រឿង៖ ម្ចាស់សារសម្ងាត់ ភាគ៦(ភាគបញ្ចប់)

ខ្ញុំស្ទើរស្លុតស្មារតី នៅចំពោះមុខអ្វីដែលបានឃើញ អ្វីដែលបានឮ ខ្ញុំភាំងព្រោះតែពាក្យពេចន៍ដែលអ្នកវុធនិងភារុណបានជជែកគ្នាក្នុងឆាតមិនមែនជាការឈ្លោះគ្នាធម្មតាទេ តែពួកគេបានប្រកាសថានឹងអាចមានម្នាក់ស្លាប់ផង! តើមូលហេតុអី ដែលពួកគេ…? តើរឿងនេះវាយ៉ាងម៉េចវិញ? ហេតុអីបានជាភារុណបែរជាអ្នក…..?

«ធារី! ជាមនុស្សសំខាន់ម្នាក់ដែលស្មើនឹងគ្រប់យ៉ាងនៃជីវិតយើង ដូច្នេះយើងមិនអនុញ្ញាតឱ្យធារីឈឺចាប់ដោយសារឯងម្តងទៀតទេ។»

នេះជាសម្តីរបស់វុធនិយាយទៅកាន់ភារុណ។ នៅមានទៀត…

«ឯងគ្មានថ្ងៃអាចរស់នៅលើលោកនេះទេ បើធារីនៅតែឈឺចាប់ដោយសារគំនិតចង់រៀបការរបស់ឯងនិងនីកាទៀត។»

ខ្ញុំខំប្រឹងអានសារមួយៗរហូតដល់ចប់ ទាំងស្លាក់ចិត្តស្ទើរស្លាប់។ ទឹកភ្នែកខ្ញុំហូរពេលនេះ ព្រោះតែនឹកឃើញដល់វុធដែលល្អដាក់ខ្ញុំដល់ថ្នាក់នេះ។ ខ្ញុំដាក់ទូរស័ព្ទចុះ ផ្អាកអានសារទាំងនេះសិន។ ម្យ៉ាងចង់ឱ្យទឹកភ្នែកដែលយំអាណិតវុធស្រក់ឱ្យអស់ចិត្តសិន។

 ពិសិដ្ឋខលមកខ្ញុំ។ គេគ្រាន់តែឮថាខ្ញុំកំពុងយំ ក៏ប្រញាប់ប្រញាល់មកភ្លាម។ មិនដឹងថាគេបើកម៉ូតូលឿនយ៉ាងណាទេ តែមួយភ្លែតសោះ គេមកដល់បន្ទប់ខ្ញុំភ្លាម។

រកតែគេអង្គុយចុះស្រួលបួលមិនទាន់ ខ្ញុំបង្ហាញឆាតរបស់ភារុណនិងវុធឱ្យគេអាន។ គេអានចប់…

«ធារីឈប់បន្ទោសខ្លួនឯងទៅ! យ៉ាងណារឿងទាំងនេះវាបានកើតឡើងរួចទៅហើយ។ បើទោះជាធារីនៅបន្តបន្ទោសខ្លួនឯងទៀត ក៏មិនអាចកែប្រែអ្វីបានដែរ។» គេនិយាយលួងលោមខ្ញុំដោយសំឡេងស្រទន់។

«តែខ្ញុំពិតជាមិនយល់សោះ! ហេតុអី? ហេតុអីភារុណសម្លាប់វុធព្រោះតែពាក្យគំរាមតូចមួយ?»

«មនុស្សយើងមានពេលខ្លះធ្វើរឿងដែលខ្លួនឯងមិនដែលតាំងចិត្តព្រោះតែការគិតខុសមួយពេល។ ភារុណប្រាកដជាស្តាយក្រោយណាស់ហើយ ទើបក្រោយពីគេសម្លាប់វុធរួច គេក៏ប្រែទៅជាល្អជាមួយធារីវិញ។»

«តែខ្ញុំមិនត្រូវការទេ! ខ្ញុំមិនត្រូវការឱ្យគេល្អនឹងខ្ញុំទេ។ ខ្ញុំត្រូវការវុធ។»

ខ្ញុំនិយាយបណ្តើរ យំបណ្តើរ។ ហេតុអ្វីខ្ញុំត្រូវមកជួបរឿងទាំងនេះ។ ព្រះជាម្ចាស់ បើចង់ដាក់ទោស ដាក់ទោសមកលើខ្ញុំតែម្នាក់បានហើយ។ វុធ! ខ្ញុំសុំទោស គឺមកពីខ្ញុំ។ ខ្ញុំទើបជាឃាតកៈពិតដែលសម្លាប់វុធ។

ពិសិដ្ឋកាន់ដៃខ្ញុំ។ គាត់និយាយពាក្យជាច្រើនលួងលោមខ្ញុំ។ បើគ្មានគាត់នៅក្បែរខ្ញុំនាពេលនេះទេ ខ្ញុំប្រហែលជាធ្វើរឿងផ្តេសផ្តាសអីមួយហើយ។ ខ្ញុំមិនអាចឃាត់ខ្លួនឯងឱ្យឈប់គិតថា ខ្លួនជាមូលហេតុដែលធ្វើឱ្យវុធស្លាប់ទេ។

 ស្អែកឡើង ខ្ញុំប្រគល់ភស្តុតាងទាំងអស់នេះឱ្យពូប៉ូលីស ឱ្យច្បាប់ជាអ្នកចាត់ចែងចុះ។ ២ថ្ងៃក្រោយមក ប៉ូលីសបាននាំខ្លួនភារុណទៅសាកសួរ។ តាមរយៈភស្តុតាងដែលយើងមាន និងការធ្វើការដ៏ប៉ិនប្រសប់របស់ប៉ូលីស ភារុណក៏បានសារភាពរឿងគ្រប់យ៉ាង។ វាមិនខុសពីអ្វីដែលខ្ញុំនិងពិសិដ្ឋស្មាននោះទេ។ ភារុណបណ្តោយឱ្យកំហឹងដឹកមុខមួយពេល។ គេបារម្ភខ្លាចវុធនៅបន្តរារាំងការភ្ជាប់ពាក្យរបស់គេនិងនីកា គេក៏រកវិធីទប់ទល់ដោយកម្ចាត់វុធចោល។ ក្រោយពីជ្រុលដៃមួយពេល ភារុណមានវិប្បដ្ឋិសារីយ៉ាងខ្លាំង គេក៏ត្រលប់មកធ្វើល្អនឹងខ្ញុំដើម្បីលុបលាងអំពើបាបដែលគេបានសាង។ គេដឹងថាវុធស្រលាញ់ខ្ញុំណាស់ មានតែមកបំពេញអ្វីដែលវុធត្រូវការទើបអាចប៉ះប៉ូវដល់ព្រលឹងរបស់វុធបាន។

«ព្រហ្មលិខិតពិតជាលេងសើចជាមួយពួកយើងជ្រុលពេកហើយ។»

ខ្ញុំដឹងថាខ្ញុំមិនគួរបន្ទោសព្រហ្មលិខិតទេ តែបើមិនបន្ទោសលោក ខ្ញុំប្រាកដជាបន្ទោសខ្លួនឯងមិនឈប់។ វុធ! ឱ្យខ្ញុំសុំទោសម្តងទៀត។ ពេលនេះ សូមឱ្យវិញ្ញាណក្ខន្ធរបស់វុធទៅកាន់សុគតិភពចុះ។ ឃាតកៈដែលសម្លាប់វុធត្រូវបានដាក់ទោសតាមផ្លូវច្បាប់ហើយ។ សូមវុធទៅឱ្យបានស្ងប់ចុះ។

ថ្ងៃនេះក្រុមប៉ូលីសនាំភារុណទៅពន្ធនាគារ។

«ធារី! តើឯងមិនទៅមើលមុខមនុស្សដែលឯងធ្លាប់វក់ស្រលាញ់កាលពីមុនទេ?»

ខ្ញុំសួរបេះដូងខ្លួនឯង។ ភ្លាមៗវាក៏ឆ្លើយថា បើខ្ញុំទៅ ខ្ញុំមិនអាចទប់ចិត្តបានទេ ខ្ញុំប្រាកដជាសម្លាប់គេនៅទីនោះមិនខាន។

«ទីង! ទីង!»

សំឡេងសារអនាមិកលោតឡើង។ ចិត្តខ្ញុំក៏ឈប់គិតលើភារុណ។ ខ្ញុំពិតជាចង់ដឹងណាស់ តើអ្នកណា? អ្នកណាជាអ្នកជួយខ្ញុំបំបែកករណីឃាតកម្មនេះ?

«៨៩»

នេះជាលេខដែលម្ចាស់សារនោះផ្ញើមក។ ៨៩? ឬក៏ជាផ្ទះលេខ៨៩ដែលនៅជាយក្រុងនោះ? នៅមានរឿងអីទៀតដែលខ្ញុំមិនទាន់បានដឹងមែនទេ? ឬមួយក៏ម្ចាស់សារនេះណាត់ខ្ញុំជួបនៅកន្លែងនោះ? ចម្ងល់ជាច្រើនចាក់ស្រេះក្នុងចិត្តខ្ញុំ។ ខ្ញុំនៅតែសម្រេចចិត្តទៅផ្ទះនោះដើម្បីស្រាយមន្ទិលទាំងអស់នេះ។

ខ្ញុំឈរនៅពីមុខផ្ទះលេខ៨៩ទាំងអារម្មណ៍សោកសៅ។ ស្លាកលេខផ្ទះនេះហើយជួយឱ្យខ្ញុំមានអារម្មណ៍ត្រេកអរក្រោយគេចពីហេតុការណ៍ចម្លែកនៅតាមផ្លូវកាលពីថ្ងៃដែលខ្ញុំមកទីនេះលើកដំបូង។

ខ្ញុំដូចជារារែកចិត្តមិនចង់ឈានជើងចូលទៅក្នុង។ តែទោះជាយ៉ាងណា…ក៏ខ្ញុំត្រូវតែដឹងឱ្យបាន ម្ចាស់សារអាថ៌កំបាំងនោះជាអ្នកណា? គេមានពាក់ព័ន្ធអ្វីជាមួយភារុណ? ហេតុអ្វីក៏គេដឹងរឿងគ្រប់យ៉ាងទាក់ទងនឹងឃាតកម្មនេះ? គេជាមនុស្សលាក់កំបាំងពេកហើយ…ហេតុអ្វីក៏គេប្រាប់ឱ្យខ្ញុំមកកាន់ទីនេះម្តងទៀត?

«ងឺត…!»

សំឡេងទ្វានេះនៅតែដដែល តែខុសត្រង់ថាខ្ញុំលែងមានអារម្មណ៍ខ្លាចដូចមុនទៀតហើយ។ វាខុសប្លែកបន្តិច ពេលនេះគ្មានម៉ូតូបែកកង់របស់ខ្ញុំដាក់ក្បែរនឹងឡានទំនើបរបស់ភារុណទៀតទេ។

ដើរចូលទៅក្នុងផ្ទះ បេះដូងខ្ញុំលោតកាន់តែញាប់ឡើង។ ខ្ញុំស្រាប់តែនឹកដល់ថ្ងៃដំបូងដែលខ្ញុំមកទីនេះ។ ខ្ញុំនឹកដល់កាលដែលភារុណលុតជង្គង់សុំខ្ញុំរៀបការ។ ខ្ញុំនឹកទៀតដល់វេលាដែលខ្ញុំមកទីនេះលើកទីពីរ។ កាលនោះខ្ញុំបានរកឃើញអាថ៌កំបាំងដ៏ធំក្នុងបន្ទប់ដាក់សម្ភារៈ។ 

ដើរគិតៗខ្ញុំមិនដឹងថាខ្លួនឯងបានដើរមកជាន់ទីពីរតាំងពីពេលណា។ ឈានជើងជាន់ធូលីដីក្រាស់នៅលើការ៉ូ ស្នាមម្រាមជើងរត់ដេញតាមខ្ញុំដូចស្រមោល។ ទីនេះនៅតែដដែលវាខុសត្រង់ថា គ្មានផ្កាក្រអូប នឹងគ្មានប៉ោងៗបង្ហោះជុំវិញដូចថ្ងៃនោះទៀតទេ។ ដង្ហើមធំរបស់ខ្ញុំបានដកបញ្ចេញចោល ស្របជាមួយនឹងកម្លាំងខ្យល់ធម្មជាតិដែលបក់ចូលតាមបង្អួច។ ទោះស្លុងចិត្តនឹងអនុស្សាវរីយឈឺចាប់ប៉ុនណាក៏ដោយ ក៏ខ្ញុំនៅតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះខ្ញុំមិនដឹងថាមនុស្សសម្ងាត់ម្នាក់នោះ គេមានបំណងអ្វីឱ្យពិតប្រាកដចំពោះខ្ញុំឡើយ។

ខ្ញុំចាប់អារម្មណ៍ទៅនឹងកម្រាលតុយ៉ាងខ្លាំង។ មិនមែនខ្ញុំឈ្លក់វង្វេងនឹងម៉ូដផ្កាដ៏ប្រណិតរបស់វាទេ តែដូចជាមានរបស់អ្វីម្យ៉ាងដែលកល់នៅក្រោមនោះ។ ខ្ញុំមិនអាចទ្រាំនៅសង្ស័យក៏បើកកម្រាលនោះឡើង។

«កូនសោ!»

ខ្ញុំចាំបានថា ពេលដែលខ្ញុំដាក់ប្រអប់រ៉ូបដែលភារុណឱ្យខ្ញុំនៅលើតុនេះដូចជាគ្មានសោនៅទីនេះទេ តែពេលនេះវាបានបង្ហាញខ្លួនឡើងជាមួយនឹងភាពអាថ៌កំបាំងបំផុត។ តើសោនេះអាចជាតម្រុយបន្ទាប់អាចធ្វើឱ្យខ្ញុំដឹងរឿងអ្វីមួយដែរទេ? វាជារឿងចៃដន់ អាចថាភារុណភ្លេចសោអ្វីនៅទីនេះ ឬក៏ជាចេតនា ដែលម្ចាស់សារអនាមិកនោះចង់បង្ហាញខ្ញុំ?…តើគេ…ខ្ញុំក្រឡេកក្រោយឆាច់។ គ្មានមនុស្សម្នាក់សោះ តែម៉េចក៏ខ្ញុំមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងតែដើរកាត់មុខបន្ទប់នេះ? ខ្ញុំចាប់ផ្តើមវិលវល់ហើយ ដើមទ្រូងរបស់ខ្ញុំលោតផឹបៗដោយភាពភ័យខ្លាច។

«ប្រមូលអារម្មណ៍ឡើងធារី ឯងមិនត្រូវស្លន់ស្លោទេ។» ខ្ញុំនិយាយប្រាប់ខ្លួនឯង។

ខ្ញុំក្តាប់កូនសោណែនជាប់នៅក្នុងដៃ។ ខ្ញុំត្រូវតែប្រថុយនៅពេលនេះ ទោះជាមនុស្សឬខ្មោចក៏ដោយ។ ជំហានស្រាលស្ងើករបស់ខ្ញុំក៏បន្តបោះមួយៗតម្រង់ទៅមាត់ទ្វារ។

«ទឹបៗៗ…»

សំឡេងសម្រឹបជើងមនុស្ស? គេកំពុងសំដៅឡើងមកខាងលើហើយ ខ្ញុំបង្អង់ដំណើរឈរដកដង្ហើមមួយៗទាំងព្រលឹងហោះបាត់ពីក្នុងខ្លួន។ កំពុងផ្ទៀងត្រចៀកស្តាប់ ញើសខ្ញុំហូរសស្រាក់ជោកអស់ក្បាល។ សំឡេងកាន់តែកៀកជិតបង្កើយ។ ខ្ញុំរារែកហើយតើខ្ញុំគួរតែធ្វើយ៉ាងណា? ខ្ញុំភ័យណាស់។ ខ្ញុំប្រមូលអារម្មណ៍មិនបានរឹងប៉ឹងដូចដែលមាត់និយាយទេ ខ្ញុំស្ទុះវឹងទៅផ្អែកខ្នងជាប់ជញ្ជាំងចាំមើលថាជាអ្នកណា? ខ្ញុំបិទភ្នែកបន់អស់គុណពុកម៉ែ ខ្ញុំចង់រត់ចេញណាស់ តែជើងខ្ញុំស្រាប់តែញ័រចំប្រប់ឈានទៅមុខមិនរួចទេ ខ្ញុំញ័រអស់ហើយ។ ដៃត្រជាក់មួយបានមកប៉ះស្មាខ្ញុំ…

 «ធារី!»

ខ្ញុំបើកភ្នែកធំសម្លឹងទៅកាន់មនុស្សប្រុសដែលឈរពីមុខខ្ញុំ។ លោកអើយ…គឺពិសិដ្ឋសោះ! ខ្ញុំយកដៃខ្ទប់ទ្រូងអរភើត។ ខ្ញុំអង្គុយចុះនៅលើការ៉ូដកដង្ហើមញាប់ៗបន្ធូអារម្មណ៍ដែលភ័យខ្លាចទាំងមិនខ្វល់ពីធូលីដីប្រឡាក់ខោនោះទេ។ ខ្ញុំសម្លឹងមើលទៅពិសិដ្ឋ ទឹកមុខគេពោរពេញដោយក្តីព្រួយបារម្ភ។

«ធារីមកទីនេះធ្វើអី?»

ខ្ញុំក្រោកឈរវឹងតាមកម្សួលចិត្តដែលខឹងគេ។

«សំណួរនេះខ្ញុំទេដែលជាអ្នកសួរលោក ! កុំប្រាប់ថាលោកតាមដានខ្ញុំ?»

គេបែរក្រសែភ្នែកចេញបង្ហាញថាខ្ញុំចាក់ត្រូវចំនុច។ គេគ្មានកិច្ចការធ្វើទេឬបានជាតាមដានខ្ញុំ? រឿងក្តីដែលគេត្រូវស៊ើបបានបញ្ចប់ហើយតើ ហើយនៅមានពាក់ព័ន្ធអ្វីនឹងខ្ញុំទៀត?

«ខ្ញុំបារម្ភពីធារី! ខ្ញុំបានដឹងថា តែងតែមានសាអនាមិកផ្ញើមកធារីគ្រប់ពេល វាមិនមែនជារឿងល្អទេ គេអាចនឹងមានបំណងអាក្រក់ក៏ថាបាន។»

មែនហើយពិសិដ្ឋនិយាយមិនខុសទេ ចុះបើគេម្នាក់នោះគិតអាក្រក់ចំពោះខ្ញុំវិញ មនុស្សស្រីទន់ខ្សោយដូចជាខ្ញុំអាចទៅតទល់ជាមួយគេម៉េចនឹងកើតទៅ។ សំណាងដែរដែលគេចេះបារម្ភពីខ្ញុំហើយតាមមកដល់ទីនេះ។ មានគេក៏ប្រសើជាងម្នាក់ឯងដែរ។

ខ្ញុំនៅស្ងៀមមិននិយាយស្តីព្រោះគេនិយាយត្រូវច្រើន។ ពេលនោះខ្ញុំចាប់អារម្មណ៍ថាគេមិនបានពាក់ស្បែកជើងទេ បើគេគ្មានស្បែកជើងផងម៉េចអាចនឹងមានសម្រឹបជើងទៅកើត? ចុះម៉េចក៏មុននេះ ខ្ញុំបានឮដូចសំឡេងមនុស្សរត់ច្បាស់ខ្លាំងម្ល៉េះ? ខ្ញុំវិលវល់ទៀតហើយ។ ពិសិដ្ឋជ្រួញចិញ្ចើមនឹងទឹកមុខរបស់ខ្ញុំសារជាថ្មី។

«មានរឿងអ្វីមិនប្រក្រតីមែនទេ?» គេសួរខ្ញុំដោយក្តីបារម្ភ។

«លោកគ្មានស្បែកជើង ហើយចុះសម្រឹបជើងជារបស់អ្នកណា?»

«សម្រឹបជើង?» ពិសិដ្ឋភ្ញាក់ផ្អើលនឹងរឿងនេះដូចគ្នា។ ខ្ញុំឃើញគេឱនមើលជើងខ្លួនឯង ខ្ញុំដឹងថាគាត់ក៏ចម្លែកចិត្តមិនចាញ់ខ្ញុំដែរ។

«ម៉េចនឹងអាចមានសម្រឹបជើងទៅកើត? បើខ្ញុំខ្លួនឯងដើរសឹងមិនឮផងហ្នឹង។ ធារីស្តាប់ច្រឡំទេដឹង?»

«ខ្ញុំកុហកលោកធ្វើអី? ខ្ញុំពិតជាឮច្បាស់មែន!»

ពិសិដ្ឋនៅស្ងៀម។ គាត់ជឿខ្ញុំឬក៏អត់?

«ប្រាវ…»

សំឡេងអី? ពួកយើងទាំងពីរភ្ញាក់ច្រងាង។ ខ្ញុំនឹងពិសិដ្ឋខំសម្លឹងមើលទៅជុំវិញខ្លួន តែមិនឃើញមានអ្វីចម្លែកទេ។ មិនមែនរឿងចៃដន់ទេ? តើក្នុងផ្ទះនេះពិតជាមានមនុស្សម្នាក់ទៀតឬ? ខ្ញុំចាប់ព្រឺឆ្អឹងខ្នងខ្ញាក។ ពិសិដ្ឋរត់ទៅមើលតាមបង្អួច សំឡេងច្បាស់យ៉ាងនេះគាត់មិនមែនថាខ្ញុំកុហកទៀតទេ។ ខ្ញុំឈរត្រង់ខ្លួនបុកពោះផឹបៗ។ បើជាមនុស្សខ្ញុំមិនសូវបារម្ភច្រើនទេព្រោះមានពិសិដ្ឋនៅជាមួយហើយ តែបើជាខ្មោចវិញមិនដឹងថានិយាយគ្នាយ៉ាងម៉េចត្រូវទេ។ តើម្ចាស់សារអាថ៌កំបាំងនេះជាអ្នកណាឱ្យប្រាកដ?

បន្ទាប់ពីអើតមើលតាមបង្អួចអស់ចិត្តពិសិដ្ឋក៏ដើរចេញទៅក្រៅបន្តិចរកមើលនៅជុំវិញនោះ។ ខ្ញុំមិនហ៊ាននៅម្នាក់ឯងក៏រត់ទៅតាមគាត់ពីក្រោយជាប់។ គ្មានតម្រុយអ្វីទេទាំងស្រមោលមនុស្សនិងស្រមោលខ្មោចមិនឃើញទាំងអស់។

«មិនឃើញអ្វីទេ!»

គេពោលស្រាលៗ។ ខ្ញុំយកដៃជូតញើសជាមួយអារម្មណ៍ដ៏តានតឹងបំផុត។ ពេលនោះ សំឡេងគោះទឹងៗបានបន្លឺឡើងសារជាថ្មី។ ពួកយើងទាំងពីរបើកភ្នែកធំៗសម្លឹងមុខគ្នា។ ខ្ញុំភ្ញាក់ព្រើតនឹងសំឡេងនេះ។ ខ្ញុំចាំបានថា ពេលដែលភារុណណាត់ខ្ញុំមកជួបគេនៅទីនេះដំបូងខ្ញុំក៏ធ្លាប់ឮសំឡេងចម្លែកបែបនេះដែរ។ វាចេញពីក្នុងបន្ទប់នោះ។

ខ្ញុំងាកទៅរកបន្ទប់ដែលនៅស្តាំដៃពេញដោយចម្ងល់។ ពិសិដ្ឋសម្លឹងទៅបន្ទប់នោះតាមក្រសែភ្នែកខ្ញុំ។ ភារុណធ្លាប់ប្រាប់ខ្ញុំថា គាត់ឃុំឆ្មានៅក្នុងនោះ។ តើវាជាសត្វឆ្មាដដែលដែលបង្កើតសំឡេងនេះឡើងមែនទេ? បន្ទប់នោះចាក់សោពីក្រៅជិត។ រួចចុះកូនសោនេះ? ពិសិដ្ឋសម្លឹងមើលសោក្នុងដៃខ្ញុំយ៉ាងយកចិត្តទុកដាក់។

«កូនសោអី?»

«ខ្ញុំមិនដឹងទេ តែខ្ញុំឃើញវានៅលើតុ! អាចថាជនអនាមិកនោះមានចេតនាឱ្យវាមកយើងទេដឹង?»

ពិសិដ្ឋយកកូនសោពីដៃខ្ញុំ គាត់ក៏ចាប់អារម្មណ៍នឹងសោនោះខ្លាំងដែរ។

«គេផ្ញើសារមកធារីថាម៉េច?»

«គេគ្រាន់តែសរសេរលេខផ្ទះឱ្យខ្ញុំប៉ុណ្ណោះ។ តែខ្ញុំច្បាស់ថាគេកំពុងប្រាប់ពីអាថ៌កំបាំងអីមួយដែលមាននៅក្នុងផ្ទះនេះ។»

ពិសិដ្ឋសម្លឹងមើលទៅបន្ទប់ស្តាំដៃដែលចាក់សោពីក្រៅ គាត់ក៏ប្រហែលគិតដូចខ្ញុំដែរ ថាកូនសោនេះគឺជាសោបន្ទប់ដែលភារុណឃុំឆ្មាទុក។ តើមានអ្វីលាក់នៅខាងក្នុងទៅ? នេះយូរថ្ងៃមកហើយ ភារុណនៅតែឃុំឆ្មានោះដដែល?

ពិសិដ្ឋមិនបង្អង់យូរក៏បោះជំហានមួយៗតម្រង់ទៅកាន់បន្ទប់នោះ។ ភាពភ័យខ្លាចរបស់ខ្ញុំកាន់តែពុះកញ្ជ្រោលជាងមុនហើយ ខ្ញុំបន្តពីក្រោយជំហានគេមិនឱ្យឃ្លាតឆ្ងាយទេ។ គេប្រឹងចាក់សោទាំងញ័រដៃទទ្រើក។ ខ្ញុំគិតថាគេក៏តក់ស្លុតនឹងហេតុការផ្ទួនៗអម្បាញ់មិញមិនចាញ់ខ្ញុំដែរ។ មិនប៉ុន្មាននាទីផងសោក៏ចាក់បាន។ តែច្រវាក់ដែលរុំព័ទ្ធបង្ហាញពីការប្រុងប្រយ័ត្នខ្ពស់ណាស់។

បើគ្រាន់តែសត្វឆ្មាមួយក្បាលនឹងកូនឆ្មាតូចៗសោះ ម៉េចក៏ភារុណប្រុងប្រយ័ត្នម្ល៉េះ? គេជាឃាតកៈសម្លាប់មនុស្ស អាចទេនៅខាងក្នុងក៏ជា…? អត់ទេ…ខ្ញុំមិនហ៊ានគិតដល់ទេ។ ភារុណគ្រាន់តែជាមនុស្សប្រុសចិត្តសាវាម្នាក់ គេមិនមែនអាក្រក់ខ្លាំងដល់ថ្នាក់នេះទេ? តែគេបានសម្លាប់វុធម្នាក់ហើយ។

ខ្ញុំបន់ស្រន់ស្របពេលដែលពិសិដ្ឋព្យាយាមស្រាយច្រវាក់ទាំងនោះចេញពីទ្វារបន្ទប់។ សុំកុំឱ្យមានសាកសពឬក៏រឿងល្មើសច្បាប់លាក់នៅខាងក្នុងទៀតអី។

ទ្វារត្រូវបានច្រានចូលទៅក្នុង។ បន្ទប់ងងឹតស្លុប វាគ្មានបង្អួចទេ សូម្បីតែកញ្ចក់ដែលអាចជះពន្លឺចូលមកក្នុងក៏ត្រូវបិទបាំងដោយក្រដាសដែរ។ ពិសិដ្ឋស្រវាចុចកុងតាក់ភ្លើងដែលនៅមិនឆ្ងាយពីមាត់ទ្វា។

លោកអើយ…ខ្ញុំភ្ញាក់ច្រងាង ឈរខ្ទប់មាត់បើកភ្នែកធំ ដង្ហើមដកសឹងមិនដល់គ្នា។ មនុស្សប្រុសម្នាក់ត្រូវគេចងជាប់កៅអីកំពុងព្យាយាមស្វែងរកអ្នកជួយ។ ខ្ញុំរន្ធត់ឡើងស្រក់ទឹកភ្នែក ដៃជើងខ្ញុំញ័រអស់ហើយ បបូរមាត់គាំងនិយាយអ្វីមិនចេញទេ។ ពិសិដ្ឋស្ទុះទៅស្រាយចំណងគេ។ ខ្ញុំមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់មនុស្សម្នាក់នេះ? គេដុះពុកមាត់ក្រាស់ សក់វែងបាំងជិតភ្នែក តែត្រឹមច្រមុះ នឹងបបូរមាត់របស់គេធ្វើឱ្យខ្ញុំនឹកដល់មនុស្សម្នាក់។

មិនអស់ចិត្ត ខ្ញុំស្ទុះទៅវែកសក់គេមើលមុខឱ្យច្បាស់។ ពុទ្ធោ…! ខ្ញុំបើកភ្នែកធំស្រឡាំងកាំង។

«ភារុណ…!»

វគ្គ៖ ម្ចាស់សារអាថ៌កំបាំង

ខ្ញុំស្រែកហៅឈ្មោះគេទាំងមិនដឹងខ្លួន។ ពិសិដ្ឋភ្ញាក់នឹងសំឡេងខ្ញុំ គាត់សម្លឹងមកខ្ញុំមុននឹងស្ទុះទៅមើលមុខភារុណដូចមិនជឿអ្វីដែលខ្ញុំនិយាយ។

«ភារុណ? ម៉េចក៏លោកបែរមកជាប់ចំណងនៅទីនេះទៅវិញ?»

ភារុណរើបំរៈខ្លួនស្ទើរតែនឹងដួលបោកខ្លួនទាំងចំណង។ ខ្ញុំនឹងពិសិដ្ឋដឹងថាគេចង់និយាយប្រាប់ពួកយើងពីរឿងអីមួយក៏នាំគ្នាស្រាយចំណងញាប់ដៃញាប់ជើង។ ចំណងស្រាយរួច ភារុណក៏ផ្តួលខ្លួនទៅលើការ៉ូទាំងល្ហិតល្ហៃ។ គេរងទុក្ខវេទនាណាស់ហើយមើលទៅ។ ខ្ញុំស្ទុះទៅត្រកងគាត់។

«ទឹក…ទឹក…!»

ភារុណបង្ហើបសំឡេងស្រាលៗស្រែករកទឹក។ ពិសិដ្ឋក្រឡេកឃើញដបទឹកដាក់ជាប់សៀវភៅមួយក្បាលនៅលើតុក៏ស្ទុះវឹងទៅកញ្ឆក់ដបទឹកនោះយកមកបញ្ចុកគេ។ ភារុណផឹកទឹកទាំងបង្ខំឡើងទទឹកជោកអាវ។ សភាពគេដូចមនុស្សដែលអត់បាយទឹកច្រើនថ្ងៃអ៊ីចឹង។ ឃើញភារុណបែបនេះទឹកភ្នែកខ្ញុំក៏បណ្តេញគ្នាស្រក់ចុះខ្លោចចិត្តអាណិតគេយ៉ាងខ្លាំង។ ទឹកសុទ្ធមួយដបតូចគាត់ផឹកចូលទៅក្នុងពោះខ្លះ កំពប់ខ្លះ។

ក្រោយបានផ្សើមបំពង់ករួច ភារុណដូចជាមានកម្លាំងជាងមុនបន្តិច គេសម្លឹងមុខខ្ញុំកែវភ្នែកដក់ដានដោយទឹកភ្នែករលីងរលោង។ គេហាក់ដូចជាសប្បាយចិត្តណាស់ដែលបានជួបខ្ញុំ។ ក្រែងភារុណនៅក្នុងគុក ហេតុអ្វីក៏ប្រែមកជាប់ចំណងហើយមានសភាពទ្រុឌទ្រោមយ៉ាងនេះ? គាត់ដូចជាមិនមែនទើបតែត្រូវគេឃុំទេ តើមានរឿងអ្វីកើតឡើងទៅ? ខ្ញុំមិនយល់សោះ។

«ភារុណដែលនៅក្នុងគុកនិងភារុណនៅទីនេះជាមនុស្សតែម្នាក់ដែរទេ?»

ពិសិដ្ឋលើកសំណួរឡើងទាំងក្នុងចិត្តខ្ញុំកំពុងវង្វេងវង្វាន់រកកន្លែងចតមិនឃើញ។ ភារុណដកដង្ហើមញាប់ៗប្រឹងសម្រួលអារម្មណ៍ ពួកយើងរង់ចាំចម្លើយរបស់គាត់យ៉ាងអន្ទះសា។

«គេគឺវុធ!» ភារុណបង្ហើបសំឡេងស្រាលម្តងទៀត។

«វុធ…?» ខ្ញុំដួលផ្ងាទៅក្រោយមួយទំហឹង ស្លុតចិត្តនឹងអ្វីដែលបានឮនេះ។ សំឡេងទូងស្គរលាន់ឡើងរងំក្នុងទ្រូងខ្ញុំ។  ខ្ញុំគាំងស្ទើរតែភ្លេចដកដង្ហើម។ ពិសិដ្ឋស្ទុះមកត្រកងខ្ញុំដែលកំពុងដង្ហើយរកខ្យល់។ ខ្ញុំស្តាប់ច្រឡំមែនទេ? មិនអាចទៅរួចទេ…

«មិនអាចទៅរួចទេ…វុធម៉េចនឹងអាចក្លាយទៅជាភារុណទៅ? ក្រែងគេបានស្លាប់ហើយ…ខ្ញុំមិនជឿទេ…!»

ខ្ញុំទ្រហ៊ោយំផង សើចផង ដូចមនុស្សឆ្កួត។ ភារុណដឹងថាខ្ញុំពិតជាមិនអាចទទួលយករឿងទាំងនេះបាន គេចាប់ដៃខ្ញុំព្យាយាមនិយាយឡើងទាំងគ្មានកម្លាំង។

«វុធកែមុខជាបង…គេឃុំបងទុកនៅទីនេះជាងមួយខែហើយ…!»

ខ្ញុំច្រានដៃភារុណចេញ ថយទៅផ្អែកខ្នងជាប់ជញ្ជាំងស្លាក់ខ្យល់និយាយមិនរួច។ ខ្ញុំមិនជឿទេ…វុធមិនអាច ធ្វើរឿងទាំងនេះទេ…ខ្ញុំកំពុងតែយល់សប្តិហើយ…មិនពិតទេ…!

ខ្ញុំស្ទុះវឹងក្រោករត់ចេញពីក្នុងបន្ទប់ ដោយមិនអាចទទួលយករឿងនេះបាន។ ខ្ញុំឮសំឡេងភារុណនិងពិសិដ្ឋស្រែកហៅខ្ញុំពីក្រោយដោយក្តីបារម្ភ តែខ្ញុំមិនបានបង្អង់ល្បឿនទេ ខ្ញុំវិលវល់អស់ហើយ ហេតុអីក៏មានរឿងបែបនេះកើតឡើង? វុធធ្វើបែបនេះធ្វើអី?

ខ្ញុំឈប់ស្ងៀមឱនមុខយំខ្សឹកខ្សួលក្រោយរត់ចេញឆ្ងាយពីភារុណនិងពិសិដ្ឋបន្តិច។  តើអ្នកណាយល់ពីអារម្មណ៍ឈឺចាប់របស់ខ្ញុំនៅពេលនេះទៅ? ទឹកភ្នែករាប់លានតំណក់ស្រក់ចុះដូចជាទឹកបាក់ទំនប់ បេះដូងរបស់ខ្ញុំកំពុងចាក់ដោតដោយព្រួញពិសសែនចុកចាប់។

ខ្ញុំពិតជាទទួលយកមិនបានពិតមែន…តែនឹកដល់ចំនុចនេះខ្ញុំកាន់តែចង់ដឹងច្បាស់។ ខ្ញុំខំប្រមូលកម្លាំងអស់ពីខ្លួនដើម្បីមានសតិគ្រប់គ្រាន់អាចទៅជួបគេនៅពន្ធនាគារ។ ខ្ញុំចង់ជួបគេណាស់ ចង់សួរគេ ឱ្យបានច្បាស់ ថាហេតុអ្វី…?…

ស្អែកឡើង ខ្ញុំទៅដល់កន្លែងដែលគេឃុំខ្លួន។ ជង្គង់ទាំងពីរស្រាប់តែទន់ដើរទៅមុខមិនរួច។ ខ្ញុំគ្រប់គ្រងខ្លួនឯងមិនបានសោះ។ ចិត្តខ្ញុំពុះកញ្ជ្រោលចង់ជួបវុធណាស់ តែខ្ញុំបែរជាមានអារម្មណ៍ភ័យខ្លាចមិនដឹងថាត្រូវប្រឈមមុខនឹងគេយ៉ាងណាទេ។

ប្រអប់ដៃដែលមានកម្តៅមួយគូបានចាប់ស្មាខ្ញុំសងខាងពីក្រោយ។ ពិសិដ្ឋជួយគ្រាហ៍ខ្ញុំដើរចូលទៅក្នុង។ កែវភ្នែកដែលគេសម្លឹងមកខ្ញុំនៅពេលនេះចង់បង្ហាញថា សភាពខ្ញុំពិតជាគួរឱ្យអាណិតអាសូរណាស់។ ខ្ញុំខំបោះជំហានមួយៗទាំងគ្មានកម្លាំងក្នុងខ្លួនសោះ។ ខ្ញុំបន់ស្រន់ឱ្យវាគ្រាន់តែជាសុបិន ប៉ុន្តែ…ម៉េចក៏សុបិនមួយនេះយូរខ្លាំងម្ល៉េះ? ពេលណាទើបខ្ញុំអាចចាកចេញពីភពស្រមើស្រមៃនេះទៅ…។

ខ្ញុំអង្គុយធ្មឹងជាមួយនឹងរាងកាយដែលគ្មានវិញ្ញាណក្នុងបន្ទប់សួរសុខទុក្ខ។ ត្រឹមប៉ុន្មាននាទីក្រោយខ្ញុំបានឃើញវុធដើរចេញមកជាមួយនឹងឆ្មាំគុកក្នុងសំលៀកបំពាក់ជាអ្នកទោស។ ទឹកមុខគេស្រស់ថ្លា សក់គេកាត់ខ្លី ចង្កាគ្មានពុកមាត់ មិនដូចជាភារុណដែលខ្ញុំជួបនៅផ្ទះលេខ៨៩នោះទេ។ ខ្ញុំនិយាយមិនចេញក្រៅពីយំខ្សឹកខ្សួល។ គេដើរមកបណ្តើរញញិមដាក់ខ្ញុំបណ្តើរ។ ស្នាមញញិមរបស់គេកាន់តែធ្វើឱ្យខ្ញុំក្តុកក្តួលចិត្តខ្លាំងឡើង។ គេអង្គុយចុះនៅពីមុខខ្ញុំ។

ខ្ញុំអង្គុយធ្មឹង ទោះចង់យំក៏យំលែងចេញ។ សម្លឹងមើលកែវភ្នែកគេយ៉ាងយូរទើបខ្ញុំមើលឃើញគេជាវុធ មិនមែនជាភារុណ។ កែវភ្នែកដែលតែងតែមានភាពស្រទន់ កែវភ្នែកដែលតែងតែសម្លឹងមើលមកខ្ញុំពេញដោយក្តីស្រលាញ់ កែវភ្នែកដែលតែងតែបារម្ភពីខ្ញុំ មិនបានផ្លាស់ប្តូរទេ វានៅតែដដែលទោះម្ចាស់របស់វាបានប្តូររាងកាយថ្មីទៅហើយក្តី។

ខ្ញុំចាប់ផ្តើមបន្ទោសខ្លួនឯងខ្លាំង។ ចុះកន្លងមកម៉េចក៏ខ្ញុំភ្នែកខ្វាក់មើលមិនឃើញ? ទឹកមុខគេពេញដោយស្នាមញញិម គេចង់ឱ្យខ្ញុំដឹងថាគេរឹងមាំ គេមិនសោកស្តាយ តែខ្ញុំក៏បានដឹងដែរ ថាបេះដូងគេឈឺចាប់ប៉ុនណា។

ខណៈនោះខ្ញុំស្រាប់តែនឹកឃើញពាក្យសម្តីដែលគេនិយាយជាមួយខ្ញុំនៅថ្ងៃដែលគេណាត់ជួបខ្ញុំនៅផ្ទះលេខ៨៩។

«វុធមិនដែលស្តាយក្រោយនូវអ្វីដែលគេបានធ្វើចំពោះធារីទេ ទោះដឹងថាលទ្ធផលចុងក្រោយវាទៅជាយ៉ាងណាក៏ដោយ។ ការប្រឹងប្រែងរបស់គេក៏មិនមែនអត់ប្រយោជន៍ដែរយ៉ាងហោចណាស់ក៏អាចធ្វើឱ្យធារីនិយាយចេញពីមាត់យ៉ាងច្បាស់ថាធារីព្រមផ្តល់ឱកាសឱ្យគេដែរ។…ធារីកុំបារម្ភអី ខ្ញុំគិតថាគេបានស្តាប់ឮ ហើយក៏កំពុងតែសប្បាយចិត្តដែរ ទោះវាយឺតពេលបន្តិចក៏ដោយ…»។

នេះគេធ្វើគ្រប់យ៉ាងដើម្បីខ្ញុំ? សេចក្តីសុខមនុស្សស្រីសាមញ្ញម្នាក់នេះមានន័យចំពោះគេខ្លាំងដល់ថ្នាក់នេះ? ដើម្បីឱ្យខ្ញុំទទួលបានស្នេហាដែលខ្ញុំធ្លាប់ងប់ងល់ ដើម្បីឱ្យខ្ញុំបានសមបំណងស្នេហ៍ គេត្រូវលះបង់ធំធេងបែបនេះ?

វុធលូកដៃមកផ្តិតទឹកភ្នែកនៅលើថ្ពាល់ខ្ញុំ។ ខ្ញុំគ្រវាសដៃគេចេញមួយទំហឹង។ គេស្រាប់តែឱនមុខចុះមិនព្រមសម្លឹងខ្ញុំ។ «ធារីខឹងនឹងខ្ញុំខ្លាំងណាស់មែនទេ?» នេះប្រហែលជាអ្វីដែលគេកំពុងគិត។

«មនុស្សអាត្មានិយម! ធ្វើបែបនេះគិតថាខ្ញុំយល់ព្រមស្រលាញ់វុធមែនទេ?»

«ខ្ញុំ…»

គេអួលដើមកនិយាយមិនចេញ។ ខ្ញុំវិញស្រែកយំហ៊ូៗមិនខ្វល់អ្វីទាំងអស់។ ដៃត្រជាក់របស់គេលូកមកស្ទាបអង្អែលថ្ពាល់ទាំងសងរបស់ខ្ញុំថ្នមៗជាថ្មី។ ខ្ញុំឈប់ឃាត់គេទៀតហើយ បណ្តោយឱ្យគេផ្តិតយកទឹកភ្នែកខ្ញុំឱ្យអស់ចុះ។

«សុំទោសធារី! ខ្ញុំនេះពិតជាមនុស្សគ្មានបានការទាល់តែសោះ…គ្រាន់តែចង់ឱ្យធារីសប្បាយចិត្ត ក៏មិនអាចធ្វើបានដែរ នៅតែធ្វើឱ្យធារីយំដដែល…!»

គេញញិមស្ងួតដាក់ខ្ញុំ ក្រោយបញ្ចប់ឃ្លានេះ។ ពេលនេះហើយ គេនៅបារម្ភពីខ្ញុំដល់ម្លឹងទៀត។

«ម៉េចក៏ល្អនិងខ្ញុំដល់ថ្នាក់នេះ? វុធល្អនឹងខ្ញុំខ្លាំងពេក រហូតភ្លេចស្រលាញ់ខ្លួនឯង។ វាមិនមែនជាទង្វើដែលគួរតែលះបង់ដើម្បីស្នេហាទេ តែវាគឺជាគំនិតដ៏ល្ងង់ខ្លៅបំផុត…ដឹងខ្លួនអត់មនុស្សល្ងង់?»

ទឹកភ្នែកខ្ញុំចាប់ស្រក់ដូចភ្លៀងដំណាលនឹងសម្តីញ័រៗដែលប្រឹងស្តីបន្ទោសគេនេះ។

គេបង្ខំចិត្តសើចទាំងទឹកភ្នែកស្រក់រហាម។ នេះជាលើកទីមួយហើយដែលវុធបណ្តោយឱ្យខ្ញុំឃើញទឹកភ្នែកគេ។ ខ្ញុំដឹងថាកន្លងមកគេតែងលួចយំគ្រប់ពេលដែលគេឃើញខ្ញុំឈឺចាប់ដោយសារភារុណ តែនៅចំពោះមុខខ្ញុំគេបង្ហាញតែស្នាមញញិមប៉ុណ្ណោះ។   គេសើចដើម្បីបន្លប់ទុក្ខទេដឹង? ខ្ញុំបន្ទោសគេប៉ុណ្ណឹងហើយគេនៅសើចចេញទៀត។

«ខ្ញុំសុំទោស! រឿងគ្រប់យ៉ាងគឺមកពីខ្ញុំ។ បើខ្ញុំមិនឆ្កួតងប់នឹងភារុណទេ វុធក៏មិនដើរដល់ផ្លូវនេះដែរ។ សុំទោស!»

«ធារីកុំបន្ទោសខ្លួនឯងឱ្យសោះ។ ធារីមិនដែលខុសទេ អ្នកដែលខុសគឺបង។ បងខុសត្រង់ស្រលាញ់អូនពេក មិនអាចទ្រាំមើលអូនឈឺចាប់បាន។»

«វុធ!»

«បានហើយ! ធារីទៅវិញចុះ។ ខ្ញុំមិនចង់ឃើញធារីយំទៀតទេ។ បងនាំខ្ញុំទៅវិញ។» គេប្រាប់សន្តិសុខពន្ធនាគារឱ្យនាំគេទៅវិញ។

គេដើរកាត់មុខខ្ញុំទាំងញញិម ហាក់ដូចគ្មានរឿងអីកើតឡើង។ ខ្ញុំសម្លឹងមើលស្នាមញញិមគេ រហូតដល់គេដើរចេញផុតពីបន្ទប់នេះបាត់មើលលែងឃើញ។

«វុធមិនចង់ឃើញខ្ញុំយំទៀតទេ ខ្ញុំគួរតែធ្វើតាមគេ។ ប្រហែលជាមានតែរឿងមួយនេះទេ ដែលខ្ញុំអាចធ្វើជូនគេបាន។» 

ខ្ញុំដើរចេញពីបន្ទប់បណ្តើរងាកក្រោយបណ្តើរទាំងមិនដាច់អាល័យ។ ពេលវេលាពិតជាកន្លងទៅលឿនណាស់ ថ្ងៃមុនស្រស់ៗខ្ញុំទើបតែបានស្គាល់គេជាមនុស្សប្រុសមិនសូវ និយាយស្តី តែថ្ងៃនេះពួកយើងក៏ត្រូវបែកគ្នាជាមួយហេតុផលមួយនេះ។ ព្រហ្មលិខិតគិតថាដាក់ទោសពួកយើងបែបនេះសមណាស់មែនទេ? លោកអាក្រក់ណាស់មិនអាណិតមនុស្សល្អដូចគេសោះ?

«ធារី…!»

នីកាគ្រាហ៍ភារុណដើរចូលមករកខ្ញុំ។ ទឹកមុខអ្នកទាំងពីរក៏ក្រៀមក្រំមិនខុសពីខ្ញុំដែរ។ ពួកយើងសុទ្ធតែស្លុតចិត្ត នឹកស្មានមិនដល់ថា ផ្លូវជីវិតពួកយើងត្រូវជួបបញ្ហាជូរចត់បែបនេះ។ ពួកគេសម្លឹងមុខគ្នាដោយភាពស្ងួតសោះកក្រោះ ខ្ញុំដឹងថាគេអាណិតខ្ញុំខ្លាំង។

«សុំទោសធារី! រឿងគ្រប់យ៉ាងគឺមកពីបង!»

ភារុណនិយាយមកទាំងមុខស្ងួតពោពេញដោយទុក្ខសោក។ គេចង់បន្ទោសខ្លួនឯងទាំងស្រុងមែនទេ? គេមិនបានខឹងវុធទេឬ?

«មិនមែនតែបងទេភារុណ! គឺគ្រប់គ្នាសុទ្ធតែខុស…ខុសព្រោះងប់ងល់មិនបានពិចារណាឱ្យបានច្បាស់។ ខុសព្រោះបណ្តោយឱ្យការស្រលាញ់ដឹកមុខ។ ចុងក្រោយតើពួកយើងនៅសល់អ្វីពីស្នេហាងប់ងល់នេះ? គឺសល់ត្រឹមតែការឈឺចាប់ និងវិប្បដិសារីដែលនឹងតាមលងបន្លាចយើងគ្រប់វិនាទីតទៅ។»

«បងធ្លាប់ស្រលាញ់ខ្ញុំទេភារុណ?»

ពួកគេសម្លឹងមុខគ្នាជ្រួញចិញ្ចើម។ ប្រហែលជាឆ្ងល់ខ្លាំងហើយដែលមិននឹកស្មានថាខ្ញុំបែរជាសួរសំណួរបែបនេះ។ ភារុណស្ងប់ស្ងៀមមិននិយាយស្តី ប្រហែលគេភ័យខ្លាចខ្ញុំនឹងមានគំនិតអវិជ្ជមានពេលទទួលបានចម្លើយពីគេហើយ។

«អ្នកទាំងពីរកុំបារម្ភ ខ្ញុំគ្មានន័យអីទៀតទេ។ ធារីបច្ចុប្បន្នមិនមែនជាស្រីល្ងង់ពីមុនទៀតឡើយ។»

ភារុណ និងនីកានៅតែសម្លឹងមកខ្ញុំដោយកែវភ្នែកស្រទន់ស្រអាប់។ គេព្យាយាមឆ្លើយទាំងស្ទាក់ស្ទើរ៖

«ទោះបងខំព្យាយាមយ៉ាងណា…ក៏នៅតែគិតថាអូន…ត្រឹមជាមិត្តល្អរបស់បង ! បងសុំទោសណា ធារី…!»

ខ្ញុំសើចតិចៗ លាយនឹងដំណក់ទឹកភ្នែកដែលបន្តដក់ក្នុងភ្នែកខ្ញុំនៅឡើយ។

«ស្នេហាមិនអាចបង្ខំ! ស្នេហាពិតជាមិនអាចបង្ខំបានមែន។»

«អូនគិតបែបនេះត្រូវហើយធារី! ឈប់បន្ទោសខ្លួនឯងទៀតទៅ។ ឈប់គិតថាអូនជាមូលហេតុដែលធ្វើឱ្យវុធក្លាយជាបែបនេះ។ ស្រលាញ់មនុស្សម្នាក់គ្មានកំហុសមែន ប៉ុន្តែមិនមែនឱ្យតែយើងស្រលាញ់អ្នកណា ម្នាក់នោះត្រូវតែស្រលាញ់យើងវិញទេ។ យើងមានសិទ្ធិជ្រើសរើសស្រលាញ់គេ គេក៏មានសិទ្ធិជ្រើសរើសមិនស្រលាញ់យើងវិញដែរ។»

ខ្ញុំយកដៃញីភ្នែក បង្ខំទឹកភ្នែកដែលបម្រុងស្រក់ចុះឱ្យត្រលប់ថយក្រោយវិញ។ ពេលនេះ ខ្ញុំពិតជាមិនអាចធ្វើអ្វីក្រៅពីឈរសញ្ជប់សញ្ជឹងលង់ក្នុងពិភពទុក្ខសោកជាលទ្ធផលពីស្នេហាច្របូកច្របល់មួយនេះទេ។

សៀវភៅមួយក្បាលបានបង្ហាញខ្លួននៅពីមុខខ្ញុំ។

«នេះគឺជាកំណត់ហេតុរបស់វុធ ! រាល់ពេលដែលគេយកបាយទៅឱ្យបង គេតែងចំណាយពេលអង្គុយសរសេរសៀវភៅមួយក្បាលនេះ។ ដ្បិតតែគេបានឃុំឃាំងបំបិទសេរីភាពបង តែគេមិនដែលធ្វើបាបបងទេ…បងអាចយល់បាន គេធ្វើបែបនេះដើម្បីអូន គេមិនចង់ឃើញអូនឈឺចាប់ព្រោះតែបងទៀត។»

ខ្ញុំទទួលយកសៀវភៅពីដៃភារុណ។ បេះដូងដែលមុននេះគាំងភ្លឹកលែងកម្រើកក៏ចាប់ផ្តើមមានប្រតិកម្មជាថ្មី។ វារន្ធត់ញាប់ញ័របង្ករជាទឹកភ្នែកជន់ជោរស្រក់ចុះម្តងទៀត។ ខ្ញុំឈានជើងដើរចេញពីអ្នកទាំងពីរដូចមនុស្សបាត់អស់វិញ្ញាណ។ អារម្មណ៍របស់ខ្ញុំបានផ្តោតសំខាន់តែលើសៀវភៅ ទោះអ្នកទាំងពីរប្រែប្រួល ទឹកមុខបែបណា ឬខ្ញុំដើរប៉ះមនុស្សជុំវិញខ្លួនយ៉ាងម៉េចខ្លះក៏ខ្ញុំមិនខ្វល់ដែរ។ ខ្ញុំសំដៅទៅអង្គុយក្រោមដើមពោធិ៍ធំមួយក្នុងបរិវេណពន្ធធនាគា។

កំណត់ហេតុរបស់វុធ…

អារម្មណ៍ដំបូងដែលខ្ញុំចង់រៀបរាប់នៅក្នុងសៀវភៅនេះ គឺជាអារម្មណ៍លង់ស្រលាញ់នារីម្នាក់។ នាងឈ្មោះធារី។ នាងស្អាតណាស់! គ្រប់ជំហានដែលនាងដើរ គឺល្វតល្វន់តែម៉ឺងម៉ាត់ សក្តិសមជានារីខ្មែរដែលប្រកាន់ភ្ជាប់ប្រពៃណី។

ខ្ញុំមិនដឹងថា ហេតុអីក៏នាងបែរជាជ្រើសមកអង្គុយជាមួយខ្ញុំទេ។ ក្នុងថ្នាក់រៀនសល់តុទំនេរច្រើនណាស់តែម៉េចក៏នាង…ឬមួយក៏…! ខ្ញុំញញិមមួយពេលនឹកដល់ចំនុចនោះ។ តាំងពីបានស្គាល់នាង ខ្ញុំហាក់សប្បាយចិត្តជាងមុនច្រើន ញ៉ាំអីក៏ឆ្ងាញ់ រៀនក៏ចូល ជាពិសេសចេះតែងខ្លួនជាងមុនទៀត។ គ្រាន់តែគេងមិនសូវបានច្រើន ព្រោះចេះតែស្រមៃឃើញគេពេក។ ស្នាមញញិមរបស់នាងប្រៀបដូចជាទឹកអម្រឹតមកស្រោចស្រប់បេះដូងសោះកក្រោះមួយនេះឱ្យស្រស់ថ្លាឡើង។ នេះឬជាអារម្មណ៍ស្នេហាដំបូង?

តែ…..

«មនុស្សដែលនាងស្រលាញ់មិនមែនជាខ្ញុំឡើយ។»

នាងចាប់អារម្មណ៍នឹងគេម្នាក់នោះ។ តាំងពីភារុណផ្លាស់មករៀននៅបន្ទប់នេះ នាងយកចិត្តទុកដាក់នឹងគេណាស់។ នាងហាក់លែងចាប់អារម្មណ៍អ្នកអង្គុយរួមតុម្នាក់នេះ ដែលលួចស្រលាញ់នាងអស់ពីបេះដូង។

 «មេឃភ្លៀងខ្លាំងណាស់…ខ្ញុំបណ្តើរម៉ូតូកណ្តាលភ្លៀងទៅទទួលនាងចេញពីសាលា។ តែពេលទៅដល់…នាងក៏ឡើងឡានទៅជាមួយគេម្នាក់នោះ។ តើនាងមានឃើញខ្ញុំទេ? នាងដឹងថាខ្ញុំឈឺចាប់ប៉ុនណាទេ? ភ្លៀងធ្លាក់ក៏ខ្លាំង ម៉ូតូក៏រលត់ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងកំពុងឈរនៅកណ្តាលទីក្រុងដែលគេបោះបង់ចោល វាកណ្តោចកណ្តែងពេកហើយ។»

«គ្រប់យ៉ាងដែលបងធ្វើដើម្បីអូន ព្រោះបងស្រលាញ់អូន តែក្នុងចិត្តអូនអាចទទួលបងត្រឹមជាមិត្តស្និទ្ធស្នាលម្នាក់ប៉ុណ្ណោះ។ មិនស្មានថាបងត្រឹមជាមនុស្សកំដរ។»

អូនស្រលាញ់គេខ្លាំងណាស់មែនទេធារី? តែគេធ្វើបាបអូនច្រើនពេកហើយ។ គេចាត់ទុកអូនគ្រាន់ជាមនុស្សកំដរ ជាស្រីលេងសើច គេធ្វើឱ្យអូនឈឺចាប់ តែអូននៅតែនឹកគេ នៅតែត្រូវការគេ។ អូនដឹងទេថា ទង្វើនេះធ្វើឱ្យបេះដូងបងឈឺចុកចាប់ប៉ុនណា? តែយ៉ាងណាបងក៏មិនបន្ទោសអូនដែរ! ព្រោះបងយល់ច្បាស់ បងដឹងថាអារម្មណ៍ស្រលាញ់មនុស្សម្នាក់គឺរឹងរូសបែបនេះ។

អូនដឹងទេ? ថ្ងៃដែលបងឈឺចាប់ខ្លាំងបំផុត ហើយមិនអាចបំភ្លេចបានក្នុងមួយជីវិតនេះ គឺថ្ងៃដែលអូនសម្រេចចិត្តចង់បញ្ចប់ជីវិតខ្លួនឯងដោយសារភារុណសារភាពស្នេហ៍នារីដទៃ។ ឃើញអូនក្នុងសភាពបែបនោះ ដូចជាសម្លាប់បងទាំងរស់។ បើសិនជាអាច បងសុំទទួលរងការឈឺចាប់ទាំងអស់ជំនួសអូន។ បើគ្មានអូន ប្រុសម្នាក់នេះក៏មិនដឹងថារស់នៅដើម្បីអ្វីដែរ។ អូនធ្វើឱ្យបងឈឺចាប់ បងអាចទ្រាំបាន តែបងពិតជាមិនអាចទ្រាំឃើញអូនធ្លាក់នរកព្រោះតែមនុស្សប្រុសដូចជាគេទេ។

ចូលដល់ឆ្នាំទី៣ ខ្ញុំបានប្រាប់ធារីថា ខ្ញុំជាប់អាហារូបករណ៍ទៅរៀនបន្តនៅប្រទេសថៃ។ ខ្ញុំកុហកគេថា ខ្ញុំសប្បាយចិត្តដែលបានទៅរៀនបរទេស ព្រោះខ្ញុំក៏មិនចង់បន្តការសិក្សានៅទីនេះទៀតដែរ។ ខ្ញុំមិនអាចកាត់ចិត្តពីធារីបាន ហើយក៏ដឹងថាធារីមិនអាចកាត់ចិត្តពីភារុណបានដូចគ្នា។ បើខ្ញុំទៅឆ្ងាយ ប្រហែលខ្ញុំអាចធ្វើចិត្តពីនាងបាន។ ខ្ញុំមើលទៅនាងហាក់មិនចាប់អារម្មណ៍នឹងការដែលខ្ញុំត្រូវឃ្លាតពីនេះសោះ។ ឬក៏ក្នុងកែវភ្នែកនាងមានតែភារុណម្នាក់មែន?

ធារីនិងមិត្តភក្តិដទៃទៀតហាក់ជឿទាំងស្រុងថាខ្ញុំជាប់អាហាររូបករណ៍ទៅរៀននៅថៃ។ ការពិត គ្មានអ្នកណាម្នាក់ដឹងទេថាខ្ញុំគិតអីនោះ សូម្បីខ្ញុំខ្លួនឯងក៏មិនច្បាស់ដែរ។

ថ្ងៃនេះខ្ញុំត្រូវឡើងយន្តហោះទៅថៃ។ តាមផ្លូវធ្វើដំណើរទៅព្រលានយន្តហោះ ខ្ញុំនឹកគេខ្លាំងណាស់។ ខ្ញុំចាំទូរស័ព្ទគេរហូត។ តែស្ងាត់ឈឹង។ គេគ្មាននឹកឃើញខ្ញុំបន្តិចសោះ បើទោះជាថ្ងៃនេះ ខ្ញុំត្រូវចាកចេញទៅឆ្ងាយក៏ដោយ។

ខ្ញុំឆែក Facebook ឃើញនាងផុស Status យ៉ាងក្រៀមក្រំ។ ខ្ញុំកាន់តែអាសូរខ្លួនឯង។ ខ្ញុំគិតថា ពេលដែលខ្ញុំកំពុងអាន Status នេះ នាងប្រហែលកំពុងគេងយំហើយ។ ថ្ងៃនេះ ជាថ្ងៃកំណើតរបស់នីកា ភារុណប្រាកដជារៀបចំកម្មវិធីឱ្យនាង ឯធារីច្បាស់ណាស់ នាងប្រាកដជាខូចចិត្តយ៉ាងខ្លាំង។

ពេលខ្លះ ខ្ញុំពិតជាចង់បន្ទោសនាងណាស់ តែខ្ញុំក៏យល់ពីជម្រៅនៃក្តីស្រលាញ់។ ចិត្តរបស់នាងចំពោះភារុណ គឺដូចនឹងចិត្តរបស់ខ្ញុំចំពោះនាងដូចគ្នា។ ខ្ញុំមិនអាចហាមចិត្តខ្លួនឯងឱ្យឈប់ស្រលាញ់នាងផង មានសិទ្ធិអីទៅហាមនាងឱ្យឈប់ស្រលាញ់ភារុណនោះ។ ព្រះ! កំពុងតែចង់លេងសើចចំពោះពួកយើងហើយ។ គិតដល់សភាពដែលនាងកំពុងគ្រាំគ្រាចិត្ត ខ្ញុំបន់ឱ្យតែដល់ថៃឱ្យឆាប់ៗទេ។

ទៅដល់ព្រលានយន្តហោះ ចិត្តខ្ញុំនៅតែរំពឹងថា ធារីនឹងមកជូនដំណើរខ្ញុំជាលើកចុងក្រោយ។ តែគ្មានសោះ បើទោះបីជាខ្ញុំខំងាកមើលក្រោយយូរប៉ុនណាក៏មិនបានឃើញរូបនាងឡើយ។

រំលងប៉ុន្មានម៉ោង ខ្ញុំមកដល់ប្រទេសថៃ។ ទោះជាខ្ញុំនិងគេនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចឃាត់ចិត្តមួយនេះ កុំឱ្យគិតដល់គេដែរ។ ខ្ញុំស្រាប់តែគិតឃើញថា តិចលោនាងទ្រាំនឹងការឈឺចាប់លែងបាន នាងធ្វើអីផ្តេសផ្តាសទៅ? គិតដល់ត្រឹមនេះ បេះដូងខ្ញុំស្រាប់តែលែងចង់កម្រើកធ្វើចលនា។ ខ្ញុំអើយខ្ញុំ! នៅគិតពីគេដល់ណាទៀត!

ថ្ងៃថ្មីចូលមកដល់ ខ្ញុំត្រៀមខ្លួនរួចស្រេចតាមការណាត់របស់គ្រូពេទ្យ។ ក្នុងចិត្តខ្ញុំភ័យតិចតួចដែរ បារម្ភខ្លាចតែវាខុសការពីផែនការដែលខ្ញុំគ្រោងទុក។ ខ្ញុំមិនដឹងថាខ្លួនឯងឆ្កួតឬជាទេ ដែលនឹកឃើញធ្វើរឿងដ៏អាក្រក់នេះ។ តែខ្ញុំពិតជាមិនអាចទ្រាំមើលការឈឺចាប់របស់ធារីបានទៀតទេ។ ឃើញនាងស្ថិតនៅសភាពបែបនេះ ខ្ញុំខ្លួនឯងដូចរស់នៅក្នុងនរកអ៊ីចឹង។

ខ្ញុំយកប៊ិចឆូតមុខខ្លួនឯងក្នុងរូបថតចេញ រួចប្រាប់ខ្លួនឯងថា ចាប់ពីថ្ងៃនេះតទៅខ្ញុំមិនមែនជាវុធទៀតទេ។  គ្រូពេទ្យរៀបចំវះកាត់កែសម្ភស្សខ្ញុំឱ្យដូចនឹងមនុស្សម្នាក់ដែលនៅក្នុងរូប។ នោះគឺជារូបរបស់ភារុណ។ ខ្ញុំនឹងក្លាយជាភារុណ។ ខ្ញុំនឹងក្លាយជាមនុស្សដែលធារីស្រលាញ់បំផុត។

ព្រឹកនេះខ្ញុំឆ្លុះកញ្ចក់។ គ្រូពេទ្យប្រាប់ខ្ញុំថា ដោយសារខ្ញុំនិងភារុណមានរូបរាង កម្ពស់កម្ពប៉ុនគ្នា ហើយមានទម្រង់មុខស្រដៀងគ្នាទៀត ការវះកាត់កែសម្ភស្សនេះជោគជ័យច្រើន។ ពិតណាស់! ខ្ញុំមើលទៅក្នុងកញ្ចក់ឃើញមុខខ្លួនឯងដូចជាភារុណស្ទើរទាំងស្រុងហើយ។ នៅតែឆ្លងកាត់ការវះកាត់ ម្តងទៀតប៉ុណ្ណោះ ខ្ញុំអាចដូចគេ១០០%ហើយ។ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង។ ធារី ខ្ញុំសន្យាថា ខ្ញុំនឹងធ្វើជាភារុណដែលស្រលាញ់នាងបំផុតលើផែនដីនេះ។

ធ្មេចបើកៗ ខ្ញុំមកនៅថៃបានពីរឆ្នាំហើយ។ ថ្ងៃនេះក៏ជាថ្ងៃដែលខ្ញុំត្រូវត្រលប់ទៅប្រទេសកំណើតវិញដែរ។ ខ្ញុំត្រេកអរខ្លាំង។ ខ្ញុំជិតបានជួបមុខនារីដែលខ្ញុំស្រលាញ់វិញហើយ។

មកដល់ព្រលានយន្តហោះភ្នំពេញ ខ្ញុំភ្ញាក់ព្រើតនឹងវត្តមានរបស់ធារី។ នេះនាងកំពុងមកទទួលខ្ញុំមែនទេ? អត់ទេ! ប្រហែលជារឿងចៃដន់ទេ។ នាងឯណាយកចិត្តទុកដាក់នឹងខ្ញុំយ៉ាងនេះនោះ។ ខ្ញុំពាក់ម៉ាសជិតរួចព្យាយាមដើរគេច កុំឱ្យនាងឃើញ។

ធារីទូរស័ព្ទមកខ្ញុំ ប្រាប់ថានាងចង់ធ្វើពិធីស្វាគមន៍ចំពោះការត្រលប់របស់ខ្ញុំ តែខ្ញុំបដិសេធ។ ខ្ញុំព្យាយាមគេចពីនាង ហើយក៏ឆ្ងល់ដែរថា នាងដូចជាយកចិត្តទុកដាក់នឹងខ្ញុំច្រើនជាងមុន។ សុំទោសផងធារី មិនមែនខ្ញុំមិនចង់ជួបមុខនាងទេ តែខ្ញុំមិនអាចឱ្យនាងដឹងបានទេថា ឥឡូវនេះ ខ្ញុំមានមុខមាត់ជាភារុណ។

ក្រោយត្រលប់មកបានពីរថ្ងៃ ខ្ញុំក៏ចាប់ផ្តើមផែនការរបស់ខ្ញុំបន្តទៀត។ លើលោកនេះមិនអាចមានភារុណពីរនាក់ទេ។ ខ្ញុំត្រូវតែកម្ចាត់ម្នាក់ចោល។ ច្បាស់ណាស់! ក្នុងផែនការខ្ញុំគឺខ្ញុំត្រូវសម្លាប់ភារុណចោល ប៉ុន្តែ…… ខ្ញុំលើកដៃមិនរួចឡើយ។ ធារីស្រលាញ់ភារុណយ៉ាងនេះ ខ្ញុំម៉េចនឹងអាចធ្វើបាបចិត្តនាងបានទៅ។ ខ្ញុំបានប្តូរផែនការ។ ខ្ញុំបានត្រឹមតែយកគេទៅឃុំទុកនៅផ្ទះចាស់របស់ខ្ញុំនៅជាយក្រុងប៉ុណ្ណោះ។

ដោយសារខ្ញុំមិនដាច់ចិត្តសម្លាប់ភារុណ ខ្ញុំក៏ត្រូវសម្លាប់មនុស្សម្នាក់ទៀតមកបន្លំជាសាកសពខ្ញុំ។ គេនោះគឺជាជនអនាថាម្នាក់រស់នៅតាមចិញ្ចើមអគារដែលខ្ញុំរស់នៅ។ នៅថ្ងៃកើតហេតុខ្ញុំណាត់ភារុណមកជួបខ្ញុំ។ គេមិនចង់មកទេ តែខ្ញុំប្រាប់គេថា បើគេមកជួបខ្ញុំថ្ងៃនោះ ខ្ញុំនឹងលែងរារាំងពិធីភ្ជាប់ពាក្យរបស់គេ និងនីកាទៀត។ គេមកដល់ ខ្ញុំនៅចាំគេនៅជាន់ក្រោមដោយប្រាប់គេថា ម៉ាស៊ីនត្រជាក់បន្ទប់ខ្ញុំខូច មិនអាចពិភាក្សាគ្នានៅទីនោះបានទេ។ ខ្ញុំបបួលគេទៅអង្គុយបង់នៅក្រោយអគារ។ ខ្ញុំក៏បានហៅជនអនាថា មកទីនោះដូចគ្នា។ ថ្នាំសណ្តំបានត្រៀមរួចរាល់ក្នុងកាហេ្វ។ ក្រោយពួកគេសន្លប់អស់ ខ្ញុំលើកភារុណទុកក្នុងឡាន ហើយដាក់ជនអនាថាក្នុងទូឈើថ្មីមួយដែលខ្ញុំទើបនឹងទិញ។

ខ្ញុំជួលពូមុតឱ្យជួយលើកទូឈើទៅដាក់ក្នុងបន្ទប់។ ក្រោយពូមុតចេញបាត់ ខ្ញុំយកជនអនាថាដែលកំពុងសន្លប់អត់ដឹងខ្លួន ទៅដាក់ជាប់នឹងធុងហ្គាសនៅផ្ទះបាយ។ ខ្ញុំយកស្រាជាច្រើនដបបញ្ច្រកគេឱ្យដូចមនុស្សស្រវឹង។ បន្ទាប់មករៀបចំគន្លឹះដើម្បីឱ្យធុងហ្គាសផ្ទុះនៅពេលមួយសន្ទុះទៀត។ ក្រោយគ្រប់យ៉ាងរៀបរយអស់ ខ្ញុំទូរស័ព្ទហៅពូមុតមកលើកវ៉ាលីចាស់ទៅបោះចោល។ ខ្ញុំចូលសំងំក្នុងវ៉ាលីចាស់នោះ រង់ចាំពូមុតជញ្ជូនចុះក្រោម។ ក្រោយពីក្មួយប្រុសទាំងពីររបស់ពូមុតសែងវ៉ាលីចាស់មកបោះចោលនៅកន្លែងសំរាម ខ្ញុំក៏ចេញពីវ៉ាលីនោះ។ ខ្ញុំដើរទៅរកឡានខ្ញុំ រួចដឹកភារុណដែលនៅសន្លប់ស្តូកស្តឹងទៅឃុំទុកនៅផ្ទះចាស់ ជាផ្ទះលេខ៨៩នៅឯជាយក្រុង។

ក្រោយពេលកើតហេតុ ទាំងអស់គ្នាសុទ្ធតែជឿថាមនុស្សដែលស្លាប់ក្នុងបន្ទប់នោះគឺជាខ្ញុំ។ ក្នុងភ្នែកពួកគេ វុធបានឆេះស្លាប់បាត់ហើយ។ ខ្ញុំក៏ដោះម៉ាសចេញ ដើរតួជាភារុណជាផ្លូវការ។

ថ្ងៃនេះ ខ្ញុំស្លៀកពាក់យ៉ាងសង្ហា រង់ចាំមនុស្សដែលខ្ញុំស្រលាញ់។ ខ្ញុំកុហកគេថា ថ្ងៃនេះជាថ្ងៃខួបកំណើតប្អូនស្រីខ្ញុំ។ ខ្ញុំចង់ឱ្យគេភ្ញាក់ផ្អើល ព្រោះមួយរយៈនេះគេហាក់ក្រៀមក្រំយ៉ាងខ្លាំងតាំងពីវុធស្លាប់ទៅ។ 

ពេលដែលខ្ញុំសុំនាងរៀបការ ខ្ញុំសប្បាយចិត្តណាស់ ហើយក៏ជឿជាក់ថានាងគិតបែបនេះដូចគ្នា។ តែរឿងមួយដែលធ្វើឱ្យខ្ញុំមិននឹកស្មានដល់នោះគឺ នាងបដិសេធ។ ក្រែងនាងស្រលាញ់ភារុណណាស់ ម៉េចក៏នាងអាចបដិសេធកើត?

«ខ្ញុំព្រមផ្តល់ឱកាសឱ្យវុធ។» មួយឃ្លានេះស្ទើរតែឱ្យខ្ញុំគាំងបេះដូងស្លាប់។ ពុទ្ធោ! ខ្ញុំមិនមែនយល់សប្តិទេឬ? ខ្ញុំស្ទើរតែភ្លាត់មាត់ប្រាប់នាងថា ខ្ញុំជាវុធ ជាមនុស្សដែលធារីរង់ចាំផ្តល់ឱកាសឱ្យ តែមុខមាត់ខ្ញុំពេលនេះបានក្លាយជាភារុណរួចទៅហើយ។ តើឱ្យខ្ញុំធ្វើយ៉ាងណាទៅ?

ព្រះអើយ! ខ្ញុំដើរជ្រុលមួយជំហានហើយ។ ខ្ញុំគិតថា ពេលដែលខ្ញុំក្លាយជាភារុណ ខ្ញុំនឹងផ្តល់សេចក្តីសុខគ្រប់យ៉ាងដល់នាង។ ការពិត រយៈពេលពីរឆ្នាំដែលខ្ញុំនៅថៃ នាងបានកាត់ចិត្តពីភារុណទៅ ហើយ។ ព្រះជាម្ចាស់កំពុងលេងសើចនឹងខ្ញុំកាន់តែខ្លាំងហើយ។

ខ្ញុំឃើញពីការឈឺចាប់និងស្តាយក្រោយដែលនាងបានបាត់បង់វុធ ដង្ហើមខ្ញុំស្ទើរផុតម្តងៗ។ នាងពិតជាស្រលាញ់វុធជ្រាលជ្រៅណាស់។ ខ្ញុំរំភើបចិត្តពន់ពេកប្រមាណ ខ្ញុំមិនដែលគិតសោះថាមានថ្ងៃដែលចិត្តនាងប្រែមកស្រលាញ់ខ្ញុំ។

តែ……

ខ្ញុំជ្រុលទៅហើយ! ពេលនេះ ខ្ញុំជាភារុណ ជាឃាតកៈសម្លាប់មនុស្សម្នាក់ ម៉េចនឹងសក្តិសមជាមួយនារីល្អដូចនាងទៅ? ខ្ញុំក៏សម្រេចចិត្តធ្វើរឿងមួយទៀតទាំងញញិម។

ខ្ញុំផ្ញើសារអនាមិកឱ្យនាងជារឿយៗ ដើម្បីផ្តល់តម្រុយឱ្យនាងសង្ស័យបំបែកក្តីឃាតកម្មមួយនេះ។ ខ្ញុំផ្ញើតម្រុយឱ្យនាងម្តងបន្តិចៗ ដើម្បីឱ្យនាងសង្ស័យលើខ្ញុំថាជាអ្នកសម្លាប់វុធរបស់នាង។ មានតែអាចរកអយុត្តិធម៌ដល់វុធប៉ុណ្ណោះ ទើបចិត្តនាងបានស្រាលឈប់ស្តីបន្ទោសខ្លួនឯងទៀត។

ខ្ញុំសប្បាយចិត្តនឹងធ្វើវា។ គ្រាន់តែបានដឹងថា នាងមានចិត្តលើខ្ញុំ ខ្ញុំអាចស្លាប់ក៏បានដែរ។ ខ្ញុំអស់ចិត្តហើយ។ ម្យ៉ាងខ្ញុំក៏បានក្លាយខ្លួនជាឃាតកៈម្នាក់ទៅហើយ ខ្ញុំត្រូវតែទទួលខុសត្រូវនៅអ្វីដែលខ្ញុំបានធ្វើ។ ធារី ខ្ញុំសង្ឃឹមថាធារីនឹងសប្បាយចិត្តដែលអាចរកអយុត្តិធម៌ដល់វុធដែលនាងស្រលាញ់បាន។ បើទោះបីជា គេមិនមែនជាវុធពិតប្រាកដក៏ដោយ។  

ឱ្យបងសុំទោសផងធារី! បងសុំទោសដែលមិនអាចមើលថែអូនបាន។ ជាតិនេះ និស្ស័យពួកយើងបានត្រឹមតែទឹកភ្នែកនិងការឈឺចាប់ប៉ុណ្ណោះ។ បងសង្ឃឹមថា អូននឹងឈប់បន្ទោសខ្លួនឯង ហើយត្រូវរស់នៅដោយភាពរឹងប៉ឹង។ អូនមិនត្រូវយំទៀតឡើយ អូនត្រូវញញិម។

ចុងក្រោយ បងមានរឿងមួយចង់ប្រាប់អូន

«………………………………………………………។»

ស្លឹកពោធិ៍ពណ៌លឿងទុំមួយជ្រុះមកទើលើសៀវភៅស្របពេលដែលខ្ញុំបញ្ចប់វា។ ខ្ញុំបិទសៀវភៅកំណត់ហេតុរួចយកវាមកឱបជាប់ដើមទ្រូង។ ពិភពលោកនៅពេលនេះហាក់ដូចជាទទេស្អាត។

ខ្ញុំសម្លឹងមើលទៅបន្ទប់ពន្ធនាគារទាំងគ្មានព្រលឹងក្នុងខ្លួន។ សម្រឹបជើងមនុស្សម្នាក់ដើរសំដៅមករកខ្ញុំ។ អារម្មណ៍ខ្ញុំពេលនេះដក់ជាប់តែលើមនុស្សម្នាក់ដែលកំពុងនៅក្នុងបន្ទប់ពន្ធនាគារ មិនបានទៅចាប់អារម្មណ៍ខ្វល់នឹងអ្នកណាដើរមករកខ្ញុំទេ។

សម្រឹបជើងស្ងាត់ទៅវិញ។ គេឈប់ទ្រឹងមិនបន្តដើរមករកខ្ញុំទៀតទេ។ នេះប្រហែលជាគេដឹងថា បើទោះជាគេមកក្បែរខ្ញុំ និយាយរកខ្ញុំ ក៏ខ្ញុំគ្មានអារម្មណ៍ឆ្លើយតបទៅគេវិញដែរ។

បានបន្តិចខ្ញុំឮសម្តីល្ហៀងៗ ដែលនរណាម្នាក់ស្រែកសួរគេ៖

«យ៉ាងម៉េចសិដ្ឋ ទៅជិតដល់ហើយ ឯងម៉េចមិនទៅជួយលួងលោមនាងទៅ? នៅឈរស្ងៀមធ្វើអី?»

«ខ្ញុំខ្លាចរំខាននាង។ ពេលនេះប្រហែលជានាងចង់នៅម្នាក់ឯងច្រើនជាង។»

«ធ្វើមនុស្សប្រុសកុំខ្លាចនេះខ្លាចនោះ។ បើស្រលាញ់ត្រូវហ៊ាន!»

«អ្នកណាថាខ្ញុំស្រលាញ់នាង? ខ្ញុំគ្រាន់តែអាណិតនាងតើ។»

«ស្រលាញ់វាកើតចេញពីអាណិតហ្នឹងហើយ! អបអរសាទរ! អ្នកស៊ើបអង្កេតកំលោះមានស្នេហាហើយ។»

ស្លឹកពោធិ៍ពណ៌លឿងទុំបន្តជ្រុះមកប៉ះខ្លួនខ្ញុំ។ វាហាក់មកជួយដាស់វិញ្ញាណខ្ញុំឱ្យត្រលប់មកវិញ។ ក្បាលខ្ញុំធ្ងន់យឹប។ ខ្ញុំបើកភ្នែកព្រឹមៗ ឃើញបុរសម្នាក់នោះនៅឈរស្ងៀមក្បែរខ្លួនខ្ញុំដដែល។ គេហុចទឹកត្រជាក់មួយដបឱ្យខ្ញុំអមនឹងស្នាមញញិមដ៏ទន់ភ្លន់ប្រកបដោយការយកចិត្តទុកដាក់។ 

ចប់ដោយបរិបូរណ៍!