ក្នុងបន្ទប់ដ៏ធំមួយ…
ពន្លឺភ្លើងអគ្គិសនីកំពុងតែបំភ្លឺឡើង ប្រាកដឱ្យឃើញនូវរូបរាងស្រ្តីម្នាក់ដែលមានស្នាមរបួសនៅនឹងមុខ អង្គុយលើគ្រែមានសក់ក្បាលរញ៉ែរញ៉ៃមើលពុំយល់ កំពុងតែសម្រក់ទឹកភ្នែកបណ្តើរ យកដៃក្តោបមុខបណ្តើរ ហាក់បីដូចជាកំពុងតែទទួលរងនូវភាពឈឺចាប់ពីនរណាម្នាក់អ៊ីចឹង។ ភ្នែកទាំងគូរបស់នាងបាញ់សំដៅលើបុរសម្នាក់ដែលកំពុងតែរៀបចំខោអាវដាក់ក្នុងវ៉ាលីសយ៉ាងតក់ក្រហល់។ ស្រី្តដែលមានវ័យកណ្តាលម្នាក់នេះយកខ្នងដៃជូតទឹកភ្នែកចេញ រួចដើរទៅឱបជើងបុរសម្នាក់នេះ ព្រមជាមួយនឹងវាចាបែបតម្អូញ។
“បងកុំទៅបានទេ? បងចង់បានអី អូនហ្នឹងព្រមតាមបងគ្រប់យ៉ាង។ អ្វីដែលបងត្រូវការ អូនរកឱ្យបានទាំងអស់ សូមកុំឱ្យតែបងចាកចេញពីអូនទៅបានហើយ។ អត់ពីបង រាងកាយអូនដូចជាខ្វះដង្ហើម…”
បុរសម្នាក់នេះផ្អាកសកម្មភាពបន្តិច រួចបែរសម្លឹងមកនារីម្នាក់នេះជាមួយអាការៈបែបធុញទ្រាន់
“ បានហើយ! គួរតែដោះលែងខ្ញុំទៅ…កុំឱ្យខ្ញុំបន្តទ្រាំនៅទាំងដែលគ្មានអារម្មណ៍នៃការស្រឡាញ់សូម្បីតែបន្តិចអ៊ីចឹងអី” គាត់ចាប់ដៃនាងចេញ រួចនិយាយបន្ត
“ចាប់ពីថ្ងៃនេះទៅយើងមិនពាក់ព័ន្ធអ្វីនឹងគ្នាទៀតទេ។ រស់នៅរៀងៗខ្លួនទៅល្អជាង”
នាងស្រវាតោងជើងបុរសម្នាក់នេះម្តងទៀត។ ពាក្យត្មិះដៀល មើលងាយ មិនបានធ្វើឱ្យនាងឈឺឡើយ ព្រោះពេលនេះអារម្មណ៍របស់នាងខ្លាចបាត់បង់មនុស្សដែលនាងស្រឡាញ់ច្រើនជាង។
“ប្លង់ដី! ខ្ញុំនៅសល់ប្លង់ដីមួយកន្លែងដែរ តើបងយកទេ?” នាងងាកទៅបើកថតទូដើម្បីរកមើលប្លង់ដី។
“មិនបាច់ព្យាយាមរកទេ វាបានទៅនៅជាមួយម្ចាស់ថ្មីបាត់ទៅហើយ” និយាយរួចគាត់ក៏ដើរចេញទៅ ទុកឱ្យស្ត្រីម្នាក់នេះនៅឈឺចាប់តែម្នាក់ឯងសម្លឹងមើលដំណើរចាកចេញរបស់បុរសដែលហៅថាប្តី។
មួយឆ្នាំមុន!
ក្រមុំចាស់។
ព្រះសុរិយាកំពុងតែរះឡើងគងមាត់ព្រៃពីទិសបូព៌ប្រជ្រៀតកាយតាមចន្លោះបង្អួចចាំងចំនេត្រារបស់ស្រី្តម្នាក់ដែលកំពុងតែលង់លក់ជាមួយដំណេកយ៉ាងស្កប់ស្កល់។ រំពេចនេះ សំឡេងឆ្កែក៏បន្លឺឡើង បណ្តាលឱ្យនាងភ្ញាក់ពីដំណេកទាំងមិនចង់។ ស្រស់ស្រីពត់ខ្លួនបន្តិចតាមទម្លាប់ រួចរៀបចំសម្ភារៈទុកដាក់យ៉ាងមានរបៀប។
“សមសួន! ចុះមកនេះបន្តិចមកកូន” សំឡេងស្រ្តីម្នាក់រាងក្ងួរបញ្ជាក់ពីវ័យចំណាស់បានកំពុងតែបន្លឺឡើងពីខាងក្រោមផ្ទះ។
“ចាស!” នាងឆ្លើយមួយម៉ាត់ រួចឈានជើងចុះទៅក្រោម។
នៅក្រោមផ្ទះគឺគ្មានមនុស្សច្រើននោះទេ ក្រៅពីយាយសមជាម្តាយនិងសមសាន្ត ដែលជាប្អូនស្រីរបស់នាង។ ក្រមុំវ័យជ្រេរូបនេះទម្លាក់គូទលើកៅអីដែលធ្វើពីឈើយ៉ាងប្រណីត រង់ចាំស្តាប់ប្រសាសន៍ពីម្តាយទាំងមុខស្មើធេង។
“ថ្ងៃនេះមានគេមកចែចូវឯងទៀតហើយ!”
“ម្នាក់ណា?” នាងស្ទុះហើបគូទពីកៅអី។
“កូនមេភូមិឡាក់ហ្នឹងហើយ។ នែ! គេមានចំណេះដឹងជ្រៅជ្រះ ហើយការងារក៏ពិតប្រាកដទៀត…”
“តែមុខឡើងកញ្ចាស់!”សមសួននិយាយកាត់ប្រសាសន៍ម្តាយ។
“ចុះបង!ស្មានតែនៅក្មេងមែនទេ? អាយុឡើងក្បែរ៤០ទៅហើយ…”
“ស្ងាត់មាត់!”នាងនិយាយគំហកប្អូនស្រីជាមួយនឹងក្រសែភ្នែកយ៉ាងកំណាច។
“អើ!ប្អូននិយាយក៏ត្រូវម្យ៉ាងដែរ។ ចាស់ហើយ ល្មមរកគូស្រករក្រែងបានកូនមួយនឹងគេគ្រាន់តែបានមើលថែពេលដែលចាស់ទៅ។ តិចឈឺគ្មានអ្នកមើល៍! កុំរំពឹងអញ អញចាស់ហើយមិនដឹងជាស្លាប់ពេលណានោះទេ”
សមសួនស្ទុះងើបពីកៅអី សម្លឹងទៅម្តាយនិងប្អូន រួចនិយាយ
“ចុះខ្ញុំមិនបានថាមិនយកប្តីឯណា! គ្រាន់តែមិនយកប្តីចាស់តែប៉ុណ្ណោះ” និយាយរួច នាងដើរចេញបាត់ទៅ។
យាយឡាក់និងសមសាន្តហាក់ហួសចិត្តចំពោះពាក្យសម្តីមួយនេះ។ តែពួកគាត់មិនបានប្រកាន់អ្វីច្រើននោះទេ ព្រោះចរិតសមសួនតែប៉ុណ្ណឹងទៅហើយ។
ថ្លែងពីសមសួនវិញកំពុងតែចងចិញ្ចើមចំពោះពាក្យសម្តីរបស់ម្តាយនិងប្អូនដែលតែងតែនិយាយឡកឡាយពីវ័យជ្រេរបស់នាង។ នាងមិនចូលចិត្តឱ្យអ្នកណានិយាយបែបនេះឡើយ។ ដ្បិតតែមុខនាងរាងចាស់បន្តិចមែន តែអាយុមិនច្រើនរហូតដល់ជិត៤០ដូចប្អូននាងនិយាយឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ ភាពធុញទ្រាន់ចំពោះគ្រួសារនេះក៏បានកើតឡើង។ នាងចិញ្ចឹមចិត្តថា នៅពេលដែលនាងរកគូអនាគតបាន នាងនឹងចេញទៅនៅកន្លែងឆ្ងាយដោយមិនចង់ពាក់ព័ន្ធជាមួយគ្រួសារទៀតឡើយ។
មួយសប្តាហ៍ក្រោយមក
“ម៉ែ! មានគេចង់មកដណ្តឹងខ្ញុំហើយ”
“ម្នាក់ណា ម៉េចបានជាអញមិនដឹងអ៊ីចឹង?” យាយសំសួរទាំងឆ្ងល់ ព្រោះរាល់ដងបើមាននរណាបេតីកូនក្រមុំចាស់របស់គាត់នេះ តែងតែមកសួរនាំគាត់មុនជានិច្ច។
“ម៉ែត្រៀមតែខ្លួនធ្វើជាមេបាក្នុងថ្ងៃរៀបការខ្ញុំទៅ។ អូភ្លេច! ម៉ែកុំបង្គាប់ថ្លៃពេកអី ព្រោះគេនៅក្មេងមិនទាន់បានរកស៊ីអីឱ្យបានធំដុំនោះទេ”
“គេក្មេងហើយគ្មានមុខរបរជាប់លាប់អ៊ីចឹងតិចពិបាកទៅណាកូន?”
“មិនអីទេម៉ែ! តែខ្ញុំថាមិនអីគឺមិនអីហើយ។ ម៉ែធ្វើកុំភ័យមើ!”
“អញធ្លាប់ឃើញមនុស្សស្រីចាស់យកប្តីក្មេងនៅជាមួយគ្នាមិនបានយូរទេ។ ជួនកាលវាបោកយើងអស់ពីខ្លួនហើយរត់ចោលយើងក៏មានដែរ។ ឯងកុំទៅទុកចិត្តក្មេងៗទាំងអស់ហ្នឹងពេក”
“ផ្ទះយើងមានអីឱ្យគេបោកហ្អាសម៉ែ? ទ្រព្យសម្បត្តិតិចតួចបែបនេះគេមិនទៅចាប់អារម្មណ៍ទេ។ ម្នាក់នេះខ្ញុំសុំណាម៉ែ។ ខ្ញុំពិតជាស្រឡាញ់គេណាស់។ បើអនាគតម៉េចម៉ាទៅទុកឱ្យខ្ញុំអ្នកទទួលខុសត្រូវខ្លួនឯងបានហើយ”
ឃើញកូនស្រីបង្ហាញនូវអារម្មណ៍មានសេចក្តីសុខបែបនេះ យាយសមក៏សប្បាយចិត្តដែរ។ តែអ្វីដែលគាត់បារម្ភនោះគឺ កូនប្រសារដែលមិនបានឆ្លងកាត់ការសង្កេតឬកពារពីចាស់ទុំ តើវាទៅជាយ៉ាងណា?
មួយខែក្រោយ
សមសួនដែលជាក្រមុំចាស់បានរៀបការរួចហើយ។ អ្វីដែលនាងប្រាថ្នាគឺពិតជាសម្រេចមែន។ ប្តីក្មេងដែលកំពុងតែប្រើជីវិតគូជាមួយនាងនោះគឺឧត្តម។គាត់មានអាយុទើបតែ១៩ឆ្នាំប៉ុណ្ណោះ។ ពួកគេទាំងពីរស្គាល់គ្នាតាមរយៈបណ្តាញសង្គម(ហ្វេសប៊ុក)។ បន្ទាប់ពីរៀបការរួច ពួកគេបានរស់នៅជាមួយម្តាយបណ្តោះអាសន្នសិន។ តែថ្ងៃមួយ…
“អូន!”ឧត្តមហៅប្រពន្ធទាំងដែលនាងកំពុងតែគេងនៅលើដៃរបស់គាត់។
“ចាស៎! បងមានការអ្វីមែនទេ?”
“បងគិតថា…យើងគួរតែប្រើជីវិតឱ្យល្អជាងនេះ”
សមសួនងាកមើលមុខប្តីបន្តិចរួចសួរ “ចុះរាល់ថ្ងៃជីវិតយើងល្អហើយតើ!”
“តែបងមិនចង់បានបែបនេះទេ!”
“ចុះបងចង់បានបែបណា?”នាងសួរបញ្ជាក់។
ឧត្តមងើបថើបថ្ងាសប្រពន្ធបន្តិច រួចនិយាយយ៉ាងផ្អែម
“ ទៅទិញផ្ទះមួយនៅកន្លែងផ្សេង! ទីនេះពិបាករកស៊ីណាស់។ អូនក៏ដឹងថាបងគ្មានជំនាញអារឿងធ្វើស្រែធ្វើស្រូវអីហ្នឹងទេ។ បើឱ្យបងនៅបែបនេះតែមួយខែទៀត បងប្រហែលជាស្លាប់ហើយមើលទៅ”
ឮសម្តីប្តីបែបនេះ សមសួនក៏ងើបអង្គុយ ជាមួយអាការៈដែលបង្ហាញថាមិនអាចខ្វះបុរសម្នាក់នេះបានទេ។ នាងរំកិលខ្លួនទៅជិត
“បងកុំនិយាយអ៊ីចឹងមើ! ការសាងគ្រួសារថ្មីតែពីរនាក់ ខ្ញុំក៏ចង់ដែរ តែពួកយើងគ្មានលុយគ្រប់គ្រាន់នោះទេ”
“ចុះស្រែ! ចុះគោ! អូនទុកវាធ្វើអី? ម៉េចមិនលក់វាទៅ? អូនក៏ដឹងដែរ ថាម្តាយយើងចាស់ទៅហើយ បើឱ្យគាត់ធ្វើស្រែ មើលគោទៀត នោះច្បាស់ជាពិបាកគាត់ជាក់ជាមិនខាន ហើយអ្នកស្រុកនិយាយដើមពេញភូមិទៀត។ បើក្រឡេកមើលទៅសមសាន្តក៏មានការងាររបស់នាងដែលត្រូវបំពេញដែរ”
“បងនិយាយមកក៏ត្រូវម្យ៉ាងដែរ! តែខ្ញុំមិនហ៊ានហាមាត់សុំម៉ែលក់កេរអាករនោះទេ…”
“ចុះអូនខ្លាចអី! បើគាត់បានចែកយើងហើយតើ។ ថាបងទៅកូនប្រសាគ្មានសិទ្ធិ តែអូននេះនៅពិបាកទៀត ហ៊ឺម…”
“តែ…” សមសួនធ្វើឫកអេះអុញហាក់បីដូចជាមិនចង់ហ៊ាននោះទេ។
“បើអូនមិនព្រម បងក៏មិនថាអីដែរ បងចេញទៅតែម្នាក់ឯងក៏បានដែរ”
សមសួនដកដង្ហើមធំ បញ្ជាក់ពីអារម្មណ៍ដែលពីបាកក្នុងការថ្លឹងថ្លែង។ នាងឱបប្តីពីក្រោយរួចនិយាយ
“ បងកុំបង្កើតផ្លូវផ្សេងបានទេ ខ្ញុំពិបាកជ្រើសរើសណាស់។ បងក៏ដឹងថា ម៉ែគាត់ចាស់ណាស់ហើយ ម្យ៉ាងទៀតសមសាន្តយូរៗបានមានពេលមកលេងផ្ទះម្តង។ បើខ្ញុំទៅជាមួយបង មានន័យថា ខ្ញុំកំពុងតែទុកឱ្យអ្នកមានគុណនៅតែម្នាក់ឯង”
“នេះអូនចោទបងថា បំបែកអូនចេញពីម្តាយមែនទេ…”
“មានណា៎! អូនគ្រាន់តែនិយាយឱ្យរួចទេតើ។ ហ៊ឺយ…អ៊ីចឹងក៏អ៊ីចឹងចុះ! អូនតាមបងក៏បាន”
“ល្អណាស់! នេះបានសក្តិសមជាប្រពន្ធដ៏ល្អរបស់បង” ឧត្តមស្រវារឱបប្រពន្ធយ៉ាងណែន។
ទីបំផុត យាយសមបានយល់ព្រមចំពោះការស្នើសុំរបស់កូន តែមុននឹងគូស្វាមីចាកចេញ គាត់បានបោះពាក្យសម្តីមួយឃ្លាចោលថា “ទៅហើយកុំមកវិញ នាំខ្មាសអ្នកស្រុក! ពូជអញគ្មាននរណាលក់កេរអាករដើម្បីបំពេញចិត្តប្តីបែបហ្នឹងទេ។ បើអញស្លាប់កុំមកធ្វើបុណ្យឱ្យអញអី! អញមិនទទួលនោះទេ”។
“ម៉ែកុំភ័យ! ទោះបីជីវិតរបស់ខ្ញុំលិចលង់យ៉ាងណាក៏មិនមកឱ្យម៉ែឯងឃើញមុខដែរ” សមសួននិយាយតប។
យាយសមមានប្រសាសន៍បន្ថែមទាំងទឹកភ្នែករមៀលស្រក់ចុះកាត់ផែនថ្ពាល់របស់គាត់
“ ឯងត្រូវចាំថា មានតែម្តាយទេដែលជូតទឹកភ្នែករបស់ឯងមុនគេ មិនមែនអ្នកដទៃដែលទើបតែស្គាល់នោះទេ”។
ភ្នំពេញដីថ្មី…
សមសួនបានប្រកបរបរជាអ្នកលក់អីវ៉ាន់ចាប់ហួយបន្តិចបន្តួចនៅមុខផ្ទះ។ ចំណែកឧត្តមវិញគ្មានមានការងារអ្វីក្រៅពីដេកស៊ីៗនៅផ្ទះនោះទេ។ លុយក៏កាន់តែអស់ ចំណូលក៏តិច។ ឥឡូវនេះនាងកំពុងតែមានផ្ទៃពោះទៀត។ ដោយពិបាកចិត្តពេក នាងក៏និយាយទៅកាន់ប្តី។
“បងអត់មាននឹកគិតរកការងារអីធ្វើទេអីបង”
ឧត្តមមិននិយាយអ្វីទាំងអស់ គិតតែលេងហ្គេមក្នុងទូរស័ព្ទដូចក្មេងស្ទាវដែលទើបតែពេញវ័យជំទង់ ហាក់បីដូចជាមិនចាប់អារម្មណ៍ជាមួយសម្តីប្រពន្ធឡើយ។ សមសួនស្ទុះទៅទាញទូរស័ព្ទកាន់ជាប់ រួចនិយាយបន្ត។
“បងមានប្រពន្ធ បងមានកូនហើយ បងគួរតែចេះគិតគូពីអនាគតផង”
“ឱ្យមកវិញ! ថាឱ្យមកវិញឱ្យឆាប់បន្តិច…” គាត់យារដៃបម្រុងទះកំផ្លៀងប្រពន្ធ តែទម្លាក់ចុះវិញ។
“វ៉ៃម៏! បើបងចង់វ៉ៃក៏វ៉ៃម៏!”នាងហុចមុខឱ្យប្តីទះ។ សមសួនគិតថា ប្តីរបស់នាងមិនហ៊ានវ៉ៃនាងនោះទេ ក៏ប៉ុន្តែ…
ផាច់!
“ឌឺហ្អី! ម៉េច? ចង់ឌឺជាមួយនរណាមិនឌឺមកឌឺជាមួយអានេះ។ អញកំពុងតែចាញ់ហ្គែមក្រពុលមុខផង មកឌឺត្រូវអ៊ីចឹង”
សមសួនក្តោបមុខយំ តែនាងមិនព្រមចេញទៅណានោះទេ។ នេះជាទឹកភ្នែកដំបូងដែលនាងសម្រក់មកដោយសារបុរសដែលមានងារថាប្តី។ រំពេចនេះ ខួរក្បាលរបស់នាងក៏បាននឹកគិតដល់ពាក្យសម្តីរបស់ម្តាយ។ វាពិតជាឈឺចាប់ខ្លាំងណាស់ ឈឺចាប់រកពាក្យអ្វីស្តីថាមិនត្រូវនោះឡើយ។
“ថីមិនចេញ? នៅយំសោកដូចក្មេងដល់ណាទៀត។ នែក! ដែលឆ្លុះកញ្ចក់មើលមុខខ្លួនឯងអត់ថាជ្រួញកម្រិតណា។ កុំធ្វើចរិតដូចក្មេងតិចត្រូវមួយដៃទៀត” ឧត្តមលើកដៃយារប្រុងវ៉ៃប្រពន្ធមួយដៃទៀត។
ស្រស់ស្រីដើរចេញជាមួយនឹងទឹកភ្នែកគួរឱ្យអាណិត។ នាងមកអង្គុយយំនៅកន្លែងលក់ចាប់ហួយដោយមិនខ្មាសនរណាទាំងអស់។ ពេលនេះ នាងមានអារម្មណ៍ថាប្តីរបស់នាងចាប់ផ្តើមប្លែកបណ្តើរៗហើយ។ ដូចអ្វីដែលគេនិយាយមិនខុសទេ។ អ្វីៗល្អតែដំបូងតែប៉ុណ្ណោះ។ យូរៗសូម្បីតែមុខគ្នាក៏មិនចង់មើលផង។
សមសួនបានគិតច្បាស់លាស់ហើយ ថានាងមិនអាចទុកកូនក្នុងផ្ទៃបានទេ។ ទោះបីជានាងអាយុច្រើនដែលពិបាកក្នុងការយកកូនក្រោយៗទៀតក៏ពិតមែន តែនាងនៅតែសម្រេចចិត្តថាយកចេញ។ ចង់ធ្វើជាស្ត្រីរឹងមាំម្នាក់ ត្រូវរៀនរឹងមាំផ្លូវចិត្តជាមុនសិន។ ម្យ៉ាងទៀតប្រសិនបើនាងមិនប្រឹងរកស៊ីនោះទេ លុយដែលសល់ពីការលក់ដីចាយមិនបាន២ខែទៀតឡើយ។
អាជីពថ្មី…
អ្នកលក់អនឡាញ។ នេះជាអាជីពថ្មីរបស់សមសួន។ នាងគិតថាអាជីពនេះអាចជួយឱ្យនាងប្រសើរជាងមុន ព្រមទាំងបង្កើតការងារឱ្យប្តីរបស់នាងធ្វើផងដែរ។ នាងដឹងថា ឧត្តមពូកែសម្តែងមុខកាម៉េរ៉ាណាស់ ហើយសម្រស់ក៏បានទៀត។ ដូច្នេះការលក់ដូរក៏ប្រសើរឡើង។
រាល់ពេលឡាយ តែងតែមានឧត្តមនៅពីក្រោយជានិច្ច។ ប្រពន្ធនិយាយប្តីកត់លេខអតិថិជនរឿងអីថាមិនរីកចម្រើន។ រយៈពេលមិនបានមួយឆ្នាំផង សមសួនមានទាំងពីតំណាងលក់តាមខេត្ត និងបុគ្គលិកជួយរៀបចំអីវ៉ាន់ទៀតផង។ ឧត្តមសប្បាយជាខ្លាំងនៅពេលដែលការរកស៊ីមួយនេះទទួលបានជោគជ័យគ្រាន់បើ។ ភាពល្អូនល្អើនក៏កើតឡើងសារជាថ្មី។ ស្នាមញញឹម,សុភមង្គល…ធ្វើឱ្យអ្នកនៅក្បែរផ្ទះក៏ដូចតាមបណ្តាញសង្គមមានការច្រណែនជាមួយសមសួនជាខ្លាំង រហូតអ្នកខ្លះថា បានប្តីក្មេងតែគំនិតចាស់គឺសំណាងបំផុត។ តើនៅពីក្រោយខ្នងនៃគូស្នេហ៍ដែលមានសុភមង្គលនេះបានលាក់បាំងនៅបញ្ហាអ្វីខ្លះ?
បាត់មួយយប់!
ដងកាម៉េរ៉ាកំពុងតែភ្ជាប់ជាមួយទូរស័ព្ទនៅពីមុខមានស្ត្រីម្នាក់ដែលគេស្គាល់យ៉ាងច្បាស់ថាអ្នកលក់អនឡាញកំពុងតែល្បីរបស់យើងគឺសមសួន។ នាងរាំបណ្តើរ ធ្វើកាយវិការបណ្តើរយ៉ាងសប្បាយរីករាយ។
“សុំតែ១០នាក់ទៀតទេ ខ្ញុំនឹងមានប្រម៉ូសិនដ៏អស្ចារ្យមួយដែលមិនធ្លាប់មានកន្លងមក។ ហើយត្រៀម!…ត្រៀមឱ្យទាន់ក្នុងការទម្លាក់លេខទូរស័ព្ទទីតាំង ខ្ញុំកំណត់តែ៥នាទីទេ បើអ្នកណាទិញទាន់ក៏ទាន់ បើមិនទាន់អត់…”
ក្រាក!…
សមសួនរេក្រសែភ្នែកពីអេក្រង់ទូរស័ព្ទមកមើលប្តីដែលបាត់ខ្លួនពេញមួយយប់ទើបតែមក។ ឧត្តមមិនបានរវីរវល់ជាមួយប្រពន្ធសូម្បីតែបន្តិច។ គាត់ដើរកាត់មុខការឡាយ រួចចូលក្នុងបន្ទប់បាត់ទៅ។ ជានិស្ស័យរបស់សមសួន នាងមិនសូវជាចេះទប់ប៉ុន្មាននោះទេ។ ស្រស់ស្រីរូបនេះស្ទុះភ្លែតចេញពីមុខកាម៉េរ៉ាដោយទុកឱ្យអ្នកចូលមើលខម្មិនតែឯង។
“យប់មិញបងទៅណា?”
ឧត្តមអង្គុយលើសាឡុងចុចទូរស័ព្ទធ្វើព្រងើយប្រៀបដូចជាមិនបានឮពីសម្តីភរិយាសូម្បីតែបន្តិច។ សមសួនកញ្ឆក់ទូរស័ព្ទពីដៃប្តីរួចនិយាយទាំងកំហឹង។
“មិនឮខ្ញុំនិយាយទេអី?”
“ថីហ្អាស! ខ្ញុំចង់ទៅណាមកណាចាំបាច់រាយការណ៍ប្រាប់ឯងរហូតមែនទេ? កុំមកធ្វើជាម្ចាស់ជីវិតខ្ញុំ…ខ្ញុំមិនចូលចិត្ត!..” គាត់កញ្ឆក់ទូរស័ព្ទរួចទម្លាក់គូទអង្គុយ។
“ប្លែក! បងប្លែកច្រើនណាស់” នាងទះដៃ រួចនិយាយបន្ត “ បងគិតថាខ្ញុំមិនដឹងថាបងបាត់ទៅណាមែនទេ? ទង្វើដែលបងធ្វើបងព្យាយាមលាក់ទៅចុះ ក៏ប៉ុន្តែថ្ងៃណាមួយដែលខ្ញុំបានដឹងហើយមានភស្តុតាងច្បាស់…”
“យ៉ាងម៉េច ចង់ប្តឹងខ្ញុំមែនទេ? ប្តឹងទៅ…បើបានលែងលះគ្នាកាន់តែល្អ។ ខ្ញុំរាល់ថ្ងៃនេះទ្រាំរស់នៅជាមួយស្រីដែលគ្មានជាតិជៅដូចឯង ស្ទើតែប្រេះទ្រូងទៅហើយ”
ស្រស់ស្រីជូតទឹកភ្នែកដែលកំពុងតែស្រក់ រួចនិយាយយ៉ាងម៉ឹងម៉ាត់ “ម្នាក់ណា? ម្នាក់ណាដែលធ្វើឱ្យបងប្រែយ៉ាងនេះ? គេសំខាន់ គេល្អជាងខ្ញុំប៉ុណ្ណាទៅ…”
“គេមិនល្អទេ! តែគេក៏មិនមែនចាស់ដូចជាឯងដែរ” និយាយរួចឧត្តមក៏ទាញសោរឡានចេញបាត់ទៅ។
សមសួនអង្គុយយំម្នាក់ឯងលើសាឡុង។ នាងមិនបានខ្វល់ខ្វាយពីការឡាយអ្វីទៀតដែរ។ ម៉ារីដែលជាបុគ្គលិកនៅផ្ទះជាមួយចូលឡាយជំនួស។ គ្រប់យ៉ាងដែលនាងមានទោះបីច្រើនយ៉ាងណាក៏មិនស្មើនឹងទំហំនៃក្តីស្រឡាញ់របស់នាងទៅកាន់ស្វាមីនោះទេ។ ជីវិតកាន់តែរីកចម្រើន កិត្តិយសមុខមាត់ក៏កាន់តែល្អទៅតាមហ្នឹងដែរ។ រឿងនាងឡាយសុខៗបាត់មុខ ឮសំឡេងឈ្លោះប្រកែកគ្នាក៏បានលេចឮជាព័ត៌មានត្រូវបានគេយកមកវែកញែកធ្វើជាប្រធានបទពេញបណ្តាញសង្គម។ ខួរក្បាលនារីវ័យកណ្តាលរូបនេះគ្មានអ្វីក្រៅពីប្តីនោះទេ។ នាងបានចំណាយលុយជួលឱ្យគេស៊ើបតាមដានប្តីមិនចេះតិចនោះទេ។
ផលិតផលមួយដែលមានទីផ្សារគឺកើតចេញពីការផ្សព្វផ្សាយជាចម្បង។ ចុះបើគ្មានការឡាយ គ្មានការផ្សព្វផ្សាយ តើផលិតផលមួយនោះមានអ្នកស្គាល់ឬទេ?
អ្នកជិតស្និទ្ធបំផុត ជាអ្នកគ្រោះថ្នាក់បំផុត!
ម៉ោងពីររំលងអធ្រាត្រ បើនៅស្រុកស្រែគឺស្ងាត់ច្រៀបបាត់ទៅហើយ ក៏ប៉ុន្តែនៅទីក្រុងវិញពុំដូច្នេះឡើយ។ សំឡេងយានជំនិះគ្រប់ប្រភេទនៅតែបន្តបន្លឺឡើងជាប់រដឹក។ ចំណែកសមសួនវិញក៏កំពុងតែទន្ទឹងផ្លូវប្តីផងដែរ។ នាងប្រះខ្នងលើសាឡុងស្តាប់ចម្រៀងបទមនោសញ្ចេតនាបណ្តើរស្រក់ទឹកភ្នែកបណ្តើរ។ រំពេចនេះ កូនគំនិតមួយក៏បានលេចឡើងពីសម្តីរបស់អ្នកមានគុណរបស់នាង។ មាណវីក៏ចុចបញ្ឈប់ចម្រៀង គិតថាបម្រុងនឹងខលទៅលេងម្តាយ តែ…
ទ្រឹប!…
នាងផ្ទៀងស្តាប់បន្តិច ទើបដឹងថាមិនមែនមានសម្រិបជើងមនុស្សម្នាក់នោះទេ។ ពួន! សមសួនបានរត់ពួននៅខាងក្រោយសាឡុង ព្រោះនាងមិនអាចពួនកន្លែងផ្សេងពីហ្នឹងបានទេ ស្ថានការណ៍ប្រថុចញុចពេក។ ភ្លើងអំពូលអគ្គិសនីមិនបានបិទនោះទេ។ វត្តមានមនុស្សប្រុសស្រីមួយគូបានបង្ហាញយ៉ាងច្បាស់។
“ឱ្យបងថើបមួយម៏!” សំឡេងឧត្តមបន្លឺឡើងជាមួយសំឡេងញ័រៗបែបស្រវឹង។
“កុំអី! តិចបងសមសួនមកឃើញទៅ!”
“កុំខ្លាចអី! ថ្មើនេះយាយកញ្ចាស់សួនហ្នឹងប្រហែលដេកស្រមុកបាត់ទៅហើយ”
“តែអូននៅតែខ្លាច! ខ្លាចគាត់មកទាន់ ហើយដេញអូនចេញ ពេលនោះអូនច្បាស់ជាគ្មានការងារធ្វើនោះទេ”
“កុំភ័យចាំបងជួយ! បើវាដេញអូនចេញ ទុកឱ្យបងជាអ្នកចិញ្ចឹមអូន”
“តែ…”
“ចេះខ្លាចដែរ! ស្រីដែលយកប្តីគេចេះខ្លាចប្រពន្ធគេមកទាន់ដែរ” សមសួនងើបចេញមកពីសាឡុងទាំងកម្រោល។
“បង…”
“កុំហៅយើងបង! ខ្ញុំគ្មានប្អូនដែលលួចស៊ីប្តីបែបហ្នឹងទេ” នាងផ្អាកនិយាយជាមួយម៉ារី រួចងាកមកនិយាយនឹងឧត្តមវិញម្តង “ ប៉ុន្មានដងហើយ? បងនឹងវាស៊ីចុកគ្នាប៉ុន្មានដងហើយ? បងឮខ្ញុំនិយាយទេ?” នាងចាប់អង្រួនស្មាប្តី។
“ កុំបន្ទោសគាត់អី! ការពិតខ្ញុំទេដែលខុស ខុសព្រោះស្រឡាញ់គាត់…”
ផាច់!…
“អ្ហោះ! ចេះដឹងកំហុសដែរ? ចុះលួចស៊ីរបស់គេហ្នឹងមានខ្លាចទេ” សមសួនទះកំផ្លៀងម៉ារីពេញមួយទំហឹង។
“ ឈប់បន្ទោសនាង! បើយើងធ្វើខ្លួនឱ្យល្អក៏គ្មានរឿងបែបនេះកើតឡើងដែរ”
“ខ្ញុំមិនល្អត្រង់ណា? ទាំងលុយ ទាំងឡាន…”
“តែគ្មានសេរីភាព! យើងមិនដែលផ្តល់សេរីភាពឱ្យខ្ញុំម្តងណានោះទេ គឺមានតែសម្ពាធនិងសម្ពាធ។ ជីវិតខ្ញុំរស់នៅសព្វថ្ងៃមិនខុសពីសារិកាក្នុងទ្រុងនោះទេ។ ណ្ហើយ! បើរឿងដល់ដំណាក់កាលនេះទៅហើយ ខ្ញុំក៏មិនលាក់បាំងអីដែរ។ ខ្ញុំនឹងម៉ារី ពួកយើងមានកូនជាមួយគ្នាពីរខែទៅហើយ”
គ្រាន់តែឮសម្តីរបស់ប្តីភ្លាម សមសួនទន់ជង្គង់គ្រឹបដល់ការ៉ូ។ នាងហាក់គ្មានកម្លាំងកំហែងសូម្បីតែបន្តិច។ នាងមិនដឹងជានិយាយថាម៉េចនោះទេ។ ប្តីដែលស្រឡាញ់ឱបជាប់នឹងទ្រូងបែរជាលួចមានសាហាយជាមួយបុគ្គលិកដែលនាងស្រឡាញ់ដូចបងប្អូនរួមលោហិត ហើយជ្រុលជ្រួសដល់មានកូនទៀត។ បើគេបានដឹងឮ តើទៅជាយ៉ាងណា? សមសួនជូតទឹកភ្នែកចេញ រួចធ្វើជារឹងមាំនិយាយយ៉ាងច្បាស់ៗ។
“ពួកយើងទាំងបីនឹងប្រើជីវិតរួមគ្នា។ អ្វីគ្រប់យ៉ាងដែលបានកើតឡើងគឺជាអាថ៌កំបាំង” នាងបែរទៅនិយាយជាមួយម៉ារី
“ចាប់ពីថ្ងៃនេះទៅ ឯងមិនចាំបាច់ចេញទៅណាទាំងអស់ បើមានតម្រូវការអី ទុកឱ្យយើងជាអ្នកដោះស្រាយឱ្យ។ ហើយរក្សាការសម្ងាត់នេះឱ្យបានល្អ សូម្បីតែគ្រួសាររបស់ឯងក៏កុំឱ្យគាត់ដឹង”
ម៉ារីញញិម តែក្នុងចិត្តនាងវិញមិនបានពេញចិត្តចំពោះជម្រើសមួយនេះឡើយ។ ចំណែកឧត្តមវិញញញិមខ្ជិបព្រោះដំណោះស្រាយមួយនេះសក្តិសមបំផុតចំពោះគាត់។
សេរីភាព!
ម៉ារីមិនអាចទ្រាំទ្រនឹងគំនាបមួយនេះបានទេ។ នាងបានរត់ចេញពីផ្ទះ ស្របពេលដែលសមសួននិងឧត្តមចេញទៅក្រៅជាមួយគ្នា។ នាងត្រូវការសេរីភាព។ ដូច្នេះ ទោះបីជាត្រូវខ្មាសគេ ហើយទទួលបន្ទុកចិញ្ចឹមកូនតែម្នាក់ឯងក៏នាងព្រមដែរ។
“បងកុំទៅបានទេ?” សមសួននិយាយអង្វរប្តី។
“កុំឃាត់ខ្ញុំអី! ទោះបីជានាងអាចឃាត់រាងកាយរបស់ខ្ញុំបាន តែមិនអាចឃាត់បេះដូងនិងចិត្តរបស់ខ្ញុំបានឡើយ”
“អ៊ីចឹងមានន័យថា បងឈប់ស្រឡាញ់ខ្ញុំហើយ!”
ឧត្តមងក់ក្បាលជំនួសពាក្យសម្តី។ គាត់ប្រញាប់ប្រញាល់រៀបចំខោអាវដាក់វ៉ាលីស។
“តែខ្ញុំនៅសល់ប្លង់ដីមួយកន្លែងទៀត! បងយកប្លង់ផ្ទះមួយនេះក៏បានដែរ”
ឧត្តមផ្អាកសកម្មភាពបន្តិច ហើយនិយាយទាំងញញិមបែបចំអក
“ ឈប់បោកខ្ញុំទៅ! ខ្ញុំមិនមែនក្មេងទេ។ ប្លង់នេះក្លែងក្លាយទេ ប្លង់ពិតប្រាកដដាក់នៅធនាគារនោះទេ។ ស្មានតែខ្ញុំមិនដឹងមែនទេ?”
“តែ…”
“ឈប់! កុំមកជិតខ្ញុំ។ កុំយកខ្ញុំឱ្យធ្លាក់រណ្តៅជាមួយ ខ្ញុំមិនល្ងង់នោះទេ”
សមសួនស្ទុះទៅឱបចង្កេះប្តីពីក្រោយយ៉ាងណែនបញ្ជាក់ពីទំហំស្រឡាញ់និងភាពឯកាដែលនាងកំពុងតែមានចង់បង្ហាញទៅប្តី។ ទឹកភ្នែករាប់លានតំណក់បន្តស្រក់ចុះមក ឃាត់មាត់ស្រស់ស្រីមិនឱ្យស្រដីចេញ។ ដៃនាងឱបប្តីក្នុងន័យមិនព្រមព្រលែងនោះឡើយ។
“ឱបទៅ! នេះជាលើកចុងក្រោយហើយ ដែលខ្ញុំអនុញាតឱ្យនាងបានប៉ះរាងកាយរបស់ខ្ញុំ”
ឮសម្តីប្តីហើយ សមសួនកាន់តែយំសសិតជាងមុនទៀត។ នាងព្យាយាមនិយាយទាំងទឹកភ្នែក “ បងអាចរួមសុខបាន ហេតុអីមិនអាចរួមទុក្ខបាន?”
ឧត្តមចាប់បេះដៃប្រពន្ធចេញ រួចនិយាយ “សុំទោស! ទុក្ខមួយនេះធ្ងន់ពេកហើយ ខ្ញុំមិនអាចរួមបានទេ។ ទោះបីគិតថាខ្ញុំអាត្មានិយមក៏ខ្ញុំព្រមទទួលដែរ តែខ្ញុំចាំបាច់ត្រូវតែរកអនាគតរបស់ខ្ញុំ” និយាយរួចគាត់ឈានជើងចេញទៅ។
“បើបងទៅ ខ្ញុំនឹងសម្លាប់ខ្លួន…”
សម្តីរបស់សមសួន ធ្វើបង្អាក់ដំណើររបស់ឧត្តម។ គាត់បែរមកមើលមុខភរិយា រួចវាចា “ធ្វើទៅចុះ បើគិតថាសក្តិសម” គាត់បន្តដំណើរទៅមុខទៀត។
“បង!…បង…”
ទោះបីជានាងប្រឹងហៅប្តីឱ្យត្រលប់យ៉ាងណាក៏មិនបានផលឡើយ ព្រោះឧត្តមបានសម្រេចចិត្តយ៉ាងច្បាស់ថាចាកចេញ។
គិតខ្លី!
គ្រប់យ៉ាងកន្លងលឿនត្រឹមតែមួយប៉ព្រិចភ្នែក តែការឈឺចាប់នៅតែបែរជាមិនរសាយសោះពីទ្រូងរបស់សមសួន។ បន្ទាប់ពីប្តីបានចេញទៅ ជីវិតនាងគឺតែងតោលដូចចកនៅកណ្តាលទន្លេដែលរកទិសដៅមិនឃើញ។ នាងលែងមានកម្លាំងក្នុងការធ្វើការ។ នាងលែងមានកម្លាំងក្នុងការគ្រប់គ្រងតំណាងលក់។ នាងលែងមានកម្លាំងសូម្បីតែដកដង្ហើម។ អ្នកផ្សេងដែលមិនបានដឹងពីស្ថានភាពរបស់នាង បានមកគោះទ្វារហៅរកនាងស្ទើតែរាល់ថ្ងៃ។ តែពួកគេមិនបានទទួលការឆ្លើយតបពីនាងឡើយ។
ស្ថានភាពខាងក្នុងជាអ្វីដែលពិបាកមើលបំផុត។ នារីដែលធ្លាប់តែឡូយឆាយ តែងខ្លួនស្អាតៗ បង្ហាញសម្រស់នៅពីមុខកាម៉េរ៉ា ធ្លាប់តែចេញទៅជួបជុំនៅកន្លែងផ្សេងៗ បែរជាមកសំងំនៅក្នុងទីងងឹតតែម្នាក់ឯងដូចជាមនុស្សវិកលចរិត។ ជួនកាលនាងសើច ជួនកាលនាងយំ ហើយក៏ចុចទូរស័ព្ទដើម្បីមើលរូបថតចាស់ៗដែលបានថតជាមួយប្តីក្មេង…
ក្រឺង!…
សំឡេងទូរស័ព្ទបន្លឺឡើងយ៉ាងឮៗរំពងបន្ទប់។ ស្រស់ស្រីចុចទទួលដោយគិតថាប្តី ព្រោះខួរក្បាលរបស់នាងពេលនេះ គ្មាននរណាក្រៅពីឧត្តមទៀតទេ។
“អាឡូបងឧត្តមមែនទេ? បង!…បងមកវិញមកណាបង…”
“សុំទោសផង! ខ្ញុំជាភ្នាក់ងារធនាគារ មិនមែនជាបងឧត្តមអ្វីនោះទេ។ ខ្ញុំសូមរំខានឱ្យអ្នកនាងជួយមកទូទាត់បំណុលនៅថ្ងៃនេះផងបានទេអ្នកនាង” សំឡេងចេញពីខ្សែម្ខាងទៀត។
អារម្មណ៍ដែលកំពុងតែនឹកប្តីត្រូវបានបាត់ត្រឹមតែមួយប៉ព្រិចភ្នែក ជំនួសដោយភាពតក់ស្លុតស្ទើមិនជឿនូវអ្វីដែលបានឮ។ តែដោយចង់ដឹងកាន់តែច្បាស់ នាងក៏និយាយតបទៅវិញ។
“សុំទោសផងបង! តើបងភ្នាក់ងារខាងធនាគារខាងណាដែរ? តែបើខ្ញុំចាំមិនភ្លេចទេ កាលពីមួយខែមុនខ្ញុំបានឱ្យលុយប្តីរបស់ខ្ញុំទៅទូទាត់សាច់ប្រាក់ជូនបងរួចទេតើបង”
“មិនទាន់ឃើញមានការទូទាត់អ្វីទេបង។ ហើយខាងខ្ញុំក៏មិនបានឃើញបងប្រុសមកដល់ធនាគារយើងខ្ញុំដែរ….”
តឺត!តឺត!…
ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្តាច់ដោយសារសមសួនចុចបិទ។ នាងទម្លាក់ទូរស័ព្ទចុះ រួចផ្អែកខ្នងនឹងជញ្ជាំង សម្រូតចុះមកដល់ការ៉ូ ជាមួយនឹងទឹកភ្នែកហូររហាម។ អាចាស់មិនទាន់ស្ងួត តែមានអាថ្មីស្រក់មកបន្តលើដានចាស់។ អ្វីៗគ្រប់យ៉ាងត្រូវរលាយយ៉ាងប្រាកដ។ ពេលនេះម៉ោងនេះ អ្វីដែលនាងចង់ឮ ចង់ឃើញនោះគឺសម្តីនិងវត្តមានម្តាយរបស់នាង។ តើនាងគួរតែខលទៅប្រឹក្សាជាមួយម្តាយឬក៏អត់? បើនាងធ្លាប់បានបោះពាក្យសម្តីថាមិនទៅជាន់ទៅនោះម្តងទៀត។ តែពាក្យថាម្តាយមិនដែលស្អប់កូន មិនផ្តល់ឱកាសឱ្យកូនដើម្បីកែខ្លួននោះទេ។
“អាឡូ! ខលមកមានការណ៍អី? ឯងចេះស្គាល់អញដែរ?”
តឺត!…
ម្តងនេះប្រព័ន្ធទូរស័ព្ទមិនបានដាច់ដោយសារតែសមសួននោះទេ តែដាច់ដោយសារយាយសំ។ សមសួនក្រោកយ៉ាងរហ័ស ទៅបើកទូរទឹកកកយកសុរាមកផឹក អកយកៗ ដូចជាទឹកអ៊ីចឹង។ ផឹកផង យំផង សើចផង…។
ម៉ោង១១យប់
ឡានមួយគ្រឿងបរយ៉ាងលឿនរេពេញផ្លូវឆ្ពោះទៅកាន់គោលដៅមួយដែលយើងមិនអាចស្មានដឹងថាទៅណាឱ្យពិតប្រាកដ ព្រោះម្ចាស់កំពុងតែស្រវឹងជោកជាំ។ មិនប៉ុន្មាននាទីក្រោយមក ឡានមួយនេះក៏បានឈប់។ សមសួនបើកកញ្ចក់ចេញពីឡានទាំងគ្មានជំហរខ្លួន។ ច្បាស់ណាស់! នាងកំពុងតែឈរនៅលើស្ពានជ្រោយចង្វារ ជាទីតាំងដែលគេតែងតែមកសម្លាប់ខ្លួននៅទីនេះ។ នាងឈរនៅក្បែរបង្កាន់ដៃស្ពាន សម្លឹងមើលទៅផ្ទៃទឹកដ៏ធំ ចាំងផ្លេកដោយពន្លឺដែលបំភ្លឺពីគេហដ្ឋាន។ គ្រប់គ្នាដែលធ្វើដំណើរឆ្លងកាត់ទីនេះ ងាកមើលនាងគ្រប់ៗគ្នា។ សមសួនបានស្រមៃដល់គ្រប់រឿងរ៉ាវទាំងអស់ ជាពិសេសសំឡេងនៃការស្តីបន្ទោស។ ទឹកចិត្តរបស់នាងបានបាក់ស្រុត សម្លឹងមើលទៅជុំវិញខ្លួនគ្មានឃើញអ្វីក្រៅពីទីស្ងប់សុខ ស្ងាត់ច្រៀបប្រៀបបីដូចជានាងកំពុងតែឈរនៅទីណាមួយដែលគ្មានមនុស្សរស់នៅអ៊ីចឹង។ ចុះមនុស្សដែលកំពុងតែធ្វើដំណើរអម្បាញ់មិញ តើពួកគេបាត់ទៅណាអស់?
ជំហាននាងចាប់ផ្តើមទៅមុខ រួចក៏ឡើងលើបង្កាន់ដៃស្ពាន…។
“នែ! ចែចង់ធ្វើអ្វីហ្នឹង? កុំអីធ្វើអ៊ីចឹងចែ ម៉ែនៅផ្ទះបារម្ភចង់ចួបមុខចែ។ មកចែ! ទៅផ្ទះជាមួយខ្ញុំ”
សមសួនញញឹមខ្ជិលដាក់ប្អូនស្រី។ នាងបានឃើញសមសាន្តកំពុងតែឈរនៅពីមុខនាង ហើយក៏និយាយអង្វរឱ្យនាងត្រឡប់ទៅវិញ។ ជើងម្ខាងដែលបានដាក់លើបង្កាន់ដៃស្ពាន ក៏ត្រូវទម្លាក់វិញ។
“សាន្ត!…”
បាត់!…
មិនមានវត្តមានសមសាន្តអ្វីនោះទេ។ រូបភាពអម្បាញ់មិញគ្រាន់តែជាការស្រមើស្រមៃផ្តេសផ្តាសតែប៉ុណ្ណោះ។ នាងភ្ញាក់ព្រើតចេញពីការស្រមៃបន្តិច រួចក៏បន្តឡើងលើបង្កាន់ដៃស្ពានម្តងទៀត។
“ឈប់! ប្អូនស្រីចង់ធ្វើអី? ចុះមកវិញមក ប្អូនមិនអាចធ្វើបែបហ្នឹងបានទេ” បុរសម្ចាស់សំឡេងស្ទុះមកទាញសមសួនចុះពីបង្កាន់ដៃ។ នាងបានដួលនៅលើចិញ្ចឹមផ្លូវក្បែរបង្កាន់ដៃស្ពាន តែមិនមានរបួសអ្វីច្រើននោះទេ។
“ហេតុអី? ហេតុអីបានជាខ្ញុំធ្វើបែបនេះមិនបាន?” សមសួនសួរបកទៅកាន់បុរសនោះវិញ។
“ព្រោះវាជាទង្វើមិនគប្បី។ ប្អូនមានបញ្ហា អ្នកដទៃក៏មានបញ្ហា។ ពេលខ្លះបញ្ហាប្អូនអាចនឹងតូចជាបញ្ហាអ្នកដទៃទៀតផង។ ប្អូនគិតមើល! ជនពិការ កុមារកំព្រា ពួកគេគ្មានទីពឹង តែគេព្យាយាមចង់រស់ ទោះបីជាការរស់មួយនេះប្រឈមជាមួយនឹងភាពវេទនាក៏ដោយ”
“ពូមិនមែនជាខ្ញុំ ពូមិនដឹងទេ ថាខ្ញុំពិបាកប៉ុនណា ចូបប្រទះនូវបញ្ហាពិបាកប៉ុណ្ណា។ បើពូជាខ្ញុំ ពូក៏សម្រេចចិត្តធ្វើដូចជាខ្ញុំដែរ…ហ៊ឺ…”
“ដំណោះស្រាយតែងតែមានជានិច្ច រឹងមាំឡើងប្អូន! ប្រិយមិត្តជាទីមេត្រី! ឥឡូវនេះមានករណីនារីម្នាក់កំពុងតែប៉ុនប៉ងសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ មិនដឹងថាគាត់មានវិត្តអ្វីនោះទេ។ អម្បាញ់មិញនេះ ខ្ញុំព្យាយាមនិយាយជាមួយនឹងនាងដែរ តែមើលទៅសភាពរបស់នាងគឺពិបាកណាស់។ សូមក្រុមសមត្ថកិច្ចជួយមកអន្តរាគមន៍ផង” ការពិតគាត់ជាអ្នកសារព័ត៌មានដ៏ល្បីម្នាក់សោះ។ គាត់កំពុងតែឡាយផ្ទាល់ពីសភាពការណ៍ទាំងស្រុងរបស់សមសួន។
“បើពូមិនបញ្ឈប់ការឡាយផ្ទាល់ទេ ខ្ញុំនឹងលោតទឹកឥឡូវនេះហើយ” សមសួននិយាយយ៉ាងមាំទៅកាន់អ្នកសារព័ត៌មាន។
“ឥឡូវនេះ នាងមិនត្រឹមតែមិនស្ងប់ចិត្តនោះទេ ថែមទាំងគំរាមខ្ញុំថាឱ្យបញ្ឈប់ឡាយទៀតផង។ សូមបងប្អូនដែលកំពុងតែទស្សនាការឡាយនេះជួយស៊ែរឱ្យបានច្រើនផង” អ្នកសារព័ត៌មានមិនត្រឹមតែមិនខ្វល់ពីសម្តីរបស់សមសួននោះទេ គឺថែមទាំងនិយាយថានាងគំរាមទៀតផង។
ស្រ្តីដែលកំពុងតែមានទុក្ខខ្លាំងហាក់ហួសចិត្តចំពោះសកម្មភាពរបស់អ្នកសារព័ត៌មានម្នាក់នេះ។ គ្រប់យ៉ាងដើម្បីឱ្យមានអ្នកគាំទ្រ ដើម្បីតែមានអ្នកឧបត្ថម្ភតែប៉ុណ្ណោះ។ នាងយល់គ្រប់យ៉ាងពីសង្គមមួយនេះ។ សម្តែង យកមុខនិងភាពចង់មានបានហួសហេតុ…។ នាងសម្រេចចិត្តយ៉ាងច្បាស់ថានឹងលោតចូលទឹកនៅពេលឥឡូវនេះ។
“កុំ!…”
សមសួនមិនបានធ្លាក់ដល់ទឹកនោះទេ ព្រោះមានបុរសម្នាក់បានមកចាប់ដៃនាងជាប់។ ហើយម្នាក់នោះគឺ ឧត្តម។ អ្នកដែលនៅមើលហេតុការណ៍នេះស្ទុះមកជួយនាងគ្រប់ៗគ្នា។ ឧត្តមលើកបីនាងយ៉ាងណែន ដូចជាកំពុងតែប្រាប់ទៅនាងពីអារម្មណ៍ដែលមិនទាន់អស់ចំណងនៅឡើយ។
“បងវិលមករកខ្ញុំវិញហើយមែនទេ?” នេះជាសំណួរដំបូងដែលសមសួននិយាយទៅកាន់ប្តី ដោយមិនខ្វល់ពីនរណាកំពុងតែសម្លឹងមើលមកនាងនោះទេ។
ឧត្តមទម្លាក់ភរិយាចុះ រួចញញឹមស្រាល។ “បាទ! ខ្ញុំមករកអូន តែមិនបានរស់នៅជាមួយអូនវិញទេ។ តែបងមកនេះគ្រាន់តែចង់ប្រាប់ថា គ្មាននរណាទ្រាំរស់នៅជាមួយមនុស្សស្រីដែលទន់ជ្រាយ ជ្រើសរើសការបញ្ចប់ជីវិតដោយការសម្លាប់ខ្លួននោះទេ។ រឹងមាំឡើង! សាងខ្លួនជាថ្មី មិនខ្វះទេបុរសដែលល្អៗនៅក្នុងលោកនេះ…”
ផាច់!
សមសួនទះឧត្តមមួយកំផ្លៀងយ៉ាងចាស់ដៃ។ នាងឆ្អែតចិត្តដែលប្តីមកនិយាយឌឺបន្ថែមបែបនេះ។ ទឹកភ្នែករបស់នាងក៏រមៀលស្រក់ចុះមកបន្ត “ បើមកដើម្បីតែជាន់ថែម សូមកុំមកល្អជាង ហើយលើកក្រោយមិនបាច់ជួយខ្ញុំទេ ទោះខ្ញុំស្លាប់ឬរស់ក៏មិនចង់ឱ្យមនុស្សក្បត់ដូចជាលោកមកសង្រ្គោះខ្ញុំដែរ”
ឧត្តមញញឹមទាំងមិនសម តែគាត់ប្រឹងបញ្ចេញនូវភាពរឹងមាំមកកាន់ប្រពន្ធ។
“អូខេ! ចាប់ពីថ្ងៃនេះទៅ យើងទាំងពីរនឹងលែងចួបមុខគ្នាទៀតក៏បាន” និយាយរួចឧត្តមដើរចេញទៅបាត់។
សមសួនយកខ្នងដៃជូតទឹកភ្នែកយ៉ាងរហ័ស រួចនិយាយទៅកាន់ប្តីពីក្រោយ “នេះឬប្តីក្មេង? ដូចគេនិយាយមែន។ បានប្តីក្មេងគ្មានប្រយោជន៍ទេ បានតែស្អាតសង្ហាតែប៉ុណ្ណោះ តែការគិតមិនបានប្រហែលក្មេងថ្នាក់បឋមផង”
ឧត្តមបញ្ឈប់ដំណើរ ងាយមករកប្រពន្ធរួចញញឹមបន្តិច មុននិងនិយាយតប “បើដឹងថាគ្មានប្រយោជន៍ហេតុអីក៏យកខ្ញុំធ្វើជាប្តីធ្វើអី…ហាសហា…” គាត់សើចស្របពេលជំហានគាត់ទៅមុខ។
ចំណែកស្រីស្រស់វិញបន្ទាប់ពីបានឃើញកាយវិការប្តីបែបនេះ នាងកាន់តែឈឺចាប់លើសដើម។ នាងក្រោកដើរសំដៅទៅកាន់ឡាន រួចបើកចេញទៅ ដោយមិនខ្វល់ពីអ្នកកាសែតដែលកំពុងតែថតនាងនោះឡើយ។ តើនាងធ្វើយ៉ាងណាបន្តទៀត?
សមសួនជិះឡានបណ្តើរយំបណ្តើរ។ កន្លែងដែលនាងទៅនោះគឺតៀមស្រា។ នាងផឹកដើម្បីរម្ងាប់ចិត្តនឹកក៏ប៉ុន្តែមិនទាន់ទាំងដល់ផង ស្រាប់តែសំឡេងមួយបានបន្លឺឡើងធ្វើឱ្យនាងបង្ខំចិត្តជាន់ហ្វ្រាំងមួយទំហឹង។
“ម៉ែឪរស់នៅប្រឹងព្រោះកូន…”
ទំនួញប្រេត! ជាបទដែលសមសួនស្តាប់ឮហើយរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក។ នាងបានស្រមៃដល់អនុស្សាវរីយ៍កាលដែលនាងនៅជាមួយម្តាយ។ នាងស្រមៃដល់ស្នាមញញឹម ពាក្យទូន្មានប្រដៅ…ហើយនឹកឃើញដល់កាលដែលនាងប្រើពាក្យសម្តីអសុរោះមុនពេលដែលនាងរត់មកនៅភ្នំពេញ។ កាន់តែស្រមៃនាងកាន់តែធ្លាក់ទឹកចិត្ត កាន់តែស្តាយក្រោយនូវទង្វើដែលនាងបានធ្វើកន្លងមក។
ស្រ្តីដែលទើបតែប្តីរត់ចោលថ្មីៗសម្រេចចិត្តថានឹងធ្វើរឿងមួយសម្រាប់ខ្លួនឯង ហើយក៏សម្រាប់គ្រួសារ នោះគឺត្រលប់ទៅផ្ទះដើម្បីសុំទោសម្តាយនឹងនៅបម្រើម្តាយរហូតដល់ចាស់។ នាងគិតថា ជីវិតគ្រួសារគ្មានន័យទៀតទេសម្រាប់នាង។ ក៏ប៉ុន្តែអ្វីដែលស្រស់ស្រីកំពុងតែពិបាកចិត្តនោះគឺ តើម្តាយរបស់នាងព្រមលើកលែងទោសឱ្យនាងដែរឬទេ?
ព្រះអាទិត្យកំពុងតែកំសួលកម្តៅពេញដែនពសុធា ឥតមានពពកណាមកបិទបាំងឡើយ។ ស្ត្រីម្នាក់ដែលយើងស្គាល់ថាឈ្មោះសមសួនកំពុងតែដើរចូលមកផ្ទះជាមួយនឹងកាយវិការអឹមអៀន ហាក់បីដូចជាខ្លាចៗ។ នាងដើរយឺតៗកែវភ្នែកទាំងគូរេសម្តៅទៅក្រោមផ្ទះ មិនឃើញមាននរណានៅសូម្បីតែម្នាក់។ បន្ទាប់ពីទម្លាក់កាបូបស្ពាយចុះ សមសួនដើររកម្តាយនិងប្អូនស្រី ក្រែងល៎មានអ្នកនៅ។ ទាំងលើផ្ទះ ទាំងក្រោយផ្ទះគឺគ្មាននរណានៅសូម្បីតែម្នាក់។ តើពួកគេទៅណាអស់ន៎? តែ…ភ្លើងដូចជានៅរងើកនៅឡើយទេ។ ប្រហែលជាម៉ែទៅផ្ទះមីងណនហើយមើលទៅ(សមសួននិយាយតិចៗតែម្នាក់ឯង)។
“អើខ្សួន! រកម៉ែឯងឬ? គាត់ទៅពេទ្យអម្បាញ់មិញហើយ” មីងណនបន្លឺឡើង។
សមសួនងាកមើលទៅម្ចាស់សំឡេង រួចនិយាយតប “តើគាត់ទៅរកអីមីង? គាត់ត្រូអ្វីមែនទេ?”
“គាត់អត់ត្រូវអីទេ តែសមសាន្តឈឺពោះសម្រាលកូន”
បន្ទាប់ពីទទួលបានដំណឹងហើយ នាងធ្វើដំណើរទៅមន្ទីរពេទ្យយ៉ាងប្រញាប់។ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ នាងក៏ទៅដល់មន្ទីរពេទ្យ។ សមសួនដើររកម្តាយនិងប្អូនស្រីទម្រាំតែឃើញ តែនាងបែរជាមានអារម្មណ៍រន្ធត់រហូតដល់ស្រក់ទឹកភ្នែកពេលបានឃើញរូបភាពនៅចំពោះមុខ។
នាងបានឃើញពីសកម្មភាពផ្សេងៗដែលមីងសមកំពុងតែជួយប្អូនស្រីនៅពេលដែលនាងកំពុងតែឈឺពោះតែមិនកើត។ កាយវិការទឹកមុខរបស់ម្តាយគឺកម្សួលអារម្មណ៍ស្រស់ស្រីខ្លាំងមែនទែន។ នាងមិនទាន់ចូលនោះទេ រង់ចាំមើលសកម្មភាពបន្តទៀតសិន។
“ម៉ែជួយខ្ញុំផង! ខ្ញុំឈឺខ្លាំងណាស់ម៉ែអើយ!…អូយ!…”
“ទ្រាំបន្តិចសិនទៅកូន បន្តិចទៀតកើតហើយ។ ឯងត្រូវដកដង្ហើមចេញចូលឱ្យបានវែងៗ…”
“ឃ្លានទឹកណាស់ម៉ែ!”
មីងសមដើរទៅយកទឹកឱ្យកូនដែលនៅឆ្ងាយបន្តិចទាំងដែលជើងរបស់គាត់ឈានមិនចង់រួច។ ការពិតគាត់មានជំងឺសន្លាក់ក្បាលជង្គង់យូរហើយ។ ធម្មតា គាត់មិនសូវដើរច្រើនយ៉ាងនេះនោះទេ តែពេលនេះប្រសិនបើគាត់មិនធ្វើ តើឱ្យនរណាជួយ បើ…?
សមសួនមិនអាចទ្រាំមើលសកម្មភាពបែបនេះយូរពេកទេ។ នាងបានសាងកំហុសដ៏ធំម្តងហើយ។ ដូច្នេះ នាងត្រូវតែប៉ះប៉ូវ។ តែអ្វីដែលនាងចង់ដឹងមុនគេនោះគឺ តើប្តីរបស់សមសាន្តបាត់ទៅណា? ម៉េចបានជាប្រពន្ធឈឺពោះសម្រាលកូនបែរជាមិនមកបែបនេះ។
“ម៉ែ!”នាងហៅម្តាយជាមួយនឹងជំហានបោះឆ្ពោះទៅរកគាត់។
មីងសមងាកមើលរួចបែរទៅវិញ។ គាត់បានឃើញកូន តែគាត់ប្រឹងទប់អារម្មណ៍។ គាត់មិនចង់និយាយរកសមសួននោះទេ។ មូលហេតុតែម្យ៉ាងគត់គឺឆ្អែតចិត្ត។ តែ…តើគាត់អាចទប់ចិត្តមិននិយាយរកកូនបានយូរដែរឬទេ?
សមសួនយល់គ្រប់យ៉ាងអំពីទឹកចិត្តរបស់ម្តាយ។ ស្រស់ស្រីស្ទុះទៅគ្រាហ៍ប្អូន តែនាងនៅតែមិនភ្លេចនូវសំណួរដែលបានគ្រោងទុកដើម្បីសួរនោះទេ។
“ប្តីឯងទៅណា? ម៉េចបានជាមិនឃើញមកនៅអ៊ីចឹង?”
សមសាន្តងាកមើលមុខបងទាំងដែលបបូរមាត់ស្លេកស្លាំងអស់ដោយសារតែឈឺពោះ។ នាងគ្រវីក្បាលជំនួសពាក្យសម្តី។ សមសួននៅតែឆ្ងល់ដដែល។ នាងព្យាយាមជជីកសួរប្អូនម្តងហើយម្តងទៀត តែមិនបានចម្លើយដដែល។នាងគិតថាសំណួរមួយនេះទុកចោលសិនក៏បានដែរ។ ឥឡូវនេះអ្វីដែលនាងត្រូវធ្វើនោះគឺជួយប្អូនស្រីជាមុនសិន។
មិនយូរប៉ុន្មាន សមសាន្តត្រូវបានគ្រូពេទ្យនាំចូលក្នុងបន្ទប់សម្រាល។ តែគេហាមមិនឱ្យសមសួននិងយាយសមចូលទៅនោះទេ។ នេះជាឱកាសល្អសម្រាប់នាងហើយដែលសុំខមាលទោសម្តាយចំបោះរឿងដែលបានសាងកន្លងមក។ នាងសសៀរចូលទៅជិត តែម្តាយកាន់តែព្យាយាមទៅឆ្ងាយ។
“ម៉ែ! ឱ្យខ្ញុំសុំទោសផងណាម៉ែ” នាងលើកដៃសំពះ។
យាយសមបែរមុខចេញ រួចឈានជើងបម្រុងនឹងឈានជើងដើរចេញទៅហើយ ស្រាប់តែសមសួនបន្លឺឡើងផ្អាកជំហានមុន។
“ម៉ែចង់ឱ្យខ្ញុំធ្វើអ្វីដើម្បីលុបលាងកំហុស ខ្ញុំក៏ព្រមទាំងអស់។ សូមតែម៉ែនិយាយរកខ្ញុំវិញមក។ ខ្ញុំដឹងច្បាស់ថាខ្ញុំខុស! ខុសដែលទុកម៉ែចោល ជ្រើសយកប្តីជាសាច់ក្រៅសំខាន់ជាង…ហ៊ឺ…ម៉ែ!ខ្ញុំមិនអាចរស់នៅដោយគ្មានម៉ែបានទេ…”នាងអង្គុយលុតជង្គង់បណ្តើរនិយាយបណ្តើរ។
យាយសមនៅមិនទាន់ងាកមុខមករកកូននៅឡើយទេ តែទឹកនេត្រារបស់គាត់ហូរស្រោចស្រពផែនថ្ពាល់ដែលមានសភាពជ្រីវជ្រួញពេញអស់ទៅហើយ។ តាមពិតក្នុងចិត្តគាត់ចង់និយាយតបកូនវិញណាស់ ក៏ប៉ុន្តែបំពង់កអួលណែនអស់ទៅហើយ បើចង់និយាយគឺពិបាក។
សមសួនស្ទុះទៅឱបជើងម្តាយជាប់ រួចនិយាយបន្ត “ចាប់ពីថ្ងៃនេះទៅ ខ្ញុំសូមសន្យាថាមិនទៅណាចោលម៉ែនិងប្អូនស្រីទៀតទេ។ ខ្ញុំនឹងនៅមើលថែម៉ែឱ្យបានល្អ ឱ្យសក្តិសមឈ្មោះជាកូនដែលត្រូវមានតួនាទីបម្រើម្តាយ…”
“មិនបាច់បម្រើអញទេ! សុំតែកុំឱ្យអញពិបាកចិត្តទៅបានហើយ” យាយសមវាចាឡើងកាត់សម្តីកូន។
“ខ្ញុំដឹងថាម៉ែនៅខឹងខ្ញុំនៅឡើយ។ កំហុសរបស់ខ្ញុំមិនអាចគ្រាន់តែនិយាយថាសុំទោសហើយរួចនោះទេ តែខ្ញុំនឹងបង្ហាញជាទង្វើជំនួសវិញ។ ម៉ែណា៎!…ផ្តល់ឱកាសឱ្យខ្ញុំបានកែខ្លួនម្តងមកម៉ែ!”
យាយសមមិនអាចទប់អារម្មណ៍បានក៏បែរមករកកូនស្រី។ គាត់មិននិយាយអ្វីទាំងអស់។ គាត់ចាប់ស្មាសមសួនឱ្យក្រោកឡើង រួចឱបគ្នាយ៉ាងណែនដូចជាមនុស្សដែលបែកគ្នាជាយូរឆ្នាំណាស់អ៊ីចឹង។ សមសួនយល់ច្បាស់ពីអារម្មណ៍របស់ម្តាយ ហើយនាងក៏ក្តុកក្តួលដូចគ្នាផងដែរ។
“កូនចាំណ៎ា! គ្មានទីណាដែលល្អចំពោះកូនដូចផ្ទះដែលយើងធ្លាប់រស់នៅនោះទេ ហើយក៏គ្មានក្តីស្រឡាញ់ណាដែលធំធេងដូចក្តីស្រឡាញ់របស់ឪពុកម្តាយនោះទេ!…”
“សូមចូលរួមត្រេកអរផង! កូនស្រីរបស់មីងសម្រាលបានកូនស្រីដោយសុវត្ថិភាពហើយ” សំឡេងគ្រូពេទ្យម្នាក់ដែលទើបតែដើរចេញពីបន្ទប់សម្រាលបន្លឺឡើង។
មីងសមនិងសុខសាន្តមើលមុខគ្នាជាមួយស្នាមញញឹម រួចដើរចូលទៅមើលមុខសមាជិកថ្មី៕
ចប់