អបអរសាទរស្នាដៃដែលមានអ្នកអានច្រើនជាងគេប្រចាំខែកញ្ញា

ឈានមកដល់ខែទី៩នៃឆ្នាំ២០២២នេះ ស្នាដៃជាច្រើននៅតែផ្សព្វផ្សាយជាបន្តបន្ទាប់នៅលើវេបសាយផ្លូវការរបស់អ្នកនិពន្ធម៉ីសន សុធារី ចំណែកកម្មវិធី MST Writer ក៏បានចូលដល់រដូវកាលទី៣ ក្រោមប្រធានបទ«អ្នកនិពន្ធដែននិរតី» ដែលជាការជម្រុញលើកទឹកចិត្តឱ្យមានស្នាដៃកាន់តែផុសផុលឡើងពីសំណាក់យុវវ័យឬអ្នកមានចំណាប់អារម្មណ៍ក្នុងវិស័យតែងនិពន្ធ មកពីខេត្តព្រះសីហនុ កោះកុង កំពត កំពង់ស្ពឺ ផ្ញើស្នាដៃរបស់ខ្លួនមកកាន់ក្រុមការងារដើម្បីផ្សព្វផ្សាយ ដោយមិនកំណត់ចំនួនទំព័រ និងប្រភេទរឿងឡើយ។

សម្រាប់បទនិពន្ធដែលមានចំនួនអ្នកអានច្រើនជាងគេរៀងរាល់ខែនីមួយៗ នឹងមានជារង្វាន់លើកទឹកចិត្តដល់ម្ចាស់រឿងទាំងអស់។ ដោយឡែកក្នុងខែកញ្ញានេះ ក្រុមការងារបានរកឃើញអ្នកនិពន្ធ២រូបដែលទទួលបានអ្នកចូលអានច្រើនជាងគេ ហើយស្ថិតក្នុងកំពូលមាតិកាទាំង២០។

១.អ្នកនិពន្ធ កូនស្វាតូច ម្ចាស់រឿង«ផ្ទះចាស់នៅភូមិម៉ាស៊ីនបូម»

សួស្ដីមិត្តអ្នកអានទាំងឡាយ! នាងខ្ញុំកូនស្វាតូច ជាម្ចាស់ស្នាដៃ រឿងផ្ទះចាស់ភូមិម៉ាស៊ីនបូម វាជារឿងដ៏រំភើបមួយសម្រាប់នាងខ្ញុំ ដោយស្នាដៃដែលរំលេចនូវតថភាពពិតលាយប្រតិដ្ឋមួយនេះបានទាក់ទាញចំណាប់អ្នកអានរហូតបានចូលទៅក្នុង Top 15 ប្រចាំខែកញ្ញានេះ ហើយវាក៏បានក្លាយជាកម្លាំងជម្រុញចិត្តឱ្យនាងខ្ញុំក្នុងការសរសេរបញ្ចប់នូវប្រលោមលោកថ្មីមួយទៀតផងដែរ។

នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មិត្តអ្នកអានទាំងអស់គ្នា ក៏ដូចជាក្រុមការងារ MST Writer ដែលបានជួយសម្របសម្រួលនិងបង្កើតជាមាតិកា​យ៉ាងច្រើនក្នុងការចែករំលែកបទពិសោធសម្រាប់អ្នកនិពន្ធថ្មោងថ្មីទាំងឡាយ។

២.អ្នកនិពន្ធ រ៉ាហ្ស៉ី ម្ចាស់រឿង«អ្នករត់បញ្ញើខ្មោច»

សួស្តី  ខ្ញុំរ៉ាហ្ស៊ី! អ្នកសរសេរមួយរូបដែលបានចូលរួមក្នុងការដាក់ស្នាដៃ MST Writer រដូវកាលទី៣នេះ ហើយក៏ជាម្ចាស់ស្នាដៃ នៃរឿងអ្នករត់បញ្ញើខ្មោច  ដែលបានចេញផ្សាយលើគេហទំព័ររបស់អ្នកគ្រូ ម៉ីសន សុធារី  និងបានជាប់ក្នុងតារាងកំពូលទី១៩នៃតារាងមាតិកាកំពូលប្រចាំខែកញ្ញា។

ពិតណាស់ រឿងនេះ ខ្ញុំពិតជាត្រេកអរនិងសប្បាយចិត្តក្រោយពេលដឹងថា សាច់រឿងមួយនេះ មានការពេញនិយមពីសំណាក់អ្នកអាន ព្រោះវាជាសាច់រឿងថ្មីសន្លាងមួយដែលខ្ញុំគិតស្រមៃគ្រោងជាប្រលោមលោកខ្នាតវែង ប៉ុន្តែព្រោះតែកត្តាពេលវេលានិងភាពរវល់ផ្ទាល់ខ្លួន គឺបានត្រឹមតែសរសេររឿងខ្លីយកមកដាក់ជូនឲ្យគ្រប់គ្នាអានជាមុនសិន។  អូហ៍..ជ្រុលនិយាយដល់រឿងនេះហើយ សូមផ្ដាំជូនដល់អ្នកសរសេរ ឬអ្នកមានរឿងរបស់ខ្លួនរួចហើយ សូមកុំលាក់ទុកអានតែម្នាក់ឯងអី ចាប់ផ្តើមជាមួយការផ្សាយស្នាដៃរបស់ខ្លួនដាក់ស្នាដៃក្នុងកម្មវិធីនេះ ទាំងរដូវកាលទី២និងទី៣ ព្រោះនេះជាឱកាសល្អ ជារឿងមួយដែលអ្នកអាចដឹងពីចំណុចខ្សោយ និងមតិរបស់អ្នកផ្សេងទៀត អ៊ីចឹងសូមរួសរាន់ឡើង ឱកាសមកដល់ហើយ គួរតែស្រវាចាប់យក។

ចុងក្រោយ ខ្ញុំមានតែពាក្យអរគុណអ្នកគ្រូម៉ីសនសុធារី និងក្រុមការងារដែលតែងតែជួយ ខ្នះខ្នែងជម្រុញឱ្យមានកម្មវិធីនេះឡើង និងអរគុណមិត្តអ្នកអានដែលតែងតែគាំទ្រស្នាដៃខ្ញុំមួយនេះ…អរគុណអ្នកអានគ្រប់គ្នានៅទីនេះ ហើយកុំភ្លេចជួយគាំទ្រសាច់រឿងក្រោយៗរបស់ខ្ញុំទៀតផង។

ចុចអាន MST Writerដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែសីហា