អបអរសាទរស្នាដៃដំបូងបំផុតរបស់អ្នកនិពន្ធរដូវកាលទី២ ដែលបានក្លាយខ្លួនទៅជាមាតិកា Premium

ក្រោយពីដាក់ដំណើរការនូវកញ្ចប់អានបែប Premium សម្រាប់មិត្តអ្នកអានអស់រយៈពេល១ខែរួចមក ប្រលោមលោកជាច្រើនដែលត្រូវបានជ្រើសរើសដោយសម្រិតសម្រាំងគុណភាព បានចេញផ្សាយជាបន្តបន្ទាប់គ្នាដើម្បីបម្រើអារម្មណ៍ប្រិយមិត្តអ្នកអាននិងអ្នកគាំទ្ររបស់វេបសាយផ្លូវការរបស់អ្នកនិពន្ធម៉ីសន សុធារី។

បន្ថែមពីលើស្នាដៃថ្មីៗនិងស្នាដៃល្អៗផ្សេងទៀតជាច្រើនដែលបានក្លាយខ្លួនទៅជាមាតិកា Premium សម្រាប់អ្នកអានប្រភេទ Premium តែមួយគត់នោះ ក្រុមការងារបានសម្រេចចិត្តជ្រើសរើស ស្នាដៃរបស់ក្រុមអ្នកនិពន្ធ MST Writer រដូវកាលទី២ ដែលផ្តោតសំខាន់លើអ្នកនិពន្ធមកពីតំបន់ជុំវិញបឹងទន្លេសាប បញ្ចូលទៅក្នុងមាតិកា Premium សម្រាប់ខែមិថុនានេះ។

ដោយសង្កេតឃើញអំពីសន្ទុះនៃការគាំទ្រពីសំណាក់មិត្តអ្នកអាន និងការតាក់តែងស្នាដៃរបស់អ្នកនិពន្ធស្ដើង សុពណ៌ ម្ចាស់រឿង «ផ្ទះចាស់នៅសង្កាត់ស្វាយប៉ោ» ក្រោយពីបានចេញផ្សាយកាលពីខែឧសភារួចមក ស្នាដៃរន្ធត់មួយនេះសក្តិសមនឹងការក្លាយខ្លួនជាមាតិកា Premium ដើម្បីឱ្យប្រិយមិត្តដែលបានចុះឈ្មោះជាសមាជិក Premium ទទួលបានរឿងល្អៗជាច្រើនបន្ថែមទៀតក្នុងការអានកម្សាន្តអារម្មណ៍ ក៏ដូចជាការលើកទឹកចិត្តសម្រាប់ស្នាដៃដទៃទៀតដែលមានគុណភាពខ្ពស់ បានវិវត្តខ្លួនជាស្នាដៃ Premium នាខែបន្តបន្ទាប់ទៀត។

គួររំឭកផងដែរថា កម្មវិធី MST Writer បានដំណើរការអស់ចំនួន២រដូវកាលមកហើយ ដោយកាលពីរដូវកាលទី១ បានធ្វើឡើងក្រោមប្រធានបទ«អ្នកនិពន្ធក្រៅសាលា» រីឯរដូវកាលទី២នេះក្រោមប្រធានបទ«អ្នកនិពន្ធជុំវិញបឹងទន្លេសាប» សម្រាប់លក្ខខណ្ឌក្នុងការចូលរួមទាំង២រដូវកាល គឺមិនកំណត់ប្រភេទរឿងនិងសាច់រឿងឡើយ អ្នកចូលរួមអាចសរសេរបានដោយសេរី មិនកំណត់ចំនួនទំព័រ ដោយគ្រាន់តែត្រូវការសំណេរជាឯកសារវាយកុំព្យូទ័រតែប៉ុននោះ។

សម្រាប់ការចូលរួមចេញផ្សាយស្នាដៃជាមួយកម្មវិធី MST Writer លោកអ្នកនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែ ប្រសិនបើស្នាដៃនោះបានហក់ចូលក្នុងចំណោមកំពូលមាតិកាទាំង១៥ប្រចាំខែ ព្រមទាំងអត្ថប្រយោជន៍យូរអង្វែងជាច្រើនទៀតនាពេលខាងមុខ។

គួរបញ្ជាក់ថារដូវកាលទី២មិនទាន់ផុតកំណត់នៅឡើយ ប្រសិនលោកអ្នកមានចំណាប់អារម្មណ៍ កុំភ្លេចផ្ញើស្នាដៃចូលរួមជាមួយនឹងយើងខ្ញុំណា!

ចុចអានស្នាដៃអ្នកនិពន្ធ MST Writer រដូវកាលទី២

តេឡេក្រាមក្រុមអ្នកនិពន្ធ MST Writer