រឿង៖ សំណុំឯកសារ Z22 ភាគទី១១

ប៉ុន្តែ​លោក​សារឿន​ត្រូវ​ខក​ចិត្ត​យ៉ាង​ដំណំ ដែល​រក​មិន​ឃើញ​ស្លាកស្នាម​ប្រជ្រុយ​លើកដៃ​គេ​ក៏​ថែមទាំង​មិន​អាច​រក​ឃើញ​សូម្បី​តែ​ស្លាកស្នាម​ដាច់​រលាត់​មួយ។

គាត់​គ្រវាស​ដៃ​គេ​ចេញ ជាមួយ​សំណួរ​ឮ​ៗ៖

«ប្រាប់​មក! គ្នា​របស់​ឯង​មាន​ប៉ុន្មាន​នាក់? អា​ម្នាក់​ដែល​ដើរតួ​ជា​អ្នក​ចូល​ផ្ទះ​នៅ​ឯ​ស្ទឹងហាវ​នោះ ​ឥឡូវ​នេះ​វា​នៅ​ឯណា?!»

សិក្ខា​ធ្វើ​មុខ​មិងមាំង​ ហាក់​មិន​យល់​ពី​អ្វី​ដែល​ប៉ូលិស​កំពុង​ចង់​សំដៅ​ដល់។ ​លោក​សារឿន​ឃើញ​ដូច្នោះ​ដំឡើង​សំឡេង​គំហក​បន្ថែម៖

«ឯង​ឈប់​បន្លាយ​ពេល​ទៅ! ….ហើយ​ស្ទីល​ធ្វើពើ​អស់នេះ​ជួយ​អី​ឯង​មិនបាន​ទេ​ អា​កូន​ឈ្លូស​! បើ​ឯង​មិន​សារភាព​ ឯង​នឹង​ទទួលទោស​កាន់​តែ​ធ្ងន់!»

សិក្ខា​នៅ​សម្លឹង​គាត់​ធ្មឹង​មិន​មាត់​មួយ​ម៉ាត់ ស្នូរ​គោះទ្វារ​លាន់​មក​តុ​ៗ ហើយ​បន្ទាប់​ពី​លោក​សារឿន​អនុញ្ញាត ​កូន​ប៉ូលិស​ម្នាក់​រត់​លើក​កុំព្យូទ័រ​យូរ​ដៃ​របស់​សិក្ខា​ចូល​មក ហើយ​ដាក់​បង្ហាញ​​នៅ​នឹង​មុខ​គាត់។

កាលដែល​ឃើញ​គេ​ពិនិត្យ​កុំព្យូទ័រ​ខ្លួន​ជា​រឿង​មិន​សប្បាយចិត្ត​មួយ​ទៅ​ហើយ​ ទម្រាំ​មកឃើញ​នាយ​ផ្នែក​ស៊ើប​បើកភ្នែក​ក្រឡោត​​សម្លឹង​អេក្រង់​ដោយ​ទឹកមុខ​មាំ​ទៀត សិក្ខា​កាន់​តែ​ហួសចិត្ត ​អស់​អ្វី​នឹង​និយាយ។

លោក​សារឿន បន្ទាប់​ពី​ងើបមុខ​មក​សើច​ក្អាកក្អាយ​ម្នាក់​ឯង​ហើយ ក៏​ងាក​មក​រា​ដៃ​បណ្ដេញ​កូន​ប៉ូលិស​ឱ្យ​ចេញ​ពី​ទីនោះ​វិញ​ហើយ​បិទ​ទ្វារ​គ្រាំង​។

គាត់​ដើរ​ត្រឡប់​មក​រក​យុវជន​ជាប់​ចោទ​ក្នុង​ដំណើរ​ក្រអឺតក្រទម ហើយ​និយាយ​មួយៗ៖

«ពេលនេះ​ហួស​ពេល​ហើយ ទោះ​ឯង​ចង់​និយាយ​អ្វី​ ក៏​គ្មាន​ប្រយោជន៍​ដែរ! ​ទុក​សម្ដី​ទាំងអស់​ទៅ​បំភ្លឺ​នៅ​តុលាការ​ទៅ!»

សិក្ខា​ប្រកប​ដោយ​កែវភ្នែក​ស្រងូត គេ​និយាយ​តប​មួយៗ​ហាក់​លែង​ខ្វល់​លែង​ភ័យ៖

«ឥឡូវនេះ លោក​សំអាង​អី​ខ្លះ​មក​ចង់​ប្ដឹង​ខ្ញុំ? ពី​បទ​លោក​រក​ឃាតក​មិនបាន ក៏​រក​ខ្ញុំ​ឱ្យ​ទទួល​ទោស​ជំនួស​?!»

​​​​​លោក​សារឿន​ផ្ទុះ​កំហឹង តែ​គាត់​ទប់​ចិត្ត​ ត្បិត​យល់​ថា​ជ័យជំនះ​នៅខាងខ្លួន១០០ភាគ​រយ​ទៅ​ហើយ ។ គាត់​ប្ដូរ​ផ្ទុះ​សំណើច ​ហើយ​និយាយ​មួយៗ​ដោយ​ដើរ​ជុំវិញ​សិក្ខា៖

«ជនល្មើស​ប្រភេទ​ឯង​នេះ ខ្ញុំ​ជួប​មិន​ក្រោម​១០០នាក់​ទេ! ស្ទីល​ឯង​នេះ​​ខ្ញុំ​ធ្លាប់​ជួប​អស់​ហើយ​អា​ប្អូន!»

សិក្ខា​នៅ​ស្ងៀម​ខាំមាត់​ បុរស​ចំណាស់​និយាយ​បន្ត​ក្រោម​កែវភ្នែក​ពិនិត្យពិច័យ​របស់​វិទូ៖

«ឯង​លប​លួច​ទៅ​កំពង់សោម ​ហើយ​ត្រឡប់​មក​ដឹក​បង​ថ្លៃ​ពេល​ព្រឹក​​ជិត​ភ្លឺ​ទាំងអស់​កម្លាំង​ល្វើយ ​ដោយសារ​ឯង​មាន​ធុរៈ​ចេញ​ទៅ​សម្លាប់​ឈ្មោះ​ណិច​​នៅ​ទីនោះ! ជាតិ​ថ្នាំ​គីមី​ដែល​​រក​ឃើញ​ក្នុង​ឈាម​អ្នក​ស្លាប់ ​ក៏​ត្រូវ​បាន​រក​ឃើញ​រូបមន្ត​ក្នុង​កុំព្យូទ័រ​របស់​ឯង​ដូចគ្នា​!​!»

គាត់​បង្វិល​អេក្រង់​កុំព្យូទ័រ​ទៅ​ឱ្យ​ម្ចាស់​ខ្លួន​មើល​ ក្រោម​ការ​ភ្ញាក់ផ្អើល​របស់​វិទូ ហើយ​និយាយ​បន្ត៖

«ឯង​ធ្វើ​ខ្លួន​ជា​អ្នក​បោក​បងប្រុស​ឯង ​ហើយ​ឯង​ទទួល​លុយ​ជា​ច្រើន​ពី​គាត់​ ទើប​ឧស្សាហ៍​​មាន​គេ​ឃើញ​ឯង​ទៅ​កន្លែង​ដក​លុយ​ម្ដង​ហើយ​ម្ដង​ទៀត! ចំណែក​​លេខ​ទូរសព្ទ​អា​អ្នក​ស៊ើប​ការណ៍​​ក្លែងក្លាយ​ឯង​នេះ គឺ​មាន​កូដ​ចេញ​ពី​ផ្ទះ​ចាស់​របស់​អ្នកនាង​ភីណា​ ទី​កន្លែង​ដែល​គេ​ឱ្យ​ឯង​ស្នាក់​នៅ​ និង​រៀន​សូត្រ​! មនុស្ស​ក្រពើ​ដូច​ឯង​នេះ​​នៅ​ចង់​ចោទ​បក​ទៅ​បង​ថ្លៃ​ឯង​វិញ​ទៀត តើ​ឯង​មាន​ចិត្ត​ជា​មនុស្ស​ខ្លះ​ដែរ?»

សិក្ខា​ដែល​មិន​មាត់​មិន​ករ​ បែរ​ជា​ផ្ទះ​សំណើច​យ៉ាង​វែង។

«ឈប់​សើច!!!! ឯង​សើច​ធ្វើ​អី?!»

លោក​សារឿន​គំហក​ដាក់​។ ទោះយ៉ាងនោះក៏ដោយ​ គេ​នៅ​តែ​មិន​ឈប់​សើច​ ហាក់​មាន​ចេតនា​ឱ្យ​បុរស​ចំណាស់​ខឹង​ទ្រាំ​លែង​បាន​ លូកដៃ​មក​កន្ត្រាក់​កអាវ​ខ្លួន​សាជាថ្មី។

វិទូ​ទ្រាំ​មិនបាន​ ទើប​ក្រោក​​មក​​ជួយ​ឃាត់​ដៃ​បុរស​ចំណាស់​នោះ​ចេញ ​ហើយ​គេ​និយាយ​មួយៗ៖

«ឯង​នៅ​មាន​ឱកាស​និយាយ​! មាន​ការ​អី​ត្រូវ​និយាយ និយាយ​ឱ្យ​ហើយ​មក!»

សិក្ខា​ផ្អែក​ខ្នង​ទៅ​នឹង​បង្អែក​កៅអី ហាក់​បី​អស់​កម្លាំង​កាយ ​កម្លាំង​ចិត្ត​។ គេ​និយាយ​តប​នឹង​វិទូ​មួយៗ៖

«បងប្រុស​ខ្ញុំ​ត្រូវ​ជាប់​ឃុំ​ច្រើន​ថ្ងៃ​ហើយ! ការងារ​គាត់​ មុខមាត់​គាត់​កំពុង​មាន​បញ្ហា​ត្រូវ​ស្រោចស្រង់​ពេលនេះ​ប៉ូលិស​មក​រក​រឿង​​ចោទប្រកាន់​ខ្ញុំ​ម្នាក់​ទៀត ​ធ្វើ​ឱ្យ​អា​អ្នក​ដៃ​ដល់​រួច​ខ្លួន​ទទេ​!»

លោក​សារឿន​បម្រុង​ហើប​មាត់​ទៀត តែ​វិទូ​និយាយ​បាន​មុន៖

«ភីណា! យើង​នឹង​ហៅ​នាង​សួរ​ដូចគ្នា​! បើ​អ្វី​ដែល​ឯង​និយាយ​ជា​ការពិត នាង​គេច​មិន​រួច​ទេ!»

នាយ​ផ្នែក​ស៊ើប​វ័យ​ចំណាស់​ងើបមុខ​មក​សម្លឹង​វិទូ​ ជាមួយ​សំណួរ​ចេញ​ពី​មាត់​ដែល​អម​ដោយ​ពុកចង្កា​ក្រាស់​ឃ្មឹក៖

«លោក​ឧត្ដមសេនីយ៍​ជឿ​សម្ដី​អា​កូន​ត្រេន​នេះ? ហើយ​ចង់​សួរចម្លើយ​ប្រពន្ធ​មេធាវី​ជំនិត?!»

«ខ្ញុំ​គ្រាន់​តែ​សាកសួរ​​នាង​ទេ! មិនមែន​ជា​ការ​សួរ​ចម្លើយ​អី​ឯ​ណា​!?» វិទូ​តប​វិញ​ម៉ត់ចត់​មួយៗ។

លោក​សារឿន​រេ​ភ្នែក​សញ្ជឹង​គិត វិទូ​ឃើញ​ដូច្នោះ​ និយាយ​ពន្យល់​គាត់​​បន្ថែ​ម៖

«ប្រសិន​បើ​អ្វី​ដែល​​សិក្ខា​ទើបតែ​និយាយ​ជា​ការពិត​វិញ វា​ប្រាកដ​ជា​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​រឿង​ក្តី​នេះ! សំណួរ​នៅ​ត្រង់​ថា​ តើ​នាង​មាន​ការ​អ្វី​បានជា​ត្រូវ​ណាត់​ជួប​ជាង​បញ្ចូល​បទភ្លេង​នោះ​ មុន​ពេល​គេ​ស្លាប់?​ ហេតុអ្វី​នាង​មិនព្រម​និយាយ​រឿង​ទាំង​អស់​នេះ​ប្រាប់​ប៉ូលិស​?»

លោក​សារឿន​តវ៉ា​ជាមួយ​សម្ដី​វិទូ​ ហើយ​ភ្នែក​គាត់​រេ​សម្លឹង​សិក្ខា​ពី​លើ​ដល់​ក្រោម​ ពីក្រោម​ឡើង​លើ៖

«តែ​អ្វី​ដែល​ក្មេង​ប្រុស​នេះ​និយាយ ​សុទ្ធ​តែ​គ្មាន​សាក្សី​ទេ​! គេ​រៀប​គម្រោង​ធ្វើបាប​បង​ប្រុស​ស្រី​របស់​គេ ​ភ័ស្តុតាង ​និង​សាក្សី​យើង​មាន​ក្នុង​ដៃ​អស់ហើយ​! នៅតែ​សួរនាំ​រក​បក្ស​ពួក​គេ​ទៀត​តែ​ប៉ុណ្ណោះ!»

វិទូ​មិន​មាត់​តបត ​ហើយ​​​បែរ​មក​រក​សិក្ខា​វិញ។

យុវជន​នេះ​សម្លឹង​គេ​វិញ​​ដោយ​​ប្រុងប្រយ័ត្ន​ ហាក់​ចង់​ដឹង​ថា​តើ​គេ​កំពុង​គិត​អ្វី​​ គេ​មាន​សមត្ថភាព​អង្កេត​ក្ដី​ល្អ​ជាង​លោក​សារឿន​ដែរ​ឬ​យ៉ាងណា?

វិទូ​មិច​ភ្នែក​និយាយ​មួយ​ៗ​ទៅកាន់​គេ៖

«យើង​គ្មាន​ពេល​ច្រើន​ទេ​! បើ​ឯង​មិន​បាន​ធ្វើ​ ហើយ​មាន​ចិត្ត​ចង់​ជួយ​បងប្រុស ឆាប់​​បង្ហាញ​អំណះអំណាង​មក!»

គេ​នៅ​ស្ងៀម​មិន​និយាយ​អ្វី​ តែ​ក៏​មិន​ដក​ភ្នែក​ពី​ផ្ទៃមុខ​នាយ​ឧត្ដមសេនីយ៍​​ដែល​នៅ​ពី​មុខ​គេ​នោះ​ដែរ​។​វិទូ​ក្រោក​ទាញ​កៅអី​ទល់មុខ​​គេ កៀក​សេន​កៀក​​ សឹង​ប៉ះ​គ្នា​ដល់​ច្រមុះ។

ស្នូរ​ដង្ហើម​យុវជន​នេះ​​ដើរ​ស្មើ​ត្រឹម​ ដូច​ផ្ទៃ​មុខ​តក់ស្លុត​ តែ​មាន​ន័យ​ដ៏​ជ្រាលជ្រៅ​របស់​គេ​។ វិទូ​និយាយ​បន្ទាប់​ពី​សម្លឹង​គេ​បាន​បន្តិច៖

«សាក្សី?? ភ័ស្តុតាង​ឯង​មាន​ទេ?! ឯង​ថា​ភីណា​​ចេញ​ទៅ​ក្រៅ​លួចលាក់ ​តើ​មាន​អ្នក​ឃើញ​ក្រៅ​ពី​ឯង​ទេ?»

គេ​នៅតែ​មិន​ឆ្លើយ វិទូ​និយាយ​កាន់តែ​ខ្សឹប៖

«ឯង​មាន​អី​ពិបាក​និយាយ?…មិន​ទុក​ចិត្ត​នឹង​និយាយ? មិន​ចង់​និយាយ?!»

គេ​ក្រឡេក​សម្លឹង​ភ្នែក​នាយ​ប៉ូលិស​តប​វិញ ​ហាក់​ដូច​កំពុង​ស្វែង​រក​អ្វី​ម្យ៉ាង​។ វិបត្តិ​ជ្រាលជ្រៅ​គួរសម​​បង្ហាញ​ចេញ​តាម​រយៈ​កែវ​ភ្នែក​គេ​ទាំង​សង​ រហូត​ដល់​គេ​គេច​ភ្នែក​ក្រៀម​ស្រពោន​នោះ​ចេញ​។

វិទូ​សួរ​តិចៗ​៖

«ហេតុអ្វី​ឯង​អគតិ​ចំពោះ​បង​ថ្លៃ​ឯង​ម្ល៉េះ? ​ឧបមា​ថា​នាង​ពិតជា​បាន​ទៅ​ជួប​មនុស្ស​ចម្លែក​លួចលាក់​មែន​​ ត្រឹម​ប៉ុណ្ណឹង​មាន​អ្វី​អាច​បញ្ជាក់​ថា ​នាង​ជា​អ្នក​ធ្វើ​បាប​ប្ដី​ខ្លួន​ឯង​នោះ?!»

«នៅមុន​ពេល​កើត​រឿង​​នេះ​​ មានរឿង​តូច​ៗ​ជា​ច្រើន​កើត​​ឡើង​​រួច​ជា​មុន​​ហើយ​!»

គេ​ឆ្លើយ​ខ្លីៗ ហើយ​ឈ្ងោក​មុខ។ វិទូ​ចាប់​ឱកាស​សួរ​បន្ត​ភ្លាម​ក្នុង​សព្ទ​សំឡេង​ស្រាល​ៗ៖

«រឿង​អី​ខ្លះ​ទៅ?!»

គេ​ងើប​មុខ​មក​វិញ ​ស្វែង​រក​ភាព​ជឿជាក់​នៅ​ក្នុង​ទឹកមុខ​អ្នក​ដែល​កំពុង​សួរ​ចម្លើយ​ខ្លួន ​ហើយ​ជា​បន្តបន្ទាប់​ គេ​ដៀង​ភ្នែក​ទៅ​រក​លោក​សារឿន​ដែល​នៅ​ជ្រុង​ម្ខាង។

សំឡេង​វិទូ​លាន់​មក​ស្រាល​ៗ​កៀក​ត្រចៀក​គេ៖

«មាន​ភស្តុតាង មាន​សាក្សី​ទេ?!»

ឧត្ដមសេនីយ៍ត្រី​និយាយ​ច្រំដែល តែ​សិក្ខា​មិន​ធុញ​ទេ គេ​មិន​មាន​ទឹកមុខ​សោះអង្គើយ​ដូច​កាល​និយាយ​ជាមួយ​លោក​សារឿន​ឡើយ។

«ហេតុអី​បង​ចង់​ជួយ​ខ្ញុំ?!»

គេ​សួរ​ខ្លី​តែ​រហ័ស​ពេក​ ធ្វើ​ឱ្យ​វិទូ​ស្រលាំងកាំង​តែ​ម្ដង​។ ត្រូវហើយ​! ហេតុអ្វី​គេ​ហាក់​មាន​ចិត្ត​ទោរទន់​ទៅ​លើ​ក្មេង​ម្នាក់​នេះ?

​គេ​មិនបាន​និយាយ​អ្វី​ប្រឆាំង​នឹង​ការ​សន្និដ្ឋាន​របស់​ប៉ូលិស រឹត​តែ​គ្មាន​ពាក្យ​អ្វី​ជា​អំណះអំណាង​ការពារ​ខ្លួន​ ហេតុអ្វី​​គេ​ហាក់​ចង់​ស្ដាប់​សម្ដី​ក្មេង​នេះ​ច្រើន​ទៀត?

វិទូ​ងើប​មុខ​មក​វិញ​ឃ្លាត​ចេញ​បន្តិច​ពី​ត្រចៀក​គេ ហើយ​និយាយ​តប៖

«ប៉ូលិស​មិន​ជួយ​អ្នកណា​ទេ គឺ​រក​តែ​ខុស​ហើយ​និង​ត្រូវ! បើ​ប្អូន​មាន​ភស្តុតាង​បញ្ជាក់​ថា​ខ្លួន​មិន​នៅ​ទី​កើតហេតុ មិន​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ មិនបាន​ទៅ​កំពង់សោម…»

«យប់​នោះ​….យប់​ដែល​អា​ម្នាក់​នោះ​ត្រូវ​គេ​សម្លាប់…ខ្ញុំ​បាន​មក​កំពង់សោម​មែន!»

គេ​និយាយ​កាត់​ភឹង​ តែ​បេះដូង​នាយ​ប៉ូលិស​លោត​ភឹប ​ព្រោះ​ការ​ភ្លាត់មាត់​លឿនស្លេវ​របស់​គេ​សឹង​ថា​អាច​ធ្វើ​ឱ្យ​មេឃ​ក្រឡាប់​ចាក់។

«ឯង​សារភាព​ហើយ!?»

លោក​សារឿន​និយាយ​ពី​ជ្រុង​ម្ខាង តែ​វិទូ​រា​ដៃ ឯ​យុវជន​វ័យក្មេង​នៅតែ​​សម្លឹង​មក​ចំ​ភ្នែក​​​វិទូ​ដោយ​ទឹកមុខ​ម៉ឺងម៉ាត់​ ហើយ​និយាយ​ច្បាស់​ៗ​មួយៗ​៖

«តែ​ខ្ញុំ​មិនបាន​សម្លាប់​វា​ទេ! ខ្ញុំ​ស្បថ​ចំពោះ​ព្រលឹង​ម្ដាយ​ឪពុក​ខ្ញុំ!»

អ្វីៗ​ហាក់​ដូចជា​កាន់តែ​ជ្រៅ​ទៅ​ៗ….

វិទូ​រេ​គ្រាប់​ភ្នែក​សម្លឹង​យុវជន​ស្ទើរ​ធ្លុះ​ដល់​បេះដូង។

ក្នុង​ទស្សនៈ​នាយ គ្មាន​ឃាតក​ណា​ដែល​ហ៊ាន​មើល​ភ្នែក​ប៉ូលិស​មុត​យ៉ាង​នេះ ច្បាស់​យ៉ាង​នេះ​ឡើយ​។​ តើ​ពេលនេះ​ជា​ពេល​ដែល​ប៉ូលិស​​ត្រូវ​ប្រើ​ចិត្តសាស្ត្រ និង​វិចារណញ្ញាណ ​ចំណេះដឹង​ពី​​ធម្មជាតិ​នៃ​មនុស្ស​លើ​ផែនដី​ដើម្បី​សម្រេចចិត្ត​លើ​សំណុំ​រឿង​ឬ​អ្វី?

លោក​សារឿន​ស្ទើរ​ហើប​គូទ​ពី​កៅអី នៅ​ពេល​ឮ​សម្ដី​ទាំងនេះ។

គាត់​ដឹង​ត្រឹម​ថា​គេ​នេះ​បាន​លួចលាក់​មក​កំពង់សោម​ ហើយ​វិល​ទៅ​វិញ​បង្វែង​ដាន​ភីណា​នៅ​ពេល​ព្រលឹម​ស្រាង​ៗ ​តែ​មិន​នឹក​ស្មាន​ឡើយ​ថា​សិក្ខា​ថែម​ទាំង​បាន​ទៅ​ដល់​លំនៅឋាន​ជនរងគ្រោះ។

ទោះ​យ៉ាងណា​ គាត់​ស្ងើចសរសើរ​ការ​សួរ​ចម្លើយ​របស់​នាយ​ប៉ូលិស​នេះ​។

គាត់​សម្លឹង​វិទូ​ពីលើ​ដល់​ក្រោម​ជាមួយ​សំណួរ​​ស្ងាត់​ៗ​ក្នុង​ចិត្ត​…..ទាំងនេះ​ឬ​ដែល​ធ្វើ​ឱ្យ​​គេ​នៅ​ក្មេង​យ៉ាង​នេះ​​អាច​បំបែក​សំណុំ​រឿង​ធំ​ៗ​ច្រើន​ដល់​ម្ល៉ឹង?

សំឡេង​នាយ​ប៉ូលិស​លាន់​មក​បន្ត ​ក្នុង​ពេល​ត្រចៀក​គាត់​ខំ​ស្ដាប់​មិន​ឱ្យ​ជ្រុះ​ដល់​ដី ​សូម្បី​មួយ​ព្យញ្ជនៈ​។

«ប្អូន​បាន​ទៅ​ដល់​ផ្ទះ​ឈ្មោះ​ណិច????…..ទៅ​ធ្វើ​អី?!»

យុវជន​នៅ​ស្ងៀម​សាជាថ្មី…តែ​វិទូ​ដឹង​ថា​វា​ប្រាកដជា​មាន​អ្វី​មួយ​ដែល​គេ​និយាយ​មិនបាន ហើយ​ហា​មិនកើត​ ដើម្បី​តែ​ការពារ​អ្នកណា​ម្នាក់​។

គេ​រេ​ភ្នែក​តែ​ពីរ​បី​ដង​ប៉ុណ្ណោះ​ ក៏​ផុស​ចេញ​នូវ​សំណួរ​ម៉ឺងម៉ាត់៖

«បងប្រុស​របស់​ប្អូន ​មេធាវី​ជំនិត បាន​សម្លាប់​គេ​នោះ?! ដូច្នេះ​ហើយ ហេតុ​តែ​ស្រលាញ់​ការពារ​គេ ប្អូន​ហា​មាត់​ប្រាប់​ប៉ូលិស​មិន​រួច????!»

មេឃ​​កាន់តែ​ក្រឡាប់ចាក់ លោក​សារឿន​ក្រោកឈរ​វឹង​សម្លឹង​ប្រតិកម្ម​ចុង​ចម្លើយ​និង​អ្នក​សួរ​ដេញដោល​ដែល​ពេញ​ដោយ​ភាព​វ័យ​ឆ្លាត។

ហេតុអ្វី​រឿង​ហេតុ​ទៅ​ជា​ដូច្នេះ​?

ដំបូង​ចោទ​យុវជន​នេះ ​ពេលនេះ​យល់​ថា​គេ​បាន​ការពារ​បងប្រុស​គេ​ក្នុង​ការ​សម្លាប់​មនុស្ស?

បុរស​ចំណាស់​រេ​ភ្នែក​គិត​ ហើយ​គាត់​នឹក​ឃើញ​ដល់​អ្វី​មួយ…..ក្នុង​អារម្មណ៍​​របស់​គាត់….«វិទូ!»…..«ម្នាក់​នេះ​ជា​ប៉ូលិស គេ​អាច​រៀបចំ​អ្វី​ទាំង​នេះ​ធ្វើ​បាប​ខ្ញុំ!»…..«គេ​ជា​គូ​ដណ្ដឹង​របស់​ភីណា!…..គេ​នៅតែ​ស្រលាញ់​នាង!»….«ហេតុផល​លោក​ប៉ុណ្ណឹង​ចង់​យក​ទៅ​សង្ស័យ​ឧត្ដមសេនីយ៍​ម្នាក់?!»

បុរស​ចំណាស់​លែង​គិត​ពី​សិក្ខា​ តែ​គាត់​ដៀង​កន្ទុយ​ភ្នែក​លប​មើល​នាយ​ប៉ូលិស​វិទូ ជាមួយ​សំណួរ​ថា បុរស​ក្មេង​នេះ​កំពុង​រក​យុត្តិធម៌​ ឬ​កំពុង​តែ​រុញ​ច្រាន​មេធាវី​អាមេរិក​ឱ្យ​ចូល​អន្ទាក់​រើ​ខ្លួន​លែង​រួច?

គេ​អាច​ប្រើ​ភាព​ឆ្លាតវៃ​ និង​ប្រើប្រាស់​យុវជន​ម្នាក់​នេះ​ដែរ​ទេ?

សំឡេង​សិក្ខា​លាន់​ឡើង​កន្ត្រាក់​ស្មារតី​គាត់​ដែល​បែក​ខ្ញែក៖

«ពេល​ខ្ញុំ​ និង​បង​ខ្ញុំ​បាន​ចេញពី​ទីនោះ វា​នៅ​រស់​នៅឡើយ!»

ស្អី​គេ​អ៊ី​ចេះ? សូម្បីតែ​សារភាព​ថា​បង​វា​បាន​នាំទៅ​កាន់​ទីនោះ​ក៏​ព្រម​និយាយ​ចេញ​មក​ដែរ​….តើ​ចិត្តសាស្ត្រ​របស់​វិទូ​សាហាវ​ ឬ​មួយ​ក្មេង​ប្រុស​នេះ​ត្រូវការ​បច្ចេកទេស​សួរចម្លើយ​របៀប​នេះ​?

លោក​សារឿន​គិត​ ហើយ​វិលវល់​ក្នុង​ការ​វិភាគ​ឯកជន​របស់​គាត់។

«ហេតុអ្វី បងប្រុស​ប្អូន….​ហេតុ​អី​មេធាវី​ជំនិត​និយាយ​លាក់លៀម​នូវ​ចំណុច​សំខាន់ៗ​អស់នេះ?!»

វិទូ​សួរ​សង្ខើញ​ តែ​សំឡេង​ខ្សឹបៗ។

យុវជន​​តប​វិញ​យ៉ាង​រហ័ស៖

«បងប្រុស​ខ្ញុំ បង​ជំនិត​ប្រាកដ​ជា​មិនព្រម​និយាយ​ប្រាប់​ប៉ូលិស​ទេ ​ទោះបី​ដំណាក់កាល​គាត់​ជិត​ស្លាប់​ក៏​ដោយ​!!»

គេ​រអាក់រអួល ​ហើយ​ឈប់​និយាយ​កណ្ដាល​ទី។

​វិទូ​ជ្រួញ​ចិញ្ចើម​ គេ​សួរ​វិញ​ខ្សឹបៗ៖

«មាន​ន័យ​ថា​ម៉េច?!»

គេ​ចាប់ផ្ដើម​យំ វិទូ​លូក​យក​ក្រដាស​ប្រគល់​ឱ្យ​គេ​ជូត​ទឹក​ភ្នែក ​ហើយ​និយាយ​សំឡេង​ធ្ងន់​ជាង​មុន​៖

«កូនប្រុស​គេ​មិន​យំ​ផ្ដាស​ទេ! ពិសេស​ដំណាក់កាល​កាន់តែ​លំបាក​ កាន់​តែ​ត្រូវ​ចេះ​តស៊ូ! បើ​ឯង​ស្រលាញ់​បង​ឯង​មែន អ្វី​ដែល​គាត់​មិន​ធ្វើ ​ឯង​គួរ​តែ​ធ្វើ!»

គេ​ងើប​មុខ​មក​វិញ​មួយ​រំពេច។

មិន​ដឹង​យ៉ាងម៉េច​ គេ​មាន​អារម្មណ៍​ថា​ប៉ូលិស​ម្នាក់​នេះ​យល់​ពី​អាថ៌កំបាំង​ក្នុង​ចិត្ត​របស់​គេ ទាំង​គេ​មិនទាន់​បាន​និយាយ​ប្រាប់​។

«ហេតុអ្វី​លោក​ដឹង?!»

វិទូ​​គ្រវីក្បាល៖

«ខ្ញុំ​មិន​ដឹង​អី​ទាំង​អស់! ទាល់​តែ​ឯង​និយាយ​ចេញ​មក ទើប​ខ្ញុំ​ដឹង! ប៉ុន្តែ​មាន​រឿង​មួយ​ដែល​ខ្ញុំ​ជឿ​ភ្នែក​ខ្លួនឯង នោះ​គឺ…..ឯង​! មិនមែន​ទេ!….ខ្ញុំ​ចង់​មាន​ន័យ​ថា​ឯង​មិនមែន​ជា​អ្នក​នៅ​ពី​ក្រោយ​រឿង​ធ្វើបាប​បងប្រុស​ឯង​ទេ!»

គេ​សម្លឹង​វិទូ​ដោយ​រំភើប​ជា​មួយ​នឹង​ចង្វាក់​អណ្ដាត​ស្ទាក់ស្ទើរ​​ចង់​គ្រលាស់​សួរ​នូវ​សំណួរ​ទីពីរ​ថា​«ហេតុអ្វី​លោក​ដឹង?» ​តែ​គេ​មិន​ចង់​សួរ​ច្រំដែល​ទេ។

យុវជន​រេ​ភ្នែក​គិត ​ហើយ​សម្លឹង​ប៉ូលិស​ទាំងពីរ​ម្ដង​ម្នាក់។ ឬ​មួយ​នេះ​ជា​ចិត្តសាស្ត្រ​ក្ដៅ​និង​ត្រជាក់​ដែល​ប៉ូលិស​​ផ្លាស់​គ្នា​​ប្រើ​។

ទោះ​យ៉ាងណា ​គេ​យល់ថា​គេ​គួរ​ធ្វើអ្វី​ម្យ៉ាង​ក្នុង​ពេលនេះ​។

គេ​ខាំមាត់​ស្ទើរ​ដាច់​ វា​ជា​កាលៈទេសៈ​នៃ​ការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ ទីបំផុត​​គេ​និយាយ​​ដោយ​ជ្រប់មុខ​សម្លឹង​កម្រាលឥដ្ឋ៖

«ទោះ​បី​លើក​នេះ​ ត្រូវ​ស្លាប់​ខ្លួន​ក៏​បង​ជំនិត​មិន​ប្រាប់​ប៉ូលិស​ថា​ជា​ប្រពន្ធ​គាត់​ដែរ!!​»

«មានន័យ​ថា​ម៉េច!»

«គឺ​គាត់​មិន​ប្រាប់​ប៉ូលិស​ថា​ភីណា​ធ្វើបាប​គាត់​ទេ​ ទោះ​គាត់​ដឹង​ថា​ជា​នាង​ក៏​ដោយ​!»

វិទូ​មិច​ភ្នែក​គិត ចំណែក​បុរស​វ័យក្មេង​អស់​ពី​ជូត​ទឹកភ្នែក​ ក៏​ខាំមាត់​សាជាថ្មី គេ​និយាយ​មួយៗ៖

«រឿង​កើត​ឡើង​ច្រើន​ខែ​មក​ហើយ ​តាំង​ពី​ពួក​គេ​នៅ​អាមេរិក! អ្នកស៊ើបការណ៍​ម្នាក់​បាន​រក​ឃើញ​ភស្តុតាង​ថា​បងថ្លៃ​ខ្ញុំ ភីណា​បាន​លួចលាក់​ផ្ញើ​លុយ​មួយ​ចំនួន​មក​ស្រុកខ្មែរ ហើយ​អ្នក​ទទួល​លុយ​គឺ​ប្រើ​លេខ​ទូរសព្ទ​ដែល​គេ​លក់​នៅ​កំពង់សោម​! បងប្រុស​ខ្ញុំ ហេតុតែ​ស្រលាញ់​ប្រពន្ធ​ពេក​ គាត់​បាន​ឱ្យ​គេ​តាមដាន​​បន្ត​ទៀត​ ទីបំផុត​ ទើប​ដឹង​ថា​ភីណា​មាន​កូន​ផ្ទះ​តូច​មួយ​នៅ​ស្ទឹងហាវ!»

«ឯង​បាន​ទៅ​ផ្ទះ​នោះ​ដែរ?!» លោក​សារឿន​ហា​សួរ​បន្ទាប់​ពី​ទ្រាំ​ស្ដាប់​យូរ​មក​ហើយ។

សិក្ខា​គ្រវី​ក្បាល​យឺត​ៗ ឯ​វិទូ​ក៏​តឿន៖

«និយាយ​ទៀត​ទៅ! ក្រោយ​មក​យ៉ាងម៉េច​ទៀត?!»

«គាត់​គ្រាន់​តែ​ប្រាប់​ខ្ញុំ! តែ​ខ្ញុំ​មិន​ដែល​ទៅ​ទីនោះ​ទេ!​ ពី​ដំបូង​ គាត់​មិន​ចង់​រវល់​ទេ គាត់​និយាយ​នឹង​ខ្ញុំ​ថា​គាត់​នឹង​អត់ទោស​ឱ្យ​ភរិយា​គាត់​ទាំងអស់ ​ទោះ​បី​នាង​នៅ​លប​លួច​ជួប​អ្នក​ចាស់​ក៏​ដោយ ប៉ុន្តែ​នៅ​ម៉ោង​១០​យប់​ ថ្ងៃ​ដែល​គាត់​ទៅ​ដល់​កំពង់សោម គាត់​បាន​ខល​មក​ខ្ញុំ ហើយ​បញ្ជូន​ឯកសារ​ទាំង​នេះ​មក​ឱ្យ​ខ្ញុំ! គាត់​ថា​នៅ​កំពង់​សោម​មិន​អាច​រក​ទិញ​របស់​ទាំង​នេះ​បាន​ទេ ឱ្យ​ខ្ញុំ​ទិញ​នៅ​ភ្នំពេញ ​ហើយ ផ្ញើ​ទៅ​ឱ្យ​គាត់​ ព្រោះ​គាត់​ត្រូវការ​សាកល្បង​វា​ជាមួយ​ទឹកសមុទ្រ​! ​ខ្ញុំ​សម្រេចចិត្ត​មិន​ផ្ញើ​តាម​ឡាន​តាក់ស៊ី​ទៅ​ទេ​ គឺ​បើកឡាន​ទៅ​រក​បង​ខ្ញុំ​ខ្លួនឯង លោក​ដឹង​ហើយ ខ្ញុំ​បារម្ភ​ពី​គាត់ គាត់​ជា​អ្នកមាន ជា​អាណិកជន​មិន​សូវ​ដឹង​ពុត​មនុស្ស​ខិល​ខូច​ទេ ខ្ញុំ​ខ្លាច​​មាន​អ្នកណា​មាន​ចេតនា​ធ្វើបាប​គាត់!»

«ឯង​មក​ដល់​កំពង់សោម​នៅ​ម៉ោង​ប៉ុន្មាន?!» លោក​សារឿន​សួរ​ផង​ ផ្ទៀង​មើល​បញ្ជី​របាយការណ៍​ក្នុង​កុំព្យូទ័រ​ផង។​

«ប្រហែលជា៧យប់!»

«ឯ​ង​មាន​ឡើង​ទៅ​អាផាតមែន​ទេ?!» វិទូ​សួរ​ទាំង​សម្លឹង​គេ​ដោយ​យកចិត្ត​ទុកដាក់។

តែ​សិក្ខា​សាជាថ្មី គ្រវី​ក្បាល​បដិសេធ៖

«អត់ទេ! ពេល​មក​ដល់​ភ្លាម ​ខ្ញុំCallរក​គាត់ ហើយ​គាត់​ក៏​ប្រាប់​ខ្ញុំ​ឱ្យ​ចាំ​នៅមុខ​អាផាតមែន​! មុន​​ពេល​ខ្ញុំ​ប្រគល់​ថ្នាំ​ទាំងនោះ​ឱ្យ​គាត់ ​​គឺ​ឈ្មោះ​ណិច​បាន​​SMSមក​រួច​ទៅ​ហើយ​! ​គេ​និយាយ​ថា​បើ​គាត់​មិន​ទៅ​រក​គេ​ គេ​នឹង​បង្ហាញ​រូបភាព​គាត់​និង​អតីត​សង្សារ​ឱ្យ​ភីណា​ឃើញ! ដោយសារ​មុន​នោះ​ បង​ជំនិត​បាន​វាយ​ទូរសព្ទ​ទៅ​សុំ​ណាត់​វា​រួច​ទៅ​ហើយ យើង​ទាំងពីរ​បាន​ហួស​ទៅ​កាន់​ទីនោះ​ជា​មួយ​​គ្នា!»

«តែ​សាក្សី​បាន​ប្រាប់​ថា​គេ ឃើញ​មេធាវី​ជំនិត​តែ​ម្នាក់ឯង​ប៉ុណ្ណោះ!»

លោក​សារឿន​និយាយ​កាត់។

វិទូ​ងាក​មក​រក​លោក​សារឿន​៖

«គេ​ប្រាប់​ថា​ម៉េច​ខ្លះ?!»

«សាក្សី​ជា​ក្មេង​ប្រុស​ជំទង់ ស្នាក់​​នៅ​​រំលង​បី​​បន្ទប់​ពី​ជន​រងគ្រោះ ! គេ​នោះ​ខូច​កុំព្យូទ័រ​ចង់​មក​រក​ជាង​ម្នាក់​នោះ​ឱ្យ​ជួយ​មើល​ឱ្យ !ពេល​មក​ដល់ គេ​ឈ្មោះ​ណិច​មាន​ភ្ញៀវ!កាលណោះ​ គេ​មើល​ពី​ក្រៅ​ទៅ អ្នក​នៅ​ក្នុង​មិន​បាន​ដឹង​ខ្លួន​ទេ ដូច្នេះ​​គេ​ក៏​វិល​ទៅ​ដេក​វិញ!»

វិទូ​ងាក​មក​រក​សិក្ខា​វិញ​ ហើយ​តឿន​៖

«មាន​អី​ត្រូវ​និយាយ​ទៀត​?​​»

«ខ្ញុំ​បាន​ចូល​ទៅ​បន្ទប់​ទឹក​គេ​នោះ​មួយ​ភ្លែត​ ព្រោះ​ទើប​តែ​មក​ពី​ភ្នំពេញ​ ហើយ​មិនទាន់​រក​កន្លែង​បត់ជើង​បាន! ប្រហែល​សាក្សី​របស់​ប៉ូលិស​មក​ចំ​ពេល​ដែល​ខ្ញុំ​ជាប់​ចូល​បន្ទប់​ទឹក​នោះ​ហើយ​ បាន​ជា​គេ​មិន​ឃើញ​ខ្ញុំ!»

វិទូ​សួរ​វិញ​មួយរំពេច​៖

«ចុះ​ពេល​ឯង​ចេញ​មក​វិញ​មាន​សាក្សី​ណា​បាន​ឃើញ​ទេ?!»

«មិន​ដឹង​ទេ! ទីនោះ​ស្ងាត់​ណាស់!»

«អ្នក​ទាំង​ពីរ​ជិះ​អ្វី​ទៅ?!»

«ឡាន​របស់​ខ្ញុំ!»

លោក​សារឿន​គំហក​គាត់៖

«កុហក! សន្តិសុខ​នៅ​អាផាតមែន និយាយ​ថា​ពេល​មេធាវី​ជំនិត​ត្រឡប់​មក​ដេក​វិញ​ គាត់​ជិះកង់​បី​មក​ទេ!»

«ខ្ញុំ​មិន​បាន​កុហក​ទេ ពេលនោះ​ បង​ខ្ញុំ​ដេញ​ឱ្យ​ខ្ញុំ​វិល​ទៅ​ភ្នំពេញ​វិញ​ ព្រោះ​ប្រពន្ធ​គាត់​រក​ខ្ញុំ​ឱ្យ​ជូន! ខ្ញុំ​ហត់​ពេក​ ខ្ញុំ​កើត​ផ្ដាសាយ​ផង​ ហូរ​សម្បោរ​យ៉ាង​ខ្លាំង គឺ​គាត់​​ក៏​កើត ​ខ្ញុំ​ក៏​កើត ខ្ញុំ​សុំ​គាត់​ដេក​ដល់ម៉ោង​បី​ភ្លឺ​ទើប​ចេញ​ទៅវិញ​ អញ្ចឹង​គាត់​ក៏​ព្រម​ តែ​ថា​មិន​ឱ្យ​ខ្ញុំ​ដេក​នៅ​ក្បែរ​ៗ​​អាផាតមែន​នោះ​ទេ ​ខ្លាច​មាន​គេ​ឃើញ​ធ្លោយមាត់​និយាយ​ពេល​ភីណា​មក​!»

«ហេតុអ្វី​ជំនិត​ប្រុងប្រយ័ត្ន​ចំពោះ​ប្រពន្ធ​គេ​ម្ល៉េះ​?» លោក​សារឿន​សួរ​បន្ថែម​។

សិក្ខា​ឈ្ងោកមុខ​គិត។ ស្ថានភាព​គេ​ហាក់​ខំប្រឹង​រក​នឹក​អ្វីៗ​ទាំងអស់​កាលពី​រាត្រី​នោះ​ត្រឡប់​មកវិញ​  បន្ទាប់​មក​គេ​ពោល​មួយៗ៖

«ព្រោះ​ពេល​ចេញ​ពី​ផ្ទះ​ណិច​មក​វិញ ​តាម​ផ្លូវ​ ខ្ញុំ​ក៏​ដាច់ចិត្ត​ប្រាប់​បង​ខ្ញុំ​ថា​ឈ្មោះ​ណិច​​នេះ​ ខ្ញុំ​ធ្លាប់​ឃើញ​ឡើង​ទៅ​ជួប​ប្រពន្ធ​គាត់​នៅ​ភ្នំពេញ! ពេលនោះ​ហើយ​ទើប​បង​ជំនិត​កាន់​តែ​ដាក់​ការ​សង្ស័យ​លើ​ភាព​មិន​ស្មោះត្រង់​របស់​ប្រពន្ធ​គាត់! ​គាត់​ប្រាប់​ថា ប្រពន្ធ​គាត់​យូរ​បំផុត​ស្អែក​នេះ​នឹង​ឡើង​មក​ហើយ​ ព្រោះ​ជា​ខួប​កំណើត​នាង! ​ខ្ញុំ​ក៏​ប្រាប់​គាត់​វិញ​ថា ​កាល​ពី​យប់​ម្សិល បន្ទាប់​ពី​នាង​នឹង​គាត់​បាន​និយាយ​គ្នា​​តាម​ទូរសព្ទ​ហើយ ភីណា​បាន​​ខល​រក​ខ្ញុំ​ឱ្យ​​ជូន​មក​កំពង់សោម គឺ​ណាត់​គ្នា​ថា​ស្អែកនេះ! បង​ជំនិត​​​និង​ខ្ញុំ​បាន​គិត​យូរ​ណាស់​ ទម្រាំ​មូលមតិ​គ្នា​ថា​នឹង​មិន​ឱ្យ​នាង​ដឹង​ពី​រឿង​​ពីរ​នាក់​យើង​បាន​ឡើង​មក​ជួប​គ្នា​នៅ​ទីនេះ​ទេ​! ខ្ញុំ​មាន​ជាតិ​គីមី​ក្នុង​​កុំព្យូទ័រ ​គឺ​បង​ខ្ញុំ​ផ្ញើ​មក​ឱ្យ​ ចំណែក​ដែល​ខ្ញុំ​ឧស្សាហ៍​ចេញចូល​ដកប្រាក់ គឺ​បង​​ខ្ញុំ​ជា​អ្នក​ប្រើ​ខ្ញុំ​ឱ្យ​ទាក់ទង​នឹង​អ្នកស៊ើប​នោះ​ ហើយ​ផ្ទេរ​ប្រាក់​ជំនួស​គាត់!»

ប៉ូលិស​ទាំង​ទ្វេ​នៅ​ស្ងៀម​រំពឹងគិត​។

ព័ត៌មាន​ជាច្រើន​បាន​សម្រុក​មក​ច្រៀក​ការ​វិភាគ​ពី​ដំបូង​ៗ​របស់​ពួកគេ​ឱ្យ​បែកខ្ញែក​ទៅ​ជា​ច្រើន​ចំណែក​តូច​ៗ​។

«តើ​អ្នក​ទាំង​​ពីរ​បាន​និយាយ​អ្វីខ្លះ​ជាមួយ​នឹង​​អ្នក​ស្លាប់?»

«បង​ខ្ញុំ​សុំ​ទិញ​រូបថត​ពី​គេ​នោះ ហើយ​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​១០០០ដុល្លារ ​សន្យា​ព្រឹក​ស្អែក​បង​ខ្ញុំ​ដក​ពី​កុង​ឱ្យ​ទៅ​គេ​ ហើយ​ឱ្យ​ទៅ​យក​នៅ​អាផាតមែន​ដែល​គាត់​ស្នាក់​នៅ ​គឺណាត់គ្នាម៉ោង៦ព្រឹក​!»

លោក​សារឿន​ងក់ក្បាល៖

«ប៉ូលិស​រក​ឃើញ​លុយ​មួយ​ខ្ទាស់​មាន​ចំនួន​មួយ​ពាន់​ដុល្លារ​អាមេរិក​ ក្នុង​ហោប៉ៅ​មេធាវី​ជំនិត​នៅ​ពេល​ចាប់​ខ្លួន​គាត់​មែន!»

វិទូ​ងក់​ក្បាល​ផ្ងក់ៗ​ ហាក់​យល់​ថា​ចម្លើយ​ជន​សង្ស័យ​ស៊ី​សង្វាក់​គ្នា​នឹង​ភស្តុតាង​របស់​ប៉ូលិស។

ទោះ​យ៉ាងណា ​គេ​​នៅតែ​មាន​សំណួរ​មួយ​ចំនួន​ចង់​សួរ​គេ៖

«រឿង​ហេតុ​ជួន​គ្នា​ដល់​ម្ល៉ឹង តើ​បងប្រុស​លោក​គឺ​មេធាវី​ជំនិត ដែល​គិត​សង្ស័យ​ពីFolderZ22នោះ​ទេ?!»

«មាន!​ នៅ​ក្នុង​ឡាន​មុន​ពេល​បែក​គ្នា យើង​សន្យា​គ្នា​ថា​មិន​និយាយ​រឿង​នេះ​ទេ រង់ចាំ​មើល​ថា​តើ​អ្នកស៊ើប​នោះ និង​ឈ្មោះ​ណិច​ជា​មនុស្ស​តែ​មួយ​ឬ​អ្វី?»

«អី​ទៀត!? រក​នឹក​ឱ្យ​អស់​មក?!»

«គឺ​គាត់​និយាយ​ថា​បើ​គាត់​មាន​រឿង គឺ​ប្រពន្ធ​គាត់​ចូល​ដៃ​ជាមួយ​គូ​ដណ្ដឹង​នាង​កាលពីមុន​ធ្វើ​បាប​គាត់!គាត់​ថា​​គាត់​មាន​ភ័ស្តុតាង​ថា​ពីរ​នាក់​គេ​នៅតែ​ស្រលាញ់​គ្នា!»

វិទូ​នៅ​ទ្រឹង​ ហើយ​សន្សឹម​ៗ​​ គេ​ងើប​មុខ​មក​មើល​លោក​សារឿន។

បុរស​ចំណាស់​ញាក់​ចិញ្ចើម​ឌឺ​គេ​ជា​លើក​ដំបូង។

វិទូ​ងាក​មក​រក​ចុង​ចម្លើយ​វិញ ហើយ​និយាយ​សួរ​គេ៖

«ប្អូន​ដឹង​ថា គូ​ដណ្ដឹង​ភីណា​ជា​អ្នកណា​ទេ?»

«គេ​ជា​ប៉ូលិស​ម្នាក់​ល្បី​នៅ​ភ្នំពេញ!»

«ឈ្មោះ!?»

«អត់​សូវ​ដឹង​ទេ​បង! បង​ជំនិត​គាត់​មិន​និយាយ​ច្រើន​ពី​ម្នាក់​នោះ​ផង​!»

វិទូ​អស់សំណើច​ គេ​ងាក​មក​រក​លោក​សារឿន​សាជាថ្មី…..

ជន​សង្ស័យ​បន្ទាប់ គឺ​ភីណា?

…ប៉ូលិស​ក្មេង​ចាស់​ទាំង​ទ្វេ​បាន​ដើរ​កាត់​តាម​អាគារ​ផ្នែក​ស៊ើបអង្កេត​សំណុំ​រឿង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​។ ដៃ​លោក​សារឿន​មាន​ឱប​កុំព្យូទ័រ ​ឯ​​វិទូ​ដៃ​កាន់​ឯកសារ​មួយ​សំណុំ​ មាត់​គេ​និយាយ​ដោយ​ទឹកមុខ​ជឿជាក់៖

«ក្មេង​នោះ​មិនមែន​ទេ!»

«មិនមែន​អី​ទៅ!» លោក​សារឿន​សួរ​វិញ​ធ្វើ​ហី។​

«មិនមែន​ឃាតក​!»

«អញ្ចឹង! ​មាន​តែ​លោក​ចង់​និយាយ​ថា​ បងប្រុស​គេ​?!»

«មេធាវី​ជំនិត​ធ្វើ ឬ​មិន​ធ្វើ​ ក៏​មិនទាន់​មាន​ភ័ស្តុតាង​បញ្ជាក់​គ្រប់គ្រាន់​ឈាន​ទៅ​សន្និដ្ឋាន​ទេ​ លោក​គួរ​ជួប​គេ​ឈ្លេច​សួរ​ចម្លើយ​ម្ដង​ទៀត!»

លោក​សារឿន​បង្ហាញ​អាការៈ​នឿយហត់​សៅហ្មង៖

«ខ្ញុំ​មិន​សម​ថា​ជឿ​លោក ​ជួយ​ម្នាក់​មេធាវី​ហេងស៊យ ​នោះ​សោះ! ​ឃើញ​ទេ? គេ​គ្មាន​ភាព​ស្មោះត្រង់​អី​បន្តិច​ក៏​គ្មាន!»