«អូខេៗ! អូខេណ៎ាកូន! ធ្វើអីក៏ដោយចុះ ឱ្យតែកូនប្រុសម៉ាក់បានសប្បាយចិត្ត!»
ម្តាយជំទើតជើងពីរដងទើបអាចថើបថ្ពាល់ប្រុសស្អាតបាន។ គេញញឹមឈរបែរខ្នងមកក្នុងផ្ទះ ដៃទាំងពីរច្រត់លើបង្កាន់ដៃសម្លឹងទៅលម្ហមេឃនារាត្រីដ៏ភ្លឺស្រឡះកណ្តាលទីក្រុងគជ់ទំនើប។
«មានដែរទេ មនុស្សស្រីដែលស្រឡាញ់គូខាន់ដែលជាគូខាន់?»
នេះជាសំណួរដែលគេតែងតែសួរខ្លួនឯងរហូតដល់លែងចង់សួរ។ គេលើកទូរសព្ទមក ហើយចុចកាមេរ៉ាមើលមនុស្សស្រីម្នាក់ដែលមិនដឹងឡើយថា នាងគិតបែបណាចំពោះគេ។
នៅក្បែរគ្នាមានទឹកភ្នែកទឹកសម្បោរ ពេលគេថ្នមនាង នាងលង់សប្បាយរំភើប អួតថាមានក្តីសុខជាមួយគេ តែពេលនៅឆ្ងាយគ្នា នាងមិននឹកគេ?
គេចង់ណាស់ ចង់ត្រដាងស្លាបដូចជាឥន្ទ្រីយ៍ ហោះទៅឥឡូវនេះ ទៅមើលមុខមនុស្សដែលបេះដូងមាន LAYERS ច្រើនស្រទាប់ ប្រុសស្មានមិនត្រូវសោះ តែគេទប់ចិត្ត។ ជាទូទៅគេនឹកដល់ពាក្យខឹងៗកាលពីព្រឹក លីនចង់ស្លាប់ ចង់ឱ្យគេសម្លាប់នាង តើនាងឈឺចាប់ដល់ថ្នាក់ហ្នឹងព្រោះមានគេក្នុងជីវិត?
ស្គាល់គ្នាមិនបានមួយអាទិត្យ ឱបរឹតទើបតែពីរបីដង ម្តេចក៏ចិត្តនេះឆ្ងល់ពីនាងច្រើន។ ត្រឹមទុកនាងជាវត្ថុលេងសើច ម្តេចក៏គូខាន់ធ្វើមិនកើត។
គេដឹងចំណុចខ្សោយខ្លួនឯង។ ជាតិនេះខ្វះការស្រឡាញ់ស្មោះ។ កើតមកជាទាយាទនៃមហាសម្បត្តិ គេរស់ជាមួយសេចក្តីស្ងើចសរសើរក្លែងក្លាយនិងការច្រណែន។ គេស្អប់ពិភពលោកនេះ សឹងស្អប់មនុស្សគ្រប់គ្នា ហើយគេចង់ស្ងាត់ស្ងៀម ឈឺចាប់ឯកោ។ គេមានជំងឺ ហើយគេមិនចង់រំឭកពីជំងឺនោះទេ បានជាព្រឹកមិញគេខឹងខ្លាំងពេលលីនប្រាប់គេរឿងឈឺ។
«លីន!»
គេហៅឈ្មោះនាងតិចៗព្រោះត្រេកអរខ្លាំងឃើញនាងក្រោកចោលតុ DINNER នៅវេរ៉ងដាដើរមកលើកទូរសព្ទកាន់។
«បើអូនខលមកបងតែមួយម៉ាត់ បងនឹងទៅដល់ភ្លាមដើម្បីផ្គាប់ចិត្តអូន កសាងអនុស្សាវរីយ៍របស់យើង!»
ប្រុសក្តាប់មាត់ញញឹមសម្លឹងទូរសព្ទរង់ចាំការខលរបស់នាង ស្រាប់តែឃើញនាងចុចលេខហើយលើកនិយាយ។
នេះបានន័យថា មិនមែនខលមករកគេទេ ខលទៅរកអ្នកផ្សេង។
ចិត្តប្រុសស្រពោនរុះរោយហើយ។ តើជាអ្នកណា បានជានាងឃើញ Miscalls គេហើយព្រងើយ? គូខាន់ចុចបើកស្ដាប់សំឡេង ដែលស្រូបតាមកាមេរ៉ា។
«បងធំគេងឬនៅ?»
គូខាន់ធ្វើភ្នែកល្ហល្ហេវកាចៗ។ គេស្តាប់ឮហើយ នាងគិតតែបងប្រុស។ បងប្រុសគេ ជាមនុស្សដែលសំខាន់ខ្លាំង ចំណែកគូខាន់ដែល Miscalls បែកទូរសព្ទ គេធ្វើមុខរឹងមិនខ្វល់ជាមួយទេ។ លើលោកនេះមានមនុស្សស្រីអត់បេះដូងបែបនេះដែរលីនកុលាប?
CEO គូខាន់ធ្មេចភ្នែកទាំងសងខាង ទាំងទទួលអារម្មណ៍ឈឺៗចម្លែក។ មិនទាន់លង់គេផង ចិត្តនេះប្រុងតែត្រួតត្រាម្ល៉ឹងហើយ។ គេដឹងខ្លួនឯងមានជំងឺនេះ គឺជំងឺហួងហែងនិងធ្វើអី្វៗតាមចិត្តខ្លួន គេមិនចង់ប្រើវាលើនាងទេ មិនចង់បន្ថែមអនុស្សាវរីយ៍មិនល្អព្រោះកាលពីព្រឹកនាងសុំគេ គឺលីនសុំចងចាំរឿងល្អៗនៅឯវីឡាគេ ជាជាងរឿងហិង្សា។
គិតដល់លីន បានជាបងចេះអត់ធន់កម្រិតនេះណាអូន បងមិនទៅពេលនេះ ព្រោះបើបងទៅលីននឹងខ្ទេចឆ្អឹងហើយ!
គេគិតទាំងខាំមាត់។
«ហាសិកានៅផ្ទះទេ?!»
នាងសួរតាមហ្វូន ប្រុសឮគ្រប់យ៉ាង។ គេញញឹមសាហាវៗធ្វើភ្នែកដូចម្រឹគសម្លក់លីនដែលកំពុងមានអារម្មណ៍អូខេ ព្រោះអាងថាប្អូនស្រីក្រមុំរបស់គេនៅផ្ទះ។
«ស្មានថា ប្អូនយើងមិនចេញមក យើងអាចធ្វើឡូយដាក់បងបានអូន?!»
គូខាន់គិតហើយទម្លាក់ទូរសព្ទ និងដកដៃចេញពីហោប៉ៅ។ ប្រុសប្រាណដកដង្ហើមវែងៗសម្លឹងមេឃ។ ទីបំផុតយល់ហើយ យប់នេះសូម្បីតែយើងមិនទៅdinnerតាមណាត់ ឬសូម្បីតែគេត្រូវនៅម្នាក់ឯងឯកោកណ្តាលខុនដូដ៏ធំ សូម្បីតែទៀនរ៉ូមែនទិកមិនទាន់ត្រូវបានដុត ឬម្ហូបត្រជាក់អស់ គេក៏នៅតែមិនខ្ចីខលរកយើង។ សូម្បីតែឃើញលេខរបស់យើងជិតដប់ដង ក៏គេមិនខលត្រលប់។
ចិត្តខ្មៅ ស្រីចិត្តខ្មៅ។
នេះបញ្ជាក់ហើយថាក្នុងចិត្តរបស់គេ គេនៅសោកស្ដាយ រាត្រីដំបូងដែលយើងដណ្តើមមក គេនៅក្បែរបងប្អូនគេល្អជាងនៅក្បែរយើង គេខឹងដែលជីវិតគេមានយើង?
ជីវិតលីនទុកសម្រាប់តែបងប្អូនស្រីប្រុសរបស់លីនឬអី?
ប្រុសនៅស្ងៀម ធ្មេចភ្នែករំងាប់ចិត្តបន្តិច រួចទើបបើកភ្នែកមកវិញដោយទឹកមុខជូរចត់។ ស្រមោល អ្នកណាម្នាក់ដើរមកពីក្រោយ គឺប្អូនស្រីរបស់គេ ធីតា។
ធីតាមកជាមួយស្រាវ៉ូដកាពីកែវ។
គេធ្វើជាញញឹមដាក់ធីតាប្អូនពៅអាយុដប់បួនឆ្នាំ។
«មិនទាន់ជ្រុះពន្លៃហ៊ានកាន់ស្រា? អត់ខ្លាចបងបោះទម្លាក់ពីលើនេះចុះក្រោមទេ!»
«បើបោះខ្ញុំចុះ ខ្ញុំទាញបងខាន់មកហែលទឹកជាមួយគ្នា ទើបតែរៀនវិធីហែលថ្មី!»
ប្រុសទទួលកែវស្រាមកទាំងពីរ ហើយលើកអកក្អឹកៗទាំងដៃសងខាង ម្តងមួយៗអស់រលីង ធ្វើឱ្យក្មេងស្រីបើកភ្នែកមូលក្រឡង់។
«វ៉ាវ! អ្នកណាសម្លាប់ចិត្តបងធំខ្ញុំ?»
«អ្នកណាជាបងធំឯង? ចុះបងរាជនី?»
«ក្នុងចិត្តខ្ញុំ បងខាន់ទើបជាមេធំជាងគេ!»
គេឮហើយ លបពិនិត្យមើលទឹកមុខបរិសុទ្ធរបស់ក្មេងស្រី តែដៀងភ្នែកសម្លឹងទៅម្តាយចុងដែលអង្គុយបែរខ្នងនៅខាងក្នុងផ្ទះ។ យូរៗម្ដង ស្ត្រីចាស្មីនម្នាក់នោះដៀងភ្នែក មកសម្លឹងគេជាមួយនឹងកូនស្រីបណ្តូលចិត្តគាត់ ដែលបាននិយាយគ្នាយ៉ាងមានទំនាក់ទំនងល្អ។ ធីតានិងរាជនីមិនសូវជាចុះសម្រុងគ្នាធម្មតាទៅហើយ អាចមកពីកូនស្រីសម្លាញ់ប៉ះកូនស្រីសំណព្វរបស់ប៉ា ឬម្តាយធីតាដុកដាន់កូនក៏ថាបាន។ ម្យ៉ាងរាជនីមិនសូវនៅក្នុងស្រុកទេ នាងមានផ្ទះធំនិងមុខរបររឹងមាំនៅឡុងដ៏។
«មិញឃើញបងដូចជាប្រញាប់ចង់ទៅ!» ធីតារំឭក។
«អត់ទេ!….យប់នេះបងនៅគេងណេះ! មានបន្ទប់គេងដែរ!»
បងប្រុសញាក់ចិញ្ចើមសួរឌឺ។ ដោយរំភើបមហាសែនរំភើប ស្រីធីតារត់ចូលក្នុងផ្ទះសាជាថ្មីជាមួយ សេចក្តីថ្លែងការណ៍ឮៗ៖
«ទាំងអស់គ្នាជឿទេ អធិរាជអាណាចក្រ LoDolce យប់នេះគេងនៅហ្នឹង!»
ប៉ារបស់គេបែរក្រោយមកសម្លឹងគេ។ ប្រុសស្អាតឈរបែរមកញញឹមយ៉ាងសង្ហារកអ្នកទាំងអស់គ្នា។
ដៃទាំងពីរត្រដាងលើបង្កាន់ដៃ។ នេះជាស្នាមញញឹមបន្លំជីវិត ហើយម្តងម្កាលគេងាកមុខ បញ្ចេញកែវភ្នែកដ៏សិចស៊ីសម្លឹងទៅខាងៗ។
ដើម្បីបញ្ជាក់បន្ថែមថា សំឡេងប្អូនពៅដែលនិយាយអម្បាញ់មិញត្រឹមត្រូវទាំងស្រុង ប៉ាក្រោកដើរមក។
«កូនខ្ញុំកើតអី?!»
គេញាក់ស្មា។
បុរសរុស្ស៊ីងាកទៅមើលលម្ហមេឃដោយលបសម្លឹងប្រតិកម្មកូនប្រុសម្តងៗ។ ដោយបទពិសោធគាត់ដឹងថា ច្បាស់ជាមានអ្វីម៉្យាងនៅខាងណោះ បានជាកូនប្រុសគាត់មិនត្រលប់ទៅវិញ។
ចិត្តគូខាន់វិញ គេខឹងលីនណាស់។ ធម្មតាប្រសិនបើមិនទៅសង្កត់សង្កិន ឱ្យលីនយំអង្វរមិនមែនជាគូខាន់ពិតៗទេ តែលើកនេះ….ឬមួយក៏មិនទាន់អីផង នាង Cinderella ក្លាយមកដូចជាស្នេហាពិត? គូខាន់ស្រាប់តែចង់រក្សាគម្លាតមួយសិន ក្នុងពេលដែលមានអារម្មណ៍បែបនេះគេខ្លាចខ្លួនឯងទៅដល់ នឹងធ្វើអ្វីឆ្គាំឆ្គងលើនាងដូចកាលពីនៅOffice ដែលអាចនឹងធ្វើឱ្យមានវិប្បដិសារៈអាណិតនាងដកចិត្តមិនរួច។
«Mr Jack ចង់ជែងយកដីនោះជាមួយយើង!»
ឪពុកមិចភ្នែកគិតមាត់សួរ៖
«Project ទីក្រុងសតវត្សរ៍?»
គេមិនមាត់ តែត្រូវប៉ាគេផ្ទាន់។
«រឿងកំប៉ិកកំប៉ុកអ៊ីចឹង មិនដែលធ្វើឱ្យរាជសីរបស់ប៉ាដកដង្ហើមធំបាន!»
គេញញឹមខណៈដៃប៉ាទម្លាក់មកកៀកស្មា។ សំឡេងប្អូនស្រីពៅស្រែកមកពីក្រោយខ្នង៖
«ហាមដូរចិត្ត! ខ្ញុំទៅរៀបចំបន្ទប់ឱ្យបងខាន់ភ្លាម!»
សំឡេងម្តាយគេលាន់មកដែរ។
«ម៉ោង១២បាត់ខ្លួនហើយ!»
បងស្រីគេរាជនីបន្លឺដែរ៖
«យ៉ាងយូរនៅណេះដល់ម៉ោង១ភ្លឺ ឡើងឡានទៅវិញបាត់!»
ប៉ាគេទះស្មាគេញញឹម៖
«ម៉េចកូន? ទ្រាំដេកអត់ស្រីឱបម្តងបានដល់ម៉ោងបីភ្លឺដែរ?!»
ប្រុសដៀងភ្នែកសម្លឹង ឪពុកគេញញឹមគ្រញែងស្មា។ តណ្ហានិងរឿងsexដ៏មមាញឹករបស់ប្រុសកូនកាត់ម្នាក់នេះ ទំនងជាប៉ាគេយល់ជាងអ្នកណាៗទាំងអស់ បានជាពីរនាក់ឪកូនវាយកន្ទុយភ្នែកដាក់គ្នាយ៉ាងរីករាយ។
«ខ្ញុំកំពុងកែខ្លួន!» គេនិយាយតិចៗលេងៗ។
«កែធ្វើអី? មនុស្សប្រុសមានសមត្ថភាពមានស្នេហាច្រើន ជាចិត្តដ៏សប្បុរសមួយតើគូខាន់!»
ប៉ាគេនិយាយបែបនេះតាំងពីតូចមក។ ទម្លាប់ជះលុយដាក់ស្រីៗគូខាន់ចេះតាំងពីវ័យជំទង់។ មនុស្សស្រីដែលគេយល់ថាស្អាត គូខាន់មិនពិបាក Dinner ទេ។
តែកាន់តែស្គាល់រឿងនេះច្រើន គេកាន់តែឯកានិងមានអារម្មណ៍អផ្សុក។
«មានអ្នកណានៅរង់ចាំផ្លូវកូនមែនទេ?!»
«ខ្ញុំទេ ដែលកំពុងរង់ចាំគេ!»
ប្រុសតបហើយងាកទៅលើកកែវមកបង្ហើយ។ ប៉ាគេងាកមើលទិដ្ឋភាពជុំវិញខ្លួនហើយដកដង្ហើមវែងៗ៖
«អ្នកណាថ្លើមធំហ៊ានមករកស្តេចតោរបស់ប៉ាដល់វិមាននេះ?!»
«បើគេមក….ប៉ាបើកទ្វារទេ?!»
គេសួរដោយញាក់ជើងលេងនិងញញឹមសម្លឹងកែវស្រា បន្លប់ចិត្តដែលនឹកសម្តីចរណៃពាសពេញប្រាណ«លោកសង្ហាណាស់!»។
កែវមិនដឹងទេថា ពាក្យទាំងនេះអាចចងបងបាន ជាងចំណងទិព្វទាំងអស់នៅលើលោក។
«ផ្ទះប៉ាទាំងអស់ ជារបស់កូនប្រុសប៉ា!»
គាត់ថាហើយគោះស្មាគេបីដង។
គេញញឹមមិនមាត់ គេបានចិត្តណាស់នឹងគ្រប់យ៉ាងដែលជាអំណាចប៉ាគេបន្ទុកបណ្តាក់ឱ្យមកគេ តែព្រោះរឿងទាំងអស់នេះដដែល ដែលគេមានរោគចិត្តមកទល់ឥឡូវ គឺរោគត្រួតត្រា។
«បើកូនប៉ាឱ្យអ្នកណាចូល អ្នកហ្នឹងចូលបាន!» សេដ្ឋីរុស្សីនិយាយបន្តយកចិត្តគេដែលកំពុងមានវិបត្តិ។
គេញញឹមមិនមាត់ទៀត រហូតដល់ឪពុកកេះសួរ៖
«ហើយ….ថ្ងៃណានាំគេមក?!» ប៉ាគេសួរដោយមើលមកកែវភ្នែកនិងរោមភ្នែកស្រងូតរបស់កូនប្រុសទោល។
«រកមិនទាន់ឃើញ!» ប្រុសតបដោយងាកលបញញឹមម្នាក់ឯង។
«ល្អ» ប៉ាគេលួង «បានជាអត់ចេញទៅណាដែរ យើងនៅនិយាយគ្នាលេងទល់ភ្លឺ! គ្រួសារធំរបស់យើង! ចាំប៉ាឃាត់ម្តាយឯង និងបងស្រីកូនឱ្យគេងនៅហ្នឹង!»
គាត់កៀកកប្រុសស្អាតដើរចូលមកក្នុងវិញ ទាំងខាងគូខាន់លបលួចរិះគិតតែទៅដល់ស្រីលីនរបស់គេ។ យប់កាន់តែត្រជាក់ ស្រាកាន់តែបន្ទន់ចិត្ត បងរឹតតែចង់លេបសម្តីចាកចេញពីទីនេះ ប៉ុន្តែទំនងជាពិបាកហើយព្រោះគ្រប់គ្នាក៏មិនបំបែកជួរទៅណាសោះ ម្នាក់ៗនៅអង្គុយជុំវិញសាឡុងអបអររាត្រីជួបជុំដ៏កម្រនេះ។
«ខ្ញុំឡើងទៅងូតទឹក!»
គេប្រាប់គ្រប់គ្នាហើយងាកមកម្តាយចុង៖
«មីងចាសម្មីនប្រហែលមានអីក្លែមច្រើនទៀត?!»
«ចាស៎ៗៗកូន! មានៗ!»
ប្រុសញញឹមរត់រសឹបឡើងជណ្តើរមិនរវល់នឹងកែវភ្នែកល្បិចរបស់បងថ្លៃគេដែលសម្លឹងមកទេ។
នៅក្នុងអាងទឹកក្តៅ គេបើកវីដេអូហើយក្រឡេកមើលទៅគ្រប់ជ្រុងក្នុងអាផាតមិនរកស្រីថ្លៃ។ អត់ឃើញនាង គេប្តូរទៅកាមេរ៉ាខាងក្រៅ…..ភាពបារម្ភមិនមានការពន្យល់មួយលេចឡើង…..នាងនៅអង្គុយទ្រឹងក្បែរតុ Dinner។
គូខាន់ចងចិញ្ចើមនឹងភាពមានៈនេះ គេមើលម៉ោង…..
ម៉ោង១០កន្លះហើយ…..នាងមិនមែនល្ងង់មិនដឹងថា គេមិនមកនោះទេ។ នាងអង្គុយបញ្ឈឺគេ?
នឹកដល់ទឹកមុខកូនឆ្មាដែលមានភាពភ័យខ្លាច ហើយនឹងធាតុពិតរឹងមានៈរបស់នាងជារឿងពីរផ្សេងគ្នា។ គេមិនមកតាមណាត់ នាងមិនខលមកវិញថែមទាំងអង្គុយចាំបញ្ឈឺគេបែបនេះ?
នាងចង់ត្រូវសន្សើមឈឺ នឹងអាលផ្ចាញ់ចិត្តគេ?
ប្រុសមិនមាត់បិទភ្នែក។
មិនប៉ុន្មាននាទីទេ គេអាចនឹងស្ទុះចុះទៅហើយបើកឡានដូចហោះទៅទូទាត់ពត់ចិត្តរឹងរបស់នាង តែពេលនេះគេចង់ពត់ចិត្តមានៈរបស់ខ្លួនគេសិន។
«អាខាន់ ឯងនឹងទៅជួបគេនៅពេលឯងត្រជាក់ចិត្ត លែងឆេវឆាវ! ពេលនេះឯងទៅមិនបានទេ! គេអាចស្លាប់!»
«មនុស្សដូចលោក…..!»
«មនុស្សដូចបងនេះយ៉ាងម៉េចទៅលីន?!»
«ជាមនុស្សដែលមិនចេះយល់ចិត្តមនុស្សដូចគ្នា!»
គេតែងតែនឹកឃើញពាក្យបីឃ្លានេះ។ នាងតែងតែបន្ទោសថាគេមិនយល់ចិត្ត។
ប្រុសរអ៊ូទាំងបិទភ្នែកក្នុងអាងទឹកក្តៅ៖
«បើបងមិនយល់ចិត្តមនុស្សដូចគ្នា អូនស្លាប់យូរណាស់ហើយលីន! មនុស្សស្រីអីរឹងជាងថ្ម!»
គេបើកភ្នែកយឺតៗ ហើយលូកដៃចុចទូរសព្ទ។
«Dark ហេតុអីមិនចេញបាយម្ហូបឱ្យលីន!»
«គាត់មិនញ៉ាំទេចៅហ្វាយ!»
«គិតអង្គុយដល់ភ្លឺ?!»
«គាត់មិនឱ្យខ្ញុំចូល ហើយមិនចង់ទាំងនិយាយរកខ្ញុំផង!»
គេបិទភ្នែកហត់នឿយ។
«មានរឿងមួយទៀតចៅហ្វាយ!»
«និយាយមក!»
«អេលីនៅជាមួយJack! ពួកគេ Dating! គ្នាយើងមានភស្តុតាងផ្ញើមក!»
គូខាន់មិនបើកភ្នែក គេសើចតិចៗចំអកខ្លួនឯងដែលតែងតែស្រឡាញ់ថ្នមអេឡា។ ចុងក្រោយនេះគេធ្វើបាបនាងរឿងភេទព្រោះគេស្អប់នាង និងចង់ឱ្យនាងទ្រាំមិនបានដើម្បីចាកចេញ។
«មនុស្សក្បត់នៅតែក្បត់សម្រាប់គូខាន់!»
ធម្មតាសង្គមអភិជនដូចគេ ពួកគេចូលចិត្តនារីមានរូបរាងឥតខ្ចោះ ស្គមស្តើង និងក្មេងខ្ចី ស្រស់ស្អាត ពូកែផ្គាប់ចិត្ត មកនៅក្នុងដៃ។ បន្ទាប់ពីនោះគឺបញ្ញា ពួកគេត្រូវការមនុស្សស្រីណាស្អាតដែលឆ្លាតអាចសន្ទនា មន្តស្នេហ៍ និងយកមកលួងលោមចិត្តគេមិនមែនមកបញ្ជាគេទេ។
លីនមិនមានទាំងពីរយ៉ាង។
លីនមិនមែនស្អាតដូចអេឡា ក៏មិនឆ្លាតជាមួយខាន់។ ហេតុអី? ប្រុសបិទភ្នែកហើយដកដង្ហើមឃូរលែងចង់គិត….ថាមិនបានស្អែកនេះ គេអាចនឹងបញ្ឈប់ការងារនាង ហើយឱ្យនាងទៅទាំងឈឺចាប់ទាំងស្ពាយសំណួរចម្ងល់មិនអស់មិនហើយថា កំហុសនាងគឺអ្វី។
គេគេងលក់យ៉ាងលង់ក្រោមរលកកម្ដៅបបោសអង្អែល……..
«ឆ្ងាយពីមនុស្សដែលយើងចង់នៅស្អិតជាប់គ្នា…..តើយើងរស់នៅរបៀបម៉េច? អ្ហះ? ឆ្លើយមកលីន ឱ្យបងដេករបៀបម៉េច?!»
អារម្មណ៍ក្នុងដំណេកក៏នឹកដល់សំណួរមួយនេះដែរ។ ប្រុសស្អាតភ្ញាក់បះដៃជើង សម្លឹងមើលពន្លឺភ្លើងដ៏ស្រទន់។ ដេកយូរប៉ុនណាហើយ? ម៉ោងប៉ុន្មានហើយ? គេគិតនូវសំណួរជាច្រើនប៉ុន្តែ គេលូកទូរសព្ទមុន។
គេឃើញនាងហើយ….នាងគេងទ្រោបនៅលើតុបាយ។
ប្រុសសម្លឹងម៉ោង…ម៉ោងជិត១ហើយ?
ស្ទុះក្រោក….គូខាន់ទាញកន្សែងមករុំ ហើយចាកចេញមកក្រៅ។ ផ្ទះនេះគេងស្ងាត់អស់ហើយ។ ប្រហែលគ្រប់គ្នាឃើញគេហត់ បានជាមិនមានអ្នកណារំខាន។
គេដើរកាត់បន្ទប់បាយឃើញបងស្រីនិងម្តាយអង្គុយជជែកគ្នានៅឡើយ។ ដោយលបៗ ប្រុសឆ្ពោះទៅចំណតឡានហើយចុចបើកទ្វារ។
មុនពេលមានអ្នកណាក្រោកមកឃើញ គេប្រញាប់ថយឡានស្រិបនិងចាកចេញសន្សឹមៗពីភូមិគ្រឹះដោយមានអ្នកយាមបើកទ្វារយ៉ាងរហ័សផ្គាប់ចិត្ត។
មិនដល់១០នាទីផងទេ គេបានមកដល់ទីតាំង។
ប្រុសចតឡានហើយឡើងជណ្តើរ។ គេចាក់សោចូលដោយស្ងាត់ស្ងៀម និងទុកពេលឱ្យខ្លួនឯងបានពីរនាទីសិននៅឯបន្ទប់ទទួលភ្ញៀវ ទើបដើរឆ្ពោះទៅរកនាង។
នៅវេរ៉ង់ដា នាងមិនបានគេងទៀតទេ។
លីនឱបជង្គង់នឹងដើមទ្រូង ដៃរបស់ស្រីរុំជុំវិញជង្គង់យ៉ាងតឹងដោយកប់មុខនៅលើនោះ។ ពេលប្រុសចូលទៅជិត នាងរង្គើទង្គឹះតានតឹង។ គូខាន់គិតមិនយល់ទេថា បើនាងខឹងគេមិនមកតាមណាត់ ម្តេចនាងមិនទូរសព្ទតបគេ?
ប្រុសទាញកៅអីខ្វាក លីនភ្ញាក់ហើយងើបមុខ។
គូខាន់ខាំមាត់តិចៗ ភ្នែកសម្លឹងចានក្បានដែលពេញដោយម្ហូបនិងគ្មានបាត់មួយប្រលោះ។ ចាននាងទទេនៅស្អាតទាំងកន្សែងបត់ ទាំងផ្កា។
លីនមានទឹកភ្នែកពីរតំណក់…..អ្នកណាបង្កមុន? គេគិតហើយអង្គុយក្បែរនាងធ្វើមុខស្មើ។ សម្រាប់ហេតុផលចម្លែកៗ បេះដូងគេលបឈឺចាប់ដោយសារឃើញស្រីម្នាក់នេះកំពុងឈឺចាប់។
ចិត្តគេ ដៃគេ ប្រាណគេ ចង់ផ្តល់ការលួងលោមដល់លីន ប៉ុន្តែគេជាមនុស្សប្រុសម្នាក់ដែលមិនធ្លាប់លួងលោមអ្នកណាទេ។
«យំ?»
សំឡេងរបស់គេបញ្ចេញមករឹងៗទោះបីចិត្តពិតគេចង់បន្ទន់សំឡេង តែមិនបានធ្វើនៅឡើយ។ លីនអង្គុយស្រួលបួលវិញ ហើយដូចលើកមុនដែរៗ នាងមិនទាន់ព្រមឆ្លើយភ្លាមៗទេ។
ភាពស្ងាត់ស្ងៀមរបស់លីនតែងតែធ្វើឱ្យប្រុសគិតថា នាងគ្មានសូម្បីតែចិត្តបន្តិចណាចំពោះគេ។ គូខាន់ដកដង្ហើមវែងៗ ដោយមិនចង់និយាយដាក់លីនខ្លាំងៗ គេទទួលស្គាល់ថា នេះមិនមែនជាពេលវេលាដើម្បីបំភ័យនាងទេ តែគេនៅមិនអស់ចិត្ត។
«ចិត្តដាច់ណាស់ អត់លើកទូរសព្ទទេ! មិនឃើញ Missed calls ទេ?»
លីនងើបមុខ ទម្លាក់ដៃទាំងពីរលើកម្រាលតុ ហាក់ហត់នឿយ ភ្នែកសម្លឹងមកគេដោយងោកងុយ។
«ខ្ញុំសុំទោស» លីននិយាយទាំងស្រក់ទឹកភ្នែកម្តងទៀត។
មិនចង់ឃើញនាងយំទេ ទោះបីចង់ឃើញនាងសុំទោស តែពិតជារឹងពិបាកលេបយ៉ាងខ្លាំងសម្រាប់ការឃើញនាងយំពេលនេះ។
«ហេតុអី»
«ពីព្រលប់ខ្ញុំខឹងលោក!»
នាងនិយាយខ្សឹកខ្សួល អណ្តឺតអណ្តក។
«ដឹង!» គូខាន់ថាហើយទាញកៅអីមកអង្គុយក្បែរ ដៃស្តាំងត្រកងប្រាណស្រីដែលទន់ជ្រាយ។ ក្បាលនាងទ្រោបមកទ្រូងគេ ម្រាមឆ្វេងប្រុសដាក់មកលើថ្ពាល់ក្រហមៗរបស់នាងជូតសម្ងួតហើយអង្អែលថ្នមនាង។
«តែពេលCEOមិនមក ខ្ញុំមានអារម្មណ៍ថា…..» ដោយរអាក់រអួល លីនឈប់និយាយ។
«អារម្មណ៍អី?» គេឈ្ងោកមកតាមសម្លឹងពិនិត្យទឹកមុខនាងទាំងពោរពេញដោយភាពច្របូកច្របល់។ តើស្រីម្នាក់នេះជានរណា? ហើយនាងធ្វើអ្វីមកលើអាត្មាអញបានជាអញលង់គេយ៉ាងទន់ខ្លួន?
«ប្រាប់មកលីន!» គេគំហកគ្រហឹមតិចៗដាក់ត្រចៀកនាង។ គូខាន់មិនអាចនិយាយពាក្យអ្វីផ្សេងបានក្រៅតែពីសម្លុតនាង ព្រោះខ្ញុំមិនដឹងថាត្រូវនិយាយអ្វីលួងនាង។
«….ខ្ញុំគិតថា តើលោកកំពុងនៅជាមួយអ្នកណា?»
គេញញឹមបន្តិចព្រោះឃើញតូចឆ្លើយដោយញាប់ញ័រ ហើយលាដៃមកឱបខ្លួនគេរឹតខ្លាំង។ ពួកគេទើបតែប៉ះគ្នាម្តងពីរ នាងមិនដែលឱបស្អិតបែបនេះទេ។ ដោយមិនបានគិតអ្វីច្រើន ប្រុសប្រាណឱនថើបថ្ងាសលីនថ្នមៗ។
លីនមានក្លិនស្រា។
យល់! ពាក្យអស់នេះ មិនមែនលីននិយាយទេ គឺស្រានិយាយ។
នាងប្រាកដជាខឹងគេ ហើយបើកទូគេយកស្រាផឹក មិនញ៉ាំអាហារមិនព្រមដេកដើម្បីឆ្លើយតបនឹងការដែលត្រូវគេបង្ខំឱ្យចេញមករស់នៅទីនេះ។
ប្រុសងាកចេញពីនាងខាំមាត់និយាយឌឺៗ៖
«ចុះបើនៅជាមួយហាសិកា?»
លីនលែងដៃពីប្រាណគេយ៉ាងរហ័ស។ ស្រីងើបមុខមកមើលរៀម។ គូខាន់ក្រោកឡើងចេញពីកៅអី ហើយគេចមិនមើលមុខស្រងូតរបស់នាងទេ…..គេកំពុងមានអារម្មណ៍ធុញទ្រាន់ចំពោះខ្លួនឯងដែលធុំតែក្លិនស្រាលើស្បែកនាង ក៏មានប្រតិកម្មផ្លូវភេទចំពោះនាងដែរ កុំថាឡើយអី….។
«ផ្តោតអារម្មណ៍អាខាន់! កុំជួបគេពេលណាសង្កត់គេពេលហ្នឹង អាល្មោភ!»
គេដើរចេញយ៉ាងលំបាក ព្រោះមិនចង់បាត់បង់ភាពគ្រប់គ្រងខ្លួនឯងនៅក្នុងពន្លឺភ្នែកទុក្ខព្រួយដ៏ស្រស់ស្អាតនិងព្រលឹងដ៏ទន់ភ្លន់ក្នុងមនុស្សម្នាក់ឈ្មោះលីននេះ។
លីនមកតាមហើយ….គេដើរហួសទៅដល់បន្ទប់គេង ពៅក៏ដើរមកតាមទៀត…..
«កុំមកតាមណ៎ា មនុស្សងងុយដេក!»
គេសម្លុតហើយងាកក្រោយប្រុងរុញនាងចេញនឹងអាលបិទទ្វារ តែ….កែវភ្នែកលីនកំពុងសម្លឹងមកដោយភ័យបារម្ភ…..នាងមិនបានឈានហួសព្រំបន្ទប់នេះទេ….ប្រហែលជាDarkប្រាប់នាងហើយ ថា កន្លែងលីនអាចនៅត្រឹមបន្ទប់មួយណា។
ប្រុសកាន់តែចង់និយាយលលេងចិត្តបារម្ភរបស់នាង បានជាគេដើរត្រង់វិលទៅរកទ្វារវិញ ហើយសម្លឹងនាងឌឺៗ…..លីនគ្រវីក្បាលសម្លឹងគេ….គេចង់បាននាងណាស់ពេលឃើញស្រីស្លន់បែបនេះ គឺលីនដឹងខ្លួនរឹង ដឹងខ្លួនខុសដែលមិនលើកខលរបស់គេ។ ពេលនេះតូចតន់ថែមទាំងដឹងខ្លួនដែរថា អាចត្រូវស្តាយក្រោយ ព្រោះគេនឹងលេងសើចជាមួយប្អូនស្រីនាង….សភាពនាង គេអាណិត គេយល់ចិត្ត ចង់តែ….គ្រញិច….តែគេក៏ចង់ឃើញលីនដោះស្រាយបញ្ហាដែលនាងហ៊ានចងឡើងខ្លួនឯង….
ពីការសម្លឹងដ៏ត្រជាក់របស់គេ លីនសម្លឹងមើលគេពីរបីវិនាទី ដោយមិនមានពាក្យអង្វរ រួចមាត់របស់នាងហាចុះឡើង គ្មានសំឡេង គ្មានសម្តីអ្វី ខណៈដែលទឹកភ្នែកដ៏ស្ងប់ស្ងាត់ពីរតំណក់ បានហូរជ្រែកចុះមកលើថ្ពាល់ក្រហមៗ ភ្នែករបស់នាងហើមដោយសារការយំ ហើយបំពង់ករំជួលខ្សឹកខ្សួល។
នៅពេលឃើញមុខដែលងាយរងគ្រោះរបស់នាង បេះដូងរបស់ខាន់រួមចង្អៀត ភាពស្ងប់ស្ងាត់មិនអង្វរកររបស់លីន គ្រប់គ្រាន់ហើយដែលធ្វើឱ្យការតាំងចិត្តរបស់បងចុះខ្សោយ។
គេទេដែលដើរហួសព្រំដែនទៅរកនាង ហើយស្រវាឱបប្រាណស្រីមកផ្ទប់ទ្រូង….
«បាន! បាន! បងមិនទៅទេ! បងមិនប៉ះហាសិកា! សន្យា! មិនទៅសូម្បីតែក្បែរឃើញមុខប្អូនយើង! បានឬនៅ?»
លីនឱបគេវិញយ៉ាងណែន ហើយទ្រហោយំសសិត។
សត្វចម្លែកក្នុងប្រាណប្រុសបញ្ចេញចំហាយស្រេកឃ្លាន វាបានគ្រហឹម ខឹងសម្បាចំពោះការបង្ហាញភាពទន់ខ្សោយរបស់ម្ចាស់រាងកាយ វាបានបញ្ចេញក្រញ៉ាំខាងក្នុងរាងកាយគេឱ្យឡើងរឹងគ្រប់កន្លែង ហើយតណ្ហាដ៏ងងឹតងងុលផ្តើមមកឡោមព័ទ្ធចិត្តប្រុសម្តងហើយម្តងទៀត។
មិនមានកន្លែងសម្រាប់ចំណាយលើភាពទន់ខ្សោយយូរទេក្នុងជីវិតរបស់ខាន់។ ចិត្តគេតែងតែស្ងប់និងគ្មានជីវិត ហើយវាគ្មានសិទ្ធិទទួលអារម្មណ៍ទេព្រោះបើប្រើអារម្មណ៍អាណិតច្រើនគេតែងខូចចិត្តពេកបានជា តមកគេចង់ធ្វើជាបិសាចតណ្ហា គ្មានមនោសញ្ចេតនាល្អជាង។
«ក្រោយៗហាមធ្វើរឹង ហាមព្រងើយនឹង Call របស់បង!»
គេដោះដៃពីប្រាណ មកចាប់លើត្រគាកនាងម្ខាង ខណៈលីនក្រឡេកមើលទៅភ្នែកគេទាំងសង។
«ខឹងបងឬស្រឡាញ់បង គ្រប់ខលរបស់បង ត្រូវលើក!»
«ចុះលោក? តទៅ រាល់ពេលខឹងលីនឬអត់នោះ លោកលើកខលលីនដែរ?!»
គេឮហើយភាំង។ យូរហើយមិនដែលគិតទេ។ មានមនុស្សមកទាមទារភាពស្មើគ្នាបែបនេះជាមួយគូខាន់ដែរ?
«ហើយ….ពេលលីនមិនឃើញលោកលើក លីននឹងទៅទាក់ទងប្អូនប្រុសឬបងប្រុសរបស់លោកបានទេ?»
គេមិចភ្នែកសម្លឹងនាង។ ភ្នែកនាងទន់ណាស់ ចុះនាងមាត់រឹងនិងចិត្តរឹងម្ល៉េះលីន?
«អីយ៉ាស!» គេញញឹមហើយនិយាយស្រាលៗរួចខាំមាត់ក្នាញ់។ ចំពោះគូខាន់ គ្មានរឿងណានិយាយហើយធ្វើឱ្យគេកើតចិត្តត្រួតត្រាលីន ស្មើនឹងឮរឿងមនុស្សប្រុសទេ។
បងប្រុសនាងផង គេនៅច្រណែនចុះទម្រាំ….លីនឃើញមុខគេក៏ដឹងអារម្មណ៍ប្រែប្រួលរបស់គេដូចគ្នា។ លីនឆ្លាតណាស់។ នាងយល់ច្បាស់ កាលមុននិយាយរឿងប្រុស១០០នាក់ ប៊ិះទក់សាច់ម្តងហើយ ពេលនេះមកឌឺគេទៀតទាល់តែបាន។
មុនពេលគេមានប្រតិកម្ម តូចលូកដៃទៅជុំវិញចង្កេះគេនិងឱបគេស្អិត។
«និយាយខុសទេ! សុំទោស!»
គេច្រានស្រីចេញរបូតស្នាមឱប តែដៃគេមិនលែងលីនទេ គេមិនចង់ឱ្យនាងដួល។
«បងធ្វើបាបអូន!» គេនិយាយមុខស្មើ «ឱ្យស្មើបាន តែ!….យប់នេះ….លីននៅពីលើម្តង!»
តូចធ្វើភ្នែកគ្រលួងៗ សម្លឹងស្នាមញញឹមញាក់ចិញ្ចើមសាហាវៗលើផ្ទៃមុខប្រុសសង្ហា។ នាងទាមទារស្មើ ឥឡូវគេកំពុងឱ្យស្មើហើយ។ លីនលែងដៃ មុខស្លេកហើយក្រហម។
នាងបែរខ្នងប្រុងចេញមកក្រៅតែហត្ថាថ្លៃចាប់ប្រាណទាញមកវិញ….លីនលេបទឹកមាត់ភ័យ….ជាមួយជាតិសុរាតិចតួចនេះ លីនទប់តណ្ហាគេមិនរួចទេ។ មើលតែមុខគេក៏ព្រឺ…


