រឿង៖ មរណភាពនៅពេជ្រនិល

ខ្ញុំឈ្មោះ សង្ហា ជានិស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញ។ ដ្បិតតែរូបរាងខ្ញុំមិនសង្ហាដូចឈ្មោះ តែខ្ញុំពូកែវោហារសព្ទមិនធម្មតាតែងធ្វើឱ្យកញ្ញាៗបាក់ចិត្តស្រលាញ់។ មិនលាក់បាំងទេ រាល់ថ្ងៃខ្ញុំជាកវីលើហ្វេកប៊ុកដ៏ល្បីមួយរូបមាននាមប៉ាកកាថា «លម្ហមេឃ»។ កវីអនឡាញខ្ញុំនេះមានប្រជាប្រិយភាពគួរសមដែរ ពិសេសមានអ្នកគាំទ្រភាគច្រើនជាស្រីស្អាត។  

«អាក្រញាញ់ ឆាប់លើកកាហ្វេទៅតុទី៤។ កុំរវល់តែឈរអណ្តែតអណ្តូង។»

ខ្ញុំប្រញាប់ទៅលើកពែងកាហ្វេតាមបញ្ជារបស់បងឈាវជាមេក្រុមខ្ញុំ។ គាត់នេះមិនដែលហៅឈ្មោះពិតខ្ញុំទេ។ ឃើញសក់ខ្ញុំក្រញាញ់ ក៏តាំងហៅខ្ញុំអាក្រញាញ់រហូតមក។ ហេតុតែគាត់ជាមេ ខ្ញុំមិនហ៊ានតបតគាត់វិញ។ តែមែនទែនទៅ ខ្ញុំអន់ចិត្តដែរហ្នឹង។

«បាទបង!»

ខ្ញុំលើកថាសដាក់ពែងកាហ្វេក្តៅទៅតុលេខ៤ ដែលមាននារីស្រស់ស្អាត សាច់សខ្ចី ស្លៀកពាក់ស៊ិចស៊ីបញ្ចេញដើមទ្រូងមូលក្លំ កំពុងអង្គុយនៅទល់មុខ «ហ៊ាឆាយ» ជាថៅកែហាង។ ខ្ញុំដាក់ពែងកាហ្វេចុះលើតុថ្នមៗ​រួចដើរចេញមកវិញ តែក៏ស្តាប់ឮពាក្យសន្ទនារបស់ពួកគេ៖

«ក្រែងបងថា នាំអូនទៅមើលចិញ្ចៀនពេជ្រអ្ហី? ម៉េចក៏មកទីនេះវិញ?» នារីរូបស្រស់និយាយដោយសំនៀងរំអួយ។

«បងចង់ឱ្យអូនបានស្គាល់ហាងកាហ្វេរបស់បង។ អូនជានារីទីមួយដែលបងនាំមកទីនេះ។» ហ៊ាឆាយតបវិញដោយសំនៀងព្រាននារី។

ខ្ញុំសែនជ្រេញនឹងសម្តីកុហកភរភូតរបស់ចៅហ្វាយខ្ញុំ រឹតតែចង់សើចនឹងស្នាមញញិមឥតដឹងអីរបស់នារីនោះ។ បន្តិចទៀតខ្ញីរបស់ហ៊ាឆាយហើយនាង។ ជឿដែរថានាងជានារីដំបូងដែលហ៊ានាំមកទីនេះ? តាំងពីខ្ញុំចូលធ្វើការជាអ្នករត់តុនៅហាងកាហ្វេ៩៩៩៩នេះមក ឃើញតែគាត់នាំស្រីមកមិនដឹងប៉ុន្មាននាក់ទេ។ ហ៊ាជាកូនរបស់មន្ត្រីធំ។ ហាងកាហ្វេនេះគ្រាន់ជាក្តឹបរបរតូចមួយរបស់គាត់ប៉ុណ្ណោះ។ គ្រួសារគាត់មានដីរាប់ហិចតា មានហាង មានសណ្ឋាគាររាប់សិប និងមានរបរខុសច្បាប់ផ្សេងៗទៀតគ្រាន់ខ្ញុំមិនដឹង។ គិតទៅក៏ម្យ៉ាងដែរ! បើគ្រួសារហ៊ាឆាយមិនរកស៊ីខុសច្បាប់ខ្លះយកលុយមកបើកហាងកាហ្វេនេះទេ ធ្វើម្តេចនិស្សិតស្រុកស្រែដូចខ្ញុំមានការងារធ្វើ។

ខ្ញុំដើរមកឈរលាងដៃនៅបន្ទប់ទឹកព្រោះមិនមានភ្ញៀវថ្មីៗចូលមកទៀតទេ។ សម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ ខ្ញុំស្រាប់តែចាប់អារម្មណ៍ឃើញថា រូបរាងខ្ញុំបើប្រៀបធៀបជាមួយលោកថៅកែគឺម្យ៉ាងម្នាក់តើ។  ដ្បិតតែខ្ញុំសម្បុរខ្មៅ និងសក់ក្រញាញ់ តែហ៊ាឆាយវិញធាត់ក្បាលពោះប៉ោង និងក្បាលទំពែកទៀត។ សំណាងគាត់ចេះមានទ្រព្យយោង។ គិតទៅខ្ញុំនិងគាត់ រូបរាងមិនសង្ហាដូចគ្នា តែវាសនាខុសគ្នាដាច់។ 

កំពុងសម្ងួតដៃ ស្រាប់តែភ្នែកខាងស្តាំរបស់ខ្ញុំញាក់ព្រើតៗ។ ខ្ញុំចំណាំថា រាល់ដងឱ្យតែញាក់ភ្នែកស្តាំដឹងតែមានលាភមិនខាន។ ខ្ញុំប្រញាប់លូកយកទូរស័ព្ទពីក្នុងហោប៉ៅមកឆែកមើលក្រែងលោមានរឿងល្អអីកើតឡើង។

«អាទិត្យក្រោយថ្ងៃបុណ្យ៣ថ្ងៃ។ បងមេឃមានគម្រោងទៅណាអត់?»

ខ្ញុំភ្ញាក់ព្រើត។ នេះម្ចាស់ចិត្តខ្ញុំផ្ញើសារមក។ នាងឈ្មោះ ដាវ៉ាន់ ជាអ្នកគាំទ្ររាល់ស្នាដៃតែងនិពន្ធលើហ្វេសប៊ុករបស់ខ្ញុំ។ ដ្បិតតែពួកយើងមិនដែលចួបមុខគ្នាផ្ទាល់ តែខ្ញុំលួចពេញចិត្តនាងយូរមកហើយ។ នាងហៅខ្ញុំតែបងមេឃទេ ព្រោះខ្ញុំប្រើតែនាមប៉ាកកា មិនដែលប្រើឈ្មោះពិត។

«ធ្វើការធម្មតាតើ! មិនបានឈប់នឹងគេផង។» ខ្ញុំតបសារទៅនាងវិញ បន្ទាប់ពីសម្រួលអារម្មណ៍រំភើបមួយស្របក់។

«អាណិតកវីណាស់។»

«បើអាណិតជួយនាំដើរលេងផង។»

«ក្រែងថាត្រូវធ្វើការអត់ឈប់ទេអី? អ្នកណាទៅនាំដើរលេងបាន។»

«បើដាវ៉ាន់មានចិត្តចង់នាំខ្ញុំដើរលេងមែន ខ្ញុំអាចដាក់ច្បាប់បានតើ។ កុំថាឡើយបីថ្ងៃ មួយអាទិត្យពេញក៏បានដែរព្រោះខ្ញុំសល់ថ្ងៃឈប់សម្រាកពីខែមុនៗមកច្រើនថ្ងៃដែរ។»

«អូខេ! អ៊ីចឹងអាទិត្យក្រោយយើងចួបគ្នា។ ខ្ញុំខានដើរលេងយូរហើយ អផ្សុកណាស់។»

ក្នុងចិត្តខ្ញុំត្រូវរន្ធត់ញាប់ញ័រម្តងទៀត។ នេះខាងស្រីកំពុងបបួលណាត់ចួបខ្ញុំ? អូព្រះ! ខ្ញុំទន់ដៃទន់ជើង រសេះរសោះអស់កម្លាំងពីខ្លួន។ នារីម្នាក់ដែលខ្ញុំលួចពេញចិត្តជាយូរ ស្រាប់តែមកបបួលខ្ញុំដើរលេងជាមួយនាង។ នេះខ្ញុំមិនមែនកំពុងយល់សប្តិទេមែនទេ?

«អ្ហែងអត់ទៅរៀនទេអីដល់ម៉ោងហើយណា? យី! ចេះមកឈរញញិមម្នាក់ឯងនៅបន្ទប់ទឹកទៅកើតដែរ។»

បងឈាវដើរមកក្បែរខ្ញុំបណ្តើរ ស្តីឱ្យខ្ញុំបណ្តើរ។ សម្តីគាត់បានរត់មកផ្តាច់អារម្មណ៍រវើរវាយរបស់ខ្ញុំឱ្យរសាត់បាត់អស់។ ខ្ញុំសម្លឹងទូរស័ព្ទឃើញម៉ោងប្រាំល្ងាចជាម៉ោងដែលខ្ញុំបញ្ចប់ការងារទីនេះនិងត្រូវទៅសាលាផង។ ​តែ…ខ្ញុំម៉េចនឹងអាចទៅចោលនារីម្នាក់ដែលកំពុងផ្ញើសារមកខ្ញុំបានទៅ។ បែបនេះខ្ញុំក៏កុហកបងឈាវថា៖

«ថ្ងៃនេះ ថ្នាក់ខ្ញុំអត់រៀនទេបង។»

បងឈាវឈរនោមធ្វើព្រងើយមិនតបខ្ញុំវិញឡើយ។ គិតទៅខ្ញុំនឹកស្តាយដែរ តែដើម្បីស្រីស្អាត ខ្ញុំសុខចិត្តគេចសាលាមួយល្ងាចចុះ។ សាលាអាចទៅរៀនបានរាល់ថ្ងៃ តែស្រីស្អាតមិនចេះតែបានចួបទេ។ ខ្ញុំដើរចេញពីបន្ទប់ទឹកទៅអង្គុយនៅតុមួយកៀនកន្លៀតជញ្ជាំងដើម្បីតបឆាតទៅម្ចាស់ចិត្តខ្ញុំវិញ៖

«មកបបួលកូនកំលោះគេដើរលេងឆៅៗអ៊ីចឹង អត់ដឹងគេអៀនទេ ហុហុ?»

«កំលោះមែនអី?» ដាវ៉ាន់តប។

«បាទ កំលោះមែនតើ ថែមនៅហ្ស៊ីនទៀតផង។»

«ដូចមិនជឿសោះ។ កវីពូកែសម្តីបែបនេះ ខ្វះអីស្រីៗចោមស្រលាញ់។ មកប្រាប់ថានៅហ្ស៊ីន ណាជឿហ្នឹង?»

«ដ្បិតតែរាល់ថ្ងៃមាននារីៗសុំស្រលាញ់ខ្លះមែន តែបេះដូងបងមានតែ…មានតែ…ដាវ៉ាន់ម្នាក់គត់។»

ខ្ញុំដាច់ចិត្តសារភាពពាក្យក្នុងចិត្តប្រាប់នាងទាំងញញីញញ័រសព្វប្រាណ។ និយាយត្រង់ចុះខ្ញុំមានសង្ឃឹមតិចណាស់ ដ្បិតខ្ញុំគ្មានទំនុកចិត្តលើរូបសម្បត្តិខ្លួនឯងសោះ។ បើនាងដឹងថារូបរាងខាងក្រៅខ្ញុំមិនសង្ហា ប្រាកដជាចប់ហើយ។

«មែនក៏អី? ហូយ! រំភើបណាស់នៀក៎! បានកវីល្បីពូកែសម្តីស្រលាញ់ខ្ញុំ ចាត់ទុកជាសំណាងខ្ញុំធំក្រៃ។»

«តែបងអត់សង្ហាទេអូន ខ្លាចតែ…»

«ឱ្យតែសមរម្យជាមនុស្សម្នាទៅបានហើយ។ ប្រុសសង្ហាសុទ្ធតែជាព្រាននារី អូនចួបឆ្អែតហើយ។»

ដាវ៉ាន់និយាយកាត់ខ្ញុំភ្លាម។ ពាក្យសម្តីនាងប្រៀបដូចជាកាំបិតទិព្វមកពុះទម្លាយក្តីព្រួយបារម្ភពីទ្រូងខ្ញុំអស់។ ខ្ញុំឈប់បារម្ភថាខ្លួនឯងមិនសង្ហាអត់ស័ក្តិសមនឹងនាងទៀតហើយ។

«អ៊ីចឹងយើងចួបគ្នានៅទីណាអូន?»

«នៅកំពង់សោមទៅបង! មេឃក្តៅ ទៅលេងសមុទ្រទើបសប្បាយ។»

«អូខេអូន! ចឹងយើងទៅថ្ងៃអាទិត្យ។ ចាំបងជាអ្នករ៉ាប់រងរឿងសំបុត្រឡាន។»

«អរគុណហាន់នី!»

ពុទ្ធោ! ពាក្យចុងក្រោយរបស់នាងមិនដឹងជាធ្វើឱ្យខ្ញុំលើសជាតិស្ករប៉ុន្មានទេ។ ខ្ញុំក្រោកពីតុដើរទៅរកបងឈាវទាំងគ្មានកម្លាំងកំហែងក្នុងខ្លួន។ ជង្គង់ខ្ញុំដូចជាចេះតែចង់ដួលម៉េចមិនដឹងទេ។ ឱ! ស្នេហាអើយ! អ្នកបានឆក់យកដួងព្រលឹងខ្ញុំចេញពីខ្លួនអស់ហើយ។

ខ្ញុំប្រឹងសម្រួលអារម្មណ៍ដើរទៅរកមេក្រុមដើម្បីសុំច្បាប់នៅចុងសប្តាហ៍។ ដំបូងខ្ញុំគ្រោងសុំច្បាប់តែបីថ្ងៃទេ តែគិតទៅខ្ញុំនៅសល់ថ្ងៃឈប់ពីខែមុនបួនប្រាំថ្ងៃដែរ ដូច្នេះខ្ញុំក៏សម្រេចចិត្តសុំដាច់មួយអាទិត្យតែម្តង។ ទៅលេងកំពង់សោមអស់បីថ្ងៃ នៅសល់បួនថ្ងៃទៀតទៅនេះទៅនោះទៀតទៅ។ មួយជីវិតនេះស្មានតែមានពេលបានដើរលេងជាមួយសង្សារប៉ុន្មានដង។

«ឯងចូលទៅសុំថៅកែហ្មងទៅ សុំច្រើនថ្ងៃបែបនេះ បងមិនហ៊ានសម្រេចទេ។ ហ៊ានៅខាងលើស្រាប់។»

បងឈាវរុញខ្ញុំឱ្យទៅចួបមេធំ។ ខ្ញុំក៏ប្រញាប់ឡើងទៅជាន់ខាងលើ។ តាមធម្មតា ហ៊ាឆាយចិត្តល្អនឹងកូនចៅណាស់។ ខ្ញុំជឿជាក់ថាគាត់ប្រាកដជាយល់ព្រម។

«អ្នកណា?»

សំឡេងហ៊ាឆាយស្រែកសួរពីខាងក្នុងបន្ទប់មក បន្ទាប់ពីខ្ញុំគោះទ្វារជាសញ្ញា។

«ខ្ញុំ សង្ហា ណាហ៊ា!»

«ចាំតិចចឹង!»

«បាទហ៊ា!»

ខ្ញុំមិនដឹងថាហ៊ាឆាយកំពុងធ្វើអីក្នុងបន្ទប់ទេ តែដូចជាឮសំឡេងព្រូលៗ។ រំលងប្រហែលដប់នាទីទើបទ្វារបន្ទប់បើកឡើង។​ ខ្ញុំឃើញហ៊ាឆាយកំពុងឈរបិទឡេវអាវ ឯនារីស៊ិចស៊ីម្នាក់នោះកំពុងយកដៃចងសក់ឱ្យស្រួលបួល។ ក្រឡេកទៅកញ្ចប់ស្រោមអនាម័យដែលធ្លាក់នៅក្រោមតុ ខ្ញុំដឹងភ្លាមថាមុននេះហ៊ារវល់ធ្វើអី។

«មានការអីសង្ហា?» ហ៊ាសួរខ្ញុំ។

«បាទ ហ៊ា! ខ្ញុំចង់សុំច្បាប់ហ៊ាមួយអាទិត្យទៅលេងកំពង់សោម។»

«មានការអីនៅទីនោះមែន?»

«ខ្ញុំ…ខ្ញុំមានណាត់ជាមួយគេម្នាក់។»

«សង្សារ?»

«បាទហ៊ា!» ខ្ញុំឆ្លើយតបទាំងខ្មាសគាត់។

«ដូចមិនដែលឮថាឯងមានសង្សារសោះ កុហកហ៊ាទេដឹង?»

«អត់ទេហ៊ា! ខ្ញុំនិយាយមែនតើ។ បើហ៊ាមិនជឿ ខ្ញុំឱ្យហ៊ាមើលរូបថតនាងក៏បានដែរ។»

ខ្ញុំលូកយកទូរស័ព្ទពីហោប៉ៅ មកបើកបង្ហាញរូបថតដាវ៉ាន់ឱ្យហ៊ាមើល។ មែនទែនទៅខ្ញុំក៏ចង់បង្អួតគាត់ដែរ។ ចាំមើលតែគាត់ឃើញរូបសង្សារខ្ញុំហើយ មិនដឹងគាត់ខ្មាសខ្ញុំវិញប៉ុនណាទេ ព្រោះថាកូនចៅមានសង្សារស្អាតជាងស្រីស្នេហ៍របស់ចៅហ្វាយដាច់ប៉ិត។

ហ៊ាឆាយសម្លឹងមើលរូបថតដាវ៉ាន់ឥតដាក់ភ្នែក។ ខ្ញុំឃើញគាត់លេបទឹកមាត់ក្អឹកៗដូចកំពុងស្រេកទឹកណាស់។​ រំលងបន្តិចទើបគាត់ដកភ្នែកចេញហើយនិយាយទៅស្រីស្នេហ៍គាត់៖

«អូនចុះទៅរកកាហ្វេនៅខាងក្រោមសិនទៅ។ បងចង់និយាយរឿងការងារជាមួយកូនចៅបងបន្តិច។»

នារីស៊ិចស៊ីមិនបានឆ្លើយតបហ៊ាវិញទេ តែនាងចាប់កាបូបស្ពាយពីលើតុរួចដើរចេញទៅទាំងទឹកមុខក្រញូវ។

«ឯងនេះចេះទៅរកសង្សារពីណាស្អាតម៉េសអ្ហា?» ហ៊ាឆាយនិយាយមកកាន់ខ្ញុំ។

«ហិហិ ហ៊ា! ចុះខ្ញុំមានទៅអន់ដែរណា។»

«ហើយបានអីជិះទៅ?»

«ជិះឡានក្រុងហ៊ា!»

«កុំបាច់ពិបាកអស់លុយច្រើន ថ្ងៃអាទិត្យនេះហៅសង្សារឯងមកជិះឡានជាមួយហ៊ាទៅ។ ហ៊ាត្រូវទៅកំពង់សោមដែរតើ។»

«ខ្ញុំមិនចង់រំខានហ៊ាទេ ខ្លាចហ៊ាពិបាក។»

«មិនបាច់គិតច្រើនទេ ឯងទុកលុយទិញសំបុត្រឡានហ្នឹងទិញកាដូអីឱ្យនាងវិញទៅ។ សម្រេចអ៊ីចឹងហើយណា។»   

ព្រះជាម្ចាស់ពិតជាមានភ្នែកមែន។ ថ្ងៃនេះទ្រង់ប្រទានសង្សារស្អាតឱ្យខ្ញុំ  ឥឡូវដឹងសុខទុក្ខថាខ្ញុំខើចលុយ ប្រទានការធ្វើដំណើរឱ្យទៀត។ ថ្ងៃនេះលាភជាន់លើលាភ។

«អរគុណច្រើនណាស់ហ៊ា!»

ខ្ញុំនិយាយទាំងអរកខិបកខុប។​ ជំហានជើងខ្ញុំដែលកំពុងដើរចេញពីបន្ទប់ហ៊ាវិញហាក់ដូចជាស្រាលស្ងើក។ មិនឱ្យរំលងយូរខ្ញុំប្រញាប់ឈែតប្រាប់ដំណឹងនេះទៅដាវ៉ាន់។

«ខ្ញុំតាមតែបងទេ!» នាងតប។ 

«តែហ៊ាឆាយគាត់ថាប្រហែលជាម៉ោង៩យប់អីបានចេញទៅ។ អូនមានបញ្ហាអី​អត់?»

«ចាស មិនអីទេ! ទៅពេលយប់ក៏ល្អដែរ វាត្រជាក់ផង ពេលថ្ងៃក្តៅណាស់។»

«អូខេ! យើងឡើងឡាននៅមុខហាងកាហ្វេដែលបងធ្វើការ ឈ្មោះ៩៩៩៩ក្បែរវត្តភ្នំ។»

«ចាសបង!»

………………….

ធ្មេចបើកៗថ្ងៃណាត់ចួបគ្នាក៏ចូលមកដល់។ ថ្ងៃនេះអារម្មណ៍ខ្ញុំមិនស្ងប់សោះ មិនដឹងថា នាងមានប្រតិកម្មបែបណាទេពេលចួបខ្ញុំផ្ទាល់នាយប់នេះ។ ខ្ញុំបារម្ភខ្លាចតែនាងខកចិត្ត។ យកល្អខ្ញុំគួរផ្ញើរូបថតពិតឱ្យនាងបានស្គាល់មុនសិន។ ធ្វើបែបនេះ អាចបញ្ចៀសបញ្ហាបាន។​

ខ្ញុំប្រញាប់ស្លៀកពាក់ខោអាវថ្មីរួចទាញទូរស័ព្ទមកថតរូបខ្លួនឯងជាច្រើនរូប​។ និយាយត្រង់ទៅទោះជានាងធ្លាប់បញ្ជាក់ថាមិនប្រកាន់នឹងរូបរាងមិនសង្ហារបស់ខ្ញុំក៏ដោយ តែក្នុងចិត្តខ្ញុំចេះតែលួចគិតថា ស្រីស្អាតស្នេហ៍តែប្រុសសង្ហា។

ខ្ញុំសម្រេចផ្ញើរូបដែលគ្រាន់មើលជាងគេមួយទៅដាវ៉ាន់ ព្រមទាំងសរសេរសារអមថា «នេះជារូបពិត កវីលម្ហមេឃ របស់អូន។» មិនឃើញនាងអនឡាញទេ តាមមើលទៅនាងកំពុងរៀបចំអីវ៉ាន់ហើយ ព្រោះស្រីៗទៅណាមកណាចេបចុបច្រើនណាស់។​ ខ្ជិលនៅរង់ចាំនាង ខ្ញុំក៏ទូរស័ព្ទទៅហ៊ាឆាយវិញដើម្បីបញ្ជាក់គាត់ម្តងទៀតពីម៉ោងចេញដំណើរ។  ឥតមានប្រែប្រួលទេ គឺចេញដំណើរទៅម៉ោង៩យប់ដដែល។ គាត់ថែមទាំងប្រាប់ថា កុំឱ្យខ្ញុំបារម្ភរឿងស្នាក់នៅកំពង់សោមអី។ គាត់មានពួកម៉ាកបើកផ្ទះសំណាក់នៅទីនោះ ចាំគាត់នាំទៅមិនអស់លុយផង។ នេះសំណាងខ្ញុំផ្ទួនៗគ្នាតែម្តង។ ជិះអត់អស់លុយហើយ ដេកអត់អស់លុយទៀត។

រំលងប្រហែលជាងមួយម៉ោងក្រោយ ម្ចាស់ចិត្តខ្ញុំអនឡាញ។ តែម៉េចក៏នាងគ្មានប្រតិកម្មអីសោះបន្ទាប់ពីឃើញរូបថតខ្ញុំ? នាងគិតថាខ្ញុំអាក្រក់ពេកទេដឹង? មិនអាចទេ! ខ្ញុំមើលរូបហ្នឹងម្តងហើយម្តងទៀត សង្ហាគួរសមតើ។ មិនអស់ចិត្ត ខ្ញុំក៏ឆាតសួរនាង៖

«ម៉េចដែរអូន? នេះជារូបរបស់បងណា។​ ប៉ុណ្ណឹងសង្ហាដែរទេ?»

ដាវ៉ាន់មើលសាររបស់ខ្ញុំតែនាងមិនឆ្លើយតបឡើយ។ ឆ្ងល់ណាស់ នាងកើតអីអ៊ីចេះ? ខ្ញុំនៅមិនសុខ ក៏បន្តឆាតសួរនាងទៀត។

«យ៉ាងម៉េចហ្នឹងអូន? ម៉េចក៏ស្ងាត់ឈឹងបែបនេះ?»

នាងនៅតែមិនឆ្លើយតប។ បេះដូងខ្ញុំស្រាប់តែបង្កើនល្បឿនលោតញាប់ជាងមុន ឯផ្ទៃមុខបែកញើសជោក។ ក្នុងចិត្តសង្ស័យខ្លាចតែមានរឿងអីមិនស្រួលកើតឡើង។ ទ្រាំលែងបាន ខ្ញុំក៏ចុចទូរស័ព្ទទៅនាង។

«លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេលនេះ។ សូមព្យាយាមម្តងទៀតនៅពេលក្រោយ។ សូមអរគុណ!»

ចិត្តខ្ញុំកាន់តែច្របូកច្របល់។ ម៉េចក៏មិនអាចទាក់ទងនាងបាន? ខ្ញុំព្យាយាមចុចទៅជាច្រើនសារទៀត តែនៅតែបានលទ្ធផលដដែល។ មិនអស់ចិត្ត ខ្ញុំប្រញាប់ឆែកមើលហ្វេកប៊ុកនាងក្រែងលោនាងមានបង្ហោះសារអីខុសប្រក្រតី។ ស្រាប់តែ…ស្រាប់តែខ្ញុំត្រូវធ្លាក់ថ្លើមក្តុក។ ពុទ្ធោ! រូបនារីម្នាក់ញញិមយ៉ាងមានក្តីសុខ ក្នុងរង្វង់ដៃបុរសម្នាក់។ ពួកគេមើលទៅល្អូកល្អើនផ្អែមល្ហែមនឹងគ្នាណាស់។ ភ្នែកខ្ញុំដែលធ្លាប់តែរឹង ជាកែវភ្នែកកូនប្រុសដើមទ្រូងប្រាំហត្ថ ក៏ស្រាប់តែរលីងរលោងសម្រក់ទឹកភ្នែកចុះ។​ បេះដូងលោតញាប់ដូចចង់គាំង ខណៈដែលបបូរមាត់ខ្ញុំប្រឹងអានប្រយោគនៅលើរូបថតនោះ។

«ជួយជូនពរពួកខ្ញុំផង ពួកខ្ញុំត្រូវគ្នាវិញហើយ។ កុសល និងដាវ៉ាន់ គូស្នេហ៍អមតៈ។​»

ខ្ញុំស្ទើរតែប្រកាច់ដួលតូងទៅលើឥដ្ឋក្រោយអានប្រយោគនេះចប់។ ការឈឺចាប់ស្រែកសន្ធាប់ពេញបេះដូង។ នេះកន្លងមកគេកុហកខ្ញុំទេ? ឱព្រះ! ខ្ញុំជឿគេអស់ពីពោះក៏ប្រគល់ចិត្តស្មោះឱ្យគេអស់ពីខ្លួន។ តែនេះ… នេះប្រៀបមិនបាននឹងមនុស្សប្រុសម្នាក់ដែលធ្លាប់បោះបង់នាងចោលទេ?

ខ្ញុំបោកទូរស័ព្ទមួយទំហឹងទៅផ្ទប់ជញ្ជាំងបែកខ្ចាត់ខ្ចាយរាត់រាយពីមុខខ្ញុំ។ បែកអោយខ្ទេចចុះ ខ្ញុំមិនស្រណោះទេ។ បំណែកនៃទូរស័ព្ទនេះប្រៀបមិនស្មើមួយចំណិតនៃបំណែកបេះដូងខ្ញុំដែលបែកស្រាំប្រេះព្រោះតែនាងឡើយ។ ឆ្កែនៅតែស៊ីអាចមន៍ ស្រីស្អាតនៅតែស្នេហ៍ប្រុសសង្ហា។ ខ្ញុំខូចចិត្តណាស់។

ខ្ញុំដើរចេញទៅក្រៅបន្ទប់ភ្លាមៗ រួចត្រលប់មកវិញជាមួយស្រាបៀរកន្លះកេស។

«ទៅចុះស្រីសាវ៉ា ទៅចុះស្រីអប្រិយ ទៅចុះស្រីក្បត់!»

ខ្ញុំជេរដៀលនាងបណ្តើរ អកស្រាបៀរម្នាក់ឯងបណ្តើរ រហូតទាល់តែស្រវឹងកក្លាក់ ទន់ភ្នែកដេកលក់ទាំងមិនដឹងខ្លួន។

……………….

មួយអាទិត្យក្រោយមក… !

ខ្ញុំដើរចូលហាងកាហ្វេទាំងរឹងខ្លួន។ ក្រោយឈប់សម្រាកព្យាបាលរោគស្នេហាអស់ពេលមួយអាទិត្យពេញ ខ្ញុំក៏ត្រលប់ចូលធ្វើការវិញ។ អ្នកធ្វើការទីនេះគ្រប់គ្នាសុទ្ធតែដឹងថា ខ្ញុំដាក់ច្បាប់ប្រាំពីរថ្ងៃទៅដើរលេងជាមួយសង្សារ។ បើពួកគេដឹងការពិត មិនដឹងថាខ្ញុំត្រូវខ្មាសគេប៉ុនណាទេ?

«អានេះបានឡើងឋានសួគ៌ស្ងាត់ឱ្យឈឹងហ្មង គ្មានតេមកលេងអញអីតិច។ ប្រាប់អញមើល៍ ប៉ុន្មានថ្ងៃនេះបានម៉ានដងអ្ហា?»

បងឈាវបង្ហើរសំណួរចាក់ដោតមកភ្លាមក្រោយឃើញមុខខ្ញុំ។ ខ្ញុំស្ទើរតែយកដៃសើយអាវឡើងគ្របមុខខ្លួនឯងឱ្យជិត ព្រោះតែខ្មាសគាត់ពេក។

«បងអើយ ស្រីល្អតែរូបនោះគេត្រូវគ្នាជាមួយសង្សារចាស់គេវិញហើយ។» ខ្ញុំតប។

«អ្ហាក! ចឹងអ្ហែងអត់បានទៅកំពង់សោមទេ?»

«បាទ បង!»

«អញថាហើយ មុខអ្ហែងចឹងអាណាយក ឃើញអ្ហេស?»

ខ្ញុំឈរស្ងៀមមិនហ៊ានតបសម្តីគាត់ទៀតទេ។​ ឃើញបែបនេះ មេក្រុមខ្ញុំចាប់បន្ត៖

«អញនិយាយលេងទេ!​»

«ខ្ញុំដឹងតើបង! តែបង ហ៊ាមកនៅ? ខ្ញុំមានការចង់ចួបគាត់បន្តិច។» ខ្ញុំប្រញាប់បង្វែរសំណួរទៅផ្សេងព្រោះមិនចង់ឱ្យបងឈាវនាយអាយឱ្យថែម។

«ហ៊ាមិនទាន់មកដល់ទេ។ នែ! អញប្រាប់រឿងមួយ។ ស្រីស្នេហ៍ថ្មីរបស់ហ៊ាស្អាតណាស់ អញឃើញនាងមកឡើងឡានទៅកំពង់សោមជាមួយហ៊ាយប់មុន។ ម្នាក់ស្រីក្រោយហ្នឹងអេមអស់ទាស់ហ្មង។ អឺ! ហើយឯងរកហ៊ាមានរឿងអីមែន?»

«គ្មានអីទេបង! អ៊ីចឹងខ្ញុំគិតទៅរៀបតុសិន។»

ការពិតខ្ញុំចង់សុំទោសហ៊ាឆាយដែលសន្យាថាជិះឡានជាមួយគាត់ថ្ងៃណាត់ទៅកំពង់សោម តែដោយស្ថានការណ៍ប្រែប្រួល ខ្ញុំរវល់តែខូចចិត្តក៏ភ្លេចប្រាប់គាត់វិញឱ្យឈឹង។ យ៉ាងណាថ្ងៃនេះត្រូវតែចួបសុំទោសគាត់។

ម៉ោងជាងបួនរសៀល ខ្ញុំលើកកាហ្វេឱ្យភ្ញៀវម្នាក់ដែលបងឈាវប្រាប់ថាជាម៉ូយថ្មីរបស់ហាងកាហ្វេយើង។ ភ្លាមនោះ ខ្ញុំឃើញហ៊ាឆាយដើរចូលមកក្នុងហាង។ ឃើញគាត់ភ្លាម ខ្ញុំប្រញាប់ទៅនិយាយសុំទោស ៖

«សុំទោសហ៊ា ថ្ងៃមុនខ្ញុំមានការបន្ទាន់ទើបខកអត់បានទៅកំពង់សោមវិញ​ ហើយភ្លេចជម្រាបហ៊ាឱ្យឈឹង។»

«មិនអីទេ! ហ៊ាភ្លេចបាត់ទៅហើយរឿងហ្នឹង។»

គាត់តបវិញយ៉ាងម៉ឺងម៉ាត់។ ខ្ញុំត្រេកអរណាស់ដែលគាត់មិនប្រកាន់នឹងទង្វើខ្វះសីលធម៌របស់ខ្ញុំ។ បងឈាវប្រញាប់លូកដៃចូលហោប៉ៅយកកញ្ចប់អ្វីមួយហុចទៅឱ្យហ៊ា។ ខ្ញុំមិនដឹងថាជាអ្វីទេ ប៉ុន្តែទំនងជារបស់មានតម្លៃ ព្រោះមេក្រុមខ្ញុំប្រយ័ត្នប្រយែងណាស់​។ ​ក្រោយហ៊ាឆាយឡើងទៅបន្ទប់នៅជាន់លើ ខ្ញុំឆ្លៀតសួរបងឈាវ ៖

«មិញបងហុចអីឱ្យហ៊ា?»

«ខ្សែចង្កេះ។ នៅក្បែរផ្ទះបងមានគ្រូមន្តអាគមពូកែម្នាក់ល្បីល្បាញរឿងបង្ក្រាបខ្មោច ទើបហ៊ាពឹងបងឱ្យធ្វើឱ្យ។» បងឈាវតប។

«អត់ដែលដឹងសោះថាហ៊ាខ្លាចខ្មោច។»

«ចុះឯងអត់បើកហ្វេកប៊ុកទេអី? គេកំពុងល្បីថាមានខ្មោចស្រីលងសាហាវណាស់នៅពេជ្រនិល។ យប់ស្អែកនេះហ៊ាឡើងទៅកំពង់សោមទៀត ទើបគាត់ធ្វើខ្សែចង្កេះដើម្បីការពារ។»

ខ្ញុំមិនបានសួរនាំមេក្រុមទៀតទេ ព្រោះខ្ញុំនេះមិនជឿសោះអារឿងខ្មោចហ្នឹង។ តែបំណាច់នឹងគេល្បីហើយ ខ្ញុំក៏គួរតាមដានឱ្យដឹងរឿងដែរ។ ខ្ញុំក៏បើកទូរស័ព្ទដើម្បីមើលព័ត៌មាន។ «ឡានអ្នកដំណើរមួយគ្រឿងក្រឡាប់នៅជ្រោះពេជ្រនិល ដោយសារខ្មោចលង។ កាលពីពាក់កណ្តាលអធ្រាត្រយប់មិញមានហេតុការណ៍គ្រោះថ្នាក់ក្រឡាប់ឡានមួយនៅចំណុចជ្រោះពេជ្រនិល។ ហេតុការណ៍នេះបណ្តាលឱ្យមានអ្នកដំណើររងរបួសជាច្រើននាក់ តែមិនមានប៉ះពាល់ដល់អាយុជីវិតឡើយ។ អ្នកបើកបរបានឱ្យដឹងថា គ្រោះថ្នាក់នេះបណ្តាលមកពីខ្មោចស្រីម្នាក់លងបន្លាចគាត់ ទើបធ្វើឱ្យគាត់បាត់បង់ស្មារតីបើកបរ។»

ខ្ញុំអានដល់ត្រឹមនេះក៏នឹកចង់សើច។ ហើយគេនាំគ្នាជឿពូអ្នកបើកហ្នឹងដែរ? អ្វីដែលគាត់និយាយនេះគ្រាន់តែជាលេសគេចពីការទទួលខុសត្រូវប៉ុណ្ណោះ។

«នោះច្បាស់ជាខ្មោចស្រីម្នាក់ដែលត្រូវគេរកឃើញសាកសពកាលពីមួយអាទិត្យមុន។ ប៉ូលីសមិនបានបញ្ជាក់ច្បាស់ពីមូលហេតុនៃការស្លាប់នោះទេ គ្រាន់តែដាក់ការសន្និដ្ឋានថាប្រហែលជានាងជួបគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវផ្លោងធ្លាក់ជ្រោះ។ ឥឡូវនេះខ្មោចស្រីនោះលងបន្លាចសាហាវណាស់ ប្រហែលជានាងត្រូវស្លាប់ដោយអយុត្តិធម៌ហើយ។»

នេះជាសម្តីបញ្ជាក់ពីពូតៃកុងឡាន។ ស្តាប់ទៅគួរឱ្យខ្លាចដែរតើ តែមិនចំពោះខ្ញុំឡើយ។ មួយជីវិតខ្ញុំនេះមិនជឿថាមានខ្មោចសោះ។​ មនុស្សគិតដោយខ្លួនឯង ភ័យខ្លាចដោយខ្លួនឯង ក៏ស្រមៃទៅជាមានខ្មោច មានបិសាច។ តាមការពិតខ្មោចឬបិសាចគឺនៅក្នុងចិត្តមនុស្សនេះឯង។ ខ្ញុំបិទទូរស័ព្ទចោលវិញព្រោះមិនចង់ចំណាយពេលលើរឿងឥតប្រយោជន៍។​​

«ស្អែកទៅកំពង់សោមជាមួយហ៊ាអត់? ក្រែងចង់ស្តារដើមព្រោះអាទិត្យមុនឯងខកអត់បានទៅ។»

ហ៊ាឆាយចុះពីជាន់លើមកបណ្តើរ និយាយមកកាន់ខ្ញុំបណ្តើរ។ ខ្ញុំមិនទាន់ទាំងបានឆ្លើយតបផង ស្រាប់តែភ្ញៀវដែលជាម៉ូយថ្មីនិយាយឆ្លងមក៖

«ចៃដន់ម៉េស ថ្ងៃស្អែកខ្ញុំទៅកំពង់សោមដែរ។ ទាំងអស់គ្នាទៅថ្មើរណាដែរ?»

«ទៅពេលយប់ ព្រោះពេលថ្ងៃខ្ញុំរវល់ណាស់។ ចុះបងទៅពេលណាវិញ?» ហ៊ាឆាយតប។

«ខ្ញុំបម្រុងនឹងទៅពេលព្រឹកណាបង។» បុរសជាភ្ញៀវតប។

ខ្ញុំមើលមុខម៉ូយកាហ្វេថ្មីដោយនឹកឆ្ងល់។ គាត់នោះមុខមាត់ដូចតួបងធំក្នុងរឿងចិនហុងកុង។ បងឈាវយល់រឿងក៏ឱនមកនិយាយតិចៗប្រាប់ខ្ញុំថា៖

«គាត់មកទីនេះជាប់គ្នាប៉ុន្មានថ្ងៃហើយ។ បងសង្ស័យតែគាត់និងហ៊ាស្គាល់គ្នា។»

ប្រហែលជាដូចសម្តីបងឈាវ។ ឈប់ឆ្ងល់ទៀត ខ្ញុំបកទៅឆ្លើយសំណួរហ៊ាឆាយវិញ៖

«ខ្ញុំទើបសុំច្បាប់ឈប់មួយអាទិត្យរួច មិនសមឈប់ទៀតទេហ៊ា។»

«មិនអីទេ! ហ៊ាអាណិតព្រោះឯងត្រូវខកជើងលើកមុន។» ហ៊ាឆាយតប។

«តែ…» មិនទាន់និយាយចប់ផង បងឈាវកាត់សម្តីខ្ញុំផាំង៖

«អាក្រញាញ់ឯងខ្លាចខ្មោចនៅពេជ្រនិលទេដឹង?»

ទាំងអស់គ្នាបន្លឺសំណើចឡើងហាក់យល់ថាខ្ញុំជាមនុស្សខ្លាចខ្មោច។ ដើម្បីកុំឱ្យចាញ់ចិត្តខ្ញុំរហ័សឆ្លើយតបវិញដោយសំនៀងក្លាហាន៖

«អ្នកណាថាខ្ញុំខ្លាច? បាន! ខ្ញុំទៅ ស្អែកខ្ញុំទៅកំពង់សោមជាមួយហ៊ាដែរ។ ពេលជិះដល់ពេជ្រនិល ចាំខ្ញុំចាប់ខ្មោចស្រីនោះឱ្យទាំងអស់គ្នាមើល។»

«អឺ! សម្រេចចឹងហើយ។ អ្ហី! បើឯងមានស្រីស្នេហ៍ចង់នាំទៅជាមួយទៀត ក៏នាំមក។ ហ៊ាទទួល។» ហ៊ាឆាយនិយាយ។

«បាទហ៊ា!»

ខ្ញុំចេះតែឆ្លើយ«បាទ»ទៅ តាមពិតខ្ញុំឈប់ខ្វល់រឿងស្នេហាទៀតហើយ ព្រោះមិនចង់ឈឺចាប់ទៀត។ ខ្ញុំក៏មិនសូវចង់ទៅកំពង់សោមដែរ ដោយបារម្ភខ្លាចដើរៗចួបស្រីសាវ៉ានោះគេទៅលេងជាមួយសង្សារចាស់គេ។ តែជ្រុលជាឆ្លើយយល់ព្រមជាមួយហ៊ាហើយ ខ្ញុំត្រូវតែទៅ។ គិតសព្វៗ ខ្ញុំក៏មិនគួរចាញ់ប្រៀបនាងនោះដែរ។ ខ្ញុំគួរដើរលំហែឱ្យស្រឡះខួរម្តង ហើយទាក់ទងស្រីស្អាតៗមកថតរូបជាមួយឱ្យហ៊ឺហា​ រួចបង្ហោះវាក្នុងហ្វេកប៊ុកឱ្យស្រីក្បត់នោះបានភ្លឺភ្នែកថា អត់ពីនាង ខ្ញុំមិនខ្វះទេស្រី។

………………….

យប់ស្អែកមកដល់ ខ្ញុំរៀបចំអីវ៉ាន់រួចជិះតុតុទៅឡើងឡាននៅហាងកាហ្វេ។ ដំបូងខ្ញុំគិតថាត្រូវជិះឡានតែពីរនាក់ហ៊ាឆាយទេ តែមានឯណា ហ៊ាគួង និងហ៊ាហេងពួកម៉ាកសម្លាញ់របស់គាត់ក៏ទៅជាមួយដែរ។ គ្រាន់តែឃើញខ្ញុំភ្លាម ហ៊ាគួងធ្លោយមាត់សួរខ្ញុំភ្លែត៖

«អាក្អូនអត់នាំសង្សារមកទៀតទេ?»

ខ្ញុំហាក់ឆ្ងល់នឹងសំណួរគាត់ដែរ ស្តាប់ទៅហាក់បីដូចជាគាត់ដឹងថាកាលពីអាទិត្យមុនខ្ញុំធ្លាប់ណាត់សង្សារទៅលេងកំពង់សោម។ ប្រហែលជាហ៊ាឆាយប្រាប់ព្រោះពួកគាត់ស្និទ្ធគ្នាណាស់។

«អត់ទេហ៊ា! មុខដូចខ្ញុំមានសង្សារពីណា?» ខ្ញុំតប។

«ឡើងអេមហើយថាអត់ទៀត។» ហ៊ាហេងនិយាយព្រមទាំងសើចតិចៗ។

ខ្ញុំមិនបានតបពួកគាត់ទៀតទេ។ ហ៊ាឆាយប្រាប់ខ្ញុំឱ្យអង្គុយនៅខាងមុខជាមួយហ៊ាគួងជាអ្នកបើកឡាន។ ចំណែកគាត់និងហ៊ាហេងអង្គុយនៅកៅអីក្រោយ។

«អាគួង អាហេង យកអានេះដាក់តាមខ្លួនម្នាក់មួយទៅ។ អញទើបបានពីលោកគ្រូម្នាក់នៅជាយក្រុង។ ឮគេថាលោកគ្រូហ្នឹងខ្លាំងពូកែណាស់។ ពាក់ទៅ គ្រាន់បើជាងអត់ដែរ។»

ហ៊ាឆាយហុចខ្សែចង្កេះឱ្យសម្លាញ់គាត់ម្នាក់មួយ។ ហ៊ាគួង និងហ៊ាហេងលូកដៃទទួលយកទៅពាក់ជាប់ចង្កេះរាងខ្លួន។ ស្មានមិនដល់ថា ពួកគាត់មាឌប៉ុនៗឃ្លោកតែខ្លាចខ្មោចបែបនេះសោះ។

«អញប្រាប់ពួកអ្ហែង អញនៅនឹករសជាតិអាទិត្យមុនមិនទាន់បាត់ទេ។ បូកក្នុងឡាន និយាយពីឆ្ងាញ់មាត់ដល់ក។ ធ្វើម៉េចបានទៀតណ៎!» ហ៊ាឆាយនិយាយ។

«ក្រែងបានថតវីដេអូទុកដែរតើអី បើនឹកណាស់​ អ្ហែងបើកមើលទៅ។» ហ៊ាគួងឆ្លើយ។

«មើលវីដេអូម៉េចដូចធ្វើសកម្មភាពផ្ទាល់អ្ហា!» ហ៊ាឆាយតប។

អ្នកទាំងបីក៏សើចខឹកៗឡើង។ ខ្ញុំមិនយល់ពីអ្វីដែលពួកគាត់និយាយគ្នាទេ​ តែក៏មិនទៅខ្វល់ជាមួយដែរ។ រថយន្តចាប់វិលកង់ ចេញដំណើរទៅតាមផ្លូវសហព័ន្ធរុស្សីឆ្ពោះទៅផ្លូវជាតិលេខ៤។ នៅក្នុងឡាន ខ្ញុំអង្គុយយ៉ាងស្ងៀមស្ងាត់ តែដូចជាមានអារម្មណ៍ថា មានម៉ូតូធំមួយជិះពីក្រោយឡាននេះជាប់។

«មើលអានេះមើល៍ អញទើបដោនឡូតហើយព្រឹកមិ​ញ។»

ហ៊ាគួងយកដៃកាន់USBមកភ្ជាប់នឹងប្រដាប់ចាក់វីដេអូ។ មិនបាច់ឆ្ងល់ថាជាវីដេអូអីទេ មនុស្សប្រុសចួបគ្នាគ្មានអីនិយាយក្រៅពីរឿងផឹកនិងរឿងស្រីទេ។ ដ្បិតថាខ្ញុំជាមនុស្សប្រុសដែរ តែខ្ញុំមានគុណធម៌របស់ខ្ញុំ។ រឿងបែបនេះគួរមើលជាលក្ខណៈឯកជន។

«អានេះវាចេះដោនឡូតរឿងឡូយផស់វាអ្ហា។ បីនាទីមិនទាន់អញសម្រេចបាត់។»

ហ៊ាហេងនិយាយឡើងទាំងបែកញើសជោកក្បាល។ ខ្ញុំមិនបានឮហ៊ាឆាយនិយាយអីមួយម៉ាត់ទេ។ យ៉ាងណាខ្ញុំមិនចាប់អារម្មណ៍ពួកគាត់ទៀតឡើយ។ ខ្ញុំផ្តេកខ្លួនស៊ប់លើកៅអី រួចយកកាសដាក់ត្រចៀកស្តាប់ចម្រៀង បិទភ្នែកគេងធ្វើមិនដឹង។

កំពុងលង់លក់ក្នុងដំណេក ព្រលឹងខ្ញុំក៏ត្រូវហក់កញ្ឆេងពីខ្លួន។ ហ៊ាគួងស្រាប់តែជាន់ហ្វ្រាំងឈប់ឡានភ្លាម។ ខ្លួនខ្ញុំប៊ិះតែធ្លាក់ពីកៅអីឡាន។​ ខ្ញុំយកដៃស្ទាបក្បាល រួចងើបអង្គុយទាំងមីងមាំងមិនយល់អ្វី។ ហ៊ាៗពីរនាក់នៅខាងក្រោយបើកភ្នែកធំៗ សម្លឹងមកហ៊ាគួងទាំងភ័យតក់ស្លុត។

ហ៊ាគួងពន្លត់ម៉ាស៊ីនឡាន។ ស្ថានភាពក៏ប្រែជាស្ងាត់ឈឹង។ ខ្ញុំបើកពិលទូរស័ព្ទបញ្ចាំងទៅក្រៅតាមបង្អួចកញ្ចក់ខាងស្តាំដៃ ស្រាប់តែឃើញចំណោតជ្រោះដ៏ជ្រៅ។

«យើងមកដល់ពេជ្រនិលហើយហ្នឹង!» ខ្ញុំលាន់មាត់។

ហ៊ាគួងក្រឡេកមើលមកខ្ញុំ រួចមើលទៅអ្នកជិះខាងក្រោយទាំងភ័យតក្កមា។ ខ្ញុំឃើញដៃគាត់ញ័រទ្រើកៗ  ដូចជាកំពុងខ្លាចអ្វីមួយ?

«អាគួង អ្ហែងម៉េចក៏ឈប់ឡានទាំងតក់ក្រហល់ចឹង? យី អានេះលស់ព្រលឹងអញអស់។» ហ៊ាឆាយបន្ទោស។​ 

«យើងបុកគេហើយ!» ហ៊ាគួងតប។

«អ្ហែងនិយាយថាម៉េច យើងបុកគេ?» ហ៊ាឆាយសួរបញ្ជាក់។

«មុននេះមានមនុស្សដើរឆ្លងថ្នល់។ អញមិនបានមើលទើបបើកចៀសមិនទាន់។ មិនដឹងម៉េចម៉ាទេ។»

ខ្ញុំប្រហោងពោះធ្លុងឮសូរបែបនេះ។ ព្រះអើយ! សូមកុំឱ្យម្នាក់នោះកើតរឿងអីធ្ងន់ធ្ងរឱ្យសោះ។

«អ្ហែងច្រឡំទេអី? ថ្មើរនេះហើយមានមនុស្សពីរណាមកឆ្លងផ្លូវនៅតំបន់ភ្នំទៀត។» ហ៊ាហេងសួរទាំងក្រឡេកភ្នែកចុះឡើងមើលទៅក្រៅ។

«ច្រឡំម៉េចបើអញបុកផាំងខ្ទាតទៅម្ខាងហើយហ្នឹង?»

«យើងប្រញាប់ចុះមើលទៅហ៊ា ក្រែងគាត់មិនទាន់កើតអី នឹងអាលយកគាត់ទៅពេទ្យ។»

ខ្ញុំសំណូមពរឱ្យទាំងអស់គ្នាចុះទៅមើលជនរងគ្រោះ។ ជីវិតមនុស្សសំខាន់ណាស់ មិនអាចឃើញស្លាប់ហើយមិនជួយទេ។ ហ៊ាឆាយបើកទ្វារចុះដើរទៅមុនគេ។ គាត់បើកភ្លើងពិលភ្លឺឆ្វាចដើរទៅខាងក្រោយឡាន។ ហ៊ាៗពីរនាក់ទៀតក៏ចុះពីលើរថយន្ត កាន់ទូរស័ព្ទម្នាក់មួយបើកពិលដើរទៅតាមហ៊ាឆាយ។ ខ្ញុំដោះកាសដាក់ក្នុងកាតាបរួចប្រញាប់បើកពិលទូរស័ព្ទដើរតាមពួកគាត់។

ខ្យល់ត្រជាក់ផ្តើមបក់មកបបោសអង្អែលខ្នងឱ្យព្រឺសម្បុរខ្ញាក។ ខ្ញុំទាញដៃអាវពន្លាមកដល់កដៃកុំឱ្យរងា។ សត្វខ្លែងស្រាកមួយគូហើរមកស្រែកខ្វាកៗក្បែរពួកយើង។ ខ្ញុំប្រឹងទប់អារម្មណ៍មិនចាញ់កម្លាចរបស់សត្វនេះទេ។ បើអ្នកផ្សេងវិញប្រហែលជាគិតថា មានខ្មោចលងហើយ។

ហ៊ាៗនិងខ្ញុំចុចពិលរកមើលជាង៥០ម៉ែត្រ តែមិនឃើញជនរងគ្រោះសោះ។ ចម្លែកណាស់ មុននេះក្រែងហ៊ាគួងប្រាប់ថាជនរងគ្រោះខ្ទាតមកត្រង់នេះអី?

«ច្បាស់អត់អាគួង ថាអ្នកដែលយើងបុកមិញខ្ទាតមកទីនេះ?» ហ៊ាឆាយសួរ។

«ច្បាស់ណាស់!»

«តែយើងរកសព្វហើយ ម៉េចក៏មិនឃើញអ៊ីចឹង។ តិចខ្មោចលងទេដឹង?» ហ៊ាហេងនិយាយទាំងខ្លាច។

ម្នាក់ៗក៏ស្រាប់តែស្ងាត់មាត់ស្ងាត់កឈឹង។ រំពេចនោះ ខ្ញុំក៏នឹកឃើញដល់រឿងខ្មោចស្រីដែលគេល្បីថាលងសាហាវនៅម្តុំពេជ្រនិលនេះ។​ ខ្មោចស្រីនោះមានមែនទេដឹង?

«អញប្រាប់ហើយថាឱ្យមកពេលព្រឹក តែពីរនាក់ឯងរឹងណាស់។ ឥឡូវឃើញអ្ហេស? ឃើញខ្មោចស្រីហ្នឹងមករកសងសឹកយើងអត់?» ហ៊ាហេងរអ៊ូ។

កំពុងតែច្របល់ចិត្តរឿងរកជនរងគ្រោះមិនឃើញ ស្រាប់តែសំឡេងម៉ាស៊ីនឡានរោទិ៍ឡើងរំពងត្រចៀក។ ខ្ញុំក្រឡេកទៅខាងមុខ ឃើញឡានពួកយើងឆេះឡើង បើកភ្លើងភ្លឺចិញ្ចាច។ ហ៊ាឆាយស្រវារាប់មនុស្សដែលកំពុងឈរ៖

«អាគួង​ អាហេង អាសង្ហា សុទ្ធតែនៅទីនេះ ចុះអាណាគេបញ្ឆេះឡានហ្នឹង?»

រោមដៃខ្ញុំបះច្រូង។ បេះដូងក្នុងទ្រូងស្រាប់តែបុកញាប់ចង់ចេញមកក្រៅ។ ហ៊ាឆាយរើសដំបងមែកឈើមួយក្បែរផ្លូវកាន់ជាប់ក្នុងដៃដើរសម្តៅទៅឡានទាំងក្លាហាន។ ហ៊ាគួងនិងហ៊ាហេងដើរសសៀរៗតាមក្រោយទាំងញញីញញ័រ។ ខ្ញុំប្រឹងបោះជំហានទៅមុខ កែវភ្នែកសម្លឹងមើលអ្វីមួយក្នុងឡានមិនដាក់ភ្នែក។ ដោយសាររថយន្តបើកភ្លើងភ្លឺឆ្វាចខ្ញុំអាចមើលរូបភាពក្នុងឡានបានច្បាស់។ ដើរទៅមុខកាន់តែកៀក ខ្ញុំកាន់តែច្បាស់ក្នុងចិត្តថានៅក្នុងឡាននោះមានមនុស្សស្រីទម្លាក់សក់វែងម្នាក់កំពុងអង្គុយនៅកៅអីខាងក្រោយ។

«អាឆាយ អ្ហែងឃើញស្អីគេក្នុងឡានអត់អ្ហា? មើលទៅដូចមនុស្សកំពុងអង្គុយ?»

ហ៊ាហេងសួរទាំងញ័រមាត់ ជើងដើរញាក់ទទីរទទ័រខ្លាចខ្លាំង។ ហ៊ាឆាយក្តាប់ដំបងជាប់ដៃ​ ដើរលបៗទៅដល់ឡាន។ គាត់យកដៃម្ខាងបើកទ្វារឡាន រួចដៃម្ខាងទៀតកាន់ដំបងងាចូលក្នុង៖

«អ្ហាស!»

សំឡេងនារីម្នាក់ស្រែកភ្លាត់មាត់លាន់ឮពីក្នុងរថយន្តមក។ ហ៊ាៗពីរនាក់ឈរខាងក្រៅក៏ស្រែកអ្ហាសភ្លាត់សំឡេងតាម។

«ម៉េចក៏លួចចូលមកក្នុងឡាននេះ?»

ខ្ញុំឮហ៊ាឆាយដំឡើងសំឡេងឮៗសួរទៅនារីនោះ។ ជើងខ្ញុំប្រញាប់ដើរទៅកៀកក្បែរទ្វារឡាន។ នារីម្នាក់ពាក់អាវយឺតដៃខ្លី ស្លៀកខោខ្លី កំពុងអង្គុយញ័រខ្លួនទទ្រើកនៅកៅអីខាងក្រោយ។ ខ្ញុំបោះជំហានទៅជិត ភ្នែកសម្លឹងមើលនាងឥតដាក់។ សក់នាងរញ៉េរញ៉ៃទម្លាក់ចុះបាំងមួយចំហៀងមុខ។

«មុននេះខ្ញុំរងាពេកទើបចូលមកក្នុងឡានបានកក់ក្តៅខ្លះ។»

នារីម្នាក់នោះឆ្លើយតប ព្រមទាំងយកបាតដៃទាំងពីរត្រដុសគ្នាយកកម្តៅ។ នាងនិយាយត្រូវ ខាងក្រៅត្រជាក់ណាស់ សូម្បីខ្ញុំចុះទៅតែបន្តិចគង់រងាចង់គ្រុន។ នាងយកដៃវែកសក់ទៅក្រោយបង្ហាញបបូរមាត់ស្លេកប៉ឹម ឯមុខនាងក៏សស្លេករកឈាមមួយតំណក់គ្មាន។ សភាពនាងនាពេលនេះមិនដូចមនុស្សទេ ដូចសាកសពច្រើនជាង។​

«ញ៉ាំទឹកក្តៅមួយកែវទៅ ឱ្យក្តៅពោះបន្តិច។»

ហ៊ាឆាយហុចទឹកក្តៅមួយកែវឱ្យនាង។ នាងលូកដៃទទួលយកយ៉ាងរហ័សយកទៅផ្លុំតិចៗមុនពេលចឹបពីរបីក្អឹក។

«ខ្មោចឬមនុស្សអ្ហា?» ហ៊ាគួងស្រែកសួរឡើង។

«មនុស្សតើអ្ហា ហើយស្អាតទៀតផង។ ត្រៀមតែមាត់ទៅយើង។» ហ៊ាឆាយតប។

នារីម្នាក់នោះញ៉ាំទឹកក្តៅអស់មួយកែវ។ ផ្ទៃមុខនាងចាប់ផ្តើមមានឈាមវិញ បបូរមាត់ក៏លែងស្លេកដូចមុន។ នាងលើកម្រាមដៃស្រឡូនស្រួចដូចបន្លាក្រូច មកសិតសក់រញ៉េរញ៉ៃរបស់នាងឱ្យរាបធេង។  ហ៊ាៗទាំងបីនាក់សម្លឹងមើលនាងចង់ភ្លឹក មុននឹងដើរចូលមកក្នុងឡានវិញ។ ហ៊ាគួង និងខ្ញុំអង្គុយនៅកៅអីមុខដដែល ឯហ៊ាឆាយនិងហ៊ាហេងអង្គុយនៅខាងក្រោយជាមួយនាង។ រឿងហួសចិត្តនោះគឺនាងអង្គុយនៅចន្លោះកណ្តាលហ៊ាទាំងពីរ។

«ឱ្យខ្ញុំសុំទោសហ៊ាៗផង។ មុននេះខ្ញុំនៅក្រៅរងាពេកទើបចូលមកក្នុងឡានដោយមិនបានសុំការអនុញ្ញាត។» នារីរូបស្រស់និយាយឡើង។

«មិនអីទេអូន! បានស្រីស្អាតមកជិះឡានរបស់បង ជាកិត្តិយសបងទៅវិញទេ។»

ហ៊ាឆាយឆ្លើយតបវិញ។ ខ្ញុំឃើញគាត់ញាក់ភ្នែកដាក់ហ៊ាៗពីរនាក់ទៀតដូចកំពុងដាក់ម៉ូគ្នាពីរឿងអី។

«ហើយអូនឯងទៅណាម្នាក់ឯងទាំងយប់ហ្នឹង?​ អត់ខ្លាចទេអី?» ហ៊ាឆាយសួរ។

«ខ្ញុំចង់ទៅកំពង់សោម តែឡានមានបញ្ហាទើបគេទម្លាក់ខ្ញុំចោលនៅទីនេះ។ សំណាងហើយបានចួបពួកបង។»

«ស្រីស្អាតគួរតែនិយាយថាពួកបងសំណាងវិញទើបត្រូវ ។»

«កុំហៅអូនស្រីស្អាតមើល៍ ខ្មាសគេណាស់ អូនអត់ស្អាតផងហ្នឹង។»

«ណាគេថាអូនអត់ស្អាត? មើលចុះសាច់ឡើងសខ្ចី!»

«បញ្ជោរពេកហើយ! ហ៊ាៗហៅអូន អាវិន បានហើយ។»

ហ៊ាៗនាំគ្នាសើច រួចក៏បន្តនិយាយសម្តីលេបខាយជាច្រើនស្តាប់ទៅទ្រលាន់ពេញត្រចៀកខ្ញុំ។ ដំបូងខំអាណិតថានាងខំតស៊ូចាំឡានទាំងយប់នៅកណ្តាលព្រៃភ្នំតែម្នាក់ឯង តែមើលទៅឫកពាញ៉ិកញ៉ក់របស់នាង គ្មានអីខុសពីបិសាចរាត្រីទេ។​ កណ្តាលព្រៃភ្នំក៏ហ៊ានចាំប្រមាញ់មនុស្សប្រុសដែរ។ ពិតជាលះបង់ណាស់ ខ្ញុំសូមសរសើរ។ 

«ផ្លូវនៅឆ្ងាយទៀតណាស់ ពួកយើងគួរសម្រាកញ៉ាំបៀរកម្តៅពោះសិន។» 

នារីឈ្មោះអាវិនលូកដៃបើកកូនធុងទឹកកកតូចមួយក្បែរជើងនាង រួចហុចស្រាបៀរឱ្យទៅហ៊ាៗទាំងបីនាក់ម្នាក់មួយកំប៉ុង។​

«ហ៊ារកតែអ៊ីចឹងតើ!» ហ៊ាៗតប។

«បងពិសារមួយកំប៉ុងដែរទៅ!»

នាងហុចបៀរឱ្យខ្ញុំ។ តាំងពីចូលអង្គុយក្នុងឡានមក នាងទើបនិយាយរកខ្ញុំទេ ខណៈដែលនិយាយឥតឈប់ជាមួយហ៊ាៗ។ ខ្ញុំទទួលបៀរពីនាងយកមកដាក់ក្បែរខ្លួន មិនបានផឹកឡើយ។ ហ៊ាៗទាំងបីនាក់ងើយតែបន្តិចដាច់ម្នាក់មួយកំប៉ុង។ ពួកគាត់ក៏លើកកំប៉ុងថ្មីដាច់ប៉ិតៗទៀត។ ខ្ញុំឃើញនារីឈ្មោះវិននោះញញិមញញែមដូចសប្បាយចិត្តណាស់។ ពួកគេក៏និយាយគ្នាញ៉ែប៉ប្រែឥតឈប់ ហៅគ្នាសុទ្ធតែអូនបងពេញៗមាត់។ ខ្ញុំធុញណាស់មិនដឹងថ្មើរណាបានចេញដំណើរទៅមុខទេ។

«បងមិនញ៉ាំបៀរទេ? ម៉េចខ្លាចអូនដាក់ថ្នាំមែន?» នាងសួរមកខ្ញុំ។

«អត់ទេ! គ្រាន់តែមានអារម្មណ៍ថាអត់ចង់!» ខ្ញុំតប។

«មេឃត្រជាក់ណាស់ ដាក់បន្តិចទៅគ្រាន់កម្តៅពោះ។»

នាងព្យាយាមទទូចឱ្យខ្ញុំផឹក។ ហ៊ាៗទាំងបីបង្អាប់ថាខ្ញុំដូចញី គ្រាន់តែផឹកបៀរសោះក៏ពិបាកដែរ។ កុំឱ្យចាញ់ចិត្ត ខ្ញុំក៏គាស់កំប៉ុងចឹបពីរបីក្អឹកទៅ។

«ហ៊ា! ស្នាមឆូតលើកញ្ចក់ក្បែរខ្លួនហ៊ា មើលទៅដូចជាស្នាមកោសនឹងចិញ្ចៀន។ មានរឿងអីមែនទេ?»

អាវិនសួរទៅហ៊ាឆាយដែលនៅអង្គុយខាងឆ្វេងដៃនាង។ ហ៊ាឆាយរក្សាទឹកមុខធម្មតា តែគាត់សម្លឹងមុខហ៊ាគួង និងហ៊ាហេងសិនមុននឹងឆ្លើយសំណួរ៖

«អូនពិតជាមានភ្នែកល្អមែន។ ស្នាមឆូតហ្នឹងគឺស្នាមកោសមែកឈើ។ ថ្ងៃមុនបងបើកឡានមិនប្រយ័ត្ន ទៅប្របក្បែរព្រៃទើបមែកឈើកោសកញ្ចក់បន្សល់ស្នាមដូចនេះ។»

«ចុះកៅអីពូកក្រោមភ្លៅបងនេះ មានស្នាមដាច់ថ្មីៗ មានរឿងអីវិញ?»

«អ៎! មកពីថ្ងៃមុនបងទម្លាក់ផ្លែទុរេនមិនប្រយ័ត្ន។ តោះ! អូន ឈប់សួរច្រើនទៀត។ យើងនាំគ្នាផឹកបន្តទៀតវិញ។» ហ៊ាឆាយនិយាយឡើង ហាក់លែងចង់ឱ្យអាវិនសួរបន្ត។

«ចាសហ៊ា! តែខ្ញុំដូចជាព្រឺៗសម្បុរម៉េចទេ!»

«ព្រឺអីអូន ចាំបងជួយ។ ពួកបងជំនាញណាស់អារឿងជួយគេហ្នឹង!»

«ជួយយ៉ាងម៉េចបង អូនព្រឺខ្លាចខ្មោចតើ​ ពួកបងមិនឮគេល្បីថា នៅពេជ្រនិលនេះមានខ្មោចស្រីលងគេលងឯងសាហាវទេអី?»

«ទៅខ្លាចអីអូន ខ្មោចស្រីហ្នឹងពួកបងធ្វើស៊ីរួចហើយ។» ហ៊ាឆាយឆ្លើយឡើង រួចក៏សើចឮៗជាមួយហ៊ាៗពីរនាក់ទៀត។

«ធ្វើស៊ីម៉េចបង? នេះពួកបងអត់ខ្លាចខ្មោចទេ?» អាវិនសួរបញ្ជាក់។

«បងចង់និយាយថា ពួកបងសុទ្ធតែមានរបស់ការពារ អារឿងខ្មោចព្រាយអីនេះ ចូលមិនចុះទេ។» ហ៊ាឆាយឆ្លើយឡើងព្រមទាំងសើយអាវបង្ហាញខ្សែចង្កេះថ្មីផង។

«អ៊ីចឹងទេអី! អូនស្មានតែធ្វើស៊ីរឿងផ្សេង។ តែនិយាយដល់រឿងខ្មោចហ្នឹង អូនឮគេថានាងគួរឱ្យអាណិតណាស់។ គេខ្សឹបខ្សៀវគ្នាថា កាលដែលនាងស្លាប់នោះមិនមែនមកពីគ្រោះថ្នាក់ចរាចរណ៍ទេ តែនាងស្លាប់ដោយសារត្រូវគេសម្លាប់។»

ហ៊ាៗទាំងបីនាក់ស្រាប់តែប្រែទឹកមុខមួយរំពេច។ ពួកគាត់ដាក់កំប៉ុងបៀរដែលកាន់ក្នុងដៃចុះភ្លាមៗ។

«គេថានៅយប់នោះ នាងមានណាត់ជាមួយសង្សារទៅកំពង់សោម។ តាមមើលប្រហែលជាត្រូវសង្សារនាងសម្លាប់។» អាវិនបន្ត។

«អូនដូចជាឮគេនិយាយផ្តេសផ្តាសច្រើនពេកហើយ។ បើរឿងដូច្នោះមែន ប៉ូលីសគេមុខតែរាយការណ៍។ គេមិនបិទករណីចោលអ៊ីចឹងទេ។»

«ចុះបើសង្សារនាងនោះជាកូនមន្ត្រីធំ គេមានអំណាច មានទ្រព្យ គេញាត់មាត់ប៉ូលីសជិត ហើយគ្រួសារនារីរងគ្រោះត្រឹមតែជាគ្រួសារក្រីក្រធម្មតា ម៉េចនឹងគេរកយុត្តិធម៌ឱ្យនាងទៅ?»

«អូនឯងដូចជាដឹងរឿងច្រើនណាស់ណ៎!»

ហ៊ាឆាយតបទាំងមាត់ស្ងាបមិនឈប់។ ហ៊ាគួង និងហ៊ាហេងក៏ដូច្នេះដែរ។ ពួកគាត់យកដៃញីក្បាល ហាក់ដូចកំពុងធីងធោងខ្លាំង។

«អូនដឹងរឿងនេះគួរសមដែរ។ ឮគេថានារីរងគ្រោះឡើងឡានជាមួយសង្សារនៅហាងកាហ្វេមួយម្តុំវត្តភ្នំ។ ហ៊ាៗគិតទៅមើលថា ហេតុអីបែរជារកឃើញសាកសពនាងនៅជ្រោះពេជ្រនិលនេះទៅវិញ? បើថាជាគ្រោះថ្នាក់ចរាចរណ៍ក៏មិនសមសោះ ព្រោះគេគួរតែរកឃើញរថយន្តនិងអ្នកដទៃដែលធ្លាក់ទៅជាមួយ។ ខ្ញុំច្បាស់មួយរយភាគរយថា នាងត្រូវបានអ្នកនៅក្នុងឡាននោះសម្លាប់ ហើយបោះសពនាងទម្លាក់ជ្រោះ។»

ខ្ញុំស្តាប់អាវិននិយាយរៀបរាប់យ៉ាងជក់ចិត្ត។ វាដូចជាចៃដន់ណាស់ ហេតុការណ៍ដែលនារីរងគ្រោះនោះជួបប្រទះហាក់ស្រដៀងនឹងរឿងដែលខ្ញុំណាត់គ្នាជាមួយដាវ៉ាន់អតីតសង្សារអនឡាញរបស់ខ្ញុំ។ ខុសត្រង់ថា ថ្ងៃណាត់ចួបនោះ ស្រីល្អឈ្មោះដាវ៉ាន់ត្រូវរ៉ូវជាមួយសង្សារចាស់នាងវិញ។ យប់នោះប្រហែលពួកគេបបួលគ្នាទៅលេងឋានសួគ៌រាប់ដងផង។

ក្រឡេកទៅមើលហ៊ាៗទាំងបីនាក់បិទភ្នែកងោកងុយលើកៅអីឡាន ខ្ញុំស្រាប់តែមានអារម្មណ៍មិនស្រួល។ ខ្ញុំងាកមើលមុខអាវិនដែលកំពុងអង្គុយបើកភ្នែកធំៗចន្លោះហ៊ាឆាយនិងហ៊ាហេង។ ទឹកមុខនាងហាក់ដូចជាចង់ស៊ីសាច់ហុតឈាមមនុស្សទាំងរស់។ នាងក្រោកបន្តិចលូកដៃឈោងទៅអង្អែលស្នាមឆ្នូតលើកញ្ចក់ឡាន។ បន្ទាប់មករុញខ្លួនហ៊ាឆាយទម្លាក់ពីពូកឡាន រួចយកដៃនាងអង្អែលស្នាមដាច់ដោចលើកៅអីពូកនោះទាំងទឹកភ្នែកច្រាលចេញក្រៅ។

ខ្ញុំមិនដឹងថានាងកំពុងធ្វើអ្វីទេ។ ខ្ញុំចង់សួរនាំនាងដែរ តែក្បាលខ្ញុំស្រាប់តែឈឺខ្ទោកៗ ឯភ្នែកទាំងគូស្រាប់តែទន់ល្វើយបើកលែងចង់រួច។ កម្លាំងកំហែងក៏ហាក់អស់ពីខ្លួនរលីង។ ខ្ញុំសម្លឹងមើលទៅកំប៉ុងស្រាបៀរដែលអាវិនឱ្យខ្ញុំមុននេះ ទើបខ្ញុំយល់ថា ខ្ញុំកំពុងត្រូវថ្នាំ។ សំណាងហើយខ្ញុំផឹកបៀរតិចតួច។​ បើមិនអ៊ីចឹងទេ ប្រាកដជាដូចហ៊ាៗទាំងបីដែលត្រូវលង់លក់ដោយមិនយល់អ្វី។

ខ្ញុំប្រឹងបើកភ្នែកទាំងពិបាក តាមមើលសកម្មភាពរបស់អាវិន។ នាងយកខ្សែមកចងដៃរបស់ពួកយើងទាំងបួននាក់ព័ទ្ធទៅក្រោយខ្លួនជាប់។ ខ្ញុំធ្វើជាដេកលក់មិនដឹងអី បន្តតាមដានសកម្មភាពនាង។ ណាមួយ បើទោះជាចង់តតាំងក៏មិនអាច ព្រោះសូម្បីតែភ្នែកក៏ខ្ញុំបើកមិនចង់រួចផង។

អាវិនចាប់ផ្តើមស្ទាបរាងកាយហ៊ាឆាយហាក់ដូចជាកំពុងរកមើលអ្វី។ ដៃនាងលូកយកទូរស័ព្ទពីហោប៉ៅខោហ៊ាមកបើកមើល។ ខ្ញុំឮសំឡេងដូចជាក្រុមមនុស្សប្រទាញប្រទង់គ្នាចេញពីក្នុងទូរស័ព្ទហ៊ាឆាយ តែមិនដឹងថាជាអ្វីឱ្យប្រាកដទេ។​ អាវិនស្រាប់តែខ្ទប់មុខស្រែកយំឮៗខណៈដែលវីដេអូក្នុងទូរស័ព្ទបន្តលេង។

«ពួកអាសត្វតិរច្ឆាន ពួកអានរក ពួកឯងនេះយើងមិនលើកលែងជាដាច់ខាត។ ពួកឯងត្រូវតែងាប់។»

នាងនិយាយឮៗទាំងកំហឹងពេញកែវភ្នែក។ ភ្លាមនោះ នាងរូតកាបូបយកកូនកាំបិតមួយកាន់ជាប់ដៃ។ មុខកាំបិតសស្ងាចហាក់ដូចជាបានសំលៀងត្រៀមទុកសម្រាប់ការប្រហារនេះរួចជាស្រេច។​ ខ្ញុំប្រឹងប្រើកម្លាំងយកខ្លួនបំបុកទ្វារឡានមួយទំហឹងដើម្បីចាកចេញពីក្នុងឡាន។ ទ្វារឡានរបើកដូចចិត្ត។ ខ្ញុំប្រឹងរំកិលខ្លួនរហូតធ្លាក់ខ្លួនទៅលើដី។

កែវភ្នែកមួយគូពោរពេញដោយកំហឹងកំពុងសម្លឹងមករកខ្ញុំឥតប៉ប្រិច។ អាវិនកាន់កាំបិតជាប់ដៃដើរចេញពីឡាន។ ខ្ញុំខំប្រើកម្លាំងរំកិលខ្លួនទល់នឹងដីយឺតៗរុលទៅក្រោយ តែកម្លាំងដ៏ខ្សោយរបស់ខ្ញុំមិនបានជួយឱ្យខ្ញុំកិលបានឆ្ងាយឡើយ។ អាវិនឈរទ្រឹងចំពោះមុខខ្ញុំ កាន់ពិលបញ្ចាំងពេញភ្នែក។ ដៃម្ខាងរបស់នាងនៅតែកាន់កាំបិតចុងស្រួចជាប់។ ដោយមិនមានកម្លាំងរុលទៅមុខទៀត ខ្ញុំក៏ទម្លាក់ខ្លួនទាំងស្រុងលើដី ហើយប្រឹងនិយាយខ្សាវៗអង្វរនាង៖

«កុំ…កុំសម្លាប់ខ្ញុំ! ខ្ញុំអត់ដឹងរឿងអីទេ។»

«ហាសហាហា»

នាងសើចឮៗនឹងសម្តីរបស់ខ្ញុំ។​ ប្រហែលជានាងគិតថា កូនប្រុសដើមទ្រូងប្រាំហត្ថមិនគួរណាហាមាត់អង្វរមនុស្សស្រីរួចទេ។ នាងចង់សើចក៏សើចចុះ តែខ្ញុំពិតជាគ្មានជម្រើសមែន។ អស់ពីសើច នាងក៏អង្គុយចុះក្បែរខ្លួនខ្ញុំ៖

«កុំបារម្ភខ្ញុំមិនធ្វើបាបឯងទេ។»

នាងនិយាយដោយទឹកមុខស្រងូត។ ខ្ញុំមិនបានសួរនាំនាងទៀតឡើយព្រោះមិនមានកម្លាំងនិយាយ។ អាវិនបន្ត៖

«ខ្ញុំជាបងស្រីបង្កើតរបស់នារីរងគ្រោះ។ នៅយប់នោះខ្ញុំបានជូនប្អូនស្រីខ្ញុំឡើងឡាននៅមុខហាងកាហ្វេមួយដើម្បីធ្វើដំណើរទៅលេងកំពង់សោម។ ស្រាប់តែព្រឹកស្អែកមានអ្នកដើរព្រៃរកឃើញសាកសពនាងនៅជ្រោះនេះ។ ប៉ូលីសបិទករណីដោយសន្និដ្ឋានថានាងជួបគ្រោះថ្នាក់ចរាចរណ៍ហើយប្លោងធ្លាក់ជ្រោះ។ ខ្ញុំទទួលយកមិនបានទេ។»

អាវិនបង្អាក់សម្តីបន្តិចដោយនាងដាក់កាំបិតចុះនៅលើដីរួចយកដៃទាំងពីរជូតទឹកភ្នែកដែលកំពុងស្រក់ហូរដូចភ្លៀង។ ខ្ញុំមិនបានយកចិត្តទុកដាក់នឹងការនិទានរឿងរបស់នាងទេ។ ខ្ញុំរវល់ផ្ទៀងស្តាប់សំឡេងឡានល្វើយៗដែលកំពុងបើកមកកាន់ទីនេះ។ ខ្ញុំបន់ឱ្យតែឡាននោះបើកមកដល់ឆាប់ៗទេ ​ក្រែងមានគេអាចជួយជីវិតខ្ញុំនិងហ៊ាៗក្នុងឡានពីស្រីរោគចិត្តម្នាក់នេះ។​

«ខ្ញុំតវ៉ានឹងការបិទករណីនេះ តែខាងប៉ូលីសបានឱ្យលុយខ្ញុំមួយកញ្ចប់ហើយប្រាប់ច្បាស់ៗថា បើចង់សុខ ខ្ញុំត្រូវនៅឱ្យស្ងៀម។ ខ្ញុំមិនទទួលលុយនោះទេ ថែមទាំងយកប្រាក់ដែលខ្ញុំមានទាំងប៉ុន្មានជូនប៉ូលីសថែមទៀត ឱ្យពួកគេបើកករណីវិញ។ តែ…តែគេមិ​នទទួលឡើយ។ ក្រោយមកទើបខ្ញុំដឹងថា ម្ចាស់ហាងកាហ្វេដែលប្អូនស្រីខ្ញុំទៅឡើងឡាននៅយប់នោះ គឺជាកូនមន្ត្រីធំ។ ខ្ញុំក៏យល់មូលហេតុដែលប៉ូលីសសម្រេចបិទក្តី។»

អាវិនផ្អាកការរៀបរាប់ជាថ្មី។ ខ្ញុំនៅតែមិនចាប់អារម្មណ៍នឹងរឿងរបស់នាង ព្រោះខ្ញុំជឿទាំងស្រុងថានាងជាមនុស្សរោគចិត្ត។ មិនឮខ្ញុំនិយាយអ្វីសោះ នាងក៏បន្តរៀបរាប់សាច់រឿងឥតបានការរបស់នាងទៀត៖

«ខ្ញុំសម្រេចចិត្តរកយុត្តិធម៌ឱ្យប្អូនស្រីដោយខ្លួនឯង។ ខ្ញុំជួលគេឱ្យចូលផឹកកាហ្វេនៅហាងនោះរាល់ថ្ងៃដើម្បីស៊ើបព័ត៌មាន។ ឯយប់ៗឡើងខ្ញុំជួលគេផ្សេងទៀតឱ្យបន្លំធ្វើជាខ្មោចស្រីលងអ្នកដំណើរនៅទីនេះ។​ ខ្ញុំចេះតែគិតថា រឿងខ្មោចស្រីលងអ្នកដំណើរនឹងល្បីខ្លាំងហើយអាចដាក់សម្ពាធដល់ប៉ូលីសឱ្យបើកករណីស្លាប់របស់ប្អូនស្រីខ្ញុំវិញ។ តែគ្រប់យ៉ាងវាគ្រាន់តែជាសុបិន។ ទើបតែម្សិលមិញ ម្សិលមិញអ្នកដែលខ្ញុំជួលឱ្យទៅស៊ើបដំណឹងពីហាងកាហ្វេប្រាប់ខ្ញុំថា ថៅកែហាងហ្នឹងទៅកំពង់សោមនៅយប់នេះ។​ ខ្ញុំប្រុងខ្លួនរួចស្រេចចាំជួបពួកគេនៅទីនេះដើម្បីរកការពិត។ ទីបំផុតខ្ញុំក៏រកឃើញ។ វីដេអូក្នុងទូរស័ព្ទបានស្រាយការពិតច្បាស់ពីមូលហេតុនៃការស្លាប់របស់ប្អូនស្រីខ្ញុំ។ នាងស្លាប់ដោយវេទនាណាស់។»

អាវិនរៀបរាប់ទាំងយំគឃូស។ នាងយកដៃជូតទឹកភ្នែកលើថ្ពាល់រួចសម្លឹងមកខ្ញុំដោយទឹកមុខគួរឱ្យអាណិត៖

«ឯងប្រាកដជាគិតថាខ្ញុំជាមនុស្សរោគចិត្ត។ មែន! ខ្ញុំលែងគិតពីអ្វីទៀតហើយ។ ប្អូនស្រីខ្ញុំត្រូវស្លាប់ទាំងមូលគ្មានអ្នកណាគិតគូរផង រឿងអីខ្ញុំត្រូវអាណិតអាសូរពួកអាឃាតកៈអស់នេះ។ ក្នុងសង្គមមួយដែលយុត្តិធម៌ស្ថិតក្នុងកណ្តាប់ដៃអ្នកមានទ្រព្យនិងអំណាច អ្នកក្រទន់ខ្សោយមានតែបង្កើតយុត្តិធម៌ដោយខ្លួនឯង។»

រំពេចនោះ ស្រាប់តែសំឡេងល្វើយៗបន្លឺចេញពីក្នុងឡានមក៖

«ជួយផង! ជួយផង!»

អាវិនចាប់កាន់កាំបិតចុងស្រួចរបស់នាងភ្លាម រួចក្រោកវឹងសំដៅទៅរថយន្តវិញ។ សំឡេងជួយផងដែលចេញពីក្នុងឡានបញ្ជាក់ថាហ៊ាៗដែលនៅខាងក្នុងរលឹកដឹងខ្លួនពីឥទ្ធិពលថ្នាំសណ្តំ។ សំឡេងរថយន្តនៅតាមផ្លូវក៏បន្លឺមកកាន់តែកៀក។ បបូរមាត់ខ្ញុំក៏ញញិមឡើងដោយក្នុងចិត្តសង្ឃឹមថាជីវិតខ្ញុំអាចគេចផុតពីគ្រោះថ្នាក់ចំពោះមុខនេះបាន។

រថយន្តអ្នកដំណើរពីរគ្រឿងបរមកឈប់ទន្ទឹមគ្នានៅខាងក្រោយខ្លួនខ្ញុំ។ អំពូលភ្លើងរថយន្តចាំងមកធ្វើឱ្យភ្នែកទាំងគូរបស់ខ្ញុំបើកស្ទើរមិនរួច។ អ្នកជិះក្នុងឡានប្រហែលជាកំពុងឆ្ងល់ថាមានរឿងអ្វី? ហេតុអីខ្ញុំត្រូវដេកនៅលើផ្លូវទាំងដៃទាំងពីរជាប់ចំណង?

ពួកគេមិនបានបរឡានទៅមុខទៀតទេ តែបានចុចស៊ីផ្លេបន្លឺសំឡេងខ្លាំងៗ។ ក្រឡេកទៅមើលឡានហ៊ាឆាយ ខ្ញុំឮសំឡេងនារីរោគចិត្តស្រែកខ្លាំងៗ៖

«ពួកឯងត្រូវតែស្លាប់!»

សំឡេងប្រតាយប្រតប់គ្នាលាន់ឮនៅក្នុងឡាន។ ខ្ញុំគិតថាហ៊ាៗទាំងបីនាក់ដឹងតែចប់ហើយ ព្រោះពួកគាត់មិនទាន់មានកម្លាំងតទល់នឹងនារីឆ្កួតជ្រូកនោះទេ។ រថយន្តអ្នកដំណើរបន្តចុចស៊ីផ្លេខ្លាំងៗឥតដាច់សូរដូចចង់កម្លាចនាងឱ្យបញ្ឈប់សកម្មភាពព្រៃផ្សៃជាបន្ទាន់។​ ប្រហែលជានាងដឹងខ្លួនថាមិនមានពេលគ្រប់គ្រាន់អាចសម្លាប់មនុស្សទាំងបីនាក់ដែលរលឹកដឹងខ្លួនបាន ទើបនាងស្ទុះទៅកៅអីមុខ រួចបញ្ឆេះឡានបរទម្លាក់ចូលជ្រោះភ្លាម។ ខ្ញុំស្លុតចិត្ត បើកភ្នែកធំៗសម្លឹងមើលរថយន្តទំនើបរបស់ហ៊ាឆាយកំពុងបោះពួយចូលទៅក្នុងជ្រោះដ៏ជ្រៅ។

ស្អែកព្រឹកប៉ូលីសរកឃើញសាកសពអ្នកទាំងបួន។ ហេតុការណ៍នេះដ្បិតតែត្រូវបានគ្រួសារហ៊ាឆាយបំបិទមិនឱ្យផ្សាយឡើង តែក៏នៅតែមានការយល់ឃើញពីគ្រប់មជ្ឈដ្ឋាន។ មតិភាគច្រើនយល់ថា អាវិនត្រូវព្រលឹងខ្មោចស្រីចូលសណ្ឋិត ទើបហ៊ានធ្វើរឿងព្រៃផ្សៃនេះ។

ខ្ញុំមិនសើចចំអកនឹងការយល់ឃើញរបស់ពួកគេទេ ព្រោះពួកគេមិនបានស្ថិតនៅក្នុងហេតុការណ៍នោះដូចខ្ញុំ។ ខ្ញុំត្រូវគ្រួសារហ៊ាឆាយគំរាមមិនឱ្យទម្លាយព័ត៌មានលម្អិតនេះទេ។ មែនទែនទៅ ខ្ញុំក៏ដឹងរឿងមិនច្បាស់ដែរ។ វីដេអូនៅក្នុងទូរស័ព្ទហ៊ាឆាយដែលធ្វើឱ្យអាវិនបានដឹងការពិតពីការស្លាប់របស់ប្អូនស្រីនាងក៏ខ្ញុំមិនដឹងថាជាវីដេអូអ្វី។ តើនៅរាត្រីនោះមានរឿងអ្វីកើតឡើងទៅលើនារីរងគ្រោះទើបបណ្តាលឱ្យនាងធ្លាក់ខ្លួនរហូតដល់ស្លាប់?

………………..

មួយអាទិត្យមុន!

ម៉ូតូមួយគ្រឿងបរមកឈប់អែបផ្លូវទល់មុខហាងកាហ្វេមួយឈ្មោះ ៩៩៩៩។ នារីរូបស្រស់ដែលជិះនៅខាងក្រោយប្រញាប់ចុះពីលើម៉ូតូដោយមានស្ពាយកាតាបក្រោយខ្នងផង រួចនិយាយទៅកាន់ស្ត្រីជាអ្នកបើក៖

«ចែទៅវិញចុះ មិនបាច់បារម្ភពីខ្ញុំទេ។»

«ប្រាកដហើយថាឯងណាត់ចួបគ្នានៅទីនេះ?» អ្នកបើកម៉ូតូសួរ។

«ចាសចែ!»

«ចឹងប្រយ័ត្នប្រយែងផងណា! ចែទៅវិញហើយ។»

ស្ត្រីនោះបរម៉ូតូចេញទៅ។ នារីរូបស្រស់ឈរតាមសម្លឹងមើលបងស្រីខ្លួនរហូតឆ្ងាយផុតកន្ទុយភ្នែក ទើបនាងដើរចូលទៅក្នុងហាងកាហ្វេ។

«សួស្តីបង! បងមេឃនៅទេ?»

មាណវីសួរទៅបុរសរាងធាត់ ដុះក្បាលពោះម្នាក់ដែលកំពុងសម្លឹងមើលនាងមិនដាក់ភ្នែក។ ក្រោយសម្លឹងពីចុងជើងដល់ចុងសក់ បុរសនោះតបវិញ៖

«មេឃជាអ្នកណា?»

«គាត់ឈ្មោះលម្ហមេឃ។ គាត់ប្រាប់ខ្ញុំថា គាត់ធ្វើការនៅទីនេះ។ ពួកយើងមានណាត់ទៅកំពង់សោម។ គាត់ប្រាប់ឱ្យខ្ញុំមកឡើងឡាននៅទីនេះជាមួយថៅកែគាត់។»

«ដាវ៉ាន់មែនទេ? អូព្រះ! អូនស្អាតជាងក្នុងរូបថតដែលអាសង្ហាបង្ហាញបងឆ្ងាយណាស់។»

«សង្ហាជាអ្នកណា? ម៉េចក៏គាត់មានរូបថតខ្ញុំ?»

«អូ! សង្ហាជាសង្សារអូនឈ្មោះលម្ហមេឃនោះហើយ។ ឯបងនេះគឺ ហ៊ាឆាយ ជាថៅកែរបស់វា។»

«បងមេឃមកដល់ឬនៅ? ខ្ញុំទាក់ទងទៅគាត់មិនចូលសោះ។ ល្ងាចមិញពួកយើងមានរឿងយល់ច្រឡំគ្នា ខ្ញុំខ្លាចតែគាត់ខឹងនឹងខ្ញុំទេ។ ខ្ញុំបារម្ភណាស់។»

សម្រឹបជើងនរណាម្នាក់ដើរចេញពីបន្ទប់ទឹកមក។ គ្រាន់តែបុរសនោះបង្ហាញរូបរាងភ្លាម ហ៊ាឆាយនិយាយទៅរកភ្លែត៖

«ឈាវ! ឆាប់ធ្វើស្ត្របឺរីក្រឡុកមួយកែវទទួលភ្ញៀវ។»

«បាទហ៊ា!»

បុរសឈ្មោះឈាវសម្លឹងមើលមកនារីរូបស្រស់មួយភ្លែតក៏ទៅរៀបចំតាមការប្រាប់របស់ថៅកែខ្លួន។

«អូនអង្គុយលេងសិនទៅ ចាំបងទាក់ទងអាមេឃឱ្យ។»

លោកថៅកែនាំដាវ៉ាន់ទៅអង្គុយនៅតុមួយ។ នាងដើរទៅរកតុនោះតែក៏មិនភ្លេចក្រឡេកភ្នែកឆ្វេងស្តាំរកមើលបងមេឃរបស់នាងដែរ។

«អង្គុយទីនេះសិនណា ហ៊ាមានការបន្តិច។»

«ចាសហ៊ា!»

ហ៊ាឆាយដើរសម្តៅទៅរកឈាវដែលកំពុងធ្វើភេសជ្ជៈ។​ គ្រាន់តែឃើញចៅហ្វាយខ្លួនដើរមកក្បែរ នាយឈាវធ្វើឫកញឹមៗរួចនិយាយលក្ខណៈចំអន់៖

«សង្សារថ្មីហ៊ា?»

លោកថៅកែសើចតិចៗមិនបានឆ្លើយសំណួរភ្លាមទេ។ គាត់ក្រឡេកមើលទៅដាវ៉ាន់ដែលកំពុងអង្គុយនៅតុម្នាក់ឯងដោយទឹកមុខញញិម រួចលានអណ្តាតលិឍមាត់មួយឆ្វាច់ដូចកំពុងឃ្លានណាស់អ៊ីចឹង។

«អឺ នាងជាសង្សារថ្មីហ៊ា! ស្អាតហេស?»

«អេមណាស់ហ៊ា! នាងស្អាតដាច់សង្សារមុនៗដែលហ៊ាធ្លាប់នាំមកទីនេះ។ ខ្ញុំឃើញនាងមានស្ពាយកាតាបជាប់ខ្លួន ត្រូវទៅណាមែនទេហ៊ា?»

«ទៅកំពង់សោម! ចេញទៅឥឡូវហ្នឹង។»

នាយឈាវចាក់ភេសជ្ជៈដាក់កែវ រួចបម្រុងកាន់យកទៅតុដាវ៉ាន់ តែក៏ត្រូវលោកថៅកែចាប់កាន់កែវភេសជ្ជៈយកទៅជំនួស។ ទង្វើនេះហាក់ដូចជាចង់បំបិទនាយឈាវមិនឱ្យដឹងការពិតថា នារីនោះជាសង្សាររបស់សង្ហា។

ហ៊ាឆាយដាក់ភេសជ្ជៈចុះលើតុថ្នមៗ។

«អូនញ៉ាំអីសិនទៅ!»

«អរគុណហ៊ា! ហ៊ាអាចទាក់ទងទៅបងមេឃឱ្យខ្ញុំផងបានទេ?»

«ហីអាមេឃអត់បានប្រាប់អូនទេអី ថាវាចេញទៅកំពង់សោមតាំងពីរសៀលម្ល៉េះ។ ដោយសារហាងបងមានការបន្ទាន់ទើបត្រូវចាត់ឱ្យអាមេឃទៅទីនោះភ្លាម។ តែអូនកុំបារម្ភអី វាបានពឹងបងឱ្យចាំទទួលអូនទៅតាមក្រោយ។»

«បើអ៊ីចឹង ចេញទៅឥឡូវទៅហ៊ា! ខ្ញុំចង់ចួបគាត់ណាស់។»

«អូខេ!»

អ្នកទាំងពីររហ័សចេញពីហាងកាហ្វេសំដៅទៅឡានទំនើបដែលចតនៅខាងមុខហាង។

………………..

«បន្តិចទៀតចួបគ្នា!»

ហ៊ាឆាយនិយាយទូរស័ព្ទមួយស្របក់តូច ទើបប្រញាប់ចូលក្នុងឡាន។ រថយន្តក៏ចាប់វិលកង់បរចេញពីហាងកាហ្វេ។

«ខ្ញុំអរគុណហ៊ាណាស់! បងមេឃមានហ៊ាជាថៅកែពិតជាសំណាងគាត់មែន។»

ដាវ៉ាន់និយាយពីកៅអីខាងក្រោយមក។

«ធ្វើមនុស្សត្រូវចេះជួយគ្នា! ម្យ៉ាងអូនស្អាតបែបនេះ បងម៉េចនឹងដាច់ចិត្តឱ្យអូនរងទុក្ខទៅ។ បងច្បាស់ជាជួយយកអាសារអូន។ នេះជារឿងដែលមនុស្សប្រុសទាំងឡាយត្រូវធ្វើ។»

ដាវ៉ាន់មិនតបវិញឡើយ គ្រាន់តែបង្ហាញទឹកមុខញញិមបន្តិច។ រថយន្តស្រាប់តែឈប់ង៉ក់នៅកែងផ្លូវ។​ ហ៊ាឆាយបើកទ្វារឡាន រួចចុះទៅឈរនិយាយជាមួយបុរសពីរនាក់។ រំលងបន្តិចទើបគាត់ដើរមកនិយាយជាមួយដាវ៉ាន់វិញ៖

«មិត្តសម្លាញ់បងត្រូវរួមដំណើរទៅកំពង់សោមដែរ អូនមិនប្រកាន់ទេមែនទេ?»

«ចាស! មិនអីទេ! ខ្ញុំមានតែអរគុណហ៊ាដែលអនុញ្ញាតឱ្យខ្ញុំរួមដំណើរ មានរឿងអីខ្ញុំត្រូវប្រកាន់។»

«ល្អណាស់!» ហ៊ាឆាយសម្តែងទឹកមុខត្រេកអររួចប្រាប់ឱ្យបុរសពីរនាក់នោះចូលអង្គុយនៅខាងមុខ ឯហ៊ាអង្គុយនៅខាងក្រោយក្បែរដាវ៉ាន់។

«សួស្តីអូន! បងគឺហ៊ាគួង ខាងណេះគឺអាហេង។ ពួកយើងជាពួកម៉ាកស្និទ្ធស្នាលជាមួយអាឆាយ។ រីករាយណាស់បានចួបអូនយប់នេះ។»

ហ៊ាគួងដែលមានតួនាទីជាអ្នកបើកឡាននិយាយណែនាំខ្លួនដោយសំនៀងទន់ភ្លន់សុភាពរាបសារ។ អ្នកទាំងបួនក៏ចាប់បង្កើតការសន្ទនាមួយសន្ទុះមុននឹងរថយន្តបន្តដំណើរទៅមុខទៀត។ នៅតាមផ្លូវសំឡេងជជែកគ្នាឮមិនដាច់សូរ ពួកគេពិតជាសម្បូររឿងចែករំលែកគ្នាណាស់។ គេឧស្សាហ៍ឮសំឡេងហ៊ាៗទាំងបីសើចកងរំពងឡើងដូចមានរឿងអីសប្បាយចិត្តណាស់អ៊ីចឹង។

រថយន្តបរជិតដល់ជ្រោះពេជ្រនិល…

«ហ៊ា! ខ្ញុំសុំពឹងហ៊ាជួយទាក់ទងទៅបងមេឃម្តងទៀត។ ខ្ញុំចាំដល់កំពង់សោមមិនបានទេ។ ខ្ញុំនឹកគាត់ណាស់។ ខ្ញុំចង់បកស្រាយការយល់ច្រឡំឱ្យគាត់យល់។» ដាវ៉ាន់និយាយ។

«អូននិងអាមេឃមានការយល់ច្រឡំគ្នារឿងអីដែរ?» ហ៊ាឆាយតប។

«កាលពីល្ងាចមិញសង្សារចាស់ខ្ញុំបានយកទូរស័ព្ទខ្ញុំបង្ហោះសារថាខ្ញុំនិងគាត់ត្រូវគ្នាវិញ។ តាមពិតគ្មានរឿងបែបនេះទេ។ ពួកយើងដាច់គ្នាយូរហើយ។ ខ្ញុំខ្លាចថា​បងមេឃយល់ច្រឡំ។»

«ចុះអូនមិនបកស្រាយប្រាប់មេឃវិញភ្លាមៗទៅ?»

«គឺខ្ញុំទាក់ទងគាត់មិនបាន។ ខ្ញុំព្យាយាមខលទៅគាត់ដែរ តែខលមិនចូល។ ចង់ឈែតប្រាប់ក៏មិនកើតព្រោះសង្សារចាស់ខ្ញុំប្តូរលេខសម្ងាត់អាខោនខ្ញុំបាត់ទៀត។ ខ្ញុំពិបាកណាស់ទម្រាំគេចចេញពីសង្សារចាស់ឥតបានការនោះបាន ទើបពឹងឱ្យបងស្រីជូនមករកបងមេឃនៅហាងកាហ្វេហ៊ាភ្លាមៗ។»

«តាមពិតរឿងគឺបែបនេះសោះ។​​ ស្តាយណាស់​ ហាងកាហ្វេបងមានការបន្ទាន់ត្រូវបញ្ជូនអាមេឃទៅមុនតាំងពីថ្ងៃ កុំអីពួកអូនបានរួមដំណើរជាមួយគ្នាបាត់។» ហ៊ាឆាយតប។

«អញនៅផឹកកាហ្វេហាងអ្ហែងស្ទើរពេញមួយថ្ងៃ តែម៉េចក៏អត់ដឹងសោះថាអ្ហែងមានការបញ្ជូនបុគ្គលិកទៅកំពង់សោម?»

ហ៊ាហេងសួរដូចឆ្ងល់។ ភ្លាមនោះហ៊ាឆាយលើកជើងធាក់កៅអីឡានដែលហ៊ាហេងកំពុងអង្គុយពីខាងក្រោយមកមួយទំហឹង ព្រមទាំងស្តីបន្ទោសមួយចាស់ដៃ៖

«អាឡប់ចំជាអត់យល់អីមែន!»

នាយគួងក៏ជួយបន្ថែមមួយដៃទៀតទៅលើស្មានាយហេង។​

«អានេះម៉េចក៏មកវាយអញដែរ? ក្រែងឯងក៏ដឹងព្រោះថ្ងៃមិញអ្ហែងនិងអញផឹកនៅហាងអាឆាយដូចគ្នា។» ហ៊ាហេងឆ្លើយទាំងមួរម៉ៅ។

«មានរឿងអីឱ្យប្រាកដហ៊ា? ការពិតបងមេឃទៅកំពង់សោមមុនមែនឬក៏យ៉ាងណា?»

ដាវ៉ាន់សួរទាំងក្តីបារម្ភ។ ទឹកមុខនាងប្រែជាស្រងូតលាយភ័យ។

«គ្មានអីទេអូន អាហេងចេះតែនិយាយផ្តេសផ្តាសទេ។» ហ៊ាឆាយតបទាំងសម្តែងជាសើចតិចៗបន្លប់។​

«បើពិតជាគ្មានរឿងអីមែន សូមហ៊ាជួយទាក់ទងទៅបងមេឃឥឡូវនេះដើម្បីឱ្យខ្ញុំប្រាកដក្នុងចិត្ត។»

«នៅតំបន់ភ្នំបែបនេះទូរស័ព្ទគ្មានសេវាទេ ចាំចួបផ្ទាល់នៅកំពង់សោមហ្មងទៅអូន។ តែមួយសន្ទុះទៀតពួកយើងទៅដល់ទីនោះហើយ។»

«ឈប់ឡាន! ហ៊ាឈប់ឡានបានទេ?»

«ម៉េចក៏ចង់ឈប់ឡានកណ្តាលផ្លូវចឹង? មិនល្អទេអូនអាចមានគ្រោះថ្នាក់។»

«ខ្ញុំដូចជាឈឺពោះ ចង់ចុះបត់ជើង។»

«អូនឈឺពោះ ឬក៏ចង់គេចពីពួកបង?»

«ខ្ញុំ…»

«យ៉ាងម៉េចឆ្លើយលែងចេញហើយ?»

«ខ្ញុំសង្ស័យថាពួកហ៊ាកុហកខ្ញុំ។ ខ្ញុំចង់ចេញពីឡាននេះ។»

រថយន្តក៏ឈប់អែបកៀនផ្លូវ។​ ដាវ៉ាន់រៀបចំស្ពាយកាតាបនាងជាប់ស្មា បំណងចុះពីឡាន។​ តែ…

«ឡានឈប់មែន តែអូនគិតថាអាចចាកចេញស្រួលៗឬ? មែនបងកុហកអូន! បងកុហកអូនថាអាមេឃវាទៅកំពង់សោមមុន តាមពិតបងក៏មិនដឹងថាវានៅទីណាដែរ។ បងធ្វើនេះក៏ព្រោះស្រលាញ់អូន។ បងចង់បានអូន។»

ហ៊ាឆាយនិយាយដោយប្រើកែវភ្នែកមុតស្រួចសម្លឹងទៅនារី។​ គេហាក់ដូចជាប្រុងប្រៀបខ្លួនរួចរាល់ក្នុងការប្រមាញ់ខ្លួនប្រាណនាង។​ ស្ថានភាពដាវ៉ាន់នាពេលនេះមិនខុសអីពីកូនចៀមកម្សត់មួយក្បាលនៅក្នុងចំណោមហ្វូងចចកទេ។

«ស្រលាញ់ខ្ញុំ តែខ្ញុំអត់ស្រលាញ់ហ៊ាទេ! ខ្ញុំស្រលាញ់បងមេឃម្នាក់គត់។​ ហ៊ាមានលុយច្រើន មិនខ្វះទេស្រីស្អាតៗចោមរោម។ ហ៊ាលើកលែងឱ្យខ្ញុំម្នាក់ទៅ។»

ស្រស់ស្រីនិយាយអង្វរខណៈដៃទាំងពីររបស់នាងប្រឹងបើកទ្វារឡាន។ គួរឱ្យសោកស្តាយណាស់ ហេតុផលទាំងនេះមិនបានចូលទៅក្នុងត្រចៀករបស់ព្រានកំណាចល្មោភតណ្ហាទេ។ ហ៊ាឆាយបែរជាបើកភ្នែកធំ ហើយរំកិលចូលទៅកៀកខ្លួនស្រី។

«អូនគួរតែត្រេកអរដែលបងពេញចិត្តចង់បានអូន។ បងមានលុយ អូនកំដរបងតែពីរបីយប់យកលុយចាយមិនអស់។ ទៅស្មោះអីនឹងអាមេឃក្ររហាមហ្នឹង។ តែបើអូនស្រលាញ់វាមែន​ អូនឱ្យបងស៊ីឱ្យអស់ចិត្តហើយចាំទៅនៅជាមួយវាក៏បានដែរ។ វាគ្មានទៅដឹងស្អីទេ។ បងចង់ប្រាប់ថា អាវុធរបស់បងធំមាំជាងរបស់វាឆ្ងាយណាស់ ព្រោះបងហ្វឹកហាត់រាល់ថ្ងៃ។»

«ថោកទាប!»

នាងទះកំផ្លៀងបិសាចតណ្ហាមួយដៃផាំងនិងព្យាយាមប្រើដៃទាំងពីររុញច្រានខ្លួនព្រានចេញឆ្ងាយពីប្រាណស្រី។ ខណៈនេះរាងកាយនាងកំពុងញ័រញាក់ដោយអំណាចកំហឹងពេញខ្លួន។ ហ៊ាឆាយយកដៃអង្អែលថ្ពាល់ក្រោយពេលត្រូវមួយដៃរបស់នារី។ នាយស្រាប់តែសើចខឹកៗឡើងហាក់ហួសចិត្តនឹងទង្វើដ៏ព្រហើនរបស់ដាវ៉ាន់។

«នេះជាលើកទីមួយដែលមនុស្សស្រីហ៊ានទះកំផ្លៀងបង។ ល្អណាស់ ស្រាអញ្ជើញមិនចង់ផឹក អូនបែរជាចង់ផឹកស្រាពិន័យ។ បាន! ចាំបងកំដរអូន។»

និយាយចប់សឹងមិនទាន់ហ៊ាឆាយហក់សង្គ្រប់មួយទំហឹងទៅលើខ្លួនប្រាណដ៏តូចច្រឡឹងរបស់នារី។​ នាងប្រឹងរើបម្រះណាស់ដែរ តែកម្លាំងភេទស្រីទន់ខ្សោយរបស់នាងមិនអាចរុញច្រានខ្លួនប្រាណប្រុសព្រានឱ្យចេញឆ្ងាយបានឡើយ។ បិសាចតណ្ហាចាប់ដៃទាំងពីររបស់នាងសង្កត់ជាប់ រួចថើបឈ្មុសឈ្មុលញក់ញី។

«អូយ!»

នាយឆាយងើបខ្លួនឡើងដោយមានឈាមនៅជាប់បបូរមាត់។

«ហ៊ានខាំអញផងអីស្រីល្អ! ហ៊ឹស យកទៅ…»

នាយបញ្ជូនកណ្តាប់ដៃដ៏ធ្ងន់មួយដៃចំពីលើពោះនារី។ ទឹកភ្នែកនាងក៏ស្រក់ហូរជោកថ្ពាល់ដោយអំណាចនៃការឈឺចាប់។​ នាងលែងមានកម្លាំងអីតបតនឹងបិសាចកំណាចទៀតហើយ មានតែបណ្តោយឱ្យអានរកនេះប្រព្រឹត្តតាមអំពើចិត្ត។

ហ៊ាឆាយលូកយកទូរស័ព្ទពីក្នុងហោប៉ៅខោរបស់ខ្លួនរួចហុចឱ្យទៅហ៊ាគួងព្រមទាំងនិយាយ៖ 

«ថតវីដេអូផងវើយ! សារ៉េម៉េចឱ្យបានប្លង់កប់ៗ។»

ហ៊ាគួងលូកដៃទទួលទូរស័ព្ទ។ ហ៊ាឆាយចាប់ផ្តើមសកម្មភាពថោកទាបរបស់ខ្លួន។ គេចាប់ផ្តើមដោះខោអាវចេញពីខ្លួនដាវ៉ាន់​ រួចដោះខោអាវរបស់ខ្លួនចោល។ ក្នុងសភាពងងឹតដ៏ស្ងប់ស្ងាត់នៅលើដងផ្លូវតំបន់ភ្នំ ហាក់ដូចជាគ្មាននរណាម្នាក់បានដឹង បានឮពីការឈឺចាប់ឥតគណនារបស់នាងឡើយ។ សំឡេងស្រែកឱ្យគេជួយខ្សាវៗរបស់នាង មិនមានអំណាចអ្វីអាចឱ្យបិសាចកំណាចតណ្ហាដែលកំពុងរុករុលលើខ្លួននាងបញ្ឈប់សកម្មភាពឡើយ។ ដៃនាងម្ខាងប្រឹងខ្ញាំកញ្ចក់ឡានបង្កើតជាស្នាមឆ្នូតនឹងចិញ្ចៀនដែលនាងពាក់នឹងម្រាមដៃ ឯដៃម្ខាងទៀតប្រឹងខ្ញាំពូកឡានបណ្តាលឱ្យដាច់ដោចតិចតួច។ ទិដ្ឋភាពក្នុងរថយន្តដ៏ព្រៃផ្សៃនេះកំពុងត្រូវបានថតទុកក្នុងទូរស័ព្ទដោយមិត្តសម្លាញ់របស់ព្រានតណ្ហា។ ពួកគេនេះមិនមែនជាមនុស្សទេ។ បើជាមនុស្សមែនម្ល៉េះមិនដាច់ចិត្តអង្គុយមើលការឈឺចាប់របស់នាងឡើយ។

«ពួកអ្ហែងនៅអង្គុយមើលដល់ណាទៀត? ចូលមក បូកទើបសប្បាយ។»

ឱព្រះ! អាបិសាចថោកទាបនេះ វាប្រព្រឹត្តម្នាក់ឯងមិនឆ្អែតឆ្អន់ វាហៅទ័ពនរកវាមកចូលរួមទៀត។ បានដូចចិត្ត បរិវារទាំងពីររបស់វាក៏ដោះខោអាវចេញពីខ្លួនអស់ រួចចូលទៅរំដោះតណ្ហាដ៏ងងឹតងងុលរបស់ខ្លួនយ៉ាងឃោរឃៅព្រៃផ្សៃបំផុត។

រំលងមួយសន្ទុះ គេឮសំឡេងបិសាចតណ្ហាទាំងបីនាក់ដកដង្ហើមវែងៗហត់គឃូស។

«អាគួង ម៉េចក៏អ្ហែងដៃធ្ងន់ម៉េស ច្របាច់កនាងទាល់តែដាច់ខ្យល់ មិនទុកឱ្យអញដល់ត្រើយសិនទេ។ អាប្រកាច់នេះ! ឥឡូវយើងគិតដោះស្រាយម៉េច?» ហ៊ាហេងនិយាយទាំងដកដង្ហើមមិនចង់ដល់គ្នា។

ហ៊ាឆាយដែលជាមេបិសាចតណ្ហាផ្លាស់ខ្លួនមកអង្គុយនៅកៅអីខាងមុខ។​ គេលូកដៃយកភេសជ្ជៈប៉ូវកម្លាំងមួយកំប៉ុងមកគាស់ផឹក រួចនិយាយទាំងគឃ្លើនថា៖ «កុំទៅខ្វល់! ដល់ជ្រោះខាងមុខ ពួកអ្ហែងសែងខ្មោចនាងទម្លាក់ជ្រោះទៅ គ្មានអ្នកណាដឹងទេ។​ បើមានគេរកខ្មោចនាងឃើញ ចាំអញប្រើលុយញាត់មាត់។ ខ្នងធំប៉ុនប៉ាអញហើយ ទៅបារម្ភអី។»

ចប់