រឿង៖ ចិត្តត្រួតត្រា ភាគទី១២

នាង​ជូតទឹកភ្នែក រួច​មកអង្គុយក្បែរបងប្រុស។

«ឯងធ្វើការទាំងថ្ងៃទាំងយប់រត់រួចដែរ?»

បងនាងសួរ ដូច្នេះលីនអាចដឹងបាន​ថា គឺបងថ្លៃបានមកនិយាយជាមុនហើយ។

«យើងគ្រាន់តែទ្រាំប៉ុន្មានខែទេបង!» ស្រីតូចខំ​និយាយបន្លប់​ទប់ស្កាត់ការអួលដើមក។

«ការងារ part time នេះពីម៉ោងម៉ានដប់ម៉ោងម៉ាន?»

«ពីម៉ោងប្រាំពីរកន្លះយប់ដល់ម៉ោងដប់មួយកន្លះ! តែមិនបារម្ភទេបង ពេលនោះខ្ញុំគេងនៅក្រុមហ៊ុនតែម្តង!» បងនាងដង្ហើមធំ។

«យើងធ្វើការតែបីទៅប្រាំមួយខែទៀត បើបងជា ហើយ​លែងចូល​មន្ទីរពេទ្យខ្ញុំនឹងឈប់ការងារយប់នេះហើយ!»

បងប្រុស​របស់លីនមិនព្រមទេតាមពិត ប៉ុន្តែគាត់ត្រូវបង្ខំចិត្តដោយសារខ្លួនមិនអាចធ្វើអ្វីបានចំពោះរឿងនេះ។

«ទោះយ៉ាងណាមាន​បងល្អគាត់ជួយរៀបចំមើលថែដែរ!»

«ទោះជាខ្ទើយ​ក៏ត្រូវប្រយ័ត្នប្រយែង កុំទុកចិត្ត​ឱ្យចូលបន្ទប់យប់ព្រលប់!»

«ចា៎!»

រាល់ពេលបងប្រុសនិយាយពីសុវត្ថិភាព ចិត្ត​លីននឹកឃើញតែតួប្រុស​កំណាច។ គ្មានអ្នកណា​ដឹងថា លីនកំពុង​ឆ្លងកាត់អ្វីខ្លះទេ ​ហើយក៏គ្មាន​អ្នកណាអាចជួយលីនបានដែរ ប្រសិនគេនោះមិន​ជួយនាង​ដោយខ្លួនគេ​។

ពេលវេលា​បានមកដល់ លីនចុះពីផ្ទះទៅ ទាំងដឹងហើយថាបងប្រុសនាងមិនសប្បាយចិត្តជាខ្លាំង ដែលប្អូនស្រីម្នាក់នេះត្រូវចេញទៅនៅឆ្ងាយពីខ្លួន ប៉ុន្តែមកតែពីភាពទ័លច្រក។

នៅក្នុងឡានឆ្ពោះទៅកាន់ទីកន្លែងថ្មីជាមួយវ៉ាលិសតូច នាង​ពិត​ជាស្រងូតណាស់។ មកដល់អាផាតមិនមួយ នៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់គូខាន់កាលពីព្រឹក​ គឺដើរដល់ តែក៏ល្អដែរ ដែលមិនមែនជាផ្ទះរបស់គេ មានដង្ហើមស្រណុកខ្លះ។

ប៉ុន្តែលីនមិនដែលស្គាល់តំបន់នេះទេ វាស្ងប់ស្ងាត់ Private និងមើលទៅពិតជាថ្លៃខ្លាំងណាស់។

នាងឃើញ​ Dark នៅរង់ចាំស្រេច​នា​មាត់ជណ្តើរយន្ត។

សូម្បីតែស្តីមួយម៉ាត់ដាក់គេ​ ក៏នាង​គ្មានទឹកចិត្ត​ហាដែរ។ ពួកអ្នកយាម​រត់មកចុចជណ្តើរឱ្យ​និង​ផ្តល់​កាតជណ្តើរ​ដល់នាងយ៉ាង​ស្វាគមន៍ ដូចជាពួកគេធ្លាប់ឃើញ ​Dark មកទីនេះញឹកញាប់?

ឬមួយក៏គេមាន​បន្ទប់ជា​កម្មសិទ្ធិមិនដឹង សម្រាប់ឱ្យចៅហ្វាយប្រុសរបស់គេបំពេញកាមតណ្ហាជាមួយមនុស្សស្រីជាលេខាមុនៗ?

ចរិតមនុស្សរោគចិត្តដូចគេ នាងតាំងចិត្ត​មិនខ្វល់នោះឡើយ។

នាង​ច្បាស់ជាត្រូវសន្តិសុខអស់ទាំងនេះចាត់ថាជាជំពូកនារី​កញ្ជះលើគ្រែ​គូខាន់ មានអីខុសពីក្រុមមុនៗទៅ ស្រីទាំងហ្វូង​របស់គេ។

នាង​និងDarkឡើងតាមជណ្ដើរទៅដល់ឈុតដ៏ខ្ពស់គឺជាន់ទីម្ភៃប្រាំមួយ។​ គេនាំនាង​សំដៅ​ទៅទ្វារឈើ​រលើបធំ​មួយនៅចុងប៉ូចគេ។

Dark យួរវ៉ាលិស​ឱ្យ តែនាង​មិនឱ្យគេកាន់ទេ។

នាង​ខឹងគេ​ត្រដាបត្រដួស Darkក៏ដឹងបានជាមិនហ៊ាននិយាយអ្វី។

ពេល​គេបើកទ្វារចូលទៅ បង្ហាញនូវបន្ទប់ខុនដូដ៏ធំទូលាយយ៉ាងហោចណាស់ក៏មានបីបន្ទប់ដែរ​។

«តើគេយកបន្ទប់ធំយ៉ាងនេះមកធ្វើអី?» នាង​លបគិត​ហើយអូសសម្ភារៈចូល «ហេតុអីធំម្ល៉េះ? ខ្ញុំត្រូវនៅជាមួយអ្នកណាខ្លះ?!» នាងចង់ដឹងណាស់ពីអនាគតនាងនៅទីនេះ តែនាង​​ទ្រាំមិនសួរជនដែលនាង​ស្អប់។

«នោះបន្ទប់គេងរបស់លេខាបាទ!»

ស្រីមិនមាត់ នាង​ទាញសម្ភារៈ​ឯកជន យកទៅទុកនៅក្នុងនោះ។ នាង​ឃើញទូខោអាវ និងទូសំអាង​។ នៅខាងក្នុងបន្ទប់មួយនេះធ្វើឱ្យនាងគិតថា វាមិនមែន​ជាកន្លែងសម្រាប់​គេទេ ព្រោះមានគ្រែមួយតូចល្មម មិនមែនសម្រាប់ជីវិតគូឡើយ។

«ខាងនោះគឺរបស់ចៅហ្វាយ!»

នាង​មិនត្រូវការដឹងអំពីគេទេ ពិសេសអ្វីៗ​ណាដែលទាក់ទិននឹងខ្លួនគេ ព្រោះចិត្តនាងកំពុងអន់ចិត្ត។ បើមិនឃើញបងប្រុស​កើតទុក្ខ លីន​ក៏មិនច្របូកច្របល់ធ្លាក់ទឹកចិត្ត​របៀបនេះដែរ។

ដោយសម្លឹងអាកប្បកិរិយារបស់លីនដែលឱបដៃស្ងៀមស្តាប់ព័ត៌មាន​មិនសួរមិននាំ Dark ដឹងថា ស្រីម្នាក់នេះរឹងរូសណាស់ ហើយ​ប្រុងតែនឹងបណ្តេញ​គេ។

តែគេ​សម្លឹងនាង ទើសចិត្ត​នឹង​ការតុបតែងរបស់នាង​ដែលនៅមិនទាន់ត្រៀមសម្រាប់ Dinner នៅឡើយ។ ​វាពិសេសណាស់សម្រាប់គូខាន់ Darkដឹង ចំណែក​ការតុបតែង​របស់ខាងស្រីវិញ​ មិនអាចចេញមករបៀបស្ទីលអូសពីឃ្លាំង​ ចេញ​ការិយាល័យ​ពីរម៉ោងហើយក៏មិនទាន់ងូតទឹកប្តូរឈុតបែបហ្នឹងសោះឡើយ។ គេត្រូវធ្វើអ្វីម្យ៉ាងកុំឱ្យមេគេមកដល់ខឹង ពេលមកឃើញលីនបែបនេះ។

«បន្តិចទៀតខាងហាងគេនឹងមករៀបចំតុDinnerនៅវេរ៉ង់ដាខាងមុខនោះ!!»

លីនសម្លឹងទៅទីនោះ។ មិនដឹងគូខាន់ចង់បានស្អីទេ នាង​ទម្លាក់ទឹកមុខរឹតតែមិនសប្បាយចិត្ត​។

«ប្រហែលជាមួយម៉ោងកន្លះទៀត ខាងភោជនីយដ្ឋាននឹងបានម្ហូបមករៀបចំហើយ! គេមានទាំងអស់ យើងមិនបាច់ធ្វើអ្វីទាំងអស់ ប៉ុន្តែលេខាគួរតែចំណាយពេលវេលាដែលនៅសល់នេះ រៀបចំខ្លួនស្លៀកពាក់ឱ្យបានសមរម្យ»

លីន​ងាកមកមកវិញសម្លឹងDark រួចឈ្ងោកមកសម្លឹងខ្លួនឯងពីលើដល់ក្រោម។ មិនយូរប៉ុន្មាន​ស្រីបែរមុខចេញធ្វើគ តែក៏ជាអាកប្បកិរិយា​ហាក់ដូចជាចង់ប្រាប់គេនេះថា ខ្លួនប្រាណនាង នាងចង់ស្លៀកពាក់តុបតែង​បែបម៉េចជារឿងរបស់នាង ចំណែកឯអ្នកណាពេញចិត្តមិនពេញចិត្ត ជារឿងរបស់គេ។

ប៉ុន្តែនាងមិននិយាយ។

បុរសនោះនៅឈរធ្មឹងទៀត ប្រុងថានិយាយរឿងបន្តច្រើនទៀតប្រាប់នាង ស្រាប់តែលីនចាប់ផ្តើមបណ្ដេញគេតែម្ដង ៖

«បើអស់ការហើយសូមទៅចុះ ខ្ញុំសុំសម្រាក!»

ក៏ដឹងដែរថាលេខាម្នាក់នេះមិនដូចអ្នកមុនៗ ដែលតែងតែ​យកចិត្តថ្លើមDarkនោះទេ។ មិនត្រឹមតែមិនឱ្យលុយធីប មិនសួរនាំអំពីចៅហ្វាយប្រុសថាចូលចិត្តអ្វីឬមិនចូលចិត្តអ្វី ថែមទាំងមិនចង់និយាយស្តីជាមួយខ្លួនទៀត ប្រហែលជាដោយសាររឿងហាសិកា។

Dark រារែកបន្តិច តែនាង​នៅធ្វើស្មើគេក៏បង្ខំ​ចិត្ត​ចាកចេញ។

លេខាកម្សត់បកដើរមកបន្ទប់វិញ នាង​រុញវ៉ាលិសទៅទុកចោលនៅកៀនជញ្ជាំង មិនខ្វល់រៀបចំអ្វីទាំងអស់ ទើប​ដោះស្បែកជើងកែងដ៏ហត់នឿយមកប្រះដេក​លើគ្រែ។

ដោយដេកទទឹងគ្រែនិងឱបដៃ កែវនឹកឃើញដល់កែវភ្នែកស្រងូតអស់សង្ឃឹម​របស់បងប្រុស។ ​លីន​គិត​ថា ព្រោះតែយើងគ្មានប៉ាម៉ាក់ហើយបងប្រុសរបស់យើងឈឺធ្ងន់ ម្ល៉េះសមយើងមិនក្លាយទៅជាចំណុចសូន្យឱ្យអ្នកណាក៏មើលមកដូចជាស្រីលក់ខ្លួន​ឱ្យគូខាន់ដូច្នេះនោះទេ។

នាង​ជូតទឹកភ្នែក។

មិនដឹងនៅជាមួយជននេះ ត្រូវយំច្រើន​បែបណាទៀតឡើយ។

ទូរសព្ទរោទ៍ លីន​មិនខ្ចីលើក ពីព្រោះនាងងាកមកលើកមើល​ឃើញលេខទូរសព្ទរបស់គេ។ បើគេចង់ដឹងថា នាងនៅឯណា ទៅដល់ណាហើយ គេអាចទៅសួរDarkកូនចៅសំណព្វ​របស់គេទៅ ព្រោះគេមិនយល់ចិត្តនាង នាងក៏គ្មានថ្ងៃយកចិត្តគេនោះដែរ។

ស្រីស្អាតក្រោកឈរ ទាញទូរសព្ទ​យកទៅដាក់ចោលនៅលើសាឡុងក្រៅ រួចដើរទៅកាន់បន្ទប់ទឹក សម្លឹងខ្លួនឯងក្នុងកញ្ចក់។ លីន​ចាប់ផ្តើមលុបលាងមុខ តែក៏នឹកឃើញ​ដល់ពាក្យ​គេ​«អត់ចេះលាប​ក្រែម​ម្សៅខ្លះទេ?»«ចាំខ្ញុំលាប» ចាំថាខ្លួនឯងសន្យាបែបនេះ តែពេលនេះគ្មានចិត្ត​អីលាបទេ។

នាងក្រឡេកភ្នែកឃើញមាន​គ្រឿង Make Up និងទឹកអប់នៅក្បែរកញ្ចក់ ជារបស់ថ្មី មិនទាន់ហែកប្រើ។ នេះបាន​ន័យ​ថា​កន្លែងនេះត្រូវបានរៀបចំលឿនណាស់។ គិតទៅមនុស្សដូចDarkនេះ គឺជាមនុស្សសម្រាប់បម្រើនូវរឿងគគ្រិចឱ្យចៅហ្វាយប្រុស​របស់ខ្លួនបានគ្រប់យ៉ាងហ្ន៎ ហៅថាម៉ែយ៉ែម​ក៏បាន ឬអ្វី?

ពេលប្រឈមនឹងរឿងធ្វើបាបចិត្តនាងវិញ Darkនិយាយស្តីដូចជាមនុស្សយន្ដ សមតែមិនដែលមាន​បងប្អូនស្រី​ឬមានបេះដូង?

លីនងូត​ទឹកក្តៅនិងសម្រាកបន្តិចនៅក្នុងនោះ។ ​ក្រោយមក​ហេតុតែខ្លាចដល់ម៉ោងបិសាចតណ្ហាមកទាន់ ស្រី​ក៏ក្រោកចេញមក លើកវ៉ាលិស​រក​រូបខ្លីមួយមកស្លៀកពាក់។ ជាប្រភេទរ៉ូបខ្យូតប៉ោងតិចៗនិងមាន​ដៃ មិនសិចស៊ីអ្វីទាំងអស់។ ពេលលាបម្សៅតិចៗនិងក្រែម នាង​ចេញមក​ក្រៅវិញ។

ហាក់ភ្ញាក់បន្តិច មិនដឹង​Darkនាំខាងភោជនីយដ្ឋានមករៀបចំពីពេលណា រហ័សពេកហើយ ឬនាង​សំងំ​ត្រាំទឹកយូរ?

លើតុពិតជាមានផ្កាស្រស់ ទៀន និង​ចានស្លាបព្រា កម្រាលសក្បុស។

ពេលជនកំណាចមកដល់ទើបពួកគេបម្រើម្ហូបទេដឹង?

ទូរសព្ទនាងរោទ៍។

ស្រី​ដើរទៅក្បែរឃើញ​ថាជាគេ​ខល​មកទៀត…Kukhan LoDolce…។ តើគេនៅជាប់អ្វី​នៅខាងក្រៅមិនទាន់មកបានជាខល ឬគេខលមកថាអីឱ្យនាង​។

មិនដឹងខ្មោចអ្វី​ចូលខ្លួន នាងមិនលើក មិនចង់លើកហ្វូនគេទេពេលនេះ។ ស្រី​ដើរទៅវេរ៉ង់ដាខាងក្រៅ ​អង្គុយ​រង់ចាំធ្វើជាអ្នកកំដរអារម្មណ៍គេដោយទោមនស្ស ​ទុកឱ្យទូរសព្ទខាងក្នុងរោទ៍តាមចិត្ត​។ រាល់ដង្ហើមដែលលីនដក ផ្ទុកពេញទៅដោយ​កំហឹងព្រោះនាង​នឹកឃើញ«យប់ឡើងទៅផ្ទះធ្វើអី?!»«បងខ្ញុំ….ឈឺ ខ្ញុំត្រូវថែទាំគាត់!»«មិនមែនដេកជាមួយបងទេមែនអត់?»

លីនរអ៊ូតិចៗម្នាក់ឯង៖

«មនុស្សឡប់! សួរដូចឡប់!»

សភាពបងប្រុសនាង​ដែលមិនសង្ឃឹមជាដូចមុន បានបំផ្លាញអស់គ្រប់យ៉ាងដែលលីនគិតសម្រាប់ខ្លួននាង​។ បុរសម្នាក់នៅវ័យប៉ុណ្ណេះ ម៉េចនឹងអាចដេកឈឺរហូតទៅ ​ហើយត្រូវប្អូនស្រីមិននៅក្បែរទៀត?

វគ្គ

គម្លាតព្រោះស្នេហ៍

«កូនខាន់ដូចប្រុងតែនឹងទៅ?»

ម្តាយនិយាយ ខណៈគេ​ដាក់ទូរសព្ទចុះហើយឆ្ងល់រឿងមនុស្សស្រីសំណព្វចិត្ត​មិនព្រមលើកវា។ សំឡេងស្នេហ៍សម្ងាត់គ្រហឹម​នៅ​ក្នុងប្រព័ន្ធ​ប្រសាទ​របស់​គេថា គេចង់នៅក្បែរលីន និង​សម្លឹង​គ្រប់យ៉ាងរបស់នាង​។

«ខ្ញុំ ត្រូវទៅហើយ!»

«ម្ហូបទើបចេញបានពីរមុខនឹងកូន?»

គ្រប់គ្នាសម្លឹងមក​។

គូខាន់កូនប្រុសតែមួយគត់នៃត្រកូល LoDolce ធម្មតា​មកបាយផ្ទះជាមួយ​គ្រួសារ​រាល់ល្ងាចថ្ងៃសុក្រ​។ ប៉ាគេនិងម៉ាក់គេលែងលះ តែ​ប៉ាចុងគេ​ក៏មក ម្តាយ​ចុងគេក៏រាក់ទាក់។ នេះជាផ្ទះប៉ារុស្សី​របស់គេ ដែលតុដ៏វែងសែនប្រណីត មានគ្រប់យ៉ាងទាំងអស់លើនេះសម្រាប់បម្រើគ្រប់គ្នា ម្តេចម៉ាក់គេថាទើបចេញពីរមុខ។

ចិត្ត​គេនឹកដល់តូចតន់ដែលនៅម្នាក់ឯងឯកោរង់ចាំរៀមទៅថ្នមថែ។ «មនុស្សដូចលោក…..!»«មនុស្សដូចបងនេះយ៉ាងម៉េចទៅលីន?!»« ជាមនុស្សដែលមិនចេះយល់ចិត្តមនុស្សដូចគ្នា!»។

«ឮមកថា Bro Kan មានលេខាថ្មី បានអីមានអារម្មណ៍នៅហ្នឹងម៉ាក់?»

ប្អូនស្រីចុងគេឈ្មោះ ធីតា LoDolce អាយុ​១៤ឆ្នាំ មាន​ឈ្មោះខ្មែរគ្រាន់បើជាងគេ​ តែនាង​មានមុខរុស្ស៊ីខ្លាំងជាងឈាម​ខ្មែរ។ នាង​មិនទាន់មាន​ប្តីតែមាន​គូដណ្តឹងរួចហើយ។ ចំណែកនៅក្បែរប៉ាគេ គឺបងស្រីគេ រាជនី LoDolce ជាកំពូលអ្នកមាន​ផ្នែកជួញដូរអលង្ការ នៅអង់គ្លេសជាមួយ​ប្តីជា​បរទេស យូរៗទើបមាន​មុខមកស្រុកខ្មែរម្តង។

«បងរាជនីនិងបងថ្លៃមកលេងម្តងនៅឱ្យយូរទៅកូន!» ប៉ាគេឃាត់។

«គាត់នឹកលេខាថ្មីហើយ!» ធីតារំអុកមកទៀត ធ្វើឱ្យ​គូខាន់សម្លក់ប្អូនពៅ ហើយងាកមកទាន់ម្តាយ​គេដែលលបមើលមុខគេ។ គាត់បានជួបនាង​សម្ងាត់និងឱ្យថ្នាំទៅនាង​ ដែលគេទើបនឹង​បានបោកកម្ចាយកាលពីព្រឹក គូខាន់មិនទាន់និយាយផង។

«មីងដុត Cheese Bun សម្រាប់ kan! ជិតរួចហើយ!» ម្តាយចុងគេ ប្រាប់មកទាំងយកចិត្ត​យកថ្លើមលើទាយាទតែម្នាក់គត់នៃត្រកូលធំមួយ​នេះ។

«ខ្ញុំសុំបន្តិច!»

ប្រុស​ក្រោក​ចេញពីតុទៅ​រានហាលក្រៅបន្ទប់បាយកញ្ចក់យ៉ាងប្រណីត ដើម្បីឆ្លៀតមើលទៅស្រីស្អាតថានាង​អន្ទះសារង់ចាំគេ ឬធ្វើអ្វី​បានជាមិនលើកហ្វូន?

គេចុចបើកកាមេរ៉ា​ ដែលតាម​ថាខាន់មិនងាយមើលទេ។

នាង​នៅអង្គុយសំកុកលើសាឡុង​ឱបដៃ។ គេចង់ដឹងណាស់ ឯណាហ្វូននាង។ ប្រុសខលទៅលីនភ្លាម។ គេឃើញ​ហើយ ហ្វូនរោទ៍ក្បែរនោះបង្កើយ នាង​ងាកមើល តែនាង​មិនលើក។

ស្រីឱបដៃមកវិញ បានបន្តិចក៏លីនក្រោក​ចោល​ទូរសព្ទចេញទៅក្រៅវេរ៉ង់ដា។ អាការៈមិនចង់ឆ្លើយឆ្លងជាមួយ​គេច្បាស់ក្រឡែត។ ប្រុស​ខាំមាត់តិចៗ….ទាំងខោអាវសាមញ្ញ​ដែលនាង​តុបតែង មិនថា​ឫកពាមិនចង់តបហ្វូនគេ​ CEOមាន​អារម្មណ៍​ថា​ សរសៃ​វ៉ែនគេ​កំពុងញាប់​ញ័រ មានៈ គេផ្តើមកម្រើក អារម្មណ៍ល្អៗ​ចាប់ផ្តើមធ្លាក់ទាប។

គ្រប់យ៉ាងកាលពីព្រឹកដែលនាង​ថើបគេ បង្អន់កំហឹងគេ ជាការបោកប្រាស់?

គិតហើយ ប្រុសចុចបិទហ្វូនចោល​​និងទម្លាក់ទឹកមុខ​។ ៥ miscalled ហើយវាមិនមែន​ធម្មតា​ទេ លីនកូលាបចេញចរិតខ្លាំង!!!ដាក់គូខាន់ទៀតទាល់តែបាន។

​គេមិនចង់កាច និងមាន​​កំហឹងដូចរាល់ដងដាក់លីនទេ អ្វីម្យ៉ាង​តែងឃាត់គេ​យ៉ាង​ខ្លាំង ជាអារម្មណ៍សម្ងាត់​នៅ​ក្នុង​ខ្លួន​គេ ដែល​ទាញ​គេ​យ៉ាង​ខ្លាំងកុំឱ្យតូងតាងដាក់លីន គ្រាន់តែគេ​ត្រូវការពេលវេលាខ្លះមកប្តូរចរិត​អវិជ្ជមាន​របស់ខ្លួនឯង​។

«ម៉េចហើយ? ពិភពលោកនេះ​ជិត​រលាយហើយ​មែនទេ​ បានជាមាន​គេហ៊ាន​មិនតបហ្វូនរបស់កូនប្រុស​សម្លាញ់ខ្ញុំ?!»

ងាកទៅឃើញម្តាយមកដល់ជាមួយ​ស្រាពីរកែវ។​ ដោយមិនមានសម្តី​ ប្រុស​ស៊កទូរសព្ទក្នុងហោប៉ៅ​ហើយ​ទទួលមួយកែវមកក្រេបក្អឹក។ សភាពគេ​គឺ​អន់ចិត្ត​។ បើនាង​នៅក្បែរ រឿងអាចធំជាងព្រឹកមិញគូខាន់ដឹងចិត្ត​ខ្លួនឯង។

«ក្មេងនោះជាមនុស្ស​គ្រាន់បើ!» ម្តាយគេនិយាយ។

«ម៉ាក់ឱ្យតម្លៃគេព្រោះថ្នាំហ្នឹង?»

គាត់ហាក់ភ្ញាក់ដែលនាង​សារភាពប្រាប់គេអស់រឿងថ្នាំមួយប្រអប់។

«មិនមែនទេ ​ចរិតមនុស្ស​ដែលលាក់ក្នុងសកម្មភាព!» ម្តាយគេវាចា។

«ថ្នាំនោះខ្ញុំបោះចោលអស់ហើយ!»

ម្តាយគេសើច​ហើយលើកស្រាក្រេប។

«ក្រោយៗកុំខំពេកម៉ាក់!»

«ចាំម៉ាក់orderមកថ្មី!»

«ទុកលុយ​ជួយក្មេងៗក្រៗទៅ!»

«មុនក្រោយកូនម៉ាក់នឹង​លេប!»

«កុំទុកចិត្ត​ពេកម្តាយ!» គេចំអកហើយ​ទាញ​ស្រានៅសល់លើដៃគាត់មកបង្ហើយ។ ចប់កាលណាគេបែរខ្នង​ដាក់កែវចោល រួចទ្រោបលើបង្កាន់ដៃសម្លឹងមេឃ។ ម្តាយ​ពិនិត្យ​អាការៈ​កូនប្រុស ដែលមូរដៃអាវ​ឡើងពាក់កណ្តាល និង​ឫកពា​អស់សង្ឃឹម​របស់គេ។

«ស្រីម្នាក់នោះ….លីនកុលាប….នឹងជួយឱ្យកូនម៉ាក់ញ៉ាំថ្នាំនេះ!»

គេសើចតិចៗរង្គើស្មា​សង្ហា​ស្មើៗទាំងសងខាងរួចបែរមករកម្តាយ។ ភ្នែកគេជះពន្លឺស្នេហា ដែលមាន​តែម្តាយគេទេមើលដឹង​ហើយគាត់យល់ថា នេះក៏ព្រោះតែគាត់បានចូល​ដល់ប្រធានបទ«លីន​កុលាប»។

«ស្រឡាញ់គេហើយ! កូនខ្ញុំ!»

រាងកាយ​របស់​នាយ​ចាប់​តានតឹង សាច់ដុំ​គ្រប់​កន្លែងកំពុង​ជាប់​គាំងក្នុងភាពក្តៅៗដោយ​ចង្វាក់បេះដូង។ ខ្យល់ត្រជាក់ៗបានបក់បោករំសាយ​កំហឹងបន្សល់នូវចម្ងល់។

«ស្រីណាក៏កូនម៉ាក់ស្រឡាញ់ដែរ ឱ្យតែHot»

គេតវ៉ាវិញជាមួយ​ដង្ហើម​ដ៏ក្តៅរបស់គេ ​បន្លប់ភ្នែក​តាមដាន​របស់ម្តាយ​។

«ចុះម៉េចដេញ​អេលី?»

និយាយពីអេលី…..សត្វចម្លែកនៅក្នុងខ្លួនគូខាន់ភ្ញាក់ឡើងហើយ។ គេពិតជាស្រឡាញ់នាង​នឹង….ងប់នាង។ នាងផ្អែមហើយ​ចេះ​ផ្គាប់ណាស់។

នាង​ស្អាតគ្រប់កន្លែង និងតែងតែសើចជានិច្ច​មិនដែលស្រក់ទឹកភ្នែកឱ្យគូខាន់ធុញទ្រាន់មួយតំណក់ណាទេ។ តែសម័យពេលមួយ….នាង​បានទទួលលុយ​១០ម៉ឺនដុល្លារពី​ម្តាយ​ចុងគេ គឺ​ក្នុងកុងត្រាជាអ្នកស៊ើបការណ៍​ពី​ជីវិតគេ​ឱ្យម្តាយចុងដ៏មានពុតរបស់គេ នៅខាងក្នុងកំពុងអង្គុយក្បែរប៉ាគេ។

ម្តាយចុងគេ មីង​ចាស្មីនJASEMIN មិនដែលពេញចិត្ត​ទេដែលទាយាទស្នងមរតកនៅ LoDolce មិនមែនធីតាកូនស្រីទោល​របស់គាត់។ ​ គាត់បានប្រើអេលី ហើយអេលីបានធ្វើឱ្យគូខាន់លែងស្រឡាញ់ព្រោះរឿងនេះ។

ក្បត់!!!

មនុស្សក្បត់ ជាអ្វីដែលគូខាន់ស្អប់!

ក្រោយពីដឹងរឿងសម្ងាត់របស់អេលីដែលជារនុកក្នុងបញ្ជូនមកដោយ​ម្តាយចុងគេ ​គូខាន់ទុកនាងជាទាសករតណ្ហា​ហើយធ្វើចំពោះនាង​ដូចមិនមែន​មនុស្ស​។  ឱ្យតែនាង​ខុសបន្តិច គេ​នឹងមានលេស​​បណ្តេញ​នាងចេញ។ គេសម្លឹងទៅក្នុង​បន្ទប់បាយ ឃើញម្តាយចុងគេលបមើលមក។

គេនិយាយនឹងម្តាយបង្កើតតិចៗ៖

«ចួនកាល កូនម៉ាក់ចូលចិត្ត Chees bun តែមិនមែន Chees bun ផ្ទះនេះទេ!  វាអាចជាអ្វីដែល​មានពិស»

ម្តាយគេសើច ហើយដៀងសម្លឹងទៅក្នុងដូចគ្នា។ ស្ត្រី​ឈ្មោះJasemin ជាកូនកាត់ខ្មែរចិន រាងរាវ ញញឹមស្រស់​សក់ខ្លី ឫកពារមទម្យ​ តែទាំងនេះជាល្ខោនបោកបានតែប៉ាគេប៉ុណ្ណោះ។

«អ៊ីចឹងបានកូនម៉ាក់ដូរទៅរកនំកងនំចេកវិញ?»

«អីទៅនំកងនំចេក?» គេសើចរលាក់ធ្វើឱ្យម្តាយគេ​ភាន់ភាំងនឹង​ភាពសង្ហា​របស់គូខាន់។​ កម្លោះកូនកាត់ដ៏មាន​អំណាចម្នាក់នេះ សង្ហា​ពេកហើយ​ធៀបជាមួយ​លីនដែលស្លេកៗភ័យៗ។

«នំខ្មែរដែលអត់គ្រោះថ្នាក់!» គាត់និយាយប្រាប់នាយ​ តែចិត្ត​គាត់នឹងនាយ​គឺដូចគ្នា​កំពុង​រំពៃនឹកទៅដល់លីន។

ពេលនេះម្តាយយល់ហើយចិត្តកូនប្រុសទោល។

 ស្រីមុនៗស្អាតៗ ល្អៗហួស ជាងពួកម៉ូឌែលលំដាប់ ចេះរស់នៅជាមួយគេ សម្របយកចិត្តយកថ្លើមគេធ្វើឱ្យគេរីករាយ ធ្វើឱ្យជំងឺរបស់គេធូរស្បើយខ្លះៗទៅតាមពេលវេលា តែ​ទីបំផុតក៏គង់ត្រូវគេដេញចេញ។

មកពី​ពួកនាងសុទ្ធតែមានគំនួចនិងមានអ្នកនៅពីក្រោយ។

បើមិននាំមកដោយគូប្រជែងរបស់គេ បញ្ជូន​មកចារកិច្ច​ដោយម្តាយចុងគេ ឬក៏បងថ្លៃរបស់គេនៅអង់គ្លេស។ ដោយសារទ្រព្យមហាសាលរបស់ត្រកូលនេះ ម្នាក់ៗប្រើគ្រប់ល្បិចមកគ្រប់សង្កត់មកលើគូខាន់រកតែគ្នាមាន​សល់ច្រកដង្ហើមហ្វ្រីក៏ពិបាក។

​     ស្មានថា អេលីនេះខុសពីអ្នកមុនៗ ព្រោះខាន់ថ្នមនាងខ្លាំង តែមួយរយៈចុងក្រោយ គេគ្រប់គ្នាឃើញថា គូខាន់ផ្តើម​ធ្វើបាបនាង​ទាំងសិចទាំងមុខងារ ព្រោះគេរកឃើញ….អំពើបោកប្រាស់។

ការឈឺចាប់ដក់នៅក្នុងកែវភ្នែករបស់គេ…. គេមិនមាត់ធ្វើឱ្យម្តាយរឹតតែអនិច្ចាបេះដូងរុះរោយនៃប្រុសកម្លោះ។ គាត់លើកដៃមកឱបត្រកង ប្រុសស្អាតរបស់គាត់ហើយអង្អែលខ្នងគេតិចៗ….

«សំណាងដែលកូនម៉ាក់មិនទាន់ដាក់ចិត្តដាក់ថ្លើមខ្លាំង!»

«ចុះទម្រាំពេលហ្នឹងទៀត!» គេសួរខ្លីៗបានន័យថា គេគ្រាន់តែចូលចិត្ត គេគ្រាន់តែសប្បាយចិត្តនឹងមានអេលី តែពេលដឹងថានាង​ក្បត់ គែឈឺប៉ុណ្ណឹង ចុះបើលង់ស្រឡាញ់ខ្លាំងចំមនុស្ស​ក្បត់ទៀត?

«ចុះទម្រាំបើថ្ងៃណាមួយ អ្នកណាម្នាក់ធ្វើឱ្យកូនម៉ាក់ងប់ស្រឡាញ់….ដកចិត្តមិនរួច ហើយចុងក្រោយក៏ដឹងថាជាមនុស្សដែលត្រូវគេដាក់មកគ្រាន់តែជាល្បិច?» គេឈប់សួរត្រឹម​ណេះព្រោះកំពុងគិតថា តើខ្លួនដួល​ងើបឡើងមកវិញរួចទេ ប្រសិនជីវិត​ធ្វើបែបនេះមកលើគេ។

«ហោចណាស់កូនម៉ាក់មានម៉ាក់!»

ម្តាយវាចាមកទាំងថើបស្មានាយព្រោះថើបថ្ពាល់គេមិនដល់។

គេនៅស្ងៀមសម្លឹងមេឃា ក៏ចិត្ត​ម្តាយ​ដឹងថា គេកំពុង​គិតអ្វីដែរ។ គាត់ដកដង្ហើមវែងឈរទន្ទឹមគ្នានឹងប្រុស ហើយ​ស្រដីឡើង៖

«អ៊ីចឹង….សូម្បីតែលេខាម្នាក់ថ្មីហ្នឹង….លីនកុលាប…..មើលឱ្យយូរបន្តិចកូន!»

«មុននេះម៉ាក់ទើបតែសរសើរថា គេល្អ!»

ប្រុស​វាចា​ទាំងញញឹម​បែប​ជូរចត់។ ភ្នែកគេរវើរវាយអស់សង្ឃឹមដៃគេចាប់ផ្តើមរាវរកទូរសព្ទ។