ភាគទីបីស្អែក តួប្រុស​ឱ្យខាងស្រីនូវឱកាសរត់គេចបីដង! វ៉ាវៗៗៗ រត់ឱ្យរួចប្អូនប៉ូលិស!

ប្រលោមលោកថ្មីសន្លាងមួយ របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលទើបតែចេញផ្សាយ​កាលពីសប្ដាហ៍មុនបាននឹង​កំពុងតែទទួលបានការពេញនិយម គឺរឿង​«ស្រឡាញ់បងជ្រៅជាងសមុទ្រ​»ចេញផ្សាយភាគទីបីស្អែក​ត្រង់ឆាក​តួប្រុស​ឱ្យខាងស្រីនូវឱកាសរត់បីដង។

នៅក្នុងភាគទីមួយនិងភាគទីពីរដែលផ្សាយចេញកាលពីសប្តាហ៍មុន អ្នកនិពន្ធរំលេចចេញតួអង្គចំនួនពីររូបតែប៉ុននោះ គឺតួអង្គស្រីដែលមានឈ្មោះថា ជិន ចន្ទនីយ៉ា និងតួអង្គប្រុសដែលមានឈ្មោះថា ឥន្ត្រា ដែលអ្នកទាំងពីរ ម្នាក់ជាកូនប្រុសរបស់អ្នករកស៊ីដ៏ធំនិងមានឈ្មោះល្បីនៅដែនសមុទ្រ និងម្នាក់ទៀតគឺជា ប្អូនស្រីរបស់ប៉ូលិសជេន ដែលជាតួអង្គដ៏សំខាន់នៅក្នុងរឿងបេះដូងមេគង្គ។

នៅក្នុងការជួបគ្នាលើកដំបូងនាសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ការយល់ច្រឡំមួយរួមជាមួយ​ឧប្បត្តិហេតុប៉ះទង្គិច​ ដែលតួប្រុស ត្រូវតក់ក្រហល់ស្វែងរកប្អូនប្រុសគេ រហូតដល់ច្រឡំរបើកទ្វារបន្ទប់ទឹកស្រី ​ចំពេលដែលខាងតួស្រីកំពុងផ្លាស់ខោអាវ ធ្វើឲ្យតួប្រុសត្រូវខាងស្រីប្រដេញតាម ជះទឹកស្អុយ​មួយ​ថូផ្កាព្រមាន។

«ឈប់! អ្ហេ៎ ឮឱ្យឈប់?» គឺហៅយ៉ាងទ្រគោះ ព្រោះនាងខឹង។

ដែល​កាន់តែ​អស្ចារ្យបំផុត គឺនៅលើដៃនាងមានថូផ្កាមកតាមមួយផងទាស់ត្រង់​គ្មានផ្កាទេ មានតែទឹក​កន្លះថូគ្រីស្តាល់…..

រាងកាយ​មនុស្ស​ប្រុស​នៅទ្រឹងភាន់ ​ព្រោះ​ឃើញ​ស្រី​ឱបអាវរ៉ូបស្បៃសត្រឹមទ្រូងហើយរត់ប្រដេញមក បានជាគេមិនឈាន​ទៅណា ​ស្រាប់តែនេះជាឱកាស​ឱ្យនាងប្រើដៃតែម្ខាងដែលនៅសល់លើកថូគ្រីស្តាល់ជះមកចំកណ្តាលមុខរកគេចទៅណាមិនរួច…..

«សុំទោស មួយម៉ាត់ក៏មិនចេះនិយាយ! មនុស្សព្រៃ!»

នាង​ថាឱ្យខ្លាំងៗទាំងខាំមាត់ធ្វើមុខកាចមុតៗ សម្លឹងភ្លឺផ្លេកៗទៅកាន់មនុស្សប្រុសដែលកំពុងលើកកំភួនដៃស្តាំមកជូតមុខសន្សឹមៗ។

ដៃគេទម្លាក់ចុះមក​​បញ្ចេញ​នូវវង់ភក្ត្រកាចៗសម្លឹងនាង​មុតៗវិញ។ កូនប្រុសច្បងរបស់មហាសេដ្ឋីដីកោះ គេធ្លាប់និយាយសុំទោសអ្នកណាទៅ? សូម្បីតែទៅរៀនក៏គេមិនដែលទៅផង គេចេះគួរសមពីណាមក? សូម្បីស្រឡាញ់ស្រី​ក៏ពាក្យនេះគេមិនដឹងមានន័យអ្វីឡើយ តើគេ​ចេះផ្អែមល្ហែម​ជាសុភាព​បុរសម្ដេចបាន?

នេះក៏ជាហេតុការណ៍ដែលធ្វើឲ្យសាច់រឿងទំនាស់មិនចេះចប់រវាងពួកគេត្រូវ​បានកើតមានឡើង។ ចរិតលក្ខណៈតួប្រុសត្រូវបានហ្វេនក្លិប​ស្រឡាញ់ជាប់ចិត្តជាខ្លាំងតាំងពីប៉ុន្មាន​ទំព័រដំបូង ហើយសមាជិកហ្វេនក្លិបម្នាក់ បាននិយាយប្រាប់ក្រុមការងាររបស់យើងថា គេជាមនុស្សមិនងាយមាត់មិនងាយក! ជាមនុស្សប្រុសដែលមានចរិតកាច ហើយមិនចងគំនុំប៉ុន្ដែធ្វើសកម្មភាពភ្លាមៗដើម្បីប្រឆាំងទៅនឹងអ្នកណាដែលហ៊ាន​អុកឡុករបររកស៊ីគ្រួសារគេ!។

ពេលនេះ យើង​អាចអាន​ប្រលោមលោក​រឿង ស្រឡាញ់បងជ្រៅជាងសមុទ្របីភាគ​មិនគិតថ្លៃ ដោយ​ពេលនេះ ភាគទីពីរត្រូវបានបញ្ចប់ ត្រឹមឆាកដែលតួស្រីជាប់ក្នុងដៃតួប្រុសដែលបានចាប់នាង​បញ្ជូនដោយឧទ្ធម្ភាគចក្រមកកាន់ដែនកោះ។ តួស្រី​នាង ជិន ​ចន្ទនីយ៉ា ត្រូវបានខាងប្រុសចោទប្រកាន់លើបទចំនួនបី គឺការប្រដេញតាមជះទឹកកណ្តាលមុខគេ ទីពីរនាង​បានចូលខ្លួនមកនៅក្បែរប្អូនប្រុសគេដើម្បីយកការណ៍ និងចុងក្រោយ​សមាសភាពនាង​ជាប្អូនស្រីប៉ូលីសដែលមានឈ្មោះក្លែងបន្លំច្រើន។

អ្នកអាន​នៅបន្តចង់ដឹងថា តើបងប្អូនស្រីរបស់ប៉ូលិស អាចចាកចេញពីសំបុករបស់មនុស្សដែលបាតដៃប្រឡាក់ទៅដោយឧក្រិដ្ឋកម្មទាំងនេះបានដែរឬក៏មិនបាន ចូលអានទាំងអស់គ្នាភាគទីបីដែលនឹងចេញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើ MEYSANSOTHEARY.COM ។

គួររំឭកផងដែរថា ប្រលោមលោកថ្មី រឿង ស្រឡាញ់បងជ្រៅជាងសមុទ្រនេះ គឺជាសាច់រឿងដែលនិពន្ធផ្ទាល់ដោយអ្នកនិពន្ធឡើងដោយ​អ្នកស្រី ម៉ីសនសុធារី ។ ចុះឈ្មោះឥឡូវនេះដើម្បីចូលអានសាច់រឿងដ៏ល្អៗជាច្រើនរបស់អ្នកនិពន្ធខ្មែរនិងបរទេស។