…..ស្នូរគ្រាប់កាំភ្លើងបង្ហាញថា អាចង្រៃម្នាក់នោះ សម្លាប់ប៉ាខ្ញុំហើយមែនទេ?
ខ្ញុំគិតខ្សោយៗទាំងអស់សង្ឃឹមថា «ល្អណាស់! កូនក៏ស្លាប់ដែរ! ដូច្នេះព្រលឹងកូននឹងបានបម្រើប៉ានិងម៉ាក់! គ្រួសារយើងមិនបែកគ្នាទៀតនោះទេ!»
ទោះបីយ៉ាងណា នៅក្នុងសភាពអស់សង្ឃឹមបែបណា ខ្ញុំនៅតែចង់តវ៉ាជាចុងក្រោយដើម្បីស្វែងរកយុត្តិធម៌ឲ្យប៉ារបស់ខ្ញុំ។
មិនដឹងកម្លាំងមកពីណា ខ្ញុំបើកភ្នែកឡើងមកវិញភ្លាម ហើយក្ដាប់ដៃក្ដាប់ជើងទាំងសងខាង ត្រដរដង្ហក់ឃូសៗ ផ្លុំ ស្រូប ទាមទារអុកស៊ីសែនត្រលប់មកវិញ។
អ្វីមួយត្រជាក់ៗបានផ្តល់មកឲ្យបេះដូងដ៏ក្រៀមស្រពោនមួយនេះនូវដង្ហើមថ្មី និងទាមទារនូវភាពក្លៀវក្លាឆ្លៀវឆ្លាតសមជាកូនសំណព្វចិត្តរបស់ប៉ា ដែលពីមុនមកជាកូនទោល ធ្លាប់តែរៀនធ្វើអ្វីៗបានតាមទំនើងចិត្ត។
កណ្ដាប់ដៃដែករបស់មនុស្សជួរជាតិ វាមិនអាចធ្វើឲ្យខ្ញុំចប់ត្រឹមនេះទេណ៎ាប៉ា។
ខ្ញុំប្រឹងប្រែងបើកភ្នែកត្រលប់មកវិញហើយស្រែកតវ៉ា ដើម្បីឲ្យរាងកាយរបស់ខ្ញុំដកដង្ហើមបន្តជាថ្មីចរន្តឈាមនានារត់ខ្មួលម្តងទៀតដូចជាសង្វាក់ម៉ាស៊ីន។
បន្ទាប់ពីការស្លាប់មួយស្របក់នេះ ខ្ញុំក៏អាចបើកភ្នែកព្រឹមៗ ឯចិត្តនេះក៏បានត្រៀមលក្ខណៈនៅក្នុងការស្រែកទ្រហោយំសម្លឹង លទ្ធផលចុងក្រោយរបស់ប៉ាដែលកើតឡើងក្រោមដៃមនុស្សទុរយស។
ប៉ុន្តែមិនមែនដូច្នោះទេ ស្នូរកាំភ្លើងលាន់មកមួយគ្រាប់ទៀត ប៉ុន្តែផ្សែងចេញពីចុងម្រាមរបស់ប៉ាខ្ញុំ….
ដៃទាំងពីររបស់គាត់ក្ដាប់អាវុធមួយខ្លី ហើយមនុស្សដែលដួលចុះនៅចំពោះមុខខ្ញុំ គឺពេទ្យបិសាចតណ្ហាម្នាក់នោះ។
ទោះបីជាវាត្រូវដេកដួលស្ដូកស្ដឹង ឈប់រើបម្រះ ឈប់ប្រកាច់ ប៉ុន្តែប៉ាខ្ញុំនៅតែមិនអស់ចិត្តនោះទេ។
គាត់ស្ទុះចូលមក ព្រោះអាវុធអស់គ្រាប់ហើយ និងលើកបាតជើងដ៏ធំជាមួយស្បែកជើងប៊ូល លក្ខណៈជាអ្នកការិយាល័យ ជាមន្ត្រីរាជការស្លូតត្រង់មួយរូប មកបំបុក ជាន់ហើយជាន់ទៀតយ៉ាងដំណំ ទៅលើផែនទ្រូងវា ពោះរបស់វា និងចុងក្រោយប្រដាប់ភេទរបស់មនុស្សចោលម្សៀត ដែលបានបំផ្លាញជីវិតកូនស្រីរបស់គាត់។
«ដាក់! ដាក់ទៅប៉ា! ត្រូវហើយ! កុំព្រហើន! កុំវាបានចិត្ត!»
ពាក្យអសុរោះនេះខ្ញុំនិយាយទាំងសប្បាយអំណរ។
អាចោរចង្រៃដេកស្ដូកស្ដឹងក្រោមទារុណកម្មដែលប៉ាខ្ញុំបានប្រព្រឹត្តទៅលើវា ប៉ុន្តែខ្ញុំអាចទាយបានថា វាមិនបាននៅដឹងក្តីឈឺចាប់ស្មើនឹងអ្វីដែលកំពុងកើតឡើងក្នុងបេះដូងឪពុកម្នាក់នោះទេ។
«ប៉ា!»
ខ្ញុំស្រែកហៅគាត់ទាំងទឹកភ្នែករលីងរលោង ទាំងរំភើបលាយរន្ធត់ ក្រោយសម្លឹងភាពទប់អារម្មណ៍មិនជាប់ដែលប៉ាសែនកម្រោលដាក់មនុស្សព្រាន។
យ៉ាងហោចណាស់ ខ្ញុំចង់ប្រាប់គាត់ថា ខ្ញុំដឹងរឿងពិតរបស់ខ្លួនឯងអស់ហើយ។ ពេលនេះទាន់កូនមិនទាន់រើភាពឆ្កួតវង្វេង កូនចង់ប្រាប់ប៉ានូវការពិតជាច្រើនក្នុងចិត្តខ្លួនឯង ជាពិសេសកូនចង់ប្រាប់គាត់ថា «សុំទោសប៉ា!»។
ប៉ារបស់ខ្ញុំចាប់ផ្ដើមញ័រដៃញ័រជើង ទម្លាក់កាំភ្លើងចុះ ស្ទុះមករកខ្ញុំហើយលើកស្ទួយខ្ញុំឡើង។
ដូចរាល់ដង ប៉ាមិនបានស្អប់ខ្ញុំទេ។ បើទោះបីជាខ្ញុំបានសម្លាប់ប្រពន្ធចុងរបស់គាត់ និងបានធ្វើឲ្យរបួសកូនស្រីពៅរបស់គាត់។ ទោះបីពិភពលោកនេះចាត់ទុកខ្ញុំជាមនុស្សឆ្កួតម្នាក់ ខ្ញុំនៅតែជាព្រះនាងដែលប៉ាចង់ផ្តល់ភាពកក់ក្តៅឲ្យ។
«ប៉ាសុំទោស»
គាត់និយាយផងយំផងសឹងអួលមិនចេញសំឡេងនោះទេ ប៉ុន្តែទឹកភ្នែករបស់ខ្ញុំស្រក់ចុះមកខ្ជោលៗព្រោះយល់ន័យនេះ។
ត្រចៀកខ្ញុំនៅហ៊ឹង សមត្ថភាពស្តាប់ឮមានតែមួយភាគរយ ប៉ុន្តែកៅសិបប្រាំបួនភាគរយទៀត បេះដូងខ្ញុំទទួលដឹងនូវអ្វីដែលខ្ញុំកំពុងតែឆ្លងកាត់ក្នុងពេលនេះ ទទួលដឹងចំពោះព្រហ្មវិហារធម៌របស់ប៉ា និងដឹងស្នេហាមួយដែលប៉ាមានមកឱ្យខ្ញុំ មិនថាខ្ញុំជាឬឆ្កួត។
«ខ្ញុំមិនបានខឹងប៉ាទេ!»
ខ្ញុំតបទាំងយំគគ្រូកឯគាត់ក៏ឱបខ្ញុំលួង៖
«គ្រប់យ៉ាងកើតឡើងមកហើយ ពីឈប់គិតវាទៅ! ឈប់ខ្វល់ទៅលើអ្វីដែលហួសហើយនោះក៏ឱ្យវាហួសទៅចុះណាកូន! កសាងជីវិតថ្មីកូនប៉ា! កសាងជីវិតថ្មី!»
ប៉ាខ្ញុំថាផងលើកដៃម្ខាងអង្អែលសក់ខ្ញុំផង។ យូរយារហើយ ចាប់តាំងពីខ្ញុំចូលទៅនៅមន្ទីរព្យាបាល ខ្ញុំភ្លេចថា ខ្ញុំបានទទួលការអង្អែលក្បាលនេះ ចុងក្រោយនៅពេលណា។
ស្នូរឡានប៉ូលិសឮមកល្វើយណាស់គឺមកពីចម្ងាយ។
ទាំងនេះដោយសារស្នូរគ្រាប់កាំភ្លើងបានដាស់ពួកគេ។ ខ្ញុំរំពៃស្តាប់និងគិតម្នាក់ឯងថា ភាពប្រាកដជាអ្វី? អ្នកណាធ្វើ? អ្នកណាប្ដឹង? ឬមួយក៏អាចោរចង្រៃនេះ វាបានដោះលែងខ្ញុំចេញពីមន្ទីរពេទ្យហើយតាមខ្ញុំមកដើម្បីសម្លាប់គ្នាបំបិទដាន វាគិតថាច្របាច់កខ្ញុំ ហើយលើកខ្ញុំក្នុងទម្រង់អត្តឃាតចងកភ្ជាប់នៅលើកន្លែងណាមួយ ហើយទើបហៅឡានប៉ូលិសមក ឲ្យគ្រប់យ៉ាងក្លាយដែលរឿងអាស្រូវរបស់វាត្រូវក្លាយជាផេះ និងបញ្ចប់ទៅជាមួយមរណភាពរបស់ក្មេងជំទង់ដ៏ឆ្កួតលីលាម្នាក់?
ប៉ុន្តែប៉ាបានមកដល់និងបានបំផ្លាញសេណារីយ៉ូឃោរឃៅរបស់វាចោល។ ក្រៅពីចង់សម្លាប់ទាំងគាត់ ហើយចោទថា រឿងទាំងអស់នោះគឺខ្ញុំជាអ្នកធ្វើ វាក៏បានទទួលកម្មខ្លួនវាវិញដោយស្មានមិនដល់ទេ។ តើមានមនុស្សស្រីប៉ុន្មាននាក់ទៀត ធ្លាប់ត្រូវវាធ្វើបាបនឹងបញ្ចប់ពួកនាងក្នុងវិធីអស់នេះ?
ខ្ញុំគ្មានពេលគិតនោះទេ ការជំរុញដែលនៅសល់ គឺពេលដែលប៉ាមិនខ្វល់ពីប៉ូលិស មិនខ្វល់ពីបទឧក្រិដ្ឋដែលកំពុងបញ្ចប់អនាគតគាត់ គាត់ទ្រឹងធ្មឹងតាមសម្លឹងខ្ញុំ…..ខ្ញុំវិញ ក៏មានរឿងច្រើនចង់តែនិយាយប្រាប់គាត់ថា ខ្ញុំមិនបានឆ្កួត! ខ្ញុំឈប់ឆ្កួតហើយ! ខ្ញុំដឹងនិងយល់រឿងទាំងអស់ហើយ! ប៉ុន្តែរឿងដែលខ្ញុំចង់ធ្វើមុនគេ គឺត្រូវប្រាកដថា វាដាច់ខ្យល់មែន និងមិនអាចត្រលប់ទៅវិញជារៀងរហូត។ ខ្ញុំអត់ចង់ឲ្យវាទៅបំផ្លាញអ្នកណាទាំងអស់ ខ្ញុំចង់ឲ្យរឿងវា ត្រូវគេដឹងអស់ហើយ….ពេលដែលខ្ញុំត្រូវបានចប់បាត់ពីលោកនេះ។
ខ្ញុំចេញពីប៉ាដោយលូនយ៉ាងញាប់មកស្ទាបដង្ហើមពេលវា។ វាពិតជាស្លាប់ហើយ។ ខ្ញុំលើកដៃទះតប់វាយមុខមាត់វាបែកឈាមក្រហមជាំ គឺវាយអស់មួយទំហឹងៗ វាយដូចឆ្កួតលីលាពិតៗ។
ខ្ញុំខំរំពៃរកក្បែរៗនេះថា ក្រែងមានអ្វីមួយដែលអាចយកមកវាយបំបែកមុខមាត់ដ៏ស្រស់សង្ហារបស់វា ប៉ុន្ដែវាគ្មាននោះទេ។ ដៃខ្ញុំហ្នឹងថ្កល់ព្រោះច្រត់ចំពីលើកាំភ្លើងខ្លី…..
ស្នូររថយន្ដជាច្រើនលូនចូលមក របស់ខ្ញុំដឹងថា….ពួកគេមកដល់ហើយ។ ស្នូរជើងមនុស្សនៅរបងទ្វារគ្រាក់ៗ។
បន្តិចទៀតដោយមិនខ្វល់ថា មានអ្វីកើតឡើងពីមុនទេ គឺគេក៏នឹងមកចាប់អ្នកដែលបាញ់វេជ្ជបណ្ឌិតដ៏ល្អរបស់គេម្នាក់នេះ ហើយបើខ្ញុំនិយាយទៅ ឬក៏ប៉ាខ្ញុំនិយាយ ក៏គ្មាននរណាជឿដែរថា មនុស្សម្នាក់នេះជាដើមចមនៅពីក្រោយការបញ្ចប់អនាគតរបស់ក្មេងស្រីលេលាម្នាក់ដូចខ្ញុំ។
ហើយប្អូនស្រីរបស់ខ្ញុំនៅក្នុងមន្ទីរពេទ្យ…..មិនដឹងទេថាជាថ្នាំអ្វីខ្លះដែលគេបានដាក់ឲ្យខ្ញុំវង្វេង? ខ្ញុំងាកមកសម្លឹងប៉ារបស់ខ្ញុំ ដែលគាត់និយាយទាំងទឹកភ្នែកសស្រាក់៖
«កុំណ៎ាកូន ស្រស់អភ័យទោសឱ្យកូនហើយ!»
ខ្ញុំគ្រវីក្បាលតិចៗ ញញឹមឈឺចាប់។ ប៉ាខ្ញុំបើកភ្នែកធំៗពេលឃើញខ្ញុំលើកកាំភ្លើងឡើង។ ប្រហែលជាប៉ាគិតថា ខ្ញុំសម្លាប់ខ្លួនឬក៏ធ្វើអ្វីផ្សេង…..គាត់យំយែកអង្វរ៖
«ដាក់វាចុះ! ស្តាប់ប៉ាណា៎!»
ពួករុញទ្វារនឹងដើរប្រឹបៗចូលមកហើយ។
ក៏ល្អណាស់! ខ្ញុំយកពេលអ៊ីចឹងមកដោះស្រាយរឿងឱ្យចប់ក៏បាន! ឃើញមនុស្សមកតាមរយៈកន្ទុយភ្នែក ខ្ញុំក៏លើកកាំភ្លើងភ្ជង់ទៅកាន់ប៉ាខ្ញុំ ហើយធ្វើជានិយាយបែបឆ្កួតលីលា៖
«អាពេទ្យនេះងាប់ហើយ….ហើយឯងជាអ្នកបន្ទាប់!»
«ដាក់កាំភ្លើងចុះ!»
ប៉ូលិសសន្ធាប់បង្គាប់ខ្ញុំ ហើយស្ទុះមករុញផ្ទប់ខ្ញុំទៅលើពេទ្យបិសាច។ ច្រមុះខ្ញុំធុំក្លិនខ្លួន ដែលខ្ញុំដិតដាមក្នុងស្រមៃ តែនេះជាឱកាស ដើម្បីឲ្យរាងកាយរបស់ខ្ញុំបានលុបបំបាត់ស្នាមដៃជើងប៉ាលើខ្លួនវា។
គ្រប់គ្នាមើលមករាងកាយពេទ្យដែលវេទនាខ្ទេចខ្ទាំ។ ប៉ូលិសមិនដឹងថា អ្នកណាជាអ្នកធ្វើទេ តែសេណាររីយ៉ូមនុស្សស្រីឆ្កួតបាញ់សម្លាប់ពេទ្យម្នាក់ ហើយកំពុងតែត្រៀមបាញ់សម្លាប់ប៉ារបស់នាងទៀត សមទំនងជាងគេក្នុងការឱ្យពួកគេជឿ។
ធ្វើដូច្នេះហើយប៉ាខ្ញុំនឹងរួចខ្លួនពីឧក្រិដ្ឋកម្មនេះ…..ខ្ញុំញញឹម រួចសើចឆ្កួតឡប់ឡើង…..
ម្ភៃថ្ងៃក្រោយមក…..
ស្នាក់នៅកន្លែងដដែលនេះ ខ្ញុំស៊ាំទៅហើយ។ ខ្ញុំគឺជាមនុស្សម្នាក់ ដែលមានពិការស្មារតីធ្ងន់ធ្ងរ ត្រូវនៅដាច់ដោយឡែកពីគេ គ្រប់ជញ្ជាំងទាំងអស់សុទ្ធតែមានកម្រិតស្នោនិងពូកទន់ល្មើយ មិនអនុញ្ញាតឲ្យខ្ញុំបោកក្បាលខ្លួនឯងនោះទេ សូម្បីតែប៊ិក ខ្ញុំចង់សុំមកសរសេរអ្វីទៅកាន់ប៉ាខ្ញុំ ក៏គេមិនឲ្យមានដែរ ព្រោះខ្លាចខ្ញុំចាក់សរសៃឈាមខ្លួនឯង ឬបំពង់កខ្លួនឯង ប៉ុន្តែខ្ញុំបានដឹងថា ប៉ារបស់ខ្ញុំរួចខ្លួនហើយ រឿងទាំងអស់ធ្លាក់មកលើកូនស្រីរបស់គាត់។
ពេទ្យចង្រៃនោះស្លាប់តៃហោងព្រោះកូនស្រីឆ្កួតរបស់គាត់រើជំងឺនិងធ្វើវា។
ទ្វាររបើកចូលក្នុង។ ពួកគេចូលមកដល់ ពេទ្យពីរបីនាក់មានប្រុសមានស្រី ចាត់យកក្រណាត់ចងដៃខ្ញុំទៅក្រោយការពារខ្ញុំធ្វើអ្វីមិនល្អ។
ខ្ញុំដឹងថា ខ្ញុំមានឱកាសបានចួបប៉ារបស់ខ្ញុំហើយ បីអាទិត្យហើយ ខ្ញុំរង់ចាំប៉ាសឹងដាច់ដង្ហើមម្តងៗ។
ធម្មតាពេលដែលខ្ញុំចួបជាមួយអ្នកណាក្តី គេតែងបត់ដៃខ្ញុំច្រកអាវខាងក្រោយឬដាក់ចំណងដៃខ្ញុំដូច្នេះឯង ព្រោះថា បើសិនដាក់ខ្នោះច្រវាក់ ហាក់អាក្រក់មើលពេក ម្ល៉ោះហើយការចងដៃដោយក្រមាឬកន្សែងទៅក្រោយខ្នងគឺជារឿងដែលសមរម្យបំផុតសម្រាប់មនុស្សដូចខ្ញុំ ពេលចួបញាតិមកសួរសុខទុក្ខ។
ខ្ញុំត្រូវបានពួកគេដាក់លើកៅអីរុញដូចជាមនុស្សពិការដើរមិនរួច តែតាមពិតខ្ញុំអាចដើរបាន។ ទ្វាររបើកមួយជាន់ទៀត ទៅតាមអារម្មណ៍ប្រផិតប្រផើយរំភើបច្រាស់ច្រាល់របស់ខ្ញុំ។
យ៉ាងហោចណាស់ ខ្ញុំនឹងបាននិយាយទៅកាន់ប៉ារបស់ខ្ញុំ។
នៅពេលដែលបន្ទប់សល់តែយើងពីរនាក់ ខ្ញុំក្រឡេកមើលគ្រប់ជ្រុងបន្ទប់រកមើលកាមេរ៉ា។ ប៉ារបស់ខ្ញុំ ញញឹមលួងចិត្តខ្ញុំ ទាំងដែលគាត់ស្គមនិងចាស់ខ្លាំង។
«កូនសុខសប្បាយទេគន្ធា? មានអ្នកណាធ្វើបាបកូនដែរ?»
ខ្ញុំសប្បាយចិត្តខ្លាំងណាស់តែខ្ញុំយំ។
«ខ្ញុំមិនអីទេប៉ា!»
ខ្ញុំអណ្តឺតអណ្តកបានពីរបីម៉ាត់នេះ រួចទើបបន្តដោយរអាក់រអួល៖
«មនុស្សអាក្រក់ស្លាប់ហើយ!»
ខ្ញុំយំទៀត។
«អាណិតប៉ាណាស់ ប៉ាកុំពិបាកចិត្តពីកូនអី!»
គាត់ងក់ក្បាលហើយឱនមុខនិយាយ៖
«ស្រស់ជាហើយ! ប៉ាបានទៅមើលវាមុននេះ ហើយក៏បានប្រាប់វាពីរឿងកូន ប្អូនចង់ប្រាប់ថា វាជាហើយ…..វាមិនបានខឹងនឹងកូននោះទេ!»
ព្រោះតែគាត់និយាយកុហកខ្ញុំដូចរាល់ដង បានជាគាត់មិនមើលខ្ញុំចំ។ ស្រស់មានរឿងអីអភ័យទោសឱ្យខ្ញុំ ដែលបានបង្កឱ្យនាងត្រូវរបួសធ្ងន់ ម្តាយនាងស្លាប់ដោយសារខ្ញុំ ឥឡូវនេះសង្សារសំណព្វរបស់នាងត្រូវចេញទៅស្រុកខ្មោចក្រោមដៃខ្ញុំទៀត?
ញញឹមបញ្ជាក់ថា ខ្ញុំមិនខ្វល់នោះទេ ខ្ញុំចង់លូកដៃទៅកាន់ដៃជ្រីវជ្រួញរបស់ប៉ា ប៉ុន្តែធ្វើមិនបាន។
«ប៉ាចង់ឲ្យកូនចេញពីទីនេះ!»
ខ្ញុំមិនមាត់ មិនមានប្រតិកម្ម គាត់និយាបន្ត៖
«ជាគោលការណ៍ប៉ាចង់យកកូនមក នៅក្រោមការថែទាំរបស់ប៉ា តែពួកគេប្រាប់ថា វាជារឿងដ៏គ្រោះថ្នាក់!»
ខ្ញុំអាចសម្លាប់ប៉ាខ្ញុំថ្ងៃណាមួយដែលឆ្កួតវង្វេងរើឡើងទេ? ខ្ញុំក៏មិនអាចឆ្លើយដែរ បែបនេះហើយ ខ្ញុំនៅស្ងៀម។
«ប៉ាកំពុងរកមេធាវីមកតវ៉ាឱ្យកូនចេញទៅផ្ទះ! យើងប្រហែលជាត្រូវលក់ផ្ទះចាស់របស់យើង ជួលមេធាវីខ្លាំងមកតវ៉ាឲ្យកូនបានចេញទៅព្យាបាលនៅខាងក្រៅ! ពួកគេនឹងរត់ការក្ដីនេះតាមផ្លូវច្បាប់ឲ្យយើង»
ខ្ញុំញញឹមចង់ប្រាប់គាត់ថា កន្លែងណាក៏មិនសំខាន់ដែរ។ ស្ថិតនៅកន្លែងណា ក៏ខ្ញុំមានតែគាត់ក្នុងបេះដូងមួយនេះ បេះដូងដែលមានសុខភាពមិនល្អដូចក្មេងស្រីដទៃ។
តែប្រហែលអ្វីមួយដែលខ្ញុំចង់បង្ហាញ គឺថាខ្ញុំពិតជា ជាពិតប្រាកដនៅថ្ងៃណាមួយ ខ្ញុំនឹងចេញទៅ ហើយធ្វើអ្វីមួយដែលល្អជាងពេលពីមុនៗ ដើម្បីឲ្យប៉ាឃើញថា ខ្ញុំមានការតាំងចិត្តច្បាស់លាស់….តែខ្ញុំអត់ដឹងថា ពិភពលោកនេះមានឱកាសម្តងទៀតសម្រាប់ក្មេងស្រីអភ័ព្វដូចខ្ញុំនេះដែរទេ?
ប៉ុន្តែខ្ញុំមិនអស់សង្ឃឹមឡើយ។
ប៉ាតែងប្រាប់ខ្ញុំថា ឲ្យតែជីវិតយើងនៅរស់ ខ្ញុំនឹងមានឱកាសធ្វើអ្វីដែលល្អថែមឡើង ទោះបីជាសង្ឃឹមសល់តែមួយភាគរយក៏ដោយក៏មិនត្រូវកសម្លាប់ខ្លួនឯងចោលដែរ។
«ប៉ា ខ្ញុំនៅណេះក៏ដោយ ខ្ញុំនឹងផ្តោតអារម្មណ៍បានល្អជាងមុន! តាមពិតខ្ញុំប្រហែលជាមកយូរហើយ ប៉ុន្តែដោយសារតែអំពើឧត្បាតរបស់វា អាពេទ្យមួយនោះវាមិនឱ្យខ្ញុំចេញក្រៅទេ!»
ប៉ាងក់ក្បាល។
មានរឿងច្រើនណាស់ខ្ញុំចង់និយាយប្រាប់ប៉ា តែពេលខ្លះគិតថាហួសទៅហើយ មិនចង់ឱ្យគាត់ដឹងឮនាំឈឺចាប់បន្ថែម។
តាមពិតពេទ្យនោះវាល្មោភកាមគុណ តែងតែឲ្យខ្ញុំប្រើថ្នាំដើម្បីបំបាក់ស្មារតីនិងឆ្កួតវង្វេង។ តែក្រោយមកពេលអ្នកពិនិត្យមកពីក្រសួង ចុងក្រោយរបាយការណ៍សម្ពាធខួរក្បាលខ្ញុំម៉ាស៊ីនរកមិនឃើញបញ្ហាទៀតសោះ ប៉ាក៏បានមកទទួលខ្ញុំចេញទៅនៅផ្ទះ។
ម្តាយចុងខ្ញុំមិនចង់មានវត្តមានខ្ញុំវិលមកវិញទេ។ ករណីបើខ្ញុំចូលទៅនៅពេទ្យឆ្កួតវិញ នឹងចប់អនាគតនៅទីនោះរហូត គឺល្អសម្រាប់គាត់។ ព្រោះបែបនេះមីងម៉ែន នារី បានរៀបចំល្បិចធ្វើជាអនុញ្ញាតឲ្យមិត្តភក្តិខ្ញុំចួបប្រជុំខ្ញុំ ហើយនាំខ្ញុំឡើងទៅកម្សាន្តលើភ្នំ។
ការធ្វើដំណើរទៅលើភ្នំនោះ គឺជារឿងកើតមានមែនទែន តែរឿងមិនពិតគឺសុបិនឆាបឆួលរបស់ខ្ញុំនោះ ដែលប្អូនស្រីខ្ញុំបានចូលរួមដៃជាមួយនឹងអាពេទ្យចង្រៃ ដាក់ថ្នាំថ្មីឲ្យខ្ញុំរវើរវាយរហូតដល់ស្រែកឡូឡានៅលើឡាន នៅពេលត្រលប់មកវិញ។
ដូច្នេះហើយពួកគេសង្ឃឹមថាខ្ញុំនឹងត្រូវចូលពេទ្យម្ដងទៀត។
កាលនៅលើភ្នំនោះដោយសារតែខ្ញុំមានភាពរវើរវាយនៅក្នុងខ្លួន ដែលអាស្រស់បានដាក់ក្នុងដបភេសជ្ជៈឱ្យខ្ញុំ ដើម្បីឱ្យខ្ញុំបង្ករឿង ដូច្នេះហើយ ពេលដែលទាំងអស់គ្នាឃើញខ្ញុំក្រោកពីគេងមកយឺតជាងគេ ហើយធ្វើអាកប្បកិរិយាប្លែកៗស្លុយៗ ពេលនោះ វុធ មិន និងមន្តនាំគ្នាសម្លឹងមកខ្ញុំ ដោយសារពួកគេបារម្ភអំពីជំងឺរបស់ខ្ញុំ ដោយសារដឹងថាខ្ញុំទើបតែសះស្បើយបានចេញមកដើរលេងលើកដំបូង ប៉ុន្តែក្នុងខ្លួនខ្ញុំបែរជាយល់ថាគេសម្លឹងមកខ្ញុំ ទុកខ្ញុំជាស្រីស្អាតនិងអស្ចារ្យជាងគេនៅលើភ្នំនេះ។
ថ្នាំបានរំញោចខ្ញុំឱ្យគិតជានិច្ចថា ខ្លួនឯងជាមនុស្សអស្ចារ្យ។ នៅពេលដែលគ្រប់គ្នាទិញកាហ្វេនិងបេះផ្កាឲ្យខ្ញុំ ព្រោះគេយកចិត្តទុកដាក់ស្វាគមន៍ខ្ញុំមកកាន់ពិភពលោកនេះឡើងវិញ បែរជាខ្ញុំយល់ថាគ្រប់គ្នាទុកខ្ញុំជាមនុស្សសំខាន់បំផុតមួយ ហើយនោះឯងជាបញ្ហារបស់ខ្ញុំតាំងពីតូចមក។
ចូរកុំទុកខ្លួនឯងជាសំខាន់លើសគេពេក ធម្មតាៗល្អជាង។
ជាមួយល្បិចទាំងអស់របស់ស្រស់ ចុងក្រោយខ្ញុំបានឃើញឈែតរបស់នាងនៅលើទូរសព្ទ។ គឺនាងឈែតនិយាយពីល្បិចបាច់ផ្កា និងដាក់ថ្នាំបន្ថែមឱ្យខ្ញុំស្រើបស្រាល សុបិនឃើញបុរសនៅហាងលក់ទឹក។ នាងនិងពេទ្យនោះសាសងគ្នាធ្វើបាបខ្ញុំ ខ្ញុំបានឃើញទាំងអស់ក្នុងហ្វូនរបស់នាង ដូច្នេះបានជាខ្ញុំស្វែងរកពូថៅមួយធំពីផ្ទះបាយ ហើយដើរសំដៅទៅស្រស់ដែលចិត្តល្អធ្វើជាកំពុងរៀបចំនំ Birthday[MS1] ឱ្យខ្ញុំ។
លើលោកនេះ គ្មានអ្វីដែលគ្មានហេតុហើយចេញជាផលទេ បើនាងមិនក្បត់ខ្ញុំ មិនដាក់ថ្នាំបំពុលនៅក្នុងនំខេកចង់ឱ្យប៉ាមកឃើញខ្ញុំឡប់នឹងអាលបញ្ជូននៅពេទ្យ ដើម្បីវាមានឱកាសទៅចួបគ្នាជាមួយព្រានចង្រៃនោះ ខ្ញុំក៏មិនចាំបាច់ធ្វើរឿងឆ្កួតៗជាមួយពូថៅនោះដូចគ្នា។
ក្រោមឥទ្ធិពលនៃកំហឹងដែលឃើញសារទាំងអស់នៅក្នុងទូរសព្ទពួកគេបាននិយាយគ្នា និងថ្នាំនៅសល់ក្នុងរាងកាយខ្ញុំ ពេលខ្ញុំក្រឡេកឃើញវាភ័យៗដែលខ្ញុំកាន់ទូរសព្ទរបស់វាខ្ញុំសង្ស័យខ្លាំង ដូច្នេះហើយខ្ញុំខលទៅអាប្រុសនោះ។
«សម្លាប់វាចោលទៅបើចាំបាច់ ព្រោះអូនអាចសម្លាប់បងស្រីឆ្កួតម្នាក់ដើម្បីការពារខ្លួនឯង មិនមានទោសទេ!»
សំឡេងអាចង្រៃនោះ។
ខ្ញុំឮផ្ទាល់ត្រចៀក ទើបបានចាប់យកពូថៅមួយដើមសំដៅទៅកាន់ស្រស់ ដើម្បីសួរនាំឲ្យនាងសារភាពរឿងទាំងអស់ដែលបានក្បត់បងស្រី។
ទេសកាលអីម្ដាយនាងបានឃើញមុន ដូច្នេះហើយមុនពេលដែលគាត់អាចទាញទូឯកសាររកកាំភ្លើងរបស់ប៉ាបាន ខ្ញុំក៏ពួយគាត់ដេកដួលក្នុងថ្លុកឈាម។
«ខ្ញុំសម្លាប់ប្រពន្ធចុងប៉ា ខ្ញុំមិនស្តាយក្រោយទេប៉ា!»
ខ្ញុំនិយាយអ្វីដែលខ្ញុំពិតជាចង់និយាយ ព្រោះបើប៉ាទៅវិញបាត់ ខ្ញុំនឹងក្លាយជាមនុស្សនិយាយម្នាក់ឯងទៀតហើយ មិនដឹងប៉ុន្មានអាទិត្យទៀតទើបប៉ាបានមកទេ។
គាត់យំឈ្ងោកមុខ។
«ប៉ានឹងសារភាពថាប៉ាជាអ្នកសម្លាប់វា ហើយកូនប៉ាជាយូរហើយ! ប៉ាមិនខ្លាចជាប់គុកទេគន្ធា!»
ខ្ញុំមិនយំទេគ្រាន់តែស្រក់ទឹកភ្នែកម៉ាត់ៗ។
ប៉ាតែងតែលើកទោសឲ្យកូនស្រីម្នាក់នេះរហូត! រហូតដល់ពេលនេះទើបខ្ញុំដឹងថាគាត់តែងតែស្រឡាញ់ខ្ញុំជាងពួកគេ។ មិនដូចគំនិតពីមុនដែលខ្ញុំគិតថា ពួកគេចូលមកគ្រួសារនេះ បានធ្វើឲ្យប៉ាបំភ្លេចព្រះនាងតូចម្នាក់នេះឡើយ។
«កូនមិនដែលបានធ្វើអ្វីដើម្បីប៉ាទេនៅក្នុងជាតិនេះ! នេះជារឿងល្អតែមួយគត់ដែលកូនអាចធ្វើបាន គឺឃើញប៉ារស់នៅក្រៅឃុំ មានសេរីភាព ឃើញប៉ាបានសប្បាយចិត្ត!»
គាត់ងើបមុខសម្លឹងខ្ញុំ។ ប្រហែលសូម្បីប៉ាក៏ត្រូវភ្ញាក់ផ្អើលនឹងភាពនឹងនររបស់ខ្ញុំដែរ។
«ហើយប៉ា! ទាំងអស់នេះគឺជាការពិត គ្មាននរណាអាចមកដាក់ថ្នាំ ធ្វើឲ្យខ្ញុំវង្វេងវង្វាន់ក្លែងក្លាយបន្តទៀតនោះទេ! មិនយូរនោះទេ បើខ្ញុំជាពិតមែន ខ្ញុំនឹងចេញពីទីនេះទៅរកប៉ា បើកូនមិនជាកូននឹងនៅបន្តទៀត! ដូច្នេះហើយ សូមប៉ារង់ចាំ កុំបាច់លក់ផ្ទះ ដើម្បីមកដោះស្រាយរឿងឲ្យកូន!»
ទ្វារបើកហើយ។ ពួកគេគឹមកហៅខ្ញុំទៅវិញ។ ជាអ្នកជំងឺម្នាក់ដែលទើបមានទោសសម្លាប់លីលា ខ្ញុំមិនអាចចួបជាមួយឪពុកម្ដាយបានលើសពីដប់ប្រាំនាទីនោះទេ។
ខ្ញុំជូតទឹកភ្នែករៀបរាប់ចុងក្រោយ៖
«ប៉ា! ប៉ានៅក្រៅ ធ្វើអ្វីក៏ដោយត្រូវគិតដល់ស្រស់ផង ប៉ាមិនបាច់លក់កេរអាករទាំងអស់ព្រោះតែខ្ញុំដែរ! រឿងណាដែលហួសហើយខ្ញុំអាចទទួលយកបានប៉ា ខ្ញុំមិនអីទេ!»
«ស្រស់ស្លាប់ហើយ!»
គាត់និយាយខ្លីទាំងក្រោកឈរ តាមសម្លឹងខ្ញុំដែលត្រួវគេនាំចេញ។ ខ្ញុំឈឺចាប់ពេកណាស់ក្នុងស្ថានភាពនេះ ប៉ុន្តែបេះដូងខ្ញុំមិនតក់ស្លុតនោះឡើយ។
ខ្ញុំដឹងតែពីដំបូង ថារឿងអីដែលស្រស់មកអត់ទោសឱ្យខ្ញុំ?
ពីតូចដល់ធំម្តាយនាងចិញ្ចឹមនាងមកជាសត្រូវនឹងខ្ញុំ តែប៉ាគាត់កុហកខ្ញុំរហូតមក។
ទោះបីជាកូនស្រីពៅគាត់ស្លាប់ឬមួយក៏យ៉ាងម៉េច គាត់នៅតែមិនខឹងខ្ញុំ ប្រហែលជាប៉ាមានវិប្បដិសារៈកាលដែលបញ្ជូនខ្ញុំមកកាន់ទីនេះហើយទុកចិត្តគេពេកដឹង។
ទោះបីអ្វីក៏ដោយ ខ្ញុំចង់ឱ្យគាត់ធូរស្រាល។
«ខ្ញុំគិតតែពីរឿងទៅមុខទេ ប៉ាជឿខ្ញុំទៅ! ខ្ញុំមិនបានឆ្កួតដូចដែលគេគិតនោះទេ ប៉ុន្តែយើងត្រូវការពេលវេលាដើម្បីបញ្ជាក់! ពេលណាមួយអ្នកទាំងអស់គ្នានឹងជឿថា ប៉ាកូនយើងពីរនាក់អាចចាប់ផ្តើមសាជាថ្មី ពីបាតដៃទទេឡើងវិញ!»
នេះជាសុបិនចុងក្រោយមួយ សង្ឃឹមថាវាមិនរលាយទៅដូចជាសុបិនផ្សេងៗទេ….ហើយខ្ញុំផ្ដាំរឿងមួយទៀត ទៅកាន់គ្រប់គ្នាដែលអានប្រលោមលោកនេះ បើអ្នកមិនទាន់គ្រប់អាយុដប់ប្រាំបីឆ្នាំ ពិតណាស់មិនគួរអានរឿងអាសអាភាស និងតាមដានងប់ងល់អំពីសកម្មភាពភេទទេ។ មែនរឿងទាំងអស់នោះសុទ្ធតែធ្វើការដឹកនាំជីវិតយើងធ្លាក់ក្នុងលំនាំរឿងដែលខ្ញុំឆ្លងកាត់ក៏ពិតមែន ប៉ុន្តែចាំគ្រប់អាយុសិនណា៎ ត្រូវចេះគ្រប់គ្រងខ្លួនឯង ខំរៀន និងផ្ចង់លើរឿងណាដែលថ្លៃថ្នូរ លត់ដំចិត្តគំនិតយើង!
ចួបគ្នាពេលក្រោយទៀត!

