រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី១២

ឥន្ត្រា​គិតថា មនុស្សស្រីនេះកំពុង​នឹកមនុស្សប្រុសតែម្នាក់ ដែលនាង​អាចស្លាប់ដើម្បីគេ និងហ៊ានចេញទៅនៅទីគ្រោះថ្នាក់ក្បែរគេ​តាំងពីដំបូង។ តែ​អារម្មណ៍នេះ​នៅតែវិលវល់ ចង់ទាញ​នូវសំណួរមកថា​ យប់នេះ​នាង​ចាំផ្លូវគេដែរ?

គេដៀងទៅរក​​ទូរសព្ទ គេចង់ខលទៅឮសំឡេងនាង​និងសម្លុតនាង​ខ្លះៗ ឬអាចនិយាយល្អៗ​ជួសជុល​អ្វីៗដែលធ្លាប់មិនល្អ​ឡើង​វិញ….ប៉ុន្តែ​ជាសំរាមនៃការ​គិតអារាត់អារាយតាមអារម្មណ៍រាយមាយ គេដឹងច្បាស់​ថា គេនឹងមិនធ្វើទេ។

​ចិត្ត​នឹកតូចមួយកំពុង​​ត្រូវបាន​​បដិសេធ​ទាំងស្រុង ពីទ្រូងមនុស្ស​បេះដូងទឹកកក ប៉ុន្តែយូរៗទៅ អ្នកនៅតែ​រៀនពីរបៀបបំភ្លេចចោលកែវភ្នែកនាង​និង…..បបូរមាត់នាងដែលបានប៉ះគ្នា។

អង្កាល់បានរូបទាំងនេះវារលុបបាត់?

គេអកទឹកល្វីង។

«ទោះបងឯងជួយខ្ញុំមិនជួយ ​ខ្ញុំចង់តស៊ូដើម្បីស្នេហាមួយនេះ!»

យូស៊ូនិយាយមួយៗកណ្តាលសន្ធឹកខ្យល់សមុទ្រ​ បណ្តាលចិត្តឱ្យឥន្ត្រាងាកមកសម្លឹងប្អូនដោយភ្នែកមមី។ នេះមានន័យថាម៉េច?

«ចង់ប្រឆាំង សូម្បីតែបញ្ជាប៉ា?» គេសួរ។

យូស៊ូចងចិញ្ចើម៖

«ប្រឆាំង? អ្នកណាប្រឆាំងអ្នកណា? ជាគ្រួសារ​ គេមិនធ្វើបែបនេះចំពោះគ្នាទេ!»

ឥន្ត្រាមិនយល់។

«បងឯងបេះដូងទឹកកក! ពិបាកពន្យល់!»

ឥន្ត្រា​រេភ្នែកសម្លឹងសមុទ្រ។ ពាក្យថាបេះដូងទឹកកកនេះ មិនមែនទើបតែឮទេ ប៉ុន្តែនេះជាយប់ដំបូង​ដែលគេ​យករហ័សនាមនេះមកគិត ហើយបណ្តើរៗគេនឹកដល់សម្តីនាង «ច្រណែន! ឃើញយូស៊ូសង្ហាជាង! ឃើញគេមានក្តីសុខ! ឃើញគេមានមនុស្ស​ស្រឡាញ់!»។

សំឡេងពិតរបស់យូស៊ូបន្លឺមកបន្ថែមទៀត៖

«ធ្វើជាមនុស្ស​ប្រុសម្នាក់ សូម្បីតែមនុស្សដែលខ្លួនស្រឡាញ់ក៏ការពារមិនបាន?»

គេថាហើយបោះចោលដបភឹង​ទៅលើស្រទាប់ខ្សាច់ រួចបែរក្រោយគេ ហើយដើរធេងធោង​ត្រលប់ ទៅកាន់បន្ទប់ឪពុកវិញ។

មនុស្សពីរនាក់ចេញពីម្លប់ឈើ​ងងឹត​រត់ទៅតាមពីក្រោយ។

សំឡេង​យូស៊ូគំហកឮៗ៖

«ពួកអ្ហែងយាមអញហ្មែន? យាមបាន​ហាម​ធ្វើឱ្យអញភ្ញាក់វ៉ី អញកំពុងតុកស៊ិក​ ប្រយ័ត្នបានត្រីឆ្អែត!»

មនុស្ស​នេះសម្តីអាក្រក់ ហើយ​អុងអាត់ ​តែគេមិនដែលហ៊ាន​បោះអ្នកណាចូលសមុទ្រទេ។​ ឥន្ត្រាបក់ដៃហៅសាម៉ោះមកដល់​រួចខ្សឹប៖

«ដាក់មនុស្ស​មកថែម ហាមឱ្យយូស៊ូ​ចេញបាន រហូតដល់បងត្រលប់មកណេះវិញ!»

«បាទ! តែ…..បងឥន្ត្រាគិត​ទៅចុងឆ្នេរវិញទាំងយប់!»

គេមិនមាត់ ដៃដាក់ដបចុះ ចិត្ត​គិតដល់នាង។ នៅពេលដែលឃ្លាសម្តីចុងក្រោយ​នៃ​​ប្អូនប្រុសគេ​ទើបនឹង​បន្លឺមក នៅស្រស់ៗថ្មី​ៗ​ ឥន្ត្រា​សួរខ្លួនឯងនូវសំណួរចម្លែក ហើយ​គេចាប់ផ្តើម​ចេះលួចលាក់ធ្វើការប្រៀបធៀប៖ «បើយើងជាប្រុសដែលនាង​ស្រឡាញ់ យើងនឹងការពារនាងដែរទេ? យើងនឹង​ប្រឆាំងប៉ាយើងដែរ?»

គេក្រោក​មកពត់ខ្លួនងើយមើលផ្កា ដែលឆ្ងាយ​ស្រអាប់ហើយស្ងាបហ៊មៗ។

«ខ្ញុំជូនបងឥន្ត្រាទៅ​ ខ្ញុំចាត់ចែងពួកនេះហើយ ខ្ញុំទៅយកអូប័រ!»

«មិនបាច់ទេ! នៅមើលយូស៊ូ!»

សាម៉ោះឱនមកខ្សឹប៖

«ប៉ាខ្ញុំទើបនឹង​ VOICE មក!​ គាត់ថាឱ្យតាម​ការពារបង!»

ឃើញ​ឥន្ត្រាចងចិញ្ចើមមិនយល់​ សាម៉ោះក៏រាយការណ៍បន្ថែម៖

«បងយូស៊ូ មានគ្នាយើងមុខក្រោយច្រើនហើយ!  តែស្រីនោះ….ប្អូនប៉ូលិសនោះ! បើ….បើពួកហង្សសតាមមកលបធ្វើអីនាង បញ្ជីនេះ ប៉ូលិសនឹងទម្លាក់លើអ្នកកោះយើង!»

ប្រុសស្អាតរេភ្នែករិះគិត។ ពេលនេះ គេគិតមិនឃើញរឿងពួកហង្សសទេ ​តែ​ស្រមៃឃើញរឿងក្រោមទឹក។ នាង​​ក្រឡាស់ខ្លួនលោត​ចូលទៅក្នុងទឹក ហើយ​ពេលគេហក់ទៅតាម​ក្រោយនាងបាន​​បណ្តែត​កាយមកឱបរឹតគេ​។ សភាពនាង​ដែល​របូតដៃដោយសារតែអស់កម្លាំងពេក ក្នុងការប្រឆាំងទៅនឹងសម្ពាធរាងកាយ គេចាប់អារម្មណ៍​នឹកឃើញពីគ្រោះថ្នាក់មួយ​នៅចំពោះមុខ។

មនុស្សស្រីនេះមិនចម្អែតក្រពះថែមទាំងមាន​របួសនិង​បាក់កម្លាំងផង រឿងពួកហង្សសជា​វិញ្ញាសារ​ថ្មី។ គេ​ងើយមករក​ជនដែលនៅត្រុនស្តាប់បញ្ជា​។

អ្នកប្រុសងក់ក្បាល៖

«ដោះស្រាយ​រៀបមនុស្ស​នៅណេះឱ្យឆាប់ យាមយូស៊ូមិនឱ្យចេញ  នឹងអាលយើងទៅចុងឆ្នេរ!»

សាម៉ោះរត់ចេញទៅធ្វើការ​។ មិនយូរទេ វិលមកវិញ​ដោយមាន​កងកម្លាំងពីរនាក់ទៀត​មកតាម​ដែរ​។

ទាំងបីនាក់អង្គរក្ស​ដើរត្រសងតាមពីក្រោយ​ជំហាន​វែងៗរបស់ឥន្ត្រា​ឆ្ពោះរកជំនិះក្នុងទឹក។

ពីផ្ទះឪពុកទៅកាន់លំនៅឋានឯកជនរបស់កូនប្រុសច្បង ពួកគេមិនអាចដើរដោយជើងឬក៏ជិះម៉ូតូឡានបាននោះទេ វាជាតំបន់ឆ្នេរដែលត្រូវការអូប័រ។

អូប័រគឺជាជម្រើសដ៏សំខាន់ប្រចាំថ្ងៃសឹងតែគ្រប់ពេលវេលា គ្រប់ការធ្វើដំណើររបស់គេទៅហើយ។

«ប៉ានិងពូទៅណា?»

គេសួរដោយបន្តដំណើរញាប់។

«អត់ដឹងទេបង ពួកគាត់ជិះអូប័រ​ចេញមុនយើងបន្តិចហ្នឹង!»

ចិត្ដពិភាល់។ ហេតុអីបានជាឪពុករបស់ខ្លួនចាកចេញចោល​យូស៊ូក្នុងសភាពបែបនេះ។ ភ្លាមនោះគេនឹកឃើញ​ដល់រឿងចិញ្ចៀន។ មនុស្សប្រុសបន្ថយល្បឿន ងាកមកខ្សឹបសាម៉ោះ ៖

«រឿងហង្សសនោះ?»

«ពុកខ្ញុំបារម្ភទុកមុនទេបង!»

ធូរទ្រូងបន្តិច។ ​បើពួកនោះមិនទាន់ដឹងរឿងដែល​ប្អូនប៉ូលិស​មកជាប់នៅឯណេះ។ ប្រសិនដូចសាម៉ោះបានវិភាគ លោតែនាង​ត្រូវមាន​គ្រោះថ្នាក់នៅលើកោះនេះ មិនថាអ្នកណាធ្វើ​ទេ ប៉ូលិសនឹងមកអុកឡុក​មនុស្សពេញមួយ​កោះនេះជា​មិនខាន។

មួយចប់លើផ្ទៃជលសាត្រជាក់និងងងឹត​ចិត្ត គេយល់ថាចម្ងាយផ្លូវទៅបន្ទប់ Private​ ឆ្ងាយជាងរាល់ដង។ មនុស្ស​នេះធ្លាប់តែមិនចេះខ្វល់រឿងស្រីៗ ពេលនេះចេះគិតច្រំដែលសម្តីយូស៊ូ «ស្នេហា​របស់គេ​ធ្វើឱ្យខ្ញុំធូរស្បើយពីភាពធុញទ្រាន់នៃជីវិត ភាពស្និទ្ធស្នាលរបស់គេ ខ្ញុំលែងគិតរឿងតណ្ហា!»។

«អាកុហក! គ្រាន់តែគេចេញផុតពីបន្ទប់ ឯងបានដេកជាមួយ​ស្រីផ្សេង​ម្នាក់ទៀត ​រហូតដល់ត្រូវគេ​ស្កេន​ទូរសព្ទយកការសម្ងាត់បាន​អស់! ​មកកុហកធ្វើដូចព្រានបាក់ស្លាប»។

កូនច្បង​គិតទាំងសើចតិចតួច​ដោយញាក់ស្មា​។

គ្រប់គ្នា​បានដឹងថា យូស៊ូមិនសូវអាចដេកផ្ទះបានយូរទេ ព្រោះគេ​ត្រូវការមនុស្សស្រី។​ បងប្អូនពីរនាក់នេះចេញទៅប្រទេសថៃស្វែងរក​សេវាកម្មភេទនិងរាងកាយទន់ៗដូចទម្លាប់ពួកគេចូលចិត្ត ​ហើយគេ​អាចទៅ​ភ្លាមៗឱ្យតែនិយាយត្រូវគ្នា ដែលជារឿយៗតែងតែកើតឡើងក្រោយ​ការផឹកស្រវឹង។

 ឥន្ត្រា​ទទួលស្គាល់ថា «ការរួមភេទគឺអស្ចារ្យណាស់» គេនេះក៏​ចូលចិត្តអារម្មណ៍រវើរវាយ ​ដែលត្រូវបានថ្នមថែដោយមនុស្សស្រី​​ ចូលចិត្ត​ក្លិនក្រអូប​ប្លែកពីម្នាក់ទៅម្នាក់របស់ពួកនាង គេ​តែង​រីករាយនឹងភាពល្អឥតទាស់ ​ដែលតែងតែ​ចូលមក​បង្កើត​អារម្មណ៍ដ៏ស្រើបស្រាល​អស្ចារ្យមួយសម្រាប់គេ។

 ប៉ុន្តែគេក៏ដឹងថា មិន​មែន​ជា​សេចក្ដី​ស្រឡាញ់ព្រោះ គេមិនដែលចងចាំពួកនាងទេ។ ស្រីស្អាតសោភិនីដូចៗគ្នាទាំងអស់ពេលនាងៗ​ដោះអាវហើយ​គេ​បិទភ្នែក​ឡើងឋានសួគ៌ នេះហើយសមនឹងពាក្យថា«ធុញជីវិត»​ដែលយូស៊ូទើបតែបាននិយាយ។

ទោះជាយ៉ាងណាក៏ដោយ យប់នេះក្រោយស្រវឹង​បែរជាគ្មាន«ចំណង់»។​ រាងកាយមិនទន់ខ្សោយ បែរជាចិត្ត​ហាក់ដូចជា«រងាឯកា»។ គេនឹកដល់ទឹកភ្នែករលីងរលោងរបស់នាង​ «ឥឡូវសប្បាយចិត្ត​ទៀតបាន! ព្រោះមានមនុស្ស​ស្លាប់ឱ្យលោកឯងសប្បាយចិត្តហើយជនពាល!»។ ក្នុងចិត្តគេ យើងជាជនពាលម្នាក់ ចំណែក​យូស៊ូជា«ប្រុសស្នេហ៍បណ្តូលចិត្ត»។

សាជាថ្មីហេតុអ្វីយើងប្រៀបធៀបជាមួយយូស៊ូទៀតទាល់ទេបានវ៉ី?

«បង!»

សាម៉ោះហៅ​ដាស់អារម្មណ៍​ហេងហាងនេះ វិលមករាងកាយធំជង្គ្រោងវិញ។

«យើងមានបញ្ហា​ហើយ!» សាម៉ោះបន្ថែមមកដោយប្រុងប្រយ័ត្ន។ កូនចៅ​ដកអាវុធមកត្រៀម ឯម្ចាស់ប្រុស​គេនៅដៃទទេតាម​សម្លឹងចង្អុលដៃកូនចៅ ​ហើយគេបាន​ថ្លោះទឹកមុខ ពន្លឺភ្នែកស្រពោន។

 ចាំបាន​ថា មុនពេលចេញ​មកចោលនាង គេបាន​បិទទ្វារវិញច្បាស់មែន ម្តេចក៏​បន្ទប់ Privateពេលនេះចំហ?

វរហើយ! ស្រី​មុខរឹងរត់បាត់មែន!

អូប័រឈប់ក្រោមសភាពចំហមាត់នៃម្ចាស់ប្រុស។ គេលោតចុះច្រាំងខ្សាច់ ​ឯចិត្ត​បែកខ្ញែកវែងឆ្ងាយ…..ចុះបើមិនមែននាង​រត់ខ្លួនឯង?

«ឆែកជុំវិញនេះ!»

មាត់បញ្ជារហ័ស​ឯជើងគេឈានវែង​ៗតម្រង់លំនៅ…..

ជំពូក

គេចខ្លួន

ទ្វាររបើកមិនទំនង​ពេកហើយ…..ដូចជាមានអ្នកណាមានចេតនាបំភាន់ឥន្ត្រា?

ខាងក្នុងងងឹត! មិនដែលមានអ្នករត់គេចឯណា​រត់ហើយបិទភ្លើងសិនទេ។​ ថាល្ងង់ ល្ងង់មែន​! ក្លិននាង គេនៅចាំ។​ យប់នេះខ្យល់បោកបញ្ច្រាស ដូច្នេះ​ច្រមុះគេ​អាចធ្វើជាកែវយឹតរកកន្លែងដែលនាងកំពុងឈរពួន។

«ចេញមក»

ប្រុស​ពោលខ្សោយៗទាំងមិនសប្បាយចិត្ត​ ដែលនៅសុខៗគេចេះ«បារម្ភ»។ នីយ៉ាមិនចូលចិត្តសំឡេងរបស់គេនេះទាល់តែសោះ។ អាចនិយាយបានថា គេនេះពិតជាមនុស្ស​ទាំង​អាក្រក់ ទាំងសាហាវ ដែលធ្វើឱ្យនាង​ខំរកវិធីមកទប់ទល់។

ដោយភាព​ភ័យ​ខ្លាចពស់ផ្កាថ្ម និង​មិនដឹងរត់បែបណា សំឡេងអូប័រគេកាលចេញទៅ​​ បាន​​ធ្វើ​ឱ្យ​នាង​រកឃើញ​វិធីថ្មី ក្នុងការ​រត់គេចគឺ ពួន​ឆ្មក់វាយគេ ឱ្យដួលនិងលួចយកជំនិះគេ។ បើធ្វើបែបនេះបាន គេនឹង​មិនអាចទៅ​រករឿងយូស៊ូ​ឬបងជេន​របស់នាង​ទេ។

គ្មានសំឡេងតប!

ឥន្ត្រា​ឈាន​ជើង​យឺតៗឡើងជណ្តើរបីថ្នាក់ឆ្ពោះទៅរកទ្វារធំដែលចំហធ្លុង។ ផ្ទៃខាងក្នុងដ្បិតតែ​​ងងឹត ​ក៏ជាបន្ទប់គេចំណាំជើងបានច្បាស់ ​សូម្បីបិទភ្នែក​ក៏ដឹងថា​ សង្ហា​រឹមណានៅជ្រុងណាដែរ។
​     ដៃប្រុស​លូកទៅត្រៀមនឹង​រុញ​បង្ហើយទ្វារដែលនៅសល់ចំណែក​ រាងកាយ​ប្រុសថ្លៃប្រឈម​នឹង​ខ្យល់អ្វីមួយ បណ្តាលឱ្យរាម​​នៅទ្រឹងវិញ ង៉ក់!

ដង្ហើមនាង នាង​មិនដឹងសូម្បីដង្ហើមខ្លួនឯងដែលធ្ងន់ហើយ​ងាយចំណាំ?

 ខណៈជំហានគេមាំ រាងកាយគេត្រៀមជាស្រេច​ក្នុងការ​ ទប់ទល់អ្វីមួយ​មិនល្អ​លាក់កំបាំងបង្កប់ក្នុងភាពស្ងៀមស្ងាត់ដៃគេ​រុញ​ទ្វារចូលក្ឌុង ក្បាលរបស់គេឱនគេចមកក្រោយយ៉ាងទន់ល្វក់​បណ្តាលឱ្យផើងផ្កា​ថ្លើមថ្មលើដៃនាងធ្លាក់ចុះឌឹង រមៀល​លើកម្រាលថ្មមាត់ផ្លូវ។

ដោយបរាជ័យនៅត្រឹម​ច្រកចូល នីយ៉ា​វង្វេងចិត្ត​ក្នុងការទទួលទណ្ឌកម្មកម្រិតណាទៅដែលគេ​នេះនឹងឱ្យមកនាង។​ ម្រាមដៃប្រុសចាប់កដៃនាងជាប់ ចំណែកនាងខំរលាស់។

គេបែរមកសន្សឹមៗ សម្លឹងនាង​ដោយមុខស្មើ។ ស្រីឃើញ​ភ្នែកឥន្ត្រាក៏ឈប់ការប្រឹងប្រែងប្រឆាំងនឹងម្រាមដៃគេ។

ដោយសម្លឹងនាងមិនមាត់មិនក ប្រុសប្រើដៃឆ្វេង​លូកទៅចុចបើកកុងតាក់។ ពីក្រោយខ្នង​គេ សាម៉ោះនិង​ពួកអង្គរក្ស​រត់មកដល់។ គេងាកចំហៀងបន្តិច​ដោយ​ស៊ីញ៉ូដាក់សាម៉ោះឱ្យដកថយវិញ។

ស្ងាត់! គ្មានអ្នកណាហ៊ានចូលមកទេ គេឃើញ​ហើយ​ថា មេប្រុស​កំពុង​កាន់ដៃចំណាប់ខ្មាំងយ៉ាងណែន​។

ស្រីនៅ​ក្រឡេក​មើលមុខគេ​ភ័យ។

ផ្អែកលើថូបុរាណចិនមុននេះ ​បើគេត្រូវមួយទំហឹងដៃនាង ឥន្ត្រាអាចនឹង​នៅក្នុង ICU រាប់ខែ។ នាង​កំណាចណាស់ជាមួយគេ ចំណែកជាមួយយូស៊ូនាង​អាចស្លាប់បានដើម្បីគេ។

ទៀត! ប្រៀបធៀប….! អូយ! ឥន្ត្រាក៏មួម៉ៅខ្លួនឯងដែរ។

អូសនាង​ចូលមកទាំងខាំមាត់ គេប្រើដៃនៅសល់ច្រានទ្វារបិទគ្រាំង។

ស្រីខំក្តិចចំណងម្រាមប្រាំដែលនៅ ​លើកដៃខ្លួនដែរព្រោះចង់រកសេរីភាព ​តែហត្ថាថ្លៃដែលចាប់នាង ជាប់ម៉ឺងដូចដែកមួលនឹងវីសពិតៗ​។

ធ្ងន់កហើយនីយ៉ា! នាងគិតជាមួយ​​ភាព​ភ័យ​ខ្លាចមួយ ​ដែល​មានសន្ទុះឡើងមួយកម្រិតហើយមួយកម្រិតទៀត។

«ចង់វាយសម្លាប់មនុស្ស​ទាំងរស់ដូចវាយក្បាលត្រី? ចរិតពិតពួកគ្រួសារប៉ូលិសហ្មែន?»

មាណវី​នៅមួយជំហានពីក្រោយគេ តែដៃនាង​ត្រជាក់ឡើងៗក្នុងបាតដៃដ៏ធំរបស់គេ។ ​បាន​ប្រទះ​ឃើញកាំភ្លើងខ្លីរបស់គេ​លៀនចេញមកភ្លឹបៗ។ ឥតគិតច្រើនទេ នីយ៉ា​លូកដៃទៅទីនេះ ប្រុស​ក្តាប់មាត់ រេកាយ​ខ្ពស់ស្រាវរបស់គេ គេចពី​គោលដៅនាង ​ហើយ​ចាប់បាន​ដៃនាងម្ខាងទៀត ធ្វើ​ឱ្យរាងកាយ​ភេទផ្ទុយទាំងទ្វេរនៅប្រឈមទល់មុខគ្នា។

«ឃាតកៈក៏ចេះ ធ្វើចោរក៏ចេះ!» បុរសរអ៊ូដាក់នាង​។

នាង​បូញមាត់រលាស់រើទាំងមិនខ្ចីឆ្លើយទេ។ ស្រីមិនបានប្រើគ្រឿងក្រអូប តែសក់នាងដែលកកិតចង្កានិងច្រមុះគេពេលរើបម្រះពិតជាក្រអូបប្លែក។ គេជួយខ្លួនឯងមិនបានទេ​ ព្រោះចុងច្រមុះចង់នៅដំអក់ទីនោះ ទីបំផុតច្រមុះគេបង្ខំចុះចតមក​​ថើបសក់ក្បាល​នាងដោយគ្មានចេតនា​និងគួរឱ្យហួសចិត្ត​។

ទាំងពីរប្រាណ​ឈប់ស្ងៀមដូចគ្នានៅក្រោយស្នាមថើបនោះ។

គេនៅស្កុប ហើយមាន​អារម្មណ៍ងឺងមុខព្រោះអៀន ឯខាងស្រី​ឈប់រើ ម្រាមទាំងប៉ុន្មាន​គាំង​នៅក្នុងបាតដៃគេទាំងអស់។ នីយ៉ា​ងើបមុខមកមើល​ភ្នែក​បុរសម្នាក់​ដែលធ្វើឱ្យចិត្តនាង​​ពោរពេញ​ទៅ​ដោយ​ការ​ភ័យ​ខ្លាច។

គេហាមាត់តិចៗ ពេល​ភ្នែកនៅជាប់គាំងនឹងមុខ​ស្លេក​ស្លាំង​របស់នាង​។

«……»

អណ្តាតគេមិនរលាស់ គ្មាន​សំឡេងទេ មានតែមុខ​ឌឺរបស់គេ។

ស្រី​មិន​បាន​មើល​​ភ្នែក​​បុរស​នោះ​ទេ។ បើមើលមែន និងមើលដោយ​ចិត្តត្រជាក់ៗ នាងអាចនឹង​ប្រទះឃើញ​ភាព​ពេញ​ចិត្តមួយ កប់ជ្រៅក្នុងការសម្លឹង​របស់គេ ជាក្រសែភ្នែក​ដែលធានាថា​«មិនឃោរឃៅ»ដាក់នាង​ដូចពីម្សិលទៀតឡើយ។

«Accident ទេ​» នាង​និយាយគេចៗញ័រៗ។

«និយាយខ្មែរមក!» គេបង្គាប់ប្រាប់នាង​ស្រាលៗ។

នីយ៉ា​លេបទឹកមាត់ភ័យ​ ព្រោះគេកាន់តែនិយាយស្រាល គេនឹងកាន់តែឃោរឃៅ នេះជារបៀបដែលបទពិសោធស្គាល់គេ​ពីរថ្ងៃមកនេះ បង្រៀននាងអំពី​«គេ»។

«ខ្ញុំ…មិនបាន….ចង់….វាយក្បាលដូច….ដូចវាយត្រីស្អីទេ!»

«អ៊ីចឹង?» សួរមកខ្លីបំផុត ហើយក៏ល្ងង់បំផុតបើគេ​ជឿនាង។

ស្រីធុញណាស់ដែលត្រូវនៅក្បែរគ្នា​បែបនេះ ហើយធុញក្នុងការ​ពន្យល់ នាង​ស្រ្តេសពេកហើយ ​មាន​តែរលាស់ដៃទៀត​នឹងអាលបាន​ថយមកដកដង្ហើមធូរបានខ្លះ…..នាងកាន់រើ គេកាន់ខាំមាត់ចាប់នាង​ណែនជាងមុន។ ទឹកមុខគេមិនកាច​ តែគ្មានឡើយ«ស្លូត»។

«មិញនេះបើខ្ញុំស្លាប់ នាង​នឹងក្លាយជាឃាតកៈ ប្អូនប៉ូលិស!»

«ខ្ញុំការពារខ្លួន មនុស្ស​បំពាន! លែងភ្លាម!»

នាង​ជេរពាក្យថ្មី ​ធ្វើឱ្យបបូរមាត់គេ​ញឹមៗ។ ភ្នែកគេស្រឹម ​ហើយ​សាជាថ្មី ជាតិ​ទឹកកកត្រជាក់ៗបង្ហាញតាមពន្លឺភ្នែក។ គេស្ងាត់ស្ងៀមធ្វើឱ្យនាង​ឆ្ងល់។ នីយ៉ាអស់ពីរើហត់ ក៏ក្រឡេកមើលមុខ​បុរសនេះ។ ភ្នែកគេស្រឹមឌឺនាង​មិនចេះហត់ទេ ប្រហែលគេកំពុងគិតរឿងអី? សងសឹកយើង? កំហឹងគេនៅឯណា ​គេត្រជាក់ម្ល៉េះ? នីយ៉ាគិត ចាប់ផ្តើមបុកពោះតិចៗបន្ថែមទៀតព្រោះនឹកឃើញ «ឈានជើងចេញក្រៅបន្ទប់នេះ ដោយគ្មានការអនុញ្ញាតតែមួយជំហាន…..» «បងប្រុសនិងប្អូនស្រីអាចនឹងមានវាសនាដូចគ្នា!»។

នាង​និយាយភ្លាមៗសំដៅកែវភ្នែកគេ៖

«ខ្ញុំមិនបាន​ចេញក្រៅបន្ទប់មួយជំហានទេ! ឃើញឬនៅ?»

គេនៅស្ងៀមសម្លឹងរកមើលល្បិចកលក្នុងភ្នែក​ថ្លាឆ្វង់ទាំងទេ្វ។ ដឹងហើយថានាងកំពុងតវ៉ា ​ខ្លាចគេពិន័យនាង​នឹងរឿង​បងប្រុសសំណព្វ។ ឥន្ត្រាក្រមូវលែងញញឹម ព្រោះចិត្តគេកម្រើកនឹកឃើញសម្តីលើឆ្នេរ «ថ្ងៃមួយនៅស្រុកថៃ ខ្ញុំស្រវឹងខ្លាំង ខ្លាំងមែនទែន ខ្ញុំដឹងថាគេលបមើលខ្ញុំយូរហើយ! ខ្ញុំគិតថា យប់នោះខ្ញុំនឹងបានគេ! ព្រោះគេជាស្ត្រីខ្មែរម្នាក់ឯង ឯកោ​ដែលមករៀននៅបាងកក មើលទៅភ្លើតភ្លើន  គ្មានមិត្តនិងចូលចិត្តស្លៀកពាក់ តែងខ្លួនឆើតឆាយ! តែតាមពិតទៅ ខ្ញុំគិតខុស!»។

មនុស្សស្រីភ្លើតភ្លើនម្នាក់នេះ ចេះលបមើលយូស៊ូទៀត? ដោយឃើញនាងហាក់ចាញ់ៗ បុរសនេះរឹតចង់ធ្វើបាប គេនិយាយហើបតែបបូរមាត់ចុងៗតិចៗ៖

«យកទណ្ឌកម្មមួយណា!»

«អត់យកទាំងអស់!»

នាង​ឆ្លើយលឿនណាស់ លឿនរហូត​ដល់​គេផ្ទុះសំណើច។ តាមពិតនាងភ័យ​រឿងសាកសពយូស៊ូ​ឬរឿងផ្ញើរូបនាង​ទៅបញ្ឆោតបងប្រុសនាង គឺនាងមិនចង់បានទាំងពីររឿង។

គេសើច​សប្បាយធ្វើឱ្យនាងនឹកឃើញថា មនុស្សនេះកាលរៀបបោះសង្សារនាង​ចុះក្នុងទឹក ​ក៏សើចបែបនេះដែរ ឥឡូវនេះប្រហែលជិតសម្លាប់អ្នកណាទៀតហើយ បានមុខថ្មរបស់គេសើចចេញ។

នាង​ទន់ខ្សោយផ្លូវចិត្ត​ហើយ​អស់ល្បិចនឹង​ទប់ទល់មែន។

ស្រី​លែងបម្រះ ភ្នែកនីយ៉ា​​រលីងរលោង​។

«គ្រាន់តែជះទឹកមួយថូ ខ្ញុំត្រូវស្លាប់មែនដែរ?»

ពាក្យទឹកមួយថូ​ធ្វើឱ្យគេ​នឹកក្នាញ់។ គេស្អប់អ្នករំឭក​រឿងនេះ ចំណែកស្រីល្អិត ​រំឭកហើយរំឭក​ទៀត ដូចមិនចេះចាកចេញពីរឿងក្នុងអូតែលនោះសោះ?

ព្រោះនីយ៉ាគិតថា នេះជាមូលហេតុតែមួយគត់ដែលនាងត្រូវក្លាយមកជាចំណាប់ខ្មាំង។

«គ្មាន​អ្នក​ណាធ្វើខុសហើយមិនទទួលទណ្ឌកម្មទេ!»

 ប្រុសប្រាណថាហើយ​ក៏​រលាស់ដៃលែងនាង ​ដោយដើររំភើយចូល​កណ្តាល​បន្ទប់។
​តរុណី​​ដើរត្រុកៗទៅតាម​ក្រោយ​ដោយនិយាយតវ៉ា៖

«​ចុះខ្ញុំអ្ហុះ? លោកឯងចូលមកបន្ទប់ទឹក​ចំពេលខ្ញុំ…..»

បុរសនឹកឃើញភ្លាមដល់ទម្រង់ទ្រូងមនុស្សស្រីប្រកបដោយ​សុដន់ទាំងគូស្អាតដូច​អប្សរា។ គេភ្លេច​រឿងនោះឈឹងហើយ ព្រោះពេលតក់ក្រហល់ អារម្មណ៍ទាក់ជំពាក់តែ​នៅនឹងរឿង​ពួកស្កេនទូរសព្ទប្អូនប្រុសគេ និងរឿងបាត់យូស៊ូ។

ឮដល់រឿងនេះប្រុសម្ចាស់បន្ទប់បែរក្រោយ ហើយអង្គុយ​ផ្ងា​រដៃទាំងសងខាងលើគ្រែ ជំទែងជើងច្រង៉ាង​ប្រឈមមក​សម្លឹងនាង​។

 គេចង់ត្រឹម​មើលមុខ​អ្នកដែលតាមមក​តវ៉ា តែពេលនេះ​ដោយសារគេ​អង្គុយ ក៏ទាបជាងស្រីស្រស់ ម្ល៉ោះហើយ​ឥន្ត្រា​ បែរជាក្រឡេក​ឃើញដំបូងគេ​​កូនភ្នំពីររំលេចក្នុងអាវរលោងខៀវ។

បើនាងមិននាំនិយាយទេ គេ​បាន​ភ្លេច​វាបាត់ហើយ។ សុខៗត្រូវនាង​រំឭកឡើងមកវិញ។ ប្រុសក៏វាចា​ចាក់បណ្តោយ៖

«ចុះបើឃើញហើយ ចង់ម៉េច?»

នាង​ហាក់សៅហ្មងណាស់នឹង​ភាពធម្មតា​ៗវាហីនេះ។ ម្សិលមិញជាបិសាច ថ្ងៃនេះចេញទឹកមុខព្រាន។

«ខ្ញុំភ្លេចបាត់ហើយ មានអីអស្ចារ្យ​?»

គេបន្ថែមមកទៀត​តែពាក្យចុងក្រោយនេះ​កាន់តែលេងសើច​ពេកណាស់។

ស្រីញឹងចិញ្ចើមរំឭកចុះឡើងខ្លួនឯងទាំងទោមនស្សខ្លាំង ​«មានអីអស្ចារ្យ?» «ភ្លេចបាត់ហើយ!»។

«យើងមិនអាក្រក់គ្មានសម្រស់ដូចដែលគេកំពុងនិយាយមាក់ងាយនេះទេ!»

ស្រីគិតម្នាក់ឯងទាំងទោមនស្ស មុខក្រញូវឡើងៗ។

ខាង​ឥន្ត្រា គេម៉េចនឹង​អាច​ស្មាន​បានអ្វីដែលមនុស្សស្រីកំពុងគិត​។ ​ប្រុសញាក់ចិញ្ចើម រង់ចាំពាក្យ​ចច្រែតរបស់នាង​។ ពេលនេះនីយ៉ា​នាង​នៅឈរ​ធ្មឹងព្រោះអួល។

«មកទូទាត់រឿងរបស់យើងវិញ!»

គេវាចា​មកកាន់កែវភ្នែករលើបរបស់នាង ​ហើយលូកដៃយកទូរសព្ទចេញមក គេថតរូបនាង​គ្រឹបៗ រកតែ​នីយ៉ា​លើកដៃបាំងមុខមិនទាន់។

«ប៉ូលិសល្បីនឹងចូលចិត្ត​រូបនេះ!» ឥន្ត្រា។

ស្រីរេភ្នែកសម្លឹង​ដៃគេ​ដែលកំពុង​ Screw អេក្រង់។ នីយ៉ាភាំង។ នាង​ឈរចុងជើងគេបែបនេះ យំរលីងរលោងបែបនេះ​ ឯជើងគេ​ដាក់មកច្រង៉ាងបែបនេះ​បងនាងនឹងគិតថាម៉េចទៅ?

«កុំឱ្យសោះ!»

នាងហាមញ័រៗ។

ខាងប្រុសបិទទូរសព្ទ​ហើយក្រោកពីគ្រែដោយមុខស្មើ។ នាង​នៅតែបន្តដើរតាម ខ្លាចគេចុចទៅជេន​។  ឃើញស្រមោលនាង​អ​ន្ទោល គេឆ្ងល់ក៏បែរមកវិញ។

«លុបចោលភ្លាម​ មនុស្សឆ្កួតចិត្ត!»

នាង​ថាមិនជេរគេទេ​ តែជេរទៀតទោះទប់មិនជាប់។ ដឹងថាពាក្យអសុរោះ ​កែស្ថានការណ៍អីឱ្យល្អមិនបានវិញក៏ពិតមែន តែមាត់នេះចេះតែចង់ជេរ រាល់ពេលនិយាយជាមួយគេ។​

«មនុស្ស​ឆ្កួតចិត្ត​នឹងធ្វើអ្វី​ដែលឆ្កួតៗមែនដែរ?»

គេចេះនិយាយច្រើនឡើងៗហើយ​នៅនឹងមុខស្រីម្នាក់នេះ​ ក៏លែងជាបិសាចទឹកដែល​សោះកក្រោះនិង​​កំណាញ់សម្តីទៀតហើយ ឥន្ត្រាដឹងខ្លួនឯង។ ពិសេស​ពេលណានាង​ខឹងបែបនេះ គេរឹតតែចង់សួរនាំច្រើនឡើងៗ។

«ថាស្អែកចាំផ្ញើ តែខ្ជិលណាស់ ធ្វើឥឡូវទាន់ហន់​តាមរបៀបឆ្កួតចិត្ត​ទៅ ល្អទេ?»

ប្រុសលើកទូរសព្ទមកវិញ​ នាង​ហក់ចូលដណ្តើមទាំងដឹងថាមិនបានសម្រេច​ តែនីយ៉ានៅតែធ្វើ។ ជាមួយឧបករណ៍ខ្ពស់លើចុងដៃ គេលើកវាឡើងលើផុត​ នីយ៉ា​ឈោងមិនដល់ទេ​ ឯភ្នែកគេ​មើលមកនាង​ដោយ​ឌឺដងនិង​ធ្វើបាបលេង។ នាង​នៅមានៈហក់ទៅយក​។ ការរារាំងនិងដណ្តើម​សាជាថ្មីរុញប្រាណស្រីឱ្យគាំងជ្រកក្រោមទ្រូងរៀម។

ដៃនាង​ទាំងសងមិនយក​បានហ្វូនរបស់គេ បែរជាភ្លាត់មកទ្រោបឱបស្មាគេ ឯគេវិញ​ភាំង ព្រោះកិរិយាឱបរឹតក្នុងទឹកជាមួយគ្នា ត្រូវ​​រំឭកឡើងមកវិញក្នុងពេលនេះ។