អបអរសាទរស្នាដៃ MST Writer ដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែមិថុនា

មកដល់ពាក់កណ្ដាលឆ្នាំ២០២២នេះ កម្មវិធី MST Writer បានសម្រេចផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមសម្រាប់ស្នាដៃបានឈានដល់ Top 20 ដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែ ទៅដល់គ្រប់បណ្ដាអ្នក​និពន្ធ​ទាំងឡាយ ដែលមានស្នាដៃចេញផ្សាយនៅលើវេបសាយផ្លូវការរបស់អ្នកនិពន្ធម៉ីសន សុធារី។

សម្រាប់ខែមិថុនានេះ ក្រុមការងារបានរកឃើញនូវស្នាដៃយុវនិពន្ធចម្រុះគ្នាជាច្រើន ដែលមកពីរដូវកាលទី១និងទីពីរបញ្ចូលគ្នាចាប់តាំងពីមាតិកាកំពូលទាំង១៥រហូតដល់ទី២០។ ស្នាដៃរបស់អ្នកនិពន្ធ MST Writer ទាំងពីររដូវកាល នៅតែបន្តទទួលបានការចុចអានជាបន្តបន្ទាប់ ទោះបីមាតិកា Premium នៅលើវេបសាយផ្លូវការរបស់យើងខ្ញុំ បានចេញផ្សាយច្រើនចំណងជើងបន្តបន្ទាប់គ្នាយ៉ាងណាក្ដី។

១.អ្នកនិពន្ធ ទៀង ធន ម្ចាស់រឿង រំដួលពោធិ៍សាត់

ជម្រាបសួរនិងសួស្តីដល់បងប្អូនទាំងអស់គ្នាសាជាថ្មី។ ខ្ញុំបាទឈ្មោះ ទៀង ធន  ជាម្ចាស់ស្នាដៃ រឿងរំដួលពោធិ៍សាត់ ដែលដាក់ឱ្យអានជាសាធារណ:នៅក្នុងកម្មវិធី MST Writer រដូវកាលទី២ ប្រធានបទ អ្នកនិពន្ធជុំវិញបឹងទន្លេសាប។

ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំងដែលរឿងរបស់ខ្ញុំទទួលបានអ្នកអានច្រើនគួរសម ទើបអាចទទួលបានលេខរៀងទី១៣ ក្នុងមាតិកាទាំង២០ប្រចាំខែមិថុនា ជាពិសេសនោះគឺទទួលបានថវិកាមួយចំនួនពីកម្មវិធីផងដែរ។ ខ្ញុំសង្ឃឹមថា រឿងមួយនេះនឹងបន្តមានអ្នកអានជាច្រើនទៀត ហើយខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនដែលមានបំណងចង់ដាក់ស្នាដៃក្នុងកម្មវិធីមួយនេះ ឱ្យប្រញាប់រួសរាន់ឡើង ដើម្បីបំពេញទៅតាមក្តីស្រមៃរបស់ខ្ញុំ។

ជាចុងក្រោយ ខ្ញុំមានតែអរគុណយ៉ាងខ្លាំងដល់កម្មវិធីមួយនេះ ក៏ដូចជាអរគុណដល់អ្នកគ្រូម៉ីសន សុធារី ផងដែរ។ មានគាត់ មានក្រុមកាងារ មានកម្មវិធីមួយនេះ ទើបខ្ញុំអាចមានដល់ថ្ងៃនេះ។ ទោះបីមិនសុះសាយ តែសម្រាប់ខ្ញុំគឺគ្រប់គ្រាន់ហើយសប្បាយចិត្ត។

២.អ្នកនិពន្ធ អ៊ឹង ឆាយលី ម្ចាស់រឿង មាស៥ជី

ខ្ញុំបាទឈ្មោះ អ៊ឹង ឆាយលី ដែលមាននាមប៉ាកកា អ្នកនិពន្ធគំនិតខ្ចី ។ ជាដំបូង ខ្ញុំសូមអរគុណដល់អ្នកគ្រូ រួមជាមួយនឹងក្រុមការងារ MST Writer ទាំងអស់ ដែលតែងតែមមាញឹកក្នុងការសម្របសម្រួល និងបង្កើតឱ្យមានកម្មវីធីនេះឡើង ដើម្បីជួយឱ្យអ្នកនិពន្ធវ័យក្មេងមានឱកាសបង្ហាញស្នាដៃរបស់ខ្លួនឱ្យកាន់តែមានភាពទូលំទូលាយ។

លើសពីនោះទៅទៀត ខ្ញុំក៏សូមអរគុណដល់អ្នកគ្រូម៉ីសន សុធារី  ដែលចំណាយពេលវេលាផ្ទាល់ខ្លួនក្នុងការបង្កើតកម្មវិធី អ្នកនិពន្ធក្រៅសាលា (រដូវកាលទី១) រួមទាំងការបើកវគ្គបណ្ដុះបណ្ដាលផ្នែកតែងនិពន្ធនេះឡើងមក។ មិនថាតែខ្ញុំ សូម្បីតែអ្នកគ្រប់គ្នាដែលបានដាក់ស្នាដៃទាំងអស់សុទ្ធតែទទួលបាននូវចំណេះដឹង ក៏ដូចជាបច្ចេកទេសល្អៗជាច្រើន ក្នុងការតែងនិពន្ធដូចគ្នាដែរ ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណទៅដល់ប្រិយមិត្តដូចគ្នា មិនថាជាប្រិយមិត្តចាស់ឬថ្មីឡើយ ដែលបានរួមចំណែកទៅលើការទស្សនារឿង មាស៥ជី ដែលជាស្នាដៃទីពីរបន្ទាប់ពី រឿងខោក្បាលគីប ដែលត្រូវបានផុសចូលទៅក្នុងវេបសាយ www.meysansotheary.com រហូតជាប់ចំណាត់ថ្នាលេខ១៤ ក្នុងចំណោមរឿងជាច្រើន ដែលត្រូវបានដាក់ឱ្យអាននៅលើវេបសាយដោយមិនតម្រូវឱ្យបង់ថ្លៃនោះឡើយ។

ខ្ញុំសង្ឃឹមថាប្អូនៗ ដែលមានទេពកោសល្យលើការតែងនិពន្ធនិងមានចំណាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយស្នាដៃរបស់ខ្លួន នឹងចូលរួមក្នុងកម្មវិធី MST Writers រដូវកាលទី២ ក្រោមប្រធានបទ អ្នកនិពន្ធជុំវិញបឹងទន្លេសាប ឱ្យបានច្រើនកកុះករបន្តទៀត ដើម្បីទទួលបាននូវបទពិសោធ និងចំណេះដឹងល្អៗត្រលប់មកវិញ ដើម្បីយកមកផ្ទៀងផ្ទាត់ ក៏ដូចជាការអភិវឌ្ឍនូវចន្លោះប្រហោងលើស្នាដៃរបស់ខ្លួនឱ្យមានភាពប្រសើរជាងមុនមួយកម្រិតទៀត។ ជាកិច្ចចុងក្រោយ ខ្ញុំគ្មានពាក្យអ្វីក្រៅតែអំពីម្រាមដៃដប់អរគុណ និងពាក្យជូនពរដល់អ្នកគ្រូ ម៉ីសន សុធារី ក្រុមការងារ និងប្រិយមិត្តទាំងអស់ឱ្យមានសុខភាពល្អ ជៀសផុតពីជំងឺអាសន្នរោគទាំងឡាយ ហើយក៏សម្រេចបាននូវពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើយ សូមអរគុណ!  ពីខ្ញុំបាទ អ្នកនិពន្ធ គំនិតខ្ចី

៣.អ្នកនិពន្ធ ហាប់ សុខលីន ម្ចាស់រឿង ពិភពសត្យ

ជម្រាបសួរ នាងខ្ញុំហាប់ សុខលីន ជាម្ចាស់ស្នាដៃដែលបានចូលរួមជាមួយកម្មវិធី MST Writer កាលពីរដូវកាលទី១ទន្ទឹមទៅនឹងការទទួលបាននូវកាដូលើកទឹកចិត្តពីស្នាដៃការតែងនិពន្ធ រឿងពិភពសត្យ រួចមក ខ្ញុំក៏ទទួលបាននូវកម្លាំងបណ្តាលចិត្តជាច្រើនផងដែរ។ ដោយថាមពលដំបូងបង្អស់នោះ ខ្ញុំពិតជារីករាយជាពន់ពេកដែលបានទទួលនូវកាដូមួយដែលវាជាកាដូទីមួយដ៏មានន័យក្នុងឆាកជីវិត ព្រោះជាស្នាដៃទីមួយគឺធ្វើឱ្យខ្ញុំស្គាល់ពីសមត្ថភាពទេពកោសល្យរបស់ខ្លួនឯងកាន់តែច្បាស់ ជាពិសេសគឺបានដឹងពីចំណុចខ្វះខាតទាំងឡាយដែលនឹងត្រូវកែកុន។ មិនតែប៉ុននោះ ក៏ធ្វើឱ្យខ្ញុំស្គាល់ច្បាស់ពីជម្រៅចិត្តរបស់អ្នកគ្រូម៉ីសន សុធារី  និងក្រុមការងារទាំងអស់ដែលបានជម្រុញ លើកទឹកចិត្តនិងផ្តល់ឱកាសដល់អ្នកនិពន្ធវ័យក្មេងទាំងអស់ឱ្យបានបញ្ចេញសមត្ថភាពដែលខ្លួនមាន។ សូមអរគុណ!!

៤.អ្នកនិពន្ធ ទេព នីផា ម្ចាស់រឿង ថ្ងៃលិចនៅអង្គរ

ជម្រាបសួរប្រិយមិត្តអ្នកអានទាំងអស់! នាងខ្ញុំជាស្នាដៃ រឿងថ្ងៃលិចនៅអង្គរ ដែលបានចូលរួមក្នុង MST Writer រដូវកាលទី២ កាលពីខែឧសភា។ ដំបូងបំផុតនាងខ្ញុំពិតជាមានសេចក្ដីរំភើប ដែលរឿងមួយនេះអាចមានអ្នកចូលអានរហូតក្លាយខ្លួនក្នុងលេខរៀងទី២០ នៃមាតិកាដែលមានអ្នកចូលអានច្រើនប្រចាំខែ ជាពិសេសគឺការផ្តល់រង្វាន់លើកទឹកចិត្តបន្ថែម ដែលកាលពីខែមុន​ៗកន្លងមក ការផ្តល់ជូនត្រឹមតែ Top 15 តែប៉ុននោះ។

សម្រាប់ការសម្រេចចិត្តដាក់ស្នាដៃ ដើម្បីចេញផ្សាយនៅលើវេបសាយ meysansotheary.com ខ្ញុំមិនដែលគិតថានឹងទទួលបានប្រាក់រង្វាន់អ្វីឡើយ គ្រាន់តែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានអានរឿងនេះ ក្រោយពេលដែលផ្សាយចេញទៅ ហើយទទួលបាននូវអ្វីដែលខ្ញុំបានសរសេរចេញមក ហើយពេលនេះ ដោយសារការចុចអានរបស់អ្នកទាំងអស់គ្នា ធ្វើឱ្យខ្ញុំសប្បាយចិត្តជាពន់ពេក។

សូមអរគុណជាពិសេសដល់អ្នកគ្រូម៉ីសន សុធារី សម្រាប់ការចំណាយពេលវេលារៀបចំនិងបង្កើតកម្មវិធីនេះឡើងមក។ សូមអរគុណចំពោះក្រុមការងារដែលចំណាយពេលយ៉ាងយកចិត្តទុកដាក់ជាមួយអ្នកនិពន្ធក្មេងៗ។ សូមអរគុណ!

ក្រុមការងារនៅតែបន្តទទួលស្នាដៃដែលចង់ចូលរួមក្នុងរដូវកាលទី២ជានិច្ច។ ដោយឡែករដូវកាលទី៣ «ដែននិរតី» ក៏ចាប់ទទួលស្នាដៃចូលរួមពីថ្ងៃនេះដូចគ្នា ហើយចេញផ្សាយជាផ្លូវការនាខែសីហាខាងមុខនេះ។

លោកអ្នកអាចផ្ញើស្នាដៃចូលរួមទាំង២រដូវកាលយ៉ាងងាយស្រួល ដោយគ្រាន់តែផ្ញើស្នាដៃនោះមកកាន់ក្រុមការងារតាមតយៈតេឡេក្រាមផ្ទាល់របស់ «ក្រុមអ្នកនិពន្ធ MST Writer»

ចុចអានស្នាដៃអ្នកនិពន្ធ MST Writer រដូវកាលទី១

ចុចអានស្នាដៃអ្នកនិពន្ធ MST Writer រដូវកាលទី២

ចុចអាន MST Writerដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែឧសភា