រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី២២

ជំពូក

សង្សារសំណព្វ

សម្រាប់យូស៊ូ បារដែលគេទៅ គឺលើសពីកន្លែងសម្រាប់ផឹកស្រា។​ ប្រសិ​ន​ត្រឹមចង់ទទួលយកបទពិសោធជាមួយនឹងស្រាល្អ ស្រីស្អាតដែលមានភាពស៊ិចស៊ីឬពូកែផ្គាប់ ក៏មិនមែនទីនេះដែរ។

សំខាន់កន្លែងនេះមាន​មនុស្សជាច្រើនមិនស្គាល់គេ អាចថាមានលុយ ​ក៏មិនសុទ្ធតែអាច​ដើរចូលនិងត្រូវបានស្វាគមន៍​ដែរ ប្រសិនពុំមែនជាសមាជិក​។

នៅក្នុងបរិយាកាសដែលមានពន្លឺតិចបំផុត នេះគឺជាកន្លែង ដែលអ្នកកាសែតពិបាកឆ្មក់ថតយក​ទៅចែករំលែកនៅលើបណ្តាញសង្គម។ The Night Light 8 មានពីរជាន់ ជាន់ខាងក្រៅ ជាកន្លែង​ផ្តល់​អាហារដ៏ប្រណីត ត្រូវបានគេស្គាល់ថាជាភោជនីយដ្ឋាន​ចាយលុយចោល ឯជាន់ខាងក្នុង គឺVVIP ជាបារដ៏ពិសេសបំផុត។

នៅអង្គុយ​ពីមុខផ្ទាំងគំនូរផ្កា និងរូបសត្វចម្លែកៗដែលងងឹតគ្របលើជញ្ជាំង ទិដ្ឋភាពជាទូទៅ​នៅទីនេះដើរតួបានយ៉ាងល្អ ក្នុងការរុំព្រះអង្គម្ចាស់សេះសយូស៊ូដាក់ក្នុងកម្រងពិភពដ៏ចម្លែក និងបរិយាកាសនៃតន្រី្តស្រាលៗពីរោះកក់ក្ដៅ។

គេអង្គុយស្ងៀមស្តាប់ពាក្យរាយការណ៍​ពីអ្នកលក់ព័ត៌មាន​។

«គ្រប់គ្នានៅលើកោះគិតថា នោះជាស្នាដៃរបស់ពួកហង្សសទៀតហើយបាទ! បើសិនជាបងប្រុសរបស់ចៅហ្វាយ មិនទៅដល់ទាន់ពេលទេ ប្រហែលជាចំណាប់ខ្មាំង អាចត្រូវគេចាប់យកទៅ ឬបាញ់សម្លាប់នៅកណ្ដាលសមុទ្រ»

«ភណ្ឌរ៉ា​ធ្វើអីពួកវា? ស្រីម្នាក់ទេតើ​! ចាំឃោរឃៅថ្នាក់ហ្នឹងដែរ?»

គេសួរដោយមិនកម្រើករាងកាយ ​ភ្នែក​ល្ហលេ្ហវ ចិត្តនឹកដល់តែអូន។

«សមាសភាពនាងជាប្អូនប៉ូលិសល្បីបាទ!»

គេដៀងភ្នែកទាំងត្រិះរិះ។ យូស៊ូដ្បិតតែស្រវឹងរាប់យប់ តែយូស៊ូចែកដាច់ការងារនិងមនុស្សស្រី។ គេដឹងថា មួយជីវិតនេះ​ទោះស្រវឹងដល់លិចលង់ខ្លួន ​ក៏មិនអាចចោលកាតព្វកិច្ច​ជាកូនប្រុស​របស់សេដ្ឋីម៉ឺនយូដែរ។

ប្រុសស្អាតមានចរិត​ឆ្លៀវឆ្លាត គ្រាន់តែព្រានបន្តិច។ គេបន្លឺទាំងភ្នែកមមីរ៖

«ចង់ទម្លាក់កំហុសមកកោះH»

«សេណារីយ៉ូទំនងក្លាស៊ីកបែបហ្នឹងបាទ!»

 ប្រុសល្អលើកកែវមកក្រេបដាច់ជាតិក្តៅទ្រូង ទាំង​ភ្នែកវិភាគ រេងាក​មើលឆ្វេងស្ដាំអន្ទះអន្ទែង ប៉ុន្តែរាងកាយរបស់គេដែលអង្គុយសំកុកលើសាឡុងដដែល។ គេមិនទាន់អាចបង្ហាញខ្លួនទៅរកនាង ក៏គេមិនទាន់អាចធ្វើអ្វីចំពោះរឿងដ៏អភ័ព្វដែលសង្សារខ្លួនកំពុងជួបនោះដែរ។

«ពេលដែលលោកឥន្ត្រាបញ្ជូននាងមកដល់ភ្នំពេញនាងសន្លប់បាត់ហើយ! ធ្លាក់ទឹកផង ត្រូវ​របួសផង!»

គេជូតមាត់ ខ្ទប់បិទបាំង​ភាពរំជួលចិត្ត។ សំឡេងស្រីនៅរងំក្នុងបេះដូង«យូស៊ូ អូនឈ្មោះនីយ៉ា មិនមែន​ភណ្ឌរ៉ាទេ!»។

គេខាំមាត់តិចៗ ប្រឆាំងនឹងសំណឹករិចរិលនៃបេះដូងរឹងមាំក្នុងនាមកូនប្រុសត្រកូលអ្នកលេងច្រើនជំនាន់។ មនុស្សស្រីនេះគេក៏ចង់លេងសើចដែរ តែក្រោយមកការខឹង ស្មាននាង​ក្បត់ និងការដឹងការពិតថានាង​ស្មោះ បេះដូងនេះលែងអាចធ្វើជាព្រានចចកបានទៀត។

«​បងឥន្ត្រាយកគេទៅទុកនៅឯណា?»

«អាផាតមិនបឹងត្របែកចៅហ្វាយ!»

«ខ្ញុំស្គាល់ហើយកន្លែងនោះ!» គេនិយាយខ្លីៗដោយស្រពោន។

រសជាតិចត់បំផុតនៃជីវិត​អ្នកលេងមុខស្រស់គឺនៅពេលចេះស្រឡាញ់​ បែរជាមិនអាចធ្វើតាមបេះដូងបាន។

ប៉ារបស់គេ មានអចលនទ្រព្យជាច្រើននៅភ្នំពេញដែល​កូនប្រុសទាំងពីរអាចចេញចូលបានតាមចិត្ត ប៉ុន្តែរឿងដ៏សំខាន់ពេលនេះគេចេញចូលទីនោះមិនបាន ព្រោះនាងមានវត្តមាន។ នីយ៉ា​នៅមិនទាន់ដឹងសមាសភាពរបស់គេ ចំណែកប៉ារបស់គេបានយកសុវត្ថិភាពនាងមកគំរាម។

ប្រសិនបើគេមិនធ្វើតាមគម្រោងការនានារបស់គាត់ជាបន្តបន្ទាប់ នីយ៉ា​នឹងមានបញ្ហា។

យូស៊ូនៅរង់ចាំទាំងតឹងទ្រូងថា តើឪពុកចង់យ៉ាងម៉េចទៀតជាមួយនាង។ ពីដើមឡើយ គេមិនដែលនឹកស្មានថា ទីបំផុត​មនុស្សស្រីដែលគេចង់ឱបបំផុតគឺជាប្អូនពៅរបស់ប៉ូលិសជេនម្នាក់នេះទេ ប៉ុន្តែមកដល់ម៉ោងទាបភ្លឺនេះ ទោះបីនាងជាអ្នកណា ក៏គេនៅតែជំម្នះចិត្តស្រឡាញ់នាង​។

ដោយសារការយល់ខុសមួយ នាងត្រូវភ្លាត់ខ្ចាត់ទៅលើកោះ ​ជាបណ្តុំនៃដែនពាណិជ្ជកម្មអាថ៌កំបាំងរវាងប៉ាគេនិងពួកហង្សស រហូតមកដល់ពេលនេះ នាងបានក្លាយជាចំណុចស៊ីបបន្តបន្ទាប់នៃការធ្វើទុកបុកម្នេញ បើកុំតែអាងបងប្រុសនៅតាមឃ្លាំនាង​ហើយនាង​នៅកន្លែងខ្លួន កុំអី គេពិបាកដកដង្ហើមណាស់។

យូស៊ូអង្អែល Screen ប្រុងចុចទូរសព្ទទៅរកបងប្រុស ស្រាប់តែឧបករណ៍រោទ៍មុន។

…លេខចម្លែក!

គេល្វើយចិត្ត មិនចង់និយាយជាមួយអ្នកណា មិនចង់លើក ប៉ុន្តែដោយនៅរោទ៍យូរពេក គេក៏ចាប់ផ្តើមចុចទទួលតែនៅស្ងាត់ មិននិយាយអ្វីទាំងអស់។

ជាមួយទឹកមុខក្រៀមក្រំ ភ្នែកក្រហមៗ ត្រចៀកគេស្តាប់ឮសំឡេងហៅខ្សឹបៗ….

«យូស៊ូ!»

សំឡេងរបស់ទេពធីតា ធ្វើឱ្យគេងើបអង្គុយត្រង់ខ្លួនមួយរំពេច។

«ភណ្ឌរ៉ា?»

«ហៅអូនថានីយ៉ាបានអត់?»

ប្រុសស្អាត​ធ្វើម្រាមដៃឱ្យសញ្ញា​មនុស្សប្រុសពីរនាក់ដែលនៅក្បែរតាមការពារ ចាកចេញ​ទៅក្រៅ ឯអ្នករាយការណ៍អម្បាញ់មិញផងក៏ឱ្យចេញ។

នៅតែម្នាក់ឯងប្រុសស្អាតអាចលេងទឹកមុខមនោសញ្ចេតនាមួយទំហឹង។

«ចុចវីដេអូនីយ៉ា! បងចង់ឃើញអូន!»

«អ្ហូយ! អត់បានទេយូស៊ូ!»

«មានអីអត់បាន?»

«ពិបាកប្រាប់ណាស់!»

គេទម្លាក់ទឹកមុខនឹកដល់បងប្រុស មាត់គេសួរ៖

«នៅជាមួយអ្នកណា?»

គេនិយាយដូចជាហួងហែងផង ចង់ដឹងព័ត៌មានពីខាងនាង​ផង។ ស្រស់ស្រីនួនល្អងតបឆ្លើយខ្សាវ​ៗ​៖

«មាន…អ្នកណា?»

«និយាយកុហក! បងមិនសប្បាយចិត្តទេ!»

សង្សារនៅទីទើរ មិនមាត់មាន​តែដង្ហើមធំ ធ្វើឱ្យប្រុស​សម្លុត៖

«ស្មាន​ថាបងមិនចេះ​ទៅរក​តាមប្រព័ន្ធខលនេះ?»

«ប្រាប់ក៏បាន….! ខ្ញុំនៅភ្នំពេញ! ជាមួយ….កូនប្រុសម្ចាស់កោះនោះ!»

គេស្រមៃទឹកមុខទឹកកករបស់បងប្រុស។ បបូរមាត់ថ្លៃញញឹម ព្រោះដឹងថា​នាង​មានសុវត្ថិភាពដែលនៅជាមួយ​ឥន្ត្រា ទ្រូងធូរខ្សាក។ ស្រាប់តែតូចតន់រអ៊ូមក៖

«នៅសុខៗ គេហ្នឹង​ធ្វើជាមនុស្សចិត្តល្អ!»

«មនុស្សល្អម៉េចខ្លះ?!»

«ឱ្យខ្ញុំខលទៅបងឯង សន្យាថា បើខ្ញុំមិនប្រាប់រឿងលើកោះទៅបងជេន ពួកគេ​នឹងមិនតាមរករឿងបង!  យូស៊ូកុំនិយាយ​អ្វីទាំងអស់បានទេ?»

អាណិតនាង ហើយ​ក៏សរសើរលក្ខខណ្ឌដែលបងខ្លួន​ចេះច្នៃស្ថានការណ៍។ គាប់ចួននារីនេះ​ពិត​ជាមានបេះដូងស្មោះ សុខចិត្ត​ពុនរែកការបំពានទាំងនោះ មិននិយាយរំអួយប្រាប់បងប្រុសនាង​ព្រោះនាងគិតពីសុវត្ថិភាពគេ?
«ហើយអូននិយាយប្រាប់បងប្រុសខ្លួនទេ?»

«មិននិយាយទេ!» នាង​ខ្សឹបខ្សៀវ។​ ខាងប្រុសខាំមាត់ញញឹម​ ចិត្តព្រឺព្រួចនឹកចង់តែក្រសោបកាយស្រីព្រោះអាណិត តែមាត់ធ្វើពើសួរ៖

«ម៉េចអ៊ីចឹង?»

«សួរទៀត? ពួកគេស្អីក៏ហ៊ានធ្វើដែរ! មិនចង់ឱ្យយូស៊ូមាន​រឿង បងខ្ញុំក៏អ៊ីចឹង មិនចង់ឱ្យគាត់មានរឿងជាមួយ​ពួកមនុស្សទឹកកកអស់ហ្នឹង!»

យូស៊ូខាំម្រាមដៃគិត។ នាង​ថាអ្នកណាខ្លះជាមនុស្សទឹកកក។ អ្នករាយការណ៍បាននិយាយពីការរាប់អានដែលប៉ាខ្លួនបានសម្តែងឡើងជាមួយនាង ចុះនាង​គិតយ៉ាងណា?

គេឆ្លៀតសួរ៖

«អ្នកណាខ្លះទឹកកក? ហើយម៉េចបានគេនៅហ្នឹងជាមួយអូនទៀតម្នាក់ឥន្ត្រានោះ?» ​

«ខ្ញុំមិនដឹងពីរឿងរ៉ាវរញ៉េរញ៉ៃអស់នេះទេយូស៊ូ! និយាយទៅ ពួកគេនោះ ពិតជាមនុស្ស​ចិត្តល្អមែន  ប៉ុន្តែកូនប្រុសគេនោះ ទីបំផុតទៅមិនដឹងថា ធ្វើម៉េចគេក្លាយមកជាអ្នកជួយសង្គ្រោះខ្ញុំទៅវិញ! ហើយពួកថៃមិនដឹងមកពីណាទេ….!»

«ពួកថៃ ទៅធ្វើអីអូនខ្លះ?»

នាង​ដកដង្ហើមធំ​។ មនុស្សស្រីម្នាក់នេះមិនតម្អូញ តែមិនសូវឆ្លាតឡើយ។ នាង​មិនអាចស្ទង់វិភាគ​ដឹងពី​សភាពការណ៍​ចម្លែកៗដែលបាន​នឹងកំពុង​តែ​កើតមាន​ជុំវិញខ្លួន ថែមទាំងត្រូវប្រឈម​នឹង​សត្រូវ​តាមយកជីវិត ​ទាំង​ដែលខ្លួនឯងមិនបានធ្វើអីពួកគេថែមទាំង​មិនដែលស្គាល់គ្នា។

«យូស៊ូ ពេលអ៊ំនោះព្រមឱ្យកូនគាត់ដោះលែងយើង មានមនុស្សស្រីមូស្លីមនៅលើកោះ ក្នុងផ្ទះគាត់ផ្ទាល់លបចូលមកបញ្ឆោតខ្ញុំឱ្យចេញ​ទៅរកអូប័រ។ នៅលើនោះមាន​ជនជាតិថៃមកដែរ ម្នាក់ដែលចេះខ្មែរ​បានកុហក​ថាជាមនុស្សរបស់បងប្រុសខ្ញុំ!»

«ហើយឮអ៊ីចឹង ក៏ប្រហែសជាទៅតាមគេភ្លាម​?»

«ព្រោះខ្ញុំមិនចង់នៅលើកោះនោះ សូម្បីតែមួយនាទីណាទៀតក្តី!»

យូស៊ូទម្លាក់ទឹកមុខខំទប់ដង្ហើមដែលតឹងតែងចំពោះថ្លៃ។​ ចុះបើថ្ងៃណាមួយស្រីដឹងថា បងក៏ជាស្ដេចត្រាញ់នៅលើកោះនោះ អូនគិតយ៉ាងណា​ចំពោះបង?

«បងទៅយក​អូនចេញមកឥឡូវនេះ!»

គេនិយាយតាម​ការទាមទាររបស់បេះដូង តែនាង​ប្រកែកវិញញាប់ស្មេរ៖

«អត់បានទេយូស៊ូ» នាង​និយាយទាំងអាក់ៗខា្លចមនុស្សនៅក្បែរឮ «ម្នាក់ឈ្មោះឥន្ត្រានោះកំពុងមើលមករហូត!!!!»

សមឡេងតម្អូញរបស់ស្រីស្នេហ៍ញ៉ាំងចិត្ត​អ្នកស្តាប់ឱ្យរឹងរឹតតែចង់​សម្លឹងបបូរមាត់នាង។ បើជាមនុស្សប្រុសផ្សេងវិញ ច្បាស់ជាយូស៊ូហែកមេឃជ្រែក​ដីមកជជីកសួរនាំឫសគល់ ប៉ុន្តែពេលនេះ គេស្ងៀមមិនមាត់មិនក នីយ៉ា​គួរតែសង្ស័យហើយ ប៉ុន្តែនាងមិនយល់។

រឿងបន្ថែម គឺស្រីកំពុងតែប្រទះរឿងជាច្រើនតានតឹងក្នុងចិត្ត ដូច្នេះហើយ នីយ៉ា​ក៏មិនបានចាប់អារម្មណ៍គិតថា ហេតុអីបានជាយូស៊ូទ្រាំស្ងៀមមិនមាន​ប្រតិកម្ម នៅពេលដែលដឹងថានាងកំពុងនៅក្នុងបន្ទប់ពីរនាក់ប្រុសម្នាក់ឈ្មោះឥន្ត្រានោះ?

នាងមិនដែលនឹកស្មានឡើយថា មនុស្សដែលនាង​កំពុងតែនិយាយដល់និងកំពុងតែមានអារម្មណ៍សង្ស័យ តាមពិតគឺជាបងប្រុសបង្កើតរបស់សង្សារខ្លួន។

«ស្អែកព្រឹកព្រលឹមចាំជួបគ្នាណ៎ា» នាងនិយាយលួងចិត្ត​រៀម។

«នៅប៉ុន្មានម៉ោងទៀតហ្នឹង» ប្រុស​តបទាំងញាក់ស្មា។

«ត្រូវហើយ!»

«អូខេ បងទៅរកអូនភ្លាម Honey!»

«អូខេ»

យូស៊ូដាក់ទូរសព្ទចុះ ទាំងដឹងថា ​គ្មានមេឃដីជួរភ្នំណា អាចរារាំងចិត្តកាយ​នេះមិនឱ្យជួបជាមួយអូនបានទៀតនោះទេ។ គេញញឹមនិងថើបទូរសព្ទម្នាក់ឯង ធ្វើឱ្យម៉ូណា តាមសម្លឹង​ភាពអត់ធន់មិនមាត់របស់ជេន​។ ក្រោមកិច្ចសហការ​ដោយបង្ខំពីម្ចាស់បារ អ្នកទាំងពីរបានបន្លំខ្លួនស្លៀកពាក់ជាភ្ញៀវអភិជន មកតាមមើលកូនប្រុស​ម្ចាស់កោះមិនដាក់ភ្នែក។

ទោះបីជាខាងស្រីបានទម្លាក់ទូរសព្ទ​ហើយក្ដី បេះដូងយូស៊ូនៅតែរសេះរសោះនឹកនាង។ ឆាកដោះលែងនាងមកភ្នំពេញវិញ គេដឹងថា​ប៉ាគេមិនមែន​លេងសើចទេ។ នីយ៉ា​ជាមនុស្សស្រីម្នាក់ដែល​យូស៊ូយល់ថា នាង​ល្អពេក មិនសមនៅចន្លោះរវាងសង្គ្រាមនៃ​កោះH និងប៉ូលិសក្រុងទេ។

ក្នុងបេះដូងប្រុសប្រាណ មិនដឹងថាទៅមុខត្រូវធ្វើយ៉ាងម៉េចទៀត ប៉ុន្តែស្នេហានេះពិត វាជារបស់មួយដែលគេចង់ប្តូរផ្តាច់រក្សា​ថែ។

នៅខាងណេះ នីយ៉ា​បកត្រលប់មកពីវេរ៉ងដាវិញ វាក់អើនឹងប្រុសច្បង។

ស្នាមញញឹម​ ថ្ពាល់ក្រហមៗ និងអារម្មណ៍ស្នេហ៍ដែលបាននិយាយតទល់ជាមួយ​យូស៊ូ បានបង្កើនសម្រស់ប្រផូរឱ្យនាង ទាក់ភ្នែក​ឥន្ត្រាឈរភ្លឹក​គន់សម្រស់ស្រី។

នាង​ទម្លាក់ស្នាមញញឹម​សន្សឹមៗពេលឃើញ​គេ។

«ម្តេចប្រញាប់ជួបគ្នានឹងយូស៊ូម្ល៉េះ?»

នាង​ក្រពាត់ដៃធ្វើមុខតោះតើយ៖

«ចេះមកសួរកើត មនុស្ស​ស្រឡាញ់គ្នា គេនឹកគ្នា!»

ស្រីដូចថាឱ្យខ្យល់ មិនខ្ចីទាំងមើលពន្លឺភ្នែកស្រទន់ក្នុងប្រស្រីរៀម។ ថាចប់ប្រុងដើរចោលគេ ស្រាប់តែខាងប្រុសតាមម​កពីក្រោយជាមួយសម្តីច្បាស់លាស់។

«មិនទាន់មានអ្នកណាប្រាប់ថាអនុញ្ញាតទេប្អូនប៉ូលិស!»

បេះដូងមនុស្សស្រី ដែលកំពុងតែរីកដូចគ្រាប់ជីត្រូវទឹក ដោយសារតែបានប្រទាក់សម្ដីជាមួយសង្សារសំណព្វចិត្ត ពេលនេះនាងមិនចង់រវល់អីច្រើនជាមួយនឹងឥន្ត្រា ថែមទាំងមិនចង់ឱ្យកំហឹង ឬមួយក៏ការឃ្នើសចិត្តគ្នាជាមួយបុរសទឹកកកប៉ះពាល់ដល់អារម្មណ៍ល្អរបស់នាងក្នុងពេលនេះ….ប៉ុន្តែ យ៉ាងណាក៏ដោយ សម្តីរបស់គេដាស់នាងឱ្យមានៈ ស្អប់ភាពផ្ដាច់ការ ដែលគេធ្លាប់ធ្វើមកលើនាងកន្លងមក នៅលើដីកោះសែនឆ្ងាយ។

ស្រីឈប់ដំណើរហើយងាកមកសម្លឹងគេ ជាមួយនឹងស្នាមញញឹមឌឺៗ។ សូម្បីតែកែវភ្នែកទាំងសងខាងដែលសម្លឹងមុខរៀម ក៏ធ្វើរបៀបស្រស់ស្រាយ និងកាច់កុងជាមួយគេ មិនញញើត។ មាត់កែវល្អ​ពោល​បូញ​បញ្ឈឺ៖

«អរគុណហើយ! ដែលអនុញ្ញាត!»

បបូរមាត់ខាងបុរសញឹមៗ​នៅពេលដែលឃើញសភាពរបស់នាង កំពុងតែបញ្ចេញអាការៈឌឺដងគួរគ្នាន់ក្នាញ់។ ទឹកមុខគេស្មើដដែល កែវភ្នែកស្រទន់ៗ ប៉ុន្តែគេពិតជាជាប់ចិត្តជាមួយនឹងពន្លឺភ្នែកតោះតើយ កាច់កុង​របស់នាង។

ពិតជាគួរឱ្យចង់និយាយគ្នាពេកហើយប្អូនប៉ូលិស។

គេគិតទាំង​ផ្តោតភ្នែកសម្លឹង​បបូរមាត់របស់នីយ៉ា ងើយមកសឹងតែក្បែរប៉ះគ្នាបានទៅហើយ។ ដូចជាចង់បញ្ជាក់ប្រាប់គេថា មិនថាបងៗរបស់នាងនៅទីនេះផង នឹង​នៅតែឃាត់ឃាំងនាងមិនជាប់ ចុះទម្រាំគេនេះ ជាប្រភេទមនុស្សដែលនាងមិនគិតថា នឹង​សំខាន់អ្វីឡើងនៅក្នុងជីវិត។

ឆ្លើយតបទឹកមុខ​មនុស្ស​ស្រីក្រអឺត សំឡេងមនុស្សប្រុសនិយាយតិចៗស្រទន់ៗដាក់វិញ៖

«ប្រាប់យូស៊ូទៅ ថាអត់បានជួបគ្នាទេ!»

ឥន្ត្រាហុចទូរសព្ទមកឱ្យនាងវិញ ដែលមុននេះ គេឱ្យនីយ៉ា​ខ្ចីប្រើខលរកសង្សារ។ នាង​បានសងមកគេទាំងមិនអរគុណ ព្រោះបេះដូងជាប់ផុងតែនឹងប្រុសពៅយូស៊ូ។

នីយ៉ាដៀង​សម្លឹងឧបករណ៍ដែលហុចមកតែបន្តិច ប៉ុន្តែកន្ទុយភ្នែកក៏បកមករកប្រុសស្អាត។

ស្នាមញញឹមតិចៗរបស់គេ ដូចជាចង់ធ្វើឱ្យនាងផ្ទុះកំហឹងថា គេនេះនៅតែមានចេតនាចង់គ្រប់គ្រងលើជីវិតនាង ​សំអាងអី?សូម្បីតែរឿងឯកជនរបស់នាងគេហ៊ានមកធ្វើយកជើងរាទឹក?

«ខ្ញុំព្រមតាមអស់ហើយ! ខ្ញុំនឹង​មិននិយាយសូម្បីតែដីខ្សាច់ឬក៏ដើមឈើនៅលើកោះនោះផង កុំថាឡើយដល់មនុស្ស! ប៉ុន្តែដល់ពេលដែលខ្ញុំត្រូវធ្វើតាមបេះដូងខ្ញុំដែរ! ឈប់ណ៎ា! ចេញចរិតផ្ដាច់ការដាក់ខ្ញុំ»

ស្រីសម្លក់ទូរសព្ទគេជាកិច្ចបង្ហាញថា ខ្លួននាងគ្មានថ្ងៃទៅលេបសម្ដីចោល​ណាត់ជួបជាមួយសង្សារនោះទេ។

ប្រុងថា បែរចោលប្រុសថ្លៃ លែងខ្ចីរវល់ស្រាប់ទេសកាលនឹកឃើញរឿងមួយទៀត កែវក៏ងាកត្រលប់មកវិញទៀត មាត់ហា​និយាយញញឹម​កំប្លុកកំប្លែងដូចចង់បញ្ជោះរៀមរ៉ា៖

«ហើយ…..មួយទៀត! កុំហៅគេយូស៊ូៗស្និទ្ធពេក! មនុស្សល្អរបស់ខ្ញុំ អត់មានត្រូវស្អីជាមួយខ្លួនទេ! គេមិនពាក់ព័ន្ធអី ជាមួយពួកមនុស្សនៅលើកោះនោះទេចាំទុក!»

ស្នាមញញឹមប្រុសប្រាណ​ទម្លាក់ចោលភ្លាមៗ ប្ដូរមកវិញនូវទឹកមុខស្មើធេង កែវភ្នែកទាំងសង​ផ្តើម​បញ្ចេញភាពទឹកកក សែន​ត្រជាក់។

មនុស្សស្រីដែលពាក់ព័ន្ធនឹងការសម្លឹងភ្នែកនេះ ក៏នឹកឃើញឡើងវិញ​ដល់រាត្រីទាំងឡាយនៅក្នុងចំណង​ធ្លាក់ជាចំណាប់ខ្មាំងគួរឱ្យអាណិត ព្រមទាំងរំឭកនូវពាក្យពេចន៍ផ្ដាច់ការ កាយវិការបោកបក់របស់ឥន្ត្រាមកលើខ្លួនជាស្រី។

មានរឿងច្រើនទៀត…..ដែលពន្លឺភ្នែកត្រជាក់នេះកំពុងរំឭកនាង….ស្រី….ឈឺ!

នីយ៉ា​ងាកមុខចេញវឹង​ព្រោះមិនចង់ចងចាំ។ នាង​ប្រុងចេញទៅ ប៉ុន្តែសំឡេងគេលាន់មកឃាត់ ស្របពេលគាត់ដៃគេច្បាម​ចាប់នាង មិនឱ្យនីយ៉ា​ចេញ​ទៅណាបាន។

«ពួកមនុស្សលើកោះយ៉ាងម៉េច?»

ស្រី​ស្លេកមុខតិចៗ ឈ្ងោកសម្លឹងមើលម្រាមទាំងប្រាំធំៗវែងៗដែលស្ថិតនៅលើហត្ថា​ស្រី។

រឿងជាច្រើនដែលទើបតែ​រំលងមក រួមទាំងពាក្យពេចន៍សារសងចុះឡើង មានក្ដៅមានត្រជាក់ មាន​អង្វរ មាន​ជេរប្រទេចខឹងសម្បា ចុងក្រោយនាងបាន​ទ្រោបនៅលើប្រាណថ្លៃ តោងកគេទម្រាំឡើងដល់ឧទ្ធម្ភាគចក្រ។

នីយ៉ា​មិនចង់ឆ្លើយនឹងសំណួរនេះ ព្រោះជ្រុលនិយាយពិតមែន ក៏ចង់លេបសម្ដីអសុរោះអម្បាញ់មិញមកវិញព្រោះស្តាយ។

«ពួកមនុស្សលើកោះណា? ហើយយ៉ាងម៉េចខ្លះ?»

សំណួរជះមកជាលើកទីពីរ អម​ភាពត្រជាក់ៗនៅក្នុងពន្លឺភ្នែកនេះ បង្កប់មករួមគ្នា​ដោយ​ការតូចចិត្ត ចចេស អស្មិមានៈនិងផ្ដាច់ការទន្ទឹមគ្នា ធ្វើឱ្យស្រីខាំបបូរមាត់ក្រោមតិចៗងាកមុខចេញព្រោះខ្លាចភ្នែកគេ។

«គឺ….ក្រៅតែពីលោកអ៊ំដែលមានចិត្តល្អ មនុស្សនៅលើកោះទាំងអស់សុទ្ធតែ….ខ្ជិលនិយាយ!»

នាងឈប់មាត់មិនហ៊ានមើលមុខគេ ប៉ុន្តែដូរសំឡេងមកឡូឡា៖

«ដឹងខ្លួនឯងហើយ! មិនបាច់សួរគេច្រើនទេ? ហើយគេ…យូស៊ូ! ខ្លួនឯងចាប់គេយកទៅធ្វើបាប វាយដំ​គេស្នាមពេញខ្លួន ដល់ថ្នាក់ចង់បោះគេទៅក្នុងសមុទ្រទៀត! ក្រោយមកចេញ​សម្តីផ្អែម ហៅឈ្មោះគេ ធ្វើមើលតែបងប្អូន ឬក៏មិត្តសម្លាញ់នឹងគ្នា? ជ្រេញ!»

ស្តាប់នាង​ផងចិត្ត​ នឹកឃើញដល់ប្អូនប្រុសពៅផង។

ឥន្ត្រាទម្លាក់ម្រាមប្រាំចេញពីកដៃស្រីល្អ ធ្វើឱ្យនាងមានអារម្មណ៍ថា អាចវិលមកដកដង្ហើមបាន​ស្រួលជាងមុន។

ចិត្តមួយនាង​សួរខ្លួនឯង….ហេតុអីយើងខ្លាចមនុស្សប្រុសម្នាក់នេះដល់ថ្នាក់នេះ? គ្រាន់តែម្រាមគេប្រាំប៉ះដៃយើងសោះ យើងមានអារម្មណ៍ដូចជាដកដង្ហើមមិនចង់រួចទៅហើយ?

ខាងប្រុសវិញនៅសម្លឹងនាងមិនដាក់ភ្នែកទេ ទោះឃើញហើយថា​ នីយ៉ា​មិនហ៊ានប្រឈមនឹងការមើល​របស់គេ។

ការពិត ប្រុសពិតជាចងចាំនូវសម្ដីបញ្ជារបស់លោកឪពុក ដែលមិនទាន់អនុញ្ញាតឱ្យអ្នកទាំងពីរជួបគ្នានៅឡើយ រឿងទីពីរ ព្រោះបងមិនចង់ឱ្យអូនជួបជាមួយសង្សារ ដោយសារហេតុផលអាថ៌កំបាំងមួយដែលនៅក្នុងលោកនេះ មានតែបងម្នាក់ប៉ុននោះដែលដឹង។

ហេតុអីមិនទាន់បានប៉ុន្មាន មនុស្សស្រីដែលយើងលោតទៅក្នុងទឹកឱបត្រកងយកជីវិតត្រលប់មកឱ្យនាងដល់ទៅពីរលើកផ្ទួនៗ ភ្លេច​ពាក្យ​អង្វរករយើងនៅក្នុងកូនផ្ទះចុងឆ្នេរ ទីបំផុតមកដល់ភ្នំពេញចង់លេងក្បាច់ ដល់កំពុងលង់ទូក?

ឥន្ត្រា​លេចស្នាមញញឹមតិចៗពេលឈឺចិត្តអាណិតខ្លួន។

នេះមិនមែនជាស្នាមញញឹមល្អ វាហាក់ដូចជាការខកចិត្តបង្ហាញលើបបូរមាត់មនុស្សប្រុស រហូត​ដល់ខាងស្រីមិនហ៊ានសម្លឹងនោះទេ។

«ចង់លេបសម្ដី?» គេសួរខ្សាវៗ។ នាង​តបតភ្លាមៗ៖

«លេបអីទៅ? សម្ដីអី? ឬគិតថា មួយជីវិតនេះខ្ញុំអត់ជួបសង្សារខ្ញុំរហូតទេ?»

គេប្រុងនិយាយជាមួយនាងទៀតស្រាប់តែទូរសព្ទលោតសារ។

ថ្មើរណេះគ្មានអ្នកណាក្រៅពីក្រុមអ្នកយាមខាងក្រៅទេ។

«បងឥន្ត្រា! ប៉ូលិសជេនបត់ឡានចូលមកចតនៅខាងក្រោមហើយ! ប្រហែលជាឡើងទៅជួបប្អូនស្រីគេហើយ!»

ឥន្ត្រាដៀងភ្នែកសម្លឹងនាង ​រួច​ទុកទូរសព្ទក្នុងហោប៉ៅខោវិញ ឈាន​បែរក្រោយទៅជិតបង្កាន់ដៃ ឱនសម្លឹងទៅចំណតឡានខាងក្រោមជ្រៅសន្លឹម។

ស្រីទើបនឹង​ខលទៅរកបងសំណព្វរបស់នាង ដូច្នេះការចាប់ទីតាំងមិនពិបាកនោះទេ។ មេឃមិនទាន់ក្រហមផង បងប្រុសគេមកដល់ទៅហើយ។

ឥន្ត្រាបែរមកវិញដើរតាមនាង​ហើយ​និយាយតឿនតិចៗ៖

«បងប្រុសខ្លួនមកដល់ហើយប្អូនប៉ូលិស!»

នីយ៉ា​បែរមកជាមួយកែវភ្នែកចិញ្ចាច ព្រោះស្តាប់មិនទាន់ច្បាស់ តែជាឃ្លា​ដ៏ល្អនាង​ចង់ឮណាស់ ។

ស្រីបែរមកវិញសម្លឹងមុខគេចង់សួរឱ្យគេនិយាយសាដើម តែប្រុស​ធ្វើមុខស្មើមិនពេញចិត្ត​ទេ។

«ខ្ជិលមើលបងប្អូនគេ​ឱបគ្នាណាស់!»

ឥន្ត្រាថាទាំងាកមុខចេញ​ដូចមិនពេញចិត្ត​វត្តមាន​បងប្រុសនាង ញ៉ាំងឱ្យស្រីល្អ​បូញមាត់ដាក់គេ។

ប្រុសចរចាបន្តដោយមិនសម្លឹងមើលឫកពាក្រអឺតនេះទេ៖

«ត្រៀមឱ្យហើយ! ខ្ញុំចេញទៅចាំក្បែរៗនេះ»

ប៉ុន្តែដូចមិនទុកចិត្ត​គេ​ងាកមកសម្លឹងនាង​ស្រឹមត្រជាក់។

«ប្រាប់ឱ្យហើយប៉ូលិស! រឿងយូស៊ូអត់ទាន់ឱ្យជួប!»

ក្រៅពីបូញមាត់ នាង​ថែមសម្លក់មួយ​កំប្លេមកទៀត។

ប៉ុន្តែ​រឿងដែលមែនទែន គឺជេនកំពុងតែឡើងមកហើយ។ មិនយូរទេគេនឹងមកគោះទ្វារ។

«ចេញទៅ!»

នាងបណ្ដេញខ្សាវៗព្រោះមិនចង់ឱ្យប្រុសពីរនាក់ប៉ះគ្នា។

បើបងប្រុសប្រទះឃើញគេម្នាក់ មិនដឹងមានអ្វី​ត្រូវកុហកឆ្លើយឱ្យសមទេ។​ ណាមួយទៀតនោះ ស្រីក៏មិនចង់ឮលេបពាក្យសន្យាជាមួយពួកគេដែលថា នាងនឹងមិនបូរបាច់​ប្រាប់បងប្រុស​ អំពីរឿងកោះH។

ប្រុសស្អាត ដើរថយក្រោយទាំងកែវភ្នែកសម្លឹងនាង។ គេចង់ធ្វើឱ្យប្រាកដថា នាងរក្សាសម្ដី សន្យាជាមួយគ្នា រឿងមិននិយាយអំពីកោះH ប្រាប់ឧត្តមសេនីយ៍ជាបងប្រុស។

ឥន្ត្រា​ចាកចេញ បិទទ្វារពីក្រៅឱ្យ នាំទាំងអង្គរក្សរបស់គេទាំងឡាយចាកចេញពីមាត់ទ្វារបន្ទប់ ស្រីស្អាតទៀត។

នីយ៉ា​រួសរាន់សម្លឹងជុំវិញនេះក្រែងមានសល់សំណល់អ្វីធ្វើឱ្យបងប្រុសសង្ស័យ ដូច្នេះនាងក៏ត្រលប់មកវិញប្រមូលស៊ឺរ៉ូមនិងម្ជុលលាក់កំបាំងទុកក្នុងទូខោអាវ។

ទើបនឹងបិទទ្វាររួច សំឡេងគោះទ្វារលាន់ឡើង…..