រឿង៖ គុយទាវគោក

ថ្មើរនេះគឺម៉ោង៧ជិតកន្លះហើយ កន្លែងនានាក្នុងក្រុងកំពង់សោមពោរពេញដោយភ្លើងពណ៌ឆើតឆាយស្អេកស្អះ។ យប់ងងឹតទៅហើយ ខ្ញុំត្រូវម៉ែប្រើឱ្យទៅទិញគុយទាវនៅមាត់ផ្លូវក្បែរកាស៊ីណូឱ្យគាត់ទៀត។ ឆ្ងល់ដែរហាងយាយប៉ិ​ ណៃស៊ា អីគេហ្នឹងគេថាលក់អត់ឆ្ងាញ់គ្រប់គ្នា ហើយម៉េចម៉ែសុខចិត្តប្រើខ្ញុំឱ្យទៅកាត់យប់កាត់អធ្រាត្រអ៊ីចឹង?

«ហក៎ ណេះ! លុយ!​ ទៅទិញគុយទាវឱ្យអញបន្តិច»

«គុយទាវ? តូបយាយណៃស៊ាហ្នឹង?»

«អ៊ើ! ហើយថីហង?»

«ក្រែងកាលមុនម៉ែឯងថា ហូបមិនកើតនោះ?»

«អញស៊ីថ្ងៃមុនហើយ ស៊ីកើតបានអញឱ្យទៅទិញ តមាត់ច្រើនណាស់មីនេះ! ទៅ! ឆាប់ទៅទិញមក!»

«ចា៎!»

ឱ្យតែម៉ែប្រើខ្ញុំមិនដែលហ៊ានប្រកែកទេ ទោះយប់ហើយក៏ដោយ ទោះខ្លាចខ្មោចក៏ដោយ។ ព្រោះខ្ញុំខ្លាចរន្ទះជើងម៉ែច្រើនជាង ហ៊ានតែតមាត់មិនស្រួលបាតដៃឥតស្រមោលឥឡូវហ្នឹង ម្ល៉ោះហើយទ្រាំទៅទាំងស្រៀវឆ្អឹងខ្នង។

ខ្ញុំជិះកង់បណ្តើរ ទាំងអារម្មណ៍ព្រឺព្រួច ព្រោះអីច្រកផ្លូវផ្ទះខ្ញុំមិនមានអំពូលដាក់បំភ្លឺផ្លូវទេ។ ខ្ញុំទៅនេះគឺពាក់ពិលលើក្បាលទៅទេ។ ប៉ុន្តែ… ហេតុអីយប់នេះខ្យល់ហាក់ដូចជាត្រជាក់ចម្លែកម្ល៉េះ? ភ្នែកខ្ញុំមិនហ៊ានក្រឡេកឆ្វេងស្តាំឡើយ ចិត្តបញ្ជាប្រាប់ខួរក្បាលថា​ ត្រូវតែសម្លឹងទៅមុខ ហើយលួចសូត្រ នមោតស្សជាប់។

ពីផ្ទះខ្ញុំមកកន្លែងលក់គុយទាវជិះកង់១៥នាទី ឆ្ងាយដែរហ្នឹង។ គ្រាន់មកដល់ភ្លាម ខ្ញុំឈប់កង់ធ្វើភ្នែកស វ៉ោវ! ខ្ញុំមិនធ្លាប់ឃើញហាងនេះមានមនុស្សចូលមកហូបច្រើនបែបនេះទេ ម៉ោងថ្មើរណេះភ្ញៀវពេញៗតុ។ មានអារម្មណ៍ថាក្មេងជិះកង់កញ្ចាស់មិនចង់ហ៊ានចូលទិញទេនៀក៎។ ខ្ញុំរេរាបន្តិចទើបចូលទៅស្រែកប្រាប់អ៊ី ណៃស៊ាដាក់គុយទាវមួយចានឱ្យម៉ែ។

«អ៊ី! គុយទាវមួយ!»

គាត់គិតតែស្រុះសាច់គុយទាវដាក់ទឹកស៊ុបដាក់ចានឱ្យភ្ញៀវញាប់ដៃញាប់ជើង ទំនងជាមិនឮសំឡេងខ្ញុំទេ ព្រោះប្តីគាត់កំពុងនិយាយជាមួយគាត់ ទើបខ្ញុំស្រែកម្តងទៀត។

«អ៊ី! ខ្ចប់គុយទាវមួយ!»

«អ៊ើ…អ៊ើ! ចាំតិច! ចាំតិច! ពុងញាប់ហើយ»

ឮថាអាប៉ិមាន់ជល់ប្តីគាត់នេះទើបតែបានគ្នាប៉ុន្មានខែទេ ត្រឹមមើលមុខក៏ដឹងថាជើងអ្នកលេងដែរ សាក់ពេញដៃពេញជើង បើមិនស្លៀកពាក់បែបសាក់ដល់បាតទៀតមើល៍ទៅ។ យាយប៉ិហ្នឹងសែប្លាយហើយ តែប្តីខ្ទង់សាមស្តើងប៉ុណ្ណោះ(របៀបថាគោចាស់ស៊ីស្មៅខ្ចី)។ ប្រហែលលួចទាក់ទងគ្នាតាំងពីប្តីដើមគាត់នៅរស់ផងក៏មិនដឹង ។ មនុស្សធ្លាប់ខ្សិបខ្សៀវគ្នាអំពីរឿងគាត់ ប៉ុន្តែពួកគេនៅតែមកញ៉ាំថ្វីដៃគាត់ដដែល។ លក្ខណៈញៀនដាច់មិនបាន។

ខ្ញុំឃើញមាត់អ្នកញ៉ាំហើយលេបទឹកមាត់ខ្លួនឯងក្អឹក! គេឯណោះហុតទឹកស៊ុបលាន់គ្រូក!  ម្នាក់ៗញ៉ាំឡើងបែកញើសខ្ចាយ ចង់ដឹងណាស់ហា៎អាគុយទាវហ្នឹងឆ្ងាញ់យ៉ាងណាទៅ? មើលទៅម្នាក់ៗញ៉ាំដូចញៀន គាត់បែបដាក់ថ្នាំដឹង? ព្រោះធ្លាប់តែល្បីថា កន្លែងលក់គុយទាវឆ្ងាញ់គេប្រើកញ្ឆាបន្ថែមក្នុងទឹកស៊ុប ដូច្នេះអ្នកហូបនឹងញៀន ហូបហើយចង់ហូបទៀត។

ខណៈកំពុងរង់ចាំ ខ្ញុំបានឃើញបងចិនកូនអ៊ុំចួនផ្ទះមាត់អូរដើរចូលទៅផ្ទះបាយខាងក្រោយ។ ខ្ញុំប្រុងហៅគាត់ តែក៏មិនហៅវិញព្រោះមើលគាត់ប្រហែលស្តាប់មិនឮហើយគ្មានពេលមករាក់ទាក់នឹងខ្ញុំផង។ ខ្ញុំសង្កេតឃើញថា ពេលគាត់ដើរចូលទៅ ទឹកមុខហាក់ស្រងូតស្រងាត់នឹងក្រៀមក្រំ។ ខ្ញុំកាត់ស្មានខ្លួនឯងថា មុខជាហត់ពេកទោះមានមុខក្រម៉ូវបែបហ្នឹង។

«ណេះ! គុយទាវ!»

បានគុយទាវខ្ញុំក៏ត្រឡប់មកផ្ទះវិញជាប្រញ៉ាប់ ខ្លាចម៉ែជេរថាទៅយូរ។ ព្រោះតែសារជាតិរមាស់ចង់ដឹង ខ្ញុំលួចហុតទឹកស៊ុបនោះបន្តិចដែរ។ រសជាតិ អេមអស់ទាស់! អ៊ីចឹងទេតើបានជាអូសបានភ្ញៀវមកកកុញ បើប្រៀបទឹកស៊ុបកាលពីមុនវិញ សាបដូចទឹកទន្លេ តើគាត់មានរូបមន្តពិសេសអីហ្ន៎?

…នៅថ្ងៃបន្ទាប់

ស្នូរជួងសាលារៀនបន្លឺឡើងលាន់ខ្ទរ កូនសិស្សទាំងខ្ញុំទាំងគេប្រញ៉ាយគ្នាចេញពីថ្នាក់រៀនបន្ទាប់ពីពួកយើងបានបិទបង្អួចរួចរាល់អស់។ និយាយទៅ ត្រៀមខ្លួនមកសាលាដូចអូសឬស្សីបញ្ច្រាសចុង បើគ្រូដេញទៅផ្ទះញាប់ដៃញាប់ជើងសម្បើមណាស់។ ប៉ុន្តែ បញ្ជាក់ឡើងវិញ ទោះជាបែបនេះក៏ដោយ ខ្ញុំគឺជាក្មេងស្រីដែលស្រឡាញ់ការសិក្សាណាស់។

ខ្ញុំឈ្មោះសាវី ឆ្នាំនេះរៀនថ្នាក់ទី៩ហើយ តែខ្ញុំមិនរំពឹងថាបានរៀនតទៅមុខជ្រៅជ្រះទៀតទេ ព្រោះអីគ្រួសារយើងមានវិបត្តិហិរញ្ញវត្ថុមិនដែលស្រាកស្រាន្ត។ និយាយងាយស្តាប់គឺ ផ្ទះយើងក្រ។ ខ្ញុំមានឪពុកជាអ្នកដើរទូក ចំណែកម៉ែបន្ទាប់ពីលក់ត្រីដែលពុករកបាន គឺគាត់តែងចួបប្រជុំសភា។ សភារបស់គាត់មានគ្នា៤ ៥នាក់ អង្គុយបាំងផ្លិត ស៊ីគូ ប៉ក់គ្តាំង។ល។ កុំតែនៅមានពុកទេ កុំអីខ្ញុំប្រហែលមិនបានរៀនបានប៉ុននេះឡើយ។ តាមថាប្រហែលជាគាត់ឱ្យខ្ញុំរៀនត្រឹមតែមើលអក្សររួចប៉ុណ្ណោះ មិនគិតថានឹងបានជាដុំកំភួនអ្វីនឹងគេឡើយ។

ខ្ញុំមានកង់កញ្ចាស់មួយសម្រាប់ជិះទៅសាលា។ មកដល់ផ្ទះភ្លាមខ្ញុំផ្ទាត់ជន្ទល់កង់ ទម្លាក់កាតាប ចាប់ឆ្នាំងដុសលាង ដណ្តាំបាយ ។ ធ្វើទាំងញ័រដៃព្រោះហេវមែនទែន។ នៅផ្ទះគ្មានស្អីធ្វើម្ហូបទេ ខ្ញុំក៏គ្មានលុយច្រើនដែរ ដូច្នេះទាញកង់ទៅទិញពងទា៣គ្រាប់យកមកចៀនបណ្តោះពេលសិន។ ពេលខ្ញុំទៅទិញពងទានៅតូបចាប់ហួយ ខ្ញុំបានឮមីងៗបណ្តាញព័ត៌មានប្រតិកម្មរហ័សក្នុងភូមិជជែកគ្នាពីរឿងអ៊ុំចួនបាត់កូន។ ខ្ញុំគិតមើល អ៊ុំចួនមានកូនប៉ុន្មាននាក់អីចេះ? ទេ… កូនគាត់មានតែមួយគ្រាប់ទេ អ៊ីចឹងមានតែបាត់បងចិន? អូ! ខ្ញុំទើបតែបានចួបកាលពីម្សិលទេតើ? តើគាត់បាត់ទៅណាហ្ន៎?

ខ្ញុំត្រឡប់មកផ្ទះវិញទាំងអារម្មណ៍ងឿងឆ្ងល់។ ជិះកង់បណ្តើរគិតបណ្តើរ ប្រហែលគាត់មានរឿងអីពិបាកចិត្តទេដឹង ខ្ញុំបានឃើញគាត់មានទឹកមុខមិនល្អសោះកាលពីម្សិលមិញ។ បាយឆ្អិនម៉ែខ្ញុំមកដល់ល្មម។ ដាក់គូថប៉ុក ដឹងគាត់ប្រាប់ខ្ញុំថាម៉េចអត់? នោះជាឃា្លដែលខ្ញុំគិតស្មានទុកនោះហើយ ពេលនេះក៏ឮបានសម្រេច។

«ឃ្វី! ម៉ែបានសុំឯងឱ្យទៅរត់គុយទាវហើយ ទៅធ្វើការបានលុយចាយ ឈប់ទៅរៀនទៅ! រកអង្ករច្រកឆ្នាំងមិនចង់បានទេរាល់ថ្ងៃនេះ»

«ចាំខ្ញុំប្រលងហើយសិនទៅម៉ែ! ខ្ញុំចង់ប្រលងហ្នឹងគេ!»

ខ្ញុំមានទឹកមុខក្រៀមក្រំភ្លាមព្រោះដឹងថាខ្ញុំមិនអាចស្នើរម៉ែឱ្យផ្លាស់ចិត្តបានឡើយ។

«ប្រលងស្អី? ប្រលងហ្នឹងបានស៊ីហ្មែន? ទៅហ្នឹងគេហ្នឹងឯង ទាន់គេត្រូវការមនុស្ស ឯងចាំទាល់តែគេលែងយកហ្មែន? នាងឯងស្មានតែខំរៀនរាប់ឆ្នាំហ្នឹងបានធ្វើការធំដុំអីណាស់ណាទៅ ​ពួកអស់ហ្នឹងវាឈប់រៀនជួយរកលុយម៉ែឪវាដូចតែគ្នាទេ»

«ចុះ… ពុកថាម៉េច?»

«ឪឯង? តែអញឱ្យទៅគឺទៅហើយ ចាំសួរនាំអីច្រើនម៉្លេះ? អាមឿនវាថាហាងអ៊ី ណៃស៊ាហ្នឹងឥឡូវលក់ដាច់ណាស់បានចង់រកក្មេងរត់តុថែម»

«……………»

«នែ! កុំមកធ្វើមុខស្មឿកៗដាក់អញ ឱ្យចេះគិតផងទៅ ម៉ែឪលំបាកអីខ្លះរាល់ថ្ងៃនេះ? ខំចិញ្ចឹមក្បាលមកធំឆ្អឹងប៉ុណ្ណេះអស់ហើយ គ្រាន់តែទៅធ្វើការរកលុយចិញ្ចឹមអញវិញប៉ុណ្ណឹងមិនបានហេស? »

«ចា៎»

ខ្ញុំឆ្លើយយ៉ាងគ្មានកម្លាំងកំហែង មុននឹងចូលទៅចង្រ្កានបាយសំកុកយ៉ាងស្រពាប់ស្រពោន។

ស្អែកឡើងខ្ញុំត្រូវទៅធ្វើការនៅហាងគុយទាវអ៊ីណៃស៊ា។ គាត់ហ្នឹងមិនមែនចិនសុទ្ធទេ គឺចិនកាត់យួន កាចសម្បើមណាស់ ប្តីគាត់ក៏កាចដែរ។ ប្រហែលមកពីខ្ញុំមិនទាន់គ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណបានជាម៉ែមិនឱ្យទៅធ្វើការនៅរោងចក្រ ទើបបញ្ជូនមកនៅជាមួយថៅកែម៉ៅស្វិតសែនកំណាចនេះទៅវិញ។ ម៉ែមិនខ្វល់ថាខ្ញុំចួបមនុស្សបែបណាទេ សំខាន់គឺអាចរកលុយឱ្យគាត់បាន។

ក្មេងរត់តុនៅទីនេះសរុបទាំងអស់មានបួននាក់ ពីនាក់នៅគេងផ្ទះគាត់ ចំណែកខ្ញុំនឹងបងមឿននៅភូមិជាមួយគ្នានេះត្រឡប់មកគេងនៅផ្ទះវិញព្រោះយើងផ្ទះជិតទេ។ នៅពេលថ្ងៃយើងត្រូវរៀបចំការងារជាច្រើនមុខត្រៀមសម្រាប់លក់ដូរពេលល្ងាច។ ពួកខ្ញុំត្រូវប្រាប់ឱ្យចូលធ្វើការពីម៉ោង៩ព្រឹក នឹងមិនត្រូវមកមុនម៉ោង ចេញចូលផ្តេសផ្តាសជាដាច់ខាត បើគាត់មិនប្រើ។

ខ្ញុំ មេសា ធាណា នឹងបងមឿន ចែកគ្នាធ្វើការរៀងៗខ្លួន ហើយគ្មាននរណាជួយអ៊ីណៃស៊ារម្ងាស់ទឹកស៊ុបឡើយ ព្រោះគាត់ហាមមិនឱ្យទៅជិត។ ខ្ញុំគិតថា គាត់ប្រហែលជាខ្លាចយើងដឹងរូបមន្តទឹកស៊ុបឆ្ងាញ់របស់គាត់ហើយទើបលាក់លៀមដល់ថ្នាក់នេះ។ នៅសុខៗពេលកំពុងលាងចានគុយទាវ ខ្ញុំរពឹសមាត់សួរបងមឿនរឿងបាត់កូនអ៊ុំចួន។

«បង! ឮថាអ៊ុំចួនបាត់កូនហ្មែន? ហើយបាត់ពីអង្កាល់?»

«មិនដឹងដែរ ប្រហែលពីម្សិលម្ងៃហើយ ព្រោះម្សិលមិញអត់ឃើញអាចិនមកធ្វើការទេ ហ៊ើយ! មិនដឹងវាមានគ្រោះថ្នាក់អីឬអត់ទេ? ម្តុំនេះសម្បូរពួកហិតកាវផង»

«មែន? បាត់តាំងពីម្សិលម្ងៃ? តែខ្ញុំមកទិញគុយទាវឱ្យម៉ែម្សិលមិញ ខ្ញុំឃើញគាត់តើ»

«ឆ្កួតទេអ្ហី? និយាយអីតាណើបៗចឹង! មើលច្រឡំមនុស្សហើយឯង»

«ច្រឡំស្អី! ខ្ញុំហៅគាត់ដែរ តែគាត់មិនឮ ខ្ញុំឃើញមែនតើ នៅធ្វើការនៅហ្នឹងហែក៎»

ខ្ញុំខំប្រកែកនឹងបងមឿន ចុះបើមនុស្សបានឃើញមែន​ មិននិយាយតាមជាក់ស្តែងចុះ? គាត់ដូចជាប្រតិកម្មនឹងសម្តីខ្ញុំមិនតិចដែរ ព្រោះដៃគាត់បះរោមឡើងច្រូង ព្រមទាំងសម្លឹងខ្ញុំទាំងភ្នែកស្លោរ។ តើខ្ញុំបាននិយាយអ្វីខុសមែនទេ?

«នែ! នៅជជែកហ្នឹងហើយ ចានប៉ុណ្ណឹងអង្កាល់បានហើយហា៎?»

«ចា…ចា៎ៗៗ លាងហើយៗ»

កំពុងតែស្លុងអារម្មណ៍រឿងមនុស្សបាត់ខ្លួនស្រាប់តែសំឡេងរបស់អ៊ីណៃស៊ាគំហកលាន់ខាងក្រោយខ្នង ធ្វើឱ្យខ្ញុំឡើងភ្ញាក់ស្ទើរតែធ្លាក់ចានពីដៃ។ ខ្សែភ្នែកគាត់សម្លក់ពួកខ្ញុំគឺពិតជាកាចមែន ខ្ញុំមិនហ៊ានសម្លឹងគាត់ទេ ងាកមកឈ្ងោកលាងចានវិញ។ ឱលោកអើយ! ការងារដំបូងផង ខ្ញុំបែរជាចួបថៅកែបងប្អូនខ្លារខិន មើល៍ទៅទ្រាំរួចឬមិនរួចទេនៀក៎។

ដល់ម៉ោង៤រសៀល ហាងចាប់ផ្តើមមានមនុស្សមកចូលហូបជាបណ្តើរៗ ពួកខ្ញុំចាប់ផ្តើមរត់ខ្វែងដៃខ្វែងជើងគ្នា កត់មីនុយ លើកទឹកកក លើកអាហារ សារចាន សរុបគឺស្ទើរធ្លាក់ក្អួត។ រហូតដល់បិទហាងនៅម៉ោង៩យប់ទើបខ្ញុំបានត្រឡប់មកផ្ទះ។ ធ្វើការហត់ចង់លើស៨ម៉ោងផង បានថ្លៃឈ្លួលតែ១៦០ដុល្លារ មានអារម្មណ៍ថាវាមិនសមតម្លៃទេ។ បន្ទាប់មកខ្ញុំក៏ជិះកង់កញ្ចាស់ត្រឡប់មកផ្ទះវិញជាមួយបងមឿន។ ជិះកង់ពីរនាក់គ្រាន់បានមិនសូវខ្លាច ខ្ញុំដូចរាងកក់ក្តៅបន្តិច។ ខ្ញុំប្រឹងធាក់កង់ញាប់ដែរ តែហាក់ដូចបាត់កម្លាំងទៅណាមិនដឹង កង់របស់ខ្ញុំទៅមុខយឺតនោះយឺត។

«បងហេក៎ កុំធាក់លឿនពេកមើល៍ ចាំខ្ញុំផង!»

ស្រែកផង ប្រឹងធាក់តាមផង ឡើងចង់រលាកក្រលៀន តែខ្ញុំនៅតែជិះក្រោយគាត់ដដែល។ យូរៗទៅគាត់ទៅកាន់តែឆ្ងាយ។ មិនអីទេ ជិតដល់ភូមិហើយ តែចូលភូមិតំបន់ខ្ញុំវិញហើយ។​ រំពេចនោះខ្ញុំស្រាប់តែព្រឺរសម្បុរខ្ញាក ក្រឡេកមើលដៃ វ៉ាស! រោមបះច្រូង! វាយោត្រជាក់បកមកភឹងៗ ធ្វើឱ្យដើមឈើដើមព្រៃព្រមទាំងស្មៅយោលយោកតាមកម្លាំងខ្យល់។ ខ្យល់សមុទ្រឬ? បើថាខ្យល់សមុទ្រក៏មិនត្រូវដែរ ផ្លូវនេះមិននៅក្បែរមាត់ឆ្នេរផង។ កាន់តែខ្លាច ខ្ញុំកាន់តែប្រឹងធាក់កង់ ហើយបងមឿនក៏មិនដឹងជិះដល់ណា។ ស្របពេលនោះដែរ ខ្ញុំបានឃើញមនុស្សកំពុងដើរតាមផ្លូវដ៏ស្ងាត់ជ្រងំតែម្នាក់ឯងពីចម្ងាយ ចំណែកនៅជុំវិញនេះគឺមានតែគុម្ពស្មៅ ទៅខាងមុខបន្តិចទើបមានផ្ទះ។ ខ្ញុំមើលឃើញខ្នងព្រាលៗ ខ្នងនោះហាក់ដូចជាធ្លាប់ស្គាល់។ ពេលខ្ញុំទៅដល់គៀកទើបច្បាស់ថាស្គាល់មែន នោះគឺបងចិន។ ម៉ែគាត់ដើររកគាត់កក្រើកមេឃរលើងក្រុងកំពង់សោម ហើយគាត់មកដើរឡេឡឺម្នាក់ឯងទៅវិញ ម៉េចមិនទៅផ្ទះ?

«បង! បងចិនហ្មែន? បងឯងទើបមកពីណា? អ៊ុំចួនរកបងឯងខ្លាំងណាស់ណា៎»

ខ្ញុំខំសួររាក់ទាក់នឹងគាត់ ហើយគាត់ក៏មិនឆ្មើងកន្ទ្រើងដាក់ខ្ញុំដែរ គាត់ឈប់ឈ្ងោកមុខហើយបែរមករកខ្ញុំយឺតៗ។ ខ្ញុំគិតថាគាត់មានបញ្ហាសសៃប្រសាទហើយបានជាធ្វើចលនាមើលតែមនុស្សយន្ត។​

«អ្ហា!»

ខ្ញុំភ្លាត់មាត់ស្រែកភ័យលោះព្រលឹងព្រលះអស់សឹងធ្លាក់ពីលើកង់ ទឹកមុខគាត់ស្លេកស្លាំងដូចមនុស្សគ្មានឈាម។ ឬមួយបណ្តាលមកពីគាត់ធ្វើការហត់នឿយពេកទើបទៅជាបែបនេះ ណាមួយត្រូវផ្តល់លុយឱ្យម្តាយ ប្រាកដជាមិនបានហូបចុកឆ្ងាញ់ៗប៉ូវកម្លាំងទេ។ ខ្ញុំគិតថាមិនយូរមិនឆាប់ខ្ញុំប្រហែលជាដូចគាត់មិនខាន។ ប៉ុន្តែខ្ញុំបានលួចគិតលើបញ្ហាមួយចំណែកទៀត តើគាត់បាត់ខ្លួននេះដោយសារអ្វីផ្សេងទេដឹង? ឬមួយមានពួកចាប់គាត់យកទៅកន្លែងពេស្យា ព្រោះតំបន់នេះមានចិនដែលលួចបើកកន្លែងរកស៊ីបន ថាមិនបានគាត់អាចនឹងចួបគ្រោះ។ បងចិនចាប់ផ្តើមនិយាយរកខ្ញុំលើកដំបូងដោយសំឡេងខ្សាវៗ ដូចមនុស្សឈឺបន្តិច ដូចមិនមែនមនុស្សបន្តិច អ្ហះ! ម៉ាទោសៗ។

«ជួយបងផង!! ជួយយកបងទៅផ្ទះផង!!»

«អ្ហេ!​ មានទៅស្អី អ្នកភូមិផងនឹងគ្នាសោះ បងឯងឡើងកង់មកខ្ញុំជូនទៅផ្ទះ ពីរថ្ងៃហើយដែលអ៊ុំចួនឆ្លេរឆ្លារកបងឯង ម៏! ឡើងកង់មក!»

ខ្ញុំបានហៅគាត់ឱ្យឡើងកង់កញ្ចាស់របស់ខ្ញុំមកផ្ទះជាមួយគ្នា ពេលនោះគាត់បានញញិមស្ងួតចែសហាក់ដូចជាបង្ខំចិត្ត។ ប៉ុន្តែខ្ញុំមានអារម្មណ៍ដឹងថាមានពន្លករីករាយបន្តិចបន្តួចប៉ុណ្ណោះកើតឡើងក្នុងចិត្តគាត់។ ស្ថិតក្នុងស្ថានភាពយប់ងងឹត ចាំងពន្លឺពីផ្ទះគេមកព្រាល ខ្ញុំផ្តើមសង្កេតខ្លួនប្រាណបងចិនជាលើកទីពីរ។ ខ្ញុំធ្លាក់ថ្លើមក្តុក!  ការពិតបងចិនគ្មានជើងទេ ខ្ញុំមិនឃើញគាត់មានស្បែកជើងនឹងគេទេ បានន័យថា គាត់មិនមែនមនុស្សទេ។

«ហេ… ហេ… ហេតុ…អី?»

សំឡេងដ៏រដាក់រដុបរបស់ខ្ញុំបន្លឺឡើងក្រោយដឹងខ្លួនថាចួបហេតុការណ៍ដែលតក់ស្លុត លើសពីនេះខ្ញុំងើយមុខយឺតៗឡើងដើម្បីមើលគាត់ទាំងដៃកាន់ចង្កូតកង់លែងចង់ជាប់ វាញ័រ ញ័រដូចរញ្ជួយផែនដី។ មុខដែលស្លេកប៉ិមអម្បាញ់មិញបានក្លាយជារលេះរលួយមើលមិនយល់ មានខ្ទុះ ដង្កូវចុះឡើងរវើក។ ខ្ញុំស្ទើរតែក្អួតចេញមក តែក្អួតមិនចេញ។  ខ្ញុំរន្ធត់ពេកឡើងត្រជាក់ដៃជើង មាត់រឹងកម្រើកលែងបានដូចត្រូវស្កន់ជាន់។ ពេលមានស្មារតីម្តងទៀតមានអារម្មណ៍ថាដូចជាកំពុងស្រក់ញើសតាមជើងសក់ ដូច្នេះខ្ញុំក៏យកដៃស្ទាបខ្លួន។ មែនហើយខ្ញុំបែកញើសមែន ហើយដូចជាចាប់ភ្លឹកថាខ្លួនខ្ញុំកំពុងដេកលើផ្ទៃរាបស្មើ។

«មីកូនកម្ជិល! ថ្ងៃរះកម្ពស់ចុងឈើហើយនៅដេកដូចងាប់ទៀត គេចេញទៅធ្វើការស្ងាត់ភូមិអស់ហើយ»

មែនហើយវាជាសំឡេងម៉ែខ្ញុំ ​ហើយខ្ញុំកំពុងដេកក្នុងផ្ទះដូចសន្លប់។​ ភាពព្រឺព្រួចអម្បាញ់មិញនេះខ្ញុំគ្រាន់តែឆ្លងកាត់យល់សប្តិប៉ុណ្ណោះ។ ត្រេកអរណាស់ដែលវាមិនមែនជាការពិត។ ខ្ញុំក្រោកពីដេកទាំងធ្ងន់ក្បាល ព្រោះមានអារម្មណ៍ថាដេកមិនឆ្អែតទេ ប្រហែលមកពីយល់សប្តិហើយ។

«ម៉េចហើយ? យាងក្រោកហើយហ្អី? នាងឯងនេះនាំអញមិនបានដេកមិនបានពួនទាំងយប់»

«ថី? ខ្ញុំធ្វើអីហ្មែន?»

«ស្អី?​ អាមឿនវារត់មកប្រាប់ថា នាងឯងសន្លប់តាមផ្លូវ ទៅធ្វើការតែម៉ាថ្ងៃសោះដល់ថ្នាក់សន្លប់ហើយ​»

«ហ្អាក! ក្រែងខ្ញុំមកផ្ទះហើយតើស?»

«ក្បាលឪនាងឯងទេដែលទៅយកមកនោះ សំណាងហើយគ្មានអាណាចាប់យកទៅ ដឹងខ្លួនថាមកផ្ទះយប់ព្រលប់មិនព្រមជិះឱ្យកៀកៗគ្នាមកទេ»

«ខ្ញុំសន្លប់នៅកន្លែងណា?»

«ណក៎! តែវាក៏មិនដឹងខ្លួនដែរ នាងឯងដេកសំប៉ាបនៅម្តុំគុម្ពត្រែងផ្លូវបត់មាត់ច្រកឯណោះ លើកក្រោយៗឱ្យចេះទៅណាមានគ្នាផង»

ស្តាប់ម៉ែនិយាយហើយទើបខ្ញុំដឹងថា យប់មិញខ្ញុំពិតជាត្រូវបានខ្មោចលងមែន ខ្ញុំស្មានតែខ្លួនឯងយល់សប្តិទេតើ។ អ៊ីចឹងបានន័យថាបងចិនស្លាប់ហើយ? តើគាត់ស្លាប់ដោយសារអី? ខ្ញុំឆ្ងល់ណាស់ រួចខ្ញុំងាកទៅសួរម៉ែដែលកំពុងធ្វើត្រីកុបៗ។

«ម៉ែ! ចុះអ៊ុំចួនរកបងចិនឃើញហើយនៅ?»

«មិនដឹង! បែបនៅទេ»

តើគាត់ទៅស្លាប់នៅឯណាទៅ? ហេតុអីយប់មិញមករកខ្ញុំ? ឱ្យជួយយកគាត់មកផ្ទះ តើខ្ញុំត្រូវជួយយ៉ាងម៉េច? ហ៊ើយ! ខ្ញុំក្រញ៉ាញ់ខួរអស់ហើយ ត្រូវខ្មោចលងហើយ នៅចង់ជួយខ្មោចទៀត។ ខ្ញុំមិនបាននិយាយនូវអ្វីដែលខ្ញុំបានចួបប្រាប់ម៉ែទេ ហេតុតែគ្មានភ័ស្តុតាងបញ្ជាក់ ខ្ញុំភ្នាល់ថាម៉ែនឹងជេរខ្ញុំមិនខាន នៅមិននៅទៅថាកូនគេស្លាប់ទាំងមិនទាន់រកសាកសពឃើញផង។ តាំងពីហ្នឹងមក ឱ្យតែពេលណាដែលជិះកង់មកដល់ម្តុំផ្លូវបត់ខ្ញុំតែភាវនាក្នុងចិត្តជាប់ជានិច្ច ព្រោះខ្ញុំខ្លាចថាត្រូវចួបហេតុការណ៍បែបនេះម្តងទៀត។

ខ្ញុំមករត់តុគុយទាវឱ្យគេបាន៣ថ្ងៃហើយ ប៉ុន្តែការបាត់ខ្លួនរបស់បងចិននៅតែគ្មានដំណឹងអីបន្តិចសោះ។ ថ្ងៃនេះខ្ញុំមកធ្វើការដូចធម្មតា តែខ្ញុំមកយឺតជាបងមឿន។ ពេលមកដល់ខ្ញុំឃើញមានតែគាត់ម្នាក់ឯងប៉ុណ្ណោះដែលនៅលាងបន្លែ។ ខ្ញុំប្រុងយករឿងខ្មោចបងចិនលងកាលពីយប់មិញប្រាប់បងមឿន តែពេលមកដល់ឃើញកន្លែងស្ងាត់ពេកក៏ឆ្ងល់រឿងផ្សេងទៅវិញ។

«បង! ហេតុអីថ្ងៃនេះមិនឃើញ មេសា នឹងធាណា?»

«ធាណាបាត់ខ្លួនហើយ មេសាចេញទៅដាក់ពាក្យបណ្តឹងបាត់ហើយ»

«ថាម៉េច? ធាណាបាត់ខ្លួន! បាត់ខ្លួនទៀតហា៎? បងចិនបាត់រកមិនឃើញ ឥឡូវបាត់ម្នាក់ទៀតហើយ? ម្សិលមិញនៅធ្វើការហ្នឹងសោះហ្នឹហា៎ ហើយបាត់តាំងពីថ្មើរណា?»

«បងក៏មិនដឹងដែរ ពេលបងមកដល់ ក៏មិនឃើញមេសា សួរអ៊ីណៃស៊ា គាត់ប្រាប់ថានាងទៅបុស្តិ៍ប៉ូលិសប្តឹងបាត់ប្អូន»

ពេលឮថាមានមនុស្សបាត់ខ្លួនបន្តគ្នាដូច្នេះខ្ញុំដូចជាស្លុតស្មារតីទម្លាក់គូថប៉ុកលើកៅអីជ័រ ចិត្តខ្ញុំហេលហាលណាស់ ចុះទម្រាំសាច់ញាតិនាងទៀតនោះ តើរងការវាយប្រហារយ៉ាងណាទៅ? មនុស្សឃើញមុខគ្នារាល់ថ្ងៃសុខៗស្រាប់តែបាត់ខ្លួនឈឹង។ ខ្ញុំគិតថារឿងនេះមិនស្រួលហើយ ក្នុងពេលប៉ុន្មានថ្ងៃនេះមានមនុស្សបាត់ខ្លួនរហូត ហើយរកមិនចេះឃើញសោះ។

ពេលមេសាមកវិញ ខ្ញុំបានសួរនាំដំណើរដើមទងអំពីរឿងបាត់ធាណាទៅ។ នាងរៀបរាប់ប្រាប់ទាំងរលីងរលោងទឹកភ្នែក។ រាល់ព្រឹកម៉ោង៥ អ៊ីណៃស៊ាតែងងើបឡើងដើម្បីធ្វើគ្រឿងគ្រៅរម្ងាស់ទឹកស៊ុប ហើយមានតែពីរនាក់ប្តីប្រពន្ធនេះប៉ុណ្ណោះដែលនៅក្នុងបន្ទប់ចង្ក្រានខាងក្រោយ។ គាត់ក្រោករម្ងាស់ទឹកស៊ុបតាំងពីនាងមិនទាន់ងើបពីដេក ហើយតែងប្រើឱ្យទៅទិញបន្លែពីផ្សារាល់ៗថ្ងៃ។ ប៉ុន្តែព្រឹកមិញ គាត់ប្រើតែមេសាឱ្យទៅផ្សារម្នាក់ឯង ចំណែកប្អូននាងនៅជូតសម្អាតផ្ទះឯណេះ។ ទាល់តែមកពីផ្សាទើបមេសាដឹងថាបាត់ប្អូន ទោះបីនាងសួរម្ចាស់ហាងក៏គ្មាននរណាដឹង ហេតុនេះនាងសម្រេចដាក់ពាក្យប្តឹងបាត់ខ្លួនតែម្តងទៅ។

ក្រោយពេលដឹងរឿងរ៉ាវហើយ ខ្ញុំចាប់ផ្តើមមានអារម្មណ៍សង្ស័យ ហេតុអីបានជាអ្នកដែលបាត់ខ្លួនទាំងអស់ សុទ្ធតែធ្លាប់ធ្វើការនៅហាងគុយទាវនេះទៅវិញ? តើការបាត់ខ្លួនរបស់ពួកគេមានពាក់ព័ន្ធនឹងទីនេះដែរទេ? នៅមានទៀត! ក្នុងពេលខ្លីមួយ ម្ចាស់ហាងអាចស្រោចស្រង់ហាងដែលប៊ិះនឹងឡុងចុង ឱ្យប្រែមកជាហាងដែលមានភ្ញៀវគាំទ្រយ៉ាងច្រើន ថែមទាំងមានពួកអ្នកលេងហ្វេសប៊ុកមកថត មកសម្ភាសន៍ទៀត។ ខ្ញុំពិតជាចង់ដឹងណាស់ ថាអ្វីទៅគឺជាអាថ៌កំបាំង?

ដោយសារតែបាត់សមាជិកម្នាក់ ទើបពួកខ្ញុំកាន់តែវីវក់ពេលដល់ម៉ោងភ្ញៀវបុកមកខ្លាំង។ ខ្ញុំឃើញមុខម្ចាស់ហាងញញិមផងសើចផងព្រោះគាត់លក់ដាច់រាប់រយចាន លុយហូរចូលដូចទឹក។ ខ្ញុំឃើញបងស្រីម្នាក់ស្លៀកពាក់ថ្លៃថ្នូរចុះពីឡានទំនើប អញ្ជើញចូលមករកគុយទាវហាងនេះ។ ខ្ញុំរហ័សរត់ទៅទទួលរាក់ទាក់ក្រែងលោបានធីបអីខ្លះ ព្រោះមើលទៅទំនងជាអ្នកមាន។

«បងអញ្ជើញកុម្ម៉ង់អីដែរ?»

«បងឮល្បីហាងនេះថាគុយទាវឆ្ងាញ់ ខំស្កាត់ពីឆ្ងាយមកដល់កំពុងសោម ដោយសារចង់ភ្លក់រសជាតិ និយាយអ៊ីចឹង មានតែគុយទាវមួយមុខទេហ្មែន?»

«ចា៎ មានគុយទាវ មានបបរ មានមីស៊ុប មីឆា តែល្បីជាងគេគឺគុយទាវហ្នឹងហ្មង មានគុយទាវគ្រឿងសមុទ្រ គុយទាវប្រហិត សាច់ជ្រូក សាច់គោ គុយទាវគោក»

ខ្ញុំខំរៀបរាប់អស់អាចមន៍អស់នោមដើម្បីបំពេញចិត្តភ្ញៀវ ណាមួយឃើញខ្សែកចែហ្នឹងធំចាំងព្រៀកៗ ម៉េចម៉ាក៏បានលុយធីបដែរ។

«អ៊ីចឹងមួយណាគេចូលចិត្តញ៉ាំជាងគេ​ ដាក់ឱ្យបងអាហ្នឹងមួយដែរមើល៍»

«អូ! គុយទាវគោក រូបមន្តថ្មីរបស់ហាង ភ្ញៀវចូលចិត្តកុម្ម៉ង់ណាស់»

«អ៊ីចឹងយកអាហ្នឹងបងមួយមក»

«ចា៎បង សុំចាំបន្តិច តុលេខ៣គោក១!»

បំពង់កខ្ញុំស្រែករាល់ថ្ងៃជាប់គ្នាហើយក៏នៅតែល្អ។ ចែស្អាតហ្នឹងហូបហើយខ្ចប់ទៀត ហើយសរសើរថាឆ្ងាញ់ជាប់ចិត្ត។ ខ្ញុំមិនខកបំណងទេដែលមកតុនេះ បានធីបគ្រាន់ចាយដែរ។ តែនិយាយត្រង់ចុះខ្ញុំមិនដែលបានភ្លក់រសជាតិអាគុយទាវគោកស្អីនេះទេ ព្រោះលក់ដាច់គ្មានសល់ម្ល៉ោះហើយមិនដែលបានស្គាល់ជាតិឡើយ។

មេសាបានសុំខ្ញុំឱ្យនៅគេងកំដរនាងមួយយប់ ប្អូននាងមិននៅនាងមិនសូវហ៊ានគេងម្នាក់ឯង។ ខ្ញុំបានប្រកែកនឹងនាង តែនាងទទូចអង្វរកខ្ញុំជាខ្លាំង។ បន្ទាប់មកខ្ញុំបានសុំការអនុញ្ញាតពីអ៊ីណៃស៊ាដើម្បីបានគេងកំដរមេសា។ ខ្ញុំក៏បានផ្តាំទៅប្រាប់ម៉ែតាមបងមឿនដែរថាយប់នេះខ្ញុំមិនបានទៅផ្ទះទេ។ ហើយខ្ញុំដឹងថាទោះជាខ្ញុំខំផ្តាំក៏ដោយក៏ស្អែកខ្ញុំនឹងត្រូវម៉ែជេរដែរ។

ការពិតបន្ទប់ដែលមេសានៅនេះគឺតូចចង្អៀត ទំនងប្រហែលជាបន្ទប់គេធ្វើដាក់អីវ៉ាន់ទេ តែយកមកឱ្យក្មេងស្រុកស្រែដូចពួកយើងនៅជំនួស។ នាងឱ្យខ្ញុំងូតទឹកហើយចូលគេងជាមួយនាង។ ព្រោះតែអស់កម្លាំងរៀងៗខ្លួន ពួកយើងប្រះខ្លួនគេងដោយសន្ទនាគ្នាបានបន្តិចដែរ។ ពាក់កណ្តាលអធ្រាត្រខ្ញុំក្រោកឈឺនោម បើកទ្វាដើរទៅបន្ទប់ទឹកសឹងតែបិទភ្នែក។ តាមផ្លូវដើរពិតជាងងឹតណាស់ ហើយវាកាន់តែងងឹតពេលដែលខ្ញុំដើរបិទភ្នែក។ ដល់បន្ទប់ទឹកខ្ញុំរាវរកកុងតាក់ភ្លើងចុចបើករួចចូលទៅសម្រួលឥរិយាបទ។

ខ្ញុំបានគិតថាវាជាពេលពាក់កណ្តាលអធ្រាត្រ ប៉ុន្តែត្រចៀកខ្ញុំបានឮសំឡេងមនុស្សជជែកគ្នារងំៗនៅក្នុងបន្ទប់ចង្ក្រានបាយខាងក្រោយ។ នរណានៅទីនោះ? ប្រាកដជាប្តីប្រពន្ធអ៊ីណៃស៊ាហើយ ព្រោះគ្មាននរណាហ៊ានចូលទីនោះទេក្រៅពីពួកគាត់។ នៅពេលដែលខ្ញុំផ្ទៀងត្រចៀកស្តាប់ បែរជាបាត់សំឡេងនោះទៅវិញ។ ខ្ញុំប្រាប់ខ្លួនឯងថាប្រហែលមកពីខ្លួនឯងរវើរវាយផ្តេសផ្តាសហើយ ដូច្នេះក៏ដើរត្រឡប់ទៅបន្ទប់គេង។ ជាថ្មីម្តងទៀត នៅខណៈដែលខ្ញុំឈានជើងជិតផុតពីទីនោះទៅហើយ ស្រាប់តែមានសំឡេងមនុស្សកំពុងថ្ងួចថ្ងូរដោយការឈឺចាប់ឆ្លងកាត់សោតាខ្ញុំម្តងទៀត។ វាជាសំឡេងមនុស្សស្រីដែលកំពុងទួញថ្ងូរពោរពេញដោយសេចក្តីឈឺចាប់ហាក់បីដូចជាត្រូវរងទារុណកម្មដ៏ព្រៃផ្សៃ។ ពេលនោះខ្ញុំព្រឺរខ្នងខ្ញាក ខ្ញុំបិទភ្នែកលែងហ៊ានស្តាប់ហើយប្រញ៉ាប់រត់មកគ្រលំភួយជិតឈឹង ភាវនា នមោតាស្ស រហូតដល់ដេកលក់បាត់។ តាំងពីដើមមកខ្ញុំមិនដែលមានក្រយ៉ៅខ្មោចលងទេ តែមួយរយៈនេះ ហេតុអីខ្ញុំត្រូវខ្មោចលងញឹកម៉្លេះ? គួរតែរកលោកស្រោចទឹកចេញហើយបានកើត ពុំដូច្នោះទេខ្ញុំមិនអាចរស់សុខឡើយ។

ដោយសារតែមេសាដេករហ័សក្រោក ទើបខ្ញុំមិនដឹងថានាងចេញទៅផ្សារតាំងពីពេលណានោះទេ។ ខ្ញុំក្រោកឡើងសារមុងភួយទុកឱ្យមានសណ្តាប់ធ្នាប់ រួចចូលទៅលុបលាងមុខ។ បន្ទប់ទឹកនៅជាប់នឹងបន្ទប់ដាក់អីវ៉ាន់ក្បែរផ្ទះបាយខាងក្រោយ។ ប៉ុន្តែពួកយើងគ្រប់គ្នាសុទ្ធតែមិនដែលចូលបន្ទប់ទាំងពីរនេះទេ។ ខ្ញុំលុបលាងមុខដោយបង្ខំ ព្រោះខ្ញុំមិនអាចទ្រាំហិតក្លិនដ៏សែនឆ្អាបដែលខ្ញុំគិតថាវាសាយភាយចេញពីផ្ទះបាយមក។ ក្លិនឆ្អាបនេះជាក្លិនឆ្អាបឈាម គួរតែជាឈាមគោទិញមកទុកហើយ។ ខ្ញុំត្រូវត្រឡប់ទៅផ្ទះប្តូរខោអាវចេញ ហើយចាំមកធ្វើការវិញ។ ខ្ញុំដឹងថារាល់ព្រឹកថៅកែហាងតែងតែចូលចង្ក្រានរម្ងាស់ទឹកស៊ុបទុក អ៊ីចឹងមុនទៅផ្ទះខ្ញុំគួរស្រែកប្រាប់គាត់មួយម៉ាត់សិន។ ខ្ញុំសរសៀៗក្បែរបន្ទប់ចង្ក្រានបាយដែលបិទទ្វារជិត គ្មានប្រឡោះណាអាចមើលឃើញដល់ខាងក្នុងទេ លុះត្រាលមមើលពីប្រឡោះឥដ្ឋខ្យល់នៅគៀនរបងខាងនោះ។ ខ្ញុំមិនទៅឡើងលបមើលចង់ដឹងទេ ព្រោះយ៉ាងណាក៏គ្មានលទ្ធភាពនឹងបើករបរអីនឹងគេដែរ រកសម្រាប់តែមួយរស់ៗប៉ុណ្ណោះ។ មកដល់កៀកខ្ញុំឮសំឡេងអ្នកខាងក្នុងជជែកគ្នារងំៗតែខ្ញុំស្តាប់មិនយល់ព្រោះគេនិយាយភាសាវៀតណាម។

«អ៊ី! អ៊ី!»

«អ៊ើ! ថីហា៎»

«ខ្ញុំទៅផ្ទះមួយភ្លែត ដល់ម៉ោងបានមកវិញ»

«អ៊ើ! មេសាមកវិញនៅ?»

«នៅទេ!»

នៅដែលខ្ញុំត្រឡប់មកធ្វើការវិញ ខ្ញុំឃើញថាហាងទំនងដូចជាមានមនុស្សអ៊ូអរ។ មានម៉ូតូបីគ្រឿងចតនៅខាងមុខ ស្លាកលេខនគរបាលពណ៌ក្រហម ខ្ញុំគិតថាប្រហែលគេមកស៊ើបសួររឿងបាត់ធាណាហើយ ព្រោះនាងធ្វើការនៅទីនេះ ដូច្នេះម្ចាស់ហាងត្រូវតែគេសង្ស័យជារឿងធម្មតា។ ខ្ញុំរូតរះចូលទៅខាងក្នុង ឃើញប៉ូលិសកំពុងត្រួតពិនិត្យក្នុងបន្ទប់ចង្ក្រានបាយអ៊ីណៃស៊ា។ នេះជាលើកទី១ហើយដែលខ្ញុំបានមកឃើញកន្លែងលាក់អាថ៌កំបាំងរូបមន្តគុយទាវឆ្ងាញ់របស់គាត់។ ផ្ទះបាយធម្មតា មានចង្រានស៊ុបឆ្នាំងប៉ុនណាណីកំពុងដាក់រម្ងាស់ ទូទឹកកកធំ ទូដាក់គ្រឿងទេស នឹងរបស់ក្រៀមៗព្រមទាំងអ្វីៗដែលកំប៉ិកកំប៉ុកផ្សេងទៀត។ ខ្ញុំសង្កេតឃើញក្បែរទូទឹកកកមានធុងទឹកកកធំមួយ តែឥដ្ឋមានសភាពស្ងួតល្អ មិនសើមរឡិករឡាក់ទេ ហាក់ដូចជាត្រូវបានសម្អាតជាប្រចាំបានល្អ។

«អ៊ីជាម្ចាស់ហាងនេះផ្ទាល់ហ៎?»

«ចា៎»

«ចុះនៅផ្ទះនេះមានមនុស្សរស់នៅប៉ុន្មាននាក់?»

«មានខ្ញុំ ប្តីខ្ញុំ ព្រមទាំងក្មេងរត់តុពីរនាក់ តែប្អូននាងបានបាត់ខ្លួនទៅ»

រួចប៉ូលិសបានបែរមកសួរមេសាវិញម្តង។

«ប្អូនប្រាប់មកមើល៍! នៅថ្ងៃដែលប្អូនស្រីរបស់ប្អូនបាត់ខ្លួន តើមានរឿងអី្វកើតឡើងខ្លះ?»

«នៅព្រឹកថ្ងៃនោះ ខ្ញុំបានចេញទៅទិញបន្លែដូចរាល់ដង ប៉ុន្តែនាងមិនបានទៅជាមួយទេ ព្រោះអ៊ីគាត់ឱ្យនៅជូតសម្អាតផ្ទះ ពេលខ្ញុំត្រឡប់មកពីផ្សារវិញ ស្រាប់តែរកនាងមិនឃើញ»

«ចុះតើប្អូនមានសាច់ញាតិនៅទីនេះដែរទេ?»

«គ្មានទេ! ពួកខ្ញុំមកកំពង់សោមដើម្បីរកការងារធ្វើប៉ុណ្ណោះ គ្មានញាតិសន្តានទេ»

«ប្អូនមកធ្វើការយូរប៉ុនណាហើយ?»
«ជិតមួយអាទិត្យហើយ»

«អ៊ីចឹងគឺមិនទាន់មានប្រាក់ខែទេ»

«ចា៎»

«មានកន្លែងណាដែលប្អូនគិតថា នាងអាចនឹងទៅ អាចថា…​ មិត្តភក្តិណាដែលនាងស្គាល់ ហើយនាងទៅលេងគេមិនប្រាប់ប្អូនទេ?»

«មាន! ជាអ្នកស្រុកជាមួយគ្នា គាត់ធ្វើការរោងចក្រ ខ្ញុំបានទៅរកនាងដែរ ប៉ុន្តែមិនឃើញ»

«ប្រាប់បងពីអ្នកដែលប្អូនស្គាល់នោះទៅមើល៍!»

«គាត់…»

មេសារៀបរាប់ពីមួយរឿងទៅមួយរឿងតាមការចោទសួររបស់ប៉ូលិស។ ចំណែកអ៊ីណៃស៊ាជាម្ចាស់ហាងត្រូវចាប់សួរមិនបានទៅណាដែរ។ ថ្ងៃនេះគាត់មួម៉ៅណាស់ មិនមែនរឿងគាត់ផង គាត់បែរជាមកត្រូវខាតពេលវេលារកស៊ីដោយសារតែក្មេងរត់តុទៅវិញ។ គាត់រអ៊ូហើយឡូរឡាពេលដែលប៉ូលិសចេញទៅផុត។ គាត់បានដាក់ផ្លាករើសក្មេងរត់តុបន្តទៀត គិតទៅទីនេះរើសបុគ្គលិករហូត។ តែខ្ញុំសរសើរគាត់ដែរទោះពេលនេះហាងកំពុងចួបរឿងអាស្រូវក៏នៅតែមានភ្ញៀវឥតដាច់។

«ខ្ចប់គុយទាយគោកឱ្យបង២មក!»

«ចា៎!»

គុយទាវគោក មីនុយថ្មីហាងហើយលក់ដាច់មែន សូម្បីភ្ញៀវដែលចូលកាស៊ីណូបើកឡានថ្លៃៗក៏មិនរំលងហាងនេះដែរ។ ប៉ុន្តែខ្ញុំមិនទាន់បានសាកនៅឡើយទេ ដូច្នេះឆ្លៀតពេលចុងម៉ោងខ្ញុំក៏ដាក់មួយចានសាកនឹងគេដែរ។ សាច់គុយទាវសំប៉ែតស្រូបដោយទឹកស៊ុបមានលក្ខណៈខាប់ពណ៌ឡើងក្រម៉ៅជាសាច់ទាំងបន្ទះៗដែលលាយគ្នាព្រមទាំងមានបន្លែបន្តិចបន្តួច។ ដាក់មួយម៉ាត់ដំបូង អណ្តាតខ្ញុំហាក់មិនទាន់ភ្ញោចរសជាតិ ។ ចង្កឹះទីពីរ ខ្ញុំទទួលដឹងថារសជាតិគឺខុសពីគុយទាវទូទៅដាច់ ឆ្ងាញ់ប្លែកមែនទែន ថែមទាំងមិនសូវធំក្លិនគោទៀត។ ខ្ញុំលួចសរសើរថ្វីដៃប៉ិនប្រសព្វរបស់គាត់ ទោះជាគាត់តែងតែកាចដាក់ក្មេងដូចខ្ញុំ។ ចង្រៃណាស់ ញ៉ាំជិតអស់បែរជាមកឃើញដោយសក់មួយសរសៃក្នុងចានគុយទាវ។ ខ្ញុំក្រមែនណា៎ តែខ្ញុំក៏ចេះខ្ពើមដែរ។ ខ្ញុំឆ្កិះសក់នោះមកពិនិត្យ។ នេះដូចជាមិនមែនសក់អ៊ីណៃស៊ា! សក់មានលក្ខណៈវែង ខ្មៅក្រិបហើយត្រង់ទៀត តែសក់គាត់លាបពណ៌មាស រួញ នឹងសសៃតូចឆ្មា ចុះនេះសក់នរណា? សក់ប្តីគាត់ក៏ផ្ទុយស្រឡះ ឬសក់អ្នកលក់សាច់គោ? ព្រោះតែសរសៃរសក់មួយសរសៃរសោះខ្ញុំអង្គុយត្រិះរិះ ឡើងដល់ថ្នាក់មានសំឡេងស្រែកមកពីខាងចង្រានស៊ុប។

«នែ! ឆាប់ៗឡើងទៅ ជួយសារតុ សារចានផងវ៉ី! កុំអាងតែស៊ីគុយទាវមួយចានមិនចង់ធ្វើការនោះ ភ្លែតៗឡើង!»

«ចា៎ ទៅហើយៗ»

ឯងទិញឱ្យលុយសោះហ្នឹងហា៎ ធ្វើដូចសុំទានគេ មានលុយខុសដែរហ្ន៎? អត់ទេ… ប្រហែលជាលុយស្តើងពេកទើបខុស បើលុយក្រាស់បែបមិនខុសទេ។ ខ្ញុំក៏រហ័សក្រោកទៅជួយពួកគេដែលកំពុងរៀបចំទុកដាក់ ដ្បិតនៅមានភ្ញៀវម្នាក់ពីរចុងក្រោយ។ ទោះខ្ញុំខឹង តែខ្ញុំមិនហ៊ានធ្វើមុខក្រម៉ូវឱ្យគាត់ឃើញទេ។

ម៉ោងខ្ទង់៩ ក្រោយហាងបិទ ខ្ញុំនិងបងមឿនជិះកង់បណ្តើរគ្នាមកផ្ទះវិញដូចធម្មតា។ ខ្ញុំលែងហ៊ានជិះតែម្នាក់ឯងហើយ ព្រោះខ្មោចលងម្តងឡើងចង់បាក់ស្បាត។ ឱ្យតែដល់ត្រង់ផ្លូវបត់ព្រឺររោមជាប់ ព្រោះខ្ញុំត្រូវខ្មោចលងត្រង់នេះ។ ពេលបានមកដល់ផ្ទះខ្ញុំក៏មានអារម្មណ៍ថាធូរ ព្រោះខ្ញុំរួចខ្លួនមួយថ្ងៃទៀតហើយ។

អំពូលផ្ទះខ្ញុំនៅបើកបំភ្លឺហឹមៗ ចំណែកម៉ែនឹងប្អូនខ្ញុំចូលសម្រាន្តលក់បាត់ហើយ។ ខ្ញុំទុកដាក់កង់ ព្រមទាំងរៀបចំងូតទឹកចូលដេក។ ខ្ញុំស្មានថាពុកសម្រាន្តលក់ហើយ តាមពិតគាត់នៅចាំមើលផ្លូវខ្ញុំសោះ។

«ពុក! អត់ទាន់សម្រាន្តទេ?»

«អ៊ើ! ឯងនៅដល់តែយប់ៗ»

«ចុះបើហាងទើបនឹងបិទហ្នឹង!»

«នាងវី! ឯងសុំថៅកែបើកលុយមុនមួយចំនួនមក»

«ពុកត្រូវការយកទៅធ្វើអី? ខ្ញុំទើបធ្វើការបានមួយអាទិត្យមិនទាន់ស្រួលផងហ្នឹង ខ្លាចតែគេមិនបើកឱ្យទេ នរណាក៏ដឹងថាថៅកែហាងហ្នឹងម៉ាត់ប្រៃដែរ»

«ពុកចង់ទិញសំណាញ់ក្រឡាថ្មី ហើយឆ្លៀតជួសជុលដំបូលផ្ទះផង ឯងឃើញដែរទេតើថាផ្ទះធ្លុះធ្លាយរកតែជ្រកភ្លៀងមិនចង់បាន ហើយបើបានសំណាញ់ថ្មីមកប្រហែលជារកត្រីបានច្រើនជាងមុន»

អ៊ីចឹងសោះ! ខ្ញុំខំគិតថាគាត់ចាំផ្លូវខ្ញុំព្រោះបារម្ភកូនស្រី តាមពិតមកពីមេឃភ្លៀងសើមគ្មានកន្លែងសម្រាន្តទើបនៅអង្គុយសំកុក។ តែខ្ញុំចាប់ផ្តើមគិតហើយក្រៀមក្រំក្នុងចិត្តអំពីជីវភាពដ៏លំបាករបស់ពួកយើង តើត្រូវខំប្រឹងបែបណាទើបអាចរើបម្រាស់ពីខ្ទមធ្លុះធ្លាយបានទៅ?

«ចាំខ្ញុំសាកនិយាយនឹងគាត់លមើល៍ ក្រែងគាត់បើកឱ្យខ្លះ»

រួចខ្ញុំទៅងូតទឹកពាងដ៏ត្រជាក់ស្រិបហើយវែកកន្លែងចូលដេក ទម្រាំភ្លឺចេញទៅធ្វើការទៀត។

ព្រឹកស្អែកឡើងខ្ញុំនឹងបងមឿនទៅធ្វើការដូចធម្មតា។ មេសាកំពុងលាងបន្លែ ខ្ញុំជួយនាងបន្ទាប់ពីលាងចានរួច ចំណែកបងមឿនបោសជូតកន្លែងលក់ដូរ។ ខ្ញុំសង្កេតឃើញថាមេសាមានទឹកមុខមិនសូវល្អដូចជាមនុស្សឈឺ។

«មេសា ឯងឈឺហ្មែន?»

«អត់ទេ! មកពីយប់មិញខ្ញុំដេកមិនសូវលក់»

«ខ្ញុំស្មានថាឯងឈឺ!»

«ខ្ញុំបានយល់សប្តិឃើញធាណា យល់សប្តិអត់ល្អសោះ!»

«យ៉ាងម៉េច?»

នាងលោចូលមកជិតហើយនិយាយខ្សឹបដាក់ខ្ញុំ ទំនងជាខ្លាចអ៊ីម្ចាស់ហាងមកឮ។

«ខ្ញុំឃើញប្អូនអត់មានជើងទេ នាងហៅឱ្យខ្ញុំជួយនាង វី! ហ្អែងថាមើល៍ អាក្រក់ឬល្អហា៎? ខ្ញុំព្រួយណាស់»

ភិនភាគសុបិននេះដូចកាលខ្ញុំត្រូវខ្មោចលងម្ល៉េះ បងចិនក៏គ្មានជើងហើយប្រាប់ឱ្យខ្ញុំជួយគាត់ដែរ តិចលោធាណាក៏បែបនេះដែរទៅ? ពួកគេសុទ្ធតែស្លាប់អស់ហើយមែនទេ? ហេតុអីមិនពន្យល់សប្តិប្រាប់អំពីតម្រុយអីដល់អ្នកផ្ទះដូចក្នុងភាពយន្ត? បើសិនជាពួកគេមិនត្រូវបានសម្លាប់នោះប្រាកដណាស់ច្បាស់ជារកសាកសពឃើញ ប៉ុន្តែមកទល់ពេលនេះដំណឹងអ្វីក៏គ្មានដែរ។ ខ្ញុំគិតឃើញតែរឿងពីរទេ ទីមួយគឺពួកគេម្នាក់ៗអាចនឹងរត់ទៅទីកន្លែងណាមួយដោយសារមូលហេតុរៀងៗខ្លួន ចំណែកទីពីរគឺ អាចត្រូវគេឃុំទុកឬសម្លាប់ចោលនៅទីកំបាំងណាមួយ។

«សាវី!! ហេតុអីក៏ភ្លឹកបែបនេះ?»

«អ..អូ! ខ្ញុំគិតអំពីរឿងមួយ មុនពេលខ្ញុំមកធ្វើការនៅទីនេះកូនអ៊ុំនៅឯភូមិរបស់ខ្ញុំបានបាត់ខ្លួន រហូតមកដល់ពេលនេះក៏រកគាត់មិនឃើញដែរ រឿងសំខាន់ខ្ញុំធ្លាប់ត្រូវខ្មោចលងដល់ខ្យល់គរ ដឹងថានោះជានរណាទេ? គឺបងស្រីដែលបាត់ខ្លួននោះឯង»

«ការពិតហេ?»
«អ៊ឹម! មែន! កាលនោះខ្ញុំស្មានថាយល់សប្តិ»

ខ្ញុំឃើញគាត់កាន់តែភ័យ។ ខ្ញុំគ្មានចេតនានិយាយបន្លាចគាត់ទេ ប៉ុន្តែនេះជាការពិត។ បងមឿនទំនងជាបានឮពួកខ្ញុំនិយាយគា្ន គាត់កាន់អំបោសជូតឥដ្ឋចូលមករកពួកខ្ញុំ។

«ហេតុអីក៏ឯងមិនដែលនិយាយអ៊ីចឹង? បងស្មានថាពេលហ្នឹងឯងខ្យល់គរដោយសារបាក់ជ័របាយទេតើ»

«មកទល់ឥឡូវឱ្យតែជិះដល់កន្លែងហ្នឹង ខ្ញុំព្រឺររោមរហូតហ្នឹងបង! ខ្ញុំមិនដែលមានក្រយៅខ្មោចលងទេ តែស្រាប់តែគាត់មកលេងខ្ញុំស្រស់ៗ ខ្ញុំខ្លាចបងភ័យដូចខ្ញុំដែរទើបបានជាមិនដែលហ៊ាននិយាយ»

«គិតត្រូវហើយ បងក៏ខ្លាចខ្មោចដែរ»

«មានន័យថាប្អូនខ្ញុំក៏បែបនេះដែរមែនទេ?»

មេសាសម្រក់ទឹកភ្នែកម៉ាត់ៗ ខ្ញុំជឿថាភាពក្តុកក្តួលកំពុងបង្កើនល្បឿននៅក្នុងចិត្តរបស់នាងជាអតិបរមាហើយ វារុញច្រានជលនេត្រឱ្យហូរចុះដោយគ្មានបន្លឺសំឡេងអីបន្តិច។ ខ្ញុំនិងបងមឿនមុខស្ងួតចែស មិនដឹងជួយនាងតាមរបៀបណា។ បងមឿនផ្តើមនិយាយលួងលោមនាងជាលើកដំបូង។

«កុំទាន់អស់សង្ឃឹមអីមេសា អាវីវាបានចួបពិត តែសាឯងគ្រាន់តែយល់សប្តិទេ ថាមិនបានវាផ្ទុយពីសុបិនផង»

«មែនហ្នឹង! នោះគ្រាន់តែយល់សប្តិទេ ប្រហែលជាមិនអាចទៅជាអ៊ីចឹងទេ កុំគិតច្រើនពេកណា៎»

ខ្ញុំចាក់បណ្តោយតាមបងមឿន ជួយគ្នាលើកទឹកចិត្តនាង។ ខ្ញុំភ័យដែរ តិចនាងគិតអីធ្វើរឿងអីឆ្កួតៗដោយសារតែសម្តីរបស់ខ្ញុំទៅ។ ខ្ញុំអ្ហើយ! មិនគួរនិយាយសោះ។ មេសាលើកខ្នងដៃជូតទឹកភ្នែកចេញហើយធ្វើការបន្ត។ ថ្ងៃនេះនាងត្រូវអ៊ីម្ចាស់ហាងស្តីឱ្យរហូតព្រោះនាងធ្វើការដោយគ្មានអារម្មណ៍នឹងនរសោះ។ ខ្ញុំមានអារម្មណ៍ថាមិនគប្បីសោះដែលមានចំណែកធ្វើឱ្យនាងត្រូវគេស្តីបន្ទោស។

នៅចុងម៉ោងធ្វើការបន្ទាប់ពីអស់ភ្ញៀវ ខ្ញុំបានចូលទៅរកអ៊ីម្ចាស់ហាងដែលកំពុងបាលុយចេញពីថតហិបរបស់គាត់។ គាត់មិនរាប់លុយនៅនឹងមុខពួកយើងទេ។ លុយដែលលក់បានរាល់ថ្ងៃគាត់ប្រមូលយកទៅរាប់ពីរនាក់ប្តីគាត់នៅក្នុងបន្ទប់ឯណោះ។

«អ៊ី! អ៊… ខ្ញុំមានការចង់សុំអ៊ី»

«សុំស្អី? តិចថាចង់សុំបើកលុយណា៎»

«ហិៗៗ ចា៎! ខ្ញុំចង់សុំអ៊ីបើកលុយខ្លះ ពុកខ្ញុំគាត់ឈឺ… គាត់ខ្វះលុយថ្នាំពេទ្យ សុំអ៊ីបើកបានខ្លះមក»

«នែ៎! មកធ្វើការទើបបានមួយអាទិត្យចង់រកបើកលុយហា៎? ឯងគិតថាយើងជួលឯងមកហ្នឹងចាំតែបើកលុយឱ្យអ៊ីចឹងមែន? ធ្វើការមិនទាន់ដឹងអីផងចង់រកបើកលុយហើយ»

ខ្ញុំគិតមិនខុសទេ គាត់មុខតែញ៉ាំងៗដាក់ខ្ញុំបែបនេះ តែធ្វើយ៉ាងម៉េចបើដំបូលដែលខ្ញុំជ្រកវារយះរយាយអស់ហើយហ្នឹង។ ខ្ញុំបានតាំងចិត្តហើយ ថ្ងៃនេះត្រូវតែលន់តួឱ្យគាត់ព្រមឱ្យលុយខ្ញុំឱ្យបាន។ ខ្ញុំខាំមាត់សង្កត់ចិត្ត ហើយចាប់ផ្តើមប្រតិបត្តិការនូវផែនការដែលបានគ្រោងទុកភ្លាម។ ខ្ញុំស្ទុះចូលទៅឱបជើងគាត់គ្រឹបហើយស្រែកនិយាយខ្លាំងដូចមនុស្សត្រូវគេធ្វើបាប ឯគាត់ភ្ញាក់ផ្អើលខ្លាំងណាស់ គឺត្រូវតែភ្ញាក់ផ្អើលព្រោះខ្ញុំត្រៀមការរំភើបនេះដល់គាត់។

«អ៊ី! សូមជួយខ្ញុំម្តងទៅ ពុកខ្ញុំកំពុងឈឺត្រូវការលុយព្យាបាល ទុកថាធ្វើបុណ្យនឹងខ្ញុំផងទៅណាអ៊ីណា ខ្ញុំនឹងមិនភ្លេចគុណស្រ័យរបស់អ៊ីទេ សូមអង្វរ! ខ្ញុំសូមអង្វរ!»

«នែ៎! លែងយើង! លែងភ្លាមណា៎ លែងភ្លាមទៅ!»

«នែៗៗ ឯងធ្វើអី? លែងគាត់ភ្លាម លែង!»

ប្តីក្មេងរបស់គាត់ស្ទុះមកចាប់ទាញខ្ញុំ តែដៃខ្ញុំឱបជើងគាត់ស្អិតដូចតុកកែ ថែមទាំងជើងខ្ញុំកេវជាប់ឡើងខ្វេមិនព្រមព្រលែង។ ខ្ញុំនៅតែស្រែកសុំឱ្យគាត់ជួយ ដល់គាត់អត់ទ្រាំលែងបានព្រោះភ្ញៀវកំពុងតែងាកមកមើលគាត់។

«បានហើយៗៗ យើងសុំខ្លាចឯងហើយ»

«អ៊ីព្រមឱ្យខ្ញុំហើយហ្អី?»

គាត់សម្លក់ខ្ញុំសឹងជ្រុះគ្រាប់ភ្នែក ខ្ញុំដឹងថាក្នុងទ្រូងគាត់មុខជាឆាបឆួលដូចភ្លើងឆេះដូច្នេះ ប៉ុន្តែវាជោគជ័យរបស់ខ្ញុំដែលធ្វើបានសម្រេច។ ខ្ញុំនៅតែធ្វើមុខគួរឱ្យអាណិតពន់ពេកដាក់គាត់ទាំងក្នុងចិត្តបន់ថា លោកតាលោកយាយសូមកុំឱ្យគាត់ចិត្តក្តៅវាយខ្ញុំឱ្យសោះ។

«អ៊ើ! អញឱ្យឯង ឆាប់លែងជើងភ្លាមទៅ»

«ចា៎!»

គាត់រាប់លុយញាប់ដៃស្អេក ហើយបោះនៅនឹងមុខខ្ញុំព្រូសភ្ជាប់ដោយក្រសែភ្នែកមើលងាយមើលថោកតាមនិស្ស័យចារមកពីកំណើត។ ខ្ញុំលូកដៃរើសលុយក្រោមការប្រមាទមាក់ងាយពីគេ ព្រោះជីវិតត្រូវការរស់បន្តទៀត។ ទោះជាត្រូវគេជេរស្តីខ្ញុំស្ទើរតែស្រក់ទឹកភ្នែក តែខ្ញុំខំទប់វិញហើយនឹកដល់ពាក្យដែលម្តាយខ្ញុំធ្លាប់ជេរខ្ញុំដែរ ដូច្នេះខ្ញុំនឹងគិតថាខ្ញុំមិនត្រូវបានគេជេរជាលើកដំបូងទេ។

«សាវី! ឯងអត់អីទេហេ? ពុកឯងឈឺធ្ងន់ហ្មែន?»

បងមឿនចូលមកសួរខ្ញុំដែលអង្គុយឱនមុខចុះ គាត់ច្បាស់ជាគិតថាខ្ញុំនឹងមានស្រមោលខ្មៅនៅក្នុងចិត្តមិនខានទេ។

«មិនអីទេបង កុំបារម្ភអី»

«ការពិតយប់នេះខ្ញុំគិតចង់បបួលវីនៅគេងបានជាគ្នាមួយយប់ តែឮថាពុកឯងឈឺអ៊ីចឹងខ្ញុំមិនហ៊ានបបួលទេ ឯងទៅមុនទៅ ការងារនៅសល់ពួកខ្ញុំធ្វើបានហើយ»

«មិនអីទេ យ៉ាងណាខ្ញុំមិនហ៊ានទៅផ្ទះម្នាក់ឯងដដែលបើគ្មានបងមឿនទៅដែរ ដូចធ្លាប់ប្រាប់…»

«អ៊ើ! ឆាប់ទុកដាក់ទៅអ៊ីចឹង»

ខ្ញុំលើកចានទៅគរចោល ហើយជួយប្រមូលសំរាមច្រកថង់បន្ទាប់មកទៅយកសំរាមពីក្នុងបន្ទប់ចង្ក្រានបាយខាងមកបោះចោលដែរ។ ធម្មតាប្តីរបស់អ៊ីម្ចាស់ហាងជាអ្នកយួរចេញមកបោះចោលខ្លួនឯង តែថ្ងៃនេះគាត់ប្រើខ្ញុំ។ មើលទៅប្រហែលជាគិតលើថ្លៃបើកលុយឱ្យខ្ញុំហើយទើបប្រើបែបនេះ។

នៅពេលដែលខ្ញុំដើរទៅយួរសំរាមពីផ្ទះបាយ ខ្ញុំបានឃើញសំរាមអស់នោះបានច្រកថង់រួចស្រេចអស់ទៅហើយទុកនៅខាងក្រៅងបន្ទប់។ ពិតណាស់ បន្ទប់មិនទាន់បិទចាក់សោរនៅឡើយទេ។ ភាពរសាប់រសល់អ្វីម្យ៉ាងជម្រុញចិត្តខ្ញុំឱ្យឈានជើងចូលទៅក្នុងបន្ទប់នោះ។ ខ្ញុំមិនដឹងទេថាខ្លួនឯងចូលទៅដើម្បីរកអ្វី គ្រាន់តែមានអារម្មណ៍ថាឆ្ងល់ ចម្លែកនឹងទង្វើប្លែកៗរបស់ប្តីប្រពន្ធនេះ។ សំណាងល្អគេមិនបិទភ្លើង ខ្ញុំអាចមើលឃើញបានច្បាស់។ នេះជាលើកទីពីរដែលខ្ញុំមកឃើញសភាពក្នុងបន្ទប់។ តើស៊ុបគេដាក់ស្អីខ្លះហ្ន៎បានសណ្តំចិត្តភ្ញៀវដកចិត្តមិនរួចថ្នាក់នេះ?

ខ្ញុំចូលមកហាក់ដូចជាមេតម្រួត អើតមើលសព្វកន្លែង។ នៅក្បែរចង្ក្រានឆ្នាំងស៊ុបមានកញ្ចប់ផ្លាស្ទិកមួយ ខ្ញុំរើសវារួចហិតក្លិន។ មានក្លិនគោឱ្យហួង ខ្ញុំគិតថានេះជាម្សៅស៊ុបរសជាតិសាច់គោ ឬម្សៅបន្ថែមពណ៌អីមិនដឹងទេ? ខណៈដែលកំពុងស្លុងគំនិតទៅមួយវឹង រលកសំឡេងដ៏រន្ធត់ចិត្តនៃស្រី្តម្ចាស់ហាងបានធ្វើឱ្យភ្ញាក់ព្រើត កញ្ចប់នោះជ្រុះធ្លាក់ដល់ឥដ្ឋមួយរំពេច។

«ឯងចូលមកស្អីនៅក្នុងនេះហាស?»

«អ៊… ខ្ញុ…ខ្ញុំ មកមើល… ក្រែងមានសំរាមផ្សេងទៀត»

«គ្មានសំរាមឯណាទៀតទេ ឆាប់យកសំរាមអស់នេះទៅចោលភ្លាមទៅ! លឿន!»

«ចា​… ចា៎!»

ខ្ញុំឆ្លើយញ័រមាត់ ហើយរត់ចេញទៅលើកស្បោងសំរាមផ្ទះបាយនោះយ៉ាងលឿនស្លេវ។ សភាពគាត់ឈរសម្លក់ខ្ញុំដូចគ្រូធ្មប់ កែវភ្នែកបើកឡើងចង់ជ្រុះចេញមកក្រៅ ខ្ញុំបានធ្វើខុសធ្ងន់ណាស់មែនទេទើបគេចង់ស្ទុះមកស៊ីសាច់ខ្ញុំដូច្នេះ? ខ្ញុំគិតថាខ្ញុំប្រហែលជាត្រូវស្វែងរកការងារថ្មីក្នុងពេលឆាប់ៗនេះ។

«មានរឿងអីហ្នឹង? ហេតុអីអ៊ីស្រែកខ្លាំងម៉្ល៉េះ?»

«ខ្ញុំលួចចូលតំបន់ហាមឃាត់»
ខ្ញុំខ្សិបប្រាប់មេសាវិញហើយសង្វាតយកថង់ទៅដាក់គរគៀនសំយាបហាង ដើម្បីឡានសំរាមមកដឹកនៅពេលព្រឹក។

«ហេតុអីក៏ឯងមិនស្តាប់គាត់? គាត់ទើបតែខឹងឯងហើយទេ»

«ខ្ញុំមិនដឹងដែរ តែដូចជាមានស្អីមកទាញចិត្តខ្ញុំឱ្យចូលទៅទីនោះ ហើយក៏អ៊ីចឹងទៅ»

«យប់ហើយបងមឿននឹងវីទៅផ្ទះចុះ ចាំខ្ញុំបិទទ្វារ»

មួយរយៈដែលខ្ញុំឈប់រៀនមកធ្វើការនេះ ខ្ញុំហាក់ដូចជាកើតមានសភាពចម្លែកៗ។ ចួនកាលខ្ញុំមិនអាចគ្រប់គ្រងការគិតរបស់ខ្លួនឯងបាន ចួនកាលទៅធ្វើរឿងអ្វីមួយដោយមិនដឹងខ្លួន ដូចជាត្រូវបានអ្វីនាំទៅដោយខ្វះស្មារតី។ តាំងពីត្រូវខ្មោចលងម្តងមក ខ្ញុំធ្វើអីក៏ភ្លាវដែរ តើខ្ញុំត្រូវគេបន្លាចដល់វិបបា្លសអស់ហើយឬ?

ខ្ញុំជិះកង់បណ្តើរគិតបណ្តើរ ដៃស្ទាបហោប៉ៅខោផង។ ខ្ញុំស្ទាបសព្វគ្រប់ប៉ះតែហោប៉ៅសំប៉ែត ចុះឯណាលុយម្ភៃម៉ឺនដែលអ៊ីម្ចាស់ហាងឱ្យខ្ញុំនោះ? វាបាត់ទៅណាហើយ?

«បងមឿនៗ ឈប់សិន»

«ស្អីគេទៀតហើយ? យប់ហើយណា៎ ប្រញ៉ាប់ទៅផ្ទះ»

«ខ្ញុំដូចជាបាត់លុយហើយបង លុយដែលសុំបើកពីអ៊ីណៃស៊ាមុនហ្នឹង ឥឡូវមិនឃើញទេ ខ្ញុំថាខ្ញុំជ្រុះនៅកន្លែងណាមួយហើយ បងជូនខ្ញុំទៅបន្តិចមក»

«ហ៊ើយ! នាងសារីអ៊ើយនាងសាវី វិញ្ញាណបណ្តែតដល់ណាទៅបានជាធ្វើបាត់លុយរាប់ម៉ឺន ទៅ! បកក្រោយវិញ រកមើលតាមផ្លូវក្រែងឃើញ»

ខ្ញុំនិងបងមឿនធាក់កង់យឺតៗ ចំណែកភ្នែករំពៃរកសំណុំលុយក្រែងប្រទះ។ ដូចប្រាប់អ៊ីចឹង មួយរយៈខ្ញុំដូចក្លាយជាមនុស្សបាត់បង់ស្មារតីអស់។ ពួកខ្ញុំជិះតាមចិញ្ចើមផ្លូវ មានឡាន ម៉ូតូបើកមួយៗនាយប់ថ្មើរនេះ។ លុះរហូតមកដល់ជិតក្បែរហាងគុយទាវវិញ។

«មកដល់ហាងវិញហើយហ្នឹង នៅតែមិនឃើញស្រមោលលុយរបស់ឯងផង»

«ឬមួយខ្ញុំជ្រុះនៅខាងក្នុងទេដឹង បើសិនជាអ៊ីចឹងប្រហែលជាអ្នកនៅខាងក្នុងរើសបានហើយ»

«ហើយឯងចង់ចូលទៅគោះទ្វារផ្ទះគាត់ហ្មែន?​ ឆេះដុំមិនខានទេនាងអ៊ើយ!»

«អ៊ីចឹងចង់ឱ្យខ្ញុំចោលលុយទៅ?»

«ចាំស្អែកសួរគាត់ទៅ»

«បើមេសារើសបានបែបបានលុយមកវិញ តែបើយាយប៉ិហ្នឹងរើសវិញបែបផេះហើយ!»

ខ្ញុំធ្វើមុខអស់សង្ឃឹមដាក់គាត់។ ចួនជាពួកយើងឈរក្បែរគំនរសំរាម ក្លិនស្អុយដូចគម្រង់ភាយចេញពីទីនោះ ធ្វើឱ្យពួកខ្ញុំបង្ខំបិទច្រមុះ។

«ស្អុយសម្បើមណាស់ សំរាមមិនទាន់បានមួយថ្ងៃផងអីក៏ស្អុយម៉្លេះ?»

នេះជាសម្តីរបស់ខ្ញុំ ហើយបានបង្កើតបរិយាកាសចម្លែកដល់បងមឿនដែរ ព្រោះខ្ញុំឃើញភ្នែកគាត់រួមរន្ធប្រស្រីបញ្ជាក់ថាគាត់ក៏ឆ្ងល់ដែរ។ ខ្ញុំឈានពីរជំហានមកក្បែរគំនរនោះ ហើយតាមពន្លឺអំពូលរាត្រីខ្ញុំឃើញសំណុំក្រដាសទំហំតូចល្មមនៅកៀនស្បោងសំរាម។

«អេ! មកនៅទីនេះសោះ បង! ខ្ញុំរកឃើញហើយ វាជ្រុះនៅនេះ»

«រកឃើញល្អហើយ»
ខ្ញុំរខិបរខុប ហេតុតែក្រសូម្បីលុយម្ភៃម៉ឺនរៀលក៏ខ្ញុំមិនដែលធ្លាប់បានកាន់ដែរ ដូច្នេះពេលបាត់នោះខ្ញុំភ័យអស់ព្រលឹង។

«បង! បងឆ្ងល់ដូចខ្ញុំអត់? ហេតុអីបានជាអ៊ីណៃស៊ាហាមយើងគ្រប់គ្នាមិនឱ្យចូលចង្ក្រានបាយផ្ទះគាត់?»

«គាត់ច្បាស់ជាខ្លាចយើងចេះធ្វើស៊ុបឆ្ងាញ់ដូចគាត់ហើយ មិនឃើញម្តុំនេះទេហ្អី? គ្មាននរណាទាញភ្ញៀវគាត់បានទេ»

ចម្លើយគាត់ខ្ញុំយល់ស្រប រួចខ្ញុំសួរបន្តទៀត។

«ចុះបងឆ្ងល់អត់? ហេតុអីបានមនុស្សដែលបាត់ខ្លួនសុទ្ធតែធ្លាប់ធ្វើការនៅហ្នឹង?»

«????»

បងមឿនអត់ឆ្លើយ ហើយសម្លឹងខ្ញុំធ្មឹង។ គាត់ស្ងៀមបន្តិចទើបនិយាយ។

«តើឯងគិតថាទីនេះមានបញ្ហាហ្មែន?»

«ខ្ញុំមិនហ៊ានថាទេ ព្រោះខ្ញុំក៏មិនច្បាស់ដែរ»

«បើសិនមានបញ្ហាមែន ព្រឹកមិញប៉ូលិសបានមកត្រួតពិនិត្យដែរតើ មិនឃើញមានអ្វីឯណា»

«ម្សិលមិញខ្ញុំហូបគុយទាវ មានសរសៃរសក់ដោយចូលក្នុងនោះ ប៉ុន្តែវាមិនដូចសរសៃរសក់គាត់ទាល់តែសោះ ម្យ៉ាងទៀតហេតុអីបានជារម្ងាស់ទឹកស៊ុបត្រូវការមនុស្សដល់ទៅពីរនាក់?»

«តើឯងសង្ស័យថា…?»

ខ្ញុំមើលមុខគាត់ហើយកំពុងប្រាប់ចម្លើយត្រឡប់ទៅវិញថាខ្ញុំពិតជាបានសង្ស័យថាពួកគាត់ជាអ្នកចាប់មនុស្សមែន ប៉ុន្តែចាប់យកទៅធ្វើអីខ្ញុំមិនហ៊ានសន្និដ្ឋានទេ។ បន្ទាប់មកខ្ញុំងាកមើលទៅស្បោងខ្មៅដែលចងមាត់ជិតនោះម្តងទៀត ហើយប្រុងឈានទៅស្រាយមាត់វាមើល។ បងមឿនឃាត់ខ្ញុំភ្លាម៖

«ឯងប្រុងធ្វើស្អី?»

«ខ្ញុំចង់ដឹង គាត់បានធ្វើអីទៅ ហេតុអីមានក្លិនសំរាមស្អុយសម្បើមម្ល៉េះ?»

«នែ៎! យប់ហើយណា៎ ប្រញាប់ទៅផ្ទះវិញទៅ»

«តែមួយភ្លែតទេ!»

ព្រោះតែអាងថាមានបងមឿនទើបខ្ញុំហ៊ានគឃ្លើនចូលទៅស្រាយថង់នោះ បើមានតែម្នាក់ឯងវិញហេ៎ ហ៊ឹស! កុំថាតែស្រាយថង់ទាំងងងឹត សូម្បីតែលុយបាត់ម្ភៃម៉ឺនហ្នឹងក៏ខ្ញុំមិនបកក្រោយមករកវិញដែរ។ បទពិសោធន៍សន្លប់ម្តងហើយ ខ្ញុំឯណាក្លាហានម្ល៉ឹងៗ។

«ម៉េចឃើញហើយនៅ?»

«កំពុងមើល!»

មាត់ថង់ខ្មៅត្រូវបានស្រាយ ខ្ញុំអើតមើលទាំងខ្ទប់ច្រមុះជាប់។ ខ្ញុំមើលមិនច្បាស់ទេ មិនដឹងថាជាអ្វី ដូច្នេះក៏សន្និដ្ឋានតែម្តង។

«ទំនងជាសាច់ស្អុយហើយ»

«ឯងមិនដឹងជាសង្ស័យស្អីទេស?»

«តែ…. បងគិតថាហ្នឹងក្លិនគោហ្មែន?»

«បងម៉េចដឹង! បើវាស្អុយហើយហ្នឹង ម៏! ទៅផ្ទះ! គ្មានអាណាហិតសាច់ស្អុយដឹងទេ»

ខ្ញុំលែងនៅទ្រាំហិតបន្ត ហើយត្រឡប់ទៅផ្ទះវិញជាមួយគាត់។ ក្រែងផ្ទះគាត់មានទូក្លាសេមិនអ៊ីចឹង ហេតុអីមានសាច់ស្អុយ?

ស្អែកឡើងពួកយើងត្រឡប់មកធ្វើការដូចរាល់ដង ប៉ុន្តែដិតជាប់ជាមួយអារម្មណ៍ភ័យខ្លាចនឹងសង្ស័យ។ ខ្ញុំបានសួរខ្លួនឯងថា បន្ទាប់ពីមានមនុស្សបាត់ទៅពីរនាក់ហើយ តើនឹងមានអ្នកបន្ទាប់ដែរទេ? ពិតជាមានអីធ្វើឱ្យខ្ញុំស្លុតចិត្តមែននៅពេលដែលមកដល់ហាងភ្លាម។ ខ្ញុំគិតថាថ្ងៃនេះខ្ញុំមកមុនបងមឿន ប៉ុន្តែគ្រាន់ឈប់កង់បានបន្តិចគាត់មកដល់តាមក្រោយដែរ។

«ហេតុអីហាងស្ងាត់ម៉េស?»

«បងសួរខ្ញុំ? មិនឃើញខ្ញុំទើបមកដល់ដែរទេ?»

ដើម្បីច្បាស់ការ ពួកយើងចូលទៅខាងក្នុងហាងដើម្បីរកមេសា។ តាមពិតរាល់ដង ថ្មើរណេះនាងមកពីទិញបន្លែវិញហើយ តែថ្ងៃនេះមិនឃើញនាងសោះ។ ចង់រកមេសា ស្រាប់តែអ៊ីណៃស៊ាចេញមកពីល្វែងខាងក្រោយជំនួស។

«ពួកឯងមកហើយហេ? អ៊ីចឹងមឿន ឯងឆាប់ទៅផ្សាទិញបន្លែតិចមក»

«ចុះមេសា? ហេតុថ្ងៃនេះមិនឃើញនាង?»

«នាងសុំខ្ញុំបើបើកលុយ ហើយទៅស្រុកវិញហើយ»

ខ្ញុំពីរនាក់សម្លឹងមុខគ្នាដោយមិនយល់ការអីទាំងអស់ ហេតុអីម្សិលមិញនាងមិនលាពួកយើងមួយម៉ាត់សោះ? ម៉េចអ៊ីចឹង?

«ចុះនាងទៅពីពេលណា?»

«ទៅព្រឹកមិញ! នែ សួរនោះសួរ ពួកឯងជាញាតិសន្តាននាងហ្មែនហាស? យកលុយទៅទិញបន្លែឆាប់ឡើងមក»

អ៊ីណៃស៊ាគំហកដាក់យើង គាត់ចង់តែបំបិទមាត់យើងមិនឱ្យនិយាយស្តីសួរនាំដេញដោលអីទាំងអស់ ចង់ឱ្យយើងធ្វើជាមនុស្សគរ។ គាត់ហុចតែលុយឱ្យបងមឿនរួចដើរចូលក្នុងបន្ទប់ចង្ក្រានអាថ៍កំបាំងរបស់គាត់បាត់ទៅ។ មុនបងមឿនចាកចេញទៅ ខ្ញុំនឹងគាត់បានស៊ីញ៉ូភ្នែកដាក់គ្នា ព្រោះវិញ្ញាណទី៦របស់ខ្ញុំប្រាប់ថាទីនេះពិតជាមិនស្រួលមែនហើយ។

ខ្ញុំរើចានមកលាងលាន់សំឡេងទង្គិចគ្នារ៉ូងរ៉ាំងៗ។ តាមពិតខ្ញុំគ្មានស្មារតីមកលាងចាងឡើយ ខ្ញុំគ្រាន់តែធ្វើបញ្ឆោតប្រាប់អ្នកខាងក្នុងថាខ្ញុំកំពុងធ្វើការដូចធម្មតា។ បានបន្តិច ខ្ញុំលបមើលអ៊ីណៃស៊ាចេញពីបន្ទប់នោះ រួចខ្ញុំស្ទុះចូលសរសៀកៀនទ្វារនោះ ដ្បិតខ្ញុំពោរពេញដោយភាពញាប់ញ័រខ្លាចគេមកទាន់។ ខ្ញុំបង្ហើបប្រឡោះទ្វារបន្តិច មើលទៅខាងក្នុងឃើញថាគ្មានមនុស្ស ខ្ញុំលបរំកិលខ្លួនចូលទៅ។ ទឹកក្នុងឆ្នាំងស៊ុបកំពុងពុះកញ្ជ្រោល កញ្ចប់ដែលខ្ញុំបានហិតពីល្ងាចមិញមានក្លិនគោនោះក៏នៅទីនេះដែរ។ ខ្ញុំដើរចូលទៅក្បែរចង្ក្រានឆ្នាំងស៊ុប រួចអើតទៅមើលក្នុងឆ្នាំងដែលហុយផ្សែងទ្រលោមដូចចុះអ័ព្វ ពុទ្ធោអ៊ើយ! ម៉ែ! ពុក! ខ្ញុំស្លុតអស់ស្មារតីសឹងតែធ្លាក់ថ្លើមដល់ដី​ តើអ្វីដែលនៅក្នុងឆ្នាំងស៊ុបនោះ? នេះហើយជាអាថ៌កំបាំងនៃគុយទាវកំពូលរូបមន្តឆ្ងាញ់ គឺការយកមនុស្សមករម្ងាស់ធ្វើទឹកស៊ុបដូច្នេះឬ?

ខ្ញុំស្រមៃលែងចេញហើយនូវទិដ្ឋភាពដែលភ្ញៀវគ្រប់គ្នារួមទាំងខ្ញុំដែរញ៉ាំគុយទាវនេះហើយញញិមរីករាយត្រេកអរដូចបានអាហារពីឋានសួគ៌ តែផ្ទុយមកវិញវាជានរកលើនរកមិនដឹងប៉ុន្មានជាន់ទេ។ ដឹងថាខ្ញុំបានឃើញអីទេ? គឺលលាដ៍ក្បាលដែលផុយរលេះគ្រាប់ភ្នែកមើលលែងស្គាល់ គ្រាប់ភ្នែកមូលដូចគ្រាប់ឃ្លីផុសអណ្តែតតាមអំណាចអំពុះទឹក ហើយខ្ញុំជឿថានោះប្រហែលជាមិត្តរបស់ខ្ញុំ។ ពួកគេសម្លាប់មនុស្សដូចសត្វធាតុ ពួកគេលើសពីបិសាច លើសពីធ្មប់អាប ខ្ញុំមិនដឹងថាត្រូវហៅថាម៉េចទេ។

ខ្ញុំស្តាប់លែងឮនូវចង្វាក់ដង្ហើមរបស់ខ្លួនឯងហើយ ខ្ញុំមិនដឹងថាបេះដូងខ្ញុំនៅលោតទៀតឬអត់ទេ រហូតខ្ញុំស្តាប់មិនឮថាមានមនុស្សចូលមកពីក្រោយខ្នងផង។ នាគ្រានោះពិភពលោកក្លាយជាងងឹតសូន្យឈឹងដោយសារទម្ងន់នៃវត្ថុរឹងវាយចំកញ្ចឹងកររបស់ខ្ញុំយ៉ាងធ្ងន់សន្ធាប់។ ខ្ញុំដួលសន្លប់ខ្ពោកដូចចិត្តប្រាថ្នារបស់គេនៅក្បែរចង្ក្រានក្តៅងុំ។

ខ្ញុំជឿថា វាសនារបស់ខ្ញុំនឹងអ្នកមុនៗក៏មិនខុសគ្នាដែរ។ ខ្ញុំនឹងក្លាយជាគ្រឿងផ្សំដូចពួកគេដែរ។

«អូសវាយកទៅទុកទៅ លទ្ធផលដែលនាងឯងចេះដឹងជ្រុលពេក ការពិតនាងឯងគួរបាននៅយូរជាងគេទេតើ»

ពួកគេ… ពួកនរកចាប់ជាតិនោះ បានអូសខ្ញុំយកទៅដាក់នៅបន្ទប់សម្ងាត់មួយដែលខ្ញុំមិនធ្លាប់ដែលដឹងថាមានបន្ទប់នេះពីមុនមកទេ។ អាមាន់ជល់ជាអ្នកអូសខ្ញុំទៅ ចំណែកមីកញ្ចាស់នេះជូតឈាមប្រលាក់លើឥដ្ឋ ឈាមបែកក្បាលរបស់ខ្ញុំ។ បន្ទប់ដែលវាយកខ្ញុំទៅទុកនោះគឺជាបន្ទប់សម្រាប់ដាក់សាកសពមនុស្សដែលពួកវាបានសម្លាប់ នឹងមានទូរក្លាសេដ៏ធំ។ ចូលទៅដល់ទីនោះខ្ញុំបានចួបនឹងបងចិន មេសា ព្រមទាំងធាណា។ ខ្ញុំព្រឺរបះរោមដៃច្រាង ព្រោះខ្ញុំបានចួបបងចិន តាមថាគាត់ធ្លាប់លងខ្ញុំ។ ខ្ញុំផ្តើមសួរទៅកាន់ពួកគេទាំងមាត់ញ័រដោយការភ័យខ្លាច ព្រោះអីខ្ញុំស្រពិចស្រពិលមិនដឹងមនុស្សឬខ្មោច?

«អ្នកទាំងអស់គ្នានៅទីនេះទាំងអស់គ្នាឬ? ចុះ… ចុះនរណាដែលខ្ញុំបានឃើញនៅក្នុងឆ្នាំងនោះ?»

ខ្ញុំសួរដោយងឿងឆ្ងល់ជាខ្លាំង ព្រោះខ្ញុំឃើញបីនាក់នេះនៅឈរជ្រងោទាំងអស់។ គ្មាននរណាម្នាក់មាត់រកខ្ញុំវិញម្នាក់។ ហេតុអីពួកគេមិននិយាយរកខ្ញុំសោះ? ទឹកមុខពួកគេក្រៀមក្រំ ហើយដូចជាអាណិតខ្ញុំ។

«មើលខ្ញុំបែបនេះធ្វើអី? ឬមួយ… ខ្ញុំ… ខ្ញុំស្លាប់ហើយមែនទេ?»

ខ្ញុំរកកលចង់យំ ពេលនេះខ្ញុំក្លាយជាវិញ្ញាណហើយឬ? ខ្ញុំក្លាយជាវិញ្ញាណហើយទើបបានមកចួបពួកគេដែរ។ ខ្ញុំមើលទៅពួកគេដែលគ្មានជើងគ្រប់គ្នាទាំងអស់។ ខ្ញុំចាប់ផ្តើមក្តុកក្តួលលែងនិយាយអ្វីកើត រួចឱនមើលជើងខ្លួនឯងយឺតៗ។

«ហ៊ឹក! ហ៊ឹក! ខ្ញុំ… ខ្ញុំគ្មានជើងទេ ហ៊ឹក!»

ទីបំផុតខ្ញុំនឹងពួកគេបានក្លាយជាក្រុមតែមួយទៅហើយ។ ពេលនេះខ្ញុំស្លាប់បាត់ទៅហើយនៅសល់តែវិញ្ញាណដូចផ្សែងប៉ុណ្ណោះ។

ឌឹប!

«អ្ហា! ទេ!!!!!!»

ខ្ញុំស្រែកស្ទើរភ្លាត់សំឡេងខ្លួនឯង តែអាចង្រៃនោះវាមិនឮឡើយ។ អាមាន់ជល់ប្រើប៉័ងតោមុខសស្ញាច សជាងធ្មេញរបស់ខ្ញុំទៅទៀតកាប់សាកសពរបស់ខ្ញុំជាបំណែកៗ ឈាមស្រស់ហូរស្រោចដូចទឹក។ ដៃ ជើងរបស់ខ្ញុំបានឃ្លាតចាកដងខ្លួន។ ដ្បិតពេលនេះខ្ញុំជាវិញ្ញាណ តែខ្ញុំពិតជាមិនអាចទ្រាំទ្រនូវភាពរន្ធត់ស្រស់ៗនេះបានទេ។

«ហ៊ីៗៗ មិនអាចទេ មិនអាចទេ ហ៊ីៗៗ»

វិញ្ញាណរបស់ខ្ញុំទ្រហោរយំដោយការឈឺផ្សាហួសប្រមាណ យំដែលឃើញទិដ្ឋដ៏សែនសង្វេគនៅនឹងមុខខ្លួនឯង ឃើញវាបំផ្លិចបំផ្លាញសរីរាង្គមនុស្សដោយឥតញញើតដៃ។ មុខវាដូចមនុស្សបែកថ្នាំ វាកាត់បំបែកសាកសពជាផ្នែកៗ ហើយបោះចូលទូរក្លាសេដូចសាច់គោធម្មតា។ វាវះយកគ្រឿងក្នុង ហើយវានិយាយថានេះសម្រាប់គុយទាវគោកគ្រឿងក្នុងគោក។ តែនោះជាគ្រឿងក្នុងរបស់ខ្ញុំទេ អាតិរច្ឆាន!។

រូបមន្តគុយទាវទឹកស៊ុបឆ្ងាញ់ល្បីតគ្នា ជារូបមន្តនៃសម្លាប់មនុស្សវះយកគ្រឿងក្នុងដ៏សាហាវ នេះជាចុងបញ្ចប់នៃជីវិតរបស់ខ្ញុំក៏ដូចជាមិត្តរបស់ខ្ញុំ ដែលសូម្បីលាគ្រួសារក៏មិនអាចធ្វើបាន។

នៅខាងក្រៅបងមឿនបាននាំប៉ូលិសមកដល់ទីនេះតាមតែព្រមព្រៀងរបស់យើងពីមុន។ ពេលនោះយើងគ្រាន់តែសង្ស័យត្រឹមថាពួកនេះចាប់មនុស្សយកទៅលក់តែប៉ុណ្ណោះ មិននឹកស្មានថាពួកវាចាប់មនុស្សយកមកធ្វើជាស៊ុបបែបនេះឡើយ។

«ពូប៉ូលិស! ផ្ទះនេះហើយ ខ្ញុំបានបាត់មិត្តភក្តិនៅទីនេះ»

«ចូលទៅឆែកឆេ»

គាត់បង្គាប់គ្នីគ្នាចូលឆែកឆេហាងគុយទាវយាយប៉ិណៃស៊ានិងអាមាន់ជល់។

«នែ! នាំគ្នាធ្វើស្អី? ហេតុអីចូលកកូរកកាយផ្ទះខ្ញុំរកស៊ី? ប្រយ័ត្នខ្ញុំប្តឹងហា»

«ឯណាសាវី? យាយឯងចាប់សាវីយកទៅណាហើយ?»

«ស្អី? យើងចាប់មីហ្នឹងទៅធ្វើអី? ឯងកុំចេះតែចោទហា៎»

គាត់នឹងបងមឿនឈ្លោះតឹងសរសៃក។ ខ្ញុំបានត្រឹមឈរគៀននោះយំខ្សឹកខ្សួល តែធ្វើអ្វីមិនបាន។ ភ្លាមនោះពួកគេបានចូលទៅដល់បន្ទប់ចង្ក្រានបាយហើយបានឃើញទឹកស៊ុបដែលកំពុងរម្ងាស់ពីលលាដ៍ក្បាលមនុស្ស។ ម្នាក់ៗរកកលចង់ក្អួត តែក្អួតមិនចេញ។

«ទីនេះមានក្បាលមនុស្សទាន!»

«ថាម៉េច? យាយឯងចំជាបិសាចនរកមែន ឃាត់ខ្លួនពួកគេ ហើយឆែកឆេគ្រប់កន្លែងទាំងអស់!»

អាមាន់ជល់ប្រុងលួចរត់តាមទ្វារក្រោយគេចពីការចាប់ខ្លួន។ បងចិន ធាណាខំប្រមូលកម្លាំងខ្លួនឯងធ្វើឱ្យវាដួលផ្គាប់មុខស៊ីថ្ម ទើបវារត់មិនទាន់ត្រូវប៉ូលិសគ្រៀកជាប់។ ប៉ូលិសបានមកបើកបន្ទប់ដែលគេកាប់សម្លាប់មនុស្ស វាប្រឡាក់ទៅដោយឈាមដ៏ឆ្អាប គួរឱ្យរអើម។ ហើយបានរកឃើញសាកសពរបស់ខ្ញុំដែលញាត់ក្នុងទូទឹកកក ពេលនេះក្លាយជាបំណែកៗទៅហើយ។ អរគុណហើយបងមឿន ទោះបងមកជួយខ្ញុំមិនទាន់ពេល តែយ៉ាងហោចណាស់ បងបានជួយបញ្ឈប់អំពើយង់ឃ្នងនេះមិនឱ្យកើតមានលើនរណាបន្តទៀត។

រឿងឃាតកម្មនៃការសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ នឹងប្រវិត្តនៃគុយទាវដ៏ល្បីប្រចាំហាងត្រូវបានលាតត្រដាងនឹងល្បីល្បាញទូទាំងក្រុងកំព់ងសោម។ មនុស្សម្នាសឹងតែក្អួតចាក់ទីងនៅពេលបានឮវាជាលើកដំបូងរួមទាំងម្តាយខ្ញុំផងដែរ។ ចួនកាល រសជាតិដែលពួកគេបានភ្លក់ហើយលាន់មាត់ថាឆ្ងាញ់នោះ អាចជារសជាតិនៃសាច់ញាតិរបស់ពួកគេក៏ថាបាន៕

ចប់