ទីបំផុតដោយសារចម្ងាយផ្លូវដ៏យូរ ដូច្នេះហើយនាងក៏លាន់មាត់សួរ៖
«ពូ ពូមកទាន់បានឃើញម្តាយរបស់ចៅហ្វាយមកដល់កន្លែងនេះទេ?»
«បាទ! គាត់បានខលមកខ្ញុំមុនពេលមក ហើយខ្ញុំជម្រាបគាត់ថា ចៅហ្វាយមិននៅ បានជាគាត់មក!»
លីនជ្រួញចិញ្ចើមមិនហ៊ានសួរប៉ុន្តែនាងគិត។ ហេតុអីបានជាចាំដល់កូនប្រុសបណ្ដូលចិត្តមិននៅ ទើបមក? ស្ត្រីខ្ពង់ខ្ពស់ម្នាក់នេះ មានបំណងនៅក្នុងការយកប្រអប់ថ្នាំមកឱ្យនាងជាសម្ងាត់?
ដៃតូចសង្កត់លើប្រអប់ថ្នាំឋិតនៅក្នុងកាបូបដែលកំពុងឱប។
ជុំវិញនេះមានបញ្ហាស្មុគស្មាញច្រើនណាស់ដែលធ្វើឱ្យនាងផ្អើលៗភ័យៗ ទោះជានាងមិនចង់គិតច្រើនស្រាប់តែតៃកុងឡានប្រាប់មកបន្ថែមថា៖
«ម្តាយនិងកូនខាននិយាយគ្នា ច្រើនខែហើយ!»
ព័ត៌មាននេះធ្វើឱ្យនាងងាកមកវិញសម្លឹងភ្នែកគាត់តាមកញ្ចក់។
គាត់ឃើញលេខាចាប់អារម្មណ៍ក៏ប្រាប់បន្ថែមតិចៗ៖
«ថ្មីៗនេះ ចៅហ្វាយទើបតែជូនម្តាយទៅសាំងហ្គាពួរ! លោកជំទាវធ្វើពុតជាមិនស្រួលខ្លួនចង់ទៅមើលសុខភាព ប៉ុន្តែរឿងពិតគឺលោកតាមដានជំងឺឱ្យកូនប្រុសដែលមិនឱ្យលោកខាន់ដឹងខ្លួន!»
លីនលបគិត។ មិនដឹងថា តើបុរសអ្នកបើកបរម្នាក់នេះ ជំនិតនឹងគ្រួសារគូខាន់កម្រិតណាទៅ ដល់ថ្នាក់ដឹងរឿងរវាងម្តាយនឹងកូនគេច្បាស់?
«លោកប្រុសត្រូវការលេបថ្នាំជាចាំបាច់!»
ទៀត! សូម្បីតែរឿងថ្នាំហ្នឹងក៏គាត់ដឹង។ នាងនឹកឃើញដល់សម្តីរបស់ប្រុសស្អាតដែលឆ្លើយប្រាប់នាងតាមទូរសព្ទខ្លីៗមុននេះថា«កុំខ្លាច»។ អ្វីមួយនាំឱ្យនាងកាត់កេរ្តិ៍ខ្មាសសួរគាត់ទៀត៖
«ពូ! ខ្ញុំសួរមួយ! លេខារបស់CEOមុនៗសុទ្ធតែមកគេងផ្ទះនេះមែនទេ?»
គាត់ញញឹម៖
«ផ្ទះនេះមិនដែលមានអ្នកណាគេងបាននោះទេ!»
លីនថយមកអង្គុយត្រង់ខ្លួនវិញ។ នឹកឃើញភ្លាមដល់សម្ដីនៅខាងក្នុងនៃម្តាយគេ អំពីសន្លឹកក្រដាសបិទលើទូទឹកកក«កូនប្រុសខ្ញុំ មិនដែលធ្វើអាហារពេលព្រឹកឱ្យអ្នកណាទេ!»
លីនរេភ្នែកធ្វើជាសម្លឹងទិដ្ឋភាពខាងក្រៅ តែចិត្តមួយលបសង្ស័យថា អ្នកបើកឡាននេះប្រាកដជាអ្នកស៊ើបការណ៍របស់ម្តាយគេ និងប្រាប់គ្រប់យ៉ាងទៅកាន់ម្តាយគេ….សូម្បីតែរឿងយើងបាត់ខ្លួននៅក្នុងផ្ទះនេះជាមួយគេកាលពីព្រឹក បានជាម្តាយគេមកដល់ជាមួយប្រអប់ថ្នាំ។
ហ៊ឹម….មិនដឹងល្ខោនជីវិតអ្វីទៀតទេដែលលីននឹងត្រូវប្រឈមមុខ។
រថយន្តឈប់ង៉ក់នៅពីមុខស្លេវេនីគ្រុបដ៏ធំសម្បើម។ បេះដូងរបស់លេខាតូច ស្រាប់តែកម្រើកញាប់ញ័រនឹកដល់ម្រាមដៃម្ចាស់ប្រុសកាលពីព្រឹកមិញ។ គេបានត្រកងថែស្ងួនហូតដល់លេខាចាញ់សង្គ្រាមស្នេហ៍ ដេកស្ងៀមគ្មានដឹងញាណ ភ្លេចទាំងម៉ោងធ្វើការ ភ្លេចអ្វីទាំងអស់។
«ល្ងាច ខ្ញុំទទួលក្មួយលេខានៅកន្លែងនេះដដែល!»
លីនភ្ញាក់។ មួយរំពេចនោះនឹកគិតដល់សម្ដីរបស់គេតាមទូរសព្ទដែលនិយាយថាយប់នេះ គេនឹងជួបជាមួយនាង។
ទើសទាល់ចិត្តពេកហើយ លីនចង់សួរនាំគាត់ថា ហេតុអីត្រូវមកទទួលនាងធ្វើអី? នាងអាចវិលទៅផ្ទះដោយខ្លួនឯងបាន ប៉ុន្តែណ្ហើយ….គ្នាគេតែមួយ ទោះបីនិយាយអ្វីក៏អត់ប្រយោជន៍។
ថាអរគុណហើយ តូចចុះដើរកាត់ទ្វារ។ នាងប្រាប់សន្តិសុខ៖
«ខ្ញុំមកធ្វើការថ្ងៃដំបូង»
ពួកគេតបដោតឱនលំទោនវិញថា៖
«ផ្នែកHR បានប្រាប់មកហើយអ្នកនាងលេខា!»
មានអារម្មណ៍ថាពាក្យ«លេខា»ស្តាប់ទៅចង់អួល។ គ្រប់គ្នាដូចជាដឹងពីរឿងដ៏អាម៉ាស់របស់លីនជាមួយម្ចាស់ប្រុសគេ?
នាងយល់ថា ពេលនេះ លេខានៅទីនេះ ក្លាយជាតួនាទីដ៏អាម៉ាស់មួយដែលមនុស្សគ្រប់គ្នានឹងគិតឃើញ។ តំណែងលីននិងស្រីៗមុនៗ បានត្រឹមជាកញ្ជះតណ្ហារបស់គូខាន់តែប៉ុណ្ណោះ។
នាងចុចជណ្ដើរយន្ត រួចលីនឡើងមកជាន់ដដែលកាលដែលនាងចូលសម្ភាសន៍យ៉ាងខឹងសម្បាកាលប៉ុន្មានថ្ងៃមុន។ ប៉ុន្តែថ្ងៃនេះលីនមកក្នុងនាមជាបុគ្គលិក មិនមែនជាបេក្ខនារីដែលត្រូវបងថ្លៃបង្ខំឱ្យមកទៀតនោះទេ។
មានមនុស្សម្នាក់ឈររង់ចាំនាងជាស្រេចនៅមាត់ជណ្ដើរគឺកាលឃើញមុខជននេះ លីនមួម៉ៅក្នុងចិត្តខ្លាំង។ ទោះយ៉ាងណានាងខំប្រឹងធ្វើមុខស្មើធម្មតា។
«ខ្ញុំជូនលេខាទៅកាន់បន្ទប់!»
លីនតមសម្តី មិនមាត់មិននិយាយជាមួយបុរសនេះទេ។ ត្រឹមឱនក្បាលបញ្ជាក់ថា OK គ្រប់យ៉ាង មនុស្សនេះមានភាពទាក់ទងយ៉ាងសំខាន់រវាងរឿងគំរាមនាងនិងប្អូនស្រីរបស់នាង។ Darkនេះ ជាមនុស្សគ្មានបេះដូង ដូច្នេះនាងមិនត្រូវចាត់ទុកគេជាមនុស្សគ្រប់ន័យ និងតបជាមួយគេ ដូចជាមនុស្សធម្មតានោះឡើយ។
អង្គរក្សជំនិតប្រហែលជាដឹងដែរហើយ បានជាគេដើរនាំមុខទៅ ធ្វើឱ្យលេខាថ្មីដើរតាមពីក្រោយ។ បន្ទប់របស់លេខាតូចនៅកាច់ជ្រុង។ វាត្រូវបានបើកសោជាស្រេចស្វាគមន៍នាង។
ក្រោយមកកូនសោ Dark បានហុចប្រគល់មកឱ្យនាង។
«នេះបាទ! តទៅជាកន្លែងរបស់លេខាហើយ!»
ស្រីតូច ដាក់សម្ភារៈចុះលើតុ។
«ហើយ….លេខាអាចដើរទៅពិនិត្យ ការិយាល័យរបស់មេនៅខាងមុខបាន!»
គេចង្អុលទៅបន្ទប់មួយនៅចំពីមុខ មិនឃ្លាតគ្នាបីម៉ែត្រផងទេ។ តឹងទ្រូងហើយ! ព្រោះថា ជាទូទៅចេញនិងចូល គេនឹងឃើញនាងគ្រប់ពេលព្រោះជញ្ជាំងបន្ទប់លេខាមានតែកញ្ចក់ថ្លាឆ្វង់ គ្មានសូម្បីវាំងនន។
«ធម្មតាលេខាត្រូវចូលទៅក្បែរៗគាត់ ក្រែងគាត់ត្រូវការអ្វី!»
«ចាស៎!….»
គេនៅមិនទាន់ចេញទៅ តែនាងដូចបង្ហាញអាការៈធុញឱ្យឃើញតែម្តងដោយក្រឡេកមើល Darkនឹងកន្ទុយភ្នែកហើយនិយាយបន្ថែម៖
«អរគុណ!»
គេដឹងខ្លួនក៏បែរចាកចេញ។
លីនមិនបានអង្គុយទេ នាងឈរផ្អែកនឹងតុសម្លឹងពិតានដកដង្ហើមវែងៗ។ មិនបានប៉ុន្មានទេ ស្រីស្អាតត្រូវតែទាញរៀបចំសំពត់អាវស្រួលបួលរួចដើរទៅ។
ស្រីរុញទ្វារចូលទៅវឹប….ចំពេលមនុស្សបួននាក់ កំពុងតែចូលជំនុំគ្នាដោយដៃកាន់ពែងកាហ្វេហើយងាកមកដោយភ្ញាក់ផ្អើល។
លីនធ្វើមុខរន្ធត់និងអៀនខ្មាស។ ព្រោះមុននេះ គេប្រាប់ថាគេកំពុងជាប់ប្រជុំនេះ លីនគិតថា គេនៅក្នុងបន្ទប់ប្រជុំមិនមែននៅទីនេះទេ បានជាឆ្មក់ចូលមកប្រុងរៀបរយតុកៅអីឱ្យគេ។
ឥឡូវនេះមនុស្សទាំងបួននោះមានប្រុសបីស្រីម្នាក់ សម្លឹងមកនាងដោយមិនពេញចិត្ត។
មនុស្សស្រីធម្មតាលេចធ្លោជាងគេ។ លីនសម្លឹងទៅនាងនោះជានារីស្លៀកពាក់បៃតងចាស់ ខើចខ្លីជាឈុតការិយាល័យដ៏ទំនើបនិងមានតម្លៃ។ ស្បែកជើងពណ៌ខៀវស្លឹកឈើថែមទាំងមានការតុបតែងសក់យ៉ាងស៊ីវិល័យដូចជាពួកអ្នកបង្ហាញម៉ូត។
ស្រីអាម៉ាស់ផងឱនលំទោនសុំទោសពួកគេដោយលបសម្លឹងគូខាន់។ គេនេះផ្លាស់ទឹកមុខបន្តិចដែរនៅពេលឃើញនាង ប៉ុន្តែគេគ្មានប្រតិកម្មធំដុំទេ។
មុខគេនៅតែស្មើសម្លឹងមកដូចកាលគេបង្ហាញខ្លួនពីក្រោយខ្នងស្រីនៅបន្ទប់បាយព្រឹកព្រលឹមមិញ ។
ទោះបីជាបីនាក់ទៀតហាក់ភ្ញាក់សម្លឹងលីន ឃើញប្រញាប់ឱនលំទោនសុំទោស
«នាងខ្ញុំ….យល់ច្រឡំថា!» មិនចាំបាច់ស្រីបញ្ចប់ប្រយោគឡើយ ប្រុសស្អាតដែលទើបតែលត់នាងរាបដូចភួយ ពេលនេះចាប់ផ្ដើមបក់ដៃហៅចូលជិត។
«មកត្រូវហើយលេខា! កំពុងចង់មានការចង់ឱ្យធ្វើ! ហើយ…អូ៎ បាទ លីនកុលាបលេខារបស់ខ្ញុំ!»
«អត់អីទេ ប្រជុំយើងក៏ចប់ហើយដែរ!» ប្រុសម្នាក់ដែលនៅចំហមាត់លបសម្លឹងសម្រស់នាងទាំងញញឹមពេលនេះនិយាយបន្តពីគូខាន់។ គ្មាននរណាម្នាក់ចង់យកទោសនាងទេ លើកលែងតែ….មនុស្សស្រីម្នាក់នោះសម្លឹងមកលីនដោយដៀងកន្ទុយភ្នែក ហើយងើបឈរមកបង្ហាញរាងសែនខ្ពស់ស្រឡះមិនចាញ់ពួកម៉ូដែល។ ពួកគេចាប់រលាក់ដៃជាមួយCEOម្ចាស់បន្ទប់ រួចចាកចេញ។
«បងលាគូខាន់សិន! មិនយូរទេ ខាងបងនឹងផ្ញើគម្រោងការទាំងមូលមក!»
«បាទ! រីករាយជានិច្ចអ្នកបង Flora!» ពួកគេរលាក់ដៃគ្នាយូរណាស់ នាងគ្មានពេលនៅកំដរទេ។ លីនដើរមកក្បែរតុដើម្បីរៀបចំប្រមូលបណ្ដាពែងកាហ្វេ ស្រាប់តែនារីឆើតឆាយដដែលនោះ ដើរកាត់នាងហើយនិយាយតិចៗឡកលើយ។
«ថ្ងៃក្រោយ…ចេះគោះទ្វារបន្ទប់ផង!»
ដៃលីនទើរនៅលើពែងកាហ្វេស្របពេលដែលងើបមុខសម្លឹងទៅគូសន្ទនា។ នារីអភិជននោះដើរហួសទៅដូចជាមិនខ្ចីទាំងសម្លឹងមុខលីន ចំណែកប្រុសៗទាំងពីរនាក់ ទំនងជាកូនចៅរបស់គេក៏ដើរអមទៅដែរ។
ពួកគេមិនបានបិទទ្វារទេ ដូច្នេះលីនក៏បន្តការងារនាង ចំណែកCEOដើរទៅបិទទ្វារ។
គ្រឹប!
លីនក្រោកឈរមកត្រង់ខ្លួនទាំងអារម្មណ៍មិនសប្បាយចិត្ត គឺរង់ចាំទទួលការស្តីបន្ទោស។ តាំងពីព្រលឹមមកទល់ពេលនេះ បានផ្តើមការងារថ្ងៃដំបូងបែរជាធ្វើអ្វីក៏មិនល្អ។
ស្រីបែរក្រោយយឺតៗមករង់ចាំទទួលទឹកមុខប្រុសស្អាត តែគេដើរមកស្មើៗជាមួយឯកសណ្ឋានការិយាល័យដ៏ប្រណីតនិងទឹកមុខស្រឹមផ្តោតសម្លឹងវង់ភក្ត្រស្រពោនរបស់លេខា។
«ខ្ញុំ…សុំទោស មុននេះខ្ញុំគិតថា…..!»
«បកស្រាយធ្វើអី?!»
គេនិយាយស្រាលៗហើយដើរមកឈរពីមុខនាងឃ្លាតគ្នាមិនដល់ពីរចំអាម។ ស្រីសម្លឹងមុខគេខ្លះ ឈ្ងោកវិញខ្លះ។
«ម្នាក់មិញរាងកាចបន្តិច CEOរបស់អូនមិនកាចទេ!»
គេហៅលីនថាអូន ថែមទាំងបោះដៃមកឱ្យលីនផង ទាំងដែលនាងគ្មានដៃទំនេរទាំងសងខាង។ មានតែភ្នែកទាំងគូសម្លឹងគូខាន់ទាំងមិនដឹងខ្លួនឯងថា ហេតុអ្វីសម្លឹងគេនោះសម្លឹង? នាងចង់ដឹងថា គេចង់បានអ្វីឬនាងចង់ដឹងចិត្តគេ ជម្រៅចរិតពិតរបស់គេ?
ដៃប្រុសលូកមកទទួលពែងកាហ្វេដាក់ចុះវិញម្តងមួយៗ។
សំឡេងគេប្រាប់នាងតិចៗ៖
«ឯណាថ្នាំ?»
ខួរក្បាលយល់ហើយ។ ទើបយល់ថា គេកំពុងរង់ចាំថ្នាំដែលនាងនិយាយអម្បាញ់មិញ។
«នៅក្នុងកាបូបរបស់ខ្ញុំ!»
នាងរលះរលាំងចាកចេញទៅ ដោយវិលត្រលប់មកវិញជាមួយកំប៉ុងថ្នាំ ខណៈឃើញគេថយទៅអង្គុយក្បែរតុបើកកុំព្យូទ័ររបស់គេ។ នៅតុការិយាល័យដ៏ធំ គេនិយាយដោយមិនមើលមុខ៖
«ដាក់នៅនេះហើយ!»
«ចាស៎!»
នាងដាក់ គេមិនទាំងដៀងមកពិនិត្យផង។
«ចំណែកកែវពែងទាំងអស់នេះមិនមែនជាតួនាទីលេខាប្រមូលទេ! គ្រាន់តែចុចទូរសព្ទលេខប្រាំបួនទៅខាងក្រៅ នឹងមានអ្នកចូលមកទទួល!»
«មិនអីទេខ្ញុំអាចប្រមូលបាន!»
គេឈប់ដៃដែលកំពុងវាយកុំព្យូទ័រងើបមុខសម្លឹងនាង។ លីនមិនមែនខំសម្តែងធ្វើឱ្យគេមានអារម្មណ៍ចម្លែកឬមានចំណាប់អារម្មណ៍អ្វីចំពោះនាងនោះទេ ប៉ុន្តែនេះគឺជាការពិតដែលនាងគិត។
ស្រីថយទៅប្រមូលនិងដើរទៅក្រោយ ស្រាប់តែស្បែកជើងកែងដែលមានបុគ្គលិកHRប្រាប់ឱ្យពាក់ នាងមិនមានជំនាញធ្លាប់ដើរ ទៅទើរទាក់កែវស្រួចនឹងព្រំក្រាស់ ធ្វើឱ្យកែងមិនព្រមទៅមុខតាមជំហានរបស់លីន លេខាតូចត្រូវដូរជំហរដួលទាំងស្រុងទៅលើឥដ្ឋ។
ឈឺណាស់បាត់ដៃរបស់នាង!
តែគេមកហើយ….គេដើរមកពីក្រោយហើយលើកលីនឡើងដោយស្ទួយត្រង់ចង្កេះនាង។
«ប្រាប់ហើយ!»
ប្រុសបន្ទោសស្រាលៗ។ គេមានកាយវិការថ្នាក់ថ្នមណាស់ ដូចជាប្រុងតែមានស្នេហាជាមួយលីនបានគ្រប់ពេល។
បាតដៃកូតនឹងអំបែងពែងដាមឈាមមួយឆ្នូត។ គេដាក់ស្រីមកអង្គុយលើសាឡុងហើយរអ៊ូ៖
«ហូរឈាមមកឱ្យទាល់តែបាន កូនក្មេង!»
នាងប្រុងក្រោក មិនចង់ធ្វើជាក្មេងដូចគេគិតទេ។ តែគេសង្កត់ឱ្យអង្គុយវិញ ហើយដើរចេញទៅត្រលប់មកវិញជាមួយនឹងប្រអប់ព្យាបាល។ គេលាបង់មករុំរបួសដោយស្ងប់ស្ងៀមផ្ចិតផ្ចង់។ ស្រីមិនមាត់តែលបលួចសម្លឹងច្រមុះដ៏ស្រួច ចិញ្ចើមក្រាស់ បបូរមាត់ដែលថ្នឹកជំនាញខាងពោលគំរាមកំហែង ពេលនេះគេកំពុងតែឱនរុំរបួសឱ្យលីន។
«CEO លោកទៅធ្វើការងារបន្ទាន់របស់លោកទៅ!»
«លីនជាការងារបន្ទាន់របស់បង!»
នាងនៅភាំងៗធ្វើមុខស្លូតជាមួយជាមួយនឹងពាក្យ«បង»របស់គេ។ ចិត្តមួយចង់ប្រាប់គេថា កុំឱ្យហៅនាងអូនបងនៅចំពោះមុខអ្នកដទៃ ដែលជារឿងធ្វើនាងមានភាពអាម៉ាស់ក្នុងនាមជាកញ្ជះទាសករស្នេហ៍របស់គេ ប៉ុន្តែនាងថាមិនចេញ មិនហ៊ានចេញស្តី បានត្រឹមតែសម្លឹងមុខគេម្ដងៗ រួចរេមកសម្លឹងដៃរបួសរបស់ខ្លួនដែលរុំជិតរួចរាល់។
«មិនអាចប៉ះទឹកបានទេ យ៉ាងហោចណាស់ក៏បីម៉ោងដែរ!»
គេបិទប្រអប់ហើយយកទៅទុកវិញ ខណៈលេខាស្រីអង្គុយម្នាក់ឯងរិះគិតពីតការងារជាកំណាន់ចិត្តមិនពេញកិត្តិយសបែបនេះ។ ការនេះនឹងវិវត្តទៅដោយរបៀបណា ហើយគេនឹងបោះបង់ចោលនាងពេលណាក្រោយគេអស់ចិត្ត មនុស្សព្រានដូចគេ។
គូខាន់ត្រលប់មកតុអង្គុយវិញ ដោយចុចទូរសព្ទប្រាប់ទៅខាងក្រៅឱ្យហៅអ្នកបោសសម្អាតចូលមករៀបចំទុកដាក់។
អ្នកបោសសម្អាតពីរនាក់ឡើងមកយ៉ាងលឿនរហ័សដូចគេចុចប៊ូតុងប្រើមនុស្សយន្ត ចំណែកលីនអង្គុយស្ងៀម មិនហ៊ានសម្លឹងពួកគេ ឬពួកគេក៏មិនហ៊ានសម្លឹងនាងចំៗដែរ គិតពីអនុវត្តការងារយ៉ាងរហ័សបញ្ជាក់ថា តើមនុស្សគ្រប់គ្នា គេខ្លាចបន្ទប់នេះកម្រិតណា? ឬក៏ម្ចាស់បន្ទប់នេះ?
គូខាន់ចុចទូរសព្ទនិយាយភាសាអង់គ្លេសផងភាសារុស្ស៊ីផងទៅកាន់អ្នកណាមិនដឹងទេ គេក្រោកបែរខ្នងក្បែរផ្ទាំងកញ្ចក់ទុកឱ្យពេលវេលាកន្លងលេខាអង្គុយស្ងៀមបែបនេះ រហូតដល់អ្នកសម្អាតចេញអស់យូរក្រែល ពេលគេបិទទូរសព្ទងាកត្រលប់មកវិញ ទើបនាងក្រោកដើរទៅទាំងដៃម្ខាងលើកមកកាន់ដៃដែលមានរុំរបួស។
លីនចូលទៅក្បែរគេពោលប្រាប់៖
«ខ្ញុំអាចធ្វើការវិញបានហើយ បើលោកមានអីត្រូវប្រើ ខ្ញុំនឹងយកទៅធ្វើភ្លាម បើអត់ទេ ខ្ញុំក៏ចាំនៅបន្ទប់របស់ខ្ញុំ!»
ដៃម្ខាងចុចទូរសព្ទបិទ គេបែរមកប្រឈមនឹងលីនដោយមិនសម្លឹងមុខនាង ប៉ុន្តែដៃម្ខាងទៀតរបស់គេបានគ្រៀកចង្កេះស្រីបំបែរនាងឱ្យទៅមើលទិដ្ឋភាពទាំងមូលនៃទីក្រុង។
«ស្វាគមន៍ថ្ងៃដំបូងនៅស្លូវេនីគ្រុប!»
មានអារម្មណ៍ថាសំឡេងរបស់គេបង្កប់ដោយភាពស្រងូតស្រងាត់។ គេដូចជាតឹងតែងនឹងរឿងការងារអ្វីមួយ ឬមួយក៏រឿងម្តាយគេនាងមិនដឹងនោះទេ ប៉ុន្តែសាជាថ្មីលីន Relax ក្រឡេកឃើញប្រអប់ថ្នាំដែលគេបានទារមកកាលពីមុននេះបន្តិច ឥឡូវទៅនៅក្នុងធុងសំរាមយ៉ាងសុខសាន្ត។
លីនសម្លឹងទីនោះយ៉ាងដិតដល់។ ពិតជាថ្នាំនៅទីនោះមែន នារីអភិជនវ័យចំណាស់ម្នាក់នោះ និងការព្រមានគ្រប់យ៉ាង រួមទាំងពាក្យថានាងនឹងរបូតតំណែង…..លីនមិនខ្លាចអំពីការរបូតតំណែងនេះ ប៉ុន្តែគេនេះ….ពិតជាមានរោគចិត្ត។
ថ្ងៃមុនកាចដូចជាបិសាច ទាមទារស្គាល់ប្រាណនាង ឆក់យកព្រហ្មចារីរបស់នាងយ៉ាងគ្មានធម៌មេត្តា និយាយពាក្យគំរាមកំហែងសព្វបែបយ៉ាង ផ្ទៃមុខនេះសុភាពដូចជាកំពូលអ្នកសហគ្រិនដ៏ល្អទាំងក្នុងទាំងក្រៅ ឬមួយនេះគឺជាជីវិតរបស់ពួកគេ ពេលថ្ងៃជាទេវតាពេលយប់ជាទេវទត្ត។
«យប់នេះត្រៀមខ្លួនឱ្យល្អលីន….សម្រាប់ Dinner ដំបូងរបស់យើង!»
ទ្រូងនាងលោតភឹបៗ។
«ខ្ញុំកំពុងចង់សុំ!….» នាងទើរស្ងាត់ត្រឹមណេះតែ គេដៀងភ្នែកសម្លឹងមករង់ចាំស្តាប់បន្ត ទាំងដៃនៅចង្កេះលីននៅឡើយ។ គូខាន់ស៊កទូរសព្ទដាក់ចូលក្នុងហោប៉ៅខោ ដោយម្រាមដៃស្ដាំប្រុសដែលទំនេរលើកមកផាត់សក់ស្រីដែលត្រូវទាញបំបែរមកឈរនៅពីមុខខ្លួន។
គូខាប់សម្លឹងថ្ងាសស ហ្មត់ដែលតឹងតែងទុក្ខព្រួយ។ ដៃគេនៅលើចង្កេះ រឹតបន្តឹងចាប់ដងខ្លួនរបស់នាងមកកៀកបន្ថែម ភ្នែកCEOនៅភ្លឹកលើបបូរមាត់ស្លេក។
«….ត្រូវលាបក្រែមម្សៅខ្លះផង លីន!»
តាមពិតនាងចេះ នាងក៏ចូលចិត្តក្រែមពណ៌ក្រហម និងគូរដល់ចិញ្ចើមវែងៗ ព្រមទាំងថែមសម្រស់ភ្នែកដោយប្រើម៉ាស្ការ៉ា ក៏ប៉ុន្តែទាំងនោះ គឺជាអតីតកាល។ បច្ចុប្បន្នលីនគ្មានពេលសម្រាប់រឿងទាំងអស់នោះ ព្រោះក្រៅពីរៀននិងដើរឆ្ងាយៗ នាងគឺជាអ្នកធ្វើការ Part Time ដ៏លំបាកហត់នឿយ។
«ថ្ងៃស្អែកខ្ញុំនឹងលាប….»
គេញញឹមតិចៗពេលឮស្រីសន្យា
«ប៉ុន្តែខ្ញុំសុំរឿងមួយ ខ្ញុំមិនអាចធ្វើការពេលយប់បានទេ!»
ម្រាមប្រាំដែលស្ថិតនៅលើដឺមីសក់ទន់ល្មើយខាងមុខនាងឈប់ស្ងៀម។ គេសួរមកស្រាលៗ៖
«អ្នកណាធ្វើការយប់?»
ស្រីងើបមុខសម្លឹងគេដោយស្រងូតគេនិយាយបន្តដោយទឹកមុខខិលៗ៖
«ពេលយប់….ជាពេលវេលាស្នេហារបស់ពួកយើង!»
ចង់តែសើចចំអកនៅពេលឮពាក្យស្នេហា ដែលCEOចិត្តត្រួតត្រាចេះរើសមកនិយាយ។ លីនដឹងថា មនុស្សនេះកាចផង មានៈទៀត ខ្ជិលឌឺគេ នាងធ្វើជាទន់ភ្លន់បន្ត និយាយឱ្យសមជាបុគ្គលិកម្នាក់៖
«CEO ឱ្យខ្ញុំធ្វើការ….ដូចបុគ្គលិកដទៃទៅណា ម៉ោងប្រាំមួយល្ងាច ខ្ញុំត្រលប់ទៅផ្ទះវិញឬលើសពីនេះតិចតួច ប៉ុន្តែខ្ញុំមិនអាចនៅក្រៅរហូតដល់ភ្លឺទេ!»
គេទម្លាក់ទឹកមុខ ដៃក៏ទម្លាក់ចេញពីចង្កេះស្ងួន ហើយចាកចេញពីនាង។ ពេលប្រុសបែរខ្នងដាក់ លីនមានសម្ពាធពេកហើយ។ គេឈរជ្រែង សម្លឹងមើលទៅទីក្រុងដ៏វែងអន្លាយពីអាគារកប់អាកាសនេះ។
ដោយចោមព័ទ្ធព្រោះដង្ហើមតឹងៗ លីនត្រូវដើរទៅរកគេដើម្បីចរចាច្បាស់ៗ សង្ឃឹមថាបានសម្រេច។
នៅកៀកនឹងគេ លីនមើលទៅខ្លួនឯងទាបកន្តឿ។ នៅពីក្រោយគេ គឺមើលឃើញត្រឹមតែមិនដល់ស្មាគេផង។
ប៉ុន្តែតូចម្នាក់នេះនៅតែព្យាយាមនិយាយ៖
«CEO»
គេមិនងាកមកទេ តែគេផ្ទៀងស្តាប់។
«លោក….បានអ្វីៗដែលលោកចង់បានអស់ហើយ!»
«នៅទេ!»
គេឆ្លើយក្រអួន ខ្លី និងកាច។ ដូចជាសំឡេងកាលពីយប់ដែលនាងភ័យខ្លាចនិងដិតជាប់ បន្លាចរហូតមក។
«I never do one-night stand»
គេតបមកទៀតជាភាសាអង់គ្លេសហើយបែរមកយឺតៗ។ មុខគេក្រហមៗ ជាសញ្ញាទប់អារម្មណ៍មិនសូវបានដូចមុននេះទេ។ គេនេះជាមនុស្សពុល លីនដឹងច្បាស់ នាងដៀងសម្លឹងប្រអប់ថ្នាំក្នុងធុង។
ហ៊ឹម….
គ្រាន់តែគេឈាន លីនថយក្រោយភ្លាម ទាំងមិនដឹងខ្លួនថាភ័យអីយ៉ាងនេះ? CEO ចាប់ដើមដៃលីនខាងឆ្វេងបាន ហើយទាញនាងត្រលប់មកក្បែរគ្នាវិញសឹងក្បែរលើសដើម។
ជាមួយកែវភ្នែកស្រទន់ប៉ុន្តែទឹកមុខគេស្មើ គេសម្លឹងភ្នែកលីនដែលម៉ក់ៗ។ ស្រីម្នាក់នេះកាចខ្លាំង គេមិនដឹងដែរថា ហេតុអ្វីបានជានាងក្លាយមកជាស្ងាត់…..គឺ យ៉ាងណាក៏មិនមែនមកពីលង់គេដែរ…..៩៩ភាគរយ មកពីហេតុផលប្អូនស្រីរបស់នាង។
«យប់ឡើងទៅផ្ទះធ្វើអី?!» គេសួរទាំងមុខលើសស្មើទៅជាចង់ក្រញូវ។
«បងខ្ញុំ….ឈឺ ខ្ញុំត្រូវថែទាំគាត់!»
«មិនមែនដេកជាមួយបងទេមែនអត់?»
កោតតែគេ…..ទាំងមុខហួសចិត្តលីនរុញទម្លាក់ដៃគេចេញពីរាងកាយ។ គេនេះធ្វើឱ្យក្តៅចិត្តបានសម្រេចមែន។ តែក៏គូខាន់មិនខ្ចីញិន….អ្វីត្រូវនិយាយគឺនិយាយហើយ មិនខ្វល់ពីណាខឹងទេ។ គេចាប់នាងទៀតកន្លែងដដែលហើយនិយាយពាក្យដដែល៖
«មនុស្សនៅជាមួយគ្នាពេលយប់គឺដើម្បីដេកឱបគ្នា ហើយបើយើងមិនដេកឱបបងយើង ទៅផ្ទះធ្វើអី?»
ជននេះទំនងមិនដែលចេះ Take Care គ្រួសារ ដឹងសុខទុក្ខអីគ្នាទេ លីនឆ្ងល់ហួស។ បើគេចេះមកនិយាយផ្ដេសផ្ដាសលោឱ្យនាងខឹងគេចង់យ៉ាងម៉េច? លីនរលីងរលោង ពេលបបូរមាត់គេរលាស់ចុះឡើងរបៀបគេខឹងនិងចង់ឈ្នះលីន។
ហើយ….ច្រណែនបានសូម្បីតែបងប្រុសនាង។
«ចង់និយាយថា យប់ឡើងមិនដេកទេ មិនមែនអង្គុយជាមួយបងយើង មើលបងយើងទល់ភ្លឺទេមែនអត់? បើគង់ដេកដដែល ម៉េចមិនមកដេកជាមួយគ្នា?!»
គេសួរទាំងខាំមាត់។
«មិនមែនគ្រប់គ្នាយប់ឡើងគិតពីរឿង…..រួមភេទទេCEO!»
លីនថាកប់ៗជាមួយសំឡេងខ្សោយៗនិងទ្រូងខឹងសឹងធ្លាយ។ ប្រុសស្អាតញាក់ស្មា ចេតនាតវ៉ានឹងស្រីស្អាត។
«ចុះបើ CEO គិតតែពីរឿងហ្នឹង ឥឡូវលេខាចង់ធ្វើម៉េច?»
ស្រីនៅមុខក្រហមខឹង និងគ្មានវាចាតបក្រៅពីគាំងបែបស្លេកៗនឹងសំណួរគេ ដែលកំពុងតែនិយាយជាមួយ។ មិនមែនត្រឹមនិយាយលេងទេ គេនិយាយមែនព្រោះម្រាមដៃប្រាំរបស់គេនៅលើដើមដៃស្រីទម្លាក់មករកសុដន់នាង។
លីនថយក្រោយហើយយំទប់មិនជាប់ទេ។
«កុំមើលងាយខ្ញុំពេក!»
ប្រុសធ្វើមុខក្រញូវសម្លឹងលេខាដែលឈរយំជាលើកដំបូងមិនធ្លាប់មានក្នុង Office នេះ។ បញ្ជាក់ថា លីនមិនអាល័យដៃថ្នមមកកាលពីព្រឹក sex ទាំងអស់របស់គេមិនដែលប្តូរទស្សនៈលីនចំពោះគេនោះទេ?
តើអាប្រុសពូកែកម្រិតណាទៀតបានលីនអាចទន់ចិត្តមកស្រើបស្រាល ងប់ងល់ជាមួយទៅ?
ជាមួយសំណួរមិនសុខចិត្តម្នាក់ឯងនេះCEOកាន់តែសៅហ្មងណាស់។
«អ្នកណាងាប់?!»
គេសួរនាងធ្វើឱ្យលីនជូតទឹកភ្នែក។ គេប្រហែលចង់សំដៅបងប្រុសយើងដែលបានជីវិតមកវិញដោយសារគេដឹង? នាងជូតទឹកភ្នែក ជូតហើយជូតទៀតនៅតែស្រក់មករហែង។
«ខ្ញុំសុំលោក! មិនខ្វះទេមនុស្សស្រី!»
គេមិនឆ្លើយតែគ្រវីក្បាលតែមួយ ជាមួយកែវភ្នែកដាច់ណាត់។ គេនេះងប់ងល់នឹងការរួមភេទក្នុងគំនិតលីន។ តើគេគិតថា យើងនឹងក្លាយទៅជាម៉ាស៊ីនរួមភេទរបស់គេ ដែលដេកកំដរគេគ្មានម៉ោងពេល គ្មានការងារសមរម្យត្រឹមត្រូវរហូតតទៅឬក៏យ៉ាងម៉េច?
«ឱ្យខ្ញុំធ្វើជាលេខាធម្មតាៗបានទេ ខ្ញុំនិយាយជាមួយលោកដោយស្មោះ! លោកក៏គួរតែយល់!»
«អ្នកណានិយាយមិនស្មោះចំពោះគ្នា?»
គេសួរបកវិញដៃទាំងទ្វេក្តាប់ត្រគាកនាង។ ទីនេះជាកន្លែងធ្វើការ លីនយល់ថានេះជាកាយវិការអសីលធម៌។
«និយាយមិនស្មោះម៉េច បើប្រាប់ហើយ ថាដេកមិនលក់បើគ្មានលេខា!»
«ខ្ញុំចេញពីផ្ទះមិនបាន ខ្ញុំជាកូនស្រី លោកយល់ទេ លោកគ្មានថ្ងៃយល់ទេ ខ្ញុំដឹងហើយ!»
នាងថាញ័រៗទាំងយំរហាម។
«មនុស្សដូចលោក…..!»
«មនុស្សដូចបងនេះយ៉ាងម៉េចទៅលីន?!»
«ជាមនុស្សដែលមិនចេះយល់ចិត្តមនុស្សដូចគ្នា!»


