មិននឹកស្មានសោះថា នៅពេលដែលចេញពីបន្ទប់មកវិញ បែរជាឃើញនាងទៅឈរក្បែរទូស្រាជាមួយដប Vodka ក្នុងដៃ។
«អ្ហេ៎! អ្ហេ៎!»
ប្រុសឃាត់ទាំងហួសចិត្តដ្បិតអីកិន្នរកំពុងឈរលើកស្រាអកលេបក្អឹកៗមួយទំហឹង។ ស្រា Spirytus ដែលឈរតំណែងជាកំពូលរសជាតិដ៏ខ្លាំងបំផុតក្នុងលោកបានធ្វើឱ្យស្រីក្អកគឃូស ទម្លាក់ដបមកកាន់ វាយភ្នែកដែលវិលវល់សម្លឹងមកគេវិញ។
«ហើយ! ផឹកអស់ប៉ុន្មានហើយ?»
«ចង់គិតលុយមែន?» នាងធេងធោងនិយាយអន្លាយៗ។ ប្រុសដៀងសម្លឹងដំណើររាងតូចស្រីម្នាក់នេះ ដែលទន់ខ្សោយតែធ្វើខ្លួនឯងរឹងមាំ។
«ឱ្យមកវិញឱ្យលឿន!» គេដើរវែងៗទាមទារយកដបស្រា ព្រោះពួកស្រាប្រភេទនេះពុំមែនដូចស្រាក្រហមធម្មតាៗ ដែលស្រីធ្លាប់លេបលេងទេ។ មិនដឹងនាងត្រូវទៅពេទ្យឬអត់ផង នៅពេលស្រាសល់តែកន្លះដប។
«ឱ្យមកនីយ៉ា!»
គេនិយាយស្រទន់ពេលនាងមើលមកស្រទន់ដូចគ្នា ហើយលាក់ដបទៅក្រោយចង្កេះ។ ស្រីវាចាទន់មាត់៖
«សភាពខ្ញុំពេលនេះ មើលចុះឥន្ត្រា! ធ្លាក់ខ្លួនបែបនេះហើយនៀក! ខ្ញុំត្រូវការវា!»
«ពីណាប្រាប់ថា ស្រាដោះស្រាយបញ្ហាខូចចិត្តបាន?!»
គេសួរដោយលូកដៃម្ខាងមកប្រុងចាប់នាង ធ្វើឱ្យនារីថយក្រោយទាំងបបូរមាត់ក្រហមៗស្អាតបំព្រងនឹងភ្នែកសម្លឹងអ្នកជាប់។
ស្រានៅលាក់ក្រោយខ្នងមិនទាន់លេបអស់ផង ក៏ជំហាននាងរាងព័ន្ធជើងទន់ៗដំណើរទៅហើយ។
«មើលដំណើរ! ឱ្យមកវិញបានហើយ!» ប្រុសសម្លឹងស្រីដោយខ្សែភ្នែកបន្ទោស និងលាដៃទាមទារដោយក្តីបារម្ភ។
«ធ្លាប់ខូចចិត្តដែស?» ស្រីសួរមកវិញដោយកែវភ្នែកប៉ះគ្នាស្រទោស្រទន់ ប៉ុន្តែមិនមែនមកពីនាងមានមនោសញ្ចេតនាអ្វីលើបុរសនេះនោះទេ ភ្នែកនាងស្រវឹងអាកុលប្រុងតែវិលដួលម្តងៗដូចកាលនៅជាន់ខាងលើដំបូល។
ឥន្ត្រាឈប់ស្ងៀមលើកដៃរាឃាត់ ប្រាប់នាងកុំឱ្យថយក្រោយទៀត គេខ្លាចនាងទៅប៉ះនឹងរបស់របរនាំមានរបួស រួចទើបចង្អុលទៅសាឡុងឱ្យនាងទៅអង្គុយញ៉ាំតាមសម្រួលនៅទីនោះ។
«មួយក្អឹកទៀតបានហើយណ៎ា និយាយគ្នាឱ្យហើយ!» ប្រុសចង្អុលនាងធ្វើឱ្យស្រីញញឹម លើកដបពីក្រោយខ្នងមកសម្លឹង ហើយងើបសម្លឹងមុខបុរសនេះ។
«កំណាញ់!!!»
ថារួចទើបដើរទៅសាឡុងប្រះលើសាឡុងទាំងដៃកាន់ដបស្រា។ ស្នាមញញឹមរបូត នាងធ្មឹងមិនសម្លឹងនាយ តែកែវភ្នែករលីងរលោង។ ប្រុសស្អាតច្រត់ចង្កេះដៃមួយចំហៀង រីមួយចំហៀងទៀតខ្ទប់ច្រមុះរកចំណោះស្រាយ។
«អាវមិញជាស្អី?»
នាងសួរបានន័យថា ស្រវឹងយ៉ាងណានាងនៅតែចងចាំរឿងទាំងអស់ពាក់ព័ន្ធនឹងរ៉ូបពណ៌សនោះ។
គេដើរមកអង្គុយលើសាឡុងជាមួយគ្នាតែនៅខាងចុង។
«លោកយកអាវនោះទៅធ្វើអី?»
ឥន្ត្រាប្រឹងលាក់លៀមជាមួយនាងអំពីវិប្បដិសារៈដែលគេបានចាប់បង្ខំយកនាងទៅឃុំនៅកោះ។ កាលណោះគេបានធ្វើឱ្យខូចរ៉ូបដ៏ស្អាតប្រណីតរបស់នាង ថែមទាំងបន្សល់នូវរូបភាពគ្រាំគ្រាចិត្តដែលប្អូនប៉ូលិសត្រូវគេលេងសើច ទាំងស្លៀកគ្រងឈុតសស្អាតដូចទេពធីតាមួយនេះ ប៉ុន្តែដៃត្រូវជាប់ចំណង។
ខណៈដៀងមកឃើញនាងកំពុងរង់ចាំចម្លើយទាំងទឹកនេត្រាព្រិចៗភ្នែកដៀងមើលគ្នាដ៏ស្រទន់ គេនឹកដល់គ្រប់កាយវិការធ្វើបាបស្រីដោយបេះដូងត្រជាក់ៗ។ «ដែលអត់បាយបានបីថ្ងៃទេប្អូនប៉ូលិស?» «លោកឯងជិះឡាន ខ្ញុំរត់ដោយជើង មនុស្សអីអន់ម្ល៉េះ?»។ គ្រប់ពាក្យពេចន៍គ្រប់សម្តី ធ្មេចយ៉ាងណាក៏នៅតែចាំ កាន់តែបំភ្លេចរឹតតែនឹក។
ប្រុសឆ្លើយខ្លីៗស្រាលៗសឹងមិនចង់ឮ៖
«ខ្ញុំស្ដាយក្រោយ ពីរឿងនៅលើកោះ!…ចង់រកឱកាសមួយសុំទោសយើងប្អូនប៉ូលិស!»
ស្រីស្អាតនៅធ្មឹងញញឹមឈឺជាប់ ហើយលើកស្រាអក។
«បានៗៗៗ»
គេឃាត់ទាំងលូកដៃទៅកញ្ឆក់ដបមកបានសម្រេច។ ធីតាបិទភ្នែកសញ្ជឹងគិត រួចបើកភ្នែកមកវិញសម្លឹងបុរសសាជាថ្មី។ ទោះបីយ៉ាងណា មនុស្សដែលធ្លាប់ធ្វើអាក្រក់ចំពោះនាងម្នាក់នេះ នៅតែមានភាពស្មោះត្រង់ណាស់រាល់ពេលប៉ះសម្តីគ្នា។
ឥន្ត្រានិយាយអ្វីគឺគេធ្វើ អះអាងអ្វីគឺជាការពិត ដូចពេលនេះបើគេនិយាយថាចង់សុំទោស នីយ៉ាដឹងបានភ្លាមថាគេមិនបានកុហកនោះទេ។ លើកលែងតែរឿងមួយ….គឺគេជួយលាក់ឱ្យប្អូនប្រុសរបស់គេ រឿងសមាសភាពយូស៊ូដែលជាអ្នកកោះH។
នឹកឃើញដល់មនុស្សដែលបេះដូងខ្លួនត្រូវការ នីយ៉ាខាំមាត់។ នាងក្រឡេកឃើញចិញ្ចៀនតូចរបស់បងប្រុសគេលើម្រាមនាងដៃ។ ស្រីនឹកឃើញដល់រឿងទាំងអស់នៅផ្ទះគេចុងឆ្នេរ។
«ដឹងដែរអត់! ខ្ញុំតែងតែស្លៀកខោឥន្ត្រា! ខ្ញុំមិនហ៊ានស្លៀករ៉ូបទេ….ព្រោះអីហ្នឹងអត់?»
«អត់ចង់ដឹងទេ!»
ប្រុសថ្លៃតបកាត់ដោយដកដង្ហើមវែង។ គេមិនចង់ឮពាក្យអស់នេះ ហើយក៏មិនចង់រវីរវល់ជាមួយថាតើនាងមានទម្លាប់ស្លៀកអ្វីនោះដែរ ចំណែកពេលនេះទៀតសោត កុំស្តាប់នាងនិយាយជាការប្រសើរជាង ព្រោះអាចធ្វើឱ្យនាងស្វាងពីស្រា អៀនខ្មាសដែលគេមកឆ្មក់ស្តាប់រឿងរ៉ាវស្រីៗ។
«ព្រោះប៉ាខ្ញុំប្រាប់ខ្ញុំថា ខ្ញុំគឺជាព្រះនាង! ជាកូនពៅក្នុងគ្រួសារ ហើយថា ខ្ញុំស្អាតជានិច្ចនៅក្នុងពេលដែលស្លៀករ៉ូប! បងស្រីដែរ ដែលគ្រប់គ្នាស្គាល់ថាហាន់ដា គាត់ក៏មានចរិតដូចជាមនុស្សប្រុស ក្លៀវក្លាសកម្ម ហើយមិនចិត្តទន់រឿងស្នេហាដូចខ្ញុំទេ!»
«ណ្ហើយដេកទៅ!» គេនិយាយកាត់ព្រោះគេមិនចង់ស្ដាប់ឮរឿងរបស់គ្រួសារ ដែលអ្នកផងអាចទុកថា ជាការកេងចំណេញទៅលើនាងពេលស្រវឹង ណាមូយជាគ្រួសារប៉ូលិសដែលត្រូវតែរក្សាការសម្ងាត់ជាឯកជន។
តែនីយ៉ាស្រាប់តែលើកម្រាមដៃឆ្វេង មកបង្ហាញនាយ។ នៅទីនោះប្រុសឃើញចិញ្ចៀនស្តើងមួយរបស់គេដែលជាចិញ្ចៀនសម្រាប់ប្រើគាស់សោរនៅលើនាងដៃ។ ស្រស់កល្យាណឃើញគេមើលមក នាងក៏សើចស្ងួតដោយប្រើដៃស្ដាំចង្អុលមកលើចិញ្ចៀនរបស់គេហើយពោលពាក្យឈឺចាប់៖
«នៅកន្លែងនេះ…ពីមុន…ចាំបានអត់ មានចិញ្ចៀនគជ់ ជារបស់ចុងក្រោយដែលប៉ាខ្ញុំឱ្យខ្ញុំ មនុស្សទឹកកក! ខ្លួនបានដណ្តើមយកវាហើយបោះចោលស្រមោលប៉ារបស់ខ្ញុំទៅក្នុងទឹក!»
គេនៅស្ងៀមចំហមាត់ ព្រោះទើបតែនឹកឃើញឡើងវិញរាល់កាយវិការនិងឃ្លាគម្រាមដែលយកយូស៊ូមកបន្លាចនាង។ កាន់តែនឹកឃើញប្រុសរេភ្នែកចេញព្រោះក្រហមមុខនិងអាម៉ាស់។
«ហើយមកសុំទោសបែបនេះមេនអត់? កាត់អាវមួយថ្មីមកឱ្យបាន ស្មានថារកបានចិញ្ចៀនគជ់នោះងាយ?»
«ខ្ញុំទទួលថាខ្ញុំខុស!»
គេតបមួយៗឱ្យនាងអស់ចិត្តនឹងអាលព្រមបញ្ចប់ការសន្ទនារៀបរាប់នេះ។ ចិត្តរៀមលបលួចសោកស្តាយពីចិញ្ចៀនស្រីដែលខ្លួនតាមពិតមានបំណងរក្សាទុកយ៉ាងល្អ ប៉ុន្តែចុងក្រោយត្រូវធ្លាក់ទៅលើដៃលោកឪពុករបស់ខ្លួន។ មិនដឹងថាធ្វើម៉េចអាចនឹងយកវាមកសងនាងវិញបាន។
សំឡេងនាងលាន់មកអណ្តឺតអណ្តក៖
«ដឹងអត់ឥន្ត្រា! ចាប់តាំងពីប៉ាខ្ញុំស្លាប់ រាល់ពេលដែលខ្ញុំលើករ៉ូបពណ៌សមកមើល គឺបង្កើនភាពរឹងមាំឱ្យខ្លួនឯង ជាមួយនឹងពាក្យថា គឺជាព្រះនាងតូចនៅក្នុងគ្រួសារ! តែខ្ញុំមិនដែលស្លៀកវាទេ! នៅយប់នោះ ខ្ញុំណាត់ជួបជាមួយប្អូនប្រុសរបស់លោក ជាលើកដំបូងនៅភ្នំពេញ! ខ្ញុំជិះយន្តហោះមក គេចពីរៀន ចោលសាលាមិនឱ្យបងៗខ្ញុំដឹង ព្រោះអី…ព្រោះខ្ញុំស្រឡាញ់គេខ្លាំងណាស់ ខ្ញុំស្រឡាញ់គេខ្លាំង ឮអត់? ខ្ញុំស្រឡាញ់ប្អូនប្រុសរបស់លោក ឮអត់ឥន្ត្រា!»
នៅពេលដែលគេនៅស្ងៀមគ្មានពាក្យមកបកស្រាយហើយដៀងមកសម្លឹងនាងសាជាថ្មី ស្រីនិយាយតម្អូញទៀត៖
«មិនយល់? ដឹង!!!! ព្រោះខ្លួន…..មិនដែលមានស្នេហា!….ល្អ! ល្អតាស៎ ដែលមិនធ្លាប់ខូចចិត្តបែបនេះ! ខ្ញុំប្រាប់ណា៎ ប្រាប់….ឱ្យដឹង! វាឈឺ! ឈឺខ្លាំងឥន្ត្រា នៅត្រង់នេះ!»
ដៃនីយ៉ាចង្អុលបេះដូងនាងខ្លួនឯងខណៈដែលទឹកភ្នែកនាងហូរមករហាម ទាំងភ្នែកនាងសម្លឹងមកនាយ។ ទោះបីស្រីខំខាំមាត់ទប់ចិតស្កាត់សង្កត់ចិត្តក៏ជលនេត្រនៅតែប្រជែង។
អារម្មណ៍មួយដែលមកអង្គុយឃើញមនុស្សយើងស្រឡាញ់កំពុងឈឺចាប់ គឺជាអារម្មណ៍ដែលឈឺដោយគ្មានហេតុផលនិងសម្ងាត់ ពិបាកក្នុងការពណ៌នា។
មិនដឹងថា បុរសនេះអាចទ្រាំបានដល់ពេលណា ឬអាចជួយនាងឱ្យសះស្បើយបានដោយវិធីណា? ទឹកភ្នែកនីយ៉ានៅថ្ងៃនេះ គ្រប់ពាក្យពេចន៍សម្តីស្មោះៗត្រង់ៗរបស់តរុណីនៅក្នុងពេលស្រវឹង រួមជាមួយចិត្តស្រឡាញ់ដ៏ជ្រាលជ្រៅរបស់នាងចំពោះយូស៊ូ តើយើងអាចបំភ្លេចរូបភាពទាំងនេះ ធ្វើមិនដឹងមិនឮបានដោយវិធីណា?
«ស្រាវាគ្រាន់តែធ្វើឱ្យយើងស្ពឹក ប៉ុន្តែអត់ធូរស្រាលទេ!» គេដាស់តឿននាង ខណៈនាងលាដៃទាមទារដបមកវិញ។ ប្រុសថាហើយក្រោកយក Vodka ទៅទុក។
«ខ្ញុំគ្រាន់បើបន្តិចហើយឥន្ត្រា! ឱ្យខ្ញុំផឹកបន្តិចទៀតមក! ហើយ…នែ៎មួយដបថ្លៃប៉ុន្មាន ខ្ញុំសងលុយវិញ!»
«អាកុលធ្វើឱ្យយើងកាន់តែមានទុក្ខសោក ធ្លាក់ទឹកចិត្ត ហើយទន់ខ្សោយឡើងៗ»
គេដើរត្រលប់មកវិញដៃទទេ។ ខណៈមនុស្សស្រីតាមសម្លឹងគេដោយភាំងនឹងរបៀបនិយាយស្តី ពន្យល់របស់គេ។ នៅលើសណ្ឋាគារបងនាងគេ ថាគេអត់ចេះអានអក្សរ ចុះគេបានទ្រឹស្តីទាំងនេះមកពីណា?
«ប៉ុន្តែ….ក្រែងថាមិនចេះអក្សរ….និយាយស្តីដូចជាអ្នកអប់រំសង្គមអ៊ីចឹង?!» នាងថាឱ្យ។
គេញញឹមតិចៗបន្លប់ហើយត្រលប់មកអង្គុយទៀត៖
«ស្អីទៅអប់រំសង្គម?»
នីយ៉ាឈ្លីថ្ងាសមិនឆ្លើយព្រោះហួសចិត្ត។ មិនយូរទេស្រីក៏ទ្រេតផ្អែកខ្នងធ្មេចភ្នែកព្រោះងោកងុយ។ មាត់និយាយម្ហបៗ៖
«ដឹងអត់ ចាប់តាំងពីប៉ាខ្ញុំស្លាប់ទៅខ្ញុំមិនដែលស្លៀករ៉ូបទេ! ពីព្រោះថា រ៉ូបតែងតែធ្វើឱ្យចិត្តខ្ញុំអាលោះអាល័យអាណិតខ្លួនឯងដែលកំព្រា! ប៉ុន្តែនៅថ្ងៃនោះខ្ញុំនៅជាមួយគេជាលើកដំបូងនៅភ្នំពេញ ខ្ញុំចាប់ផ្តើមស្លៀករ៉ូបដែលខ្ញុំខំជ្រើសរើសដោយខ្លួនឯង….ហើយខ្ញុំគិតថា គេជាមនុស្សប្រុសទីពីរដែលខ្ញុំស្រឡាញ់បំផុតនៅលើលោកនេះ!»
ឥន្ត្រាផ្ងារដៃទាំងសង ផ្តេកខ្លួនស្តាប់នាង។
«គេខ្លួនឯង….ដែលជាអ្នកមកឈរមើលខ្ញុំស្លៀករ៉ូបបែបនេះឋិតនៅក្នុងចំណង…គេងផ្ទាល់ដី….ហើយខ្ញុំធ្លាក់ទៅក្នុងទឹកសមុទ្រទាំងដែលគេមិនប្រាប់ខ្ញុំមួយម៉ាត់ណាទាំងអស់ ថាគេ…គឺជាកូនប្រុសម្ចាស់កោះ H»
«ថ្ងៃនោះយូស៊ូពិបាកចិត្តណាស់នីយ៉ា! វាមិនសប្បាយចិត្តទេ! វាមានហេតុផល!»
នាងយំគ្រវីក្បាលបើកភ្នែកមកវិញហើយតវ៉ា៖
«ចំណែកខ្ញុំវិញ មិនថាហេតុផលអីខ្ញុំមិនឈរមើលសង្សារខ្លួនឯងត្រូវគេធ្វើបាបទេ!»
ប្រុសងើបមុខសម្លឹងនារីតូច។ នាងពិតជាបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារយូស៊ូពិតមែន នេះជាអ្វីដែលគេបានឃើញផ្ទាល់ភ្នែក។ បុរសហាមាត់ មិនដឹងថាត្រូវដោះស្រាយជួយនិយាយយ៉ាងណា ដ្បិតធម្មជាតិគេមិនពូកែខាងនិយាយបកស្រាយស្រាប់។
រវាងអារម្មណ៍អាណិតនាង ស្តាប់ឮពាក្យសម្ដីស្មោះ និងការទុកចិត្តដែលចេញពីបេះដូងរបស់នាងដែលត្រូវបានខ្ទេចខ្ទាំដោយការកុហកសាកចិត្តរបស់យូស៊ូ ណាមួយរឿងពិតដ៏អាស្រូវនៅពីក្រោយរ៉ូបពណ៌សដែលជាររ៉ូបទីពីរក្នុងជីវិតរបស់នាងត្រូវបានខូចខាតខ្ទេចខ្ទាំនៅក្នុងអនុស្សាវរីយ៍ដ៏ជូរចត់នៅលើកោះH គេចប់យោបល់។
«ខ្ញុំជាអ្នកខុស!»
ប្រុសវាចាតិចៗ។
នាងឮហើយលើកគ្រប់យ៉ាងនៅលើតុ គប់កម្ចាយចោលទៅលើព្រំបញ្ចេញកំហឹង។
បុរសនិយាយតិចៗទាំងច្បូតមុខ៖
«ខ្ញុំចាប់នាងទៅ វាមិនដឹងទេ វាស្រវឹងខ្លាំង! យប់នោះកោះHមានរឿងធំ ជំនួញប៉ាត្រូវខាតបង់ច្រើន ដំបូងៗយើងគិតថា នាងជារនុកក្នុងរបស់ប៉ូលិស!»
ស្រីឈប់ដៃងាកមកវិញ។
ឥន្ត្រាក៏ដកដង្ហើមវែងៗ ងើបមុខឡើងមកប្រឈមនឹងនាង។
គេងក់ក្បាល៖
«ខ្ញុំឆេវឆាវ ព្រោះយើងជះខ្ញុំមួយថូ ខ្ញុំ….ក៏បូករឿងចូលគ្នា!»
ប្រដាប់តាំងគ្រីស្តាល់ស្រួចរលេមនៅទើរលើដៃស្រីពេលនេះ នាងប្រុងតែគប់សំដៅមុខគេព្រោះសម្តីគេធ្វើឱ្យចិត្តប្អូនប៉ូលិសនឹកឃើញ…«យកចិត្តគេដាក់ចិត្តខ្លួនឯងផង! បើសិនខ្លួនឯងវិញ ញ៉ាំបាយចូល ហើយដេកលក់ដែរអត់ ដែលត្រូវគេចាប់មកដូចសត្វនៀក? ឬមួយក៏….រកវិធីចេញឱ្យបានពីកន្លែងចង្រៃៗនេះ?»«ប្រៀបធៀបគ្នាមិនបានទេ! ម្នាក់ជាចំណាប់ខ្មាំង ម្នាក់ជាម្ចាស់ផ្ទះ! មនុស្សខុសគ្នា លក្ខខណ្ឌក៏ខុសគ្នា!»។
គេឃើញនាងលើករបស់ប្រុងតែគប់មក ក៏មិនគេច។ រាងកាយគេស្ទក់ៗ ព្រោះទឹកភ្នែកឈឺចាប់របស់នាងសម្លឹងមក គេពិតជាស្តាយក្រោយណាស់សម្តីទាំងអស់ដែលទ្រគោះដាក់នាង«ចាប់ខ្ញុំមកបោះខ្ញុំទៅក្នុងឡានមិនស្មើសត្វធាតុ ដាក់ខ្ញុំដេកផ្ទាល់ដីចោលឱ្យកូនស្រមោចសង្អារខាំពេញមួយយប់ វាយដំសង្សាររបស់ខ្ញុំ ចុងក្រោយមកអះអាងថាជាអ្នកស្រង់ខ្ញុំឡើងពីក្នុងទឹក?»។
«គប់បាន! វាយបាន ជេរបាន ប្អូនប៉ូលិស»
នាងនៅធ្មឹងទាំងដៃនៅលើកវត្ថុស្រួច ភ្នែកនាងយំសម្លឹងមនុស្សដេលនាងធ្លាប់តែគិតថាគ្មានបេះដូងម្នាក់នេះ។ គេងក់ក្បាលនិយាយមកទៀត៖
«មនុស្សទឹកកក មិនងាយឈឺទេ! ចាំអត់? អត់មានឈាម! បើគប់ខ្ញុំហើយរបួសនាងធូរចិត្តពីខឹងយូស៊ូ ធ្វើទៅ!»
ស្រីខាំមាត់៖
«អ្ហូលេងល្ខោនបន្ទន់ចិត្តទៀត!»
គេសម្លឹងនាងស្រឹមៗ មិនរេខ្លួនមិនងាកទៅណា។ វាចាទាំងអស់កាលនាងលើកកាំភ្លើងភ្ជង់គេ នីយ៉ានឹកឃើញ «ខ្ញុំនឹងបាញ់!»«អត់ខ្លាច ក្លាយជាឃាតកៈទេ?»«កុំបញ្ជោះណ៎ា!»«សម្លាប់បាន សូម្បីតែអ្នកជួយសង្គ្រោះជីវិតខ្លួនឡើងពីក្នុងទឹក»។
នាងរេភ្នែកពីមុខគេ មកសម្លឹងបបូរមាត់ស្មើៗរបស់គេ និងសម្លឹងមកទ្រូងគេ។ ភ្នែកស្រស់រេគិត ទាំងដៃនៅក្តាប់របស់លើកតម្រង់។ អ្វីមួយចោទឡើងក្នុងការចងចាំ នាងស្រមៃដល់រាត្រីមួយ…ដែលនាងត្រូវជនមិនស្គាល់មុខនិយាយភាសាថៃ ចាប់ទៅកណ្តាលដែនសាគរ…នាងខំហែលសង្គ្រោះជីវិតតែទន់ដៃឈ្លក់ទឹកនឹងក្បែរជួបយមរាជ។ ដៃមួយលោមកត្រកងទប់ស្រីនាងទាញនាងឡើងទូកហើយក្បាលនាងធ្ងន់ទ្រេតទើរលើទ្រូងគេ ខណៈដែលដៃនាងសំយ៉ុងទាំងសងខាងព្រោះអស់កម្លាំងកាយពលនឹងតស៊ូ ដង្ហើមចង្រិត នាងសួរគេដោយអស់សង្ឃឹម«កុំសម្លាប់ខ្ញុំ!» ទោះយ៉ាងណាអូប័របញ្ជាលើទឹកលាន់កក្រើក ទាំងពាក់កណ្តាលស្លាប់និងពាក់កណ្តាលរស់ នាងបើកភ្នែកព្រឹមៗស្គាល់ថា គេជាបុរសម្នាក់…..ទំនងធ្លាប់….ពេលគេឱនខ្នងមកទទួលនាងឱ្យទ្រោបក្រាបលើខ្នងគេនីយ៉ាបានឃើញស្នាមសាក់រូបក្អែកពណ៌ខ្មៅលើកញ្ចឹងកគេ បបូរមាត់នាងធ្លាក់វឹបមកប៉ះទើរលើស្នាមសាក់ ព្រោះកនាងទន់ ដៃជើងនាងល្វើយ…..រាងកាយស្រីសង្កត់មួយទំហឹងមកលើខ្នងវែង មាំនិងក្រាស់ ហើយគេក៏យោងនាងឡើងផុតពីកម្រាលដែកអូប័រ «យកខ្ញុំទៅធ្វើបាបនៅឯណាទៀតហើយ……ឥន្ត្រា?»។
ទឹកភ្នែកនាងធ្លាក់ខ្ជោកៗ…..ដៃនាងដាក់របស់ចុះមកលើសាឡុងព្រោះទន់ល្ងៀក។ ស្រីក្រោកដើរទៅក្បែរទូស្រា…..មាត់រអ៊ូ៖
«កុំស្មានថាខ្លួនឯងបានសង្គ្រោះជីវិតខ្ញុំ ខ្ញុំលើកទោសឱ្យនោះ!»
ប្រុសងាកក្រោយស្រែកឃាត់៖
«បាន! បាន! ឈប់ផឹក! គ្រប់គ្រាន់ហើយនីយ៉ា!»
នាងឈប់ដៃពីលើដបស្រាមួយនៅដើមគេ ហើយងាកមកសម្លក់។
ភ្នែកបុរសនេះពេញដោយការបារម្ភ។ នាងមានអារម្មណ៍ចម្លែកពេលឃើញទឹកមុខគេលើកនេះ។ ពីអ្នកដែលចាប់នាងទៅដូចជាគ្មានបេះដូង ឥឡូវក្លាយមកជាមនុស្សម្នាក់ដែលយកបេះដូងគេមកគិតគូនាង?
ស្រីវង្វេងហើយ!
កាលណោះដឹងខ្លួនឡើងនៅភ្នំពេញ អ្នកដែលនាងឃើញមុនដំបូងគឺមុខគេនេះក្នុងសភាពបែបនេះ «ពេលណាចេញឱ្យផុតពីជីវិតខ្ញុំ?»«គង់តែទៅទេ! ហើយ….អត់ចង់ឃើញគ្នាអីបន្តិចមែន! តិចពេលបែកគ្នា នឹកគ្នាណា៎ប្អូនប៉ូលិស!»។
ចិញ្ចៀននាងនៅក្នុងម្រាមគេ គេមិនចង់ពាក់ព័ន្ធនឹងមនុស្សនេះ គ្រួសារនេះ ខណៈគេធ្វើមុខស្រទន់សម្លឹងមក នាងនឹកដល់សម្តីបងប្រុស«គ្រប់យ៉ាងជាអន្ទាក់!»។
ស្រីដកដៃពីសុរា។
ប្រសិនពួកគេនេះមិនល្អហើយនាងស្រវឹង អាចនឹងក្រោកឡើងឃើញឃើញខ្លួនឯងនៅកោះH។ ចំណែកពេលនោះ គេអាចគម្រាមជេនឬហាន់ដាបែបណាក៏បានដែរស្រីល្ងង់។
នាងខាំមាត់….មនុស្សពួកគេនេះ គ្រោះថ្នាក់ពេកហើយ។ ម្នាក់កុហក ម្នាក់លេងធម៌ម្តងត្រជាក់ម្តងក្តៅ។ នាងខឹងណាស់ចំពេលចង់ដោះ ចិញ្ចៀននេះដោះមិនចេញពីម្រាមសោះ។
អឹះ…ស្រីលែងតស៊ូ….
«គ្រប់គ្រាន់មែនជាមួយបងប្អូនខ្លួន! ខ្ញុំចេញពីកន្លែងនេះ!»
«ទៅណា?»
គេប្រុសក្រោកឈរថ្នមៗ បែរមកសម្លឹងដំណើរទោសរបស់នាង។ គេដឹងថា នាងទៅណាមិនបានទេ ប៉ុន្តែគេនៅទ្រាំស្តាប់។
«កោះបេះដូង ខ្ញុំទៅស្ទឹងត្រែង! ខ្ញុំ…ទៅដាក់ទោសខ្លួនឯងនៅកន្លែងមួយ ដែលមានតែមនុស្សប្រុសម្នាក់គត់ នៅលើលោកនេះពិតជាស្រឡាញ់ខ្ញុំស្មោះ!»
ប្រុសគ្រញែងស្មាហួសចិត្តនឹងដំណើរទោររបស់ស្រីតូច។ សម្តីចច្រែតអត់មើលមុខរៀមទៀត….
«ខ្ញុំស្បថ….អត់ស្លៀករ៉ូបនៅចំពោះមុខប្រុសណាទៀតនោះទេ! វាគ្មានតម្លៃឥន្ត្រា!»
ស្រីថាហើយរលះរលាំងចេញព្រោះមានៈ តែត្រូវច្រត់ដៃនាងម្ខាងច្រត់លើបង្អែកសាឡុងវិញ ព្រោះជើងទាំងគូរបស់នាងទន់គ្មានកម្លាំងសោះ។
ហើយ….នាងពិតជាស្រវឹងស្រាកន្លះដប មិនដឹងឈរទប់ទល់បានកម្រិតណាផង ទម្រាំចុះទៅម្នាក់ឯង។
«ខ្ញុំជូនទៅ!»
គេថាស្រាលៗ ធ្វើឱ្យនាងងើបមុខមកមើលទៀត។ អ្វីម្យ៉ាងស្និទ្ធស្នាលឈឺឆ្អាលក្នុងកែវភ្នែកឥន្ត្រា ពិតជាញ៉ាំងនាងពិបាកចិត្តក្នុងការបែងចែកថាគេជាមិត្តឬជាសត្រូវ។
«តែ….ត្រូវបាត់ស្រវឹងបន្តិចសិនដែរ! បងៗយើងអាច….!»
នាងថយមកអង្គុយប៉ុកលើសាឡុង ព្រោះវិលមកមុខពេកថែមទាំងមានសញ្ញាថា ឈឺក្បាលខ្លាំង ស្តាប់សំឡេងគេមិនឮទេ ក៏ថែមមិនយល់នូវសម្តីឃ្លាចុងក្រោយនេះស្រឡះ។
«ខ្ញុំឈឺចាប់ខ្លាំងណាស់ដឹងដែរមនុស្សទឹកកក!»
នាងមិនត្រឹអង្គុយទេគឺដេកផ្ងារមកលើសាឡុងទន់ៗនិងស្រែកយំរៀបរាប់។ ឥន្ត្រាដឹងថាជាតិអាកុលវាយលុកខ្លាំងហើយ។
«ធ្មេចបន្តិចទៅ!»
«លោកមិនយល់ទេ!»
«អូខេខ្ញុំសារភាព! ខ្ញុំអត់យល់មែន!»
ទឹកមុខនាងពិតជាគួរអាណិតដែលមកចង់បានការយល់ចិត្ត។ ឥន្ត្រាដឹងថាបន្តិចទៀតនាងនឹងកាន់តែចង់និយាយច្រើនឡើងៗ ព្រោះគេធ្លាប់ស៊ាំទៅហើយនឹងថែទាំងយូស៊ូរាល់ពេលគេស្រវឹង។
«ខូចចិត្ត! ប្រុសដែលខ្ញុំស្រឡាញ់ តាមពិតជាមនុស្សចង្រៃបំផុត! គេកុហកខ្ញុំ»
ឥន្ត្រាអង្គុយមកក្បែរ។ គេចង់នៅស្តាប់ តែគេក៏ចង់បញ្ចប់ការខូចចិត្តរបស់នាងអតិបរិមាត្រឹមណេះបានហើយ។
ប្រុសវាចាស្រាលៗ៖
«មនុស្សយើង….អ្នកណាមិនមានពេលខូចចិត្ត? នៅពេលដែលការរំពឹងរបស់យើងត្រូវបានខូចបង់ បេះដូងយើងត្រូវបានគេបំផ្លាញខ្ទេចខ្ទីប៉ុន្តែ….ហើយគិតធ្វើម៉េច? គិតរត់គេច? ទៅនៅពួនឯស្ទឹងត្រែងឱ្យក្មេងឆ្ងល់ទៀត?!»
គិតៗចុះឡើង នីយ៉ាដឹងថា គេនេះកំពុងតែចង់និយាយពីរឿងដ៏អាម៉ាស់ ដែលសប្បាយម្នាក់ឯង ដល់កើតទុក្ខក៏ផ្អើលភូមិ។ ស្រីមិនសុខចិត្តនឹងការវាយតម្លៃនេះក៏ងរង៉ក់អណ្តឺតអណ្តកឡើង៖
«ខ្វល់អីទៅ? អ្នកណាឃើញៗឃើញទៅ! មនុស្សធ្លាក់ខ្លួនដល់ដំណាក់កាលនេះហើយ!»
ប្រុសអស់សំណើច គេឱនពីកន្លែងអង្គុយមកក្បែរត្រចៀកស្រីដោយនិយាយសួរចំអកខ្សឹបៗ៖
«ឯណាមនុស្សស្រីម្នាក់ដែលស្លៀករ៉ូបរត់យ៉ាងសង្ហា ប្រដេញជះទឹកដាក់ខ្ញុំនៅក្នុងអូតែល? អ្ហះ ឯណាប្អូនប៉ូលិសម្នាក់ដែលឡូយៗទាមទារឱ្យខ្ញុំនិយាយពាក្យសុំទោស? ឯណាមនុស្សស្រីក្លាហានហំៗ ដែលនៅក្នុងចំណងហើយហ៊ានទាមទារវាយគ្នាមួយទល់មួយជាមួយខ្ញុំ?»
នាងយំសសិតហើយនិយាយបន្តពីគេ៖
«ឯណាមនុស្សស្រីដែលហ៊ានហក់ទៅក្នុងគន្លងទឹក ទាំងដៃជើងខ្លួនឯងជាប់ចំណងស្ពឹក លើកមិនចង់បាន!»
ប្រុសងើបមុខវិញជាមួយកែវភ្នែកស្រទន់ព្រោះសម្តីនាងធ្វើឱ្យគេនឹកឃើញដល់រឿងផ្សេង។ ថ្ពាល់គេប្តូរពណ៌ បេះដូងគេព្រឺរន្ធត់….គេនឹកស្នាមថើបផ្អែមល្ហែមនៅក្រោមទឹក។
«ខ្ញុំចង់ឃើញវាម្ដងទៀត! នីយ៉ា!» គេនិយាយខ្សឹបៗ «ខ្ញុំអត់ចង់ឃើញមនុស្សស្រីដែលទន់ខ្សោយ ដែលដេកស្តិអ៊ីចឹងទេនីយ៉ា! ម៉េចបានលើកនេះ នាងអត់ហ៊ានប្រឈមមុខ?»
នាងនៅស្ងៀមបិទភ្នែក។ ដៃទាំងពីរលើកផ្ទប់មុខ។ ប្រាណស្រីពិតជាស្អាតណាស់ក្នុងកែវភ្នែកបុរសនេះ។ ប្រសិននាងមិនមែន….សម្រាប់យូស៊ូ….ឥន្ត្រាមិនដឹងថា មានអ្វីអាចហាមគេមិនឱ្យឱបប្រលោមថ្លៃបានក្នុងសភាពអាណិតខ្លោចបេះដូងបែបនេះទេ។
សភាពនេះបង្ហាញថា នាងស្រឡាញ់យូស៊ូពិត ហើយយូស៊ូបានធ្វើឱ្យនាងចុះចាញ់។ ពេលគេមកដល់ នាងមិនហ៊ានសូម្បីតែសម្លឹងគេ ព្រោះនាងនៅស្រឡាញ់គេខ្លាំង នាងមិនហ៊ានសម្លឹងមនុស្សដែលធ្វើឱ្យនាងខូចចិត្តព្រោះនាងនៅស្រឡាញ់គេ។
ងាកមុខចេញបន្តិចដើម្បីរំងាប់ភាពទន់ជ្រាយនៃអារម្មណ៍ខ្លួនឯង ទើបនរៈបែរត្រលប់មកសម្លឹងកែវភ្នែករបស់នាងដែលមើលមក។
«ខ្ញុំនៅធ្វើអី?» នាងសួរ «ខ្ញុំ fight ធ្វើអី? ដើម្បីយកប្អូនប្រុសចង្រៃរបស់ខ្លួនមកវិញ?»
បិសាចទឹកកកនេះមិនមាត់តែចិត្តគេយល់ គេដឹងថា នាងស្រឡាញ់យូស៊ូទាំងមិនទទួលស្គាល់ទេ ថាមនោសញ្ចេតនារបស់យូស៊ូចំពោះនាងជាស្នេហាពិតក្នុងជីវិតដំបូងរបស់គេ។
«យូស៊ូទើបធ្វើខុស មនុស្សស្រឡាញ់គ្នាគេអត់ឱនឱ្យគ្នា!»
នាងក្រោកអង្គុយតវ៉ា៖
«ជាស្នេហាស៊ីអារម្មណ៍…វាគ្មានការពិតនោះទេ! គ្មានការពិតនោះទេ!»
គេសើចញឹមៗ៖
«តែ….មនុស្សស្រីម្នាក់នេះជាការពិត! ចន្ទនីយ៉ាម្នាក់នេះជាការពិត ហេតុអីសុខចិត្តបោះបង់ចោលការពិតដើម្បីស្នេហាមួយដែលខ្លួនយល់ថាមិនពិត?»
ស្រីនៅស្ងៀមសម្លឹងមុខគេដែលញញឹមឌឺដងនាង។ ប្រុសពិតជាមានរឿងច្រើនណាស់ចង់និយាយឱ្យនាងធូរស្បើយ តែរកនឹកពាក្យមិនឃើញក៏ងាកមុខចេញក្រោកទៅចាក់ទឹកសាបយកមកឱ្យនាងដែលមានច្របាច់ក្រូចឆ្មារលាយទឹកឃ្មុំផង។
ប្អូនស្រីប៉ូលិសជេន នៅតែបន្តនិយាយរង៉ូវមកពីក្រោយខ្នងគេ៖
«អុះ អូ! ពួកមនុស្សទឹកកកចេះសូត្រទ្រឹស្តីស្នេហាទៀត?!»
កែវទឹកឃ្មុំក្ដៅៗនៅចំពោះមុខ នាងស្រាប់តែយំទៀត។
ប្រុសហួសចិត្តណាស់….ម្តងឈប់ ម្តងយំឡើងវិញបាន?
ឱ្យនាងយំមានគេអង្គុយស្តាប់ ហោចណាស់ក៏គ្រាន់បើជាងឃើញនាងញ៉ាំស្រាដែរ។ ព្រោះគិតបែបនេះហើយបានជាប្រុសច្បងបន្តនៅស្ងៀមអង្គុយកំដរនាងសោកា។
បានដូច្នេះមនុស្សដែលមានស្ថានភាពផ្លូវចិត្តទន់ខ្សោយកាន់តែយំឡើងៗ ណាមួយទៀតវ៉ូដកាកំពុងតែមានឥទ្ធិពលខ្លាំងពាសពេញសរសៃសសូង។ បទពិសោធដំបូងមួយនេះពិតជាអន្ទះអន្ទែងវិលវល់។
«កុំក្អួតនៅហ្នឹងអូខេ? ចង់ក្អួតប្រាប់!» គេថាទាំងស្ទុះទៅរកកូនកន្សែងជ្រលក់ទឹក។ ស្រីចាប់ផ្ដើមតម្អូញតម្អែរ៖
«ខំញ៉ាំស្រាឡើងច្រើន ហើយឥឡូវ…..ស្រវឹង!!! ហើយ…..ឃើញបន្ទប់វិល….ខ្លួនខ្ញុំធេងធោង ចុះហេតុអីនៅតែអត់ភ្លេចមុខមនុស្សបោកម្នាក់នោះ?!»
«អ្នកណាបោក?» គេសួរទាំងវិលមកវិញជូតមុខមាត់ឱ្យនាង «យូស៊ូ មិនបានបោកទេ! គេក៏មានការលំបាករបស់គេ!»
នាងពេបមាត់ចង្អុលមកនាយយើងធ្វើឱ្យគេទច់ដៃផ្អាកជូត។ ហាក់ចង់និយាយអី នាងនិយាយមិនចេញបានត្រឹចង្អុលរេរា។
«ចង់និយាយថា បងប្អូនកាន់ជើងគ្នាមែន?»
«ហេតុអីឥន្ត្រា រូបភាពរបស់គេនៅដិតក្នុងអារម្មណ៍ខ្ញុំខ្លាំងជាងស្រាដែលគេល្បីនៅរុស្សីនេះទៀតអ្ហះ?»


