រឿង៖ កម្មការិនី

ខ្ញុំផ្តើមត្រឹមពាក្យ «សល់អីខ្លះហើយរាល់ថ្ងៃ?»

ចង់សល់ទាល់តែរកមកទុក កុំចាយ កុំប្រើការ នេះជាអ្វីដែលខ្ញុំឆ្លើយតបទៅខ្លួនឯងពេលទទួលបានសំណួរនេះ ខ្ញុំមិនបាច់ត្រូវបកស្រាយបែបណាទៅកាន់អ្នកសួរ បើទោះខ្ញុំឆ្លើយអ្វី ក៏គេគង់នឹងតបមកវិញដដែលដូចឆ្លើយថា៖

«ធ្វើម៉េចសល់ បើចំណាយច្រើនជាងចំណូល?»

«មកពីវិមានឯងមិនចេះក្បិតក្បៀតសន្សំ! មើលមើល៍! ជាអ្នកដេរដូចខ្ញុំដែរសោះ ប្រាក់ខែដេរស៊ីបុងបានប្រហែលគ្នា ម៉េចខ្ញុំអាចឆ្លៀតទិញដីខ្លះ វិមានឯងគិតគូរទៅ ក្រែងពេលការអត់មានទ្រព្យខ្លះភ្ជាប់ចិត្តខាងម្តាយក្មេក!»

ខ្ញុំស្តាប់មិនចូលសម្តីអួតអាងរបស់ស្ត្រីនោះទេ ពេលយកលុយអាប់ថ្លៃម្ហូបរួច ក៏ដើរចេញ។

ដ្បិតត្រឹមជាកម្មការិនីរោងចក្រ តែពេលដេរបានស៊ីបុង យើងមានចំណូលច្រើនគួរសម តែចំណាយរបស់ពួកយើងម្នាក់ៗមិនដូចគ្នាទេ ចាំបាច់អីនិយាយមកប្រៀបធៀប?

ខ្ញុំដើរពីរោងចក្រទៅបន្ទប់ជួលបន្ទាប់ពីទិញម្ហូបល្ងាចរួច។

សំឡេងទូរស័ព្ទរោទ៍ ពេលថ្មើរនេះ អត់មានអ្នកណាក្រៅពីពុកទេ ខ្ញុំហ៊ានភ្នាល់។

«ចាសពុក?»

គាត់ស្ងាត់មិនឮតប មានតែសំឡេងក្អុកក្អាត់ឯស្រុកខែវស្សាយំទ្រហឹងជ្រៀតចូលតាមប្រព័ន្ធទូរស័ព្ទដល់ត្រចៀកខ្ញុំ។

ស្នូរចង្វាក់កង់លាន់រោករាកទំនងអាពៅទើបនឹងមកពីដឹកគោ ទើបឮគោស្រែកម៉ៗ ពុកស្រែកឱ្យអាអូនឮខ្លាំងៗ៖

«ម៉េចក៏ហែងមិនដឹកកូនវាទៅរកមេ?»

«មិនដឹងវាទៅដល់ណាទេឪ ខ្ញុំរកមួយល្ងាចហើយ មិនឃើញ!»

ខ្ញុំចាំស្តាប់បន្តទម្រាំនឹងពុកដឹងខ្លួនថា គាត់បានតេមកខ្ញុំ នាទីលោតដប់ម្ភៃទៅហើយ តែគាត់នៅរវល់ខឹងអាអូនធ្វើឱ្យបាត់មេគោ។

ពុកនិយាយបន្តហាក់ខឹង៖

«ឱ្យកង់មកអញ! អាឯងនេះប៉ិនខាងលេងណាស់ បានមេគោវាដើរឆ្ងាយបាត់!»

ខ្ញុំមិនដឹងនិយាយអីក្រៅពីសើច។ ពុកទំនងជិះកង់ចេញទៅ ក៏ប្រហែលទុកទូរស័ព្ទចោលទើបខ្ញុំឮអាពៅរអ៊ូរង៉ូវ៖

«គាត់អ្នកឃ្វាលសោះ មកចោទគេ!»

«អាពៅ! អាពៅ!»

ប្អូនខ្ញុំមិនឮហៅទេ វាអាចកំពុងខឹងពុកហើយមិនឃើញទូរស័ព្ទដែលមិនដឹងពុកទុកចោលកន្លៀតណា។ ខ្ញុំចុចបិទស្របពេលមកដល់បន្ទប់ជួលល្មម គិតថាចាំពេលយប់បន្តិចសឹមតេទៅគាត់វិញ ដើម្បីសួររឿងមេគោដែលបាត់នោះផង។

នឹកដល់រឿងស្រែ គោ ខ្ញុំនឹកចំប៉ីនោះដែរ ពេលមិនទាន់ឡើងមកធ្វើការ ខ្ញុំក៏ជាអ្នកឃ្វាល រកស្មៅឱ្យវាស៊ីរាល់ថ្ងៃ។ មេគោនេះជានិស្ស័យស្នេហ៍ពុកជាមួយម៉ែ ទើបគាត់ថែណាស់ ហើយពេលវាដាច់ហ្វូងម្តងៗពុកភ័យស្លន់ ដើររកទាំងយប់អធ្រាត្រ គាត់ខ្លាចបាត់សំណព្វចិត្ត ព្រោះពេលបានឃើញមុខវា គាត់ដូចបានឃើញមុខម្ចាស់ដែលជាប្រពន្ធកម្សត់កម្ររបស់គាត់។

គិតទៅម៉ែស្លាប់ជាងមួយឆ្នាំ ពុកធ្វើចិត្តមិនទាន់បាននៅឡើយ ដ្បិតថាកាលពីអតីត គ្រួសារនេះវេទនា ឈឺចាប់ រីងរៃព្រោះពុកជាមនុស្សប្រមឹក រករឿងឈ្លោះប្រពន្ធកូន តែក្រោយពេលមរណភាពរបស់ម៉ែ គាត់ក៏ប្រែជាមនុស្សម្នាក់ថ្មី ដែលឈប់ធ្វើឱ្យខ្ញុំជាកូនស្រីច្បងឈឺចាប់ទៀត។

គាត់រស់នៅជាមួយវិប្បដិសារៈ នេះគឺជាលទ្ធផលដែលយកស្រាធ្វើជាត្រីមុខមួយពេលរបស់គាត់ តែសម្រាប់ខ្ញុំ អតីតកាលរបស់ពុកកន្លងមក ខ្ញុំបំភ្លេចអស់ហើយ យ៉ាងណាគាត់ជាពុកខ្ញុំ ជាអ្នកមានគុណ ហើយម្យ៉ាងពុកសមនឹងការលើកលែងទោស ដែលពេលនេះគាត់ខំណាស់ ធ្វើស្រែចម្ការក៏ដើម្បីប្អូនៗរបស់ខ្ញុំបានរៀនសូត្រទៀងទាត់ មិនដូចខ្ញុំបានត្រឹមថ្នាក់អនុវិទ្យាល័យ។

តែគិតទៅ លុយធ្វើបុណ្យ១០០ថ្ងៃម៉ែ នៅសងគេមិនទាន់គ្រប់នៅឡើយ។ នៅជំពាក់ថ្លៃរោងនិងចុងភៅ សំណាងដែលពួកគាត់សុទ្ធតែជាអ្នករាប់អានជាមួយម៉ែនិងតាកាលពីមុន ទើបគេឱ្យជំពាក់បណ្តោះសិន ដោយចាំបាច់ត្រូវបង់ថ្លៃសិក្សាប្អូនជាអាទិភាព និងទិញកុំព្យូទ័រឱ្យវាបានរៀននឹងគេ។

នឹកទៅក៏សើច ពេលបងស្រីសួរខ្ញុំថាសល់អីខ្លះហើយធ្វើការរាល់ថ្ងៃ?

ខ្ញុំសល់តែពុក សល់តែប្អូនៗបួននាក់ដែលត្រូវស៊ូយ៉ាងណា គឺដើម្បីវាបានរៀនចប់ យ៉ាងហោចក៏ត្រឹមថ្នាក់ទី១២ដែរ​។

ខ្ញុំដាក់ដាំបាយហើយធ្វើម្ហូប អារម្មណ៍ហោះទៅដល់ស្រុក ទើបមិនចាប់ភ្លឹក ធានីមិត្តរួមបន្ទប់មកដល់ហើយអង្គុយធ្វើមុខក្រម៉ូវតាំងពីពេលណា។

ខ្ញុំសង្កេតឃើញគេចុចទូរស័ព្ទថ្មី ប្រហែលទើបដូរស៊េរី អាទូរស័ព្ទមានភ្នែកមានអីហ្នឹងគេផង។

«ធានីអ្ហា! ឯងឈប់ពីកន្លែងចាស់ទៀតហើយមែន?»

ខ្ញុំសួរព្រោះក្រឡេកឃើញកាតថ្មីដែលធានីកំពុងពាក់។ ទើបតែជាង៤ខែសោះ នាងប្ដូររោងចក្របីផ្សេងគ្នាទៅហើយ ព្រោះធានីចង់តាមមិត្តភក្តិថ្មីដែលទើបនឹងរាប់អាន តែខ្ញុំស្តាយអតីតភាពនិងអត្ថប្រយោជន៍ជំនួស ព្រោះយើងធ្វើនៅរោងចក្រចាស់ជាមួយគ្នាជិតដប់ឆ្នាំហើយ លុយរម្លឹកអតីតភាពនិងបំណាច់ឆ្នាំ លុយផ្សេងៗក៏មិនតិចដែរ។

ធានីមិនមើលមុខខ្ញុំគិតតែសម្លឹងទូរស័ព្ទហើយឆ្លើយកំបុតៗ៖

«ឈប់ហើយ!»

ខ្ញុំគិតរកទៅធ្វើម្ហូបដោយមិនតបមិនសួរ ព្រោះមិនចង់និយាយអ្វីនាំប៉ះពាល់អារម្មណ៍ដែលនាងកំពុងស្មុគស្មាញ បើទោះចង់ណែនាំក៏ទម្លាប់ខ្ញុំ ត្រូវសង្កេតមើលទឹកមុខធានីជាមុន។

ខ្ញុំនិងធានីជាអ្នកស្រុកតែមួយ ពួកយើងចេញពីកំពង់ស្ពឺមកជួលផ្ទះម្តុំផ្សារបែកចានដើម្បីរកការងារធ្វើ។ ខ្ញុំយ៉ាងហោចណាស់បានរៀនចប់អនុវិទ្យាល័យ តែធានីរៀនត្រឹមថ្នាក់ទី៦ហើយក៏ត្រូវចេញមកធ្វើការមុនខ្ញុំ។

កម្រិតជីវភាពពួកយើង សុទ្ធតែត្រូវការកូនស្រីដែលជារៀមច្បងគ្រួសារចេញមុខដោះស្រាយនិងរកស៊ី ដើម្បីផ្គត់ផ្គង់ ពីមុនខ្ញុំមានទាំងម៉ែទាំងពុក តែធានីមានតែម្តាយម៉េម៉ាយម្នាក់ ដែលឪពុកបានស្លាប់ព្រោះធ្លាក់ពីលើចុងត្នោត។

ប៉ុន្មានខែនេះ ខ្ញុំឮពុកលួចខ្សឹបថា អ៊ំញ៉េនម្តាយនាងទៅរអ៊ូប្រាប់ពុករឿងធានីមិនផ្ញើលុយទៅផ្ទះ តែខ្ញុំក៏មិនហ៊ាននិយាយរឿងធានីដូរកន្លែងការងារប្រាប់ពុកដែរ នាំតែនាងថាខ្ញុំមាត់ច្រើន ចេះដឹងរឿង។

«អាញ៉េនថ្ងៃមុនមានគេមកទារលុយដល់មុខផ្ទះ»

ព្រោះតែសំឡេងពុកប៉ុន្មានឃ្លានេះនៅរងំក្នុងត្រចៀកទើបធ្វើឱ្យខ្ញុំឈឺឆ្អាល សួរទៅធានី៖

«ឯងមិនបានផ្ញើលុយទៅឱ្យមីងទេអ្ហេស?»

ធានីផ្អាកបាយដែលរៀបដាក់មាត់សម្លឹងមុខខ្ញុំជំនួស គេទំនងជាខឹងទើបទម្លាក់ស្លាបព្រាចូលទៅក្នុងចានវិញ។

«លុយចុងក្រោយរោងចក្រចាស់ផ្ញើឱ្យអស់ហើយ គាត់នៅចង់បានអីទៀត? យើងរកលំបាកណាស់ គ្រាន់តែចង់ទិញទូរស័ព្ទទំនើបប្រើនឹងគេម្តងមិនបានទេអ្ហេស?»

«ធានីអ្ហា…»

«បានហើយវិមាន!»
គេស្តីឱ្យខ្ញុំទាំងមុខក្រម៉ូវ ហើយក៏ដើរចេញមិនទាំងហូបបាយបានមួយម៉ាត់ផង។ ខ្ញុំដឹងថាលុយពិបាករក វាប្តូរមកដោយញើសឈាមរបស់យើង ហើយក្នុងកាលៈទេសៈបែបនេះ យើងរឹតតែមិនគួរចំណាយវាផ្តេសផ្តាស ជាពិសេសលើសម្ភារៈនិយមទាំងអស់នេះ។

ព្រោះតែខឹងខ្ញុំសួរនាំទើបថ្មើរនេះហើយ គេមិនទាន់ចូលផ្ទះ។ ខ្ញុំនៅអង្គុយលេងលើគ្រែខាងមុខបន្ទប់អង្គុយចាំធានីក៏ឮសំឡេងសូណាដែលនៅបន្ទប់ជួលជាប់គ្នាដូចជាខ្សឹកខ្សួល។ ខ្ញុំដើរទៅអើតមើលតាមបង្អួចដែលនាងបើកចោល ឃើញសូណាអង្គុយនិយាយទូរស័ព្ទបណ្តើរយំបណ្តើរ៖

«ខ្ញុំគ្មានទេម៉ែ! ចង់ឱ្យខ្ញុំទៅធ្វើស្រីខូចទើបម៉ែអស់ចិត្តមែន?»

ខ្ញុំបក់ដៃហៅសូណាឱ្យចេញមកក្រៅបន្ទប់ គឺបង្ខំឱ្យនាងផ្តាច់ទូរស័ព្ទឈប់និយាយជាមួយម្តាយដែលគ្មានចិត្តមេត្តា មិនស្រលាញ់កូនដូចគាត់ទៀត។

ច្បាស់ណាស់សូណាយំដោយសាររឿងហ្នឹងតាំងពីដើមមក។ ម្តាយសូណាខុសពីម្តាយធានី មិនថាមួយខែសូណាផ្ញើលុយឱ្យគាត់ប៉ុន្មានដង នាងត្រូវបន្ថែមម៉ោងធ្វើការដល់យប់ជ្រៅប៉ុនណា ឬក៏ខំលក់ផលិតផលតាមអនឡាញយ៉ាងណាក៏ដោយ ក៏គាត់នៅតែតែទារលុយកូនស្រីច្រើនជាងតេមកសួរសុខទុក្ខនាង។

គាត់មិនដឹងថារាល់ថ្ងៃសូណារិះថាំកម្រិតណាទើបអាចសន្សំលុយបានតាមតម្រូវការ​គាត់។ ថ្ងៃខ្លះម្ហូបមួយមុខត្រូវសន្សំឱ្យបានបីពេល ម៉ោងធ្វើការច្រើនជាងម៉ោងសម្រាក សូម្បីផ្លែឈើមួយផ្លែក៏មិនហ៊ានទិញហូប កូនស្រីច្បងរបស់គាត់លះបង់យ៉ាងនេះ គាត់នៅអាចស្រែកជេរស្តីនាងតាមទូរស័ព្ទថាជាកូនអកត្តញូ រកលុយចិញ្ចឹមមនុស្សប្រុសមិនខ្វល់ពីម្តាយ?

គុណម្តាយធំធេងណាស់ ទឹកចិត្តស្រលាញ់មហាសាលដែលគ្មានអ្វីអាចវាស់វែងបាន តែម្តេចក៏នាងគ្មានវាសនាអាចជួបម្តាយដែលមានចិត្តមេត្តាធម៌ ស្រលាញ់កូនដូចម្តាយគេដទៃ?

សូណាផ្អែកក្បាលលើស្មាខ្ញុំទាំងមិនទាន់បាត់យំនៅឡើយ៖

«វិមាន! យើងចង់ចាកចេញពីលោកនេះ!»

សម្តីនាងធ្វើឱ្យដៃជើងខ្ញុំញ័រភ័យ ពីមុនមិនថានាងលំបាកយ៉ាងណា ត្អូញត្អែរយ៉ាងណាក៏ដោយ ខ្ញុំនៅមើលឃើញភាពរឹងមាំ តស៊ូរបស់នាងគឺសូណាគិតដល់ម្តាយនិងប្អូនៗ តែមិនស្មានអាចឮពាក្យមួយម៉ាត់នេះចេញមកពេលនេះ ជីវិតនេះពិតជាបង្ខំឱ្យនាងគិតឃើញរឿងអវិជ្ជមានទាល់តែបានមែន។

ខ្ញុំក្តាប់ដៃសូណាដើម្បីលួងលោមនាង៖

«ស្លាប់មិនមែនជាដំណោះស្រាយទេសូណា! ការស្លាប់គ្រាន់តែជាការគេចវេះពីបញ្ហា បើជាតិនេះឯងគេចដោយរបៀបនេះ ជាតិក្រោយឯងនៅតែមិនអាចដោះស្រាយបានដដែល! ឯងមើលទៅ…»

ខ្ញុំចង្អុលឱ្យសូណាមើលទៅបន្ទប់ជួលមួយនៅពីមុខផ្ទះយើង។ ពីរនាក់ប្តីប្រពន្ធនេះក្រលំបាកវេទនាណាស់ ម្តាយឪពុកបំបែកពួកគាត់មិនឱ្យរស់នៅជាមួយគ្នា តែពួកគាត់ជម្នះ ហើយនាំគ្នាមកជួលបន្ទប់នៅទីនេះ គាត់មកដោយដៃទទេ តែប្តីប្រពន្ធគាត់ស្រលាញ់គ្នា ខំប្រឹងតស៊ូជាមួយគ្នា ប្តីរកប្រពន្ធទុកដាក់ ក៏អាចមានហូបខ្លះអត់ខ្លះ តែរស់នៅពេញដោយស្នាមញញិមនិងក្តីសុខ…

«កើតមកក្រមានម្តាយមិនយល់ពីទុក្ខលំបាកយើង មិនសំខាន់ណាស់ទេ អ្វីដែលឯងគួរធ្វើបំផុត តស៊ូ ប្រឆាំងព្រេងវាសនានេះ បើឯងចាកចេញ ប្អូនៗឯងសង្ឃឹមអី? ប្តីប្រពន្ធគាត់មួយគូនេះ បើនៅចាំទទួលយកព្រេងវាសនា ច្បាស់មិនអាចមានលុយហូបបាយគ្រប់គ្រាន់ ហើយបង្កើតកូនប្រុសម្នាក់ដែលមានសុខភាពល្អយ៉ាងនេះទេ ជីវិតមនុស្សគឺត្រូវការការតស៊ូ ភាពលំបាក គ្រាន់តែជាឧបសគ្គនិងជាមេរៀនឱ្យយើងចេះរឹងមាំប៉ុណ្ណោះ!»

សូណាសម្លឹងមុខខ្ញុំហើយសួរមក៖

«ឱ្យយើងធ្វើយ៉ាងណាជាមួយម៉ែ?»

«គាត់ជាម្តាយ កាត់ទឹកមិនដាច់ កាត់សាច់មិនបាន យ៉ាងណាខ្ញុំជឿថា គាត់សុទ្ធតែមានក្តីអាណិតស្រលាញ់ក្នុងចិត្តក្នុងនាមជាម្តាយ ឯងទ្រាំបន្តិចទៅ ពេលវេលាអាចនឹងឱ្យគាត់យល់ពីឯង មកពីពេលនេះ គាត់ស្រលាញ់ប្តីចុងគាត់ពេក ទើបមិនគិតពីឯងសោះ!»

ខ្ញុំសម្លឹងមុខស្លេកស្លាំងរបស់សូណា មើលទៅនាងដូចមនុស្សគ្មានកម្លាំង ឯឆ្នាំងក៏ឃើញគ្របចោលលើតុតូចមួយមុខបន្ទប់នាង ដឹងថាសូណាទំនងមិនទាន់គិតគូររឿងបាយទឹកនៅឡើយ មកពីរវល់ប្រកែកគ្នានិងម្តាយ ខ្ញុំក៏សួរទៅនាង៖

«ឯងមិនទាន់ហូបបាយទេ?»

សូណាក្រវីក្បាលទាំងតំណក់ទឹកភ្នែកនៅដក់លើថ្ពាល់៖

«ចាំយើងដួសបាយឱ្យឯង ទោះហត់នឿយយ៉ាងណា ក៏មិនត្រូវចោលបាយដែរ បើឯងដួលហើយ ប្អូនឯងបានអីសង្ឃឹម? ក្រែងឯងចង់ឱ្យពួកគេរៀនចប់ដើម្បីរកការងារបានល្អជាងនេះ?»

«ល្អណាស់វិមាន! យើងស្តាប់ឯង!»

«អង្គុយហ្នឹងហើយ យើងទៅដួសបាយឱ្យ!»

ទោះខ្ញុំមិនអាចជួយសម្រាលជីវភាពគ្រួសារសូណា ឬផ្សះផ្សារម្តាយកូនគេឱ្យចុះសម្រុងគ្នាបាន តែខ្ញុំយល់ថា នៅពេលមនុស្សម្នាក់ពិបាកចិត្ត ពិតជាត្រូវការអ្នកណាម្នាក់ដែលអាចស្តាប់រឿងក្នុងចិត្ត ចែករំលែកភាពលំបាកទាំងនោះ ផ្តល់កម្លាំងចិត្តជួយសម្រាលបន្ទុកថប់ទ្រូងរបស់គេឱ្យធូរស្បើយ តែក៏ស៊ីសងលើសូណា ដែលព្រមអនុញ្ញាតឱ្យខ្លួនឯងទទួលយការជួយជ្រោមជ្រែងពីអ្នកដទៃ ជាជាងសំងំនៅក្នុងបន្ទប់កើតទុក្ខម្នាក់ឯង។

ខ្ញុំដួសបាយដែលទុកមួយផ្នែកឱ្យធានីពេលគេត្រលប់មកវិញឱ្យទៅសូណាខ្លះ ពួកយើងអាចចែករំលែកគ្នារស់បានគឺជារឿងប្រពៃណាស់ សារជាតិល្អរបស់មនុស្សគឺការចេះចែករំលែក ដូចសារជាតិរបស់ម្តាយគ្រប់រូបច្បាស់ជាស្រលាញ់កូនដែលគាត់ខំពពោះថែរក្សាអស់ជាច្រើនឆ្នាំ។

ខ្ញុំនៅតែសង្ឃឹមថា ម្តាយសូណាថ្ងៃណាមួយគាត់បានយល់ពីកូនស្រី ហើយឈប់បង្ខំនាងឱ្យដើរផ្លូវទាល់ដូចជាពេលនេះទៀត។

ខ្ញុំសម្លឹងឃើញសូណាហូបបាយទាំងរីករាយ ចិត្តខ្ញុំបានស្បើយខ្លះហើយពីការបារម្ភទៅលើពាក្យនាងមួយឃ្លាមុននោះ។ ពួកយើងអង្គុយនិយាយគ្នាបន្តមិនស្មានសំឡេងម៉ូតូមួយលាន់មក ភ្លើងហ្វាបាញ់ចំមុខពួកយើងទាំងពីរ ខ្ញុំផ្ទៀងមើលឃើញធានីដើរមកជាមួយអាវរហែកស្មា សក់កន្រ្ទើង ទឹកមុខស្លេកស្លាំង ភ្នែកសម្លឹងទៅដីដូចមនុស្សគ្មានវិញ្ញាណ។

ខ្ញុំស្លុតស្ទុះទៅត្រកងមិត្តភក្តិដែលត្រូវប្រុសម្នាក់ជូនមកបន្ទប់ទាំងដែលខ្ញុំមិនធ្លាប់ស្គាល់គាត់នោះទេ។

«ធានី! មានរឿងអី?»

សូណាជួយខ្ញុំគ្រាហ៍ធានី ពូម្នាក់នោះក៏និយាយឡើងកាត់ភាពស្លន់ស្លោរបស់យើង៖

«ខ្ញុំដឹកគេមកពីស្នងការ មិនទាន់បានលុយទេ!»

ខ្ញុំដឹងថាគាត់ជាអ្នករត់ម៉ូតូឌុប ក៏ប្រញាប់ដកលុយពីហោប៉ៅឱ្យទៅគាត់ហើយក៏លួចសួរបន្ថែមពីរឿងធានីពេល​សូណា​នាំនាងចូលទៅក្នុងបន្ទប់បាត់៖

«ពូមានដឹងថាមានរឿងអីទេ? ហេតុអីមិត្តភក្តិខ្ញុំទៅប៉ុស្តិ៍ប៉ូលិស?»

«ពូមិនច្បាស់ទេ តែមើលទៅមិត្តភក្តិក្មួយដូចត្រូវថ្នាំគេ!»

ខ្ញុំទើបចាប់ភ្លឹកថាធានីមិនបានជិះម៉ូតូមកវិញ។

ធានីត្រូវចោរប្លន់? ពូម៉ូតូឌុបចេញទៅ ខ្ញុំចូលទៅមើលមិត្តឃើញនាងដេកយំឃ្លុំភួយជិត។ ទោះមានរឿងជាច្រើនដែលខ្ញុំចង់ដឹង តែមិនមែនក្នុងស្ថានភាពបែបនេះឡើយ ធានីអាចកំពុងជួបរឿងដែលប៉ះពាល់ផ្លូវចិត្តទើបនាងក្លាយទៅជាបែបនេះ ខ្ញុំនិងសូណាមានតែឱបគេដើម្បីផ្តល់កម្លាំងចិត្តជាជាងសួរនាំពីរឿងដែលបានកើតឡើង នាំគេពិបាកចិត្ត។

មួយសន្ទុះទើបធានីព្រមដកភួយចេញពីមុខហើយស្ទុះមកឱបខ្ញុំ៖

«វិមាន…»

នាងនៅតែយំគឃូស សូណាសម្លឹងមុខខ្ញុំចង់បញ្ជាក់ថា អ្វីដែលខ្ញុំនិយាយវាពិតណាស់ហើយ តែមិនស្មានថាត្រឹមចោរយកម៉ូតូទៅបាត់ ធានីបានជួបរឿងគួរឱ្យភ័យខ្លាចជាងនេះទៀត៖

«មិត្តភក្តិដែលយើងខំប្តូរកន្លែងការងារទៅជាមួយគេ ការពិតគឺជាអ្នកជួញដូរមនុស្ស!»

ខ្ញុំនឹងសូណាស្រឡាំងកាំង ធានីក៏រៀបរាប់មកទៀត៖

«វាបោកយើងយកទៅឱ្យចិនម្នាក់ ហើយឱ្យបក្ខពួកវាមកលួចម៉ូតូយើងទៅ!…សំណាងហើយ ដែលប៉ូលិសមកទាន់ បើមិនអ៊ីចឹង…»

សូណាអង្អែលស្មាធានីលួងលោម៖

«អស់អីហើយធានី! អស់អីហើយ!»

«ពេលនេះប៉ូលិសចាប់គេបានហើយ! តែអ្នកដែលលួចម៉ូតូយើង មិនទាន់ចាប់បានទេ! បាត់ម៉ូតូ យើងមានអីទៅចួបម៉ែ?»

ម៉ូតូដែលធានីមានជិះ គឺបានដោយសារម្តាយគេខំសន្សំពីប្រាក់ខែដែលគេផ្ញើទៅ។ មីងញ៉េនខំខ្ចីលុយ ចងការប្រាក់អ្នកភូមិដើម្បីបង្គ្រប់ទិញឱ្យកូនស្រីស្រួលធ្វើដំណើរទៅធ្វើការ ឬចង់ទៅលេងផ្ទះពេលណាក៏បាន គាត់គិតដល់ការលះបង់របស់កូនដែលធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃ ចំណាយមួយកាក់មួយសេនក្បិតក្បៀតសន្សំទុករបស់ទ្រព្យឱ្យកូន ដើម្បីឱ្យគេមានកម្លាំងចិត្តធ្វើការ។

គាត់ស៊ូចាយខ្លះអត់ខ្លះ យ៉ាងណាបានសន្សំមួយជីពីរជីទុកឱ្យកូន យ៉ាងនេះហើយ ទើបពេលធានីមិនផ្ញើលុយទៅឱ្យមានអ្នកចងការប្រាក់មកតាមទារដល់ផ្ទះ។

———-

មួយខែកន្លងផុត…

ម៉ូតូរបស់ធានីបានមកដល់ម្ចាស់វិញ ក្រោមការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច។

ថ្ងៃភ្ជុំបិណ្ឌនេះយើងមកលេងស្រុកកំណើតជិះម៉ូតូមកជាមួយគ្នា ឯសូណាក៏បានទៅលេងផ្ទះដែរ។

ធានីបានមកសំពះសូមទោសម្តាយ ខ្ញុំឃើញមីងញ៉េនស្រក់ទឹកភ្នែកទាំងរំភើបរីករាយ ក្រោយបានដឹងរឿងកូនស្រីចាញ់បោកគេ ហើយត្រូវគេលួចម៉ូតូបាត់។ គាត់មិនស្តាយរបស់ គាត់ថាសំខាន់ឱ្យតែកូនស្រីគាត់មិនអី ហើយអាចមានសុខភាពផ្លូវចិត្តធម្មតាវិញដូចពេលនេះ។

ខ្ញុំបានទៅដល់ផ្ទះចួបពុក ត្រឹមញញិមសម្លឹងមុខគាត់ខ្ញុំដឹងថាពុកចង់និយាយពីអី ពុកខ្ញុំមិនចូលចិត្តបង្ហាញក្តីស្រលាញ់ចំពោះកូន គាត់ជាមនុស្សមាត់រឹងចិត្តទន់។

ពុកលួចសរសើរកូនស្រីរបស់គាត់នៅចំពោះមុខអ្នកស្រុក ដែលថាបើទោះធ្វើការព្រលឹមចេញបាត់ព្រលប់ចូលផ្ទះមិនសល់អី តែគាត់បានកូនស្រីល្អមានមេត្តាធម៌ មានចិត្តសប្បុរសគឺជាគុណបុណ្យរបស់គាត់ពេកណាស់។

ពុកថាមិនគួរពីមុនគាត់ចំណាយពេលវេលាទៅដោយគ្មានប្រយោជន៍ បើគាត់អាចគិតយល់ដូចពេលនេះម្ល៉េះមិនសមប្រពន្ធគាត់ទៅបាត់ ដោយមិនបានឃើញគ្រួសារមានសុភមង្គល មានក្តីសុខដូចពេលនេះទេ។

ក្រោយពីត្រលប់មកពីវត្តដុតភ្លើងអន្សមឆ្អិនរួច ខ្ញុំនិងធានីនាំគ្នាទៅអង្គុយលេងលើភ្លឺស្រែខៀវស្រងាត់ខែវស្សាដែលទឹកជន់ពេញ និយាយគ្នាលេងរម្លឹកអនុស្សាវរីយ៍កាលពីតូច។

«យើងនៅចាំថ្ងៃមួយដែលឯងរត់គេចពីពូដេញវ៉ៃ ព្រោះគាត់មិនចង់ឱ្យឯងទៅរៀន តែឯងនៅតស៊ូទាំងសំពត់ប្រឡាក់ភក់ ត្រដរទៅសាលា!»

ខ្ញុំញញិម ព្រោះអតីតកាលជូរចត់នោះ លែងឆាបយកតំណក់ទឹកភ្នែកខ្ញុំបានទៀតហើយ។ ធានីឃើញខ្ញុំមិនមាត់ក៏និយាយមកទៀត៖

«គិតទៅយើងស្តាយដែរ បើមានចំណេះដូចឯង ការសម្រេចចិត្តរបស់យើង អាចបានវែងឆ្ងាយជាងនេះ មិនជាប់មានអតីតកាលដ៏ខ្មៅងងឹតនោះឡើយ…»

ខ្ញុំអង្អែលស្មាធានី គេក៏សម្លឹងមុខខ្ញុំហើយនិយាយបន្ថែម៖

«ខ្ញុំពិតជាសរសើរឯងណាស់វិមាន! ដ្បិតត្រឹមជាកម្មការិនីរោងចក្រ រៀនបានតិច តែឯងមិនដែលឱ្យពាក្យវាយតម្លៃរបស់អ្នកដទៃ ដែលចូលចិត្តមើលងាយស្រីរោងចក្រដូចយើងមានអំណាចឡើយ ឯងតស៊ូ ខំសន្សំ កត្តញូ ប្រឹងប្រែងធ្វើការ មិនឱ្យពូពិបាកចិត្ត ជួយជ្រោមជ្រែងប្អូនៗឱ្យបានរៀនសូត្រ…»

«បើពួកយើងស៊ូ យើងខំសន្សំ ថ្ងៃក្រោយគង់តែសល់!»

«យើងអរគុណណាស់ដែលឯងមិនបោះបង់ខ្ញុំ មិនស្អប់ខ្ពើម ហើយតែងនៅក្បែរផ្តល់កម្លាំងចិត្ត មានឯងជាមិត្ត ជាអ្នកស្រុក យើងសំណាងណាស់! បើមិនបានឯង ពេលនេះយើងមិនដឹងទៅជាយ៉ាងណា…»

«អ្នកណាឱ្យពួកយើងធំធាត់មកជាមួយគ្នា ហើយស្និទ្ធស្នាលគ្នាដូច​បងប្អូន? ជាបងប្អូនគឹត្រូវចេះស្រលាញ់គ្នាបែបនេះហើយ!»

«សូណាប្រាប់យើងថា ឯងឱ្យគេខ្ចីលុយធ្វើដើមទុនទិញឧបករណ៍សម្អាងបើកក្នុងបន្ទប់ជួលថ្ងៃសម្រាក?»

«គេជំនាញស្រាប់ ថ្ងៃអាទិត្យយ៉ាងហោចណាស់ មានម៉ូយកក់សក់ លាបក្រចក គ្រាន់បានលុយខ្លះរួចថ្លៃម្ហូបដែរ! គេខំសន្សំទុកផ្ញើលុយឱ្យប្អូនៗបានរៀន!»

«ល្អហើយ! យើងក៏គិតចង់រកជំនាញមួយទៅថ្ងៃមុខដែរ! ល្អទេ? បើយើងបើកហាងកាត់ដេរមួយ?»

«ឯងច្បាស់ជាអាចធ្វើបាន!!!»

ខ្ញុំអង្គុយជាមួយធានីអង្គុយលេងដល់ថ្ងៃលិចទើបនាំគ្នាទៅផ្ទះ ពួកយើងសន្យាថា ធ្វើការរោងចក្រត្រឹមដប់ឆ្នាំទៅមុខប៉ុណ្ណោះ នឹងសន្សំលុយដើម្បីបើករបររកស៊ីខ្លួនឯងនៅស្រុកកំណើតវិញ៕

ចប់