«នីយ៉ា! បងមកសុំទោស! បងត្រូវការនិយាយគ្នា!»
ទីបំផុតសំឡេងគេ ពាក្យពីក្រៅទ្វាររបស់គេ ការលែងដំឡើងឫកជាប្រុសកូនអ្នកមាន ហើយមកចេះនិយាយពាក្យសុំទោស ធ្វើឱ្យគ្រប់គ្នាស្ងាត់។ សូម្បីប្អូនប៉ូលិសដ៏ស្រ្តេសម្នាក់នេះ ក៏បែរក្រោយយឺតៗដែរ។
«គ្រប់យ៉ាងជាកំហុសបង ជារឿងរវាងយើងពីរនាក់ បើកទ្វារទៅ!»
យូស៊ូមានភាពទុក្ខព្រួយក្នុងសព្ទសំឡេងរបស់គេ ធ្វើឱ្យនាងនៅស្ងាត់មាត់ រួចងាកសន្សឹមៗមកសម្លឹងបងប្រុសគេ។ ឥន្ត្រាងក់ក្បាលជាសញ្ញាយល់ស្របនឹងសម្តីប្អូនគេ។ គេយល់ថាទោះយូស៊ូខុស ប៉ុន្តែពួកគេគួរបានជួបគ្នាបកស្រាយឱ្យអស់សេចក្តី។
«គ្រប់យ៉ាងលើលោកនេះមានហេតុនិងមានផល!» ប្រុសច្បងវាចាតិចៗ ខណៈនាងងក់ក្បាលសម្លឹងគេរលីងរលោង នាងតបខ្សាវៗមិនចង់ឱ្យយូស៊ូឮទេ៖
«នេះហើយផលនៃការកុហកបោកប្រាស់! កុំបើកទ្វារឱ្យសោះឥន្ត្រា! មិនអ៊ីចឹង….»
នាងស្ងៀមត្រឹមណេះ ព្រោះឮសូរគ្រឹក ……។
ស្នូរទ្វាររបើកចូលមកក្នុងបាន នាងថយក្រោយភ្លាមៗព្រោះដឹងថាឥន្ត្រាចុចបើកឱ្យប្អូនគេ។
ប្រុសស្អាតដែលនាងងប់ងល់ បង្ហាញខ្លួនជាមួយកែវភ្នែកស្រពោននៅមាត់ទ្វារ។ នីយ៉ាថយក្រាកៗមកទៀត គឺថយហួសពីឥន្ត្រាដែលកំពុងឈរត្រៀមតែនឹងចាកចេញទុកពេលឱ្យពីរនាក់គេសាសងយល់ចិត្តគ្នាឡើងវិញ។
«បងត្រូវការនិយាយជាមួយអូន!» ទេវបុត្រកោះH ដ៏ស្រស់សង្ហាដើរមកឈឹបៗជាមួយកែវភ្នែកខូចចិត្ត។ ប្រុសថ្លៃដៀងសម្លឹងនីយ៉ា ដែលគ្មានស្បែកជើង សក់រប៉ាត់រប៉ាយ សម្លៀកបំពាក់កីឡាពភ្លក់និងទឹកភ្នែកហើមវង់ភក្ត្រា។
តែ….នារីគ្រវីក្បាល ហើយឈានមកឈរពួនក្រោយខ្នងឥន្ត្រា។ នីយ៉ាធ្វើឱ្យប្រុសច្បងផ្តើមវិលវល់។
សំឡេងស្រីលាន់អួលៗខឹងខ្លាំង៖
«ឥន្ត្រា…..ខ្ញុំប្រាប់ឱ្យដេញ…គេចេញ!»
យូស៊ូសម្លឹងដៃស្រីទាំងសង ម្រាមនាងទាំងដប់តោងចង្កេះបងប្រុសគេពីក្រោយ…..
នាងមិនព្រមមើលមុខគេ ថែមទាំងនិយាយដដែលៗហាក់ដូចមនុស្សស្លន់គ្រប់គ្រងខ្លួនឯងមិនបាន៖
«ខ្ញុំប្រាប់ឱ្យដេញគេចេញ!»
យូស៊ូដឹងថា នាងគេចគេមិនរួចទេ។ មុននឹងក្រោយគេនឹងឱបនាង ហើយនិយាយប្រាប់រាល់គ្រប់យ៉ាងក្នុងចិត្តចេញមក តែពេលនេះឃើញនាងមានប្រតិកម្មពេក គេដំអក់រង់ចាំសិន។
«ឱ្យគេបាននិយាយគ្នាសិននីយ៉ា!» ឥន្ត្រាងាកមកប្រាប់នាងដែលប្រតោងជាប់ក្រោយខ្នង តែនាងគ្រវីក្បាលញាប់ៗ៖
«អត់!….អត់ទេ! ខ្ញុំអត់ត្រូវការនិយាយជាមួយគេទេ!»
យូស៊ូបិទភ្នែក។ គេច្រត់ចង្កេះហួសចិត្ត ដែលនៅមិននៅ ស្រីម្នាក់ដែលធ្លាប់ចង់ស្លាប់ការពារគេ ឥឡូវកំពុងតោងបងប្រុសទឹកកករបស់គេ ព្រោះគេចពីគេ។
ទេវបុត្រព្រានចចកកោះHនិយាយក្រអួនៗទៅបងប្រុស៖
«បងទៅបាន! បងទៅសិនចុះ!»
នីយ៉ាឮហើយស្រែកកាត់ភ្លាមញាប់ៗ៖
«បើលោកហ៊ានទៅ….»
ស្រីនិយាយតែប៉ុណ្ណេះក៏ឈប់ ព្រោះចិត្តនាងអស់សង្ឃឹមណាស់។ បងប្អូនគេរឿងអីគេមិនកាន់ជើងគ្នា? ចំណែកនាងជាប្អូនប៉ូលិសដែលពួកគេស្អប់ ហើយពេលនេះនៅក្នុងរូងខ្លា បងប្រុងបងស្រីមិនដឹងតាមរកយ៉ាងណាទេ។
គិតត្រង់ណេះ ស្រីរបូតដៃម្ខាងពីចង្កេះគេ ព្រោះលើកមកជូតទឹកភ្នែកហូរត្របាញ់។ ឥន្ត្រារេខ្លួនពិនិត្យស្ថានភាពផ្លូវចិត្តរបស់នាង។ ស្រីស្អាតដែលកំពុងទង្គឹះយំសោក ឈឺចាប់នាងសុខចិត្តសម្លឹងមកឥន្ត្រាមិនមើលមុខយូស៊ូទេ។
សភាពនេះ ចង់ឱ្យនាងអភ័យទោសចំពោះយូស៊ូ ទំនងជាត្រូវការពេលវេលាថែមទៀត។ អារម្មណ៍សម្ងាត់មួយប្រាប់ប្រុសច្បងថា នារីនេះត្រូវការកិច្ចការពារពីគេ ហើយមិនមែនការពារនាងពីអ្នកណាទាំងអស់ គឺពីប្អូនប្រុសបង្កើតរបស់គេដែលកំពុងធ្វើឱ្យនាងឈឺចាប់ខ្លាំង។
«ទុកពេលឱ្យខ្លះឱ្យនីយ៉ាសិន!»
ឥន្ត្រាវាចាខ្លីៗ ធ្វើឱ្យយូស៊ូហួសចិត្ត។ គេផ្អៀងក្បាលសម្លឹងនាង ដែលមិនមើលមុខគេ។ ប្រុសពៅគ្រវីក្បាល ព្រោះគេនៅតែមិនយល់ហើយនឹកនាងខ្លាំងឡើងៗចង់តែមានឱកាសគ្រញិចស្រីថ្លៃមកក្រោមទ្រូងសង្កត់ចិត្តខឹងរបស់នាង។ ទ្រាំមិនបានមួយដង្ហើមទៀតមែន យូស៊ូស្ទុះចូលមក តែក៏ត្រូវបានបងប្រុសរាដៃបង្ខាំងឃាត់។
មួយរំពេចនោះ ក៏ជាឱកាសឱ្យនីយ៉ារត់ទាំងងងឹតមុខ ចូលទៅក្នុងបន្ទប់ផ្សេងៗណាឱ្យតែនាងអាចចូលទៅបាន រួចរុញទ្វារគ្រឹបចុចគន្លឹះ។
ហោចណាស់អាចដកដង្ហើមស្រួលវិញបានហើយ។ នៅទីនេះយូស៊ូមិនអាចឃើញនាងយំ និងមិនអាចឃើញភាពទន់ខ្សោយយ៉ាងអាម៉ាស់របស់នាងទៀតទេ។ សំណួរជាច្រើនកំពុងបាចសាចលើនាង ហេតុអីបានជាយើងត្រូវខ្លាចនឹងប្រឈមមុខចំពោះមនុស្សដែលបោកប្រាស់ចិត្តយើង? យើងខ្លាចសូម្បីតែសម្លឹងមុខគេ? ទេ! នេះមិនទុកថាខ្លាច…ព្រោះយើងនៅស្រឡាញ់គេខ្លាំងមែនទេ យើងមិនចង់ទទួលស្គាល់ថាមុខគេ រាងរៅសង្ហារបស់គេនឹងត្រូវលុបបាត់ក្រោមល្បិចកិច្ចកលរបស់គេ?
នាងយំខ្លាំងឡើងៗ ទាំងមិនដឹងថាខ្លួនឯងកំពុងអង្គុយលើគ្រែរបស់អ្នកណា តាំងពីពេលណា។ ខ្វល់អីទៅនីយ៉ាលែងគិតពីអ្វីទាំងអស់។
ស្នូរគោះទ្វារញាប់រន្ថើន នាងភ្ញាក់ក្រញ៉ាងក្រោកឈរ….ដឹងថា គេបានចូលមកដល់មាត់ទ្វារបន្ទប់នេះហើយ។ សង្ឃឹមថា គេគ្មានសោទៅចុះ ព្រោះសម្លឹងទៅទីនោះ មិនមានប្រអប់សោLockដោយsystem ដូចនៅក្រៅទេ។
ឡើងពីពូក នាងងាកសម្លឹងជុំវិញខ្លួន….នេះតាមពិតជាបន្ទប់គេងដ៏ធំមួយយ៉ាងទំនើប ជាប្រភេទបន្ទប់កញ្ចក់ ដែលអាចសម្លឹងឃើញទៅសណ្ឋាគាររបស់បងស្រីនាងយ៉ាងច្បាស់ គ្រាន់តែមិនអាចមានស្លាបហោះចេញទៅដល់បាន។
«ហេតុអីបានជាបងប្អូនពួកគេចំណាយលុយច្រើនយ៉ាងនេះមករស់នៅកន្លែងដ៏ប្រណីតមានតម្លៃកប់ពពកទល់មុខគ្នានឹងសណ្ឋាគាររបស់បងយើង? គោលបំណងពិតរបស់ពួកគេជាអ្វី?»
«នីយ៉ា! បើកទ្វារនីយ៉ា! បងចង់និយាយជាមួយអូនតែពីរនាក់!»
ស្រីលើកដៃជូតទឹកភ្នែក បែរមកសម្លឹងទ្វារដោយសង្ស័យ។ បុរសនេះប្រើសំឡេងស្រទន់ស្រទោ គេចូលមកក្នុងបេះដូងនាង ក៏ជាគម្រោងការ? «បងចង់ឱ្យបងប្រុសរបស់អូន ព្រមទទួលស្គាល់នូវសេចក្ដីស្រឡាញ់ដ៏ស្មោះរបស់ពួកយើង!» សម្តីគេ នាងនៅចាំបាន។ គេស្គាល់បងប្រុសនាង គេស្គាល់នាងច្បាស់ឯនាងមិនស្គាល់អ្នកណាទាំងអស់។ ពួកកោះH នៅកន្លែងងងឹត បងប្រុសនាងនិងគ្រួសារនៅកន្លែងភ្លឺ មិនដឹងថាប្រសិននាងនៅធ្វើតាមបេះដូងទាក់ទងជននេះ តើគ្រួសារនឹងប្រឈមគ្រោះថ្នាក់អ្វីខ្លះទៀត?
«បងសុំទោស! បងចង់និយាយថាសុំទោស ប៉ុន្តែអូនត្រូវជឿបង….គ្រប់យ៉ាងមានដំណើររឿងរបស់វា!»
នាងស្រក់ទឹកភ្នែកម៉ាត់ៗ។
ពីរដងហើយ នាងត្រូវធ្លាក់សឹងផុតជីវិតនៅក្នុងទឹក។ ពីរដងហើយ នាងមិនដែលគិតថាស្តាយក្រោយទេប្រសិនជាស្លាប់ព្រោះគេនេះមែន។ តែពេលនេះ នឹកឃើញឈុតឆាកទាំងអស់ កាណុងកាំភ្លើងពួកហង្សសភ្ជង់ជាប់ក្បាល ដៃក្នុងចំណង មកដល់ភ្នំពេញបងប្រុសមិនចង់និយាយរក មុខមិនចង់មើល….នាងជូតទឹកភ្នែកដើរទៅក្បែរទ្វារឆ្លើយអួលៗដោយការតូចចិត្ត៖
«គ្រប់គ្រាន់ហើយកូនប្រុសម្ចាស់កោះH! អ្វីដែលពួកខ្លួនបានធ្វើមកលើខ្ញុំ គ្រប់គ្រាន់ហើយ! គ្មានពាក្យអីសម្រាប់និយាយគ្នាទៀតទេ»
ថាហើយ ស្រីផ្អែកខ្នងខ្ទប់មាត់យំគគ្រូក។ អារម្មណ៍កំពុងតែគិតថា តើពីរនាក់បងប្អូននេះមានសេណារីយ៉ូអ្វីទៀតឱ្យប្រាកដដើម្បីធ្វើបាបបងប្រុសឬក៏គ្រួសាររបស់ខ្លួន បានជាពួកគេរើមកស្នាក់នៅភ្នំពេញនិងកៀកយ៉ាងនេះ ពីមុខកន្លែងហាន់ដា។ បើគ្រួសារមានរឿងអ្វីមែន នាងដឹងថាជាកំហុសភ្លើតភ្លើនរបស់នាងដែលតែងលង់ប្រុសស្អាត ឡូយៗ។
«ស្ដាប់បង បងសារភាពថាបងពិតជាខុស!….មុនពេលដែលបងជួបអូន បងមិនដែលគិតថាបងនឹងចេះ ស្រឡាញ់មនុស្សម្នាក់ខ្លាំងដល់ថ្នាក់នេះទេ នីយ៉ា! វាជាការពិត!»
ស្រីរបូតដៃចេញពីមាត់ដែលខ្ទប់ ថែមរបូតអារម្មណ៍ចេញពីចិត្តមាំមួនដែលកំពុងគិតពីសុវត្ថិភាពបងប្រុសនិងបងស្រី។ សំឡេងយូស៊ូនៅតែតម្អូញមកបន្តយ៉ាងចាក់ដោត៖
«មុនពេលយើងជួបគ្នានៅបាងកក បងគ្រាន់តែជាព្រាននារីម្នាក់ ម្តងមកភ្នំពេញ ម្ដងកំពង់សោម ម្ដងបាងកក បងស្វែងរកស្រីស្អាតៗដែលយល់ពីអារម្មណ៍របស់មនុស្សប្រុស បងរកមិនដែលជួបមនុស្សស្រីដូចអូនទេនីយ៉ា! ពួកគេមកព្រោះពួកគេចង់បានអ្វីដែលបងមាន! ចំណែកអូនមក ព្រោះអូនត្រូវការឱ្យបងមានសុវត្ថិភាព! មនុស្សស្រីដែលមកឈរនៅកន្លែងគ្រោះថ្នាក់ជាមួយបង លោតចុះក្នុងទឹកជំនួសបង!»
នាងយំដូចភ្លៀង។ ដៃរាវរកសោទ្វារ ម្តងៗចង់តែបើកចេញទៅឈរមើលមុខគេ។ មនុស្សដែលបេះដូងមួយនេះពិតជាត្រូវការ តែនាងខំធ្វើចិត្ត…..
«ហើយបានសាកខ្ញុំអស់ចិត្តហើយមែនអត់? យកខ្ញុំជាល្បែង បងប្រុសខ្លួននិងខ្លួន ឈរមើលខ្ញុំយំសោក សប្បាយចិត្តដែរ? សប្បាយចិត្តណាស់ហើយ! មកពីខ្ញុំជាប្អូនប៉ូលិស! បងប្រុសខ្ញុំធ្វើតែអំពើល្អ ទើសមុខពួកខ្លួនណាស់មែនអត់?! កុំបាច់ជួបគ្នាអី គង់តែអត់លទ្ធផលដដែល! កុំឱ្យខ្ញុំឃើញមុខទៀតយូស៊ូ»
នាងថាហើយតាំងចិត្តលែងឆ្លើយរកគេនិងលែងស្តាប់ ប្រុងឈានជើងចាកចេញទ្វារមកឱ្យឆ្ងាយ ស្រាប់តែប្រុសសង្សារនៅតែមិនឈប់និយាយសោះ។
«មែន! បងធ្លាប់អត់ទុកចិត្តអូន! បងធ្លាប់គិត….បងខ្លាច បងសង្ស័យអូនព្រោះស្រីៗដែលបងធ្លាប់ឃើញ ពួកគេត្រូវការបងតែនៅពេលដែលចង់បានអ្វីម្យ៉ាងពីបង គ្មានអ្នកណាព្រមស្លាប់ជាមួយបងឬជំនួសបងទេ នេះហើយជារឿងដ៏សែនចោលម្សៀតរបស់មនុស្សប្រុសដែលអូនបានស្រឡាញ់! នេះហើយជាអតីតដ៏គគ្រិចរបស់បង មុនពេលបងបានស្គាល់អូននីយ៉ា!»
នាងឈប់ជើងកណ្តាលបន្ទប់ ក្រពាត់ដៃងើយមុខយំ។
សំឡេងគេនៅតែបន្តមកចាក់ដោតចិត្តប្អូនស្រីប៉ូលិស៖
«រហូតដល់បងជួបអូន លង់អូន ក្រោយមកដឹងពីសមាសភាពគ្រួសារអូន គ្រប់យ៉ាងជាព្រហ្មលិខិត បងទើបនឹងដឹង ថាបងពិបាកនឹងបំភ្លេចអូនទោះបីជាបងធ្លាប់កាត់ចិត្តច្រើនដងហើយ! នីយ៉ាបើកទ្វារ បងចង់នៅជាមួយអូន!»
លោកធ្លាប់កាត់ចិត្តបំភ្លេចខ្ញុំច្រើនដងហើយ គ្រាន់តែនៅមិនទាន់បានសម្រេច នេះព្រោះខ្ញុំជាប្អូនស្រីប៉ូលិស? នាងគិតទាំងជូរចត់ និងអស់សង្ឃឹមទន់ខ្លួន។
«ប្រហែលដល់វេនខ្ញុំ ធ្វើជាអ្នកកាត់ចិត្តបំភ្លេចលោកវិញម្តងហើយយូស៊ូ!» ស្រីនិយាយល្មមៗតែនាងដឹងថាគេឮ។
«កុំចិត្តរឹងដាក់បង កុំចិត្តរឹងធ្វើបាបខ្លួនឯងនីយ៉ា! នៅថ្ងៃដែលបងដឹងថា បងភ្លាត់ធ្លាយកិច្ចការសម្ងាត់របស់ប៉ាបងនៅក្នុងសណ្ឋាគារគាត់ខាតរាប់លាន ក៏ជាពេលមានគេមកប្រាប់ថា ភណ្ឌរ៉ាតាមពិតមិនមែនឈ្មោះពិត ហើយអូនជាប្អូនពៅរបស់ប៉ូលិសនៅភ្នំពេញ បងឈឺចាប់ណាស់! បងចង់សម្លាប់អូន តែក៏ជាពេលដែលបងដឹងថា អាមនុស្សព្រានម្នាក់នេះមានស្នេហាពិតហើយ វាចេះស្រឡាញ់ស្រីហើយ បងមិនព្រមសម្លាប់អូនទេ សុខចិត្តផឹកស្រាបំផ្លាញខ្លួនឯង! បងប្រុសរបស់បង គាត់ចាប់អូនទៅកោះH គ្មាននរណាប្រាប់បងទាំងអស់! នៅព្រលឹមដែលបងស្វាងស្រា ដឹងថាមនុស្សស្រីដែលបងស្រឡាញ់ត្រូវគេដាក់ចំណង បងមិនដឹងរឿងទេ បងជិះអូប័រទៅទាំងអូនដឹងហើយបងនៅឈឺ ប៉ាបងមិនឱ្យឡើងទឹកម្នាក់ឯងទេ!»
«មហិមាណាស់ រាជបុត្រកោះH» នាងថាឱ្យដោយឈឺចាប់ព្រោះគ្រប់សម្តីរបស់គេ រំឭកឡើងវិញនូវអ្វីគ្រប់យ៉ាងដ៏ឈឺចាប់ដែលនាងបានឆ្លងកាត់។ មិនថាអ្នកណាធ្វើអី្វលើបេះដូងតូចមួយនេះ នាងមិនដែលអស់សង្ឃឹមស្មើពេលនេះឡើយ។ មនុស្សទឹកកកដូចបងប្រុសគេ ដាក់លក្ខខណ្ឌរត់បីដល់នាងយ៉ាងអយុត្តិធម៌ក៏នាងនៅតែខំធ្វើ ព្រោះនីយ៉ាមានសង្ឃឹមជានិច្ចដរាបណាបេះដូងនេះមានស្រមោលយូស៊ូ តែពេលនេះ…..ស្រឡាំញ់ខ្លាំង ឈឺពើតរឹតតែខ្លាំង ព្រះ!!! ហេតុអី គេជាកូនម្ចាស់កោះH?
«ពួកគេយល់ខុស! ពួកគេមិនមែនមនុស្សអាក្រក់ទេ ពួកគេស្មានថាអូននៅពីក្រោយរបាយការណ៍ទាំងអស់នោះដែលធ្លាក់ក្នុងដៃប៉ូលិស!»
នាងងក់ក្បាល៖
«ព្រោះតែការយល់ខុសនេះ បានជានៅថ្ងៃដែលខ្លួនស្វាងស្រា ក្រោកទៅឃើញខ្ញុំត្រូវគេចងបង្អត់បាយឱ្យស្លាប់ ទុកដូចសត្វធ្លាក់ទឹក លោកមិនត្រឹមមិនព្រមបញ្ចប់រឿងថែមទាំងសប្បាយរួមដៃជាមួយគេ យកខ្ញុំលេងសើចជាល្បែង!»
«សាកគិតមើល៍នីយ៉ា? ពេលនោះបងវិលវល់! បងមិនដឹងថា តើអូនជាអ្នកណាឱ្យប្រាកដទេ! អូនជារនុកក្នុងឬអត់? បងជាកូនប្រុសម្នាក់លើកោះមានវិន័យកោះ ក្នុងចិត្តបងស្រឡាញ់អូន តែអូនស្រឡាញ់បងមែនឬមួយក៏អត់ បងមិនច្បាស់! បងឆ្កួតវង្វេង ណាបងខឹង! បងគិតថាបងស្រឡាញ់អូនតែម្នាក់ឯង!»
ស្រីខាំមាត់បែរខ្នង។ ស្នេហាមួយដែលនាងពិតជាពិបាកភ្លេច….តែក៏ពិបាកលើកលែងឱ្យ។ នៅតែបន្តិចទៀត បងប្អូនគេសម្លាប់នាងចោលបាត់ទៅហើយ….នៅតែបន្តិចប៉ុណ្ណោះ ពាក្យពេចន៍ទាំងអស់ ពេលនេះមានន័យអីទៅ?
«ចេញឱ្យឆ្ងាយ! ខ្ញុំអត់ត្រូវការឮសំឡេងខ្លួនទេ!»
«អត់ទេបងនៅបងត្រូវការនិយាយ!»
«បើលោកហាតែមួយម៉ាត់ទៀត ខ្ញុំហក់តាមបង្អួចនេះចុះក្រោម!»
នាងស្រែកគំហកឮៗនេះ គឺជាការគំរាមបេះដូងនាងខ្លួនឯង ដែលកំពុងសែនទោរទន់ចង់បកទៅស្រឡាញ់គេ។ ស្នេហារវាងក្រុមដែលប៉ូលិសស្អប់ជាមួយបងប្អូនស្រីរបស់គ្រួសារប៉ូលិស ជារឿងដ៏អពមង្គលហើយមិនដែលមានផលអ្វីល្អឡើយ។
ថ្ងៃណាមួយបងជេនរបស់នាងនឹងអាចរបូតសក្តិឬមានគ្រោះធ្ងន់ជាងនេះផងក៏ថាបាន បើនាងធ្វើតាមបេះដូងនៅពេលនេះ។
សំឡេងហាន់ដា នីយ៉ានៅចាំច្បាស់«បើវាជាមិនមែនជាស្នេហាពិតល្អហើយ! រឿងនេះវាគង់តែសាបទេ! រឿងសំខាន់គឺវាជាអន្ទាក់!»
ស្ងាត់….
យូស៊ូមិនហ៊ានមាត់ នីយ៉ាដឹងថាឥន្ត្រាក៏នៅមិនឆ្ងាយពីប្អូនប្រុសគេដែរ។ ពីរនាក់នេះស្គាល់ចិត្តនាងច្បាស់ គន្លងទឹកហែលមិនផុតនាងនៅហ៊ានលោត កុំថាឡើយទ្រនំល្បិចកលមួយនេះ។
ស្រីឃើញគ្រប់យ៉ាងស្ងាត់ ក៏ងាកសម្លឹងជុំវិញខ្លួន។ បងប្អូនពួកគេមិនដឹងជារកលេសមកកសាងអន្ទាក់ស្អីខ្លះចំពោះនាងនិងបងប្រុសស្រីនាងនោះទេ ឥឡូវនេះនាងនៅក្នុងទ្រុងរបស់គេ គេមកនិយាយភាសាទាំងផ្អែម ទាំងតម្អូញ ទាំងអស់នេះតើគេកំពុងចង់សម្តែងអ្វីបន្តទៀត?
នាងពិតជារកឃើញនូវសេណារីយ៉ូគួរសង្ស័យជាច្រើននៅក្នុងទំនាក់ទំនងមួយនេះ នៅពេលធ្វើចិត្តឱ្យមានតុល្យភាពនិងស្ងប់ស្ងាត់។ ប្រាកដណាស់គេជាប្រុសស្អាតមានលុយវាល់លាន ហេតុអីបានជាគេបង្ហាញខ្លួនមកក្នុងជីវិតរបស់យើងនេះលាក់បាំងសមាសភាព?
យើងគួរតែដឹងរឿងនេះយូរហើយ។ ចុះ….បងប្រុសគេ តើគេកំពុងតែធ្វើអ្វី? រូបថតបីនាក់ប៉ាកូនគេដែលនាងបានត្រូវជេនបង្ហាញឱ្យឃើញដូចជាបន្លាដ៏មុតមួយ ចាក់ឈឹបៗឱ្យតែនឹកឃើញ។ ពួកគេជាគ្រួសារសម្បូរល្បិចកិច្ចកលបំផុត។
នារីក្រឡេករកមើលកន្លែងអង្គុយ។ នាងនៅសំងំស្ងៀម នៅស្ងាត់ក្នុងបន្ទប់នេះដើម្បីគេចវេះពីការឈឺចាប់គេចពីការប្រឈម និងធ្វើការរិះគិត។
មេឃនៅខាងក្រៅ ចាប់ផ្តើមប្តូរកាលទៅតាមធម្មជាតិនៃពេលវេលា។ សភាពស្ងៀមស្ងាត់រំលងទៅយូរដែរ យ៉ាងហោចណាស់ក៏បានសម្រាកខ្លះ។
ស្រីអង្គុយផ្ទាល់លើក្តារក្រាលក្បែរបង្អួចកញ្ចក់សម្លឹងទៅសណ្ឋាគារបងប្រុសបងស្រី។ នឹកឃើញកាលណោះសូម្បីត្រូវគេចាប់ធ្វើបាបជិតស្លាប់ក៏ព្រមលាក់ពីពួកគាត់….ស្នូរមួលសោលាន់ឡើង….នីយ៉ាងើបឈរត្រង់ខ្លួនយ៉ាងរហ័សព្រោះភ័យនិងប្តូរមុខមកជាស្លេក។
ធីតាយើងថយខ្លួនមកក្បែរនឹងជញ្ជាំងកញ្ចក់។ បើជាយូស៊ូ ប្រាកដណាស់នាងត្រៀមថានឹងច្រានគេហើយរត់ចេញ ប៉ុន្តែមិនមែនទេ….គឺជារូបរាងខ្ពស់ស្រាវនៃមនុស្សម្ចាស់បន្ទប់។
«បាយម្ហូបមានហើយ! នៅខាងក្រៅ! នំប៉័ងក៏មាន….កាហ្វេទេ?»
ស្រីធ្វើមុខស្ងួតដើរតម្រង់ទ្វារ៖
«ខ្ញុំត្រូវការចេញពីកន្លែងចង្រៃនេះ!»
ប្រុសស្អាតញាក់ភ្នែក ពេលដែលដើរមកក្បែរគ្នា។ ដៃគេចាប់កដៃនាងជាប់។ រលាស់ហើយរលាស់ទៀតរលាស់មិនចេញ ក៏ងាកមកសម្លឹងមុខ។
គេស្រឹមដូចទឹកកក ខឹងនឹងពាក្យចង្រៃដែលនាងទើបតែនិយាយ។ ទោះគេមិនមាត់តែភ្នែកគេចេញវាចាស្រេចហើយ។
«លែងដៃ!»
នាងនិយាយខ្សឹបៗស្តាយកំហុស ជ្រុលមាត់ខឹងគោវាយរទេះ ប្រើពាក្យដៀលត្មះអាក្រក់ៗ។ មនុស្សប្រុសម្នាក់នេះនៅលើកោះយូរសោយរាជ្យស្មើក្សត្រា មិនដែលឮពាក្យទាំងអស់នេះទេ ស្រីមិនស្មានដឹងទេថា តើវាមានទម្ងន់ធ្ងន់យ៉ាងណាសម្រាប់គេ ព្រោះសម្រាប់នាងវិញ ពេលខឹងជារឿងធម្មតាដែលបញ្ចេញវាចាគ្រោតគ្រាត។
ប្រុសលែងដៃនាងទាំងដើរហួសចោលទៅព្រោះអន់ចិត្ត។ ស្មានថានីយ៉ាខ្វល់ នាងក៏មិនខ្ចីទ្រដូចគ្នា ដោយបំបែកផ្លូវចេញពីគេសំដៅទ្វារ។ ប៉ុន្តែឈានមួយជំហានហើយមួយជំហានទៀត ចាប់ផ្តើមយឺតឡើងៗ ចេញញញើតញញើម ហាក់ខ្លាចថា ប្រុសស្នេហ៍នៅចាំសាឡុង។
សំឡេងឥន្ត្រាលាន់មកប្រាប់ពីក្រោយខ្នង៖
«ទៅបាត់ហើយ!»
នាងដកដង្ហើមធូរទ្រូងដើរពើងជាងមុន។ សំឡេងប្រុសរអ៊ូមកទៀត៖
«សុទ្ធតែគំរាមទម្លាក់ខ្លួនពីលើ គ្នាដែលហ៊ាននៅ?!»
«អ្ហូយ គិតទៅហ្ន៎! ប្អូនប្រុសខ្លួនពិតជាមានចិត្តបានមែនឥន្ត្រា! ចេះខ្លាចខ្ញុំស្លាប់ទៀត? ភ្លេចថា កាលនៅកោះH….»
ស្រីឈប់វាចាកណ្តាលទីព្រោះពាក្យកោះមួយនេះ ចាក់នាងឈឺឈឹបក្នុងជម្រៅចិត្ត។
«និយាយរំឭករឿងដដែលៗ!»
ប្រុសស្អាតថាឱ្យ គ្របពីលើស្នូរកិនគ្រាប់កាហ្វេ។
«ប៉ុន្តែវាជារឿងដែលខ្ញុំត្រូវចងចាំមួយជីវិតនេះ!»
ឥន្ត្រាបែរមកសម្លឹងកំពូលអ្នកឈ្លោះជាមួយគេដែលមានសំឡេងអួលៗខ្សោយខ្សោះ គេថាឱ្យ៖
«គ្មានកម្លាំងទេ! គ្រាន់តែឃើញក៏ដឹងដែរ! ញ៉ាំអីសិនទៅ!»
នារីរេភ្នែកសម្លឹងតុបាយនៅពីចម្ងាយ ក្បែរវេរ៉ង់ដាធំ។
«ខ្ញុំចេញពីកន្លែងនេះ!»
នាងនិយាយតិចៗស្ទើរស្តាប់មិនចង់ឮ ប៉ុន្តែមាត់របស់នាងកម្រើកពេលណាក៏ឥន្ត្រាអាចទាយដឹងថាស្រីកំពុងតែនិយាយពីអ្វីដែរ។
ប៉ុន្តែងាកចេញមកបានបន្តិចក៏កែវឈប់ជើងនៅកណ្តាលបន្ទប់ទទួលភ្ញៀវដ៏ធំ ភ្នែកក្រឡិកក្រឡាប់គិត។ មនុស្សនេះបញ្ចេញឫកពាខែងរ៉ែងដាក់នាង ប្រហែល Lock ទៀតដឹង?
«កុំប្រាប់ថា ចេញស្ទីលដដែលឃុំខ្ញុំទៀត! ម្តងណេះខ្ញុំប្តឹង!»
គេបែរខ្នងក្បែរម៉ាស៊ីនឆុងកាហ្វេ។ មនុស្សឥន្ត្រាពេលខឹងមិនសូវនិយាយទេ។ នាងគួរស្គាល់គេ ព្រោះនៅក្បែរគេសឹងច្រើនជាងនៅជិតយូស៊ូផង។
កល្យាណទៅដល់មាត់ទ្វារ ទាញបើកគន្លឹះបានយ៉ាងស្រួល ប្រុងថាចាកចេញទៅហើយសំឡេងគេលាន់មកពីក្រោយខ្នង៖
«អត់ខ្លាចយូស៊ូដែលចាំនៅខាងក្រោមទេ?»
ស្រីទម្លាក់ដៃពីលើគន្លឹះមែន។ យូស៊ូពិតជាមានឥទ្ធិពលពេកណាស់លើអារម្មណ៍ស្រី។ ឥន្ត្រាបែរមកជាមួយកាហ្វេពីរពែង។ នាងពិតជាថយមកវិញដូចគេស្មាន។
«មិញខ្ញុំប្រាប់ហើយ! ប្អូនប្រុសខ្ញុំ បើគេសម្រេចចិត្តថា មកប្រឈមមុខជាមួយគ្នាហើយ គេនឹងជួបយើងដល់តែបាន!»
«អ្ហូ! ប្អូនប្រុសខ្លួនអស្ចារ្យណាស់! អ៊ីចឹងទុកឱ្យគេអស្ចារ្យម្នាក់ឯងទៅ! ចំណែករឿងជួបមុខមិនជួប មិនមែនគេសម្រេចម្នាក់ឯងបានទេ!….»
ឥន្ត្រនៅស្ងៀម ខ្ជិលនិយាយតបជាមួយ តែកន្ទុយភ្នែកពិតជាឃើញនាងថយមកអង្គុយលើសាឡុងកណ្តាលផ្ទះវិញ។ គេលួចញញឹមតិចៗ។ នេះបង្ហាញថា ស្រីតូចម្នាក់នេះ មិនហ៊ានចុះទៅពិតមែន។
នាងខ្លាចប្រឈមមុខនឹងបេះដូងខ្លួនឯង? ខ្លាចចិត្តអាចនឹងត្រូវទោរទន់ដោយអំណាចមនោសញ្ចេតនានៃមនុស្សពីរនាក់ដែលពិតជាស្រឡាញ់គ្នាខ្លាំង? គេគិតជាមួយសំណួរជាច្រើន។ គ្រប់គ្នានិយាយថា មនុស្សទឹកកកដូចគេ មិនមានស្នេហា មិនយល់ទេ ម្ល៉ោះហើយខ្ជិលគិត។
«មុនក្រោយគង់តែលើកទោសឱ្យគេទេ ទុកពេលបន្តិចសិនក៏មិនអី! ម៏ញ៉ាំអីបន្តិចសិន!»
«សង្ឃឹមទៅ!»
ស្រីថាតិចៗពិតមែនតែគេឮ។ ក៏មិនដឹងថា នាងចង់សង្ឃឹមលើរឿងអី រឿងយូស៊ូបានជួបឬរឿងនាងបរិភោគអាហាររបស់គេទេ ឥន្ត្រាសើចតិចៗ ដៃម្ខាងប្រុសស្អាតលើកាហ្វេមកឱ្យស្រីល្អ។
ក្លិនគ្រប់កម្លោចនេះពិតជាក្រអូបឆួលឆេះពេញបរិវេណ ប៉ុន្តែនាងសូម្បីតែសម្លឹងក៏អត់ដែរ កុំថាឡើយចង់ភ្លក់។
«ខ្ចីទូរសព្ទ បន្តិច!»
នាងស្រដីដោយមិនមើលមុខ។ មុខស្រីនៅក្រញូវ។ គេដៀងភ្នែកដាក់ពែងចុះហើយអង្គុយក្បែរក៏នៅមិនទាន់ឱ្យទូរសព្ទ។
នាងកំពុងខឹងនិងតែងតែឆេវឆាវ ម្ល៉ោះហើយគេខ្លាចនាងបង្កជាបញ្ហាដល់ខ្លួននាងនិងយូស៊ូ។
«ខ្ញុំខលទៅបងៗខ្ញុំ គាត់បារម្ភ ដឹងនៅ?»
ទម្លាក់ត្របកភ្នែកហើយគេហុចឱ្យនាងភ្លាម។ ស្រីស្អាតចុចលេខទៅដៃម្ខាងខំជូតទឹកភ្នែក សម្រួលសំឡេងគ្រហែមសម្តែងធ្វើជារួសរាយដូចគ្មានអ្វីកើតឡើង។
«បង!» បានមួយម៉ាត់គត់ដៃប្រុសលូកមកចុចសំឡេងបើកSpeaker ស្តាប់ឮទាំងអស់គ្នា។ នាងសម្លក់គេត្មែរ តែសំឡេងនៅតែសម្តែង៖
«បងនីដា!»
«ឯងនៅឯណា?!» ហាន់ដាពោលសួរស្រួយស្ញោក។
«ខ្ញុំមិនអីទេ ខ្ញុំទៅនៅផ្ទះមិត្តភក្ដិ!»
«មិត្តភក្តិណាមួយ!»
«អ្ហូយកុំដេញដោល ហើយកុំនាំគ្នាមក! ទុកពេលឱ្យខ្ញុំធ្វើចិត្តបន្តិច….រួច….ខ្ញុំសន្យាថា…ឈប់ទាក់ទងមនុស្សប្រុសម្នាក់នោះហើយ!»
«គេនៅក្បែរឯងដែរ?!»
នីយ៉ាដៀងសម្លឹងឥន្ត្រា ឃើញគេធ្វើមុខមាំនៅតាមដានការនិយាយរបស់នាង។ គេប្រហែលបារម្ភរឿងបងៗនាងថាអាចតាមមក ឬតាមធ្វើទុក្ខយូស៊ូ។
«បង….បងនីដាសួរពីអ្នក….អ្នកណា?!»
«សង្សារឯង សង្សារណា៎ មានសង្សារច្រើនអី?!»
នាងធ្វើជាសើចតិចៗ។ ឥន្ត្រាខ្មាសជំនួសងាកមុខចេញ នីយ៉ាតបតនឹងបងស្រីសុភាពធ្វើដូចមិនបានយំសោកអ្វី៖
«យូស៊ូមែនទេ? ខ្ញុំដេញចេញហើយ! ឈប់គិតទៅ ខ្ញុំមិននិយាយជាមួយមនុស្សនោះទៀតទេ! ថាម៉េចចឹងហើយ! ប៉ុន្តែទុកពេលឱ្យខ្ញុំបន្តិចណា៎ ឃាត់បងជេន កុំឱ្យឆេវឆាវ!»
«សំឡេងឯងយ៉ាងម៉េចហ្នឹង?!»
«អត់មានអីទាំងអស់ខ្ញុំផ្ដាសាយ! ប៉ុណ្ណឹងសិនណ៎ ខ្ញុំកំពុងរកញ៉ាំកាហ្វេ ឈ្ងុយខ្លាំងណាស់ មិត្ដភក្ដិខ្ញុំគេកិនឱ្យ!»
ឥន្ត្រាអស់សំណើចសើចស្ងួតបែរខ្នង កម្រើកស្មាសងខាង។ ពេលទ័លច្រក មនុស្សទឹកកកមានសិទ្ធិម្តងម្កាលក្លាយជាមិត្តភក្តិក្នុងល្ខោនសម្តែងរបស់នាង។
ខណៈពេលដែលស្រីល្អដាក់ទូរសព្ទចុះនិងទម្លាក់ទឹកមុខស្រពោនដូចដើម គេងាកមកបង្អាប់៖
«ប្អូនប៉ូលិស ម្ដងយំ ម្ដងសើចបាន ល្អមើលដែរទេតើ!»
«ឈប់យកខ្ញុំធ្វើជាប្រធានបទបទលេងសើច!»
«កុំភ្លេចថាយើងកំពុងនៅផ្ទះមិត្តភក្តិ យើងញ៉ាំកាហ្វេឈ្ងុយណាស់!»
ស្រីឃើញគេលើកពែងហុចមកទៀត ក៏ទទួលយកមកក្រេបមែន……ក្អឹក…..មិនទាន់បានស្វាងងោកងុយក្នុងទុក្ខកង្វល់ផង ស្នូរទ្វារមួលសោនិងរុញបើកមក ធ្វើឱ្យស្រីប្រញាប់ដាក់ពែងចុះងាកទៅបន្ទាន់។
ដំណើរអ្នកណាម្នាក់កាន់អ្វីមួយសវែងចូលមកដល់។ ជននោះនីយ៉ាស្គាល់ច្បាស់គឺសាម៉ោះ ក្នុងចំណោមមនុស្សដែលឃុំនាងនៅលើកោះ។ ទោះស្រីមិនចង់មើលមុខគេ ប៉ុន្តែស្បោងស្រោបរ៉ូបពណ៌សវែងនៅនឹងដៃដែលគេកាន់វែងមកជាមួយ ពិតជាបានធ្វើឱ្យស្រីភាំង ហើយក្រោកឈរយឹតៗ…..ឥន្ត្រាធ្មេចភ្នែកចង់បន្ទោសសាម៉ោះដែលឡើងមកមិនឱ្យដំណឹង។
នេះជារ៉ូបវែងដែលគេកុម្ម៉ង់មកសងនាងសុំទោស ខណៈអាវពិតរបស់នាងបានរហែកនិងប្រលាក់ខ្ទេចខ្ទាំនៅកោះH។
ឥន្ត្រាធ្វើការងារនេះព្រោះចង់រង់ចាំឱកាសណាមួយសុំទោសនាង។
ស្រីក្រោកយឺតៗភាំងៗ ញ័រដៃញ័រជើងពេលសម្លឹងឃើញរ៉ូបពណ៌ស ដែលនាងបានស្លៀកកាលពីយប់អកុសលមួយនោះ ក៏ជាយប់ដែលនាងត្រូវជាប់ឃុំខ្ទេចខ្ទាំចិត្ត នឹងសង្សារនាងមកដល់ពេលទាបភ្លឺ បន្តលេងល្ខោនលើទុក្ខវេទនារបស់នាង។
«ទៅៗ»
មនុស្សខ្ពស់ស្រាវទទួលលើកអាវមកកាន់ហើយបណ្តេញសាម៉ោះឱ្យចុះចេញវិញយ៉ាងរហ័ស។ នីយ៉ានៅតែភ្លឹងសម្លឹងរ៉ូបនៅលើដៃគេ។ ចាំច្បាស់ណាស់ថា ពេលចុងក្រោយដែលនាងធ្លាក់ទៅក្នុងទឹក ហើយឡើងមកវិញនាងបានបាត់វាទៅហើយ។ តែ….រឿងរ៉ាវជាច្រើននៃរ៉ូបមួយនេះ….កំពុងវាយប្រហារនាង។ រាប់ចាប់តាំងពេលបងប្រុសគេបើកទ្វារបន្ទប់ទឹកស្រី ហើយខ្លួនត្រូវគេចាប់ទៅចងទាំងស្លៀកពាក់ដូចទេពធីតា។
អតីតមួយនេះរកអត់ឱនមិនកើតនោះទេ។ នាងហាមាត់ស្រែកយំគគ្រូកស្តាយស្នេហាមួយដែលខ្ទេចខ្ទាំក្នុងជម្រៅចិត្តនេះ ក៏ជារឿងរ៉ាវដែលនាងមិនអាចអធ្យាស័្រយឱ្យកូនប្រុសម្ចាស់កោះHបាន។
ដឹងច្បាស់យល់ណាស់ថា នេះជាឈុតមួយធ្វើឱ្យនាងឈឺចាប់ពេលដែលនឹកឃើញបណ្ដារឿងរ៉ាវកើតឡើងនៅលើកោះខ្លួន គេព្យាយាមយកវាទៅទុកនៅក្នុងបន្ទប់យ៉ាងរហ័ស។


