នៅឯកោះH…..
ម៉ឺនយូរចុចបិទសារដែលកូនប្រុសច្បងផ្ញើមកអំពីយូស៊ូ។
បុរសចំណាស់រិះគិតច្រើនអន្លើអំពីទំនាក់ទំនងកូនពៅនិងប្អូនស្រីប៉ូលិស។ ទោះបីជាយ៉ាងណាក៏ម៉ឺនយូនៅរក្សាបានទឹកមុខសុភាពរាបសា។ ចិត្តជននេះមានសង្ឃឹមមុតមាំឡើងៗ ពីព្រោះគាត់មានកូនអុកដ៏ធំនៅក្នុងដៃ។ មិនថាពេលនេះប៉ូលិសជេនយល់ព្រមជាមួយសំណូមពររបស់ខ្លួនឬក៏មិនយល់ព្រមក្តី ប្អូនស្រីរបស់គេនៅភ្នំពេញកំពុងស្ថិតក្នុងកណ្ដាប់ដៃកូនប្រុសពៅរបស់ម្ចាស់កោះH។
សេចក្ដីស្នេហារវាងយុវនារីចំពោះយូស៊ូ ម៉ឺនយូទុកថាជាក្រឡាឈ្នះដ៏សំខាន់មួយនៅក្នុងសាច់រឿងនេះ។
ងាកមកឧត្តមសេនីយ៍ ដោយមិនខ្វល់ថា បុរសចំណាស់ទទួលសារពីអ្នកណា ហើយគាត់ស្ដាប់អ្វីនោះទេ ពីព្រោះគាត់ដាក់កាសត្រចៀក កូនប្រុសច្បងមិនអាចសរសេរបាន ជេននៅឯណេះនៅតែបន្តញញឹមតាមទម្លាប់។
«កូនប្រុសច្បងខ្ញុំនៅស្រុកថៃ គេមិនសូវមកកោះនេះទេ! គេទើបតែផ្ញើសារមកខ្ញុំមុននេះ សួរសុខទុក្ខ! តាំងពីគេគ្រោះថ្នាក់ហើយរបួស ក្រៅពីភ្លេចអ្វីៗអស់ គេមិនអាចសរសេរអក្សរបាន ឬសូម្បីតែអានក៏មិនចេះ!»
ថារួចជននេះប្រគល់ កាសប្ល៊ូធូសហុចទៅឱ្យBill និងឆ្លៀតងាកមកសុំទោស។
«តែ….ខ្ញុំខ្វះការគួរសមចំពោះឧត្តមសេនីយ៍!»
«បាទ មិនអីទេ!» ជេនឆ្លើយដោយគួរសម សូម្បីតែធ្វើទឹកមុខបន្តិចបង្ហាញថាគេចាប់អារម្មណ៍ចង់ដឹងសួរនាំរឿងរបស់ឥន្ត្រាក៏គ្មានផង។
ចំពោះមុខម៉ឺនយូ គាត់ទទួលស្គាល់ថា ឧត្តមសេនីយ៍ក្មេងម្នាក់នេះពិតជានឹងនរពេកហើយ។ ម្ចាស់កោះH គ្រហែមយកសំឡេងបន្តិចទើបពោលសួរ៖
«ឧត្តមសេនីយ៍គិតយ៉ាងណាចំពោះការដោះដូររបស់យើង!»
ជេនញញឹមគិតបន្តិចមុនពេលឆ្លើយ៖
«មនុស្សដែលលោកឱ្យខ្ញុំឃើញនៅកោះខ្មោច រូបរាង មុខមាត់ ប្តូរភិនភាគអស់រលីង ខ្ញុំម៉េចនឹងដឹងថា ជាមនុស្សដែលពួកខ្ញុំតាមរកឬក៏អត់?!»
«ការរកស៊ីជាមួយគ្នាសំខាន់ត្រូវទុកចិត្តគ្នា!» ម៉ឺនយូតបតនិយាយតិចៗ។
«បាទ! ចង់ឱ្យខ្ញុំទុកចិត្ត យ៉ាងហោចណាស់ក៏ត្រូវមានភស្តុតាងអ្វីបន្ថែមពីលើនោះដែរ!»
«មុនពេលគេលែងដឹងខ្លួន គេប្រគល់របស់មួយមកឱ្យខ្ញុំ!»
បុរសចំណាស់តបឆ្លើយនិងសម្លឹងចំក្រសែភ្នែកជេន។ នាយប៉ូលិសរូបនេះក៏មើលមុខគាត់វិញដែរ។ ទោះជាគេរក្សាភាពនឹងនរហាក់បីដូចជាមិនខ្ចីភ្ញាក់ផ្អើល មិនប្រញាប់ប្រញាល់ តែតាមពិតជេនអន្ទះសាចង់ដឹង ទន្ទឹងរង់ចាំថាភស្តុតាងដែលម៉ឺនយូមានមកនោះជាអ្វី?
ជនចំណាស់ឱ្យកន្ទុយភ្នែកជាសញ្ញាទៅបៀល។ មនុស្សជំនិតក៏បើកស្គ្រីនទូរសព្ទ ហុចមកឱ្យជេន។
ប៉ូលិសសម្លឹងម៉ឺនយូបន្តិចរួចទើបទទួលឧបករណ៍មកកាន់។
«វាជាសំឡេងចុងក្រោយមុនពេលគេក្លាយជាមនុស្សរុក្ខជាតិ!»
ម៉ឺនយូពោលប្រាប់ជេនបន្ថែម។
ក្នុងចិត្តឧត្តមសេនីយ៍ គេលបលាក់ពិចារណា។ ប្រសិនបើអ្នកកោះHនេះ ពិតជាមានសំឡេងរបស់ពិសិដ្ឋ អ្វីៗដែលម៉ឺនយូកំពុងស្នើ អ្នកអាចគិតច្បាស់លាស់ជាងមុននេះ ដូច្នេះមុនពេលចុចស្តាប់ គេដៀងភ្នែកសម្លឹងពួកកងការពារ។
យល់ចិត្ត Bill បានលើកដៃឱ្យសញ្ញាពួកនោះថយទៅកាន់តែឆ្ងាយ។
ជេនចាប់ផ្តើមចុច file ស្ដាប់
«ខ្ញុំបានប្រើវិធីនេះ ដើម្បីបំភ្លេចចោលគ្រប់យ៉ាងទាំងអស់! Password នោះគ្មានទៀតទេលើលោក! លុយទាំងអស់ក្លាយជាអនាមិកបន្តវេរទៅឱ្យការងារមនុស្សធម៌និងបរិស្ថានទៅហើយ»
ចប់!
ជេនងើបមុខសម្លឹងម៉ឺនយូ។ ចិត្តប៉ូលិសរូបនេះទទួលស្គាល់ថា ពិតជាសារដ៏ខ្លី ប្រើសំឡេងពិសិដ្ឋ។ សភាពពិតជាសារចាស់ដែលមានសូម្បី Background ស្នូរផ្សេងពីទីនេះ។
ភាពល្អិតល្អន់និងបទពិសោធរបស់ប៉ូលិសជេន បានបង្ហាញថានេះជា file Original មិនបានកាត់តនោះទេ។ គ្មានត្រង់ណាចាត់ទុកថាគួរឱ្យសង្ស័យឡើយ។
ទោះយ៉ាងនេះហើយក្តី ឧត្តមសេនីយ៍នៅទាមទារការបកស្រាយ៖
«ជួយពន្យល់ខ្ញុំផង! សារនេះខ្លីពេក ខ្ញុំមិនសូវយល់!»
ម៉ឺនយូងក់ក្បាល ខណៈដៃប្រុសនៅកាន់ទូរសព្ទនោះមិនលែង។
បុរសម្ចាស់កោះបន្លឺ៖
«ពេលខ្ញុំរកឃើញគេ ខ្ញុំមិនដឹងថាគ្រោះថ្នាក់របស់គេ ជាការសម្លាប់ខ្លួនឯងឬក៏ប្រទះនឹងសត្រូវទេ ប៉ុន្តែ គេបាននិយាយពាក្យនេះដដែលៗជាដដែលនៅពេលដែលដឹងខ្លួន!»
ជេនចុចស្តាប់ជាច្រើនសានិងរក្សាភាពស្ងាត់ស្ងៀម។ ម៉ឺនយូនិងBill ក៏ស្ងប់ស្ងៀមដូចគ្នា។ ក្នុងជម្រៅចិត្តសម្ងាត់របស់ជេន គេមិនច្បាស់ឡើយថា ដើម្បីការពារ password និងបញ្ចប់នូវសេចក្ដីសង្ឃឹមរបស់ពួកអំបូរក្រោយនៃបណ្តាញម៉ាហ្វៀត្រីកោណមាស ក្នុងការយកលុយទុច្ចរិតមកបំផ្លាញលោក ពិសិដ្ឋពិតជាបានបំផ្លាញខ្លួនគេឱ្យក្លាយទៅជាបែបនេះ? ប៉ុន្តែ ចុះហេតុអី្វគេចាំបាច់បំផ្លាញសម្រស់ខ្លួនឯង? ធ្វើឱ្យគ្រប់គ្នាមើលសូម្បីតែបន្តិចក៏មិនចំណាំបាន?
ប្រុសគ្រហែមតិចៗខណៈដឹងថាជនចំណាស់ទាំងទ្វេកំពុងផ្ចង់មើលប្រតិកម្ម។ មិនយូរប៉ុន្មានឡើយ គេរើសសំណួរមួយយកមកសួរ៖
«គេទុកសារសំឡេងនេះឱ្យពួកលោកដោយចៃដន់?»
«ខ្ញុំគិតថា គេមិនដឹងថាពួកយើងជាអ្នកណាផង!» ម៉ឺនយូឆ្លើយ។
ជេនគ្រវីក្បាលបដិសេធគំនិតនេះហើយចោទសួរបន្ត៖
«ហេតុអីច្រើនឆ្នាំមកនេះមិនរាយការណ៍ប្រាប់ប៉ូលិស?»
ម៉ឺនយូងក់ក្បាលតិចៗ។ ទីបំផុតគាត់បកស្រាយមួយៗ៖
«ពួកយើងនៅកោះH រកស៊ីច្រើនជំនាន់មកហើយ យើងតែងមានបញ្ហាជាមួយពួកហង្សសដែលនៅកោះក្បែរខាង! ពួកនោះចូលដៃជាមួយជនជាតិថៃ ធ្វើបាបមនុស្សកោះHយើងជានិច្ចជាកាល។ គ្មានអ្នកណាចង់ធ្វើរឿងមិនត្រឹមត្រូវ ឬមួយក៏ធ្វើសកម្មភាពអ្វីប្រាសចាកពីច្បាប់ទម្លាប់ក្នុងប្រទេសទេ តែលោកនាយគួរយល់ដែរថា ពេលខ្លះក៏យើងត្រូវការពារខ្លួនពីពួកជនពាលដោយប្រើវិធីពាល! លោកជាប៉ូលិសមានភាពវៃឆ្លាត ឧត្តមសេនីយ៍ដឹងហើយថាយើងមិនអាចយករឿងសុភាពបុរសទៅប្រកួតជាមួយពួកផ្លេប៊យបាននោះទេ!»
«អ៊ីចឹងលោកក៏ធ្វើជនពាលជាមួយគេដែរ?»
«ហាសហា ខ្ញុំមិនចង់និយាយបែបនេះទេ ប៉ុន្តែពេលខ្លះយើងក៏ត្រូវរឹងមាំខ្លួនឯងសិន! បើរង់ចាំឱ្យប៉ូលិសមកជួយ ពួកយើងស្លាប់បាត់យូរណាស់ទៅហើយ!»
ជេនគ្រវីក្បាលទាំងទឹកមុខស្មើ គេតបឆ្លើយ៖
«ខ្ញុំមិនទាន់ទទួលបានចម្លើយ ហេតុអ្វីច្រើនឆ្នាំមកនេះពួកលោកមិនប្រគល់គេឱ្យប៉ូលិសព្យាបាល?»
ម៉ឺនយូមិនមានជំហរសោកស្តាយសម្តីមុនៗទេ គាត់ព្យាយាមបកស្រាយ៖
«ដើម្បីប្រកួតប្រជែង ពីមុនខ្ញុំគិតថាមានមនុស្សនេះក្នុងដៃ ខ្ញុំនឹងអាចមានជំហររឹងមាំ! ខ្ញុំក៏ចង់បានpassword នោះ….តែសារភាពថា ពេលនេះខ្ញុំចាស់ហើយ ខ្ញុំគ្មានកម្លាំងសម្រាប់ស៊ូជាមួយពួកហង្សសបានយូរទេ! ការងារខ្ញុំចុងក្រោយត្រូវខូចការ ខ្ញុំខាតលុយច្រើនណាស់! ខ្ញុំចង់ឱ្យប៉ូលិស ព្រមជាមួយខ្ញុំ យករបស់ដែលខ្ញុំមានទៅចុះ ហើយកម្ចាត់ពួកហង្សសឱ្យខ្ញុំ!»
ជេនញញឹម ដៃគេបង្វិលទូរសព្ទនិងចាក់សំឡេងហើយស្ដាប់ជាបន្តបន្ទាប់រហូតដល់ម៉ឺនយូមិនអាចរង់ចាំបានគាត់សួរទៀត៖
«មេប៉ូលិសគិតយ៉ាងម៉េចដែរចំពោះសំណូមពររបស់ខ្ញុំ?»
មុនពេលឆ្លើយតបសំណួររន្ថើនរបស់សេដ្ឋីកោះH ដែលសុំការសម្រេចចិត្ត ជេនគិតដល់សម្តីរបស់ម៉ូណាដែលទើបតែខលមកប្រាប់ថា មនុស្សប្រុសដែលដេកស្ងៀមនៅលើកោះខ្មោចតាមការពិតជាកូនប្រុសច្បងរបស់ម៉ឺនយូមិនមែនជាពិសិដ្ឋនោះទេ ប៉ុន្តែបើដូច្នេះមែន ម៉េចក៏គាត់ហ៊ានប្រគល់កូនប្រុសខ្លួនឱ្យប៉ូលិស?
«តើខ្ញុំយកគេទៅធ្វើអី?» ជេនសួរតិចៗ។
«ពីព្រោះលោកអាចយកមនុស្សទៅភ្នំពេញហើយពិនិត្យអ្វីគ្រប់បែបយ៉ាង!»
តាចាស់ដូចជាចង់ភ្ញោចនិយាយសំដៅទៅលើការធ្វើតេស្តឌីអិនអេ? ជេនងើបមុខសម្លឹងគាត់។ មិនច្បាស់ទេថា ឌីអិនអេនៅលើមនុស្សដែលដេកស្ងៀមច្រើនឆ្នាំមកហើយ គេអាចសំយោគបានឬក៏អត់ គ្មានវិទ្យាសាស្ត្រធានាទេ ប៉ុន្តែគេអាចបន្លំបានក្នុងភាគរយខ្ពស់ ធៀបជាមួយមនុស្សជាធម្មតា។ បើម៉ឺនយូយកមនុស្សមិនពិតឱ្យជេន គាត់អាចនឹងដើរបានមួយជំហានមុនទៅហើយលើរឿងតេស្តនេះ។ ការបន្លំDNA បានឬមិនបានក៏គ្មាននរណាដឹងដែរ ជាទូទៅប៉ូលិសគាត់តែងតែដើរក្រោយចោរមួយជំហាន។
«ចុះបើខ្ញុំប្រាប់លោកថា ខ្ញុំជឿរឿងនេះតែពាក់កណ្តាលប៉ុននោះ!»
ម៉ឺនយូសើចរង្គើស្មាចំអកឱ្យប្រយោគនេះ ក៏ជាពេល Bill លូកមាត់មកនិយាយជំនួសមេកោយ៖
«មនុស្សជាច្រើនហើយលោកនាយ ដោយសារតែពួកគេតាមស្វះស្វែងរកក្មេងប្រុសម្នាក់នេះ បានជាន់សឹករិចរិលកោះH ទៅហើយ!»
ជេនញញឹម៖
«កាលពីដប់ឆ្នាំមុនមក ពួកលោកមានចិត្តលោភចង់រក្សាទុកតម្រុយដ៏ធំមួយនេះ ក្រែងលោថ្ងៃណាមួយអាចការពារខ្លួន ឬមួយក៏បានផលចំណេញ តែលោកគួរដឹងថា ធ្វើអ៊ីចឹងគឺឃុំមនុស្សខុសច្បាប់!»
ម៉ឺនយូរាដៃ៖
«មិនមែនទេ! ខ្ញុំសង្គ្រោះគេ! ទុកថាខ្ញុំមិនដឹងគេជាអ្នកណា!»
«បើអ៊ីចឹងដដែល ហេតុអីលោកសហការជាមួយខ្ញុំ មិនព្រមប្រគល់មនុស្សនេះទៅឱ្យពួកហង្សស ហើយចរចាជាមួយពួកគេឱ្យឈប់រករឿងការរកស៊ីរបស់លោក?»
ម៉ឺនយូសម្លឹងទឹកសមុទ្រជាមួយកែវភ្នែកក្រៀមក្រំ គាត់វាចាមួយៗ៖
«សេចក្ដីលោភលន់របស់មនុស្សមិនចេះអស់នោះទេឧត្តមសេនីយ៍ បានជាខ្ញុំសុខចិត្តជួបប៉ូលិសល្អជាង»
ជេនងក់ក្បាលទទួលយកហេតុផលនេះ។ ជនចំណាស់ចរចាបន្ត៖
«បើខ្ញុំប្រគល់ឱ្យប៉ូលិស ហើយប៉ូលិសសន្យាបង្ក្រាបហង្សសឱ្យខ្ញុំ ខ្ញុំជឿថា ហង្សសអាចញញើតនិងដកខ្លួនចេញពីការរករឿងគ្នានៅដែនទឹកនេះត្រឹមជំនាន់ខ្ញុំ! បើខ្ញុំស្លាប់ទៅ គេអាចធ្វើអ្វីផ្សេងទៀតមកលើកូនៗខ្ញុំសង្ឃឹមថាលោកនឹងជួយពួកគេ!»
ជេននឹកឃើញភ្លាមដល់សមាសភាពរាជបុត្រដែលហ៊ឺហាដាក់ស្រីៗនៅភ្នំពេញ។ រឿងនីយ៉ានិងយូស៊ូគេនៅទ្រាំមិនទាន់ជម្រះបញ្ជីនៅឡើយផង។ ប្រុសស្អាតធ្វើដូចមិនដែលដឹងរឿងនេះ ឬសូម្បីប្អូនសំណព្វរបស់ខ្លួនធ្លាប់បានមកដល់កោះH ។ ឧត្តមសេនីយ៍ឆ្លើយយឺតៗ៖
«សង្ឃឹមថា ថ្ងៃណាមួយខ្ញុំបានជួបកូនៗរបស់លោកអ៊ំ!»
ជេននិយាយដោយទឹកមុខញញឹមសម្លឹងចំៗជម្រៅភ្នែករបស់ម៉ឺនយូ ក៏ប៉ុន្តែបុរសចំណាស់ពិតជាត្រៀមរួចរាល់នៅក្នុងការញញឹមតប ធ្វើដូចស្ពាន់មិនដឹងក្ដៅ ដែកមិនដឹងដុត។
«ទុកទីនេះជាផ្ទះបានទាន! ចេញចូលពេលណាក៏បានដែរទាន ព្រោះថានៅពេលដែលខ្ញុំសម្រេចចិត្តថាសហការជាមួយប៉ូលិសហើយ ខ្ញុំមានអីត្រូវលាក់បាំងនោះ?»
ជេនងក់ក្បាលវាចា៖
«ចំណែករឿងមនុស្សនៅកោះខ្មោចខ្ញុំសុំពេលគិតពីរបីថ្ងៃ! រយៈពេលនេះសូមមើលគេឱ្យល្អផង!»
«ប្រាកដណាស់!»
«អរគុណច្រើន!»
ជំពូក
មនុស្សអតីត
ហាន់ដាឆ្លៀតពេលនេះមកប្រជុំក្រុមអ្នកគ្រប់គ្រង។ នាងមិនដឹងឡើយថា កាលដែលប្អូនពៅមានឱកាសឡើងទៅបន្ទប់កីឡា ដូចជាមានពេលសម្រាប់ឱ្យនាងទាក់ទងទៅក្រៅ។ ឥឡូវនេះ ឥន្ត្រាបានរៀបគម្រោងការឱ្យហាន់ដារវល់ នឹងអាលទុកពេលសម្រាប់យូស៊ូជម្រត់នីយ៉ាចេញពីទីនេះ។
«អ្នកបងមានភ្ញៀវម្នាក់ចង់សុំជួបពិភាក្សា!»
ហាន់ដាទើបតែក្រោកពីតុជាមួយកាបូបនិងឯកសារក្នុងដៃមួយឱប នាងសម្លឹងជំនួយការវ័យក្មេងដែលឱនលំទោនរាយការណ៍បន្ថែមអំពីព័ត៌មានស្ដីពីការសុំជួបនៃខ្មែរអនិកជន។
«អ្នកណា?»
«គាត់ថា គាត់ចង់ធ្វើពិធីជប់លៀងប្រចាំឆ្នាំធំមួយនៅក្នុងសណ្ឋាគាររបស់យើង!»
«ម៉េចមិនឱ្យខាង Event Manager ជួបគាត់?»
«គាត់ថា មានរឿងចង់សុំយោបល់អ្នកបង!»
ហាន់ដាលើកចិញ្ចើមចម្លែកចិត្តខណៈសំឡេងមួយលាន់ពីម្ខាងផ្លូវអាគារ៖
«ខ្ញុំចង់បានយោបល់របស់អ្នកស្រីCEO ថាទីនេះឬកោះបេះដូង មួយណាដែលសក្ដិសមជាង?»
ហាន់ដាភាំងនឹងសូរសំឡេង។
ពាក្យថា«កោះបេះដូង»និងមួយណាដែល«សក្ដិសម»ជាង ហាក់ដូចជាពាក្យពេចន៍របស់មនុស្សណាម្នាក់នាងធ្លាប់ស្គាល់ច្បាស់ គ្រាន់តែមិនដឹងថាពីពេលណា ហាក់នឹកមិនទាន់ឃើញ។
CEOក្មេងបែរក្រោយសន្សឹមៗសម្លឹងរូបរាងខ្ពស់ស្រាវនៃបុរសម្នាក់ ត្រឹមតែមួយក្រឡេកភ្នែក នាងយល់ថា គេពិតជាដូចណាស់ គឺដូចគីម៉ាល់ប្តីរបស់នាង។
ទាំងឥរិយាបថ របៀបឈរ កែវភ្នែកដែលសម្លឹងមក សម្ដែងស្នាមញញឹមតិចៗ ដែលខុសគ្នាគ្រាន់តែគេស្គមស្ដើងជាងហើយខ្ពស់ជាង ថែមទាំងមុខគេមិនដែលស្គាល់នោះទេ។
«ទៅចុះ!»
ហាន់ដាប្រាប់តិចៗទៅកាន់ជំនួយការហើយហុចឯកសារទៅឱ្យផង ធ្វើឱ្យនារីក្មេងឱបយកចេញទាំងឱនលំទោន។ ខណៈពេលមនុស្សផ្សេងៗទៀតរំសាយចេញពីបន្ទប់ប្រជុំ ហាន់ដាលើកដៃចង្អុលទៅបន្ទប់ប្រជុំដែលនៅទទេគ្មានមនុស្ស ជាសញ្ញាអញ្ជើញគេចូល។
«សុំអញ្ជើញ!»
ឥន្ត្រាផ្តល់ស្នាមញញឹមមួយយ៉ាងស្រស់សង្ហានិងដើរទៅតាមការបង្ហាញប្រាប់។ ស្នាមញញឹមគេធ្វើឱ្យហាន់ដាលួចគិត ដៃនាងទាញកៅអីអង្គុយបណ្តើរ។ នៅពេលឥន្ត្រាអង្គុយចុះជាមួយកៅអីមួយផ្សេងទៀតទល់ពីមុខនាង ស្រីស្អាតវាចាទន់ភ្លន់សួរ៖
«លោកមានកម្មវិធីត្រូវរៀបចំ…..?»
«បាទ!»
នាងទាញទូរសព្ទមកNoteទាំងមាត់វាចាសួរ៖
«ចង់ធ្វើកម្មវិធីកម្រិតណាដែរចាស៎?»
គោលដៅរបស់ឥន្ត្រាគឺចង់រកលេសដើម្បីពន្យារពេលឱ្យប្រុសស្រីខាងលើមានឱកាសចាកចេញ ដូច្នេះហើយគេបានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការបន្លាយសន្ទនា។
«ហេតុអីបានជាលោកស្គាល់កោះបេះដូង?»
«កោះនោះល្បីខ្លាំងណាស់!»
«អរគុណច្រើន ប៉ុន្តែនិយាយមែនទែនទៅយើងមិនមានគម្រោងទទួលភ្ញៀវទៅកាន់កោះបេះដូងឡើយ !»
«….អូខេ…បើដូច្នេះនេះជាលេខរបស់ខ្ញុំ អាចផ្ញើ Proposal និងគម្រោងផ្សេងៗមកឱ្យខ្ញុំផងក៏ល្អ ខ្ញុំក៏ពេញចិត្តនឹងធ្វើនៅសណ្ឋាគារនេះដែរ!»
មិនយូរប៉ុន្មានគេក៏ឈររលាក់ដៃជាមួយនាងជាកិច្ចលា ប៉ុន្តែពេលប្រុសឈានបានបន្តិចដល់មាត់ទ្វារហាន់ដាដែលតាមមើលពីក្រោយ ហាក់ចាប់អារម្មណ៍នឹងអ្វីម្យ៉ាង។ នាងដាច់ចិត្តវាចាឃាត់៖
«អត់…ទោស!»
ឥន្ត្រាឈប់ដំណើរ ខណៈនាងនិយាយបន្ថែម៖
«លោកដូចមនុស្សម្នាក់ខ្លាំងណាស់!»
គេញញឹម រួចបែរមកវិញ៖
«អ្នកណាទៅ?!»
«កូនប្រុសពៅ របស់ម្ចាស់សណ្ឋាគារនេះ!»
ហាន់ដាតបដោយភ្នែកស្រទន់សម្លឹងគេ តែឥន្ត្រាឮដូច្នោះបែរជារេភ្នែកមួយជុំពិនិត្យពិច័យផ្ទៃសណ្ឋាគារ។
«ពិតជាមានចំណុចដូចគ្នាច្រើន!»
ប្រុសរេភ្នែកមកប្រសព្វសម្លឹងនារីដ៏ស្រស់ស្អាតនៅចំពោះមុខខ្លួន។ នីដាឬហាន់ដាដែលជាម្ចាស់កោះបេះដូង មិនត្រឹមតែមើលទៅសិចស៊ី បបូរមាត់មានមន្តស្នេហ៍ពិបាករកនារីប្រដូច កែវភ្នែកនាងស្រទន់វាងវៃ ថែមទាំងមានចរិតនឹងនរច្បាស់លាស់ សម្តីមានអត្ថន័យជ្រាលជ្រៅ។ សម្រាប់ឥន្ត្រាយល់វិញ គឺចន្ទនីយ៉ាជាប្អូនពៅគ្មានកន្លែងណាអាចយកមកប្រៀបជាមួយបងស្រីម្នាក់នេះបាននោះទេ ប៉ុន្តែរឿងចម្លែក គឺយើងចង់ពន្យារគេពេលតែប៉ុននោះ ម្តេចបែរជាត្រូវគេមកបញ្ចេញឆាកថ្មីមកពន្យារពេលនៅនឹងមុខយើងទៅវិញ។
តើគេកំពុងលេងល្បិចអ្វីទៀតហើយសមាជិកគ្រួសារប៉ូលិស។
«កូនប្រុសពៅម្ចាស់សណ្ឋាគារនេះ!» ឥន្ត្រានិយាយផ្ទួនពាក្យរបស់ហាន់ដាដោយញញឹម ប៉ុន្តែនាងមិនមែនញញឹមតបទេ ភាពស្រពោនមួយបង្ហាញឡើយ។
ហាន់ដានិយាយបន្ត៖
«តែ…គេស្លាប់ច្រើនឆ្នាំហើយ!»
ឥន្ត្រាទម្លាក់ភាពញញឹមជាការគួរសម ខាងនាងនៅមិនទាន់ឈប់ទេ ស្រីស្រដីបន្ថែម៖
«គេឈ្មោះពិសិដ្ឋ ជាស្វាមីដំបូងរបស់ខ្ញុំ យើងធ្លាប់រៀបការរយៈពេលខ្លី!»
ឥន្ត្រាលើកចិញ្ចើមនៅខណៈពេលដែលនាងនិយាយច្បាស់លាស់ពេក គេក៏មិនដែលគិតថា ចង់ដឹងប្រវត្តិដែលថាហាន់ដាធ្លាប់រៀបការពីរលើកឬអ្វីទាំងអស់។
«ប៉ុន្តែមុខមាត់អត់ដូចគ្នាទេ!»
សម្តីនេះ នាងនិយាយធ្វើឱ្យគេធូរចិត្តឡើងវិញ។
«សូម្បីតែរូបរាងក៏អត់ដូចគ្នាដែរ!» នាងនិយាយបន្ថែមទាំងងក់ក្បាលស្លុងក្នុងការគិត «ប៉ុន្តែអារម្មណ៍មួយខ្ញុំមានអារម្មណ៍ថា លោកដូចគេ»
ទុកថាខ្លួនស្តាប់វិលវល់។ ឥន្ត្រារក្សាភាពនៅស្ងៀមស្ងាត់ ពិចារណាមើលថាហេតុអ្វីបែរជាខាងណេះលេចចេញសេណារីយ៉ូថ្មី។
ឃើញដូច្នេះហាន់ដា ញញឹមបន្លប់៖
«ប្រហែលគ្រប់គ្នានឹកគេពេក បានជា…..!»
នាងឈប់និយាយ។
«សោកស្ដាយ រឿងស្វាមីអ្នកស្រីផង!»
«តែ….សំឡេងរបស់លោក! ដំណើរលោក! របៀបលោកហាមាត់និយាយ របៀបក្រឡេកភ្នែក អ្វីមួយក្នុងភ្នែករបស់លោក ដូចគេណាស់ ដូចពេលដែលខ្ញុំស្គាល់គេដំបូងៗ!»
ឥន្ត្រាញញឹម តែហាន់ដាឃើញភាពធុញទ្រាន់និងមិនចាប់អារម្មណ៍ក្នុងភ្នែកបុរសនេះ។
ទំនងនាងបន្លាយពេលយូរពេកហើយសម្រាប់គេ គេអាចជាមនុស្សមមាញឹកឬមិនចូលចិត្តពាក្យដ្រាម៉ាអីច្រើន។
«អូខេ…ខ្ញុំសុំទោសដែលរំខានការងារ ពេលវេលារបស់លោក!»
«អត់មានអីខុសទេ សំណាងល្អ!»
គេបែរខ្លួនចាកចេញទៅ បង្ហាញអាការៈរបស់គេដែលជាមនុស្សមិនសូវនិយាយស្ដី តែគេបិទទ្វារឱ្យនាងវិញ។
អតីតមួយស្រាប់តែផុសឡើងក្នុងគំនិតរបស់ហាន់ដា។ ជាមួយសំណួរដដែលៗនាងសួរខ្លួនឯង
«ហេតុអីបានជាយើងឃើញមនុស្សនេះ យើងក៏មានអារម្មណ៍នឹកដល់ពិសិដ្ឋ? ដោយសារអាការៈគេមិនសូវចេះនិយាយស្តី ឬរបៀបដែលគេក្រឡេកមើលយើង? ភាពជាសុភាពបុរសនៅក្នុងទឹកមុខគេ? តែរូបរាងខុសគ្នាឆ្ងាយ សិដ្ឋស្គមស្តើង ជាមនុស្សគ្មានសុខភាពល្អនោះទេ ចំណែកម្នាក់នេះរូបរាងខ្ពស់ស្រាវ ជំហាននីមួយៗរឹងមាំ ប៉ុន្តែហេតុអីបានជាមួយក្រឡេកដំបូងគេមានកន្លែងខ្លះស្រដៀងនឹងគីម៉ាល់ជាប្តីរបស់យើងខ្លាំង។»
ទូរសព្ទនាងរោទ៍….
«ជេន! ខ្ញុំនៅអូតែល!»
«ព្រះនាងតូចរបស់ឯងនៅឯណានីដា?»
«នៅជាន់កីឡា!»
«ឱ្យក្មេងជើងល្អហ្នឹងចេញពីបន្ទប់ហើយ?!»
«ថ្ងៃនេះខួបកំណើតរបស់ប្អូនជេន!»
«អូខេ បងឡើងទៅភ្នំពេញវិញឥឡូវនេះហើយ កន្លះម៉ោងទៀតជួបគ្នា!»
ហាន់ដាចុចបិទទូរសព្ទ ខណៈភ្នែកនាងរេមកប៉ះនាមប័ណ្ណដែលដាក់នៅពីមុខខ្លួន។ Sok David? នាងទន្ទេញឈ្មោះក្លែងបន្លំរបស់ឥន្ត្រា។
នាងពិតជាចង់យករឿងអម្បាញ់មិញនេះនិយាយប្រាប់ជេន តែទប់មកវិញ គិតថាជាអារម្មណ៍មនុស្សស្រី។
រូចរាងគេមិនដូច សំឡេងក៏មិនដូចគ្នា អាងអីយកទៅនិយាយប្រាប់ជេនថានាងមានអារម្មណ៍ចម្លែកចំពោះមនុស្សម្នាក់នេះ។ ហាន់ដាអង្គុយគិតរឿងចាស់ៗមួយចំនួន រហូតដល់ភ្លេចគិតថាព្រះនាងតូចនៅខាងលើត្រូវរបូតចេញពីទ្រុងទៅហើយ។
នៅលើរថយន្តទំនើបនេះដែលត្រូវបានយូស៊ូនាំចេញទៅ នីយ៉ាសោមនស្សរីករាយជាមួយនឹងសម្លៀកបំពាក់ជាបុគ្គលិកអនាម័យដែលគ្មាននរណាចាប់អារម្មណ៍ចំពោះនាងនោះទេ។
«អ៊ីចឹងយើងទៅណា?»
«ទៅកន្លែងដែលគ្មានអ្នករំខានយើង!» យូស៊ូញញឹមក្នុងភាពមោទនដែលបានបើកឡានជូនស្រីស្អាតឆ្លងកាត់លើដងទន្លេឆ្ពោះទៅទិសខាងជើង។
ដោយអារម្មណ៍ស្នេហាចាក់ស្រេះជ្រាលជ្រៅឥឡូវនេះ គ្មាននរណាឬប្រធានបទអ្វីអាចមកឃាត់រារាំងពួកគេឱ្យចេញពីគ្នាបានទៀតនោះទេ។
ទោះយ៉ាងណា សន្ធឹកទូរសព្ទរបស់ប៉ាគេ ដែលគេមិនចង់ទទួល បានលាន់ឡើងមក។ យូស៊ូងាកមើលទាំងថប់បារម្ភ។ ធ្វើកូនកត្តញ្ញូដូចរាល់ដង គេលើកទូរសព្ទមកចុចនិយាយ«បាទ!»ទាំងដៀងភ្នែកសម្លឹងមើលស្រីស្អាតដែលកំពុងតែញញឹមសប្បាយ បិទមាត់មិនជិតភ្នែកខាងស្ដាំដៃខ្លួន។
«កូនឯងកំពុងនៅជាមួយប្អូនស្រីប៉ូលិស?!»
«បាទប៉ា!»
បានគេឆ្លើយខ្លីៗព្រោះមិនចង់ឱ្យនាងចាប់ថ្នាក់ដឹងថា គេកំពុងនិយាយជាមួយប៉ាគេ។
«ធ្វើឱ្យក្មេងស្រីនោះសប្បាយចិត្តបាន ប៉ុន្តែកុំធ្វើអីលើសពីនេះ!»
យូស៊ូចងចិញ្ចើម។ សាជាថ្មី ប៉ាគេមកហួងហែង ចំពេលមិនត្រូវទាល់តែសោះ។ គេចង់សួរនាំរឿងជាច្រើននិងចង់តវ៉ា ប៉ុន្តែនាងនៅកៀកបង្កើយ។
ម្តងម្កាលប្រុសស្អាតងាកមកសម្លឹងគេ។
«បងប្រុសវាឡើងទៅភ្នំពេញពេញវិញហើយ!»
ឮដូច្នេះកូនប្រុសម្ចាស់កោះH ដៀងភ្នែកសម្លឹងមើលនាឡិកា។ គេមិនមាត់ដដែលទុកឱ្យឪពុកជាអ្នកបង្គាប់៖
«ប៉ាឱ្យឯងទាក់ទងជាមួយក្មេងស្រីនោះ តែបើកូនឯងធ្វើអីលើសនោះ ប៉ាមិនធានាសុវត្ថិភាពក្មេងនេះទេ!»
សែនតប់ប្រមល់ក្នុងចិត្ត គេមិនចង់ឱ្យនាងក្លាយជាសេណារីយ៉ូរបស់ប៉ាគេជាមួយប៉ូលិសជេននោះទេ ទោះយ៉ាងណាក្តី។
«ប៉ាមានហេតុផល!»
ម៉ឺនយូនិយាយហើយចុចបិទ។
ទោះបីជាខាងយូស៊ូមិនអាចហាមាត់ប្រកាន់សួរនាំអំពីហេតុផលរបស់គាត់ ប៉ុន្តែពេលនេះជាទ្រាំមិនបានទេក្នុងការបង្ហាញទឹកមុខសៅហ្មង។
ភាពសោះកក្រោះធ្វើឱ្យនារីងើបមុខសម្លឹងមុខថ្លៃ។
«រឿងអី?»
ប្រុសស្អាតទម្លាក់ទូរសព្ទចោល និងខំញញឹមទៅកាន់សង្សារដែលនៅក្បែរ។
«គ្មានអីទាំងអស់!»
ពួកគេទីបំផុតបានមកដល់ភោជនីយដ្ឋានទំនើបស៊ីវិល័យប្របមាត់ទន្លេដែលយូស៊ូគេបានរៀបចំរួចរាល់ទទួលនីយ៉ា។
ប្រុសឡូយឆាយ ដឹកដៃនារីក្នុងឯកសណ្ឋានជាអ្នកអនាម័យសំដៅទីតាំងរបស់ពួកគេក្រោមក្រសែភ្នែករបស់មនុស្សជាច្រើននៅជុំវិញនេះ ឆ្ពោះទៅរកបន្ទប់វីអាយភីមួយ។ ជាបន្ទប់ដែលលយទៅក្នុងទន្លេមានតែតុមួយកៅអីពីរ ពេញដោយផ្កាកុលាបនិងទៀនមួយគូ។
អង្គហេតុនិងបរិយាកាសភ្លេងដ៏រ៉ូមែនទិកធ្វើឱ្យនីយ៉ាញញឹមភ្លេចអស់រឿងសៅហ្មងរំខានថ្មីៗដែលជីវិតនេះទើបនឹងត្រូវឆ្លងកាត់។


