រឿង៖ ឆ្មាខ្មៅ

          គ.ស ២០២០

          ម៉ោង៤រសៀល Pet Store…

          អេន ជាឈ្មោះរបស់ខ្ញុំ។ ខ្ញុំមានអាយុ២១ឆ្នាំ ជាមនុស្សស្រីដែលមានចំណូលចិត្តចិញ្ចឹមសត្វ ជាពិសេសគឺសត្វឆ្មា។

          «ជេអេនហា ស្រលាញ់អូនទេ?»មិត្តរបស់ខ្ញុំឈ្មោះ សាយ៉ា និយាយមកកាន់ខ្ញុំដោយលើកកូនឆ្មាតូចមួយមកកាន់ដោយចាប់ជើងមុខរបស់វាបក់តិចៗបង្ហាញមកកាន់ខ្ញុំ។ សាយ៉ាជាឈ្មួញកណ្ដាលម្នាក់ នាងប្រកបរបរលក់សត្វចិញ្ចឹមជាច្រើនប្រភេទ។

          «នេះជាកូនពូជថ្មីមែនទេ? មើលទៅគួរឱ្យស្រលាញ់ណាស់»ខ្ញុំលូកដៃទៅត្រកងបីកូនឆ្មាមួយនោះដោយថ្នាក់ថ្នមបំផុត។

          «អឺ ពូជអ៊ីតាលីណាឯង»សាយ៉ាអង្គុយចុះ។

          «ហើយពូជល្អយ៉ាងនេះឯងយកវាមកតាំងពីកាល? ម៉េចបានជាខ្ញុំមិនដឹងបែបនេះ?»ខ្ញុំក្រោកដើរទៅរកចំណីឆ្មាមួយកញ្ចប់យកមកឱ្យឆ្មានោះស៊ី។

          «ឯងកុំខ្វល់ថាយកពីពេលណា ទិញពីអ្នកណា សំខាន់ឯងត្រូវដឹងឆ្មាខ្មៅអ៊ីតាលីស្រស់ស្អាតប៉ុនណា ថ្លៃប៉ុនណាទេ»សាយ៉ាទាញទូរសព្ទយកមកចុចៗ​ អូសចុះឡើង។

          «អេ!»ខ្ញុំងាកទៅសាយ៉ា «ម៉េចឆ្មានេះអត់ស៊ីចំណីអ៊ីចឹង?»

          «វាស៊ីឆ្អែតហើយ យើងទើបដាក់ឱ្យមុនហ្នឹងទេ»សាយ៉ាហុចទូរសព្ទមកឱ្យខ្ញុំមើល។ នាងព្យាយាមបង្ហាញខ្ញុំពីតម្លៃដែលត្រូវនឹងទំហំរបស់ឆ្មាមួយក្បាលនេះ។

          «ហា ជាង១ម៉ឺនដុល្លា?»ខ្ញុំផ្ដើមភ្ញាក់ផ្អើលនឹងតម្លៃដ៏មហាសាលរបស់សត្វឆ្មាមួយក្បាលដែលមានពណ៌ខ្មៅរលោង ប្រស្រីភ្នែកខ្មៅដូចជារោម រលោងដូចជាប្រេង បង្កប់នូវកែវភ្នែកពណ៌ក្រហមស្រស់ដូចម្ទេសទុំ។

          «យើងថាឯងមិនមានលុយទិញឆ្មានេះទេ»សាយ៉ានិយាយរួចក៏លូកដៃមកកាន់យកកូនឆ្មាពណ៌ខ្មៅនោះយកទៅវិញ«កូនមាសម្ដាយ ហេតុអ្វីបានជាម៉ាក់មានសំណាងម្ល៉េះដែលមានកូន?»

          «យើងក៏មិនទិញឆ្មាអីថ្លៃម្លឹងៗដែរ ឆ្មាយើងជាងដប់ក្បាលនៅផ្ទះយើងស្រលាញ់មិនអស់ផង ចាំបាច់មកចំណាយលុយទិញឆ្មាឯងតម្លៃរាប់ម៉ឺនដុល្លា»ខ្ញុំមានអារម្មណ៍ហាក់អន់ចិត្តនឹងសាយ៉ាណាស់ដែលនាងនិយាយលេងបន្លំមើលងាយខ្ញុំបែបនេះ។

          «អឺ យើងយកកូនយើងទៅឱ្យដេកសិនហើយ»សាយ៉ាដើរចេញទៅដោយលើកូនឆ្មានោះឡើងនិងនិយាយជាមួយឆ្មានោះថា«កូនសម្លាញ់ ម៉ាក់ជិតក្លាយជាអ្នកមានហើយ»។

          នេះសាយ៉ាបម្រុងលក់ឆ្មានេះក្នុងតម្លៃជាង១ម៉ឺនដុល្លាពិតមែនឬ? តើឆ្មាខ្មៅមួយក្បាលនេះមានតម្លៃថ្លៃដល់ថ្នាក់នេះមែនទេ? មានអ្នកហ៊ានចំណាយដល់១ម៉ឺនដុល្លាគ្រាន់តែសម្រាប់សត្វចិញ្ចឹមមួយក្បាលមែនទេ? នេះខ្ញុំជាមនុស្សស្រលាញ់សត្វឆ្មាប៉ុណ្ណឹងទៅហើយ ខ្ញុំនៅមិនចំណាយលុយទៅលើសត្វមួយក្បាលនេះផង។

ខ្ញុំគិតថាបើយើងស្រលាញ់សត្វពិតមែន មិនចាំបាច់ទាល់តែសត្វដែលមានតម្លៃថ្លៃទើបយើងទិញយកមកចិញ្ចឹមនោះទេ ត្រឹមតែ មិនធ្វើបាបសត្វ មិនធ្វើអាជីវកម្មលើសាច់សត្វ ឬយើងគ្រាន់តែយកសត្វដែលត្រូវការជំនួយមកចិញ្ចឹមគឺគ្រប់គ្រាន់ទៅហើយ។

          «អេនអើយ មានមនុស្សជាង៣០០នាក់កំពុងដេញថ្លៃយកឆ្មាខ្មៅ នោះ។ នេះយើងមិនបានច្រឡំភ្នែកទេមែនទេ?»សាយ៉ាដើរមករកខ្ញុំវិញដោយហុចទូរសព្ទនាងមកខ្ញុំដើម្បីឱ្យជួយបញ្ជាក់។

          «ហា ១០ម៉ឺនដុល្លា?»គ្រាន់តែមើលហើយភ្លាមខ្ញុំស្រែកចាច ជាមួយនឹងតួលេខតម្លៃថ្លៃដល់ម្លឹងនៅតែមានអ្នកដេញថ្លៃឥតឈប់ឈរ។

          «ឯងបញ្ចេញសំឡេងបែបនេះមានន័យថាយើងមិនបានយល់សប្តិទេ យើងជិតក្លាយជាអ្នកមានហើយ ហាហា»សាយ៉ាសើចក្អាកក្អាយម្នាក់ឯង។

          «ល្ងាចហើយ យើងគិតទៅវិញហើយ កូនៗយើងនៅចាំយើងដាក់បាយឱ្យពួកវា»ខ្ញុំផ្ដោតលើកូនឆ្មាជាង១០ក្បាលរបស់ខ្ញុំ ដែលខ្ញុំស្រលាញ់ដូចជាកូនអ៊ីចឹង«យើងទៅហើយ»ខ្ញុំនិយាយលាទៅកាន់សាយ៉ា តែសាយ៉ាហាក់មិនបានខ្វល់នឹងសំឡេងរបស់ខ្ញុំនោះទេ។

          ខ្ញុំទាញកាបូបដើរចេញពីទីនោះដោយមិនបន្តស្រែកលាសាយ៉ាម្ដងទៀតឡើយ។

…………..

          បន្ទប់គេងរបស់ខ្ញុំ

          វេលាយប់ក៏ឈានចូលមកដល់ ខ្យល់ត្រជាក់បក់ពីទិសនិរតីចាប់ផ្ដើមបក់ចូលមកក្នុងបន្ទប់របស់ខ្ញុំតាមរយៈបង្អួចដែលចំហបង្កនូវអារម្មណ៍រងារជាពន់ពេក។ ផ្ទៃមេឃនាពេលរាត្រី ចាប់ផ្ដើមអួតបង្ហាញពីសម្រស់នៃព្រះចន្ទដ៏ស្រស់ត្រកាល។ ស្រាប់តែ…

          សំឡេងសត្វចិញ្ចឹមរបស់ខ្ញុំផ្ដើមស្រែករកគ្នាឮៗជាងមុន ធ្វើឱ្យខ្ញុំមានអារម្មណ៍ចម្លែក ខ្ញុំដើរចេញមកបន្ទប់ទទួលភ្ញៀវដើម្បីទៅមើលពួកគេដោយក្ដីបារម្ភ។

          «…»ពួកគេឥតមានមួយក្បាលណាដែលភ្ញាក់ឡើងនោះទេ។

          «នេះខ្ញុំស្ដាប់ច្រឡំមែនទេ?»ខ្ញុំលូកដៃអេះក្បាលតិច រួចក៏ងាកទៅបន្ទប់របស់ខ្ញុំវិញ«អា!!»ខ្ញុំក្រឡេកឃើញឆ្មាមួយក្បាលមានសម្បុរខ្មៅក្រិប បង្ហាញកែវភ្នែកដែលភ្លឺបញ្ចេញយ៉ាងច្បាស់នូវពណ៌ក្រហមប្រៀបបាននឹងលោហិតកំពុងអង្គុយចុះ ដោយប្រើខ្សែភ្នែកយ៉ាងមុតស្រួចសម្លឹងមកកាន់ខ្ញុំ។

          «ឆ្មាខ្មៅ!?»ខ្ញុំសម្គាល់បានថានោះជាឆ្មាមួយក្បាលដែលសាយ៉ាមិត្តរបស់ខ្ញុំទើបតែយកមកលក់បន្ត«ហេតុអ្វី ឆ្មានេះនៅទីនេះ?»ខ្ញុំឈោងដៃទៅបើកភ្លើងស្រាប់តែ«ហា?»វត្តមានឆ្មានោះលែងមាននូវចំពោះមុខខ្ញុំទៀតហើយ។

          «ហា!? លោកគឺ…!?»ខ្ញុំបែរក្រោយក៏ឃើញសភាពដ៏គួរឱ្យខ្លាចរបស់បុរសម្នាក់ ដែលឈរបង្ហាញពេញៗនឹងភ្នែករបស់ខ្ញុំ។ ខ្ញុំចំណាំគេមិនបានទេ។ រាងកាយរបស់គេត្រូវបានដាច់រលាត់បង្កនូវស្នាមដាមនៃឈាមជាឈ្នូតៗ សម្លៀករបស់នាយដាច់រលាត់រយ៉េរយ៉ៃ សក់របស់នាយដាច់ខ្លះនៅវែងខ្លះ របួសដៃនាយម្ខាងគឺបង្ហាញនៅឆ្អឹងសខ្ចីគួរឱ្យរន្ធត់។ ផ្ទៃមុខនាយកាន់តែគួរឱ្យខ្លាចគឺបបូរមាត់របស់នាយផ្នែកក្រោមដាច់ចេញពីគ្នាមួយកំណាត់ ចុងច្រមុះដាច់រលាត់ចេញឆ្អឹងខ្ចីសស្លែត។

          «ជួយ…ខ្ញុំ….ផង…»សំឡេងបុរសនោះបន្លឺខ្សាយៗ បង្ហូរនៅទឹកភ្នែកហូរចេញជាឈាមជាតំណក់ហូរកាត់ផ្ទៃមុខស្រក់ចុះមកការ៉ូក្នុងផ្ទះខ្ញុំ។

          «តើលោកទៅជួបនឹងអ្វីមកនេះ?»ខ្ញុំសួរទៅកាន់បុរសម្នាក់នោះបន្ទាប់មកឆ្មាមួយក្បាលបង្ហាញវត្តមានឡើងអង្គុយលើស្មារបស់នាយ។

          «ឆ្មាខ្មៅ!»ខ្ញុំសម្លឹងមើលឆ្មាមួយក្បាលនោះដោយក្នុងចិត្តញញើត បេះដូងក្នុងទ្រូងស្ទើរតែលោតចេញមកក្រៅ។ ឆ្មាខ្មៅនោះអោនខាំត្រចៀករបស់នាយដាច់ចេញមករួចទំពារហាក់ឆ្ងាញ់ខ្លាំងណាស់។

          «អា!!!»ខ្ញុំស្រែកកាន់តែខ្លាំង។

          «ក្អេន!!» ស្រាប់តែវត្តមានមេបក្សស្មូមចូលមកដល់។ គាត់ស្រែកហៅឈ្មោះខ្ញុំឮៗ…

          «ម៉ាក់!»ខ្ញុំបើកភ្នែកឡើងក្នុងរង្វង់ដៃរបស់ម្ដាយខ្ញុំ។

          «នែក ក្អេន កូនឯងកើតអី?»ម្ដាយខ្ញុំអោបខ្ញុំជាប់។

          «ម៉ាក់ អំបាញ់មិញខ្ញុំឃើញសាយ៉ា។ នាង នាង..»ខ្ញុំនិយាយទាំងញ័រមាត់កាន់ម្ដាយខ្ញុំទាំងអារម្មណ៍ភិតភ័យ។

          «អឺ អឺ មិនអីទេ ឈប់គិតទៅ អំបាញ់មិញគឺសុបិន្តអាក្រក់ទេ»ម្ដាយខ្ញុំលូកដៃមកអង្អែលក្បាលខ្ញុំថ្នមៗ អូសពីក្បាលធ្លាក់ដល់ចង្កេះ។

          «…»រង្វង់ដៃដែលផ្ដល់ឱ្យខ្ញុំនូវភាពកក់ក្ដៅបំផុតគឺរង្វង់របស់ម៉ាក់។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ធូរស្បើយជាងមុន ដោយព្រោះតែឥទ្ធិពលនៃភាពគ្រប់គ្រាន់ សន្តិភាព ពេញចិត្តនៃដៃម៉ាក់។

          «ដេកវិញទៅ នេះនៅកណ្ដាលអាធ្រាតទេ»ម្ដាយខ្ញុំនិយាយបណ្ដើរលូកដៃទាញភួយមកដណ្ដប់ឱ្យខ្ញុំបណ្ដើរ។

          «ម៉ាក់! ម៉ាក់សម្រាន្តជាមួយខ្ញុំបានទេ?»

          «អឹម»ម៉ាក់ក៏ឡើងមកគេងគ្រែជាមួយនឹងខ្ញុំ។ ចំណែកឯងកូនៗរបស់ខ្ញុំមិនថាតូចធំ ដើរចូលមកក្នុងបន្ទប់ខ្ញុំគ្រប់គ្នា។ កូនឆ្មាជាង១០ក្បាលរបស់ខ្ញុំ មកអង្គុយឆ្គឹងនៅនឹងមុនខ្ញុំ។ កែវភ្នែករបស់ពួកវាបង្ហាញនូវភាពព្រួយបារម្ភយ៉ាងខ្លួនចំពោះខ្ញុំ។

          «ម៉េច?»ខ្ញុំញញឹមទៅកាន់ពួកវា«ខ្លាចម៉ាក់ងាប់បាត់ លែងបានដាក់បាយឱ្យពួកឯងស៊ីមែនទេ?»ខ្ញុំសើចដាក់ពួករួចក៏ប្រាស់ខ្លួនបិទភ្នែក។

          «ទៅដេកទៅ»ខ្ញុំលើកដៃបក់ផើយៗបញ្ជាឱ្យពួកវាទៅរកកន្លែងដេករៀងខ្លួនវិញ។ ពួកវាក៏ដើរចេញទៅរកកន្លែងដេករៀងៗខ្លួនដូចដែលខ្ញុំបញ្ជាពិតមែន។ ឆ្មាជាសត្វ តែឆ្មាមានជីវិត…

                   ……………..

          ព្រឹកថ្ងៃបន្ទាប់

          ក្រោកពីដេកឡើងខ្ញុំក៏ទាញទូរសព្ទមើលម៉ោង។ ឃើញថានៅមិនទាន់ដល់ម៉ោងធ្វើការខ្ញុំក៏បើកអ៊ីនធើណិតលេងហ្វេសបុកបន្តិច។ ចេះតែអូសៗ ស្រាប់តែពត៌មានមួយលោតចេញមក។

          «បុរសសញ្ជាតិអ៊ីតាលីម្នាក់បានស្លាប់យ៉ាងអាណោចអាធម្មដោយគ្មានមូលហេតុ…..»ខ្ញុំអានចំណងជើងព័ត៌មានតិចៗ រួចក៏ចុចចូលទៅមើល«ហា! នេះជាស្នាដៃអ្នកណា? ហេតុអ្វីក៏ឃោរឃៅម្ល៉េះ?»ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នូវអំពើឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃមួយនេះ។

          «ម៉េចបានជាការរៀបរាប់ និងរូបភាពនៃការស្លាប់របស់បុរសម្នាក់នេះដូចទៅនឹងបុរសក្នុងសុបិន្តរបស់ខ្ញុំយប់មិញម្ល៉េះ?»ខ្ញុំនិយាយបានបន្តិច ម្ដាយខ្ញុំក៏ក្រោកឡើង។

          «នែ អត់ទៅធ្វើការទេអី?»ម៉ាក់ខ្ញុំសួរខ្ញុំដោយឆ្ងល់។

          «អូមែនម៉ាក់ ខ្ញុំដល់ម៉ោងហើយ ខ្ញុំរវល់តែអានព័ត៌មាន ភ្លេចមើលម៉ោង»ខ្ញុំរូតរះរៀបចំខ្លួនទៅធ្វើការបាត់ទៅ។

          មិនត្រឹមតែឆ្មានោះទេ ខ្ញុំនេះក៏ចូលចិត្តអានសៀវភៅដែរ។ ខ្ញុំធ្វើការជាបណ្ណារក្សក្នុងបណ្ណាល័យដ៏ធំមួយ។ ខ្ញុំពិតជាស្រលាញ់ការងារមួយនេះខ្លាំងណាស់ ដោយព្រោះខ្ញុំអាចអានសៀវភៅដោយឥតគិតថ្លៃ ខ្ញុំឆ្លាតទេ?

          រយៈពេលពេញមួយថ្ងៃដែលខ្ញុំគិតមិនយល់ពីរឿងរ៉ាវដែលបានកើតឡើងក្នុងសុបិន្តដ៏ចម្លែករបស់ខ្ញុំនឹងពត៌មានឃាតកម្មព្រឹកមិញ។ សុបិន្តនោះពិតជាដូចជាការពិតខ្លាំងណាស់ ចំណែកបុរសក្នុងរឿងឃាតកម្មនោះក៏កាន់តែចម្លែក ហេតុអ្វីត្រូវស្លាប់ក្នុងរូបភាពដ៏គួរឱ្យខ្លាចបែបនេះ។

          ខ្ញុំទាញសៀវភៅចាស់ៗដែលសល់ពីយូរលង់ណាស់មកហើយ មករៀបទុកក្នុងកេសដើម្បីយកកន្លែងដាក់សៀវភៅថ្មីៗ ខ្ញុំស្រាប់តែក្រឡេកឃើញសៀវភៅមួយក្បាលដែលមានចំណងជើងថា…

          «អាថ៌កំបាំងនៃឆ្មាខ្មោច»ខ្ញុំអានចំណងជើងសៀវភៅនោះរួចក៏ទាញយកសៀវភៅនោះមកមើល។ ក្របមុខនៃសៀវភៅនោះរំលេចដោយរូបសត្វឆ្មាមួយប្រភេទដែលមានពណ៌ខ្មៅ បូករួមជាមួយនឹងកែវភ្នែកដ៏ក្រហមងៅ ហាក់គួរឱ្យខ្លាច។

          «ជំនឿនៃជនជាតិភាគតិចដែលជឿរាប់រយឆ្នាំមកហើយថា ឆ្មាខ្មោច ជាឆ្មាមួយប្រភេទដែលមានរោមពណ៌ខ្មៅ រួមទាំងកែវភ្នែកពណ៌ក្រហម…»ការរៀបរាប់អំពីរូបរាងឆ្មាខ្មោចនេះ ហេតុអ្វីបានជាដូចឆ្មាខ្មៅអ៊ីតាលីដែលសាយ៉ាទើបតែយកមកម្ល៉េះ។

          «ឆ្មាខ្មោចជាសត្វដែលពូកែលាក់អត្តចរិត ជាឆ្មាដែលមានអត្តចរិតស្លូតបូតនៅពេលវាមានអារម្មណ៍ល្អ និងជាឆ្មាដែលមានអត្តចរិតកាចសាហាវនៅពេលវាខឹង ឬមានគំនុំ…»កាចសាហាវ? មិនត្រូវទេ ឆ្មាអ៊ីតាលីរបស់សាយ៉ាមើលទៅស្លូតខ្លាំងណាស់ មិនអាចកាចសាហាវបានទេ។

          «ឆ្មាខ្មោចនឹងសម្លាប់ម្ចាស់ចាស់របស់វា ហើយស៊ីស្លឹកត្រចៀកម្ខាងរបស់ម្ចាស់វាកាលណាម្ចាស់នោះលក់វាឱ្យទៅអ្នកដទៃឬម្ចាស់ថ្មី ព្រោះវាមិនអាចមានម្ចាស់ពីរនោះទេ។ ប្រសិនបើអ្នកចិញ្ចឹមឆ្មាខ្មោច ដាច់ខាតសូមកុំលក់វាឱ្យទៅអ្នកណាផ្សេងឱ្យសោះ។»ក្រោយអានឃ្លានេះរួចខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនល្អភ្លាមៗ«បុរសដែលខ្ញុំសុបិន្តឃើញយប់មិញគឺត្រូវបានឆ្មាខ្មៅនោះស៊ីត្រចៀកម្ខាងមែន។

          «សាយ៉ា!»ខ្ញុំនឹកដល់ឈ្មោះរបស់មិត្តខ្ញុំភ្លាមៗ ខ្ញុំបិទសៀវភៅនោះទុកមួយឡែក ដោយលូកដៃទាញយកទូរសព្ទមកចុចតេទៅសាយ៉ាមិត្តរបស់ខ្ញុំភ្លាមៗ។

          តឺត តឺត តឺត

          «មានការអីមែនទេ អាអេន?»សំឡេងរបស់សាយ៉ាមិត្តខ្ញុំក៏បន្លឺឡើង។

          «សាយ៉ា យើងមានរឿងសំខាន់ចង់និយាយជាមួយឯង»ខ្ញុំហាក់និយាយញាប់យ៉ាងខ្លាំង ដោយព្រោះតែក្នុងចិត្តភិតភ័យផង។

          «សំខាន់ប៉ុនណា ចាំល្ងាចចាំមកហាងយើងនិយាយមក យើងរវល់បន្តិចបានហើយ»សាយ៉ាចុចបិទទូរសព្ទភ្លាមៗក្រោយបញ្ចប់ប្រយោគមួយនេះ។

          «សាយ៉ា! សាយ៉ា!»ខ្ញុំបន្លឺឈ្មោះរបស់សាយ៉ាឮៗ

          ខ្ញុំហាក់មិនអស់ចិត្ត ខ្ញុំក៏ព្យាយាមខលទៅសាយ៉ាម្ដងទៀត តែលទ្ធផលគឺសាយ៉ាកំពុងតែជាប់និយាយជាមួយអ្នកផ្សេង។ ខ្ញុំពុំមានវិធីនោះទេ ខ្ញុំមានតែបន្តធ្វើការដូចធម្មតា រង់ចាំដល់ម៉ោងចេញពីធ្វើការនឹងអាលទៅហាងរបស់សាយ៉ាផ្ទាល់ដើម្បីសួរដេញដាលពីរឿងរបស់ឆ្មាខ្មៅអ៊ីតាលីមួយនោះ។

……………

          វេលាម៉ោង៤រសៀល

          ពេលវេលាដែលខ្ញុំរង់ចាំក៏មកដល់ ខ្ញុំប្រញាប់ប្រញាល់ចេញពីធ្វើការរួចធ្វើដំណើរទៅហាងរបស់សាយ៉ា។

          «សាយ៉ា! សាយ៉ា!»ខ្ញុំស្រែកហៅសាយ៉ាឮៗ។

          «យើងមិនទាន់ស្លាប់ទេ ឯងហៅឮយ៉ាងនេះ ទោះយើងស្លាប់ក៏យើងអាចរស់ឡើងវិញបានដែរ»សាយ៉ាដើរចេញមកជាមួយនឹងការបីថ្នាក់ថ្នមដល់ឆ្មាខ្មៅអ៊ីតាលីមួយក្បាលនោះ។

          «សាយ៉ា ឯងប្រាប់យើងមក ឯងបានឆ្មានេះមកពីណា? អ្នកណាអ្នកលក់ឱ្យឯង?»ខ្ញុំប្រញាប់ប្រញាល់សួរសាយ៉ាយ៉ាងទាន់ហន់។

          «…»សាយ៉ាឥតនិយាយតបនឹងខ្ញុំ នាងដើរមកអង្គុយលើកៅអីកៀននោះរួចលូកដៃទាញទូរសព្ទមកបង្ហាញខ្ញុំ។

          «សាយ៉ា!»ខ្ញុំស្រែកឮជាងមុន។

          «ស្អែកយើងលក់វាហើយ ឯងមិនបាច់ចាំដឹងថាយើងបានវាមកពីណានោះទេ»សាយ៉ាលូកដៃអង្អែលក្បាលរបស់ឆ្មានោះ។

          «សាយ៉ា ឯងមិនអាចលក់ឆ្មានេះបានទេ»សាយ៉ាមិនមាត់តបតនឹងខ្ញុំ «ឯងដឹងទេ ឆ្មានេះមានរូបរាងដូចឆ្មាខ្មោចណាស់»ខ្ញុំលូកយកសៀវភៅមួយក្បាលដែលខ្ញុំបានរកឃើញនៅបណ្ណាល័យនោះមកបង្ហាញសាយ៉ា។

          «យ៉ាងម៉េច? ឯងជឿរឿងបែបនេះដែរមែនទេ?»សាយ៉ាសម្លឹងមើលមុខខ្ញុំទាំងហួសចិត្ត។

          «ឯងដឹងរឿងនេះហើយ?»ខ្ញុំអង្គុយចុះ។

          «អឹម ដឹងយូរហើយ»សាយ៉ាបន្តអង្អែលក្បាលឆ្មាខ្មៅដែលមានកែវភ្នែកពណ៌ក្រហមនោះដដែល«ឯងមើលទៅ ឆ្មានេះគួរឱ្យស្រលាញ់យ៉ាងណា? ស្លូតប៉ុនណា? ឯងគិតថាឆ្មានេះអាចសម្លាប់មនុស្សបានដូចពាក្យបោកប្រាស់ក្នុងសៀវភៅនេះមែនទេ?»សាយ៉ាញញឹម។

          «…»គិតទៅសាយ៉ាក៏និយាយត្រូវម្យ៉ាង។

          «តម្លៃខ្លួនរបស់ឆ្មានេះអាចធ្វើឱ្យយើងក្លាយជាអ្នកមានបានណា ឯងដឹងទេ?»សាយ៉ាអោនទៅថើបឆ្មាមួយនោះ«កូនសម្លាញ់ ហេងៗណា»

          ខ្ញុំក៏មិនដឹងត្រូវនិយាយអ្វីបន្តទៀតឡើយព្រោះគម្រោងខ្ញុំគ្រាន់តែចង់បង្ហាញពីពាក្យដែលមានក្នុងសៀវភៅនេះ តែសាយ៉ាក៏មិនជឿ។ តាមរូបភាពនៃឆ្មាដែលកំពុងតែរីករាយក្នុងការទទួលការថ្នាក់ថ្នមរបស់សាយ៉ាក៏មើលទៅហាក់មិនដូចអ្វីដែលមានសរសេរក្នុងសៀវភៅមួយនេះដែរ។

          «អឹម អ៊ីចឹងយើងទៅផ្ទះសិនហើយ បើមានការអីឯងអាចទាក់ទងមកយើងបាន»ខ្ញុំនិយាយរួចក៏ដើរចាកចេញទៅទាំងមិនបានឮពាក្យលាអ្វីពីសាយ៉ាមិត្តរបស់ខ្ញុំឡើយ។

          «ឆ្មាខ្មៅ?»

          «ឆ្មាខ្មោច?»

          សាយ៉ាក៏និយាយសមហេតុផល ពាក្យសម្ដីដែលមានក្នុងសៀវភៅពេលខ្លះគឺអ្នកនិពន្ធគ្រាន់តែសរសេរៗដើម្បីឱ្យសៀវភៅរបស់ខ្លួនល្បី ហើយលក់ដាច់ច្រើនក៏ថាបាន។ ខ្ញុំអាចគិតច្រើនពេកក៏ថាបាន ណ្ហើយ ឈប់គិតត្រឹមនេះចុះ។

…………….

          តំណក់ទឹកភ្លៀងជាច្រើនតំណក់កំពុងប្រណាំងគ្នាស្រក់ចុះយកពានរង្វាន់ណូបែលហើយមើលទៅ បានជាពួកវាខំម្លឹងៗ ធ្លាក់ចុះមកខ្លាំងៗបែបនេះ ខំម្ល៉េះ? ឈឺអ្នកណាមើលលោកទឹកភ្លៀង?។

          ម៉ោង១០យប់ ជាពេលដែលខ្ញុំត្រៀមឡើងគ្រែគេងទៅហើយ ស្រាប់តែទូរសព្ទខ្ញុំបានបន្លឺសំឡេងរោទិ៍។

          «សាយ៉ា?»ខ្ញុំឆ្ងល់ខ្លាំងណាស់ យប់យ៉ាងនេះទៅហើយ ហេតុអ្វីបានសាយ៉ាខលមកខ្ញុំទៀត។

          «ហេឡូ សាយ៉ា មានអ្វីមែនទេ?»មិនបង្អង់យូរខ្ញុំក៏លូកដៃទៅអូសលើកញ្ចក់ទូរសព្ទ បង្ហាញថាខ្លួនបានទទួលការខលរបស់សាយ៉ា។

          «…»សំឡេងស្ងាត់ឥតឮអ្វីទាំងអស់។

          «សាយ៉ា?!»ខ្ញុំបន្តហៅឈ្មោះសាយ៉ាដដែល តែនៅតែមិនទទួលបានការឆ្លើយតប។

          «អូ ប្រហែលនាងគេងលក់ រមៀលខ្លួនប៉ះទូរសព្ទច្រឡំខលមកលេខខ្ញុំហើយមើលទៅ»និយាយរួចខ្ញុំក៏ចុចបិទ។

          «អេន នេះទឹកដោះគោ»ម្ដាយរបស់ខ្ញុំក៏បើកទ្វារចូលមកដោយនាំមកនូវទឹកដោះគោស្រស់មួយកែវមកជាមួយ។

          «អរគុណណាស់ម៉ាក់»ខ្ញុំលូកដៃទទួលយកទឹកដោះគោរួចក៏សួរសំនួរមួយទៅកាន់ម្ដាយរបស់ខ្ញុំ«និយាយអ៊ីចឹង ម៉ាក់ដែលឮអំពី ឆ្មាខ្មោចទេ?»

          «ឆ្មាខ្មោច?»គ្រាន់តែឮពាក្យថាឆ្មាខ្មោចភ្លាម ម៉ាក់របស់ខ្ញុំហាក់ភិតភ័យជាខ្លាំង។ គាត់ក៏ទាញដៃខ្ញុំឱ្យអង្គុយចុះរួចសួរ«ម៉េចបានកូនស្គាល់ពាក្យនេះ?»

          «គឺខ្ញុំអានសៀវភៅមួយដែលមានក្នុងបណ្ណាល័យ»ខ្ញុំតបរួចក៏លើកទឹកដោះគោនោះផឹកមួយក្អឹក។

          «ម៉ាក់គ្រាន់តែចង់ប្រាប់កូនថា កុំទៅពាក់ព័ន្ធជាមួយឆ្មានោះដាច់ខាត ដឹងទេ?»ម៉ាក់ខ្ញុំលូកដៃមកកាន់ដៃខ្ញុំរួចបន្តនិយាយ«ប៉ារបស់ឯងស្លាប់ដោយព្រោះឆ្មាខ្មោចនោះ»

          «ថាម៉េច? ប៉ាមិនមែនត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ទេមែនទេ?»ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះជាង២០ឆ្នាំមកនេះ ខ្ញុំដឹងត្រឹមថាប៉ាខ្ញុំស្លាប់ ហើយស្លាប់ដោយព្រោះតែជួបគ្រោះថ្នាក់ចរាចរណ៍ ។ ខ្ញុំមិនធ្លាប់គិតថាមានរឿងចម្លែកបែបនេះធ្លាប់កើតឡើងក្នុងគ្រួសាររបស់ខ្ញុំឡើយ។

          «ដល់ពេលដែលម៉ាក់គួរតែប្រាប់ឯងពីការពិតហើយ»ម៉ាក់ខ្ញុំបង្ហាញនូវទឹកមុខស្រពន់ស្រពោន«កាលនោះគឺប៉ារបស់កូនគឺដូចជាកូនខ្លាំងណាស់ គាត់ចូលចិត្តចិញ្ចឹមឆ្មាណាស់ ទោះម៉ាក់ហាមយ៉ាងណាក៏គាត់មិនស្ដាប់ដែរ គាត់យកឆ្មាជាច្រើនមកចិញ្ចឹម។ ថ្ងៃមួយគាត់យកឆ្មាមួយក្បាលដែលមានពណ៌ខ្មៅក្រិប ហើយមានភ្នែកពណ៌ក្រហមដូចជាត្បូងទទឹមអ៊ីចឹង។ ម៉ាក់ស្អប់ឆ្មានោះខ្លាំងណាស់ ហើយចួនជាគេឱ្យតម្លៃឆ្មានោះយ៉ាងមហាសាល ម៉ាក់ក៏បង្ខំឱ្យប៉ារបស់ឯងលក់ទៅ។ តែប៉ានៅតែបដិសេធ។

បន្ទាប់មកម៉ាក់ឈឺពោះកើតឯង ប៉ារបស់ឯងក៏ដាច់ចិត្តលក់ឆ្មានោះដោយព្រោះតែគ្មានលុយបង់ថ្លៃមន្ទីរពេទ្យ។ ក្រោយប៉ាឯងយកលុយមកបង់មន្ទីរពេទ្យរួចហើយ គាត់ក៏ត្រលប់ទៅយកសម្ភារៈសម្រាប់ការប្រើប្រាស់របស់ម៉ាក់ តែ….»និយាយដល់ត្រឹមនេះម៉ាក់របស់ខ្ញុំក៏បង្ហូរទឹកភ្នែក។

          «ម៉ាក់ កុំយំអី»ខ្ញុំទាញក្រដាសជូតមាត់ទៅជូតទឹកភ្នែករបស់ម៉ាក់។

          «…គឺប៉ារបស់ឯងមិនមកវិញនោះទេ..»ម៉ាក់កាន់តែយំខ្លាំង។

          «តើមានរឿងអ្វីកើតឡើងលើប៉ា?»ខ្ញុំសួរទាំងខួរក្បាលពោពេញដោយចម្ងល់។

          «មានគេខលមកប្រាប់ម៉ាក់ថា គេឃើញសាកសពរបស់ប៉ានៅលើស្ពាន ហើយសាកសពនោះរបួសស្ទើតែមើលមិនយល់…»ម៉ាក់បន្តយំ

          «ប៉ាគាត់ជួបគ្រោះថ្នាក់ចរាចរណ៍មែនទេ?»ខ្ញុំសួរ

          «តាមការធ្វើ​កោសល្យវិច័យ ប៉ូលីសនិយាយថាជាគ្រោះថ្នាក់ចរាចរណ៍ តែពេលដែលម៉ែបានអានសៀវភៅមួយក្បាល..»

          «អាថ៌កំបាំងឆ្មាខ្មោច?»ខ្ញុំឧទានឡើងកាត់សម្ដីរបស់ម៉ាក់ខ្ញុំ។

          «មែនហើយ គឺសៀវភៅមួយនោះ។ ការរៀបរាប់អំពីការស្លាប់របស់ម្ចាស់ចាស់គឺពិតជាដូចនឹងការស្លាប់របស់ប៉ាឯងខ្លាំងណាស់»ម៉ាក់ខ្ញុំក៏សម្លឹងទៅមើលរូបថតរបស់ប៉ាដែលមានតាំងក្នុងបន្ទប់ខ្ញុំ«អ្វីដែលសំខាន់គឺប៉ារបស់ឯងត្រូវដាច់ត្រចៀកម្ខាងដូចដែលសៀវភៅនោះបញ្ជាក់ពិតមែន»

          ខ្ញុំសម្លឹងមើលទឹកមុខដែលពោពេញទៅដោយកំហឹងរបស់ម្ដាយខ្ញុំ។ គាត់ហាក់បីដូចជាស្អប់ឆ្មានោះខ្លាំងណាស់។ ខ្ញុំក៏នឹកឃើញពីសាយ៉ាមិត្តរបស់ខ្ញុំ។ ខ្ញុំផ្ដើមបារម្ភពីនាងភ្លាមៗ។  ខ្ញុំក៏រកលេសចង់គេងដើម្បីឱ្យម្ដាយរបស់ខ្ញុំចេញទៅ។

          «ម៉ាក់ រឿងអតីតកាលបំភ្លេចចោលទៅ »បន្ទាប់មកខ្ញុំធ្វើជាស្ងាបដោយហាមាត់យ៉ាងធំតាមលទ្ធភាពដែលអាចធ្វើបាន។

          «ស្ងាបហាមាត់ធំយ៉ាងហ្នឹងតិចរុយហោះចូលមាត់»ម៉ាក់ខ្ញុំសើច«អ៊ីចឹងឯងដេកទៅ ម៉ាក់ក៏ងងុយដែរ»ម៉ាក់ខ្ញុំក៏ដើរចេញទៅ។

          «ចា ម៉ាក់»

          មិនបង្អង់យូរខ្ញុំក៏ទាញទូរសព្ទខលទៅសាយ៉ា តែក៏មិនទទួលបានការឆ្លើយតប ខ្ញុំក៏ឆែកមើលទីតាំងរបស់សាយ៉ាក៏ឃើញថាសាយ៉ានៅក្នុងហាងនៅឡើយ។

          «យប់ថ្មើរនេះហើយ ហេតុអ្វីសាយ៉ានៅក្នុងហាងទៀត?»ខ្ញុំទាញអាវភ្លៀងមកពាក់រួចក៏លួចចេញពីផ្ទះដើរតម្រង់ទៅហាងរបស់សាយ៉ាដែលមានចម្ងាយមិនឆ្ងាយពីផ្ទះខ្ញុំប៉ុន្មាន។

          មកដល់ហាងរបស់សាយ៉ាគឺពិតជាធ្វើឱ្យខ្ញុំចម្លែកចិត្តខ្លាំងណាស់ ព្រោះហាងរបស់សាយ៉ាបើកទ្វារ តែមិនបើកភ្លើងនោះទេ។ ខ្ញុំដកទូរសព្ទមកចុចបើកកាំមេរ៉ារួចចុចមុខងារពន្លឺពិល ចាំងទៅក្នុងហាង ស្រាប់តែឃើញសាយ៉ាកំពុងអង្គុយលេងជាមួយនឹងឆ្មាខ្មៅនោះនៅលើតុទទួលភ្ញៀវ។

          «សាយ៉ា! ម៉េចឯងមិនបើកភ្លើង?»ខ្ញុំក៏ដើរចូលទៅក្នុង ដើរតម្រង់ទៅជិតសាយ៉ាជិតទៅៗ ស្រាប់តែសាយ៉ាក្រោកឈរងាកមករកខ្ញុំម្ដងប​ន្តិចៗ។

          «អ្ហា!!»ខ្ញុំស្រែកយ៉ាងខ្លាំង បេះដូងខ្ញុំលោតញាប់ស្ទើតែផ្ទុះចេញពីទ្រូងមកទៅហើយ។

          រូបរាងរបស់សាយ៉ាស្ទើតែធ្វើឱ្យខ្ញុំសន្លប់ទាំងឈរបានទៅហើយ។ កែវភ្នែករបស់សាយ៉ាក្រហមលើសពីក្រហមទៅទៀត ទឹកភ្នែកដែលមានពណ៌ក្រហមដូចឈាមហូរស្រក់ចុះពីភ្នែករបស់នាងមកកាត់ថ្ពាល់ដែលមានពេញដោយស្នាមខ្វាច បន្តហូរមកបបូរមាត់ដែលដាច់រលាត់ជាកង់ៗ។

          «សាយ៉ា!»ខ្ញុំស្រែកយ៉ាងឮ។

          ឆ្មាខ្មៅភ្នែកក្រហមនោះក៏ឡើងមកអង្គុយលើស្មារបស់សាយ៉ា រួចខំស្លឹកត្រចៀករបស់សាយ៉ាមួយម៉ាត់ទំពារហាក់ដូចជាទំពារស្លឹកត្រចៀកជ្រូកស្រោចទឹកម្ទេសលាយក្រូចឆ្មារទៅហើយ។

          ខ្ញុំឈរឥតកម្រើកដោយព្រោះតែខ្លួនប្រាណលែងមានភាពម្ចាស់ការទៅហើយ។ ខ្ញុំចង់ដើរទៅណាក៏មិនអាចដើរទៅបានដែរ។ ខ្ញុំឈរស្ងៀមត្រឹងសម្លឹងមើលទៅទិដ្ឋភាពដ៏រន្ធត់មួយនោះ។

          ជើងខ្ញុំចាប់ផ្ដើមញ័រឥតទប់ជាប់ រីឯព្រះមូត្ររបស់ខ្ញុំដែលគ្រប់គ្នាស្គាល់ថាជាទឹកនោមនោះ ក៏ចុះមកតាមជើងខោរបស់ខ្ញុំបង្ហូរទៅលើការ៉ូ។ ខ្ញុំជឿថាបើអ្នកស្ថិតក្នុងស្ថានភាពដូចខ្ញុំ អ្នកទាំងអស់គ្នាក៏ហូរព្រះមូត្រដូចខ្ញុំដែរ។

          «នាងអេន!»សំឡេងឮជាងមេក្រូក៏បន្លឺឡើងក្បែរត្រចៀកខ្ញុំ។ ខ្ញុំងាកទៅម្ចាស់សំឡេង។

          «ម៉ាក់!»គឺជាព្រះមាតារបស់ខ្ញុំ។ ទ្រង់យ៉ាងមកសង្គ្រោះខ្ញុំហើយ។

          «មកនេះ»ភ្លាមនោះម៉ាក់ខ្ញុំគាត់ក៏ទាញដៃខ្ញុំឱ្យរត់ចេញពីទីនោះ រត់តម្រង់ទៅផ្ទះរបស់ខ្ញុំ។

          ចប់ហើយ..

          ចប់មែនទែនហើយ..

          មិនមែនចប់រឿងទេ គឺចប់ទុក្ខ ដោយព្រោះខ្ញុំបានមកដល់ផ្ទះរបស់ខ្ញុំវិញដោយសុវត្តិភាព។ ម៉ាក់របស់ខ្ញុំទាញទ្វារបិទ ចាក់សោ ចាក់គន្លឹះពីរបីជាន់ដើម្បីកុំឱ្យឆ្មារនោះចូលមកបាន។

          «ម៉ាក់ ម៉ាក់ចាក់សោប៉ុណ្ណឹងទោះឪរបស់ឆ្មាខ្មៅនោះក៏មិនអាចចូលបានដែរ»ខ្ញុំនិយាយទាំងដកដង្ហើមស្ទើរមិនដល់គ្នា ដោយព្រោះតែហត់នឹងរត់ខ្លាំងពេក។

          «ឯងទៅទីនោះធ្វើអី?»ម៉ាក់ងាកមកស្រែកដាក់ខ្ញុំ។

          «ទីនោះ? ហាង? សាយ៉ា? មែនហើយ សាយ៉ា!»ខ្ញុំស្រាប់តែនឹកឃើញថាអំបាញ់មិញគឺជាសាយ៉ាដែលត្រូវឆ្មានោះខាំ ហេតុអ្វីខ្ញុំរត់ចោលនាងបែបនេះ? ខ្ញុំស្រាប់តែដើរទៅបើកទ្វារវិញ។

          «អេន កូនចង់ធ្វើអី?»ម៉ាក់របស់ខ្ញុំស្រែកដាស់សតិរបស់ខ្ញុំ តែចៃដន្យខ្ញុំស្ដាប់មិនឮអ្វីក្រៅពីពាក្យថា (សាយ៉ា)។ ខ្ញុំក៏បើកទ្វារបាន ស្រាប់តែ…

          «ហា!»ឆ្មាខ្មៅមួយក្បាលជាមួយកែវភ្នែកដ៏ក្រហមជាងឈាមទៅទៀត អង្គុយមុខផ្ទះរបស់ខ្ញុំសម្លឹងមើលមកខ្ញុំ។

          «ឆ្មាចង្រៃ!!»ម៉ាក់ខ្ញុំក៏ទាញអំបោសមកវាយឆ្មានោះ។ មិនទាន់បានវាយផងឆ្មាខ្មៅដែលធ្លាប់តែទន់ភ្លន់ប្រែទៅជាកាចសាហាវបញ្ចេញចង្កូមវែងជាងមាត់របស់វាទៅទៀតហាឡើងបង្ហូរនៅសម្រក់នៃឈាមចេញពីមាត់របស់វាធ្លាក់ចុះមកតក់ៗដូចទឹកភ្លៀង។

          «ឆ្មានេះមិនខ្លាចទឹកភ្លៀងទេម៉ាក់»ខ្ញុំនិយាយទៅកាន់ម៉ាក់របស់ខ្ញុំ។

          «មនុស្សវាមិនខ្លាចផង វាដែលទៅខ្លាចអីនឹងទឹកភ្លៀង»ម៉ាក់ខ្ញុំឈរញ័រដូចជាខ្ញុំដែរ។

          យើងពីរនាក់ម្ដាយកូនសម្លឹងមើលមុខគ្នាដោយភាពភ័យខ្លាច។ឆ្មាខ្មៅដែលទទឹកខ្លួនជោគ បង្ហាញចង្កូមសរស្កុសដូចទើបដុសធ្មេញហើយ ដើរចូលមកម្ដងបន្តិចៗ

ស្រាប់តែ…

          «អាជីម អាយី…»ខ្ញុំស្រែកដោយព្រោះតែឆ្មាឈ្មោលពីរក្បាលដែលខ្ញុំចិញ្ចឹមនោះរត់ទៅប្រយុទ្ធជាមួយឆ្មាខ្មោចនោះ។ តែអ្វីៗដូចដែលទាយទុក គឺឆ្មាដែលខ្ញុំចិញ្ចឹមត្រូវងាប់យ៉ាងអនោចអធម គឺត្រូវដាច់ខ្លួនជាបីជាបួនកំណាត់ ធ្លាយនូវពោះវៀន និងគ្រឿងក្នុងផ្សេងរាយពេញផ្ទះរបស់ខ្ញុំ។

          «ហិហិ»ខ្ញុំស្រែកយំយ៉ាងខ្លាំងដោយព្រោះតែឆ្មាដែលខ្ញុំស្រលាញ់ត្រូវងាប់ដោយសារចង់ជួយខ្ញុំបែបនេះ។

          «ឯង! ឯង!»ខ្ញុំក្ដាប់ដៃបម្រុងនឹងហក់ទៅប្រយុទ្ធជាមួយឆ្មាខ្មោចនោះស្រាប់តែ ឆ្មាដែលខ្ញុំចិញ្ចឹមទាំងអស់រត់មកទាំងហ្វូងមកត្រួតប្រយុទ្ធលើឆាកបង្ហូរឈាមជាមួយឆ្មាខ្មោចនោះ។ ខ្ញុំស្រែកយំយ៉ាងខ្លាំងដោយព្រោះតែឆ្មាដែលខ្ញុំស្រលាញ់ត្រូវស្លាប់ម្ដងមួយៗយ៉ាងព្រៃផ្សៃនៅនឹងមុខខ្ញុំបែបនេះ។ខ្ញុំបម្រុងនឹងដើរចូលទៅជួយពួកវា ស្រាប់តែម៉ាក់របស់ខ្ញុំអោបខ្ញុំជាប់។

          «កុំទៅអី! កុំទៅ!»ម៉ាក់ខ្ញុំអោបរឹតខ្ញុំយ៉ាងខ្លាំង។

          «ម៉ាក់លែងខ្ញុំ ខ្ញុំទៅសម្លាញ់អាឆ្មាឆ្កួតនេះ។ វាសម្លាប់ឆ្មាខ្ញុំច្រើនណាស់»ខ្ញុំបម្រាស់ខ្លួនចេញពីម៉ាក់ខ្ញុំ តែក៏មិនបានសម្រេច។

          ការប្រយុទ្ធនៅតែបន្ត ហាក់បីដូចជាឆ្មាខ្មោចនោះនៅតែមានកម្លាំងខ្មោចនៅក្នុងខ្លួនអ៊ីចឹង វាឥតអស់កម្លាំងឡើយ។ ខ្ញុំដឹងថាឆ្មារបស់ខ្ញុំជាង១០ក្បាលនឹងត្រូវស្លាប់ដោយព្រោះតែឆ្មាខ្មោចមួយក្បាលនោះ ស្រាប់តែ..

          ផាំង ផ្ទាំងរូបថតរបស់ប៉ាខ្ញុំក៏ត្រូវបានធ្លាក់ចុះមក។

          «ប៉ា»ខ្ញុំក្រឡេកទៅរកទីបន្លឺសំឡេង រួចក៏ងាកមកវិញ។

          អាធន់ឆ្មាខ្ញុំដែលធំជាងគេក្នុងចំណោមនោះហាក់ដូចជាមានអ្វីចូលក្នុងខ្លួនរបស់វាអ៊ីចឹង វាហក់ទៅខាំករបស់ឆ្មាខ្មោចនោះឥតលែង ទោះបីត្រូវខ្វាចដែលក្រចកដែលមុតស្រួចរបស់ឆ្មាខ្មោចនោះយ៉ាងណាក៏ដោយ។ ក្លិនឆ្អាបឈាមចាប់ផ្ដើមភាយពេញបន្ទប់ទទួលភ្ញៀវរបស់ខ្ញុំ។ ឆ្មាដែលខ្ញុំចិញ្ចឹមទាំងអស់ក៏ត្រូវងាប់យ៉ាងព្រៃផ្សៃបំផុត។ តំណក់ទឹកភ្នែកខ្ញុំហូរស្ទើរតែក្លាយទន្លេ ហូរចុះឥតស្ដាយស្រណោះនឹងម្សៅដេកយប់ដែលខ្ញុំលាបលើមុខ។

          ទីបំផុតឆ្មាខ្មៅក៏ត្រូវបានងាប់ដោយព្រោះតែការខាំមិនលែងរបស់អាធន់។ អាធន់ និងឆ្មាខ្ញុំជាង១០ក្បាលក៏ត្រូវងាប់ដូចគ្នា។ វាមិនយុត្តិធម៌ទេសម្រាប់ឆ្មាដែលខ្ញុំស្រលាញ់។ ពួកវាជួយជីវិតខ្ញុំដោយសុខចិត្តលះបង់ជីវិតរបស់ខ្លួនឯង។ ទឹកភ្នែកខ្ញុំនៅតែបន្តហូររហូតឥតឈប់ នឹកអានិតដល់ជីវិតរបស់ឆ្មាដែលខ្ញុំចិញ្ចឹម ឆ្មាដែលខ្ញុំស្រលាញ់ ឆ្មាដែលរត់នៅជាមួយខ្ញុំជាយូរឆ្នាំមកហើយ តែមកត្រូវស្លាប់ដោយព្រោះតែការពារម្ចាស់ដូចជាខ្ញុំ។

          «ហេឡូ លោកប៉ូលីស…»ម៉ាក់ខ្ញុំក៏ខលហៅប៉ូលីសមកផ្ទះដើម្បីពិនិត្យ

          សាយ៉ាក៏បានស្លាប់ពិតមែន ឆ្មាជាង១០ក្បាលរបស់ខ្ញុំក៏បានស្លាប់ពិតមែនដែរ នេះខ្ញុំមិនបានយល់សប្តិនោះទេ។

          ប៉ូលីសបានមកដល់ផ្ទះខ្ញុំ នឹងបានទៅដល់ហាងរបស់សាយ៉ាឆែកកាំមេរ៉ាឃើញរឿងគ្រប់យ៉ាង។ ប៉ូលីសក៏រកឃើញសំបុត្រមួយដែលសាយ៉ាសរសេរគឺនាងប្រគល់ហាងរបស់នាងឱ្យមកខ្ញុំជាអ្នកមើលថែជំនួស។

          ក្រោយពីរឿងនោះកន្លងផុតទៅ ខ្ញុំក៏លាឈប់ពីការងារជាបណ្ណារក្សមកធ្វើជាម្ចាស់ហាងលក់សត្វចិញ្ចឹមវិញ តែខ្ញុំក៏បានប្ដូរពីលក់សត្វចិញ្ចឹមទៅជា មជ្ឈមណ្ឌលសម្រាប់សង្គ្រោះសត្វចិញ្ចឹមដោយឥតគិតថ្លៃទៅវិញ។ មានអ្នកគាំទ្រមជ្ឈមណ្ឌលមួយនេះជាច្រើនដោយពួកគេរួមគ្នាចូលជាប្រាក់ និងរៃអង្គាសប្រាក់បង្កើតជាអង្គការស្ម័គ្រចិត្តមួយសម្រាប់សង្គ្រោះសត្វចិញ្ចឹមដែលគ្មានទីលំនៅ ឬឈឺជាដើម។ មិនតែប៉ុណ្ណោះ ក៏មានអ្នកស្រលាញ់សត្វចិញ្ចឹមជាច្រើននាក់ ចូលមកស្ម័គ្រចិត្តធ្វើការដោយពុំយកថ្លៃផងដែរ។

មនុស្សមានជីវិត សត្វក៏មានជីវិត

មនុស្សត្រូវការក្ដីស្រលាញ់ សត្វក៏ត្រូវការក្ដីស្រលាញ់

“ពួកយើងរួមគ្នាស្រលាញ់សត្វជាមួយគ្នា”អ្នកចិញ្ចឹមខ្ញុំដោយក្ដីស្រលាញ់

ខ្ញុំការពារអ្នកដោយជីវិត

ឆ្មាទាំង១០ក្បាល