រឿង៖ សំណុំឯកសារ Z22 ភាគទី៨

និស្ស័យ​ជឿ​ថា​មនុស្ស​ជាច្រើន​បាន​ចាប់​អារម្មណ៍​នឹង​ករណី​ឃាតកម្ម​នៅ​ស្ទូឌីយោ​លេខ​៧​ ជា​ហេតុ​ធ្វើ​ឱ្យ​ស្ថានីយ​យុវវ័យ​ដែល​ទើប​តែ​កកើត​ថ្មី​មួយ​នេះ​ កាន់តែ​ល្បី​ឈ្មោះ​ថែម​ឡើង​ នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

នាង​និយាយ​ទៅ​កាន់​លោក​នាយក​វ័យក្មេង​បន្ថែម៖

«ត្រូវហើយ! មនុស្ស​ភាគ​ច្រើន​បាន​អាន​ព័ត៌មាន​ទាក់ទង​នឹង​រឿង​កាល​ពី​ជាង​ពីរ​ឆ្នាំមុន!»

«បាទ! មួយ​រយៈ​នោះ មាន​អ្នកសារព័ត៌មាន​មក​សួរ​នាំ​មិន​ដាច់​ទេ!»

វិទូ​ឆ្លៀត​ពេលនេះ​ ចូល​ដល់​ប្រធានបទ​តែ​ម្ដង៖

«បង​សុទ្ធ!​ បង​នៅ​ចាំ​ទេ ថា​កន្លង​មក ​អ្នក​ដែល​មក​សួរ​នាំ​រឿង​ក្ដី​នៅ​ស្ទូឌីយោ​លេខ​៧ មាន​ប្រភព​មកពី​កន្លែង​ណាខ្លះ?!»

វិសុទ្ធ​ងាក​មក​សម្លឹង​វិទូ​ សំណួរ​គេ​ដូចជា​ងាយ ​តែ​ក៏​ពិបាក​ឆ្លើយ​។

លោក​នាយក​វ័យក្មេង​ពន្យារ​ពេល​ឱ្យ​ខ្លួនឯង ​ដើម្បី​នឹង​រក​ចម្លើយ​ដែល​ត្រឹមត្រូវ​ជាក់លាក់​មួយ​​ផ្ដល់​ទៅ​ឱ្យ​ម្ចាស់​សំណួរ ​ត្បិត​គេ​​ដឹង​ថា​គ្រប់​ពាក្យ​ចម្លើយ​របស់​ខ្លួន​ ប្រាកដ​ជា​ត្រូវ​នាយ​ប៉ូលិស​ម្នាក់​នេះ​​យក​ទៅ​ធ្វើការ​វិភាគ​អ្វី​មួយ​មិនខាន ​ពុំ​ដូច្នោះ​ទេ​ គេ​មិន​មែន​មក​កាន់​ទីនេះ​ដោយ​គ្មាន​ដំណឹង​ជាមុន​ដូច្នេះ​ដែរ។

«ទូ ឯង​ចង់​សួរ​ថា….??? និយាយ​ទៅ​ មាន​អ្នក​មក​សួរ​នាំ​ច្រើន ​កាល​ពី​ចប់​រឿង​ក្ដី​ដំបូង​ៗ ប៉ុន្តែ​ភាគច្រើន​គឺ​អ្នក​សារព័ត៌មាន និង​មន្ត្រី​ស្ថានទូត​អាមេរិក ព្រោះ​នាយ​វិស្វករ​ថូនី​ជា​ពលរដ្ឋ​អាគាំង!»

វិទូ​ដឹង​ថា​ បើ​មិន​ចង់​ឱ្យ​វែង​ឆ្ងាយ​​ទេ គឺ​ត្រូវ​ពន្យល់​វិសុទ្ធ​ឱ្យ​ដឹង​ពី​គោលបំណង​ដែល​គេ​មក​កាន់​ទីនេះ​ជា​មួយ​មេធាវី​ស្រី​​។

គេ​និយាយ​ពន្យល់​ភ្លាម៖

«បង​សុទ្ធ! ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​ករណី​ឃាតកម្ម​​លើ​អ្នក​បញ្ចូល​ភ្លេង​ទូរសព្ទ​ឈ្មោះ​ណិច!»

«ខ្ញុំ​បាន​អាន​កាសែត​ដែរ​!»

«បាទ!​ រឿងរ៉ាវ​គឺ​មាន​ការ​ទាក់ទង​វែងឆ្ងាយ​គួរសម​! មេធាវី​ខ្មែរ​អាមេរិក​ម្នាក់​ដែល​មក​លេង​ទីនេះ​​ត្រូវ​បាន​ប៉ូលិស​ឃុំខ្លួន​ ដោយ​សង្ស័យ​ពី​បទ​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​នេះ! រឿងរ៉ាវ​ប្រទាក់​ក្រឡា​វែងឆ្ងាយ​!ហើយ​អ្នកនាង​សូត្រ ​និស្ស័យ​នេះ​ជា​មេធាវី​ការពារ​ក្ដី​របស់​គាត់! ក្នុង​ជំហាន​ដំបូង​នេះ ​​​យើង​ដាក់​ការ​សង្ស័យ​ថា​គាត់​ត្រូវ​បាន​គេ​ទម្លាក់​រឿង​ពី​លើ​ទាំង​គ្មាន​កំហុស​! អ្នក​នៅ​ពី​ក្រោយ​ល្បែង​នេះ​​បាន​រៀបចំ​អន្ទាក់​ចាក់​ស្រែះ ​ដោយ​យក​រឿង​ជា​ច្រើន​មក​បញ្ឆោត​គាត់​ឱ្យ​មក​កាន់​ក្រុងព្រះសីហនុ​! ក្នុង​ចំណោម​​រឿង​ទាំង​នោះ ស្ទូឌីយោ​លេខ​៧ក៏ជា​រឿង​មួយ​សំខាន់​ដែរ​!​ អ្នក​ដៃ​ដល់​ទំនង​ថា​​ដឹង​ដំណើរ​ដើមទង​នៃ​​សំណុំ​រឿង​នេះ​​!»

វិសុទ្ធ​នៅ​ស្ងៀម​បើក​ភ្នែក​ភ្លឺ​ថ្លា​ សម្លឹង​វិទូ​ដែល​រៀបរាប់​ប្រាប់​។

សភាព​ហ្មត់ចត់​របស់​នាយ​ប៉ូលិស​ ធ្វើ​ឱ្យ​លោក​នាយ​ដឹង​ថា​គេ​កំពុង​វិល​មក​រក​ការងារ​ចាស់​របស់​គេ​វិញ ​ដែល​ខុស​ពី​ឋានន្តរសក្ដិ​របស់​គេ​នា​ពេល​បច្ចុប្បន្ន ដូច្នេះ​ប្រាកដ​ជា​មាន​អ្វី​សំខាន់​សម្រាប់​គេ​ក្នុង​សំណុំ​រឿង​ថ្មី​នេះ​ ប៉ុន្តែ​លោកនាយក​ស្ថានីយ​មិន​ដឹង​ឡើយ​ថា​ស្រី​តូច​ភីណា ​អតីត​គូ​ដណ្ដឹង​របស់​គេ ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វិល​ត្រឡប់​ មក​ដោះស្រាយ​ក្ដី​របស់​វិទូ។

«ខ្ញុំ​មាន​បញ្ជី​អ្នកសារព័ត៌មាន​ និង​មន្ត្រី​ស្ថាន​ទូត​ដែល​ខ្ញុំ​ធ្លាប់​ជួប​សម្ភាសន៍ ប្រហែល​​វា​អាច​ជួយ​អ្នក​ទាំង​ពីរ​បាន!»

វិសុទ្ធ​ក្រោក​ទៅ​រក​សៀវភៅ​ឯកសារ ​ក្រោម​ទឹកមុខ​អំណរ​របស់​អ្នក​ទាំង​ពីរ​។

គេ​វិលមកវិញ​ ជាមួយ​សៀវភៅ​មួយ​ក្នុង​ដៃ។

«កំណត់ត្រា​នេះ ខ្ញុំ​តែងតែ​ធ្វើ​ជាមួយ​ភ្ញៀវ​ទាំងអស់​ដែល​ខ្ញុំ​បាន​ជួប​ក្នុង​ពេល​ពីរ​ឆ្នាំ​នេះ​ គឺ​បន្ទាប់​ពី​ស្ថានីយ​វិទ្យុ​ខ្ញុំ​មាន​រឿងហេតុ​កើត​ឡើង​!»

និស្ស័យ​សម្លឹង​ទៅ​សៀវភៅ​ដ៏​ក្រាស់ ដែល​​វិទូ​កំពុង​បើក​ពិនិត្យ​។ បញ្ជី​ឈ្មោះ​ជាច្រើន​មាន​ទាំង​លេខ​ទូរស័ព្ទ​ផង ​ត្រូវ​បាន​កត់​ទុក​ដោយ​ផ្ចិតផ្ចង់។ នាង​ដឹង​ថា​ករណី​ឃាតកម្ម​លើ​ម៉ាណា​ និង​ឆវិវីន​បាន​ធ្វើ ឱ្យ​លោកនាយក​ស្ថានីយ​ កាន់តែ​ប្រុងប្រយ័ត្ន​ថែម​ជាង​មុន។

«ខ្ញុំ​ខ្ចី​បង​ពីរ​បី​ថ្ងៃ​បានទេ​?!»

«បាទ!»

លោក​នាយក​និយាយ​ដោយ​​បង្ហាញ​ទំនុក​ចិត្ត ​ក្នុង​ពេល​ឆ្លើយតប​នឹង​សំណូមពរ​របស់​នាយ​ប៉ូលិស​ដែល​ធ្លាប់​ស្វែងរក​យុត្តិធម៌​ឱ្យ​កូនចៅ​ស្រី​ទាំង​ទ្វេ​របស់​ខ្លួន។

មុន​ពេល​ពួកគេ​លា​ចាក​ចេញ​ទៅ​ លោក​នាយក​បន្ថែម​នូវ​ប្រយោគ​ចុងក្រោយ​៖

«ជូនពរ​អ្នក​ទាំងពីរ​អាច​បំបែក​ក្ដី​នេះ​បាន​!​ ហើយ​បើ​មាន​ការ​អ្វី​ឱ្យ​ខ្ញុំ​ជួយ​ កុំ​ខ្លាច​ចិត្ត!»

នៅ​តាម​ផ្លូវ​ជិះ​ឡាន​ចាក​ចេញ​មក​វិញ​ជាមួយ​គ្នា​ និស្ស័យ​និយាយ​ទៅ​កាន់​គេ​៖

«គាត់​មើល​ទៅ​ច្បាស់លាស់ ​ហើយ​សហការ​ដល់ហើយ​! បើ​គ្រប់​គ្នា​សុទ្ធ​តែ​ដូច​គាត់ ប្រាកដ​ជា​ល្អ!លោក​ដឹង​ទេ​ ពេល​ទៅ​ញ៉ាំ​ទឹក​នៅ​នឹង​មុខ​ផ្ទះ​របស់​ឈ្មោះ​ណិច ​ខ្ញុំ​បាន​សាក​ល្បង​សួរ​នាំ​អ្នកភូមិ​ម្នាក់​ពីរ​ដែរ​ ប៉ុន្តែ​គ្មាន​អ្នកណា​ព្រម​និយាយ​អ្វី​នឹង​ខ្ញុំ ​ទាក់ទង​នឹង​ឃាតកម្ម​នោះ​ទេ​!»

«មក​ពី​នាង​តែង​ខ្លួន​បែប​នេះ​!»

គេ​និយាយ​លេងសើច​ តែ​ល្មម​ឱ្យ​នាង​ឈ្ងោក​សម្លឹង​ខ្លួនឯង​ដោយ​សង្ស័យ៖

«ខ្ញុំ​តែង​ខ្លួន​យ៉ាង​ម៉េច?!»

គេ​ញញឹម​នៅ​ស្ងៀម​ ធ្វើ​ឱ្យ​នាង​​នឹក​មិនអស់ចិត្ត​បន្តិច​សិន​ ទើប​និយាយ​ខ្សោយ​ៗ៖

«នាង​តែង​ខ្លួន​ស្អាត​ពេក! អ្នកភូមិ​ណា​ហ៊ាន​និយាយ​ស្និទ្ធស្នាល​ទៅ?»

នាង​អៀន​នឹង​សម្ដី​គេ ​ឡើង​មុខ​ក្រហម​ទុំ។​

ឧត្ដមសេនីយ៍​ម្នាក់​ដែល​នៅ​កំលោះ ​ហើយ​មាន​ស្នាដៃ​​ល្បី​ឈ្មោះ​មក​នៅ​ស្ងាត់​ៗ​តែ​ពីរ​នាក់​នាង​ ហើយ​ពោល​ពាក្យ​សរសើរ​ខ្លីៗ​ខុស​ពី​ចរិត​លក្ខណៈ​ពេល​ធ្វើការ​របស់​គេ​ មិន​ឱ្យ​ស្រី​ម្នាក់​ទន់ចិត្ត​វៀរចាក​ពី​ភាព​មាំទាំ​ម៉េច​នឹង​បាន?​។

«ឱ្យ​តែង​ខ្លួន​យ៉ាងម៉េច​វិញ? បើ​គ្មាន​ខោអាវ​ប៉ូលិស​ផង ​ហើយ​គ្មាន​សក្ដិ​ពាក់​ទៀត!»

«ពុំ​មិនបាច់​ទេ!​ ធ្វើ​ខ្លួន​ឱ្យ​តែ​ដូច​ពួក​គេ ​គឺ​សាមញ្ញ​កុំ​ឱ្យ​គេ​គិត​ពី​វណ្ណៈ​របស់​នាង​ ដូច្នេះ​ការ​ជជែក​អាច​ស្និទ្ធស្នាល​ជាង ​ហើយ​បាន​ការ​ជាង!»

គេ​និយាយ​លេង​ៗ ​តែ​នាង​​យល់​ថា​គេ​នេះ​មាន​ចិត្តសាស្ត្រ​ខ្ពស់​ក្នុង​ការ​ស្វែង​រក​សាក្សី ​និង​ភស្តុតាង​។ទោះ​យ៉ាងណា ​នាង​សង្ឃឹម​ថា​គេ​បាន​ព័ត៌មាន​ច្រើន​ហើយ​ពី​ករណី​នេះ។

«លោក​គិត​ជ្រៅ​ណាស់​ ដែល​នឹក​ឃើញ​រក​បញ្ជី​​ឈ្មោះ​ពី​នាយក​វិទ្យុ​នេះ!»

វិទូ​ញញឹម​គេ​តប​វិញ​តិចៗ៖

«និយាយ​ពី​បង​សុទ្ធ ពេល​ស្គាល់​គាត់​ដំបូង ​គឺ​ពេល​​​ដែល​​មាន​ករណី​ឃាតកម្ម​កើត​មាន​លើ​វិទ្យុ​ថ្មី​របស់​គាត់ គាត់​ក៏​មិនសូវ​ស្គាល់ចិត្ត​ប៉ូលិស​ មិន​ដឹង​ពី​នីតិវិធី ​ហើយ​ក៏​មិនសូវ​ជា​សប្បាយចិត្ត​នឹង​សហការ​ប៉ុន្មាន​ដែរ​!»

«ប្រហែល​ជា​ស្នាដៃ​លោក​ធ្វើ​ឱ្យ​គាត់​កោត​សរសើរ​ ដូច្នេះ​ហើយ​លើក​នេះ ឃើញ​សភាព​គាត់​ដូច​ចង់​សហការ​យក​តែ​មែនទែន​តែ​ម្ដង​!»

ស្នូរ​ទូរសព្ទ​​លាន់​​មក​កាត់​ផ្ដាច់​ការពិភាក្សា​៖

«បង​សុទ្ធ!!!»

វិទូ​ហៅ​តិច​ៗ​តាម​ទូរសព្ទ​។

សំឡេង​លោកនាយក​វិសុទ្ធ​តប​មក​វិញ​៖

«វិទូ! ខ្ញុំ​ទើប​រក​ឃើញ​មាន​ម្នាក់ទៀត​ដែល​បាន​សម្ភាសន៍​ខ្ញុំ​ចុងក្រោយ​គេ! ថ្មីៗ​នេះ​ដែរ​ទេ​! ចាំ​ខ្ញុំ​រក​មើល​ មុខ​តែ​ឃើញ​​ខែ​ ឆ្នាំ​ហើយ​ គឺ​ក្នុង​ឆ្នាំ​នេះឯង! ​ហើយ​គេ​សួរនាំ​ខ្ញុំ​ច្រើន​ណាស់​ពី​រឿង​ក្ដី​ឆវិវីន​ តែ​ចម្លែក​ត្រង់ថា​គេ​សួរ​នាំ​ពី​ទូ​ឯង​ច្រើនជាង!»

និស្ស័យ​​ស្ដាប់​សំឡេង​ដែល​លាន់​ចេញ​មក​នេះ​យ៉ាង​ច្បាស់ ​ហើយ​នាង​រឹត​តែ​បង្ហាញ​ការ​​ចាប់អារម្មណ៍​ជាង​វិទូ​ខ្លួនឯង​ ដែល​កំពុង​និយាយ​ទូរសព្ទ​នោះ​ទៅ​ទៀត​។

នាយ​ប៉ូលិស​លាន់មាត់​​ភ្លាម៖

«បាទ​បង! ល្អ​ណាស់! បង​ជួយ​ហៅ​ឈ្មោះ​គេ​ និង​លេខ​ទូរសព្ទ​ផង​!»

គេ​ដៀង​ភ្នែក​ទៅ​រក​នាង ​ឃើញ​នាង​ត្រៀម​សៀវភៅ​ប៊ិច​រួច​ជា​ស្រេច ​ប៉ុន្តែ​សំឡេង​លោក​វិសុទ្ធ​តប​វិញ​ភ្លាម​នោះ៖

«ទើប​តែ​រក​ឃើញ​ក្រោយ​គេ​ ដោយសារ​ថា​គេ​នោះ​មិន​បាន​មក​រក​ជួប​បង​ផ្ទាល់​ ឬ​ទូរសព្ទ​មក​ទេ​ ប៉ុន្តែ គេ​Mailមក​សម្ភាសន៍!»

វិទូ​នៅ​ស្ងៀម និស្ស័យ​បើកភ្នែក​ធំ​ៗ​ចាប់អារម្មណ៍​ ឯ​អ្នក​បរិយាយ​បន្ត​មក​ភ្លាម​៖

«​ខ្ញុំ​នៅ​សល់ ឯកសារ​ឆ្លើយឆ្លង​ជា​មួយ​គេ! ខ្ញុំ​កំពុង​រក​មើល​សិន!»

វិទូ​សួរ​មួយៗ៖

«អរគុណ​បង​សុទ្ធ! ហើយ….គេ​នោះ​ប្រើYahooហើយ​មើល​ទៅ?!»

«អ៊ឹម! បាទ! ឃើញ​ហើយ…អូ​! ត្រូវហើយ គឺ yahoo mail បន្ទាប់​មក​ក៏Chat តែ​​ម្ដង​! ចុះ​ម៉េច​ទូ​ឯង​ដឹង​ច្បាស់​ម៉េះ?​​ អូ ​នែ៎! ចាំ​ខ្ញុំ​ Forwardទៅ​​ឥឡូវនេះ!»

«បាទ​! អរគុណ​ច្រើន!»

គេ​ងាក​មើល​នាងក្រមុំ​ឃើញ​ស្រី​ស្អាត​បង្ហាញ​ភាព​សង្ស័យ​​លើ​ផ្ទៃមុខ​ គេ​ដឹង​ថា​នាង​ក៏​ដូច​គេ​ដែរ ​គឺ​កំពុង​នឹក​ទៅ​ដល់​មនុស្ស​ម្នាក់​ដែល​ជា​អ្នកស៊ើប​ ហើយ​បាន​ទាក់ទង​មក​មេធាវី​ជំនិត​ដោយ​ប្រើ​yahoo mail។

គេ​បន្ធូរ​បរិយាកាស៖

«រក​អី​ញ៉ាំ​សិន​បានទេ?!»

នាង​ក្រឡេក​មើល​នាឡិកា នាង​ងក់ក្បាល​​៖

«ចា៎!»

គេ​ញញឹម​រួច ​នាង​បន្ថែម៖

«ខ្ញុំ​អញ្ជើញ​លោក!»

«ហេតុអ្វី?»

«គឺ​លោក​ជួយ​ខ្ញុំ!»

«ហេតុផល​មួយ​ទៀត!»

«អី​ទៅ?!»

«ប្រាក់ខែ​​ប៉ូលិស​មិន​អាច​អញ្ជើញ​មេធាវី​បាន​ទេ!»

«លោក​និយាយ​លេង​ច្រើន!»

«តែ​មួយ​នេះ ​ខ្ញុំ​មិន​និយាយ​លេង​ទេ ​ខ្ញុំ​នឹង​នាំ​នាង​ទៅ​កន្លែង​ស្ងាត់​មួយ!»

«ខ្ញុំ​ដឹង​ហើយ!»

«ដឹង​អី​ទៅ?»

«ព្រោះ​លោក​នឹង​និយាយ​រឿង​សម្ងាត់​ទាំង​ឡាយ​ដែល​រក​ឃើញ​ឱ្យ​ខ្ញុំ​ដឹង!»

វិទូ​លែង​និយាយ​គេ​ញញឹម​ ព្រោះ​នាង​វាងវៃ​គួរ​សម​។

បេសកកម្ម​៤៨ម៉ោង

អ្នក​ទាំង​ពីរ​ទៅដល់​ភោជនីយដ្ឋាន​ក្បែរ​ឆ្នេរ​មួយ ហើយ​គេ​នាំ​នាង​​ទៅ​កាន់​បន្ទប់​ដែល​ពិបាក​មាន​គេ​ស្ដាប់​ឮ។

ការ​សន្ទនា​របស់​ពួកគេ​កើត​មាន​ឡើង​ សូម្បី​តែ​កំពុង​ហូប​អាហារ​។

«លោក​រក​ឃើញ​តម្រុយ​ច្រើន​ទេ?​ សំខាន់ៗ​ទេ?!»

«ចុះ​នាង?»

«លោក​ប្រាប់​ខ្ញុំ​មុន​សិន​ទៅ!»

«ខ្ញុំ​ចង់​ដឹង​ខាង​នាង​មុន!»

តាម​ថា ពី​ដំបូង​ឡើយ​ដែល​នាង​​មក​តាម​គេ ​ពី​ផ្ទះ​អ្នក​ស្លាប់​​ឈ្មោះ​ណិច​មក​ដល់​ទី​នេះ ​គឺ​​បន្ទាប់ពី​ដឹង​ថា​គេ​នៅ​ខាង​ជំនិត​។ បំណង​ដំបូង​ គឺ​នាង​ចង់​ប្រាប់​គេ​ពី​មូលហេតុ​ពិត​នានា​ដែល​ធ្វើ​ឱ្យ​ជំនិត​ងាយ​ចាញ់​បោក​គេ​។

នាង​ចង់​ប្រាប់​គេ​សូម្បីតែ​អំពី​អតីតកាល​នាង ​និង​ជំនិត​ដែល​នាំ​ឱ្យ​មេធាវី​ខ្មែរ-អាមេរិក​​ចាញ់​បញ្ឆោត ​ហ៊ាន​ទៅ​ជួប​​នឹង​អ្នក​ស្លាប់ ​តែ​គេ​បាន​កុហក​ប៉ូលិស​ ព្រោះ​​ចង់​រក្សា​កេរ្តិ៍ឈ្មោះ​ឱ្យ​នាង​។

តែ​ពេលនេះ​ គេ​ហៅ​នាង​និយាយ​មុន​ នាង​ក៏​ចាប់ផ្ដើម​ទើសទាល់។

នារី​វ័យ​ក្រមុំ​ម្នាក់​​អាច​និយាយ​រឿង​ខូច​កិត្តិយស​អស់​នេះ​ចេញ​មក​បាន ​ឬ​មិនបាន​ អាស្រ័យ​លើ​ថា​នោះ​ជា​ការចាំបាច់ ជា​ជម្រើស​ចុងក្រោយ​ឬ​អ្វី?

​តើ​នាង​នឹង​សុខចិត្ត​លាត​ត្រដាង​ស្នេហ៍​អតីត​ ​ប្រាប់​ប្រុស​ម្នាក់​ដែល​ទើប​នឹង​បាន​ស្គាល់​គ្នា​នេះ ​ដើម្បី​រក្សា​សុវត្ថិភាព​អ្នក​ដែល​កំពុង​ជាប់សង្ស័យ​?

ទឹកមុខ​នាង​បែរ​ជា​ស្រពោន នៅ​ក្រោម​ក្រសែ​ភ្នែក​ឆ្លាតវៃ​របស់​គេ​។

គេ​និយាយ​កាត់​ភាព​ស្ងាត់ស្ងៀម​របស់​នាង​៖

«មិន​បាច់​ធ្វើមុខ​អញ្ចឹង​ទេ​! ខាង​ប៉ូលិស​និយាយ​មុន​ក៏​បាន!»

គេ​លើក​កែវ​ទឹក​ក្រេប ​តែ​ភ្នែក​លប​មើល​ស្នាមញញឹម​បញ្ចេញ​ធ្មេញ​ស​ស្អាត​​ដូច​ភួង​ម្លិះ​។ ទោះបី​កូនប្រុស​ដើមទ្រូង​៥ហត្ថ​ ឆ្លាតវៃ​ប៉ុណ្ណា​ ឱ្យ​តែ​ឃើញ​ស្នាម​សំណើចចំអក​ហើយ ​មិនដែល​ថា​មិន​ទន់​ចិត្ត​ទេ។

គេ​ដាក់​កែវ​ភេសជ្ជៈ​ចុះ​សន្សឹម​ៗ​ ព្រោះ​លង់​សម្លឹង​​ភាព​ស្អាត​ស្រទន់​​នៅ​ចំ​ពី​មុខ​ខ្លួន​ដែល​នៅ​ស្ងាត់​ៗ​តែ​ពីរ​នាក់​ ហើយ​ឮ​តែ​ស្នូរ​ដង្ហើម​គ្នា​ទៅវិញ​ទៅមក។

នាង​ឃើញ​គេ​មើល​យូរ​ពេក​ ក៏​​ថ្លោះ​ទឹក​មុខ​លើក​ដៃ​ស្រវា​ជូត​ថ្ពាល់ ​ខ្លាច​ថា​មាន​​ប្រឡាក់​អ្វី​ម្យ៉ាង​លើ​នោះ។

វិទូ​ញញឹម ដៃ​បើក​កុំព្យូទ័រ​របស់​ខ្លួន​ មាត់​បន្ត​និយាយចំអន់៖

«មេធាវី​ខ្លាច​ចាញ់​ក្ដី​ណាស់​មែនទេ?!»

«អ្នក​ណា​ថា? ចាញ់​ឈ្នះ​​គឺ​ជា​រឿង​ធម្មតា​សម្រាប់​សវនាការ​ តែ​ខ្ញុំ​ទទួល​ធ្វើ​រឿង​ក្ដី​និមួយៗ​ គឺ​ធ្វើ​អស់​ពី​លទ្ធភាព!»

«ចុះ​បើ​ខ្ញុំ​ប្រាប់​ដដែល​ថា​នាង​នឹង​ចាញ់​ក្ដី?!»

ស្រី​ស្អាត​ធ្លាក់​ទឹក​មុខ នាង​និយាយ​ទាំង​ឱន​ចុច​បើក​កុំព្យូទ័រ​៖

«លោក​កុំ​ចិត្ត​ដាច់​ពេក​! លោក​ដឹង​ហើយ​​ថា នេះ​មិនមែន​ជា​ដំណាក់កាល​ត្រូវ​ដេក​បាក់ទឹកចិត្ត​ទេ!»​

នាង​មិន​ឮ​គេ​តប ​ក៏​ងើប​មុខ​សម្លឹង​គេ​យឺត​ៗ។

ពីក្រោយ​ផ្ទៃមុខ​គេ​ដែល​ត្រូវ​បាំង​ខ្លះ​ដោយ​ផ្ទាំង​អេក្រង់​កុំព្យូទ័រ​​ នាង​ឃើញ​កែវភ្នែក​គេ​ប្រែ​ទៅ​ជា​មុត ថ្លា ​ផ្ចង់​ពិនិត្យ​​ទៅ​លើ​អ្វី​មួយ​នៅ​ក្នុង​នោះ។

នាង​និយាយ​ទន់ភ្លន់៖

«ខ្ញុំ​ដឹង​ថា​លោក​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​បង​ជំនិត!»

វិទូ​ងើប​មុខ​សន្សឹម​សម្លឹង​នាង​ ភ្នែក​គេ​ឆ្ពោះ​មក ​តែ​ហាក់​កំពុង​រវល់​ពិចារណា​អ្វី​មួយ​។

ជាមួយ​នឹង​ភាព​ស្មើ​ធេង​លើ​ផ្ទៃមុខ​ ខុស​ពី​ភាព​លេង​សើច​អំបាញ់មិញ ​គេ​និយាយ​តប​នឹង​នាង​៖

«វា​ទាល់​តែ​គេ​មិន​បាន​សម្លាប់​មនុស្ស​ដែរ!»

«រហូត​ដល់​ពេលនេះ​ទៅ​ហើយ ​លោក​នៅ​មិន​ព្រម​ជឿ​គាត់​ទេ?!»

«ជឿ​ស្អី​ទៅ? ខ្ញុំ​មិន​ទាំង​ដែល​បាន​ជួប​និយាយ​តទល់​ជាមួយ​គេ​នោះ​សូម្បី​តែ​ម្ដង​ផង​! នាង​​ជា​មេធាវី​របស់​គេ ​នាង​គួរ​តែ​បញ្ជាក់​ប្រាប់​ខ្ញុំ​ពី​ហេតុផល​ដែល​នាំ​ឱ្យ​នាង​ជឿ​គេ​​……!»

និស្ស័យ​មិនទាន់​តបត​យ៉ាងណា​ផង​ ព្រោះ​កំពុង​ស្មុគ ​ស្រាប់តែ​គេ​និយាយ​មក​បន្ថែម៖

«កុំ​ប្រាប់​ថា​ទទួល​ក្ដី​នេះ កាន់​ជើង​គេ​យ៉ាង​នេះ​ ព្រោះតែ​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន​ណា៎!»

តាម​ថា​គេ​និយាយ​ខ្លាំង​ៗ​បែប​នេះ​ នាង​គួរ​តែ​​ខឹង​ តែ​នាង​កំពុង​ពិបាកចិត្ត​ពេក​បាន​ជា​គ្មាន​ពេល​នឹង​ប្រកាន់ខឹង​សម្ដី​ទាំង​ឡាយ​របស់​នាយ​ឡើយ។ នាង​គិត​ហើយ ​គិត​ទៀត ​តើ​ហេតុអ្វី​ម្ដង​ជា​ពីរ​ដង ​ម្នាក់​នេះ​និយាយ​ថា​នាង​នឹង​ចាញ់​ក្ដី​នៅ​តុលាការ​?

នាង​នៅ​ស្ងៀម​ ស្រាប់​តែ​គេ​បង្វិល​អេក្រង់​កុំព្យូទ័រ​មក ​ហើយ​អ្វី​ម្យ៉ាង​លេច​ឡើង​នៅ​នឹង​កែវភ្នែក​នាង៖

«អ្នកណា​ហ្នឹង?!»

នាង​សួរ​ទាំង​ផ្ដោត​ភ្នែក​ទៅ​រក​បុរស​ម្នាក់​ក្នុង​អេក្រង់​នោះ​…..នាង​ជឿ​ថា​នាង​មិន​ដែល​ស្គាល់​គេ​ពី​មុន​មក​ឡើយ។

សំឡេង​នាយ​ប៉ូលិស​បង្ហើរ​មក​វិញ​ តប​នឹង​សំណួរ​នាង​៖

«​ឈ្មោះ​ណិច! មាន​ប្រវត្តិ​ជា​មនុស្ស​មិនសូវ​ល្អ! គេ​រស់​នៅ​មិនសូវ​មាន​គេ​រាប់អាន​ច្រើន​ទេ! ធ្លាប់​ធ្វើការ​ក្នុង​គុក ឧស្សាហ៍​ប្រព្រឹត្តិ​ខុស​ ក៏​ត្រូវ​បណ្ដេញ​ចេញ! គេ​មក​រស់នៅ​កំពង់សោម​ ទើបតែ​បាន​ជាង​ពីរ​ខែ​ទេ! នៅ​ភ្នំពេញ​ ជំពាក់​ប្រាក់​គេ​ច្រើន​គ្នា ​ហើយ​ធ្លាប់​គេច​ទៅ​ធ្វើកម្មករ​នៅ​ប្រទេស​ថៃ​មួយ​រយៈ!»

និស្ស័យ​ផ្ដោត​ភ្នែក​សម្លឹង​ គេ​ទាញ​ត្រឡប់​ទៅវិញ​។

នាង​ងើប​មុខ​សម្លឹង​គេ​ ដែល​នៅ​បន្ត​និយាយ​​៖

«សំណួរ​សំខាន់​មួយ ​គេ​នេះ​ឬ​ដែល​ជា​អ្នកស៊ើប​បោក​យក​ប្រាក់​មេធាវី​ជំនិត​?​»

«ហេតុអ្វី​លោក​យល់​បែប​នេះ?!»

ភ្នែក​គេ​សម្លឹង​កុំព្យូទ័រ ​មាត់​គេ​និយាយ​បន្ថែម៖

«នៅ​ក្នុងPCដែល​ប៉ូលិស​រក​ឃើញ​នៅ​ផ្ទះ​ជួល​របស់​គេ ជា​កុំព្យូទ័រ​ដែល​គេ​ទុក​សម្រាប់​បញ្ចូល​បទភ្លេង​ទូរស័ព្ទ យើង​រក​ឃើញ​របស់​អស់នេះ!»

និស្ស័យ​សម្លឹង​ទៅ​រូបថត​ជាច្រើន​ដែល​មាន​ទាំង​ជំនិត ​ទាំង​ភីណា។

«នេះ​អាច​បញ្ជាក់​ពី​អ្វី?!»

នាង​គ្រាន់​តែ​សួរ​បញ្ជាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​ចិត្ត​ដឹង​ចម្លើយ​រួច​ទៅ​ហើយ។

«ម្នាក់​នេះ ក៏​ជា​អ្នកស៊ើប​ដែល​ទាក់ទង​កូន​ក្ដី​នាង​នោះ​ដែរ! នាង​មើល​ចុះ Folder ស្ទូឌីយោលេខ៧ រូបថត​កូន​ក្ដី​នាង ​និង​ភរិយា សំណុំរឿងម៉ោង១២ធា្រតនៅសង្កាត់លេខមួយ ហើយ​សូម្បី​ខ្ញុំ​ធ្លាប់​ភ្ជាប់​ពាក្យ​ជាមួយ​ភីណា ក៏​គេ​មាន​រូបថត​ដែរ!»

និស្ស័យ​នៅ​ភ្លឹក​សម្លឹង​ទៅ​រូបថត​នាយ​ប៉ូលិស​ស្រស់​សង្ហា​ដែល​ឈរ​ក្បែរ​ស្រី​ស្អាត​ភីណា​ក្នុង​សំលៀកបំពាក់​ប្រពៃណី។

នាង​របូត​មាត់​តិចៗ៖

«ហើយ….សូម្បី….អតីតកាល​ខ្ញុំ​ និង​បង​ជំនិត​នៅ អាមេរិក……!»

នាង​បញ្ឈប់​មាត់​ត្រឹមណេះ។

នាយ​ប៉ូលិស​ប្រហែល​ជា​យល់​ពី​អារម្មណ៍​អៀនខ្មាស​របស់​នារី​ម្នាក់​នេះ​ បាន​ជា​គេ​មិន​បាន​ចុច​បន្ត​ទៅដល់​រូបភាព​រវាង​នាង ​និង​ជំនិត​ដែល​ថើប​ជញ្ជក់​មាត់​ត្រូវ​មិត្ត​ភក្តិ​ថត​ជាប់​នោះ​ឡើយ​។

នាង​ខំ​ពង្រឹង​ចិត្ត​ និយាយ​ទៅ​រក​វិជ្ជាជីវៈ​បន្លប់​បរិយាកាស​៖

«គេ​មាន​របស់​អស់នេះ​ហើយ​ បាន​ជា​កូន​ក្ដី​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ចេញ​ទៅ​ជួប​គេ! កូន​ក្ដី​ខ្ញុំ​បារម្ភ​ពី​កិត្តិយស​ទាំង​សង​ខាង​ ការងារ ​និង​គ្រួសារ​ទើប​គាត់​ចាំ​បាច់​ត្រូវ​ផ្ដល់​ចម្លើយ​មិន​ពិត​ដល់​ប៉ូលិស​! តែ​អ្វីៗ​ គាត់​បាន​ប្រាប់​ខ្ញុំ​ទាំងអស់!»

វិទូ​បំបែរ​កុំព្យូទ័រ​ត្រឡប់​ទៅវិញ​ដោយ​ទឹកមុខ​ស្មើ​ គេ​សម្លឹង​មក​រក​ផ្ទៃមុខ​ក្រហមព្រឿងៗ​នៃ​មេធាវី​វ័យក្មេង​ដែល​ធ្លាប់​មាន​ស្នេហា​វ័យ​ជំទង់​ដ៏​គួរ​ឱ្យ​អៀនខ្មាស។ នាង​មិន​ហ៊ាន​សម្លឹង​ទៅ​រក​ភ្នែក​មុត​ថ្លា​ទាំង​ទ្វេ​នៃ​បុរស​ដែល​បេះដូង​នាង​កំពុង​កម្រើក​រក​នេះ​ទេ ប៉ុន្តែ​នាង​ទទួល​អារម្មណ៍​​ថា​គេ​ក៏​កំពុងតែ​សម្លឹង​មក​។

សំឡេង​គេ​ជ្រែក​កាត់​ចង្វាក់​បេះដូង​របស់​នាង​៖

«ទោះបី​និយាយ​ចេញ​មក ​ឬ​មិន​និយាយ​ កូន​ក្ដី​នាង​នៅ​តែ​ជាប់​សង្ស័យ!»

នាង​ងើប​មុខ​សម្លឹង​គេ។

ផ្ទៃមុខ​ដែល​មិន​មាំទាំ​ និង​រារែក​ហាក់​ធ្វើ​ឱ្យ​វិទូ​ផុង​ចិត្ត​អាណិត​ស្រី​តូច​។

គេ​ទ្រឹង​ភ្នែក​​ទាក់​ជាមួយ​នឹង​ពន្លឺ​រលើប​ក្នុង​ដួង​នេត្រា​​ស្រី​អ្នក​ច្បាប់។

នាង​ស្អាត​យ៉ាង​នេះ ប្រុស​ណា​មិន​ទោរទន់​អារម្មណ៍​កើត​ទៅ?

គេ​គិត ​ហើយ​មិន​ដាច់​ចិត្ត​ដក​ភ្នែក​ចេញ​ឡើយ​ ព្រោះ​ស្ដាយ​ពេលវេលា​។ មិន​ដឹង​ថា​ឆ្លង​កាត់​បេសកកម្ម​៤៨ម៉ោង​នេះ​ទៅ គេ​នៅ​មាន​ឱកាស​​នៅ​ពី​មុខ​នាង​ ជជែក​ជាមួយ​នាង​តទល់​របៀប​នេះ​ទៀត​ ឬ​យ៉ាងណា​។

នាង​ឃើញ​គេ​នៅ​ស្ងៀម ​សម្លឹង​នាង​ស្ទើរ​ធ្លុះ​ដល់​បេះដូង ​ស្រី​ស្រស់​​ជ្រួញ​ចិញ្ចើម​តិចៗ​ដាក់​ចម្ងល់​៖

«បើ​​លោក ​មក​ជួយ​ពួក​យើង​ជា​ឯកជន​ សូម​ប្រាប់​មក​ណា៎ ថា​ធ្វើ​ម៉េច​ទៅ​ទើប​ខ្ញុំ​អាច​ជួយ​បង​ជំនិត​បាន?!»

វិទូ​ព្រិច​ភ្នែក​គេច​ចេញពី​ចរន្ត​ឆក់​រក​គ្នា​នៃ​បេះដូង​ពីរ។

ភារកិច្ច ​និង​បុគ្គលិកលក្ខណៈ​ជា​សមត្ថកិច្ច​របស់​គេ​វិល​មក​គ្រប់គ្រង​លើ​ចលនា​នៃ​​បេះដូង​វិញ។ គេ​និយាយ​ដោយ​ឱន​សម្លឹង​កុំព្យូទ័រ ​ហើយ​ដៃ​ធ្វើការ​លើKey ស្ទាត់ជំនាញ។

«ទាល់​តែ​កូន​ក្ដី​នាង​មិន​បាន​ធ្វើ​កំហុស! ពុំនោះ​ គ្មាន​ទេវតា​ណា​ជួយ​គេ​បាន​ទេ!»

និស្ស័យ​ទើប​តែ​មើល​ឃើញ​ភាព​ច្បាស់លាស់ ​និង​ដាច់​ណាត់​នៅ​ពី​ក្រោយ​រូបរាង​ស្រស់​សង្ហា​របស់​នាយ​​។

តើ​គេ​ដាច់ខាត​យ៉ាង​នេះ​ឬ បានជា​នៅ​ឆ្នាំ​នោះ​ គេ​សុខ​ចិត្ត​នាំ​ខ្លួន​អនាគត​បងថ្លៃ​ខ្លួន​ឯង​ឡើង​តុលាការ​រហូត​ដល់​ស្រី​តូច​ដែល​គេ​ស្រលាញ់​បំផុត​ បាន​ចាកចេញ​ពី​ជីវិត​របស់​គេ​?

នាង​សម្លឹង​គេ​មិន​ដាក់​ភ្នែក ​ជាមួយ​ការ​ពិចារណា​តាម​បែប​មនុស្ស​ស្រី​ដែល​តែង​តែ​គិត ​ហួស​ពី​រឿង​មួយ​ ទៅ​រឿង​មួយ​ទៀត​មិនឈប់ឈរ​។

សំឡេង​គេ​លាក់​មក​កន្ត្រាក់​ចង្វាក់​បេះដូង​នាង​៖

«នាង​ក៏​អញ្ចឹង​ដែរ យើង​មិនមែន​រៀន​សូត្រ​មក​ដើម្បី​ការពារ​ឧក្រិដ្ឋជន​ទេ!»

តាមធម្មតា ​វិទូ​មិន​ធ្លាប់​មាន​ចរិត​និយាយ​ស៊កសៀត​របៀប​នេះ​ទេ តែ​ពេលនេះ​មិន​ដឹង​ហេតុអ្វី​គេ​និយាយ​ពាក្យ​ទាំង​នេះ​ចេញ​មក​បាន។

គេ​និយាយ​ចប់​ក៏​សួរ​ខ្លួន​ឯង…..អំណាច​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្លួន​បែរ​ជា​ចង់​ឌឺដង​នាង?

«នៅ​សុខ​ៗ ​ពេល​យើង​ឮ​នាង​ហៅ​ម្នាក់​នោះ​បង​ៗ ហេតុអ្វី​យើង​ហាក់​មាន​អារម្មណ៍​​ថា​ច្រណែន​?!»

គេ​លួច​គិត​ហើយ​ ក៏​ងើប​មុខ​មើល​នាង​សន្សឹម​ៗ។ នាង​នៅតែ​ផ្ដោត​ភ្នែក​មក​ នាង​បញ្ចេញ​វាចា​សម្ងាត់​តាម​ពន្លឺ​ភ្នែក​នោះ​ ក្នុង​ន័យ​ថា​នាង​ត្រូវការ​ឱ្យ​គេ​ជួយ​ពិត​មែន ​ហើយ​កំពុង​រង់ចាំ​ចម្លើយ​ពី​គេ​។

«នាង​ដាក់ខ្លួន​ទន់ភ្លន់​ម្ល៉ឹង​ៗ ក៏​ដោយសារ​អាណោចអាធ័ម​សង្សារ​ចាស់?!»

សំណួរ​របស់​គេ​ក៏​បង្ហើរ​ចេញ​ទៅតាម​ភាព​ឃ្នាន់ខ្នាញ់​ក្នុង​ពន្លឺ​ភ្នែក​ដែរ​ ឯ​មាត់​គេ​មិន​ចេញ​ស្ដី ​ហើយ​រក្សា​ទឹកមុខ​ស្មើ​។​

គេ​បង្ខំ​ខ្លួនឯង​ឱ្យ​ឈប់​សម្លឹង​មុខ​នាង ​ហើយ​ធ្វើ​មុខ​មាំ​ឱន​មក​រក​កុំព្យូទ័រ​វិញ​ ប្រសើរ​ជាង​មក​ឃើញ​ស្រី ស្អាត​ម្នាក់​​កំពុង​អាណិត​ប្រុស​ផ្សេង​នៅ​នឹង​មុខ​ខ្លួន​។

តែ​មាត់​គេ​ទប់​មិន​បាន​ទេ​ គេ​និយាយ​បន្ថែម​៖

«កូន​ក្ដី​នាង ​ហេតុតែ​ចង់​ការពារ​កិត្តិយស ​និង​មុខរបរ​នាង​នឹង​គេ​ គេ​បែរ​ជា​ដឹងច្បាប់​ហើយ​ ហ៊ាន​ល្មើសច្បាប់ និយាយ​កុហក​ប៉ូលិស!​ បើ​យើង​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ គេ​នឹង​ឈាន​ទៅ​កុហក​តុលាការ!​ ចុះ​អ្នកណា​ហ៊ាន​ធានា​ថា ​ដោយសារ​ហេតុផល​ដូចគ្នា នេះ​​គេ​មិន​សម្លាប់ ជាង​បញ្ចូល​បទ​ភ្លេង​នោះ​បំបាត់ដាន?»

«អត់ទេ​!គាត់​មិន​ធ្វើ​ឡើយ!»

នាង​អន្ទះសា​ពេក​ ច្បាស់​ពេក​ ធ្វើ​ឱ្យ​ចិត្ត​គេ​ហាក់​ឆេវ​ដែរ។​

គេ​ងើប​មុខ​មក​រក​នាង​ដោយ​កែវភ្នែក​សៅហ្មង​។

​គេ​គឺ​ប្រចណ្ឌ​នាង​ ទាំង​ទើបតែ​ស្គាល់​គ្នា​បាន​ប៉ុន្មាន​ម៉ោង​ ទាំង​មិនមែន​ជា​សង្សារ ក៏​មិនដែល​បាន​សន្យា​ស្នេហា​អ្វី​នឹងគ្នា …..តើ​​ហេតុអ្វី​ទៅ?

ឃើញ​មុខ​គេ​កាច​ពេក​ នាង​ខំ​និយាយ​បង្វែរ​វិញ៖

«រវាង​ការ​និយាយ​កុហក​ប៉ូលិស ​និង​ការ​សម្លាប់​មនុស្ស ​គឺ​វា​មាន​ទំហំ​​ខុសគ្នា​ឆ្ងាយ! ត្រឹមតែ​ប៉ុណ្ណឹង ​មិន​អាច​វិនិច្ឆ័យ​អ្វី​បាន​ទេ​!»

វិទូ​ដក​ភ្នែក​ចេញ​វិញ​ ហើយ​បន្ត​ការ​រុករក​របស់​គេ​។

តរុណី ខំ​និយាយ​បន្ទន់​ចិត្ត​នាយ​ប៉ូលិស​បន្ថែម៖

«​….ហើយ….បើ​ចុងក្រោយ ប៉ូលិស​រក​ឃើញ​ថា​គាត់​ពិត​ជា​បាន​សម្លាប់​ឈ្មោះ​ណិច ក៏​នៅ​តែ​គ្មាន​អ្នកណា​អាច​កែប្រែ​ស្ថានការណ៍​ដដែល​ហ្នឹង! ជា​មេធាវី​ម្នាក់ ខ្ញុំ​ត្រូវ​តែ​មាន​ជំនឿ​ចិត្ត និង​ជឿជាក់​លើ​កូន​ក្តី​ខ្លួន​ឯង! ណា​មួយ ​គាត់​ជា​មេធាវី​ម្នាក់​ លោក​ដឹង​ហើយ វា​រឹត​តែ​គ្មាន​ហេតុផល​ទេ ​ដែល​ថា​គាត់​ទៅ​សម្លាប់​មនុស្ស​ងាយ​ៗ​ដូច្នេះ គឺ​វា​គ្មាន​បាន​ផល​អ្វី​សម្រាប់​អនាគត​គាត់​ឡើយ​!»