«ឈប់បន្តិចសិនបានទេ! ខ្ញុំទៅលែងរួចហើយ!»
បុរសដែលមានជំហានមាំដូចជាដំរីសារ ហាក់ឈប់ដំណើរបន្តិចមែន អមជាមួយនឹងការសើចតិចៗចំអករង្គើស្មាគេសងខាងដែលស្រីថ្លៃកំពុងតោង។
គេផ្អៀងក្បាលមើលតែបន្តិច តែអារម្មណ៍វិញកំពុងរាយមាយជាមួយរាងកាយស្រីល្អដែលនៅទ្រោបពីលើខ្នងគេ។
«អ្នកណាជាអ្នកយោងឱ្យប្រាកដនៀក?»
សម្តីស្រាលៗធ្វើឱ្យស្រីស្អាតដែលមិនបានរវល់ មិនខ្មាសអៀននឹងការតទល់រាងកាយមកលើខ្នងគេទាំងស្រុងនេះ នៅតែបន្តរវល់ជាមួយភាសាតវ៉ា៖
«ខ្ញុំ….តោងលែងចង់ជាប់ហើយ!…..ជើងខ្ញុំរបួស….ជើងខ្ញុំត្រូវគ្រាប់ហើយ!»
រៀមរ៉ា ដែលមុននេះយោងប្អូនស្រីឡើងពីក្នុងទឹកទម្រាំដើរមកដល់ដីគោក គេគ្មានពេលសម្រាប់គិតរឿងរបួសលើរាងកាយនាងទេ ពេលនេះប្រុសស្រាប់តែដំអក់បន្តិចរង់ចាំស្ដាប់នាងដោយយកចិត្តទុកដាក់ ហាក់បីដូចជាកំពុងព្រួយបារម្ភ។
«ទ្រាំបន្តិចទៅ….ជិតដល់ហើយ!»
គេបោះជំហានមួយហើយមួយទៀតកំពុងឆ្ពោះទៅរកយានរលោងមួយចតសំកាំងចាំពីចម្ងាយ។ ស្រីមើលទៅទិសដៅដែលនៅពីមុខ។ កណ្តាលភាពស្រពេចស្រពិលក្បាលងោកងុយ កម្លាំងខ្សោះ នាងឃើញជំនិះនោះ វាមានកង់ ប៉ុន្តែមើលយូរទៅដូចជាមិនមែនឡាន។
«កន្ទុំរុយ?»
នាងគិតម្នាក់ឯងក្នុងចិត្តទាំងទោមនស្ស។ សូម្បីពេលនេះក៏នាងមិនដឹងថា ឧទ្ធម្ភាគចក្រមួយឯកដែលប្រុសស្អាតបានលើកបីនាងមកពីភ្នំពេញ ឥឡូវនេះគេនឹងនាំនាងដោយមធ្យោបាយដដែលបកមកកន្លែងដើម។
ឥន្ត្រាបង្កើនល្បឿន សឹងតែអ្នកហែហមពីរនាក់ត្រូវរត់មកតាមនាយទើបទាន់។ ជាមួយរាងកាយមនុស្សស្រីលើបន្ទុក គេនៅតែអាចចល័តលឿន ហាក់បង្អួតកម្លាំងដ៏អាថ៌កំបាំងរបស់គេ។
«ហេតុអីចៅហ្វាយក្រោកពីឈឺមក ខ្លាំងម្ល៉េះអាអឿន!»
«ខ្ញុំឃើញអ៊ីចឹងដែរបង! គាត់ត្រូវថ្នាំអី?»
កល្យាណីស្តាប់ឮពាក្យសាសង តែនាងល្វើយណាស់។ អារម្មណ៍នេះ ខ្សោយយ៉ាងណានៅនឹកដល់ពាក្យសម្តីប៉ារបស់គេ។ គេបានឆ្លងកាត់គ្រោះថ្នាក់លើទឹក ដែលធ្វើឱ្យគេដេកជាមនុស្សរុក្ខជាតិមួយរយៈពេលវែង ក្រោកមកវិញបែបនេះហើយ គឺជាមនុស្សថ្ម មនុស្សទឹកកក គាត់សុំឱ្យនាងអភ័យដល់គេ តែគាត់មិនដឹងទេថា គេជម្រត់នាងទៀតហើយ។
«ប៉ាខ្លួន…..សន្យា….រួចហើយ….»
នាងចរចាទៅមុខលែងរួច ដង្ហើមខ្សោយ…..ហត់។
«ចង់ទៅភ្នំពេញមែន?!»
គេសួរទាំងតម្រង់ទៅលឿនជាងមុន ហាក់បីដូចជាពន្លឿនតាមដង្ហើមហប់នៃជីពចរស្រីល្អ។ ខ្យល់ដង្ហើមគេ ស្មា ដំណើរ កម្លាំងដៃគេទប់មកក្រោយលើត្រគាកនាងចង្កេះនាងដូចជាបាតដៃដែក។
«យើងទៅណា?!» នីយ៉ាខំងើបមុខសួរ ព្រោះឮពាក្យភ្នំពេញចេញពីមាត់គេ។
ពាក្យ«យើង»ធ្វើឱ្យបេះដូងបុរសដូចជាមានអារម្មណ៍ថាចម្លែក។ ជីវិតឯកោមួយធ្លាប់ឮពាក្យ«យើង»ពីណាមក?
ពេលនេះក្រៅពីមានកាយស្រីនៅលើខ្នង គេថែមទាំងមានឈ្មោះរបស់នាងនៅក្នុងបេះដូងនេះផងដែរ។
«ប្អូនប៉ូលិស ពេលនាងទៅដល់ក្រុងធំ នឹកមនុស្សដែលធ្វើមិនល្អដាក់នាងលើកោះដាច់សង្វែងនេះដែរទេ?!» គេគិតម្នាក់ឯងជាមួយដង្ហើមស្មើគ្មានសញ្ញាហត់នឿយ។
«ឮ…ខ្ញុំសួរដែរ…ឥន្ត្រា?» នាងថាហើយបិទភ្នែក។ ដង្ហើមស្រីមិនល្អទេ គេទទួលអារម្មណ៍ដឹង ប៉ុន្តែ
ពាក្យហៅរបស់នាង សែនមានឥទ្ធិពលមកលើទ្រូងប្រុស។
«ស្គាល់ ឈ្មោះនេះ ពីណាមក?»
បុរសឆ្លៀតសួរសូម្បីតែពេលមិនគួរសួរ សូម្បីតែពេលដែលខាងស្រីបើកភ្នែកផង បិទភ្នែកផង ដោយសារតែអស់កាយពលរលីង។ ប៉ុន្តែ….ដោយស្រីពិតជាចង់ដឹងថា តើគេយកនាងទៅណា ហើយជំនិះសំកាំងចាំនៅខាងមុខឆ្ងាយមួយនោះ សម្រាប់នាងឬក៏យ៉ាងណា….ស្រីបន្តខំឆ្លើយឆ្លងចរចា៖
«ឈប់ធ្វើបាបខ្ញុំទៅ!…..ខ្ញុំជិតស្លាប់ហើយ! មុនក្រោយ….គង់តែខ្លួន…..បានសប្បាយចិត្តទេ!….ហើយ….»
តរុណីស្រាប់តែស្ងាត់មាត់ផ្អាកវាចាកណ្តាលទី។
នរៈបង្អន់ល្បឿនពេលគេទទួលអារម្មណ៍ថានាងទ្រោបមកលើគេធ្ងន់ជាងមុន បានន័យថា នីយ៉ាលែងមានលទ្ធភាពអាចជួយខ្លួនឯងបានតទៅទៀត…..នៅក្នុងការឆ្លើយឆ្លងជាមួយគេ។ នេះមិនមែនជាសញ្ញាល្អឡើយ។ គេផ្អៀងកបន្តិចមកមើលសភាពស្រីស្អាតនៅលើខ្នង ដៃនាងរបូតសន្សឹមៗចេញពីការខ្ញាំស្មាគេ។
«ទ្រាំឡើងប្អូនប៉ូលិស!»
ស្រីប្រឹងបើកភ្នែកឡើងវិញសម្លឹងទៅមុខ ប៉ុន្តែពេលនេះបើកភ្នែកក៏ព្រិលដូចមិនបើក មើលអ្វីមិនឃើញ ឃើញតែកង់បន្តិចក៏រលត់ ឃើញតួយានបន្តិចក៏រលត់។
នៅក្រោមធាតុអាកាសត្រជាក់ឡើងក៏ជាពេលដែលនាងខ្សត់ខ្សោយឡើងៗជាលំដាប់ដែរ ចំណែកស្រទាប់ខ្យល់កួចត្រូវកង់ឧទ្ធម្ភាគចក្រប្រមូលមកជះលើពួកគេកាន់តែខ្លាំងឡើងដែរ នាំទាំងគ្រាប់ខ្សាច់ខ្លះមកផង។
នីយ៉ានៅអាចនិយាយបាន ប៉ុន្តែមើលលែងច្បាស់។ ស្រីមានសំណួរជាច្រើន ដូច្នេះនាងត្រូវខំសួរ៖
«ព្រមទេ?….ឱ្យខ្ញុំទៅបងប្រុសខ្ញុំវិញ? អ្ហះ?»
ព្រោះដឹងថា នាងខ្សោយណាស់ហើយតាមរយៈសព្ទសំឡេងរវើរវាយនេះ គេលែងសួរនាំឆ្លើយឆ្លងច្រើន គេបានត្រឹមតែបន្តដំណើរឱ្យកាន់តែឆាប់តម្រង់គោលដៅ។
ជំពូក
ស្នាមរបួស
ម៉ោងពីររំលងរាត្រីហើយ…..យូរៗម្តង រាជធានីនេះនៅតែលាន់រំពងដោយសូរចរាចរណ៍នៃក្រុមមនុស្សមិនចេះក្រែងចិត្ត…..
នរៈខ្ពស់ស្រាវឈរក្បែរបង្អួចស្តាប់ទូរសព្ទឪពុក។
«គេមិនអីទេ!….នៅក្នុងដៃរបស់ខ្ញុំ! ឥឡូវនេះ ដាក់ឱ្យគេងនៅក្នុងអាផាតមិនក្រុមសាម៉ោះរកឱ្យ! អត់មានអីទាំងអស់ប៉ា….ខ្លួនប្រាណប៉ះពារតិចតួចមានស្នាមជាំខ្លះ….អត់មានរបួសជ្រៅទេ!»
«កូនគិតទាក់ទងបងប្រុសគេពេលណា?!»
ត្រូវឪពុកសួរមក គេដៀងសម្លឹងរាងកាយស្តូកស្តឹងរបស់ស្រីល្អ។
«រង់ចាំខ្ញុំនិយាយច្បាស់ល្អជាមួយគេសិនប៉ា…ថាគេនឹងលាក់រឿងរបស់ពួកយើងរបៀបណា! បើទំនង ខ្ញុំនឹងឱ្យសេរីភាពគេ!»
«អូខេ» សំឡេងម៉ឺនយូហាក់ធូរចិត្តច្រើន។ មិនមែនអ្វីប្លែកទេ ដែលគាត់មានបុរសទឹកកកចាត់ការគ្រប់យ៉ាងពីចម្ងាយនេះឱ្យ មិនដូចកូនពៅដែលមិនបានការនិងបង្កបញ្ហាមិនងាយចប់។
«មួយទៀតកូនប្រុស!»
«បាទ!»
«យូស៊ូនៅភ្នំពេញ!» គេដៀងភ្នែកសម្លឹងបបូរមាត់ស្រីល្អនិងទឹកមុខក្រៀមស្រពោនរបស់នាង សម្តីនាង គេនៅចាំមិនភ្លេច «គេហែលទឹកមុខរួចទេ ជើងនិងចង្កេះគេរបួស!»«ឮខ្ញុំ….និយាយអត់? គេ….គេរបួស….គេហែលទឹកមិនបានទេ….បើបោះគេចុះ គេមានតែ…..ស្លាប់! ឮនៅ? មនុស្សកំណាច! ម៉ាហ្វៀ! មនុស្សចង្រៃ!» គេទុកយើងជា….គ្រប់យ៉ាងដែលអាក្រក់ៗក្នុងចិត្តគេ យូស៊ូវិញជាមាសពេជ្ររបស់គេ។
«ពីរនាក់នេះ កុំទាន់ឱ្យជួបគ្នា!» សំឡេងឪពុកពីដែនកោះកាត់ផ្តាច់ពាក្យពេចន៍តវ៉ាក្នុងបេះដូងរៀម។
គេនៅស្ងៀមគ្មានសំណួរនោះទេ។
សំឡេងឪពុកបញ្ជាមកទៀត៖
«ហើយតាមការពារពីរនាក់ហ្នឹងតឹងរឹងជាសម្ងាត់! រឿងពួកគេជួបគ្នាបានឬមិនបាន រង់ចាំបញ្ជាបន្តបន្ទាប់ពីប៉ាសិន!»
«បាទ!»
ប្រុសច្បងគេដាក់ទូរសព្ទចុះ មុខឈ្ងោករង្គើប្រាណតិចៗសម្លឹងចុងជើងខ្លួនឯង។ ពេលនេះម៉ោងនេះ គេនៅមានបេសកកម្មបន្តបន្ទាប់ជាមួយនាង ហើយមិនទាន់ទៅណាចោលនាងបាន ចុះបើនាងទាមទាររកសង្សារតើគេធ្វើយ៉ាងណាទៀត?
ងើបមុខគយគន់ទៅរាត្រីកាល នៅខាងក្រោមមេឃនាទីក្រុងដ៏ភ្លឺចិញ្ចាចទាន់សម័យមួយ។ នៅឆ្លុះនឹងផ្ទាំងកញ្ចក់ មនុស្សស្រីនៅស្តូកស្តឹង ស្លេកស្លាំង។ ដង្ហើមនាងនៅខ្សោយសេរ៉ូមនៅព្យួរ។ ស្រីត្រូវថ្នាំគេងលក់ក្រោយពេទ្យៗទើបតែចាកចេញទៅ ជើងនាងគ្មានរបួសដូចដែលនាងគិតនោះទេ វាគ្រាន់តែជាការប៉ះទង្គិចដាច់រលាត់ ប៉ុន្តែគ្មានគ្រាប់សំណ ចំណែកអ្នកដែលត្រូវរងសំណពិតគឺ…..
ប្រុសឈ្ងោកមកសម្លឹងដើមដៃឆ្វេងរបស់ខ្លួន ក៏ទើបតែរុំផ្សះមុខរបួសក្រោយវះយកគ្រាប់ក្តៅចេញ។ គេមានអារម្មណ៍ចង់ដូរខោអាវយឺតនេះតែខ្លាចក្រែងថា ពេលដោះអាវទៅ នាងនឹងអាចបើកភ្នែកមកឃើញគេ….ដូច្នេះត្រូវធ្វើឱ្យប្រាកដថានីយ៉ានៅរងឥទ្ធិពលថ្នាំនៅឡើយ។
ប្រុសដើរមកក្បែរគ្រែរួចផ្តើមហៅតិចៗសាកល្បង៖
«ប្អូនប៉ូលិស! ប្អូនប៉ូលិស!»
គ្មានចម្លើយតប ឬសូម្បីកម្រើករោមភ្នែកងរខ្ទើតនោះបន្តិចណា។ ទោះយ៉ាងណា មុខមាត់ស្រីម្នាក់នេះស្រពោនគួរឱ្យកើតអារម្មណ៍ទោរទន់ចម្លែកពេកហើយ ជាអារម្មណ៍ដែលឥន្ត្រាមិនធ្លាប់មានជាមួយអ្នកណាពីមុនមកឡើយ។
គេរេភ្នែកសម្លឹងដបសេរ៉ូមនៅលើក្បាលគ្រែរបស់នាង ហើយបែរត្រលប់មកបង្អួចវិញ ប្រុសលើកដៃដែលជាប់នៅជាមួយមុខរបួសទើបជីកយកគ្រាប់ចេញដែលបន្ដឹងព្រឹត្តិការណ៍ មិនដឹងថាបានត្រូវបៀមគ្រាប់មកពីថ្មើរណាផង តើគ្រោះថ្នាក់ពីមុនបែបម៉េចខ្លះទេ បាទជាគេក្លាយជាមនុស្សគ្មានអារម្មណ៍ឈឺចាប់និងគ្មានអារម្មណ៍ថា«របួស»។
ប្រុសលើកដៃដោះអាវចេញវឹងដោយមិននឹកស្មានថានៅខាងក្រោយខ្នងស្រីតូចដែលទើបនឹងបើកភ្នែកព្រឹមៗឡើងក៏សម្លឹងឃើញខ្នងធំក្រអាញ ណែនតាន់តាប់ទៅដោយសាច់ដុំ។ ជាមនុស្សប្រុសមានកាយសម្បទា រឹងមាំហួសស្មានម្នាក់នៅសុខៗបង្ហាញខ្លួនអាក្រាតនាចុងជើងនាង។
នីយ៉ាបើកភ្នែកព្រោះបានឮគេហៅនាងពីរដង
អម្បាញ់មិញគ្រាន់តែនាងមិនទាន់ឆ្លើយបាន ហើយគេបែរជាស្មាននាងនៅសន្លប់។ ស្រីដៀងភ្នែកសម្លឹងជុំវិញខ្លួន មាណវីកម្សត់មានសំណួរច្រើន តែនាងល្វើយណាស់ ហាមិនចេញនិយាយមិនទាន់រួច។
ឃើញដបសេរ៉ូមព្យួរនាងសួរខ្លួនឯង៖
«យើងមកដល់ពេទ្យហើយមែនទេ? ម្នាក់ដែលបែរខ្នងជាបងយើងឬក៏អ្នកណាទៀត? បើមិនមែនគាត់ ម៉េចគេមកនៅហ្នឹង?»
ស្រីបិទភ្នែកទៅវិញព្រោះពិតានវិល ក្បាលនៅឈឺ ដូចជាទុកពេលគ្រប់គ្រាន់ឱ្យប្រុសស្អាត លើកអាវកំប្លេថ្មីមកគ្រងឡើង។
រៀបរយរួច គេដើរត្រឹកៗក្បែរដបទឹក លើកចាក់ដាក់កែវបម្រុងក្រេប ស្រាប់តែសំឡេងនាងលាន់មកបង្អាក់ដៃនាយ។
«ជេន!»
នាងពោលខ្សោយៗ ធ្វើឱ្យគេបែរភ្លែត។
នាងនៅបិទភ្នែកតែមាត់ស្រីកម្រើក។ នីយ៉ានៅមានសភាពខ្សោយ ធ្វើឱ្យប្រុសដើរមួយៗទៅក្បែរគ្រែទាំងមានកែវទឹកក្នុងម្រាមដៃ។ គេដាក់ទឹកលើកូនតុក្បែរមនុស្សឈឺហើយលូកដៃបម្រុងស្ទាបស្ទង់ថ្ងាស ដឹងអីស្រាប់តែនាងបើកភ្នែកខ្វាកមក ធ្វើឱ្យគេនៅគាំងដៃស្ងៀមកណ្តាលផ្លូវ។
«ចង់ធ្វើអីខ្ញុំ?»
តរុណីយើងពោលសួរដោយកែវភ្នែកហាក់ភ័យសម្លឹងប្រុសល្អត្មែរ។
ឥន្ត្រាដកដៃចេញវិញជាមួយបបូរមាត់ស្មើ។ សភាពនាងគឺនៅភ័យ គេមិនចង់បំភ័យនាងលើសនេះទេ។ គេមិនឆ្លើយរហូតដល់នាងសួរសំណួរទីពីរ៖
«ខ្ញុំនៅកន្លែងណា ចាប់ខ្ញុំឃុំទៀតហើយមែនអត់?»
សំឡេងនាងចុងក្រោយបង្អស់ ទៅជារអាក់រអួលធ្វើឱ្យអ្នកនឹកឃើញកំហុសដោយឯកឯងមិនបាច់អ្នកណាបន្ទោសទេ។ បើកុំចិត្តក្តៅរបស់គេមួយពេល ក្រមុំស្អាត់ផូរផង់ម្នាក់មិនក្លាយមកជាអ្នកជំងឺស្លេកបែបនេះដាច់ខាត។
«ភ្នំពេញ!» គេឆ្លើយខ្លីដោយទាញកៅអីមកអង្គុយចំខែងជើងនៅម្ខាងគ្រែក្បែរនាងតែម្ដង។
ពាក្យភ្នំពេញជាឱសថទិព្វសម្រាប់នាង ពាក្យនេះពិតជាកំពុងព្យាបាលរបួសចិត្តឱ្យនាងបណ្តើរៗយ៉ាងមានប្រសិទ្ធិភាពពិតមែន។ ចម្លែក នាងអរតែភ្នែកស្រស់ប្រផូរទាំងគូផ្តោតមកសម្លឹងមុខគេ ដូចជាចង់មើលហើយមើលទៀតថា គេនេះលែងសើចជាមួយនាងឬក៏និយាយពាក្យពិត។
ឥន្ត្រាវាយចិញ្ចើមមួយតបនឹងកែវភ្នែកស្រីថ្លៃ ដូចចង់ប្រាប់ថា«ចង់ម៉េចទៀត?»។
ធម្មតាប្រុសច្បងជាមនុស្សមិនចូលចិត្តឆ្លើយតបសំណួររបស់អ្នកណាទេ ពិសេសចម្លើយដែលគេមិនចាំបាច់ត្រូវឆ្លើយ។ ប៉ុន្តែកាលៈទេសៈនេះ ឃើញអតីតចំណាប់ខ្មាំងហាក់ខកចិត្តដែលក្រោកមកវិញ អស់សង្ឃឹមពេលឃើញវត្តមានខ្លួន គេនឹកឃើញចង់សម្រាលចិត្តឱ្យ។
រាងកាយនាងសន្លប់បីលើកហើយចាប់ពីគេនឹងនាងប៉ះគ្នាក្នុងសណ្ឋាគារនោះ ហើយរាល់ពេលដឹងខ្លួនក្រោកឡើងមកកាលណាក៏ឃើញនៅជាមួយគេ ម្តងក្នុងគុកឥតមេត្តារបស់គេ ម្តងលើគ្រែក្នុងផ្ទះចុងឆ្នេរ ម្តងនេះនៅភ្នំពេញក៏នាងនៅតែត្រូវប្រឈមនឹងគេ។
«ពេលណាចេញឱ្យផុតពីជីវិតខ្ញុំ?»
នាងថាហើយបែរទៅចំហៀងម្ខាងគេចចេញពីភ្នែកគេទាំងឱបដៃរលីងរលោងរអាក់រអួល។ សំណួរចាក់ដោតមួយនេះ បែរជាមានចំហាយឈឺតិចៗក្នុងបេះដូងជនឯកោ វាឈឺជាងគ្រាប់សំណដែលគេរបួសព្រោះរត់លូនលើផ្ទៃជលសារំដោះជីវិតនាង។
«គង់តែទៅទេ!» គេឆ្លើយតិចៗ ប៉ុន្តែពេលដែលនាងនៅយំខ្សឹកខ្សួលគេហាក់មិនអស់ចិត្ត។ ប្រុសទឹកកកបែរជានិយាយច្រើនលើសពីធម្មជាតិរបស់គេ។
«ហើយ….អត់ចង់ឃើញគ្នាអីបន្តិចមែន!»
ស្រីហួសចិត្តនាងឈប់យំស្រវាជូតទឹកភ្នែក។ មិននឹកស្មានថា មនុស្សនេះរកពាក្យនេះមកនិយាយបាន?
មិនអស់ចិត្តប្រុសប្រាណវាចាមកថែមខ្សាវៗ៖
«តិចពេលបែកគ្នា នឹកគ្នាណា៎ប្អូនប៉ូលិស!»
«យកសំណួរនេះសួរខ្លួនឯងទៅ? ហើយ…..បើថ្ងៃណាមួយរកឃើញថា ក្នុងលោកនេះមានមនុស្សដែលនឹក ក៏កុំភ្លេចជួយប្រាប់ៗខ្ញុំផង ខ្ញុំចង់ទៅសួរគេ ព្រោះទ្រាំមិនសរសើរមិនបាន!»
ស្រីស្អាតដកខ្យល់ និយាយហត់សឹងថា ដង្ហើមចង្រិតនៅតែតវ៉ាមកថាស្តីឱ្យគេ បំណងចង់ឱ្យគេឈឺ តែគេមិនឈឺបែរជាមានចិត្តរីករាយដោយសម្ងាត់។ ប្រុសមិនមាត់មិនកតែ ក្រសែភ្នែកនៅផ្តោតសម្លឹងនាងស្រទន់។
មនុស្សនេះមានចិត្តសាហាវយ៉ាងណានាងចាំបាន ចិញ្ចៀននាងគេគប់ចោលមិនព្រេចភ្នែក ប្រាណនាងគេបោះបោកដូចគ្មានវិញ្ញាណ ស្រីឃើញកែវភ្នែកគេពេលណា មានស្នេហាឯណាមក មានតែភ័យព្រឺព្រួច នឹកថាល្ខោនអីទៀតដែលគេកំពុងគិត។
«ជើងអត់មានត្រូវគ្រាប់ទេ កុំបំភ័យខ្លួនឯង!»
នីយ៉ាបើកភ្នែកធំៗរេភ្នែករកមើលសម្លឹងអវៈយវៈខ្លួនឯងពីលើដល់ក្រោម។ ជាមួយការចងចាំហេតុការណ៍ឡើងវិញបណ្តើរៗ នាងបែរខ្នងដាក់គេម្ដងទៀត ដោយចង់លួចមើលទៅក្នុងភួយថា ខ្លួនស្លៀកអីពាក់អី ព្រោះបើកភ្នែកមុននេះ ហាក់ឃើញខាងប្រុសដោះខោអាវ។
«អូយ! ឈុតថ្មីទៀតហើយ លោកព្រះ!»
ស្រីបិទភ្នែកព្រោះឃើញកាយគ្រងឈុតផ្សេង។ មិនឃើញមាននារីឥស្លាមនៅក្បែរនេះ តើអ្នកណាផ្លាស់ឱ្យ?
នារីឥស្លាមម្នាក់ បានបោកបញ្ឆោតយកទៅប្តូរជីវិតនៅលើទូកកុហកថាជាបងប្រុស នៅពេលដែលខ្សែជីវិតគ្រប់គ្រងក្រោមកាណុងកាំភ្លើងរបស់ជនជាតិថៃ នាងមិនគិតថានឹងបានរស់មកវិញទេ ឥឡូវនេះ គ្រប់យ៉ាងធ្វើឱ្យនាងនឹកឃើញវិញ ភាពផុយស្រួយនៃការបាត់បង់ជីវិតនិងព្យុះនៃគ្រាប់សំណកំពុងពង្វក់នាងឱ្យស្លុងភ័យ។
«ធ្វើរឿងល្អមួយបានទេ ហៅបងប្រុសខ្ញុំ បងជេនឱ្យមកទទួលខ្ញុំផង!»
ប្រុសនៅស្ងៀមពេលនាងស្ទុះក្រោកអង្គុយ។
«ខ្ញុំត្រូវការជួបគាត់ ឮអត់មនុស្សទឹកកក?»
គេញញឹមតិចតួចហើយឆ្លើយតទល់ទៅនឹងកែវភ្នែកនីយ៉ា៖
«ហើយ….នឹងអាលឱ្យបងប្រុសមក ចាប់ខាងណេះដាក់គុក?»
ស្រីឮពាក្យនេះកាលណា នៅស្ងៀមទ្រឹងភាំងសម្លឹងគេភ្លឹះៗ គឺសម្លឹងប៉ះគ្នាចូលក្នុងកែវភ្នែកជ្រៅសន្លឹមរបស់គេ។ មនុស្សនេះ ពិតជាប៉ិនធ្វើមុខស្មើដូចអត់ចិត្ត។ សប្បាយក៏មិនបង្ហាញ ខឹងក៏អត់ក្រោធ។
«ខ្ញុំសន្យានឹងអ៊ំប្រុស….រួចហើយ!»
«មនុស្សនៅភ្នំពេញនិយាយយកជាការបានទេ?»
«ហេតុអីចាំបាច់រើសអើងអ្នកភ្នំពេញអ្នកកោះអីទៅ?!»
នាងដំឡើងសំឡេងធុញថប់នឹងភាពនឹងនររបស់គេ។ ស្រាប់តែគេតបតមកវិញស្រទន់មួយៗ៖
«ហាមដាច់ខាតមិនឱ្យនិយាយរឿងកោះ!»
«មនុស្សខ្លួនផ្ដាច់ការរបៀបហ្នឹងមិនចង់និយាយអីជាមួយទេ!»
«ម៉េច? បើព្រម ខ្ញុំហៅបងប្រុសមក! ប៉ុន្តែ….ត្រូវច្បាស់លាស់គ្នាសិន!»
«ច្បាស់រឿងអី?» នាងសួរតបទាំងប្រញាប់ឱ្យកិច្ចចរចានេះឆាប់ចប់។ ខាងប្រុស គេចង់ប្រាប់ថា នាងត្រូវការពារសុវត្ថិភាព ហើយនៅក្រោមការគ្រប់គ្រងរបស់កម្លាំងគេ ឬបងគេ….ប៉ុន្តែគេខ្ជិលនិយាយ ព្រោះនាងមានតែកែវភ្នែកមិនពេញចិត្ត ជាការតបស្នងសងមក។ សូម្បីគ្រានៅលើខ្នងប្រុស នាងយំរំអួយ នាងដង្ហក់ នាងជិតផុតដង្ហើមក៏នាងភ្លេច។
«មនុស្សស្រី!»
គេគិតម្នាក់ឯងទាំងទឹកមុខស្ងួត តែគេមិនស្តាយក្រោយទេ ដែលបានជួបនាង។
ស្រីច្រត់ដៃប្រឹងចុះមក ប្រុសក៏ស្ទុះក្រោកមកប្រុងជួយគ្រាហ៍ ប៉ុន្តែបែរជាត្រូវនាងពេលរលាស់ដៃចេញ។
ប្រុសស្អាតនៅតែមានៈចាប់នាង ហាក់ចង់ឱ្យដឹងថាដែលនាងឈរ អង្គុយលើដៃគេ ភ្លៅគេ ខ្នងគេគ្រប់ទីតាំងលើរាងកាយរបស់គេ នាងចង់ប្រើពាក្យ«ភ្នំពេញ»មួយនេះមកបំភ្លេចចោល វាមិនងាយទេ។
ទោះគេជាមនុស្សប្រុសមានចិត្តមានៈ ក៏គេមានៈដោយទន់ភ្លន់ដដែល។
ព្រោះមិនអាចរើរួច ស្រីក៏ទ្រាំតាមហ្នឹងទៅទាំងភ្លេចទៅហើយថាបាននៅលើខ្នងគេសឹងស្អីៗប៉ះពាល់ជាមួយគេផ្ទាល់ទាំងអស់ មិនអៀន បែរជាមកធ្វើស្អប់ខ្ពើមគេចគ្នាអីពេលនេះពិតជាដូចពាក្យចាស់ថាដល់ត្រើយសើយគូថ?
បុរសគិតម្នាក់ឯង ប៉ុន្តែមិននិយាយចេញមកទេ។
គេតាមសម្លឹងមនុស្សស្រីរាងតូចស្ដើងដែលដើរល្វើយៗទៅក្បែរបង្អួចសម្លឹងទៅលំហមេឃពីលើរាជធានីភ្នំពេញនាអាធ្រាត្រទាបភ្លឺ។
«OMG»
នាងភ្លាត់មាត់ដោយអំណរពិតៗ។
សម្លឹងនាងពីក្រោយ សុភមង្គលនាង គឺជាអ្វីមួយធ្វើឱ្យបេះដូងគេកម្រើកសប្បាយ។
សម្រាប់ប្រុសម្នាក់ កំពុងនៅក្នុងបន្ទប់ស្ងាត់ជាមួយមនុស្សស្រីដែលគេចង់ឃើញបំផុតនៅលើលោក មិនដឹងថា តាំងពីអង្កាល់មកទេ ពេលឃើញនាង គេចាប់ផ្ដើមអត់ធ្មត់បែបសព្វបែបយ៉ាងចំពោះមុខនាង មិនអន្ទះសា មិនក្រោធខឹង មិនសោះកក្រោះ។
មិនដឹងថាដោយសារបេះដូងគេទទួលស្គាល់កំហុសដែលបានជ្រុលជាចាប់នាងខុស យកទៅធ្វើទុក្ខបុកម្នេញ ឬមួយក៏មកពីបញ្ជារបស់ប៉ាគេហើយគេត្រូវតែមានកាតព្វកិច្ច?
ពិនិត្យឃើញច្បាស់ថាជាភ្នំពេញហើយ នីយ៉ាបែរមករកគេវិញដោយទឹកមុខញញឹមដូចភ្លេចអស់នូវបណ្តាសម្ដីគំរោះគំរើយនិងស្អប់គ្នា។
«ខ្ញុំចង់ទូរសព្ទ!»


