រឿង៖ របស់មានម្ចាស់

ខ្ញុំភ្ញាក់ពីគេងបើកភ្នែកព្រឹមៗឃើញពិដានពណ៌ស

រាងប្លែកចិត្តបន្តិចតែកើតចិត្តនឹកឃើញមកវិញថាខ្លួនមិននៅផ្ទះទេ។ ខ្ញុំនិងមិត្តបីនាក់ទៀតគេងផ្ទះមេភូមិព្រោះជាប់ចុះបេសកកម្មស្ម័គ្រចិត្តសម្ភាសអ្នកភូមិពីការចិញ្ចឹមសត្វ ។

មើលទៅមេឃមិនទាន់ភ្លឺត្រឹមត្រូវខ្ញុំបិទភ្នែកវិញ ដៃរាវរកភួយដណ្តប់គេង រាវឆ្វេងស្តាំមិនប៉ះភួយប៉ះតែធូលីប្រឡាក់ពេញដៃ។ ខ្ញុំមានអារម្មណ៏ថានៅលើគ្រែមួយដែលរង្គើមិននៅលើពូកទន់ដែលខ្លួនបានគេងដូចពីយប់ទេ ខ្ញុំបើកភ្នែកបញ្ឈប់ខ្លួនឯងពីការងោកងុយស្ទុះក្រោកវឹង វ៉ាលី ភួយខ្នើយ ពួកម៉ាកខ្ញុំបាត់ទៅណាអស់ បន្ទប់នេះក្លាយជាទទេរស្អាតមានតែគ្រែទ្រុឌទ្រោមមួយដែលគ្នាបានគេងអម្បាញ់មិញ។

ខ្ញុំរឹតតែស្វាងពីងងុយ រវាសរវៃរេភ្នែករកបង្អួចចង់មើលទៅក្រោម គ្មានបង្អួចទេជំនួសដោយស្លាបព្រិលតូចៗនៅខាងលើខ្ពស់។ កាំរស្មើព្រះអាទិត្យ ជះពន្លឺចាំងយ៉ាងស្រទន់តាមស្លាបព្រិល ជញ្ជាំងបន្ទប់នេះក្រវេមក្រវាមសុទ្ធតែដី។

ខ្ញុំដើរញាប់ជើងទៅបើកទ្វារចេញពីបន្ទប់កខ្វក់នេះ។ ក្រោយទាញទ្វារចំហ ខាងក្រៅបន្ទប់មានតែពន្លឺបំភ្លឺតិចៗចេញពីស្លាបព្រិល។ ខាងមុខបន្ទប់នេះលែងមានបន្ទប់អ៊ំមេភូមិទៀតហើយ មានតែជញ្ជាំងទទេរ ខ្ញុំងាកឆ្វេងស្តាំយ៉ាងប្រុងប្រយ័ត្ន ខាងឆ្វេងដៃមានជញ្ជាំងខណ្ឌ។ ផ្ទះនេះទំនងបានគេទុកចោលយូរដូចមិនមានមនុស្សនៅ សភាពផ្ទះនេះមិនមែនជាផ្ទះថ្មស្រស់ស្អាតរបស់មេភូមិដែលទើបពីសុំស្នាក់នៅដូចកាលពីល្ងាចម្សិលទេ។

“គុន!គុន…ឮខ្ញុំហៅទេ ភា…មុំ… អ្នកទាំងអស់គ្នាទៅណាអស់ហើយ?”

ឮតែសំឡេងខ្លួនឯងខ្ទរមកវិញខ្ញុំកាន់តែភ័យ។ខ្ញុំបន្ដដើរលបៗឃើញមានជណ្ដើរមួយចំកណ្ដាលផ្ទះចុះទៅក្រោយ វាមានមកពីណា បើល្ងាចមិញឡើងតាមមុខសោះហ្នឹង? ដោយគ្មានជម្រើសខ្ញុំក៏ចុះតាមជណ្តើរនេះទៅរកផ្លូវចេញ នៅក្រោមអំពូលម៉ែត្រចាស់មិនមែនអំពូលចរណៃក្នុងផ្ទះនេះឡើយ អ្វីៗដែលបានឃើញល្ងាចម្សិលនិងពេលនេះខុសពីគ្នាដាច់ស្រឡះ ខ្ញុំកាន់តែប្រាកដចិត្តឡើងថានេះមិនមែនផ្ទះអ៊ំមេភូមិទេ  ជុំវិញសុទ្ធតែសំបុកពីងពាងប្រទាក់គ្នា ជញ្ជាំងកាន់ដីក្រឡាក់កខ្វក់កណ្តៀរឡើងពេញ។

ចុះមកដល់ក្រោមឃើញមានធូលីដីក្រាសខ្មឹកលើការ៉ូដូចគ្មានអ្នកសម្អាតមកជាយូរ។ ទីនេះគ្មានដានជើងមនុស្សលើធូលីទាំងអស់នេះទេ? មិនធ្លាប់មានមនុស្សមកទីនេះទេ? មកដល់ក្រោមខ្ញុំទទួលអារម្មណ៍ថាពិតជាត្រជាក់ល្ហឹមដូចនៅកណ្តាលព្រៃ។ ក្នុងសភាពស្ងាត់ជៀបឮតែសំឡេងដង្ហើមដង្ហក់ខ្លួនឯង ខ្ញុំលើកដៃដែលត្រជាក់ដូចទឹកកកច្បូតមុខខ្លួនឯងឱ្យស្វាង ខាងក្រោមនេះក៏គ្មានអីក្រៅពីមានទ្វារបន្ទប់២នៅខាងក្រោយជណ្តើរដែលនៅមិនឆ្ងាយប៉ុន្មាន។

ពេលនោះស្រាប់តែឮសំឡេងងឺត…អូសបន្លាយយ៉ាងវែង ទ្វារមួយរបើកដោយឯកឯង។ ខ្ញុំនៅតែបន្ដហៅមិត្តភក្តិស្រីៗ៣នាក់ទៀត តែគ្មានអ្នកឆ្លើយសោះ។ ទោះខ្ញុំនេះជាមនុស្សស្រីកើតក្នុងរូបរាងជាមនុស្សប្រុស ខ្ញុំធ្លាប់ជាមនុស្សមិនចេះខ្លាចពពួកខ្មោចព្រាយដូចបុរស តែពេលនេះរូបភាពខ្មោចគ្រប់សណ្ឋានគ្រប់បែបដែលខ្ញុំធ្លាប់មើលនៅក្នុងរឿង បានរំឮកមកវិញបំផុសពេញការចង់ចាំរបស់ខ្ញុំអស់ហើយ។

ចូលដល់ក្នុងបន្ទប់នេះមានតែ ទូរបាក់បែកនិងមានកូនគ្រែមួយសម្រាប់ទ្រចានឆ្នាំងហ៊ុមព័ទ្ធដោយធូលីដី

“មានបង្អួច?” ខ្ញុំអរភើតសំដៅទៅបង្អួចដោយក្តីសង្ឃឹម

“ច្រាច!!!”

ខ្ញុំរហ័សងាកទៅប្រភពសំឡេងនៅក្បែរខ្លួន គ្រែស្រុតបាក់ ចានឆ្នាំងទង្គិចគ្នាបែកខ្ចាយទាំងមិនបានប៉ះ ខ្ញុំកាន់តែញ័រខ្លួនដូចកូនសត្វ តែខ្ញុំមិនប្តូរទិសដៅប្រញាប់បើកគន្លឹះបង្អួចរុញអស់កម្លាំងកូនប្រុស។ ខ្ញុំរុញបណ្តើរស្រែកហៅជំនួយបណ្តើរទោះវាមានចម្រឹងដែកខ្ញុំមិនអាចលោតផ្លោះទៅក្រៅបានយ៉ាងហោចណាស់ក៏បានហៅគេជិតនេះមកជួយបានដែរ។

ទីបំផុតបង្អួចរបើក នៅខាងក្រៅសុទ្ធតែគុម្ពឬស្សីទីនេះពិតជាក្នុងព្រៃឬស្សី ទាំងមិនដឹងថាមកដល់ក្នុងព្រៃដោយរបៀបណា? ម៉េចមានផ្ទះមួយនេះក្នុងព្រៃទៅកើត?

មើលទៅត្រង់នៅមិនឆ្ងាយពីនេះមានមនុស្សដើរទាំងហ្វូង មនុស្សដែលកំពុងភ័យខ្លាចនេះកាន់តែមានកម្លាំងស្រែកហៅពួកគេ តែពួកគេមិនខ្វល់ងាកមកមើលតាមសំឡេងខ្ញុំទេ ពួកគេធ្វើដូចមិនឮសំឡេងខ្ញុំ មើលទៅអ្នកទាំងនោះដើរត្រង់ខ្លួនឆ្កឹងមើលទៅមុខត្រង់ ទោះខំស្រែកស្អកកចង់បែកអាកាសទៅហើយក៏ដោយ។

ខ្ញុំឈប់បន្លឺសំឡេងដែលគ្មានបានការរបស់ខ្ញុំ ដៃកាន់ក្តាប់ចម្រឹងបង្អួចជាប់ អារម្មណ៏បានឱ្យដឹងថាដូចមានអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងនោះសម្លឹងមកខ្លួន ខ្ញុំរកពិនិត្យមើលឃើញមនុស្សស្រីម្នាក់អាយុប្រហែល២០ឆ្នាំស្របាលខ្ញុំដែរ នាងពាក់អាវខ្មៅសំពត់ខ្មៅឈរថ្មឹងមើលមកកាន់ខ្ញុំ។ ខ្ញុំនេះមានសង្ឃឹមឡើងរេដៃទៅក្រៅបង្អួចផ្តល់សញ្ញាហើយស្រែក “ជួយផង ជួយខ្ញុំផង ខ្ញុំជាប់នៅទីនេះ “។

មួយរំពេចខ្យល់បោកមួយវឹប ធូលីដណ្តើមគ្នាចូលពេញភ្នែក ខ្ញុំបិទភ្នែកស្ងប់ខ្យល់បើកភ្នែកមកវិញស្រាប់តែវ៉ាកអឺ មនុស្សស្រីឈុតខ្មៅនោះឈរនៅក្រៅបង្អួចទល់មុខខ្ញុំជិតបង្កើយ ខ្ញុំស្រែក ស្ទុះវឹង ចេញពីគ្រែ

“នេះកើតអី កាវី យល់សប្តិអាក្រក់អីហ្អា ស្រែកដូចឃើញខ្មោច”

មិត្តភ័ក្តិស្រីឈ្មោះគុនសួរ ពីរនាក់ស្រីៗទៀតក៏ស្រឡាំងកាំងនឹងសកម្មភាពរបស់ខ្ញុំ។

“ប្លែកកន្លែងចឹងហើយ ដេកអត់ស្ងប់ យល់សប្តិអាក្រក់”

ស្រីភាក៏និយាយតាមទម្លាប់ស្ងប់ស្ងាត់របស់នាង

“ពួកឯងស្រីៗចុះទៅចាំក្រោមសិនទៅ ចាំខ្ញុំទៅតាមក្រោយ”

មិត្តភ័ក្កិចុះទៅអស់ ខ្ញុំនេះយករបស់ម្យ៉ាងដែលទើបពីរើសបាននៅក្រោមពូកកាលពីមកដល់ល្ងាចមិញ ចេញពីកាតាបអីវ៉ាន់យកមកពិនិត្យពិច្ច័យមើលហើយដាក់ចូលក្នុងកាតាបវិញយ៉ាងប្រុងប្រយ័ត្ន។

ពេលធ្វើដំណើរសំដៅផ្ទះអ្នកភូមិមានចិញ្ចឹមសត្វ យើងបំបែកគ្នាពីរក្រុម គុននិងមុំទៅម្ខាង ខ្ញុំនិងភាមកម្ខាង ស្រាប់តែឃើញមានតាចាស់ភ្នែកក្រហមម្នាក់ឈរនៅចិញ្ចើមផ្លូវសម្លឹងមកពួកខ្ញុំមិនដាក់ភ្នែក មុខគាត់ជ្រើញជ្រួញមែន តែមើលទៅគាត់សម្លឹងមកកាចណាស់។

ខ្ញុំក៏មិនចង់ងាកភ្នែកមើលសភាពរបស់គាត់ក៏ជិះហួស មកដល់ផ្ទះអ្នកមានចិញ្ចឹមសត្វគិតថាលែងបានជួបមនុស្សសម្លឹងខ្ញុំដូចម្ចាស់កម្មពារនោះហើយ ដឹងអីស្រាប់តែតាចាស់រូបរាងស្រមេមស្រមាមនោះបង្ហាញខ្លួនឡើងចំផ្ទះខ្ញុំចូលមកនេះ។ ខ្ញុំភ័យស្ទើរលស់ព្រលឹងស្លាប់ តែគាត់នៅតែសម្លឹងមកខ្ញុំដូចមានគំនុំជំពាក់គ្នារាប់ពាន់ជាតិ ទាំងខ្ញុំនេះមិនធ្លាប់ស្គាល់គាត់សោះ ឬគាត់ដឹងថាខ្ញុំមិនចូលចិត្តរូបរាងគាត់មិនដឹង។

“ចេញទៅ” គាត់ស្រែកដាក់ខ្ញុំ តានេះចាស់មែនតែសំឡេងមានកម្លាំងណាស់

សោភានិងខ្ញុំងីងើ។ ពួកខ្ញុំចេញមកវិញចូលផឹកទឹកអំពៅរអ៊ូពីជនចំណាស់ចម្លែកនេះ

“តាចាស់នេះឆ្កួតទេដឹង? គេមិនទាន់និយាយអីផងស្រែកដេញគេ ដូចគេទៅលួច ឆ្កួតមែនដូចមនុស្សឆ្កួត ខ្ញុំមិនចូលចិត្តតាហ្នឹងតាំងឃើញឈរសម្លក់ពួកយើងនៅតាមផ្លូវម៉្លេះ ស៊យអីចូលចំផ្ទះមនុស្សអត់គ្រប់នេះទៀត កុំឱ្យជួបទៀតមនុស្សធុនហ្នឹង កុំឱ្យជួបទៀតៗៗ”ខ្ញុំស្រែករអ៊ូ យកដៃវៃភ្លៅខ្លួនឯង

“តាំងពីយើងមកដល់មិនមែនតែរឿងមួយហ្នឹងទេ នេះឯងមានឃើញដូចយើងឃើញអត់ គឺផ្ទះអ៊ំមេភូមិហ្នឹងណា យើងឃើញមានរូបថតមនុស្សស្រីម្នាក់ស្របាលពួកយើងនៅពីក្រោយជើងធូក ដុតទៀនភ្លុងៗដូចមនុស្សទើបស្លាប់ថ្មីៗ” សោភាឱនមកនិយាយខ្សឹបៗ

“ខ្ញុំគិតថាភូមិនេះចម្លែកៗយ៉ាងម៉េចទេ នេះតិចដូចក្នុងរឿង គឺរឿងគេចុះបេសកម្មដូចពួកយើងហើយ ខ្មោចនាំចូលចំភូមិខ្មោចនោះអី”

“ឡប់អស់ហើយ កុំចេះតែស្រមៃអត់ប្រយោជន៏រឿងបែបនោះមានតែក្នុងរឿងព្រេងទេ ហើយខ្ញុំថា គាត់នោះមិនដេញយើងទេដឹង?”

“នែ! សោភាដេញអ្នកណាទៀតបើមានតែគ្នាយើងបួននាក់ ឯងចង់ថាតានោះដេញខ្មោចមួយតាមខ្លួនឯងនោះមែន ហាសហា” បានខ្ញុំនិយាយត្រូវរឿងវាសម្លក់ខ្ញុំ

“ខ្មោចតាមស្អី តាមឯងមិនគិត ឯងនេះកុំចេះតែដៃដល់ មាត់ដាច លើទឹកដីគេផងកុំចេះតែប្រមាថ ឯងនៅចាំបានរឿងកាលឆ្នាំមុនទេ? ពួកយើងចុះទៅកំរៀងនោះអី មីកាវីឯងមាត់អត់គិតគេវៃពស់មិនទាន់អីផង ឯងស្រែក ស្ងោរជ្រក់ៗ ដល់យប់ឡើង អ្នកនោះចូលអ៊ីម្ចាស់ផ្ទះស្រែកឡូឡាផ្អើលគេមួយភូមិ”

“អើយ! បានហើយៗទៅគ្នាសុំទោសៗ កុំរម្លឹកទៀតគ្នាព្រឺសម្បុរណាស់នៀក”

“មនុស្សលោភលន់នាំទុក្ខដាក់តែខ្លួនឯង របស់គេនៅតែជារបស់គេ របស់គេមានម្ចាស់គេនឹងតាមយកវិញមិនខាន” អ៊ំស្រីម្នាក់អាយុស្របាល៤០ប្លាយដើរមកអង្គុយតុជាមួយពួកយើងហើយរអ៊ូរងូវៗ ហើយបន្ដចោលសំណួរ

“ពួកឯងនៅផ្ទះតាសឿនមែនទេ?”

“តាសឿនណា ខ្ញុំនៅផ្ទះមេភូមិទេតើ នៅតែបីថ្ងៃទៅភ្នំពេញវិញហើយ” ស្រីភានិយាយឡើង

“ផ្ទះគាត់ហ្នឹងហើយ ពួកឯងដឹងទេផ្ទះនោះតែងមានរឿងចម្លែកៗកើតឡើង”

“រឿងចម្លែក?”

ពួកយើងខិតជិតគ្នាស្ដាប់យ៉ាងយកចិត្តទុកដាក់

“ ព្រឹកឡើងបង្អួចចំហខ្លួនឯង ចានឆ្នាំងរប៉ាត់រប៉ាយ កញ្ចក់ប្រេះបែក នៅមានរឿងមួយទៀតគឺ”

ពួកខ្ញុំឱនក្បាលកាន់តែជិតគាត់

“គឺ ក្មួយតាសឿនធ្លាក់ស្លាប់ទាំងយប់”

“រកមូលហេតុឃើញទេអ៊ំ?”

“តំបន់នេះពីមុនជាព្រៃត្រូវបានកាប់ឆ្ការ ផ្ទះនេះសង់លើផ្នូររបស់មនុស្សជំនាន់មុន ផ្នូរខ្លះត្រូវគេកោះប្ដូរកន្លែង ផ្នូរខ្លះក៏នៅ។ កាលពីនាងនោះធ្លាក់ស្លាប់ខ្ញុំប្រមើលឃើញ ក្មេងនេះរើសបានរបស់នៅក្រោយផ្ទះ ហើយយកធ្វើជាកម្មសិទ្ធិត្រូវបានម្ចាស់គេតាមយាយីរហូតដល់ស្លាប់”

“របស់នោះជាអី?”

“កងដៃ”

ខ្ញុំបុកពោះភឹប!

“មុខឯងស្លេកម្ល៉េះអាវី” សោភាមើលមុខខ្ញុំភ្លឹះៗ

“គឺ…គឺ អត់អីទេ”

ខ្ញុំញ័រដៃជើងគិតអ្វីមិនចេញ កាលមកដល់ដំបូងខ្ញុំក៏បានឃើញកងដៃមួយនៅក្រោមកម្រាសពូក ខ្ញុំបានយកវាដាក់ក្នុងកាតាបមិនឱ្យអ្នកណាដឹងសូម្បីមិត្តភក្ដិខ្ញុំ។ រឿងចួនគ្នាម្ល៉េះ កងដៃម៉េចហ្នឹងអាចមានតែមួយ របស់ខ្ញុំរើសបានមិនមែនជារបស់ខ្មោចទេដឹង បើមែននៅក្នុងបន្ទប់នោះយ៉ាងម៉េច ខ្ញុំរហ័សសួរបក

“ហើយឥឡូវកងដៃនោះរសាត់ទៅដល់ទីណាហើយអ៊ំ”

“នៅក្នុងផ្ទះនោះដដែល គ្មានអ្នករកឃើញឡើយ”

“រកមិនឃើញម៉េចដឹងថាជាកងដៃ?”

“មនុស្សលោភលន់នឹងឃើញវាបង្ហាញខ្លួន ហើយប៉ុនប៉ងយកវាជាកម្មសិទ្ធិនឹងត្រូវមានគ្រោះដល់ជីវិតមិនខាន។ ពួកឯងត្រូវប្រយ័ត្នពួកឯងមានចំហាយអាក្រក់តាមខ្លួនហើយ”

មនុស្សមានខ្លួន មិនដែលស្រណុកចិត្តដូចមនុស្សមិនធ្វើអីខុសទេ។ រឿងទីមួយខ្ញុំធ្វើអ្វី? បើប្រាប់អ៊ំស្រីនេះនិងមិត្តភ័ក្ដិថាខ្ញុំក៏បានយកកងដៃនោះដែរ ក៏មិនខុសពីសារភាពថាខ្លួនឯងជាចោរ នៅផ្ទះគេលួចរបស់គេ។ បើលាក់ទុកលទ្ធផលខ្ញុំនឹងទទួលខ្លួនឯង។ ខ្ញុំគួរជឿជននេះទេ ឫគាត់ចេះតែនិយាយបំភ័យ តែភាគរយជឿច្រើនណាស់។

និយាយប្រាប់ស្រីៗនេះក៏ជួយស្អីខ្ញុំមិនបាន បានតែស្ដីឱ្យថែម បើណាត់អ៊ំស្រីនោះនិយាយតែពីរនាក់អាចមានវិធីដោះស្រាយបានយ៉ាង តែចាំស្អែកចាំប្រាប់ក៏មិនទាន់ហួសពេលដែរ សល់ពេលដេកគិតមួយយប់ទៀតសិន។

អ៊ំស្រីនេះទាញកាបូបស្ពាយចំហៀងជាប់ខ្លួនដូចមេឆ្នោត ទម្លាក់ចុះរើរបស់របរជាច្រើនមកដាក់ពីមុខពួកយើង

“ទាំងនេះសុទ្ធតែជាវត្ថុស័ក្តិសិទ្ធិ អាចការពារពួកឯងពីចំហាយអាក្រក់បាន”

ខ្ញុំលូកដៃយកមួយមកពិនិត្យមើល

“អ៊ំចិត្តល្អណាស់ អរគុណអ៊ំ!”

“ទិញម្នាក់មួយទៅ ការពារពួកឯង”

“លក់?”

ភាកេះខ្ញុំធ្វើជាសញ្ញា

“បោកទេដឹង” នាងខ្សឹបៗ

“យើងមិនបោកពួកឯងទេ របស់នេះមិនត្រឹមតែបណ្ដេញគ្រោះទេ ថែមទាំងនាំសំណាងដល់ម្ចាស់ពេញមួយជីវិត”

“សំណាង?” ខ្ញុំភ្លាត់មាត់

“មែនហើយសំណាង លុយហូរចូលដូចទឹក រស់នៅរីករាយ អ្នកផងចូលចិត្ត”

“មួយណាអ៊ំ” ខ្ញុំរហ័សសួរដូចខ្លាចគេដណ្ដើម

“គឺបន្ដោង រូបក្បាលក្របីនេះ”

ខ្ញុំទទួលពីគាត់មកមើល បន្ដោងនេះពណ៌ខ្មៅក្រិប មើលមុខក្របីនេះគួរឱ្យខ្លាចម៉េចមិនដឹង

“កុំយកអីល្អជាង កាវី” សោភានិយាយឡើង

“ម៏! មិនយកទេឱ្យមកវិញ មិនយកតិចលោស្ដាយ”

ខ្ញុំនៅរេរា

“មើលទៅឯងដូចមាននិស្ស័យណាស់ ឥឡូវអ៊ំឱ្យឯងមិនយកលុយទេ ទទួលយកទៅ”

ខ្ញុំទទួលយក អរគុណគាត់ម្ដងហើយម្ដងទៀត។ ពេលអ៊ំនេះដើមចេញទៅបាត់ សោភាមុខក្រញ៉ូវរអ៊ូ

“ចេះតែទទួលកើតដែរ? មិនដឹងរបស់ស្ដីផង ឯងជឿដែរ? វត្ថុស័ក្តិសិទ្ធិគេយកមកលក់បែបនេះ? មិនមែនចេះតែរកឃើញ មិនមែនចេះតែបានៗទេ វត្ថុស័ក្តិសិទ្ធិណា។”

“មិនស្ដាប់ទេ គាត់ថាយើងមាននិស្ស័យ របស់នេះនឹងនាំសំណាងដល់យើង”

“បើនាំមែនគាត់ម៉េចឱ្យ? មិនទុកខ្លួនឯង? យើងថាគាត់ចម្លែកណាស់”

“ចម្លែកមិនដល់តាចាស់រូបរាងអាក្រក់ពីព្រឹកទេ ភា”

សោភានៅតែមិនអស់ចិត្ត សួរអ៊ីលក់ទឹកអំពៅពីអ៊ំម្នាក់អម្បាញ់មិញ

ចម្លើយគាត់ធ្វើឱ្យពួកយើងបើកភ្នែកធំៗ

“មិនដែរឃើញ គាត់ទេ គាត់មិនមែនអ្នកក្បែរនេះទេ”

មកដល់ភ្លាមនៅចំផ្ទះ មនុស្សទើបស្លាប់ថ្មីៗ ព្រឹកឡើងជួបមនុស្សសតិមិនប្រក្រតី ឥឡូវមានស្រ្តីចំណាស់បង្ហាញខ្លួនយកបន្ដោងចម្លែកនេះមកឱ្យទៀត សោភានៅតែមិនស្រណុកចង់ឱ្យខ្ញុំតាមរកស្រ្តីនោះនិងប្រគល់បន្ដោងនេះទៅម្ចាស់ដើមវិញ តែខ្ញុំមិនយល់ស្របទេ ទោះក្នុងចិត្តក៏រាងចម្លែកដូចនាងក៏ដោយ។

យប់នេះកំពុងដេកសុខៗ ខ្ញុំស្រាប់តែងើបពីគេងទាំងកណ្ដាលយប់ ដើរចេញពីបន្ទប់ចុះទៅក្រោមតែម្នាក់ឯង ទាំងមិនដឹងខ្លួនថាទៅណា។ ខ្ញុំចង់ទៅបន្ទប់វិញតែខ្ញុំមានអារម្មណ៏ថាបញ្ជាខ្លួនឯងមិនបានសោះ នេះខ្ញុំកើតអីទៀតហើយ?

ខ្ញុំកាន់តែដើរៗដល់មាត់បឹង ខ្ញុំមើលឃើញបឹងដោយសារពន្លឺព្រះចន្ទ ខ្ញុំចង់ស្រែកហៅសោភា ស្រីគុន ខ្ញុំចង់ស្រែកហៅគេជួយណាស់ តែទីនេះស្ងាត់គ្មានមនុស្សសោះ ហើយខ្ញុំមិនអាចងាកខ្លួនបាន តែជើងខ្ញុំចេះតែបន្ដទៅមុខ។

បាតជើងខ្ញុំប៉ះដីភក់ នេះស្លាប់ហើយខ្ញុំដើរចូលទឹក ដោយមិនដឹងអី ខ្ញុំចង់រត់ឡើងច្រាំងវិញ ខ្ញុំខ្លាចណាស់ខ្ញុំចង់ទៅផ្ទះ តែខ្លួនខ្ញុំនៅតែមិនអាចងាកបាន ជើងកាន់តែបោះជំហានទៅមុខ នេះទឹកក៏ដល់ចង្កេះខ្ញុំហើយ។ កំពុងតែប្រទាញប្រទង់ជាមួយខ្លួនឯងយ៉ាងលំបាកស្រាប់តែមានដៃអ្នកណាបីបួនត្រជាក់ល្អូកចាប់ទាញខ្ញុំពីក្រោយខ្នងខ្ញុំ។ ខ្ញុំដួលក្នុងទឹកប្រូង ពន្លឺភ្នែកចុងក្រោយរបស់ខ្ញុំឃើញថាអ៊ំមេភូមិនៅចំពោះមុខ ព្យាយាមចាប់អូសខ្ញុំបញ្ច្រាសទឹក។

ដឹងខ្លួនមកវិញខ្ញុំមិនមែននៅក្នុងមន្ទីរពេទ្យទេ គឺបើកភ្នែកឡើងឃើញដំបូលក្បឿង ពីងពាងព័ទ្ធប្រទាក់គ្នាខ្ញុំភ័យណាស់ ស្ទុះងើបវឹងមក គឺឃើញមានមិត្តខ្ញុំទាំងអស់នៅទីនេះជាមួយ អ៊ំមេភូមិ ក្មេងប្រុសមិនស្គាល់ម្នាក់ និងម្នាក់ទៀតគឺ តាចាស់សតិមិនល្អម្នាក់ដែលពួកខ្ញុំជួបកាលពីព្រឹក មើលទៅពេលនេះគាត់មិនមែនស្រមេមស្រមាម ដូចអ្នកសុំទានពីមុននេះទេ តែមើលទៅគាត់ពេលនេះដូចមនុស្សដែលគ្រប់គ្នានៅទីនេះកំពុងត្រូវការជំនួយពីគាត់ រួមទាំងខ្ញុំដែរ? ពួកគេមិនមាត់មិនស្ដី តែអ្វីខ្ញុំឃើញមុនគេលើជើងពានមុខមនុស្សចាស់នេះគឺ កងដៃមាស និងបន្ដោងក្បាលក្របីខ្ញុំ?

“ម្ចាស់គេ តាមឯងមិនឃ្លាតមួយជំហានទេអាវ៉ា”

ខ្ញុំឮពាក្យនេះដំបូងគេបន្ទាប់ពីសន្លប់មិនដឹងប៉ុន្មានម៉ោង ពីមាត់មនុស្សចាស់នេះ ខ្ញុំចាប់ផ្ដើមភ័យជាថ្មី។ ខ្ញុំគិតហើយគិតទៀតអ្នកណាយកកងដៃនោះចេញពីកាតាបខ្ញុំ ខ្ញុំរអៀសខ្លួន ហើយខ្មាស

“លោកគ្រូ មានវិធីជួយក្មេងទាំងនេះទេ ខ្ញុំជឿលើលោកគ្រូ លោកគ្រូជួយពួកគេផងទៅ”

អ៊ំមេភូមិស្រាប់តែអង្វរមនុស្សនេះ ឱ្យជួយពួកខ្ញុំ? ទាំងខ្ញុំនេះមិនចូលចិត្តគាត់សោះហើយនាំគ្នាអង្គុយនិយាយដើមគាត់ពេញមួយព្រឹក?

មនុស្សចាស់នេះមិននិយាយអ្វីឡើយគិតតែអង្គុយសម្មាធិយ៉ាងយូរ

កងដៃនេះខ្ញុំឃើញនៅក្រោមពូកដែលខ្ញុំសម្រាកក្នុងផ្ទះមេភូមិ តែមេភូមិនេះនៅតែអះអាងថាកងដៃនេះគាត់មិនធ្លាប់ឃើញ មិនមែនជាទ្រព្យរបស់គ្រួសារលោក។

“លោកតាអើយ  បើឱ្យកងដៃនេះទៅវិញខ្មោចនោះលែងតាមខ្ញុំលែងមកពន្យល់សប្តិខ្ញុំទៀត  ខ្ញុំក៏មិនចង់បានទៀតដែរ”

បើខ្ញុំសារភាពប្រាប់អ៊ំស្រីនោះពីល្ងាចមិនមែននាំទុក្ខស្ទើររបូតជីវិតបែបនេះដែរ។

“បើឯងមិនលោភលន់ឯងមិនពិបាកខ្លួនដូចនេះដែរ គ្រោះជាន់គ្រោះ! បន្ដោងនេះក៏ត្រូវគេនាំមកដើម្បីរំដោះគ្រោះពីអ្នកមុន កងដៃនេះក៏ម្ចាស់គេតាមមកព្យាបាទ” គ្រូចានិយាយឡើង

បន្ទាប់មកតាចាស់ស្រមេមស្រមាមម្នាក់នេះ មិនមែនទេគឺលោកគ្រូចា គ្រូផ្លូវងងឹតប្រចាំស្រុកម្នាក់នេះរៀបចំពិធីបណ្ដែតកងដៃមាសនោះនិងរបស់របរជាច្រើនទៀតតាមខ្សែទឹក។

សោភាកាន់បន្តោងខ្សែកមរតកជីតានាងជាប់ហើយនិយាយថា កាលយប់មិញនាងឮសំឡេងអ្នកណាម្នាក់ស្រែកប្រាប់ថា គេទៅហើយៗ ទើបនាងក្រោកម្នីម្នាមើលតាមបង្អួចឃើញខ្ញុំដើរចូលព្រៃម្នាក់ឯងក៏នាំគ្នាទៅរកក៏ប្រទះឃើញខ្ញុំកំពុងចុះទឹកនោះ។

“មេភូមិឱ្យផ្ទះយើងនៅ យើងលួចកងដៃពីផ្ទះគាត់នាំឱ្យមានបញ្ហា យើងទទួលវត្ថុមិនដឹងប្រវត្តិពីជនចម្លែកមកដាក់ជាប់ខ្លួនព្រោះចង់បានសំណាងល្អក៏ត្រូវគេបោកនាំគ្រោះស្ទើរដើរចូលទឹកលង់ស្លាប់ តាចាមនុស្សស្រមេមស្រមាមយើងមិនចូលចិត្តនោះបែរមកជួយយើង នេះកម្មអ្វីទេសំណាងអាក្រក់ដល់ហើយ ផ្ទួនៗគ្នាកើតឡើងតែលើខ្ញុំ”

“សំណាងអាក្រក់? កើតឡើងមកតែពីឯងប៉ុណ្ណោះ កាវី ឯងមិនយល់ទៀត? គឺមកពីភាពលោភលន់របស់ឯងហ្នឹងហើយ លទ្ធផលចុងក្រោយឯងអ្នកទទួលខ្លួនឯង”៕

ចប់