រឿង៖ ម្ចាស់សារសម្ងាត់ ភាគ៤

វគ្គ៖ អ្នកស៊ើបអង្កេតមាត់ឆៅ

ព្រឹកឡើង រកតែក្រោកពីគ្រែមិនទាន់ ម្នាក់ឈ្មោះពិសិដ្ឋនោះខលមកភ្លាម។ ក្នុងចិត្តនៅក្នាញ់នឹងតាប៉ិហ្នឹងមិនទាន់បាត់ទេ ក្នាញ់ត្រង់មាត់គេពូកែនាយអាយខ្ញុំពេក។ តែបើគិតឱ្យសព្វទៅបានគេជួយស៊ើបរឿងវុធក៏រាប់ថាសំណាងខ្ញុំដែរ។ ដ្បិតតែគេមាត់ឆៅបន្តិច តែ….មិនដឹងគួរនិយាយថាម៉េចទេ គ្រាន់តែមានអារម្មណ៍ថា មានគេធ្វើរឿងនេះ ខ្ញុំដូចជាមានទំនុកចិត្ត។ តែកុំច្រឡំណា មិនមែនខ្ញុំពេញចិត្តគេទេ។

«អាឡូ!» ខ្ញុំលើកទូរស័ព្ទនិយាយ។

«អាឡូមួយម៉ាត់ អត់ជម្រាបសួរទេ? ហ៊ឹម! ទើបតែដឹងថាស្រីស្អាតចូលចិត្តនិយាយកំបុតៗចឹង?»

ឃើញអ្ហេស? ទើបនឹកសរសើរអម្បាញ់មិញ ឥឡូវតាប៉ិហ្នឹងតាំងប្រើមាត់ឆៅមកផ្តោះផ្តងទៀតហើយ។ ដឹងអ៊ីចឹង មុននេះអត់លួចសរសើរឱ្យខាតទឹកមាត់ទេ។

«ខ្ញុំជម្រាបសួរតែសុភាពបុរស មិនមែន…»

«Crush ទេ»

គេនិយាយកាត់ខ្ញុំផាំង។ មុននេះខ្ញុំចង់និយាយថា មនុស្សមាត់ឆៅទេតើ ម៉េចក៏គេស្មានចេញជាCrush ទៅកើត។ ក្តៅក្រហាយណាស់ ចង់តែចុចបិទទេខ្ញុំ តែ…ណ្ហើយ ចេះតែទ្រាំៗទៅធ្វើម៉េចយើងចង់បានជំនួយពីគេទៅហើយ។

«ឱ្យដឹងតួនាទីផង ថាលោកកំពុងធ្វើការងារអីឱ្យប្រាកដ។ គេជួលមកអស់ទាំងលុយ មកធ្វើការ មិនមែនមកដើរនាយអាយលិចកើតជើងត្បូងនោះទេ។»

«ចុះខ្ញុំមានបានទៅនាយអាយដាក់អ្នកដែលជួលខ្ញុំឯណា ខ្ញុំនាយអាយដាក់តែអ្នកនាងហ្នឹង ព្រោះអ្នកនាងមិនបានជួលខ្ញុំផង។»

«សម្តីចាក់ទឹកមិនលិច!»

«សម្តីគ្មានរូបរាងផង ធ្វើម៉េចនឹងចាក់ទឹកឱ្យលិចបាន។ ទោះអ្នកនាងប្រឹងចាក់ឱ្យអស់ពីមហាសមុទ្រក៏មិនលិចដែរ។»

ស្តាប់ចុះលោកអើយ! បើអ៊ីចឹងៗអី ឱ្យខ្ញុំទ្រាំមិនក្តៅម៉េចនឹងកើត?

«បើសិនធ្វើការងារបានប្រហែលមាត់និយាយហ្នឹងប្រហែលជា…»

«គួរឱ្យស្រលាញ់មិនខាន!»

មួយម៉ាត់ទៀតហើយ! ឆ្ងល់គាត់ហ្នឹងចូលចិត្តនិយាយកាត់គេម៉េស? កាត់រកតែក្រឡាចំនេញទៀត។

«មនុស្សរោគចិត្ត កុំពូកែបកប្រែ បំភ្លៃ បំភាន់ពេក។» ខ្ញុំទ្រាំលែងបានដាក់មួយម៉ាត់ទៅ។

«ខ្ញុំថាអ្នកនាងច្បាស់ជាមិនទាន់ដុសធ្មេញហ្មង! បើដុះធ្មេញហើយ ប្រាកដជានិយាយពីរោះពិសាជាងនេះ អាចថាសុំCrushខ្ញុំត្រង់ៗផងមិនដឹង។»

ខ្ញុំចុចបិទ រួចគប់ទូរស័ព្ទចោលទៅលើគ្រែ។ នេះបើម្នាក់ហ្នឹងនៅចំពោះមុខវិញ ធានាថាមួយទូរស័ព្ទនេះ ឈាមច្រមុះមិនខាន។ តែបើគិតទៅ ម៉េចក៏គេដឹងថាខ្ញុំមិនទាន់ដុសធ្មេញ។ ខ្ជិលគិត ខ្ញុំរៀបចំខ្នើយភួយឱ្យស្រួលបួល រួចដើរចេញតម្រង់ទៅបន្ទប់ទឹក។

សំឡេងសារទូរស័ព្ទលោតឡើង។ ខ្ញុំចាប់ផ្តើមរំភើបចិត្ត គិតថាប្រហែលជាសារអាថ៌កំបាំងប្រាប់តម្រុយអីដល់ខ្ញុំទៀតហើយ។ ខ្ញុំស្ទុះវឹងទៅយកទូរស័ព្ទនៅលើគ្រែមកឆែកមើល។

«ថ្ងៃនេះកុំទៅណា បន្តិចទៀតខ្ញុំទៅទទួលអ្នកនាងទៅមើលកាមេរ៉ាសុវត្ថិភាពដែលវុធបានដាក់នៅមុខបន្ទប់គេ។ ហើយផ្តាំមួយ ថ្ងៃក្រោយកុំចុចបិទទូរស័ព្ទគេឆៅៗទៀត ប្រយ័ត្នគេទ្រាំមិនបាន សុំយើងធ្វើសង្សារទៅ។»

ស្តាប់សម្តីគេចុះ! មុននេះនិយាយតាមទូរស័ព្ទមិនអស់ចិត្ត ឥឡូវមកថែមរបោយតាមសារទៀត។ តែណ្ហើយ ទ្រាំសិនទៅធារី ឱ្យតាប៉ិហ្នឹងបានដៃសិនចុះ ចាំមើលតែស៊ើបក្តីវុធរួច គាត់ឯងប្រាកដជាស្គាល់ថ្នាំខ្លាំងម្តងវិញមិនខាន។

ខ្ញុំអង្គុយរង់ចាំគេមកទទួលពេញមួយថ្ងៃ តែមិនឃើញស្រមោលគាត់ហ្នឹងមកសោះ។ ក្រែងសរសេរក្នុងសារច្បាស់ណាស់ថាថ្ងៃនេះមកទទួលខ្ញុំទៅមើលកាមេរ៉ាសុវត្ថិភាពរបស់វុធ។ មើលទៅតាប៉ិនេះមិនត្រឹមតែជាមនុស្សរោគចិត្តទេ ថែមទាំងក្រឡិចក្រឡុចទៀតផង។

ម៉ោងជាង១២យប់ គេទូរស័ព្ទមកខ្ញុំ។ គ្រាន់ឃើញលេខគេភ្លាម ក្នុងខ្លួនខ្ញុំក្តៅមួយរំពេច។ មិនចង់ចុចទទួលទេ តែចង់ដឹងថាគេមានលេសអីដោះសាររឿងថ្ងៃមិញ។

«ចេញមកក្រៅមក!» គេនិយាយ។

«លោកឯងឆ្កួតទេអី ថ្មើរនេះហើយមកបបួលខ្ញុំចេញក្រៅ?»

«អត់ចង់ទៅមើលកាមេរ៉ាសុវត្ថិភាពទេ? បានហើយ ចេញមកខ្ញុំចាំនៅខាងមុខបន្ទប់។»

នេះគេនៅមុខបន្ទប់ខ្ញុំពិតមែន? តាប៉ិនេះកាន់តែផ្តេសផ្តាសមែនទែនហើយតើ។

«គិតដល់ណាហើយស្រីស្អាត កាមេរ៉ានៅប៉ុស្ត៍ប៉ូលីស ខ្ញុំពិបាកណាស់ទើបអាចសម្រួលគេបាន។ បើមិនទៅយប់នេះទេ ប្រយ័ត្នគ្មានឱកាស។»

«អូខេ! ចាំបន្តិចអ៊ីចឹង!»

ក្នុងចិត្តនៅតែមិនទុកចិត្តសោះ លោតែប៉ូលីសចាប់បានអីទៅ មិនវីវរទៅហើយទេ។ តែក្រោយឮគេថា ប្រយ័ត្នគ្មានឱកាស ខ្ញុំសុខចិត្តប្រថុយទៀតចុះ។ បើប៉ូលីសចាប់បានមែន ឆ្លើយដាក់តាប៉ិហ្នឹងទៅរួចខ្លួនហើយ។

គេនាំខ្ញុំទៅប៉ុស្ត៍ប៉ូលីសទាំងកណ្តាលអាធ្រាត្រ។ ទៅដល់មានប៉ូលីសម្នាក់នៅជួយសម្រួលកិច្ចការឱ្យ។ គេនាំពួកយើងទៅបន្ទប់ដាក់វត្ថុតាង។ ខ្ញុំនិងគេមើលទិន្នន័យកាមេរ៉ាសុវត្ថិភាព។ នៅម៉ោង៧យប់ថ្ងៃកើតហេតុ គេឃើញមនុស្សប្រុសពាក់ម៉ាសជិតម្នាក់ និងមនុស្សប្រុសមាឌធំម្នាក់ទៀតរុញរទេះផ្ទុកទូឈើថ្មីមួយ ចូលក្នុងបន្ទប់វុធ។ ១៥នាទីក្រោយមក បុរសមាឌឌាំងម្នាក់នោះ ចេញពីបន្ទប់វិញ។ គាត់ធាក់ទ្វារមួយជើងដោយអាការខឹងសម្បារ។

«អ្នកនាងមានស្គាល់មនុស្សទាំងពីរអ្នកនេះទេ?»

«ចាសអត់ទេ! តែខ្ញុំដឹងថាអ្នកណាដែលអាចស្គាល់ពួកគាត់។»

«អ្នកណា?»

«គឺអ្នកមីងម្នាក់ដែលនៅជាប់បន្ទប់នោះ។ គាត់ជិតស្និទ្ធនឹងវុធណាស់។»

អ្នកស៊ើបអង្កេតមាត់ឆៅចាប់ផ្តើមថតចម្លងរូបភាពក្នុងកាមេរ៉ានោះ។ ថតចម្លងរួច ពួកយើងក៏ចាកចេញ។

 ស្អែកឡើងខ្ញុំនិងគេទៅជួបមីងនួន។ គ្រាន់តែឃើញរូបភាពអ្នកទាំងពីរនោះភ្លាម មីងនួនឧទានឡើង៖

«ស្គាល់! ខ្ញុំស្គាល់ច្បាស់ណាស់។»

ឮបែបនេះ ខ្ញុំនិងពិសិដ្ឋញញឹមដាក់គ្នា។ ខ្ញុំគិតក្នុងចិត្ត «ពេលនេះចាប់បានមុខសញ្ញាហើយ។»

«ម្នាក់ពាក់ម៉ាសនោះគឺក្មួយវុធ។ តាំងពីត្រលប់មកពីថៃវិញ គេពាក់ម៉ាសរហូត។ ឮគេថា ផ្តាសាយធំ។ ឯពូម្នាក់មាឌធំនោះឈ្មោះ មុត ជាអ្នកថែរក្សាសណ្តាប់ធ្នាប់ប្រចាំអគារនេះ។»

ខ្ញុំឃើញពិសិដ្ឋកត់អ្វីដែលមីងនួននិយាយយ៉ាងយកចិត្តទុកដាក់។ ឯខ្ញុំវិញហាក់ផ្តោតខ្លាំងទៅលើពូមុត ដែលមីងនួននិយាយនោះ។ តើអាចទេដែលគាត់ជាឃាតកៈសម្លាប់វុធ?

«មីងអាចប្រាប់ខ្ញុំបន្តិចបានទេថា ពូមុតជាមនុស្សមានអត្តចរិតបែបណាដែរ?» ពិសិដ្ឋសួរទៅមីងនួន។

«គាត់ជាមនុស្សចូលចិត្តផឹកស្រា និងរករឿងគេឯង។ អ្នកនៅក្នុងអគារនេះមិនសូវមានអ្នកណាចូលចិត្តគាត់ទេ។ គាត់ជាមនុស្សចូលចិត្តប្រើហិង្សា។ ក្មេងៗម្តុំនេះគ្រាន់តែឃើញមុខគាត់ក៏រត់អស់ដែរ។ »

«នៅថ្ងៃកើតហេតុ វេលាម៉ោង៧យប់ ពេលដែលពូមុតចូលក្នុងបន្ទប់នេះ អ្នកមីងនៅក្នុងបន្ទប់របស់អ្នកមីងដែរមែនទេ?»

«ចាស! ក្មួយ។»

«ចុះអ្នកមីងមានឮពួកគេជជែកគ្នាអីទេ?»

«ចាស! ឮ! ខ្ញុំឮសូរមាត់ពូមុតខ្លាំងៗ តែមិនដឹងថា ពួកគេទាស់គ្នារឿងអ្វីឡើយ។»

«ចុះអ្នកមីងមានដឹងទេថា ពូមុតនិងជនរងគ្រោះធ្លាប់មានបញ្ហាជាមួយគ្នាពីមុនមក?»

«កាលពី២ឆ្នាំមុន ពេលដែលវុធចាកចេញទៅថៃ គេបានអនុញ្ញាតឱ្យពូមុតនាំគ្រួសារមកស្នាក់នៅបន្ទប់គេ ដោយសារអាណិតអាសូរដល់ប្រពន្ធពូមុតដែលទើបសម្រាលកូនខ្ចីរួច ពិបាករស់នៅក្នុងបន្ទប់ដាក់អីវ៉ាន់តូចចង្អៀត។ បន្ទាប់ពីមករស់នៅក្នុងបន្ទប់នេះ ពូមុតតាំងខ្លួនដូចម្ចាស់ផ្ទះ។ ក្រោយមក ពេលវុធត្រលប់មកវិញ ប្រហែលជាមួយអាទិត្យមុនកើតហេតុ ពូមុតមិនព្រមរើចេញសោះ ទាល់តែវុធរាយការណ៍ដល់ប៉ូលីសទើបគាត់ព្រមចាកចេញ។ ពេលស្រវឹងម្តងៗ គាត់តែងតែស្រែកក្តែងៗ ថាបន្ទប់០២២ ជាផ្ទះរបស់គាត់។ ថ្ងៃណាមួយគាត់នឹងយកផ្ទះរបស់គាត់មកវិញឱ្យបាន។»

ពិសិដ្ឋបន្តកត់ត្រាពាក្យសម្តីរបស់មីងនួន។ មើលទៅគេយកចិត្តទុកដាក់ធ្វើការណាស់ មិនឡេះឡោះដូចនិយាយជាមួយខ្ញុំឡើយ។ មីងនួនក៏ឆ្លើយគ្រប់សំណួរដែលគាត់សួរ។ ខ្ញុំមើលទៅអ្នកមីងឆ្លើយលះល្អណាស់ ទំនងមិនកុហកទេ។

ក្រោយស្តាប់មីងនួនរៀបរាប់រួច ការសង្ស័យរបស់ខ្ញុំកាន់តែកើនឡើង។ ពូមុតប្រហែលជាសម្លាប់វុធ ដោយសារខឹងវុធដេញគាត់លែងឱ្យស្នាក់នៅបន្ទប់គេ ហើយចង់យកបន្ទប់មកធ្វើជាកម្មសិទ្ធិខ្លួនឯង។ ខ្ញុំគិតដល់នេះ ចិត្តស្អប់របស់ខ្ញុំពុះកញ្ជ្រោលឡើង។

«ខ្ញុំអរគុណអ្នកមីងណាស់ដែលបានផ្តល់ព័ត៌មានទាំងអស់នេះ។»

«ចាស! មិនអីទេក្មួយ។ មីងពេញចិត្តនឹងប្រាប់អ្វីដែលមីងបានដឹង។ មុនហ្នឹងឆ្ងល់ដែរតើ ព្រោះតាំងពីកើតហេតុមក មិនឃើញអ្នកណាមកសួរនាំអីសោះ ខាងប៉ូលីសក៏ស្ងាត់ឈឹង។ បានក្មួយមកសួរនាំ មីងសប្បាយចិត្ត សង្ឃឹមថាអាចរកយុត្តិធម៌ជូនព្រលឹងក្មួយវុធបានផងចុះ។»

ពេលឮពាក្យ «រកយុត្តិធម៌ឱ្យវុធ» បេះដូងខ្ញុំប្រែជាស្រពោនភ្លាម។ ខ្ញុំអាណិតគេស្ទើរខ្លោចចិត្ត។ គេអើយគេ ម៉េចក៏អភ័ព្វម្ល៉េះ? អភ័ព្វទាំងបេះដូង អភ័ព្វទាំងអាយុជីវិត។

«អ្នកនាង!»

ខ្ញុំភ្ញាក់ស្មារតីក្រោយឮពិសិដ្ឋហៅខ្ញុំ។

«ឥឡូវនេះយើងមានមុខសញ្ញាហើយ។ អ្នកនាងកុំបារម្ភខ្លាំងពេកអី។ តោះ! ទៅធ្វើកិច្ចការជំហានបន្តទៀត។»

«ចាស!»

ខ្ញុំឆ្លើយទៅគេទាំងអត់ជាតិ។ ក្នុងចិត្តកំពុងរំជួលខ្លាំងនឹកដល់វុធនៅឡើយ។ ក្រោយកិច្ចការចប់អស់ ខ្ញុំក៏ចេញពីទីនោះ។ ក្នុងចិត្តអន្ទះសារចង់ដឹងណាស់ពីពូមុតម្នាក់នោះ។ ហេតុអី គាត់ដាច់ចិត្តសម្លាប់ជីវិតមនុស្សម្នាក់ដោយគ្រាន់តែរឿងបែបនេះ? ពិតជាមិនយល់សោះ។

ស្អែកឡើង អ្នកស៊ើបអង្កេតកំលោះនាំខ្ញុំទៅជួបពូមុត។ ខ្ញុំចង់មើលមុខគាត់ណាស់ ចង់មើលមុខឃាតកៈដែលសម្លាប់វុធឱ្យច្បាស់ថា តើគាត់មានមុខមាត់បែបណា? ហេតុអ្វីក៏មានចិត្តឃោរឃៅម្ល៉េះ? ក្នុងចិត្តខ្ញុំពុះកញ្ជ្រោលស្ទើរដាច់ខ្យល់។ ខ្ញុំពិតជាចង់ សួរគាត់ណាស់ថា «ហេតុអី? ហេតុអីហ៊ានដាច់ចិត្តសម្លាប់មនុស្សម្នាក់?»។

ពិសិដ្ឋបណ្តើរពូមុតកាត់មុខខ្ញុំធ្វើដូចគ្មានរឿងអី។ ពូមុតមានអាយុប្រហែលជាងសែសិបឆ្នាំ សម្បុរខ្មៅ មាឌធំក្រអាញ។ សក់គាត់កន្ទ្រីងកន្ទ្រើង ឯភ្នែកក្រហមក្រឡេបក្រឡាប់គួរឱ្យខ្លាច។ ខោអាវគាត់រាងចាស់ សម្បុរពព្លាក់ ក្អែលកាន់តែនតាប់។ ដំណើរទ្រេតទ្រោតជាអាកប្បកិរិយារបស់មនុស្សប្រម៉ឹក។ ទោះគាត់ដើរទៅឆ្ងាយបន្តិចក្តី ច្រមុះខ្ញុំនៅតែធំក្លិនស្រាហួង។

«ត្រូវគេចាប់មកសួរចម្លើយហើយ គាត់នៅព្រហើនផឹកស្រវឹងទៀត។ គាត់នេះ ស្អីក៏មិនខ្លាចដែរ! អ៊ីចឹងតើបានជាហ៊ានដល់សម្លាប់ជីវិតមនុស្ស។»

ខ្ញុំគិតក្នុងចិត្តជាមួយកំហឹងពុះកញ្ជ្រល។ ពិសិដ្ឋនាំពូមុតចូលក្នុងបន្ទប់មួយ។ គេមិនឱ្យខ្ញុំចូលរួមជាមួយគេទេ ខ្លាចខ្ញុំគ្រប់គ្រងកំហឹងមិនបាន ខូចការណ៍អស់។ ទ្វារបន្ទប់បិទជិត។ ភ្នែកខ្ញុំមើលលែងឃើញរូបរាងឃាតកៈម្នាក់នោះហើយ តែចិត្តមិនទាន់អាចស្ងប់បានទេ។ ចិត្តខ្ញុំកំពុងតែក្តៅរោលឆេះ។ វាជាកម្តៅនៃកំហឹងដ៏ក្តៅមុះមុតដុតកញ្ជ្រោលខ្លួនរបស់ខ្ញុំ។ ភ្នែកទាំងគូឡើងក្រហម ខ្យល់ដង្ហើមពោរពេញដោយចំហាយក្តៅ។ កំហឹងខ្ញុំឡើងដល់កម្រិតកំពូល។ បើកុំតែពិសិដ្ឋឃាត់ខ្ញុំ កុំអីខ្ញុំប្រាកដជាទៅវាយចាក់កាប់ឃាតកៈម្នាក់នេះឱ្យស្លាប់តែម្តង។ 

ខណៈពេលដែលពិសិដ្ឋកំពុងសួរនាំពូមុតនៅក្នុងបន្ទប់ ខ្ញុំអង្គុយខាងក្រៅរង់ចាំចម្លើយទាំងអន្ទះអន្ទែង។ វាហាក់ដូចជាខ្ញុំកំពុងអង្គុយក្នុងពិភពលោកដ៏ល្វឹងល្វើយមួយឥតកោះឥតត្រើយ។ រូបភាពវុធបានមកបង្ហាញខ្លួនក្នុងកែវភ្នែកខ្ញុំម្តងទៀត។ ខ្ញុំស្រាប់នឹកដល់អំពើល្អជាច្រើនដែលគេបានធ្វើដាក់ខ្ញុំ ទាំងដែលខ្ញុំមិនដែលយកភ្នែកមើល។ ខ្ញុំនឹកដល់រឿងកំប្លែងជាច្រើនដែលគេព្យាយាមធ្វើឱ្យខ្ញុំសើច គ្រប់ពេលដែលខ្ញុំឈឺចាប់ដោយសារភារុណ។ គិតដល់រឿងទាំងអស់នោះ បបូរមាត់ខ្ញុំញញឹមដោយមិនដឹងខ្លួន។

តែ……..

ខ្ញុំមិនអាចឃាត់ចិត្តខ្ញុំឱ្យគិតដល់តែរឿងសប្បាយចិត្តនោះទេ។ រូបភាពបុរសម្នាក់ត្រូវភ្លើងឆេះរលេះ រលួយដែលខ្ញុំឃើញក្នុងយល់សប្តិក៏បានប្រាកដខ្លួនចំពោះមុខខ្ញុំម្តង។ វាបានចូលមកកម្ទេចស្នាមញញឹម ឱ្យរលាយសូន្យទៅតាមខ្យល់។ ទឹកភ្នែកបានស្រក់ចុះមកជំនួសឱ្យស្នាមញញឹមដែលបាត់សូន្យនោះ។

«ងឺត »

សំឡេងបើកទ្វារបន្ទប់ដាស់អារម្មណ៍ខ្ញុំឱ្យងាកចេញពីសមុទ្រនៃភាពខ្សឹកខ្សួលមកពិភពមនុស្សវិញ។ ខ្ញុំមិនដឹងថាខ្លួនឯងយំយូរប៉ុនណាទេ។ អារម្មណ៍អន្ទះអន្ទែងរបស់ខ្ញុំដែលរលត់បាត់មុននោះ ចាប់ផ្តើមត្រលប់មកវិញ។    

ខ្ញុំសម្លឹងទៅមាត់ទ្វារបន្ទប់នោះទាំងអារម្មណ៍ញាប់ញ័រ។ ក្នុងចិត្តរំពឹងថា ពិសិដ្ឋប្រាកដជាទទួលបានចម្លើយសារភាពរបស់ពូមុត។

ពូមុតដើរចេញមកមានទាំងកាន់ស្រាពីរដបនៅដៃផង។ អាការគាត់ហាក់នៅដដែល។ គាត់នៅដើរទ្រេតទ្រោត ទឹកមុខស្មើហាក់មិនខ្វល់អើពើនឹងលទ្ធផលដែលគាត់បានទទួលពីអំពើឃោរឃៅរបស់គាត់សោះ។ មុខស្មើធេងនេះធ្វើឱ្យចិត្តខ្ញុំឆ្ងល់យ៉ាងខ្លាំង។ តើពូមុតបាននិយាយអ្វីខ្លះ?

«អរគុណក្មួយហើយដែលបានប៉ាវពូស្រាពីរដបនេះ! ខ្លាំងរបស់គេមែន។ ថ្ងៃក្រោយបើចង់ដឹងអី មករកពូទៀត ឱ្យតែពីរដបទៀតមក ធានាថាស្អីក៏ពូប្រាប់ក្មួយដែរ ឱ្យតែពូដឹង។»

ពូមុតដើរហួសកាត់មុខខ្ញុំទៅបន្សល់ទៅចម្ងល់រាប់រយក្នុងខួរក្បាល។ តាប៉ិពិសិដ្ឋនោះ នាំពូមុតមកសួរចម្លើយ ឬមកផឹកស្រាឱ្យប្រាកដ? មិនបង្អង់ឱ្យចម្ងល់ទាំងនោះចាក់ស្រេះដល់បេះដូង ខ្ញុំស្ទុះវឹងទៅរកគេក្នុងបន្ទប់។

«លោកធ្វើស្អីហ្នឹង?»

ខ្ញុំរត់ចូលក្នុងបន្ទប់បណ្តើរស្រែកបណ្តើរ។ អាកប្បកិរិយាខ្ញុំហាក់លែងបានខ្វល់ពីស្អីហើយ។ ខ្ញុំដឹងតែមួយមុខថា ខ្ញុំត្រូវសួរឱ្យអស់ចម្ងល់ក្នុងចិត្ត។

«តាមសម្រួលសិនអ្នកនាង! អង្គុយចុះឱ្យស្រួលបួលសិនមក។»

«ប្រាប់ខ្ញុំភ្លាម! នេះលោកមកធ្វើការឬមកផឹកស៊ី?»

ខ្ញុំឃើញពិសិដ្ឋធ្វើមុខស្មើទៀតហើយ។ នេះកើតអីឱ្យប្រាកដ ម៉េចក៏ទាំងពូមុតទាំងពិសិដ្ឋធ្វើមុខស្មើទាំងអស់ក្រោយពេលជួបគ្នារួច។ អ្នកទាំងពីរមានដឹងទេថា មុខស្មើធេងនេះកំពុងរុញច្រានបេះដូងខ្ញុំឱ្យលោតញាប់ទៅៗ។

«សម្រួលអារម្មណ៍សិនទៅ។ ចង់សួរចម្លើយអ្នកប្រមឹកទាល់តែប្រើស្រាអ៊ីចឹងហើយ។»

«បានព័ត៌មានអីខ្លះ?»

«ពូមុតមិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះទេ។»

«មិនជាប់ទាក់ទង? ខ្ញុំមិនមែនស្តាប់ច្រឡំទេ?»

«ត្រូវហើយ! អ្នកនាងមិនបានស្តាប់ច្រឡំទេ។»

«ម៉េចនឹងអាចទៅរួចទៅ? តាមកាមេរ៉ាសុវត្ថិភាព មុនពេលហេតុការណ៍កើតឡើង មានតែពូមុតម្នាក់គត់ ដែលចូលក្នុងបន្ទប់វុធ។ ម្យ៉ាងអ្នកមីងនួនដែលនៅបន្ទប់ជាប់នោះក៏អះអាងថាបានឮសំឡេងពួកគេឈ្លោះគ្នាដែរ។»

«រឿងដែលគាត់ទាស់គ្នាជាមួយជនរងគ្រោះ គឺដោយសារ តែគាត់សុំទារថ្លៃជួយលើកទូឈើមកដាក់បន្ទប់មួយទ្វេរជាពីរ ក៏កើតមានការទាស់ពាក្យសម្តីគ្នាតិចតួចទៅ។ ម្យ៉ាងគាត់មានចរិតកោងកាច គ្រាន់តែគាត់និយាយធម្មតាក៏ស្តាប់ឮទៅដូចឈ្លោះគ្នាដែរ។»

«តែពួកគេទាំងពីរទើបតែមានរឿងជាមួយគ្នាហើយថ្មីៗ រឿងពូមុតមិនព្រមប្រគល់បន្ទប់ឱ្យវុធវិញ។ ពូមុតអាចព្រោះតែរឿងនេះបានសម្លាប់វុធដើម្បីយកបន្ទប់មករស់នៅវិញ។»

«រឿងនេះអាចជាមូលហេតុដែលធ្វើឱ្យពូមុតមានបំណងអាក្រក់ទៅលើវុធមែន តែគាត់បញ្ជាក់ហើយថា គាត់គ្រាន់តែនិយាយចេញតាមអំណាចស្រាប៉ុណ្ណោះ។ ម្យ៉ាងអ្វីដែលសំខាន់នោះគឺ ពូមុតប្រាប់ថាគាត់មិនមែនជាមនុស្សចុងក្រោយដែលចូលក្នុងបន្ទប់វុធទេ។»

ខ្ញុំគាំងទ្រឹងស្តាប់ឮឃ្លាចុងក្រោយរបស់ពិសិដ្ឋ។

«មិនមែនមនុស្សចុងក្រោយ? តែកាមេរ៉ាសុវត្ថិភាពបញ្ជាក់ច្បាស់ណាស់ថាក្រោយពីគាត់ចាកចេញពីទីនោះទាំងខឹងសម្បារ មិនឃើញមាននរណាចូលក្នុងបន្ទប់វុធទៀតទេ។»

«ចំនុចនេះ ប្រហែលជាកាមេរ៉ាមានបញ្ហាហើយ។ អ្នកនាងមានចាំទេ ក្រោយពូមុតចាកចេញទៅបន្តិច មានស្អីមួយហោះមកបាំងកាមេរ៉ាជិត។ ខ្ញុំគិតថាច្បាស់ជាមានរឿងអីមួយកើតឡើងនៅពេលនោះមិនខានឡើយ។ ពូមុតនិយាយថា បន្ទាប់ពីគាត់ចេញពីបន្ទប់វុធទៅបានមួយសន្ទុះធំ វុធបានទូរស័ព្ទទៅគាត់។ គេប្រាប់ឱ្យគាត់មកជួយលើកអីវ៉ាន់ចាស់ៗចោលធុងសំរាម។ តែដោយសារពូមុតនៅខឹងរឿងទារថ្លៃជួយលើកទូមិនបាន គាត់មិនបានទៅខ្លួនឯងទេ ក៏ប្រាប់ឱ្យក្មួយៗគាត់២នាក់ទៅជំនួស។»

«អាចដែរ ដែលវុធទូរស័ព្ទទៅពឹងមនុស្សដែលទើបទាស់សម្តីគ្នា? ខ្ញុំថាចំនុចនេះដូចជាគួរឱ្យសង្ស័យណាស់។»

«គាត់ថាមានម៉ូតូឌុបពីរបីនាក់នៅជុំផឹកស្រាជាមួយគាត់ដែរ ពេលដែលវុធខលមកគាត់។ បើមិនជឿអាចទៅសួរពួកគាត់បាន។ ខ្ញុំមើលទៅ ពូមុតមិនកុហកទេ។»

«ប្រសិនបើវាជាការពិតមែន មានន័យថា ក្មួយប្រុស២នាក់របស់ពូមុតគឺជាអ្នកដែលចូលបន្ទប់វុធក្រោយគេ?»

«ពូមុតចេញពីបន្ទប់ជនរងគ្រោះនៅម៉ោង ៧ និង ១៥ នាទី។ គាត់ថាមួយសន្ទុះក្រោយក្មួយប្រុសទាំង២របស់គាត់ឡើងទៅ ខ្ញុំគិតថាប្រហែលជាម៉ោង ៧និង៤០នាទី។ ហេតុការណ៍ផ្ទុះធុងហ្គាសកើតឡើងនៅម៉ោង ៨និង១៥នាទី។ តាមមើលពួកគេប្រហែលជាអ្នកដែលជួបជនរងគ្រោះចុងក្រោយ។»

«អ៊ីចឹង ក្មួយប្រុសទាំងពីររបស់ពូមុតនោះអាចជា….?»

«រឿងនេះមិនទាន់ច្បាស់នៅឡើយ។ ខ្ញុំក៏មិនទាន់អាចសន្មតបានដែរ។»

ខ្ញុំដកដង្ហើមធំមួយយ៉ាងវែង។ ក្តីរំពឹងដែលថានឹងចាប់បានជនល្មើស រកយុត្តិធម៌ឱ្យព្រលឹងវុធ បែរជារលាយវិញអស់។ ពូមុតមិនមែនជាឃាតកៈ។ ចុះអ្នកណា? អ្នកណាជាឃាតកៈទៅ?

«យើងគួរធ្វើយ៉ាងណាទៀត?» ខ្ញុំសួរពិសិដ្ឋទាំងសូរស័ព្ទអស់សង្ឃឹម។

«ក្រោយពីពូមុតនិយាយដល់ក្មួយប្រុសគាត់ទាំងពីរ ខ្ញុំបានពឹងមនុស្សមួយក្រុមទៅឃ្លាំមើលអគារស្នាក់នៅពួកគេហើយ។ ស្រីស្អាតកុំបារម្ភពេកអី។»

«រ៉ឹង! រ៉ឺង »

សំឡេងទូរស័ព្ទពិសិដ្ឋបន្លឺឡើង។

«អាឡូបង! ជនសង្ស័យពីររូបដែលបងឱ្យពួកខ្ញុំតាមដាននោះបានបាត់ខ្លួនពីបន្ទប់ស្នាក់នៅហើយ។»

«ថាម៉េចបាត់ខ្លួន?» ខ្ញុំស្រែកភ្លាត់សំឡេង។

ក្នុងចិត្តខ្ញុំចាប់ផ្តើមច្របល់។ បាត់ខ្លួន? គួរតែរត់គេចខ្លួនច្រើនជាង។ ពួកគេប្រាកដជាបានប្រព្រឹត្តរឿងអាក្រក់អីមួយហើយ ទើបរត់គេចខ្លួនដូចនេះនោះ។ ឬមួយក៏ពួកគេពិតជាឃាតកៈសម្លាប់វុធពិតមែន? ការរត់គេចខ្លួនរបស់ពួកគេនេះ ហាក់ជួយឱ្យការសង្ស័យរបស់ខ្ញុំកាន់តែច្បាស់ឡើង។

«អ្នកនាង! ខ្ញុំសុំទោស! មិនបាននៅពិភាក្សាជាមួយអ្នកនាងទៀតទេ។ ខ្ញុំមានការត្រូវធ្វើបន្ទាន់។»

«លោកចង់ធ្វើអីបន្តទៀត?»

«រឿងនេះ…!»

«យ៉ាងម៉េចប្រាប់ខ្ញុំមិនបានទេមែនទេ?»

«ស្រីស្អាតយល់ផង។ »

«មិនប្រាប់ខ្ញុំក៏បានដែរ តែខ្ញុំសុំទៅជាមួយផង ហាមបដិសេធ។»

«នេះអ្នកនាង?»

«យ៉ាងម៉េច!»

«អូខេ! បានៗ! បុរសសង្ហាមិនគួរបដិសេធស្រីស្អាតឡើយ។»

គេនាំខ្ញុំទៅអគារស្នាក់នៅរបស់វុធ។ ចិត្តខ្ញុំប្រែជាមួហ្មងទៀតហើយ។ ខ្ញុំមិនអាចឃាត់ចិត្តខ្លួនឯងមិនឱ្យឈប់គិតដល់វុធទេ។ ឃាត់ម្តេចបាន បើពេលនេះខ្ញុំកំពុងឈរក្នុងអគារដែលគេធ្លាប់រស់នៅ។ ខ្ញុំស្រមៃឃើញរូបភាពគេចុះជណ្តើរ រូបភាពគេចតឡាន ……។

«អ្នកនាង! អ្នកនាង!»

សំឡេងពិសិដ្ឋហៅខ្ញុំដាស់អារម្មណ៍ខ្ញុំឱ្យត្រលប់ពីភាពអណ្តែតអណ្តូងមកវិញ។

«ម៉េចក៏នាំខ្ញុំមកទីនេះ?»

«ទៅបន្ទប់ស្នាក់នៅរបស់ពូមុត។»

«ទៅធ្វើអី?»

«ក្មួយប្រុសទាំងពីររបស់គាត់ក៏ស្នាក់នៅជាមួយគាត់ដែរ។ បើចង់ដឹងព័ត៌មានពីពួកគេមានតែមកទីនេះ។»

ខ្ញុំមិនតប ដើរតាមគេឆ្ពោះទៅបន្ទប់ដាក់អីវ៉ាន់។ សង្ឃឹមថាយើងនឹងទទួលបានព័ត៌មានច្រើនពីជនសង្ស័យទៅចុះ។

«តុ! តុ!» ពិសិដ្ឋគោះទ្វារបន្ទប់។

បានបន្តិចមីងម្នាក់វ័យប្រហែលជាងសែសិបបើកទ្វារបន្ទប់។

«អ្នកមីងគឺអ្នកមីងកែវ ភរិយារបស់ពូមុតមែនទេ?»

«ចាស! ក្មួយ!»

ខ្ញុំលើកដៃសំពះសម្តែងការគោរពចំពោះអ្នកមីង។ ទឹកមុខគាត់មើលទៅពោរពេញដោយទុក្ខព្រួយ។ រូបរាងស្គមស្គាំងរីងរៃ មុខឡើងស្លេក។ ឱ្យមុខគាត់ស្រស់យ៉ាងម៉េចបើមានប្តីបែបពូមុតយ៉ាងហ្នឹងនោះ។

«ឮប្តីខ្ញុំថា ក្មួយទាំងពីរសួរនាំគាត់ពីរឿងផ្ទុះធុងហ្គាសបន្ទប់ក្មួយវុធ។ មានរឿងអីមែនក្មួយ? ប្តីខ្ញុំដ្បិតតែស្រវឹងខួបមែន តែគាត់ជាមនុស្សល្អទេ។»

ពូមុតម្ង៉ៃៗផឹកស្រាធ្វើបាបមីងមិនលស់ថ្ងៃ មីងនៅតែបារម្ភពីគាត់។ ហ៊ឹម! និស្ស័យប្តីប្រពន្ធពិតជាពិបាកយល់ណាស់។ បើមនុស្សប្រុសទាំងអស់ចេះគិតដល់សេចក្តីសុខរបស់ភរិយាមិនដឹងជាល្អប៉ុនណាទេ។

«កុំបារម្ភអីអ្នកមីង! គ្មានរឿងអីទេ។»

«ក្មួយស្រី! មីងប្រាប់ក្មួយចុះ! ប្តីមីងថ្វីដ្បិតតែគាត់ខូច និយាយស្តីមិនចេះគិតក្រែង តែគាត់មិនដែលធ្វើបាបអ្នកណាឡើយ។ គាត់បានតែមាត់ផ្តេសផ្តាសទេ មិនដែលមានដៃមានជើងអីឡើយ។»

«បើពិតជាអ៊ីចឹងមែន អ្នកមីងរឹតតែមិនត្រូវបារម្ភទៀត។»

«និយាយអ៊ីចឹងក្មួយទាំងពីរមកទីនេះមានការអីដែរ?»

«បាទ! ពួកខ្ញុំមកជួបអ្នកមីងនៅពេលនេះ គឺចង់សាកសួរអ្នកមីងខ្លះៗ។»

មីងកែវហាក់សម្តែងទឹកមុខភ័យជាងមុន។ គាត់មិនព្រមបើកទ្វារឱ្យធំ ហើយហៅខ្ញុំនិងពិសិដ្ឋចូលអង្គុយលេងអីសោះ។ ឬមួយក៏គាត់កំពុងព្យាយាមលាក់បាំងអីមួយ?

«ក្នុងបន្ទប់នេះ ស្នាក់នៅប៉ុន្មាននាក់ដែរអ្នកមីង?» 

«ចាស! ក្មួយប៉ូលីស! នៅគ្នា៤នាក់ ខ្ញុំ ពុកវា និងកូនៗ២នាក់ទៀត។»

«ខ្ញុំដូចជាឮលោកពូថា ក្មួយប្រុសគាត់២នាក់ក៏ស្នាក់នៅជាមួយគាត់ដែរ។»

មីងកែវប្រែទឹកមុខភិតភ័យ។ គាត់ឆ្លើយបន្តទាំងរដាក់រដុប៖

«អត់ទេ! អាធី និងអាថា រើចេញពីទីនេះហើយ នៅតែខ្ញុំ ពុកវា និងកូនៗទេ។»

ចុងកន្ទុយពាក្យរបស់មីងកែវរាងញ័របន្តិច។ គាត់ហាក់ប្រឹងលាក់បាំងរឿងអ្វីមួយពីពួកយើង។

«រើចេញ? ចុះអ្នកមីងមានដឹងទេថាពួកគេរើចេញទៅស្នាក់នៅកន្លែងណាវិញ?»

«អត់ដឹងទេក្មួយ! អាពីរនាក់ហ្នឹងវាមិនបានប្រាប់ខ្ញុំផង។ តែតាមមើលគ្មានទៅណាក្រៅពីទៅស្រុកកំណើតទេ។»

«ស្រុកកំណើតដែលអ្នកមីងនិយាយនៅខាងណាវិញមីង?»

«ចាស! នៅឯប៉ោយប៉ែតឯណោះ។ ពួកវាមកទីនេះជិតមួយខែហើយ តែរកការងារធ្វើមិនបាន ក៏សម្រេចចិត្តត្រលប់ទៅរកស៊ីនៅស្រុកវិញ។»

ខ្ញុំឃើញពិសិដ្ឋព្យាយាមសម្លឹងមើលក្នុងបន្ទប់យ៉ាងយកចិត្តទុកដាក់។ ប្រហែលអ្នកមីងកែវចាប់អារម្មណ៍នឹងការសម្លឹងរបស់គាត់ គាត់ក៏បង្វែរជាសួរ៖

«ក្មួយប្រុស និងក្មួយស្រីមានការអីជាមួយក្មួយៗខ្ញុំទាំងពីរ?»

«បាទ! គ្មានអីទេអ្នកមីង។ ខ្ញុំគ្រាន់តែចង់ដឹងព័ត៌មានបន្ថែមអំពីប្តីមីងប៉ុណ្ណោះ។ អ្នកមីងកុំបារម្ភអី។»

សំឡេងទូរស័ព្ទរោទ៍ឡើងក្នុងបន្ទប់! ទឹកមុខមីងកែវប្រែជាស្លេក។ គាត់រេរាបែបរកចង់ទទួលទូរស័ព្ទបន្តិច អត់បន្តិច។

«អ្នកមីង! ទូរស័ព្ទរោទិ៍ហើយ។»

«មីងមិនចង់ទទួលទេ។ គ្មានអីក្រៅពីពួកអាផឹកស៊ី វាតេមកបបួលប្តីមីងទេ។»

សូរទូរស័ព្ទរោទិ៍ដាច់ទៅវិញ។

«ក្មួយទាំងពីរឱ្យមីងសុំទោស! ឥឡូវនេះមីងដល់ម៉ោងត្រូវទៅយកកូនពីសាលាហើយ។ មីងសុំទោសណា។»

«អ្នកមីងមិនចាំបាច់សុំទោសអីទេ។ ពួកខ្ញុំក៏ល្មមដល់ពេលទៅវិញហើយ។»

ខ្ញុំនិងពិសិដ្ឋលាអ្នកមីងកែវ។ គ្រាន់តែពួកយើងដើរចេញមកបន្តិច អ្នកមីងកែវក៏បិទទ្វារបន្ទប់ភ្លាម។ ខ្ញុំដូចជាឮសំឡេងទូរស័ព្ទក្នុងបន្ទប់គាត់រោទិ៍ម្តងទៀត។ មើលទៅកាយវិការរបស់គាត់ដូចជាលាក់បាំងណាស់។

ដើរចេញពីអគារ ពិសិដ្ឋចុចស៊ីផ្លេម៉ូតូតេតៗក្នុងបំណងហៅខ្ញុំ។

«ទុកឱ្យខ្ញុំជូនស្រីស្អាតទៅផ្ទះ!»

ខ្ញុំងក់ក្បាលជំនួសការឆ្លើយយល់ព្រម។ ក្នុងចិត្តស្រាប់តែនឹកឃើញថា កាយវិការរបស់អ្នកស៊ើបអង្កេតម្នាក់នេះ ពេលខ្លះស្រដៀងនឹងវុធខ្លះដែរ គ្រាន់តែវុធគេមិនសូវបានវោហារួសដូចគេ។

ឡើងអង្គុយលើម៉ូតូគេ ខ្ញុំធំក្លិនក្រអូបផ្កាម្លិះងប់។ ពេលមកទីនេះខ្ញុំក៏ជិះម៉ូតូនេះដែរ តែដូចជាមិនមានក្លិនផ្កាទេ។ ឆ្ងល់ណាស់?

«ស្មានមិនដល់ថាផ្កាម្លិះក្នុងសួនច្បារទីនេះក្រអូបយ៉ាងនេះសោះ។»

ខ្ញុំឃើញផ្កាម្លិះមួយកញ្ចុំក្នុងដៃពិសិដ្ឋ។

«នេះលោកលួចកាច់ផ្ការបស់គេផង។ មិនបាច់ជូនខ្ញុំទៅផ្ទះទេ ជូនទៅប៉ុស្ត៍វិញ ឱ្យប៉ូលីសចាប់ចោរនេះម្តង។»

«ដាច់ចិត្តដែរ?»

«រឿងអីអត់?»

«ខ្ញុំឃើញអ្នកនាងយកដៃជ្រោងសក់ញឹក ពេលដើរចេញពីជួបប្រពន្ធពូមុតរួច ដូច្នេះហើយទើបខ្ញុំលួចកាច់ផ្កាម្លិះនេះ ដើម្បីឱ្យក្លិនក្រអូបរបស់វាជួយឱ្យអ្នកនាងស្បើយពីភាពតានតឹងខ្លះ។»

ទង្វើរបស់គេកាន់តែធ្វើឱ្យខ្ញុំនឹកដល់វុធ។ ដើម្បីឱ្យខ្ញុំអាចសប្បាយចិត្តបាន រឿងឆ្កួតៗអីក៏វុធអាចធ្វើបានដែរ។ នឹកដល់រឿងទាំងអស់នោះ ខ្ញុំសើចតិចៗដោយមិនដឹងខ្លួន។

«យ៉ាងម៉េចហ្នឹង? នេះអ្នកនាងរំភើបចិត្តនឹងទង្វើរបស់ខ្ញុំមែនទេ? មិនបាច់ប្រាប់ក៏ដឹងដែរ បើញញឹមស្រស់យ៉ាងនេះហើយនោះ។»

ពិសិដ្ឋញញឹមបែបសប្បាយចិត្តក្រោយបញ្ចប់ឃ្លានេះ។ ខ្ញុំមិនយល់សោះ តើគាត់សប្បាយចិត្តរឿងអី? មុននេះ ខ្ញុំរវល់តែនឹកដល់វុធ មិនបានចាប់អារម្មណ៍ថាឃ្លាចុងក្រោយនោះនិយាយពីអីទេ។

ម៉ូតូបរចេញសំដៅទៅផ្ទះខ្ញុំ។ ខ្ញុំឆ្ងល់ណាស់ ម៉េចក៏ពូនេះនៅញញឹមមិនទាន់ឈប់ទៀត?

«យប់នេះចង់ទៅជាមួយខ្ញុំអត់?»

«លោកនិយាយឆ្កួតអីហ្នឹង? កុំឃើញខ្ញុំសហការជាមួយលោក លោកប្រុងមានគំនិតអាក្រក់នោះ។»

«គិតដល់ណាហើយ? ខ្ញុំចង់សំដៅពីបេសកកម្មយប់នេះទេ។»

«បេសកកម្មអី?»

«គឺចាប់ជនសង្ស័យនៅយប់នេះ។ ពេលជួបអ្នកមីងកែវមុននេះ ខ្ញុំព្យាយាមសម្លឹងមើលក្នុងបន្ទប់គាត់។ ខ្ញុំឃើញទូរស័ព្ទស្មាតហ្វូនមួយគ្រឿងកំពុងសាកថ្ម។ បទចម្រៀងរោទិ៍របស់ទូរស័ព្ទនេះគឺបទ Sheep របស់ Lay ។ បទចម្រៀងរោទិ៍អន្តរជាតិទាន់សម័យយ៉ាងនេះ ខ្ញុំគិតថាទូរស័ព្ទប្រាកដជាមិនមែនរបស់អ្នកមីងកែវ ឬពូមុតទេ។ ប្រហែលជាក្មួយទាំងពីររបស់ពួកគាត់ប្រញាប់ពេកភ្លេចយកទូរស័ព្ទនោះទៅជាមួយ។ ខ្ញុំក៏ជឿដែរថា អ្នកដែលទូរស័ព្ទមកពេលនោះគឺពួកគេ។ ដូច្នេះហើយទើបមីងកែវមិនហ៊ានលើកទទួល។»

«ប៉ុណ្ណឹងអាចនាំទៅដល់ការចាប់ជនសង្ស័យបានដែរ?» ខ្ញុំសួរគេបញ្ជាក់។

«មីងកែវនិយាយថា ពួកគេមកស្នាក់នៅជាមួយគាត់ជិតមួយខែហើយតែមិនទាន់រកការងារបានទេ។ បើគេត្រូវរត់ចេញទៅឆ្ងាយពួកគេប្រាកដជាត្រូវការលុយជាចាំបាច់។ ខ្ញុំជឿថាមីងកែវប្រាកដជារកវិធីយកលុយឱ្យពួកគេនៅយប់នេះ។»

«គាត់អាចផ្ញើលុយតាមភ្នាក់ងារវេរលុយបានតើ មិនចាំបាច់ពិបាករកវិធីផ្សេងឡើយ។»

«សូម្បីទូរស័ព្ទដៃក៏គេមិនបានយកទៅផង ប្រាកដជាមានរបស់សំខាន់ដទៃទៀតដែលមិនអាចផ្ញើបាន។ ជនសង្ស័យពេលនេះប្រាកដជាអន្ទះអន្ទែង មិនអាចចាំយូរទៀតបានទេ។ យប់នេះ យើងតាមដានអ្នកមីងកែវ ប្រាកដជាចាប់បានក្មួយគាត់ទាំងពីរនាក់។»

ម៉ូតូឈប់ង៉ក់!

«លោកឈប់ម៉ូតូធ្វើអី?»

«ដល់មុខផ្ទះអ្នកនាងហើយតើ!»

មុននេះ ខ្ញុំស្តាប់គាត់ឡើងស្លុងភ្លេចខ្លួនថាដល់ផ្ទះបាត់។ ខ្ញុំចុះពីលើម៉ូតូដើរចូលផ្ទះទាំងមិនលាគេមួយម៉ាត់។

«សម្រេចថាយប់នេះទៅជាមួយខ្ញុំអត់? កុំបារម្ភ ធានាសុវត្ថិភាពជូន១០០%។»

ខ្ញុំបែរខ្នង ងក់ក្បាល ញញឹមដាក់គេមួយជំនួសឱ្យការឆ្លើយយល់ព្រម។

«ស្នាមញញឹមប្រហារបេះដូងខ្ញុំហើយ។»

ខ្ញុំសែនក្នាញ់នឹងពាក្យសម្តីរបស់គេ។ តែណ្ហើយ ដើម្បីវុធខ្ញុំទ្រាំសិនចុះ។ គេបញ្ឆេះម៉ូតូជិះត្រលប់ទៅវិញ។ ខ្ញុំចូលផ្ទះ រៀបចំខ្លួនសម្រាប់បេសកម្មយប់នេះ។

មានភាគបន្ត…