រឿង៖ ស្វាមីចចក ភាគទី១៧ (១៨+)

«ប្រញាប់ទៅណា?» មេខ្ញុំសួរមកដោយភាពមិនសប្បាយចិត្ត។

ខ្ញុំយល់! ខ្ញុំគួរតែប្រាប់លោកនាយ​ Clyde គ្រប់យ៉ាង ប៉ុន្តែខ្ញុំប្រញាប់បន្តិច ណាមួយឃើញថា ​ចៅហ្វាយខ្ញុំគាត់បាន​​ស្អប់ Will រួច​ហើយ តាំងពីមិនដែលទាំងស្គាល់គេផង ខ្ញុំចាំបាច់អីរាយការណ៍​ថា បានដេកជាមួយគេហើយ លង់លក់បណ្តោយឱ្យគេយកភស្តុតាងទៅបាត់ទៀតនោះ?

ខ្ញុំ​ក្រឡេក​មើល​មកក្នុងបន្ទប់​ទទួល​ភ្ញៀវ រួចរេ​ឆ្ពោះ​ទៅ​បង្អួច។ ដំបូងគិតថា យើង​ប្រហែល​ជា​មាន​ពេល​ច្រើន​ម៉ោងដែរមុនលោកខែកំណាចរះ ប៉ុន្តែ​ថ្ងៃ​លិច​ឆាប់​មកដល់ពេក​ហើយ។ ក្រសែភ្នែកចុងក្រោយ ពុទ្ធោ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ឃើញ​ខោ​ក្នុង​ខ្លួនឯងនៅដេករាត់រាយ​​លើ​កម្រាល​ព្រំ​កណ្តាល​បន្ទប់​។

លោកនាយ Clyde ធ្វើច្រមុះ​ហិតក្លិនម្តងជាពីរដង។ ខ្ញុំងាកទៅរកគាត់យ៉ាងជិតហើយបន្លប់….ដោយ​ខ្មាសអៀន ក្នុងអារម្មណ៍ចម្រុះ ភ័យ ក្បត់ និងឆ្កួតស្នេហ៍។

«ធុំក្លិនមនុស្ស​ប្រុស​លើខ្លួនឯងជេស៊ី» មេខ្ញុំថាមកឱ្យខ្ញុំក្ងួរចុងច្រមុះៗ។ ជាក់ស្តែងអាចមានក្លិនមែន​ តែខ្ញុំធ្វើប្រញិបប្រញាប់៖

«Clyde ខ្ញុំត្រូវទៅ»

«ទៅណា?»

«អត់….អត់មែន​ជា​រឿងក្រុមយើង ឬរបស់លោកនាយទេ​»

គាត់ក្រញូវ៖

«នៅពេលដែលឯងពាក់ឯកសណ្ឋាន អ្វីគ្រប់យ៉ាងដែលឯងធ្វើ គឺជារឿងរបស់រដ្ឋ ហើយជេស៊ីឯងនៅជា​កូនចៅ​ស្តាប់បង្គាប់ខ្ញុំក្នុងរចនាសម្ព័ន្ធរដ្ឋ»

ប្រាកដណាស់ថា មិនមែនជាការងារ​ដែលងាយពន្យល់លោក​Clyde ឱ្យយល់មុនហេតុភេទព្រះចន្ទប្រាក់ត្របាក់លោកនេះទេ។ ហើយ​ខ្ញុំ​នឹង​មិនចង់​ប្រាប់រឿងពិស្តារដល់​គាត់​នៅឡើយផង។

ថ្ពាល់​ខ្ញុំ​ឡើង​កម្ដៅ​ ក្រហម​ពេញ​ទាំង​ខ្លួន​ខ្ញុំដោយរកពាក្យកុហកគាត់៖

«ខ្ញុំត្រូវទៅមើលអ្នកចាប់ចចក ពូ Mandenauer កំពុងព្យាបាលរបួស» ខ្ញុំបាននិយាយ។

ហើយបន្ថែម៖

«ព្រលប់ហើយ គាត់ឱ្យខ្ញុំទៅរកគាត់ ដាស់គាត់»

«តើ Cadotte នៅឯណា?»​ លោកនាយ​ដាក់សំណួរទទឹងទិសមកយ៉ាងខ្លីកាត់ពីលើលេសរបស់ខ្ញុំ។

ខ្ញុំអេះអុញ ឆ្លើយអាក់ៗ៖

«អត់…..​នៅ​ទីនេះទេទាន»

«ខ្ញុំត្រូវការនិយាយជាមួយ Will Caddote» មេខ្ញុំសង្ខើញ។

ឧត្តមសេនីយ៍នេះ​ចេញចរិតមកប្រាប់ត្រង់ៗថា មិនជឿពាក្យកុហករបស់ខ្ញុំទៅហើយ ​ខ្ញុំមិនអាចធ្វើពើទៀតទេក៏សួរវិញ៖

«ហេតុអ្វីបានជាមេ​ចាប់អារម្មណ៍គេ Porff Cadotte ហើយម៉េចមករកគេនៅហ្នឹងភ្លាមៗទាំងព្រលប់?»

«អំពីការប៉ុនប៉ងធ្វើឃាតអ្នកចាប់ចចក Edward Mandenauer» មេខ្ញុំឆ្លើយខែងរ៉ែង។

ខ្ញុំរអ៊ូបដិសេធ៖

«ផ្តាស! ហេតុផលអ្វីដែលសាស្ត្រាចារ្យអាចនឹងក្លាយជាអ្នកបាញ់ ពូMan-denauer? ពួកគេ​ស្ទើរតែមិនស្គាល់គ្នា មិនដែលសូម្បីប៉ះសម្តីគ្នាផង!»

«Mandenauer ប្រាប់​ខ្ញុំ!»

ខ្ញុំចំហមាត់។ «វាមិនដែល» គំនិតនេះ​រត់ក្នុងគតិខ្ញុំ។ លោកនាយបន្តភ្លាមៗ៖

«ពេល​​ជជែក​ក្នុង​គ្លីនិក​មុន​នេះបន្តិច! ខ្ញុំ​ឮ​ថា ​គាត់​ត្រូវ​បាន​គេ​បាញ់​ដោយព្រួញ​មួយមាន​រូបសញ្ញា​ឈើ​ឆ្កាង»។

«ហើយ?»

«Cadotte មានសាក់និមិត្តសញ្ញាឈើឆ្កាង»។

ខ្ញុំក្រពាត់ដៃសើច​៖

«បុរសទាន់សម័យ​ច្រើនណាស់គេសាក់រូបសាសនា​ពេញដី​! វាមិនធ្វើឱ្យគាត់មានកំហុសនោះទេព្រោះសាក់មួយ​?»

មេខ្ញុំគំហកតិចៗ៖

«សាក់មួយមិនអីទេ​!​ តែ​ធម្មតា មនុស្ស​ចចក តែងចង់បាញ់សម្លាប់ក្រុមអ្នកចាប់ចចករបស់យើង!»

ខ្ញុំឈរដូចមនុស្សកក៖

«ស្អីគេទាន?»

«ចេញទៅ Jessie កុំពាំងផ្លូវ កុំរារាំងប៉ូលិស លោក​ Mandenauer បានប្រាប់ខ្ញុំគ្រប់យ៉ាង» ។

បន្តិចម្ដងៗខ្ញុំឈាន​មក​ប្រឈមមុខនឹងមេខ្ញុំ៖

«ហើយលោកនាយ​ក៏ជឿគាត់ មិនជឿខ្ញុំ?»

គាត់គ្រវីក្បាល៖

«នាង​ខ្លួនឯងជេស៊ី! នាងលាក់រឿងដែលនាង​រកឃើញ ហើយនាង​មានទំនាក់ទំនងជាមួយ….»

គាត់ឈប់និយាយព្រោះខ្ញុំធ្វើមុខមាំខឹង។ ខ្ញុំ​មិន​អាច​យល់​ពី​ការ​ពិត​ ដែល​ចៅហ្វាយ​ខ្ញុំនៅមិននៅ មករករឿង​ទេ។ ស្នេហា​ជារឿងឯកជន សិទ្ធិ​​ជឿមិន​​គួរ​ឱ្យ​ជឿកុំយកមកបូកគ្នា។

ខ្ញុំរាវរក​កាំភ្លើងវែង​។ អាវុធ​នេះ ​មាន​ទម្ងន់​ធ្ងន់​ពេក​ក្នុង​ការយកតាមនិងឡើងចុះភ្នំជាមួយតារបួសយប់នេះ តែខ្ញុំនៅធ្ងន់ចិត្ត​រឿងមេខ្ញុំ។ ម្នាក់ៗទុកសង្សារខ្ញុំដូចសត្រូវ?

«កុំរារាំងផ្លូវខ្ញុំអី!» ខ្ញុំថាតិចៗមិនមើលមុខគាត់ទេ ហើយបន្ត៖

«តើលោកនាយ​ដឹងអំពីព្រះចន្ទពណ៌ប្រាក់និងកងទ័ពមនុស្សចចកទេ?»

«មេនាងដឹងអ្វីៗគ្រប់យ៉ាង» តបហើយ​គាត់បានលើកដៃរបស់គាត់មកលាននៅនឹងមុខខ្ញុំ

«ហេតុអីអ្នកមិនអោយស្លាកមាសនោះមកខ្ញុំដើម្បីរក្សាវានៅកន្លែងសុវត្ថិភាពជេស៊ី?»

ខ្ញុំ​សម្លឹង​មើល​បាត​ដៃ​របស់​គាត់ បន្ទាប់​មក​មើល​មុខ​គាត់៖

«ខ្ញុំនៅមិនទាន់បាន​វាមកវិញទេទាន​»

កំហឹងបានឆាបឆេះនៅក្នុងភ្នែករបស់គាត់។

«Jessie នាង​កំពុងលលេងជាមួយអ្វីដែលនាង​មិនយល់»

តាមពិត ពាក្យសារភាព គឺនៅលើចុងអណ្តាតរបស់ខ្ញុំ ខ្ញុំអាចនឹង​ប្រាប់គាត់ថា Will បានយកពីខ្ញុំទៅបាត់ហើយ ប៉ុន្តែខ្ញុំមិនទាន់សម្រេចចិត្ត មេខ្ញុំបែរជា​ស្ទុះមកចាប់ខ្ញុំក្រៀកខ្ញុំហើយអង្រួនឆែក​ខ្ញុំ។ ធ្មេញ​របស់​ខ្ញុំ​គ្រវីខាំ​ខ្ញុំអត់ធ្មត់ ព្រោះ​គាត់បំពាន តែសំណាង ​Will យកវាទៅបានមុន។

ហើយ…..កិរិយាគាត់បំពានខ្ញុំមុន ​ខ្ញុំក៏​សម្រេច​ចិត្ត​លាក់រក្សា​ព័ត៌មានសម្ងាត់​ឱ្យ​ខ្លួន​ខ្ញុំបន្តទៀត។ ខ្ញុំ​មិន​ខ្វល់​ពី​របៀប​ដែល​គាត់​ច្របូកច្របល់​ទេ។ ទោះមានរឿងធំប៉ុនណា​ គាត់មិនគួរឆេវឆាវដាក់ខ្ញុំក្នុងរូបភាពបែបនេះដែរ។

«ខ្ញុំមិនមាន វាទេ Clyde!» ខ្ញុំនិយាយឌឺគាត់ព្រោះគាត់ឆែកមិនឃើញ។

ស្រាប់តែជននេះ ​បង្វិល​ខ្ញុំមួយ​ជុំហើយ​ទះ​កំផ្លៀង​ខ្ញុំផាំង។

បែកអំពិអំពែក។ ហួសហេតុហើយ! ខ្ញុំ​ត្រូវ​បានទោសៈ ​​ល្បួង​ឱ្យ​វាយ​បក​វិញភ្លាម។ ខ្ញុំអាច​ឈប់ពីស្ថាប័ន​គាត់ តែមិនអាចរងអំពើហិង្សានេះទេ។ ខ្ញុំតដៃ​ ប៉ុន្តែ Clyde គឺ​ធំនិងខ្ពស់​ជាង​ខ្ញុំ២ដង​ទៅ​ទៀត ខ្ញុំមិនឈ្នះកាយ​តែឈ្នះចិត្ត​ដែលជននេះ ​មិន​បាន​រក​អ្វី​ឃើញ​ទេ។ អរគុណ​ដល់ Cadotte និងសមមុខ​ណាស់មេខ្ញុំ។ ខ្ញុំ​បាន​ក្រឡាស់​​ចេញ​ពី​ដៃ​គាត់ ហើយ​ខិត​ទៅ​ជិត​កាំភ្លើង​របស់​ខ្ញុំ។ ម្រាមដៃរបស់ខ្ញុំដាក់លើកៃនៃកាំភ្លើងខ្លីរបស់ខ្ញុំ។ ទោះយ៉ាងណា​ខ្ញុំធ្លាប់ជាកូនចៅជននេះ ធ្លាប់គោរពគាត់ជាមេប៉ូលិសល្បីម្នាក់ ហោចណាស់ខ្ញុំចង់បកស្រាយ​ដោយ​និយាយថា ឈប់ស្អប់និងរើសអើង will Cadotte ទៅ ចង់ប្រាប់ថា គេ​ស្រឡាញ់ខ្ញុំ គេឱ្យតម្លៃខ្ញុំ គេជាមនុស្ស​ល្អ កំប្លែង ស៊ិចស៊ី ពិសេសតែមិនគួរឱ្យសង្ស័យយ៉ាងអយុត្តិធម៌ទេ។

អ្វីគ្រប់យ៉ាងដែលខ្ញុំមិនធ្លាប់មាន ខ្ញុំទទួលបានពេលមានគេ ហេតុអ្វីគ្រប់គ្នា​ធ្វើដាក់ខ្ញុំបែបនេះ? ភ្លាម​នោះខ្ញុំភ្លឹក​នឹងសំណួរ​អាថ៌កំបាំងមួយក្នុងចិត្ត​ខ្ញុំខ្លួនឯង។ Will ​ស្រាប់តែ​បានបាត់ទៅជាមួយ​ស្លាកមាស គេយកទៅនេះ លក្ខណៈការពារខ្ញុំ? ឬបំផ្លាញខ្ញុំ? ទាល់​តែ​ដឹង​ការពិត​ទើប​ខ្ញុំសុខចិត្ត​វិនិច្ឆ័យជាថ្មីអំពីវត្តមាន​គេក្នុងជីវិតខ្ញុំ។

​ឃើញខ្ញុំ លោកនាយ​សួរវិញ៖

«Caddote មាន​ប្រាប់នាង​ពីពិធីប្រើស្លាកមាសបូជាស្តេចចចកទេជេស៊ី?»

«ទេ! គាត់មិនបានប្រាប់ខ្ញុំទេ តែខ្ញុំបានអានវានៅក្នុងសៀវភៅមួយ»

ខ្ញុំឆ្លើយ​ហើយ​បានក្រឡេកក្រឡាប់ភ្នែកគិត។ សៀវភៅនោះបាត់មួយទំព័រសំខាន់។

«តើលោកនាយ​ដឹងអ្វីខ្លះពីពិធីនោះទាន?» ខ្ញុំ​បាន​សួរ។

«ព្រះចន្ទពណ៌ប្រាក់ កងទ័ព Werewolf និងស្លាកមាសត្រកូលចចក​ដែលអាចធ្វើពិធីឈាម​លើ​ស្តេច​ថ្មីនៃអម្បូរមនុស្ស​ចចក Matchi-auwishuk»

គាត់ឆ្លើយយ៉ាងរហ័សរហួន​ធ្វើឱ្យខ្ញុំភ្ញាក់ ដែល​លោកនាយ Clyde ដឹងព័ត៌មាន​ច្រើន ដូចដែលខ្ញុំបានដឹងដែរ។

«ឈាមនៃមនុស្ស​ដែលស្រឡាញ់អ្នក​ប៉ះស្លាកនោះ គេនឹងក្លាយជាស្តេចចចកជេស៊ី!»។

ខ្ញុំព្រេចភ្នែកថប់បារម្ភ។ ចុះនេះជាចំណុចលើសដែលមេខ្ញុំដឹង​ហើយ Will មិនដែលនិយាយ?

«ឈាមនៃអ្នកដែលស្រឡាញ់ចចក អាចត្រូវគេយកប្រើ» គាត់បាននិយាយច្រំដែលនិង​យឺតៗ។

«ឈាមនេះ​វាចាំបាច់សម្រាប់ពិធី»

ខ្ញុំបានងាកដើរចេញ ឆ្ពោះទៅទ្វារ មិនចង់ឮរឿងដែលធ្វើឱ្យខ្ញុំសង្ស័យ will។ ចិត្ត​ខ្ញុំលែងចង់សង្ស័យគេហើយ។

«Jessieនាងប្រុង​ទៅណា?»

ខ្ញុំមិនបានឆ្លើយទេ។ ខ្ញុំ​មិន​អាច​ប្រាប់​តម្រួត​ថា ​ខ្ញុំ​នឹងទៅ​សម្លាប់​នរណា​ម្នាក់​បាន​ទេ។ តាមថា​ខ្ញុំត្រូវចេញទៅរកការពិត។ បើ Will ​ជាចចក…..

ខ្ញុំបានបោះកាំភ្លើងរបស់ខ្ញុំចូលទៅក្នុង Crown Victoria ហើយឡើងគ្រឹប និងថយលាន់ង៉ោងផ្អើល​ព្រៃ។ តាមកញ្ចក់មើល​ក្រោយខ្ញុំឃើញ​ លោកនាយ​Clyde បាន​រត់​ចេញ​ពី​ផ្ទះរបស់​ខ្ញុំ ខណៈ​ដែល​ខ្ញុំ​កំពុងចាក​ចេញ​ពី​ចំណត។ គាត់ព្យាយាមស្រែកអ្វីមួយបញ្ជាខ្ញុំ ប៉ុន្តែខ្ញុំកំពុងបំពេញបេសកកម្មផ្ទាល់ខ្លួន ធ្វើអ្វីដែលចាំបាច់សម្រាប់ខ្ញុំ ខ្ញុំ​មិន​ត្រូវ​ការអ្នកណាមកបញ្ជាទេ​ហើយក៏គ្មានពេលពន្យល់ដែរ​។

តើខ្ញុំអាចសម្លាប់ Will ទេពេលគេមកយកឈាម​ខ្ញុំទៅបូជាស្លាក​ឡើងជាស្តេចចចក? ខ្ញុំមិនប្រាកដទេ។ ប៉ុន្តែខ្ញុំអាចនឹង​វាយគេបែកឈាម​កំហុស​គេដែលបាន​​​ធ្វើ​ឱ្យ​ខ្ញុំ​ជឿជាក់​លើ​ស្នេហាពិត យ៉ាងល្ងង់ខ្លៅ​ជាមួយ​នឹង​មនុស្ស​ចចក។ កុំ​ឆ្ងល់ដូចខ្ញុំ​ថា ​ហេតុ​អ្វី​បាន​ជា​ស្នេហា​ឆាប់​មក​ម្ល៉េះ? ​ទុកត្រឹម​ដេកជាមួយគ្នា​ហើយភ្លេចទៅមិនបាន? ខ្ញុំឆ្ងល់ថា ហេតុអ្វីខ្ញុំជាគោលដៅ?​ ចម្លើយគឺច្បាស់លាស់ គេ​ត្រូវ​ការ​មនុស្ស​ម្នាក់​ឱ្យលង់​ស្រឡាញ់​គេ​ឱ្យ​បាន​លឿនមុនព្រះចន្ទនេះ​មកដល់ ហើយខ្ញុំមិន​​ល្អ​ជាង​មនុស្ស​ស្រីផ្សេង​ ខ្ញុំច្បាស់ជាមានភាពងាយស្រួលណាស់ទាក់ទាញដោយសម្រស់និងទេពកោសល្យ​លើគ្រែរបស់គេ។ ពេលខ្ញុំលង់ស្រឡាញ់គេមែនទែនជាឱកាស​គេយកឈាមខ្ញុំ?

ដៃ​ខ្ញុំខ្ញាំជាប់ដោយអំណាចចិត្ត​​ឈឺ​ចាប់​ តោង​ជាប់​នឹង​​ចង្កូត។ ខ្ញុំបានស្វាគមន៍ការឈឺចាប់ដល់ចំណុចអតិបរិមា​។ កាន់តែឈឺ វាកាន់តែបានធ្វើឱ្យខ្ញុំបំភ្លេចភាពងប់ទៅលើមនុស្សម្នាក់ ដែលសន្ធំដោយស្នេហា​នៅក្នុងទ្រូងរបស់ខ្ញុំ។ ការឈឺចាប់នៅក្នុងពោះរបស់ខ្ញុំ លាក់កំបាំងទឹកភ្នែកនៅក្នុងបេះដូងរបស់ខ្ញុំ និងបំពង់ករបស់ខ្ញុំណែនផ្សា ពិបាកដកដង្ហើម។

ខ្ញុំនៅតែជាមនុស្សល្ងង់បែបនេះ​ក្នុងសាច់រឿងនេះ ហើយគេ….នឹង​យកឈាមខ្ញុំ…..ទៅកសាងព្រះរាជាណាចក្រចចករបស់គេ?

ខ្ញុំ​ដល់​ផ្លូវ​បត់​ទៅកាន់​កន្លែង​គេហើយ​។ មុនពេល​ទុក​ឡាន​នៅ​ក្បែរឡានគេ​ ខ្ញុំបានទ្រោបក្បាលគិតដាច់ស្រេច។

​     ព្រះអាទិត្យចាកចោលដែនដីនេះទាំងស្រុង តែព្រះចន្ទបិសាច​នៅមិនទាន់រះឡើងជំនួសនៅឡើយ​។ ជាធម្មតារឿងអាស្រូវ woo-woo នេះ បានសរសេរថា​តែង​កើតឡើងនៅពាក់កណ្តាលអាធ្រាត្រ។ បើដូច្នេះមែន ខ្ញុំនៅមានពេលគួរសម​។

ខ្ញុំបានបន្ថយល្បឿន​នៅគែមមុខយ៉ផ្ទះដែលពេញដោយ​ការឈូសឆាយបំណះដី។ ភ្លើងខាងក្នុងក្រហម​ដោយចង្កៀងម៉ាសុង ​បាន​ធ្វើ​ឱ្យ​បង្អួច​និងគ្រប់យ៉ាងក្រោយវាំងនន​ហាក់ក្លាយមកជា​​ពណ៌លឿងមាស​។ មិនថា គេនេះ​នៅផ្ទះឬមិននៅ គេ​តែ​ចូលចិត្តពន្លឺ និង​ខ្ជះខ្ជាយប្រេង។

ខ្ញុំ​បាន​ទប់​ខ្លួន​ខ្ញុំកុំឱ្យរន្ធត់ចិត្ត​ពេក ដើរតាមសម្រួល​​ឆ្លង​កាត់​ទីធ្លា​ទៅ​ខាង​ក្នុង។ ខ្ញុំ​មិន​បាន​គ្រោង​នឹង​គោះ​ទ្វារទេ​ព្រោះថា ខ្ញុំល្ងង់ស្នេហ៍ តែមិនមែនមោឃ ជាមនុស្សល្ងង់ទាំងស្រុងទេ។

មិនទាន់ដើរ​បាន​ជំហានស្រួលបួលផងនរណាម្នាក់ចាប់ខ្ញុំពីក្រោយ។ កាំភ្លើងរបស់ខ្ញុំបានហោះខ្ទាតរបូត​ចូលទៅក្នុងភក់។ ដៃដ៏ខ្លាំងមួយបានខ្ទាស់ខ្ញុំ ខ្ញុំបានតស៊ូ ទាត់ថយក្រោយ ព្យាយាមបង្វិលអ្នកឆ្មក់ចាប់ក្លេស្មា​ខ្ញុំ តែមិនដំណើរការទេ។

ខ្ញុំដកដង្ហើមធំព្រោះហិតក្លិន«គេ»។

Will បានខ្ទប់ស្មារបស់ខ្ញុំ ពេល​នោះ​មាត់​របស់​គេ​ដាក់​មកលើ​ក​ខ្ញុំ ហើយ​ធ្មេញ​របស់​គេបាន​​ញ៉េញ​លើ​ស្បែក​ខ្ញុំ។ ចិត្ត​ខ្ញុំញាប់ញ័រ។

«លែង!»

គេស្រាប់តែព្រមធ្វើតាម ដោយ​បានលើកក្បាលចេញពីកញ្ជឹងកខ្ញុំ សល់តែដង្ហើមរបស់គេដែលបានត្រដុសផ្តាំលើសក់របស់ខ្ញុំ។ រាងកាយ​របស់​ខ្ញុំ​ទន់​ខ្សោយ ​ដោយ​ចង់​បាន​គេ។ ខ្ញុំស្អប់ខ្លួនឯង និង​ពេលខ្លះយល់ថា ជេស៊ីម្នាក់នេះ គួរឱ្យអាណិតណាស់។

ភ្លាមៗនោះ ខ្ញុំមានសេរីភាព។ ដៃ​ខ្ញុំ​បានលូក​​ទៅ​កាន់​កាំភ្លើងខ្លីរបស់​ខ្ញុំ ប៉ុន្តែ​ក៏បាន​បាត់​ទៅដែរ​ហើយ​។

ខ្ញុំបានបង្វិលជុំវិញឃើញ Will Cadotte មានកាំភ្លើងខ្លីរបស់ខ្ញុំ។ គេមើលទៅហាក់ឆ្កួតបន្តិចដែលកាន់កាំភ្លើងឈរស្រាត។​ ទោះយ៉ាងណា លើកនេះ​គេមិនអាក្រាតទាំងស្រុងទេ ដោយបានពាក់ស្លាកមាសនៅជុំវិញករបស់គេ។ ខ្ញុំគិតថា បុរសនេះនឹងមិនបដិសេធភាពជាចោររបស់​ខ្លួនទេ។

«ទៅផ្ទះសិនទៅ Jessie»

«តែខ្ញុំមិនយល់អ៊ីចឹងទេ!» ខ្ញុំថាដោយឈឺចាប់និងផ្តោតសម្លឹង​លើស្លាកមាស។

«please បងមិនចង់ឱ្យអូនឈឺចាប់ទេ»

ខ្ញុំរលីងរលោងហើយសើច៖

«យឺតពេល​ណាស់បំណងល្អនេះ​ខ្ញុំឈឺរួចហើយ»

គេបានបញ្ចេញ​អាការៈ​ងឿង​ឆ្ងល់។

«​កំពុង​និយាយ​អំពី​អ្វី?»

«ពិធី ដើម្បីក្លាយជាព្រះលើអម្បូរចចក! ស្លាកនិងឈាម​»

«ខ្ញុំនេះ? អូអូន!  បងនឹងមិនអាចក្លាយជាព្រះចចកទេ»

«អញ្ចឹង លួចវាសម្រាប់អ្វី?» ខ្ញុំបានចង្អុលទៅស្លាកមាស

«ខ្ញុំកំពុងព្យាយាមបញ្ឈប់ពួក​វាពីការកកើតព្រះចចក»

«ជឿពេកហើយ!» ខ្ញុំសើចឈឺចាប់។

«ជឿទៅ អូនត្រូវជឿ! បង​បានរកឃើញពិធីសាសនាមួយថ្មីបំផ្លាញ​ពួកនោះ តែវាស្មុគស្មាញ​ពេក​ក្នុង​ការ​ពន្យល់​អស់សេចក្តីនៅ​ពេល​នេះអូនសម្លាញ់។ ឱ្យបង​បញ្ចប់ការងារ​សិនណា៎​បានទេ? ​មុន​ពេល​ព្រះ​ចន្ទ​ពណ៌ប្រាក់ឡើងមកដល់!»

«ខ្ញុំគិតថា​ខ្ញុំមិនសមល្ងង់ជាងនេះទៀតទេ!» ខ្ញុំសើចចំអកតិចៗផង​ពេលនិយាយ។

ការឈឺចាប់បានលេចលើមុខរបស់គេដែលសាជាថ្មីពេល​ខ្ញុំឈ្លោះជាមួយគេ សង្ស័យបេះដូងគេទៀត។ ហើយមួយនាទីនេះ ខ្ញុំមានអារម្មណ៍មិនល្អឡើយ។ បន្ទាប់មកការក្រឡេកមើលរបស់ខ្ញុំបានឆ្ពោះទៅរក​ស្លាក។ ពេលនេះជាពេលដែលខ្ញុំចងចាំពាក្យដែលហ្សេដានិយាយ។ កុំច្រលំការរួមភេទនិងស្នេហា​។  

«បោកខ្ញុំបាន​ម្តងខ្ញុំខ្មាសគេ! បោកខ្ញុំពីរដង អ្នកឯងខ្មាសខ្ញុំ! ខ្មាស់ខ្ញុំដែរ?» ខ្ញុំរអ៊ូរទាំទាំងខាំមាត់បញ្ជោះបន្សោក​។

ប្រុសស្អាតរបស់ខ្ញុំងក់ក្បាល៖

«ស្រក់ទឹកភ្នែកដល់ទីបញ្ចប់! នេះហើយ មនុស្ស​ដែលអួតថាស្រឡាញ់ខ្ញុំ! ឱប្រពន្ធ!»

«ខ្ញុំមិនមែនជាប្រពន្ធរបស់អ្នកទេ»

បបូរមាត់របស់គាត់រឹតបន្តឹងដោយការខាំ ខ្ញុំ​បាន​រំខាន​គេបានសម្រេច​។

«បងអស់ពេលហើយអូន គ្មានពេលប្រកែកទេ ឬបងត្រូវចងអូនសិន?»

គ្មាន​ផ្លូវ​ដែល​ខ្ញុំ​នឹង​ឱ្យ​ជននេះមក​​ចង​​ខ្ញុំងាយៗទេ ​សូម្បី​តែ​លេង​សើច។

តែខ្ញុំគ្មានកម្លាំង​ជាង will ​ឡើយ។ គេបានស្រែកហើយផ្តួលខ្ញុំត្រឹមបីក្បាច់។ យោងតាមសម្តីលោកនាយ​ ​​Clyde គឺ​ គេនេះត្រូវការឈាមរបស់ខ្ញុំដើម្បីធ្វើកិច្ចការឡើងសោយរាជ្យគ្រប់គ្រងចចក? ពេល​គេចងខ្ញុំដៃទៅក្រោយ ហើយ​​ទុកខ្ញុំអង្គុយច្រង៉ក់ៗនៅលើជណ្តើរមើលពិធីរបស់គេ។

Will Cadotte បានផ្តើម​ការបូជា​ដោយ​ដុតភ្នក់ភ្លើងនៅកណ្តាលថ្មមុខផ្ទះ។ ខ្ញុំមិនអាចដកភ្នែករបស់ខ្ញុំចេញពីភ្លើងពីនោះទេ។ ពណ៌នៃអណ្តាតភ្លើងបានប្រលែងលើស្បែកទទេគ្មានខោអាវ​របស់គេ។ សាច់ដុំរបស់គេបានបត់បែននិងបញ្ចេញភាពរលើប។ មនុស្ស​នេះ​នៅតែស្អាតណាស់ ធ្វើឱ្យខ្ញុំប្រាថ្នាជា​និច្ច​។

ពេលនេះ គេ​ចាប់ផ្តើមច្រៀងនូវធម៌ឬចម្រៀងជនជាតិ Ojibwe ជាមួយ​ពាក្យពេចន៍ខ្សឹកខ្សួល ជាចម្រៀងដ៏ពីរោះតម្អូញ​ជាភាសាដែលខ្ញុំមិនអាចយល់បាន។

ពេល​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង គេច្រៀងផង ក្រោក​ដើរ​​រាំ​ជុំវិញ​រង្វង់​ថ្មភ្លើង​ផង​។ ភាពចម្លែកនៃបុរសអាក្រាតកាយរាំក្នុងព្រៃពេលនេះ បានឆក់យកខ្ញុំចេញពីភាពអន្លង់អន្លោចស្នេហា​របស់ខ្ញុំ។ ខ្ញុំចាប់ផ្តើមភ័យរឿង​យកឈាម​។

ខ្ញុំក្រឡេកមើលទៅជើងមេឃខាងកើត ប៉ុន្តែមេឃនៅតែពណ៌ផ្កាឈូករក​មិន​ឃើញព្រះចន្ទ​ប្រាក់​ទេ។

សំឡេងថ្មីមួយ​ប្រោកប្រាស លាន់មកពី​ខាង​ស្ដាំដៃ​​របស់​ខ្ញុំ ទាញ​ចំណាប់​​អារម្មណ៍តក់ក្រហល់រន្ធត់ឱ្យមក​ខ្ញុំ។ ពេលខ្ញុំរេភ្នែកតាមមើល បេះដូងសឹងផុត​!

ខ្ញុំឃើញហើយ…..ចចក។

«Will»

ខ្ញុំភ្លាត់មាត់ហៅគេ គេក៏មើលតាមសម្តីខ្ញុំ។  សត្វចចកកាន់តែច្រើនទៀតបានលេចចេញមកដោយព័ទ្ធជារង្វង់ នៅជុំវិញនេះ។

យ៉ាង​ហោច​ណាស់​ហាសិបក្បាល។ ​​ក្នុង​ចំណោម​ពួក​គេ មានភាគច្រើន ​បាន​បន្លឺ​សំឡេងលូឆ្លងឆ្លើយគ្នា។

រំពេចនោះ Will ស្ទុះមកនៅខាងខ្ញុំ ហើយរុញខ្ញុំទៅមាត់ទ្វារផ្ទះ​ រួចពីរនាក់យើង​ថយម​កក្នុងជាមួយគ្នា​ដោយគេ​ប្រញាប់ទាញទ្វារបិទយ៉ាងជាប់។

គំនិតល្អ! ចាប់តាំងពីសត្វចចកបានចាប់ផ្តើមឈានមកជិតឡើងៗ ជាមួយ​ជើង​រឹងៗ រាងកាយពួកនោះញ័រទទ្រើក។

«តើពួកគេចង់បានអ្វី?» ខ្ញុំសួររន្ធត់។

គេមិនឆ្លើយព្រោះរត់ទៅពិនិត្យ​តាមបង្អួច។ ភ្នែក​ខ្ញុំក៏​បានងាកទៅ​សម្លឹង​តាម​បង្អួច​កញ្ចក់​ខណៈ​ដែល Will បាន​ទះ​បិទ​គន្លឹះទាំងអស់និងទម្លាក់វាំងនន។ ​

«ជួយ​ខ្ញុំ​ផង!» គាត់ស្រែកឡើងដោយស្រាយចំណងខ្ញុំ។ ​ពួកយើង​រត់ពីបង្អួចមួយទៅបង្អួចមួយចាក់គន្លឹះនិងបិទវាំងនន។ អ្វី​ដែល​នៅ​សល់​ពន្លឺ​តិច​តួចពីក្រៅ ​មេឃ​ត្រូវ​បានបិទស្លុង​អស់យ៉ាងរហ័ស។

តែទោះយ៉ាងណា គ្រប់យ៉ាង​ក្លាយជាយ៉ាប់។ ស្នូរបង្អួចរងការទង្គិច។ មិនយូរទេ វានឹង​បែកខ្ទេចខ្ទាំ នៅពេលដែលសត្វចចកព្យាយាមសម្រុកចូលក្នុង។

«Hell no»

Will Cadotte បាននិយាយឡើង។

ខ្ញុំក្រឡេកមើលគេហើយឃើញថាខ្លួនខ្ញុំត្រូវរំខានម្តងទៀតដោយស្បែករលោង ល្អឥតខ្ចោះ និងសាច់ដុំទន់ៗទាំងនោះ។ ខ្ញុំបែរខ្នងនិយាយ៖

«នៅមាន​ពេលនៅឡើយ អាចស្លៀកពាក់បានឬនៅ?»

«អូខេ!»

គេ​ស្ទុះចូល​ទៅ​ក្នុង​បន្ទប់​ហើយ​ត្រលប់​មក​វិញ ដោយ​មាន​​អាវយឺត​ពណ៌​លឿង​ភ្លឺ​ពីលើ​ក្បាល។ រូត​ខោខូវប៊យរបស់គេនៅព្យួរបើកឱ្យខ្ញុំលេបទឹកមាត់ចង់ដាក់មាត់ថើបទល់នឹងបន្ទះស្បែកពិតរបស់គេ​មិនថា​ចចកឬមនុស្ស ខ្ញុំចូលចិត្ត​ណាស់។

តែនេះមិនមែនជាពេលវេលាសម្រាប់រឿងតណ្ហា​ទេ ណាមួយ ពីរនាក់យើងក៏ប្រហែលជាគ្មានពេលទៀតដែរ។

ទោះបីជាយ៉ាងនេះហើយ ខ្ញុំនៅឆ្លៀតមកពិបាកចិត្ត ជាងអ្វីដែលគួរធ្វើនិងដោះស្រាយជាមួយហ្វូងសត្វនៅកក្រើករំពើកក្រៅផ្ទះ។

Will Cadotte បានប្រើខ្ញុំ គេកុហកខ្ញុំ ហើយខ្ញុំនៅតែចង់បានគេ។ ខ្ញុំពិតជាស្រឡាញ់គេណាស់។

«ឱ្យ​កាំភ្លើងមកវិញបានទេ?» ខ្ញុំសួរគេ​។

«បាញ់ខ្ញុំទេ?»

«ចុះខ្លួននឹង​ខាំខ្ញុំទេ?»

គេគ្រវី​ចិញ្ចើមបញ្ចេញភាព​អស់សំណើច ហើយឆ្លើយ៖

«ខាំ​តែ​មិនមែន​ពេលនេះទេអូន! ប្រហែលជា​ពេលក្រោយ!»

ខ្ញុំ​បាន​បញ្ចេញ​សំឡេងដង្ហើមដែល​មិន​អត់ធ្មត់ ហើយ​គេ​ដកដង្ហើមធំរអ៊ូ៖

«ខ្ញុំគិតថា ប្រពន្ធខ្ញុំស្រឡាញ់ខ្ញុំ»

«ដើម្បីយកឈាមនាងមែនអត់?!»

គេហាក់ដូចជាមានការភាន់ច្រឡំងីងើត្រដរឆ្លើយ៖

«ពិតណាស់បងចង់ឱ្យអូនស្រឡាញ់បងជេស៊ី»

«ព្រោះ​គេ ​ត្រូវ​ការ​ឈាម​របស់​អ្នក​ដែល​ស្រឡាញ់​គេ ​ដើម្បី​ក្លាយ​ជា​ព្រះ​ចចក» ខ្ញុំតបអួលៗណែនៗ។

«ហើយ….សំដៅបងនេះឬ?»

«កុំប្រាប់ខ្ញុំថាខ្លួនមិនដឹង!» ខ្ញុំបានស្រែក។

«កុំកុហកខ្ញុំទៀតទេ Will!»

«ឱ​ព្រះ!» គេរអ៊ូបិទភ្នែក គេផ្តើមយល់ពីកំហឹងចិត្ត​របស់ខ្ញុំហើយ។

«អ្នកបានធ្វើឱ្យខ្ញុំលង់ស្រឡាញ់ ដើម្បីឈាម​» ។

បបូរមាត់របស់គេគ្រឺត និងទ្រាំខាំមាត់ព្រោះគ្មានពេលមកគ្រញិចខ្ញុំ។ ភាពសោកសៅដ៏អស់កល្បដែលបានអូសទាញខ្ញុំមករកគេដល់ទីនេះបញ្ជាក់ធាតុពិតនៅតែមិនទាន់បញ្ជាក់អ្វីបានច្បាស់សោះ។ ប៉ុន្តែខ្ញុំនឹងមិនអនុញ្ញាតឱ្យគេល្បួងខ្ញុំម្តងទៀតទេបាន​។

ខ្ញុំចូលក្នុងផ្ទះបាយគេ​ហើយ​រើបណ្តាឯកសារដែលខ្ញុំបាត់នៅប៉ុស្តិ៍ ហើយយកមកបង្ហាញបោះនៅលើក្តារចំពោះមុខគេ។

ភាពច្របូកច្របល់បានរុញច្រានភាពសោកសៅនៅក្នុងភ្នែករបស់គេចេញជំនួសដោយភាពមន្ទិល គេសួរខ្ញុំបក៖

«របស់ស្អី?»

«ភស្តុតាងដែលបាត់ពីកន្លែងប៉ូលិស​ហើយមកឃើញក្នុងផ្ទះខ្លួន!»

«វាមកពីណា? មកតាមណា?»

«កុំលេងសើចជាមួយខ្ញុំទៀត will ជាអ្នកលួចវាពីបន្ទប់ភស្តុតាង»

«ខ្ញុំ?»