«ស្លៀកពាក់របៀបនេះ?» ស្រីវាចាចំអន់ទាំងសើចក្អឹកដាក់សង្សារ។ ទោះបីយ៉ាងណា ក្នុងចិត្តនីយ៉ាក៏បានទទួលស្គាល់រួចហើយថា ទោះបីជាស្លៀកពាក់បែបណាក៏អត់សំខាន់ដែរ។
ប្រុសស្អាតយើងសម្លឹងស្រីល្អ គឺមើលពីលើដល់ក្រោម។
«ហាន់នីនៅក្នុងឈុតអីក៏ស្អាតទាំងអស់!»
គេចង្អុលទៅលើកៅអីនាងឃើញប្រអប់សម្លៀកបំពាក់មួយនៅទីនោះ។ ស្រីស្រស់សប្បាយចិត្តពន់ពេក នីយ៉ាស្ទុះទៅបើកមើល។ ពិតជារ៉ូបវែង ចោមពុងដូចបេះបិទទៅនឹងឈុតកាលដែលនាងស្លៀកហើយត្រូវបានមនុស្សទឹកកកយកទៅឱ្យជាប់នៅលើកោះ ប៉ុន្តែគ្រាន់តែពេលនេះមានពណ៌។
មាណវីលើកវត្ថុមកឱបជាប់នឹងខ្លួនធ្វើឱ្យបុរសងប់សម្លឹងទៅនឹងសម្រស់របស់ស្រីស្អាតជាមួយសូត្រខៀវក្រនៀវពីលើកាយ។
រឿងដែលគួរឱ្យសោកស្តាយគឺ ដំបូងៗយូស៊ូតាំងចិត្តថា រ៉ូបនេះនឹងក្លាយទៅជាសាក្សីនៃរាត្រីដំបូងរបស់ពួកគេ សូម្បីបន្ទប់គេងក្បែរនេះក៏បានរៀបចំឡើងហើយដែរ ប៉ុន្តែឪពុកខ្លួនពិតជា កំពុងយកស្នេហាមួយនេះ មកធ្វើជាកម្លាំងសេះសម្រាប់ប្រកួតទៅលើសមរភូមិអុកក្តារធំរបស់គាត់ជាមួយប៉ូលិសជេន។
បទបញ្ជាឪពុកមានតម្លៃស្មើជីវិតមនុស្ស បើម្ចាស់កោះបញ្ជា អ្នកណាប្រឆាំងស្មើនឹងកំពុងជាន់ឈ្លីអំណាចមេដឹកនាំខ្លួន យូស៊ូមិនហ៊ានយកសុវត្ថិភាពរបស់នីយ៉ាទៅលេងសើចទេ គេដឹងចិត្តប៉ាគេច្បាស់។
ជាមួយក្តីសោកស្តាយនិងស្នេហាពេញក្នុងចិត្តដែលកំពុងខក យូស៊ូខំប្រឹងញញឹម៖
«ផ្លាស់ខោអាវទេ?»
ចន្ទនីយ៉ាញញឹម ហើយរេភ្នែករកបន្ទប់ទឹក។ រយៈពេលដែលស្រីស្អាតចូលក្នុងផ្លាស់ យូស៊ូបើកទ្វារកញ្ចក់ដោយខឹងសម្បាចេញមកក្រៅ គេទូរសព្ទទៅរកបងប្រុសភ្លាម។
«ប៉ាខលមកខ្ញុំ ហាមឃាត់ខ្ញុំមិនឱ្យជិតស្និទ្ធជាមួយនឹងនីយ៉ា!»
ឥន្ត្រាមិនដឹងថា កោះH កំពុងតែមានរឿងអ្វីកើតឡើងទេ គេមិនបានទទួលដំណឹងអ្វីពិស្តារពីម៉ឺនយូ ដែលជាឪពុកទាំងអស់ទាក់ទងរឿងប៉ូលិសជេនទៅកាន់ទីនោះ។
«ហើយឯងគិតយ៉ាងម៉េច?»
«គ្មានអីទេ បន្តិចទៀតផ្លុំទៀនរួចហើយ ត្រូវជូនគេទៅបងគេវិញ! ប៉ាអាងលេសថា មិនឱ្យបងប្រុសគេអន់ចិត្តនឹងទំនាក់ទំនងមួយនេះទេ គឺធ្វើឱ្យបងប្រុសគេព្រមទទួលយក! ខ្ញុំហត់!»
«រម្ងាប់ចិត្តសិនទៅអ៊ីចឹង! មុនក្រោយ មនុស្សដែលគេស្រឡាញ់ក៏ជាឯងដដែល!»
«ខ្ញុំមិនចង់ឱ្យគេនៅចន្លោះរវាងកោះHនិងប៉ូលិសទេ!»
ក្រឡេកទៅក្នុង យូស៊ូឃើញស្រីស្អាតចេញមកដោយញញឹមជាមួយនឹងរ៉ូបវែងហៀរដី។ សាជាថ្មី គេពិតជាចង់គយគន់តែសម្រស់នាង លែងចង់ខ្វល់រឿងហេតុផលនានាលើលោកនេះទាំងអស់។
ដោយមិនដឹងខ្លួន គេចុចទូរសព្ទថតផ្តិតរូបនាងហើយផ្ញើទៅកាន់បងប្រុសធំអមជាមួយសំឡេង៖
«ក្មេងស្រីម្នាក់នេះល្ងង់ណាស់! សប្បាយចិត្តអីទាំងអស់ឱ្យតែមានខ្ញុំ! ខ្ញុំមិនចង់ឱ្យអ្នកណាធ្វើបាបគេទេ!»
ឥន្ត្រានៅស្ងៀមស្តាប់បន្តិច លុះប្អូនត្អូញត្អែរចប់ គេបែរជាដាស់តឿន៖
«ឱកាសមានហើយ ឆាប់សារភាពប្រាប់គេហើយទៅ! រីករាយពេលវេលារបស់ឯងចុះ បងមានការផ្សេងធ្វើ»
យូស៊ូទម្លាក់ភ្នែកគិតដោយដៃចុចបិទទូរសព្ទ។ សម្តីផ្តាំងរបស់ឥន្ត្រាចុងក្រោយគឺ មិនមែនឱ្យយូស៊ូសារភាពស្នេហ៍ទេ គឺសារភាពសមាសភាពខ្លួនឱ្យនាងដឹង។ សមាសភាពជាកូនពៅម្ចាស់កោះ ពិតជារឿងដែលគ្រួសារទាំងពីរចាំបាច់ត្រូវប្រឈមមុនពេលស្នេហាមួយនេះអាចបន្តទៅមុខបាន។
យូស៊ូសែនតឹងតែងចិត្ត។
គេដើរទៅក្នុងវិញប្រឈមគ្នាជាមួយស្នាមញញឹមចិញ្ចាចរបស់នាង។ យូស៊ូដែលមានកែវភ្នែកស្រទោស្រទន់ពេលនៅជាមួយនីយ៉ា ពិតជាធ្វើឱ្យនាងមានអារម្មណ៍ថាខ្លួនឯងក្មេងស្រីម្នាក់ដែលមានចរិតដូចជាមិនដឹងក្ដី តែតាមពិតនៅក្នុងកាលៈទេសៈលំបាកៗ នាងពិតជាស្មោះត្រង់និងលះបង់ចំពោះគេជាងអ្នកណាៗទាំងអស់។
នារីនេះ សម្រាប់យូស៊ូ ពិតជាគួរឱ្យការពារ គួរឱ្យស្រឡាញ់និងគួរអាណិត តែអ្នកដឹងថា សមាសភាពជាប្អូនប៉ូលិសរបស់នាង កំពុងធ្វើឱ្យនាងរងទុក្ខ។ ប៉ាគេមិនដឹងជាយកនាងធ្វើជានុយអ្វីនៅឡើយ។
«ស្អាតពេកហើយព្រះនាងតូច!»
គេសរសើរទាំងញញឹមតាមពន្លឺភ្នែក។
នាងក៏ញញឹមតប៖
«យូស៊ូ! ចង់ថតរូបខ្លាំងណាស់!»
«បាន!»
គេចាប់ផ្តើមសែលហ្វ៊ីជាមួយនាង បន្ទាប់មកថតរូបជាច្រើនឱ្យនាងព្រមទាំងបង្ហាញស្រីស្អាត នាងឱនមកសម្លឹងស្គ្រីនទូរសព្ទដៃខ្លួនយ៉ាងមានសេចក្តីសុខជាមួយគ្នា។ មិនយូរប៉ុន្មានដែរ ភ្លេងចាប់លាន់ឡើង មនុស្សមួយក្រុមរុញនំចូលមកដល់ ពិធីជប់លៀងមួយនេះពិតជាអស្ចារ្យដោយសារតែនាងបាននៅក្បែរមនុស្សដែលនាងស្រឡាញ់នៅក្នុងសម្លៀកបំពាក់ដែលពេញចិត្ត មានទំនុកចិត្តចំពោះខ្លួនឯង ប៉ុន្តែនៅពេលដែលអ្វីៗចប់សព្វគ្រប់មនុស្សម្នាចេញទៅវិញ….
«អូខេជិតយប់ហើយ បងជូនទៅវិញ!»
ស្រីព្រេចភ្នែកសម្លឹងអំណោយខ្សែកភ្លឺផ្លេកដែលបុរសលើកមកពាក់ឱ្យ។ នាងសួរខ្សឹបខ្សៀវ៖
«ជូនខ្ញុំទៅអូតែលវិញមែន?»
គេសម្លឹងភ្នែកនាង។ តាមពិតទៅនីយ៉ាក៏មិនមានការត្រៀមអារម្មណ៍អ្វីដើម្បីឆ្លងរាត្រីជាមួយគេដែរ ដោយគ្រាន់តែចង់នៅជាមួយគេឱ្យបានយូរ បន្ទាប់ពីបែកគ្នាសឹងស្លាប់រស់។ ពេលវេលាខ្លីមួយនេះ នាងមិនទាន់អស់ចិត្តទេ។
តែសម្រាប់យូស៊ូ ប្រសិននៅជាមួយនាងរឹតតែយូរ គេមិនដឹងថា គេអាចទប់ចិត្តស្នេហ៍ ត្រង់ត្រាប់បណ្តាំឪពុកបានមែនឬអត់នោះឡើយ។
«បងចង់ឱ្យបងប្រុសរបស់អូន ព្រមទទួលស្គាល់នូវសេចក្ដីស្រឡាញ់ដ៏ស្មោះរបស់ពួកយើង!»
ស្រីឈ្ងោកសម្លឹងអលង្ការមានតម្លៃដែលពាក់រួចរាល់ គេនៅឈរពីក្រោយស្រីនៅឡើយ នាងឮតែដង្ហើមស្នេហ៍របស់គេ។ ចិត្តនាងបាចហាចរាយមាយ។
តើបងប្រុសនាងនឹងធ្វើយ៉ាងណាចំពោះយូស៊ូ? ត្រឹមត្រូវណាស់បើសិនជាគាត់ត្រលប់មកវិញ ហើយមិនឃើញប្អូននៅក្នុងសណ្ឋាគារគេច្បាស់ជាខឹងក្រោធ កាន់តែខ្លាំងចំពោះស្នេហាមួយនេះ។
«មិនយូរទេ!» សំឡេងគេធ្វើឱ្យនាងងើបមុខ ប្រុសស្អាតនិយាយបន្តមកពីក្រោយខ្នង
«បងនឹងទៅជួបបងប្រុសរបស់អូន ហើយនិយាយប្រាប់គាត់រឿងរបស់ពួកយើង!»
នេះជាសន្យាមួយដ៏គួរឱ្យរំភើប។ ប្រសិនមានពេលនោះពិតមែន នាងនឹងមិនខ្លាចប្រឈមមុខបងប្រុសដូចគ្នា…..តរុណីគិតស្របពេលដែលបបូរមាត់គេថាផ្ដិតលើកញ្ចឹងក។ ជាស្នាមថើបដ៏ព្រឺព្រួច ពួកគេមិនដែលមានជាមួយគ្នាឡើយ។
នីយ៉ាស្ទុះក្រោកព្រោះរសើបអៀនប្រៀន។
ស្រីបែរមក ធ្វើឱ្យយូស៊ូអាចចាប់ដៃនាងទាំងសងខាងនិងឈរសម្លឹងគ្នា។ ភ្នែកទល់ភ្នែក ដង្ហើមបញ្ចេញសេចក្តីត្រូវការចំពោះគ្នាទៅវិញទៅមក។ ដោយខាងប្រុសមិនញញឹម ស្រីអាចសង្កេតមើលឃើញភាពស្មុគស្មាញជាច្រើនក្នុងទឹកមុខយូស៊ូដែលធ្លាប់តែស្រវឹងអុងអាត់។ គេមិនអាចហាសារភាពប្រាប់នាងនៅឡើយពីរឿងគេនិងកោះH ព្រោះខ្លាចអាចខូចការខ្លះរបស់ប៉ាគេ ណាមួយគេត្រូវការពេលវេលា។
«ថ្ងៃណាមួយ ឆាប់ៗ បងនឹងទៅប្រឈមមុខជាមួយបងប្រុសរបស់អូន ហើយប្រាប់ប៉ូលិសម្នាក់នោះថា អូនជារបស់បង ពួកគេគ្មានសិទ្ធិបង្ខាំងកូនក្រមុំរបស់បងទេ! បងនឹងយកអូនចេញ អ្នកណាក៏ហាមបងមិនបាន»
នីយ៉ាសើចបញ្ចេញធ្មេញទាំងជួរ។
«មិនដែលស្គាល់គ្នាផង ម៉េចក៏សំឡេងនិយាយធ្វើដូចជាអត់ចូលចិត្តបងខ្ញុំ ខឹងបងខ្ញុំ?!»
«អត់មានខឹងទេ តែហួងហែង!»
កល្យាណរឹតតែញញឹម៖
«ហួងហែងស្អីទៅ?!»
«អត់ចូលចិត្តអ្នកណាក៏ដោយ ដែលហួងហែងអូនខ្លាំងៗ»
«ហេតុអីទៅ? ប្រុងឱ្យគ្រប់គ្នាមកស្អប់សង្សារ?!»
«អត់ដឹងទេ! មនុស្សស្រីម្នាក់នេះ មានតែយូស៊ូម្នាក់ដែលអាចហួងហែងបាន!»
«មនុស្សហួងហែង!»
នាងថាឱ្យគេទាំងសើចសប្បាយច្រានគ្នាក្នុងសុភមង្គល។
រហូតដល់រាងកាយជ្រុលជំហរច្រមុះប៉ះថ្ពាល់ ទើបសកម្មភាពស្ងាត់ទៅវិញ។ នាងអៀនណាស់ដែលយូស៊ូសម្លឹងនីយ៉ា ធ្វើដូចនាងជាស្រីស្អាតបំផុតលើលោក។ ដៃគេលើកមកផាត់សក់នាងថ្នមៗ ធ្វើឱ្យបេះដូងនេះនឹកឃើញដល់អ្វីមួយ…..នាងសួរខ្លួនឯង….តើគេចាំទេ មុនពេលយើងសន្លប់ យើងធ្លាក់ទៅក្រោមគន្លងទឹកហូរយើងគិតថា មុននឹងស្លាប់ត្រូវបានថើបគេ។ យើងថើបគ្នាអស់មួយខណៈតើគេនៅនឹកឃើញឬអត់?
រាងកាយទាំងពីរសឹងក្បែរគ្នាបង្កើយ ស្រីងើបមុខសម្លឹងថ្លៃ។ ទឹកមុខគេពិតជានៅមិនទាន់អស់ចិត្តក្នុងការនាំនាងចេញត្រលប់ទៅវិញ បានជាដៃទាំងទ្វេលោមកឱបចង្កេះ។ នាងថយព្រោះអៀនខ្មាស សភាពរបស់គេដូចជាមនុស្សកំពុងក្រៀមស្រពោនស្តាយអ្វីមួយ ដ្បិតបបូរមាត់នាងគេពិតជាចង់ក្រេប ភ្នែកមុខមាត់របស់នាងពិតជាគួរឱ្យថ្នាក់ថ្នម ស្នេហាមួយនេះបើយូស៊ូចិត្តមិនរឹង គេរំលងលក្ខខណ្ឌឪពុក ម៉ឺនយូនឹងធ្វើឱ្យគេស្តាយក្រោយ។
ទោះយ៉ាងណា គេគ្មានថ្ងៃដឹងឡើយថា នាងបានថើបគេរួចហើយ នាងបានត្រៀមគ្រប់យ៉ាងសម្រាប់ស្នេហាមួយនេះ ប៉ុន្តែនាងថើបខុសមនុស្ស ហើយពេលនេះខាងស្រីកំពុងគិតលន្លង់លន្លោចសង់ទីម៉ង់នឹកឃើញដល់អនុស្សារដែលយូស៊ូមិនដែលបានយល់។
«ព្រាននារីម្នាក់នេះ បាក់ហើយពេលមានអូន!»
ប្រុសវាចាតិចៗ ពេលនាងចេះតែថយហើយគេចេះតែរុលទៅតាម ដោយធម្មជាតិនៃបុរសដែលមានស្នេហ៍ពេញបេះដូង។
«មានស្រីៗច្រើនណាស់ហើយមើលទៅ!»
នាងតបដោយក្និកក្នក់ធ្វើងរ។
«រាប់មិនអស់ទេ!»
«ទៅៗ ទៅរកពួកគេអស់ហ្នឹងក៏បាន!»
«អត់ទៅទេ បងមានការងារសំខាន់ធ្វើ ហើយ…..ចប់ភារកិច្ច បងនឹងទៅផ្ទះអូន!»
នាងញញឹមសម្លឹងឥដ្ឋ មិនមើលគេទេ តែនាងជឿជាក់លើពាក្យពេចន៍របស់យូស៊ូ។
ចាប់តាំងពីទីលើទឹកដ៏សែមរមនានេះរហូតដល់ភ្នំពេញវិញចូលដល់ក្នុងសណ្ឋាគារ គ្រប់គ្នាតាមសម្លឹងប្អូនស្រីពៅរបស់ម្ចាស់កោះបេះដូង ដែលគ្រងឈុតពណ៌ខៀវរលើប មានឱបបាច់ផ្កាព្រមទាំងខ្សែកពេជ្រចាំងរន្ទាល។
តុៗ….
ហាន់ដាដើរមកបើកទ្វារឱ្យ និងរឹតទ្រូងនិយាយទាំងដកដង្ហើមហត់៖
«ជេនកំពុងតែឡើង HELICOPTER បកមកភ្នំពេញវិញ ហើយតែបន្តិចទៀតអាចមានអ្នកស្លាប់ព្រោះលួចរត់! មើលខោអាវចុះ»
ថាចប់ ដៃហាន់ដាទម្លាក់ទូរសព្ទចោលលើពូក បោះបង់សេចក្តីអន្ទះសាក្នុងការខំចុចស្វែងរកប្អូនស្រីគ្រប់ទីកន្លែង។
ទោះបីជាយ៉ាងណា នីយ៉ាដែលបានទទួលពាក្យសន្យាពីយូស៊ូរួចហើយ ពិតជាមានសុភមង្គលបំផុត មិនខ្វល់នឹងសម្តីរបស់ហាន់ដាបំភ័យឡើយ។
«បងប្រុសខ្ញុំក្លាយជាឃាតកៈពីពេលណាមក?»
ថាហើយស្រីពៅដើរទៅរៀបចំបាច់ផ្កាទៅក្នុងថូទាំងញញញឹមស្រស់ មិនរវល់នឹងកែវភ្នែកហាន់ដាដែលតាមសម្លឹងអ្វីៗគ្រប់យ៉ាងទាក់ទងនឹងប្អូនដោយយកចិត្តទុកដាក់នោះទេ។
មិនត្រឹមសម្លឹងឈុតដ៏មានតម្លៃទៅលើប្រាណប្អូនស្រី ហាន់ដាថែមទាំងពិចារណាស្មុគស្មាញ។
«អ្នកណាទិញខោអាវថ្លៃបែបនេះយកចិត្តនាង ថែមទាំងអាចនាំនាងគេចចេញពីសណ្ឋាគារដោយមិនឱ្យសន្តិសុខដឹង?»
ហាន់ដានៅសញ្ជឹងទាំងពិបាកចិត្ត។ ការឆ្លងកាត់ព្យុះភ្លៀងរវាងគ្រួសារគីម៉ាល់និងមនោសញ្ចេតនាលើកោះបេះដូង ទម្រាំស្នេហាបានស្និទ្ធនៅតែលងក្នុងអារម្មណ៍ស្រី។
នីយ៉ាងាកមកវិញឃើញបងស្រីនៅមើលភ្លឹក ក៏កើតចិត្តរអៀស។ នាងខំសើច ហើយរំអួយ៖
«ភ្លឹកអី?!»
«ប្រុសម្នាក់ហ្នឹងជាអ្នកណា កូនចៅអ្នកណា?»
ហាន់ដាបានដឹងជាស្រេចទៅហើយថា កូនប្រុសសេដ្ឋីកោះH នៅពីក្រោយហេតុផលដែលនាងចោលប្តីចោលកូនមកតាមដានឃ្លាំមើលប្អូនស្រី ឯពេលនេះទៀតសោត គ្រប់យ៉ាងកាន់តែច្បាស់ដូចថ្ងៃ ដែលថាប្រុសអ្នកមានកប់ពពកម្នាក់កំពុងដាក់សន្ទូចធំ ធ្វើបាបគ្រួសារនាង។
ហេតុអ្វីប្អូនពៅនាងត្រូវជាគោលដៅ?
គេនាំនីយ៉ាចេញពីការឃុំគ្រងរបស់បងស្រីបានសម្រេចហើយ ក៏មិនធ្វើអីនាង ដឹកប្រគល់ត្រលប់មកវិញ ជាចេតនាផ្ញើការព្រមានមកជេនច្បាស់ណាស់។ តទៅគេប្រុងធ្វើអីទៀត? ហាន់ដាគិតទាំងបារម្ភខ្វល់ខ្វាយ។
«ខ្ញុំអាយុជាងម្ភៃហើយបង! តិចភ្លេច!»
ថាហើយតូចតន់ដើរមកទម្លាក់កាយដេកផ្ងារទាំងរូបរាងស្អាតដូចទេពអប្សរក្នុងឈុតខៀវ។ បងស្រីដៀងសម្លឹងប្អូន ដៃហាន់ដាអង្អែលសក់នីយ៉ា ចិត្តហាន់ដានឹកដល់វិធីជាច្រើនដែលគីម៉ាល់បានធ្វើទាំងកាចទាំងស្លូតដើម្បីបាននាងកាលពីអតីត។ ចំណែកចិត្តនាងកាលណោះពិតជាបានលង់យ៉ាងជ្រៅទៅនឹងមន្តស្នេហ៍កាចៗរបស់ប្រុសស្អាតឌូបៃ។ តាមរយៈពិសោធចាស់ ហាន់ដាដឹងថា នីយ៉ាពិតជាកំពុងលង់កូនម៉ាហ្វៀមិនមែនក្នុងលក្ខខណ្ឌលេងធេងទេ។
«ជេនគិតខុសហើយដែលរុញទូកបណ្តោយទឹក មិនប្រាប់នីយ៉ាឱ្យបានឆាប់!»
«គេឈ្មោះយូស៊ូ!»
នាងសារភាពតិចៗពេលត្រូវបងស្រីអង្អែលក្បាល។
ហាន់ដាដកអារម្មណ៍ចេញពីគំនិតបាចហាច នាងសម្លឹងមកខ្សែកភ្លឺផ្លេកលើទ្រូងចរណៃ។
«គេជាមនុស្សល្អ ហ៊ានថា ហ៊ានធ្វើ! ឆាប់ៗនេះ គេថាមកជួបបងៗខ្ញុំហើយ!»
ហាន់ដាជ្រួញចិញ្ចើមគិត។ សំឡេងប្អូនពៅបន្តមកទៀតដោយសោមនស្ស៖
«ដំបូង….ខ្ញុំក៏គិតដែរថា គេលេងៗជាមួយខ្ញុំ…..!»
ហាន់ដាដកដង្ហើមធំ៖
«កុំយកស្នេហាមកជាគ្រឿងលេងសើច!»
«ឆ្នាំ២០២៣ហើយបង!»
«បងមិនដឹងទេ ឆ្នាំអីឆ្នាំទៅ! ដឹងតែថា ប្អូនបងជាស្រី!»
«ស្រីប្រុសមានតម្លៃដូចគ្នា!» នីយ៉ានិយាយបិទភ្នែក តែមុខស្រស់ប៉ប្រឹម។
ហាន់ដាដឹងថា ស្រីតូចមិនដែលឆ្លងកាត់ការឈឺចាប់ នាងមិនយល់ទេ ហើយរឹតតែស្តាប់មិនចូល។
ទោះបែបនេះក្តី ស្ពាយតួនាទីជាបង ហាន់ដាត្រូវព្យាយាមពន្យល់៖
«តែពេលចំណងមនោសញ្ចេតនាមានបញ្ហា យើងជាអ្នកខូចខាតជាង!»
«ប្រសិនគេមិនល្អនឹងខ្ញុំ ខ្ញុំនឹងចាកចេញមិនងាកក្រោយទេ!»
នីយ៉ាមាត់រឹង និងបែបនេះឯងតាំងពីដើមរៀងមក។ នីយ៉ាមាត់រឹង ទុកចិត្តខ្លួនឯង ហើយមិនដែលគិតអ្វីៗក្នុងទុទិដ្ឋិនិយមឡើយ។
ស្នូរគោះទ្វារ….
«អ្នកបងដល់ម៉ោងប្រជុំហើយ! Manager មកជុំអស់ហើយ!»
ហាន់ដាក្រោក។ ជាការប្រជុំមួយទៀតមិនព្រៀងទុកដោយសារតែត្រូវរៀបចំកម្មវិធីសម្រាប់ឥន្ត្រាដែលក្លែងបន្លំខ្លួនមកបង្កើតព្រឹត្តិការណ៍ជប់លៀង បានជាហាន់ដា ត្រូវកោះប្រជុំបណ្តាអ្នកគ្រប់គ្រងដែលពាក់ព័ន្ធអំពីមធ្យោបាយធ្វើយ៉ាងណា ញ៉ាំងឱ្យកម្មវិធីនេះពិសេសតាមដែលគេស្នើសុំ។
«បងទៅហើយ! តែហាមចេញក្រៅ! បន្តិចទៀតជេនមកដល់ យើងញ៉ាំបាយ Birthday ជុំគ្នា! ហើយ….ដេកគិតឱ្យស្រួលទៅ បើយល់ថាខ្លួនធំហើយនោះ! ហើយ….មួយទៀត ហេតុអីបានជាគេមានលុយច្រើនទិញរបស់ថ្លៃម្ល៉ឹងៗឱ្យឯង? ស៊ើបមុខរបរគេផង ណាមួយកុំឱ្យជេនឃើញរបស់ទាំងនេះ!»
នីយ៉ាដែលបិទភ្នែកដេកញញឹមពេញចិត្តនឹងរឿងបេះដូង ពេលនេះជ្រួញចិញ្ចើមមិនសប្បាយចិត្តថែមមិនខ្ចីតបឆ្លើយជាមួយបងស្រីឡើយ។
ហាន់ដាចាកចេញរួចឈោងដៃបិទទ្វារ។ បានមួយខណៈទើបស្រីពៅក្រោកមកផ្លាស់សម្លៀកបំពាក់ និងសម្លឹងមើលខ្សែកចុះឡើងមុនពេលដោះយកទុក។
«ហេតុអីបានជាគេមានលុយច្រើនទិញរបស់ថ្លៃម្ល៉ឹងៗឱ្យឯង? ស៊ើបមុខរបរគេផង» ទោះធ្វើដូចមិនយកចិត្តទុកដាក់ តែសម្តីហាន់ដានៅតែជាប្រស្នាមួយថ្មីសម្រាប់នីយ៉ា។
ជំពូក
កាដូបញ្ចាំចិត្ត
ដោយតានតឹងចិត្ត ស្រីដើរឆ្ងក់ៗមកជាន់ខាងលើ…..មិនមែនបន្ទប់តេនីសទេ ប៉ុន្តែលានកីឡាបាល់ស៊ុត។ ថ្វីដ្បិតតែបាល់បោះជាកីឡាជាក្រុមក៏ដោយ តែនីយ៉ាតែងអាចលេងបាល់នេះបានយ៉ាងជំនាញ ដោយការអនុវត្តតែម្នាក់ឯងរាល់ពេលនាងឆ្លងកាត់ផ្លូវចិត្តស្មុគស្មាញ។ ប្រហែលជាបែបនេះដែលនាងតែងតែអាចក្លៀវក្លានិងផ្លាស់ទីបានលឿនជាងនារីធម្មតា។
«មានកាដូថ្លៃក៏បងៗដេញសួរ គ្មានកាដូក៏ពិបាក!»
នាងមិនដឹងពីហេតុផលពិតនៃភាពមិនសប្បាយចិត្ត រវាងយូស៊ូហាក់មានអាថ៌កំបាំង ចំណែកបងៗនាងហាក់ដឹងអ្វីមួយមិននិយាយនៅឡើយ គ្រប់យ៉ាងមិនអាចវាងពីអារម្មណ៍នីយ៉ាទេ។
ផឹបៗៗៗ
….ស្នូរត្រេះបាល់លាន់មកពីក្រោយខ្នង។
អ្នកណាម្នាក់បង្ហាញខ្លួនពិតណាស់។ នាងញញឹមស្រស់ងាកទៅភ្លាម ព្រោះបេះដូងប្រាប់ថាយូស៊ូ គេទើបនឹងមកជួបនាងស្ងាត់ៗម្តងហើយ ពេលនេះគេមកទៀត???
ងាកមកក៏រុះរោយញញឹមចេញខ្លះព្រោះមិនមែន….សកម្មភាពចំពោះមុខនិងការបង្ហាញខ្លួន ជាមនុស្សម្នាក់ផ្សេងដែលនាងមិននឹកស្មានថា គេកំពុងប្រដេញបាល់បានស្ទាត់ជំនាញរហូតដល់នាងត្រូវតែញញឹមតាមមើលភ្លឹក។
«ចាំអីទៀត? ឬមិនហ៊ាន?»
ឥន្ត្រាពោលសួរទាំងត្រេះបាល់ព័ទ្ធជុំវិញខ្លួនគេ។ នីយ៉ាភ្លេចអស់សៅហ្មង ហើយដើរមួយៗប្រមាញ់រាងកាយមនុស្សប្រុសដែលកំពុងព័ទ្ធពេនបាល់ នាងនឹងស្ទុះទៅដណ្ដើម…..
«អីគេ ខ្លាច?»
នាងថាផងផ្អៀងខ្លួនរកច្រកចូលផង។ មនុស្សខ្ពស់ស្រាវ គ្រវីបាល់ឌឺនាងម្តងក្រោយចង្កេះ ម្តងចំហៀង ទឹកមុខគេញញឹមពេញដោយទំនុកចិត្ត គេនេះពិតជាគួរឱ្យបំបាក់ម្តង។
ជាមួយទឹកមុខប្រមាញ់ម្រឹគ កែវភ្នែករវៀស រាងស្តើងពត់ពេនបានរហ័ស នីយ៉ាពិតជារកឃើញលូកម្រាម៥ទៅច្បាមដណ្តើមគ្រាប់បាល់បានមកគ្រប់គ្រងពិតមែន។
ជាមួយស្នាមញញឹមចំអក ស្រីថែមទាំងត្រេះវាផ្លោតៗបញ្ឈឺគេ ហើយរអ៊ូឱ្យគេឮ៖
«លេងអន់ណាស់!»
នាងវាយបាល់ផ្លោតប្រុងស៊ុតឡើងកន្ត្រកយកលេខភ្លាមៗ តែមនុស្សដែនកោះមិនអនុញ្ញាត រាងកាយក្រមុំកម្លោះរមួលចូលគ្នាយ៉ាងស្វិតស្វាញក្នុងសង្វៀនដណ្តើមគ្រាប់បាល់ ហត់គឃូសច្រើនវិនាទីកន្លងទៅនៅតែគ្មានអ្នកអាចស៊ុតចូល។
….ម្នាក់នេះ….អូយហត់! ហេតុអីក៏ពូកែបាល់បោះមួយទៀតហើយ? មានស្អីគេធ្វើមិនបាន? ក្រែងគេឈឺ?
នាងគិតទាំងខាំមាត់បន្តប្រយុទ្ធ។
បាល់ក្នុងដៃស្រី គេប្រដេញមកតាម។
ចិត្តរៀមរាយមាយអាណិតផង ចង់លេងផង….
«ប្អូនប៉ូលិស ការពារបានប៉ុន្មានដង្ហើមទៀត? ឈប់បៅដោះគោសិនក៏បាន»
«ស្អីគេអ្នកណាទារក? តាមទាន់សិនមកចាំអួត»
នាងខំណាស់ទាំងដង្ហើមនាងដង្ហក់ហើយ ឥន្ត្រាស្តាប់ឮ។ ទោះបីនាងលេងបានយ៉ាងស្ទាត់ជំនាញ តែលើកនេះនាងប៉ះដៃគូល្អ ឯកម្លាំងគេគឺលើសនាងច្រើនត្រួត បើគេមិនបន្ធូរដៃ នាងរកមិនបានមួយគ្រាប់សម្រាប់ Birthday ទេ។
ប្រុសស្អាតបន្ថយសកម្មភាពខណៈមនុស្សស្រីរឹតតែមានសង្ឃឹម នាងប្រដេញបាល់ទៅក្រោមកញ្ច្រែង ហើយហក់ផ្លោតវាយបញ្ចូល។
ប្រុសស្អាតឈប់ស្ងៀមទាំងហត់គឃូសគេញញឹមនិងទះដៃ។
នាងពិតជាមានអំនួតនិងជោគជ័យនេះ….នាងងាកមកឱនលំទោនទស្សនិកជនដែលអបអរ។
«ចាញ់ហើយពូ!»
ស្រីស្អាតស្រែកឡើងទាំងរំភើបអំណរក្រោមកែវភ្នែកស្រទន់នៃបុរស។
«បានល្អ! សម្រាកសិនទៅ»
គេមានទឹកពីរដបហើយហុចមក។
សម្រាប់នីយ៉ានាងសម្លឹងមិនទាន់ទទួលទេ។ មនុស្សនេះស្រាប់តែស្គាល់យូរទៅ ទើបដឹងថាមានការយកចិត្តទុកដាក់ខ្លាំង និងគួរឱ្យ…..ចូលចិត្ត។
«ញ៉ាំ! បន្តិចទៀតយើងនឹងចាញ់!» គេតឿន។
ស្រីញាក់ចិញ្ចើមទទួល៖
«អរគុណ! តែកុំសង្ឃឹម!»
ប្រុសញញឹមស្ងប់។ គេថយទៅអង្គុយកណ្តាលលាន។ នាងមកអង្គុយទន្ទឹម។
«អរគុណដែលឱ្យខ្ញុំឈ្នះ!»
គេញាក់ចិញ្ចើមងាកមក។ មិនស្មានថានាងដឹងទេ។ នីយ៉ាញញឹមក្រេបទឹក ហើយនិយាយដោយសម្លឹងទៅជុំវិញលានកីឡាដែលស្ងាត់ជ្រងំ៖
«ខ្ញុំក្មេងហើយស្អាត តែមិនល្ងង់ទេ!»
សង្ឃឹមថាគេសើច នាងមកវិញឃើញគេធ្វើញឹមៗដដែល បែបជាមនុស្សទឹកកករបស់គេ។
«ខ្ញុំអត់ទោសឱ្យ!»
ស្រីថាបន្ថែមធ្វើឱ្យគេលើកចិញ្ចើមឆ្ងល់នឹងហួសចិត្ត។ គិតថា ឱ្យនាងបានមួយគ្រាប់ក៏ត្រូវមានទោស?
ស្រីដកដង្ហើមវែងៗ៖
«អត់ទោស រឿងដែលខ្លួនធ្វើបាបខ្ញុំនៅលើកោះH»
មនុស្សប្រុសទម្លាក់ទឹកមុខ។ មើលពីចំហៀង នាងក៏ឃើញអាការៈស្រពោនរបស់គេ ភ្នែកគេដែលសម្លឹងក្បាលដបទឹក។
ស្រីវាចាបន្ថែម៖
«ចាំអត់ ខ្លួននេះទុកពេលឱ្យខ្ញុំបីដង ដើម្បីរត់! ទីមួយបោះខ្ញុំចូលឃ្លុបឡាន ទីពីរបង្អត់បាយទឹក ទីបី…..»
«ពេលណា យើងព្រមចេញឱ្យផុតពីរឿងលើកោះ?»
នាងភាំងលែងវាចាព្រោះសម្តីនិងភ្នែកគេដែលសម្លឹងមក។
ពាក្យពេចន៍ប្រុសនិយាយស្រាលៗនិងមួយៗ ហាក់ចង់បំភ្លេចនូវអតីតដែលនាងកំពុងលើកឡើងឬអ្វី?
នីយ៉ាដៀងភ្នែកមើលសម្លឹងគេ។ ទៅមុខគេដូចជាក្រៀមក្រំជាងរឿងដែលនាងកំពុងជួបទៅទៀត។
«ភាពមនុស្សទឹកកកចេះខូចចិត្តដែរ?» ស្រីស៊កសៀត។
«ស្មានថាចេះខកចិត្តតែម្នាក់ឯងទេ?!»
«រឿងអីត្រូវខូចចិត្តទៅ? បងប្អូនគេជួបជុំគ្នាសប្បាយខ្លាំងណាស់! មើលមើល៍ ខ្ញុំបានជួបបងស្រីរបស់ខ្ញុំ បាននិយាយគ្នាយ៉ាងសប្បាយទៀត!»
ប្រុសសើចតិចៗ ច្រត់ដៃទាំងពីរទៅក្រោយខ្នងផ្តេកខ្លួនទ្រេត។
«សើចអី? នែ៎…កុំប្រាប់ថាលបតាមដានគ្រួសារខ្ញុំរហូតមកណា៎! តិចថា….!»
សាជាថ្មីនាងគាំងសម្តី ព្រោះគេលាបាតដៃបង្ហាញនាងនូវរបស់អ្វីមួយ។ វាមានរាងជាកងដូចចិញ្ចៀនតែតូចនិងស្តើង។ រង្វង់នោះដូចជាធ្វើពីដែក….
«ឡប់ហើយ សុំខ្ញុំរៀបការមែន?»
នរៈសង្ហាញឹមៗដៀងភ្នែកសម្លឹងនាងដែលមានទឹកមុខស្រទន់។ មាត់គេពោលតិចៗ៖
«Happy birthday»
អ្វីមួយចេញពីក្នុងជម្រៅភ្នែករបស់នីយ៉ា ពិតជាធ្វើឱ្យប្រុសថ្លៃមានអារម្មណ៍ព្រឺព្រួចដោយការទាក់ទាញ។
នាងដឹងហើយថាមិនមែនចិញ្ចៀន។
នាងបន្លប់និយាយ៖
«ក្រែងអត់ចេះអង់គ្លេស?»
«ពាក្យ Birthday ក្មេងបីឆ្នាំក៏ចេះដែរប្អូនប៉ូលិស!»
«ហើយ….កាដូស្អីគេ?!»
គេចាប់យករង្វង់រួចផ្ទាត់វាឱ្យលាតត្រង់។ ពេលនេះដែកបានក្លាយជាសរសៃវែងមួយតូចស្រួច។
«ទុកទៅ វាឆ្កឹះសោគ្រប់ប្រភេទបាន!»
នីយ៉ាបើកភ្នែកធំៗដោយអំណរ។


