីលើដល់ក្រោម ហើយបេះដូងនាយលោតញាប់រំលងទាំងសន្ធឹកស្គរដែលប្រគំក្តុងៗ ជាកិច្ចបើកឆាកបង្ហាញម៉ូដនាំយកតួឯកឆោមគន់ទាំង១០រូបបង្ហាញ ខ្លួនលើឆាក ក៏ជាពេលដែលតារាស្រីលំដាប់លេខមួយ ដាអ៊ីណានឹងប្រាកដកាយជាមួយឈុតល្អបំផុតរបស់ពិព័រណ៍គជ់ខ្យង រាត្រីពណ៌ខៀវ។
នៅពីក្រោយខ្នងស្រទន់ ធានិតរត់មកដល់ ហើយឈរខ្ទប់មាត់ដោយរន្ធត់ មិនដឹងថាគឺស្ថានភាពមេកោយរបស់នាងធ្វើឱ្យនាងភ័យ ឬក៏ដោយសារតែកែវភ្នែកក្រហមដូចរងើកភ្លើងរបស់ ដេត ភូមិន្ទនោះឡើយ។
តើមានអ្នកណាម្នាក់ស្មានដល់ទៅថា នៅវិនាទីចុងក្រោយនៃកម្មវិធីជាកិត្តិយសរបស់ DM Empire ដាអ៊ីណាដែលដុះដាលឡើងនៅទីនេះបានបង្កើតរឿងដ៏រន្ធត់នេះឡើងបាន ដោយគ្មានពិចារណានឹកសោកស្ដាយ?
នាងនៅទ្រាំតស៊ូនឹងកែវភ្នែកគេ ព្រមទាំងភាពវាយប្រហារក្នុងផ្លូវចិត្តលែងបានក៏បិទភ្នែក ទន់ជង្គង់ដួលស្រ៊ុប។
ក៏គ្មានអ្នកណាស្មានដល់ដែរថា នាយពាណិជ្ជកម្មស្រស់សង្ហាបានឱនលើកបីស្រីតូចស្រទន់ផុតជើងពីដី ទាំងមិននឹកស្ដាយដល់សម្លៀកបំពាក់ពណ៌ខៀវស្អាតភ្លឹងរបស់នាយ។
គេដើរតម្រង់ទៅរកបន្ទប់តុបតែង ដោយមានអេមីរត់មកទទួល តាមជាមួយកន្សែងមួយនៅនឹងដៃ។
«បងភូមិន្ទ ទុកឱ្យខ្ញុំ!»
គេដាក់នាងលើកៅអីដែលមុននេះជាកម្មសិទ្ធរបស់ដាអ៊ីណា ហើយបន្ទប់នេះក្រៅពីនាង គ្មានអ្នកណាមានសិទ្ធិចូលមកតុបតែងឡើយ។
គេសម្លឹងនាងទាំងស្រងេះស្រងោច រហូតដល់ឮអេមីស្រែកហៅធានិតឮៗ៖
«ធានិត! មកជួយផង!»
ទើបដេត ភូមិន្ទបែរខ្នងចេញ ទុកឱ្យពួកគេជូតមុខមាត់ដាស់នាង។
«អេមី!!»
គេហៅតែពីរម៉ាត់ ហើយហៅតិចៗ តែភេទទីបីភ័យរបូតកន្សែងពីដៃ ព្រោះជាងច្នៃម៉ូដដឹងហើយថា ដេត ភូមិន្ទនឹងសួរនាយពីហេតុការណ៍នោះឡើងវិញពីដើមដល់ចប់។
«ចា៎!»
ភេទទីបីឆ្លើយបង្អូស ព្រោះពិបាកចិត្ត ឯធានិតគិតពីជួយជូត និងលាបប្រេងរឹតឱ្យមេក្រុមដែលសន្លប់ឈឹង។
ជាងធ្វើសក់ឈ្មោះឌីសសៀរៗគេចចេញទៅបាត់ស្រមោល ដូច្នេះអ្នកដែលនៅសល់ គឺអេមីនេះហើយដែលនឹងត្រូវឆ្លើយនូវសំណួរទាំងអស់គេចមិនរួច។
ស្រទន់បើកភ្នែកមកវិញព្រឹមៗ….. នាងឃើញមុនគេ គឺធានិតដែលកំពុងជួយរឹតរួតប្រេង និងជូតមុខ គឺទឹកមុខមេរងដែលធ្លាប់តែទើសចិត្តនាងម្នាក់នេះបែរទៅជា ស្លេកស្លាំង ទំនងជាបារម្ភនិងអាណិតអាសូរនាងជាពន់ពេក។
ស្រទន់ស្រវាច្រត់ដៃក្រោកអង្គុយស្រួលបួលជាងមុន ទាំងប្រឹងផ្ទៀងស្ដាប់ភ្លេងនៅខាងក្រៅ។
ហាក់បីដូចជាយល់ចិត្តនាងណាស់ ធានិតនិយាយតិចៗប្រាប់តែម្ដង៖
«Show ចប់ហើយបងទន់! អត់អីទេ ដំណើរការរលូន!»
ស្រទន់បើកភ្នែកមូលក្លុំ នាងសួរវិញភ្លាម៖
«ធានិត! ឯណាដេត ភូមិន្ទ!??»
ធានិតដកដង្ហើមធំ ធ្វើរេរាទាំងដៃកាន់កន្សែងទទឹកនោះ។
ស្រទន់សួរខ្សឹបទៅនឹងត្រចៀកកូនក្រុម៖
«មានអ្នកណានិយាយរឿងនេះប្រាប់គេទេ!? ដេត ភូមិន្ទណា៎! ខ្ញុំខ្លាចគេចេញទៅរករឿងដាអ៊ីណា!»
ធានិតរេភ្នែកសម្លឹងមុខមេក្រុមដែលខ្លួននាងផ្ទាល់ធ្លាប់តែច្រណែន។
ភ្នែកមេរងបញ្ជាក់ប្រាកដថា នាងក៏កំពុងនៅចំប្រលោះកណ្ដាលរវាងការពិតមួយថា ស្រទន់ជាមនុស្សល្អណាស់! គឺដាច់ឆ្ងាយគ្នា ដូចមេឃហើយនឹងដី បើធៀបទៅនឹងដាអ៊ីណា។
មេរងសួរវិញខ្សឹបទាំងជ្រួញចិញ្ចើម៖
«ពេលនេះហើយ បងឯងនៅខ្លាចគេបាក់មុខទៀត? ដែលគេធ្វើលើបងឯងដល់ថ្នាក់ហ្នឹងហើយហ្នឹង? Show របស់យើងដែលខំម៉ោអត់បាយអត់ទឹក សឹងតែខូចទាំងស្រុងដោយដៃគេទៅហើយ នៅគិតគេធ្វើអីទៅ?»
ស្រទន់រលីងរលោងនឹកឃើញឡើងវិញដល់ហេតុការណ៍អកុសលមុននេះ។ នាងខំញញឹមទាំងជូរចត់៖
«តែមិញឯងប្រាប់ខ្ញុំ… ធានិតឯងថាអ្វីៗអត់អីទេមែនទេ ធានិត? ឯងថា Show ចប់ហើយមែនទេ?! CEO ដួងមេត្រីមិនបានបាក់មុខទេមែនទេ?!»
ធានិតដកដង្ហើមតឹងទ្រូង ហើយងក់ក្បាល។
ស្រទន់ធូរចិត្តបន្តិច ប៉ុន្តែពេលក្រឡេកទៅឃើញមុខស្រពោនរបស់មេរងធានិត នាងចាប់ផ្ដើមនឹកឃើញឆ្ងល់។
បន្ទប់នេះតាមពិតធានិតគ្មានសិទ្ធិចូលមកទេ នៅក្នុងហេតុការណ៍កើតឡើងក៏គ្មានវត្តមានធានិតដែរ ចុះហេតុអ្វីសម្ដីមេរងអំបាញ់មិញដូចជាគេនេះបានដឹងដំណើររឿងអស់ ទាំងនោះគ្រប់សព្វទៅហើយ?
នាងបើកភ្នែកធំៗសម្លឹងធានិត ហើយសួរខ្សាវៗទៀត៖
«ចុះម៉េចឯងដឹង?!»
នាងឃើញភាពរន្ធត់ក្នុងកែវភ្នែកគេ ហើយនាងយល់ជាបណ្ដើរៗថា អេមីបានប្រាប់ដេត ភូមិន្ទអស់ទៅហើយ គឺនៅពេលដែលនាងសន្លប់។
ដោយសារធានិតជាមនុស្សស្រីម្នាក់គត់ដែលនៅទីនេះ រង់ចាំជូតរឹតប្រេងមានរឿងអ្វីគេមិនឮ?។
ធានិតឃើញកែវភ្នែកសង្ស័យរបស់មេកោយនាង នាងក៏ងក់ក្បាលផ្ងក់ៗជំនួសឱ្យចម្លើយថា៖
«បងឯងគិតមិនខុសទេ!»
ស្រទន់របូតមាត់៖
«ឱអេមីអើយ!»
ធានិតប្រញាប់ពោលពន្យល់វិញភ្លាម៖
«មិនបាច់ភ័យទេ! ពេលនេះដាអ៊ីណាកំពុងអង្គុយរួមតុជាមួយចៅហ្វាយក្រុង លោកភូមិន្ទក៏មិនល្ងង់ទៅបង្ករឿងដែរ! តែ…..!»
«តែយ៉ាងម៉េចទៅ?» នាងសង្ខើញសួរតិចៗភ្លាម។
ធានិតទប់ចិត្តនិយាយពន្យល់តាមសម្រួល៖
«រឿងប៉ុណ្ណឹងហើយ បងដាអ៊ីណាកុំសង្ឃឹមរួចខ្លួន!»
ស្រទន់ពិបាកចិត្តសម្លឹងមុខធានិតត្លែ។
អេមីចូលមកដល់ ជាមួយភេសជ្ជៈពីរកែវ។
«ណេះនាំគ្នាលេបបន្តិចសិនទៅ! ហត់ពេញមួយថ្ងៃហើយ នឹងអាលស្រទន់ទៅដូរខោអាវ!»
ធានិតដៃម្ខាងទទួលយកកែវភេសជ្ជៈ ភ្នែកសម្លឹងរ៉ូបខ្លីពណ៌ខៀវចាស់ដែលជាងច្នៃម៉ូដហុចមកឱ្យស្រទន់។
គេលាន់មាត់៖
«ចំជាបងអេមីមែន! ប៉ុន្មាននាទីសោះរកបានខោអាវឡូយៗមកភ្លាមហ្មង!»
អេមីបានចិត្តតបតវិញទាំងញាក់ចិញ្ចើមមោទកភាព៖
«ម៉េចដែលហៅថាអ្នកច្នៃម៉ូដប្រចាំ Event នោះនាង? យើងត្រូវតែមានមុខ មានក្រោយ មានក្រៅ មានក្នុងសាកួខ្លះអ៊ីចឹងហើយ! នែស្រទន់ស្លៀកទៅ! យើងមានការនិយាយជាមួយឯង!»
ភេទទីបីចាកចេញពីបន្ទប់ទៅ ក្នុងន័យថាគេចាំនាងនៅក្រៅ ហើយក៏ក្នុងន័យថា គេមិនចង់និយាយអ្វីនៅនឹងមុខអ្នកទីបីដូចគ្នា។ ស្រទន់ទទួលអាវមកកាន់ ហើយមើលមុខធានិតភ្លឹះៗ។
ធានិតដកដង្ហើមធំនិយាយកាត់៖
«តោះ! ទៅបន្ទប់ទឹកលាងសក់ លាងខ្លួនផ្លាស់ខោអាវឱ្យហើយសិន ចាំគិតទៀត! ម៉ោះបែរខ្នង ខ្ញុំរូតអាវឱ្យបងឯង! ប្រញាប់ឡើង ខ្លាចលោកភូមិន្ទត្រឡប់មករក!»
តាមពិត គឺអេមីទេដែលនៅអន្ទះសារង់ចាំខាងក្រៅ។
លុះឃើញស្រទន់ចេញមកកាលណា គេលូកដៃទាញនាងទៅកាន់សួនច្បារ រកកន្លែងស្ងាត់មួយ ហើយចាប់ផ្ដើមខ្សឹបខ្សៀវ។
«ទន់…..»
ស្រីតូចយើងដែលនៅសើងមម៉ើងមិនទាន់ស្រលះ១០០ភាគរយនៅឡើយ លុះមកឃើញអេមីកាន់ដៃដោយក្ដីបារម្ភ ថែមទាំងទាញនាំមកឆ្ងាយផុតពីគេឯងដោយប្រើសម្ដីបែបខ្សឹបខ្សៀវទៀត កាន់តែនឹកចម្លែកក្នុងចិត្ត ទ្រាំមិនបានក៏សួរទាំងទុក្ខព្រួយ៖
«អេ៎! ឯងកើតស្អី?! ហៅខ្ញុំផ្អែមយ៉ាងនេះ?! ឯងរៀនហៅឈ្មោះខ្ញុំតាមដែលគេនោះប្រាប់អ្ហេះ?!»
ភេទទីបីរេភ្នែកសម្លឹងស្រីតូចម្នាក់នេះ។
គេមិនស្អាត ក៏មិនឆ្លាត ចុះម៉េចក៏មានអារម្មណ៍ថាភាពទៀងត្រង់ អត់ធន់ និងឆោតល្ងង់របស់គេ ភាពបើកចំហរបស់គេ ធ្វើឱ្យខ្លួនក៏ដូចជាកក់ក្ដៅដែរ ទម្រាំតែចិត្តប្រុសៗ??
តើនេះមែនទេ មូលហេតុដ៏សាមញ្ញ ហើយអាថ៌កំបាំងនេះ បានជាស្រីម្នាក់នេះយកបានបេះដូងនាយពាណិជ្ជកម្ម?។
គិតបណ្ដើរ គេសម្លឹងទៅរកកែវភ្នែកស្រលះមូលក្លុំទាំងសងរបស់នាងដែលកំពុងទទូចរង់ចាំចម្លើយ។
ភេទទីបីនិយាយមួយៗតិចៗ តែប្រាកដប្រជា៖
«សន្យានឹងយើងបានទេថា ថ្ងៃក្រោយឯងមិនធ្វើបាបដាអ៊ីណា?!»
ស្រទន់របូតស្នាមញញឹម ហើយស្ថានភាពគួរឱ្យឈឺចាប់កើតឡើងកាលពីមុននេះប៉ុន្មាននាទី នៅឯបន្ទប់តែងខ្លួន Super Star ក្លិនកាហ្វេ និងស្លាកស្នាមសំណើចនៃមនុស្សចិត្តជាពស់វែកបានកើតមានឡើងវិញកាប់ ចិញ្ច្រាំបេះដូងដ៏កម្សត់។
ការឈឺចាប់ធ្វើឱ្យនាងស្រៀវអស់ កម្លាំងចុងដៃចុងជើង ក៏មិនអាចបន្តសូម្បីតែសើចបានឡើយ។ នាងកំពុងរកនឹកមើលថា តើអ្វីទៅដែលបណ្ដាលឱ្យជាងច្នៃម៉ូដដាច់ចិត្តនិយាយពាក្យនេះចេញ មករួច? តើគេនិយាយចេញមក ដោយសារពិបាកចិត្តពេកឬអ្វី?
«យើងនេះអ្ហីដែលត្រូវទៅធ្វើបាបគេអ្ហះ អេមី?»
សំឡេងនាងល្វើយខ្សោយ អមមកជាមួយនូវការឈឺចិត្ត។
អេមីមិនចង់ពង្វាង ក៏មិនចង់ពន្យារពេលបន្លប់ចុះឡើងអ្វីដែរ ទើបនិយាយបន្ថែមវឹង៖
«ដាអ៊ីណាជាមិត្តរបស់យើង! ពេលយើងចូល DM ដំបូង មិនស្គាល់អ្នកណាទាំងអស់! គេជាអ្នកជួយយើង រាក់ទាក់យើង លើកស្ទួយយើង! យើងសុំឯងតែពាក្យសន្យាមួយ! ឯងកុំជាន់ឈ្លីគេ ហើយកុំតបតនឹងគេ! បានទេ?»
ចិត្តស្រីតូចស្រពន់ស្ពឹក។
បេះដូងនាងហេងហាង នាងសម្លឹងមិត្តម្នាក់នេះ ហើយសួរវិញ៖
«ឯងនឹកឃើញយ៉ាងណាបានជាមកនិយាយអ្ហះ? យើងនេះអ្ហី? យើងនេះដែលមានលទ្ធភាពទៅធ្វើបាបមិត្តដ៏ខ្ពង់ខ្ពស់របស់ឯង អេមី?!»
អេមីដកដង្ហើមធំ។
គេលែងដៃពីនាង ហើយលើកមកកាន់ស្មានាងទាំងសងឱ្យបែរមកសម្លឹងមុខគេ។
មាត់គេខ្សឹបតិចៗ៖
«ដេត ភូមិន្ទស្រលាញ់ឯង! យើងដឹងច្បាស់ណាស់!»
សម្ដីគេខ្លី តែបេះដូងស្រីតូចលោតរំជួល។
មុខនាងគ្របដណ្ដប់ដោយកំសួលឈាមច្រាលពណ៌ក្រហម ផុសចេញពីបេះដូងដោយអំណាចនៃភាពរំភើប និងបារម្ភខ្វល់ខ្វាយ។
ឃើញនាងនៅស្ងៀម តែចិត្តអេមីវិញ ទោះបីជាភេទទីបីក៏តឹងទ្រូងមិនចង់និយាយអ្វីបន្ត តែគេក៏មិនចង់បន្លាយពេល។
គេបន្ថែមសេចក្ដីពន្យល់នៅក្រោមពន្លឺភ្នែកបារម្ភរបស់នាង៖
«គេដាក់ឈ្មោះឯងថាស្រទន់? គេនេះអ្ហេះដែលធ្លាប់បានដាក់ឈ្មោះឱ្យស្រីណាម្នាក់ពីមុនមក? នៅក្នុងអង្គប្រជុំ គេនិយាយមិនមើលមុខឯង ទាំងឯងនៅទីនេះជ្រងោ! នោះជាស្អីទៅ? គឺគេខឹងង៉ក់នឹងឯង គឺគេលង់ឯង! មិញនេះ ពេលឯងសន្លប់..! អូខេ គ្នានិយាយកាត់ៗ…ដាអ៊ីណាខឹង វាធ្វើខុសព្រោះភ័យថា គេអាចតោងតំណែងក្នុងបេះដូងលោកភូមិន្ទលែងជាប់!»
ស៊ីវីក្ដុកក្ដួលចិត្ត នាងរងសម្ពាធពេកក៏វាសដៃភេទទីបីចេញពីស្មាទាំងសងមួយរំពេច។
ស្រីតូចនិយាយទាំងបែរខ្នង៖
«ទៅប្រាប់មិត្តឯងទៅ! យើងគ្មានលទ្ធភាពអីទៅជែងនឹងគេ ហើយគេក៏មិនចាំបាច់មកខឹងសម្បារ ធ្វើមកលើយើង ទុកយើងមិនស្មើមនុស្សអ៊ីចឹងនោះដែរ!»
អេមីពិបាកចិត្តណែនទ្រូង តែគេខំនិយាយពន្យល់បំណងខ្លួន៖
«ហួសពេលហើយ! ចិត្តប្រុសនោះលែងមានដាអ៊ីណាហើយ!!»
ស្រទន់បែរមកវិញ នាងពន្យល់ទាំងខ្វល់ចិត្ត៖
«អ៊ីចឹងឯងយល់ថា ជាកំហុសខ្ញុំ?!»
«មិនមែន! ហើយយើងក៏មិនបានសុំឯងមិនឱ្យស្រលាញ់លោកភូមិន្ទឯណា!? គ្រាន់តែឯង…..អត់ឱនឱ្យដាអ៊ីណា! ណា៎! កុំតបតនឹងគេ គេចពីគេទៅ! អូខេទេ ពួកម៉ាក?!»
ស្រទន់ញ័រដៃ នាងសម្លឹងភេទទីបី ហើយចិត្តនាងប្រេះស្រាំ។ សំឡេងមួយរត់មកក្នុងបេះដូងក្មេងសេចក្ដីរបស់នាង៖
«គឺកុំតបត! ទោះគេធ្វើអ្វីមកលើយើងក៏ដោយមែនទេ?!»
នាងមិននិយាយវាចេញមកមែន តែភាពខូចចិត្តបង្ហាញចេញមកនៅចំពោះមុខភេទទីបី។
មុនពេលនាងសម្រេចចិត្តមិនដាច់ស្រេចថា នាងត្រូវបែរខ្នង ហើយរត់ចេញ ឬក៏បន្តនៅស្ដាប់ពាក្យពិតរែងស្លែងអស់ទាំងនេះបានបន្ត អេមីនិយាយមកទៀត៖
«ពិព័រណ៍គជ់ខ្យង ជាឱកាសឱ្យឯងឡើងជាមេពិធីការពេញលក្ខណៈ! លោកភូមិន្ទគិតឯង លំអៀងទៅរកឯង ហើយគេបានក្បត់ចិត្តដាអ៊ីណាដែលស្រលាញ់គេ!»
«បានហើយ!»
នាងនិយាយតបទៅមិត្តដោយជូរចត់។
ហើយនាងបែរខ្នង មុនពេលអ្វីៗទៅជាប្រេះឆាជាងនេះ សំឡេងនាងលាន់មកវិញតាមខ្យល់៖
«ហើយយើងនឹងលាឈប់!»
អេមីលូកដៃទាញនាងមកវិញ សឹងឱ្យរាងកាយតូចស្គមនោះរបើកប៉ើងមកលើដី។
«ឯងយល់ខុសលើយើង! យើងមិនបានមើលងាយឯងក៏មិនបានបន្ទោសឯង! គ្រាន់តែយើងសុំឯង គឺយើងសុំឯងមួយតែប៉ុណ្ណោះ! សុំឯងកុំតបតគេ ទោះដាអ៊ីណាជ្រុលបន្តិច តែវាធ្វើព្រោះវាកំពុងឈឺចាប់! អត់ទោសឱ្យវាម្ដង ហើយប្រាប់លោកភូមិន្ទយប់នេះទៅ កុំឱ្យបញ្ចប់កុងត្រាវាណា៎ បានទេ??»
ស្រទន់បែរមកវិញ ហើយសម្លឹងមិត្តម្នាក់នេះទាំងតក់ស្លុត។ ភ្នែកនាងមិចស្មើនឹងសំណួរសួរបញ្ជាក់ថា៖
«បញ្ចប់កុងត្រាអ្ហី?!»
អេមីបង្ហាញភាពអង្វរករចេញតាមភ្នែក តែសំឡេងធានិតលាន់មកពីចម្ងាយ៖
«បងអេមី បងទន់ លោកភូមិន្ទហៅគ្រប់គ្នាឡើងទៅជាន់ខាងលើ!»
អេមីសម្លឹងធានិតទាំងស្លេកស្លាំង ហើយងាកមកសម្លឹងស្រទន់។
ស្រីតូចពិបាកចិត្ត ហើយដើរមួយៗឆ្ពោះទៅតាមពីក្រោយធានិត។
ទាំងបីនាក់ទើបតែឡើងមកដល់ជាន់ទីមួយនៅពីមុខទ្វារនៃបន្ទប់ ដែលមានអក្សរបិទសម្គាល់ថា «សម្រាប់តែបុគ្គលិក DM!!»
ពេលដែលដៃធានិតរុញទ្វារចូលទៅ ពួកគេឮសូរសំឡេង ដេត ភូមិន្ទលាន់មកច្បាស់ធេង។
«កំហុសថ្ងៃនេះល្មមឱ្យមេក្រុមពិធីការ ដាអ៊ីណាត្រូវទម្លាក់ចេញពីតំណែងជាអ្នកគ្រប់គ្រងក្រុមពិធីការ គ្រប់ប្រភេទ! ចាប់ពីពេលនេះតទៅ DM នឹងទុកគេត្រឹមជាអ្នកបង្ហាញម៉ូដតាមកុងត្រាដែលសល់! ផ្នែកធនធានមនុស្សត្រូវពិចារណា និងរឹតបន្តឹងការងារបង្ហាញម៉ូដរបស់គេ ហើយបើគេបង្កបញ្ហាទៀត ដោះស្រាយតាមផ្លូវច្បាប់!»
គេងើបមុខមកប៉ះនឹងស្រីតូចក្នុង ឈុតពណ៌ខៀវចាស់ដែលនៅឈរស្រលាំងកាំងក្បែរទ្វារដោយមានធានិតនៅពី មុខ និងអេមីនៅពីក្រោយ។
ស្រទន់សម្លឹងនាយពាណិជ្ជកម្ម ដេត ភូមិន្ទ ព្រោះរន្ធត់នឹងបទបញ្ជា ចំណែកឯអេមីរេរកមើលដាអ៊ីណា តែមិនបានឃើញនាងនៅក្នុងអង្គប្រជុំនេះឡើយ។
ពេលដែលស្រីតូចមិនអាចដកខ្សែភ្នែកភិតភ័យចេញពីគេ នាយកពាណិជ្ជកម្មដែលមុននេះបានស្វាគមន៍នាងដោយកែវភ្នែកស្រទន់ ពេលនេះគេលែងសម្លឹងមកនាងទៀតហើយ។ បបូរមាត់គេវាចាមួយៗ៖
«កម្មវិធីបើកពិព័រណ៍គជ់ខ្យង ដំណើរការបានល្អ១០០% ជាគុណសម្បត្តិរបស់ក្រុមការងារស្រទន់ ធានិត និងបុគ្គលិក DM គ្រប់ផ្នែក! ជាមោទកភាពរបស់ជាងច្នៃម៉ូដដ៏កំពុងល្បីរបស់យើងគឺ អេមី! ឆ្លៀតឱកាសនេះ ខ្ញុំលើកទឹកចិត្តឱ្យផ្នែកទំនាក់ទំនងសាធារណៈប្រកាសឈ្មោះក្រុម ពិធីការថ្មីដ៏ខ្លាំងមួយនេះជា «ស្រទន់មន្តស្នេហ៍» ហើយដាក់ឱ្យដំណើរការជាក្រុមពិធីការលំដាប់លេខមួយរបស់ DM Empire ចាប់ពីពេលនេះទៅ! ផ្នែកផ្សព្វផ្សាយត្រូវធ្វើឱ្យក្រុមស្រទន់មន្តស្នេហ៍នេះឮសូរដល់ គ្រប់ទីកន្លែង ត្រូវបានគេស្គាល់ឈ្មោះ ចាំរត់មាត់គ្រប់ទីកន្លែងទាំងអស់!»
ដៃមេរងធានិតកំពុងត្រជាក់ ដូចទឹកកក ហើយលូកមកតោងដៃស្រទន់។ នាងងាកទៅឃើញមេរងញញឹមស្រស់ ហាក់ពេញចិត្តនឹងការចាត់តាំងដ៏សម្បើមនេះ។
ស្រីតូចយើងដឹងថា បុរសនោះងាកមុខចេញមិននិយាយមកកាន់នាង តែចិត្តគេកំពុងតែញញឹមមកកាន់នាងជាសម្ងាត់រួចទៅហើយ។
«ដាអ៊ីណានៅឯណា?!»
អេមីពោលសួរពីមាត់ទ្វារ ធ្វើឱ្យគ្រប់គ្នាងាកមករកជាងច្នៃម៉ូដដូចផ្ទាំងស៊ីប…..
ត្រូវហើយ ដាអ៊ីណាមិននៅទីនេះទេ នេះជាអ្វីដែលស្រទន់កំពុងគិត។
…. គេទំនងក៏មិនដឹងដែរថា ខ្លួនដែលធំផុតគេ ដែលអស្ចារ្យផុតគេនេះត្រូវរបូតតំណែងបាត់កណ្ដាលចំណោមបុគ្គលិក ដូច្នេះដែរ។
នាងងើបមុខសម្លឹងបុរសសង្ហាដែលតែងតែឈរខាងនាង និងល្អជាមួយនាង ពេលនេះទៀតគេបានសងសឹកឱ្យនាងទាំងខ្លួនឯងមិនហ៊ាន និងមិនចង់ទាររកខុសឬត្រូវ គឺសុំតែសេចក្ដីសុខប៉ុណ្ណោះ។ នាយពាណិជ្ជកម្ម គេនៅបន្តនិយាយអរគុណទៅកាន់បុគ្គលិករបស់គេ ឯនាងនៅតែពិចារណា….. ហេតុអ្វីដេត ភូមិន្ទខឹងខ្លាំងដល់ថ្នាក់សូម្បីតែរង់ចាំឱ្យវិលទៅភ្នំពេញវិញ សិន ចាំចាត់ការរកយុត្តិធម៌សខ្មៅក៏មិនបាន?
នាងរេភ្នែកមករកអេមីវិញ….. អ្នកច្នៃម៉ូដពិតជាអន្ទះសាពេកហើយក្នុងការរកមើលមិត្តចាស់មិនឃើញ…
ដាអ៊ីណាអើយដាអ៊ីណា សូម្បីឯងអាក្រក់យ៉ាងនេះហើយ មិត្តឯងនៅតែគិតពីឯង? ឯងសំណាងហើយក៏មិនដឹងខ្លួនទៀត?
«បងទន់! ទូរសព្ទ!»
ធានិតដែលស្លេកស្លាំងដូចគ្នា ព្រោះមិនដែលឃើញនាយកពាណិជ្ជកម្មកាចយ៉ាងនេះ ពេលនេះ ស្វាងអារម្មណ៍មកវិញ ព្រោះទូរសព្ទដៃរបស់ស្រទន់ពេលដួលសន្លប់ គឺនៅនឹងនាង ហើយពេលនេះវាកំពុងរោទ៍ឡើង….
ស្រទន់ទទួលយក ឧបករណ៍បញ្ជូនសំឡេងនេះមកកាន់ទាំងអារម្មណ៍មិននៅក្នុងខ្លួន…. លេខអ្នកណាមិនដឹង នាងមិនដែលមានពីមុនមក តែជាលេខដែលដូចៗគ្នាច្រើនខ្ទង់ តើជាអ្នកណា?
ធីតាថយទៅម្ខាង ចាកចេញមកក្រៅលើកស្ដាប់៖
«អាឡូ!»
«កម្មវិធីចប់ហើយមែនទេ!?»
សំឡេងមនុស្សប្រុស…. គេនិយាយមកពីរោះណាស់…. ខ្លីៗហើយស្និទ្ធស្នាលណាស់ ចុះម៉េចក៏យើងនឹកមិនឃើញសោះ ថាគេជាអ្នកណាទៅ?
នាងនៅទ្រឹង គាប់ជួនខាងប្រុសស្រដីមកបន្ថែម៖
«ក្មេងក្បាលខូច មកញ៉ាំបាយល្ងាចជាមួយបងបានដែរ?!»
បបូរមាត់នាងញ័រ ហើយចាប់ផ្ដើមសើច…. នាងនឹកឃើញគេ ហើយនាងកំពុងរកពាក្យតបមិនបានព្រោះតែសប្បាយចិត្ត….
«មកទេ?! បងចាំនៅក្រោម បងដឹកយើងទៅ!»
«បងយស់!????»
……………………………….
មានភាគបន្ត


