វគ្គ
សន្យាពីអតីត
…..រលកបោកច្រាំងខ្ទរខ្ទារ រីឯខ្យល់សមុទ្រក៏រងា ធ្វើឱ្យអាវក្រៅរបស់គេមកនៅពាក់លើស្មានាងបាន ដូចកាលពីនៅកុមារអ៊ីចឹងដែរ។
គេមិនត្រឹមតែជាបងប្រុស ក៏ជាបុរសម្នាក់ដែលស្និទ្ធស្នាលនឹងនាងបំផុតនៅលើលោកដ៏កណ្ដោចកណ្ដែងនេះ….
បបូរមាត់គេសើចប៉ប្រិមនៅក្បែរអំពូលចង្កៀងក្រហមស្រអាប់ សែនរ៉ូមែនទិក ហើយគេចាប់ម្ហូបឱ្យនាងបណ្ដើរ មាត់វាចាផង៖
«ញ៉ាំទៅ! ពេញមួយថ្ងៃហើយ អត់មានអីញ៉ាំមែនទេ?!»
«ហ៊ឹម! មិនមែនអត់មានអីញ៉ាំទេ គឺញ៉ាំអត់ចូល!»
នាងតបតិចៗ ហើយសម្លឹងម្ហូបទាំងក្ដីហត់នឿយ។
គេនិយាយសរសើរ៖
«កម្មវិធីដំបូង តែមើលទៅគ្រាន់បើណាស់!»
នាងនឹកឃើញដល់រឿងក្រោយឆាក និងការអាម៉ាស់ដ៏ធំមិនអាចបំភ្លេចបាននោះភ្លាម ទឹកមុខនាងថ្លោះ តែនាងខំញញឹមសម្លឹងភ្នែកគេ គេក៏ញញឹមតប ហើយលើកដៃធ្វើសញ្ញាឱ្យនាងញ៉ាំ។
ស្រីតូចចាប់អាហារដាក់មាត់ ទើបឮគេនិយាយបន្ត៖
«ល្បីហើយយើងហ្នឹង!»
នាងញញឹមតែស្រពោន។
គេកាន់តែនិយាយ នាងក៏កាន់តែនឹកឃើញពីរឿងក្រោយឆាក និងលទ្ធផលដ៏សោកសៅរបស់ដាអ៊ីណា។ ហេតុអ្វីឱ្យតែនឹកឃើញដល់រឿងនោះ សាច់ត្រីសមុទ្រដ៏ឈ្ងុយឆ្ងាញ់ប្រែមកជាល្វីង? ហើយនាងកាន់តែស្រពោនឡើងៗក្រោមពន្លឺភ្នែកប្រុសស្អាត។
គេពោលសួរតិចៗ អមនឹងជំនោរសមុទ្រ៖
«ព្រាននារីនោះមានតាមញ៉ែប៉ប្រែអូនឯងអត់ហ្នឹង?!»
នាងងើបមុខភ្លឹះៗ ហើយសួរតិចៗ៖
«ព្រាននារីណា?!»
«ដេត ភូមិន្ទ!»
នាងបូញមាត់អស់សំណើច ហើយតបបំបាត់ទុក្ខព្រួយ៖
«កុំថាឱ្យគេអ៊ីចឹង គេមានគុណចំពោះគ្រួសារខ្ញុំ!»
គេលែងមាត់ក៏ឱនបរិភោគ នាងនិយាយវិញម្ដង៖
«បងយស់ប្រាប់បានទេ ថាប៉ុន្មានឆ្នាំមកនេះ បងយស់សុខសប្បាយនៅឯណា? ប៉ាម៉ាក់ធម៌បងយស់យ៉ាងម៉េចដែរ? ពួកគាត់ចិត្តល្អដែរទេ?»
គេញញឹមហើយបន្តបរិភោគ។ នាងក៏ពិនិត្យពិច័យគេពីលើដល់ក្រោម បន្តិចមកក៏និយាយបន្ថែមទាំងសើចពេញចិត្ត៖
«មើលទៅបងឯងក៏ដឹងហើយថា បងឯងឡូយ សប្បាយ ហើយហ៊ឺហាទៀត!»
គេនៅញញឹមមិនមាត់មិនក……
————————-
«គាត់ស្លាប់អស់ហើយ ប៉ាម៉ាក់ធម៌បង!»
គេនិយាយតិចៗ តែនាងពិបាកចិត្តខ្លាំង។
នាងងើបមុខមក មើលឃើញភាពសោកស្រពោនក្នុងស្នាមសំណើចក្រៀមក្រំរបស់គេ។
គេជាក្មេងកំព្រា ជាក្មេងរឹងរូសម្នាក់ មិនងាយនិយាយស្ដី មិនមាត់មិនក ឧស្សាហ៍ទទួលពិន័យ ព្រោះលួចចេញទៅគូររូបតាមរបង តាមទ្វារ មិនស្ដាប់ពាក្យអ្នកគ្រប់គ្រង ច្នេះហើយ គេតែងត្រូវទទួលពិន័យជារឿយៗឱ្យលុតជង្គង់ ឬឈរជើងមួយនៅក្បែរកាំជណ្ដើរ។
នាងតែងតែទៅអង្គុយលេងជិតៗគេ កំដរគេ យកទឹកឱ្យគេញ៉ាំ និយាយរឿងលេងសើចជាមួយគេឱ្យគេផុតទុក្ខកង្វល់។
យស់ ជាក្មេងកំព្រារឹងក្បាល សួរមិនឆ្លើយហៅមិនមក និយាយមិនត មានតែស៊ីវីក្មេងស្រី៨ឆ្នាំនេះម្នាក់គត់ដែលគេចូលចិត្ត គេហៅនាងថាប្អូន ហើយក៏មានតែនាងដែលធ្វើឱ្យគេញញឹមបាន។
ច្រើនឆ្នាំមកហើយ គេបានចាកចេញដោយសារតែអ្នកមានទ្រព្យម្នាក់បានពេញចិត្តសិល្បៈគំនូរ និងភាពវ័យឆ្លាតរបស់គេ។
ឪពុកម្ដាយធម៌នោះគ្មានកូនបង្កើតទេ ប៉ុន្តែមុននេះ គាត់បានសុំក្មេងស្រីម្នាក់ទៅចិញ្ចឹមទៅហើយ ម្ល៉ោះហើយពេលដែលចង់សុំឱ្យគាត់យកស៊ីវីទៅដែរ គាត់បានបដិសេធ។
និស្ស័យពួកគេត្រូវបានកាត់ផ្ដាច់ចាប់ពីពេលនោះមក ហើយគេមិនដែលបានឮដំណឹងអ្វីពីគ្នាទៅវិញទៅមកឡើយ។
យស់បានក្លាយទៅជាកុមារមានផ្ទះមានសម្បែងទៅហើយ ចុះហេតុអីចុងក្រោយ គេនៅតែកំព្រាដដែល?។
«តែបងយស់រឹងមាំហើយ! បងយស់ធំហើយ! បងយស់នៅម្នាក់ទៀតក៏លែងអីដែរ!»
នាងនិយាយលើកទឹកចិត្តគេ គេក៏ញញឹម ហើយសម្លឹងមកក្នុងប្រស្រីភ្នែកនាង ទំនងជាចង់មើលឱ្យដល់ក្នុងបេះដូងនាងតែម្ដង៖
«លើកលែងតែស៊ីវីមកនៅជិតបងដូចមុនវិញ!»
មិនដឹងជាយ៉ាងម៉េច ពេលគេមើលមកនាងរបៀបនេះ នាងបែរជានឹកឃើញដល់ ដេត ភូមិន្ទ។
បុរសម្នាក់នោះនៅមិននៅ មកបង្ហាញខ្លួនក្នុងជីវិតរបស់នាង ដូចទេវតាជប់មក ហើយគេបានមកផ្លាស់ប្ដូរការរស់នៅរបស់នាង គេតែងតែឈរខាងនាង និងល្អជាមួយនាង។
ពេលនេះទៀតសោត គេបានសងសឹកឱ្យនាង ទាំងខ្លួននាងមិនហ៊ាន និងមិនចង់ទាររកខុសឬត្រូវអ្វី គឺសុំតែសេចក្ដីសុខតែប៉ុណ្ណោះ។
សំឡេងរបស់គេ រង្វង់ដៃគេដែលឱបនាង ហើយនឹងវាចាគេកាលពីនៅក្នុងឡាន រួមជាមួយពួកចោរធ្វើផង ធ្វើឱ្យនាងនឹកឃើញដល់ស្នេហាស្រគត់ស្រគំ តែគឃ្លើនរបស់គេ។
ចិត្តនាងនឹកដល់គេទាំងរំភើប និងកក់ក្ដៅ….
សង្វារ អ្នកប្រុសធំនៃគ្រួសារអភិជនម្នាក់នេះរកឃើញភាពឃ្លេងឃ្លោងក្នុង កែវភ្នែកនាង…. កែវភ្នែកនៃនារីម្នាក់ដែលតែងតែស្ថិតនៅជាប្រធានបទក្នុងរូបគំនូរ របស់គេ។
«ពេលអូនធំឡើង អូនរៀបការជាមួយបងយស់តែម្នាក់គត់! បងយស់ឈប់គូររូបនៅមាត់ទ្វារសាលាទៀតណា៎! មិនអ៊ីចឹង បងយស់ត្រូវគ្រូដេញចេញមិនខាន! អូនមិនដឹងទៅរកបងយស់នៅឯណាបានជួបទេ!»
គេក៏ដឹងដែរថា ភ្នែកនាងលែងមានពាក្យសន្យាកាលពីអតីតកាលទៀតហើយ។
នាងដកភ្នែកគេចចេញពីគេ….
នាងសួរខ្លួនឯង…. ឬមួយច្រើនឆ្នាំមកហើយនេះ នាងរកឃើញមនុស្សសំខាន់សម្រាប់ជីវិតហើយ?
នាងគេចចេញពីក្រសែភ្នែកគេ ធ្វើឱ្យចិញ្ចើមគេបង្ហាញចម្ងល់មក ហើយគេក៏តាមដានមិនប្រិចចំពោះអាកប្បកិរិយារបស់នាង។
«ថ្ងៃក្រោយ យើងឧស្សាហ៍ជួបគ្នាបានទេ?!»
គេសួរនាងនៅភ្លឹក គេក៏និយាយបន្ថែម៖
«គិតដល់ណាហើយ?!»
នាងភ្ញាក់មកវិញ ក៏តប៖
«គឺហត់បន្តិច ងងុយគេងក៏…. ពិបាកចិត្ត ព្រោះនៅក្រោយឆាកមានរឿងខ្លះដែរ! គិតពីការងារ អត់មានអីទេណា៎បង!»
«អូខេ បងជូនយើងទៅសម្រាក!»
យប់នោះ នាងប្រាស់ខ្លួនក្នុងបន្ទប់សណ្ឋាគាររបស់ក្រុមការងារវិញ តែភ្នែកបិទ ក៏ចិត្តមិនស្ងប់នឹងគេងពុំបានដដែល បញ្ហាជាច្រើនបានអណ្ដែតឡើងមកឱ្យគិតបន្តបន្ទាប់គ្នា។
លើកនេះ ដាអ៊ីណានឹងប្រតិកម្មបែបណាទៅ ពេលដែល ដេត ភូមិន្ទ លេងគេធ្ងន់ដៃរបៀបនេះ?។
«បងឯងសុំគេនៅសមុទ្រនឹងប្អូនបានពីរបីថ្ងៃកើតអត់?!»
គឺពណ្ណរីមិនដឹងពីរឿងកើតឡើងទាំងនោះទេ គេគិតពីសប្បាយ។ ពេលនេះ គេនៅក្បែរនាង ហើយក៏មិនទាន់គេងដូចគ្នា។
«មិនទាន់គេងទៀត?!!»
ស្រទន់សួរវិញតិចៗ។
ពណ្ណរីក្រឡាស់មកវិញ គេងផ្កាប់មុខក្បែរបងស្រី ហើយនិយាយដោយញញឹម៖
«ខ្ញុំបានឃើញគេ!»
«អ្នកណា? មើលមុខឯងចុះ សប្បាយចិត្តយ៉ាងនេះ?!»
ពណ្ណរីហាក់មិនរួញរាក្នុងការឆ្លើយតបឡើយ នាងមិននិយាយស្ដី តែបើកទូរសព្ទឱ្យបងនាងមើល៖
«គេនេះ! បងឯងឃើញអត់ ម្នាក់អាវពណ៌ស្លែនេះ!»
នាងខំបើកភ្នែក មើល តែមើលមិនច្បាស់ទេ ប្រហែលងោកងុយផង។ គេនោះជាភ្ញៀវស្ថិតក្នុងចំណោមទស្សនិកជន ឯរូបភាពរបស់ពណ្ណរីក៏របៀបលួចថតគេចម្ងាយ ពីក្រោយឆាកមកប៉ុណ្ណោះ ដូច្នេះហើយ បងស្រីនាងរអ៊ូ៖
«តូចម៉េះ? បងមើលឯណាឃើញ?! អូ ពណ្ណរី! មើលចុះ ម្នាក់ស្រីនៅមុខនេះស្អាតខ្លាំងម៉្លេះ!? មើលខ្សែកគេចុះ! អ្ហូយ! ពិសេសដល់ហើយ!»
«ហើយបងឯងអត់ស្គាល់មេធំរបស់បងឯងទេ? អ្នកនាង ដួងមេត្រី នោះអី?!»
ស្រទន់ស្ទុះក្រោកអង្គុយ ហើយលើកទូរសព្ទមកហ្ស៊ូមមើល៖
«អ្ហូយ! នេះអ្ហី អ្នកនាង ដួងមេត្រី??! ពិតជាអស្ចារ្យណាស់!»
«ត្រូវហើយ! ស្អាត មានហើយចរិតក៏ល្អ! ហ៊ឹម គេធ្វើបុណ្យអីមកពីជាតិមុន?!»
ស្រទន់សងវិញ៖
«គេងទៅ! ប្រយ័ត្ននៅយូរពេក រូងភ្នែកអស់ស្អាត! បងសុំគេងហើយ ងងុយណាស់!!»
«អូ! ភ្លេច! ល្ងាចមិញ លោកភូមិន្ទសួរខ្ញុំរកបងឯង! ចុះបងឯងបាត់ទៅណា!?»
នាងញញឹមបែរខ្នងដាក់ប្អូន តែចិត្តនឹកដល់គេ។ នាងមិនឆ្លើយតប តែនាងចងចាំរូបរាង និងស្នាមញញឹមបុរសនោះ រហូតដល់លង់លក់ស្កប់ស្កល់។
…..នៅខាងណេះវិញ នាយកពាណិជ្ជកម្មក៏នៅមិនទាន់បានទម្រេតប៉ះគ្រែសូម្បីតែបន្តិច។
គេអង្គុយតទល់នឹងពន្លឺភ្នែកមមី ព្រមជាមួយបបូរមាត់ក្រហមស្រស់របស់នារីម្នាក់ដែលនាងកំពុង ស្ងាត់ស្ងៀម ហើយពិនិត្យពិច័យគេយ៉ាងខ្ជាប់ខ្ជួន។
ចិត្តនាងនឹកឆ្ងល់ថា បុរសនេះធ្វើការពីព្រលឹមទល់ព្រលប់ ឆ្លងកាត់រឿងជាច្រើនទង្គិចកែវជាមួយមនុស្សច្រើននាក់ ហេតុអ្វីមើលទៅគេគ្មានកន្លែងហាក់អស់កម្លាំងកាយ ឬខ្ជិលច្រអូសសោះ?
«CEO ត្រឡប់មកនៅ DM វិញពេលណា?!»
នារីញញឹមទម្លាក់ចោលការរិះគិត ហើយតបចំពោះសំណួរគេ៖
«ចាំបាច់អី? ខ្ញុំមានបងមិន្ទមួយទាំងមូល!»
ដេត ភូមិន្ទ រេភ្នែកសម្លឹងស្រាពណ៌សថ្លាដែលកំពុងបោលត្របាញ់មកក្នុងកែវខ្លួនក្រោមដៃស្រីល្អ។
នារី អភិជនដែលនៅទ្រង់គ្រឿងអលង្ការ ភ្លឺរន្ទាលជុំវិញកនិងម្រាមដៃ ពីលើអាវចោមពុងពណ៌ខ្មៅស្អាតវិចិត្រនេះនិយាយបន្ថែម ពេលដែលខាងប្រុសនៅស្ងៀមស្ងាត់ គឺនាងនិយាយក្នុងន័យដៀមដាម៖
«លើកលែងតែមានគេនឹកខ្ញុំ! ចង់ឃើញដួងមេត្រី ហ្នឹងទើបជារឿងផ្សេង!»
«អ្នកនាងមិនដឹងទេថា កូនចៅសុទ្ធតែនឹក សុទ្ធតែចង់ឃើញនាងមកធ្វើការរាល់ថ្ងៃ?!»
នារីញញឹមប្រាកដដោយភាពជឿជាក់។ នាងងាកទៅបក់ដៃបណ្ដេញអ្នករត់តុដែលនៅឈរក្បែររង់ចាំផ្ដល់ បដិសណ្ឋារកិច្ចនោះឱ្យចាកចេញ។
នាងលើកកែវមកទ្រលើម្រាមដៃយ៉ាងប៉ិនប្រសប់ ហើយភ្នែកសម្លឹងនាយព្រឹមៗ៖
«មនុស្សស្រីគ្រប់គ្នាគិតចង់ឱ្យមានតែប្រុសម្នាក់នឹកគេ ក៏គ្រប់គ្រាន់ណាស់ទៅហើយ! ចំណែកខ្ញុំក៏មិនខុសពីស្រីគ្រប់គ្នាដែរ!»
ដេត ភូមិន្ទ ញញឹម។ គេងាកមកសម្លឹងស្រា ព្រោះមិនអាចប្រឈមនឹងមនោសញ្ចេតនាក្នុងកែវភ្នែកនាងជាចៅហ្វាយ។ នាយនឹកដល់ស្រីតូចដែលពេញដោយទឹកមុខឈឺចាប់ កាលពីត្រូវដាអ៊ីណាប្រមាថ ហើយនាយមិនអាចទាក់ទងទូរសព្ទនាងបាន រហូតដល់ពេលនេះ។
«កូនក្មេងរបស់បង! ពេលនេះអូនទៅដេកយំតូចចិត្តនៅឯណាទៅ ស្រីច្រមក់?!»
គេគិតម្នាក់ឯងក្នុងចិត្ត។
ជំនួសឱ្យអារម្មណ៍សៅហ្មង នាយលើកសុរាមកក្រេប។
«បងមិន្ទ ដូចអត់សប្បាយចិត្ត?!»
CEO ស្រស់ផូរផង់សួរមកដោយក្រៀមក្រំតាមផ្ទៃមុខ ធ្វើឱ្យគេដាក់កែវចុះ ហើយញញឹមស្រស់។
«អ្នកណាថា? Show ចាប់ផ្ដើមពិព័រណ៍ ត្បូងគជ់បានជោគជ័យប៉ុណ្ណឹងហើយ មានអីដែលត្រូវមិនសប្បាយចិត្ត?»
នាងរេភ្នែកទៅមើលកែវស្រារបស់គេដែលសល់ត្រឹមតែកែវទទេស្អាតធេង។
ម្រាមដៃនារីអភិជនរាវទៅរកដបគ្រឿងស្រវឹង តែត្រូវគេនិយាយកាត់៖
«បងឈប់ញ៉ាំហើយ!»
នាងបើកត្របកភ្នែកយឺតៗសម្លឹងមុខនាយ។
បុរសនេះក៏មិនដាច់ចិត្តឆ្មើងកន្ទ្រើងដាក់នាង ដោយមិនអាចងាកគេចចេញទៅណា ព្រមទាំងខំញញឹមតបតទៅនឹងភាពស្រពោនក្នុងពន្លឺភ្នែកនាង។
នាងនិយាយតាមត្រង់៖
«ប៉ុន្មានខែមកនេះ អូននឹកបងមិន្ទ ហើយចង់មកវិញគ្រប់ពេល! អូនរង់ចាំថា ឱ្យតែបងមិន្ទហៅមួយម៉ាត់ អូននឹងឡើងយន្តហោះត្រឡប់មកវិញភ្លាម!»
នាងថាហើយ នៅតែមិនដកភ្នែកចេញពីគេ ធ្វើឱ្យនាយពាណិជ្ជកម្មត្រូវស្រឡាំងកាំង ហើយស្ងៀមស្ងាត់រកពាក្យអ្វីឆ្លើយក៏មិនរួច។
នាងរេភ្នែកសម្លឹងស្រាលៗ ហើយនិយាយទាំងដៃអង្អែលជុំវិញកែវ៖
«មនុស្សប្រុសមានស្រីច្រើន មានអីចម្លែកទៅ? ឆ្ងល់ដែរដែលពីមុន អូនចេះតែប្រកាន់ហេតុផលនេះហើយចេះតែរករឿងបង!»
គេមិនមាត់ តែនាងឃើញភាពមិនជឿជាក់ និងអារម្មណ៍គេចវេះលេចជាសម្ងាត់ក្នុងឫកពានាយ។
នាយសម្លឹងនាងដោយអត់ធ្មត់ មិនតបមិនតក៏មិនមានប្រតិកម្ម។
ដូច្នេះហើយ ទើបនារីបញ្ចេញស្នាមញញឹមចិញ្ចាច រួចទើបស្រដី៖
«បើមេត្រីមកនៅភ្នំពេញវិញ មានតែហេតុផលមួយគត់ គឺមកដើម្បីរៀបការជាមួយគូដណ្ដឹងម្ដាយទុកឪពុកដាក់!»
គេដកដង្ហើមឃូរ ផ្អែកខ្នងនឹងកៅអី។
ពេលនេះទើបគេព្រមបង្ហាញចេញមកនូវឫកពាអស់កម្លាំងនិងនឿយហត់។
តែដេត ភូមិន្ទមកនឿយហត់ និងអស់កម្លាំងក្នុងពេលដែលភាគីខាងស្រីកាត់កេរខ្មាសចរចាពាក្យពិត ដូចជាមិនសមកាលៈទេសៈពេកហើយ។
ដួងមេត្រីទទួលអារម្មណ៍ថា វាចាស្នេហារបស់នាង ហាក់កំពុងទទួលបាននូវលទ្ធផលអវិជ្ជមាន។
នាងទម្លាក់ទឹកមុខ ហើយរេភ្នែកគេចចេញ។
នាងមិនសប្បាយចិត្ត… ហើយគេក៏ដឹង។
ដេត ភូមិន្ទ ផ្គុំដៃទាំងពីរមកផ្ទប់ក្បែរបបូរមាត់ កុំឱ្យនាងឃើញទាំងស្រុងនូវទឹកមុខរួញរារបស់នាងក៏ដូចជារក មធ្យោបាយ។
ការរកវិធីពន្យល់នាង ហើយមិនឱ្យនាងបាក់មុខផង គឺជារឿងលំបាកមួយជាងធ្វើសិល្បៈច្រើនឆ្នាំមកនេះ។ តែរឿងដែលលំបាកបំផុតនោះ គឺគេដឹងថា គេចមួយថ្ងៃបាន មិនអាចគេចបានមួយជីវិតឡើយ។
«សម័យអីទៅហើយ?! យើងអត់ស្រលាញ់គ្នាផង ក៏ប្រាប់ចាស់ៗតាមត្រង់ទៅ!»
គេនិយាយមួយៗដោយតាំងចិត្ត ហើយកែវភ្នែកនឹកឃើញតែពីរាងកាយស្រីតូចស្រទន់ដែលគេធ្លាប់បានឱបប្រលោមកណ្ដាលវាលស្រែ។
ដៃស្រីស្អាតដួងមេត្រី ទម្លាក់ចេញពីកែវស្រា។
នាងងើបមុខសម្លឹងគេទន្ទឹមនឹងខ្សែភ្នែកខកចិត្ត។
ដេត ភូមិន្ទ មិនចង់ប្រឈមនឹងស្ថានភាពបែបនេះទេ តែនាយក៏មិនអាចគេច ក៏មានតែតាំងចិត្តសម្លឹងតបមកនាងដោយមុខស្មើដើម្បីសង្កត់បង្ហាញ ថា អ្វីដែលទើបតែនិយាយគឺជាការពិត។
ចិត្តនាយគឺឱ្យចង់ដាច់ស្រេចច្បាស់លាស់តែម្ដងក្នុងពេលនេះ កុំឱ្យនៅមានការទាក់ទើរងឿងឆ្ងល់អ្វីបន្ថែមទៀត។
គេសម្លឹងមុខនាងទាំងនៅស្ងាត់ស្ងៀម បន្ទាប់មកក៏រេភ្នែកសម្លឹងមើលពន្លឺចង្កៀងរ៉ូមែនទិកក្នុងភោជនីយដ្ឋាន។
ដេត ភូមិន្ទ និយាយមួយៗកណ្ដាលរាត្រីស្ងប់ស្ងាត់៖
«បងមានហើយ អ្នកដែលបងស្រលាញ់! ហើយបងចង់នៅជាមួយគេអស់មួយជីវិត!»
ភ្នែកនាងរលោង ហើយចាប់ញ័របបូរមាត់។ នាងសម្លឹងនាយពាណិជ្ជកម្មទាំងខឹងចិត្ត ថាហេតុអ្វីក៏គេនេះនិយាយត្រង់ម៉្លេះ? ហេតុអ្វីគេមិនទុកមុខឱ្យនាង ហើយហេតុអីគេមិនគិតសូម្បីតែថា តើនាងកំពុងស្រលាញ់គេប៉ុណ្ណា ឱនខ្លួនមករកគេដល់ថ្នាក់នេះ តើហត់នឿយកម្រិតណា?
តែនាងកាន់តែគិត រឹតតែនិយាយមិនចេញ បានត្រឹមរាវរកកាបូប ហើយក្រោកវឹងចេញពីកៅអី…។
គេក្រោកតាមយ៉ាងរហ័សជាមួយរូបរាងខ្ពស់ស្រាវរបស់គេ ហើយហៅនាងពីក្រោយតិចៗ៖
«មេត្រី!»
នាងមិនឈប់តាមគេហៅទេ ម្ល៉ោះហើយ គេឈានទៅពីមុខនាងបាំងផ្លូវ ហើយបន្តវាចា៖
«មេត្រី មិនមែនជាមនុស្សស្រីដែលគ្មានហេតុផលដូចស្រីៗច្រើននោះទេ!»
នាងរលីងរលោង តែខំទប់ចិត្ត បញ្ឈប់ដំណើរ ហើយនិយាយក្នុងសំឡេងស្មើមួយៗមករកនាយ៖
«បានការអីទៅ? បើបងមិន្ទមិនឱ្យតម្លៃមេត្រីសូម្បីតែស្មើនឹងស្រីម៉ូដែលម្នាក់?!»
នាងសម្លឹងមកនាយទាំងខូចចិត្ត ទាំងតូចចិត្តហើយឈឺចិត្ត។ នាយពាណិជ្ជមើលឃើញទុក្ខសោកទាំងពីរប្រភេទនេះ ហើយបេះដូងនាយអាណិតនាង ប៉ុន្តែបបូរមាត់នាងនៅតែឆ្លើយមួយៗ ដោយសារពេលនេះ ក្នុងភ្នែកគេនឹកឃើញតែស្រីតូចម្នាក់នោះ ស្រីតូចដែលគ្មានអ្វីទំាងអស់ គ្មានអ្នកណាទាំងអស់ ហើយនាងមានតែគេ។
«មិនមែនគេទេ!» គេឆ្លើយមួយៗទៅកាន់ក្រសែភ្នែកឈឺចាប់រង់ចាំរបស់ស្រីអភិជន។
ពាក្យ «មិនមែនទេ» មុននេះក៏ន័យគ្រប់គ្រាន់ថា កាលដែលដួងមេត្រីនៅស្មាន ថាគេនៅតែលង់ស្នេហ៍ដាអ៊ីណាដល់ថ្នាក់នេះ គឺជាការស្មានខុស។
នាងនៅឡិងឡង់ងឿងឆ្ងល់ នាយវាចាបន្ថែម៖
«មិនមែនដាអ៊ីណាឡើយ! បងនិងគេចប់គ្នា តាំងពីអូនឡើងយន្តហោះបានប៉ុន្មានថ្ងៃម្ល៉េះ!»
នាងញាក់ស្មាសើចទាំងឈឺចាប់៖
«ដេត ភូមិន្ទ! បងសម្បូរស្នេហ៍ណាស់ហ្ន៎!!»
គេញញឹមស្ងួត លួងចិត្តនាង ហើយនៅស្ងៀមមួយខណៈទើបតប៖
«អត់មែនរឿងលេងសើចទេ! គេជាមនុស្សស្រីដ៏ល្អ បើអូនឃើញគេ អូនក៏ចូលចិត្តគេ!»
នាងខាំមាត់ងាកមុខចេញ លេបទឹកភ្នែក ហើយនិយាយ៖
«គ្មានស្រីចិត្តព្រះឯណាលើលោកនេះដែលទៅចូលចិត្តសត្រូវបេះដូង ខ្លួនឯងនោះទេ បងមិន្ទ! បងមិន្ទមកនិយាយធ្វើមើលតែក្នុងកុន!»
«តែមេត្រីខុសពីស្រីទាំងអស់! មេត្រីយល់ការ ហើយយល់ចិត្តអ្នកផង! មេត្រីមានការអត់ឱន ហើយមេត្រីមិនខ្វះទេ ដែលប្រុសៗជាច្រើនទៀតនៅរង់ចាំថែទាំចិត្ត!!!»
នាងចាប់ផ្ដើមយំរហាម តែរក្សាបានសំឡេងវាចាតបតក្នុងសព្ទសូរធម្មតា៖
«បានប្រយោជន៍អីទៅ? បងមិន្ទសរសើរមេត្រីច្រើនយ៉ាងនេះ ហើយចុងក្រោយ បងមិន្ទគ្មានចិត្តនៅទីនេះ បែរជាទៅស្វែងរកស្រីផ្សេង?»
នាងចោទជាសំណួរឈឺចាប់ ហើយងាកមុខចោលនាយ ចាកចេញពីបន្ទប់វឹង បន្សល់ឱ្យនរៈនៅឈរទ្រឹងទាំងពិបាកចិត្ត។
សូរឡាននាងបញ្ឆេះចេញទៅ នាំទៅជាមួយទាំងកាយស្រីត្រកូលហង្សល្វតល្វន់ មិនដែលស្គាល់អ្វីទៅជាការងារធ្ងន់ អ្វីទៅជាការពិបាក ប៉ុន្តែទីបំផុត នាងបែរជាត្រូវបដិសេធក្រោមដៃនាយពាណិជ្ជកម្មម្នាក់។
«ដេត ភូមិន្ទ! លោកឆ្មើងកន្ទ្រើង លើកតម្កើងខ្លួនឯង! លោកឯងក្រអឺតក្រទមណាស់!»
នាងបើកឡានផង ជូតទឹកភ្នែកផង រហូតវិលដល់ទីសម្រាក ហើយទើបឈានឡើងមួយៗចូលក្នុងសណ្ឋាគារទាំងស្បែកជើងកែងតូចស្រួច សមសួនឥតខ្ចោះនឹងអាកប្បកិរិយាថ្លៃថ្នូរគត់មត់។
ដៃនាងលើកមកក្បែរទ្វារបន្ទប់ដ៏ស្រស់ស្អាត ឆ្ងាយដាច់ពីគេមួយ ហើយក៏នៅទីទើរមុនពេលសម្រេចចិត្តគោះ។
….ក្នុងរយៈពេលនៅឈរអត់ធ្មត់រង់ចាំម្ចាស់បន្ទប់បើកទ្វារ នាងពិចារណានឹកដល់រឿងជាច្រើន។
…នាងបានសម្រេចចិត្តនៅឆ្ងាយពីគេមួយរយៈ ដើម្បីទុកឱកាសឱ្យខ្លួនឯងក្នុងការបំភ្លេចគេ ក៏ដូចជាទុកពេលឱ្យគេគិតសាជាថ្មីថា តើគេគួរធ្វើជាព្រាននារីតទៅមុខទៀតឬយ៉ាងណា? ឬក៏គេគួររៀបការបញ្ចប់ជីវិតយុវវ័យជាមួយនាង?
នៅទីបំផុត នៅពេលដែលគ្រប់គ្នាប្រាប់នាងថា ដេត ភូមិន្ទ មិនឃើញបណ្ដើរស្រីណាក៏គ្មានព័ត៌មាននឹងអ្នកណាទៀតក្នុងរយៈពេលនេះ នាងយល់ថាគេពិតជាបានកែប្រែហើយ ហើយយល់ថាការចាកចេញរបស់នាងក៏មានប្រយោជន៍ច្រើន ព្រោះក្រៅពីធ្វើឱ្យគេភ្ញាក់រលឹក ថែមទាំងឱ្យនាងដឹងច្បាស់ពីចិត្តខ្លួនឯងដែរថា មិនអាចឱ្យមានប្រុសផ្សេងណាអាចជំនួសគេបាននោះឡើយ។
គឺគេមានឆន្ទៈក្នុងការត្រៀមធ្វើជាកូនប្រសាតាមដែលឪពុកនាងចង់បាន ហើយម្ដាយគេក៏គិតដូច្នោះ។
តែនៅយប់នេះ ចម្លើយចេញពីមាត់គេបានក្លាយមកជាការផ្ទុយស្រឡះ។
«ដួងមេត្រី? តើវាយឺតពេលពេកដែរទេ ដែលនាងមកដឹងខ្លួនថា ចិត្តគេមិនបានទុកនាងជាសំខាន់ ក្នុងពេលដែលនាងបានទុកគេជាបុរសល្អលើសគេក្នុងលោកនេះទៅហើយ?»
នារីសួរខ្លួនឯងទាំងសោយសោកគ្មានសង្ឃឹម។
ដែលគេធ្វើល្អ គេលែងរញ៉េរញ៉ៃ មិនមែនជាឥទ្ធិពលនៃស្នេហ៍របស់នាងចំពោះគេ តើជាអំណាចបណ្ដាលចិត្តរបស់នារីណាទៅវិញទៅ?
នាងនោះជាអ្នកណា? អស្ចារ្យយ៉ាងណាទៅ? ហេតុអីលេចមុខមកក្នុងពេលដែលនាងយល់ថា ដេត ភូមិន្ទ ជារបស់នាងតែម្នាក់?។
ទ្វារបន្ទប់របើកមក នាំមកនូវរូបរាងនារីដ៏ងោកងុយម្នាក់ក្នុងឈុតរាត្រីស៊ីវិល័យស្អាតបំព្រង។
នារីនោះទោះបីជាងោកងុយយ៉ាងណា នៅតែស្វាងមកវិញ ព្រោះឃើញវត្តមានអ្នកគោះទ្វារកណ្ដាលអាធ្រាត្រជារាជិនីនៅ DM Empire ដ៏មានទុក្ខសោក។
បន្ថែមពីលើភាពភ្ញាក់ផ្អើល នាងចាប់ផ្ដើមភ័យ ព្រោះមើលឃើញទឹកភ្នែកស្ងួតកកលើថ្ពាល់ទាំងសងរបស់ដួងមេត្រីចោល រស្មីមកផ្លេកៗក្រោមអំពូលពណ៌មាស។
«ឯងយំអ្ហី?!»
នារីនោះរេភ្នែកទៅរកជុំវិញ ទាំងក្រោយខ្នងមើល ហើយវាចាសួរបន្ថែម៖
«ហើយចុះ….គេ? ឯណាគេ?….ក្រែងណាត់គ្នាទៅញ៉ាំបាយរ៉ូមែនទិកអ្ហី?
មេត្រីមិនមាត់ តែនាងដើរតម្រង់ចូលក្នុង ធ្វើឱ្យនារីជាម្ចាស់បន្ទប់ត្រូវគេចផ្លូវចេញឱ្យនាង។
«មនោរា យើងចង់ទៅភ្នំពេញវិញ!»
សំឡេងដូងមេត្រីលាន់មកខ្សាវៗ តែស្រីម្ចាស់បន្ទប់ដែលកំពុងយោងបិទទ្វារវិញនោះបើកភ្នែកធំៗ ហើយងើបមុខសម្លឹងនាឡិកា។
«យើងទៅភ្នំពេញវិញឥឡូវបានទេ?! ទៅពីរនាក់យើង!»
នារីម្ចាស់បន្ទប់ឈ្មោះមនោរា ដើរមកក្បែរមិត្ត ហើយឃើញនាងអង្គុយល្វើយទៅលើចុងជើងគ្រែ និងចាប់ផ្ដើមយំ។
ដួងមេត្រីជូតទឹកភ្នែកយំសសិតដោយឈឺចាប់ទ្វេឡើង ពេលត្រូវមនោរាស្រវាឱប។
មនោរាប្រញាប់លួងលោម៖
«បានៗ!! យើងហៅសូហ្វ័រយើងមក! យើងទៅទាំងពីរនាក់ទៅឥឡូវ! អូមែន! ភ្លេច! បងសង្វារនៅនេះដែរតើ! គាត់មកមើលពិព័រណ៍ដែរតើ! ចាំគ្នាខលប្រាប់គាត់ឱ្យជូនពីរនាក់យើងទៅ កុំឱ្យសូហ្វ័រឃើញឯងយំ!»
មេត្រីជូតទឹកភ្នែក ហើយនាងងើបចេញពីដើមទ្រូងមិត្តព្រមទាំងវាចាបន្ត៖
«មនោរា យើងគិតខុសហើយដែលមកភ្នំពេញវិញ!»
មនោរាសម្លឹងមុខមិត្តភ្លឹះ មុនពេលដាច់ចិត្តថាចេញវាចាខ្សឹបសួរ៖
«ដេត ភូមិន្ទ មិនទាន់ដាច់ចិត្តពីស្រីនោះទេ?!»
ដួងមេត្រីនៅស្ងៀមស្ងាត់ ហើយបន្តជូតទឹកភ្នែកធ្វើឱ្យមនោរាកាន់តែអន្ទះសា នាងខ្សឹបសួរបន្ថែម៖
«នាងម៉ូដែលនោះស្រវឹងដើរដេកខុសបន្ទប់ប៉ុណ្ណឹងហើយ នៅអត់ទោសឱ្យវាបានទៀត? អីក៏ស្មោះម៉េះលោកអើយ!»
នាងនិយាយទាំងក្ដៅចិត្តអាណិតជំនួស នាងធ្វើឱ្យដួងមេត្រីងើបមុខស្រដីមកតបវិញ៖
«តែគេថា មិនមែនដាអ៊ីណាទេ! គេថា គេចប់នឹងនាងនោះយូរហើយ!»
មនោរាដាក់បង្គុយប៉ុកក្បែរមេត្រី ហើយជជីកសួរខ្សឹបខ្សៀវ៖
«អ៊ីចឹងអ្នកណា?!»
រាជិនីនៃ DM គ្រវីក្បាលយឺតៗ៖
«គ្នាមិនសួរ! មិនចង់ដឹង! គឺយើងបានអាម៉ាស់នឹងប្រុសម្នាក់នេះឆ្អែតណាស់ហើយ មនោរា!»
«អ្ហឺយ បងមិន្ទអើយបងមិន្ទ!»
មេត្រីលូកដៃរាវរកទូរសព្ទ៖
«យើងទិញសំបុត្រ ហើយទៅអាមេរិកវិញស្អែកនេះ!»
ដៃមនោរារាវលូកមក រារាំងពីលើទូរសព្ទ ហើយពន្យល់៖
«កុំយកកំហឹងទល់កំហល់!»
មេត្រីងើបមុខសម្លឹងគូសន្ទនាទាំងខូចចិត្តអាណិតខ្លួន។
មនោរាឱនមកពន្យល់វិញ៖
«អត់មានរឿងឱ្យពួកហ្នឹងងាយស្រួលយ៉ាងនេះទេ! បើឯងស្រលាញ់គេមែន ដកខ្លួនធ្វើអី? ដេត ភូមិន្ទជារបស់ឯង ឯងជាតួឯកស្រីអស់នោះជាតួរាយរងតែប៉ុណ្ណឹង!»
មេត្រីស្រដីមួយៗ ដូចគ្មានវិញ្ញាណក្នុងខ្លួន៖
«គេថា គេនិងនាងនោះ មិនមែនជាការលេងសើចទេ!»
«នាងណា?!» មនោរាខ្សឹបសួរមកវិញភ្លាមៗ ធ្វើឱ្យដួងមេត្រីត្រូវបង្ខំចិត្តឆ្លើយតបទាំងចិត្តល្វើយ៖
«យើងអត់ដឹងទេ! ហើយយើងក៏មិនចង់ឃើញមុខ នាងណានោះទៀតដែរ!»
មនោរាសម្លឹងទៅនាឡិកាលើជញ្ជាំង ហើយរអ៊ូមួយៗ៖
«អត់ទេមេត្រី! ឯងអត់មានរឿងអីផ្សងគ្រោះថ្នាក់ឡើងទៅភ្នំពេញទាំងយប់អធ្រាត្រ នោះទេ ត្រូវតែដឹងដែរថា នាងនោះមុខយ៉ាងម៉េច? ហើយជាអ្នកណា?!»
មេត្រីនៅស្ងៀមទន់ខ្លួន គ្មានកម្លាំងចិត្ត។ តែមនោរាបន្ថែមមកវឹង៖
«ឯងក៏មិនបាច់ធ្វើអីទាំងអស់ ទុកគ្នាជាអ្នកចាត់ការឱ្យ!»
នាងងើបមុខសម្លឹងមនោរាយឺតៗ នារីនោះក៏ក្ដាប់មាត់តបមកវិញឱ្យបញ្ជាក់ថានាងនឹងនៅជាជំនួយការ ក្នុងវិបត្តិនេះ រហូតដល់ទីបញ្ចប់។ ប៉ុន្តែ….
«មនោរា កុំទៅធ្វើអីឱ្យគេមើលងាយយើង! ដេត ភូមិន្ទ គ្នាស្គាល់ចិត្តគាត់ច្បាស់! នាំតែយើងអន់ជាងនេះទៀតប៉ុណ្ណោះឯង!!»
មនោរាចងចិញ្ចើម សម្លឹងមុខមេត្រី។ មិនខ្វល់ថា នាងជានាយក DM Empire មានបុគ្គលិកប៉ុន្មានទេ ដឹងតែថាពេលនេះ នាងកំពុងទន់ខ្សោយគួរឱ្យក្ដៅក្រហាយ។
មិត្តម្នាក់នេះសម្លុតវិញ៖
«បើស្គាល់ច្បាស់ ហើយបើស្រលាញ់ណាស់ ក៏ត្រូវយកឱ្យបាន!!»
មេត្រីជ្រួញចិញ្ចើមងើបមុខសម្លឹងគូសម្ដី។ មនោរាដឹងថានេះប្រហែលជាលើកទីមួយដែលនាងត្រូវអ្នកណាម្នាក់គំហក ដាក់ ហើយភាសានេះក៏ជាភាសាដែលក្នុងគ្រួសារនាងមិនដែលលើកទឹកចិត្តឱ្យ ប្រើដែរ។
កុលធីតាឈ្ងោកមុខវិញ តែមិត្តព្យាយាមពន្យល់បន្ថែម៖
«របស់ល្អមិនស្រួលយក មនុស្សប្រុសក៏ដូចគ្នា បើគេល្អហើយជារបស់យើងផង ហេតុអីត្រូវដើរចេញឱ្យទៅអ្នកដទៃ??!»
កែវភ្នែក ស្រពោនរបស់មេត្រីរេមករកមនោរាសាជាថ្មី ហើយនាងមិនមាត់អ្វីសូម្បីតែមួយម៉ាត់ ធ្វើឱ្យនារីនោះបន្ថែមមករ៉ាវ៖
«អឺ!! បានៗៗៗ! ចង់ទៅអាមេរិកវិញអ្ហី? បានទាំងអស់! ទៅពេលណាក៏បាន តែត្រូវចាំធ្វើរឿងមួយឱ្យហើយសិនទៅ! ចំាំមើលថា ស្រីនោះជាអ្នកណា? គេល្អមែនដែរឬអត់? ចូលមកបោកប្រាស់បងមិន្ទដូចស្រីមុនៗដែរឬយ៉ាងម៉េច? បើឯងស្រលាញ់គេ ត្រូវមើលឃើញគេដល់ត្រើយសិនដែរ ចាំចេញទូក? មិនអ៊ីចឹង?!»
មេត្រីរេភ្នែកគិត….
ចិត្តស្នេហ៍របស់នាងចំពោះនាយធំពេកហើយ ក៏ដល់ថ្នាក់ល្មមឱ្យមិត្តយល់ចិត្តម្នាក់នេះឮហើយក៏ពិបាកទ្រាំ ពិបាកចិត្តនឹងឈឺចាប់ជំនួសដែរ…. នាងមិនមាត់មិនក មនោរារអ៊ូតិចៗបន្ថែម៖
«ចំជាព្រានមិនចេះចប់មែន បងមិន្ទនេះ!»
នាងងាកមករកមេត្រីដែលអង្គុយធ្មឹង នឹកឃើញរឿងមួយក៏ស្ទុះមកក្បែរខ្សឹបខ្សៀវ៖
«ឯងដឹងនៅមេត្រី? ឮសូរពួកមាត់ចាបមាត់ព្រាបនៅខាងក្រៅ គេនិយាយមកប្រាប់ថា នាងដាអ៊ីណាហ្នឹងយប់មិញនៅអង្គុយឱ្យស្និទ្ធក្បែរចៅហ្វាយក្រុង! ថ្មើរណេះហើយ មិនដឹងចេញទៅណាជាមួយពួកហ្នឹងទៀតក៏មិនដឹង បើប្រពន្ធឈឺទៅដេកមើលនៅសាំងហ្គាពួរបាត់ហើយ!»
មេត្រីនៅស្ងៀម តែភាពមាក់ងាយបានលេចឡើងក្នុងកន្ទុយភ្នែកនាង។
សំឡេងមិត្តម្នាក់នេះលាន់មកបន្ថែម៖
«ឯងត្រូវរឹងមាំ ហើយមកធ្វើការវិញ! មកមើលពេញ DM មើល៍ថា ស្អីខ្លះទៅកំពុងកើតឡើង?»
មេត្រីប្រះទៅលើពូក ហើយបិទភ្នែកទាំងសងបញ្ចេញរោមចិញ្ចើមទាំងគូងរត្រឹមទៅលើ។
មនោរាយកផាហ៊ុមមកគ្របឱ្យ ហើយឈានចូលទៅជិតនិយាយដុកបន្ថែម៖
«ហើយស្រីម៉ូដែលចរិតលក់រាយនោះ ទុកមិនចំណេញមិនបាច់ទុកទេ បញ្ចេញចោលឱ្យបាត់ទៅ!»
សំឡេងដួងមេត្រីលាន់មកវិញពីក្រោមភួយ៖
«យើងមិនធ្វើអ៊ីចឹងទេ ឯងដឹងហើយនៅមកនិយាយទៀត!»
«ឯងជាមនុស្សទុកចិត្តគេ តើវាយ៉ាងម៉េច? លទ្ធផលចុងក្រោយ គេថាគេស្រលាញ់ស្រីផ្សេង ហើយឯងក៏ចង់រត់ចោលបញ្ហា រត់ចោលកន្លែងអ៊ីចឹងទៅ?!»
«បងភូមិន្ទជាមនុស្សដែលគ្នាទុកចិត្តមិនខុស! គេមិនស្រលាញ់គ្នា មិនមែនមានន័យថា គេមិនគួរឱ្យទុកចិត្តនោះទេ! ចំណែកដាអ៊ីណា ទោះបីថាស្អប់ មិនចូលចិត្ត តែគេជាតារារបស់យើង គេល្បីរកលុយមកបានគគោកឱ្យយើង ឱ្យយើងធ្វើម៉េច???!»
«ល្បី ប៉ុណ្ណាមិនស្មើនឹងលូកថ្លើមម្ចាស់ដែរ! ចុងក្រោយ ក្រុមហ៊ុននេះនៅតែជាក្រុមហ៊ុនរបស់ឯង ឯងចង់ធ្វើយ៉ាងម៉េច គឺអ៊ីចឹងហើយ! ដំបៅទាន់នៅតូច ឆាប់វះកាត់វាចេញទៅ មិនបាច់ទុកទេ!»
មេត្រីលាត់ភួយមកវិញ ហើយនិយាយតវ៉ា៖
«ក្រុមហ៊ុនយើងមែន តែវាជារឿងកុងត្រា!! យល់?! ណាមួយ បងភូមិន្ទមិនចូលចិត្តអ្នកណាមកលូកដៃលូកជើង ជ្រែកការងាររបស់គាត់ទេ! គាត់ចេះគិតហើយ! គេងទៅ មនោរា! បងមិន្ទជាមនុស្សសាច់ការ!!»
ស្រីម្នាក់នេះនៅតែងប់ស្រលាញ់ ហើយជឿលើប្រុសនោះធ្វើឱ្យមនោរាហួសចិត្តគ្រវីក្បាលប្រះដេកទាំងសៅហ្មង។
មានភាគបន្ត

